Thursday, 23 June 2016


គុណមាតាបិតា

របៀបតែងកាព្យពាក្យ៧ 














សូមមេត្តាអានសង្កេតកាព្យបុរាណដ៏ល្អឯក


                        ស្រង់ពីសៀវភៅ គិហិបដិបត្តិ ធម្មទាន

១.បពិត្រលោកអ្នកមាតាបិតា ​           កូននឹកខ្លោចផ្សាពេកអម្បាយ
   ​ តាំងពីកូនកើតមានរូបកាយ​            អ្នកតែងខ្វល់ខ្ចាយថែរក្សា ។
២.ឱះឱម្ចាស់ថ្លៃវិសេសលន់                អ្នករងទុកធ្ងន់ពន់ពេកណា។
     អ្នកខំ​បីបម​កូនស្ងួន​ភ្ងា                           ពុំ​អាចពណ៌នាឱ្យ​អស់បាន 
. ហេតុនេះកូន​សូម​ផ្គង​អញ្ជលី                លើកហត្ថ​ទាំង​ពីរបន្ទន់​ប្រាណ
     គោរព​បាទា​ព្រះក្សេម​ក្សាន្ត​                   ទោស​ខុស​ប៉ុន្មាន​សូមប្រណី 
. ម្ចាស់​អើយ​កាលកូន​ទ្រ​ហោយំ               អ្នកស្ទុះ​មកថ្មម​ត្រកងបី
    ច្រៀង​បំពេរកូន​ដោយប្រិមប្រិយ             ដោយចិត្ត​មេត្រី​ផ្តេក​កូនណា 
. ទឹកមាត់​ទឹកមូត្រលាមកផង                   ទាំងគ្រឿង​សៅហ្មង​ផងនានា
     អ្នកចាប់​អ្នកកាន់​អ្នកស្រវា                     លាងដោយ​ហត្ថា​ឥត​ជិនឆ្អន់ 
. បពិត្រអ្នកម្តាយ​មានករុណា                   បិតាមានគុណ​វិសេសលន់
    កូនសូម​គោរព​ព្រះគុណធ្ងន់                    សូមព្រះសោភ័ណ​បានក្សេមក្សាន្ត 
.ហេតុនេះ​កូនសូម​ឧទ្ទិសផល                  តម្កល់​ចេតនា​ដ៏ក្លាហាន
    ទានសីល​ភាវនា​ដែលកូនបាន                សាង​ធ្វើ​ប៉ុន្មាន​ជូនទៅអ្នក 
.សូមលោក​ទទួលដោយ​សោមនស្ស        ចិត្តកូន​ត្រង់ស្មោះ​ចំពោះអ្នក
     ដូចកូនបាន​ពោលពាក្យ​សច្ចៈ​                សូមជូនទៅអ្នកគ្រានេះហោង 

.......................................................................................................................
                                             ទំនួញប្រេត
                                         
បពិត្រលោកសប្បុរស ​                     ក្មេងចាស់ទាំងអស់ទាំងប្រុសស្រី               
ខែភ្ជុំដាក់បិណ្ឌក្នុងឆ្នាំថ្មី                   គួរតែលកលៃទៅវត្តវ៉ា ។
កុំនៅសម្ងំតែក្នុងផ្ទះ                          ឬដើរផ្តេសផ្តាស់ហ៊ឺហា
បុណ្យទានមិនឆ្ងាញៗតែស្រា          ជេរគេឡូឡាពាសពេញផ្លូវ។
ណ្ហើយ!ឈប់ខានប៉ុណ្ណឹងហើយ     កុំនៅកន្តើយខំរិះរេ
តោះទៅវត្តរាប់បាត្រជាមួយគេ       កុំនៅទំនេរឥតបានការ។​
ម៉ែឪរស់នៅប្រឹងព្រោះកូន               ដល់សូន្យជីវិតបានសង្ខារ
មិនដឹងជាកើតទៅទីណា                  ជាមនុស្សទេព្តាឬប្រេត។
បើកើតជាមនុស្សឬទេព្តា                ប្រសើរថ្លៃថ្លាព្រោះស្គាល់ហេតុ
ខ្លាចណាស់តែភ្លាត់ធ្លាក់ជាប្រេត     បាក់ពោះក្រហេតអត់អាហារ។
ស៊ីតែខ្ទុះឈាមនិងលាមក                រូបកាយអាក្រក់គួរអនិច្ចា
វេទនាខ្លាំងណាស់ក្នុងសង្ខារ            មិនដឹងថ្ងៃណានឹងស្រាកស្រាន្ត។
នេះហើយព្រោះកម្មចញ្ចឹមកូន       អកុសលនាំខ្លួនឱ្យរំខាន
សោយទុក្ខពុំសុខក្នុងសន្តាន            អស់លោកគ្រប់ប្រាណខំរិះរេ។
ឥឡូវភទ្របទខែភ្ជុំបិណ្ឌ                    ប្រេតទួញស្រែកយំព្រោះនឹកកូន
យមភូបាលដោះឱ្យរួចខ្លួន                ទៅតាដូនកូនប្រពន្ធ។
អនិច្ចាអើយរ៉ាអាសូរពេក               ប្រេតហូរទឹកភ្នែករងទុក្ខធ្ងន់
ទៅរកគ្រប់វត្តខំគយគន់                    មិនឃើញប្រពន្ធកូនខ្លួនឡើយ ។
ឃើញតែញាតិគេអ្នកដទៃ               បានខំលកលៃម្ហូបអាហារ
បាយទឹកនំចំណីទុកជូនដូនតា         បរិភោគកាលណាគេឆ្អែតគ្រប់គ្នា។
ឈប់ស្លេះត្រឹមនេះមិននិយាយ       ស្តីពីពួកប្រេតដែលកំព្រា
យំសោកបោកខ្លួនក្បែរវិហារ          រងទុក្ខវេទនាជាអនេក ។
យកដៃគក់ទ្រូងទូញយំថា                 ឱ! អនិច្ចាខ្លួនខ្ញុំពេក
កាលនៅជាមនុស្សខំទូលរែក         យប់ថ្ងៃឥតដេកព្រោះតែកូន។
ឥឡូវភ្លាត់ខ្លួនទៅជាប្រេត                គេបានស៊ីឆ្អែតឥតនឹកនា
ឱ!ខ្លួនខ្ញុំអើយសែនវេទនា                កំព្រាខ្លោចផ្សាឈឺចុកចាប់។
ហេតុគួរគិតគួរសង្វេគ                      អាសូរប្រេតពេកដេកផ្ងារផ្កាប់
ស្រេកឃ្លានខ្លាំងណាស់ស្ទើរនឹងស្លាប់      រៀបរាប់សារស័ព្ទស្រែកទួញថា។
ឱ!កូនសម្លាញ់មាសឪពុក               រូបពុកសោយទុក្ខព្រោះកូនប៉ា
ឥឡួយបាត់កូនទៅទីណា?              មិនឃើញយាត្រាមកនឹងគេ។
អ្នកដឹងទេថារូបឪពុក                       សោយទុក្ខពុំសុខព្រោះរូបកូន
បំបាត់ជីវិតឲ្យស្លាប់សូន្យ                  ឱ្យតែរូបកូនបានសុខសាន្ត ។
ឥឡូវដល់កម្មតាមកដល់                  ផ្តល់ឲ្យឪពុកពុំដែលស្រាន្ត
សោយទុក្ខពុំសុខក្នុងសន្តាន            គ្មានថ្ងៃស្រាកស្រាន្តម្តងណា។
កូនអើយសូមកើតជាមនុស្សសូមស្គាស់ត្រូវខុស កូនពៅគួរគិតដល់បិតា
ស្រេកឃ្លានខ្លាំងណាស់ព្រោះអត់អាហារ  មិនដឹងថ្ងៃណានឹងហូបឡើយ។
ឥឡូវជិតដល់គម្រប់ថ្ងៃ                     យមភូបាលមកហៅឪហើយ
ឱ!​កូនសម្លាញ់មាសឪពុកអើយ      កូនអើយតើកូននៅទីណា?
បើមុននឹងឪទៅឪសូមជួប                បានហូបមួយមាត់រសអាហារ
ស៊ូស្លាប់ទៅចុះប្រុសជីវា                    ឪពុកឥតថាទេកូនអើយ។
ឥឡូវដើររកគ្រប់តែវត្ត                      មិនមកសោះកូនពិសី
ឪអស់សង្ឃឹងនឹងបានចំណី              ឱ!កូនប្រុស្រីឪពុកលាហើយ ។
ប្រេតទួញៗទាំងអស់សង្ឃឹម             តាំងពីព្រលឹមទល់ព្រលប់ហើយ
ទ្រូងប្រេតថែថប់ឥតល្ហែល្ហើយ         ម្លេះសម្លាញ់ខានឃើញមុខ។
រឿងនេះឈប់ស្លេះបន្តិចចុះ             អស់លោកស្រីប្រុសពិចារណា
ឃើញទេរឿងហ្នឹងព្រោះនរណា     ព្រោះតែបុត្រានិងបុត្រី។
នាំឲ្យឪពុកកើតជាប្រេត                   ដើមហេតុព្រោះនំចំណី
រកស៊ីចិញ្ចឹមកូនប្រុសស្រី                 ដល់ពេលក្សិណក្ស័យរងទុក្ខធ្ងន់។
បើសិនជាយើងជាកូនកតញ្ញូ           ត្រូវតែគិតគូរពីរឿងគុណ
កុំយកទាមស្រាជាស្រែបុណ្យ           ប្រយ័ត្នជាធ្ងន់ជាងខ្មោចឪ។
ខែភ្ជុំដាក់បិណ្ឌមករាប់បាត្រ            រៀបចំឱ្យស្អាតម្ហូបចំណី
បង្សុកូលឧទ្ទិសដល់តាយាយ            ញាតិមិត្តប្រុសស្រីដែលចែកឋាន។
ឱ្យគាត់បានហូបចំណីនំ                   ដែលធ្វើដោយផ្ទាល់ដៃយ៉ាងចំណាន
ហូបហើយកាលណាឲ្យពរបាន     សួស្តីសុខសានដល់កូនចៅ។
រឿងនេះបើសិនជាអស់លោកណា ដែលមានប្រាជ្ញាបានបំពេញ
ផលនោះនឹងជូនដល់គេវិញ            សោយសុខពោរពេញដល់និញ្វន្តហោង។
ឈប់ស្លេះសង្ខេបដោយវាចា           ខ្ញុំអ៊ុច សុខាសូមលើកដៃ
អភ័យអត់ទោសញាតិទាំងប្រុស្រី    ​ខ្ញុំសូមបញ្ចប់ខ្លីតែប៉ុណ្ណេះ ។
                              
                        (ស្មូតដោយលោក ពេជ្រ សុខា)

                    
.................................................................................................................


                    ចំរៀងបំពេកូន​​
            ​​​​       បទពាក្យ៧

ឱណាកូនអើយកូនដេកទៅ  ​          ព្រលឹងពាលពៅកូនកុំយំ
ម្តាយច្រៀងបំពេសូររងំ ​                   កូនអើយកុំយំខ្លាចសត្វខាំ។
ឯសត្វស៊ីមនុស្សពីរយ៉ាង                  ម្តាយច្រៀងត្រដាងឲ្យកូនចាំ
បើកូនធំឡើងត្រូវចំណាំ                   ម្តាយនឹងច្រៀងផ្តាំដូច្នេះថា។
សត្វទីមួយនោះគឺសត្វល្ងង់                ភ្នែកធំទ្រនង់ខ្លាំងអស្ចារ្យ
មានច្រើនពេញពាសក្នុងលោកា​​​ ​    ចាំស៊ីមនុស្សណាខ្ជិលរៀនសូត្រ។​
សត្វល្ងង់ស៊ីមនុស្សឲ្យខ្វាក់ភ្នែក​​         សត្វនេះចម្លែកស៊ីរហូត
វាស៊ីបញ្ញាមនុស្សរាប់កោដិ​             ខ្ជិលមិនរៀនសូត្រល្ងង់ស៊ីបាន។
ឯសត្វទីពីរគឺសត្វក្រ                          កូនកុំត្រេកអរណាកល្យាណ
ភ្នែកវាធំៗប៉ុនៗចាន                        ចាំស៊ីសន្តានមនុស្សរាយមាយ។
សត្វក្រស៊ីមនុស្សឲ្យថោកទាប        ឲ្យដល់សភាពគេមើលងាយ
ខ្ជិលមិនធ្វើការចាយខ្ជះខ្ជាយ             ដេកចាំទំនាយឲ្យមានឯង។
នែ!កូនសំឡាញ់ថ្លើមប្រមាត់          ល្ងង់ក្រកាចក្តាត់ពូកែស្វែង
ដើរចាប់មនុស្សស៊ីសព្វកន្លែង          មិនមានកោតក្រែងខ្លាចនរណា។
ប៉ុន្តែបើអ្នកមានព្យាយាម               ភ្ញាក់ស្មារតីភ្លាមហើយឧស្សាហ៏
ប្រឹងប្រែងរៀនសូត្រនិងធ្វើការ        ក្រ-ល្ងង់ទ្វេហាមិនស៊ីឡើយ។


                    (ដកស្រង់ចេញពី ក្បួនកំណាព្យ របស់​ចែវ​​       ​អូន)
...................................................................................................................


              (ដកស្រងចេញពី
ប្រជុំ​ពាក្យ​កាព្យភាគ​ទី ២
ជា​របស់​ផ្សេង​វោហារ​គ្នា)

                                 ឧកញ៉ានរាក្សត្រ តន់​  ឬហ្មឺនភក្តីអក្សរតន់

                                                                  កាព្យពាក្យ៧
                    ទុក្ខំ អនិច្ចំ អនត្តា                                           កកើត​រូបា​ទោស​ទុក្ខទំ
                   ទុក្ខ​ទាល់​អស់​កាល​ជាតិ​ជាន់​ជុំ                       ទុក្ខ​ងំកម្រ​នឹង​ល្ហែ​ល្ហើយ ។
                   - កាយ​អើយ​គួរ​គិត​ឲ្យ​ឆ្អិន​ឆ្អៅ                          មនោ​មក​នៅ​ថ្វី​ព្រងើយ
                   គួរ​កាត់​វាល​វដ្ដ​រត់​រក​ត្រើយ                             នៅ​នេះ​ណា​ឡើយ​នឹង​ស្បើយ​ទុក្ខ ។
                   - គួរ​ស្វែង​អរហំ​តាំង​និរោធ                              លះ​លោភ​ក្រេវ​ក្រោធ​មនោ​ធុក
                   ភ្នែក​បិទ​ប្លុង​ចិត្ត​គិត​រក​សុខ                              ភូមិ​ភព​នៃ​នរក​គ្មាន​សុខ​សោះ ។
                   - អំបាល​ព្រះ​ធម៌​សំរាប់​លោក                        បង្កើត​កាល្ប​មក​ភ្លើង​ឆេះ​អស់
                   មិន​មាន​ទី​ណា​សល់​ចន្លោះ                           នឹង​ភ្លើង​ឆេះ​នោះ​គ្មាន​សោះ​ឡើយ ។
                   - សោឡស​សួគ៌​សុខ​តែ​បុណ្យ​មាន                កុសល​ដែល​បាន​សាង​ជា​ត្រើយ
                   ទ្រទ្រង់​បំរុង​គ្មាន​ល្ហែ​ល្ហើយ                                កុសល​អស់​ហើយ​កើត​ទុក្ខ​គ្រប់ ។
                   - ដូច​កល់​ទិវា​នឹង​រាត្រី                                       បាត់​រស្មី​ថ្ងៃ​ងងឹត​ឈ្ងប់
                   ជា​ទី​អនិច្ចំ​ក្នុង​ត្រៃ​ភព                                       រាប់​ជាតិ​គំរប់​ជា​ធម្មតា ។
                   - អនិច្ចំ​ទាំង​ឋាន​សួគ៌​សោឡស                       គង់​វិនាស​ចុះ​ចាក​សួគ៌ា
                   អនិច្ចំ​ពុំ​ទៀង​ទាំង​ទេវតា                                   គួរ​ឲ្យ​វេទនា​ទាំង​រូប​កាយ ។
                   - គួរ​គិត​ឲ្យ​ឃើញ​ព្រះ​អនិច្ចំ                              គួរ​តាំង​ចិត្ត​ខ្ជាប់​កុំ​រាយ​មាយ
                   គួរ​គិត​ចៀស​ចាក​ផ្លូវ​អបាយ                           អស់​យើង​ទាំងឡាយ​គួរ​អនិច្ចំ ។
                   - អនិច្ចា​វេទនា​ជា​និរន្តរ៍                                   រូប​គង់​អស់​ជន្ម​គ្មាន​ខាន់​ខាំង
                   នឹង​រក​ទី​ណា​ពួន​កំបាំង                                    អនិច្ចំ​ពុំ​ទៀង​ទាំង​ត្រៃ​ភព ។
                   - អនិច្ចំ​មុខ​គួរ​ឲ្យ​វេទនា                                     ខ្លះ​រង​វេរា​ទុក្ខ​ទាន់​គ្រប់
                   លុះ​ល្អោច​ផ្សា​ខ្លោច​ផ្សែ​ផ្សាយ​ផ្សព្វ               ងងឹត​ឈឹង​ឈ្លប់​អប់​អាប់​អួរ ។
                   - អនិច្ចា​មុខ​គួរ​ឲ្យ​វេទនា                                   មនុស្ស​ខ្លៅ​ថា​ជា​ប្រាជ្ញ​គាប់​គួរ
                   លោភោទោសោមោហ៍​ម៉ៅ​មួ                         តាំង​តួ​តណ្ហា​ថា​សប្បាយ ។
                   - សេចក្ដី​តណ្ហា​សាប​សូន្យ​ទេ                         ពុំ​គួរ​រាប់​រេ​រាល់​រូប​កាយ
                   រឿង​រូប​ដូច​ភ្លើង​ឆេះ​ព្រោង​ព្រាយ                    រឿង​រាយ​រោល​រាល់​រូប​អាត្មា ។
                   - គួរ​គិត​កុំ​ភ្លើន​ឲ្យ​ភ្លេច​ភ្លាំង                              នឹង​រក​អនិច្ចំ​តាំង​អនត្តា
                   ធម្មតា​រូប​រស់​ក្នុង​សង្ខារ                                    ធម៌​ថា​គង់​ជា​រលាយ​បាត់ ។
                   - ខំ​នឹក​រឭក​ដល់​មគ្គផល                                 ព្រះ​អង្គ​ដំកល់​ជា​បរមត្ថ
                   ប្រុង​ប្លុង​ក្នុង​វង្ស​ព្រះ​អរហត្ត                             កាត់​កម្មកិលេស​ប្រាស​ពី​ទុក្ខ ។
                   - មនោ​អើយ​គួរ​មានះ​កាត់​ឲ្យ​បាន                  កុំ​ឲ្យ​រំខាន​ត​ទៅ​មុខ
                   ជាតិ​នេះ​ជាតិ​នាយ​នឹង​បាន​សុខ                     ចៀស​ចាក​ទុក្ខ​មុខ​ជា​ស្បើយ ។
                   - ខំ​គិត​មានះ​ទើប​កាត់​បាន                              ជ្រះ​ថ្លា​សន្ដាន​បាន​យល់​ត្រើយ
                   នីរនេស​នឿយ​ណាយ​និរទុក្ខ​ហើយ               កាយ​អើយ​កាយ​គិត​ឲ្យ​ជ្រះ​ជ្រៅ ។
                   - និត​នៅ​ក្នុង​លាក​ជា​ធម្មតា                            លំ​បាក​ច្រើន​គ្រា​មិន​ដែល​ហៅ
                   បាន​ស្បើយ​ល្ហែ​ល្ហើយ​សេចក្ដី​ក្ដៅ                   នៅ​នេះ​នៅ​នឹង​រឹង​ថែម​ទុក្ខ ។
                   - ត្រៃ​ភព​ទាំង​បី​នេះ​លន្លង់                                លន្លោច​ផុត​ផុង​វង់​នរក
                   ខំនឹក​រឭក​រក​ទី​សុខ                                          ភូមិភព​នៃ​នរក​ទុក្ខ​សែន​សល់ ។
                   - ប្រាជ្ញ​ខ្លះ​សង្សារ​ថា​ចង​ជាប់                            ពុំ​គួរ​បើ​រាប់​ឲ្យ​រវល់
                   ច្រាន​ចោល​ស្រលះ​កុំ​ឲ្យ​ជល់                           កុំ​ខ្វល់​កុំ​ខ្វាយ​កុំ​ស្ដាយ​ថ្វី ។
                   - សង្សារ​វា​តែង​នឹង​លួង​លោម                          មិន​ឲ្យ​រំលង​រួច​ទុក្ខ​ភ័យ
                   ប្រាជ្ញ​ប្រុះ​ឆ្លុះ​សព្វ​ទាំង​ភព​ត្រៃ                       ម្ដេច​ចាញ់​កល​ស្រី​មក​សោយ​ទុក្ខ ។
                   - ខំគិត​ខំកាត់​កុំ​អាល័យ                                    សង្សារ​ចង្រៃ​ក្រ​បាន​សុខ
                   ហ្នឹង​ហើយ​ជា​ដើម​ភូមិ​នរក                            នាំ​បង្កើត​ទុក្ខ​រាល់​រូបា ។
                   - សិន​ធ្វើ​ឲ្យ​ខ្វល់​សល់​សែន​ខ្នាត                      សិន​ធ្វើ​ឲ្យ​ខាត​ផ្លូវ​មេត្តា
                   សិន​ឲ្យ​រីក​រាយ​ដួង​ចិន្ដា                                     សិន​ឲ្យ​ក្ដៅ​ផ្សា​គ្មាន​ល្ហែ​ល្ហើយ ។
                   - សន្ដាន​អ្នក​ខ្លៅ​ឥត​ប្រាជ្ញា                             ចាញ់​កល​តណ្ហា​កើត​ឯ​ក្រោយ
                   ឲ្យ​វា​ធ្វើ​ទុក្ខ​ព្រម​បណ្ដោយ                               នឹង​ធ្លោយ​គំនិត​ពិត​សូន្យ​សោះ ។
                   - នោះ​ពេញ​ជា​ថយ​ថោក​ប្រាជ្ញា                     ចាញ់​កល​តណ្ហា​គ្មាន​ចន្លោះ
                   កិលេស​ត្រាំ​សឹក​សន្ដាន​អស់                          ម្ល៉េះ​ម្ល៉ោះ​កាល​ណា​នឹង​ស្វាង​ទុក្ខ ។
                   - បើ​អ្នក​ឯ​ណា​មាន​វាសនា                             ប្រកប​ប្រាជ្ញា​ស្វែង​រក​សុខ
                   មាន​ពិចារណា​សេចក្ដី​ទុក្ខ                              នឹង​បាន​រៀន​រុក​រក​ធម៌​អាថ៌ ។
                   - ព្រះ​ពុទ្ធ​ព្រះ​ធម៌​សង្ឃ​សេដ្ឋំ                             ប្រោស​ជា​កំបាំង​មាន​ប្រាជ្ញា
                   ដឹង​មគ្គផល​ដឹង​ធម៌​អាថ៌                                  ក្នុង​ដួង​ចិន្ដា​ជ្រះ​ថ្លា​ឈ្វេង ។
                   - លុះ​យប់​ស្ថាន​ស្ងាត់​កាត់​សង្ស័យ                   រំពឹង​ព្រះ​ត្រៃ​បិដក​ស្ដែង
                   ទាំង​ក្នុង​ទាំង​ក្រៅ​នៅ​ខ្លួន​ឯង                             កុំ​ឲ្យ​វង្វែង​ទៅ​សោយ​ទុក្ខ ។
                   - គន់​គិត​តាម​ដាន​ព្រះ​អរហត្ត                       អរហន្ត​លោក​កាត់​វាល​ផុង​ភក់
                   ឆ្លង​ត្រើយ​ល្ហែ​ល្ហើយ​ស្បើយ​ពី​ទុក្ខ                     សម្រេច​ដល់​ស្រុក​ព្រះ​និព្វាន ។
                   - នរណា​សទ្ធា​កាត់​ឲ្យ​ស្រួល                            កុំ​ឲ្យ​ក្ដៅ​ក្ដួល​គិត​រំខាន
                   កុំ​ធ្វើ​ឲ្យ​ដល់​ខ្វល់​សន្ដាន                                   ក្រែង​ខាន​សម្រេច​ក្ដី​ប្រាថ្នា ។
                   - អស់​យើង​ទាំងឡាយ​ដែល​កើត​មក               គួរ​គិត​រិះ​រក​ផ្លូវ​បញ្ញា
                   គួរ​គិត​គួរ​គន់​ពិចារណា                                   ឲ្យ​ភ្លឺ​ជ្រះ​ថ្លា​ក្នុង​សន្ដាន ។
                   - ភ្លឺ​ក្នុង​នឹង​ភ្លេច​របស់​ក្រៅ​ខ្លួន                          នឹង​មួន​នឹង​មុជ​ផ្លូវ​កម្មដ្ឋាន
                   នឹង​ជ្រះ​កិលេស​ក្នុង​សន្ដាន                              នឹង​បាន​សម្រេច​ដោយ​ប្រាជ្ញា ។
                   - ឃើញ​បាន​បុណ្យ​ដែល​ដំកល់​ទុក្ខ                ស្វែង​រក​ទី​សុខ​ដ្បិត​ជ្រះ​ថ្លា
                   ដឹង​ខ្លះ​យល់​ច្បាស់​ដោយ​ប្រាជ្ញា                       ចុះ​ផ្លូវ​ឯកគ្គតា​ភ្លឺ​សុះ​សាយ ។
                   - ឃើញ​ច្បាស់​ព្រះ​ធម៌​នេះ​សែន​ក្រ                ដំកល់​ទុក​ឲ្យ​ល្អ​ទើប​បាន​ងាយ
                   តែ​ឲ្យ​កំពប់​ជ្រុះ​ខ្ចាត់​ខ្ចាយ                              ល្អិត​ណាស់​មិន​ងាយ​នឹង​កើប​បាន ។
                   - បើ​អ្នក​ឯ​ណា​ច្បាស់​ធម៌​ពិត                         ទើប​គិត​ស្រឡាញ់​ព្រះ​និព្វាន
                   ដ្បិត​កើត​នឿយ​ណាយ​ក្នុង​សន្ដាន                 វេទនា​រំខាន​ឃើញ​អនត្តា ។
                   - ឃើញ​កើត​ហើយ​ស្លាប់​មុខ​គួរ​ធុញ             ខ្លះ​ស្វែង​រក​បុញ្ញ​យស​សក្ដា
                   ស្លាប់​បាត់​សូន្យ​ស្ងាត់​សោះ​អាសារ               ចោល​យស​សក្ដា​ទី​ភូមិ​ស្ថាន ។
                   - នឹង​ឃាត់​អង្វរ​ថា​កុំ​ទៅ                                   ឈប់​សិន​នៅ​រូប​ថ្កើង​ថ្កាន
                   មាន​បុណ្យ​យស​សក្ដិ​ទ្រព្យ​ធន​ធាន              បរិវារ​ក៏​មាន​ប្រើ​ត្រៀប​ត្រា ។
                   - សង្ខារ​នោះ​ទៀត​រឹង​មានះ                              ឃើញ​ថា​គ្មាន​ម្ចាស់​លើ​ជន្មា
                   គ្មាន​ព្រម​អាណិត​យស​សក្ដា                          មិន​ស្គាល់​បរិវារ​នរណា​សោះ ។
                   - គួរ​រាង​ចាល​ជាតិ​ភព​កំណើត                       ឃើញ​ហើយ​ទី​កើត​ពេញ​ចំពោះ
                   ឃើញ​ច្បាស់​វេទនា​គ្មាន​សង្គ្រោះ                    ចំពោះ​គិត​ខុស​ខាត​អន្តរាយ ។
                   - ខ្លួន​ទៅ​ទ្រព្យ​នៅ​ចោល​អសារ                      បុណ្យ​សក្ដិ​បរិវារ​នៅ​ឯ​អាយ
                   ដឹង​ហើយ​ឃើញ​ហើយ​មិន​គិត​ស្ដាយ             ហាន​ចោល​នៅ​អាយ​មិន​គិត​ខ្លួន ។
                   - ប្រសិន​បើ​ជា​មាន​ប្រាជ្ញា                               គិត​រក​បរិវារ​រៀប​ជា​ក្បួន
                   ហែ​យើង​ឲ្យ​ជាប់​ទៅ​តាម​ខ្លួន                         នោះ​ឃើញ​សម​សួន​ថា​មាន​សក្ដិ ។
                   - អ្នក​នោះ​ហៅ​ពេញ​ជា​គិត​ត្រូវ                     សំណាង​អ្នក​ទៅ​ឥត​ធុរៈ
                   ព្រោះ​ចេះ​ចាត់​ចែង​ដោះ​អន្ទាក់                     ឃើញ​ជាក់​ជា​បាន​ឆ្លង​ដល់​ត្រើយ ។
                   - ដ្បិត​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ប្រៀប​ទុក                     សង្សារ​ជាតិ​ជក់​ជាប់​ឯ​ក្រោយ
                   កែ​ខៃ​ខំគិត​កុំ​ឲ្យ​ធ្លោយ                                       កុំ​តាម​បណ្ដោយ​ជួរ​តណ្ហា ។
                   - ជំបួរ​នេះ​កាច​ចូល​គ្រប់​រូប                             គួរ​ដោះ​ឲ្យ​របូត​កុំ​រក្សា
                   គិត​កាត់​ដើម​ទង​ឫស​តណ្ហា                            កុំ​ឲ្យ​ផ្លែ​ផ្កា​ជាប់​ជា​ពូជ ។
                   - រំពឹង​ធម៌​អាថ៌​ជា​ប្រយោជន៍                          តាំង​ចិត្ត​កុំ​ឲ្យ​ខូច​ផ្លូវ​មេត្តា
                   កាត់​ជួរ​តណ្ហា​នូវ​អវិជ្ជា                                    គង់​ថយ​តាម​គ្នា​ខាន​គ្រប់​រូប ។

ឧកញ៉ានរាក្សត្រ (តន់)
រឿង​នេះ​មាន​ត​ទៅ​ទៀត​តែ​ច្បាប់​ដើម
បាត់​រក​មិន​ឃើញ ចាំ​បាន​តែ​ប៉ុណ្ណេះ ។














No comments:

Post a Comment