សុភាសិតប្រដៅជនប្រុសស្រី
ព្រះឃោសធម្ម
ម៉ឹង - សែស
របៀបតែងកាព្យពាក្យ៨
សូមមេត្តាអានសង្កេតកាព្យដ៏ល្អនេះ
សុភាសិតប្រដៅជនប្រុសស្រី
ព្រះឃោសធម្ម ម៉ឹង
- សែស
រៀបរៀង
រៀបរៀង
ចៅអធិការវត្តមហាមន្រ្តី ភ្នំពេញ
ពាក្យប្រដៅប្រុស
បទពាក្យ៨
នេះនឹងថ្លាថ្លែងចែងជាពាក្យកាព្យ ឲ្យអ្នកប្រុសបានជ្រាបសព្វសេចក្ដី
តជាប់មកពីពាក្យប្រដៅស្រី ប្រុសផងគួរគប្បីទុកជាច្បាប់ ។
ជាតិមនុស្សកើតមកបានជាប្រុស កុំឲ្យមានខូចខុសទាស់ដល់ស្លាប់
មិនសេពគប់ឲ្យត្រូវរកចំណាប់ ឲ្យទៅជាអាប់មួយជីវិត ។
គួរសេពគប់ស្និទ្ធស្នាលរកអ្នកថា អ្នកមានប្រាជ្ញាគប់សុចរិត
ដែលមានគតិល្អជាបណ្ឌិត ប្រព្រឹត្តត្រឹមត្រូវផ្លូវទាំងប្រាំបី
។
កាលដែលខ្លួននៅតូចខំប្រឹងរៀន អក្សរជារបៀនដំបូងថ្មី
ទាំងលេខនព្វន្តគណគិតគូរអ្វី ឲ្យចេះចាំមានថ្មីដៃប្រាកដ ។
ឲ្យចេះគិតធម៌គតិលោក បានជាអ្នកប្រាជ្ញព្រោកត្រូវបែបបទ
ប្រដៅខ្លួនឲ្យល្អត្រូវខ្នាត់គត់ ទើបគួរបង្ហាត់ពត់អ្នកដទៃ ។
កាលដែលខ្លួននៅតូចរក្សាខ្លួន ឲ្យសុខល្អមាំមួយដោយប្រពៃ
កុំឲ្យមានទាស់ទែងឈ្លោះប្រកែក ប្រកាន់ពាក្យជជែកឥតមារយាទ
ឲ្យចេះដឹងគួរសមនឹងពួកញាតិ នឹងអ្នកដទៃឃ្លាតមោះហ្មង ។
ឲ្យចេះកោតក្រែងខ្លាចចាស់ព្រឹទ្ធា មានវ័យហួសជរាអ្នករៀមច្បង
នឹងអ្នកមានជាតិខ្ពស់ខ្ពង់ត្រកាល ជាក្សត្រីមហាសាលថ្កើងថ្លាថ្លៃ
កុំប្រមាថមើលងាយដូចសត្វព្រៃ ក្រែងកើតទោសចង្រៃបាបគ្រោះ ។
ចូររៀននិយាយពាក្យសុភាសិត ឲ្យជាទីពេញចិត្តផ្អែមពីរោះ
កុំរៀនហាត់និយាយកាព្យត្រគោះ ចេញពីដីបោកបោះឥតគួរសម ។
ផ្គត់ផ្គុង់ឥរិយាបថទាំងបួន ដេកឲ្យល្អសមសួនតាមច្បាប់ក្រម
ដើរឈរនឹងអង្គុយក៏រមទម អប់រំទាំងឫកពារឲ្យសមល្អ
។
រៀនធ្វើខ្លួនឲ្យមានសណ្ដាប់ធ្នាប់ កិរិយាគួរគាប់តាមមានក្រ
កុំធ្វើឲ្យហួសហេតុខ្មៅជាស កុំយកជាតិសំណធ្វើជាប្រាក់ ។
ខ្លួនក្រកុំធ្វើឫកដូចសេដ្ឋី ឬដូចមន្រ្តីអ្នកមានស័ក្តិ
កុំអួនសរសើរខ្លួននាំខាតល័ក្ខណ៍ សិរីសួស្ដីធ្លាក់ខ្លួនថយថោក ។
បើគេមិនសួរទេកុំឆ្លើយឆ្លង និយាយហួសបំណងច្រើនគរគោត
បើគែមិនហៅទេកុំទៅឈ្លោក នាំខ្លួនឲ្យជ្រាកជ្រោកហិនលក្ខណា
។
បើមានសម្បត្តិទ្រព្យធនធានច្រើន កុំឆ្មើងឆ្មៃព្រហើនកាចឫស្យា
ឲ្យមានចិត្តទោរទន់ករុណា ដល់ជនផងនានាទីលក្រ
។
កុំមើលងាយមើលថោកអ្នកក្រខ្សត់ ធ្វើឲ្យត្រូវបែបបទអ្នកចិត្តល្អ
គួរសង្រ្គោះដាក់ទានបាយសម្ល តាមចាស់ទុំតៗពីបូរាណ ។
បើបានជាអ្នកធ្វើស្រែចំការ ជាផ្លូវរកអាហារទទួលទាន
ចូរអ្នកខំប្រឹងប្រែងរកឲ្យមាន កើតសម្បត្តិធនធានបរិបូណ៌ ។
ក្របីគោទីពឹងនៃអ្នកស្រែ គួរចេះថ្នាក់ថ្នមថែដោយអាសូរ
ឲ្យបានធាត់ធំខ្លាំងរស់នៅយូរ នាំឲ្យទូលាយធូរសម្បត្តិទ្រព្យ ។
កន្លុះប្រឡៅខ្សែសម្រាប់ចង វេញឲ្យស្អាតហ្មត់ហ្មងជាការជាប់
ទុកជាមនុស្សមានសណ្ដាប់ធ្នាប់ មានព្យាយមគួរគាប់ប្រសើរជា ។
បើនរណាគេមានកូនក្រមុំ គួរផ្សំផ្គុំឲ្យជាភរិយា
ដោយហេតុធ្វើការមិនខ្ជីខ្ជា ចេះថែទាំរក្សាទ្រព្យសម្បត្តិ ។
ពេលយប់បំពត់ភ្លើងជាធម្មតា ដោយចិត្តមានមេត្តាប្រណីសត្វ
កុំឲ្យមូសចុចខាំកើតវិបត្តិ កើតស្គាំងស្គមពេកក្តាត់ប្រើពុំបាន ។
ថែទាំស្មៅចំណីលាងទឹកផង ពេលប្រើកុំសំពងហួសប្រមាណ
ផ្ទុកឲ្យល្មមកម្លាំងកន្ទុកយាន ឲ្យមានមេត្តាត្រាប្រណីសត្វ ។
សេចក្ដីក្នុងបាលីគម្ពីរថា អ្នកមានករុណាច្រើនពេកក្ដាត់
ឲ្យផលមិនសូវមានរោគដម្កាត់ ចៀសវាងក្តីវិបត្តិដោយរោគធ្ងន់ ។
ធ្វើស្រែត្រូវផ្គត់ផ្គង់ដើមសំណាប ត្រូវគិតចាត់ចែងសាបតាមជំនន់
សាបហើយថែរក្សាមើលគយគន់ ក្រែងខូចដោយទឹកជន់ឬសត្វស៊ី
។
សំទូងល្អផលល្អព្រោះសំណាប ដែលគេចាត់ចែងសាប់ក្នុងនាទី
ដុះឡើងល្អលូតលាស់ស្រស់ខៀវខ្ចី សំណាបតែងយោងដីស្រីយោងប្រុស១។
ធ្វើស្រែលើកភ្លឺស្រែឲ្យត្រឹមត្រង់ កុំឲ្យវៀចក្ងិងក្ងង់ច្រើនខូចខុស
អ្នកផងគេនិន្ទាដាក់កំហុស ចាត់ជាមនុស្សលោភបឋវី
។
អ្នកលោភពសុធាច្រើនបានទុក្ខ ច្រើនទាស់នឹងអ្នកស្រុកច្រើនកើតក្ដី
បង់ខាតទាំងប្រាក់កាសគ្មានសល់អ្វី ជាមនុស្សជួអប្រិយសិរីគ្មាន ។
ផ្ទៃស្រែត្រូវបំប្រាបឲ្យរាបស្មើ បើទឹកតិចរាចលើសព្វទីឋាន
ស្រូវល្អស្មើគ្រប់គុម្ពចំរើនភ្នាន ចំរើនគ្រាប់ស្រូវបានដូចប្រាថ្នា។
សំណាបចាស់ល្មមការត្រូវដកស្ទូង ចាប់តាំងពីដំបូងស្រេចកាលណា
ត្រូវយកចិត្តទុកដាក់ចាំរក្សា ក្រែងភ្លៀងជន់រំលាស់ចខូចខាត ។
ត្រូវយើងបង្ហូរចេញទុកឲ្យល្មម ឲ្យស្ទូងលាស់ព្រមល្អល្អូកស្អាត
ឬមួយបាក់ភ្លឺស្រែហូរហួសខ្នាត គួរខំប្រឹងសង្វាតទប់ឲ្យជាប់ ។
ថែទាំចាំរក្សាទាំងថ្ងៃយប់ ព្យាយាមកុំឈរឈប់ជាទំលាប់
ទំនៀមអ្នកមានស៊ីអ្នកមានទ្រព្យ ប្រឹងប្រែងធ្វើការខ្ជាប់មិនកៀចក្រាញ។
ស្រូវចេញប្រុងប្រៀបដេញចាបលលក នឹងសេកកុំឲ្យមកស៊ីបំផ្លាញ
ទោះនឿយហាត់យ៉ាងណាកុំធុញក្រាញ តាមផ្លូវអ្នកជំនាញខាងរកស៊ី ។
ស្រូវទុំខំច្រូតកាត់ឲ្យរួសរាន់ ខំបោកបែនបញ្ជាន់ឲ្យពេញទី
អុំរោយចោលសំដីនឹងធូលី តាមច្បាប់ប្រពៃណីពីបូរាណ
។
ខំដឹកដៀវជញ្ជូនដាក់ជង្រុក ឲ្យល្មមតាមបន្ទុកសម្រេចបាន
ហើយដឹកស្រេចកាលណាកើតសុខសាន្ត បានស្បើយទុក្ខរំខានព្រោះធ្វើស្រូវ ។
បានស្រូវហើយកុំចាយឥតសណ្ដាប់ សំចៃទុកតាមច្បាប់ដែលត្រឹមត្រូវ
ក្រែងអត់ឃ្លានខ្លះខាតដោយរដូវ ប្រព្រឹត្តដើរតាមផ្លូវអ្នកមានទ្រព្យ ។
អ្នកធ្វើស្រែត្រូវធ្វើចំការផង ដំណាំមានរបងឲ្យជិតជាប់
ឲ្យមានដំណាំច្រើនជាទំលាប់ ជំនួយស្រូវគួរគាប់ក្រែងអត់ឃ្លាន ។
ខំដាំចេកអំពៅត្រាវដម្លូង ឫស្សីស្រុកស្លាដូងត្នោតឲ្យមាន
កុំឲ្យខ្វះត្រង់ណាដោយគិតធ្យាន ឲ្យបានបរិបូណ៌គ្រប់ប្រើប្រាស ។
លក់ដូរយកតម្លៃកម្រៃបាយ បរិភោគសប្បាយស្រួលពេកណាស់
ហៅអ្នកមានគ្រឿងស៊ីមិនចេះខ្វះ ថ្កុំថ្កើងតាមពាក្យចាស់ថាមានស៊ី ។
អ្នកខ្ជិលដាំដំណើច្រើនតែអត់ កូនចៅឯងមើលមាត់គេមមី
សម្លឹមមើលភ្លៀកៗដោយសម្តី មិនចេះធ្វើចំណីឲ្យកូនចៅ
។
អ្នកធ្វើចំការសុទ្ធមិនធ្វើស្រែ គេដាស់សព្វបន្លែចេកអំពៅ
ដើមល្មុតនឹងដើមក្វីដ្ឋស្លាដើមព្នៅ សណ្ដែកសសណ្ដែកខ្មៅកប្បាសត្រុម។
ដាំថ្នាំគរក្រូចពោតក្រហមស ធ្វើទីដីឲ្យល្អល្អិតសុខុម
រាយរៀបថារបៀបដាំដោយដុំ ដាំតាមពួកតាមក្រុមទើបចំរេន
។
ការដាំអ្វីស្រេចហើយពីថែទាំ ព្យាយាមឲ្យមួនមាំតើបបានកើន
កុំខ្ជិលច្រអូសពេកខំក្រវើក តែងបានកើតផលច្រើនចិញ្ចឹមខ្លួន ។
លក់ដូរឲ្យហែហូររៀងរាល់ថ្ងៃ ជាភាគផលកម្រៃដោយគាប់ជួន
នេះហើយហៅថាផលព្យាយាមមួន ហុចឲ្យតាមចំនួននៃកម្លាំង
។
វិធីអ្នកស្វះស្វែងរកអាហារ ដោយធ្វើស្រែចំការដោយសម្រាំង
សម្រិតដោយសុចរិតពិតសច្ចំ វិធីញ៉ាំងអាជីពឲ្យផូរផង់
។
បើអ្នកចង់បានកូនប្រពន្ធ សម្លឹងមើលទ្រព្យធននឹងពូជពង្ស
សម្លឹងមើលពូជចេះឬខ្លៅល្ងង់ សម្លឹងមើលពូជត្រង់ឬពូជវៀច ។
គន់មើលព្យាយមច្រើនឬទាប់ទន់ ច្រើនដំអក់ទំរន់ខ្ជិលក្រាញកៀច
ជាមនុស្សស្អាតបាតឬពពៀច ដូចសត្វក្របីខ្្លៀចប្រឡាក់ភក់
។
ពូជខ្លះច្រើនយកប្ដីដោយចិត្តឯង គ្មានមេបាចាត់ចែងអប់បំពត់
គ្មានស្ដាប់មេស្ដាប់បាជានាយក ជាមនុស្សគគ្រក់ប្រុសគួរខ្ពើម ។
ពូជខ្លះច្រើនប្តីលែងនៅមេម៉ាយ ឥតមានសប្បាយផុតចុងដើម
ជួនកាលយកប្តីទៀតធូរដង្ហើម ជួនកាលទុក្ខសម្បើមជាងមុនផង ។
ពូជខ្លះសាំងនឹងប្រុសមិនចេះស្រែក ដោយចិត្តជាប់តម្រេករួមស្នេហ៍ស្នង
ស្និទ្ធស្នាលទៅនឹងប្រុសដូចប្អូនបង ឥតគិតការមោះហ្មងដោយភ្នែកគេ
។
ពូជខ្លះច្រើនលួចលាក់គៃបន្លំ ឃើញទ្រព្យធនសន្សំយកទទេ
ឡោមឡឹមមើលនាយអាយបែររិះរេ រិះរករឿងគេចកែឆក់យកភ្លាម ។
លួចទាំងពីពងមាន់នឹងពងទា ទាំងទ្រព្យផងនានាសព្វគ្រប់នាម
ច្រើនតែមានទោសទុក្ខច្រើនទាក់ទាម ច្រើនត្រូវការគេម្រាមគុកច្រវ៉ាក់ ។
ពូជខ្លាំងច្រើនផិតប្ដីមានសហាយ ដោយសេចក្ដីសប្បាយការរួមរ័ក
លួចលក់ខ្លួនសន្សំយកលុយកាក់ ឬយកទ្រព្យមាសប្រាក់ឲ្យសហាយ ។
ពូជខ្លះមិនស្រឡាញ់ការសិក្សា គេនិយាយកាលណាមិនរីករាយ
ទុកកូនចៅឲ្យល្ងង់មិនខ្វល់ខ្វាយ មិនឲ្យកូនសប្បាយដោយវិជ្ជា ។
ពូជខ្លះច្រើនលោភដីរបងដើរ ច្រើនតែកើតជណើរទាស់ទែងគ្នា
ព្រោះដីមួយចំអាមមួយហត្ថា បង់ប្រាក់កាសអាត្មាអស់គ្មានសល់
។
សូម្បីបងប្អូនឯងរួមផ្ទៃគ្នា កើតទាស់ទែងក្លៀវក្លាឥតយោកយល់
ព្រោះតែដីតិចតួចនាំអំពល នាំឲ្យកើតរវល់ដល់មេស្រុក
។
ពូជខ្លះច្រើនអំនួតអួតភូតភរ និយាយលើសគំនរហួសបន្ទុក
បន្ទន់បន្ទាបគេដូចឈើពុក គេច្រើនតែស្អប់មុខខ្ពើមសំដី
។
ពូជខ្លះស្ដីដើមគេស្ងាត់កំបាំង ល្បេះល្បុញច្រើនពេកខ្លាំងជួអប្រិយ
បណ្ដាលឲ្យកើតឈ្លោះឬកើតក្ដី ច្រើនបានគេស្រដីដើមតបវិញ ។
ពូជខ្លះច្រើនជាអ្នកស្វិតកំណាញ់ ទុកជាឃ្លានឬស្រឡាញ់មិនហ៊ានទិញ
ស៊ូស៊ីដោយសារគេសង្កត់ធ្មេញ មិនអាចហ៊ានបញ្ចេញចាយស៊ីចុក ។
ពូជខ្លះកាចឃោឃៅឥតសណ្ដាប់ ច្រើនឈ្លោះវាយចាក់កាប់បានក្តីទុក្ខ
បង់ប្រាក់បង់កាសហើយថែមត្រូវគុក មនុស្សផងក្នុងស្រុកច្រើនរអា ។
អ្នកប្រុសផងទាំងឡាយចុរជញ្ជឹង ចូរគិតគួររំពឹងរកភរិយា
ឲ្យបានក្ដីសុខសាន្តដល់អាត្មា ក្រែងទុក្ខវេទនានៅថ្ងៃក្រោយ ។
យកប្រពន្ធទ្រព្យធនស្មើភាតគ្នា ស្មើត្រកូលវង្សាឥតមានធ្លោយ
មិនមានមើលងាយគ្នាគ្រប់ជ្រុងជ្រោយ បានសុខតាមអំណោយផលរៀងខ្លួន។
បើបានប្រពន្ធហើយចូរសង្វាត ខំប្រឹងប្រែងខ្មីឃ្មាតឲ្យមាំមួន
ស្វែងរកទ្រព្យសម្បត្តិឲ្យសមសួន កុំឲ្យបានជួបជួននឹងទ័លក្រ ។
ប្រយ័ត្នកុំឲ្យមានឈ្លោះប្រកែក ប្រកាន់ពាក្យជជែកស្ដីតបត
ការប្រឆាំងទាស់ទែងគ្នាមិនល្អ ជាដើមហេតុបង្កឲ្យខាតទ្រព្យ ។
ព្រះពុទ្ធទេសនាប្រដៅជន ប្តីសង្រ្គោះប្រពន្ធដោយគួរគាប់
ថាមិនប្រាប្រការដោយរៀបរាប់ ជនណាមានបុណ្យភ័ព្វប្រព្រឹត្តតាម ។
សម្មាននាវ ធម្មិកា សរសើរភរិយាជាប់ដិតដាម
មិននិយាយអាក្រក់អាសគ្រាម ពោលតាមធម៌គឺពោលពាក្យទន់ភ្លន់។
តថា ច អវិមាននា មិនមើលងាយជេរថាឲ្យប្រពន្ធ
មិនពោលពាក្យចាក់ដោតជាពាក្យធ្ងន់ មិនបៀតបៀនរិះគន់ឲ្យចង្អៀត ។
អថ វានតិចរិយា មិនកន្លងចិត្តគ្នាមានស្រីទៀត
មិនក្បត់ប្រពន្ធឯងរេរកស្នៀត នាំឲ្យកើតសង្កៀតសង្កៀរចិត្ត ។
ឥស្សរិយស្សវោស្សគ្គោ ចិត្តស្វាមីទន់ទោនឹកអាណិត
លះបង់អំណាចខ្លួននៅផ្តកផ្ដិក ប្រគល់ទ្រព្យធន់ពិតឲ្យប្រពន្ធ ។
អលង្ការានុប្បទានំ មេត្តាមានកម្លាំងឥតរិះគន់
ស្វែងរកគ្រឿងប្រដាប់ស្រាលឬធ្ងន់ តាមកម្លាំងទ្រព្យធននៃអាត្មា
ឲ្យបានមានប្រើប្រាស់ដូចអ្នកផង កុំឲ្យមានសៅហ្មងចិត្តត្រង់ណា
ឲ្យកើតសប្បាយចិត្តគ្រប់វេលា ហៅសង្រ្គោះភរិយាតាមបាលី ។
ការសង្រ្គោះបែបនេះជាមង្គល ជាបុណ្យកុសលកបសិរី
ត្រូវតាមពុទ្ធដីកាព្រះជិនស្រី ជនផងគួរគប្បីយកតម្រាប់ ។
មនុស្សទេវតាតែងសរសើរ ជាផ្លូវដំណើរល្អគួរគាប់
គួរគិតប្រព្រឹត្តតាមកាន់ឲ្យខ្ជាប់ យកទុកធ្វើជាច្បាប់ប្រពន្ធប្ដី
។
ថ្ងៃមួយព្រះឥន្ទស្តេចទេវតា ទ្រង់ព្រះនាមហៅថាព្រះកោសីយ
ទ្រង់ចុះចាកប្រាសាទមានសិរី ទ្រង់សំពះទិសទីទាំងដប់គត់ ។
គ្រានោះទេវបុត្រមាតលី បានឃើញព្រះកោសីយជាក់ប្រាកដ
ក្រាបបង្គំទូលសួរតាមបែបបទ ទ្រង់មានការកំណត់សំពះអ្វី ។
ព្រះឥន្ទទ្រង់ឆ្លើយតបតាមពាក្យសួរ តាមការល្មមគួរដោយសំដី
ទន់ភ្លន់ពិតប្រាកដអាថ៌សេចក្ដី ដល់ព្រះមាតលីបានជ្រាបច្បាស់ ។
ឧបាសកឯណាមានសីលសុទ្ធ មានភរិយាបុត្រគ្រប់គ្រងផ្ទះ
ខំសាងបុណ្យកុសលមិនដែលលះ មានបញ្ញាតេជះស្លូតទៀងត្រង់
។
ចិញ្ចឹមកូនប្រពន្ធដោយធម៌ពិត មិនដែលវិបរិតមិនលះបង់
យើងលើកដៃដប់សំពះដោយផ្ចិតផ្ចង់ ចិត្តចំពោះតម្រង់អ្នកនោះផង ។
(មានត)
១-ពាក្យបុរាណថា "សំណាបយោងដី
ស្រីយោងប្រុស" បើដីទន់តែសំណាបល្អ គង់គ្រាន់បើ, បើប្តីអន់ប្រពន្ធគ្រាន់បើគង់គ្រាន់បើដែរ
No comments:
Post a Comment