សាស្ត្រាល្បើកជុច
របៀបតែងកាព្យ
បទបន្ទោលកាក
(មេពាក្យ៤
និងមេពាក្យ៦)
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
សាស្ត្រាជុច
(អត្ថាធិប្បាយ
និង អត្ថបទដើម)
សិក្សាស្រាវជ្រាវដោយ លី - ធាមតេង
![]() |
ដើម្បីបានជាពន្លឺសម្រាប់អ្នកអាន
អ្នកសិក្សាស្រាវជ្រាវស្នាដៃអត្ថបទសាស្ត្រាជុចនេះ យើងសុំល្បងធ្វើការពិនិត្យសង្កេតជាមុនដូចតទៅ
៖
១- ប្រភពៈ
សេចក្ដីផ្ដើមក្ដី
សេចក្ដីបញ្ចប់ក្ដី នៃសាស្ត្រានេះ ឥតមានបញ្ជាក់ប្រាប់ថា រឿងនេះ
មានប្រភពដើមដកស្រង់ ឬ ប្រតិស្ឋយកពីក្នុងទីណា គម្ពីរណាឡើយ ។ ហេតុនេះ
នាំឲ្យអ្នកសិក្សាសម្គាល់ទុកជាសេចក្ដីសន្មតិមួយទៅតាមប្រភេទអត្ថបទ
តាមលក្ខណៈអក្សរសាស្ត្រទៅវិញ ។
អត្ថបទនេះ
ជាប្រភេទរឿងល្បើក (Fable)
ដែលមានលក្ខណៈសម្គាល់ត្រង់
:
- សរសេរជាពាក្យកាព្យ
សម្ដូខ្លី ៗ តែច្បាស់មិនអណ្ដែតអណ្ដូង
- ដំណើររឿងខ្លី ៗ
គ្រាន់តែឲ្យជាគតិដំបូន្មាន
- យកតួអង្គជាសត្វ
ជាធម្មជាតិ (ជុច និង ត្រី)
ដូច្នេះ
រួមសេចក្ដីទៅ គឺសាស្ត្រាជុច មានប្រភពជារឿងល្បើកដែលកវីនឹងឃើញ
ប្រដូចប្រចមគំនិតទៅនឹងដំណើររឿងយ៉ាងខ្លី ។
២-
កាលបរិច្ឆេទ :
ក្នុងអត្ថបទសាស្ត្រានេះ
គ្មានចុះកាលបរិច្ឆេទនៃការតែងរឿងទេ
នាំឲ្យមានការលំបាករាវរកឲ្យបានច្បាស់ ។ បើប្រសិនជាយកសម្ផស្សកាព្យ
សំនួរវោហារ ពាក្យសម្ដីដែលប្រើក្នុងនេះ មកធ្វើជាគ្រឿងឆ្លុះមើលពេលវេលា
យើងសម្គាល់បានថា អត្ថបទនេះមិនឆ្ងាយហួសពីសតវត្សទី ១៨ ឬ ១៧ ទេ ។ ព្រោះថា
បើអត្ថបទសរសេរពីសតវត្សទី ១៦ –
១៥ ឡើងទៅនោះ
មានពាក្យសម្ដីប្លែកច្រើនពីភាសាយើងសព្វថ្ងៃ
ដូចមានពាក្យខ្មែរបុរាណសុទ្ធ,
ពាក្យក្លាយមកពីបាលី
- សំស្ក្រឹតច្រើន..... ។
៣-
អ្នកនិពន្ធ :
នាមអ្នកនិពន្ធក៏មិនបានកំណត់ក្នុងសាស្ត្រានេះដែរ
ដូច្នេះ យើងពុំអាចដឹងថាជាស្នាដៃលោកណាតែងឡើយ ។
តាមចាស់ ៗ និយាយត ៗ
គ្នា : ខ្លះថា លោកតា សុគន្ធមានបុណ្យ
ដែលជានាយកសង្ឃក្នុងសតវត្សទី ១៧ ជាអ្នកតែង
ព្រោះលោកធ្លាប់បានតែងសាស្ត្រាច្បាប់ឯទៀតដែរ ដូចជាច្បាប់ក្រមជាដើម ។
មិនតែប៉ុណ្ណោះ គេនិយាយថា លោតតា សុគន្ធមានបុណ្យ ចង់ប្រដៅមនុស្ស
ពិសេសគឺសិស្សគណផ្ទាល់របស់លោក ឲ្យស្គាល់នូវកម្លាំងនៃ
"ទុក្ខសំសារវដ្ដ" ដោយលោកលើកយកធម្មជាតិមាន ជុច
និងត្រីមកធ្វើជាតំណាង គឺត្រីជាសត្វលោក ឯជុចជាសំសារទុក្ខ ។
រាល់ថ្ងៃសំសារទុក្ខរមែងនៅរង់ចាំសត្វលោកជានិច្ច
ឲ្យតែរុលត្បុលចូលហើយ
កាន់តែតឹងណែនខ្លាំងឡើង ៗ គ្មានចេះធូរថយ ។ ឯសត្វលោកវិញ
បើទោះជាដឹងថាកងទុក្ខក្នុងសំសារវដ្ដនៅពីមុខយ៉ាងណា
ក៏នៅតែខំសសុលត្បុល មិនគិតងាកបែររកផ្លូវគេចដែរ
លុះដឹងថាខ្លួនជាប់ហើយវាខកពេលស្រេច នឹងរាថយក៏មិនរួច
ម៉្លោះហើយមានតែរុលទៅមុខឲ្យទាល់តែអស់កម្លាំងត្រឹមណា
ស្លាប់ត្រឹមនោះទៅ ។ នេះហើយជាទស្សនៈសំខាន់នៃល្បើក ជុច និង ត្រី ។
តាមពាក្យចាស់ ៗ
និយាយត ៗ គ្នានេះ គួរជឿបានដែរ ព្រោះលោកតា សុគន្ធមានបុណ្យ លោកមានបញ្ញាជ្រៅ
ចង់បង្ហាញទស្សនវិជ្ជា ដែលពិបាកយល់ ឲ្យមានជារូបរាងស្រួលយល់ឡើង
ដោយប្រើឧបមានវិធី ធៀបទៅនឹងរូបធម្មជាតិដូច្នេះ ។
បើតាមការស្រាវជ្រាវរបស់លោក
ឈឹម – ស៊ុម ពីប្រវត្តិ លោក វិសេសដូង ចុះក្នុងកម្ពុជសុរិយាលេខ ២ ឆ្នាំ
១៩៦៨ រាប់ក្នុងតារាងស្នាដៃរបស់វិសេសថា រឿងល្បើកជុច ជាស្នាដៃរបស់លោក វិសេសដូង ដែរ ។
ប៉ុន្តែលោកឥតមានបញ្ជាក់ពីហេតុផល ឬ មានសេចក្ដីវែងឆ្ងាយទៅទៀតឡើយ ។
ការណ៍ទាំងនេះ
ទុកនៅជាបទស្រាវជ្រាវតទៅទៀត ៖
៤-
ឧត្តមគតិ :
ដូចបានរៀបរាប់ក្នុងវគ្គស្ដីពីអ្នកនិពន្ធរួចហើយ
រឿងនេះ មានន័យក្នុងការអប់រំមនុស្ស
ពិសេសគឺអប់រំខាងផ្លូវចិត្តឲ្យមនុស្សបានយល់ច្បាស់នូវទស្សនវិជ្ជាព្រះពុទ្ធសាសនាផង
។ បើគេទាញយកយោបល់នេះ ពីក្នុងសាស្ត្រា ជុច មកធ្វើជាដំបូន្មានទួទៅ
គេនឹងស្រង់បានន័យថា :
មនុស្សដែលកើតឡើង
តែងមានទុក្ខសំសារវដ្ដរង់ចាំជានិច្ចហើយទោះជាមនុស្សមិនហៅរកក៏ដោយ ។
ប៉ន្តែបើគេយល់ច្បាស់លាស់ហើយ រកគៀចជៀសវាងបានខ្លះ ៗ ដែរ
ដោយរំងាប់ចិត្តលោភៈ ទោសៈ មោហៈ ហើយតាំងខ្លួនឲ្យមានចិត្តស្មោះស្មើ
គ្មានផ្អើលភ្ញាក់ផ្ដេសផ្ដាស់ ។
ល្បើកជុច
ចម្លងចេញពីសាស្ត្រាស្លឹករឹត
![]() |
បទបន្ទោលកាក [1]
ថ្លែងដោយទំនង ដំណើរត្រីផងយាត្រា
ពើបនឹងជុចណា ត្រីស្រែកថាវើយជៀសចេញ
។
ជុចថាអើះអើ បទអ្នកនេះតើម្ដេចមិញ
ហ៊ានមកប្រើអញ ជៀសចេញឲ្យអ្នកជាល្បែង
។
ត្រីថាបើច្នោះ អញនឹងទម្លុះចៅឯង
ឲ្យយល់ជាក់ស្ដែង ត្បិតឯងមកនៅរាំងផ្លូវ
។
ជុចថាអើះហោង បើឯងចង់លងឥឡូវ
។
សមត្រូវនឹងម្ជូរ ប្រហើញាំភ្លាសាអាំង
។
ត្រីថាអើះអើ ប៉ើងរើងទេតើម្ដេចខ្លាំង
អួតមានកម្លាំង ក៏ស្មានជាអញខ្លាចហោង
។
ជុចថាបើច្នោះ អញ្ជើញមកចុះចង់លង
ឲ្យយល់នេះម្ដង ឫទ្ធីតេជៈតេជដៃ
។
ត្រីស្ទុះភ្លាមចូល ក្នុងជុចរមួលហើយនៃ
ជំពាក់ក្រក្រៃ នឹងថយក៏ពុំរួចឡើយ
។
ជុចថាអើចៅ ឥឡូវម្ដេចនៅព្រងើយ
ស្ងៀមស្ងាត់កន្តើយ សម្រឹងសម្រាន្តធ្វើអ្វី
។
ត្រីឮជុចថា ខំស្ទុះបំពារទៅខ្មី
រឹងអស់ឥន្ទ្រិយ ដួចគេរឹតរួតអាត្មា
។
ជុចថាអើច្នេះ កម្លាំងប៉ុណ្ណេះទេណា
អួតឯងបំពារ ទម្លុះទម្លាយមិញតើ
។
ត្រីថាម្ចាស់ថ្លៃ ពាក្យខ្ញុំនេះនៃបញ្ចើ
ឥឡូវនេះតើ អ្នកម្ចាស់មានឫទ្ធីក្រៃ
។
ជុចថាឫទ្ធី តេជៈបារមីអ្វីនៃ
ឯងកុំចេះស្ដី ចំអកចំអន់ឲ្យគ្នា
។
ត្រីថាម្ចាស់ថ្លៃ អស់ពាក្យនេះនៃខ្ញុំថា
ជាល្បែងទេណា អ្នកម្ចាស់កុំយកទោសខ្ញុំ
។
ជុចថាអើល្បែង ឯងអួតគគ្រេងស្រេចហើយ
ពិតពុំលង់ឡើយ ខំស្ទុះបំពារមកហោង
។
ត្រីថាម្ចាស់ខ្ញុំ សេចក្ដីពុំសមមែននៃ
អ្នកជុចម្ចាស់ថ្លៃ ម្ចាស់អើយលែងខ្ញុំទៅរ៉ា
។
ជុចថាអើលែង មារយាទអ្នកឯងទេណា
អញឃាត់អញថា ប្រែជាដៀលអញបំផាង
។
ត្រីថាឱអញ ម្ដងនេះឯងមិញក្រក្រៃ
អ្នកជុចម្ចាស់ថ្លៃ អ្នកអើយយកតែបុណ្យហោង
។
ជុចថាបុណ្យ
ៗ អំនួតពីមុនរំពង
បុណ្យអ្វីនោះហោង ឲ្យដឹងឫទ្ធីតេជដៃ
។
ត្រីថាម្ចាស់ខ្ញុំ សេចក្ដីពុំសមមែននៃ
អ្នកជុចម្ចាស់ថ្លៃ ប្រោសយកសម្បត្តិសួគ៌ា
។
ជុចថាឯងចេះ ឯងមានចំណេះចេះថា
សម្បត្តិសួគ៌ា សាច់ឯងពិសាណាស់នៃ
។
ត្រីថាអញក្រ ណាស់ពេកកម្រក្រក្រៃ
អ្នកជុចម្ចាស់ថ្លៃ អ្នកអើយយកតែផលា
។
ជុចឆ្លាស់ឆ្លើយថ្វាត់ ថាឯសម្បត្តិផលា
សាច់ឯងពិសា គេស៊ីឯងបានបុណ្យថ្កើង
។
ត្រីថាបើច្នោះ អ្នកហារមាត់ចុះខ្ពស់ឡើង
ខ្ញុំក្រាបបាតជើង សំពះសូមចុះសូមចាញ់
។
ជុចថាអញឆោត ឯងមកបំពោតលើអញ
ឯងនឹងស្ទុះចេញ បានអ្វីជាម្ដងឆីបាយ
។
ត្រីថាឱអញ ម្ដងនេះឯងមិញអន្តរាយ
មិនសមរូបកាយ ខ្លួនអើយអសារទេណា
។
ជុចថាមិនស្លាប់ ឯងកុំមកប្រាប់លើគ្នា
សាច់ឯងពិសា ឆ្ងាញ់ហើយវាសើមមាត់ផង
។
ត្រីថាម្ចាស់ខ្ញុំ អញប្រោសប្រាណកុំច្នោះហោង
កាញ់កួចចិត្តចង ក្រែងមានវេរាបាបពៀរ
។
ជុចថាបើបាប សឹងស្អុយឆ្អេះឆ្អាបអញវៀរ
ចៀសអស់ពំនៀរ តែសាច់ឯងអត់មិនបាន
។
ត្រីថាអ្នកថ្លៃ ថាម្ដេចច្នោះនៃពុំមាន
ធម៌ថាបាបគ្មាន ដូចអ្នកឯងស្ដីឡើយណា
។
ជុចថាអ្នកត្រី ចែងចេះសម្ដីណាស់ណា
។
អណ្ដើកជាក់ជា ល្អហើយទៅក្ដក់ហៅឆ្កែ
។
ត្រីថាតាយហោង គ្នានិយាយផងប្រែខ្វែរ
ទំនឹមឯឆ្កែ វាដាច់ឆីអាចម៍គេនៅ
។
ជុចថាអើយអញ ពុំដឹងបានមិញណានូវ
ឯងថាមិញត្រូវ ល្បងជុចខួរហើយស៊ីសាច់
។
ត្រីថាអ្នកជុច អ្នកមិនថយធុចពាក្យពេចន៍
អ្នកអើយបំណាច់ ខ្ញុំលោមអ្នកកុំច្នោះឡើយ
។
ជុចពុំស្ដាប់ហោង រឹតរឹងកន្លងពុំស្បើយ
ពុំមានធូរស្បើយ តឹងឡើងស្ទើរដាច់ខ្យល់ខ្មី
។
មានស្មារតីជាក់ ឈាមជុចថាអ្នកខ្ញុំឥ-
ឡូវពុំដឹងអ្វី ត្រង់រស់ត្រង់ស្លាប់នោះឡើយ
។
បើម៉្ងៃនឹងស្លាប់ ឲ្យខ្ញុំបានប្រាប់កូនហើយ
បណ្ដាំទុកក្រោយ ឲ្យអញឯងម្ដាំឲ្យឆាប់
។
បទព្រហ្មគីតិ
ក្សិណនោះឯបច្ឆា ហៅបុត្រភ្ងាមកឆាប់
ៗ
កូនមកហើយទួញប្រាប់ ថាឱកូនពន្លកម្ដាយ
។
ខ្លួនម្ដាយនឹងស្លាប់ហើយ កុំកូនអើយនៅព្រៃអាយ
ទៅរកស៊ីឲ្យឆ្ងាយ ពីព្រៃនេះផុតមនុស្សម្នា
។
ខ្លួនម្ដាយនេះតឹងណាស់ នឹងបម្រះពុំរួចណា
ឈឺអស់អង្គអាត្មា ម្ដាយខំតែផ្ដាំមាសស្ងួន
។
មាសអើយម្ដាយស្លាប់ទៅ ចូរមាសនៅប្រយ័ត្នខ្លួន
រកស៊ីឆាប់ជ្រកពួន ដោយព្រៃស្ងាត់កុំប្រហែស
។
ឃើញមនុស្សកុំទ្រមឹង ឈប់សម្លឹងមើលក្រអេះ
ឃើញឆាប់រត់កុំធ្វេស ក្រែងវាចាក់នឹងច្បូកណា
។
បើមាសស៊ីកូនចក ឆាប់មុជជ្រកឲ្យបាត់ខ្លួន
ក្រែងមនុស្សអុំទូកជួន ឃើញកូនស្ងួនវាលោចាក់
។
មាសអើយមួយវិញទៀត ច្រកចង្អៀតដែលមនុស្សដាក់
ជុចនោះកុំបីអ្នក ដើរត្រង់នោះជៀសឲ្យឆ្ងាយ
។
ខ្លួនអញខូចទាំងម៉្លេះ ហេតុប្រហែសគិតសប្បាយ
ចូរមាសមើលខ្លួនម្ដាយ ហេតុតែឆោតទាល់ស្លាប់ខ្លួន
។
ហេតុនោះកូនព្រលឹង ចូររំពឹងឲ្យមាំមួន
ម្ដាយស្លាប់
ៗ ហើយស្ងួន កុំកូនឆោតដូចម្ដាយឡើយ
។
ឯមច្ឆានោះនៃ សោកកូនក្រៃរតន៍ពុំងា
រន្ធតអស់អង្គា លុះសន្លប់បាត់ស្មារតី
។
ទៀងទួញទាល់សន្លប់ ញ័រចម្រប់អស់ឥន្ទ្រិយ
លុះដល់មានស្មារតី ទួញរៀបរាប់សព្វដោយព្រៃ
។
ឱអញគិតទៅហើយ កូនមាសអើយចង់តែក្ស័យ
ខ្លួនអើយស្លាប់ឆាប់វៃ អញនឹងនៅអ្វីឡើយណា
។
រស់ហើយវាលំបាក ខ្លួនតោកយ៉ាករងវេទនា
មិនចង់រស់ឡើយណា ឃើញកូនវានឹងខ្លោចផ្សា
។
រីត្រីទួញនេះនៃ ទាល់តែក្ស័យជីវិតណា
រីឯកូនមច្ឆា រកស៊ីតែឯកអង្គឯង
។
រីនិទាននេះនៃ ជុចនិងត្រីនោះវាតែង
ដើរទៅរកស្វះស្វែង ក៏ជួបជួននោះឯងហោង
។
បទបន្ទោលកាក
នេះនឹងសម្ដែង និទានថ្លាថ្លែងទំនង
ពីម្ចាស់ជុចហោង ឲ្យអ្នកផងដឹងដំណើរ
។
ម្ចាស់ជុចលុះព្រឹក ប្រហាមរលឹកទៅមើល៍
បេះម្ទេសទុកទើរ មើលទៅថ្ងៃរះភ្លឺជាក់
។
ស្រេចគាត់ស្ទុះផាង ទៅយកសៀនខាងប្របភ្នាក់-
ដៃដែលគាត់ដាក់ ប្របនៅខាងក្អមនោះនៃ
។
ហើយឈោងទៅសិត ទឹកមកខ្ពុរមាត់ហើយនៃ
យកកន្សែង
ស្លាវៃ មកវេចម្លូស្លាហើយណា
។
លុះវេចស្រេចហោង ស្ទុះទៅចាប់ដងប្រវា
នឹងកាំបិតព្រា នឹងផ្ដៅមួយដើមទៅផង
។
គាត់ចុះទៅទូក អង្គុយលូកខ្សែដែលចង
មកស្រាយចំណង ដែលចង់ទូកគាត់សព្វថ្ងៃ
។
ស្រាយរួចច្រានទូក គាត់អុំគគ្រូកទៅព្រៃ
ដែលដាក់ជុចនៃ ភ្នែកតែងរំពៃឆ្វេងស្ដាំ
។
អុំបានតិចទៅ បាយាបទំនៅលើចាំ
លាន់ភឹបឆ្វេងស្ដាំ ហើរទៅហើយមកជាក់ស្ដែង
។
ម្ចាស់ជុចថាឱ បាយាបវើយចោរឥតក្រែង
ស្ទើរឆាបអំបែង ក្បាលអញពុំដឹងមនុស្សម្នា
។
ថ្ងៃនេះទីទៃ មានលាភមានជ័យឬជា
ឥតលាភទេណា បាយាបតឿនអង្គឺក្ដី
។
អុំទៅទៀបដល់ ជុចនោះមិនយល់ត្រូវត្រី
ដល់មួយឥតបី សង្ឃឹមមិនបានទៅស្ល
។
ខាងជុចបីបួន នោះសោតជាក់ជួនច្រកល្អ
នឹងបានទៅស្ល តែជុចបីបួននោះឯង
។
គាត់អុំទូកដល់ ជុចចំណេរយល់ជាក់ស្ដែង
ជៀងជាក់អរឯង កខិបកខុបងេកងោក
។
វាតទូកឈោងចាប់ កន្ទុយជុចជាប់ទាញមក
ក្រពើវាយក ត្រីជុចនោះទៅស៊ីបាត់
។
ម្ចាស់ជុចចុកទ្រូង ជេរម្ដាយរលូងពេកក្ដាត់
ទៅជុចមួយថ្វាត់ តាចាស់ខំឆ្លៀតរលេញ
។
ធ្វើជាមាត់ករ ញញឹមញញែមឡើងវិញ
ធ្លាប់ពីមុនមិញ ក្រពើស៊ីអស់គ្មានសល់
។
តែឥឡូវឯង ឃើញមួយកណ្ដែងនឹងថ្កល់
លងមួយចេះយល់ ក្រញោញភ្នែកសចង្គ្រាង
។
រីជុចយល់ម្ចាស់ សរសើរខ្លួនណាស់ហើយអរ
ឆ្លើយប្រាប់ម្ចាស់មក៍ ពីក្នុងទឹកនោះអន្ទាក់
។
តាអើយអ្នកតា ស្ដាប់ខ្ញុំសច្ចាប្រាប់អ្នក
តាឲ្យដឹងជាក់ កាលត្រីវាមកនោះណា
។
ហែលមកដល់ខ្ញុំ វាមិនបារម្ភសោះសា
ជាចៅអ្នកតា ប៉ងចង់លងលលលើ
។
ស្ដីថាអាឃ្នាង ម្ដេចអាចង្គ្រាងនេះតើ
ផ្លូវដែលអញដើរ ជៀសចេញអញនឹងដើរទៅ
។
ខ្ញុំថាផ្លូវអា ពីដូនពីតាមកនៅ
ក្នុងព្រៃនេះកូវ អង្កាលអញមិនដឹងផង
។
ត្រីថាអាខូច កាលអានៅតូចណាស់ហោង
ផ្លូវច្រកជ្រលង បឹងបួរនោះសឹងអញត្រាច់
។
ខ្ញុំថាបើច្នោះ ចិត្តអើយធ្វើម្ដេចលងគាត់
ខ្ញុំចូលមកកាត់ ទំលាយលងមើលឥឡូវ
។
ត្រីថាអើអញ លងឯងមិញចេញនោះកូវ
អញបោលឥឡូវ ទំលាយឲ្យបាក់ឆ្អឹងឆ្អែង
។
ខ្ញុំថាបើច្នោះ អញ្ជើញមកចុះកុំក្រែង
ឆ្អឹងអញនេះឯង តែងជាសម្រាប់ឲ្យអា
។
ត្រីស្ទុះភ្លាមចូល ក្នុងជុចរមួលទទា
ប្រដូចនូវជា ប្រមាញ់ដំរីសោះសា
។
ជុចដណ្ដឹងត្រី ថាឯងធ្វើអ្វីច្នោះណា
អួតឯងបំពារ ទំលុះទំលាយណាចៅ
។
ខ្មាសពាក្យជុចខ្ញុំ ប្រឹងឡើងពិតពុំរួចទៅ
មកនៅខាងផ្លូវ ទ្រមឹងក្នុងជុចព្រងើយ
។
ត្រីថាឱអ្នក ជុចថ្លៃកុំអាក់ចិន្តា
ខ្ញុំម្ចាស់បានជា អួតអាងនឹងអ្នកជុចថ្លៃ
។
អាសូរខ្ញុំទៅ ឲ្យខ្ញុំរស់នៅផងនៃ
ខ្ញុំចូលប្រស្រ័យ ជាខ្ញុំបម្រើអ្នកហោង
។
ខ្ញុំថាអញឆោត ឯងមកបំពោតលើលង
ម្ចាស់អញបំណង ចង់ជ្រក់តែខួរសព្វថ្ងៃ
។
ត្រីឮពាក្យជុច ភិតញ័ររន្ធត់ពេកក្រៃ
ឱអ្នកម្ចាស់ថ្លៃ អ្នកប្រោសយកតែបុណ្យផង
។
ខ្ញុំថាកុសល អញមើលមិនយល់ទេហោង
ឆ្ងាយក្រៃកន្លង អញមកពុំបានឡើយណា
។
ជុចដំណាលប្រាប់ ឲ្យម្ចាស់ស្ដែងស្ដាប់ហើយរ៉ា
ដំណើរអាត្មា កាលត្រឹមក៏ត្រូវនោះនៃ
។
ម្ចាស់ស្ដាប់ហើយណា ផ្ដែផ្ដាំជុចថាកុំធ្លោយ
ថ្ងៃនេះថ្ងៃក្រោយ អ្នកលេងឲ្យបួនពីដៃ
។
ផ្ដាំស្រេចហើយណា ដាក់ជុចម្នីម្នាវៃ
ៗ
រួចស្រេចហើយនៃ គាត់អុំទូកវិលវិញខ្មី
។
អុំមកក្នុងបឹង ហើយគាត់រសម្លឹងរំពៃ
ថាឱអញឥ- ឡូវនេះវាថ្លៃខ្ពស់ធួន
។
រកឧសបានតិច ហើយអញនឹងក្ដិចត្រកួន
ត្រកៀតត្រាវសួង អន្លក់ម្ជូរសណ្ដាន់
។
បេះបានសព្វគ្រប់ គាត់អុំគ្មានឈប់រួសរាន់
ដល់ហើយរន្ថាន់ ចងទូកហើយឡើងម្នីម្នា
។
បានដងច្រវា នឹងកាំបិតព្រាហើយណា
ពុនទាំងត្រីប្រា និងឧសបន្លែម្ជូរជា
។
ដល់ទៅមុខផ្ទះ ហើយទើបតាច្រាសឧសណា
រីឯភរិយា ភ្ញាក់ឡើងឃើញប្ដីត្រីផង
។
ឯប្ដីនោះណា កាប់ត្រីម្នីម្នាហើយហោង
លាងដៃហ្មត់ហ្មង គាត់ចូលទៅដេកលក់ក្រៃ
។
រីឯភរិយា ស្លហើយម្នីម្នាវៃ
ៗ
ដស់ដួសហើយនៃ ចូលទៅដាស់ប្ដីនោះណា
។
អ្នកអើយអ្នកឆាប់ អញ្ជើញប្រញាប់ពិសា
ក្រែងត្រជាក់ណា ហើយអ្នកពិសាមិនបាន
។
ប្ដីក្រោកម្នីម្នា ចរចេញទៅឯក្រៅឋាន
។
ហើយហៅថាភាណ យកទឹកមកទន់ឆាប់ខ្មី
។
ទន់ស្រេចហើយណា រីឯភរិយានោះនៃ
លើកបាយលើកត្រី អស់នូវសម្លហាមុខ
។
មានអាំងសាបប្រៃ អាំងសាបនោះនៃគ្រាន់ជ្រក់
ទឹកគ្រឿងជ្រលក់ អន្លក់សណ្ដែកត្រកួនខ្ចី
។
ហូបស្រេចហើយណា រីឯភរិយានោះនៃ
គាត់មូរបារី ហើយគាត់បៀកស្លាឲ្យប្ដី
។
រីយើងនិទាន ដំណើរដោយដានជុចត្រី
សូរេចហើយនៃ បរិបូណ៌ចែងចប់ម៉្លេះហោង
។
.......................................................................................................................
បទមណ្ឌោកគតិ (បទបន្ទោលកាក)
ចៅសាញ់ដើរទៅ រកទីលំនៅអាត្មា
ពុំឃើញឡើយណា៎
វង្វេងក្នុងព្រៃវក់វី ។
នឹងថ្លែងតទៅ
ឯម្ដាយនិត្យនៅផ្ទះខ្មី
ចាំមើលផ្លូវប្ដី
ពុំឃើញបាត់ទាល់ល្ងាចណា៎ ។
ចេះតែទន្ទឹង
សញ្ជប់សញ្ជឹងខ្លោចផ្សា
ព្រួយក្នុងចិន្ដា
ពុំបាននិទ្រាតិចឡើយ ។
ឮមាន់រងា
ស្មានថាប្ដីហៅគិតឆ្លើយ
បើកទ្វារឡើងហើយ រកមើលពុំឃើញឡើយណា៎ ។
ស្ដាប់ជាក់ជាមាន់
ក្នុងចិត្តក្នាញ់គ្នាន់សោះសា
ថា!
ឱអនិច្ចា អ្នកជាស្វាមីខ្ញុំនេះ
។
ក្ស័យឬយ៉ាងណា
បានជាអ្នកបាត់ដល់ម្ល៉េះ
ថ្ងៃមិញយប់នេះ
ក៏ពុំទាន់ឃើញមុខមាត់ ។
មើលផ្លូវបាត់ហើយ
នាងនៅព្រងើយស្ងៀមស្ងាត់
ហេតុត្បិតប្ដីបាត់ ស្ងៀមស្ងាត់រកស៊ីទៅណា ។
នេះនឹងថ្លាថ្លែង
និទានចាយចែងចរចា
ទៅចៅសាញ់ណា៎
ឯការដើរតែក្នុងព្រៃ ។
ចេះតែដើរទៅ ពុំដែលដឹងផ្លូវហើយនៃ
ដើរត្រាច់ក្នុងព្រៃ រកផ្ទះពុំឃើញឡើយណា៎ ។
ឃើញតែពួកសត្វ ក្នុងចិត្តស្ងប់ស្ងាត់សោះសា
ថាឱអនិច្ចា!
អញអើយកំព្រាម្នាក់ឯង ។
ឱ! សត្វទាំងឡាយ
នៅសុខសប្បាយឥតក្រែង
អញអើយតែឯង ហៅមហាចំបែងពុំស្បើយ ។
មិនដូចសត្វផង ច្រើនក្រៃកន្លងជាត្រើយ
មូលនឹងគ្នាហើយ ដើរទៅឯណាច្រើនក្រៃ ។
អញដើរតែឯង គិតគ្រប់ស្ញប់ស្ញែងណាស់ខ្មី
ក្រែងសត្វអ្វីៗ វាមកយាយីពាធា ។
រីឯដើមឈើ
ដែលអញលីលើស្មាណា៎
បង្ការទុកជា
ដើរតែក្នុងព្រៃឯកអង្គ ។
នេះនឹងស្រដី
ទៅឯបុរីរាជរុង
មួយនាមឧត្តុង្គ នគរព្រះបាទព្រហ្មទត្ត ។
ព្រះអង្គសោយរាជ្យ
មែនមានអំណាចពេកក្ដាត់
គ្រងអស់រាស្ត្ររដ្ឋ
នៅក្នុងនគរភូមិស្រុក ។
ស្ដេចសុខសប្បាយ
អស់រាស្ត្រទាំងឡាយឥតទុក្ខ
ព្រះអង្គសឹងសុខ ពុំដែលមានទុក្ខភ័យសោះ ។
មនុស្សផងច្រើនក្រៃ សប្បាយសត្វថ្ងៃទាំងអស់
ទោះស្រីទោះប្រុស
ស្រួលស្រុះក្សេមក្សាន្តចិន្ដា ។
ខ្លះលក់ទំនិញ អ្នកខ្លះសោតទិញគ្នាណា៎
ខ្លះកាត់ថ្លៃថា
បីទៀនសាមសិបល្មមថ្លៃ ។
លក់ដូរទៅមក រអែករអោកសព្វថ្ងៃ
ពុំដែលមានភ័យ ធ្លាប់សុខរៀងៗមកណា៎ ។
មានកាលមួយថ្ងៃ
យក្សមួយកាចក្រៃសោះសា
ចិត្តវាមោហោ វានឹងមរណាមិនខាន ។
យក្សនោះឯងណា៎
ចិត្តវាហានក្លាក្នុងប្រាណ
ចង់ស៊ីក្សត្រក្សាន្ត
មិនដឹងខ្លួនស្លាប់ឡើយហោង ។
ទើបយក្សមោហោ
ប្រាយប្រាប់ក្សត្រាជាម្ដង
ឲ្យរកមនុស្សផង មកដាក់សួយឲ្យអញថ្វាត់
បើពុំព្រមដាក់ សួយឲ្យអញជាក់មធ្យ័ត
ទោះទាំងមហាក្សត្រ
អញស៊ីពុំលែងឡើយណា ។
យក្សប្រាយប្រាប់ហើយ វិលវឹងព្រងើយសោះសា
ដល់ស្ថានហើយណា៎ ម្នីម្នាចូលទៅវៃៗ ។
កាលក្រោយយក្សទៅ ព្រះបាទចោមចៅស្ដេចភ័យ
ទាំងរាស្ត្រមន្ត្រី ប៉ុន្មានសឹងភ័យពុំស្បើយ ។
ខ្លះរត់ម្នីម្នា
ប្រាប់គ្នីប្រាប់គ្នាជាត្រើយ
ថានៃវើយអើយ កុំទៅណាឆ្ងាយឡើយណា៎ ។
អស់មនុស្សទាំងឡាយ ភិតភ័យប្រញាយសោះសា
ថាឱអនិច្ចា
ជាហេតុប្រការកលអ្វី
។
នាំគ្នាកើតទុក្ខ ពុំបានទិញលក់ឡើយនៃ
ចេះតែភិតភ័យ ខ្លាចក្ស័យជីវិតរាល់គ្នា ។
ស្ដេចត្រាស់ឲ្យហៅ
អាធុងចូលទៅម្នីម្នា
ត្រាស់បន្ទូលថា អាធុងអញចង់ប្រើឯង ។
ទៅថ្លែងប្រាប់យក្ស
ថាអញព្រមដាក់សួយស្នែង
ចាំធ្វើកន្លែង
ប្រាំពីរថ្ងៃទៀតសិនហោង ។
ត្បិតឯងជាអ្នក ប្រាជ្ញាជៀងជាក់ជាម្ដង
ឯងប្រាប់វាផង ដោយនូវដំណើរអញថា ។
អាធុងចងចាំ
នូវព្រះបណ្ដាំរាជា
ទើបបង្ខំលា
យាត្រាវិលវឹងទៅថ្កាន ។
ដល់មកផ្ទះហើយ
ជាទុកពុំស្បើយក្នុងប្រាណ
ទើបរិះគិតធ្យាន អញយកប្រាជ្ញាបទណា ។
គិតស្រេចហើយនៃ ចុះដើរទៅវៃសោះសា
រិះរកប្រាជ្ញា
ដោយនូវឧបាយកលហោង ។
ដើរទៅហើយណា៎
ដល់ស្ថានយក្សាដូចប៉ង
ចរចូលទៅផ្គង ដល់ទីលំនៅយក្សស្រេច ។
ទើបយក្សសួរថា ឯងមកមានការដូចម្ដេច
ដំណើរសេចគ្រេច
ដូចម្ដេចប្រាប់អញឲ្យហើយ ។
អាធុងឆ្លើយថា បពិត្របិតាខ្ញុំអើយ
អ្នកឯងជាត្រើយ ខ្ញុំសូមជាឪពុកខ្ញុំ ។
ឥឡូវនេះនៃ
ព្រះមហាក្សត្រថ្លៃឧត្ដម
ព្រះអង្គប្រើខ្ញុំ
ឲ្យមកជម្រាបលោកឪ ។
ព្រះអង្គព្រមដាក់ សួយឲ្យយើងដាក់ហើយកូវ
ប៉ុន្តែឲ្យឪ
ចាំប្រាំពីរថ្ងៃទៀតហោង
។
ចាំធ្វើសាលា
រួចស្រេចហើយណា៎ជាម្ដង
សូមឪទៅហោង ព្រះអង្គស្ដេចដាក់សួយឲ្យ ។
យក្សស្ដាប់ពាក្យពេចន៍ អស់អាថ៌ស្រេចដូច្នេះហើយ
អាឯងកុំស្បើយ ហេតុពៀរវេរាអាត្មា ។
នឹងក្ស័យជីវិត ខ្លួនឯងពុំគិតណា៎
ហេតុចិត្តមោហោ ដែលវាប្រមាថស្ដេចហោង ។
ទើបយក្សមោហោ
ប្រាប់អាធុងឡើយថាជាម្ដង
អញព្រមដែរហោង
ឯងវិលទៅទូលស្ដេចចុះ ។
យក្សប្រាប់ស្រេចហើយ គិតពុំលង់ឡើយកាលនោះ
ទើបអាធុងឆ្ពោះ លាយក្សមកផ្ទះអាត្មា ។
មកដល់ផ្ទះហើយ
ពិតពុំលង់ឡើយម្នីម្នា
ចរចុះយាត្រា
ទៅទូលព្រះមហាក្សត្រថ្លៃ ។
ទៅដល់ហើយណា៎
ក្រាបទូលក្សត្រាជៀសជ័យ
ឥឡូវនេះនៃ
យក្សនោះវាព្រមហើយណា៎ ។
ស្ដេចទ្រង់ជ្រាបហើយ ពិតពុំលង់ឡើយក្សត្រា
ប្រាប់អស់សេនា ឲ្យរៀបអស់គ្រឿងប្រដាប់ ។
នឹងសង់សាលា ប្រាំពីរថ្ងៃណា៎ឲ្យឆាប់
ឲ្យបានប្រញាប់ នៅក្នុងកំណត់ប៉ុណ្ណោះ ។
(ដកស្រង់ចេញពី
រឿងចៅធុញចៅសាញ់)
[1]ឈ្មោះបទនេះ
បើសរសេរឲ្យត្រឹមត្រូវគឺ "មណ្ឌុកគតិ" ប្រែថាដំណើរកង្កែប ឬ
កង្កែបលោត ព្រោះសំនៀងបទនេះ មានចង្វាក់យារវែងម្ដង ហើយញាប់ញឹក ២ ម្ដង
ដូចកង្កែបលោតផ្លោតទៅហើយ ដើរញាប់ ៗ ៤ – ៥
ជំហានរួចលោតផ្លោតទភទៀត ។
Wynn Resorts Casinos & Hotels - MapYRO
ReplyDeleteHotels near Wynn Resorts Casinos & 군포 출장샵 Hotels. 아산 출장마사지 Browse realtime reviews, reviews and 양주 출장샵 grab the best deal for 정읍 출장안마 Wynn Resorts Casinos & Hotels in Las Vegas, NV. 경주 출장샵