សុភាសិតពាក្យកាព្យ
លោកអាចារ្យ យិន ឌុក រៀបរៀង
កុំដេកចាំស្លាប់ ត្រាប់តាមជ្រូកស្រុក
ឲ្យត្រាប់តាមកុក លលកទទា ។
(បទកាកគតិ )
១- ធម្មជាតិជ្រូកស្រុក ស៊ីហើយដេកលក់ លាមកពេញទ្រុង
សម្ងំដោយសារ អាហារនៅក្នុង លុះបន្ទោរបង់
រួចស្រេចទៅទៀត ។
បើចេញរកស៊ី ឈុះឈ្មុលធរណី ម្ទេះជីររមៀត
ខ្ញីខ្ទឹមស្លឹកគ្រៃ ចង្រៃបង់សៀត គំនិតបៀនបៀត
បំផ្លាញម្ចាស់ឯង ។
លលកបក្សា និងកុកទទា វាចេះហើរស្វែង
រកស៊ីឆ្ងាយជិត គំនិតខ្លួនឯង លៃលកប្រឹងប្រែង
រអែងខ្លាចខ្វះ ។
ជាប់លប់អន្ទាក់ ព្រានបក្សីដាក់ ទធាក់បម្រះ
រើខ្លួនឥតឈប់ ទោះលប់ថ្មីចាស់ កកាយកកាស់
ដាច់ខ្លះមិនខាន ។
គេយកដាក់ទ្រុង មានទឹកបំពង់ ចំណីពេញចាន
គំនិតវាល្អ សរចេញពុំខាន ទោះដឹងជាគ្មាន
រួចដូចប្រាថ្នា ។
វានៅតែខំ កេះកាយសន្សំ ដោយក្ដីឧស្សាហ៍
ព្យាយាមគ្មានឈប់ ចឹកគប់គាស់ក្ដារ ស្ងប់តែវេលា
ដេកលក់សប់សុង ។
កូនចៅខេមរា ត្រាប់តាមបក្សា ដោយការផ្ចឹតផ្ចង់
រៀនសូត្រសិក្សា ធ្វើការក្រៅក្នុង កម្ចាត់ខ្សត់ល្ងង់
ឲ្យអស់ពីប្រាណ ។
ត្រាប់ពោធិសត្វ កាលត្រេចរង្គាត់ កើតជាតិរច្ឆាន
កំប្រុកញីឈ្មោល អន្ទាលស្មោះស្មាន នៅក្នុងស្មសាន្ត
មានក្ដីឧស្សាហ៍ ។
កំប្រុកពោធិសត្វ កើតក្ដីវិបត្តិ ចំពោះគ្រួសារ
ប្រសូតបុត្រមួយ ទៀបឆ្នេរគង្គា ធ្លាក់បុត្រក្នុងមហា
សាគរនោះទៅ ។
កំប្រុកពោធី- សត្វទាំងឈ្មោលញី វិយោគសោកសៅ
ព្រោះបុត្រតែមួយ ធ្លាក់ក្នុងទឹកជ្រៅ លោតតាមកូនទៅ
រកពុំឃើញឡើយ ។
កំប្រុកពោធិសត្វ មានក្ដីវិបត្តិ កើតទុក្ខពុំស្បើយ
ប្រឹងបាចសមុទ្រ ឥតឃើញកោះត្រើយ ធំធេងល្វឹងល្វើយ
ដោយក្ដីព្យាយាម ។
គួរស្ងើចពេកក្ដាត់ ព្រះពោធិសត្វ ទំលើចំពាម
ឈើមួយអែបមាត់ សមុទ្រនោះភ្លាម យកកន្ទុយផ្ដាម
ជ្រលក់បាចចេញ ។
បាចទាំងយប់ថ្ងៃ ទោះគ្មានកម្រៃ ឬគ្មានចំណេញ
ព្យាយាមឲ្យផុត ពីក្ដីទុក្ខម្នេញ ដែលជោរពោរពេញ
ក្នុងព្រះចិន្ដា ។
ជម្រះមន្ទិល ពន្លិចក្ដីខ្និល បង្កើតឧស្សាហ៍
នរណាបាចរីង ទឹកសាគរា សូម្បីមនុស្សា
បាចពុំរីងផង ។
ពោធិសត្វថ្លៃ បណ្ដុះនិស្ស័យ គ្មានឲ្យកន្លង
ទោះកើតជាអ្វី គ្មានក្ដីសៅហ្មង ភពតូចធំផង
ព្យាយាមសព្វជាតិ ។
ខ្មែរយើងគួរហាត់ ត្រាប់ពោធិសត្វ កុំឲ្យឃ្លៀងឃ្លាត
ខិតខំឧស្សាហ៍ សូត្ររៀនជាអាទិ ទើបមិនខូចខាត
ក្នុងការចេះដឹង ។
ព្យាយាមធ្វើការ រិះរកទ្រព្យា ទុកជាពំនឹង
ពំនាក់អាស្រ័យ ទាន់វ័យគួរប្រឹង ទ្រព្យលូតលាស់ស្រីង
គ្រាន់ពឹងទៅមុខ ។
ប្រើពាក្យឲ្យចំ វចនានុក្រម ជាពាក្យខេមរា
សម្ដេចជួន – ណាត ព្រះសង្ឃរាជា ទុកឲ្យខេមរា
សម្រាំងពាក្យពេចន៍ ។
ធម្មជាតិកូនខ្ចី មិនទាន់ចេះស្ដី វ័យវាមិនភ្លេច
ម៉ែឪស្រដី អ្វីៗ ចាំខ្ទេច ស្ដីខុសពាក្យពេចន៍
រេចដល់កូនចៅ ។
យើងពោលពាក្យខុស នាងអ្នកចាំចុះ ដូចមុខដំបៅ
លាបថ្នាំជាសៈ ស្លាកស្នាមគង់នៅ ច្បាស់ទែងក្រឡៅ
ទាល់រូបវិនាស ។
ពាក្យខុសគង់នៅ តកូនតចៅ ផៅពង្សពេញពាស
មកពីម៉ែឪ កាន់ចិត្តមានះ មិនស្ដាប់សម្ភាសន៍
អក្សរសាស្រ្តខ្មែរ ។
ខ្លះមើលសៀវភៅ ឃើញច្បាស់ក្រឡៅ រៀនធម៌បកប្រែ
អានត្រាក់កាសែត រាល់ថ្ងៃហូរហែ គ្មានគិតកែប្រែ
ពាក្យខ្លួនខុសត្រូវ ។
អក្សរបោះពុម្ព អ្នកប្រាជ្ញជំនុំ មិនធ្វើសូវៗ
អក្សរពាក្យខុស គ្មានចុះសៀវភៅ ត្រង់ណាមិនត្រូវ
យោងពាក្យទុកកែ ។
ខ្ញុំគ្មានរិះគន់ អ្នកនាងកុំអន់ ព្រោះខ្ញុំក៏ខ្មែរ
ប៉ុន្តែនឹកខ្មាស សាសន៍គេនៅក្បែរ និយាយពាក្យខ្មែរ
ច្បាស់តាមពាក្យពេចន៍ ។
សាសន៍សៀមចិនយូន ជាតិគេដោយខ្លួន សហរដ្ឋអាមេរិក
និយាយពាក្យខ្មែរ គ្មានខុសបន្តិច សព្វសារសេចគ្រិច
សមឃ្លោងឃ្លាល្បះ ។
ចំណែកខ្មែរស្មោះ ខ្ញុំថាឲ្យអស់ មានស្រុកភូមិខ្លះ
ស្រដីបាត់ពាក្យ ទាំងក្មេងទាំងចាស់ ក្នុងអក្សរសាស្រ្ត
គ្មានបាត់ច្នោះឡើយ ។
អក្សរដាក់ស្លាប់ អ្នកអានជាឡាប់ ឆ្ងាយគ្មានកោះត្រើយ
អក្សរស្លឹកស្លែង ឡឹកឡែងព្រងើយ នៅមុខបង្កើយ
សទុកឲ្យសល់ ។
គួរឲ្យងឿងណាស់ ស្អប់អក្សរខ្លះ អានមិនឲ្យដល់
ខ្លះរៀនបាលី គរុកោសល្យ ចេញចាកចូលដល់
ស្រុកភូមិនៃខ្លួន ។
ជួបញាតិក្មេងចាស់ ប្រកូកប្រកាស រាក់ទាក់សមសួន
សាកសួរសុខទុក្ខ អំពីបងប្អូន ម៉ែឪតាដូន
អូនឡាប់ឬនៅ ។
ពាក្យធ្លាប់សូត្ររៀន ដែលចេះប៉ុន្មាន បោះចោលតាមផ្លូវ
គ្មានគិតស្រណោះ អាឡោះពាក្យត្រូវ យកឲ្យដល់ទៅ
កែពាក្យអ្នកស្រុក ។
ប្រើតែពាក្យកាត់ អក្សរវិបត្តិ តាមពាក្យអុកឡុក
សរសេរតាមគ្រាម ភាសាក្នុងផ្លុក ចំណេរទៅមុខ
ខូចអក្សរសាស្រ្ត ។
សម្ដីច្បោលៗ អក្សរជ្រុះចោល គង់ខ្លះបាត់ខ្លះ
មិនពេញអក្ខរៈ ព្យញ្ជនៈក៏ខ្វះ បាត់អង្គបង់ស្រះ
ខ្វះព្យាង្គតម្រួត ។
សរសេរសារសង ឬត្រូវប្រឡង ប្រជែងប្រកួត
ខ្លួនអាងពូកែ បែរបាក់អំនួត ឈឺចិត្តស្ទើរឆ្កួត
ហារក្អួតមិនចេញ ។
ធ្លាក់ខ្លួនស្រមេះ មកពីប្រហែស មិនចេះចំណេញ
ព្រោះមិនចំណាំ មេរៀនទន្ទេញ ត្រង់ពាក្យចូលចេញ
គ្មានគិតគណន៍ទេ ។
មានស្រុកភូមិខ្លះ និយាយផ្ដេះផ្ដាស់ មិនត្រូវដូចគេ
អក្សរម៉ឺនសែន ស្រូវស្រុកស្រីស្រែ កន្ទេលខ្នើយគ្រែ
ស្លេកស្លាំងស្លាក់ស្លូត ។
ព្យញ្ជនៈអក្សរ ត្រដាងចំហរ មើលឃើញរកូត
សុទ្ធទែអក្ខរៈ មានស្រះតម្រួត អ្នកអានដកហូត
យកស្រះជើងចេញ ។
អានយកតែតួ ស្រះជើងដែលព្យួរ លើក្រោមរមេញ
ឬមួយខ្លាចខាត សម្រាតយកចេញ បើចង់ចំណេញ
ចោលជំនឿចាស់ ។
ព្យញ្ជនៈអក្សរ គេបង្កើតត តាមជាតិតាមសាសន៍
តាំងពីព្រេងនាយ យូរឆ្ងាយមកណាស់ លោកខ្លាចបាត់ខ្វះ
ធ្លាក់ដាក់លើថ្ម ។
ទុកអ្នកកើតថ្មី កូនចៅប្រុសស្រី ជាកេរ្តិ៍អាករ
ទើបកូនខ្មែរយើង ចេះស្ដីបន្ត ពាក្យវប្បធម៌
ពីអក្សរសាស្រ្ត ។
តពីនោះមក នគរគោកធ្លក កើតវិបល្លាស
គម្ពីរដីកា បាត់ខ្លះគង់ខ្លះ ទើបអក្សរសាស្រ្ត
គង់នៅដោយក្ដី។
បរទេសជិះជាន់ វប្បធម៌អប្បអន់ បាត់អ្នកកវី
គង់នៅព្រះសង្ឃ គង់ចាំក្នុងក្ដី ជាអ្នកកវី
បង្ហាត់បន្ត ។
កូនចៅស្រីប្រុស សូមចោលពាក្យខុស រើសយកពាក្យល្អ
ទើបកូនតូចធំ ចេះស្ដីបន្ត ពាក្យវប្បធម៌
ដែលប្រាជ្ញប្រឹតប្រៀន ។
No comments:
Post a Comment