Saturday, 4 June 2016

ធម្មបទភាសិត

លោកគ្រូចៅអធិការ (ឯក- ញឹម)

                         សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក​ 



ធម្មបទភាសិត

លោកគ្រូចៅអធិការ (ឯក- ញឹម)

វត្តធម្មសិ្សរារាម ឃុំ- ស្រុកសូទ្រនិគម ខែត្រសៀមរាប
រៀបរៀង

ពួកគាថា ប្រែជាបទបដ្ឋ្យាវតតែក្នុងសៀវភៅនេះ ខ្ញុំព្រះករុណាអាត្មាភាព (ឯក-ញឹម) នាមធម្មិស្សរារាម ចៅអធិការវត្តធម្មិស្សរារាម ឃុំសូទ្រនិគម ស្រុកសូទ្រនិគម ខែត្រសៀមរាប ។
បានស្រង់យកគាថានានាក្នុងគម្ពីរផ្សេងៗ មានគម្ពីរធម្មបទ ខុទ្ទកនិកាយជាដើម មកប្រែរៀបរៀងធ្វើជាពាក្យប្រាំបី ឲ្យត្រូវតាមរបៀបបាលីក្នុងគាថាទាំងឡាយនោះៗ ដើម្បីជាប្រយោជន៍ឲ្យស្រួលដល់លោកអ្នកសិក្សាទាំងឡាយផង ដើម្បីជាប្រយោជន៍ដល់ការសិក្សាក្នុងទីប្រជុំបុណ្យទាំងឡាយ មានបុណ្យពុទ្ធវិសាខបូជាជាដើមផង ដើម្បីនឹងបានបោះពុម្ពផ្សាយចែកជាធម្មទាន ក្នុងឱកាសបុណ្យបញ្ចុះសីមា វត្តធម្មិស្សរារាម នៅថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំវក ឆស័ក ព.ស. ២៤៨៧ ផង ។
លុះរៀបរៀងរួចហើយ បានបង្ហាញដល់ពុទ្ធបរិសទ្យទាំងឡាយ មានព្រះបំរុងភោគា តាន់-ឆេងស៊ុយ ជាដើម ពុទ្ធបរិសទ្យទាំងឡាយនោះ លុះមើលឃើញរបៀបធម៌នេះសព្វគ្រប់ហើយ ក៏កើតចិត្តជ្រះថ្លាបានចំណាយហិរញ្ញវត្ថុគ្រប់ៗ គ្នា តាមលំដាប់ទិសសីមាទាំង ៩ ទិស ។ ហើយបាននិមន្តខ្ញុំព្រះករុណាអាត្មាភាព ឲ្យចាត់ការបោះពុម្ពផ្សាយចែកជាធម្មទាន ក្នុងឱកាសបុណ្យសីមាវត្តនោះ នៅថ្ងៃដូចថាមកខាងលើស្រាប់ តែសម័យនេះស្រុកក្រក្រដាសពន់ពេក ទើបខ្ញុំព្រះករុណាអាត្មាភាពផ្ញើមកជូនពុទ្ធសាសនបណ្ឌិត្យឲ្យលោកចាត់ការបោះពុម្ពឡើងក្នុងទស្សនាវដ្ដីកម្ពុជសុរិយា ឯរបៀបរៀបរៀងគាថាទាំងឡាយនោះដូច្នេះ
១- មង្គលសូត្រ ពួកធម៌សំដែងពីសេចក្ដីចំរើនមាន ១០ គាថា
២- បរាភវសូត្រ ពួកធម៌សំដែងពីសេចក្ដីវិនាសមាន ១២ គាថា
៣-យុតគថា ពួកគាថាសំដែងអំពីធម៌ជាគូៗ នឹងគ្នាមាន ១៦ គាថា
៤- បកិណ្ណកគាថា ពួកគាថាសំដែងពីធម៌រាយរងមាន ៤៨ គាថា រួបរួមគាថាទាំងអស់ត្រូវ ៨៦ គាថា ។
សូមសេចក្ដីសុខ សេចក្ដីចំរើនកើតមានដល់ព្រះពុទ្ធសាសនា នឹងអ្នកសិក្សាទាំងឡាយផងតទៅ អស់កាលជាអង្វែង ។

                                                មង្គលសូត្រ
                                                បទ បដ្ឋ្យាវត
ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្ត យុំ
អាកង្ខមានា សោត្ថានំ ព្រូហិ មង្គល មុត្តមំ ។
ទេព្តានឹងមនុស្សទាំងឡាយមិនយល់ គិតរកមង្គលអស់កាលអង្វែង
ប្រាថ្នាចង់ស្ដាប់មង្គលនេះឯង សូមព្រះសំដែងមង្គលឧត្តម ។

                                      ពុទ្ធដីកា ឆ្លើយតបនឹងទេព្ដាថា
១- អសេវនា ច ពាលានំ បណ្ឌិតា នញ្ច សេវនា
បូជា ច បូជនីយានំ ឯតម្មង្គល មុត្តមំ ។
កិរិយាមិនសេពគប់ជនពាលទាំងឡាយ សេពនឹងប្រាជ្ញាសព្វកាលវេលា
បូជាបុគ្គលដែលគួរបូជា ទាំង ៣ ប្រការមង្គលឧត្ដម ។
២- បដិរូបទេស វាសោ ច បុព្វេ ច កតបុញ្ញេតា
អត្ត សម្មាបណីធិ ន ឯតម្មង្គល មុត្តមំ ។
កិរិយានៅក្នុងប្រទេសគួរសម នឹងធ្វើបុណ្យធំពីមុនច្រើនក្រៃ
កិរិយាដម្កល់ខ្លួនទុកប្រពៃ អំពើទាំង ៣ មង្គលឧត្ដម ។
ពហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិតោ
សុភាសិត ច យា វាចា ឯតម្មង្គលមុត្តមំ ។
បុគ្គលបានស្ដាប់បានរៀនចេះច្រើន សិល្បសាស្ត្រចំរើនឆ្លៀវឈ្លាសវាងវៃ
វិន័យសិក្ខាវាចាប្រពៃ ទាំង ៤ នេះនៃមង្គលឧត្ដម ។
៤- មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ
អនាកុលា ច កម្មន្តា ឯតម្មង្គល មុត្តមំ ។
កិរិយាបំរើមាតាបិតា សង្គ្រោះភរិយានឹងបុត្តអាត្មា
មិនបានផ្សែផ្សំលាយឡំការងារ ទាំង ៤ នេះជាមង្គលឧត្ដម ។
៥- ទានញ្ច ធម្មចរិយា ច ញាតកានញ្ច សង្គហោ
អនវជ្ជានិ កម្មានិ ឯតម្មង្គល មុត្តមំ ។
កាលបរិច្ចាគទាននឹងប្រព្រឹត្តធម៌ នឹងសង្គ្រោះល្អដល់ញាតិអាត្មា
នឹងការទាំងឡាយមិនទោសា ទាំង ៤ នេះជាមង្គលឧត្ដម ។
៦- អារតី វិរតី ចាចា          មជ្ជចាន ច សញ្ញមោ
អប្បមាទោ ច ធម្មសេ ឯតម្មង្គល មុត្តមំ ។
ការមិនត្រេកអរនឹងវៀរចាកបាប សង្រួមអត្តភាពវៀរទឹកស្រវឹង
មិនមានប្រមាទស្មារតីរឹងប៉ឹង ទាំង ៣ នេះហ្នឹងមង្គលឧត្ដម ។
៧- ការវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញុតា
កាលេន ធម្មស្សវនំ ឯតម្មង្គល មុត្តមំ ។
សេចក្ដីគោរពនឹងរាំងរាទោស សេចក្ដីសន្ដោសដឹងគុណនានា
នឹងការស្ដាប់ធម៌តាមកាលវេលា ទាំង ៥ នេះជាមង្គលឧត្ដម ។
៨- ខន្តិ ច សោវចស្សតា សមណានញ្ច ទស្សនំ
កាលេន ធម្មដាកច្ឆា ឯតម្មង្គល មុត្តមំ ។
សេចក្ដីអត់ធន់នឹងប្រដៅស្រួល នឹងការទទួលជួបពួកសមណា
ការសាកសួរធម៌តាមកាលវេលា ទាំង ៤ នេះជាមង្គលឧត្ដម ។
៩- តចោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ
និព្វានសច្ឆិកិរិយា ច ឯតម្មង្គល មុត្តមំ ។
ព្យាយាមដុតបាបនឹងប្រព្រឹត្តធម៌ នឹងបានឃើញធម៌អរិយសច្ចា
ធ្វើព្រះនិព្វានច្បាស់ក្នុងអាត្មា ទាំង ៤ នេះជាមង្គលឧត្ដម ។
១០- ផុដ្ឋស្ស លោកធម្មេហិ ចិត្តយំ យស្សន កម្បតិ
អសោកំ វិរនំ ខេមំ ឯតម្មង្គល មុត្តមំ ។
ចិត្តនៃបុគ្គលកាលលោកធម៌ ប៉ះមិនញាប់ញ័រមិនមានសោកា
ប្រាសចាកដម្រេកក្សេមក្សាន្តចិន្ដា ទាំង ៤ នេះជាមង្គលឧត្ដម ។
១១- ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា
សព្វត្ថ សោត្ថឹ កច្ឆន្តិ តន្តេ សំ មង្គល មុត្តមំ ។
ទេព្តានឹងមនុស្សធ្វើដូច្នេះហើយ មិនចាលចាញ់ឡើយក្នុងទីនានា
បានដល់សួស្ដីសិរីសុខា ទាំងមនុស្សទេព្ដាមង្គលឧត្ដម ។
                                             (មង្គលសុត្តំ និដ្ឋតំ ។ )

                                                   បរាភវសុត្ត
                                                   បទ បដ្ឋ្យាវត
បរាភវន្តំ បុរិសំ          មយំ បុច្ឆាម កោតមំ
ភវន្តំ បុដ្ឋុមាតដ្ឋ កី បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយមកសូមទូលសួរ នូវហេតុដែលគួរចំរើនវិនាស
បុរសបុគ្គលដែលដល់ឱកាស ហើយនឹងវិនាសសាបសូន្យចាកគុណ
នឹងព្រះគោតមព្រះអង្គមានបុណ្យ មេត្តានិមន្តសំដែងឲ្យទាន ។

                                     ព្រះពុទ្ធដីកា ឆ្លើយតបនឹងទេព្ដាថា
១- សុវិជានោ ភវំ ហោតិ         ទុវិជានោ បរាភវោ
ធម្មកាមោភវំ ហោតិ ធម្មទេស្សី បរាភវោ ។
អ្នកចេះដឹងល្អតែងបានចំរើន ទ្រព្យធនបុណ្យកើនកើតពីវិជ្ជា
ចំណេះអាក្រក់ឥតសិល្បសាស្ត្រ អ្នកនោះឈ្មោះថាវិនាសដោយពិត ។
អ្នកប្រាថ្នាធម៌ដោយល្អក្នុងចិត្ត ហើយខំប្រព្រឹត្តនឹងបានចំរើន
អ្នកទ្រុស្តក្នុងធម៌ឬស្អប់ធម៌ច្រើន អ្នកចំរើនវិនាសទៅមុខ ។
២- អសន្តស្ស បិយា ហោន្តិ សន្តេ ន កុរុតេ បិយំ
អសតំ ធម្មំ រោចេតិ          តំ បរា ភវតោ មុខំ ។
អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់ នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។
សេចក្ដីស្រឡាញ់ពេញចិត្តគំនិត ហើយទៅគប់មិត្រអសប្បុរស
គាប់ក្នុងចិត្តក្នុងធម៌ឬមួយរបស់ ហេតុនោះទាំងអស់នាំឲ្យវិនាស ។
៣- និទ្ទាសិលី សភាសិលី អនុដ្ឋាតា ច យោ នរោ
អលសោ កោធ បញ្ញាណោ តំ បរាភវតោ មុខំ ។
អ្នកដេកច្រើនមួយនិយាយច្រើនមួយ នឹងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
នឹងខ្ជិលច្រអូសមិនមានខ្នះខ្នែង ខឹងច្រើនសំដែងឲ្យគេឃើញបាន ។
ហេតុធម៌ទាំងនោះមិនជាកល្យាណ នាំឲ្យខកខានខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោច នាំបង់ប្រយោជន៍ហើយឲ្យវិនាស ។
៤- យោ មាតរំ វា បិតរំ វា ជិណ្ណកំ កតយោ ព្ធនំ
បហុសន្តោ ន ករតិ តំ បរាភវតោ មុខំ ។
នរជនណាមានទ្រព្យធនធាន ហើយខ្លួនមិនមានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា ហេតុនោះទៅជានាំឲ្យវិនាស ។
៥- យោ ព្រាហ្មណំ វា សមណំវា អញ្ញំ វាបិ វនិព្ធកំ
មុសាវាទេន វញ្ចតិ តំ បរាភវតោ មុខំ ។
ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ នោះប្រធាននៃសេចក្ដីវិនាស ។
៦- បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ
ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។
បុរសម្នាក់មានទ្រព្យធនធានច្រើន មាសប្រាក់ចំរើននឹងគ្រឿងអាហារ
លបលាក់របស់ឆ្ងាញ់ពិសា តែម្នាក់ឯងជាប្រធានវិនាស ។
៧- ជាតិថទ្ធា ធនថទ្ធោ កោត្តថទ្ធោ ច យោ នរោ
សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ ។
អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល ហើយមិនប្រមូលសាច់ញាតិសន្ដាន
មើលងាយញាតិខ្លួនដោយអាងខ្លួនមាន  នោះជាប្រធានសេចក្ដីវិនាស ។
៨- ឥត្ថិធុត្ថោ សុរាធុត្ថោ អក្ខធុត្តោ ច យោ នរោ
លទូលទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ ។
ជនអ្នកប្រព្រឹត្តល្បែង ៣ ប្រការ        ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឲ្យអន្តរាយ ការល្បែងទាំងឡាយនោះនាំវិនាស ។
៩- សេហិ ទារេហិ អសន្តុដ្ឋោ វេសិហោ សុបទុស្សតិ
ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ ។
បុរសមិនត្រេកនឹងស្រីភរិយា ហើយទៅត្រូវការនឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា ហេតុនោះទៅជាឲ្យវិនាស ។
១០- អតីតយោព្វនោ ចោសោ អានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ ។
បុរសមានដែលចាស់ហួសពេក ហើយនៅដម្រេកដោយក្ដីតណ្ហា
នាំយកស្រីក្មេងមកធ្វើជាភរិយា ហេតុនោះទៅជាឲ្យវិនាស ។
១១- ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយ ស្មឹ ថបេតឹ តំ បរាភវតោ មុខំ ។
បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះនាំឲ្យវិនាស ។
១២- អប្បភោកោ មហាតណ្ហោ        ខត្តិយេ ជាយតេ កុលេ
សោ ច រជ្ជំ បត្ថយតិ         តំ បរាភវតោ មុខំ ។
ជនណាកើតក្នុងត្រកូលជាក្សត្រ          អ្នកខ្សត់សម្បត្តិហើយប្រាថ្នាធំ
ចង់បានជាស្ដេចសោយរាជ្យស្ដុកស្ដម្ភ ហេតុនោះនឹងនាំឲ្យដល់វិនាស ។
១៣- ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ
អរិយទស្សន សម្បន្នោ សលោកំ ភជតេ សិវំ ។
ជនជាបណ្ឌិតគណិតប្រសើរ បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស គេចវិនាសគប់រកចំរើន ។
(បរាភវសុត្តំ និដ្ឋិនំ ។ )
យុគគាថា
បទ បដ្ឋ្យាវត
១- មនោបុព្វង្កមា ធម្មា មនោសេដ្ឋោ មនោមយា
មនសា ចេ បទុដ្ឋេន ភាសិត វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន ប្រសើរក្នុងប្រាណស្រេចបានដោយចិត្ត
បើបុគ្គលមានមនោទុច្ចរិត ពោលឬប្រព្រឹត្តធ្វើអំពើបាប ។
ទុក្ខតែងទៅតាមអ្នកនោះដរាប ព្រោះអំពើបាបនៃបុគ្គលនោះ
ដូចកង់រទេះវិលតាមចំពោះ ស្នាមជើងគោស្មៅក្នុងនឹមនោះឯង ។
២- មនោបុព្វង្កមា ធម្មា មនោសេដ្ឋោ មនោមយា
មនសា ចេ បសន្នេន ភាសិត វា ករោតិ វ
តតោ នំ សុខមន្វតិ ធាយាវ អនុចាយិនី ។
ធម៌ទាំងឡាយមានចិត្តប្រធាន ប្រសើរក្នុងប្រាណស្រេចដោយចិត្ត
បើបុគ្គលនោះមានមនោសុចរិត ជ្រះថ្លាប្រព្រឹត្តពោលឬធ្វើក្ដី ។
សុខតែងទៅតាមអ្នកនោះប្រក្រតី ព្រោះអំពើនៃបុណ្យបុគ្គលនោះ
ដូចជាស្រមោលទៅតាមចំពោះ នៃរូបរាងនោះប្រាកដស្ដែង ។
៣- អក្កោច្ឆិ មំ អរធិ មំ អជិនិ មំ អហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។
ពួនជនឯណាចងក្រោធទុកថា គេជេរអាត្មាគេវាយគេផ្ចាញ់
គេលួចយកទ្រព្យរបស់ផងអញ ពៀរជននោះឯងមិនរម្ងាប់ឡើយ ។
៤- អក្កោច្ឆិ មំ អរធិ មំ អជិនិ មំ អហាសិ មេ
យេ ច តំ នូបនយ្ហន្តិ         វេរំ តេសូប សម្មតិ ។
ពួកជនឯណាមិនចងពៀរថា គេជេរអាត្មាគេវាយគេផ្ចាញ់
គេលួចយកទ្រព្យរបស់ផងអញ ពៀរជននោះឯងនឹងរម្ងាប់បាន ។
៥- សុភានុបស្សី វហរន្តំ ឥន្រ្ទិយេសុ អសំវុតំ
ភោជនម្ហិ អមត្តញ្ញុំ កុសិតំ ហីនវីរិយំ
តំ វេ បស ហតី មារោ វាតោ រុក្ខំវ ទុព្វលំ ។
មារតែងតែគ្របសង្កត់បុគ្គល ឃើញរូបហើយមានអារម្មណ៍ថាល្អ
មិនសង្រួមហើយក្នុងឥន្រ្ទីយធម៌ មិនមានដឹងប្រមាណក្នុងភោជន
ខ្ជិលច្រអូសហើយមានព្យាយាមទន់ បានដូចព្យុះធ្ងន់កាច់ឈើទ្រេតស្រាប់ ។
៦- អសុភានុបស្សី វិហរន្តំ ឥន្រ្ទិយេសុ សុសំវុតំ
ភោជនម្ហិ ច មត្តញ្ញុំ សទ្ធំ អារទ្ធវីរិយំ
តំ វេ នប្បសហតី មារោ វាតោ សេលំវ បព្វតំ ។
មារមិនអាចគ្របសង្កត់បុគ្គល ឃើញមានអារម្មណ៍យល់ថាមិនមានល្អ
សង្រួមស្អាតហើយក្នុងឥន្រ្ទីយធម៌ ជាអ្នកដឹងប្រមាណក្នុងភោជន
មានចិត្តជឿជាក់ព្យាយាមក៏ធ្ងន់ ដូចខ្យល់ព្យុះទន់កាច់ភ្នំមិនបាន ។
៧- យថា អការំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិ
ឯវំ អកាវិតំ ចិត្តំ រាតោ សមតិវិជ្ឈតិ ។
ភ្លៀងតែងលេចបានផ្ទះប្រក់មិនល្អ ដូចរាគៈធម៌លេចស្រោចសន្ដាន
បុគ្គលដែលមិនចំរើនកម្មដ្ឋាន រាគៈតែងរុកបានធ្លុះធ្លាយដល់ចិត្ត ។
៨- យថា អតារំ សុច្ឆន្នំ វុដ្ឋិ ន សមតិវិជ្ឈតិ
ឯវំ  សុភាវិតំ  ចិត្តំ រាតោ ន សមតិវិជ្ឈតិ ។
ភ្លៀងលេចមិនបានផ្ទះគេប្រក់ល្អ ដូចរាគៈធម៌មិនស្រោចសន្ដាន
បុគ្គលដែលបានចំរើនកម្មដ្ឋាន រាគៈរុកមិនបានធ្លុះធ្លាយដល់ចិត្ត ។
៩-អនយំ នេតិ ទុម្មជោ អថុរាយំ និយុញ្ជតិ
ទុន្នយោ សេយ្យសោ ហោតិ សម្មា វុត្តោបិ កុប្បតិ
វិនយំ សោន ជានាតិ សាធុ តស្ស អទស្សនំ ។
មនុស្សឥតប្រាជ្ញាតែងតែណែនាំ នូវហេតុមិនសមដោយគិតភាន់ភាំង
នាំឲ្យប្រកបខាតខូចកំលាំង ធុរៈដែលមិនត្រូវតាមធម៌
ជាមនុស្សគឺគេប្រដៅដោយក្រ និយាយពាក្យល្អក៏មិនច្រឡោតខឹង
ច្បាប់ធម៌វិន័យក៏គ្មានចេះដឹង ជននោះយើងនឹងឈប់ឃើញប្រពៃ ។
១០- នយំ នយតិ មេធាវី អធុរាយំ ន យុញ្ជតិ
សុនយោសេយ្យសោហោតិ សម្មា វុត្តោ ន កុប្បតិ
វិនយំ សោ បជានាតិ សាធុ តេន សមា តមោ ។
មនុស្សមានប្រាជ្ញាតែងដឹកនាំ នូវហេតុដែលសមមិនបានទន់ទោរ
មិននាំប្រកបដោយក្ដីពាលោ អំពើមោហោមិនប្រកបកាយ
ជាមនុស្សគឺគេប្រដៅដោយងាយ ពាក្យល្អនិយាយមិនច្រឡោតរឹង
ច្បាប់ធម៌វិន័យក៏បានចេះដឹង ជននោះយើងនឹងនៅរួមប្រពៃ ។
១១- ចាបញ្ចេ បុរិសោ កយិរា ន តំ កយិរា បុនប្បុនំ
ន តម្ហិ ឆន្ទំ កយិរា ទុក្ខោ បាបស្ស ឧច្ចយោ ។
បុរសប្រុសស្រីបើបានជាធ្វើ នូវកម្មអំពើអាក្រក់នោះហើយ
កុំធ្វើបាបនោះថែមរឿយៗ ឡើយ កុំពេញចិត្តហើយក្នុងបាបទាំងនោះ
ការសន្សំបាបនាំមកចំពោះ នៅទោសទុក្ខនោះដល់អង្គអាត្មា ។
១២- បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ
តម្ហិ ធន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ ។
បុរសប្រុសស្រីបើធ្លាប់បានធ្វើ នូវកម្មអំពើជាបុណ្យនោះហើយ
ត្រូវធ្វើបុណ្យនោះថែមឡើងរឿយៗ ត្រូវពេញចិត្តហើយក្នុងបុណ្យនោះៗ
ការសន្សំបុណ្យនាំមកចំពោះ នូវក្ដីសុខនោះដល់អង្គអាត្មា ។
១៣- ចាចោ បិ ប បស្សតិ ភទ្រំ យាវ ចាបំ ន បច្ចតិ
យទា ច បច្ចតិ ចាបំ អថ ចាចានិ បស្សតិ ។
អ្នកធ្វើអាក្រក់ត្រឡប់បានសុខ បាបដែលធ្វើទុកមិនទាន់ឲ្យផល
លុះបាបឲ្យផលកាលណាទើបស្គាល់ បាបបុគ្គលយល់បាបកាលនោះ ។
១៤- ភទ្រោមិ បស្សតី ចាបំ យាវ ភទ្រំ ន បច្ចតិ
យទា ច បច្ចតិ ភទ្រំ អថ ភទ្រានិ បស្សាតិ ។
អ្នកធ្វើការល្អតែមិនបានសុខ បុណ្យដែលធ្វើទុកមិនទាន់ឲ្យផល
លុះបុណ្យឲ្យផលកាលណាទើបស្គាល់  ភទ្របុគ្គលយល់បុណ្យកាលនោះ ។
១៥- មាវមញ្ញេថចាបស្ស ន មត្តំ អាតមិស្សតិ
ឧទពិន្ទុនិងាតេន ឧទកុម្ភោបិ បូរតិ ។
បូរតិ ពាលោ ចាបស្ស ថោកំថោកម្បិ អាចិនំ ។
បុគ្គលមិនគួរមើលងាយបាបឡើយ ថាតិចតួចហើយមិនងាយឲ្យផល
ដូចពាងបើកមាត់រមែងតែងដល់ ពេញដោយមិនសល់នឹងដំណក់ទឹក ។
ពាលសន្សំបាបតិចៗ ញឹក ៗ ញយ ៗ សន្ធឹកពេញដោយបាបបាន ។
១៦- មាវបញ្ញថ បុញ្ញស្ស ន មត្តំ អាតមិស្សតិ
ឧទពិន្ទុនិងាតេន ឧទកុម្ពោបិ បូរតិ
បូរតិធីរោ បុញ្ញស្ស ថោកំថោកម្បិ អាចិនំ ។
បុគ្គលមិនគួរមើលងាយបុណ្យឡើយ ថាតិចតួចហើយមិនងាយឲ្យផល
ដូចពាងបើកមាត់រមែងតែងដល់ ពេញដោយមិនសល់នឹងដំណក់ទឹក ។
ប្រាជ្ញាសន្សំបុណ្យតិចៗ ញឹក ៗ ញយ ៗពន្លឹកពេញដោយបុណ្យបាន ។
ធម្មបទភាសិត
លោកគ្រូចៅអធិការ (ឯក- ញឹម)
(តមកនឹងចប់)
បកិណ្ណកគាថា
បទ បដ្ឋ្យាវ័ត
១- វជីរញ្ញាណសម្ពុទ្ធំ ធម្មន្តេន សុទេសិតំ
សង្ឃញ្ចស្សោរសបុត្តំ វន្ទាមិ ហោតុ សោត្ថិ មេ ។
ខ្ញុំសូមបង្គំនូវព្រះសម្ពុទ្ធ មានញាណបរិសុទ្ធក្នុងអង្គកាយេ
មោះមុតដូចពេជ្រឥតមន្ទិលទេ គួរឲ្យយើងគេកើតចិត្តជ្រះថ្លា ។
ព្រមទាំងព្រះធម៌ដែលព្រះសាស្ដា ទ្រង់ត្រាស់ទេសនាទុកដោយប្រពៃ
ព្រមទាំងព្រះសង្ឃប្រសើរពេកក្រៃ ជាឱរសថ្លៃនៃព្រះសម្ពុទ្ធ ។
ដែលលោកជាសង្ឃទ្រង់សីលបរិសុទ្ធ សួស្ដីល្អផុតសូមមានដល់ខ្ញុំ ។
២- អសជ្ឈាយមលាមន្តា អនុដ្ឋានមលាឃរា
មលំវណ្ណស្សកោសជ្ជំ បមាទោរក្ខតោមលំ ។
មន្តគឺវិជ្ជាចំណេះទាំងឡាយ បើមិនសា្វធ្យាយរលាយភ្លេចភ្លាំង
ទីផ្ទះសំបែងមិនខ្នះខ្នែងចាំង ប្រក់ធ្វើជញ្ជាំងនឹងខូចទៅបាន ។
៣- អលស្សស្ស កុតោសិប្បំ អសិប្បស្ស កុតោធនំ
អធនស្ស កុតោមិត្តំ អមិត្តស្ស កុតោបុញ្ញំ ។
ធម្មតាសិល្បសាស្ត្រសម្រាំង មានមកពីណាដល់អ្នកខ្ជិលខ្លាំង
ទ្រព្យធនអ្នកគ្មានសិល្បសាស្ត្រសម្រាំង  នឹងមានមុខតាំងចូលមកម្ដេចបាន ។
ទាំងធនជាមិត្តអ្នកឥតធនធាន កាលណានឹងមានគេរាប់មុខឡើយ
ទោះទាំងបុណ្យស័ក្ដិអ្នកគ្មានមិនហើយ   ធ្វើម្ដេចឡើយនឹងមានពីណា ។
៤- ន តេន បណ្ឌិតោហោតិ យាវតាចាហកាសតិ
ខេមី អវេរី អភយោ          បណ្ឌិតោតិ បវុច្ចតិ ។
បុគ្គលនិយាយច្រើនហួសប្រមាណ មិនឲ្យឈ្មោះថាបានបណ្ឌិតឡើយ
អ្នកមានក្ដីក្សេមគ្មានពៀរភ័យហើយ ព្រះមានបុណ្យឲ្យឈ្មោះថាបណ្ឌិត ។
៥- ទិដ្ឋេធម្មេ ច យោអត្ថោ យោ ច ត្ថោ សម្បរាយិកោ
អត្ថាកិសមយាធារោ បណ្ឌិតោតិ បវុច្ចតិ ។
ប្រយោជន៍លោកនេះនឹងលោកខាងនាយ   បណ្ឌិតទាំងឡាយមានប្រាជ្ញាខ្ជាប់ខ្ជួន
ព្រោះដឹងប្រយោជន៍របស់ផងខ្លួន ទាំងពីរមាំមួនឈ្មោះថាបណ្ឌិត ។
៦- លោភំ កោធំកោធំ មទំ មានំ ទន្ទឹ ឥស្សំ បមត្តកំ
សោណ្ឌំ និទ្ទា លុកំ មក្ខំ         មច្ឆេទព្វា ជហេ ពុទ្ធោ ។
សេចក្ដីជំពាក់នឹងក្រោធស្រវឹង កាន់ខ្លួនខ្ជិលនឹងច្រណែនធ្វេសល្បែង
ដេកច្រើនលប់គុណកំណាញ់នេះឯង អ្នកប្រាជ្ញលោកតែងតែលះចោលចេញ ។
៧- សទ្ធា ហិរិច ឱតប្បំ         ពាហុសច្វំ វីរយំ សតិ
បញ្ញោ ច សត្តធម្មេតិ         សម្បន្នោ បណ្ឌិតោមតោ ។
ជឿនឹងខ្មាសបាបខ្លាចបាបស្ដាប់ច្រើន សង្វាតចំរើនសតិបញ្ញា
ប្រកបដោយធម៌ ៧ ប្រការ នេះលោកហៅថាបណ្ឌិតពិតមែន ។
៨- ចក្ខុនា សំវរោ សាធុ          សាធុ សោតេន សំវរោ
ឃានេន សំវរោ សាធុ          សាធុ ជីវ្ហាយ សំវរោ ។
កាយេន សំវរោ សាធុ          សាធុ វាចាយ សំវរោ
មនសា សំវរោ សាធុ           សាធុ សព្វត្ថ សំវរោ
សព្វត្ថ សំវរោ សាធុ         សព្វទុក្ខា បមុច្វតំ ។
សង្រួមចក្ខុសោតៈឃានា សង្រួមជីវ្ហាកាយវាចាចិត្ត
សង្រួមសព្វថានឲ្យបានតាមក្រិត្យ ជាគុណល្អពិតផុតទុក្ខទាំងពួង ។
សប្វំ សុណាតិ សោតេន          សព្វំ បស្សតិ ចក្ខុនាឪ
នច ទិដ្ឋិ សុតំ ធីរោ         សព្វិច្ឆតុមរហតិ ។
គេស្ដាប់សំឡេងដោយទ្វារសោតា គេឃើញរូបាដោយដោយសារតែភ្នែក
ជនមានប្រាជ្ញាច្រើនជាអនេក កុំមានចិត្តបែកចង់បានរូបឡើយ ។
១០- សុស្សុសា សុតវឌ្ឍនា បញ្ញាយ វឌ្ឍនំ សុតំ
បញ្ញាយ អត្ថំ ជានន្តិ         ញាតោ អត្ថោ សុខាវហោ ។
សេចក្ដីចេះដឹងនឹងការចំរើន          មកពីស្ដាប់ច្រើនខំលោភោ
សេចក្ដីចំរើនដោយលះទោសា លះចិត្តមោហោចេះផ្សំបញ្ញា ។
បញ្ញាអាស្រ័យបញ្ញាល្អជា ប្រយោជន៍ការងារចេះគិតខ្នះខ្នែង
ប្រយោជន៍ដែលដឹងហើយប្រឹងស្វះស្វែង ប្រយោជន៍នោះតែងនាំសុខមកឲ្យ ។
១១- សីលំ យាវ ជរា សាធុ សទ្ធា សាធុ បតិដ្ឋិតា
បញ្ញានរានំ រតនំ         បុញ្ញំ ចោរេហិ ទូហរំ ។
សីលល្អប្រពៃទាំងក្មេងទាំងចាស់ សទ្ធាល្អណាស់ប្រដាប់តែងតាំង
បញ្ញាជាកែវនៃជនសម្រាំង បុណ្យឲ្យកំបាំងចោរលួចពុំបាន ។
១២- ចក្ខុមាស្ស យថាអន្ធោ       សោត្វាវាពធិរោ យថា
បញ្ញាវាបិ យថា មូតោ       ពលវា ទុព្វលោរិវ
អត្ថអត្ថេ សមុប្បន្នេ                សយេយ្យមតសាយិតំ ។
មនុស្សមានភ្នែកថាតែដូចភ្នែកខ្វាក់ ត្រចៀកឮជាក់តែដូចថ្លង់ខ្លាំង
មនុស្សមានបញ្ញាតែដូចគរគាំង មនុស្សមានកំលាំងតែដូចមនុស្សខ្សោយ
កាលកើតប្រយោជន៍ត្រឡប់ប្រែក្រោយ ប្រាសដេកបណ្ដោយដូចជាមនុស្សស្លាប់ ។
១៣- ឧស្សាហោរបិវមិត្តំ          អលសោ មិត្តំវរិបុ
វីសំវិយាមតំវិជ្ជា         បមាទោ អមតំ វិសំ ។
សេចក្ដីឧស្សាហ៍ហាក់ដូចសត្រូវ តែត្រឡប់ទៅជាមិត្តយ៉ាងខ្លាំង
កុំខ្ជិលហាក់ដូចជាមិត្តសម្រាំង តែត្រឡប់តាំងមកជាសត្រូវ
វិជ្ជាហាក់ដូចជាពិសពេកកូវ តែឈ្មោះថាផ្លូវមិនស្លាប់សោះឡើយ ។
សេចក្ដីប្រមាទមិនស្លាប់ហើយ ត្រឡប់ព្រងើយក្លាយទៅជាពិស ។
១៤- អម្ពុំ បវន្តំ នោ នជ្ជា         រុក្ខា ខាទន្តិ នោ ផលំ
មេខោ កទាចី នោ សស្សំ បរត្ថាយ ខាទន្តិ សតំ ធនំ ។
ស្ទឹងដាក់ទឹកទុកមិនផឹកខ្លួនឯង ទោះឈើដែលតែងតែផ្លែរាល់ប្រាំង
មិនដែលស៊ីផ្លែដែលខ្លួនផ្លែខ្លាំង បញ្ចេញមកតាំងទុកឲ្យគេស៊ី ។
ទឹកភ្លៀងធ្លាក់មកឲ្យដីមានជីរ ក៏មិនដែលស៊ីសន្ទូងអ្នកស្រុក
ទ្រព្យនរជនរកបានមកទុក ចំណេរទៅមុខប្រយោជន៍តែគេ ។
១៥- រុក្ខោ សុភូមិនិស្សាយ បុប្ភផលំ បវឌ្ឍតិ
សប្បុរិសូបនិស្សាយ          មហាបុញ្ញំ បវឌ្ឍតិ ។
ដើមឈើអាស្រ័យដីជីរល្អជា តែងនឹងមានផ្កាចំរើនឡើង
អ្នកដែលអាស្រ័យសប្បុរសថ្កុំថ្កើង ចំរើនបុណ្យឡើងទៅជាធំបាន ។
១៦- ហិតំ ករោ បរោ ពន្ធុ ពន្ធុបិ អហិតោ បរោ
អហិតតោ ទេហ ជោព្យាធិ          ហិតមារញ្ញមោសទ្ធំ ។
អ្នកដទៃគេឲ្យប្រយោជន៍ ច្រើនតិចដោយហោចជាញាតិស្និទ្ធខ្លាំង
ញាតិសាច់ខ្លួនមែនប៉ុន្តែចិត្តខ្លាំង ញាតិនោះតាំងជាអ្នកដទៃ ។
ដូចព្យាធិដែលកើតក្នុងកាយសព្វថ្ងៃ ជារោគចង្រៃឥតប្រយោជន៍សោះ
ឈើវល្លិជាថ្នាំនៅព្រៃឯនោះ ខ្លួនឈឺយកដុះលាបផឹកជាបាន ។
១៧- ជិឃច្ឆា បរមា រោគា វិស្សាសា បរមា ញាតិ
សន្តុដ្ឋិ បរមំ ធនំ         និព្វានំ បរមំ សុខំ ។
សេចក្ដីស្រេកឃ្លានជារោគយ៉ាងខ្លាំង ស្និទ្ធស្នាលខ្លួនតាំងជាញាតិប្រសើរ
សន្ដោសជាទ្រព្យសមតាមដំណើរ និព្វានប្រសើរសុខយ៉ាងក្រៃលែង ។
១៨- មុឡ្ហសិស្សោ បទេសេន         កុនារី សរណេន ច
ខល សត្តូហិ សំយោតោ         បណ្ឌិតោប្បវសីទតិ ។
ទុកជាអ្នកប្រាជ្ញគង់ធ្លាក់ខ្លួនចុះ ព្រោះប្រដៅខុសឲ្យគេកាន់លង់
ទំនៀមទំលាប់ដល់សិស្សដែលល្ងង់ មិនអាចទ្រទ្រង់ពាក្យប្រដៅបាន ។
ព្រោះមានស្ត្រីអាក្រក់រាប់អាន ជាទីពឹងប្រាណពំនាក់និត្យនៅ
ព្រោះប្រកបដោយបុគ្គលល្ងង់ខ្លៅ មានចិត្តខឹងក្ដៅសត្រូវដល់ខ្លួន ។
១៩- អសតំ សម្បយោតេន          សន្ដិបិ អសន្តោ កវេ
មត្តោ កចវរយុត្តោ         ឧជុម្បិ អសាធុ ភវេ ។
សូម្បីសប្បុរសគង់ត្រឡប់រេ ដោយសេពគប់គេអសប្បុរស
ដូចជាផ្លូវថ្នល់រាបស្មើទាំងអស់ សម្រាមពេញសល់ត្រង់មិនល្អ ។
២០- ហិតោសនោ សុមិត្ត វិញ្ញូច ទុល្លភោ ជនា
យថោសថញ្ច សាធុញ្ច         រោគហារី ច សជ្ជនោ ។
អ្នកដែលស្វែងរកប្រយោជន៍មកបាន ហាក់ដូចជាមានចិត្តល្អពេញពោះ
ជាអ្នកមានប្រាជ្ញាមិនបានទន់ទោរ ដោយមិនលោភោការក្រក្នុងលោក ។
ដូចថ្នាំនឹងសម្រាប់រម្ងាប់រោគ         មានឱជាជោកសឆ្ងាញ់ពិសា
បំបាត់រោគបានហើយឆ្ងាញ់ទៀតណា ថ្នាំនោះជាការក្រដូចគ្នា ។
២១- លុទ្ធមត្ថេនតណ្ហេយ្យ         ជទ្ធមញ្ជលិកម្មុនា
ឆន្ទាទុវតិយា មុទ្ឡំ          យថា ភូតេន បណ្ឌិតំ ។
ផ្គាប់ជនលោភដោយឲ្យប្រយោជន៍ ផ្គាប់រឹងខ្លោចដោយបង្ខំខ្លាំង
ផ្គាប់ចិត្តជនល្ងង់ដោយមិនរារាំង ផ្គាប់អ្នកប្រាជ្ញតាំងតាមសេចក្ដីពិត ។
      មិត្តវគ្គ
២២- អហិតិ បដិសេនោ ច        ហិតេសុ ច និយោជកោ
ព្យសនេចាបរិច្ចាតោ         សខេបំ មិត្តលក្ខណំ ។
ហាមប្រាមគ្នីគ្នាក្នុងកាលឥតផល នាំគ្នាឲ្យដល់ប្រយោជន៍យ៉ាងខ្លាំង
មិនលះបង់គ្នាគ្រាក្រភាន់ភាំង លក្ខណមិត្តតាំងលាទុកសង្ខេប ។
២៣-សត្ថោ បស្សវតោ មិត្តំ         មាតា មិត្តំ សកេ ឃរេ
សហាយោ អត្ថជាតស្ស         ហោតិ មិត្តំ បុនប្បុនំ
សយំ កតានិ បុញ្ញានិ          តំ មិត្តំ សម្បរាយិកំ ។
បក្ខពួកជាមិត្តនៃអ្នកដើរផ្លូវ មាតាមិត្តនៅក្នុងផ្ទះខ្លួនខ្លាំង
អ្នកមានចិត្តស្មើជាមិត្តសម្រាំង គ្រាភ័យភាន់ភាំងមានទុក្ខកើតឡើង ។
បុណ្យខ្លួនធ្វើហើយជាមិត្តថ្កុំថ្កើង ជួយទំនុកយើងនៅក្នុងភពមុខ ។
២៤- សព្ភិរេវ សមាសេថ         សព្ភិ កុព្វេថ សិន្ថវំ
សតំ សទ្ធម្មមញ្ញាយ        សេយ្យោហោតិនចាបិយោ ។
បុគ្គលគប្បីសេពសប្បុរស គួរស្និទ្ធស្នាលអស់ឥតទោសា
ចេះធម៌សប្បុរសមិនមានមោហា ចិត្តគ្មានទន់ទោរទៅកាន់បាបឡើយ ។
២៥- សព្ភិរេវ សមាសេថ        សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ         បុញ្ញលភតិ នាញ្ញតោ ។
បុគ្គលគប្បីសេពសប្បុរស គួរស្និទ្ធស្នាលអស់ឥតចិត្តទោសា
ចេះធម៌សប្បុរសមិនបានទន់ទោរ តែងបាត់មោហោបាននូវប្រាជ្ញា ។
២៦- សព្ភិរេវ សមាសេថ         សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ         ញាតិមជ្ឈេ វិរោចតិ ។
បុគ្គលគប្បីសេពសប្បុរស ស្និទ្ធស្នាលឲ្យអស់អំពីចិត្តខ្លួន
ព្រោះដឹងច្បាស់ធម៌សប្បុរសមាំមួន តែងរុងរឿងខ្លួនបណ្ដាលពួកញាតិ ។
២៧- សព្ភិរេវ សមាថេស សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ         សត្តា តច្ឆន្តិ សុភតឹ ។
បុគ្គលគប្បីសេពសប្បុរស ស្និទ្ធស្នាលឲ្យអស់កុំមានចិត្តខឹង
ទាំងធម៌សប្បុរសសត្រូវតែខំប្រឹង អ្នកដែលចេះដឹងតែងទៅឋានសួគ៌ ។
២៨- សព្ភិរេវ សមាថេ          សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ         សព្វទុក្ខា បមុច្វតិ ។
បុគ្គលគប្បីសេពសប្បុរស         ស្និទ្ធស្នាលឲ្យអស់កុំលាក់បិទបាំង
ទាំងធម៌សប្បុរសចេះឲ្យសម្រាំង អ្នកនោះបានតាំងសុខទៀងវែងឆ្ងាយ ។
២៩- សព្ភិរេវ សមាសេថ        សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ         សព្វទុក្ខា បមុច្ចតិ ។
បុគ្គលគប្បីសេពសប្បុរស ស្និទ្ធស្នាលឲ្យអស់អំពីចិត្តខ្លួន
ព្រោះដឹងច្បាស់ធម៌សប្បុរសមាំមួន រមែងរើខ្លួនរួចចាក់ទុក្ខទាំងពួង ។
៣០- ន កជេ ចាបកេ មិត្តេ          ន ភជេ បុរិសធមេ
កជេថ មិត្ត កល្យាណ          កជេថ បុរិសុត្តមេ ។
បុគ្គលមិនត្រូវសេពបាបមិត្ត មិនគួរចូលចិត្តជនទាបថោកទេ
ត្រូវសេពនឹងមិត្តកល្យាណ គួរសេពនឹងគេបុរសខ្ពង់ខ្ពស់ ។
៣១- ពាលសង្កតចារី ហិ ទីឃមទ្ធាន សោចតិ
ទុក្ខោ ពាលេហិ សំវាសោ អមិត្តេនេវ សព្វទា
ធីរោ ច សុខសំវាសោ        ញាតីនំវ សមាតមោ ។
អ្នកដែលនៅរួមជាមួយនឹងពាល សោយសោកអស់កាលយូរកើតពាលោ
នៅរួមនឹងពាលនាំទុក្ខពេញពោរ ដូចនៅនឹងចោរដែលជាសត្រូវ ។
នៅរួមអ្នកបានសុខពេកកូវ បីដូចជានៅរួមនឹងពួកញាតិ ។
៣២- អញ្ញទត្ថុហរោ មិត្តោ          យោ ច មីត្តោ វចីបរោ
អនុប្បិយញ្ចយោអាហ         អថាយេសុចយោសខា ។
មិត្តណាដែលគិតពីចង់បាន របស់ធនធានពីមិត្តផងគ្នា
មិត្តណាដែលបានតែមានវាចា ពីរោះពីសាត្រឹមចុងមាត់លេង ។
៣៣- ឯតេ អមិត្ត ចត្តារោ         ឥតិ វិញ្ញាយ បណ្ឌិតោ
អរកា បរិជេយ្យ          មត្តំ បដិភយ យថា ។
អ្នកប្រាជ្ញដឹងច្បាស់មិត្ត ៤ ពួកនោះ មិនពិតដូច្នោះត្រូវឈប់ស្នេហា
ចៀសពីមិត្តនោះដូចចៀសពស់ខ្លា ដូចអ្នកត្រូវការដើរចៀសផ្លូវភ័យ ។
៣៤- ឧបការោ ច យោ មិត្តោ         សុខទុក្ខោ ច យោ សខា
អត្ថក្ខាយី ច យោ មិត្តោ         យោច មិត្តោនុកម្បកោ ។
មិត្តណាអ្នកមានឧបការៈ សំឡាញ់ណាអ្នករួមសុខទុក្ខា
មិត្តណាអ្នកនាំប្រយោជន៍ពេញពោរ មិត្តណាចិត្តទោរទន់អនុគ្រោះ ។
៣៥- ឯតេបិ មិត្តេ ចត្តារោ         ឥតិ វិញ្ញាយ បណ្ឌិតោ
សក្កច្ចំ បយិរូបាសេយ្យ         មាតា បុត្តំវ ឱរសំ ។
អ្នកប្រាជ្ញដឹងច្បាស់មិត្ត ៤ ពួកនោះ ប្រាកដដូច្នោះថាមិត្តសម្រាំង
អង្គុយជិតមិត្តស្និទ្ធឥតបិទបាំង ដូចមាតាតាំងចិត្តនឹងកូននោះ ។
៣៦- បាបមិត្តេ វិវជ្ជត្វា          ភជេយ្យត្តមបុគ្គលំ
ឱវាទេ ចស្ស តិដ្ឋេយ្យ         បត្ថោន្តោ អចលំ សុខំ ។
បុគ្គលប្រាថ្នាសុខមិនកក្រើក         គប្បីតែលើកលែងមិត្តបាបខ្លាំង
ត្រូវសេពបុគ្គលឧត្តមសម្រាំង ហើយមានចិត្តតាំងក្នុងឱវាទ ។
(ចប់មិត្តវគ្គ)

៣៧- ឱវេទយេ្យានុសាសេយ្យ អសព្ភាច និវារយេ
សតំ ហិ សោ បិយោ ហោតិ         អសតំ ហោតិ អប្បិយោ ។
អ្នកប្រាជ្ញគួរប្រៀនប្រដៅពួកជន ប្រាមគេឲ្យទន់ចាកក្ដីពាលោ
ប្រាជ្ញនោះនឹងបានជាទីបិយោ សប្បុរសស្នេហាទាំងអស់ ។
តែមិនជាទីស្រឡាញ់របស់ អសប្បុរសទាំងឡាយនោះឡើយ ។
៣៨- ទុលភោ បុរិសាជញ្ញា         ន ស សព្វត្ថ ជាយតិ
យត្ថ សោ ជាយតិ ធីរោ        តំ កុលំ សុខមេធតិ ។
បុរសអាជានេយ្យកម្ររកបាន មិនកើតសព្វស្ថានគ្រប់ទីកន្លែង
កើតត្រកូលណាជួយគិតតាក់តែង ត្រកូលនោះឯងឲ្យបានសុខា ។
៣៩- យថា បនសា បក្កា          ចាហិកណ្ដកមេវ ច
អន្តោអមតបូរណា          ឯវំ សុជន ធម្មតា ។
ឯផ្លែខ្នុរទុំខាងក្រៅបន្លា         ក្នុងមានឱជារសដូចអម្រឹត
ធម្មតានៃជនជាអ្នកមានចិត្ត ស្អាតល្អប្រព្រឹត្តក៏ដូច្នោះឯង ។
៤០- អនាគតំ ភយំ ទិស្វា ទូរតោ បរិវជ្ជយេ
អនាគតញ្ច ភយំ ទិស្វា         អភីតោ ហោតិ បណ្ឌិតោ ។
បណ្ឌិតឃើញភ័យមុនមកដល់កាយ ចៀសវាងពីឆ្ងាយឲ្យផុតស្រឡះ
លុះភ័យមកដល់លោកជួបប្រទះ លោកដែលស្គាល់ច្បាស់មិនតក់ស្លុតឡើយ។
៤១- កណ្ឋិដ្ឋានេ ឯកបទេ នាតិមញ្ញេយ្យ បណ្ឌិតោ
កិមកោវេឡុបញ្ភារោ         តិមហាទិបភាណុកោ ។
បទធម៌ណាមួយអ្នកប្រាជ្ញចែងហើយ កុំមើលងាយឡើយថាខុសទទេ
ដូចព្រះអាទិត្យបំភ្លឺយើងគេ ដូចម្ដេចនឹងរេក្លាយជាឫស្សី ។
៤២- គុណទោសេសុនេកេន          អត្ថិកោ ច វិវជ្ជិតោ
សុខុមាលបទុមស្ស           នឡំ ភវតិកក្ខឡំ ។
អ្នកណាមួយវៀរចាកគុណនឹងទោស គឺត្រូវនឹងខុសតែមួយពុំបាន
ប៉ុនជាតិផ្កាឈូកដែលគេរាប់អាន ថាល្អគង់មានទងនៅគ្រោតគ្រាត ។
៤៣- អន្នទោ ពលទោ ហោតិ         វត្ថទោ ហោតិ វណ្ណទោ
យានទោ សុខទោ ហោតិ ទីបទោ ហោតិ ចក្ខុទោ
យោចសព្វទទោហោតិ          យោ ទទាតិឧបស្សយំ
អមតន្ទទោចសោហោតិ          យោ ធម្មំ អនុសាសតិ ។
ការឲ្យទានបាយដូចឲ្យកំលាំង ឲ្យគ្រឿងបិទបាំងដល់គេស្លៀកពាក់
ដូចឲ្យសម្បុរពណ៌ដល់នាងអ្នក ព្រោះគ្រឿងស្លៀកពាក់ឲ្យល្អស្មើមុខ ។
ឲ្យយានជំនិះដូចឲ្យក្ដីសុខ ឲ្យប្រទីបទុកដូចឲ្យទានភ្នែក
អ្នកឲ្យទីនៅដូចឲ្យចំណែក របស់គ្រប់ប៉ែករបស់ទាំងនោះ ។
អ្នកប្រដៅធម៌ដោយអនុគ្រោះ ចិត្តស្មោះចំពោះឲ្យគេបានត្រូវ
ដូចដឹកដៃខ្វាក់ឲ្យដើរត្រង់ផ្លូវ          អ្នកនោះលោកហៅថាឲ្យនិព្វាន ។
៤៤- តិណទោសានិ ខេត្តានិ          រាគទោសា អយំ បជា
តស្មា ហិ វីតរាតេសុ          ទិន្នំ ហោតិ មហ ប្ជលំ ។
ស្រែស្រូវមានស្មៅជាទោសឲ្យអាក់         សត្វមានរាគៈជាទោសដល់ប្រាណ
ទានជនឲ្យហើយក្នុងលោកដែលគ្មាន រាគៈនោះបានផលច្រើនពេកក្រៃ ។
៤៥- តិណទោសានិ ខេត្តានិ        ទោសទោសា អយំ បជា
តស្មា ហិ វីតទោសេសុ         ទិន្នំ ហោតិ មហប្ជលំ ។
ស្រែស្រូវមានស្មៅជាទោសឲ្យអាក់ សត្វមានទោសៈជាទោសដល់ប្រាណ
ទានជនឲ្យហើយក្នុងលោកដែលគ្មាន ទោសៈនោះបានផលច្រើនពេកក្រៃ ។
៤៦- តិណទោសានិ ខេត្តានិ   មោហទោសា អយំ បជា
តស្មា ហិ វីតមោហេសុ         ទិន្នំ ហោតិ មហប្ជលំ ។
ស្រែស្រូវមានស្មៅជាទោសឲ្យអាក់ សត្វមានមោហៈជាទោសដល់ប្រាណ
ទានជនឲ្យហើយក្នុងលោកដែលគ្មាន មោហៈនោះបានផលច្រើនពេកក្រៃ ។
៤៧- តិណទោសានិ ខេត្តានិ        ឥច្ឆាទោសា អយំ បជា
តស្មា ហិ វីតតិច្ឆសុ          ទិន្នំ ហោតិ មហប្ជលំ ។
ស្រែស្រូវមានស្មៅជាទោសឲ្យអាក់ សត្វមានឥច្ឆាជាទោសដល់ប្រាណ
ទានជនឲ្យហើយក្នុងលោកដែលគ្មាន ឥច្ឆានោះបានផលច្រើនពេកក្រៃ ។
យំកិញ្ជិ កុសលកម្មំ        កត្តព្វំ កិរិយំ មម
កាយេន វាចាមនសា         តិទសេ សុគតំ កតំ
យេ សត្តា សញ្ញិនោ អត្ថិ   យេច សត្តា អសញ្ញិនោ
កតំ បុញ្ញផលំ មយ្ហំ        សព្វេ ភាគី ភវន្តុ តេ
យេ តំ កតំ សុវិទិតំ      ទិន្នំ បុញ្ញផលំ មយា
យេ ច តត្ថ ជានន្តុិ        ទេវា តន្ត្វា និវេទយុំ
សព្វេលោកម្ហិយេសត្តា       ជីវន្តាហារហេតុកា
មនុញ្ញំ ភោជនំ សព្វេ        លព្ភន្តុ មម ចេតសា ។
កុសលកម្មតិចតូចឯណា        ដែលខ្ញុំជ្រះថ្លាហើយខ្ញុំបានធ្វើ
ដោយកាយវាចាចិត្តខ្ញុំអើពើ គួរនាំទៅលើកើតស្ថានត្រៃត្រឹង្ស ។
សត្វមានសញ្ញាឯណាបានដឹង បុណ្យដែលខ្ញុំប្រឹងខំធ្វើនេះក្ដី
សូម្បីពួកសត្វជាអសញ្ញី          ក៏ខ្ញុំគប្បីចែកបុណ្យនេះឲ្យ ។
ថាបើពួកសត្វនោះមិនដឹងហើយ ក៏ខ្ញុំសូមឲ្យទេព្ដាមានឫទ្ធី
អញ្ជើញទៅប្រាប់ទៅដាស់តឿនចិត្ត ដោយក្ដីអាណិតសត្វក្នុងលោកា ។
ឲ្យបានដឹងហើយដោយចិត្តមេត្តា ត្រេកអរគ្រប់គ្នាក្នុងលោកទាំងមូល
សូមមានអាហាររស់នៅដោយស្រួល ដោយបានទទួលផលបុណ្យនេះហោង ។

No comments:

Post a Comment