រឿងទេវទត្តនិងពោធិសត្វកើតជាស្វា
របស់លោក ឈឹម – ស៊ុម អតីតសាស្រ្តាចារ្យ
របៀបតែងកាព្យ
បទពំនោល
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
រឿងទេវទត្តនិងពោធិសត្វកើតជាស្វា
របស់លោក ឈឹម – ស៊ុម
អតីតសាស្រ្តាចារ្យ
បទពំនោល
អតីតកាលកន្លង ភពកាន់រំលង
វែងឆ្ងាយយូរយារហើយណា ។
កាលណោះមែនមានសត្វស្វា
ច្រើនក្រៃត្រៀបត្រា នៃព្រៃហេមវាក្បាលស្ទឹង
។
គង្គាជលធាធំល្វឹង
ហូរចុះសន្ធឹង
ធំល្វឹងកម្រឆ្លងបាន ។
ពានរិន្ទពុនពូជហនុមាន កិរិយាឈ្លានពាន ទន្ទ្រានជិះជាន់ដណ្ដើម
។
យកទីជាស្ដេចស្វាឆ្នើម ហើយហ៊ានហែកថ្លើម ពួកស្វាណាមិនគោរព
។
តាំងខ្លួនជាម្ចាស់ពិភព ព្រឹក្សាព្រៃជប់ ព្រៃជាំជំនាប់ហេមវ័ន្ត ។
ស្វាឈ្មោលទាំងរយទាំងពាន់ ត្រូវពានរិន្ទជាន់ ចាប់ជិះសម្លេះសម្លាប់ ។
នៅតែស្វាញីតាន់តាប់ រស់នៅសម្រាប់ ធ្វើប្រពន្ធវាម្នាក់ឯង ។
ស្វាញីកើតកូនរទែង កូនញីវាលែង
លោះលាឲ្យមានជីវិត ។
កូនឈ្មោលវាពុំអាណិត ធ្វើហាក់ផ្ដេកផ្ដិត
ហើយគិតគ្រញិចក្ស័យអស់
។
មានមេស្វាមួយសប្បុរស
ចង់ឲ្យកូនរស់ ក៏ភៀសហែលទឹកឆ្លងទៅ ។
តាំងពីកូននោះឋិតនៅ ក្នុងផ្ទៃមើលទៅ
ពុំដឹងជាឈ្មោលឬញី ។
លុះផ្ទៃគ្រប់ខែពេញទី
ទើបនាងស្វាញី ប្រសូតកូនឈ្មោលល្អក្ដាត់
គឺជាព្រះពោធិសត្វ ដែលត្រាច់រង្គាត់ មកចាប់ជាតិជាកូនស្វា
។
លោកនៅជាមួយមាតា ដឹងក្ដីកាលណា សួររកបិតាបានដឹង ។
ជាបិតាអាក្រក់ម្ល៉ឹង ទើបលោកខំប្រឹង
ហាត់ប្រាណបានស្ទាត់កីឡា ។
ព្រឹកឡើងឡើងបះផលា មកឲ្យមាតា ភោក្ដាខ្លួនឯងសម្រន់ ។
ល្មមតែមានកម្លាំងគ្រាន់ ក៏ស្ទុះបំភាន់ ឲ្យមាតាដេញតាមចាប់
។
ឡើងចុះលោតផ្លោះប្រញាប់ ឲ្យម្ដាយដេញចាប់ ប្រញាប់លោតហក់គេចកែ
។
ឈមមុខខាងណេះហើយបែរ បត់ប្រាសគេចកែ បែរមកខាងណេះវិញភ្លែត
។
មាតាស្រវាចាប់ឃែត
កូន គេចចេញភ្លែត ម្ដាយហត់ម្ហ៊ែត
ៗ នៅស្ងៀម ។
ធ្វើយ៉ាងនេះជាទំនៀម ពុំដែលនៅស្ងៀម ពេលព្រឹកណាមួយសោះឡើយ
។
ទាល់តែចម្រើនធំហើយ ក៏ពុំកន្តើយ
ខំហាត់អត្តពលក្ម ។
អស់កាលយូរខែយូរឆ្នាំ អត្តពលកម្ម
ចងចាំគ្រប់ល្បិចកិច្ចល្បង ។
ស្ទុះលោលោតផ្លោះរំលង លង្វែកមែកផង មិនបាច់មានបង្គងសួ
។
ហែលទឹកមិនបាច់មានស្នួ ហ៊ានហែលឆ្លងជួ ទឹកជ្រោះហូរចុះចំហុង
។
មុជលើកដុំថ្មសន្ធឹក ស្រង់ផុតពីទឹក ឥតពូជស្វាណាធ្វើដូច
។
ព្រោះហេតុលោកគិតពីតូច ថានឹងបង្ខូច គំនិតអាក្រក់បិតា ។
បើអញទៅដល់កាលណា ពានរិន្ទស្ដេចស្វា ស្រវាចាប់អញអញគេច
។
បើចាប់អញបានហើយឈ្លេច អញមិនរត់គេច អញប្រឹងឲ្យដឹងកម្លាំង
។
បើបិតាក្លៀវក្លាខ្លាំង អញនឹងប្រឆាំង
រុញចែវឲ្យចូលក្នុងស្ទឹង ។
បើម្ល៉ឹងហើយគាត់នៅប្រឹង គង់ធ្លាក់ក្នុងស្ទឹង លង់ឈ្លក់ផ្សេស ៗ ពុំខាន ។
ច្នេះគាត់នឹងទ្រាំពុំបាន នឹងបន្ទន់ប្រាណ
អញបានឱកាសប្រដៅ ។
ឲ្យគាត់កំចាត់ក្ដីក្ដៅ ជម្រះកម្លៅ ឲ្យនៅជាសុខសប្បាយ
។
លុះដល់ឥទ្ធិពលពណ្ណរាយ
ទើបលោកនាំម្ដាយ ឆ្លងចូលទៅក្នុងហ្វូងធំ
។
ពានរិន្ទពិនរាជឧត្ដម នៅក្នុងហ្វូងធំ បានឃើញភរិយាមកដល់
។
មានទាំងកូនឈ្មោលវិមល ដែលពុំធ្លាប់យល់ ក៏ស្ទុះមកសាកសួរថា
។
អានេះឯងមកពីណា ឯងជាពូជស្វា ក្រៅវង្សចង់រករឿងឬ
។
ព្រះពោធិសត្តបានឮ ឆ្លើយថាខ្ញុំគឺ ជាបុត្របិតានេះឯង ។
កាលមាតាដាច់សង្វែង ព្រាត់ទៅម្នាក់ឯង បានប្រសូតខ្ញុំឯណោះ
។
ខ្ញុំពុំស្គាល់បិតាសោះ ទើបត្រាច់ចរឆ្ពោះ មករកបិតាហ្នឹងឯង
។
ពានរិន្ទឈានជើងចំទែង
លូកដៃប្រឡែង ថាឯងជាបុត្របិតា
។
ឥឡូវឪសុំថើបបា ជាទិស្នេហា ចូរបាមកអាយណា៎ពៅ ។
ពោធិសត្តលុតលូនទៅ ហត្ថប្រណម្យនៅ នែបនិត្យជិតជាប់ឱរា
។
ពានរិន្ទឳបក្ដោបកាយា រួបរិតហត្ថា ប្រាថ្នាគ្រញិចឲ្យស្លាប់ ។
ជើងជាន់ដៃឱបយ៉ាងខ្ជាប់ ម្រាមនិងម្រាមចាប់ ចាក់ស្រេះប្រឡេះពុំបាន
។
មាត់ហាជង្គ្រុងប្រុងប្រាណ នឹងខាំបំពាន ទន្ទ្រានកកេរឲ្យស្លាប់
។
ពោធិសត្តសោតប្រញាប់
លើកដៃជ្រោងចាប់ បំពង់កជាប់ដូចច្បោះ
។
គួយដៃគះគារំសោះ ដើម្បីនឹងដោះ ខ្លួនឲ្យរួចចេញទៅវិញ
។
ម្រាមដៃពានរិន្ទនោះមិញ
គ្រេចចេញឈាមព្រិញ ដោះវិញប្រញាប់លែងចាប់ ។
ឱរារកកល់ប្រេះស្លាប់ ញ័រមាត់ប៉ប្រ៉ាប់ ឈឺកស្លាឈាមមួយគ្រា
។
ប៉ុន្តែកម្លាំងក្រោធា ធ្វើឲ្យស្ដេចស្វា មិនព្រមចុះចាញ់សោះឡើយ
។
ទ្រឹងមួយស្របក់នៅហើយ ស្ទុះមកបង្កើយ ថានៃអាហ្អើយបើចង់
។
ដឹងតេជៈដៃពានរង្គ ឯងកុំបង្អង់ កុំរាកុំរង់ឡើយណា ។
ចូរប្រឹងប្រណាំងចេស្ដា លើចុងព្រឹក្សា បើថាអាឯងគ្រាន់បើ
។
ពោធិសត្តឆ្លើយថាយើ
ឪខ្ញុំទេតើ ម្ដេចធ្វើអំពើយ៉ាងហ្នឹង ។
ទ្រមម្ល៉េះហើយចេះតែប្រឹង ម្រាមដៃគ្រេចម្ល៉ឹង ចង់ប្រឹងលើចុងព្រឹក្សា ។
ប៉ុណ្ណឹងចុះណា៎បិតា លើចុងព្រឹក្សា ខ្ញុំរឹតក្លៀវក្លាជាងនេះ
។
កុំថាលើគោកដូច្នេះ បើជនណាចេះ ច្បាំងក្នុងទឹកខ្ញុំក៏ហ៊ាន
។
ហេតុនេះសុំឪអាក់ខាន កុំធ្វើបំពាន លើអ្នកឥតទោសដូច្នេះ ។
ពានរិន្ទឮហើយស្ទើរប្រេះ
ឱរារបេះ ថ្លើមធ្លាក់លើព្រះធរណី ។
ខឹងឃោរក្ដៅដូចព្រះអគ្គី ស្ទុះមកនឹងឈ្លី ឲ្យខ្ទេចឲ្យខ្ទីជើងដៃ
។
ប៉ុន្តែពោធិសត្តថ្លៃ រហ័សពេកក្រៃ ស្ទុះវៃថយផុតពីមុខ
។
ពានរិន្ទទង្គិចទង្គុក នឹងគល់ឈើចិក ត្រទាំងណែនគាំងអែនអន
។
ទ្រឹងមួយស្របក់លោតភ្លន ស្រវាតោងគន ចាប់គល់កន្ទុយយ៉ាងមាំ
។
ពោធិសត្តរត់អូសនាំ ទង្គិចគល់គ្រាំ ស្វាឪក្រញាំឈាមមាត់
។
នៅតែតោងស្អិតពេកក្ដាត់ ទោះបីរត់កាត់ ព្រៃញាតស្បាតក៏ពុំលែង
។
កូនរុលរួចជាប់ឪពុក ក្នុងបង្គាបស្មុគ ស្មូញស្មាញបូញបាញធ្មេញស្ញេញ
។
កូនគិតអាណិតដោះចេញ
លំអុតលំគេញ សូមឲ្យបន្ថយកំហឹង
។
ស្វាឪក្រញូវខ្ញូវខ្ញឹង ទោះបីទ្រមម្ល៉ឹង ក៏ប្រឹងស្រវាឱបទៀត
។
ប្រចាប់ប្រជែងជ្រែងច្រៀត បំបែរបំបៀត ពានរិន្ទភ្លាត់ស្នៀតធ្លាក់ស្ទឹង
។
ខំស្ទុះលោតពេញទំហឹង ឡើងពីមាត់ស្ទឹង ខំប្រឹងឥតមានសំចៃ
។
កូនចាប់ជើងជាប់ខ្វៃ ៗ ដៃម្ខាងចាប់ដៃ ផ្អោបជាប់ផ្ទាប់ជិតឱរា
។
បីទ្រពនាំស្ដេចស្វា ចុះក្នុងគង្គា សួរថាប៉ាចង់មុជទឹក ។
ហ៍ៈឥឡូវខ្ញុំនាំប៉ា មុជជ្រែកគង្គា ចូលរូងថ្មដាផឹកទឹក
។
ពានរិន្ទភិតភ័យពន្លឹក
ឮថាមុជទឹក ក៏នឹកថាឱអញស្លាប់ ។
ទើបអង្វរករប្រញាប់ ថាកូនកុំចាប់ ប៉ាសូមចុះចាញ់ហើយកូន
។
ពោធិសត្តសោតលំអូន លំអុតទន្ទោន ថាកូនឥតមានប្រទូស្ត
។
ប៉ុន្តែឪឯងរឹងរូស ខំប្រឹងប្រទូស្ត នឹងខ្ញុំដែលឥតទោសសោះ
។
តទៅកុំធ្វើដូច្នោះ នាំខូចកេរ្តិ៍ឈ្មោះ ពីព្រោះខុសច្បាប់អ្នកធំ ។
បិតាជានាយឧត្ដម ធម្មជាតិរៀបចំ ឲ្យជានាយកលើកូន
។
ច្បាប់ថាត្រូវតែល្អូកល្អូន ចិត្តស្ងួនទន្ទោន
រកកូនជានិច្ចប្រក្រតី ។
ឪមិនត្រឹមតែជាបី- តាយើងប្រុសស្រី ជាព្រះចក្រីថែមទៀត
។
ហេតុនេះគួរតែប្រឹងឆ្លៀត កុំឲ្យរវាត ពីច្បាប់សម្រាប់នាយក ។
បើនាយប្រើចិត្តតក់ម៉ក់ ជាធម៌គម្រក់ ឈ្លីឈ្លក់ជិះជាន់ពលឯង ។
ឲ្យខ្មោចណាវាកោតក្រែង នាយជាន់ពលឯង អាយូស្មមិនវែងទេឪ ។
ហេតុនេះតាំងពីឥឡូវ ឪត្រូវស្វែងត្រូវ តាមខ្ញុំនាំផ្លូវកុំខាន
។
ស្ដេចស្វាថាឱកល្យាណ អ្នកពោលទូន្មាន មកទាំងប៉ុន្មានឪតាម
។
ថាហើយនាំគ្នាវិលភ្លាម ចរត្រាច់ទៅតាម រកហ្វូងស្នំស្និទ្ធស្រឹង្គារ
។
ចៅជិតចៅចមបរិពារ ចេញមកខ្ញៀវខ្ញារ មេនាងមេចៅជួបជុំ
។
នៅនិត្យជួបជិតជាក្រុម ជាសុខពិតពុំ មានមោះគ្រោះថ្នាក់អ្វីឡើយ
។
ដោយសារបានទីពឹងហើយ ដូចអ្នកដល់ត្រើយ បានស្បើយចាកភ័យអន្តរាយ
។
ពួកស្វាលុះសុខសប្បាយ កូនដូចគេរាយ រស់នៅទាំងញីទាំងឈ្មោល
។
ពោធិសត្តជាបង្គោល ឲ្យស្វាញីឈ្មោល ពឹងផ្អែកជ្រកកោនគ្រប់គ្នា
។
សាមគ្គីសាមគ្គា រួមរស់រាល់គ្នា មានសេរីភាពស្មើមុខ
។
តមកស្ដេចស្វាជាទុក្ខ
គិតថាទៅមុខ អញអស់អំណាចសូន្យឈឹង
។
ព្រោះតែអាដែងកូនហ្នឹង វាជាទីពឹង នៃពួកពលស្វាទាំងអស់ ។
កូននេះបើវានៅរស់ វាឲ្យអញអស់ ជន្មាយុផងពុំដឹង
។
ឈូកផ្កាត្រៀបត្រាក្រៃក្រាស់ អារក្សកាចណាស់
នោះច្បាស់ជាវានឹងស្លាប់ ។
គិតស្រេចស្ដេចស្វាប្រញាប់ ហៅកូនមកឆាប់ ប្រាប់ថាកូនស្ងួនឪពុក
។
អ្នកឯងតែងបំបាត់ទុក្ខ ធ្វើឲ្យបានសុខ ដល់ពួកពលស្វាគ្រប់គ្នា
។
ប៉ុន្តែមាសមិត្រពំងា
ពុំទាន់បានជា ស្ដេចស្វាពេញមុខនៅឡើយ ។
ត្រូវកូនមាសស្ងួនចូលឆ្ពោះ ចុះក្នុងស្រះនោះ បេះផ្កាឧប្បលប្លែក
ៗ ។
ឈូកសក្រហមចម្លែក ស្ឃង្ក័ជផ្កាបែក ត្របកមួយរយស្រទាប់
។
ឲ្យបានផ្កានោះមកឆាប់ ឪនឹងរណ្ដាប់ រៀបអភិសេកឲ្យបា
។
បានសោយរាជជាស្ដេចស្វា កបដោយចេស្ដា ថ្លៃថ្លាឧត្ដមសមស័ក្តិ
។
ព្រះពោធិសត្តស្ដាប់ជាក់
ក្រពុំហត្ថដាក់ លើត្បូងសិរសាប្រណម្យ
។
ចំពោះសម្ដេចបរម បិតាជាធំ ហើយទៅសំដៅស្រះស្រង់ ។
លោកមានស្មារតីតម្រង់ សម្បជញ្ញៈផ្ចង់ ឥតធ្វេសប្រហែសឡើយណា ។
ពិនិត្យមើលស្នាមបាទា សត្វផងនានា ឃើញសុទ្ធតែស្នាមជើងចុះ
។
ឥតឃើញស្នាមជើងឡើងសោះ យល់ថាមានគ្រោះ អាក្រក់ក្នុងស្រះនោះឯង
។
ស្រះនោះពិតជាកន្លែង
អារក្សទឹកតែង តែចាប់សត្វបរិភោក្ដា
។
យល់ច្បាស់ឥតមានសង្កា លោកក៏រេរា ពុំហ៊ានឈានចុះចូលទឹក ។
គន់ឃើញផ្កាឈូកសន្ធឹក ដុះក្បែរមាត់ទឹក ទើបទៅបេះកាច់មកគរ
។
បានផ្កាច្រើនមួយគំនរ បម្រុងត្រាច់ចរ យាត្រាត្រឡប់វិលវឹង
។
អារក្សទឹកនៅជិតហ្នឹង
នេត្រាសម្លឹង សម្លក់ពិនិត្យចរិយា
។
យល់ជាអ្នកមានប្រាជ្ញា ស្មារតីថ្លៃថ្លា ឫកពាកិរិយាក្លាហាន ។
ទើបយក្សប្លែងភេទផ្លាស់ប្រាណ ជាមនុស្សសាមាន្យ បានដើរចរចូលមកជិត
។
សម្លឹងហើយរឹងពេញចិត្ត ព្រោះហេតុឃើញពិត ជាអង្គបណ្ឌិតគ្រប់លក្ខណ៍ ។
នឹងបានជានាយសោភ័គ្គ ជាទីពឹងពាក់ នៃពូជពង្សវង្សពានរ
។
(យស្សេតេ ច តយោ ធម្មា វានរិន្ទ យថា តវ
ទក្ខិយំ សុរិយំ បញ្ញា
ទិដ្ឋំ សោ អតិវត្តតិ ។
(នៅមានត)
No comments:
Post a Comment