ព្រះធម៌អនិច្ចា
របៀបតែងគាព្យបទកាកគិ
សូមមេត្តាអានសង្កេតកាព្យដ៏ល្អនេះ
ព្រះធម៌អនិច្ចា
(បទកាកកតិ)
ព្រះធម៌អនិច្ចា
ព្រះធម៌លោកថា ដូចព្រះអាទិត្យ
រះឡើងពីព្រឹក សន្ធឹករឹងឫទ្ធិ ភ្លឺផ្លេកពេកពិត
ពាលពេញរស្មី ។
រះរៀងទៅត្រង់ ត្រចះត្រចង់ រុងរឿងរង្សី
ប្រែពីត្រង់ទៅ ដោយនូវសេចក្ដី ត្រជាក់រស្មី
ពុំដែលនឹងនៅ ។
សែងសូរ្យរង្សី ស្រឡាញ់រស្មី ស្រយុតទាបទៅ
ជិះជិតគងភ្នំ ស្រទំទាបទៅ រមិលមើលទៅ
ពពកសាត់ឆ្ងាយ ។
គួរអនិច្ចា ព្រះសែងសុរិយា ដូចរូបទាំងឡាយ
រីឯពពក សាត់ជ្រកទៅឆ្ងាយ បីដូចកលកាយ
វិញ្ញាណយើងឯង ។
ដើរចេញចោលរាង ចោលរូបភ្លាកភ្លាង ចាកចេញដូចផ្សែង
រីឯព្រះសូរ្យ តួរូបអង្គឯង ប្រាកដជាក់ស្ដែង
ដូចរូបទាំងឡាយ ។
វិញ្ញាណចេញទៅ ពុំដែលនឹងនៅ រូបរាងក្លែងក្លាយ
រលុបរលាយ ទន់ទាបទៅឆ្ងាយ ពុំដែលនៅអាយ
ឱ្យយល់រស្មី ។
គួរគិតអនិច្ចា រាប់រូបអាត្មា បារម្ភសេចក្ដី
កាលនឹងរលត់ ភាំងផុតស្មារតី បាត់ផ្សែងរស្មី
ត្រជាក់សូន្យសុង ។
ស្រេចទៅជាខ្មោច លន្លង់លន្លោច ស្រឡោចស្រឡុង
ស្រឡេតក្នុងចិត្ត អាណិតព្រឺប្រុង វិញ្្ាណសូន្យសុង
ស្ងប់ស្ងាត់ឈប់ឈឹង
។
រមិលទៅយល់ បីដូចនូវគល់ គួរគិតរំពឹង
រាល់រូបរាល់កាយ ទាំងឡាយនោះនឹង សូន្យសុងភ្លេចភ្លឹង
ដូចគ្នានោះឯង ។
អសុភនោះនៃ ហើបហើមបីថ្ងៃ ហួសហើយគួរស្ញែង
រលួយរលេះ របេះអង្គឯង អសោចិ៍ក្រៃលែង
អាក្រក់អប្រិយ ។
រលេះទ្រុឌទ្រោម រលួយទាំងព្រម សាច់សួតអ្វី ៗ
អស់ទាំងឆ្អឹងឆ្អែង បាត់ផ្សែងរស្មី នរអ្នកប្រុសស្រី
គួរគិតអនិច្ចា ។
ឱរូបអញអើយ មិនដឹងម្ដេចឡើយ កំណត់ថ្ងៃណា
ដូចថ្ងៃរសៀល ជ្រេងជ្រេសុរិយា ទន់ទាបហើយណា
ជិះជិតគងភ្នំ ។
មើលទៅស្រយុត នឹងអស្ដង្គត រលត់រលំ
រលាបបាំងបាត់ ស្ងប់ស្ងាត់ជ្រងំ កំបាំងនឹងភ្នំ
ព្រះសុមេរុ៍បាំងផ្សែង
។
នេះហើយរូបកាយ រូបយើងទាំងឡាយ បីដូច្នោះឯង
កាលនឹងរលត់ ភាំងផុតបាត់ផ្សែង ប្រាកដយល់ស្ដែង
គួរគិតទុក្ខំ ។
អនិច្ចារូបអើយ រូបចាស់ម៉្លេះហើយ ដូចឈើប្របច្រាំង
គិតហើយរែងយល់ អំពល់ទុក្ខំ សេចក្ដីមរណំ
ជិតនឹងខ្លួនណាស់ ។
កុំឱ្យឆ្ងាយឆ្ងល់ ជរាមកដល់ រាល់រូបចាស់ ៗ
ដំណឹងដាស់តឿន ក្នុងខ្លួនច្រើនណាស់ តឿនឱ្យខ្លួនចាស់
ធ្មេញបាក់សក់ស្កូវ
។
សរសៃស្លុតស្លេះ ឈឺខ្នងចង្កេះ រេះរួយទន់ទៅ
ទន់ទោរអាក្រក់ សក់សោតសឹងស្កូវ ភ្នែកងងឹតទៅ
មើលអ្វីមិនជាក់ ។
ត្រចៀកថ្លង់ផង និយាយច្រើនដង មិនទាន់បានភ្ញាក់
នេះឯងដំណឹង មកតឿនអស់អ្នក មិនគួរឱ្យភ្ញាក់
បារម្ភក្នុងខ្លួន ។
រំពឹងទៅមុខ បារម្ភឃើញទុក្ខ គិតឱ្យថែធួន
កុំចាំកូនចៅ ធ្វើបុណ្យឱ្យធួន ក្រែងវាមិនជួន
ដូចខ្លួននៅរស់ ។
កូនចៅថាធ្វើ មានកាលទះទើ ក្រោយខ្លួនស្លាប់ទៅ
ស្រឡាញ់កុងកាប់ ទ្រព្យនោះទុកនៅ ក្រោយខ្លួនស្លាប់ទៅ
ដណ្ដើមចែកទ្រព្យ ។
រីប្ដីប្រពន្ធ បើប្ដីស្លាប់មុន មានកាលចិត្តជា
ស្លៀកសស្ងួតមុខ កើតទុក្ខវេទនា អាសូរចិត្តគ្នា
ធ្វើបុណ្យជូនទៅ ។
មានកាលឥតការ ប្ដីស្លាប់កាលណា ពុំដែលនឹងនៅ
រកកល់រវៀស គ្រលៀសរកផ្លូវ មានប្ដីទៀតទៅ
មុខរីកញញឹម ។
មួយសោតឯប្ដី បើនឹងស្រដី សោតសឹងស្មើនឹម
ប្រពន្ធស្លាប់មុន កុំឱ្យសង្ឃឹម មានទៀតញញឹម
ប៉ប្រិមរីករាយ ។
ស្រឡាញ់រួមរ័ក្ស បម្រុងស្លៀកពាក់ តែខ្លួនជជាយ
បណ្ដើរតាមក្រោយ បង់បោយគឃ្លាយ មិនឱ្យឃ្លាតឆ្ងាយ
ស្រឡាញ់លើសដើម ។
រីអ្នកស្លាប់មុន ឥតការឥតគុណ ស្លាប់ទៅក្រញើម
ក្រញឹងរងទុក្ខ នរកគួរស្បើម កាលរស់ពីដើម
ភ្លេចគិតធ្វើបុណ្យ
។
នេះហើយគឺការ គម្ពីរលោកថា លោកទុកជាគុណ
គួរគិតអនិច្ចា ប្រាជ្ញាជាទុន ទុកនៅជាមុន
ទៅបរលោកនាយ ។
គួរធ្វើឱ្យហើយ កុំឱ្យលង់ឡើយ សេចក្ដីមិនងាយ
កុំឱ្យបង្អង់ រេរង់អាយនាយ រូបរែងរសាយ
រលត់ឆាប់ណាស់ ។
គិតអ្វីមិនទាន់ រហ័សរួសរាន់ រាល់រូបឯចាស់
បើដល់កំណត់ រលត់ឆាប់ណាស់ គួរគិតក្រឡាស់
រំពឹងអនិច្ចា ។
មិនដឹងឬអ្វី រូបយើងសេចក្ដី ពីដើមនោះណា
យើងគេទាំងឡាយ សប្បាយចិត្តក្លា ស្អិតស្អាងអាត្មា
កាលខ្លួនក្រមុំ ។
ងូតទឹកដុសក្អែល ក្រចកឆ្កឹះឆ្កៀល លាបប្រេងបំព្រំ
យកសាងសិតសក់ កញ្ចក់ឆ្លុះជុំ កំលោះក្រមុំ
ថាឯងខ្លួនល្អ ។
ស្លៀកហូសពាក់ព្រែ អប់អង្គបន្ថែរ ត្រអាលឯងអរ
អប់អស់ពោល្យំ ធរធុំខ្ចាយខ្ចរ ទាំងក្លិនកេសរ
រំចេកស្លាកែត ។
ក្លិនប៉័ងកាចាត ពុំសែនស្អាងស្អាត រស់ជាតិដោយហេតុ
ដោយកលគន្ធ- ពិដោរឆ្អិនឆ្អែត រស់ជាតិដោយហេតុ
ដោយស្មគ្រស្មោះសរ
។
ទោះទៅស្ថានណា ចេញចរយាត្រា ចិត្តជាអំណរ
បង់បោយយាងយាស គ្រវាសចេញចរ ចិត្តចើកស្មោះសរ
អរឯងកន្លែង ។
កំពុងសោឡស រូបរាងស្រៀវស្រស់ រស់ជាតិពីក្មេង
សង្វាតអស់អញ ស្រឡាញ់លាបប្រេង សិតសល់ថែធេង
ចិញ្ចែងកាយា ។
ក្រមួនមាត់ទួល លាយផ្ការំដួល រំដេញដីកា
ក្រចេះជួងចន្ទន៍ មាន់ហមចម្ប៉ា ស្អិតស្អាងអាត្មា
កាលខ្លួននៅក្មេង ។
ហាក់ជាញ៉ាំញ៉ើ ធ្វើខ្លួនបញ្ចើ ក្នុងចិត្តកន្លេង
លុះដល់មួយភៃ នោះនៃយល់ផ្សេង សាមសិបថែមធេង
ធ្លាក់សាច់ស្រយាក ។
ធ្លាក់ដល់សែសិប សម្បុរស្រអិប ស្រអាប់ជ្រីវជ្រាក
ហាសិបបង់ទាំង កំឡាំងពីរភាគ ថមថយស្រយាក
ស្រយុតទន់ទោរ ។
លុះដល់កំណត់ ហុកសិបប្រាកដ រឹងរឹតអន់អោ
សក់សស្កូវព្រោង ខ្នងកោងតោ ៗ ចិតសិបស្ញប់ស្ញោរ
រីងរៃផ្សេះ ៗ ។
ធ្មេញបាក់ស្ប៉ែបស្ប៉ប និយាយហប ៗ ទឹកមាត់ពភ្លែះ
សំបោរហូរហៀរ ចង្កាស្វាស្វេះ ដង្ហើមផ្សេះ ៗ
រលត់ផុតទៅ ។
ជាខ្មោចគម្រង់ ដង្កូវរុកក្នុង រលុះជ្រាំជ្រៅ
រលុបរលាយ ខ្ចាត់ខ្ចាយចេញទៅ ឥតមានអ្វីទៅ
ជារូបទៀតឡើយ ។
វិញ្ញាណចេញទៅ ចាកទីលំនៅ ឥតកោះឥតត្រើយ
ឥតកូនឥតចៅ ម្នាក់នៅផងឡើយ សូន្យសុងទៅហើយ
បីដូចជាផ្សែង ។
លន្លង់លន្លោច សូន្យទៅជាខ្មោច កណ្ដោចកណ្ដែង
កណ្ដាលប្រឹថពី ក្នុងទីនោះឯង គួរឱ្យចំបែង
ចិត្តគិតអាល័យ ។
មកទីលំនៅ មកអស់កូនចៅ មិនដាច់សង្ស័យ
មិនដឹងធ្វើម្ដេច មិនដាច់អាល័យ សង្រេងសង្រៃ
ឥតឯគណនា ។
អនិច្ចារូបអើយ គន់គិតទៅហើយ គួរឱ្យវេទនា
សូន្យទៅជាខ្មោច លន្លោចកំព្រា ម្នាក់ឯងឥតគ្នា
កំដរទៅឡើយ ។
មានតែសីលទាន តាំងចិត្តប្រណិធាន ទុកទៅជាត្រើយ
ជាទីពំនាក់ ពឹងពាក់ឱ្យហើយ កុំឱ្យយូរឡើយ
ដ្បិតទៅម្នាក់ឯង ។
ព្រះធម៌ទសនា សម្ដេចសាស្តា ព្រះអង្គចារចែង
ចងទុកជាច្បាប់ សណ្ដាប់សំដែង និទានថ្លាថ្លែង
ក្នុងព្រះធម៌ថា ។
នរអ្នកប្រុសស្រី កើតក្នុងលោកិយ កំណាញ់ឫស្យា
ច្រើនតែលោភទ្រព្យ ខ្ជាប់ក្នុងសញ្ញា កម្រចិត្តថ្លា
ក្លានឹងបុណ្យឡើយ ។
ឃើញមួយតែលោភ មោហោមកគ្រប កំណាញ់ឥតត្រើយ
ពីក្មេងដល់ចាស់ ពុំអស់ចិត្តឡើយ ប្ដូរខ្លួនជាត្រើយ
ឥតអៀនខ្មាសណាស់ ។
មានហើយចង់មាន លោភលន់ពុំបាន ប្រណីខ្លួនចាស់
ចេះតែប្រឹងប្រែង ខ្នះខ្នែងក្រឡាស់ ប្ដូរខ្លួនកញ្ចាស់
នឹងអស់ទ្រព្យធន ។
ដឹងខ្លួនជិតក្ស័យ ចិត្តគិតអាល័យ ស្ដាយកូនប្រពន្ធ
វង្វេងស្មារតី ភិតភ័យលើសលន់ ក្រែងខ្លួនមិនធន់
ស្លាប់ចោលទៅបាត់ ។
កំពុងឈឺដាប និយាយខ្សាប ៗ ពីទ្រព្យសម្បត្តិ
ផ្ដាំកូនប្រពន្ធ ឱ្យប្រុងប្រយ័ត្ន កុំឱ្យបង់បាត់
ខូចខាតអសារ ។
ថាបើអញស្លាប់ ដុតខ្មោចឱ្យឆាប់ សម្រេចកិច្ចការ
កុំយកទ្រព្យអញ ធ្វើបុណ្យឡើយណា ចូរថែរក្សា
ឱ្យគង់ទុកទៅ ។
នេះហៅល្ងង់ខ្លៅ គិតតែកូនចៅ ភូមិស្ថានលំនៅ
ពុំគិតខ្លួនស្លាប់ ចោលបាត់បង់ទៅ អ្នករស់គេនៅ
សប្បាយរីករាយ ។
ហេតុនេះប្រុសស្រី ក្មេងក្ដីចាស់ក្ដី ចូរកុំរាយមាយ
ត្រូវអាណិតខ្លួន ស្លាប់ទៅលោកនាយ ពុំដែលវេចស្ពាយ
យកទ្រព្យទៅបាន ។
មានតែធម៌ថ្លៃ ជាប់ជានិស្ស័យ ទៅជាមួយប្រាណ
នាំឱ្យសោយសុខ នៅនាសួគ៌ស្ថាន សប្បាយក្សេមក្សេន្ត
ឥតទុក្ខភ័យឡើយ ។
ដូច្នេះចូរខំ កសាងសន្សំ សីលទានឱ្យហើយ
ទាន់ខ្លួននៅរស់ កុំធ្វើតោះតើយ គ្រាន់ជាកោះត្រើយ
ទីពឹងជាតិមុខ ។
* * *
No comments:
Post a Comment