Wednesday, 1 June 2016

រឿង​នាង​បដាចារ
របៀបតែងកាព្យពាក្យ៧



សូមមេត្តាអានសង្កេតកាព្យដ៏ល្អនេះ


រឿង​នាង​បដាចារ

សាមណេរ គក គីឡេង  វត្ត​ឧណ្ណាលោម ភ្នំពេញ
ប្រែ​រៀបរៀង ជា​កាព្យ​ពាក្យ​៧
ឃុនសុវត្ថិ៍វេទី  យូរ អ៊ុន  ពិនិត្យ​កែ

          ខ្ញុំ​សូម​តែង​រឿង​បដាចារ               ជា​កាព្យ​វោហារ​ដោយ​បរិយាយ
          ទុក​សម្រាប់​ពួក​ពុទ្ធ​និកាយ            មើល​ស្ដាប់​ឲ្យ​ក្លាយ​ឃ្លាត​នីវរណា ។
          និទាន​ថា​មាន​កូន​សេដ្ឋី                ជា​ស្រី​រូប​ល្អ​សាច់​ស្រស់​ថ្លា
          អាយុ​ដប់​ប្រាំ​មួយ​វស្សា                 បិតា​មាន​ទ្រព្យ​សែសិប​កោដិ ។
          នៅ​ក្នុង​នគរ​សាវត្ថី                       មាន​ឈ្មោះ​ឮ​ល្បី​គួរ​ឲ្យ​កោត
          ធីតា​ប្រិមប្រិយ​ល្បី​នាម​គោត្រ        រូប​សោត​ល្អ​ផុត​ស្រី​នា​នា ។
          មាតា​ឲ្យ​នៅ​លើ​ប្រាសាទ               ប្រាំ​ពីរ​ជាន់​ស្អាត​សម​សោភា
          មាន​ស្រី​បំរើ​ប្រសើរ​ជា                  ឥត​ទុក្ខ​វេទនា​ពេល​ណា​ឡើយ ។
          គ្រា​មួយ​មាន​ប្រុស​ពូជ​សេដ្ឋី          ចូល​ស្ដី​បិតា​ក៏​ព្រម​ហើយ
          បំរុង​ការ​ឆាប់​មិន​ព្រងើយ              កម្ម​អើយ​ទាញ​នាង​ឲ្យ​ឃ្លាតឃ្លា ។
          នាំ​នាង​ឲ្យ​ស្រឡាញ់​ខ្ញុំ​ឯង             វង្វេង​ភ្លេច​គិត​ការ​ល្អ​ជា
          យក​ខ្ញុំ​ធ្វើ​ប្ដី​មិន​រួញរា                    មាតា​បិតា​ឥត​ដឹង​សោះ ។
          ថ្ងៃ​ក្រោយ​ធីតា​ភិតភ័យ​ខ្លាំង          ស្លុងស្លុត​ស្លន់ស្លាំង​ញ័រ​ពង់​ពោះ
          ហើយ​នាង​និយាយ​គិត​ពិគ្រោះ      នឹង​ប្ដី​នាង​នោះ​ដូច្នេះ​ថា ។
          បង​អើយ​យើង​នៅ​នេះ​មិន​បាន      ក្រែង​គេ​ដឹង​ដាន​បែក​ការ​ណា
          ប្រសិន​បើ​ដឹង​ដល់​បិតា                 គាត់​ផ្ដាច់​ជីវ៉ា​យើង​មិន​ខាន ។
          តែ​យើង​បង្អង់​នឹង​បាន​ទុក្ខ            ដ្បិត​ម្ដាយ​ឪពុក​ទាំង​ពីរ​ប្រាណ
          គេ​មក​ដណ្ដឹង​ខ្ញុំ​ស្មោះស្មាន           គាត់​បាន​ឲ្យ​ខ្ញុំ​ទៅ​គេ​ហើយ ។
          គេ​នឹង​នាំ​គ្រឿង​ព័ស្តុបណ្ណា           មក​ជូន​បិតា​មិន​យូរ​ឡើយ
          ខ្ញុំ​ព្រួយ​ខ្លាំង​ណាស់​ទុក្ខ​ឥត​ស្បើយ  ដូច្នេះ​បង​អើយ​យើង​ត្រូវ​រត់ ។
          កាល​នោះ​ស្រុះ​ចិត្ត​ទាំង​ពីរ​នាក់      វេច​គ្រឿង​ស្លៀកពាក់​អាវ​សំពត់
          យប់​ជ្រៅ​ភ័យ​ជ្រួល​នាំ​គ្នា​រត់          គួរ​គិត​កំសត់​ដល់​ធីតា ។
          ធ្លាប់​សុខ​បាន​ទុក្ខ​មក​ដល់​ប្រាណ   ដើរ​ទៅ​ដោយ​ដាន​ឋាន​ព្រឹក្សា
          លេច​វាល​ចូល​ព្រៃ​ទ្វេ​រូបា               មុខ​គួរ​អនិច្ចា​ពន់​ពេក​ក្រៃ ។
          ទៅ​ដល់​ស្រុក​មួយ​ឆ្ងាយ​លន្លោច     ត្រមោច​ឥត​ញាតិ​ពឹង​ប្រស្រ័យ
          នាំ​គ្នា​ធ្វើ​ខ្ទម​នៅ​ក្បែរ​ព្រៃ                យក​អ្នក​ដទៃ​ធ្វើ​ញាតា ។
          រក​ស៊ី​កាប់​ឧប​ធ្វើ​ស្រែ​ស្រូវ             លំបាក​ពេក​កូវ​ឥត​ឧបមា
          ពីរ​នាក់​ស្វាមី​នឹង​ភរិយា                កំសត់​វេទនា​ប្រៀប​ពុំ​បាន ។
          មុខ​គួរ​អាសូរ​កូន​សេដ្ឋី                  ជា​ស្រី​ធ្លាប់​សុខ​ឥត​រំខាន
          ពេល​នោះ​ពិបាក​ដល់​អង្គ​ប្រាណ    ទំនេរ​ពុំ​បាន​ក្នុង​ពេល​ណា ។
          ធ្វើ​ការ​នឿយ​ហត់​ជា​ប្រក្រតី          បំរើ​ស្វាមី​នៃ​អាត្មា
          កើត​ទុក្ខ​ក្នុង​ចិត្ត​គិត​ខ្លោច​ផ្សា         ស្រក់​ទឹក​នេត្រា​ឥត​មាន​ស្បើយ ។
          លុះ​នាង​មាន​គភ៌​ក្នុង​ផ្ទៃ​ពោះ         គឺ​ហេតុ​កម្ម​គ្រោះ​មក​ដល់​ហើយ
          ព្រួយ​ប្រាណ​ណែន​ទ្រូង​ឥត​មាន​ស្បើយ   កើត​ទុក្ខ​ពេញ​ហើយ​ក្នុង​ឧរា ។
          ទើប​នាង​បបួល​ប្រុស​ជា​ប្ដី             សូម​ឲ្យ​ស្វាមី​មាន​មេត្តា
          អាណិត​ជូន​ប្អូន​ទៅ​មាតា              ប្រសូត្រ​បុត្រា​ណា​ប្រុស​ថ្លៃ ។
          បើ​ប្អូន​ប្រសូត​ក្នុង​ទី​ហ្នឹង               គ្មាន​ញាតិ​ណា​ដឹង​ជួយ​ទុក្ខ​ភ័យ
          ដូច្នេះ​សូម​អ្នក​បង​ថ្លើមថ្លៃ             លកលៃ​ជូន​ប្អូន​ទៅ​ឆាប់​រ៉ា ។
          ទើប​ប្រុស​ជា​ប្ដី​និយាយ​ប្រាប់         ប្អូន​អើយ​ចាំ​ស្ដាប់​បង​ចរចា
          ថា​បើ​បង​ជូន​ទៅ​កាលណា            មាតា​បិតា​នឹង​សម្លាប់ ។
          ទើប​នាង​ពន្យល់​ដូច្នេះ​ថា              សូម​បង​មេត្តា​កុំ​សារស័ព្ទ
          ធម្មតា​បិតា​មិន​សម្លាប់                  ធ្វើ​ឲ្យ​កូន​ស្លាប់​នោះ​គ្មាន​ឡើយ ។
          បើ​ខឹង​ខ្លាំង​ណាស់​កន្លះ​ខែ            ឲ្យ​តែ​បាត់​យូរ​នឹក​ឥត​ស្បើយ
          ចិត្ត​ទន់​នឹង​កូន​មិន​លែង​ឡើយ      បង​អើយ​ជូន​ប្អូន​ទៅ​ឆាប់​ណា ។
          ប្អូន​មាន​ទម្ងន់​ធ្ងន់​ក្នុង​ខ្លួន             ទុក្ខ​ធំ​ងំ​ផ្ទួន​ក្នុង​កាយា
          គ្មាន​ញាតិ​ណា​មួយ​ជួយ​រក្សា        មេត្តា​ជូន​ខ្ញុំ​ទៅ​កុំ​ខាន ។
          ចំណែក​ស្វាមី​ស្ដី​ប្រកែក               ជជែក​មិន​ហ៊ាន​ជូន​ស្មោះស្មាន
          ព្រោះ​ខ្លាច​អន្តរាយ​ស្លាប់​ដល់​ប្រាណ        ឬ​ក្រែង​មិន​បាន​សម​ប្រាថ្នា ។
          ថ្ងៃ​ក្រោយ​បុរស​ជា​ស្វាមី                ត្រាច់​ខ្មី​កាប់​ឧស​ក្នុង​ព្រឹក្សា
          ចំណែក​នាង​បដាចារា                  ព្រួយ​ក្នុង​ចិន្ដា​ពុំ​មាន​ស្បើយ ។
          នាង​ផ្ដាំ​អ្នក​ស្រុក​ជិត​ខាង​ថា          ឱ ! លោក​យាយ​តា​បង​ប្អូន​អើយ
          ថា​បើ​ប្ដី​ខ្ញុំ​មក​ដល់​ហើយ               អ្នក​កុំ​កន្តើយ​សូម​មេត្តា ។
          ប្រាប់​គាត់​ថា​ខ្ញុំ​វិល​ទៅ​ស្រុក           ដ្បិត​ខ្ញុំ​វិតក្ក​ទុក្ខ​ខ្លោច​ផ្សា
          ផ្ដាំ​ស្រេច​នាង​បដាចារា                 យាត្រា​ដើរ​កាត់​តាម​ព្រៃ​ជ្រៅ ។
          មុខ​គួរ​ឲ្យ​ខ្លាច​ក្នុង​ព្រៃ​ភ្នំ                សូរសៀង​សត្វ​យំ​ឮ​សន្ធៅ
          នាង​ព្រួយ​ខំ​ប្រឹង​កាត់​ចិត្ត​ទៅ         ដើរ​ក្នុង​ព្រៃ​ជ្រៅ​តែ​ម្នាក់​ឯង ។
          និយាយ​ពី​ខាង​ប្រុស​ជា​ប្ដី              វិល​ខ្មី​ចាក​ព្រៃ​ដាច់​សង្វែង
          ដល់​ខ្ទម​គេ​ប្រាប់​យ៉ាង​ជាក់​ស្ដែង    ភរិយា​អ្នក​ឯង​ទៅ​ស្រុក​ហើយ ។
          បុរស​ជា​ប្ដី​ស្ដី​ខ្សឹកខ្សួល                 អាក់អួល​ក្នុង​ទ្រូង​មិន​មាន​ស្បើយ
          ស្រែក​ទួញ​រត់​តាម​នាង​ទាន់​ហើយ  និយាយ​ឆ្លងឆ្លើយ​ដូច្នេះ​ថា ។
          ហេតុ​អ្វី​ក៏​ស្រីស្រស់​ចំណាប់           នាង​មក​មិន​ប្រាប់​ដល់​រៀមរ៉ា
          ឲ្យ​រៀម​ភិតភ័យ​ភ័ន្ត​ចិន្ដា               សោកា​ហា​មាត់​រត់​តាម​ប្អូន ។
          ទេស​កាល​ពេល​នោះ​នាង​ឈឺ​ពោះ  គឺ​មោះ​ខ្យល់​បក់​បង្វិល​កូន
          ប្រសូត​ក្នុង​ព្រៃ​ស្ងាត់​សុង​សូន្យ       សូរសៀង​ស័ព្ទ​កូន​យំ​ខ្លោចផ្សា ។
          ប្រសូត​រួច​ហើយ​ទើប​ស្វាមី            លួង​លោម​ស្រដី​ដូច្នេះ​ថា
          ប្អូន​អើយ​បំណង​នាង​ប្រាថ្នា          ទៅ​ស្រុក​មាតា​ប្រសូត​បុត្រ ។
          ឥឡូវ​ប្រសូត​រួច​ស្រេច​ហើយ         បាន​ស្បើយ​ពី​ទុក្ខ​ធំ​បំផុត
          ល្មម​យើង​ទៅ​ខ្ទម​ស្ងួន​បរិសុទ្ធ        ថែ​រក្សា​បុត្រ​ទៅ​តាម​កម្ម ។
          ស្រី​ព្រម​ល្មម​ចិត្ត​នាំ​គ្នា​ទៅ             កាន់​ខ្ទម​លំនៅ​ខំ​ប្រឹង​ទ្រាំ
          ពិបាក​ទុក្ខ​ព្រួយ​ព្រោះ​កម្ម​នាំ          ជឿ​ជាំ​ក្នុង​ចិត្ត​ឥត​ឧបមា ។
          នៅ​យូរ​ខែ​ទៅ​មាន​គភ៌​ទៀត           ចង្អៀត​ណែន​ណាន់​ដោយ​ទុក្ខា
          ព្រួយ​ប្រាណ​ទឹក​ភ្នែក​ជោក​ភក្រ្តា    ខ្លោចផ្សា​ខ្វល់ខ្វាយ​រាល់​ថ្ងៃ​ខែ ។
          លោម​ឲ្យ​ភស្ដា​ជូន​ទៅ​ស្រុក           នៃ​ម្ដាយ​ឪពុក​មាន​គុណ​ក្រៃ
          ចំណែក​ភស្ដា​មាន​ហ្ឫទ័យ             នឹក​ភ័យ​មិន​ហ៊ាន​ជូន​ទៅ​សោះ ។
          ទើប​នាង​ព​កូន​លប​រត់​ទៅ             ប៉ុន្តែ​ចិត្ត​នៅ​នឹក​អាឡោះ
          ទួញ​សោក​រាប់​រៀប​ញ័រ​ពង់​ពោះ    គួរ​ឲ្យ​ស្រណោះ​ឥត​ឧបមា ។
          ស្រែក​ទួញ​ថា​ឱ​អ្នក​ស្វាមី              ហេតុ​អ្វី​អ្នក​កាត់​ក្ដី​មេត្តា
          មិន​ព្រម​ជូន​ប្អូន​ទៅ​មាតា              ឲ្យ​កើត​ទុក្ខា​ព្រួយ​ដល់​ម្ល៉ឹង ។
          ចិត្ត​អ្នក​ប្រហែល​មិន​អាណិត         អាសូរ​ដល់​ចិត្ត​ប្អូន​ខំ​ប្រឹង
          ទ្រាំ​ស៊ូ​នឹង​អ្នក​ពិបាក​ម្ល៉ឹង               ឬ​អ្នក​មិន​ដឹង​ចិត្ត​ប្អូន​ទេ ។
          កម្ម​ប្អូន​នាំ​ឲ្យ​ស្រឡាញ់​ជាក់          កម្ម​អ្នក​នាំ​ស្ម័គ្រ​ចិត្ត​ស្និទ្ធ​ស្នេហ៍
          ស៊ូ​ស្លាប់​ស៊ូ​រស់​ពី​ព្រោះ​តែ              ចិត្ត​ស្មោះ​ប្រែ​ខ្វែខ្វែង​ចិន្ដា ។
          កូន​អើយ​ខ្លួន​ម្ដាយ​ម្ដង​នេះ​ហើយ   ឥត​មាន​កោះ​ត្រើយ​ទ្រាំ​ទុក្ខា
          គឺ​កម្ម​កូន​ឯង​នឹង​មាតា                 គ្មាន​អ្នក​ឯណា​ទីពឹង​ប្រាណ ។
          នាង​ដើរ​ទាំង​យប់​ងងឹត​សូន្យ         តែ​ម្ដាយ​នឹង​កូន​ក្នុង​ស្មះស្មាញ
          លុះ​ដល់​អធ្រាតុ​ទើប​នាង​បាន        ដល់​ឋាន​ព្រៃ​ជ្រៅ​នៅ​ខ្លោចផ្សា ។
            ក្សិណ​នោះ​បុរស​ជា​ស្វាមី             អស្ដង្កត​រស្មី​ព្រះ​សុរិយា
           ចេញ​មក​ដល់​ខ្ទម​គេ​ប្រាប់​ថា                  ប្រពន្ធ​យាត្រា​ទៅ​ស្រុក​ហើយ ។
           ទើប​ប្ដី​ភិត​ភ័យ​ប្រឹង​រត់​តាម                     ទឹក​ភ្នែក​ហូរ​រហាម​ពុំ​មាន​ស្បើយ
             ទួញ​ថា​ឱ​ប្អូន​សង្សារ​អើយ                      ម្ដេច​ឡើយ​កាត់​ចិត្ត​ចាក​ស្នេហា ។
                 ប្រហែល​ជា​ប្អូន​មិន​អាណិត                    អាសូរ​ដល់​ចិត្ត​បង​ទេរ៉ា
                   កំពុង​ស្រឡាញ់​ពេញ​ចិន្ដា                      ម្ដេច​ប្អូន​ស្នេហា​ដាច់​អាល័យ ។
                   ទួញ​ហើយ​រត់​តាម​ទាន់​យប់​នោះ             តែ​អកុសល​គ្រោះ​កាច​ចង្រៃ
                   បណ្ដាល​ភ្លៀង​ផ្គរ​ព្យុះ​ខ្លាំង​ក្រៃ                 ស្រី​ទន់​ជើង​ដៃ​ភ័យ​មហិមា ។
                     នាង​ឈឺ​ពោះ​ដេក​លើ​ផែនដី                   ឯ​ប្ដី​ភិត​ភ័យ​ស្ទុះ​ម្នីម្នា
                   នាង​ដេក​ស្រែក​ទួញ​ក្នុង​ព្រឹក្សា                ឥត​មាន​អ្នកណា​បាន​ដឹង​ឡើយ ។
                   ពេល​ភ្លៀង​នោះ​នាង​ប្រសូត​កូន               ក្នុង​ព្រៃ​ស្ងាត់​សូន្យ​យំ​ឮ​ល្វើយ
                   លុះ​នាង​ប្រសូត​កូន​រួច​ហើយ                  ញាប់ញ័រ​ឥត​ស្បើយ​សព្វ​កាយា ។
                   កូន​តូច​កូន​ធំ​យំ​ក្ដែង​ៗ                           អាសូរ​សំឡេង​កុមារា
                   ក្នុង​រាត្រី​ស្ងាត់​នា​ព្រឹក្សា                          ភ្លៀង​ផ្គរ​សង្ឃរា​ឮ​ខ្ទរខ្ទារ ។
                   នាង​ក្រាប​ក្រុង​កូន​ទាំង​ពីរ​ពង្ស                ច្រត់​ក្បាល​ជង្គង់​ប្រឹង​ការពារ
                   ចំណែក​ស្វាមី​ភ័យ​ស្ទុះស្ទារ                     ទៅ​ពុំ​យូរយារ​រក​កាប់​ឧស ។
                   ដើម្បី​ដុត​អាំង​កំដៅ​ប្រាណ                     បដាចារ​កល្យាណ​ក្នុង​កាល​នោះ
                   ដើរ​ទៅ​រាវ​ស្ទាប​រក​កាប់​ឧស                    មាន​ពស់​វែក​មួយ​ពិស​យ៉ាង​ខ្លាំង ។
                   ឮ​សូរ​ចេញ​មក​ចឹក​ចិញ្ចើម                     ពិស​រត់​រោល​ថ្លើម​ដាច់​ជីវ័ង្ក
                   ស្លាប់​ស្ដូក​ដេក​ស្ដឹង​រូប​រឹង​គាំង                 រូប​អើយ​អនិច្ចំ​ក្នុង​ព្រឹក្សា ។
                   ចំណែក​ភរិយា​ចាំ​យូរ​ពេក                      ស្ងាត់​សូន្យ​វិវេក​ក្នុង​ចិន្ដា
                   ទន្ទឹង​ស្វាមី​ខ្លាំង​ពេក​ណា                        ហើយ​បី​បុត្រា​ដើរ​ទៅ​តាម ។
                   ដឹក​ដៃ​កូន​ធុំ​បី​កូន​ខ្ចី                               ជា​ស្រី​ស្រែក​ទួញ​ភ្នែក​រហាម
                   ប្រញាប់​ប្រញាល់​ត្រាច់​គន់​ស្នាម             ដើរ​តាម​ស្រែក​ហៅ​រក​សាមិកា ។
                   នាង​បាន​ឃើញ​ប្ដី​ដេក​ស្ដូកស្ដឹង               ឥត​ដឹង​ស្មារតី​ក្នុង​ព្រឹក្សា
                   នាង​លូក​ដៃ​ស្ទាប​សព្វ​កាយា                   ដឹង​ថា​ប្ដី​ក្ស័យ​ដូច្នោះ​ហើយ ។
                   នាង​អួល​អាក់​អន់​ស្ទើរ​ធ្លាក់​ថ្លើម               ដង្ហើម​ធុញ​ថប់​ឥត​មាន​ស្បើយ
                   ទួញ​ថា​ឱះ​ឱ​ស្វាមី​អើយ                          ស្លាប់​ហើយ​ចោល​ខ្ញុំ​នៅ​កំព្រា ។
                   អ្នក​ធ្លាប់​រស់​នៅ​រួម​សុខ​ទុក្ខ                     ពី​នេះ​ទៅ​មុខ​ប្អូន​វេទនា
                   មិន​គួរ​អ្នក​មក​ក្ស័យ​ជន្មា                        ឲ្យ​ប្អូន​កំព្រា​ដូច្នេះ​សោះ ។
                   អ្នក​ស្លាប់​ចោល​ប្អូន​គូ​ពិសី                       ចោល​ទាំង​កូន​ខ្ចី​នៅ​បៅ​ដោះ
                   ចោល​ទាំង​កូន​ច្បង​ឲ្យ​ក្រៀមក្រោះ           ឲ្យ​ប្អូន​រង​គ្រោះ​ទុក្ខ​ស្ទើរ​ក្ស័យ ។
                   បើ​នៅ​ជា​មួយ​អ្នក​ជា​ខ្មោច                      រែង​ខ្លោច​ផ្សា​ចិត្ត​ពន់​ពេក​ក្រៃ
                    នឹង​ទៅ​ចោល​អ្នក​ចិត្ត​អាល័យ                  អ្នក​នៅ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង ។
                   អ្នក​មាន​តែ​សត្វ​ជា​បរិវារ                        នៅ​តែ​ឯកា​រែង​កណ្ដែង
                   មាន​តែ​ហ្វូង​សត្វ​ដើរ​ខ្វាត់ខ្វែង                 ចំបែង​ចិត្ត​ណាស់​ណា​មាស​ថ្លៃ ។
                   ណ្ហើយ​ចុះ​ប្អូន​សូម​លា​អ្នក​ទៅ                 សំដៅ​មាតុភូមិ​តាម​និស្ស័យ
                   ធ្វើ​ម្ដេច​កម្ម​យើង​កាច​ចង្រៃ                     ឲ្យ​អ្នក​ប្រុស​ថ្លៃ​ក្ស័យ​ចោល​ទៅ ។
                   នាង​លា​ខ្មោច​ប្ដី​ស្រេច​កាលណា              ទំនួញ​សោកា​សែន​ក្ដួលក្ដៅ
                   អាក់​អួល​ក្ដុក​ក្ដួល​ចុក​ណែន​នៅ               ខំ​កាត់​ចិត្ត​ទៅ​ក្នុង​ព្រឹក្សា ។
                   ដៃ​ឆ្វេង​នាង​ដឹក​ដៃ​កូន​ច្បង                     ដៃ​ស្ដាំ​ត្រកង​កូន​ពៅ​ណា
                   សម្រក់​ទឹក​ភ្នែក​ទន់​កាយា                       ដើរ​ក្នុង​ព្រឹក្សា​ខ្លាច​សត្វ​ផង ។
                   កូន​តូច​កូន​ធំ​ស្រែក​យំ​ថ្ងូរ                       គួរ​ឲ្យ​អាសូរ​ពេក​កន្លង
                   នាង​ទួញ​លួង​លោម​កូន​ទាំង​សង            កែវ​ល្អង​ម្ដាយ​អើយ​នាង​កុំ​យំ ។
                   កូន​អើយ​នុ៎ះហ្ន៎​សត្វ​សារិកា                     វា​នាំ​ឈ្មោល​ញី​ស៊ី​ចេក​ទុំ
                   ដូច​ម្ដាយ​កាល​ដើម​នៅ​ជួប​ជុំ                   ឥឡូវ​ឪ​មុំមណ៍​ជីវា ។
                   កូន​អើយ​អ្នក​មើល​នុ៎ះ​សត្វ​ខ្លែង               វា​ហើរ​ខ្វាត់ខ្វែង​ឃ្លាត​ពី​គ្នា
                   ដូច​ម្ដាយ​បែក​ពី​ឪពុក​បា                         កំព្រា​ខ្លោច​ផ្សា​ពុំ​មាន​ស្បើយ ។
                   កូន​ចូរ​មើល​សេក​ហើរ​ទាំង​គូ                   បី​ដូច​ម្ដាយ​ស៊ូ​ចេញ​មក​ហើយ
                   ពីរ​នាក់​បិតា​កូន​ត្រាណ​ត្រើយ                 កូន​អើយ​ឥឡូវ​ម្ដាយ​ខ្លោចផ្សា ។
                   កូន​ចូរ​មើល​ស្វា​ឱប​មេ​វា                         ដូច​កូន​ស្ងួន​ភ្ងា​នឹង​មាតា
                   ម្ដាយ​បី​ថ្នាក់​ថ្នម​ដឹក​ដៃ​បា                       អនិច្ចា​ចិត្ត​ណាស់​ណា​កូន​ម្ដាយ ។
                   កូន​អើយ​កុំ​យំ​មើល​ព្រឹក្ស​ព្រៃ                  ឈើ​ខ្ពស់​ទ្រឈៃ​មែក​ត្រសាយ
                   មាន​ទោច​ឈ្មោល​ញី​លោត​ប្រញាយ       បេះ​ផល​ទាំង​ឡាយ​ប្រឡែង​គ្នា ។
                   មើល​ដើម​សុក្រំ​ដុះ​ប្រកិត                       សុក្រំ​ក្រំ​ចិត្ត​ទ្រាំ​វេទនា
                   ដើម​ស្ដៅ​ម្ដាយ​ស្ដាយ​ឥត​គណនា            មិន​គួរ​ឃ្លាត​ឃ្លា​បិតា​អ្នក ។
                   កូន​អើយ​ពី​ថ្ងៃ​នេះ​ទៅ​មុខ                       ខ្លួន​ម្ដាយ​បាន​ទុក្ខ​ព្រួយ​ឥត​អាក់
                   ដូច​ផែន​ថ្ម​ធំ​គេ​លើក​ដាក់                       ទំលាក់​លើ​ទ្រូង​ធ្ងន់​ណាស់​ណា ។
                   ទុក្ខ​ម្ដាយ​ក៏​ធ្ងន់​យ៉ាង​នោះ​ដែរ                  មិន​ស្រាក​មិន​ល្ហែ​ពី​កាយា
                   កូន​អើយ​កុំ​យំ​កុំ​សោកា                          អាណិត​មាតា​ណា​មាស​ម្ដាយ ។
                   លុះ​នាង​ដើរ​ផុត​ព្រៃ​នោះ​ទៅ                   ឃើញ​ស្ទឹង​មួយ​នៅ​ជិត​មិន​ឆ្ងាយ
                   នាង​ភិត​ភ័យ​ខ្លាំង​ញ័រ​អង្គកាយ                ត្រី​ផង​ទាំង​ឡាយ​ហែល​ត្រៀបត្រា ។
                   នាង​ដាក់​កូន​ធំ​ត្រើយ​អាយ​ខ្មី                  ហើយ​បី​កូន​ខ្ចី​ឆ្លង​ស្ទឹង​ថ្លា
                   ដល់​ត្រើយ​ហើយ​បេះ​ស្លឹក​ព្រឹក្សា             ក្រាល​ផ្ដេក​បុត្រា​ហើយ​ត្រឡប់ ។
                   មក​យក​កូន​ធំ​នៅ​ត្រើយ​អាយ                 ភិត​ភ័យ​ក្នុង​កាយ​ញ័រ​ចំប្រប់
                   នឹក​ព្រួយ​ក្នុង​ចិត្ត​សែន​ធុញ​ថប់               ត្រឡប់​បែរ​មុខ​មើល​កូន​ខ្ចី ។
                   មាន​សត្វ​ខ្លែង​មួយ​ធំ​ចំឡែក                    ធំ​ប្លែក​ជាង​សត្វ​ខ្លែង​ប្រក្រតី
                   ហើរ​វិល​ក្រឡឹង​ជិត​កូន​ខ្ចី                        រំពៃ​គិត​ស្មាន​ថា​មំសា ។
                   នាង​ឃើញ​ទះ​ដៃ​ស្រែក​ដេញ​ខ្លាំង            កូន​ធំ​នោះ​ឯង​គិត​ស្មាន​ថា
                   ម្ដាយ​បក់​ដៃ​ហៅ​រក​អាត្មា                        ស្រវា​ចុះ​ទឹក​លង់​ស្លាប់​ទៅ ។
                   ចំណែក​កូន​ខ្ចី​ខ្លែង​ឆាប​យក                    ទៅ​លើ​ពពក​ខ្ពស់​សន្ធៅ
                   នាង​ស្ទុះ​ឆ្លេឆ្លា​ក្នុង​ទឹក​ជ្រៅ                      ស្លាប់​កូន​គ្មាន​នៅ​សល់​មួយ​ឡើយ ។
                   មុខ​គួរ​អាសូរ​នាង​ណាស់​សា                   ស្រែក​ទួញ​យំ​ថា​មាស​ម្ដាយ​អើយ
                   ម្ដាយ​បាន​នរណា​ពឹង​ជា​ត្រើយ                កូន​អើយ​អ្នក​ស្លាប់​ចោល​មាតា ។
                   ម្ដាយ​ខំ​ដឹក​ដៃ​ព​ថ្នាក់ថ្នម                        ម្ដាយ​ខំ​បី​បម​ថែ​រក្សា
                   ឥឡូវ​កម្ម​កូន​សូន្យ​ជីវ៉ា                           ព្រាត់​ចោល​មាតា​ស្លាប់​បាត់​ឈឹង ។
                   ពី​ថ្ងៃ​នេះ​ទៅ​ខ្លួន​មាតា                            ពុំ​ក្សាន្ត​ចិន្ដា​ទុក្ខ​តានតឹង
                   ស្លាប់​កូន​ស្លាប់​ប្ដី​កម្ម​អ្វី​ហ្នឹង                     បើ​ម្ល៉ឹង​ទ្រូង​ម្ដាយ​ទ្រាំ​ម្ដេច​បាន ។
                   រួច​ទើប​នាង​ឆ្លង​ផុត​ស្ទឹង​នោះ                  ដើរ​ឆ្ពោះ​ទៅ​ជួប​ប្រុស​ឯកា
                   នាង​សួរ​ថា​អ្នក​មក​ពីណា ?                    គេ​ថា​ខ្ញុំ​មក​ពី​សាវត្ថី ។
                   នាង​សួរ​ថា​អ្នក​ស្គាល់​បិតា                       ញាតិកា​នៃ​ខ្ញុំ​ដែរ​ឬ​អី ?
                   គាត់​ជា​អ្នក​មាន​ធនធាន​ល្បី                    ធ្វើ​ជា​សេដ្ឋី​ក្រុង​នេះ​ណា ។
                   ប្រុស​នោះ​ប្រាប់​ថា​ឱ​អ្នកស្រី                    សេដ្ឋី​បិតា​នឹង​មាតា
                   នៃ​អ្នក​ភ្លើង​ឆេះ​ស្លាប់​អាត្មា                      យប់​មិញ​នេះ​ណា​គ្មាន​សល់​ឡើយ ។
                   ខ្យល់​ព្យុះ​បក់​ផ្ទះ​ភ្លើង​ឆេះ​អស់                 គ្មាន​សល់​របស់​អ្វី​សោះ​ហើយ
                   ខ្ញុំ​កំពុង​ស្ដាយ​ពុំ​ទាន់​ស្បើយ                    មើល​ចុះ​នុះ​ហើយ​ឃើញ​តែ​ផ្សែង ។
                   នាង​ស្ដាប់​ស័ព្ទ​ច្បាស់​ទះ​ដើម​ទ្រូង            ស្រែក​ទួញ​រលូង​ឮ​ក្ដែង​ៗ
                   ឱ​កម្ម​អ្វី​ឲ្យ​ផល​ជាក់​ស្ដែង                        អញ​ពេញ​ចំបែង​ទ្រូង​ខ្លោច​ផ្សា ។
                   ស្លាប់​ឪពុក​ម្ដាយ​កូន​សូន្យ​ឈឹង               មិន​ដឹង​ជា​ពឹង​អ្នក​ឯណា
                   មាន​តែ​ខ្លួន​មួយ​ព្រួយ​ចិន្ដា                      ឱ​នេះ​ចំ​ជា​ទុក្ខ​ស្ទើរ​ប្រែះ ។
                   នាង​ព្រួយ​ច្រើន​ត្រួត​ឆ្កួត​វង្វេង                 កម្ម​ព្រេង​មក​ដល់​ក្នុង​ពេល​នេះ
                   ភ្លេច​សំពត់​អាវ​របូត​បេះ                         គ្មាន​ចេះ​ការពារ​កេរ្តិនិន្ទា ។
                   អ្នក​ផង​ឃើញ​អាក្រាត​ដូច្នោះ                  អៀន​ខ្មាស​ក្នុង​ពោះ​មហិមា
                   ទើប​ដេញ​ចោល​នាង​តែ​រាល់​គ្នា               គួរ​ឲ្យ​វេទនា​អនេក​លន់ ។
                   ជួន​ជា​គ្រា​នោះ​ព្រះ​សាស្ដា                      កំពុង​ទេស្នា​ប្រោស​ពួក​ជន
                   ដោយ​ហេតុ​កុសល​ពី​ជាតិ​មុន                 បន្ទន់​ចិត្ត​នាង​ឲ្យ​ដើរ​ចំ ។
                   ដល់​ហើយ​ឈរ​ក្រោយ​ក្រុម​បរិស័ទ្យ         ដែល​កាត់​មក​ស្ដាប់​ធម៌​ឧត្ដម
                   បរិស័ទ្យ​ឃើញ​ដូច្នោះ​ដេញ​បង្ខំ               កុំ​ឲ្យ​ឈរ​យំ​ជិត​សាស្ដា ។
                   ព្រះ​អង្គ​កាល​ទត​ឃើញ​ហេតុ​នោះ            ទ្រង់​មាន​អនុគ្រោះ​ត្រាស់​តប​ថា
                   កុំ​ឃាត់​នាង​បដាចារា                             បើក​ឲ្យ​យាត្រា​ចូល​មក​អាយ ។
                   មហាជន​លែង​ដេញ​លែង​ឃាត់​ខាំង         នាង​ដើរ​ចូល​ទាំង​អាក្រាត​កាយ
                   អង្គុយ​ចំ​ភ័ក្រ្ត​ស្រស់​ពណ្ណរាយ                 ស្ដាប់​ធម៌​ស្ងប់​កាយ​ស្ងប់​ចិន្ដា ។
                   លុះ​ស្ដាប់​ធម៌​ព្រះ​ប្រែ​ស្មារតី                    ជា​ស្រី​លែង​ឆ្កួត​លែង​លលា
                   ពួក​ជន​ឲ្យ​សំពត់​ពានា                           រុំ​ព័ទ្ធ​កាយា​រំពេច​ខ្មី ។
                   លុះ​នាង​ស្លៀក​ហើយ​ទូល​ព្រះ​អង្គ            សូម​ទ្រង់​ប្រោសប្រាណ​ត្រា​ប្រណី
                   ដ្បិត​ខ្ញុំ​កំសត់​លើស​អស់​ស្រី                     មាន​ប្ដី​ៗ​ស្លាប់​ក្នុង​ព្រឹក្សា ។
                   កូន​ប្រុស​ធំ​លូន​លង់​ទឹក​ស្លាប់                  កូន​ខ្ចី​ខ្លែង​ចាប់​ជា​ភក្សា
                   ចំណែក​មាតា​និង​បិតា                           ក្សិណក្ស័យ​ជីវ៉ា​អស់​សូន្យ​ឈឹង ។
                   ខ្លួន​ខ្ញុំ​នេះ​គ្មាន​អ្នក​ឯណា                        ពំនាក់​អាត្មា​គ្រាន់​ទីពឹង
                   ឲ្យ​បាត់​ទុក្ខ​ព្រួយ​ក្នុង​គ្រា​ហ្នឹង                   សូម​ពឹង​ព្រះ​អង្គ​ស្មើ​ជីវិត ។
                   ព្រះ​ពុទ្ធ​ទ្រង់​មាន​ពុទ្ធ​ដីកា                       នែ​បដាចារា​នាង​កុំ​គិត
                   ទីពឹង​ទាំង​នោះ​ឃើញ​ខុស​ពិត                 ចូរ​គិត​លះបង់​ដោយ​ប្រាជ្ញា ។
                   របស់​ទាំង​នោះ​តែង​វិនាស                      និរាស​ព្រាត់​ប្រាស​ជា​ធម្មតា
                   ចំណែក​មនុស្ស​សត្វ​សង្ខារា                    គ្មាន​អ្នក​ឯណា​បាន​សុខ​ឡើយ ។
                   នេះ​ព្រោះ​តែ​សាង​កម្ម​អកុសល               ឲ្យ​បាន​ទុក្ខ​ទល់​មិន​មាន​ស្បើយ
                   ដូច្នេះ​ចូរ​នាង​កុំ​កន្តើយ                          ចូរ​ធ្វើ​ឲ្យ​ស្បើយ​ចាក​ទុក្ខា ។
                   ចូរ​នាង​ទីពឹង​ដល់​ព្រះ​ពុទ្ធ                       ព្រះ​ធម៌​បរិសុទ្ធ​សឹង​ថ្លៃថ្លា
                   ទីពឹង​ព្រះ​សង្ឃ​ទ្រង់​សីលា                      នឹង​រួច​ទុក្ខា​ពុំ​ខាន​ឡើយ ។
                   ព្រះ​អង្គ​សំដែង​ច្រើន​ប្រការ                    លុះ​ចប់​ទេស្នា​ពេល​ណា​ហើយ
                   នាង​លុះ​សោតា​បាន​សុខ​ស្បើយ              រួច​ហើយ​សុំ​បួស​ពេល​នោះ​ណា ។
                   បដាចារា​ភិក្ខុនី                                     ជា​ស្រី​មិន​យូរ​កាល​វេលា
                   សម្រេច​អរហត្ត​ក្នុង​ចិន្ដា                         ដោយ​សារ​ទីពឹង​ព្រះ​ពុទ្ធ​ថ្លៃ ។
                   រឿង​នាង​បដាចារ​នេះ​ឯង                       ខ្ញុំ​តែង​សង្ខេប​បំព្រួញ​ន័យ
                   ច្នេះ​សូម​អស់​លោក​ឲ្យ​អភ័យ                  ទោស​ពៃរ៍​កុំ​បី​និន្ទា​អើយ ។

                                                          ចប់                                



                  

                                     
                   

No comments:

Post a Comment