សុភាសិតប្រដៅជនប្រុសស្រី
ព្រះឃោសធម្ម
ម៉ឹង - សែស
របៀបតែងកាព្យពាក្យ៧
សូមមេត្តាអានសង្កេតកាព្យដ៏ល្អនេះ
សុភាសិតប្រដៅជនប្រុសស្រី
ព្រះឃោសធម្ម ម៉ឹង
- សែស
ចៅអធិការវត្តមហាមន្រ្តី ភ្នំពេញ
រៀបរៀង
![]() |
ពាក្យប្រដៅស្រី
បទពាក្យ ៧
គ្រានោះទេវបុត្រមាគលី បានស្ដាប់ព្រះកោសីយស្តេចទ្រង់ថ្លែង
កើតក្ដីសោមនស្សយល់ច្បាស់ទែង ទើបក្រាបទូលសំដែងដូចតទៅ ។
ព្រះអង្គសំពះបុគ្គលណា អ្នកប្រសើរថ្លៃថ្លាឥតហ្មងសៅ
ខ្ញុំព្រះអង្គយល់ស្របតាមព្រះចៅ សូមសំពះសំដៅអ្នកនោះដែរ ។
ការសង្រ្គោះកូនគឺជាមង្គល រឿងនេះនឹងពន្យល់ជាពាក្យខ្មែរ
ស្រង់ពីពាក្យបាលីលៃបំបែរ រាប់រៀបល្មមឲ្យតែបានសេចក្ដី
។
កិច្ចនោះសឹងមាន៥មិនលើសខ្វះ មានមកប្រាកដច្បាស់ក្នុងបាលី
កាលសង្រ្គោះដល់កូនកើតសិរី តាមពាក្យព្រះជិនស្រីទ្រង់ត្រាស់ថា ។
បាបានិ និវារេន្តិ បុត្តេ ម្ដាយអាពុកជាបារមឃាត់ខាំងខា
មិនឲ្យកូនធ្វើបាបពៀររា អំពោះជនពាលាជួហ្មងសៅ
។
កល្យាណេ និវេសេន្តិវា ញ៉ាំងកូននៃអាត្មាឲ្យឋិតនៅ
ក្នុងធម៌ជាកុសលល្អឆ្អិនឆ្អៅ មិនឲ្យកាចឃោរឃៅជួនប្រីយ ។
សិប្បំ សិក្ខាបេន្តិ តថា ឲ្យកូនខំសិក្សារៀនអ្វីៗ
អស់វិជ្ជាសិល្បសាស្រ្តលើផែនដី ឲ្យចេះដឹងគប្បីទីពឹងខ្លួន ។
ទារេន សំយោជេន្តិ វេ អាពុកម្ដាយបាមេចិត្តខ្ជាប់ខ្លួន
រៀបចំកូនប្រុសស្រីដោយមាំមួន ប្រពន្ធប្តីសមសួនដោយគួរសម ។
ល្មមដោយត្រ្ីលវង្សភោគទ្រព្យ មារយាទល្អគួរគាប់រូបឧបត្តម
បានរុងរឿងចុះបែបអ្នកតូចធំ បានថ្កំថ្កើងច្រឡំនឹងអ្នកស្រុក ។
ទាយជ្ជំ និយ្យាទេន្តិ វា មាតានឹងបិតារៀបដាក់ទុក
ចែកចាយទ្រព្យសម្បត្តិច្រើនគ្រប់មុខ ឲ្យកូនបានក្ដីសុខគួរតាមកាល ។
យ៉ាងនេះលោកហៅថាសង្រ្គោះកូន ជាផ្លូវច្បាប់មិនសាបសូន្យផ្លូវកណ្ដាល
ត្រូវតាមធម៌ព្រះពុទ្ធល្អវិសាល ជាច្បាប់លោកបាលមង្គលគាប់ ។
បើអ្នកស្រុកចង់រកស៊ីជមនួញ ចង់ធ្វើជាអ្នកជួញស្វែងរកទ្រព្យ
គួរខំរៀនចំណេះរកចំណាប់ កុំឲ្យជួអភ័ព្វចង់ខាតទុន
។
ផ្លូវជំនួញជាផ្លូវធំក្នុងលោក គេធ្វើច្រើនគរគោកគេដើរមុន
យើងក៏បានឃើញសព្វគ្រប់បែបធុន គេចំរើនទ្វេគុណរាប់មិនអស់ ។
សិល្បៈឫគល់នៃជំនួញ ចំរើនមិនរារួញដើរឥតខ្ចោះ
សិល្បៈតែងហុចឲ្យឥតចន្លោះ ឥតមានរើសចំពោះថាមុខណា
។
តសំពៅកប៉ាល់នឹងរថយន្ត យន្តហោះជាទម្ងន់មហិមា
សិប្បៈធំដុំលើពសុធា អ្នកប្រទេសនានានិយមប្រើ
។ល។
រហូតដល់ពែងប៉ាន់ចានកន្ថោ ប្រណាក់អកកំបោរឆ្នាំងកញ្ជើ
សុទ្ធតែសម្រេចមកពីការធ្វើ សិល្បៈជាវិជ្ជាលើភពផែនដី ។
ចេញមកជាជំនួញសព្វនិគម ស្រុកតូចស្រុកធំលោកសិរី
គួររៀននូវសិល្បៈឲ្យមានល្បី ប្រកបការរកឆីលៀងជីវិត ។
សិល្បៈប្រែថា ការឈ្លាសវាងវៃ ប៉ិនប្រសប់ដោយដៃជាការពិត
ថាគប្បីសិក្សាដោយពិនិត្យ គួរអ្នកផងរិះគិតរៀនគ្រប់គ្នា
។
បើសម្រេចចេះស្ទាត់ប្រាកដហើយ ឲ្យផលពុំលែងឡើយដូចប្រាថ្នា
កើតមានទ្រព្យសម្បត្តិថ្កើងថ្លៃថ្លា មានមិត្រភ័ក្ដីស្ងួនភ្ងាកើតសុខសាន្ត
។
ដំណាំដែលគេដាំគ្រប់ប្រការ សុទ្ធតែមានខ្លឹមសារលក់ដូរបាន
ចេញទៅជាជំនួញកើតធនធាន ឲ្យកើតជាអ្នកមានទ្រព្យសម្បត្តិ
។
ឧបាសកក្នុងព្រះពុទ្ធសាសនា កាន់យកសីលសិក្ខាមានពាក្យសត្យ
ត្រូវវៀរជំនួញ៥ដោយទៀងទាត់ ជាផ្លូវលះវៀរកាត់ជំនួញខុស ។
សត្តវណិជ្ជា ជំនួញសត្វ យកសេចក្ដីតាមអត្ថគឺមនុស្ស
ចាប់លក់ឬទិញលក់ស្រីឬប្រុស យកចំណេញស៊ីជុះឥតមេត្តា ។
មំសវណិជ្ជា ជំនួញសត្វ ដែលគេត្រូវបំបាត់ជីវិតវា
យកសាច់លក់ដូរឬជាភក្សា មានត្រីនឹងជ្រូកទាជាដើមអាទិ៍
។
សត្ថវណិជ្ជា ជំនួញពាល អាវុធគ្រឿងប្រហារនឹងពិឃាដ
សព្វសត្វមានជីវិតឲ្យចាកឃ្លាត គឺស្លាប់បង់សុទ្ធសាធឬបានទុក្ខ ។
វិសវណិជ្ជា ជំនួញខុស ថ្នាំបំពុលមនុស្សសត្វគ្រប់មុខ
ឲ្យបង់ខាតជីវិតឬគ្មានសុខ លក់ដូរឲ្យអ្នកស្រុកតាមប្រាថ្នា ។
មជ្ជវណិជ្ជា ជំនួញទឹក ស្រវឹងដល់អ្នកផឹកគឺសុរា
មេរ័យនាំចង្រៃដល់អាត្មា ព្រមតាំងជននានាច្រើនអនេក
។
ជំនួញទាំង៥នេះចូលក្នុងពៀរ ឧបាសកត្រូវវៀរចិត្តកុំត្រេក
ព្រោះជាផ្លូវឃ្វាងឆ្ងាយពីធម៌ពេក គួរគិតគួររំលែកដើរផ្លូវត្រូវ ។
ប្រទេសគេធំៗជំនួញធំ ច្រើនអ្នកមានស្ដុកស្តម្ភគ្រាឥឡូវ
វិជ្ជានឹងជំនួញនាំបើកផ្លូវ ដើរបានគ្រប់រដូវឥតទើសទាល់ ។
អ្នកទាំងឡាយចូរគិតឲ្យយល់ជាក់ កុំឲ្យមានជំពាក់មិនដឹងស្គាល់
មានឧបស័គ្គអ្វីមកប៉ះពាល់ បានជាខ្វះវិជ្ជារៀងរាល់គ្រប់ៗគ្នា
។
ខ្មែរយើងខ្វះវិជ្ជាក្រៃលែងខ្វះ ខ្វះច្រើនក្រៃពេកណាស់ឥតគណនា
មកពីយើងបាក់បែកស្រាំប្រែះឆា បានជាគ្មានវិជ្ជាដូចស្រុកគេ ។
ទទួលបានជួបជួនអ្នកបារាំង គេមកនៅតែងតាំងធ្វើជាមេ
គេឲ្យរៀនសូត្រដែរមិនទទេ គ្រាន់តែធ្វើស្មៀនស្មេរគេប៉ុណ្ណោះ
។
គេឲ្យរៀនធ្វើពេទ្យថែជម្ងឺ រក្សាមនុស្សឈឺគេឲ្យឈ្មោះ
ជាគ្រូពេទ្យគ្រាន់តែចិញ្ចឹមពោះ គ្មានចេះផ្សំថ្នាំសោះតើចេះអ្វី ។
គ្រាន់តែចេះមើលដឹងសំបុត្រថ្នាំ វិធីប្រើឲ្យចាំដោយស្មារតី
ចេះវះកាត់លាបថ្នាំរុំសំឡី ចាក់ថ្នាំឬទិញថ្នាំអ្វីក៏ទិញបាន ។
ចេះសរសេរសំបុត្រផ្ញើទៅទិញ យកសព្វមុខទំនិញដែលគេមាន
នៅឯស្រុកបារាំងទាំងប៉ុន្មាន នាំចំរើនធនធានស្រុកបារាំង ។
ឯងចេះតែរៀនទិញមិនរៀនធ្វើ ហាក់ដូចឥតអំពើគ្មានកម្លាំង
ជួយស្រុករបស់ខ្លួនឲ្យម៉ាំងខាំង ស្រុកនៅតែស្គមស្គាំងគ្មានធំធាត់ ។
បើរៀនបានចេះដឹងគួរគប្បី គេឲ្យធ្វើមន្រ្តីមានមុខមាត់
មានកេរ្តិ៍ឈ្មោះគ្រាន់បើទាំងសម្បត្តិ មិនសូវមានខ្ចាយខ្ចាត់ដល់កូនចៅ
។
ម៉្លោះហើយគេមើលឃើញជាស្តុកស្តុម្ភ គេនាំគ្នាប្រឹងខំបោលសំដៅ
ទៅចូលសាលារៀនយកខាន់ខៅ ច្រើនជ្រើមជ្រួលខ្មួលខ្មៅពេញដែនដី
។
វាំងជួនក្រហោមដៀបចក្រីប៉ុន១ នឹងលោកយោមរាជឈុនធ្វើកុងសី
ចេះបារាំងមុនគេ មុនធ្វើថី បកប្រែភាសាស្ដីបារាំងខ្មែរ ។
បានថ្កុំថ្កើងរុងរឿងទាំងកូនចៅ អស់ទាំងពូជពង្សនៅគ្រាន់បើដែរ
នាំឲ្យជនទាំងឡាយងាករេបែរ រៀនបារាំងបារែរស្ទើរមិនសល់ ។
ព្រោះឃើញនរណាមិនចេះបារាំង មិនសម្បូរនំបាំងនឹងផ្ដូចផ្ដល់
នឹងចាយវាយស៊ីចុកឲ្យឆ្អែតឆ្អល់ ម្ល៉ោះខំប្រឹងខ្វាយខ្វល់ឲ្យទាន់គេ ។
នរណាចេះតែខ្មែរដោកថយណាស់ ដូចឈើពុកស្រឡះសោះទទេ ។
ពុំនោះសោតប្រៀបដូចជាសត្វភេ ឃ្លាតឆ្ងាយបឹងទន្លេគ្មានត្រីស៊ី ។
អ្នកមានគេទៅរៀនសុ្រកបារាំង គេសម្លឹងមើលឃ្លាំងខ្មែរមមី
គេនឹកថាអញមុខជាពេញទី អស់ទាំងពួកស្រីញីអញមិនខ្វះ
។
មិនគិតថាប្រាក់ឃ្លាំងមកពីណា បានពីទេវតាឬពីព្រះ
ឬបានពីព្រះឥន្ទមានតេជះ បង្អោរឲ្យគ្រប់ផ្ទះយកមកដាក់
។
ប្រាក់ឃ្លាំងបានពីអ្នកចំការស្រែ បានពីអ្នកជួញប្រែរលុយកាក់
ពីអ្នកលក់កម្លាំងញើសសស្រាក់ គេប្រមូលយកប្រាក់ទៅទុកចាយ ។
សម្រាប់ជួលមនុស្សឲ្យរក្សា ថែទាំអស់គ្នីគ្នាឲ្យសប្បាយ
កុំឲ្យចោរលួចប្លន់អន្តរាយ ឲ្យបានក្ដីរីករាយទាំងអស់គ្នា ។
ប្រាក់អ្នកស្រុកទាំងអស់មាននាយស្មេរ អ្នកនៅចាំសរសេរចាំកត់ត្រា
ឲ្យដឹងតាមចំនួនថែរក្សា បើត្រូវជួលអ្នកណាឲ្យអ្នកនោះ
។
កន្លែងទុកប្រាក់ហ្នឹងគេហៅឃ្លាំង គេរើសជនសំរាំងមានកេរ្តិ៍ឈ្មោះ
ជាមនុស្សអ្នកល្អចិត្តត្រង់ស្មោះ គេដាក់ឲ្យចំពោះថែរក្សា ។
ប្រៀបដូចភូមិធំមួយជនកុះករ មនុស្សច្រើនតែល្អមានប្រាជ្ញា
តែមានចោរលួចប្លន់ច្រើនក្រៃណា ហិនហោចទ្រព្យគ្រប់គ្នាទ្រាំពុំបាន ។
បបួលគ្នារៃប្រាក់យកគ្រប់ផ្ទះ យកទាំងក្មេងទាំងចាស់ទាំងក្រមាន
ប្រមូលទុកឲ្យមូលផ្ដុំធនធាន ទុកជួលអ្នកក្លាហានឲ្យយាមល្បាត ។
ថែទាំងផ្ទះសម្បែងសព្វទ្រព្យធន កុំឲ្យចោរលួនប្លន់បង់ខូចខាត
រាល់យប់ថ្ងៃខែឆ្នាំមិនឃ្លៀងឃ្លាត ឲ្យថ្លៃឈ្នួលតាមខ្នាតខសន្យា
។
យូរៗ ទៅប្រាក់ហ៊ុនចេះតែកើន ចេះតែឡើងចំរើនរាល់មាសា
អ្នកស្រុកមានក្តីសុខដូចប្រាថ្នា ចំរើនទ្រព្យធនគ្រប់គ្នាឥតមោះមៃ ។
ក្រុមហ៊ុនទាំងអស់នោះប្រឹក្សាគ្នា គិតពង្រីកបញ្ហារកកម្រៃ
ចង់សាងផ្ទះពេទ្យមួយទុកសំចៃ ក្រែងមានទុក្ខរោគភ័យត្រូវគ្រប់គ្នា ។
ចង់ឲ្យកូនចៅខ្លួនបានចេះដឹង គិតខ្នះខ្នែងខំប្រឹងសាងសាលា
ចង់ឲ្យកូនចៅរៀនសូត្រកើតបញ្ញា ស្វះស្វែងរកវិជ្ជាឲ្យមួនមាំ ។
ក្រោយនោះមេធាវីមានប្រាជ្ញា ជាជនចាស់ព្រឹទ្ធាយឺនយូរឆ្នាំ
ឆ្លើយដោះស្រាយបញ្ហាតាមចំណាំ ឲ្យជនផងចងចាំដូចតទៅ ៖
ផ្ទះពេទ្យសាលារៀនអ្វីក៏ដោយ ជាបញ្ហាខាងក្រោយទេ ណាចៅ
បញ្ហាធំសំខាន់ចោរក្នុងក្រៅ សព្វថ្ងៃនេះយើងនៅទន់ខ្សោយទេ ។
យើងដោះស្រាយចោរកម្ម ឲ្យរួចមុនមួនមាំសុខដូចគេ
ឲ្យបានទុកចិត្តសិនសិមរិះរេ រកបញ្ហាដោះកែតទៅមុខ ។
ចោរគេចេះសាងកើតបានច្រើនយ៉ាង កើតមានទាំងខ្នោះឃ្នាងច្រវាក់គុក
កាំភ្លើងដាវលំពែងកាំបិតលុក សោទ្វារទាំងរនុកនឹងរបង ។
ពួកចោរតែងបំផ្លាញទ្រព្យអ្នកស្រុក នាំឲ្យកើតអុកឡុកជិះជាន់ផង
គាប់សម្លាប់អ្នកស្រុកដោយបំណង នាំឲ្យកើតសៅហ្មងឥតស្រាកស្រាន្ត ។
អ្នកស្រុកច្រើនក្រីក្រព្រោះតែចោរ វាតែងនាំគ្នាកោរហួសប្រមាណ
វាបំផ្លិចបំផ្លាញអស់ធនធាន គោក្របីសេះយានគ្មាននៅសល់ ។
បើយើងបំបាត់ចោរបានកាលណា សិមយងដឹកនាំគ្នាតាមយោបល់
ចង់សាងអ្វីក៏បានតាមយើងយល់ ឥតមានការអំពល់ដោយភិតភ័យ ។
ភូមិមួយប្រៀបដូចគ្នានឹងរដ្ឋមួយ តែងតែមានទុក្ខព្រួយខ្លាំងពេកក្រៃ
បានជានាគ្ានគិតអង្គាសរៃ យកប្រាក់ទុកសំច័យឲ្យឈ្នួលល្បាត
។
ប្រាក់ឃ្លាំងពិតជាប្រាក់រាស្រ្តអ្នកស្រុក គេប្រមូលមកទុកជាដើមអាទិ៍
សម្រាប់ការពាររាស្រ្តដោយសុទ្ធសាធ មិនត្រូវដណ្ដើមវាតប្រាក់ឃ្លាំងឡើយ ។
ប្រាក់ឃ្លាំងត្រូវធ្វើការប្រយោជន៍រាស្រ្ត មិនត្រូវចាយផ្តេសផ្ដាសសោះអង្គើយ
គ្មាននឹកនាម្ចាស់ប្រាក់ធ្វើកន្តើយ ធ្វើដូចជាព្រងើយមិនដឹងអ្វី
។
មានព្រះឥន្ទឯណាចង្អុលប្រាប់ ថាឲ្យខ្លួនចាយស្រាប់មិនរកស៊ី
ទោះគេនឿយលំបាកហត់វក់វី តាមច្បាប់ប្រពៃណីរាស្រ្តទាំងឡាយ
។
មានខ្លះហ៊ានរំលោភប្រើអាជ្ញា ប្រៀបដូចសត្វខ្លានឹងទន្សាយ
ខ្លាមួយមានចង្កូមក្រចកកាយ ទោះមួយសែនទន្សាយក៏ចាញ់ខ្លា ។
ចំការស្រែសត្រូវនឹងគេពិត ឃ្លាំងប្រាក់ទើបជាមិត្រគេរាល់គ្ាន
បានជាគេខំប្រឹងរកវិជ្ជា បានជាមិត្រស្ងួនភ្ងានឹងឃ្លាំងប្រាក់
។
ប្រាក់នេះពិតជាប្រាក់ក្ដៅក្រហាយ បើអ្នកបានមកចាយគិតឲ្យជាក់
បានមកពីឈាមញើសហូរសស្រាក់ គេទារយកមកដាក់ទុកក្នុងឃ្លាំង ។
យើងទាន់តាំងពីព្រះនរោត្តម ទ្រង់សោយរាជ្យជាធំបុណ្យបារាំង
គេរៀបចំស្រុកខ្មែរមានកម្លាំង រៀបផ្លូវថ្នល់គ្រប់ទាំងទិសប្រាំបី ។
កាតមួយទារប្រាំរៀលហុកសិបសេន មានទាំងត្រូវកំណែនកែនដឹកដី
មានពន្ធស្រូវពន្ធត្នោតម្រេចដីផ្លី នៅពន្ធគោក្របីពុំទាន់មាន
។
ទារពីខែដំបូងដល់ដាច់ឆ្នាំ អ្នកក្រីក្ររងកម្មច្រើនអត់ឃ្លាន
គេទាំរអស់មួយឆ្នាំរកមិនបាន លំបាកស្ទើរផុតប្រាណតែរាល់ឆ្នាំ ។
ខ្លះមានគោតូចតាចរកមិនបាន នៅសល់តេគោមេទុកថែទាំ
ខ្លះយកភូមិទស្រែដាក់បញ្ចាំ យកបង់ពន្ធតាមកម្មខ្លួនក្រីក្រ ។
បើប្រាក់ឃ្លាំងម្លឹងៗយល់ថាឆ្ងាញ់ អ្នកផងច្រើនស្រឡាញ់យល់ថាល្អ
មិនដឹងជាថ្នាំពុលស្លាប់ឆ្អឹងស នាំវិនាសតៗមិនចេះចប់ ។
ដូចគ្នានឹងអ្នកបួសក្នុងសាសនា បើមិនកាន់សិក្ខាឲ្យសព្វគ្រប់
ប្រព្រឹត្តអានាចារគ្មានឈរឈប់ ខុសរាល់ថ្ងៃរាល់យប់មិនធ្វើល្អ ។
គ្រងឃ្លុំត្រៃចីវរនៃអ្នកស្រុក បរិភោគគ្រប់មុខបាយសម្ល
ជារបស់អ្នកមាននឹងអ្នកក្រ ច្រើនតែនាំបង្កប្រមូលលាភ ។
ឥតគិតពិចារណាជុំវិញខ្លួន អាស្រ័យបច្ច័យបួនគេដរាប
ប្រព្រឹត្តអនាចារជួថោកទាប មុខជានឹងបានបាបទៅអបាយ
។
ដូចអ្នករាជការស៊ីប្រាក់ឃ្លាំង គ្មានស្មារតីប្រុងតាំងគិតវែងឆ្ងាយ
ឯងចេះតេរកចុះអញអ្នកចាយ ព្រះឥសូរលោកទាយទុកឲ្យអញ
។
ព្រោះអញជាអ្នកមានបុណ្យស័ក្តិយស ថាពូជអ្នកថ្កើងខ្ពស់ជាងសាម័ញ្ញ
តាមតែយកប៉ុន្មានតាមស្រឡាញ់ ភ្លេចគិតគ្នាន់គ្នេរកាញ់ថាប្រាក់រាស្រ្ត ។
មានប្រាក់ខែទាំងកូនទាំងប្រពន្ធ ធ្ងន់នេះហៅសែនឆ្ងន់គ្មានឱកាស
កាន់ក្បួនបារាំងធ្វើផ្តេសផ្ដាស គេយកខ្មែរធ្វើទាសទាំងផែនដី ។
មិនមែនបារាំងជាទេវតា អស់ខ្មែរផងនានាជាក្របី
ជាតិមនុស្សដូចគ្នាទាំងប្រុសស្រី អ្នកប្រុសគួរគប្បីគិតឲ្យឆ្ងាយ ។
អ្នកនៅឆ្ងាយពីទីប្រជុំជន សុទ្ធតែបានបង់ពន្ធគ្រប់រូបកាយ
មិនបានថ្នាំមួយគ្រាប់ដប់ឆ្នាំប្លាយ អ្នកជិតគេសប្បាយដោយថ្នាំពេទ្យ
។
មនុស្សយើងឥឡូវវង្វេងខ្លាំង នាំគ្នាប្រឹងប្រណាំងគ្រប់ស្រុកខែត្រ
មិនចង់នឿយហត់សោះហយបានឆ្អែត លើកខ្លួនឲ្យអណ្តែងដោយប្រាក់ខែ ។
យកប្រាក់ទាំងហ្មឺនមកសូកទិញ ហាក់ដូចជាទំនិញអ្នកជួញប្រែ
នាឲ្យក្រីក្រខ្សត់ឪម៉ែ ជួនខូចប្រាក់ទទេឥតបានការ
។
សំណូកមានគ្រប់ច្រកគ្រប់ដំបន់ ជាចោរលួចចោរប្លន់យកមុខងារ
លួចប្លន់យកបុណ្យស័ក្តិនឹងភពភារ លួចដណ្ដើមទាមទារយកទីខ្ពស់ ។
បើបំបាត់សំណូកមិនបាត់ទេ មិនរុងរឿងដូចគេបង់កេរ្តិ៍ឈ្មោះ
ថោកទាបសាបសូន្យគ្មានកិត្តិយស សព្ទសូរមិនពីរោះអចិន្រ្តៃយ្យ ។
ខ្មែរយើងនៅទាល់ច្រកច្រើនកន្លែង ខ្វះចំណេះចាត់ចែងធ្វើដោយដៃ
ខាងជំនួញក៏នៅមិនឈ្លាសវៃ បានជារកដម្លៃនឹងគេគ្មាន
។
នាំគ្នាចូលរៀនតែអក្សរសាស្រ្ត ដើម្បីរកប្រាក់មាសទ្រព្យធនធាន
សំឡឹងតែឃ្លាំងប្រាក់ធ្វើស្ពាន ទាំងប្រុសស្រីរាប់លាន់គ្មានច្រកផ្លូវ ។
អក្សរនោះទៀតរៀនអក្សរគេ អក្សរឯងនៅទទេដូចសត្រូវ
បើមើលឬសរសេរមុខក្រញូវ ព្រោះតែខ្លួនមិនសូវបានហាត់រៀន
។
រៀនបារាំងប្រហែលម្ភៃឆ្នាំ ទើបបានចេះបានចាំបានធ្វើស្មៀន
ឬធ្វើគ្រូប្រដៅបង្ហាត់ប្រៀន ឬមន្រ្តីកោះគៀនទារប្រាក់ពន្ធ ។
យើងទាល់ច្រកផ្លូវមកយូរណាស់ហើយ ជាតិខ្មែរទាំងឡាយអើយចូរគិតគន់
រៀនវិជ្ជាគ្រប់មុខកុំទម្រន់ ព្រោះយើងនៅខ្សោយទន់ពន់ពេកណាស់ ។
រៀនធ្វើស្លាបប៉ាកការគ្រឿងសរសេរ ធ្វើម្ជុលសម្រាប់ដេរនឹងម្ជុលខ្លាស់
ទាំងរៀនធ្វើសព្វគ្រប់គ្រឿងប្រើប្រាស់ កុំឲ្យមាននៅខ្វះគ្មានមុខណា ។
វិជ្ជាអស់នោះនាំឲ្យថ្កុំថ្កើង នាំឲ្យចំរើនឡើងមហិមា
ដូចដាំអស់ដំណាំកើតផ្លែផ្កា ចំរើនស្រុកថ្លៃថ្លាមិនខ្វះខាត ។
ពិភពលោកសព្វថ្ងៃគេបង្កើន វិជ្ជាឲ្យចំរើនខ្លាំងហួសខ្នាត
បើយើងមិនខំទេឃើញថាឃ្លាត ធ្លាក់ចុះដុនដាបជាតិគ្មានរស្មី ។
ជាតិខ្មែរច្រើនស្រឡាញ់យសស័ក្ដិ ចូលចិត្តតែហ៊ឺកហ៊ាកធ្វើមន្រ្តី
ចង់ឲ្យមានអំណាចលើផែនដី ជនផងទាំងប្រុសស្រីឱនលុតក្រាប
។
ខ្លះបានយសស័ក្តិហើយប្រពន្ធច្រើន ចេះតែចង់បង្កើនប្រាក់ដរាប
គ្មានមេត្តាដល់រាស្រ្តអ្នកទន់ទាប អ្នកក្រីក្រដុនដាបរងទុក្ខភ័យ ។
ប្រពន្ធច្រើនជាហេតុវិនាសធំ ឲ្យខូចស្រុកនិគមនាំចង្រៃ
បាត់ផ្លូវសុចរិតខូចដម្លៃ វង្វេងទាល់យប់ថ្ងៃភ័ន្តច្រឡំ
។
ឲ្យលោភប្រាក់កាសមាសពេជ្រនិល នាំឲ្យបាត់ទាន់សីលធម៌ឧត្តម
នាំឲ្យស៊ីសំណូកតៃបន្លំ នាំឲ្យខុសច្បាស់ក្រមប្រវេណី
។
នាំឲ្យខូចយសស័ក្តិធ្លាក់ដុនដាប ត្រឡប់ជាថោកទាបអស់សិរី
ក្នុងពេលគេឃើញទោសមិនគប្បី ជួនកាលក៏ជាប់ក្ដីគុកច្រវាក់ ។
ស្រីច្រើនរូបដេកចាចាយប្រាក់ស្រាប់ មិនគិតរកចំណាប់ត្បាញដេរប៉ាក់
មិនព្រមធ្វើការងាររកលុកកាក់ ប្រុងចាំចាយតែប្រាក់ពីស្វាមី ។
ប្តីខ្លួនកើតបានប្រាក់មកពីណា បានមកពីទេញ្ដឬពីអ្វី
ឬបានមកពីរាស្រ្តដែលកើតក្ដី ឬបានពីមន្រ្តីដែលតូចតា ។
ឬបានមកពីពួកអ្នកជំនួញ គេអ្នករកស៊ីជួញគេមានប្រាជ្ញ
ឲ្យតែបានចំណេញគេមិនខ្លាច គេហ៊ានបោះបាចសាចយកមកជូន ។
ឬបានពីរិបជាន់ប្លន់អ្នកស្រុក ធ្វើឲ្យគេបានទុក្ខក្ដីសាបសូន្យ
យកទ្រព្យឬចាប់ខ្លួនប្រពន្ធកូន លបយកប្រាក់វារលូនមកឲ្យខ្លួន។
ឬពីអ្នកប្រឡងយកមុខងា ឲ្យបានចូលធ្វើការពេញមាំមួន
គេឲ្យប្រាក់ចំណូកតាមចំនួន រកស៊ីតាមបែបក្បួនទុច្ចរិត ។
ក្របីត្រោសធំមួយញីមួយហ្វូង មានកូនកើតច្រាងច្រូងច្រើនប្រកិត
ក្របីត្រោសត្រេកអរសប្បាយចិត្ត ដើរតាមហ្វូងប្រកិតមិនឃ្លាតឆ្ងាយ ។
ក្របីត្រោសនោះឯងរវល់ខ្លាំង ដោយការពាររវាំងញីទាំងឡាយ
តែចិត្តក្របីនោះសែនសប្បាយ សែនត្រេកអររីករាយខ្វល់វក់វី ។
លុះមានស្ទាវតូចតាចវាជ្រៀងជ្រែក ដោយធ្វើការដំរេកនឹងមេញី
អាត្រោសខំប្រឹងប្រែងមើលសំភី ប្រច័ណ្ឌចិត្តពេញទីទប់ពុំបាន ។
ដេញវាត់អាស្ទាវៗរត់ខ្ចាត់ខ្ចាយ រត់ទៅកាន់ទីឆ្ងាយហួសប្រមាណ
ចោលពួកចោលហ្វូងខ្លួនគ្មានសុខសាន្ត ព្រោះតណ្ហាជាយានយ៉ាងនេះឯង ។
អាត្រោសខំប្រឹងប្រែងការពារញី ប្រឹងនឿយហត់វក់វីសព្វកន្លែង
សព្វថ្ងៃប្រឹងតែសំរួចស្នែង មមាញឹកខ្លាចក្រែងត្រោសឯទៀត ។
បើមានត្រោសដទៃចូលមកដល់ ប្រទះគ្នាត្រូដល់ប្រឹងអស់ស្នៀត
កម្លាំងតិចជាងគេប្រឹងប្រែងជ្រៀង ខំធ្លាក់ឆ្លៀតយ៉ាងណាគង់ចាញ់គេ ។
បើចាញ់គេៗដេញវាត់ស្ទើរស្លាប់ ខ្លួនត្រូវភ្លាត់ចំណាប់រត់ចោលមេ
ស្រងាកចិត្តខ្លាំងក្រៃខ្លួនទទេ រិះរេរកលាក់ខ្លួនពួនសម្ងំ ។
អាត្រោសយំសោកស្ដាយរៀងរាល់ថ្ងៃ ដោយសាលោះអាល័យចិត្តក្រៀមក្រំ
កើតតូចចិត្តឆ្ងឹតទ្រូងបានទុក្ខធំ គិតគូរកែសន្សំកម្លាំងកាយ
។
ឧទាហរណ៍ក្របីឧបមា ដូចមនុស្សនានាផងទាំងឡាយ
បើមានប្រពន្ធច្រើនគេសប្បាយ ប៉ុន្តែគង់ប្រែក្លាយទៅជាទុក្ខ ។
កិច្ចនេះជាបែបនៃកុដុម្ពី មានរបររកស៊ីច្រើនគ្រប់មុខ
មានទ្រព្យពីដូនតាម្ដាយអាពុក ទ្រព្យច្រើនមានទំនុករាប់សែនកោដិ ។
គេចង់បានប៉ុន្មានគេយកទៅ គ្មាននរណាក្តួលក្ដៅពោលចាក់ដោត
គ្មាននរណារុករានហ៊ានពោលចោទ ថែមទាំងគេមិនឆោតបំផ្លាញទ្រព្យ ។
ចំណែកខ្លួនគ្មានទ្រព្យពីណាសោះ ហុតឈាមគេទាំងស្រស់មិនគួរគាប់
រិបជាន់បំភាន់យកដោយឥតច្បាប់ គេក្រខ្សត់ស្ទើរស្លាប់គ្មានមេត្តា ។
អ្នកធ្វើមន្រ្តីត្រូវមានសណ្ដាប់ ត្រូវកាន់តាមច្បាប់មានមាត្រា
មិនត្រូវរំលងច្បាប់ដោយតណ្ហា អាណិតរាស្រ្តប្រជាស្លូតទៀងត្រង់ ។
សណ្ដាប់នោះចូលមើលប្រទេសគំ គេធ្វើឫករំតុំរេស៊ីដង្ស
មានតែប្រពន្ធមួយខំផ្ចិតផ្ចង់ ដំរង់អស់ឫកពារមិនឲ្យឆ្គង ។
គេរើសទាំងរូបរាងទាំងទំហំ ទាំងវិជ្ជាស្តុកស្តម្ភឈ្លាសវៃផង
មារយាទក៏គួរគាប់ឥតសៅហ្មង ល្មមជាអ្នកគ្រប់គ្រងប្រជាបាន ។
កុំចង់បានសម្បត្តិព្រោះមន្រ្តី គួរចង់បានសិរីសុខក្សេមក្សាន្ត
គួរចង់បានកេរ្តិ៍ឈ្មោះជាប្រមាណ ថ្កុំថ្កើងញាតិសន្តានតវែងឆ្ងាយ ។
ទុកជាពូជខ្លួនឲ្យល្ងប្រសើរជាង ត្រកូលទាំងពីរខាងមុខរីករាយ
ជួយយិតជួយយោងគ្នាឲ្យសាយភាយ ឲ្យបានសុខសប្បាយតវែងទៅ ។
កុំចង់បានពូជចោរទុកឲ្យកូន ខូចកេរ្តិ៍ឈ្មោះបងប្អូនទៅដល់ចៅ
បង្រៀនឲ្យធ្វើចោរទាំងពូជផៅ យកប្រាក់ពីហោប៉ៅគេរាល់គ្នា ។
មន្រ្តីស្រឡាញ់ធម៌សុចរិត មានកិច្ចការប្រព្រឹត្តតាមមាត្រា
បានថ្កុំថ្កើងរុងរឿងដូចទេញ្ដ អស់ទាំងរាស្រ្តប្រជាបានសុខសាន្ត ។
ធម៌មានប្រាំពីរឲ្យចំរើនយស ជាធម៌ដ៏ខ្ពង់ខ្ពស់គួររាប់អាន
ជាហេតុនាំមនុស្សឲ្យថ្កើងថ្កាន ថ្លៃថ្លាឥតបីមានក្ដីមោះហ្មង ។
១-ឧដ្ឋានំព្យាយាមស្ទុះក្រោកឡើង ធ្វើការងារថ្កុំថ្កើងត្រូវគន្លង
ចិត្តស្មោះត្រង់នឹងការឥតឆ្គាំផ្គង មិនច្រអូសឃ្នើសឃ្នសងខ្ជិលកៀចក្រាញ
ធ្វើអ្វីខំប្រឹងធ្វើត្រាតែបាន មិនបង្អង់អាក់ខានមិននាំសាញ
មុះមុតនឹងការងារគ្មានស្មុក្រស្មាញ មិនមានការបំផ្លាញប្រយោជន៍ខ្លួន
។
២-សតិស្មារតីចាំមិនភ្លាំងភ្លេច នឹកឃើញមួយរំពេចចាំខ្ជាប់ខ្លួន
គិតនឹកនូវអារម្មណ៍ឃើញមាំមួន ភ្លេចហើយគង់ជួបជួននឹកឃើញបាន ។
៣-សុចិកម្មំធ្វើការល្អស្អាត ត្រិមត្រូវល្អតាមខ្នាតល្មមប្រមាណ
ត្រឹមត្រូវតាមពេលម៉ោងមិនអាក់ខាន ត្រូវតាមច្បាប់បូរាណច្បាប់បញ្ញត្តិ ។
បើធ្វើជាមន្រ្តីមានសណ្ដាប់ ធ្វើការត្រូវតាមច្បាប់មិនបំបាត់
មិនលោភស៊ីសំណូកក្នុងទីស្ងាត់ សុចរិតទៀងទាត់មិនលំអៀង ។
៤-និសម្មករណំតថា ទោះធ្វើកិច្ចការណាប្រឹងផ្ទាត់ផ្ទៀង
ពិចារណាមុនស្រេចទើបរៀបរៀង ទើបធ្វើមិនឲ្យឃ្លៀងឃ្លាតពីច្បាប់ ។
៥-សញ្ញមោ ប្រុងកាយវាចាចិត្ត សង្រួមឲ្យល្អពិតត្រូវចំណាប់
ឲ្យល្អស្អាតបាតត្រូវតាមសណ្ដាប់ មារយាទល្អគួរគាប់មិនឆ្គាំឆ្គង ។
៦-ធម្មជីវនំប្រែស្រាយថា ចិញ្ចឹមជីវិតជាតាមគន្លង
តាមធម៌ត្រូវតាមច្បាប់មិនមោះហ្មង មិនគួរដល់អ្នកផងតិះដៀលបាន ។
៧-អប្បមាទោ មិនប្រហែសធ្វេស មិនទុកចិត្តបរទេសសត្វតិរច្ឆាន
ដែលមានចង្កូមពិសស្នែងធាក់ច្រាន នឹងជនពាលសាមាន្យជួអប្រីយ ។
មិនប្រហែសធ្វេសក្នុងការកុសល មិនវង្វេងវក់ខ្វល់នឹងស្រាស្រី
មិនជ្រុលជ្រប់នឹងល្បែងស៊ីសងក្ដី ទាំងមិត្តឥតសិរីមិនសេពគប់ ។
មិនស្និទ្ធស្នាលនឹងស្ទឹងបឹងទន្លេ នឹងកូនប្រពន្ធគេទាំងថ្ងៃយប់
មិនស្និទ្ធស្នាលនឹងរោគជម្ងឺគ្រប់ មិនស្និទ្ធស្នាលសម្ភពរាជត្រកូល ។
អប្បមាទជាធម៌មានគុណច្រើន ចូរខំប្រឹងក្រវើនរកបញ្ចូល
អប្បមាទធម៌ជាកំពូល ជាមូលនៃពួកធម៌ជាកុសល
។
ធម៌ប្រាំពីរនេះនាំចំរើនយស ព្រះសម្ពុទ្ធខ្ពង់ខ្ពស់ទ្រង់ពន្យល់
បើប្រតិបត្តិបាននឹងកើតផល នឹងដល់នូវត្រោយដូចក្ដីប្រាថ្នា
។
ពាក្យថាយសគឺស័ក្តិធំអំណាច អ្នកផងតែងកោតខ្លាចឫទ្ធិចេស្ដា
នឹងទ្រព្យសម្បត្តិច្រើនខ្ពស់ថ្លៃថ្លា ជាតិជនផងនានាគេរាប់អាន ។
សេចក្ដីសរសើរល្អក៏មានព្រម កេរ្តិ៍ឈ្មោះល្អសមល្មមសព្វទីឋាន
ជាមនុស្សរុងរឿងថ្លៃថ្កើងថ្កាន ឥតមានមោះមៃភ័យនឹងសត្រូវ ។
នេះនឹងថ្លាថ្លែងចែងចរចា នូវប្រយោជន៍ថ្លៃថ្លាក្នុងបច្ចុប្បន្ន
ដែលកើតដែលមានឡើងដល់ពួកជន មានបួនដោយគិតគណតាមចំនួន ។
បឋមុដ្ឋានសម្បាទា ទីមួយគឺឧស្សាហ៍ដោយមាំមួន
ស្វែងរកទ្រព្យសម្បត្តិប្រយោជន៍ខ្លួន ត្រាតែបានជួបជួនទ្រព្យមាសប្រាក់
។
ឥតមានខ្ជិលច្រអូសនឹងការងារ ខំប្រឹងប្រែងពុំពារញើសសស្រាក់
មិនអើពើនឹងក្ដៅឬត្រជាក់ ត្រាតែមានលុយកាក់ដូចបំណង
។
ស្វែងរកទ្រព្យតាមផ្លូវសុចរិត ទៀងទាត់ប្រាកដពិតឥតសៅហ្មង
មានទ្រព្យបរិបូណ៌ដូចប៉ុនប៉ង អស់មហាជនផងកោតស្ញប់ស្ញែង ។
ទុតិយា រក្ខសម្បទា ទីពីរការរក្សាផ្ទះសំបែង
រកទ្រព្យសម្បត្តិដោយខ្នះខ្នែង ចាត់ចែងក្រឿងការពាររក្សាមាំ ។
បើមានគោក្របីដំរីសេះ តែងតែចេះការពារចេះថែទាំ
ឲ្យល្អឲ្យគង់វង់តាមលំនាំ តាមចាស់ទុំផ្តែផ្ដាំប្រៀនប្រដៅ ។
មិនឲ្យចោរលួចនាំយកទៅបាន ខូចខាតទ្រព្យដែលមានកើតសុបសៅ
ខូចប្រយោជន៍នៃខ្លួនចិត្តក្ដួលក្ដៅ មកពីខ្លួនល្ងង់ខ្លៅឬប្រហែស
។
ធ្វើក្រោលរបងឃ្នងឲ្យមួនមាំ ការរក្សាថែទាំងពុំមានធ្វេស
ការការប្រយោជន៍ខ្លួនយ៉ាងវិសេស ឲ្យគង់តាមប្រទេសកាលយ៉ាងណា ។
ពេជ្រនិលកែវពិទូរ្យឬមាសប្រាក់ សំពត់គ្រឿងស្លៀកពាក់ហូលព្រែផ្កា
គង់រង់នៅយូរបានព្រោះរក្សា ដោយឧបាយបញ្ញាអ្នកម្ចាស់ទ្រព្យ ។
ការរក្សាជាកិច្ចធំបង្គស់ អ្នកជាន់ទាបជាន់ខ្ពស់ដូចទាំងសព្វ
បើគ្មានរក្សាទេនឹងអភ័ព្វ ឈ្មោះថាមនុស្សងាប់នូវស្មារតី
។
ដូចប្រទេសនានាពិភពលោក អ្នករក្សាជ្រកជ្រោកគ្មានសិរី
គ្មានចិត្តស្លូតស្មោះត្រង់សាមគ្គី ខូចអស់ព្រះធរណីឃុំស្រុកខែត្រ ។
ដូចជាខេត្តបាសាក់ព្រះត្រពាំង ក្រមួនសនឹងទ្រាំងឃើញក្រឡែត
បាណាមមាត់ជ្រូកក្បែរកោះអណ្ដែត ដីជិតស្រុកប៉តប៉ែតភ្នំដងរ៉ែក ។
ហេតុនេះមកពីខ្វះការរក្សា ខ្វះឧបាយបញ្ញាបុរសឯក
មានតែអ្នកល្បិញល្បុញនាំបំបែក មានតែទាមចំណែកយកអំណាច ។
បានជាធ្លាក់ទៅនៅកណ្ដាប់ដៃ នៃជនជាតិដទៃអ្នកកោងកាច
គេឃើញយើងទន់ខ្សោយគេមិនខ្លាច គេរាតត្បាតបាចសាចជុំវិញដែន ។
ជាតិខ្មែរទាំងឡាយចូរពិចារណា ត្រិះរិះដោយបញ្ញាវាងវៃខ្វែន
ចូរការពារប្រយោជន៍ឲ្យមែនទែន ឲ្យត្រូវតាមបែបផែនក្បួនតម្រា ។
ការរក្សាការបារជាប្រយោជន៦ ដូចជាសត្វស្រមោចនឹងចង្អា
ចេះការពារពាំពងរបស់វា មនុស្សផងនានាគួរយល់ជាក់
។
តតិយាកល្យាណមិត្តតា ទីបីគឹបញ្ហាសេពមិត្រភ័ក្តិ
ជាមនុស្សត្រឹមត្រូវល្អសមស័ក្តិ មិនដិតដាមប្រឡាក់ដោយទោសបាប។
សេពគប់មនុស្សល្អជាបណ្ឌិត បានសុខចំរើនពិតជាដរាប
តែងបានវិជ្ជានឹងបុញ្ញលាភ ចៀសអំពើថោកទាបបានដោយងាយ។
ការសេពគប់អ្នកជាកើតមង្គល កើតមានបុណ្យកុសលក្ដីរីករាយ
កើតមានក្ដីសរសើរក្ដីសប្បាយ ចៀសភ័យអន្តរាយកើតពីចិត្ត ។
ការសេពគប់អ្នកជួជាតិអប្រីយ ឥតមង្គលសួស្ដីដល់ខ្លួនពិត
នាំឲ្យដើរផ្លូវឃ្វាងមួយជីវិត នាំឲ្យល្ងង់ងងិតឥតប្រាជ្ញា។
ព្រោះហេតុដូច្នោះឯងអ្នកទាំងឡាយ ចូលអ្នកខំខ្វល់ខ្វាយរកអ្នកជា
យកជាមិត្តមេត្រីក្ដីស្ងួនភ្ងា ជាប្រយោជន៍ក្នុងនាលោកកីយអើយ ។
ចតុត្ថា សមជីវិតា ទីបនគឺបញ្ហាដែលត្រូវឆ្លើយ
ការចិញ្ចឹមជីវិតមិនជ្រុលឡើយ ល្មមទ្រព្យដែលមានហើយទាំងប៉ុន្មាន ។
មិនចាយឲ្យជ្រុលជ្រួសហួសសម្បត្តិ ស្មារតីប្រុងប្រយ័ត្នមិនធ្វេសប្រាណ
មានតិចចាយតាមតិចឥតរំខាន ចាយតិចច្រើនតាមបានតាមមានល្មម
។
នេះឯងហើយហៅថាចេះលៃលក ចេះចាយទាំងចេះរកសព្វគ្រប់ព្រម
ចេះលើកទាំងចេះដាក់ចេះថ្នាក់ថ្នម ចេះបីទាំងចេះបមថ្នមបញ្ចុក ។
នេះហៅថាប្រយោជន៍ក្នុងលោកនេះ ព្រះវិញ្ញអ្នកចេះបានថ្លែងទុក
ជាផ្លូវប្រតិបត្តិនសអ្នកស្រុក នឹងបានផលជាសុខក្នុងបច្ចុប្បន្ន ។
ចំណែកប្រយោជន៍ខាងបរលោក ព្រះសម្ពុទ្ធទ្រង់ជោគគុណអនន្ត
ទ្រង់សំដែងប្រោសប្រាប់ជានិរន្តរ៍ ដល់ពួកប្រជាជនថាមានបួន ។
១-សទ្ធា គឺជំនឿការជឿចាំ ចំពោះអំពើរកម្មរបស់ខ្លួន
កើតដោយកាយវាចាចិត្តមាមួន សមសួនតាមចំនួនចេតនា ។
កម្មនោះជាកុសលអកុសល តែងតែឲ្យចូវផលប្រសើរជា
នឹងជួអាក្រក់ជាធម្មតា អ្នកមានដួងបញ្ញាគួរចងចាំ
។
ការជឿត្រង់វិបាកគឺសុខទុក្ខ ល្អអាក្រក់គ្រប់មុខតាមចំណាំ
ហៅថាជឿត្រង់ផលរបស់កម្ម នេះជាពាក្យបណ្ដាំព្រះសាស្ដា
។
ការជឿថាពួកសត្វកើតក្នុងលោក ធ្វើកម្មច្រើនគរគោកគ្រប់វេលា
កម្មនោះជារបស់នៃអាត្មា ហៅថាសត្វមានកម្មរបស់ខ្លួន
។
ការជឿថាសត្វមានកម្មជាញាតិ ជាកំណើតមិនឃ្លាតដិតមាំមួន
មានកម្មជាផៅពង្សពូជខ្ជាប់ខ្ជួន មានកម្មជាទីពួនជ្រកអាស្រ័យ ។
សត្វធ្វើកម្មឯណាជាកុសល ឬជាកម្មវិកលបាបចង្រៃ
ទទួលផលកម្មនោះជាបច្ច័យ ប្រាកដឥតសង្ស័យជាធម្មតា
។
ការជឿពោធិញាណព្រះសម្ពុទ្ធ ជាម្កុដត្រៃលោកជាសាស្ដា
ត្រាស់ដឹងពិតប្រាកដដោយបញ្ញា អស់កិលេសវាស្នាគឺប្រយោគ ។
ត្រាស់ដឹងញេយ្យធម៌ដោយត្រូវពិត ឥតមានវិបរិតក្នុងត្រៃលោក
ឥតទើសទាល់បញ្ហាអ្នកប្រាជ្ញព្រោក រួចផុតចេញពីរោគគឺក្ដីល្ងង់ ។
ការជឿងយ៉ាងដូច្នេះហៅសទ្ធា ជាប្រយោជន៍មហិមាវែងយូរលង់
ជូនទៅលោកខាងមុខឲ្យមានទ្រង់ ជាផលានិសង្សសុខក្សេមក្សាន្ត ។
២-សីលំ ការសង្រួមកាយវាចា ឲ្យស្អាតបាតថ្លៃថ្លាដោយទូន្មាន
គឺសីលប្រាំប្រាំបីជាប្រធាន ជាកុសលកើតបានផលជាសុខ ។
៣-ចាគោ ការលះបង់ក្ដីកំណាញ់ លះទ្រព្យជាសំឡាញ់មិនលាក់ទុក
ធ្វើទានយកភាគផលទៅខាងមុខ មិនធ្វើស៊ុកគ្រលុកក្រៅតម្រា ។
៤-បញ្ញា គឺការដឹងយល់ទួទៅ សព្វគ្រប់ទាំងក្នុងក្រៅស្អាតភ្លឺថ្្លា
ជាដួងកែវឧត្តមប្រសើរជា ជាទ្រព្យគាប់ចិន្តាជនទាំងឡាយ
។
ធម៌បួនប្រការនេះហៅទ្រព្យធំ ជាប្រយោជន៍ស្តុកស្តម្ភមិនខ្ចាត់ខ្ចាយ
នាំជនដើរទៅកាន់បរលោកនាយ បានក្ដីសុខសប្បាយឥតមោះហ្មង
។
![]() |
យើងខ្ញុំឋានន្តរ ឃោសធម្ម រៀនបាលីមុតមាំត្រូវទំនង
សាសនាព្រះពុទ្ធតាមគន្លង លោកអ្នកប្រាជ្ញរៀមច្បងពីបុរាណ
។
នាមដើរខ្ញុំឈ្មោះសែស ជាមហា ជាអ្នកមានប្រាជ្ញាស្មារតីបាន
តាក់តែងជាច្បាប់ក្បួនពាក្យទូន្មាន ឲ្យទានដល់មនុស្សទាំងប្រុសស្រី
។
ខ្ញុំធ្វើជាមេវត្តនាទីក្រុង ភ្នំពេញជាកំឡុងរាជបូរី
នាមវត្តហៅថា មហាមន្រ្តី ប្រកបដោយសិរីជ័យមង្គល
។
ខែចែត្រដើមឆ្នាំវកអដ្ឋស័ក ព្រះនិញ្វនជាងជាក់ពីរពាន់ដល់
នឹងបួនរយកៅសិបបានជួបដល់ នឹងប្រាំបួនឆ្នាំសល់នៅខាងចុង
។
អង្គារប្រាំបួនកើតខែចែត្រនោះ និពន្េះស្រេចចំពោះទុកបម្រុង
ជាច្បាប់សម្រាប់អានទុកខាងក្នុង បំផ្លុងបំភ្លឺអស់ជនប្រុសស្រី ។
ខ្ញុំបានថ្លាថ្លែងចែងអធិប្បាយ ជាពាក្យបរិយាយសង្ខេបខ្លី
ជាកាព្យពាក្យប្រាំពីរនឹងច្រាំបី ចែងចាប់អស់សេចក្ដីប៉ុណ្ណេះឯង ។
ថ្ងៃ៣᧩៥ ឆ្នាំវកនៅក្នុងសប្ពស័ក ព.ស. ២៤៩៩
ត្រូវនឹងថ្ងៃទី២០
ខែមីនាឆ្នាំ ១៩៥៦
ព្រះឃោសធម្ម
ម៉ឹង សែស
No comments:
Post a Comment