ច្បាប់ស្រី
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
ច្បាប់ស្រី
បទភុជង្គលីលា
នេះបទកំណត់ចងជា ភុជង្គលីលា ចងជាច្បាប់ស្រី ។
កាលនាងឥរន្ទ្រវតី ចរចាកតាមប្ដី គីបណកយក្សា ។
នាងវិមលាជាមាតា បើកបន្ទូលថា ហៃកូនពិសី ។
នាងនឹងត្រាប់ត្រង់តាមប្ដី ចេញចាកអំពី ពិភពនាគនេះ ។
ទៅស្ថានមនុស្សលោកនាយអេះ ចូរនាងចាំចេះ បំរើស្វាមី ។
ធ្វើវត្តប្រតិបត្តិប្រក្រតី កុំឲ្យស្វាមី អាក់អន់ចន្ដា ។
នាងអើយគម្ដែងក្រឡា ជាម្ចាស់សិលា កូនកុំមាក់ងាយ ។
ហៃកូនស្រីស្ងួនមាសម្ដាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី ។
ក្រមួយមិនបានសំដី ពាក្យទន់តិចនៃ ឲ្យញាតិចូលចិត្ត ។
ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា ។
ទោះមានមិនមានក្ដីណា ពាក្យផ្អែមចរចា ទើបគេស្រឡាញ់ ។
កុំជួរចិត្តស្មូរកំណាញ់ មិនមានអស់អញ នឹងញាតិសន្ដាន ។
កើតយសរបស់ផងបាន កើតសុខក្សេមក្សាន្ត ពីព្រោះកូនស្រី ។
ទោះនឹងនិយាយស្រដី ការកេរ្តិ៍ជាស្រី កុំស្ដីលេះលោះ ។
ថាលេងដូចក្មេងញ៉េះញ៉ោះ ឃើញប្រុសកំឡោះ សសៀរចូលជិត ។
សើចព្រៀងបញ្ជៀងមិនគិត ប្រុសព្រើលបានចិត្ត ទាហានៈដោយសារ ។
ហៅស្រីអប្រិយឥតការ ឥតមានឥរិយា មារយាទក្នងខ្លួន ។
សើវើពុំធ្វើនឹងនួន ស្រដីមិនមួន មិនមានអៀនអន់ ។
ឃើញគេបៀតបែរគយគន់ សើចសួរចំអន់ ចំអកឲ្យប្រុស ។
ហៅស្រីអប្រិយទុរយស មិនខ្លាចខ្លួនខុស មារយាទក្រិត្យក្រម ។
ធ្វើការអង្គុយច្រឡំ នឹងសមពុំសម ផ្សាឯងជាស្រី ។
មិនកោតមិនខ្លាចចិត្តប្ដី ឲ្យប្រុសដទៃ មាក់ងាយប្ដីណា ។
ហៅស្រីឥតលក្ខណា ឥតមានកិរិយា មារយាទពុំសម ។
ធ្វើការផងណាប្រើខំ ទោះត្បាញចាក់ដំ នាងខំឲ្យហើយ ។
កុំទុកទៅមុខទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា ។
ទោះធ្វើហូលគោមព្រែផ្កា ដាក់ត្បាញហើយណា បានស្រេចសឹមធ្វើ ។
ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ ហើយកុំឲ្យដើរ លេងផ្ទះគេណា ។
ឲ្យស្ងួនខ្លិមខ្លួនរក្សា នាងខំធ្វើការ ទាន់ខ្លួនក្រមុំ ។
មានប្ដីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លៀត ។
ព្រួយចិត្តគំនិតចង្អៀត មួយហើយមួយទៀត យំទារតែឆី ។
រឹងព្រួយទាំងមួយទាំងពីរ រកបានឲ្យឆី ទើបបានបាត់មាត់ ។
ទោះកាន់ការធ្វើឲ្យស្ទាត់ ហូលគោមគាតកាត់ អន្ទងត្បាញទៅ ។
កុំទុកក្នុងស្មុកស្មូញនៅ ក្រែងដល់យូរទៅ ខាតខូចអសារ ។
ហៃកូនស្រីស្ងួនមាតា ចូរចាំរក្សា កុំភ្លេចស្មារតី ។
ចូររករៀនយកច្បាប់ស្រី ឲ្យកោតខ្លាចប្ដី គម្ដែងក្រឡា ។
ធ្វើវត្តប្រតិបត្តិសាតណា ឲ្យនាងរក្សា ភ្នក់ភ្លើងទាំងបី ។
ឲ្យកាត់ឲ្យគង់ប្រក្រតី សព្វថ្ងៃកុំបី ភ្លេចផ្លុំឲ្យឆេះ ។
ក្រែងរាលដូចដាលព្រាយប្រេះ កើតក្ដៅរលេះ រលាកអស់អង្គ ។
ភ្លើងក្រៅកុំនាំទៅក្នុង ឲ្យឆេះបំផ្លុង រឹងផ្លុំបង្កាត់ ។
ភ្លើងក្នុងមិនប្រុងប្រយ័ត្ន នាំមកបង្កាត់ ឲ្យឆេះឯក្រៅ ។
អុជអាលបណ្ដាលឲ្យក្ដៅ ដាលដល់កូនចៅ អសោចអប្រិយ ។
ឲ្យនាងខំប្រុងស្មារតី មើលភ្លើងទាំងបី រក្សាឲ្យគង់ ។
ភ្លើងនោះឲ្យគុណពុំលង់ នឹងឲ្យឧដុង ឧត្ដមកន្លង ។
កើតយសរបស់ទ្រព្យផង បរិបូណ៌ឥតហ្មង ប្រសើរក្ដាត់ណា ។
ភ្លើងមួយនោះឲ្យរក្សា គឺគុណមាតា បិតាស្ងួនគ្រង ។
ឲ្យនាងធ្វើដោយគន្លង ប្រណិប័តកុំឆ្គង នឹងម្ដាយឪពុក ។
ឲ្យខំថែទាំញ៉ិកញ៉ុក ចំណីចំណុក ចំណង់អាត្មា ។
កុំឃ្លានទុកឆីឡើយណា ឆ្ងាញ់ឈ្ងុយពិសា ជូនជាប្រក្រតី ។
ពាក្យពេចន៍ការកិច្ចអ្វីៗ អត់ឱនកុំបី ឲ្យអាក់ចិន្ដា ។
ភ្លើងមួយគម្ដែងក្រឡា គឺប្ដីអាត្មា ឋិតថេររួមរក្ស័ ។
ឲ្យនាងប្រណិប័តន៍ជៀងជាក់ កុំធ្វើឲ្យអាក់ ឲ្យអន់ចិត្តប្ដី ។
អត់ឱនខ្លាចខ្លួនដ្បិតស្រី កុំឲ្យស្រដី ទុកគេជាស្មើ ។
ទោះកើតហេតុភេទសារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្ដាប់ ។
ទោះបីស្រដីពុំគាប់ ពុំគួរឲ្យប្រាប់ បានដឹងដល់ម្ដាយ ។
កើតខឹងរែងរឹងខ្ចរខ្ចាយ ឮពាក្យពីម្ដាយ ខ្សឹបខ្សៀវប្រាប់ប្ដី ។
មិនក្សាន្តបែកបានពីរបី កើតជាសំដី សួរចុះសួរឡើង ។
ពុំស្ងាត់ស្ងៀមហត់ចចើង ជជែកនាំឡើង ចចើងមិនបាត់ ។
តតាំងពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមឲ្យបាត់ ឲ្យបានទីសុខ ។
ជជែកស្ទើរបែកទាំងស្រុក មិនមានហៅសុខ យូរលង់ឡើយនៃ ។
នេះហៅភ្នក់ភ្លើងទាំងបី ម្ដាយផ្ដាច់កូនស្រី ឲ្យខំរក្សា ។
នាងអើយគម្ដែងក្រឡា ខុសឆ្គងម្ដេចម្ដា ម្ដាយផ្ដាំកូនស្រី ។
ឲ្យអត់សង្កត់ហឬទ័យ កូនកុំស្រដី ដើមប្ដីកំបាំង ។
កុំជេរកុំចេញជាខ្មាំង ខ្សត់ខ្សោយខ្លៅខ្លាំង នាងកុំមើលងាយ ។
ល្ងង់ខ្សោយប្រើឲ្យនិយាយ ណែនាំលេងលាយ ឲ្យស្រួលវាចា ។
ទោះប្ដីស្រដីម្ដេចម្ដា ខេរខឹងជេរថា បោះពាក្យទម្ងន់ ។
ក្រោធក្រេវឆុលឆេវមិនអន់ មិនអាក់ស្រាកស្រន្ត ដោយចិត្តគ្នាន់ក្នាញ់ ។
រទូរទាំទន្ទេញ ជេរថាជន្លេញ ដ្បិតទាស់នឹងចិត្ត ។
ឲ្យកូនស្រីស្ងួនខំអត់ ឲ្យបានរលត់ រលាយកំហឹង ។
កុំកូនកាន់ខ្លួនប្រែប្រឹង តតបទៅនឹង អ្នកជាស្វាមី ។
ខេរខឹងក្រញឹងសំដី មិនគិតខ្លួនស្រី ស្រដីទ្រគោះ ។
ប្រកែកស្ដីពាក្យគំរោះ គំរាមបញ្ជោះ បញ្ជោរឲ្យខឹង ។
រឹងរូសមើលមុខសំឡឹង សំឡក់ទៅវឹង ចចើងនាំឈ្លោះ ។
រឹងឆ្លងឆ្លើយពាក្យបញ្ជោះ បំបែកជាឈ្លោះ បំបែរពុំទៀង ។
ជេរជាឆ្កែឆ្មាបំព្រៀង ដៀលត្មះបញ្ឈៀង បញ្ឈីចិត្តប្ដី ។
បោកបោះប្រទះអ្វីៗ ចាប់ចោលទៅដី បែកបាក់ពុំគិត ។
មិនស្រួលទទួលបាត់មាត់ ម្នះម្នេញក្នុងចិត្ត ឲ្យបានប្ដីចាញ់ ។
ទើបបានសុខចិត្តជាវិញ ហៅស្រីម្នះម្នេញ អ័ប្បកេរ្តិ៍យសឆ្ងាយ ។
ហៃកូនស្រីស្ងួនមាសម្ដាយ ខុសណាស់នាងអាយ កុំធ្វើដូចគេ ។
ទោះបីបើប្ដីនាងជេរ នាងចូលទៅឯ ដំណេកគិតសិន ។
ចេញមកនាងយកពាក្យទន់ ស្រដីឲ្យអន់ ស្រាយទោសនោះទៅ ។
ទោះបីបើប្ដីប្រដៅ ចូរនាងចាំនៅ ទុកក្នុងអាត្មា ។
ពាក្យពេចន៍កុំភ្លេចឡើយណា ក្រែងឆ្គងម្ដេចម្ដា ដ្បិតបានផ្ដាំស្រាប់ ។
ព្រោះឯងមិនក្រែងមិនស្ដាប់ ពាក្យគេបង្គាប់ បង្កើតតែឈ្លោះ ។
ឥតសុខអាក្រក់តែឈ្មោះ ឮតែប្រឈ្លោះ មិនចេះហៅល្ហែ ។
នេះពុំរាប់ជាស្រដីទេ ជាអ្នកប៉ោឡែ ចិត្តចោរដកទង ។
ឲ្យមាត់បង្រ្គបប្ដីផង ឲ្យគេស្ដាប់ហោង ថាឯងគ្រាន់បើ ។
គឺមោះនាងនោះមិនប្រើ មិនបើឲ្យដើរ បញ្ចើឲ្យទេ ។
ទោះបើប្ដីប្រើមាសមេ កុំកូនចំអែ ចំអៀកមិនទៅ ។
ឆ្ងាយជិតកុំគិតរង់នៅ ក្រោកក្រេសដើរទៅ កុំឲ្យប្ដីជេរ ។
កុំទៅយូរនៅផ្ទះគេ រវល់ទំនេរ រវៀសមកណា ។
ឱកូនខ្លឹមខ្លួនមាតា ជាស្រីនេះណា កម្រណាស់នាង ។
មិនថាដ្បិតល្អរូបរាង មិនរើសដ្បិតជាង ចេះការទាំងគ្រប់ ។
មិនបានស្គាល់ទីគោរព ស្គាល់តែឧបទ្រព ទាំងដប់ប្រការ ។
ហៅតែនឹងល្អរូបា ពិតហើយចេះការ គួរកោតដោយយ៉ាង ។
មួយល្អរូបសស្រឡាង ឥតគេផ្ទឹមខាង ច្បាប់ផងមិនចេះ ។
ល្អពិតគំនិតមិនផេះ ទោះខ្មៅក្រងេះ ការសោតសមគួរ ។
គឺមោះនាងនោះមិនជួ ចេះដឹងសមគួរ ស្គាល់អស់ឥរិយា ។
នេះឯងពីព្រេងលោកថា ហៅល្អរូបា កបកល្យាណី ។
ហៃកូនស្រីស្ងួនពិសី ម្ដាយប្រាប់អំពី ឧបទ្រពចង្រៃ ។
កាន់ក្បាលប្ដីហើយរកចៃ មិនបានលើកដៃ ពីរទូលសំពះ ។
លោកទុកស្មើកុកទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ ។
កន្លងជើងប្ដីពុំគាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្ដី ។
ស្មើសត្វលលកខ្មោចខ្មី ហើរច្រាស់អប្រិយ កើតព្យាធិរោគា ។
ចង្រៃមួយនៃរាល់គ្នា ចេញចូលមាត់ទ្វារ ពុំបានបិទបាំង ។
ធ្វេសប្រាណខុសខានមិនរាំង មិនរុញបំបាំង មើលយល់សាយសោះ ។
ទុកស្មើគេអុជចន្លុះ ឲ្យចោរចូលចុះ យកទ្រព្យទាំងឡាយ ។
ស្រីមួយសើចលេងក្អាកក្អាយ ឮលេចចម្ងាយ រំលងផ្ទះបី ។
ស្មើសត្វចចាតបក្សី ចូលភូមិផងក្ដី ចង្រៃក្ដាត់ណា ។
ស្រីមួយដេកដាក់កាយា ប្រះប្រែអាត្មា ឲ្យខ្នងទៅប្ដី ។
ទុកស្មើពស់ក្រាយអប្រិយ ឡើងផ្ទះឥតបី ឥតបើគណនា ។
ចង្រៃកាចក្រៃពុំជា នឹងព្រាត់ប្រាសគ្នា ពុំបានវែងឆ្ងាយ ។
ស្រីមួយសក់វែងអន្លាយ រំសុះរំសាយ សក់សោតរេរា ។
នៅមាត់អណ្ដូងមាត់ទ្វារ បីដូចមជ្ជារា ឆ្មាលាក់ក្រចក ។
ចង្រៃឥតបីបើរក រេរាសំកក មិនចុកសក់ងាយ ។
ស្រីមួយដើរទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រឹឋពីសន្ធឹក ។
សំពត់ដាច់ដាចមិនគិត ដើរឮគគឹក ស្មើសូររន្ទះ ។
ញ៉ាំញ៉ើដំណើរលលះ ដាក់ជើងលើផ្ទះ គគ្រាំគគ្រេង ។
កក្រើកផ្ទះទាំងបីល្វែង ដូចកលគេសែង របស់ចេញទៅ ។
ស្រីមួយឃើញទ្រព្យនៅផ្លូវ កន្លងហួសទៅ មិនចាប់ចេញទុក ។
ពុំថេរចំណេរទៅមុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង ។
ទ្រព្យនោះរលស់ចេញឯង ចង្រៃទាស់ទែង ធ្វើឲ្យអន្តរាយ ។
ទោះឆីចំណីនូវបាយ លបលូកកកាយ ពមពុំសណ្ដាប់ ។
កូនអើយនេះហើយចូរស្ដាប់ ហៅក្ដីឧបទ្រព ទាំងដប់ប្រការ ។
ឲ្យចៀសអស់ទាំងនេះណា ឲ្យរៀនលក្ខណា ទាំងប្រាំពីរផង ។
គឺព្រះមានបុណ្យកន្លង ទេសនាចែងចង ជាបទគាថា ។
មួយមាតុមួយមិត្តភរិយា ភាតុភរិយាជា ទាសភរិយាផង ។
ទាំងបួនប្រសើរឥតហ្មង គួរឲ្យចាំចង ទុកក្នុងអង្គា ។
រីឯហៅមាតុភរិយា ប្រពន្ធនោះជា លោកទុកស្មើម្ដាយ ។
ចរិតបីប្រការក្នុងកាយ មួយចង់ខ្វល់ខ្វាយ ប្រយោជន៍ឲ្យប្ដី ។
បានថ្កើងរុងរឿងឮល្បី មិនឲ្យអាប់ប្ដី ឲ្យបានស័ក្ដិយស ។
មួយបើប្ដីស្លៀកពាក់ចាស់ យកថ្មីឲ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង ។
ចេះរៀបរណ្ដាប់តាក់តែង ចំណីផងស្វែង រកមកឲ្យប្ដី ។
មួយបើប្ដីឈឺថ្កាត់អ្វី ព្រួយប្រឹងមើលប្ដី រកថ្នាំសង្កូវ ។
រកទ្រព្យមេមត់នូវគ្រូ គ្រោះយាមគន់គូរ មើលប្ដីឲ្យជា ។
រីឯហៅភាតុភរិយា ប្រសើរសោភា ប្រពន្ធស្មើបង ។
នោះមានចរិតពីរផង ដូចប្អូននឹងបង ចិត្តមួយប្រាណ ។
មួយធ្វើឲ្យប្ដីក្សេមក្សាន្ត របស់ប្ដីបាន ចេះទុករក្សា ។
មួយទោះឮពាក្យអ្នកណា គេតិះដៀលថា ស្រដីពីប្ដី ។
ពុំត្រូវអាស្រូវអប្រិយ ចេះការកេរ្តិ៍ប្ដី បែរបានជាសុខ ។
ទោះបីបើប្ដីមានទុក្ខ គិតឲ្យបានសុខ យកខ្លួនធានា ។
មួយសោតឯមិត្តភរិយា មានចរិតជា បីប្រការមិញ ។
បីដូចកល់មិត្តសំឡាញ់ មានចិត្តអស់អញ មិនឲ្យមានហ្មង ។
បីដូចកល់ប្អូននឹងបង ប្រាស់យូរលង់ហោង ទើបមកជួបគ្នា ។
មានចិត្តប្រតិព័ទ្ធមហិមា ដ្បិតបានជួបគ្នា មិនឲ្យមានហ្មង ។
មួយមានមាយាទកន្លង ទោះឃើញប្រុសផង មិនល្អៀងចិត្តទៅ ។
រីទាសភរិយានោះកូវ ក្នុងមាត្រាត្រូវ ប្រពន្ធខ្ញុំប្ដី ។
ចរិត ៥ ប្រការខ្មី មួយចិត្តខ្លាចប្ដី ក្រែងប្ដីវាយជេរ ។
ប្រុងចិត្តការគិតខ្មាសគេ មិនឲ្យប្ដីជេរ បន្ទោសខ្លួនបាន ។
ទោះប្ដីខឹងក្រៃប៉ុន្មាន មិនចេះហៅហាន ឆ្លើយឈ្លោះតមាត់ ។
មួយទោះប្ដីនោះកាចក្ដាត់ ខឹងដល់វាយវ័ធ ជេរចោរដកទង ។
មិនហ៊ានឆ្លើយឈ្លោះរំលង តតបហៅផង ក្រែងឮកេរ្តិ៍ឆ្ងាយ ។
មួយចេះប្រដាប់រៀបបាយ ប្ដីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ ។
អត់ចាំទំរាំប្ដីមក ជួបជុំទើបយក បរិភោគផងគ្នា ។
នេះឯងហៅទាសភរិយា សម្ដេចភគវា ទេសនាប្រោសប្រាប់ ។
បើអស់ស្រីណាបានស្ដាប់ យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ ។
លុះអស់អាយុក្សិណក្ស័យ បានទៅកើតឰ តុសិតសួគ៌នាយ ។
នឹងបានក្សេមក្សាន្តពណ្ណរាយ សេពសុខសប្បាយ និរទុក្ខភយា ។
រីឯប្រពន្ធពុំជាពេជ្ឈ- ឃាតភរិយា ចរិតមានបួន ។
កុំឲ្យយកទុកក្នុងខ្លួន ឲ្យចៀសចេញជួន កើតកម្មវេរា ។
មួយចិត្តគំនិតចងជា ឆ្លាស់ឆ្លើយបំពារ បំពានឲ្យប្ដី ។
ប្រទូស្តរឹងរូសខ្ញូវខ្ញី មិនចេះចាញ់ប្ដី ថាឯងគ្រាន់បើ ។
ឆ្លើយឆ្លងសូរសងបណ្ដើរ ចង់ឈ្លោះឲ្យស្មើ ឲ្យលើសប្ដីវិញ ។
មួយមិនចង់ធ្វើបំពេញ បង្អាប់ប្ដីវិញ ឲ្យថ្កើងខ្លួនឯង ។
អាងចេះដៀលតិះពុំក្រែង ឲ្យប្ដីស្ដាប់ឯង ដោយចិត្តអន្តពាល ។
មួយមានចិត្តនោះស្រើបស្រាល ចង់ត្រេកត្រអាល ចោរចេញក្បត់ប្ដី ។
មួយចិត្តទ្រីស្ដិទ្រុសអប្រិយ ចង់សម្លាប់ប្ដី ស្រឡាញ់ប្រុសទៀត ។
គិតកាប់សម្លាប់បង្សៀត នឹងយកប្រុសទៀត ធ្វើប្ដីមរណា ។
រីឯសត្រូវភរិយា ចរិតពុំជា ប្រាំពីរប្រការ ។
មួយមិនខ្លាចប្ដីអាត្មា បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត ។
មួយរឹងទ្រមឹងស្ងៀមស្ងាត់ ប្ដីសួរបីម៉ាត់ ពុំស្រដីផង ។
មួយប្ដីស្រដីគន្លង ប្រដៅច្បាប់ផង ពុំចូលចិត្តស្ដាប់ ។
មួយមិនចង់ឲ្យប្ដីគាប់ មិនចង់ប្រដាប់ ឲ្យប្ដីថ្កុំថ្កើង ។
មួយទោះនឹងស្រដីឡើង ពាក្យធំចចើង ចចេសនឹងប្ដី ។
មួយទោះបីលោះខ្ញុំស្រី វាបំរើប្ដី មិនឲ្យអាក់អន់ ។
ឃើញគាប់រឹងស្អប់ក្នាញ់គ្នាន់ ក្នុងចិត្តប្រចណ្ឌ ជេរថានាយអាយ ។
មួយដ្បិតប្ដីមានសហាយ ហួរហែកសុះសាយ ឲ្យប្ដីអាស្រូវ ។
រីចោរភរិយានោះកូវ ចរិតពុំត្រូវ មានបីប្រការ ។
មួយចង់ចាយទ្រព្យប្ដីណា ឲ្យខូចអសារ មិនគង់ជាល្អ ។
មួយប្ដីឃ្មាតខ្មីខំរក របស់បានមក មិនថែទាំទុក ។
លួចឲ្យទៅម្ដាយឪពុក ប្ដីសួររកមុខ មិនប្រាប់ឡើយណា ។
មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា ថាឯងរវល់ ។
ដេកលេងចំខែងអស់កល់ លុះប្ដីគេយល់ ពុតធ្វើជាឈឺ ។
ទទូរដេកថ្ងូរហ៊ឺ ៗ ប្ដីហៅមិនឮ ពុតចង់តែស្លាប់ ។
នេះហៅប្រពន្ធពុំគាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ ។
លុះអស់អាយុក្លឹបក្លាយ ធ្លាក់ទៅអបាយ ទាំងបួនចំពូក ។
តែងនឹងរងទុករងសោក រដោះរួចមក កើតជាមនុស្សខ្ទើយ ។
ហេតុអកុសលនេះហើយ ដ្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង ។
ខុសវត្តប្រតិបត្តិឆ្គាំឆ្គង មិនរៀនមិនរង ខុសនឹងច្បាប់ស្រី ។
មាក់ងាយនោះមានប្រាំបី មានក្នុងបាលី ព្រះធម៌លោកថា ។
មាក់ងាយមួយនោះឯងណា ដ្បិតប្ដីពិការ មិនបានមួនមាំ ។
ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះមេមត់ ។
មើលប្ដីឲ្យជាឆាប់ឆុត ខឹងវិញមិនអត់ បន់ឲ្យប្ដីស្លាប់ ។
មាក់ងាយមួយប្ដីខ្សត់ទ្រព្យ គ្មានកេរ្តិ៍កោះគាប់ ស្មើនឹងអាត្មា ។
ដៀលត្មះថាឆ្អេះដោយសារ ព្រោះខ្ជិលធ្វើការ ទើបគ្មានរបស់ ។
មាក់ងាយដ្បិតប្ដីអប្បយស ឯងត្រកូលខ្ពស់ ពូជពង្សពុំស្មើ ។
ឆ្មើងខ្លួនឲ្យប្ដីបំរើ ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស ។
មាក់ងាយមួយដ្បិតប្ដីល្ងង់ ខ្លៅខ្លួនទ្រមង់ ទ្រមក់យឺតយូរ ។
ដៀលត្មះពុំចេះអាសូរ សំដីខ្មោះខ្មួរ មិនក្រែងប៉ុនសក់ ។
មាក់ងាយមួយប្ដីអាក្រក់ សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស ។
កន្ទ្រលរាងរលក្រឱះ សក់ស្កាញស្កូវសុស ពោះធំប៉ុនពាង ។
ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្ដីមិនសម ។
មាក់ងាយមួយប្ដីមិនខំ ធ្វើការលោលាំ ឡេរឡរដើរលេង ។
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះជេរមិនឈ្វេង គិតខុសមាត្រា ។
មាក់ងាយមួយប្ដីផឹកស្រា ស្រវឹងចោលការ ដើរលេងតែតោ ។
ពាក្យក្អេងរាំច្រៀងឡោ ៗ ឲ្យឆ្កែព្រុះឆោ ផ្អើលភ្ញាក់កូនចៅ ។
ឮមាត់ប្ដីហើយខឹងក្ដៅ ប្រទេចជេរទៅ តាមដោយចិត្តក្នាញ់ ។
អាក់ងាយមួយទៀតនោះមិញ ដ្បិតប្ដីស្រឡាញ់ លលូកប្រឡែង ។
មូលបិចចាក់ចុចជាល្បែង មិនមានកោតក្រែង បានចិត្តជេរវិញ ។
ដ្បិតតែយល់គេស្រឡាញ់ ស្រដីផងមិញ គំរោះគំរើយ ។
ធ្វើក្នាញ់បែរចេញព្រងើយ ខេរខឹងកន្តើយ ក្និចក្នក់មាយា ។
ពុំបានក្សេមក្សាន្តនឹងគ្នា មាក់ងាយនេះជា គំរប់ប្រាំបី ។
កូនអើយនេះហើយច្បាប់ស្រី ឲ្យកូនពិសី រករៀនរក្សា ។
យកទុកក្នុងអង្គអាត្មា ប្រសើរក្ដាត់ណា កើតសុខសួស្ដី ។
ប្រសើរទាំងលោកិយ ទោះបរលោកក្ដី សឹងលុះប្រាថ្នា ។
ទោះចិត្តតន់គិតសច្ចា ជាពុទ្ធមាតា សឹងបានបរិបូណ៌ ។
ដូចចិត្តឆាប់ឆុតពុំយូរ កបកើតសម្បូរ សម្បត្តិទ្រព្យផង ។
កើតយសខ្ពង់ខ្ពស់កន្លង យឺនយូរឥតហ្មង ដូចក្ដីប្រាថ្នា ។
ច្បាប់នេះឧត្ដមថ្លៃថ្លា ទោះស្រីឯណា ឮហើយមានភ័ព្វ ។
ជាល្អកម្របានស្ដាប់ ស្ដាប់ហើយចូរចាប់ ចូរចាំគ្រប់គ្នា ។
បានដល់មគ្គផលសួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច ។
ចរចាអស់អាថ៌ពាក្យពេចន៍ ពាក្យឥតកាព្យកិច្ច បរិបូណ៌ប្រពៃ ។
ប្រាជ្ញប្រែរីឯនាមនៃ ខ្ញុំឈ្មោះម៉ឺនមៃ មែនមានសទ្ធា ។
មានចិត្តកួចគិតកាព្យា កបកើតជ្រះថ្លា ត្រេកត្រង់កុសល ។
សច្ចាប្រាថ្នាមគ្គផល ផុលផុះយោបល់ លេចលើកទុកទៅ ។
ទោះបីសេចក្ដីខុសត្រូវ សូមទានដម្រូវ ដម្រង់ឲ្យផង ។
កុំត្មះតិះដៀលឡើយហោង សូមសាងផលផង ទុកតសាសនា ។
សម្រាប់ជាច្បាប់មាត្រា សូរេចបការា បរិបូណ៌ចែងចប់ ។
ចប់ច្បាប់ស្រី តែប៉ុណ្ណេះ ។
No comments:
Post a Comment