ព្រះគៅព្រះកែវ
កៅផៅ
របៀបតែងបទពាក្យ៧
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
រឿងព្រះគៅព្រះកែវ
បុព្វហេតុកើតឡើង
បទពាក្យ
៧
១.នាមខ្ញុំឈ្មោះកៅផៅត្រកូល ពូជពង្សអម្បូរមឿងក្តី
១.នាមខ្ញុំឈ្មោះកៅផៅត្រកូល ពូជពង្សអម្បូរមឿងក្តី
គឺគាត់ជាជីតាខ្ញុំនៃ ស្តីទីខាងខេត្តព្រៃកប្បាស។
ឥឡូវនៅគង់វង់ពង្សពូជ មិនទាន់រៀវស្តួចទៅផ្តេសផ្តាស
ប៉ុន្តែខ្ញុំបាទសុទ្ធតែរាស្រ្ត តាំងវាសលើកឡាត់កាត់សេចក្តី។
ដ្បិតកាលក្នុងថ្ងៃ៣រោច ជួនជារនោចខែស្រាពណ៌ខ្មី
បណ្តាអស់ជនទាំងប្រុសស្រី ទៅស្តាប់ពូឆៃក្តីច្រៀង។
នៅក្នុងទីភូមិជ្រៃរយោង អស់ចិនយួនផងគ្រប់រាល់រៀង
ធ្វើបុណ្យជួលពូឆៃមកច្រៀង ពីរឿងព្រះគោនឹងព្រះកែវ។
ខ្ញុំបាទចូលទៅស្តាប់ច្បាស់ ត្រឡប់មកផ្ទះចាំហ្មត់ឡែវ
ហើយខ្ញុំនឹកដល់គុណព្រះកែវ មកជួយចូកចែវគ្រានេះម្តង។
សូមទាំងឥន្ទព្រហ្មពួកទេវតា សូមលោកមេត្តាជួយតម្រង់
សូមកែពាក្យឃ្លោងឲ្យត្រឹមត្រូវ សូមទ្រងកុំមើលបំណាំឡើយ។
ខ្ញុំសូមទេព្រ័ក្សអ្នកមានរិទ្ធិ៍ មកជួយរិះគិតកុំកន្តើយ
កុំឲ្យបាត់បង់រឿងនេះឡើយ តទៅជនក្រោយបានដឹងថា។
ខ្ញុំបាទពុំមែនជាអ្នកប្រាជ្ញ គ្រាន់តែអង់អាចខាងវោហារ
ប្រសិនមានឆ្គងពាក្យត្រង់ណា សូមលោកមេត្តាកុំប្រកាន់
***************
កាលអើយៗកាលនោះ នគរមួយឈ្មោះតក្កសីលា
ឯស្តេចសោយរាជ្យនាមា ព្រះបាទរាជារាមាធិរាជ។
១០. សេ្តចគ្រងប្រជាអស់ជនផង មិនហ៊ានឃ្នើសឃ្នងនឹងអំណាច
ខ្មែរ, ចិន, យួន, ចាមសឹងខ្លបខ្លាច រិទ្ធីអំណាចព្រះបារមី។
គ្រានោះជាក់មានមាណពម្នាក់ ក្រីក្រលំបាកប្រពន្ធប្តី
ក្រពេកលើសមនុស្សក្នុងដែនដី ឥតបីនរណានឺងប្រដួច។
រកស៊ីសព្វថ្ងៃលំបាកណាស់ សំពត់គ្មានផ្លាស់ស្លៀកទាល់ខូច
ដើរកចំណីបានតិចតួច គិតគួចនឹងកាន់ផ្ញើប្រពន្ធ។
អាណិតដ្បិតខ្លួនគ្នាជាស្រី ចិត្តចង់ចំណីក្ររិះគន់
រិះគិតគំនិតរកទ្រព្យធន ប្រពន្ធនឹងប្តីស្មើចិត្តគ្នា។
ពីរនាក់ផ្តួលផ្តាច់ប្តូរជីវិត បេតីស្នេហ៏ស្និទ្ធសព្វវេលា
មិនដែលមានហ្មងឆ្គងវាចា ស្នេហាស្រឡាញ់ស្នើខ្លួនមួយ។
គ្រានោះមាណពប្រពន្ធប្តី ពេលក្នុងរាត្រីឥតមានព្រួយ
រួមទុក្ខរួមសុខកើយខ្នើយមួយ ភ្លៀងជោកជាជាំជោទីជលសា។
១៥. ថ្លែងពីព្រះគោព្រះកែវថ្លៃ កាលមកចាប់ផ្ទៃនឹងមាតា
រាត្រីនោះនៃជាអស្ចារ្យ ព្រឺញ័រកាយានាងវរល័ក្ខណ៍។
ពោធីទាំងពីរគង់ផ្ទៃមួយ បណ្តាលឲ្យកើតសុបិនជាក់
ដួចគេយកត្បូងបូរទំជាក់ ទាំងបីមកពាក់នូវដៃនាង។
ចិញ្ចៀនត្បួងពេជ្រទាំងបីវង់ រស្មីត្រចង់ត្រចះចែង
នាងអរក្នុងចិត្តឥតថ្លាថ្លែង ហើយបែរបង្វែងបាត់វិញទៅ។
នាងបានភ្ញាភ្ញាក់ក្រោឡើងហើយ ចិត្តនឹកគ្មានស្បើយស្ងប់ស្ងៀមនៅ
មុខក្រៀមស្រពោនស្ងួតសូន្យសៅ ស្តាយចិញ្ចៀនឆ្អៅដែលបានពាក់។
នាងប្រែបែរឱបអង្គស្វាមី អង្រនដាស់ប្តីថានែអ្នក!
ដេកអ្វីដល់ម្លេះគ្មានចេះភ្ញាក់ រៀមរាក់អ្នកក្រោកឡើងឲ្យឆាប់។
២០. មាណពកំពុងតែដេកលក់ ប្រពន្ធក្តិចគក់ប្រែក្រឡាប់
ក្រឡាស់ភ្ញាក់ឡើងសម្ងំស្តាប់ សួរទៅប្រញាប់ថាប្អូនស្រី។
នាងដាស់ហៅបងប៉ងប្រាថ្នា ទាំងយប់សន្យាពន់រាត្រី
នាងដាស់តើដាស់មានការណ៏អ្វី? មិនគួរប្អូនស្រីដាស់បងសោះ។
បងដេកកំពុងតែយល់សប្តិ គេចប្រែត្រឡប់ភ្លេចបាត់អស់
មាត់ស្តីដៃវៃបែរឱបស្មោះ ចំពោះចិត្តគិតចង់បេតី។
នាងថាអ្នកបងឈប់ចាំស្តាប់ ប្អូននឹងប្រាយប្រាប់ចិញ្ចៀនបី
ត្បូងពេជ្ររំលេចមាសល្អក្រៃ បាត់ទៅវិញនៃបានជាថប់។
ទៅរកលោកគ្រូដែលចេះទាយ ទំនាយឲ្យប្អូនឲ្យសព្វគ្រប់
លោកគ្រូទ្រង់ទាយទំនាយសប្តិ ឲ្យប្អូនសព្វគ្រប់សោះសង្កា។
២៥. លោកគ្រូទាញក្តារមកដល់ប៉ោក គូសក្រាកទាញក្រោកតាំងលុបហារ
ឥតបាញ់គង់បាញ់ទោចត្វា លើកឡើងផ្សំគ្នាត្រូវសេសបី។
អាត្មាតាំងលេខទៅមិនកាច ញោមអើយកុំខ្លាចថាមិនថ្វី
ថាមានអ្នកបុណ្យមកចាប់ផ្ទៃ រិទ្ធីបារមីមានចេស្តា។
ប៉ុន្តែផ្ទៃនោះមានបុត្របី រូបកើតទីទៃតាមលេខថា
ឥឡូវនឹងថ្លែងក្រែងអស្ចារ្យ ញោមពិភាក្សាសំគាល់មើល។
កុំចាំបាច់អាត្មាថាអស់ លេខអាត្មាថាមិនព្រើល
តែថាអស់ទៅក្រែងញោមផ្អើល ញោមចាំតែមើលតើយ៉ាងណា។
តែថាឲ្យញោមប្រយ័ត្នចុះ ក្រែងលោមានខុសព្រោះអាហារ
តិចលោបន្តោសមកអាត្មា លោកគ្រូទាយថាមិនត្រូវអ្វី។
៣០. ញោមវិលទៅផ្ទះកាន់ត្រណម អាចក្តីឲ្យតមផ្លែស្វាយខ្ចី
ចំណីឯទៀតស៊ីចុះនៃ តែផ្លែស្វាយខ្ចីហាមឲ្យដាច់។
មាណពចាំសព្វគ្រប់ប្រការ លោកគ្រូហាមថាសព្វសេចគ្រេច
បង្គំក្រាបលាមួយរំពេច ចុះភ្លាមដើរគេចមកដល់ផ្ទះ។
មាណពវិលមនដល់ហើយណា ប្រពន្ធរត់ឆ្លាសសួររហ័ស
អ្នកទៅឯលោកគ្រូជាម្ចាស់ លោកថាម្តេចខ្លះប្រាប់ខ្ញុំផង។
មាណពប្រាប់ទៅប្រពន្ធថា លោកគ្រូមេត្តាទាយឲ្យបង
ថាសប្តិប្អូនឯងល្អណាស់ហោង ល្អក្រៃកន្លងជាងសប្តិណា។
ថាមានអ្នកបុណ្យមកចាប់ផ្ទៃ រិទ្ធីបារមីមានចេស្តា
តែលោកហាមបងមូយប្រការ កុំឲ្យភោក្តាផ្លែស្វាយខ្ចី។
៣៥. ប្អូនអើយប្អូនចាំកុំឲ្យធ្លោយ តទៅមុខក្រោយតាមពាក្យប្តី
ម៉ិចៗកុំស៊ីផ្លែស្វាយខ្ចី ព្រោះជាចំណីនាំកើតទុក្ខ។
ប្អូនរក្សាផ្ទៃឲ្យស្រួសល្អ ធ្ងន់ស្រាលក្រីក្រតទៅមុខ
ត្រងអុសត្រងភ្លើងដងទឹកផុក រកស៊ីរកចុកទុកឲ្យបង។
ឲ្យតែប្អូនឯងហូបបាយដេក នៅក្នុងដំណេកកុំឲ្យម៉ង
រក្សាឲ្យល្អណានួនល្អង រៀមបងទទួលការទាំងអស់។
រៀមអើយរៀមប្តីកុំបីថប់ ក្នុងក្រៅទាំងគ្រប់មិនឲ្យខ្ចស់
ក្រែងតែចិត្តអ្នកមិនត្រង់សោះ កែគេចកល់ដោះរួចពីខ្ញុំ។
មាណពប្រាប់នាងរួចសព្វគ្រប់ លែងភ័យលែងថប់សាន្តសុខុម
នែបនិត្យរួមឋានសែនមនោរម្យ សុខទុក្ខលាយឡំព្រមតាមគ្នា។
៤០. ថ្លែងពីព្រះពោធិសត្វថ្លៃ គង់នៅក្នុងផ្ទៃព្រះមាតា
ផ្ទៃនោះមិនដែលអ្នកឯណា ឥតបុណ្យវាសនាអាស្រ័យបាន។
លុះនាងទ្រង់គភ៌បានខែដប់ កើតមកសម្ភពនាងកល្យាណ
បណ្តាលឲ្យនាងនឹកស្រេកឃ្លាន ព្រោះហេតុនឹងនាំឲ្យនាងស្លាប់។
អ្នកដែលមានបុណ្យកើតផ្ទៃណា មានជាដម្រាត្រាទុកស្រាប់
តែម្តាយជារាស្រ្តមុខជាស្លាប់ ក្រែងរាស្រ្តមកចាប់ផ្ទៃជាមួយ។
ថ្លែងពីនាងនាថទ្រង់គភ៌គ្រប់ កើតមមកធុញថប់ប្រាណព្រួញព្រួយ
ព្រោះតែមានហេតុនាងនឹងធ្លោយ បណ្តាលឲ្យកើតឃ្លានចំណី។
ដ្បិតពោធិសត្វចាកឧទរ ឲ្យកើតវឹកវរឃ្លានស្វាយខ្ចី
នឹកភ្លាមចុះភ្លែតទៅដល់ដី ងើបរកស្វាយខ្ចីគ្រប់ដោយដើម។
៤៥. គន់មើលទៅមែកមានផ្លែមួយ ស្ទើរនឹងរលួយប្រមាត់ថ្លើម
ឃ្លានណាស់ប្រវ៉ាទៅឱបដើម ធ្ងន់ពោះដែលផើមឡើងមិនរួច។
បើច្នេះអញនឹងប្រាប់ប្រើប្តី ក្រែងគេប្រណីបានតិចតួច
នឹងឡើងខ្លួនឯងក្រែងមិនរួច ពីដួចកើតមកមិនដែលសោះ។
វិលមកនាងផ្តួលខ្លួនលើប្តី ថាអ្នកសព្វថ្ងៃស្រឡាញ់ស្មោះ
ឬមួយមិនសូវនឹកស្រណោះ អាឡោះគិតខ្ញុំជាប្រពន្ធ។
មាណពថាឱថ្លៃបងអើយ ចិត្តរៀមគៀកកើយអាល័យលន់
សព្វថ្ងៃថ្នមចិត្តមិនឲ្យអន់ ក្រែងតែអូនតន់អន់នឹងបង។
នាងថាពាក្យអ្នកបងជាប្តី គួរឲ្យប្រណីពេកកន្លង
ថាបើអ្នកស្លាប់ៗខ្ញុំផង កើតជាស្រីម្តងឲ្យគង់ឈ្មោះ។
៥០. ខ្ញុំហើយនឹងអ្នកប្តូរជីវា ខ្ជាក់ស្លាប្តូរគ្នាលេបក្នុងពោះ
បើអ្នកចិត្តត្រងនឹងខ្ញុំស្មោះ បងជួយសង្រ្គោះប្អូនបានម្តង។
មាណពថាឱប្រលឹងថ្លៃ បងឮសង័្សយពេកកន្លង
គ្រោះប្អូនយ៉ាងណាប្រាប់រៀមបង បងនឹងចម្លងគ្រោះឲ្យស្រី។
គ្រោះនេះគ្រោះនោះដ្បិតតែអាហារ ឲ្យឃ្លានភោក្តាផ្លែស្វាយខ្ចី
បើខ្ញុំខានស៊ីគឺខ្ញុំក្ស័យ ខានឃើញរួបប្តីតទៅមុខ។
មាណពថាប្អូនចង់ស៊ីអ្វី ចង់សាបចង់ប្រៃឬអន្លក់
ចង់ខាងបង្អែមឬខាងជ្រក់ ចង់ប្រមាណមុខប្រាប់មកបង។
នាងថាចំណីនៅឯណា ប្តីគេហាមថាមកច្រើនដង
មើលទៅមុខជាខុសបំណង ក្រែងតែរៀមបងមិនប្រណី។
៥៥. ថាហើយនាងហូរទឹកភ្នែក ទ្រូងតឹងស្ទើបែកជាពីរបី
ក្រែងគេមិនឲ្យស៊ីស្វាយខ្ចី នាងខ្លាចស្វាមីមិនហ៊ានថា។
មាណពប្រវ៉ាឱបប្អូនស្រី ថ្នាក់ថ្នមប្រណីដួងជីវា
ប្អូនយំឃ្លានអ្វីប្រាប់បងរ៉ា បងនឹងប្រវារកឲ្យស្រី។
អ្នកអើយរីឯខ្លួនខ្ញុំប្អូន ពីដួចមានកូនចង់ចំណី
នឹកទៅចង់ស៊ីផ្លៃស្វាយខ្ចី តើអ្នកប្រណីបានឬទេ។
ប្តីថាប្រលឹងមាសបងអើយ ធ្វើឲ្យបងព្រួយក្ររិះរេ
មើលទៅមុខជាមិនបានទេ លោកគ្រូផ្តាំផ្តែផ្តាច់ស្រឡះ។
បើអ្នកមិនឲ្យស៊ីស្វាយខ្ចី ប្អូនខានឃើញប្តីប្រាប់ឲ្យច្បាស់
ថាហើយនាងចុះពីលើផ្ទះ ដើរទៅលលះតម្រង់ស្វាយ។
៦០. នាងយំថាឱប្តីកំសត់ កាលគ្រាក្រអត់មិនគិតកាយ
ឥឡូវប្អូននឹកឃ្លានផ្លែស្វាយ អ្នកនៅប្រងើយមិនប្រណី។
ពីដើមអ្នកផ្តាច់ផ្តូរជីវិត រស់ស្លាប់ថេរឋិតនឹងប្អូនស្រី
ជឿចុះចិត្តប្រុសនៅលោកីយ ហាឡើងចេះស្តីថាលោកហាម។
ប្អូនអើយចាំបងបេះឲ្យស្រី ឈប់ស្តាប់ពាក្យប្តីកុំចចើង
ឥឡូវបងនឹងប្រវាឡើង ទាល់នឹងឈឺជើងឡើងមិនបាន។
មាណពរកកល់តែកុហក ចាំរកដំពក់ស្រីកល្យាណ
តែគិតបញ្ឆោតឲ្យតែខាន ស៊ីទៅក្រែងមានគ្រោះដល់ស្លាប់។
ប្តីថាប្អូនឯនៅចុះរ៉ា បងទៅម្នីម្នាវិលប្រញាប់
ថាហើយមាណពលូកដៃចាប់ កាំបិតបានឆាប់ដើរទៅភ្លាម។
៦៥. គិតដើរដោះចេញឲ្យតែយប់ ប្រដាប់កាន់គ្រប់យកតែនាម
បែរមកនិយាយប្រាប់ហាមប្រាម ប្អូនឯងកុំតាមបងទៅព្រៃ។
មាណពដើរចូលដល់ដង្គំ ឈរឈប់សម្ងំចាំមើលថ្ងៃ
រសៀលទន់ទាបស្រេចហើយនៃ ចាំវិលពីព្រៃឲ្យផុតស៊ី។
ថ្លែងពីនាងស្រីស្រស់វរល័ក្ខណ៍ នៅចាំរៀមរ័ក្សលុះដល់ទី
មើលទៅសុរិយាបាំងគិរី មុខជាខានស៊ីកុំសង្ស័យ។
ថាហើយប្រវាឡើងដើមស្វាយ ប្រវេប្រវ៉ាយទាំងភិតភ័យ
ឡើងដល់ជំពាមលើហើយនៃ របូតទាំងដៃធ្លាក់ដល់ដី។
((អូតជើតឈឹង))
ធ្លាក់ខ្ពោកមកធ្លាយពោះរំពេក ឆ្អឹងឆ្អែងបាក់ខ្ទេចខ្ទីទៅនៃ
ធ្លាយចេញព្រះគោពីក្នុងផ្ទៃ បោលលើដែនដីល្អទន់ទែង។
៧០. មានទាំងគម្ពីរក្បួនវេទផង កើតមកតែម្តងពេលនោះឯង
សម្រាប់អ្នកដែលមានបុណ្យព្រេង ជាក់ស្តែងមានព្រមក្នុងពោះគោ។
មានទាំងគ្រឿងទ្រង់គ្រឿងអាហារ លាយសព្វប្រការក្លិនពិដោរ
សម្រាប់ព្រះអង្គពង្សពុទ្ធពោ- ធិសត្វសេដ្ឋោគ្រឿងមាសទែង។
ព្រះកែវគង់នៅក្នុងផ្ទៃម្តាយ ស្រោមជាប់រុំកាយនៅតែឯង
កូនគោបោលលោតលងជើងលេង ម្នាក់ឯងឥតមានហ្វូងនៅជិត។
បោលពីខ្មោចម្តាយទៅដល់ផ្ទះ បោលលឿនលលះទាំងភ័យភិត
បោលចុះបោលឡើងទាល់ងងឹត ព្រោះត្បិតអ្នកគិតក្រែងប្អូនស្លាប់។
ដល់ហើយខំអើតរកឪពុក ពុំឃើញកើតទុក្ខវិលប្រញាប់
ដល់ហើយមើលប្អូនក្រែងប្អូនស្លាប់ ព្រោះត្បិតប្អូនជាប់នៅក្នុងស្រោម។
៧៥. លុះយប់មាណពមកពីព្រៃ ឃើញគោល្អក្រៃរូបឆើតឆោម
មើលទៅសមលើសមទាំងក្រោម នេះចំល្អព្រមគ្មានទើសភ្នែក។
ល្អម្លេះគោស្រុកឬគោព្រៃ ទើបឃើញថ្មីៗយ៉ាងចម្លែក
បោលលជើងលេងល្អយ៉ាងឯក បោលភ្លែតដល់ទៅឯដើមស្វាយ។
មាណពដើរតាមកូនគោទៅ កូនគោឈរនៅខាងខ្មោចម្តាយ
មាណពក្រឡេកមើលពីឆ្ងាយ ឃើញនាងឆោមឆាយដេកនៅដី។
ដល់ហើយមាណពប្រវាឱប ថ្នាក់ថ្នមក្រសោបខ្មោចប្អូនស្រី
ហេតុកម្មប្អូនមកស្លាប់ចោលប្តី ហើយបែកទាំងផ្ទៃស្លាបអន្តរាយ។
((អូតពិលាប))-អ្នកសោកបោកខ្លួននៅលើដី ឱបខ្មោចប្អូនស្រីក្រោមដើមស្វាយ
ត្រកងខ្មោចហើយសែននឹកស្តាយ កៀកកាយសោកសពសន្លប់សូន្យ។
៨០. ថ្លែងពីកូនគោឃើញបិតា ឱបខ្មោចសោកាមិនដឹងខ្លួន
នឹកគិតអាណិតដល់រូបប្អូន ស្ងប់ស្ងាត់បាត់សូន្យក្នុងផ្ទៃម្តាយ។
មាណពភ្ញាភ្ញាក់ដឹងស្មារតី កូនគោឃ្មាតខ្មីស្តីនិយាយ
ឪអើយខ្លួនខ្ញុំនេះទើបធ្លាយ ចេញពីផ្ទៃម្តាយនោះឯងមិញ។
ព្រះកែវប្អូនជាប់នៅក្នុងផ្ទៃ យូរណាស់ហើយនៃពុំទាន់ចេញ
ម្លេះសមកើតទុក្ខព្រួយទោម្នេញ ឪយកប្អូនចេញមកឲ្យឆាប់។
ឪពុកលូកចាប់ទាញមកក្រៅ ឃើញស្រោមជាប់នៅរត់ប្រញាប់
ទៅយកកាំបិតមកយ៉ាងឆាប់ លូកដៃទៅចាប់វះសូរខ្វោក។
ទាញបានព្រះកែវបានរំពេច ហើយលាងរួចស្រេចស្អាតរលូន
លើកឡើងថ្នមបីត្រកងកូន កូនយំទន់ខ្លួនគ្មានដោះបៅ។
៨៥. មាសឪកុំយំណាកូនអើយ ម្តាយអ្នកស្លាប់ហើយដួលដេកនៅ
ចាំឪសុំដោះគេឲ្យបៅ ហើយបីកូនទៅទាំងទុក្ខា។
ព្រះគោគេបានស៊ីស្មៅខ្ចី ព្រះកែវបានអ្វីនឹងភោក្តា
សង្ឃឹមក្សីរម្តាយស្លាប់ចោលបា កូនយំម្លេះណាឪធ្វើម្តេច។
ឥឡូវយប់យូរណាស់ទៅហើយ កូនមាសឪអើយឈប់បន្តិច
រង់ចាំព្រឹកព្រាងភ្លឺឡើងស្រេច ថ្ងៃរះឡើងលេចពីបូព៌ា។
ឪនឹងនាំកូនរកដោះបៅ ទ្រាំអត់សិនទៅណាស្ងួនភ្ងា
ឥឡូវកូនកើតមកកំព្រា គ្មានគ្នាកំដរ នៅម្នាក់ឯង។
ណាខ្មោចក៏ចោលក្រោមដើមស្វាយ ខ្លួននៅអត់បាយសែនចំបែង
ណាកូនក៏យំស្រែកក្តែងៗ ម្នាក់ឯងហៅសែនពិបាកក្រៃ។
៩០. លុះភ្លឺថ្ងៃរះស្រឡះវង់ លើកកូនឡើងផ្ចង់ត្រកងបី
ដើរទៅផ្ទះញាតិព្រាងដទៃ ក្រែងគេប្រណីឲ្យបៅម្តង ។
ហើយអ្នកបណ្តើរកូនគោទៅ ព្រះកែវប្រុសពៅបីត្រកង
នាំកូនទៅដល់ផ្ទះញាតិផង ផ្ទះបែបទំនងមានកូនខ្ចី។
ដល់ហើយលុតជង្គង់នូវមុខផ្ទះ លើកដៃសំពះលើសិរសី
លោកអើយមេត្តាប្រោះប្រណី សុំដោះម្ចាស់ថ្លៃឲ្យកូនបៅ។
អ្នកស្រុកប្រុសស្រីឈរមើលលាន់ គាត់ស្លាប់ប្រពន្ធឬម្តេចទៅ
ដើរសុំដោះគេឲ្យកូនបៅ ហើយសាកសួរទៅឪវាចា។
ម៉ែវាដើរទៅឯណាទៅ ចោលកូនឲ្យនៅអត់អាហារ
ចូរនិយាយប្រាប់យើងផងរ៉ា បើគួរសមជាយើងឲ្យបៅ។
៩៥. មាណពថាឱព្រះគុណអើត តែនឹកឡើងហើយសែនអួលក្តៅ
ខ្ញុំបាទទៅព្រៃពុំបាននៅ ប្រពន្ធគេទៅឡើងបេះស្វាយ។
ធ្លាក់មកពីចុងបែកផ្ទៃស្លាប់ ធ្លាយកូននៅជាប់បៀតខ្មោចម្តាយ
កូនភ្លោះនៅរស់ទាំងពីរកាយ មនុស្ស១គោ១ដែលនាំមក។
អ្នកស្រុកឆ្លើយថាច្នោះទេរ៉ី! កូនកាឡកណីបីជ្រល់ជ្រក
ម្លឹងៗត្រដរនាំមក នរណាឲ្យជ្រកឲ្យដោះបៅ។
រីយើងអញមិនឲ្យមឹមទេ កូនខុសនឹងគេស្រុកស្រែក្រៅ
ចូរឯងត្រឡប់វិលវិញទៅ តែខំទ្រាំនៅវាយបែកក្បាល។
មាណពឮគេជេរបណ្តេញ នាំរត់ចេញភ្នែកដាសវ៉ាល
គេជេរហើយស្តីគេផ្ចាល អាមនុស្សអន្ធពាលចង្រៃស្រុក។
១០០. ហើយបីកូនដើរចេញកន្រ្ទយ បែរមើលទៅក្រោយគេជេរជុក
ថាឱព្រះកែវមាសឪពុក កូនឯងកុំយំអាណិតឪ។
ព្រះកែវក៏យំស្រេកដោះបៅ ខះស្ងួតកសោះខ្លួនឡើងខ្មៅ
ទាំងពីរកើតមកគ្មានដោះបៅ ឪពុកបីទៅសុំគេទៀត។
បីកូនចូលសព្វបួនដប់ផ្ទះ គេគ្មានឲ្យខ្លះសែនចង្អៀត
សុំផ្ទះមួយហើយសុំមួយទៀត ខំឆ្លៀតដើរសុំទាល់ព្រលប់។
គេថាតែកូនកាឡកណី កើតមកចង្រៃឧបទ្រព
បីកូនសុំគេមិនឈរឈប់ ដល់យប់ត្រឡប់មកផ្ទះវិញ។
លួងថាកូនអើយអ្នកកុំយំ កូនកើតរងកម្មដូច្នេះមិញ
ទៅសុំដោះគេៗបណ្តេញ នាំកូនរត់ចេញមកទទេ។
១០៥. ហើយបណ្តក់ទឹកឲ្យកូនបៅ នឹកទៅកំសត់អ្វីម្លេះទេ
កូនអើយដេកទៅណាមាសស្នេហ៍ ឪយកខ្មោចម៉ែអ្នកទៅទុក។
ព្រះកែវបានផឹកទឹកហើយណា ឆ្អែតតាងអាហារតទៅមុខ
បាត់ឃ្លានហើយអ្នកបានដេកលក់ ឪពុកយកខ្មោចម្តាយទៅព្រៃ។
អ្នកយកទៅទុករួចហើយណា រួសរាន់ម្នីម្នាវិលវិញនៃ
ដល់ផ្ទះឱបកូនរ័ត្នពីសី ដេកក្នុងរាត្រីសុខសប្បាយ។
ភ្លេងខ្លម
គ្រាអើយៗគ្រានោះ អ្នកស្រុកស្រីប្រុសផងទាំងឡាយ
និយាយឆោឡោឮសព្វសាយ ឈូឆរគ្រប់កាយនាឯផ្ទះ។
ឮថាមាណពកាឡកណី កើតកូនអប្រីយតែផ្តេសផ្តាស
គោ១មនុស្ស១មិនចេះខ្មាស ចង្រៃខ្លាំងណាស់យកវាចេញ។
១១០. ខ្លះថាកូនគោធាត់ទ្រលន់ ឆ្អឹងវានូវទន់សាច់គួរឆ្ងាញ់
អើវើយយើងនាំគ្នាទៅដេញ ឪពុកវាមិញយើងទុកប្រើ។
កូនមួយឲ្យនៅឪវាចុះ ឯកូនគោនោះយកសាច់ឆ្អើរ
មេស្រុកឮហើយថាអើៗ បើឆ្អើរក៏ឆ្អើរខ្លាចអ្វីឯង។
គិតគ្នាស្រេចហើយនាំគ្នាទៅ ខ្លះថាយកផ្តៅទៅត្របែង
ខ្លះយកដងរែកធ្វើដងស្នែង សម្រាប់នឹងសែងមិនមានខ្វះ។
ប្រពន្ធប្រាប់ប្តីថាអញផើម កាត់យកតែថ្លើមផ្ញើអញខ្លះ
វាសាបមាត់អញស៊ុនពេកណាស់ យកសាច់ភ្លៅខ្លះមកផ្សំផង។
នាំគ្នាទៅដល់ឃើញកូនគោ ហើយតាំងស្រែកហ៊ោបានពីដង
នាំគ្នាព័ទ្ធជិតេជុំរបង ខ្លះដើរត្រសងដំបងច្រូង។
១១៥. ព្រះគោនិយាយប្រាប់បិតា គេមកប្រាថ្នាចាប់ខ្ញុំចង
គេប្រុងស៊ីសាច់ខ្ញុំហើយហោង ឪតាមកូនផងកុំឲ្យបាត់។
កូនផ្លោះរបងចេញឥឡូវ ហើយបោលសំដៅទៅព្រៃស្ងាត់
ឪមើលខ្លួនប្រាណប្រុងប្រយ័ត្ន កុំឲ្យមានភ្លាត់ក្រែងថ្លោះធ្លោយ។
ព្រះគោនិយាយផ្តាំឪពុក ហើយបែរប្រែមុខបោលបណ្ណោយ
អ្នកស្រុកប្រឹងរត់ដេញតាមក្រោយ ឪពុកក៏ដោយរត់តាមទៅ។
បីទាំងព្រះកែវជាប់ទៅផង រត់ហួសរំលងអ្នកស្រុកក្រៅ
សំដៅដិតជាប់តាមគោទៅ អ្នកដេញខ្មួលខ្មៅគ្មានទាន់មួយ។
ឪពុករត់ទាន់ដោយបារមី ដៃបីព្រះកែវឥតមានព្រួយ
បារមីព្រះអង្គខ្លាំងតែជួយ ឪពុកផ្លោះដោយចន្លោះព្រៃ។
១២០.ព្រះគោបោលចុះក្នុងអូរបាន បែរមកលុបដានបាត់ហើយនៃ
ហើយចូលលាក់ខ្លួនពួនក្នុងព្រៃ មូលគ្នាបីប្របមាត់អូរ។
អ្នកដេញតាមដានដល់ក្នុងព្រៃ បាត់ដានហើយនៃចូលកកូរ
អ្នកខ្លះថាវើយឯងកុំវរ រិទ្ធីកូនគោពូកែណាស់។
មើលយើងដេញមិនទានទេ មុខជាខានស៊ីកុំចងឈ្នះ
មកវើយកនយើងវិលទៅផ្ទះ ខំចូសព្រៃនេះតិចខ្លាខាំ។
ខ្លះថាប្រពន្ធយើងនៅផ្ទះ ម្លេះសមវាបេះម្ជូរថ្នឹងចាំ
ខ្លះរកកាំបិតទុកចិញ្រ្ចំ ខ្លះរត់ទៅដាំទឹកទុកស្ងោ។
នាំគ្នាវិលមកដល់ផ្ទះហើយ ចាប់យកសំពាយផ្លាស់អាវខោ
ខ្លះឃើញប្តីដល់លើកកូនព សួរប្តីរញ៉រឯណាសាច់។
១២៥.ប្តីថាអូនឯងចាំស៊ីចុះ ដេញគោជ្រុះនូវតែអាចម៏
អញភ្លេចវេចផ្ញើឯងបានតិច បំណាច់ឯងអួតថាសាបមាត់។
គ្រាអើយៗគ្រានោះ ថ្លែងពីមាណពនាំកូនរត់
ដល់គេត្រឡប់មកផ្ទះស្ងាត់ គាត់នាំកូនគោដើរក្នុងព្រៃ។
មិនហ៊ានត្រឡប់មកផ្ទះវិញ ខ្លាចក្រែងគេដេញកូនទៀតនៃ
គាត់គិតនាំកូនរ័ត្នថ្លើមថ្លៃ ដើរអាស្រ័យក្រោមព្រឹក្សា។
ហើយបីព្រះកែវដើរដោយដង ច្រកជ្រោះជ្រលងក្នុងហិមវា
ប្រឹងដើរនឿយហត់អត់អាហារ ព្រឹក្សាលតាក៏គ្មានផ្លែ។
អ្នករត់អត់បាយ៧ថ្ងៃ ខំដើរល្ហិតល្ហៃឥតមានល្ហែ
ថាឱព្រះកែវកូនមាសសេ្នហ៏ ព្រះគោបងគេស៊ីស្មៅខ្ចី។
១៣០.កូនឯងផឹកទឹកតាងអាហារ ឪពុកនេះណាអត់ស្វិតផ្ទៃ
កូនអើយឱអស់ស្ទើរនឹងក្យ័យ ព្រះកែវប្រុសថ្លៃអ្នកដេកសិន។
ឪបីកូនឯងមិនរួចទេ ស្តាប់ឪបំពេរណាមាសឆ្អិន
កូនអើយដេកទៅដួងជីវិន ឪស្ទើរនឹងក្សិណក្ស័យជីវិត។
ព្រះគោអាសូរទៅបិតា ព្រួយអីម្លេះណាម្ចាស់កូនអើយ
អាហារក៏គ្មានបានស៊ីឡើយ ឱម្ចាស់កូនអើយធ្វើម្តេចកម្ម។
ឪពុកក៏ហៅកូនគោថា កូនមករ៉ាឪពុកនឹងផ្តាំ
បានៅចាំប្អូនមើលថែទាំ នឹងទ្រាំអត់ទៅក៏មិនបាន។
ឪនឹងទៅរកបេះផ្លែឈើ ទុំខ្ចីក្រោមលើក្នុងស្មសាន
ឪទៅបន្តិចវិលវិញថ្កាន ទោះបានពុំបានមិននៅយូរ។
១៣៥.អ្នកផ្តាំកូនគោស្រេចហើយនៃ លើកកូនឡើងបីនឹកអាសូរ
ឱនឱបថើបកូនទឹកភ្នែកហូរ ថាឱកូនកែវគូជីវិត។
អ្នកថ្នមថើបកូនរួចហើយណា ចរចេញយាត្រាទាំងភ័យភិត
មិនហ៊ានទៅឆ្ងាយបេះជិតៗ ព្រោះដ្បិតអ្នកគិតក្រែងក្រងាយ។
No comments:
Post a Comment