Wednesday, 8 June 2016

បណ្ដាំ​ពាលី
ហ្មឺនមាស
                            ​​                              របៀបតែងកាព្យពាក្យ៨ បុរាណ



​​​​​​​​​​​​​                                                         សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
                                                  បណ្ដាំ​ពាលី
        ហ្មឺនមាស
                                                                       គឺ​ឲកញ៉ា វិបុល​រាជ​សេនា (មាស )
តែង​ជា​ពាក្យ​កាព្យ
                        សូម​សំដែង​សារ​ស័ព្ទ​ច្បាប់​សេយ្យ​ភេទ     នៃ​ចមពង្សពាន​រេត​រឿង​ស្នាម
                   ក្លៀវក្លា​ក្លែង​ស្ទែង​ស្ទាត់​បទ​សង្រ្គាម          ទ្រង់​ព្រះ​នាម​រាជា​ឈ្មោះ​ពាលី ។
                   ជា​បុត្រ​អង្គ​អម្រិន្ទ​ពិន​លោកិយ               គ្រង​ខាសខិម​បុរី​រាជ​ធានី
                   ល្បីល្បះ​គ្រប់​ភព​ផែន​ដែន​បឋវី               សព្វ​ទិស​ទី​ទ្វីទ្វីប​សឹង​ខ្លាច​ក្រែង ។
                   ទាំង​ទេវា​យក្ស​យង់​ទ្រង់​អំណាច              ឮ​តែ​នាម​ខ្លបខ្លាច​ស្ញោរ​ស្ញប់ស្ញែង
                   រអា​អស់​មិន​អាច​ចេញ​អង្គទែង               ព្រះ​អង្គ​ឯង​ពូជ​ពង្ស​វង្ស​ឥន្រ្ទា ។
                   កាល​ត្រូវ​សរ​ព្រហ្ម​មាស​រិទ្ធី​ក្រៃ                 ទ្រង់​យក​ដៃ​ចាប់​ជាប់​ដោយ​ឫទ្ធា
                   មិន​ឲ្យ​មុត​មាន​ស្នាម​អង្គា                       នឹង​ឲ្យ​ស្ញែង​នាមា​ទួទ្វីបា ។
                   ទុក​ជា​ច្បាប់​សំរាប់​រាល់​ទាហាន               ត្រិះ​ធ្យោក​ធ្យាន​ធ្វើ​តាម​ទៅ​មុខ​ណា
                   ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​ក្ដាប់​ចាប់​សរ​ថ្លា             ព្រះ​ហត្ថា​ឆ្វេង​ក្សត្រ​ទ្រង់​បោយ​ហៅ ។
                   ទៅ​សុគ្រីព​សូរ្យវង្ស​ពង្ស​សុរិយា               នឹង​អង្គ​បុត្រា​រ័តន៍​ឆោម​ឆ្លៅ
                   ប្អូន​អើយ​ចូរ​មក​អាយ​បង​ប្រដៅ              ដ្បិត​អង្គ​ចៅ​នឹង​ជា​ខ្ញុំ​ចក្រី ។
                   ខំ​គ្រង​វង្ស​ឲ្យ​គង់​ជា​ច្បងច្បាស់                យក​តេជះ​ដំកល់​លើ​កេសី
                   បា​តាំង​ចិត្ត​សុចរិត​ស្និទ្ធ​ភ័ក្ដី                     ជីវិត​វៃ​ថ្វាយ​ក្រោម​ព្រះ​បាទា ។
                   កាល​បាន​នឹង​ឡើង​គាល់​ដល់​ទ្វារ​វាំង        បា​ឈប់​តាំង​ប្រណម្យ​នា​កេសា
                   រំលឹក​គុណ​បុណ្យ​បាទ​ព្រះ​មូលិកា            សឹម​យាត្រា​កាន់​ផ្ទៃ​ព្រះ​រោង​ទ្រង់ ។
                   មួយ​កាល​គង់​ចាំ​គាល់​ក្នុង​និវេសន៍           កុំ​បា​ធ្វេស​ប្រហែស​ឲ្យ​លើស​លង់
                   ក្រែង​ជួន​ស្ដេច​ត្រាច់​ត្រង់​មក​យល់​យង់     រវាំង​អង្គ​អូន​ខ្លាច​ព្រះ​អាជ្ញា ។
                   ធ្វើ​ជា​ខ្ញុំ​សំគាល់​ដល់​ទី​ស្ថាន                     ឲ្យ​បាន​តាម​ព្រះ​ទ័យ​ទ្រង់​ប្រាថ្នា
                   បើ​ត្រាស់​សួរ​មក​ចំ​សឹម​វាចា                    គិត​ត្រិះ​ត្រា​ឲ្យ​ត្រូវ​ទំនង​ន័យ ។
                   ចូល​គាល់​កុំ​តែង​អង្គ​ឲ្យ​ពណ្ណរាយ            ហាក់​ពាយ​ងាយ​ផ្ទឹម​នឹង​អង្គ​ជៀស្ឋ​ជ័យ
                   កុំ​ទូល​ទាស់​ផ្ទញ់​ផ្ទាល់​នៃ​ព្រះ​ហ្ឫទ័យ         កុំ​សំឡឹង​នេត្រ​នៃ​ព្រះ​ច័ក្ករា ។
                   រី​ព្រះ​ចម​ចក្រ​ពង្ស​វង្ស​នារាយណ៍            ព្រះ​ប្រាជ្ញា​ឈ្វេង​ឆ្ងាយ​ដូច​រតនា
                   កុំ​បា​ឲ្យ​ហក់​ហួស​ជ្រួស​រាជការ                 រិះ​ត្រិះត្រា​ឲ្យ​ត្រូវ​ចិត្ត​មហាជន ។
                   បើ​ណា​កាច​បា​ភ្លៃ​ធ្វើ​តាម​កាច                  នរណា​ខ្លាច​ស្វែង​ផល​ឲ្យ​គិត​គន់
                   ជា​ជញ្ជីង​ជញ្ជឹង​ថ្លឹង​ចិត្ត​ជន                    ខាង​ណា​ធ្ងន់​លន់​លុប​លា​លស់​លៃ ។
                   មួយ​ស្នេហ៍​ស្នំ​សម​ស័ក្តិ​អគ្គ​នារី                 នេះ​ជា​ទី​ចំរើន​រីក​ហ្ឫទ័យ
                   កុំ​បា​បែរ​បាយ​បៀង​មៀង​មើល​វៃ              ព្រះ​ជៀស្ឋ​ជ័យ​ទត​យល់​ពីភាល់​បា ។
                   ទាំង​ទាសី​នៃ​អ្នក​អគ្គ​នារី                         ទោះ​ឆវី​ល្អ​ស្មើ​កិន្នរ​ណា
                   កុំ​ប្អូន​ប្អូក​លូក​លលង​ស្នេហា                   ប្រៀប​ចិន្ដា​ថា​ជា​ស្នំ​បវរ ។
                   របស់​អ្វី​ហ្ឫទ័យ​ទ្រង់​ស្ម័គ្រ​ស្មោះ                 ថែ​របស់​នោះ​ទុក​តាម​ភូ​ធរ
                   បទ​ណា​ហាម​ប្រាម​ចិត្ត​កុំ​គិត​ល               បា​សាទរ​ទុក​តាម​ជា​ខ្ញុំ​វៃ ។
                   បើ​ទ្រង់​ប្រោស​កុំ​ធ្វើល​លើ​ខ្លាំង                 រិះ​រវាំង​ក្រោយ​មុខ​ខ្លាច​ទុក្ខ​ភ័យ
                   កុំ​កាច​កោង​ប៉ោង​យ៉ៃ​ក្រៃ​ពេក​នៃ              កុំកួន​គៃ​កុំ​ក្រោធ​ត​បក្ស​ត្រា ។
                   បា​ថ្នម​យស​ឲ្យ​សម​ពហូ​ស័ក្តិ                   កំហ៊ឹកហ៊ាក់​ឲ្យ​ហួស​ពី​វា​ស្នា
                   ស្លៀក​ប្រដាប់​ឲ្យ​សម​នឹង​កាយា               កុំ​យាត្រា​គន់​កាយ​ឆ្វេង​ស្ដាំ​ផ្សំ ។
                   មួយ​មាន​ភឿនភ័ក្តិ​ភុម​ខ្ញុំ​រាជការ              នឹង​ស្រឡាញ់​ជា​គ្នា​រើស​ឲ្យ​សម
                   បើ​គេ​ត្រង់​ៗ​ស្នង​សង​អារម្មណ៍                បើ​គេ​វៀច​ៗ​សម​ឲ្យ​សួន​ការ ។
                   បើ​បង់​សីល​រិះ​គិត​ថ្និតថ្នម​ស័ក្តិ                ទើប​ចាត់​ជាក់​ជា​ហ៊ាន​មាន​ចិត្ត​ក្លា
                   បើ​គប់​ពាល​គិត​លុប​បង់​ពាល​ណា           គិត​ប្រហារ​ពាល​កាច​ឲ្យ​ខ្លាច​ក្រែង ។
                   បើ​គេ​ល្អ​ស្មើ​ចិត្ត​កុំ​គិត​កាច                      បើ​គេ​ខ្លាច​ឱន​យស​កុំ​កំហែង
                   កុំ​នាំ​ភឿន​ដើរ​លេង​ជា​អ្នក​ល្បែង              សង្ខេប​ចិត្ត​គិត​ក្រែង​ព្រះ​ចេស្ដា ។
                   មួយ​បើ​ត្រូវ​រាជ​ទ័ណ្ឌ​ដល់​ពាន់​ដង            កុំ​បា​ចង​គំនុំ​គុំ​ក្សត្រា
                   កុំ​ប្រែ​ចិត្ត​គិត​ក្បត់​ព្រះ​ចក្ករា                    ខំ​ឧស្យាហ៍​ស្វែង​ផល​ប្រយោជន៍​ខ្លួន ។
                   បើ​ម៉ប​គាល់​នា​ឆ្ពោះ​ព្រះ​ភក្រ្តា                  កុំ​ប្រែ​ក្រោយ​ចរចា​មិន​សម​សួន
                   នៅ​មុខ​ព្រះ​ទីនាំង​រវាំង​ខ្លួន                      បា​គាល់​គួន​ចាំ​ស្ដាប់​រ៉ាប់​បញ្ជា ។
                   បើ​ទ្រង់​ព្រះ​ក្រោធ​នឹង​មុខ​មន្រ្តី                 កុំ​ស៊យ​សែម​ថែម​ស្ដី​ឲ្យ​ក្រោធា
                   ទោះ​កិច្ចការ​សារពើ​សព្វ​នា​នា                 កុំ​ពិត​ទូល​វេលា​ទ្រង់​ព្រះ​ខ្ញាល់ ។
                   មើល​ទំនង​ល្មម​ទូល​សឹម​ទូល​ពិត             បា​ពិនិត្យ​ក្នុង​ក្រៅ​គ្រប់​អម្បាល
                   យល់​ប្រីតា​ប្រិមប្រិយ​ប្រោស​ក្រសាល       មិន​ទ្រង់​ខ្ញាល់​សឹម​យក​សេចក្ដី​ថ្លែង ។
                   បើ​ត្រាស់​សួរ​ប៉ុន្មាន​ទូល​ប៉ុណ្ណោះ              ពាក្យ​ក្រៅ​នោះ​កុំ​យក​មក​ផ្លើស​ប្លែង
                   តែ​ស្ដី​ច្រើន​ជ្រួស​មាត់​ភ្លយ​ភ្លាត់​ឯង           ពាក្យ​ស្ដែង​គេ​មិន​ស្ដាប់​អាប់​អង្គ​បា ។
                   ១​ទៀត​ព្រះ​ហរីរ័ក្ស​ចក្រ​ពេជ្រ                  ប្រោស​ប្រទាន​បំណាច់​ពល​សេនា
                   ដែល​ប្រាកដ​ប្រកប​ឆប​រាជការ                កុំ​ឫស្យា​ទូល​ទាស់​អធ្យាស្រ័យ ។
                   របស់​អ្វី​ឈ្មោះ​ថា​ព្រះ​រាជ​ទ្រព្យ                បា​គ្នេរគ្នៃ​គៃ​រាប់​រិះ​សព្វ​ថ្ងៃ
                   ទោះ​តិច​តួច​ហោច​ស្ដួច​ជា​សរសៃ            យក​ចិត្ត​គិត​អាល័យ​ដូច​ផង​ខ្លួន ។
                   បើ​មាន​អ្នក​ប្រទេស​ដទៃ​មក                    កុំ​បៀត​រក​យក​មិត្រ​ភ័ក្ដី​ស្ងួន
                   តែ​ជ្រាប​ដល់​នឹង​កើត​អម្ពល់​ខ្លួន               បា​គិត​អ្វី​ឲ្យ​មួន​កុំ​ឲ្យ​ហ្មង ។
                   មួយ​កាល​ចម​ចក្រពង្ស​ហរីរ័ក្ស                ស្ដេច​កាន់​ទី​ដំណាក់​ឆ្នួន​ផែ​ផង
                   សឹង​ព្រម​ដោយ​រាជ​រថ​ស្នំ​ស្នែហ៍​ស្នង         កុំ​ផ្អៀង​ផ្អង​ម៉ងមៀង​បៀង​បោយ​បែរ ។
                   ស្ថាន​ណា​ទ្រង់​ព្រះ​បញ្ញត្ត​ហាម               បា​ប្រាបប្រាម​ចិត្ត​ចាំ​តាម​ក្រសែ
                   កុំ​ភ្លើន​ភ្លេច​ឲ្យ​ភ្លាត់​បទ​បាទ​បែរ                បា​គិត​កែ​ឲ្យ​គង់​បណ្ដាំ​មុនី ។
                   វេលា​មាន​ទ័ព​ទាម​សង្រ្គាម​សឹក               កុំ​បា​ភ្លឹក​ឲ្យ​ភ្ញាក់​ផ្អើល​យោធី
                   ចូរ​គិត​គៃ​កែ​កុន​កល់​ភេរី                        រក​ទិស​ទី​តាំង​តែង​ឲ្យ​សង៉ា ។
                   នឹង​ប្រព្រឹត្ត​គិត​ការ​សង្រ្គាម​ជ័យ              ឲ្យ​វាង​វៃ​វេះ​វាត់​ស្ទាត់​កល់​ការណ៍
                   យល់​ទ្រោម​ទ្រុឌ​មិន​ទ្រាំ​ឲ្យ​ចោម​ណា        បើ​គេ​គង់​ក្លៀវក្លា​បា​បោះ​ទល់ ។
                   បា​ថ្នម​ចិត្ត​ពល​ផង​ឲ្យ​ស្នេហា                   នឹង​គិត​ការ​មើល​ហេតុ​សង្កេត​ផល
                   សព្ទ​ឧបាយ​ស្រាយ​ដោះ​ឲ្យ​ដឹង​ដល់          មាន​ការ​កល​គិត​កែ​ឲ្យ​អាច​ហាន ។
                   ទាំង​នេះ​ហើយ​តែ​ដោយ​ព្យាយាម​ពិត       កុំ​ខ្ជិល​គិត​ប្រើ​គេ​តាង​ភ្នែក​ប្រាណ
                   ជា​ចម​ទ័ព​រំងាប់​ចិត្ត​ក្រោធ​ថ្កាន                នឹង​ហ៊ាន​ខ្លាច​ក្លាហាន​ឲ្យ​ល្មម​ល្អ ។
                   កុំ​អួត​ចេះ​រិះ​រក​តែ​ទី​ងាយ                       ទី​ណា​ធ្លាយ​យក​កាយបាតាំង​ត     
                    ជា​ជាតិ​ប្រុស​ធ្វើ​ទ័ព​ទុក​នាមករ                ឲ្យ​ល្បីល្បាញ​ខ្ចាយខ្ចរ​ទួ​លោកា ។
                   ចូរ​មើល​បែប​យ៉ាង​បង​មាន​សច្ចំ              មិន​គិត​តាំង​ជីវិត​ប៉ុន​កេសា
                   មិន​គួរ​ស្ដាប់​គួរ​ស្ដាយ​ដួង​ជីវ៉ា                  មិន​គួរ​សូន្យ​សង្ខារ​កុំ​អាល័យ ។
                   បង​ផ្ញើ​កែវ​តារា​យុផា​ភក្រ្ត                      ចូរ​រួម​រ័ក្ស​ស្ម័គ្រ​ស្មោះ​កុំ​អា​ថៃ
                   គ្រង​រក្សា​គ្នា​ទៅ​នៅ​ក្រុង​ក្រៃ                    ទាំង​ក្របី​ស្រី​កំហែង​ហនុមាន ។
                   បា​ថែ​ទាំ​សង្គ្រោះ​សព្វ​សុរ្យវង្ស                 នៅ​ពីរ​ពង្ស​អង្គ​ក្មួយ​ទាំង​ពីរ​ប្រាណ
                   ផ្ដាំ​ស្រេច​លេង​សរ​ព្រះ​អវតាណ             សង្ខារ​ប្រាណ​បាន​ទៅ​កើត​សួគ៌ា ។
                   ទើប​បាន​នាម​ទេវា​ជា​ពាលី                      ព្រោះ​មាន​ទី​សច្ចំ​ជា​សព្វ​គ្រា
                   នឹង​តេជះ​សរ​នារាយណ៍​ជួយ​នាំ​ពាហ៍       បាន​សោយ​សុខ​សួគ៌ា​សម្រាន្ត​ចិត្ត ។
                   សុភាសិត​ពាលី​ពី​បុរាណ                        នោះ​ចំណាន​មែន​ហើយ​តែ​ប្រគិត
                   សាធុជន​ទញ់​ទាល់​នឹង​ពិនិត្យ                 ទើប​គិត​កែ​គ្រាន់​ងាយ​ពិចារណា ។
                   ខ្ញុំ​ជា​ហ្មឺន​ឈ្មោះ​មាស​ឈ្លាស​ឈ្លៀត​គិត    ចង​លិខិត​ប្រឹត​ប្រែ​កែ​លិខា
                   ទុក​ជា​ច្បាប់​សម្រាប់​ខ្ញុំ​រាជការ                 មិន​វិត្ថារ​ព្រោះ​ទើប​រើប​ហ្វឹកសន ។
                   នោះ​បើ​ខុស​បើ​ខាត​បាទ​បទ​ក្ដី                  សូម​ប្រណី​ផ្លាស់​កែ​ប្រែ​សុន្ថន
                   ឲ្យ​តែ​ត្រូវ​តែ​ត្រង់​គណៈ​ក្លន                    ទុក​ជា​បន​ជា​បែប​បណ្ដាំ​អឺយ ។

                                                ចប់​បណ្ដាំ​ពាលី​តែ​ប៉ុណ្ណេះ ។               
                  
         




យុពាភក្រ្ត ។
អវតារ ។
សុន្ទរ ។

No comments:

Post a Comment