ធម្មិកោវាទ
ព្រះអាចារ្យ ឯក- ញឹម ធម្មិស្សរោ
ចៅអធិការវត្តធម្មិស្សរារាម ស្រុកសូទ្រនិគម
ខេត្តសៀមរាប
រៀបរៀង
ច្បាប់ធម៌ក្នុងសៀវភៅនេះ យើងខ្ញុំ
ធម្មិស្សរោ (ឯក- ញឹម) ចៅអធិការនៃវត្តធម្មិស្សរារាមរៀបរៀងឡើងជាពាក្យឃ្លោង សម្រាប់រោងរៀននៃវត្តធម្មិស្សរារាម
នៅថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំមមែ បញ្ចស័ក ព.ស. ២៤៨៦ ។
ច្បាប់ធម៌ទាំងអស់ដែលយើងខ្ញុំដកស្រង់មករៀបរៀងនេះ
នៅមានសេចក្ដីពិស្ដារក្នុងសិង្គាលោវាទសូត្រ ។
ឯរបៀបធម៌ក្នុងសូត្រនោះ មិនមែនបែបនេះទេ
ប៉ុន្តែយើងខ្ញុំអ្នកតែងយល់ថាគួររៀបចំឡើងជារបៀបថ្មី ដើម្បីដម្រូវតាមទំនងបុព្វការីនឹងកតញ្ញូកតវេទីបុគ្គល
ដែលជាបុគ្គលរកបានដោយកម្រ ២ យ៉ាងក្នុងលោក ។
លុះយើងខ្ញុំរៀបចំរួចហើយបានយកច្បាប់នេះបង្រៀនដល់ពួកកុលបុត្រអ្នកបួសថ្មី
ៗ ក្នុងទីវត្តរបស់យើងខ្ញុំ ប៉ុន្តែកាលបង្រៀននោះ យើងខ្ញុំបានយកបាលីមកតាំងទុកជាគោល
ចងជាពួកជាកងឡើងតាមស្ថានហើយឲ្យមានព្រមទាំងសេចក្ដីប្រែនឹងពាក្យឃ្លោងនេះផង
។
តមកមានពុទ្ធបរិសទ្យជាច្រើនគ្នាជ្រះថ្លាចង់បានធម៌នេះ
ទើបនាំគ្នាចាត់ការបោះពុម្ពផ្សាយចែកជាធម្មទានក្នុងឱកាសបុណ្យបញ្ចុះសីមាវត្តនោះ
នៅថ្ងៃអាទិត្យ ១ កើត ខែមិគសិរ ឆ្នាំវក ឆស័ក ព.ស. ២៤៨៧ ប៉ុន្តែដោយហេតុក្រដាសរកបានដោយកម្រណាស់
ក្នុងសម័យសព្វថ្ងៃនេះ ទើបយើងខ្ញុំយកមកជូនពុទ្ធសាសនបណ្ឌិត្យ ដើម្បីចាត់ចែងបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានេះ
។
យើងខ្ញុំសូមសេចក្ដីសុខចំរើន ចូរមានដល់ព្រះពុទ្ធសាសនានឹងលោកអ្នកសិក្សាទាំងឡាយផង
ដល់នគរក្រុងកម្ពុជា នឹងមហានគរបារាំងសែស ដែលបានជួយឧបត្ថម្ភដល់ពុទ្ធសាសនា
នឹងប្រទេសជាតិផង តទៅអស់កាលជាអង្វែង ។
ទិសានមស្សការធម៌ ៦ យ៉ាង
បទពាក្យប្រាំពីរ
ទី ១- ខាងកើតទិសបុព្វា ទុកជាមាតាបិតា
ដែលបង្កើតបុត្រក្នុងលោក គួរកូនស្នេហាអស់ពីចិត្ត
។
ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំមានកំរិត
កម្រៃថ្លៃគុណលោកអាណិត ដោយមេត្តាចិត្តជួយកូនថ្លៃ
។
ទី ២- ខាងត្បូងទិសទិក្ខិណា ទុកជាអាចារ្យយើងសព្វថ្ងៃ
ដែលបង្រៀនធម៌ល្អថ្លាថ្លៃ ឲ្យបាននិស្ស័យទៅនិព្វាន
។
ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំទុកទូន្មាន
គឺពាក្យជាច្បាប់ឱវាទ ទាំងនោះត្រូវមានចិត្តជ្រះថ្លា ។
ទី ៣- ខាងលិចទិសបច្ឆិមា នោះលោកទុកជាបុត្តភរិយា
ដែលនៅក្រោយខ្នងរាល់គ្នា នោះគឺជាក្រោមបង្គាប់ខ្លួន
។
ត្រូវធ្វើសង្គ្រោះដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំផ្ដាច់មាំមួន
ថាត្រូវមានចិត្តអាណិតស្ងួន កុំមានគុំកួនឬគ្នាន់ខ្នាញ់
។
ទី ៤- ខាងជើងទិសឧត្តរា លោកទុកថាជាមិត្រសំឡាញ់
ដែលមានចិត្តស្មើឥតផ្ចាលផ្ចាញ់ រាប់អានស្រឡាញ់ឥតអាក់ឡើយ ។
ត្រូវប្រតិបត្តិគ្នាដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំផ្ដាច់មកហើយ
បើមិត្រមានទុក្ខជួយឲ្យស្បើយ កុំខានសោះឡើយទើបត្រូវធម៌ ។
ទី ៥- ខាងក្រោមទិសហេដ្ឋា លោកទុកជាទាសកម្មករ
ដែលជួយធ្វើការអាក្រក់ល្អ ដោយចិត្តស្មោះសរនឹងចៅហ្វាយ
។
ត្រូវនាយសង្គ្រោះដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំឲ្យខ្វល់ខ្វាយ
បើមានឈឺចាប់មិនសប្បាយ ត្រូវឲ្យចៅហ្វាយថែរក្សា ។
ទី ៦- ខាងលើទិសឧទ្ធៈ ទុកជាសមណៈនឹងព្រាហ្មណា
ដែលយើងទាយកទាយិកា មានចិត្តជ្រះថ្លាហើយធ្វើទាន
។
ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំទុកទូន្មាន
។
លោកអ្នកប្រាប់ផ្លូវសួគ៌និព្វាន ថាទៅដោយយានគឺសីលអើយ ។
ច្បាប់មាតាបិតាសង្គ្រោះកូន ៥ យ៉ាងបទពាក្យប្រាំពីរ
ទី ១- ត្រូវឃាត់កូនទាំងឡាយ កុំឲ្យខ្វល់ខ្វាយក្នុងការបាប
សម្លាប់លួចប្លន់នាំដុនដាប អំពើជាបាបឃាត់ឲ្យបាន ។
ទី ២- ត្រូវនាំកូនធ្វើបុណ្យ អំពើជាគុណគាប់កល្យាណ
ទានសីលជាដើមដែលនាំប្រាណ បានសុខក្សេមក្សាន្តឥតទុក្ខភ័យ ។
ទី ៣- នាំកូនរៀនសិល្បសាស្ត្រ ឲ្យចេះដឹងច្បាស់ទាំងប្រុសទាំងស្រី
រៀនទាំងផ្លូវធម៌ផ្លូវលោកិយ កុំឲ្យសល់អ្វីសព្វវិជ្ជា
។
ទី ៤- ត្រូវរៀបកូនប្រុសស្រី ឲ្យមានស្វាមីឬភរិយា
សមគួរដល់ជាតិធនវ័យវា កុំឲ្យខុសគ្នានាំអភ្វ័ព
។
ទី ៥- ត្រូវបែងចែកធនធាន តាមដោយខ្លួនមានឲ្យគួរគាប់
ឲ្យកូនបានធ្វើជាដើមទ្រព្យ ជាកេរ្តិ៍គួរគាប់បំផុតអើយ
។
ច្បាប់សិស្សប្រតិបត្តិគ្រូអាចារ្យ
៥ យ៉ាង
១- ទទួលដំណើរ ឬជូនដើរត្រឡប់ទៅ
ទីឋានដែលលោកនៅ នេះជាផ្លូវត្រូវគួរសម
។
២- ចូលទៅបំរើ តាមកាលធ្វើឲ្យឲ្យឧត្ដម
ហៅថាបំរើធំ លោកនិយមយកពេលបី
។
៣- ជឿស្ដាប់ពាក្យគ្រូ កុំមូទូកើតអប្រិយ
ឱវាទជាសំដី ត្រូវគប្បីកាន់ហ្មត់ចត់ ។
៤- បំរើប្រក្រតី ធ្វើការអ្វីឥតកំណត់
ពេលណាមិនប្រាកដ នេះជាបទបំរើតូច
។
៥- លោកប្រាប់សិល្បសាស្ត្រ ស្ដាប់ឲ្យច្បាស់ធ្វើឲ្យដូច
រក្សាកុំឲ្យខូច ទាំងធំតូចត្រូវគោរព
។
ច្បាប់ស្វាមីសង្គ្រោះភរិយា ៥ យ៉ាង
១- រាប់អានភរិយា ដោយវាចាដ៏ទន់ភ្លន់
បើពោលទៅប្រពន្ធ ពាក្យនោះទន់គួរជាប់ចិត្ត
។
២- មិនមានមើលងាយ មិនជេរវាយដោយអាណិត
ចេះថ្នមរក្សាចិត្ត ដោយអាណិតនាងភរិយា
។
៣- មិនបានក្បត់ចិត្ត ទៅប្រព្រឹត្តស្រីនានា
តាមដោយល្បែងពាលា ឲ្យភរិយាក្ដៅក្រហាយ ។
៤- បានប្រគល់យស យ៉ាងខ្ពង់ខ្ពស់ឲ្យសប្បាយ
យសស្រីផងទាំងឡាយ គឺខ្វល់ខ្វាយជើងក្រានឆ្នាំង
។
៥- ផ្គត់ផ្គង់ប្រដាប់ មានសម្រាប់យ៉ាងសម្រាំង
គ្រឿងអប់គ្រឿងតែងតាំង តាមកំលាំងធន់ខ្លួនអើយ
។
ច្បាប់ភរិយាប្រតិបត្តិស្វាមី ៥យ៉ាង
១- ចាត់ចែងការងារ ឥតរួញរាដោយផ្ចិតផ្ចង់
បាយព្រឹកបាយថ្ងៃត្រង់ មិនបង្អង់ខុសវេលា ។
២- ពួកញាតិស្វាមី ទាំងប្រុសស្រីក្មេងវុឌ្ឍា
សង្គ្រោះស្មើមុខគ្នា ដូចញាតិកាខ្លួនស្មោះស្មើ
។
៣- ចេះថែទាំទុក ទ្រព្យដោយមុខតាមដំណើរ
ទ្រព្យអន់ទ្រព្យប្រសើរ ប្រសិនបើស្វាមីឲ្យ
។
៤- មិនបានប្រព្រឹត្ត កន្លងចិត្តស្វាមីឡើយ
ដោយប្រុសដទៃហើយ ដែលនាំឲ្យកើតអន់អាក់
។
៥- ឈ្លាសព្រមក្នុងការ ហើយឧស្សាហ៍ធ្វើឥតស្រាក
ជាស្រីវៃគ្រប់ថ្នាក់ មិនមានទាក់ទើសទាល់ឡើយ
។
ច្បាប់កុលបុត្រសង្គ្រោះមិត្រ ៥ យ៉ាង
១- ឲ្យទ្រព្យគួរឲ្យ មិត្រញយៗ
ដោយចិត្តជា
ឥតមានគិតរួញរា ស្រឡាញ់គ្នាដោយចិត្តស្មោះ
។
២- បើពោលវាចា ពោលពាក្យណាដែលពីរោះ
រាប់រកគ្នាឥតឈ្លោះ ហើយសង្គ្រោះរក្សាចិត្ត
៣- បានធ្វើប្រយោជន៍ តិចយ៉ាងហោចឲ្យដល់មិត្រ
បើមានការជួយគិត ឲ្យតែមិត្របានប្រសើរ
។
៤- បានធ្វើខ្លួនប្រាណ ជាអ្នកមានចិត្តស្មោះស្មើ
មិនមានចិត្តសើវ៉ើ តាមដំណើរមិត្រកល្យាណ
។
៥- មិនក្លែងកុហក ពាក្យអាក្រក់កាចសាមាន្យ
ឲ្យមិត្រកើតរំខាន នោះមិនបានពោលសោះឡើយ
។
ច្បាប់មិត្រប្រតិបត្តិកុលបុត្រ ៥ យ៉ាង
១- កុលបុត្រប្រមាទ មិនសំអាតអង្គអាត្មា
ភ្លាត់កាយភ្លាត់វាចា ជួយរក្សាក្ដីវិបត្តិ
។
២- បានជួយការពារ ជួយរក្សាជួយប្រយ័ត្ន
បើធ្វេសក្នុងសម្បត្តិ ជួយប្រយ័ត្នយ៉ាងមុះមុត
។
៣- បានធ្វើទីពឹង ជាពុំនឹងដល់កុលបុត្រ
គ្រាមានភ័យតក់ស្លុត មិនរន្ធត់រត់ចោលគ្នា
។
៤- មិនបានលះបង់ យកតែអង្គឯកអាត្មា
វិបត្តិជួយរក្សា ក្នុងគ្រាណាដែលតក់ស្លុត
។
៥- រាប់អានកូនចៅ នូវអស់ផៅពង្សកុលបុត្រ
ដោយចិត្តស្នេហាផុត ត្រកូលបុត្រឥតសល់ឡើយ ។
ច្បាប់ចៅហ្វាយនាយសង្គ្រោះទាសកម្មករ
៥ យ៉ាង
១- ដាក់មុខការឲ្យធ្វើ តាមអំពើនឹងកំលាំង
លៃលកតាមខ្សោយខ្លាំង ហើយសឹមតាំងឲ្យទទួល ។
២- ឲ្យបាយអាហារ នឹងថ្លៃការដល់ពួកឈ្នួល
មិនបានកែកាច់មួល ឲ្យតាមជួលប្ដេជ្ញាគ្នា
។
៣- បើមានឈឺចាប់ ស្ទុះប្រញាប់ទៅម្នីម្នា
ជួយមើលថែរោគា រក្សាគ្នាមិនលះបង់
។
៤- បានចែកអាហារ ឆ្ងាញ់ពីសាល្អផ្ចិតផ្ចង់
បំពេញតាមចំណង់ គ្រប់រូបអង្គឥតរួញរា
។
៥- ឲ្យឱកាសឈប់ សម្រាកគ្រប់កាលវេលា
គួរតាមសម័យវា ដែលមានការត្រូវឈប់អើយ
។
ច្បាប់ទាសកម្មករប្រតិបត្តិចៅហ្វាយនាយ
៥ យ៉ាង
១- ក្រោកឡើងខំធ្វើ ការអំពើផងនានា
មិនបាច់ចាំតឿនថា ទៅធ្វើការក៏មុននាយ
។
២- ពេលឈប់ធ្វើការ រាល់វេលាក្រោយចៅហ្វាយ
របស់ផងទាំងឡាយ ចេះខ្វល់ខ្វាយយកទុកដាក់
។
៣- យកតែទ្រព្យណា នាយអាត្មាឲ្យស្មោះស្ម័គ្រ
មិនបានយកលួចលាក់ នាំឲ្យទាក់កើតទោសទុក្ខ
។
៤- បើធ្វើការណា ចិត្តឧស្សាហ៍ចង់បានសុខ
ផ្ចិតផ្ចង់ប្រឹងពេញមុខ យកចិត្តទុកដាក់ក្នុងការ
។
៥- បាននាំគុណនាយ ទៅទីឆ្ងាយពោលវាចា
សរសើរនាយអាត្មា ប្រាប់គេថាល្អណាស់អើយ
។
ច្បាប់សមណព្រាហ្មណ៍សង្គ្រោះគ្រហស្ថ
៦ យ៉ាង
១- កាលណាជាបាប ត្រូវប្រាមប្រាប់ហាមគ្រប់មុខ
ព្រោះជាកម្មនាំទុក្ខ តទៅមុខមានវេរា
។
២- ការជាកុសល ជួយនាំផ្ដល់ផ្ដើមសទ្ធា
សាងទានសីលភាវនា ដើម្បីជាទីពឹងប្រាណ
។
៣- បានជួយសង្គ្រោះ ចិត្តចំពោះធម៌កល្យាណ
មិនធ្វើឲ្យរំខាន ជួយប្រោសប្រាណដោយស្មោះសរ
។
៤- បើមិនដែលស្ដាប់ នូវសូរស័ព្ទធម៌បវរ
ដឹកនាំឲ្យស្ដាប់ធម៌ ណាដែលល្អប្រសើរគាប់
។
៥- ជួយប្រាប់ពន្យល់ ធម៌ដែលឆ្ងល់ឲ្យយល់ឆាប់
ធម៌ណាដែលធ្លាប់ស្គាល់ ក៏ជួយប្រាប់ឲ្យយល់ឆ្ងាយ
។
៦- ជួយប្រាប់ផ្លូវធម៌ ណាដែលល្អកើតសប្បាយ
ឲ្យបានជនទាំងឡាយ ស្ដាប់បរិយាយនៃខ្លួនអើយ
។
ច្បាប់គ្រហស្ថប្រតិបត្តិសមណព្រាហ្មណ៍
៥ យ៉ាង
១- មានកាយកម្ម ប្រកបព្រមដោយមេត្តា
បានយកកាយអាត្មា ជួយធ្វើការជាប្រក្រតី
។
២- មានវចីកម្ម ប្រកបព្រមដោយមេត្រី
បើពោលពាក្យសំដី គួរគប្បីកើតស្នេហា
។
៣- មានមនោកម្ម ប្រកបព្រមដោយមេត្តា
តាំងនៅក្នុងចិន្ដា តែងជ្រះថ្លាក្រាបសំពះ
។
៤- មានចិត្តសទ្ធា មិនបិទទ្វារបង្អួចផ្ទះ
ធនធានមានហើយលះ ដោយចិត្តជ្រះថ្លាធ្វើទាន
។
៥- ឧបត្ថម្ភទុក គ្រឿងគ្រប់មុខការស្រេកឃ្លាន
អាមិសដែលខ្លួនមាន លះធ្វើទានឥតអាក់ឡើយ
។
មិត្តាមិត្តកថា
សំដែងអំពីបាបមិត្រ គឺមិត្រអាក្រក់
នឹងកល្យាណមិត្រ គឺមិត្រល្អ ឯបាបមិត្រ មិត្រអាក្រក់នោះ គោលដើមមាន ៤ ពួកដូច្នេះ
បទពាក្យប្រាំពីរ
១- មិត្រគិតតែពីចង់បាន របស់ធនធានអំពីមិត្រ
ប្រយោជន៍ខ្លួនឯងចេះតែគិត ប្រយោជន៍ខាងមិត្រឲ្យខាតបង់
។
២- មិត្រល្អត្រឹមតែវាចា បើពោលពាក្យណាឥតពិតត្រង់
មាត់ឲ្យទ្រព្យចិត្តឥតចង់ គេចកែអែអង់ឥតបានឲ្យ
។
៣- មិត្របានខាងតែអែបអប ប៉ុននិយាយប្របបណ្ដោយ
ប្រចុបឲ្យមិត្តមានថ្លស់ថ្លោយ ធ្លាក់យសសក្ដិដោយសំដីខ្លួន
។
៤- មិត្រនាំឲ្យកើតអន្តរាយ ទ្រព្យធនទាំងឡាយបង់ផ្ទួន
វិនាសត្រឹមទ្រព្យឬដល់ខ្លួន ដោយក្ដីចួបចួនគប់មិត្របាប
។
មិត្រ ៤ ពួកនេះមិនមែនមិត្រ ត្រូវកុំនៅជិតជាដរាប
តែចូលទៅជិតនឹងជាប់បាប ខ្លួននឹងដុនដាបអន្តរធាន
។
បាបមិត្រ ៤ ពួកនេះ ក្នុងមិត្រមួយៗ
ចែកជាបួន ៗ តទៅទៀត
(ក)
មិត្រគិតតែពីចង់បានមាន ៤ ពួកគឺ
១- មិត្រគិតតែពីចង់បាន ប្រយោជន៍ផ្ទាល់ប្រាណគេឥតគិត
២- ឲ្យតិចយកច្រើនអំពីមិត្រ ដោយមានគំនិតគិតរុកកួន
។
៣- បើមានភ័យទើបចេញមុខ ជួយការមិត្រទុកឲ្យជួយខ្លួន
៤- មកជាមិត្រគិតរុកកួន រកប្រយោជន៍ខ្លួនឲ្យបានច្រើន
។
មិត្រ ៤ ពួកនេះមិត្រចង់បាន រកប្រយោជន៍ផ្ទាល់ប្រាណឥតចំរើន
ចូរចាំភាសិតច្រើនក្រវើន រំឭកដាស់តឿនកុំភ្លេចឡើយ
។
(ខ)
មិត្រល្អត្រឹមតែវាចាមាន ៤ ពួក គឺ
១- ជួបមុខមិត្រពោលវាចា ថាខ្លួនប្រាថ្នាឲ្យរបស់
២- ពោលតែមាត់ឥតសប្បុរស ថាឆ្នាំនេះអស់ចាំឆ្នាំក្រោយ
។
៣- បើមិត្រធ្វើធ្វើអំពីណា ក៏ពោលវាចាចាក់បណ្ដោយ
៤- ល្អនូវមុខអាក្រក់ក្រោយ មិត្រនេះនាំធ្លោយថ្លស់អស់ខ្លួន
។
មិត្រទាំង ៤ នេះល្អតែមាត់ ចិត្តឥតទៀងទាត់អត់ក្ដីស្ងួន
កុំទៅសេពគប់នៅចួបចួន នាំឲ្យថ្លស់ខ្លួនខូចអសារ
។
គ) មិត្របានខាងឯអែបអបមាន ៤ ពួកគឺ
១- បើមិត្រធ្វើអំពើបាប ក៏ព្រមហើយប្រាប់ថាត្រូវហើយ
២- បើធ្វើបុណ្យជាតោះតើយ ក៏ថាល្អហើយហើយត្រូវធ្វើទៅ
។
៣- សរសើរគុណមិត្រទៅមុខ ធ្វើហាក់រួមទុក្ខសុខពេកកូវ
៤- និយាយដើមកេរ្តិ៍អាស្រូវ ក្នុងពេលមិត្រទៅបាត់ពីមុខ
។
មិត្រទាំង ៤ នេះ មិនមែនមិត្រ កុំឈមឈរជិតនាំមានទុក្ខ
មានទោសដល់ខ្លួនឥតបានសុខ ប្រៀបដូចជាជ្រាំផុកត្រូវវៀរចេញ
។
កល្យាណមិត្រ មិត្រល្អគោលដើមមាន ៤
ពួក
បទពាក្យប្រាំពីរ
១- មិត្រមានឧបការៈ គឺមិត្រជាអ្នកជួយឧបត្ថម្ភ
បើខ្លួនភ្លាត់ភ្លាំងក្នុងបាបកម្ម រំឭកឲ្យចាំដាក់ឡើងបាន ។
២- មិត្ររួបរួមក្ដីសុខទុក្ខ គឺមិត្រចេញមុខមកផ្ទាល់ប្រាណ
ជួយរក្សាខ្លួនសព្វភូមិឋាន ហៅមិត្រកល្យាណរកបានក្រ
។
៣- មិត្រណែនាំប្រាប់ប្រយោជន៍ ច្រើនតិចដោយហោចឲ្យតែល្អ
ប្រយោជន៍ផ្លូវលោកឬផ្លូវធម៌ មិត្រនេះរកក្រកំដរខ្លួន ។
៤- មិត្រមានក្ដីអនុគ្រោះ ចិត្តស្មោះចំពោះពេញចំនួន
បានជួយស្រោចស្រង់សង្គ្រោះខ្លួន មិត្រមានក្ដីស្ងួនយ៉ាងចំណាប់ ។
មិត្រ ៤ ពួកនេះចំណានល្អ ត្រឹមត្រូវតាមធម៌មិត្រពេញច្បាប់
បើមានទីណាគួរប្រញាប់ យកជាមិត្រឆាប់កុំខានឡើយ
។
កល្យាណមិត្រ ៤ ពួក
ក) ក្នុងមិត្រមួយ ៗ ចែកជាបួនៗ តទៅទៀត
១- បើឃើញមិត្រភ្លាត់ភ្លាំងកាយ ចូលមកខ្វល់ខ្វាយថែរក្សា
២- បើមិត្រធ្វេសក្នុងទ្រព្យណា នោះជួយរក្សាទ្រព្យមិត្រឲ្យ
។
៣- បើមិត្រមានភ័យតក់ស្លុត ក៏មិនបានរត់ចោលគ្នាឡើយ
៤- មិត្រត្រូវការរកទ្រព្យហើយ គ្មានគេចកែឡើយយកឲ្យមិត្រ
។
មិត្រទាំង ៤ នេះ មិត្រប្រសើរ មានហើយគួរដើរចូលទៅជិត
រាប់អានស្រឡាញ់គ្នាយ៉ាងស្និទ្ធ យកធ្វើជាមិត្រកុំខានឡើយ ។
ខ) មិត្ររួបរួមក្ដីសុខទុក្ខមាន ៤ ពួកគឺ
១- ប្រាប់ការណាកំបាំងជិត ដល់ជនជាមិត្រឲ្យដឹងដាន
២- បិទការណាដែលមិត្របាន ប្រាប់ដល់ខ្លួនប្រាណប្រុងការពារ
។
៣- បើការក្រមានដល់មិត្រ មិនមានគំនិតលះបង់គ្នា
៤- បានចេញមុខជួយការពារ ប្ដូរសាច់ឈាមគ្នាប្រយោជន៍មិត្រ
។
មិត្រទាំង ៤ នេះមិត្រមាំមួន គួរនឹងប្ដូរខ្លួនប្ដូរជីវិត
យកធ្វើជាមិត្រយ៉ាងជិតស្និទ្ធ ថែរក្សាចិត្តគ្នាទៅហោង ។
គ) មិត្រណែនាំប្រាប់ប្រយោជន៍មាន ៤ ពួកគឺ
១- ហាមមិត្រខ្លួនមិនឲ្យធ្វើ នូវកម្មអំពើជាវេរា
២- នាំឲ្យធ្វើបុណ្យនានា ដែលជាអំពើបុណ្យកុសល
។
៣- បាននាំស្ដាប់ធម៌ទេសនា ដែលមិត្តអាត្មាមិនដែលស្គាល់
៤- ប្រាប់ផ្លូវសួគ៌ផ្លូវមគ្គផល ឲ្យបានដឹងដល់ពួកមិត្រនោះ
។
មិត្រទាំង ៤ នេះ មិត្រថ្លាថ្លៃ មិត្រប្រសើរក្រៃជួយសង្រ្គោះ
ណែនាំប្រយោជន៍យ៉ាងខ្ពង់ខ្ពស់ គួរសេពគប់មិត្រនោះកុំខានឡើយ ។
ឃ) មិត្រមានសេចក្ដីអនុគ្រោះមាន ៤ ពួកគឺ
១- ឮថាមិត្រចង់របស់ ចិត្តគ្មានសោមនស្សត្រេកអរឡើយ
២- ឮថាមិត្រចំរើនហើយ ចិត្តគ្មានកន្តើយជួយត្រេកអរ
។
៣- បានហាមមនុស្សថ្លែងទោសមិត្រ មិនឲ្យប្រព្រឹត្តនិយាយត
៤- សរសើរគេថាចិត្តល្អ ដែលឮគេសរសើរគុណមិត្រ
។
មិត្រទាំង ៤ នេះមានសង្គ្រោះ គួរស្មោះចំពោះអស់ពីចិត្ត
ត្រូវចងស្នេហាឲ្យបានស្និទ្ធ យកធ្វើជាមិត្រតទៅហោង ។
អបាយមុខ ធម៌ជាប្រធាននៃសេចក្ដីវិនាស
៦ យ៉ាង
បទពាក្យប្រាំពីរ
១- ផឹកសុរាឬមេរ័យ រឿយៗ សព្វថ្ងៃដែលជាបាទ
ជាហេតុទីតាំងក្ដីប្រមាទ នាំឲ្យមិនស្អាតកើតឧបទ្រព្យ
។
២- ដើរលេងយប់គ្រប់កន្លែង ស្វះស្វែងខ្នះខ្នែងដើរឥតឈប់
តាមដោយច្រកល្ហកវេលាយប់ នាំខ្លួនឧបទ្រព្យកើតសៅហ្មង ។
៣- ដើរមើលល្បែងមហោស្រព នាំឲ្យខាតទ្រព្យខូចចិត្តផង
ចូរមើលល្បែងតែងសៅហ្មង កើតទោសទុក្ខផងដល់អាត្មា ។
៤- បានលេងល្បែងភ្នាល់ស៊ីសង នាំចិត្តមួហ្មងកើតវេរា
ដោយទោសព្រោះលេងល្បែងនានា ជាហេតុពាធាគ្នាទៅមុខ ។
៥- សេពគប់តែនឹងមិត្របាប ដែលនាំដុនដាបអង្គឲ្យទុក្ខ
ឲ្យទោសច្រើនក្រៃតទៅមុខ ពុំដែលបានសុខខ្លួនសោះឡើយ
។
៦- ប្រកបខ្លួនក្នុងក្ដីខ្ជឹល ជាហេតុរេចរឹលគ្រប់មុខហើយ
បានទុក្ខរោលរាលឥតមានស្បើយ មិនគួរត្រេកឡើយផ្លូវអបាយ ។
អបាយមុខ គោលដើម ៦ នេះ
ក្នុងអបាយមុខមួយ ៗ ចែកជាប្រាំមួយ ៗ តទៅទៀតក)
ផឹកសុរាឬមេរ័យមានទោស ៦ យ៉ាង
១- វិនាសអស់ទ្រព្យធនធាន អ្នកផឹកស្រាបានឃើញភ្នែកឯង
២- កើតប្រកែកឈ្លោះទាស់ទែង ចំរើនច្រើនស្ដែងជាអនេក ។
៣- បណ្ដាលជារោគនានា មានកើតឡើងជាងងឹតភ្នែក
៤- កើតនិន្ទាជាអនេក គេត្មះតាមភ្នែកគេឃើញនោះ
។
៥- កេរ្តិ៍ខ្មាសដែលខ្លួនធ្លាប់លាក់ ក៏បង្ហាញជាក់ភ្នែកគេស្មោះ
៦- កំលាំងប្រាជ្ញាថមថយអស់ នេះទោសរបស់អ្នកផឹកស្រា
។
ខ) ដើរលេងយប់គ្រប់កន្លែង មានទោស ៦ យ៉ាង
១- អ្នកដែលដើរលេងខុសកាល មិនបានអភិបាលខ្លួនអាត្មា
២- អ្នកដើរលេងខុសវេលា បុត្តភរិយាខានគ្រប់គ្រង
។
៣- មិនបានថែរក្សាទ្រព្យ នាំឲ្យអភ័ព្វកើតសៅហ្មង
៤- គេរង្កៀសនឹងខ្លួនផង នាំមានសៅហ្មងច្រើនប្រការ
។
៥- ពោលពាក្យក្លែងបង្កាច់ខ្លួន ប្រកាន់តាមជួនមានហេតុណា
៦- មានទោសច្រើនប្រការ ព្រោះតែអាត្មាដើរលេងយប់
។
គ) ដើរមើលល្បែងមហោស្រព មានទោស ៦ យ៉ាង
១- មានលេងល្បែងរាំទីណា ខំត្រាច់យាត្រាទីទីនោះ
២- នឹងស្វះស្វែងដើរចំពោះ ទៅទីណានោះមានចម្រៀង
។
៣- មានប្រគំកូតទីណា ត្រាច់ចរយាត្រាទៅទីនោះ
៤- មានរឿងព្រេងស្វែងចំពោះ ទៅទីណានោះស្ដាប់រឿងព្រេង
។
៥- ចម្រៀងទះដៃទីណា នោះត្រាច់យាត្រាទៅមើលលេង
៦- បើឮសូរស័ព្ទភ្លេង គេលេងទីណាទៅទីនោះ
។
ឃ) លេងល្បែងភ្នាល់ស៊ីសង មានទោស ៦ ប្រការ
១- អ្នកឈ្នះល្បែងតែងអូសយក ទ្រព្យធនគេមកឥតកោតក្រែង
២- អ្នកលេងចាញ់លង់ក្នុងល្បែង នោះនឹងស្វះស្វែងចងពៀរទុក ។
៣- វិនាសអស់ទ្រព្យធន អ្នកលេងគង់គន់ឃើញមុខ
៤- ពាក្យអ្នកលេងគេមិនទុក ចិត្តយកជាមុខស្មរបន្ទាស់
។
៥- មិត្រដែលគេមិនលេងល្បែង គេលះបង់ឯងលែងធ្វើស្គាល់
៦- ពួកអ្នកលេងល្បែងភ្នាល់ លុះដល់ខ្លួនទាល់ហ៊ានលួចលាក់
។
ង) សេពគប់តែនឹងមិត្របាប មានទោស ៦ យ៉ាង
១- អ្នកលេងល្បែងស៊ីសង ចូលចិត្តតែចងមិត្រពួកល្បែង
២- អ្នកល្បែងស្រីរកគ្នាឯង ជាអ្នកលេងល្បែងស្រីដូចគ្នា
។
៣- ពួកអ្នកលេងល្បែងស៊ីផឹក គប់រកប្រម៉ឹកស្រាពាលា
៤- ពួកឆបោកជននានា គប់រាប់រកគ្នាអ្នកបោកក្លែង
។
៥- អ្នកក្លែងបោកចំពោះមុខ យកចិត្តទុកដាក់នឹងគ្នាឯង
៦- អ្នកឆក់យកទ្រព្យស្ដែង ខិតខំស្នះស្នែងគប់រកគ្នា
។
ច) ប្រកបខ្លួនក្នុងក្ដីខ្ជិល មានទោស ៦ យ៉ាង
១- មិនធ្វើការដោយអាងថា ពេលនេះរងាខ្លាំងពេកណាស់
២- បើថ្ងៃក្ដៅមេឃស្រឡះ ក៏ថាក្ដីណាស់ត្រូវតែឈប់
។
៣- ថាពេលនេះល្ងាចពេកហើយ កុំអាលធ្វើឡើយក្រែងលោយប់
៤- ថាព្រឹកពេកបង្អង់ឈប់ ចាំល្ងាចព្រលប់សឹមបង្ហើយ
។
៥- ថាឃ្លានពេកត្រូវស៊ីសិន ឥឡូវបាយឆ្អិនកុំរាន់ឡើយ
៦- ស្រេកពេកចាំផឹកហើយ កុំប្រញាប់ឡើយធ្វើការនេះ
។
ចប់អបាយមុខ ៦ ប្រការប៉ុណ្ណោះ ។
No comments:
Post a Comment