រឿងកុណ្ឌលកេសីថេរី
ពាក្យកាព្យ
ព្រះមហា
សុខុមាលី-សេន ឥន្ទប្បញ្ញោ
អាចារ្យសាលាបាលីរងវត្តផ្នោរកា
ខេត្ដឃ្លាំង (កម្ពុជាក្រោម)
រៀបរៀង
ព.ស. ២៤៩៤
គ.ស. ១៩៥១
![]() |
ហត្ថទាំងទ្វី ចាប់គម្ពីរ
បើកពិនិត្យ
អានប្រយោគ គិតប្រដៅ ចាកបាលី ។
អាទិខ្ញុំ សូមបង្គំ ផ្គំអញ្ជលី
ក្របវន្ទី ទីរំលឹក គុណកែវបី
សូមចំរើន ជោគមង្គល ផ្ដល់សួស្ដី
សព្វរាត្រី កុំបីឃ្លាត រវាតខាន ។
រវាតខុស ព្រោះខ្ញុំខំ រិះប្រឹងប្រិត
រិះប្រឹងប្រែ កែលិខិត កាព្យលំអាន
កាព្យលំអ ឲ្យបវរ តាមដោយដាន
តាមដោយដើម រឿងដែលមាន ក្នុងបាលី ។
គ្នេរបែងលើក យកឧបមា ណាដែលសម
ណាដែលសុទ្ធ តែឧត្ដម យ៉ាងខ្លី ។
យ៉ាងខ្លីខ្លះ មិនតែងតាម តែបាលី
តែបានលើក យកពាក្យថ្មី ឆ្នៃជំនួស ។
ច្នៃជំនួយ ជួយឲ្យបាន រឿងសោកា
រឿងសោភ័ណ ប្រសិនជា
មានខុសហួស
មានខុសហើយ សូមបណ្ឌិត អាណិតជួស
អាណិតជួយ កុំឲ្យជ្រួស ខុសកាព្យគិត ។
ខុសកាព្យកែ ជួយផ្សែផ្សំ ខំតម្រង់
ខំតម្រូវ ឲ្យត្រូវត្រង់ ខ្ញង់វិចិត្រ
ខ្ញង់វាចា កាព្យសង្ហា យ៉ាងប្រណិត
យើងប្រណម្យ ចំបណ្ឌិត អរគុណទុក ។
អរគុណទាំង អស់លោកអ្នក បានអានស្ដាប់
បានអានស្ដី ដំណាលប្រាប់ ដល់ប្រមុខ
ដល់ប្រមាណ ជនជាតិខ្មែរ ពីទំនុក
ពីទំនង កាព្យនេះតុក ជាច្បាប់ស្រី ។
ជាច្បាប់ស្រាប់ កុំឲ្យស្រើប ស្រាលឈ្លានពាន
ស្រើបខ្លាំងពេក ខ្មាសមិនមាន ហ៊ានមេត្រី
ហ៊ានហាតុទ្រុស្ដ ខុសសណ្ដាប់ ច្បាប់លោកិយ
ច្បាប់លក់កេរ្តិ៍ កើតអប្រិយ ដូចរឿងនេះ ។
ដូចរឿងហ្នឹង ត្រូវតែដឹង ថាកាមា
ថាកាមមិន មានសុខា ត្រង់ណាអេះ
យកតម្រាប់ កុំឆាប់ចេះ តែសមាគម ។
តែស្មានគង់ មាននារី ជាតិពិសី
ជាតិពិសុទ្ធ ព្រហ្មចារិនី ថ្លៃឧត្ដម
ថ្លៃឧត្ថុង្គ ពង្សចរិយា ថាសក្ដិសម
ថ្លៃសោតសឹង ពោលថាខ្ញុំ តែងបន្ទាប ។
តែបន្ទោស ព្រោះហេតុនោះ សូមពិនិត្យ
សូមពណ៌នា កាព្យវិចិត្រ ចប់ទើបជ្រាប
ចប់ទល់ច្រើន ទើបចំរើន ដូចបានលាភ
ដូចបានលេប ក្រេបសភាព សុភាសិត ។
សុភាសោ សប្បញោ កោសល្លំ
កុសលោ ហោមិ,ហំ តាំងប្រណិត
តាំងប្រណិធាន មានសច្ចា ប្រាថ្នាពិត
ប្រាថ្នាពេញ ទៅដោយចិត្ត ចង់ឲ្យចេះ ។
ចង់ឲ្យជន គ្រប់តម្បន់ ខេមរជាតិ
ខេមរជន ខំខ្មីឃ្មាត រៀនតម្រេះ
រៀនតម្រាប់ កាព្យបុរាណ ឲ្យបានចេះ
ឲ្យបានជឿន ដោយចំណេះ កាព្យឮអើយ ។
កាមវគ្គ
រឿងកុណ្ឌលកេសីថេរី មានក្នុងបាលីធម្មបទ
សហស្សវគ្គភាគបួនក្បួនកំណត់ ចង់ដឹងប្រាកដដូរទស្សនា
។
កិរៈដំណាលកាលអតីត ជំនាន់ព្រេងព្រឹទ្ធិបុរាណ
រាជគ្រឹះបុរីមហីសីមា មែនមានធីតាមហាសេដ្ឋី
។
អាយុគ្រប់ដប់ប្រាំមួយឆ្នាំ មានរូបលំនាំត្រកាលស្រី
ឃើញគួរស្នេហាគួរមេត្រី ស្រស់ភ័ក្រ្ដប្រិមប្រិយកបកល្យាណ
។
បណ្ដាបុរសក្នុងបុរី មានចិត្តបេតីតែគ្រប់ប្រាណ
ឃើញសែនស្នេហាពន់ប្រមាណ ប៉ុន្តែមិនបានបំពានសោះ
។
ទំនៀមស្រីៗ វ័យនេះឯង ច្រើនតែសំដែងឫកឡេះឡោះ
គ្មានស្រីណាមួយរួចដល់សោះ ចូរចិត្តញ៉េះញ៉ោះប្រុសស្រីទាំងឡាយ។
តួយ៉ាងដូចសេដ្ឋីធីតា រូបរាងសង្ហាស្រស់ឆើតឆាយ
ចូលចិត្តបន្លែងលេងលេបខាយ ញ៉េះញ៉ោះសប្បាយនឹងបុរស
។
សេដ្ឋីជាមាតាបិតា បានឃើញធីតារូបស្រស់បស់
ចូលចិត្តចរចានឹងបុរស ទាស់អស់ឥរិយាមិនបវេ
។
គិតថាធម្មតាភាពស្រ្ដី ស័ក្ដិសមប្រិមប្រិយគួរស្មោះសរ
ប្រុសតែងមនោរមចោមអបអរ សាទរក្នុងចិត្តតែគ្រប់ប្រាណ
។
គិតហើយឲ្យជាងសង់ប្រាសាទ ប្រាំពីរជាន់ស្អាតជាគ្រិស្ថាន
សម្រាប់ធីតាឆោមកល្យាណ មានឋានអភិរម្យបន្ទំស្ងាត់
។
ឲ្យនៅតែស្រីៗ ការពារ ព្យាបាលថែទាំយ៉ាងមធ្យ័ត
យប់ថ្ងៃរក្សាជាម៉ឺងម៉ាត់ ប្រយ័ត្នរវាងអគ្គធីតា
។
ថ្លែងពីបុរសសក់ឡោះម្នាក់ រូបរាងសមស័ក្ដិឆើតឆាយា
រកស៊ីលួចប្លន់រាស្រ្ដរដ្ឋា រាជការចាប់ចងសំពងវាយ
។
បណ្ដើរអាក្រោសសព្វផ្សារផ្សោរ មនុស្សម្នាឆោឡោឈូនិយាយ
ផ្ដន្ទាបុរសដែលគេវាយ ប្រមាថមើលងាយព្រោះវាចោរ
។
គ្រានោះធីតាមហាសេដ្ឋី បានឮសំដីពាសផ្សារផ្សោរ
គិតថាសូរអ្វីឮចោរៗ រំពងឆោឡោទើបមើលជាក់
។
ឃើញប្រុសកំឡោះជាប់ទោសា កួចកើតស្នេហាព្រឹញ័រញាក់
ញ័រកាយដូចគេចាប់កន្រ្ដាក់ ហេតុតែកាមចាក់ដោតរោលខ្លួន
។
គួរនាដូចជាសត្វក្របី ជាប់អត់ចំណីយូរចំនួន
ឃើញដុំបាច់ស្មៅឃ្លានញ័រខ្លួន ឧបមេយ្យដូចនួនកូនសេដ្ឋី
។
ជាប់លើប្រាសាទប្រាំពីរជាន់ បរិពាររាប់ពាន់សុទ្ធស្រី
។
មិនដែលបានដើរនិយាយស្ដី នឹងប្រុសសូម្បីម្នាក់ក៏គ្មាន
។
ហេតុតែកាមរាគដុតរោលរាល នាំឲ្យស្រើបស្រាលស្រៀវស្រេកឃ្លាន
ចិត្តចើកចង់ណាស់ខ្មាសមិនមាន នឹកថាមិនបានស៊ូតែស្លាប់
។
ប្រែប្រាណប្រះដេកលើសយនា ក្ដួលក្ដៅខ្លោចផ្សាប្រែផ្ងាផ្កាប់
បែរផ្អៀងរឹងរិតឥតសុខសាប់ ក្នុងចិត្តរិតចាប់សន្ធឹកមួន
។
នត្ថិ រាគសមោគ្គិ ភ្លើងរាគអាទិក្ដៅញ័រខ្លួន
រោលចិត្តដុតកាយគ្រប់ចំនួន ដុតខ្លួនចិត្តសត្វសព្វកាយា
។
គ្រាន់តែឃើញគេមួយក្រឡេក ចិត្តនាងឃ្លានស្រេកស្រើបស្នេហា
ប្រះប្រាណននៀលលើសយនា ខ្លោចផ្សាអាល័យស្រម៉ៃនឹក
។
អស់ពួកទាសីស្រីបរិវារ ដែលនៅព្យាបាលភ័យពន្លឹក
ព្រោះឃើញធីតាដេកសន្ធឹក សន្ធៃរឭកហាក់ឈឺធ្ងន់
។
រត់ទៅជម្រាបមហាសេដ្ឋី ព្រមទាំងលោកស្រីជាប្រពន្ធ
ថាដ្បិតកញ្ញាផ្សាទូរទន់ ឈឺធ្ងន់ពេកណាស់ម្ចាស់ថ្លៃអើយ
។
សេដ្ឋិលោកស្រីក៏ម្នីម្នា ទៅដល់គ្រឹហាកូនស្រីហើយ
ដៃស្ទាបមាត់សួរថាកូនអើយ ឈឺអ្វីថ្លៃអើយបានស្រីដេក?
។
ធីតាសេដ្ឋីឮស្ដីភ្លាម ក្រោកឡើងទីមទាមពីដំណេក
លើកដៃប្រណម្យខំយំយេក ខ្មាសពេកនាងមិនហ៊ានចរចា
។
លោកស្រីស្រដីសួរប្រញាប់ កូនអើយចូរប្រាប់ម្ដាយឆាប់ពី
ម្ដាយនឹងរកពេទ្យមករក្សា ដាក់ថ្នាំកញ្ញារក្សាស្រី?
។
-អម្មៈបពិត្រលោកម្ដាយអើយ ម្ចាស់អើយកូនមិនមានឈឺអី!
-អើចុះធីតាផ្សាព្រោះអ្វី ចូរស្រីប្រាប់ម្ដាយតាមត្រង់ស្មោះ!
។
-កូនគ្មានជម្ងឺឈឺអ្វីទេ ឈឺព្រោះចិត្តស្នេហ៍នឹងគេនោះ
ដែលត្រូវបណ្ដើរឃុំឯណោះ វាយដំអាក្រោសស័ព្ទឆោរឡា
។
កូនបានឃើញភ្លាមមានចិត្តស្ម័គ្រ អនេកអន់គ្ឃបដិពទ្ធោ
ប្រសិនមិនបានសន្និវាសោ នឹងចោរពេញជាស្វាមីទេ
។
ប្រហែលជីវិតកូនមិនបាន រស់នៅនាស្ថានមនុស្សនឹងគេ
លុះតែបានរួមរសស្និទ្ធស្នេហ៍ ទើបរស់នឹងគេណាម្ចាស់អើយ
។
លោកស្រីស្ដាប់ស្ដីខ្មីឃ្មាតថា កុំ!កុំ!ស្នេហាអានោះឡើយ
អាប់យសសក្កាណាកូនអើយ កុំឡើយយកមនុស្សថោកត្រកូល
។
ត្រូវយកតែអ្នកមានជាតិស្មើ មានទ្រព្យប្រសើរជាកំពូល
រកស៊ីមានបានក្សាន្ដមិត្តមូល ព្រោះមានត្រកូលប្រហែលគ្នា
។
អាមនុស្សពូជទាបប្រមាត់ដី អាប់ឥតសិរីដូចសត្វទា
កុំបីស្រីគប់រាប់រកវា នាំថោកឫកពារាសីយើង
។
កូនអើយធម្មតាចោរសាមាន្យ តែកូនកល្យាណលើកដំកើង
ឡើងចាងក្រអើតជើតម៉ឺតឡើង ឫកឆ្មើងឡើងដូចឆ្កែជិះឡាន
។
-អម្មៈបពិត្រលោកម្ដាយអើយ ម្ចាស់អើយចិត្តកូនសូន្យរំខាន
ប្រសិនណាជាកូនមិនបាន រួមស្ថានតាមចិត្តស្និទ្ធស្នេហា
។
កូនក៏មិនបានគង់ជីវិត ឃើញពិតជាស្លាប់ឆាប់ហើយណា
លុះតែបានរួមរសស្នេហា ដូចក្ដីប្រាថ្នាទើបរស់នៅ
។
លោកស្រីស្ដាប់ហើយឆ្លើយច្រៀតថា ធីតាកូនអើយកូនស្រីពៅ
ចូរខំកាត់ចិត្តស្និទ្ធសិនទៅ រង់នៅចាំម្ដាយទុកដាក់នាង
។
ខ្វះអ្វីបុរសរូបស្រស់ល្អ ចាស់សស័ក្ដិសមសព្វសព៌ាង្គ
ឫកពារុងរឿងរោចន៍រូបរាង ចូរនាងពិសីស្រីតាមម្ដាយ
។
ម្ដាយរកឲ្យបានកល្យាណប្រុស ប្រាជ្ញប្រាយសព្វសុសឆ្លុះបរិយាយ
ជាបុត្រសេដ្ឋីដីស្រុកអាយ ខ្វះអ្វីស្រីម្ដាយគេមានទ្រព្យ
។
ធីតាបានស្ដាប់ជម្រាបថា “សូមទានមេ្ដាកូនឥតភ័ព្វ
កូនមិនស្រឡាញ់អ្នកមានទ្រព្យ អភព្វជាប់ចិត្តស្រឡាញ់ហើយ
។
នេះគឺហេតុកម្មប្រចាំកាយ ព្រេងនាយផងកូនម្ចាស់កូនអើយ
បើមានមេត្ដាដល់កូនហើយ កុំឡើយឲ្យកូនសូន្យជីវ៉ា
។
ជីវិតកូនពេញអាស្រូវភាស មុខជាវិនាសព្រោះស្នេហា
ប្រសិនលោកម្ដាយមិនមេត្ដា ធីតាកូនខ្ញុំសុំលាហើយ...”
។
លោកស្រីខំស្ដីពន្យល់សព្វ បញ្ចប់ប្រាប់កូនមិនព្រមឡើយ
ប្រែប្រាប់ស្វាមីថាលោកអើយ ម្ចាស់អើយធ្វើមេ្តចអាណិតកូន
។
សេដ្ឋីខំស្ដីអស់តម្រិះ អង្គុយក្រអេះគំនិតសូន្យ
ហេតុតែចិត្តគាត់ស្រឡាញ់កូន ក្រែងសូន្យជីវិតព្រោះតណ្ហា
។
ហេតុនេះបានអង្គព្រះភគវន្ដុ៍ ស្តេចទ្រង់និពន្ធធម៌ទេសនា
ថាដួងហឫទ័យនៃមេបា ករុណាទន់ទោរអាសូរមួន
។
មេត្ដាដល់បុត្រផុតពណ៌នា ឧបេក្ខាព្រហ្មវិហារធម៌ទាំងបួន
មាតាបិតាមានសព្វខ្លួន ចំពោះរូបកូនមហិមា
។
លោកមហាសេដ្ឋីប្រណីស្មោះ ចំពោះបុត្រីក្រែងមរណា
ភ្លេចថោកអាប់ស័ក្ដិពាក្យនិន្ទា ព្រោះព្រហ្មវិហារគឺមេ្ដតា
។
ទើបប្រើបំរើឲ្យរួសរាន យកប្រាក់មួយពាន់កហាបណា
ទៅសូកសុំលោះដោះទោសា នាំចោរយាត្រាមកគ្រឹហា
។
រៀបការផ្សំផ្គុំឲ្យនារី រួមប្រពៃណីជាមួយគ្នា
ការនេះមិនបាច់ខ្ញុំពណ៌នា លោកអ្នកគ្រប់គ្នាជ្រាបស្រាប់ហើយ។
ធីតាសេដ្ឋីរែងស្នេហ៍ស្និទ្ធ ផ្គាប់ប្ដីពេកពិតឥតកន្ដើយ
រៀបគ្រែទូតុកន្ទេលខ្នើយ ផ្អែកកើយគងកល់ពេលនិទ្រា
។
សូម្បីបាយទឹកម្ហូបចំណី សព្វទិនរាត្រីគ្រប់វេលា
នាងចេញចាត់ចែងសព្វៗគ្រា ពំងាបំរើមិនឲ្យហ្មង
។
ត្រឹមតែសំដីនាងចរចា ធីតាមិនពោលឲ្យឃើញឆ្គង
បើប្ដីទៅណានាងទៅផង ក្រោយខ្នងដូចរូបនឹងស្រមោល
។
នារីបំរើយ៉ាងមធ្យ័ត ប្រយ័ត្នខ្លាចប្ដីលបរត់ចោល
រក្សាដូចគោនៅក្នុងក្រោល ក្រែងវារួចបោលបង្ខាតធំ
។
សត្វទាពូជទាបដេករាបដី សូម្បីមានគេធ្វើទ្រនំ
មិនដែលសត្វទាណាឡើងទំ ដេកលើទ្រនំឲ្យថ្កំថ្កើង
៕
ពុំនោះដូចជាតិប្រមាត់ដី សូម្បីនរណាមួយធ្វើទ្រើង
បំពាក់ប្រមាត់ដីឲ្យឡើង លើទ្រើងមិនបាននោះយ៉ាងណា
។
អាចោរខិលខូចធ្លាប់លួចប្លន់ ទុកជាប្រពន្ធផ្គាប់ម្ល៉េះម្ល៉ា
វាគ្មានសប្បាយចិត្តត្រង់ណា មានឧបមេយ្យថាយ៉ាងនោះឯង
។
ព្រោះវាធ្លាប់ស៊ីផឹកហ៊ឺហា នៅផ្ទះសរាសព្វកន្លែង
ជួបជុំម៉ាកមិត្តសុទ្ធអ្នកល្បែង ដល់ស៊ីម្នាក់ឯងមិនសប្បាយ
។
អ្នកអើយសប្បត្តិមហាសេដ្ឋី មិនមានខ្វះអ្វីតាមចិត្តចាយ
ប៉ុន្តែអាចោរមិនសប្បាយ ព្រោះក្ដៅក្រហាយដោយទុជ៌ន
បានកូនសេដ្ឋីបីបួនថ្ងៃ អាចោរចង្រៃពាលមោហន្ធ
សប្បាយមិនធួនខ្លួនទុជ៌ន បើគិតរិះគន់ក្នុងចិត្តថាៈ
។
“អញគិតសម្លាប់កូនសេដ្ឋី ដោយឧបាយអ្វីទើបបានរ៉ា
ហើយអញនឹងយកអាករណា លក់ទិញសុរាស៊ីសប្បាយ
។
ចុះអញសម្លាប់ដោយរឿងអ្វី ឲ្យជិតសេចក្ដីកុំឲ្យសាយ
មានតែនាំវាទៅឲ្យឆ្ងាយ ពីឪពុកម្ដាយសឹមសម្លាប់"
។
គិតហើយប្រះដេកលើសយនា ដេកលក់អាហារហាក់ឈឺចាប់
ប្រពន្ធឃើញភ្្លាមសួរប្រញាប់ ថាអ្នកចុកចាប់ឈឺរោគអ្វី?
។
-ភទ្ទេមាសមេសម្លាញ់អើយ គ្មានឈឺអ្វីឡើយទេអូនស្រី!
-សាមិបពិត្រអ្នកស្វាមី ចុះមានទាស់អ្វីនឹងអ្នកណា?
។
ឬមួយលោកម្ដាយលោកឪពុក គាត់មានរំអុកជេរស្ដីថា
ឲ្យអ្នកម្ដេចដឹងឬអ្នកណា គេថាឲ្យអ្នកអាក់អន់អ្វី?
។
-ឳកែវជីវ៉ាស្ងួនសម្លាញ់ គាត់គ្មានខឹងក្នាញ់នឹងរឿងអ្វី
ទាំងខ្ញុំកំដរហ្វូងទាសី គេគ្មានទាស់អ្វីនឹងអញឡើយ
។
-សាមិបពិត្រអ្នកស្វាមី ចុះមានហេតុអ្វីព្រលឹងអើយ
ចូរអ្នកប្រាប់ប្អូនកុំកន្ដើយ ការណ៍អ្វីថ្ងៃអើយប្អូនធានា
។
អាចោរប្រាប់ថាជីវ៉ាថ្លៃ អូនអើយកាលថ្ងៃពួកភ្នាក់ងារ
ចាប់ចងរូបបងវាយផ្ដន្ទា បងស្ដាយជន្មាពន់ប្រមាណ
។
បងបានបួងសួងបន់ទេញ្ដ ដែលនៅរក្សាគិរីស្ថាន
សុំលោកឲ្យជួយរស់រួចប្រាណ នឹងបានបូជាពលីកម្ម
។
បងក៏បានរស់រួចជីវ៉ា ដោយឫទ្ធិទេវតាជួយឧបត្ថម្ភ
ថែមទាំងបានមាសមេឧត្ដម រួសរសសមាគមស្មើជីវ៉ា
។
ជីវិតរៀមរស់រួចនេះក្ដី ទាំងបានប្អូនស្រីមកស្នេហា
នេះសុទ្ធដោយឫទ្ធិលោកទេពតា មេត្ដាមកជួយប្រសិទ្ធី
។
បានជារៀបព្រួយពេកណាស់ណា ព្រោះគ្មានបណ្ណាការពលី-
កម្មដល់ទេពតាមានឫទ្ធី ដែលជួយជីវីបងទីនោះ"
។
ធីតាឮហើយឆ្លើយតបខ្មី អ្នកកុំព្រួយអីការប៉ុណ្ណោះ
អ្វីខ្លះចូរប្រាប់ខ្ញុំដោយស្មោះ ធានារឿងនោះអ្នកកុំព្រួយ
។
ចោរប្ដីស្ដាប់ស្ដីខ្មីតបថា “ឲ្យតែជីវ៉ាមេត្ដាជួយ
បងអរខ្លាំងហើយលែងថប់ព្រួយ ចូរដាំឲ្យស្រួយមធុបាយាស
។
ទៀនធូបលាជផ្កាស្លាបារី គ្រឿងទេសពិសីច្រើនឲ្យណាស់
ហើយចូររៀបចំឲ្យរហ័ស កុំបីឲ្យខ្វះស្អែកចេញទៅ"
។
ធីតាបានស្ដាប់ប្ដីប្រាប់ហើយ នាងពុំកន្ដើយរេរង់នៅ
ចាត់ចែងស្ករក្រាមស្ករអំពៅ សណ្ដែកសខ្មៅរាជមាស
។
ទឹកដោះស្រស់ជូរល្ងផ្កាចន្ទន៍ ផ្សំបានគ្រប់គ្រាន់ធុបាយាស
រៀបចំដាក់ចុះក្នុងថាសមាស ពោរពាសបណ្ណាការពលី
។
លង់លុះព្រឹកញ្រងស្វាងសូរ្យា សេដ្ឋីធីតាចមនារី
ឲ្យរៀបរទេះទឹមពាជី ដឹកនាំពលីទៅបព្វតា
។
ស្រេចទៅជម្រាបប្រាប់ចោរប្ដី ល្មមហើយស្វាមីយើងយាត្រា
មានសត្វគ្រប់ហើយគ្រឿងបណ្ណា ការគួរយាត្រាទៅណាអ្នក!
។
បូជាវត្ត
បទភុជង្គលីលា
ប្រែបទភុជង្គលីលា អាចោរម្នីម្នា
តែងកាយឃ្មាតខ្មី
ស្រែកប្រាប់ធីតាសេដ្ឋី ថាចូរអូនស្រី តែងតួឲ្យខ្ញង់ ។
ធីតាកល្យាណតែងអង្គ មាសពេជ្របញ្ចង់ ទម្រង់មណីរត្ន
ទំហូរពៃទូរ្យមរកត កណ្ឌលផ្លេករត្ន និលរត្នមុក្ដា ។
កងកកងកន់ហត្ថា ចិញ្ចៀនរចនា ក្បួនក្បាប់ភ្លឺសាយ
សង្វារយ៉ាឆើតឆាយ ប្រដាប់តែងកាយ ស្រេចបាច់ចេញចរ ។
ញាតិកាបរិវារឈូឆរ សឹងមានអំណរ បើបរពាជី
សំដៅព្រៃពនាលី ផុតវាលទូរទី ទាល់ទៀបបព្វតា ។
លុះដល់ជើងភ្នំហើយណា សេដ្ឋីធីតា រឹងរឹតសប្បាយ
ជំនោរវាយោផាត់ផាយ រុក្ខាទាំងឡាយ
ផ្លែផ្កាយោនយាន ។
សុគន្ធហាក់នន្ទន៍ឧទ្យាន បុប្ផាផលមាន រីករុះស្គុសស្គាយ
ភូមិរិន្ទស្រង់ក្លិនពពាយ កេសររុះរាយ ឈ្ងុយឈ្ងប់សព្វស្ថាន ។
ធីតាកន្យាថ្កើងថ្កាន សប្បាយហាក់បាន ឋិតឋានសួគ៌ស្រី
មើលសព្វព្រឹក្សាបក្សី ខិតជិតស្វាមី សំណេះចរចា ។
បងអើយនេះហើយចម្យ៉ា ចម្បីក្ដាំងងា ក្រឹស្នាចន្ធូ
លលកលោតលេងទាំងគូ ចាបពូកហូពូ ហើរពាសព្រឹក្សា ។
អ្នកបងនុ៎ះហោងសារិកា ចោះចិកផលា សិតាខ្នុរណាំង
បងអើយនុ៎ះហើយក្រសាំង ក្រសារសំកាំង សំកុលកន្ទុយ ។
អ្នកប្រុសមើលចុះហ្ន៎គុយ ហ្ន៎គូកហើរព្រុយ ហើរញ្រត់រាត់រាយ
អ្នកបងនុ៎ះហោងពពាយ ពពេចប្រញាយ ប្រញាប់ទំផ្ដាស ។
អ្នកប្រុសមើលហ្ន៎សត្វទាស សត្វទៀវទុំជ្រាល ជ្រួលជ្រើមជ្រប់ជ្រក
ចោរប្តីស្បិតខ្ចីឆ្លើយរក ប្រែប្រាបថាមក ប្រញាប់នឹងទៅ ។
ឲ្យគេវិលទៅលំនៅ ពីរនាក់យើងទៅ បូជាទេពតា
ហ៏កាន់អីវ៉ាន់នេះណា ប្រដាប់បូជា កណ្ដៀតទៅផង ។
ធីតាយាត្រាញ៉ែងញ៉ង ពោលថាអ្នកបង អញ្ជើញដើរមុន
ចោរនាំនាងដើរតត្រុក កាត់វាលវ័នរុក្ខ
តត្រុកឡើងភ្នំ ។
លុះដល់កណ្ដាលធ្លាធំ ថ្មខ្ពស់ដុំៗ ទៀបជ្រោះបបាត១
ទឹកជ្រោះជ្រៅជ្រះថ្លាស្អាត ទីនោះគ្មានជាតិ ត្រីចកឈើស្មៅ ។
មានតែថ្មស្រួចៗនៅ មនុស្សសត្វធ្លាក់ទៅ មុតដូចសស្រ្ដា
ដូចកាត់ដូចកាប់ច្នោះណា ខ្ទេចខ្ជីកាយា បីបួនកំណាត់ ។
គេហៅចោរៈបបាត ព្រោះតែងពិឃាត ចោរនាទីនោះ
ធីតាកន្យាញ៉េះញ៉ោះ ដើរដល់ទីនោះ នាងសួរប្តីថាៈ ។
“ដល់ហើយអ្នកអើយទីណា នឹងរៀបបូជា អញ្ជើញតាមចិត្ត"
អាចោរមោហោទុច្ចរិត ស្ដាប់ស្ដីមិនស្បិត មិនខ្ចីឆ្លើយឆ្លង ។
ធីតាសួរថាអ្នកបង ហេតុអ្វីច្នេះហោង អ្នកស្ងៀមព្រងើយ
ឬមួយខ្វះអ្វីនៅឡើយ ទៀនធូបមានហើយ បូជាត្រង់ណា?
ចោរប្រាប់ថាគ្រឿងបណ្ណា- ការនេះទេញ្ដ មិនត្រូវការទេ
អញត្រូវការកាប់តែមេ ម៉េចដឹងឬទេ វិលវិញមិនបាន ។
ប្រដាប់សម្រាប់តែងប្រាណ មាសពេជ្រប៉ុន្មាន បានអញលក់ចាយ
ធីតាកន្យាឆើតឆាយ បានស្ដាប់បរិយាយ ចោរប្រាប់ដូច្នោះ ។
តក់ស្លុតរន្ធត់ញ័រពោះ មិនដឹងពិគ្រោះ គិតតែយ៉ាងណា
ទើបសួរទាំងភិតភ័យថា នាងខ្ញុំនេះណា មានទោសដូចម្តេច ។
ក្រែងគ្រឿងរបស់មាសពេជ្រ ខ្លួនខ្ញុំនេះស្រេច សម្រាប់អ្នកហើយ
នឹងកាប់សម្លាប់ថ្វីឡើយ ទុកនៅមអ្នកអើយ គ្រាន់បំរើអ្នក ។
គ្រាមានទុក្ខព្រួយធុរៈ ខ្លួនខ្ញុំនេះជាក់ ជាអ្នកបំរើ
គ្រប់កិច្ចគ្រប់ការសារពើ សម្លាប់ខ្ញុំរត់ មានប្រយោជន៍ធ្វើ? ។
សូមអ្នកមេត្ដាប្រណី ទុកជាទាសី បំរើតទៅ
ចោរថាបើទុកហងនៅ ហើយហងនឹងទៅ ប្រាប់ម្ដាយឳពុក ។
មុខជាចាប់អញដាក់គុក អញនឹងមិនទុក ហងឲ្យអំពល់
ជឿចុះទៀងស្លាប់កុំឆ្ងល់ កុំសោកសល់វល់ អំពល់ខ្លាំងពេក ។
ទុកជាហងទួយយំយែក ឈាមចេញពីភ្នែក មិនបានរស់ឡើយ
សេដ្ឋធីតាត្រាណត្រើយ ស្ដាប់ពាក្យចោរហើយ រឹងរិតតក្កមា ។
ទើបគិតថារីប្រាជ្ញា គ្មានអ្នកឯណា ទុកឆាដាំស្ល
គ្រាមានអាសន្នអន្ធក្រ គេតែងគេយក៍ ប្រាជ្ញាមកគិត ។
ឥឡូវត្រូវសូន្យជីវិត មានតែអញគិត ប្រើប្រាជ្ញាម្ដង
គិតហើយឆ្លើយថាអ្នកបង នាងខ្ញុំនេះហោង មុខជានឹងស្លាប់ ។
សូមអ្នកអនុញ្ញាតឲ្យក្រាប សំពះលាបាប លាទោសនឹងអ្នក
ក្រែងមានប្រមាថពាធពាក្យ ពុំគួរនឹងអ្នក ម្តេចៗពីមុន ។
សូមអ្នករំឭកដល់គុណ ដល់កាលពីមុន ខ្ញុំឲ្យលោះអ្នក
មកនៅសន្និវាសរួមរ័ក រួមរូបនឹងអ្នក ជាប្ដីប្រពន្ធ ។
ឥឡូវខ្ញុំត្រូវសូន្យជន្ម សូន្យជីពជីវ័ន ជីវិតមរណា...
អាចោរមាហោពាលា ពាលលុះលោកា លោភៈមោហន្ធ ។
អង្គុយចុះឲ្យប្រពន្ធ គោរពអភិវន្ទ ភ្លើភ្លេចអាត្មា
នារីសោភីប្រាជ្ញា ប្រទក្សិណអា ចោររួចវន្ទា ។
ក្រួញក្រាបហាក់ដាបស្រំយុត ជង្គង់លង់លុត លំអុតវន្ទា ។
អាចោរធ្វេធ្វេសអង្គា ដោយនាពុំងា ឳបរិតពីក្រោយ
អង្អែលឆ្ពាមកបណ្ដោយ ដៃឆ្កើះគូថក្រោយ បណ្ដោយច្រានបោះ ។
ទម្លាប់ចោរចុះក្នុងជ្រោះ ចោរធ្លាក់ទៅនោះ ទង្គិចសិលា
តូចៗមុតដូចសស្រ្ដា ខ្ទេចខ្ទីកាយា រអោចរអិត ។
ក្សិណក្ស័យប្រល័យជីវិត ព្រោះផលទុច្ចរិត របស់អាត្មា
គ្រានោះអស់ពួកទេញ្ដ ដែលនៅរក្សា គិរីបពិត ។
ឃើញចោរនឹងនារីរត្ន សុទ្ធសឹងលាន់មាត់ សរសើរនាងថាៈ
“ធម្មតារីឯប្រាជ្ញា ប្រសើរថ្លៃថ្លា ប្រពៃស្រួចស្រស់ ។
មិនមែនមានតែបុរស ស្រីៗទាំងអស់ គង់មានដែរណា
មើលហ្ន៎សេដ្ឋីធីតា នាងប្រើប្រាជ្ញា សម្លាប់ចោរបាន ។
ប្រាជ្ញានេះមហាចំណាន ដោះទុក្ខ័យបាន ក្សេមក្សាន្ដសុខា
អ្នកប្រាជ្ញតែងសរសើរថា រស់ដោយប្រាជ្ញា ប្រសើរក្រៃលែង ។
ការបានប្រាជ្ញានេះឯង ប្រសើរលើសលែង លើសលើអ្វីៗ
ហេតុនេះនរៈប្រុសស្រី អ្នកកុំគប្បី មើលងាយប្រាជ្ញា ។
គួរខិតគួរខំឧស្យាហ៍ រិះរកប្រាជ្ញា មកបរិហារប្រាណ
នឹងបានសុខសមក្សេមក្សាន្ដ យសសក្ដិថ្កើងថ្កាន ប្រពៃពេកអើយ ។
សោកវត្ដ
បទព្រហ្មគិត
![]() |
ប្រែបទព្រហ្មគិតកាល នឹងដំណាលចរចាចែង
ពីនាងនាថកណ្ដែង នាកណ្ដាលបព្វតា
ពពកពពូនពាប់ ហាក់ដូចជាប់ចុងព្រឹក្សា
មេឃមីរដេរដាសដា ខ្យល់ផាត់ផាយឆ្ងាយលើសលន់
។
នាងសែនសោយសោកសព្វ សល់សែនថប់ៗពេកពន់
មិនដឹងបើនឹងគន់ គន់គិតទៅតាមផ្លូវណា
ភិតភ័យញ័រចំប្រប់ ស្ទើរសន្លប់សូន្យជីវ៉ា
តែអង្គឯងឯកា គ្មានអ្នកណានៅជាអ្នក
។
មើលព្រៃស្ងាត់ជ្រងំ គនមើលភ្នំធំមហិមា
គន់មើលទីនានា នាងពុំងាររែងជាទុក្ខ
គិតសព្វរែងថប់ថា “អញនេះណាអាមាសមុខ
ប្រសិនវិលទៅស្រុក សមឳពុកម្ដាយផ្ដាសា
។
ថាអញនេះអប្រិយ ឲ្យលោះប្ដីមកស្នេហា
ស្នេហ៍ហើយនឿយចិន្ដា ប្រហារចោលដោយចិត្តក្លែង
បើទុកជាអញប្រាប់ ថាចោរចាប់ៗកំហែង
សម្លាប់អង្គអញឯង ព្រោះចង់បានអាករណា"
។
នរណានឹងជឿឡើយ ពុទ្ធោអើយកម្មអាត្មា
ច្នេះអញនឹងយាត្រា តាមយថាកម្មអញឯង
គិតហើយជោះសង្វា អាករណាគ្រឿងតាក់តែង
ចោលនៅទីនោះឯង ទាំងអស់ហើយទើបយាត្រា
។
ញ័រញាប់ចំប្រប់អង្គ ទន់ជង្គង់ជង់បន្លា
ជំពប់ដុំថ្មីដា ទប់អាត្មាស្ទើរមិនបាន
ចុះចាកកំពូលភ្នំ ព្រៃទុរគមរហោស្ថាន
ខ្លោចចិត្តអាណិតប្រាណ ព្រោះមកបានទុក្ខវេទនា
។
គិតឃើញកាលស្រណុក ស៊ីសោយសុខក្នុងគ្រឹហា
ឪពុកម្ដាយមីងមា ចូលមិត្តគ្នាជាសុខា
ចិត្ដចង់ស្រើបស្រាលត្រេក ឃ្លានខ្លាំងពេករាគតណ្ហា
មិនជឿស្ដាប់មាតា បិតាផងខ្លួនប្រដៅ
។
ឪពុកម្ដាយចង់បាន ឲ្យសុខសាន្ដដល់កូនចៅ
ឲ្យថ្កំថ្កើងពង្សផៅ មិនឲ្យសៅសោយសោកា
ខ្លួនរឹងចចេសចង់ តាមចំណង់ផងអាត្មា
ព្រោះយល់ថាតណ្ហា នាំកាយាឲ្យស្រួលពិត
។
មិនមែនទេទេពតា កុំយល់ថាការស្នេហ៍ស្និទ្ធ
នឹងមនុស្សពាលទុច្ចរិត នាំជីវិតឲ្យស្រួលឡើយ
អ្នកអើយនាងស្រីៗ គួររើសប្ដីណានាងអើយ
ខ្លួនខ្ញុំខុសជ្រុលហើយ កាលណាឡើយបានសុខា
។
ដូច្នេះនាងនៅក្រោយ គួរបណ្ដោយតាមមេបា
ឲ្យរើសពូជពង្សា រើសចរិយាសឹមមេត្រី
រីខ្លួនខ្ញុំនេះណា ស្រើបស្នេហាចង់បេតី
នឹងចោរសោកអប្រិយ យកស្វាមីមនុស្សទុច្ចរិត
។
បាបកម្មតាមមកផ្ត- ន្ទាទាន់ហន់ដល់ដួងចិត្ត
កំណាចព្រោះគំនិត គ្រិះត្រឹមត្រេកត្រង់ត្រអាល
ចចេសចើកចោរចង់ តាមចំណង់ឃ្លានស្រើបស្រាល
អកុសលផ្ដល់បណ្ដាល មកផ្ចាញ់ផ្ចាលឲ្យខ្លោចផ្សា
។
អស់អ្នកនាងនៅក្រោយ កុំបណ្ដោយតាមតណ្ហា
ទុកជាស្រើបយ៉ាងណា ខំរក្សាខ្លួនឲ្យបាន
នាងអើយការស្រើបស្រាល កាមបណ្ដាលគ្មានសុខសាន្ដ
នាំឲ្យអាស្រូវប្រាណ បានវេទនាដូចជាខ្ញុំ
។
គួរស្ដាយរូបអាត្មា ស្ដាយចរិយានាងក្រមុំ
កុំស្រើបស្រាលដូចខ្ញុំ គួរតែកុំប្រសើរជា
គួរនឿយណាយអាម៉ាស គួរតែខ្មាសគួរណាស់រាង
គួរគេចគួរចៀសវាង រក្សារូបឲ្យសុខអើយ!
។
No comments:
Post a Comment