Friday, 10 June 2016

សេចក្ដី​អធិប្បាយ​អំពី​ពាក្យ​ថា
កាព្យ = កំណាព្យ
របស់​លោក ឈឹម ស៊ុម អតីត​សាស្រ្តាចារ្យ
          ពាក្យ​ថា << កំណាព្យ >> ជា​ភាសា​ខ្មែរ​ដែល​ប្រែ​ចេញ​ពី​បាលី ថា​កាព្យ ។ កំណាព្យ​ក្ដី កាព្យ​ក្ដី អ្នក​ផង​យល់​ន័យ​ថា : កម្រង​ពាក្យ​ឃ្លោងឃ្លា មាន​ល្បះ ជា​សង្កាត់​ៗ រុងរឿង​ដោយ​ពាក្យ​ជួន និង​សេចក្ដី​ពិរោះ​ពិសារ អាច​ទាញ​ចិត្ត​អ្នក​អាន​ឲ្យ​រីករាយ ឬ​ស្រងេះ​ស្រងោច ឬ​ក៏​អណ្ដែត​អណ្ដូង​លន្លង់​លន្លោច​បាន ។ សេចក្ដី​យល់​នេះ​ត្រូវ​ពិត ។ ប៉ុន្តែ​គង់​មាន​អ្នក​ខ្លះ​យល់​មិន​ដល់​កម្រិត មិន​ដល់​ជម្រៅ ព្រោះ​ពាក្យ​ថា កាព្យ​នេះ មាន​ធាតុ​ដើម (RACINE ) កប់​ជ្រៅ​បន្តិច។ សូម​ជ្រាប​ដូច​តទៅ :
          ពាក្យ​ថា កាព្យ ជា​ភាសា​បាលី មក​អំពី កុ ធាតុ ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថបទ​ថា : ពោល​យ៉ាង​ពិរោះ, ការ​ពោល ឬ​ពំនោល​ដ៏​ពិរោះ, អ្នក​ពោល​នូវ​ពាក្យ​ដ៏​ពិរោះ, ឬ​អ្នក​ពោល​នូវ​ពាក្យ​ជា​ទីគាប់​ចិត្ត ។
          កុធាតុ បើ​សម្រេច​រូប​ឲ្យ​ទៅ​ជា​កិរិយាស័ព្ទ កក្ដុវាចកៈ បាន​រូប​ជា កោតិ = កវតិ = កាយតិ។ ឲ្យ​ទៅ​ជា​កិរិយាស័ព្ទ កម្មវាចកៈ បាន​រូប​ជា កុយតិ = កិយតិ ។ ឲ្យ​ទៅ​ជា​ការ​ក​នាម បាន​រូប​ជា កវិកោ = កវី ។ ឲ្យ​ទៅ​ជា​ករណនាម បាន​រូប​ជា កាននំ = កព្វំ = កាវិយំ = កាវេយ្យំ = កាព្យំ ។ ឧ. កវី កាព្យំ កវតិ = អ្នក​ពោល​នូវ​ពាក្យ​ជា​ទីគាប់​ចិត្ត ពោល​យ៉ាង​ពិរោះ​នូវ​ពំនោល​ដ៏​ពិរោះ (កក្ដុវាចកៈ ) ។ កាព្យំ កវិនា កុយតិ = ពំនោល​ដ៏​ពិរោះ គឺ​អ្នក​ពោល​នូវ​ពាក្យ​ជា​ទី​គាប់​ចិត្ត ពោល​យ៉ាង​ពិរោះ ។
          ពាក្យ​ថា << កាព្យ >> << កំណាព្យ >> ជា​ករណនាម គឺ​ជា​អំពើ​របស់​កវី ។ បើ​មិន​ហៅ << កាព្យ >> << កំណាព្យ >> នឹង​ហៅ​ថា << កវី​និពន្ធ >> ដូច្នេះ​វិញ​ក៏​បាន (កាព្យ = កំណាព្យ = កវី​និពន្ធ ) ។ ប៉ុន្តែ​កុំ​ច្រឡំ​នឹង​ពាក្យ​ថា << និពន្ធ​កវី >> ឡើយ ព្រោះ​ពាក្យ​ថា << និពន្ធ​កវី >> ជា​ការ​កនាម គឺ​ជា​ឈ្មោះ​មនុស្ស​អ្នក​ធ្វើ , មាន​ន័យ​ថា អ្នក​ពោល​នូវ​ពាក្យ​ជា​ទី​គាប់​ចិត្ត ព្រម​ទាំង​បាន​និពន្ធ​នូវ​អត្ថបទ​ជា​ទីគាប់​ចិត្ត​ផង ។ បើ​ហៅ​ថា << កវី >> ទទេ ក៏​មាន​ន័យ​ដូចគ្នា​នេះ​ដែរ, ប៉ុន្តែ​បើ​អ្នក​នោះ​មិន​បាន​និពន្ធ​អត្ថបទ​អ្វី​សោះ គ្រាន់​តែ​ពោល​ពាក្យ​ពិរោះ​ប៉ុណ្ណោះ ក៏​គេ​អាច​ហៅ​ថា << កវី >> បាន​ដែរ ។
          ខ្ញុំ​ធ្លាប់​ឮ​ពាក្យ​សរសើរ ចំពោះ​កាព្យ​ខ្មែរ ដែល​អ្នក​ប្រាជ្ញ​បរទេស​បាន​សរសើរ​ថា ភាសា​អ្នក​បស្ចិម​ប្រទេស គេ​មិន​អាច​យក​មក​ធ្វើ​កាព្យ​ឲ្យ​ពិរោះ​ដូច​ភាសា​ខ្មែរ​បាន​ទេ ព្រោះ​សម្បូណ៌​ពាក្យ​ច្រើន​ព្យាង្គ ហើយ​ខ្សត់​វេវចនៈ, ឯ​ភាសា​ខ្មែរ​សម្បូណ៌​ពាក្យ​មួយ​ព្យាង្គ​ផង សម្បូណ៌​វេវចនៈ​ផង បាន​ជា​គេ​អាច​ធ្វើ​កាព្យ​ឲ្យ​មាន​ពាក្យ​ជួន​យ៉ាង​ណា​ក៏​បាន ។ ទាំង​ខេមរជាតិ​យើង​ក៏​យល់​ដូចគ្នា​ដែរ បាន​ជា​សព្វ​ថ្ងៃ​ខេមរកុលបុត្រ​ច្រើ​នគ្នា ដែល​ពុំ​ទាន់​ផុត​ខ្សែ​លោហិត​អំពី​កវី​ជាន់​ចាស់​នៅ​ឡើយ នៅ​តែ​ចូលចិត្ត​កាព្យ​ឃ្លោង​របៀប​ខ្មែរ គេ​ខំ​សរសេរ​ផ្សាយ​ក្នុង​សារពត៌មាន និង​ក្នុង​សៀវភៅ​ផ្សេង​ៗ​ដ៏​ច្រើន ។
          ឯ​កាព្យ​ឃ្លោង​ភាសា​ខ្មែរ អ្នក​ខ្លះ​ហ៊ាន​និយាយ​ថា << មិន​ក្រ >> ផង​ព្រោះ​គេ​ឮ គេ​ឃើញ​នូវ​ក្មេង​គង្វាល​គោ ក៏​ចេះ​ច្រៀង​កំសាន្ត​ដែរ ក្មេង​ពរ​ប្អូន​លេង ក៏​ចេះ​ច្រៀង​បំពេរ​ប្អូន​ដែរ អ្នក​ខ្លះ​ឥត​ចូល​រៀន​ក្នុង​សាលា​ណា​ផង​សោះ ក៏​អាច​ចេះ​ច្រៀង​ឆ្លើយឆ្លង រហូត​ដល់​មួយ​យប់​ទើស​ភ្លឺ​ក៏​បាន​ឥត​ទើសទាក់ ។ ព្រោះហេតុ​នោះ បាន​​ជា​​ទាំង​ខ្លួន​ខ្ញុំ ក៏​យល់​ថា​វិជ្ជា​កាព្យ​មិន​ក្រ​ដែរ ។ ប៉ុន្តែ បើ​និយាយ​ពី​ក្រ​វិញ, ឃើញ​ថា​ក្រ​ជាង​ពាក្យ​រាយ​ដែល​គេ​និយាយ​ជា​បាឋកថា ជា​សុន្ទរកថា ឬ​ជា​ទេសនា​ទៅ​ទៀត ព្រោះ :
          ១- ការ​តែង​កាព្យ មុន​ដំបូង គេ​ត្រូវ​ធ្វើ​ផែនការ (ប្លង់ ) គ្រោង​សេចក្ដី លៃលក​រក​ពាក្យ​សម្រាប់​ប្រើ​ឲ្យ​មាន​ន័យ​ស្រប​នឹង​លំនាំ​រឿង ឬ​ដំណើរ​ការណ៍ ដូច​បាឋកថា ឬ​ទេសនា​ដូច្នោះ​ដែរ ហើយ​ថែម​ទាំង​ត្រូវ​រក​ពាក្យ​ជួន​មក​ដាក់​ឲ្យ​ត្រូវ​តាម​ក្បួន​កាព្យ ដែល​ប្រកប​ដោយ​បទ​មាន​ឈ្មោះ​ផ្សេង​ៗ ជា​ការ​ចាំបាច់​ផង​ទៀត ។
          ២- ក្បួន​កាព្យ កវី​ខ្មែរ​ពី​បុរាណ បាន​ចាត់​ជា​បទ​ផ្សេង​ៗ មាន​កំណត់​ពាក្យ​ប៉ុណ្ណោះ​ក្នុង​មួយ​ឃ្លា​ៗ មាន​ប៉ុណ្ណេះ​ឃ្លា​ប៉ុណ្ណោះ​ឃ្លា ក្នុង​មួយ​ល្បះ​ៗ តាម​ដំណើរ​បទ​នីមួយ​ៗ ជា​កម្រិត ។
          ៣- ការ​តែង​កាព្យ​ខ្មែរ លុះ​ត្រា​តែ​អ្នក​តែង​នោះ​ៗ ចេះ​បទ​ខ្មែរ​ឲ្យ​ប្រាកដ​សិន ទើប​តែង​ឲ្យ​ត្រឹមត្រូវ​កើត ដូច​អ្នក​លេង​ភ្លេង​ដែរ, មិនមែន​ត្រូវ​រកតែ​ពាក្យ​ជួន​មក​ប្រគរ​គ្នា ដូច​គេ​ច្រៀង​ថា << បង​ដេញ​គោ​ហ្វូង​ទៅ​ព្រៃ​ឯ​ត្បូង នាំ​ប្អូន​ជីក​ដំឡូង ហើយ​ផឹក​ទឹក​អណ្ដូង ឃើញ​ពពក​ឈរ​ច្រូង ដូចជា​ស្លឹក​ដូង ដូច្នេះ​ហៅ​ថា កាព្យ​ខ្មែរ​នោះ​ទេ
          ៤- បទ​ផ្សេង​ៗ ដែល​កវី​ខ្មែរ​​ពី​បុរាណ បាន​តែងតាំង​ទុក​មក មាន ៤៨ បទ ដោយ​ពិស្ដារ​គឺ:
          ១- បទ​កាកគតិ, ២- បទព្រហ្មគីត, បទ​ពំនោល, បទ​បន្ទោលកាក, បទ​ភុជង្គលីលា, ៦- បទ​ពាក្យ ៧ សាមញ្ញ, ៧- បទនមោពាក្យ ៧ , បទ ​កខ​ពាក្យ ៧, ៩- បទ គោព័ទ្ធស្នឹង​ពាក្យ ៧, ១០- បទ​នាគគៀវ​ក្រវាត់ ពាក្យ ៧, ១១- បទ​អក្សរ​សង្វាស ពាក្យ ៧, ១២- បទ​កង្កែប​លោត​កណ្ដាល​ស្រះ ពាក្យ ៧, ១៣- បទ អក្សរលូនពាក្យ ៧, ១៤- បទ​ថយ​ក្រោយ ពាក្យ ៧, ១៥- បទ​នាគរាជ​ប្លែង​រឹទ្ធិ ពាក្យ ៧, ១៦- បទ​ពាក្យ​៨ សាមញ្ញ, ១៧- បទ​នាគ​បរិព័ទ្ធ ពាក្យ ៨, ១៨- បទ​ត្រី​ពិធព័ន្ធ ពាក្យ ៨, ១៩, បទ​នាគរាជ​ប្លែង​រឹទ្ធ ពាក្យ ៨, ២០- បទ​ពាក្យ ៩ សាមញ្ញ, ២១- បទ​​ផ្កាឈូក​រីក ពាក្យ ៩, ២២- បទ​ក្របចក្កវាឡ ពាក្យ ៩, ២៣- បទ​រលក​ខ្ទប់​ច្រាំង ពាក្យ ៩, ២៤- បទ​កង្កែប​លោត​ស្លាក់ពេជ្រ ពាក្យ ៩, ២៥- បទ​សារថី​ទាញ​រថ ពាក្យ ៩ , ២៦- បទ​សឹង្ហតោ​លេង​កន្ទុយ ពាក្យ ៩, ២៩- បទ​ពាក្យ ១០ សាមញ្ញ, ២៨- បទ​ត្រឡាច​ឡើង​ទ្រើង ពាក្យ ១០, ២៩- បទ​ពាក្យ ១១ សាមញ្ញ, ៣០- បទ​ឆ័ត្រ​បី​ជាន់ ពាក្យ ១១, ៣១- បទ​គោព័ទ្ធស្នឹង ពាក្យ ៨, ៣២- បទ​ពាក្យ​ជាប់​ទង ពាក្យ ៤, ៣៣- បទ​មករ​ខ្ជាក់​កែវ, ៣៤- បទ​កង្កែប​លោត​លើ​គោក។៣៥- បទ​សបាត់​សប៊ិន, ៣៦- បទ​ពស់​លេប​កន្ទុយ, ៣៧- បទសឡាប​លូន, ៣៨- បទ​ព្រះច័ន្ទ​បាំង​ឆ័ត្រ, ៣៩- បទ​វង្ស​វិចិត្រ, ៤០- បទ​កង្កែប​លោត​ផ្ទាត់​ខ្ចៅ, ៤១- បទ​រលក​យោល​យាវ, ៤២- បទ​យតិភ័ង្គ, ៤៣- បទ​រមាំង​ដើរ​ព្រៃ, ៤៤- បទ​សហរ៉ា, ៤៥- បទ​សត្វ​កាង​ស្លាប, ៤៦- បទ​វិវិធមាលី, ៤៧- បទ​សោរទិន​វិសាល, ៤៨- បទ​សុក្រ​ទិន​វិសាល
          បទ ឬ​មេកាព្យ​ទាំង ៤៨ នេះ ជា​ក្បួន​ប្រាប់​ចំនួន​ពាក្យ​ក្នុង​ឃ្លា ប្រាប់​ចំនួន​ឃ្លា​ក្នុង​ល្បះ​មួយ​ៗ ព្រម​ទាំង​ប្រាប់​រយៈ ឬ សង្វាក់​ពាក្យ​ជួន​នឹង​គ្នា​ក្នុង​បទ​នីមួយ​ៗ​ផង ជា​ការ​ក្រ​មួយ​លើក​ទៅ​ហើយ, ប៉ុន្តែ​មិន​ជា​ការ​ក្រ​ណាស់​ទេ, នៅ​មាន​កវី​បញ្ញត្តិ ជា​ការ​ក្រ​មួយ​លើក​ថែម​ទៀត ។
          ៥- កវី​បញ្ញត្តិ គឺ​សេចក្ដី​បញ្ញត្តិ​របស់​អ្នក​ប្រាជ្ញ​កាព្យ ។ លោក​បាន​បញ្ញត្តិ​ថា : ពាក្យ​កាព្យ​ទាំងឡាយ ទោះបី​មាន​សូរ​សំឡេង​ចុង​ដូចគ្នា ប៉ុន្តែ​ខុស​ស្រះ​គ្នា ក៏​ចាប់​ជួន​និង​គ្នា​ពុំ​បាន ដូចជា :
          , ស្រៈ ..និង ... ។ ឧ. តាម​ពុទ្ធ​ភាសិត ថា​អ្នក​ប្រព្រឹត្ត សុចរិត​កាន់​សីល ចំរើន​មេត្តា ភាវនា​ឥត​ខ្ជិល ឥត​ក្ដី​ខូច​ខិល​នឹង​បាន​ក្ដី​សុខ ។ ឧ. នេះ​ត្រូវ​ក្បួន, តែ​ខុស​បញ្ញត្តិ ពុំ​សូវ​ល្អ​ទេ ។
          , ស្រៈ ី និង ស្រះ ៃ, ស្រៈ ិ និង ស្រៈ េ ។ ឧ.ច្បាប់​នេះ​ប្រពៃ ចូរ​កូន​ពិសី សូធ្យ​កុំ​ឲ្យ​ភ្លេច កុំ​ផ្ដែក​តាម​ខ្ជិល ថា​មាន​ពេល​តិច​ អ្វី​ៗ សម្រេច​ដោយ​ក្ដី​ព្យាយាម ។ (ត្រូវ​ក្បួន តែ​ខុស​បញ្ញត្តិ ) ។
          , ស្រៈ ូ និង​ស្រះ ោ, ស្រៈ ូ និង​ស្រៈ ៅ ។ ឧ. អ្នក​កាន់​ចង្កូត ស្រវឹង​ទ្រេតទ្រោត ខំ​ប្រឹង​បរ​ទៅ មុខ​ជា​វិនាស ព្រោះ​​ទាស់​ខុស​ផ្លូវ ស៊ី​ហើយ​ដេក​ទៅ គ្រាន់​បើ​ជាង​បរ ។ (ត្រូវ​ក្បួន​តែ​ខុស​បញ្ញត្តិ ) ។
          , ស្រៈ ៀ និង​ស្រៈ ា ។ ឧ. យើង​គួរ​ខំ​ឆ្លៀត​ធ្វើ​ការ​ជួយ​ជាតិ តម្កើង​សាសនា ស្ទួយ​រាជ​បល្ល័ង្ក កុំ​ប្រឆាំង​គ្នា កុំ​ឲ្យ​មាន​ពៀរ ត​ពូជ​ខូច​ស្រុក ។ (ត្រូវ​ក្បួន តែ​ខុស​បញ្ញត្តិ )។
          , ស្រៈ អុំ ុ និង​ស្រៈ អំ ំ ។ ឧ. យាយ​តា​ចាស់​ទុំ មន្រ្តី​ស័ក្តិ​ធំ បព្វជិត​និង​ក្សត្រ គេ​តែង​គោរព ឱន​កាយ​ប្រណិប័តន៍ ដូច្នេះ​ទើប​ចាត់ ជា​ខ្មែរ​មាន​ពូជ ។ (ត្រូវ​ក្បួន តែ​ខុស​បញ្ញត្តិ )។
          , តួ ស ប្រកប ចាប់​ជួន​នឹង​វិសជ៌នីយ =​ រះ​មុខ (ះ ) ។ ឧ. ព្រះពុទ្ធ​បាន​ត្រាស់ មាន​ជ័យជំនះ លើ​​​ពួក​និគ្រន្ទ ព្រោះ​ព្រះ​សាស្ដា ព្រះអង្គ​មាន​បុណ្យ ប្រាជ្ញា​លើសលុប ក្រៃលែង​លោកា ។ (ត្រូវ​ក្បួន តែ​ខុស​បញ្ញត្តិ ) ។
          , តួ ក ប្រកប ចាប់​ជួន​នឹង​យុគល​ពិន្ទុ (: ) ។ ឧ. គ្រា​មាន​ធុរៈ​គេ​​ទៅ​ពឹងពាក់ ហ៊ាន​ឲ្យ​ដំរី គ្រា​​អស់​ធុរៈ គេ​ធ្វើ​វហី ឥត​បាន​ដំរី ឃើញ​ឯ​ពងមាន់ ។ (ត្រូវ​តាម​ក្បួន តែ​ខុស​បញ្ញត្តិ ) ។
          , ពាក្យ​មាន​តែ​ស្រៈ ទោល ឥត​មាន​អក្សរ​ប្រកប ចាប់​ជួន​នឹង​ពាក្យ​ស្រួយ ដែល​មាន​តួ រ ប្រកប ។ ឧ. រី​អង្គ​ព្រះសម្ពុទ្ធ ជា​មកុដ​នៃ​លោកា ព្រះអង្គ​ជា​អាចារ្យ ឥត​គ្រូ​​ណា​ប្រៀប​ផ្ទឹម​បាន ។ (ត្រូវ​តាម​ក្បួន តែ​ខុស​បញ្ញត្តិ ) ។
          , សំយោគ​សញ្ញា (័ ) ប្រកប​ជឹង យ ចាប់​ជួន​នឹង​ស្រៈ ៃ ។ ឧ.​ជាន​ជា​កុលបុត្រ ចូល​សាសន៍​ព្រះពុទ្ធ តែង​កាន់​វិន័យ ទើប​បាន​អ្នក​ផង​ចាត់​ថា​ប្រពៃ លើស​ជន​ប្រុស​ស្រី លោកីយ៍​សាមញ្ញ ។ (ខុស​បញ្ញត្តិ ) ។
          កវី​បញ្ញត្តិ ប៉ុណ្ណេះ​ជាដើម ជា​ហេតុ​ឲ្យ​អ្នក​តែង​កាព្យ​តឹង​គំនិត​ធ្វើ​កាព្យ កើត​ដោយ​កម្រ, តែ​បើ​កើត, នោះ​ជា​កាព្យ​ល្អ​ឥត​ខ្ចោះ ។ ទោះបី​កាព្យ​បុរាណ​ក៏​មាន​ខុស​នឹង​កវី​បញ្ញត្តិ​នេះ គគោក ទាំង​កាព្យ​អធិប្បាយ​ភាសិត​របស់​ខ្ញុំ​ដែល​ចុះ​ក្នុង​​ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ ១៩៦៦ ពី​លេ ១ ខ ដល់​លេខ ៥ ក៏​ពុំ​បាន​ហ្មត់ចត់​តាម​ក្បួន និង​កវី​បញ្ញត្តិ​នេះ​គ្រប់​អន្លើ​ដែរ បាន​ជា​ខ្ញុំ​សូម​ប្រកាស​ថា << មិនមែន​កាព្យ​គម្រូ​ទេ >> ហើយ​ខ្ញុំ​សូម​ដាក់​កាព្យ​ដទៃ​របស់​កវី​ជា​គ្រូ​ដើម​របស់​ខ្ញុំ​ខ្លះ កាព្យ​ដែល​ខ្ញុំ​តែង​ខ្លួន​ឯង​ខ្លះ ទុក​ជា​គម្រូ​ខាង​ចុង​អត្ថបទ​នេះ ដើម្បី​ការ​សង្កេត​នៃ​បច្ឆាជន​ជាន់​ក្រោយ​តទៅ :
បុរាណានុញ្ញាត
          កវី​ពី​បុរាណ​បាន​បញ្ញត្តិ​បន្តឹង​ក្នុង​ការ​តែង​កាព្យ ដូច​ខ្ញុំ​ពោល​ហើយ​ខាង​ដើម​នេះ ហើយ​បែរ​​អនុញ្ញាតិ​បន្ធូ​ពាក្យ​ជួន​ខ្លះ ដែល​អ្នក​មិន​ដឹង​ស្មាន​ជា​ខុស ដូច​​ពាក្យ​សំឡេង​ធំ ចាប់​ជួន​នឹង​ពាក្យ​សំឡេង​តូច ពាក្យ​ស្រួយ មាន​តួ រ ប្រកប ចាប់​ជួន​នឹង​ពាក្យ​ដែល​មាន​តួ​ ល ប្រកប ហើយ​នឹង​ស្រះ​ អេ (េ) ចាប់​ជួន​នឹង​ស្រៈ​ អែ (ែ ) ។ វិធី​ទាំង​៣​យ៉ាង នេះ លោក​អនុញ្ញាត​ឲ្យ​ធ្វើ លោក​ចាត់​ជា​ការ​ចាប់​ជួន​ដ៏​ត្រឹមត្រូវ ។
          ១- អក្សរឃោសៈ (សម្លេង​ធំ ) ចាប់​ជួន​នឹង​អក្សរ​អឃោសៈ (សម្លេង​តូច ) បាន​ឲ្យ​តែ​ស្រៈ​ដូចគ្នា មាន​ខ្យល់​ប្រកប​ដូចគ្នា ។ ឧ. នេះ​គឺ​ច្បាប់​ក្រម​ប្រសើរ​ឧត្ដម​ទូន្មាន​អ្នក​ផង ប្រើ​ឱន​លំទោន កុំ​បី​មាន​ឆ្គង​ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រតិបត្តិ ។ ត្រូវ​ក្បួន​ហើយ​ថែម​ទាំង​មិន​ខុស​បញ្ញត្តិ​ផង។ (ច្បាប់​ក្រម​ព្រះរាជ​សម្ភារ ) ។
          ២- ពាក្យ​ស្រួយ​មាន​តួ រ ប្រកប ចាប់​ជួន​នឹង​ពាក្យ​ដែល​មាន​តួល​ប្រកប​បាន ព្រោះ​ជំនាន់​បុរាណ​អាន​ពាក្យ​ទាំងពីរ​ធុន​នេះ មាន​ខ្យល់​ប្រកប​ដូចគ្នា​ ដូចពាក្យ​ថា ខ្នុរ គេ​មិន​ដែល​ថា ខ្នោរ, ឆ្នាំ​កុរ គេ​មិន​ដែល​ថា ឆ្នាំ​កោ, ចំណារ គេ​មិន​ដែល​ថា ចំណា ទេ ។ មួយ​ទៀត អក្សរ រ និង ល មាន​ពិធី​អាទេស​ផ្លាស់​ប្ដូរ​គ្នា​បាន​ផង (រ > ល ) ។ ឧ. ប្អូន​អើយ សុរីយ៍​សួស្ដិ៍​សម​រស្មី ឆ្លុះ​ភ្លឺ​កណ្ដាល វេហាស៍​មណ្ឌល សួស្តិ៍​សល់​សម្ភារ ពិសេស ពិសាល ឯ​អាកាស​នាយ ។ ត្រូវ​តាម​ក្បួន​មិន​ខុស​បញ្ញត្តិ ។ (លិខិត​ផ្ញើ​ទៅ​ថ្វាយ​ព្រះ​ម៉ែ​យួបុប្ផាវតី នៃ​ព្រះបាទ ស្រីធម្មារាជា ព្រះ​រាជ​សម្ភារ មាន​ក្នុង​ពង្សាវតារ ក្រុង​កម្ពុជា​ធិបតី ) ។
          ៣- ស្រៈ អេ (េ) ចាប់​ជួន​នឹង​ស្រៈ អែ (ែ) បាន, ប៉ុន្តែ​ច្រើន​តែ​ពាក្យ​មក​ពី​ភាសា​បាលី ឬ សំស្រ្កឹត មាន​ស្រៈអេ (េ) ជាប់​នឹង​ព្យញ្ជនៈ អឃោសៈ ហើយ​ចាប់​ជួន​នឹង​ស្រៈ អែ (ែ ) ជា​ភាសា​ខ្មែរ ព្រោះ​ជំនាន់​ដើម ភាសា​បាលី​មាន​ស្រៈ (េ) ជាប់​នឹង​ព្យញ្ជនៈ​អឃោសៈ ក៏​លោក​អាន​ថា អែ (ែ) ដែរ ។ ឧ. ហៃ​អស់​សាមណេរ កុំ​ធ្វើ​ដែល​ៗ​ដោយ​ក្ដី​ពាយ​ងាយ លំអុត​បម្រើ អ្នក​ជា​បាធ្យាយន៍ ជូន​បុណ្យ​ទៅ​ម្ដាយ​ឪពុក​ឯង​ហោង ។ ត្រូវ​ក្បួន​ថែម​ទាំង​មិន​ខុស​បញ្ញត្តិ​ផង។ (ច្បាប់​ក្រម )
          ខ្ញុំ​អធិប្បាយ អំពី​ពាក្យ​ថា កាព្យ = កំណាព្យ មក​ប៉ុណ្ណេះ ទុក​ជា​ការ​ពិចារណា​នៃ​បច្ឆាជន​ជាន់​ក្រោយ ដែល​ពេញចិត្ត​ក្នុង​ការ​តែង​កាព្យ, ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ដាក់​ក្បួន​កាព្យ​ដែល​មាន​មក​ពី​បុរាណ​ទាំងអស់ ចុះ​ក្នុង​សៀវភៅ​នេះ​ផង​ទេ ព្រោះ​មាន​គេ​បោះពុម្ព​ហូរហែ​មក​ហើយ ខ្ញុំ​ចង់​និយាយ​តែ​ត្រង់​ណា​ដែល​សល់​ពី​គេ ខ្ញុំ​ចង់​ធ្វើ​តែ​អ្វី​ៗ ដែល​គេ​ពុំ​ទាន់​ធ្វើ ។ បន្ទាប់​ពីនេះ​ទៅ​ខ្ញុំ​ដាក់​កាព្យ​គម្រូ​ខ្លះ ដើម្បី​ជា​គ្រឿង​ពិចារណា​តទៅ ។

                                                     កាព្យ​គម្រូ
                                                            បទ​ពាក្យ ៧ សាមញ្ញ

                        បួស​ហើយ​កុំ​ខ្ជិល​រមិល​សឹង           សង្វាត​ប្រុងប្រឹង​រៀន​កុំ​ខាន
                   ចាំ​ហើយ​ឲ្យ​ចេះ​ចូលចិត្ត​បាន         ប្រឹង​ទូន្មាន​ប្រាណ​ឲ្យ​ប្រាជ្ញ​ព្រម ។
                   ប្រាជ្ញ​ធម៌​វិន័យ​ព្រះ​សាស្រ្តា           ប្រាជ្ញ​ថែ​សាសនា​មិន​ឲ្យ​ស្គម
                   ប្រាជ្ញ​ប្រុង​ឲ្យ​ត្រង់​មិន​ឲ្យ​ទ្រម         ប្រាជ្ញ​ត្រឹមត្រូវ​ល្មម​តាម​សម្មា ។
                   វិន័យ​ជា​គល់​ជា​គោល​គាប់            ជា​ឫស​ចាក់​ជាប់​ព្រះ​សាសនា
                   មិន​ឲ្យ​ក្រឡាប់​ផ្កាប់​ជា​ផ្ងា              សង្ឃ​ខំ​សិក្សា​ឲ្យ​ចេះ​ចាំ ។
                   រៀន​អ្វី​ឲ្យ​ស្ទាត់​មាត់​ទន្ទេញ           ប្រាជ្ញា​វាងវេញ​វៃ​ចំណាំ
                   ចង់​ហើយ​ត្រូវ​ហាត់​សូត្រ​សាសាំ     លឡាំ​ឲ្យ​ស្ទាត់​កុំ​ឡេឡា ។
                   ខំ​ហាត់​ឲ្យ​ច្បាស់​លះ​បាលី             តួ​វែង​តួ​ខ្លី​តាម​អក្ខរា
                   សង្កេត​សង្កត់​តាម​មាត្រា              សិក្សា​តាម​ច្បាប់​ត្រឹមត្រូវ ។
                   កុំ​ធ្វើ​ងាំ​ៗ ប្រឡំ​លប                     សូធ្យ​ធ្វើ​ស៊ប់​ៗ ហាក់​មិន​សូវ
                   បាំង​ផ្លិត​ប្លែប្លម​ថ្នម​ង៉ូវ                  លាយ​ខុស​លាយ​ត្រូវ​ក្អក​ម្ដង​ៗ ។
                   អង្គុយ​រក​កៀន​វៀន​ខាង​ក្រោយ     ខុស​ត្រូវ​បណ្ដោយ​ពី​ក្រោយ​ខ្នង
                   ដល់​គេ​សូធ្យ​ចប់​ក៏​ចប់​ផង            ឯវំ​ឯង​ហោង​ស៊ង​ស្មើគ្នា ។
                   កុំ​អរ​នឹង​ស៊ង​បាន​ស៊ក​យាម          ត្រូវ​ត្រេកអរ​តាម​ព្រះ​ភគវា
                   ចេះ​ស្ទាត់​ត្រឹមត្រូវ​ជា​ផ្លូវ​ជា            មិន​ខ្មាស​វេទនា​ក្នុង​ជំនុំ
                   ប្រើ​គួរ​ឲ្យ​គួរ​តាម​ទាប​ខ្ពស់             កុំ​ឲ្យ​លើសលស់​តាម​តូច​ធំ
                   ទីឃៈ​រស្សៈ​កុំ​ច្រឡំ                       ថា​ឲ្យ​ចំ​ៗ ជាប់​មាត្រា ។
                   ដូច​ក្ដី​កុំ​ស្ដី​ថា​ជាតិ                        ឦ​ថា​ជា​ឥអៈ​ជា​អា
                   នាំ​ខុស​ព្រោះ​ប្រាណ​មិន​សិក្សា       ស្មៈ​ថា​ជា​ស្មា​អាជា​អៈ ។ល។
                   រៀន​មូល​ឲ្យ​ចូលចិត្ត​ប្រាកដ          វិភត្តិ​អាយតនិបាត
                   នៅ​ជាប់​នឹង​នាម​ពុំ​ដែល​ឃ្លាត        តែ​យល់​រវាត​ឃ្លាត​ខុស​ច្បាប់ ។
                   ខូច​ន័យ​សេចក្ដី​ខាង​ពាក្យ​ខ្មែរ        ខូច​ប្រយោគ​ដែរ​ប្រែ​ក្រឡាប់
                   អាក្រក់​ជា​ល្អ​ខុស​ជា​គាប់              ខូច​ច្បាប់​ខាន​ច្បាស់​លះ​ធម៌​អាថ៌ ។ល។
                   (កាព្យ​នេះ​លោកគ្រូ អាចារ្យ ពៅ - កន ជា​គ្រូ​បាលី គ្រូ​កាព្យ​របស់​ខ្ញុំ ធ្វើ​ប្រទាន​ជា​គម្រូ​ផ្ទាល់​ខ្លួន​ខ្ញុំ​តាំង​ពី​ឆ្នាំ ១៩១៩ ខ្ចក​តែ​១ ម៉ាត់​ត្រង់ នុំ ចាប់​ជួន​នឹង ធំ
                                      រឿង​បុរស​ខ្លាច​ដំរី និង ចិន​ឆៅ
                                               បទ​ពាក្យ ៧ សាមញ្ញ
                   បុរស​មួយ​នាក់​ខ្លាច​ដំរី        ថែម​ខ្វះ​សំដី​ខ្ជិល​ពណ៌នា
                   ដើរ​ទៅ​តាម​ផ្លូវ​ក្នុង​អរញ្ញ     ជួន​បាន​ជួប​គ្នា​នឹង​ចិន​ឆៅ ។
                   និយាយ​រួសរាយ​យ៉ាង​រាក់ទាក់      ស្រែក​ថា​អាឡាក់​មក​យើង​ទៅ
                   ក៏​ដើរ​ជា​មួយ​ដល់​ព្រៃ​ជ្រៅ   ចិន​ឆៅ​និយាយ​ឥត​ស្ងាត់​មាត់ ។
                   បុរស​ធុញ​នឹង​ចិន​និយាយ  ទើប​គាត់​ឲ្យ​ទាយ​បណ្ដៅ​គាត់
                   ដើម្បី​ចិន​គិត​ក្រែង​បាន​ស្ងាត់         ទើប​ចាត់​បណ្ដៅ​គ្រាន់​បន្លប់ ។
                   ថា​មាន​សត្វ​មួយ​នៅ​ស្រុក​យើង     ក្បាល​ធំ​ទើងមើង​ជើង​ប៉ុន​ស្នប់
                   អាចឹក​ឯង​ទាយ​ឲ្យ​ត្រូវ​សព្វ           បើ​ទាយ​មិន​ចប់​អញ​ត្រូវ​លក់ ។
                   ចិន​ស្ដាប់​ពាក្យ​ខ្មែរ​មិន​សូវ​យល់     ប្រាជ្ញា​វិលវល់​គិត​វីវក់
                   ចិន​ស្ងាត់​មាត់​ស្ងៀម​មួយ​ស្របក់    រែក​ដើរ​ងងក់​ទល់​រាត្រី ។
                   ព្រលប់​ចិន​នឹក​ឃើញ​ស្រែក​ថា      អ្ហា អាឡាក់ អ្ហា សត្វ​តាំឡី
                   បុរស​ស្មាន​ជា​ជួប​ដំរី                    ភ័យ​ស្លុត​ស្មារតី​ក៏​រត់​ភីង ។
                   បាត​ជើង​សព្រាត​ចូល​ព្រៃ​ប្រោក    ទាក់​វល្លិ៍​សោកម៉ោក​ដូច​គេ​ធ្លីង
                   រហែក​ខោអាវ​អស់​រលីង               ចិន​ក៏​រត់​ភីង​ទាំង​អម្រែក ។
                   ព្រោះ​ស្មាន​ជា​ជួប​ចោរ​ចាំ​ប្លន់         ឬ​មាន​អាសន្ន​អ្វី​ចម្លែក
                   បាន​ជា​ចិន​រត់​ទាំង​អម្រែក            កំពប់​បែក​ខ្ញែក​ទំនិញ​អស់ ។
                                                          សុភាសិត
                   ស្ដាប់​មិន​ទាន់​ជាក់             ប្រញាប់​ញាក់​ចិញ្ចើម
                   ប្រពន្ធ​មិន​ទាន់​ផើម            ប្រញាប់​រក​ឆ្មប ។
                   ឃើញ​ឮ​មិន​ជាក់               ប្រញាប់​រហប
                   យល់​មិន​ទាន់​ស្រប            ប្រញាប់​អនុវត្ត ។
                                                ចប់​ដោយ​សង្ខេប
                   កាព្យ​សុភាសិត​ធុន​នេះ     មាន​ចំនួន​ច្រើន ខ្ញុំ​តែង​ពី​ឆ្នាំ ១៩៦២
                                                                        ឈឹម ស៊ុម
         

វិជ្ជា​គុណ​កថា
កាព្យ​ពាក្យ ៧

ភិក្ខុ (សទ្ធម្មបញ្ញា) ឈឹម ស៊ុម
ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក​ក្នុង​ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ
រៀប​រៀង

ព.ស. ២៤៧៨
គ.ស. ១៩៣៤
វិជ្ជា​គុណ​កថា
ពាក្យ ៧

                   អហំរី​ខ្ញុំ​អក្សរ​ស៊                                    ស្រ​ឧ​ខ្យល់​ម​ប្រកប​មុខ      
                   នាម​នេះ​ពិត​ពី​ម្ដាយ​អាពុក                    លោក​បាន​ដាក់​ទុក​ជា​សញ្ញា ។     
                   រី​នាម​ទី​ពីរ​លោក​កំណត់                       ហៅ​តាម​ដោយ​បទ​បាឡី​ថា
                   ភិក្ខុ​សទ្ធម្ម​បញ្ញា                                    តាម​កម្ម​វាចា​នឹង​ឧប្បជ្ឈាយ៍ ។      
                   សូម​ថ្លែង​តាម​ដោយ​ពិនិត្យ​យល់              នៅ​លើ​សកល​ផែន​ពសុធា
                   ជន​ផង​ដែល​កើត​មក​គ្រប់​គ្នា                  មិន​នរណា​ទំនេរ​មួយ ។     
                   សុទ្ធ​សឹង​មាន​កិច្ចការ​រវល់                      រជើប​រចល់​កង្វល់​ព្រួយ      
                   ព្រោះ​តែ​ចិញ្ចឹម​ជីវិត​មួយ                        ជា​ហេតុ​ឲ្យ​ព្រួយ​ខាន​មិន​បាន ។
                   ខ្លះ​មាន​អាហារ​ដោយ​សព្វ​គ្រប់                តែ​មិន​ទាន់​ស្កប់​ក្នុង​សន្ដាន 
                   ខំ​ប្រឹង​រក​គ្រឿង​ដំកើង​ប្រាណ                 ខ្លះ​ចង់​ឲ្យ​បាន​គេ​កោត​ខ្លាច ។ 
                   បំណង​ប៉ុណ្ណេះ​ជា​ដើម​ទង                     ធ្វើ​ឲ្យ​អ្នក​ផង​ប្រឹង​ប្រសាច  
                   អ្នក​ណា​ប្រសប់​ទើប​អង់​អាច                  គឺ​ថា​អ្នក​ប្រាជ្ញ​ទើប​បាន​ព្រម ។      
                   អ្នក​មាន​ប្រាជ្ញា​មាន​គំនិត                       ចេះ​អ្វី​ចេះ​ពិត​ប្រព្រឹត្ត​ល្មម  
                   មិន​ល្មោភ​លោភ​ល្មើស​លើស​ទាំង​ព្រម     ចេះ​ថ្នាក់​ចេះ​ថ្នម​រក្សា​ខ្លួន ។
                   ទើប​ពេញ​បំណង​ប៉ង​ប្រាថ្នា                   ត្រូវ​ការ​អ្វី​បាន​គ្រប់​ចំនួន    
                   តាម​ដោយ​ចំណេះ​ចេះ​រាល់​ខ្លួន               ចេះ​បី​ចេះ​បួន​គង់​ចំរើន ។
                   រីឯ​ចំណេះ​ក្នុង​លោកីយ៍                         បើ​នឹង​ស្រដី​ឃើញ​មាន​ច្រើន        
                   សុទ្ធ​តែ​វិជ្ជា​ត្រូវ​ក្រវើន                            ជា​ហេតុ​ចំរើន​ដល់​អាត្មា ។  
                   មាន​ដប់​ប្រាំ​បី​បាឡី​ចែង                         ដូច​នឹង​សំដែង​តែង​មាតិកា 
                   ១- គឺ​ចេះ​ស្ដាប់​សព្ទ​ភាសា                       ២- ចេះ​សាស្ត្រា​ធម៌​អាថ៌​ជាក់ ។     
                   ៣- ចេះ​លេខ​បូក​លេខ​គុណ​ហារ             ៤- មាន​ប្រាជ្ញា​ចេះ​គូរ​ឆ្លាក់  
                   ៥- ចេះ​តម្រា​ទាយ​លក្ខណៈ                    ៦- ចេះ​ជាក់​ឫក្ស​ជោគ​ជ័យ ។       
                   ៧-ចេះ​ចាំ​ច្រៀង​រាំ​ស្ទាត់                         ៨- ចេះ​ផ្ទាត់​ដោយ​ម្រាម​ដៃ 
                   ៩- ចេះ​មន្ត​ធ្នូ​សិល្ប​សៃយ                       ១០- គឺ​ចេះ​លៃ​លក​វាចា ។  
                   ១១- ចេះ​ពេទ្យ​រក្សា​រោគ                         ១២- ចេះ​យោគ​យោង​កាព្យា  
                   ១៣- ចេះ​ភេទ​ត្រៃវេទ្យា                         ១៤- មាយា​ព្យូហ៍​សត្រូវ ។
                   ១៥- ចេះ​ឆន្ទតិសាស្រ្ត                           ១៦- ចេះ​គាត​គ្នេ​ក្នុង​ក្រៅ   
                   ១៧- ចេះ​មន្ត​សែក​ហា​ហៅ                     ១៨- ចេះ​ផ្លូវ​សទ្ធា​ខ្ជាប់ ។    
                   សិប្បៈ​ទាំង​ដប់​ប្រាំ​បី​នេះ                        អ្នក​ប្រាជ្ញ​ត្រិះរិះ​ជា​ប្រដាប់  
                   ឲ្យ​អស់​អ្នក​ផង​បាន​ត្រង​ត្រាប់                 តាំង​ទុក​ជា​ច្បាប់​ក្នុង​លោកីយ៍ ។
                   ហៃ​សាធុជន​ផង​ទាំងឡាយ                    គួរ​ខំ​ខ្វល់​ខ្វាយ​ទាំង​ប្រុស​ស្រី         
                   កុំ​ធ្វេស​ប្រហែស​ភ្លេច​ស្មារតី                   សង្វាត​ឃ្មាតខ្មី​រៀន​វិជ្ជា ។   
                   ត្រូវ​តែ​យើង​ខំ​ប្រកប​កិច្ច                        ឲ្យ​បាន​សម្រេច​តាម​វេលា  
                   បឋម​វ័យ​ត្រូវ​យើង​រៀន​វេទ្យា                  អក្ខរ​វិជ្ជា​លេខ​ភាសា ។       
                   ឲ្យ​បាន​ចេះ​ចាំ​ជា​ប្រធាន                         រួច​ទើប​គិត​អាន​ពិចារណា  
                   រើស​រក​វិជ្ជា​ដែល​ថ្លៃ​ថ្លា                           គេ​រាប់​ត្រង់​ណា​ចាប់​ត្រង់​នោះ ។   
                   វិជ្ជា​ទាំងអស់​ដូច​បាន​ថ្លែង                      រាប់​រៀប​សំដែង​រៀង​រាល់​ឈ្មោះ    
                   មិន​មែន​សក្ដិ៍សិទ្ធិ៍​សព្វ​សាយ​សុះ              មាន​ត្រូវ​មាន​ខុស​តាម​សម័យ ។    
                   ស្រេច​ហើយ​នឹង​យើង​ប្រឹង​សង្កេត           មើល​បែប​ផែន​ភេទ​ស៊ីវិឡៃ 
                   កុំ​ធ្មេច​ងងឹត​ទាំង​យប់​ថ្ងៃ                        វិជ្ជា​ណា​ថ្លៃ​ត្រូវ​យើង​រក ។  
                   ដូច​ជា​របស់​ភស្តុ​សម្ទាយ                        ជន​ផង​ទាំង​ឡាយ​គេ​ចង់​យក      
                   ចង់​ទិញ​ចង់​ដូរ​ត្រូវ​យើង​រក                    ហើយ​គិត​លៃ​លក​លក់​យក​ថ្លៃ ។
                   ចំណេះ​មិន​មែន​ចេះ​តែ​គេ                      បើ​យើង​រិះរេ​គង់​វៀង​វៃ  
                   ស្រេច​នឹង​សន្សំ​សព្វ​ៗ​ថ្ងៃ                        គង់​បាន​កម្រៃ​មិន​សូវ​ខ្វះ ។ 
                   ប្រៀប​ដូច​អុង​អាង​ពាង​ក្រឡ                  បើក​មាត់​​ចំហរ​ឲ្យ​ស្រឡះ   
                   ដាក់​ត្រង​ទឹក​ភ្លៀង​គង់​ពេញ​ខ្លះ               យូរ​ទៅ​ប្រទះ​ពេញ​មិន​ខាន ។       
                   កំណើត​វិជ្ជា​ដូច​ឫស្សី                            ដាំ​មួយ​ដុះ​បី​បួន​ក៏​មាន      
                   វិជ្ជា​ចេះ​ចាំ​ក្នុង​សន្តាន                            សង្វាត​ហាត់​អាន​គង់​ចេះ​ច្រើន ។ 
                   វិជ្ជា​ជា​ទ្រព្យ​វិសេស​ថ្លៃ                            មិន​បាច់​សំចៃ​គង់​ចំរើន      
                   ចាយ​ណាស់​កើត​ណាស់​រឹត​តែ​ច្រើន        អ្នក​ណា​ក្រវើន​អ្នក​នោះ​ចេះ ។
                   អ្នក​មាន​វិជ្ជា​មិន​ល្ងង់​ខ្លៅ                         ទោះ​បី​ខ្លួន​ខ្មៅ​មុខ​ក្រងេះ    
                   អាក្រក់​តែ​រូប​ប៉ុន្តែ​ចេះ                            គេ​ថា​អ្នក​នេះ​ជា​មនុស្ស​ល្អ  
                   អ្នក​ណា​មិន​ចេះ​ចំណេះ​អ្វី                      ទោះ​បី​ប្រុស​ឬ​ស្រី​សប្បុរស 
                   សាច់​ឈាម​ល្អូក​ល្អិន​មុខ​មាត់​ល្អ              អ្នក​ផង​គេ​ក៏​ថា​មិន​សម ។
                   អ្នក​មាន​ជម្ងឺ​មិន​មាន​សប្បាយ                 ក្រហល់​ក្រហាយ​កាយ​ក្រៀម​ក្រំ    
                   ត្រូវ​ការ​ណាស់​ត្រង់​មន្ត​អាគម                 ឬ​ពេទ្យ​ចេះ​ផ្សំ​ឱសថ​ថ្លៃ ។  
                   នេះ​ឯង​ជា​តួ​ឧបមា                                ដូច​ជន​គ្រប់​គ្នា​គ្រា​សព្វ​ថ្ងៃ  
                   ត្រូវ​ការ​អ្នក​ប្រាជ្ញ​ចេះ​វៀង​វៃ                    អាច​ចេះ​លក​លៃ​សម្រួល​ចិត្ត ។     
                   ហេតុ​នេះ​គួរ​ដឹង​ថា​អ្នក​ចេះ                     អ្នក​មាន​ចំណេះ​ប្រសើរ​ពិត
                   ប្រៀប​ដូច​គ្រូ​ពេទ្យ​ចេះ​ពិនិត្យ                  ជា​មនុស្ស​ពេញ​ចិត្ត​អ្នក​ជម្ងឺ ។
                   អ្នក​នៅ​ក្នុង​ទី​ងងិត​ឈ្លប់                         ទាំង​ថ្ងៃ​ទាំង​យប់​មិន​យល់​ភ្លឺ
                   មិន​មាន​ពេល​ណា​មាន​ពន្លឺ                     ឃើញ​ភ្លើង​ភ្លឺ ៗ គាប់​ចិត្ត​ពេក ។    
                   ដូច​ជា​មហា​ជន​ក្នុង​លោកីយ៍                  ទាំង​ប្រុស​ទាំង​ស្រី​ច្រើន​អនេក      
                   ក្ដី​ល្ងង់​បិទ​ជិត​ងងិត​ពេក               ឃើញ​ប្រាជ្ញ​ហើយ​ត្រេក​អរ​សាទរ ។                  
ជាតិ​ជន​អ្នក​ចេះ​ដូច​ភ្លង​គោម                  ពន្លឺ​ទ្រលោម​ឆោម​បវរ       
                   ជន​ផង​ចូល​ចិត្ត​រឹត​ត្រេក​អរ                    រាប់​អាន​ឈូឆរ​ទាំង​ស្រុក ។
                   ស្ឃង្ក័ជសេតុប្បលរត្តុប្បល                     លូត​លាស់​ផុស​ផុល​ពី​ក្នុង​ភក់       
                   ផុត​ផែន​ប្រឋពី​ទី​គគ្រក់                          កន្លង់​តត្រុក​ត្រឹប​កេសរ ។  
                   ក្លិន​ក្លែប​ពិដោរ​ក្រអូប​សាយ                            កន្លង់​ទាំង​ឡាយ​តែង​ត្រេកអរ      
                   ប្រទុម​ក្រពុំ​ក្លិន​បវរ                                កន្លង់​តែង​ចរ​មិន​គេច​ចេញ ។      
                   តែង​ត្រេក​ត្រេច​ត្រង់​ដម្រង់​ត្រឹប              មីរ​មូល​រសឹប​ត្រឹប​ពេញ ៗ  
                   ប្រទុម​ជាតិ​នេះ​ដូច​ម្ដេច​មិញ                   ប្រុស​ប្រាជ្ញ​លំគេញ​ក៏​ដូច្នេះ ។
                   គឺ​ថា​កុលបុត្ត​វិសុទ្ធ៏​ថ្លៃ                             កម្ម​ព្រេង​ដឹក​ដៃ​ឲ្យ​ច្យុត​ចុះ 
                   ចាប់​ជាតិ​ត្រកូល​ទន់​ទាប​តុះ          កើត​ឡើង​លេច​ឈ្មោះ​ជា​អ្នក​ប្រាជ្ញ ។                
លំអុត​ឱន​អង្គ​ត្រង់​សិក្ខា                          នរណា​នរណា​ក៏​កោត​ខ្លាច
                   យ៉ម​ខ្លួន​ជា​ខ្លៅ​ទៅ​ប្រសាច                      ប្រសប់​រក​ប្រាជ្ញ​ដូច​កន្លង់ ។
                   បុប្ផជាតិ​ដែល​គ្មាន​សុគន្ធា                       ដូច​ជា​ផ្កា​ចា​រីក​រហង់
                   ឬ​ផ្កា​រលួស​គួរ​ភសិ្សវង់                  លេច​ឡើង​មាន​ទ្រង់​ពណ៌​ឆ្អឹនឆ្អៅ ។                  
                    ប៉ុន្តែ​គេ​មិន​មាន​ប្រាជ្ញា                           សូម្បី​ភមរា​ក៏​កល់​ជិន        
                   ព្រោះ​ឃើញ​ជាតិ​ផ្កា​នោះ​ឥត​ក្លិន              នរៈ​នារិន​ក៏​ដូច្នេះ ។ 
                   គឺ​ថា​បុរស​ឬ​ស្រី​ណា                              កប​ពូជ​ពង្ស​មិន​ទាប​តុះ     
                   ជាតិ​ស័ក្ដិ៍​សម​តែ​ឈ្មោះ                ល្ងង់​ខ្លៅ​សូណ្យ​សោះ​ទាស់​កិរិយា ។                   
អ្នក​ផង​មិន​មាន​ក្ដី​ត្រេក​អរ                      សូម្បី​អ្នក​ក្រ​មិន​ប្រាថ្នា  
                   ព្រោះ​ល្ងង់​សូណ្យ​សុង​គ្មាន​បញ្ញា             ពាក្យ​ចាស់​លោក​ថា​មិន​គ្រប់​ដប់ ។
                   ប្រុស​មាន​វិជ្ជា​ជា​ធន​ធាន                       ស្រី​មាន​រឹកពា​ទុក​ជា​ទ្រព្យ  
                   អ្នក​គ្មាន​ចំណេះ​ឥត​គេ​រាប់                     លោក​ថា​ឥត​ភ័ព្វ​ទុគ៌ត​ក្រៃ ។        
                   ថ្វី​បើ​ខ្លួន​ជា​កូន​អ្នក​មាន                          សំបូរ​ធន​ធាន​វិសេស​ថ្លៃ     
                   ទ្រព្យ​នោះ​បើ​មិន​ចេះ​សំចៃ                      គង់​តែ​ចង្រៃ​អន្តរធាន ។     
                   ទុក​ជា​ចេះ​គិត​យ៉ាង​ពូកែ                        យូរ​ទៅ​គង់​តែ​រក​មួយ​គ្មាន  
                   បាន​មក​ចាយ​បាត់​ធ្វើ​ម្ដេច​មាន                ខំ​រក​ឈ្លាន​ពាន​គង់​នៅ​ខ្វះ ។  
                   ចាយ​តិច​អស់​ច្រើន​ចំរើន​ថយ                 ប្រើ​ដប់​អស់​រយ​នៅ​កន្លះ    
                   កន្លង​យូរ​ទៅ ៗ ជា​ខ្វះ                            គង់​បាន​ប្រទះ​ទុក្ខ​វេទនា ។ 
                   បើ​មាន​វិជ្ជា​ជា​ទ្រព្យ​ថ្លៃ                           ចាយ​ឥត​សំចៃ​សព្វ​វេលា    
                   ចាយ​មួយ​កើត​ហ្មឺន​កើន​សព្វ​គ្រា              នៅ​ទី​នានា​ក៏​មិន​ក្រ ។        
                   ទ្រព្យ​គឺ​វិជ្ជា​ចាយ​មិន​ទាល់                       ទិញ​ភោជន៍​ទិញ​ផល​ទិញ​សម្ល     
                   ទិញ​ម្ហូប​ចំណី​បបរ                                ទិញ​ស្រុក​នគរ​ក៏​សឹង​បាន ។  
                   ទិញ​ខោ​ទិញ​ខៀន​ចិញ្ចៀន​អាវ                ទិញ​សព្វ​បាវ​ព្រាវ​ញាតិ​សន្ដាន     
                   ទិញ​មិត្រ​សម្លាញ់​ទាំង​ប៉ុន្មាន         ទិញ​បាន​ទាំង​បុណ្យ​ទៅ​បរលោក ។                  
                   ទិញ​ទាំង​សួគ៌ា​ជា​សុខ​សាន្ត                     ទិញ​ទាំង​និព្វាន​ស្ថាន​សិវមោក្ខ  
                   ចាយ​តាំង​ពី​ក្នុង​ឥធ​លោក             ហើយ​យោគ​ទៅ​ចាយ​បរលោក​ទៀត ។            
ហេតុ​នេះ​គួរ​ឃើញ​ថា​អ្នក​មាន                 វិជ្ជា​ប៉ុន្មាន​មិន​ចោល​ម្សៀត 
                   គួរ​កែ​គួរ​គប់​គួរ​ប្របៀត                         គួរ​ប្រឹង​គួរ​ឆ្លៀត​យក​ជា​គ្នា ។
                   អ្នក​ប្រាជ្ញ​ប្រត្យក្ខ[1]​ហាក់​ភោជន                ជា​គ្រឿង​សម្រន់​ជន​នានា
                   នៅ​ក្នុង​កំឡុង​ភព​ភារា                           ក្នុង​គ្រា​ទុរភិក្ខ[2]នឹក​ប៉ុន​ប៉ង ។        
                   ពុំ​នោះ​ដូច​ជា​វារី[3]ថ្លា                               ជា​ទី​ប្រាថ្នា​នៃ​ជន​ផង        
                   ក្នុង​គ្រា​ដែល​ក្រ​វា​រីង                              ប្រជាជន​ផង​ប៉ង​រក​ទឹក ។  
                   គឺ​ថា​ប្រជាជន​ទាំងឡាយ                        ស្រេក​ទឹក​ឃ្លាន​បាយ​ជា​ទុក្ខ​នឹក     
                   សង្រេង​សង្រៃ​ក្រៃ​ពន្លឹក                         ឃ្លាន​បាយ​ស្រេក​ទឹក​ជា​ទុក្ខ​ផ្សា ។  
                   សន្ធឹក​សន្ធៃ​ល្ហិតល្ហៃ​ខ្លាំង                        ស្ងួត​ស្ងប់​ហទ​យំ​គាំង​ឱរា    
                   លុះ​បាន​បរិភោគ​ឆ្អែត​កាល​ណា               ជលសា​បំបាត់​សេចក្ដី​ក្ដៅ            
                   ដូច​ជា​អ្នក​ប្រាជ្ញ​បើ​អ្នក​ខ្លៅ                       ចូល​ទៅ​សេព​គប់​គង់​បាន​ក្សាន្ត ។
                   នរោ​នរៈ​ជន​គ្រប់​គ្នា                               មាន​សុវិជ្ជា[4]​ក្នុង​សន្ដាន      
                   ប្រព្រឹត្ត​ត្រឹម​ត្រង់​ត្រូវ​ប្រមាណ                 ប្រមើល​មើល​ប្រាណ​ប្រមាណ​កាល ។     
គង់​កែ​អត្ត​ភាព​ដុន​ដាប​ទាល់                   ឲ្យ​បាន​ទៅ​ស្គាល់​ទី​ត្រអាល 
                   ព្រះ​បាទ​ចមចៅ​ម្ចាស់​ភូបាល                   គង់​លោក​ឈឺ​ឆ្អាល​ប្រោស​ប្រណី ។
                   នឹង​បាន​ជា​ម្លប់​សម្រាប់​ជ្រក                    ជន​ផង​ទៅ​មក​ទាំង​ប្រុស​ស្រី        
                   មាន​ទុក្ខ​មាន​ទោស​ទាល់​ក្រ​អ្វី                  ក្សេម​ក្សាន្ត​បាន​ក្ដី​សុខ​សម្រាន ។   
                   សម្រួល​សម្រាក​ក្ដី​វិបត្តិ                          នាំ​ខ្លួន​ឆ្លង​កាត់​ទៅ​និព្វាន    
                   កេរ្តិ៍​ឈ្មោះ​សាយ​សុះ​ទៅ​សព្វ​ស្ថាន           ដូច​នាំ​និទាន​មក​ប្រតិស្ឋ ។
                   អតីតេកាលេ​កាល​កន្លង                         ភព​ភាន់​រម្លង​ទៅ​ហើយ​ពិត 
                   ព្រះ​ពោធិសត្វ​សាង​សីល​សិទ្ធ៏                  កើត​នៅ​ទី​ជិត​ពារាណសី ។
                   នាម​សេនកៈ​រាជ​បណ្ឌិត                        ចេះ​អ្វី​ចេះ​ពិត​មាន​រិទ្ធិ៍​ល្បី   
                   ទើប​មក​ពី​រៀន​សិល្ប​ថ្មី ៗ                       អំពី​បុរី​តក្កសិលា ។  
                   ព្រះ​បាទ​ជនក​រាជ​ភូមិន្ទ                         នរិន្ទ​ចម​ក្សត្រ​ខត្តិយ 
                   ម្ចាស់​ក្រុង​ពារាណសី​រដ្ឋា                       ទ្រង់​ព្រះ​មេត្តា​ប្រោស​ប្រណី ។      
                   ប្រទាន​មហិស្សរៈយស                          ឧត្ដម​ខ្ពង់​ខ្ពស់​ជាង​ប្រុស​ស្រី
                   ជា​ទី​មហាមាត្រ​រាជ​កវី                           ព្រះ​ចម​ចក្រី​ប្រទាន​ស័ក្ដិ៍ ។ 
                   ទ្រង់​តាំង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ធំ                      ក្នុង​បុរី​រម្យ​ជា​ឯក​អគ្គ         
                   អាច​ប្រៀន​ប្រដៅ​ព្រះ​ចម​ចក្រ                នឹង​អស់​ពួក​អ្នក​និគម​ផង ។
                   អស់​ប្រជាជន​ទាំង​ប្រុស​ស្រី                    ទាំង​រាស្ត្រ​មន្ត្រី​ច្រើន​កន្លង  
                   ទាំង​ព្រះ​ភូវនាថ​ជាតិ​ជា​ច្បង                   តែង​តែ​ត្រាប់​ត្រង​ស្ដាប់​ទេសនា[5]
                   ព្រះ​ពោធិវង្ស​ទ្រង់​សន្ដោស                     សំដែង​ធម៌​ប្រោស​សព្វ​វេលា        
                   ដល់​ពួក​មហា​ជន​គ្រប់​ៗ​គ្នា                     ទម្នង​ដូច​ជា​ព្រះ​ពុទ្ធ​ថ្លៃ ។
                   គ្រា​នោះ​មាន​តា​ព្រាហ្មណ៍​ចាស់​ម្នាក់         ដើរ​សូម​លុយ​កាក់​សព្វ​ៗ​ថ្ងៃ
                   សន្សែ​សន្សំ​បាន​ច្រើន​ក្រៃ                       សំចៃ​មួយ​ពាន់​កហបណៈ ។
                   ផ្ញើ​នឹង​ត្រកូល​ព្រាហ្មណ៍​មួយ                  ឲ្យ​ចាត់​ចែង​ជួយ​ថែ​ទុក​ដាក់ 
                   ហើយ​គាត់​លា​ចេញ​ចាក​សំណាក់           ស្វែង​សូម​មាស​ប្រាក់​ត​ទៅ​ទៀត ។ 
                   គ្រា​ក្រោយ​តា​ព្រាហ្មណ៍​ទៅ​បាត់​ទៅ          ត្រកូល​ព្រាហ្មណ៍​នៅ​វិបត្តិ​បៀត    
                   ខូច​ខាត​សម្បត្តិ​ខាត​បង់​សៀត                ទើប​នាំ​គ្នា​ឆ្លៀត​យក​ចាយ​អស់ ។ 
                   លុះ​ដល់​តា​ព្រាហ្មណ៍​មក​តឹង​ទារ             ប្រគល់​ធីតា​រូប​ល្អ​ស្រស់     
                   ឲ្យ​ជា​ភរិយា​ជួស​របស់                           តា​ព្រាហ្មណ៍​សោមនស្ស​នាំ​ទៅ​ស្រុក ។
                   ឯ​នាង​ព្រាហ្មណី​ជា​ស្រី​ក្មេង                    ព្រួយ​ចិត្ត​សង្រេង​តែង​ជា​ទុក្ខ        
                   តូច​ចិត្ត​ដ្បិទ​ចាស់​អាមាស​មុខ                  ចង់​កែ​អផ្សុក​រក​មួយ​ទៀត ។        
                   ហើយ​គិត​បណ្ដេញ​តា​ព្រាហ្មណ៍​ទៅ         ឲ្យ​ឆ្ងាយ​លំនៅ​ស្រណុក​ឆ្លៀត       
                   ទើប​ចូល​ទៅ​ជិត​ស្ថិត​ប្របៀត                  លោម​ទោម​ដោយ​ស្នៀត​ឧបាយ​ថា ។
                   តា​អឺយ ៗ តា​សម្លាញ់​ចៅ                        ខ្លួន​ខ្ញុំ​សែន​ក្ដៅ​ណាស់​ណា​តា       
                   ការ​ច្រើន​ចំពូក​ឥត​គណនា                     មិន​មាន​អ្នក​ណា​មួយ​គ្រាន់​ប្រើ ។  
                   ទ្រាំ​អ្វី​កម្លាំង​ខ្លួន​ជា​ស្រី                            សង្ឃឹម​លើ​ប្ដី​ថា​គ្រាន់​បើ     
                   ស្មាន​ជា​មាន​ខ្ញុំ​គ្រាន់​បម្រើ                       ឥឡូវ​ម្ល៉េះ​តើ​ធ្វើ​ម្ដេច​តា ។   
                   អ្នក​ណា​ដាំ​បាយ​អ្នក​ណា​ស្ល                   អ្នក​ណា​បបរ​ឲ្យ​ពីសា 
                   អ្នក​ណា​ប្រតិបត្តិ​គ្រប់​វេលា                    រង​ទុក្ខ​វេទនា​ណាស់​តា​អឺយ ។      
                   ហេតុ​នេះ​បើ​តា​អាណិត​ចៅ                     ចូរ​តា​កុំ​នៅ​ធ្វើ​ព្រងើយ       
                   បើ​តែ​ម្ល៉េះ ៗ ស្លាប់​ខ្ញុំ​ហើយ                      ទៅ ៗ តា​អឺយ​នៅ​បាន​អ្វី ។  
                   តា​ទៅ​សូម​លុយ​តា​សូម​កាក់                   តា​សូម​មាស​ប្រាក់​គោ​ក្របី  
                   តា​សូម​រទេះ​សេះ​ដំរី                              សូម​ខ្ញុំ​ប្រុស​ស្រី​មក​គ្រាន់​ប្រើ ។
                   តា​ព្រាហ្មណ៍​ស្លុត​ចិត្ត​គំនិត​ភាន់               ទទួល​រួស​រាន់​ថា​អឺយ​អើ     
                   មិន​អី​ទេ​ពៅ​ស្រី​ប្រសើរ                          គង់​បាន​ខ្ញុំ​ប្រើ​កុំ​ឲ្យ​ថប់       
                   ទើប​ប្រុង​ប្រដាប់​សម្រាប់​ប្រាណ              វត្ថុ​ប៉ុន្មាន​សឹង​មាន​សព្វ      
                   សតូវ​ខៅតាក​ប្រហុក​ខ្នប់                        ត្បាល់​បុក​ប្រអប់​ច្រក​ក្នុង​ទៃ ។ 
                   រៀប​ស្រេច​តា​ព្រាហ្មណ៍​ស្ពាយ​លើ​ស្មា       តាន​តឹង​ឱរា​ស្ទើរ​ក្សិណក្ស័យ 
                   ឈាន​ជើង​ចេញ​ទៅ​នៅ​អាល័យ              អាលោះ​ស្រី​ថ្លៃ​ហទ័យ​តឹង ។
                   ខំ​ទៅ​ទាំង​ទាល់​ខាន​ពុំ​បាន                      ថ្វី​បើ​ខ្លួន​ប្រាណ​ចាស់​ប៉ុណ្ណឹង
                   ស្រី​ប្រើ​ហើយ​ត្រូវ​តែ​ខំ​ប្រឹង                         ចេញ​ដើរ​ទំហឹង​ទៅ​ចាក​ស្ថាន។ 
                   ព្រាហ្មណ៍​ដើរ​ជជ្រក​មក​សូម                  តាម​ធម្មតា​ស្មូម​ចង់​តែ​បាន 
                   សូម​នេះ​សូម​នោះ​មិន​លោះ​ខាន              សូម​ត្រា​តែ​បាន​ដូច​បំណង ។
                   បាន​ប្រាក់​៧​រយ​កហាបណៈ                   ព្រាហ្មណ៍​ប្រមូល​ដាក់​ចុះ​ក្នុង​ថង់ 
                   ច្រក​ញាត់​ក្នុង​ទៃ​ស្ពាយ​ដម្រង់                 សំដៅ​ទៅ​ត្រង់​លំនៅ​ស្ថាន ។ 
                   មក​ដល់​ទី​ពាក់​កណ្ដាល​ផ្លូវ                     ឈប់​យក​សតូវ​ចំអែត​ប្រាណ       
                   បរិភោគ​ម្នាក់​ឯង​រែង​រំខាន                      ក្នុង​ចិត្ត​សន្ដាន​មិន​ក្សាន្ត​នឹក។
                   បរិភោគ​រួច​ហើយ​ទើប​តា​ព្រាហ្មណ៍          ក្រោក​ដើរ​ទីមទាម​ទៅ​រក​ទឹក        
                   មាត់​ទៃ​ចំហ​មិន​បាន​នឹក                         ពស់​ពិស​ពន្លឹក​ចូល​ពេន​នៅ ។
                   តា​ព្រាហ្មណ៍​ពុំ​បាន​ពិចារណា                 មក​ដល់​ស្រវា​ស្ពាយ​ទៅ 
                   ដើរ​ដោយ​ដែន​ដុង​ដង​ព្រៃ​ជ្រៅ                នឹក​តែ​ស្រី​ពៅ​ភ្លេច​នឹក​ស្លាប់ ។      
                   កាល្នោះ​មាន​រុក្ខ​ទេព្ដា                            នៅ​ដើម​ព្រឹក្សា​មេត្តា​ប្រាប់   
                   ថា​បើ​តា​ទៅ​ដល់​ផ្ទះ​ឆាប់                         ប្រពន្ធ​តា​ស្លាប់​ចោល​មិន​លែង ។ 
                   បើ​តា​មិន​ទៅ​ឲ្យ​ដល់​ឆាប់                        ស្អែក​មុខ​ជា​ស្លាប់​ខ្លួន​តា​ឯង
                   តា​ព្រាហ្មណ៍​ឮ​ហើយ​រឹង​ចម្បែង               កណ្ដោច​កណ្ដែង​រែង​ព្រួយ​ចិត្ត ។
                   គិត​ទៅ​គិត​មក​រក​ទំនង                          មិន​ដឹង​ដើម​ទង​តុះ​គំនិត   
                   មិន​បាន​ឃើញ​រូប​អ្នក​ប្រាប់​ពិត                តា​ព្រាហ្មណ៍​រឹង​រឹត​តែ​ភិត​ភ័យ ។
                   ភាន់​ភាំង​ក្នុង​ចិត្ត​ឥត​បើ​ថា                      តាន​តឹង​ឱរា​ស្ទើរ​ក្សិណ​ក្ស័យ
                   តា​ព្រាហ្មណ៍​ក្សឹកក្សួល​អួល​ហទ័យ          រវាសរវៃ​ទៅ​ប្រញាប់ ។
                   ទៅ​ដល់​មាត់​ទ្វារ​ក្រុង​ពារាណសី              ឃើញ​មនុស្ស​ប្រុស​ស្រី​មី​តាន់​តាប់
                   គ្រប់​គ្នា​សុទ្ធ​សឹង​កាន់​ប្រដាប់                   ភ្ញី​ផ្កា​មក​ស្ដាប់​ធម៌​ទេស្នា ។
                   ដែល​ព្រះ​បរម​ពុទ្ធង្កុរ                               ជាតិ​ជា​បណ្ដូល​ពង្ស​ពុទ្ធា   
                   សេនកៈ​បណ្ឌិ          ត​សិទ្ធិ៍​វិទ្យា                ប្រដៅ​ប្រជាជន​និករ ។ 
                   តា​ព្រាហ្មណ៍​ឃើញ​នឹក​គិត​ថា                 ឱ​ទី​នេះ​ណា​គួរ​ត្រេក​អរ
                   ជន​ផង​ប្រជុំ​គ្នា​ឈូឆរ                               ស្ដាប់​សព្វ​ព្រះ​ធម៌​កំសាន្ត​ចិត្ត ។
                   បើ​អញ​ចូល​ស្ដាប់​ប្រហែល​ស្រួល             ក្រែង​ពាន​ទំនួល​កែ​វិបរិត   
                   ធម្មតា​ធម៌​លោក​អ្នក​ប្រាជ្ញ​ពិត                 ជា​ធម៌​ស្រួល​ចិត្ត​វិបរិត​បាត់ ។ 
                   ហើយ​ព្រាហ្មណ៍​ទន្ទប​លន្លប​ទៅ              ចូល​ច្រៀត​ឈរ​នៅ​ក្នុង​បរិសទ្យ     
                   ស្ពាយ​ទៃ​នៅ​ស្មា​មិន​ឲ្យ​ខ្ចាត់                     ទើប​ព្រះ​មហា​សត្វ​សាក​សួរ​ថា ។  
                   អឺ​តា​ព្រាហ្មណ៍​ដែល​ទើប​មក​ដល់​ថ្មី          តា​ស្វែង​រក​អ្វី​មក​ពី​ណា 
                   តា​កើត​ទុក្ខ​ពី​រឿង​អ្វី​តា                           បាន​ជា​ភក្ត្រា​ក្រៀម​ក្រោះ ។ 
                   តា​ព្រាហ្មណ៍​ឮ​ហើយ​ក៏​ត្រេក​អរ               សន្ដាន​ស្មោះ​សរ​ជា​សោមនស្ស 
                   ទូល​តប​សេចក្ដី​សព្វ​គ្រប់​អស់                  ទើប​មហា​បុរស​សួរ​ទៀត​ថា ។
                   កាល​ដែល​ព្រាហ្មណ៍​ឯង​បរិភោគ​ស្រេច   ព្រាហ្មណ៍​ឯង​ចរ​ត្រេច​ទៅ​ទី​ណា   
                   មាន​ដើរ​ចោល​ទៃ​ទេ​ឬ​តា                        ព្រាហ្មណ៍​តប​វិញ​ថា​ព្រះ​បាទ​ម្ចាស់ ។ 
                   ខ្ញុំ​បាទ​ទុក​ទៃ​នៅ​ទី​នោះ                           ហើយ​ខ្ញុំ​បាទ​ចុះ​ទៅ​ក្នុង​ស្រះ
                   ទទួល​ទាន​ទឹក​ដោយ​រហ័ស                     រួច​រាល់​ស្រឡះ​ឡើង​មក​ហោង ។  
                   លុះ​ខ្ញុំ​មក​ដល់​ទៃ​កាល​ណា                     ទើប​ខ្ញុំ​ស្រវា​ក្របួច​ចង 
                   មាត់​ទៃ​ហើយ​ស្ពាយ​មិន​ផ្សូរផ្សង              ត្រេច​តាម​គន្លង​ដង​មាគ៌ា ។ 
                   ស្រាប់​តែ​បាន​ឮ​ពាក្យ​ដូច្នោះ                    នៅ​ក្បែរ​ផ្លូវ​នោះ​ក្នុង​អរញ្ញា 
                   សូម​ទាន​ព្រះ​គុណ​ទ្រង់​មេត្តា                  ព្យាករ​ប្រស្នា​នេះ​ឲ្យ​ទាន ។
                   ព្រះ​មហា​បុរស​ប្រាជ្ញ​ប្រត្យក្ខ  លោក​បាន​ជ្រាប​ជាក់​ដោយ​ញេយ្យញាណ        
                    ប្រាប់​ថា​ក្នុង​ទៃ​តា​ឯង​មាន                      ពស់​វែក​គង្គាន​ចូល​ពេន​នៅ ។
                   ហេតុ​នេះ​បើ​តា​ឯង​ប្រញាប់                    ទៅ​ដល់​ផ្ទះ​ឆាប់​គ្រា​ឥឡូវ 
                   ប្រពន្ធ​តា​រត់​ទទួល​ផ្លូវ                             យក​ទៃ​ស្រាយ​ទៅ​ពស់​ចឹក​ស្លាប់ ។  
                   បើ​តា​បង្អង់​ពុំ​ទាន់​ទៅ                             សំចត​ឈប់​នៅ​ពុំ​ប្រញាប់  
                   ពេល​ល្ងាច​តា​ស្រាយ​មាត់​ទៃ​ឆាប់             ពស់​វែក​ចឹក​ស្លាប់​ខ្លួន​តា​ឯង ។      
                   ទើប​ពោធិសត្វ​ចាត់​ឲ្យ​យក                     ទៃ​តា​ព្រាហ្មណ៍​មក​ពី​កន្លែង
                   ដាក់​ក្នុង​ទី​វាល​ស្រឡះ​ចែង                     ឲ្យ​យក​ឈើ​វែង​ឆ្កឹស​ស្រាយ​គោះ ។
                   មនុស្ស​ផង​ទទួល​ព្រះ​បង្គាប់                   ឆ្កឹស​ស្រាយ​ប្រញាប់​បាន​ឃើញ​ពស់ 
                   លូន​ចេញ​ពី​ទៃ​តា​ព្រាហ្មណ៍​នោះ             ឃើញ​ពិត​ដូច្នោះ​ខ្លាច​ស្ញប់​ស្ញែង ។ 
                   ទើប​អាលម្ពាយ​ហ្ម​ពស់​ម្នាក់                    ចាប់​អូស​កន្ត្រាក់​ពី​កន្លែង   
                   កន្លង​ទី​ឆ្ងាយ​ដាច់​សង្វែង                        អាលម្ពាយ​លែង​ពស់​នោះ​ទៅ ។
                   ពួក​ជន​ទាំងឡាយ​ទាំង​ប្រុស​ស្រី              ទាំង​រាស្ត្រ​មន្ត្រី​ដែល​ស្ថិត​នៅ 
                   ក្នុង​ទី​ស្រុក​ក្រុង​ឬ​ស្រុក​ក្រៅ                    មក​ប្រជុំ​នៅ​នា​ទី​នោះ ។ 
                   បាន​ឃើញ​ពិត​ហើយ​ក៏​ស្ញប់​ស្ញែង             គួរ​កោត​គួរ​ក្រែង​រឯង​ឆ្ពោះ 
                   ត្រង់​ព្រះ​ប្រាជ្ញា​បារមី​នោះ                       ទាយ​ត្រូវ​ចំពោះ​ដូច​ព្រះ​ពុទ្ធ ។      
                   ទះ​ដៃ​ស្រែក​ឲ្យ​សាធុការ                         សម្លេង​ខ្ទរ​ខ្ទារ​ដូច​កល់​ទ្រុត 
                   កល់​ទ្រោម​ផែន​ដី​ញ័រ​រន្ធត់                      ញ័រ​ទាំង​សមុទ្រ​បព៌ត​ផង ។
                   ភ្លៀង​ធ្លាក់​កើត​ជា​រតនាករ                      គួរ​ឲ្យ​ត្រេក​អរ​ច្រើន​ក្រៃ ។  
                   ឯ​ព្រាហ្មណ៍​ក៏​អត់​ទ្រាំ​ពុំ​បាន                    ទ្រព្យ​ទាំង​ប៉ុន្មាន​មិន​សំចៃ 
                   ចាត់​ចែង​បូជា​មហា​សត្វ​ថ្លៃ                     មិន​មាន​អាល័យ​អាឡោះ​ឡើយ ។ 
                   ព្រះ​ពោធិសត្វ​ទ្រង់​មេត្តា                         ទើប​មាន​វាចា​ឃាត់​ថា​ណ្ហើយ       
                   ខ្ញុំ​មិន​យក​ទេ​តា​ព្រាហ្មណ៍​អើយ               ខ្ញុំ​អរគុណ​ហើយ​ណ្ហើយ​កុំ​តា ។     
                   ស្រេច​ហើយ​ប្រទាន​ប្រាក់​ទៅ​ព្រាហ្មណ៍    បី​រយ​ភ្លាម​ៗ​ដោយ​ករុណា  
                   បន្ថែម​ឲ្យ​គ្រប់​គំរប់​ជា                            មួយ​ពាន់​ផង​គ្នា​នឹង​ប្រាក់​គាត់ ។   
                   ហើយ​ព្រះ​អង្គ​សួរ​ថា​អើ​តា                      តា​ចរ​យាត្រា​ត្រេច​ខ្ចាត់​ភ្លាត់
                   ចោល​ស្រុក​ចោល​ទេស​ទៅ​រង្គាត់             ស្វែង​សូម​ព្រោះ​ខ្សត់​ឬ​គេ​ប្រើ ។
                   ព្រាហ្មណ៍​តប​ថា​ឱ​ព្រះ​គុណ​ធ្ងន់              រឿង​នេះ​ប្រពន្ធ​ខ្ញុំ​ទេ​តើ       
                   គេ​ថ្អូញ​ថា​គ្មាន​ខ្ញុំ​បម្រើ                           ហើយ​គេ​ចាត់​ប្រើ​ឲ្យ​ស្វះ​ស្វែង ។ 
                   ព្រះ​អង្គ​សួរ​ថា​ចុះ​ភរិយា                         នោះ​ចាស់​ជរា​ដូច​តា​ឯង    
                   ឬ​មួយ​នៅ​ក្មេង​ល្អ​ចិញ្ចែង                       បាន​ជា​ឲ្យ​ស្វែង​មិន​ប្រណី ។        
                   ព្រាហ្មណ៍​តប​ថា​ក្មេង​ទេ​ព្រះ​គុណ           ទើប​បាន​ពេល​មុន​នេះ​ថ្មី ៗ ។       
                   សំឡូត​សំឡាញ់​ពេញ​បេតី                     ល្អ​ល្អះ​ឥត​បី​ស្រី​ណា​ដល់ ។
                   ព្រះ​អង្គ​ជ្រាប​ច្បាស់​ដោយ​ប្រាជ្ញា             ទើប​ប្រាប់​ព្រាហ្មណ៍​ថា​តា​កុំ​ឆ្ងល់   
                   នេះ​ឯង​ជា​កិច្ច​ឧបាយ​កល            តា​ឥត​យោបល់​ចាញ់​អើយ​គិត​វា​ថ្វី                   
ហើយ​ចុះ​បើ​ចង់​ច្បាស់​សេចក្ដី                 តា​ទៅ​រាត្រី​នេះ​ឲ្យ​ដល់ ។    
                   យក​ប្រាក់​លាក់​ទុក​ក្រៅ​លំនៅ                 សឹម​តា​ចូល​ទៅ​សង្កេត​កល
                   គង់​បាន​ដឹង​ពិត​ឥត​ពី​ផល                      ដេញ​ពុត​ឲ្យ​ទាល់​កល់​ប៉ុណ្ណឹង ។   
                   តា​ព្រាហ្មណ៍​ទទួល​តាម​បង្គាប់                 រិះ​គិត​សព្វ ៗ គួរ​តែ​ខឹង 
                   ក្រាប​បង្គំ​លា​ហើយ​ខំ​ប្រឹង                       ដើរ​អស់​ទំហឹង​ឆ្ពោះ​សំដៅ ។
                   ទៅ​ស្រុក​មិន​មាន​ឈប់​សម្រាក               មិន​គិត​លម្បាក​ព្រោះ​ក្ដី​ក្ដៅ
                   យក​ប្រាក់​ទៅ​លាក់​ទុក​ខាង​ក្រៅ              ហើយ​ចូល​សំដៅ​ទៅ​ដោយ​ស្ងាត់ ។ 
                   ដល់​ហើយ​ឃើញ​អុច​ភ្លើង​ភ្លឺៗ                  តែ​មិន​ទាន់​ឮ​សូរ​ស័ព្ទ​មាត់  
                   ព្រោះ​នាង​កំពុង​តែ​សម្ងាត់                      តា​ព្រាហ្មណ៍​លើក​ហត្ថ​គោះ​ទ្វារ​ហៅ
                   ព្រាហ្មណី​ឮ​ហើយ​ក៏​លត់​ភ្លង                   ក្រោក​ភ្លែត​ភ្លាម​ឡើង​ចេញ​មក​ក្រៅ 
                   ដឹក​ដៃ​ប្ដី​ថ្មី​ឲ្យ​អែប​នៅ                            នាំ​ព្រាហ្មណ៍​ចូល​ទៅ​ដល់​ក្នុង​ផ្ទះ ។
                   បបោស​អង្វែល​សព្វ​សារពាង្គ                  ដុស​ខាត់​ជូត​លាង​ដោយ​ការ​ល្ហះ ។
                   ហើយ​សួរ​ថា​តា​បាន​អ្វី​ខ្លះ                        តា​ព្រាហ្មណ៍​ថា​ខ្វះ​អ្វី​ភាណើយ ។
                   តា​បាន​មួយ​ពាន់​កហាបណៈ                  ឥឡូវ​តា​លាក់​ទុក​ទៅ​ហើយ
                   លាក់​ទុក​ត្រង់​នោះ​នា​អើយ                     កុំ​មាត់​ក​ឡើយ​ក្រែង​គេ​ដឹង ។
                   ព្រាហ្មណី​ឮ​ស្រេច​គេច​ចេញ​ទៅ              ប្រាប់​ប្រុស​ដែល​នៅ​ជិត​នៅ​ហ្នឹង
                   ប្រុស​នោះ​រក​ឃើញ​ឆក់​យក​វឹង               ព្រឹក​ឡើង​ព្រាហ្មណ៍​ដឹង​ជា​ប្រាក់​បាត់ ។
                   ទោមនស្ស​ទាស់​ចិត្ត​ឥត​បើ​ថា                  ហើយ​ចេញ​យាត្រា​ត្រេច​ចរ​កាត់
                   សំដៅ​លំនៅ​ពោធិសត្វ                           ព្រាហ្មណ៍​ក្រាប​ប្រតិបត្តិ​សព្វ​ប្រការ ។
                   ព្រះ​អង្គ​ជ្រាប​ច្បាស់​ដោយ​ញេយ្យញាណ ទើប​ទ្រង់​ប្រទាន​ស្បៀង​អាហារ
                   ភោជន​ចំណី​គ្រប់​បរិក្ខារ                        ល្មម​ព្រាហ្មណ៍​ចាត់​ការ ៧​ថ្ងៃ​បាន​។
                   ហើយ​ប្រាប់​ថា​តា​ព្រាហ្មណ៍​ឯង​ទៅ          កាន់​ទី​លំនៅ​គេហស្ថាន               
                   ឲ្យ​នាង​ព្រាហ្មណី​ហៅ​សន្ដាន                  ដែល​វា​រាប់​អាន​តាម​ចិត្ត​ស្ម័គ្រ ។
                   ចំនួន​ដប់​បួន​ទាំង​អស់​គ្នា                       ទាំង​ញាតិ​ខាង​វា​ញាតិ​ខាង​អ្នក
                   មក​ជុំ​ជប់​លៀង​ដោយ​រាក់​ទាក់                ធ្វើ​កល់​ដូច​ហាក់​គ្មាន​ហេតុ​អ្វី ។
                   មួយ​ថ្ងៃ​បន្ថយ​ចេញ​ពីរ​នាក់                    តាម​ដោយ​ចិត្ត​ស្ម័គ្រ​នាង​ព្រាហ្មណី         
                   ត្រូវ​ធ្វើ​ដូច្នេះ​ជា​ប្រក្រតី                          ប្រាំ​ពីរ​រាត្រី​ជា​កំណត់ ។
                   បន្ថយ​ទុក​សល់​តែ​ពីរ​នាក់                      ពិនិត្យ​ឲ្យ​ជាក់​ស្ដែង​ប្រាកដ
                   មើល​តែ​ព្រាហ្មណ៍​ដែល​វា​ឃាត់               ភ្ញៀវ​ណា​កំណត់​ប្រាំ​ពីរ​ថ្ងៃ ។
                   ចូរ​តា​ប្រាប់​ខ្ញុំ​កុំ​បង្អង់                              ខ្ញុំ​ហ៊ាន​ចោទ​ត្រង់​ពុំ​សង្ស័យ
                   ចាប់​វា​បាន​យក​ថ្វី​ដៃ                              ឲ្យ​ចោរ​ចង្រៃ​វា​រអា ។
                   តា​ព្រាហ្មណ៍​ធ្វើ​ត្រាប់​តាម​បង្គាប់              ស្រេច​ទើប​ត្រឡប់​យាត្រា
                   ជំរាប​រឿង​រ៉ាវ​ស្រេច​កាល​ណា                 ទើប​មាន​វាចា​ប្រើ​បំរើ ។
                   ឲ្យ​ហៅ​ព្រាហ្មណ៍​ចោរ​ចូល​មក​ដល់          ព្រះ​អង្គ​ទត​ស្គាល់​សួរ​ថា​អើ
                   ទ្រព្យ​តា​ព្រាហ្មណ៍​នេះ​មួយ​ពាន់​តើ           ឯង​យក​ទៅ​ធ្វើ​អ្វី​ទៅ​ហើយ ។
                   ព្រាហ្មណ៍​ចោរ​ជជែក​ប្រ​កែក​ថា               សូម​ទាន​មេត្តា​ព្រះ​គុណើយ
                   ខ្ញុំ​បាទ​មិន​បាន​យក​សោះ​ឡើយ               ម្ចាស់​ថ្លៃ​ខ្ញុំ​អើយ​ទេ​ព្រះ​អង្គ ។
                   ព្រះ​ពោធិសត្វ​ឆ្លើយ​កាត់​ថា                     នែ​ចោរ​មោហា​ថា​ឲ្យ​ត្រង់
                   គេ​ហ៊ាន​ថា​ហើយ​មិន​មែន​ល្ងង់                នេះ​ពេញ​ជា​ពង្ស​អង្គ​អ្នក​ប្រាជ្ញ ។
                   ហ្នឹង​ហើយ​ឈ្មោះ​សេនកៈ​បណ្ឌិត            ល្បី​ល្បាញ​រឹង​រិទ្ធិ៍​គេ​កោត​ខ្លាច
                   មិន​ស្គាល់​ទេ​ឬ​ចោរ​កំណាច                    បើ​ឯង​ស្គាល់​ប្រាជ្ញ​កុំ​ប្រកែក ។
                   ព្រាហ្មណ៍​ចោរ​ភិត​ភ័យ​តក្កមា                 ក្នុង​ចិត្ត​គិត​ថា​ឱ​ចំឡែក
                   ថា​នេះ​ដូច​ជា​ឃើញ​នឹង​ភ្នែក                   មិន​ហ៊ាន​ប្រកែក​ត​ទៅ​ទៀត ។
                   ជំរាប​រឿង​រ៉ាវ​ទៅ​តាម​ត្រង់                      ហើយ​ទើប​ព្រះ​អង្គ​ទ្រង់​ឆ្លាស់​ឆ្លៀត
                   ដណ្ដឹង​បញ្ជាក់​ថែម ៗ ទៀត                   ចោរ​ខូច​ចោល​ម្សៀត​មិន​ហ៊ាន​លាក់ ។
                   ក្រសួង​រាជការ​រដ្ឋបាល                          ចាំ​ស្ដាប់​នឹង​អាល​ទាញ​ទៅ​ដាក់
                   ធ្វើ​ទោស​តាម​ដោយ​ពិនិត្យ​ជាក់               យក​ចោរ​អប្បលក្ខណ៍​ដាក់​អាជ្ញា ។
                   ព្រះ​ពោធិសត្វ​ទ្រង់​ប្រទាន                      មាស​ប្រាក់​ធន​ធាន​ដោយ​មេត្តា
                   ដល់​រូប​តា​ព្រាហ្មណ៍​អនាថា                    ដែល​ពឹង​ចេស្ដា​ព្រះ​បារមី ។
                   រឿង​រ៉ាវ​ដូច​ថ្លែង​សំដែង​មក                    ខ្ញុំ​បាន​ស្រង់​យក​ពី​បាឡី
                   មក​ដាក់​បញ្ជាក់​ខ​សេចក្ដី                       ឲ្យ​ជន​ប្រុស​ស្រី​ស្ដាប់​បាន​ងាយ ។
                   សូម​លោក​អ្នក​ស្ដាប់​ពិចារណា                តាម​ដោយ​ប្រាជ្ញា​ដ៏​ទូលាយ
                   ឲ្យ​ឃើញ​ហេតុ​ផល​ទៅ​វែង​ឆ្ងាយ              ដូច​បាន​អធិប្បាយ​ជា​ទំនង ។
                   ដំណើរ​សេចក្ដី​ក្នុង​រឿង​នេះ                    យើង​ត្រូវ​ត្រិះ​រិះ​តាម​គន្លង
                   ព្រះ​ពោធិសត្វ​ពី​ដើម​ទង                        ដោយ​ន័យ​ទំនង​ដ៏​វែង ។
                   ហៃ​សាធុ​ជន​ទាំង​អស់​គ្នា                        ចំណេះ​វិជ្ជា​ទាំង​សម្ទាយ              
                   មាន​គុណ​វិសេស​ធំ​ទូលាយ                    គួរ​យើង​វេច​ស្ពាយ​កុំ​ខ្លាច​ធ្ងន់ ។
                   មិន​លម្បាក​ទុក​ស្រណុក​លាក់                ជា​ជាង​មាស​ប្រាក់​សព្វ​ទ្រព្យ​ធន
                   មិន​ខ្លាច​ចោរ​លួច​ឬ​ចោរ​ប្លន់                    ទៅ​គ្រប់​បម្បន់​គ្រាន់​ជា​ស្បៀង ។
                   ឥត​កណ្ដៀត​កោរ​កណ្ដុរ​កាត់                  ចាយ​ណាស់​មិន​បាត់​មិន​មាន​ល្អៀង
                   ប្រើ​ច្រើន​កើត​ច្រើន​ចំរើន​ទៀង                ពី​បច្ចុប្បន្ន​រឿង​ទៅ​បរ​លោក ។
                   មាន​សុវិជ្ជា​គង់​មាន​ទ្រព្យ                       អ្នក​ផង​មិន​ស្អប់​មិត្ត​មូល​មក
                   មាន​មិត្ត​ហើយ​បុណ្យ​តែង​រត់​រក              ស្លាប់​ទៅ​បរលោក​យោគ​ស្ថាន​សួគ៌ ។
                   វិជ្ជា​មាន​គុណ​ដូច​បាន​ថ្លែង                    សំដែង​មក​នេះ​ក៏​សម​គួរ
                   សង្ខេប​សេចក្ដី​ត្រឹម​ស្ថាន​សួគ៌                  ចប់​តាម​សម​គួរ​អម្បាល្នេះ ។
                   សូម​លោក​អ្នក​ប្រាជ្ញ​ខមាទោស               សូម​ទាន​សន្ដោស​កុំ​ដៀល​តិះ
                   ខ្ញុំ​នឹក​ឃើញ​រឿង​រ៉ាវ​ដូច្នេះ                       ដោយ​ត្រិះ​រិះ​ផ្សំ​នឹង​បាឡី ។
                   គម្ពីរ​នានា​ជា​មគធៈ                               ឃើញ​ប្រាកដ​ជាក់​ដូច​សេចក្ដី
                   ដែល​បាន​ថ្លែង​មក​ដោយ​ខ្លី ៗ                  ប្រយោជន៍​ដើម្បី​អ្នក​ល្ងង់​ខ្លៅ ។
                   វិជ្ជា​គុណ​កថា​ចប់                                 ក្នុង​ពេល​ព្រលប់​យប់​ថ្ងៃ​សៅរ៍
                   បួន​នឹង​ដប់​រោច​មិគសិរ​នៅ                     ហេមន្ត៍​រដូវ​ឆ្នាំ​រកា ។
                   បញ្ចស័ក​ជាប់​ទាក់​ឆ្នាំ​បារាំង្ស                   ចាប់​ពី​ក​តាំង​គ្រឹស្ត​សាស្នា
                   មួយ​ពាន់ ៩ រយ​សាម​បី​ជា                     កំណត់​វេលា​ចប់​ឯង​ហោង ។
                                           អធិប្បាយ​ភាសិត​របស់​សាស្រ្តាចារ្យ ឈឹម ស៊ុម
                                                               ទឹក​ត្រជាក់ ត្រី​កុំ
                                                                    ពាក្យ ៨

                        ខ្ញុំ​សូម​អធិប្បាយ​ស្រាយ​ភាសិត               ដែល​ប្រាជ្ញ​ព្រឹទ្ធ​ប្រឌិត​ទុក​មក​ថា
                        << ទឹក​ត្រជាក់​ត្រី​កុំ >> នេះ​ទុក​ជា            សវនា​សណ្ដាប់​នៃ​សន្ដាន ។
                        ភាសិត​នេះ​ប្រាជ្ញ​ចេះ​ចែក​ពីរ​បទ              ជា​កំណត់​កត់​ទុក​ជា​លំអាន
                        ទី ១ ទឹក​ត្រជាក់​ជា​ប្រធាន                      ទី ២ មាន​ត្រី​កុំ​ជុំ​ជាប់​ជិត ។
                        ពាក្យ​នេះ​ឯង​ជា​ពាក្យ​ឧបមា                   ចាស់​ៗ​ថា​តាម​ប្រាជ្ញ​ពោល​ប្រឌិត
                        ទុក​ប្រដៅ​កូន​ចៅ​ជា​និស្សិត                    ប្រើ​គំនិត​គិត​រក​សេចក្ដី​សុខ ។
                        បទ​ទី​១ ដែល​ថា​ទឹក​ត្រជាក់                    អស់​នាង​អ្នក​កុំ​យល់​ថា​ទឹក​ថ្លុក
                        វារី​ថ្លា​ឬ​ល្អក់​ដក់​គ្រប់​ស្រុក                      ក្នុង​ជង្ហុក​បឹងបូរ​ជួរ​ទន្លេ ។
                        ទឹក​ទីនេះ​គឺ​ចិត្ត​យើង​គ្រប់​គ្នា                             ជា​ចិត្ត​ជា​មេត្តា​ឯណេះ​ទេ
                        ទន់​អាណិត​ចិត្ត​ល្អ​ដល់​អស់​គេ                គ្មាន​វៀចវេ​ធ្វើ​ទុក្ខ​បុក​ឲ្យ​ម្នេញ ។
                        ចិត្ត​ជន​ណា​ប្រាថ្នា​ចង់​សុខ​ខ្លួន                មិន​រុក​គួន​ឲ្យ​គេ​ខ្ចាយ​សុខ​ចេញ
                        មិន​ជេរ​ពោល​រោល​រុក​មិន​ជ្រក់​ជ្រេញ       មិន​ម្នោម្នេញ​បំបាត់​ជីវិត​ទ្រព្យ ។
                        ដោយ​យោបល់​យល់​ឃើញ​ថា​ខ្លួន​យើង    ម្ដេច​ចចើង​ចង់​រស់​មិន​ចង់​ស្លាប់
                        ចង់​តែ​មាន​ធនធាន​សម្បត្តិ​ទ្រព្យ             ចង់​តែ​ស្ងប់​មិន​ចង់​ក្ដៅ​ក្រហាយ ។
                        គេ​ឯ​ទៀត​ក៏​ចង់​រស់​ដូច​យើង                  ចង់​តែ​ថ្កើង​មាន​ទ្រព្យ​គាប់​សប្បាយ
                        ចង់​ក្សេមក្សាន្ត​មិន​ចង់​ក្ដៅ​ក្រហាយ          យើង​ទាំងឡាយ​ទាំង​គេ​ក៏​ដូច​គ្នា ។
                        ចិត្ត​ជន​នោះ​ហៅ​ថា​ចិត្ត​ស្មោះសរ             តាម​ព្រះ​ធម៌​ថា​ចិត្ត​មាន​មេត្តា
                        ដូចជា​ទឹក​ត្រជាក់​ថែម​ទាំង​ថ្លា                 ពួក​មច្ឆា​ត្រី​កុំ​ជុំ​ជិត​នៅ ។
                        បទ​ទី​២ ថា​ត្រី​កុំ​ជុំ​ជិត                             សូម​ពិនិត្យ​ឲ្យ​មែន​មិន​មែន​ហៅ
                        ពួក​មច្ឆា​នៅ​នា​ទំនាប​ជ្រៅ                       លោក​សំដៅ​ដល់​ជន​ជាតិ​ជិត​ខាង ។
                        គឺ​មនុស្ស​ជា​បង​ឬ​ជា​ប្អូន                        ឬ​ជា​កូន​ចៅ​ខ្វះ​សំណាង
                        ឬ​ជា​ញាតិ​លោហិត​នៅ​ជិត​ខាង               ខ្វះ​សំណាង​មក​សូម​សំណាក់​នៅ ។
                        យើង​ត្រូវ​មាន​មេត្តា​ចិត្ត​ត្រជាក់                ឲ្យ​គ្នា​ស្នាក់​ជ្រក​កោន​កុំ​ឲ្យ​ក្ដៅ
                        ពោល​វាចា​កុំ​ថា​ពាក្យ​ឃោរឃៅ                ដោយ​ចិត្ត​ក្ដៅ​ចង់​ក្ដិច​ពង្រេច​ថែម ។
                        ត្រូវ​ពោល​តែ​វាចា​សុភាសិត                     សុចរិត​ប្រណីត​ដ៏​ផ្អែមល្ហែម
                        កាយ​វិការ​ឫកពា​ក៏​ខ្ញង់ខ្ញែង                     មុខ​ញញែម​ញញឹម​ប្រឹម​ស្រទន់ ។
                        មិន​តូងតាង​ផូងផាង​អាង​ទាត់​ធាក់           រួស​រាក់ទាក់​ដំណើរ​ស្មើ​ទន់ភ្លន់
                        កុំ​ឲ្យ​ញាតិ​រវាត​ចិត្ត​អាក់អន់                    អាការ​ទន់​កើត​ដោយ​ចិត្ត​មេត្តា ។
                        យ៉ាង​នេះ​ទើប​អ្នក​ផង​បូល​ចិត្ត​ជុំ              មក​កុះ​កុំ​អាស្រ័យ​នៅ​ជា​គ្នា
                        ជួយ​កម្លាំង​ផ្ដល់​សុខ​ឲ្យ​គ្រប់​គ្រា               គ្រប់​វេលា​យើង​ថ្កើង​ដោយ​សារ​ញាតិ ។
                        ធម្មតា​មេត្តា​ធម៌​នេះ​ឯង                         អាច​បង្វែង​ចិត្ត​ទ្រុស្ត​ឲ្យ​ជ្រុះ​ឃ្លាត
                        ចេញ​ពី​ជន​នៅ​ជិត​ជុំ​ជា​ញាតិ                  សូម្បី​ជាតិ​តិរច្ឆាន​កាច​ជា​ស្លូត ។
                        គឺ​ថា​ជន​ណា​មួយ​មាន​ប្រាជ្ញា                  ភាវនា​មេត្តា​ជាប់​រហូត
                        ជន​ជិត​ខាង​ទោះ​កាច​ទៅ​ជា​ស្លូត             សាំង​រហូត​ដល់​ពួក​ម្រឹគ​សាហាវ ។
                        ដូច​និទាន​មាន​មក​ជា​បាលី                     ប្រាជ្ញ​ពិសី​បាន​ចង​ជា​រឿងរ៉ាវ
                        ថា​ម្រឹគ​កាច​អាច​ស្លូត​បាត់​សាហាវ           មាន​រឿងរ៉ាវ​ដូច​នឹង​ថ្លែង​តទៅ ។

                                                           រឿង​ជរសាណនិគ្រន្ថ
                                                            បទ​ភូជង្គលីលា

                        បទ​ទ្រង់​ភូជង្គលីលា           ខ្ញុំ​សូម​ពណ៌នា                  ថ្លាថ្លែង​សេចក្ដី ។
                        ត​តាម​គម្ពីរ​បាលី                ប្រយោជន៍​ដើម្បី                ជា​ឧទាហរណ៍ ។
                        នៃ​ការ​ប្រព្រឹត្ត​តាម​ធម៌        មេត្តា​បវរ                          ជា​ធម៌​ប្រពៃ ។
                        ថា​កាល​មុន​មាន​ក្សត្រ​ថ្លៃ    អង់អាច​ពេក​ក្រៃ               ព្រះនាម​អសោក ។
                        អានុភាព​គ្រប់​ពិភព​លោក   ព្រះបាទ​អសោក                ល្បី​ដល់​សព្វ​ថ្ងៃ ។
                        កាល​ស្ដេច​កំពុង​ថ្កើង​ក្រៃ     អំណាច​ពេញ​ផ្ទៃ               ជម្ពូទ្វីបា ។
                        ទ្រង់​ទូល​សួរ​ព្រះ​មាតា        ថា​មាន​នរណា        ទាយ​ទូល​បង្គំ ។
                        ថា​នឹង​បាន​ជា​ស្ដេច​ធំ         អធិរាជ​ឧត្ដម           សូម​ម៉ែ​ប្រាប់​ផង ។
                        សម្ដេច​មាតា​ជា​ច្បង           ថាហ៍​នួន​ល្អង          នេះ​ឈ្មោះ​អ្នក​ទាយ ។
                        ទ្រង់​ហុច​កំណត់​ទំនាយ      ដែល​គេ​ទស់​ទាយ    ថ្វាយ​ព្រះ​រាជ​បុត្រ ។
                        ព្រះបាទ​អសោក​ចមម្កុដ     ទ្រង់​ទត​សំបុត្រ        ឃើញ​អស់​ទំនាយ ។
                        ត្រូវ​សព្វ​ឥត​ល្អៀង​ឃ្លាត​ក្លាយ        ឃើញ​នាម​អ្នក​ទាយ ថា​ជរសាណ
                        ទ្រង់​ចាត់​ឲ្យ​ស៊ើប​ពត៌មាន             រក​ជរសាណ           ឲ្យ​បាន​ដឹង​ឆាប់
                        មន្រ្តី​គ្រប់​ខេត្ត​ប្រញាប់                 ចាត់​ការ​យ៉ាង​ឆាប់    បាន​ដឹង​ជាក់​ស្ដែង ។
                        ថា​ជរសាណ​នោះ​ឯង                  នៅ​ដាច់​សង្វែង        បច្ចន្តគ្រាម ។
                        កាន់​ព្រត្តប្រែ​ព្រឹត្តិ​ពី​ព្រាហ្មណ៍      ខំ​ធ្វើ​ព្យាយាម          តាម​ទ្រឹស្តិ៍​និគ្រន្ថ ។
                        ឋាន ជា​គ្រូ​មហន្ត                        លើស​ពួក​និគ្រន្ថ      អាជីវក​ផង ។
                        ទើប​ទ្រង់​ចាត់​មន្រ្តី​ច្បង                 សេនា​អម​ផង          ត្រសង​ត្រៀបត្រា ។
                        ឲ្យ​សែង​សុពណ៌​សិវិកា                 គ្រែ​ស្នែង​កាញ្ចនា     ថ្លៃថ្លា​ពិសី ។
                        ទៅ​នាំ​និគ្រន្ថតិរ្ថីយ៍                       ជរសាណ​មក​ខ្មី       ដើម្បី​គោរព ។
                        សក្ការៈ​រាប់អាន​គ្រប់                    ហេតុ​ព្រះ​ចមភព     ស្ដេច​ទ្រង់​ជ្រះ​ថ្លា ។
                        ទាហាន​សែង​ព្រះ​សិវិកា               ទៅ​តាម​មាគ៌ា          កាត់​ពនាល័យ ។
                        ទៅ​ដល់​ទូល​ស្នើ​ព្រះទ័យ              ថា​សូម​អភ័យ          ដ្បិត​ព្រះ​ចមម្កុដ ។
                        ទៅ​ដល់​ទូល​ស្នើ​ព្រះទ័យ              ថា​សូម​អភ័យ          ដ្បិត​ព្រះចម​ម្កុដ ។
                        អសោក​មហារាជ​ឆ្នើម​ផុត             នៅ​បាតលីបុត្រ      ឲ្យ​មក​និមន្ត ។
                        ជរសាណនិគ្រន្ត                         ព្រះ​គ្រូ​មហន្ថ           និមន្ត​ឡើង​គ្រែ ។
                        ទាហាន​ខ្លះ​សែង​ខ្លះ​ហែ                ខ្លះ​បក់​បន្ថែ             ខ្លះ​បាំង​ខ្លស់​ក្លំ ។
                        ទៅ​តាម​សម្រួល​មិន​ខំ                  ចូល​ដល់​ព្រៃ​ធំ         ទុគ៌ម​ស្រងាត់ ។
                        ទីទួល​ព្រឹក្សា​ច្រើន​ក្ដាត់                 នាំ​គ្នា​ដើរ​កាត់          រក​បេះ​បុប្ផា ។
                        ខ្លះ​បេះ​ផល​ភោជ្ជ​ព្រឹក្សា                ខ្លះ​សាក​សួរ​គ្នា         ខ្លះ​ពណ៌នា​ប្រាប់ ។
                        ព្រឹក្សា​ក្នុង​ព្រៃ​តាន់តាប់                 ពុំ​អាច​នឹង​រាប់         ឲ្យ​សព្វគ្រប់​បាន ។
                        អំបែង​ថ្លែថ្លាន់​សឹង​មាន                បុប្ផា​យោនយាន      យល់​ពណ៌​លឿង​ខ្ចី ។
                        ខ្លះ​ថា​មក​ណេះ​ណា​វ៉ឺ                   យើង​បេះ​ផ្ញើ​ស្រី       ជ្រក់​ឆី​ត្រី​អាំង ។
                        ខ្លះ​ថា​នែ​វ៉ឺយ​អាគាំង                     នេះ​នែ​ក្រសាំង        យើង​បេះ​បុក​ឆី ។
                        ខ្ចែងខ្ចះ​ច្រមះ​ស្រឡី                     ស្រឡិត​វល្លិ៍​ខ្ចី          ឡើង​ដើម​ស្រឡៅ ។
                        ត្រឡាត់​ត្រឡាច​ឡើង​ទៅ             ធ្វើ​ជា​លំនៅ             ជា​ទ្រើង​ទ្រុល​ទ្រុប ។
                        ដើម​ត្រាច​ត្រៀល​ទ្រាក​ក្រខុប        ដើម​ត្រាង​លាស់​ទ្រុប   ដង្គុំ​ខៀវ​ខ្ចី ។
                        ខ្លះ​ថា​យើង​ឈប់​ផឹក​ឆី                 ដេក​សិន​ណា​វ៉ឺ        ក្រោម​ម្លប់​ឈើ​នេះ ។
                        ខ្លះ​ថា​នែ​វ៉ឺយ​អាផេះ                      លោកតា​នៅ​នេះ      ឯង​ក្អេងក្អាង​អី ។
                        ភ្លៅ​មាន់​មាន​ពាន់​តាឡី                 ទន្លាប់​ស្ដៅ​ស្ដី           ស្ដុកស្ដុរ​ស្មាច់ស្មែរ ។
                        ពព្លា​ភ្លូភ្លង​មាន​ផ្លែ                        ភ្លៅ​មាន់​ដុះ​ហែ        នៅ​ក្បែរ​ភ្លៅ​នាង ។
                        ពពេច​ចង្វារ​ដុះ​ខាង                     មាត់​ទឹក​រអាង          ត្រពាំង​ខ្នង​ទួល ។
                        ព ពល​ពពាល​ខែ​ស្នួល                 ស្នាយ​ស្នែ​ស្នាប់​ស្រួល   ស្មូញស្មាញ​សាខា ។
                        ពពូល​បាយ​ពើត​ដៃ​ខ្លា                  ពពូល​ថ្ម​ធ្មា              ពពូល​ទឹក​ទាប ។
                        ពុទ្រា​ពោន​ស្វា​ភ្នែក​ព្រាប              ពោន​ម្កាក់​ពួច​ទាប   ដុះ​រាប​ជា​គុម្ព ។
                        ពាន់​តាពុក​ឆ្មា​ត្រសុំ                      ពិភេទក៍​ជួរជុំ           ជិត​ដើម​ស្រម៉ ។
                        ពង​មាន់​ពាន់​តា​ផ្កា​ល្អ                   លឿង​ខ្ចី​លាយ​ស     ក្រអូប​ឈ្ងុយ​ឆ្ងិត ។
                        គគីរ​សុរភី​គគិត                          ជើង​ចាប​ដុះ​ជិត       ដើម​ចារ​ផ្កា​ល្អ ។
                        ពពេល​ឥន្ទ​នេល​ពង្រ                   រំដេញ​ញេញ​ញ      ដក​ព​ដក​ពាយ ។
                        កណ្ដោល​កណ្ដោក​ដុះ​រាយ           រពាក់​រពាយ            ដុះ​រាយ​ជា​គុម្ព ។
                        ឪឡោក​មាក់​ដោក​ឪ​ជំ                  កន្ទួត​ប្រោង​អំ​ព្រំ      កន្ទួត​ព្រៃ​ព្រូស ។
                        ផ្លែ​ជា​ចំណី​នៃ​ឈ្លូស                     មាន​ផ្លែ​ជន្លូស          ឈ្លូស​ចូល​ចិត្ត​ស៊ី ។
                        កន្ទោកដុះ​ជិត​កន្ទី                    កន្ទុយ​ប្រើស​ៗ​ស៊ី     ភង្គី​ស្រគំ ។
                        វល្លិ​គុយ​មាន​ផ្លែ​មូល​ធំ                  រស​ជូរ​អែម​ចំ           លើ​អ្នក​នឿយហត់ ។
                        ស្រគំ​ផ្លែ​ខ្ចី​រស​ចត់                        ត្រូវ​ចំ​លើ​មាត់          អ្នក​អត់​ម្លូរ​ស្លា ។
                        ត្រៀល​ដោះ​ក្របី​ត្រៀល​ស្វា ដើម​ស្វិត​ក្ដាត់​ណា    ឡើង​ដើម​ចម្បក់ ។
                        មើល​ទៅ​ឃើញ​ផ្លែ​ស្ញែស្ញក់            ពួក​ពល​សម្រក់       ទឹក​មាត់​បេះ​ឆី ។
                        ព្រីង​បាយ​ព្រីង​ដោះ​ក្របី               មាន​ផ្លែ​ទុំ​ខ្ចី              បេះ​ឆី​ផ្លែ​ទុំ ។
                        ព្រីង​ច័ន្ទ​ព្រីង​ចន្លុះ​ជុំ                    ជាជួរ​ដង្គុំ                គេ​ពុំ​ភោក្ដា ។
                        ព្និល​ភ្នៅ​សង្ឃរ័​សង្ឃា                    ទន្លាប់​ទន្លា              ក្រកោះ​ក្រឡាញ់ ។
                        សុទ្ធ​តែ​ឈើ​ផ្លែ​ឆ្ងាញ់​ៗ                   ខ្លះ​ថា​អើ​អញ          បេះ​ផ្ញើ​ប្រពន្ធ ។
                        រងៀង​រវៀង​ដោះ​គន់                   ដើម​ភ្ងាស​គគ្រន់      ក្រូច​ព្រៃ​ដើម​ក្រាយ ។
                        ស្រឡិត​ឡើង​មហា​ស្រឡាយ       ផ្កា​រីក​ព្រោងព្រាយ   ជិត​ដើម​ស្រឡៅ ។
                        ក្របាស​ព្រៃ​ប្រប​ក្របៅ                 មាន​ដើម​បង្គៅ        ដើម​ភ្ញៀវ​សិរមាន់ ។
                        គូលែន​មាក់ប៉ែន​ចែង​ច័ន្ទ              លំពោះ​លំពាន់        លំពង់​លូតលៃ ។
                        ឪ​ជ្រឹង​សន្ធឹង​ឡើង​ជ្រៃ                  លោត​ជោត​លាំង​ជៃ ពួរ​ជ្រៃ​ជ្រែង​ជ្រៀត ។
                        ដើម​ច្រេស​មាន​ជ្រែ​ដុះ​បៀត          មាន​វល្លិ​រមៀត        ជ្រៀត​ឡើង​ដើម​ជ្រួយ ។
                        ដើម​ទេព​ភិរូហ៍​គោ​មួយ                 ដុះ​ជិត​ដើម​ជ្រួយ     និង​សម្បុរ​ល្វែង ។
                        ដើមឈើ​ភ្លើង​ភ្លាំង​កម្រែង             អញ្ចាញ​អញ្ជែង       ទ្រមែង​ទ្រមូង ។
                        លំពែង​ព្រះរាម​ដុះ​ច្រូង                ឱប​ដើម​គ្រញូង       ស្លឹក​ច្រូងច្រាង​ជ្រំ ។
                        ប៉ប្រក​សម្បក​ធំ​ៗ                        រំយោល​ល្បាន​ល្យំ    ទំ​ដើម​ទ្រយឹង ។
                        ស្រកា​ចាស​ចាប់​ដើម​ខ្ជឹង               បន្តោក​ដូច​ជ្រឹង       ជិត​ដើម​ខ្ទឹង​ក្ទម្ព ។
                        ឈើ​ទាល​ដូងចែម​រាំង​ភ្នំ                ផ្ដៀក​ផ្ចឹក​សូក្រំ         បេងលាំង​ខ្វែត​ខ្សេវ ។
                        សុទ្ធ​តែ​ឈើ​ធំ​ខ្ពស់​ល្ហេវ                  ខ្លះ​ត្រង់​ស្លុងស្លេវ      ខ្លះ​ពក​ខ្លះ​ពួរ ។
                        ខ្លះ​មាន​រន្ធ​ហាក់​ហា​សួរ                ដោយ​ក្ដី​សមគួរ       ចំពោះ​យោធា ។
                        ខ្លះ​មាន​ស្លឹក​ត្រូវ​វាតា                    ដូច​បក់​ហត្ថា           បោយ​ឲ្យ​គយគន់ ។
                        ជរសាណនិគ្រន្ថ                         នេត្រា​គយគន់         ព្រឹក្សា​ទាំងឡាយ ។
                        ត្រេកអរ​សែន​ត្រេក​សប្បាយ         សោមនស្ស​រីករាយ  ដូច​កើត​ជាតិ​ថ្មី ។
                        នា​ឋាន​ទេវិន្ទ​កោសីយ៍                  ព្រោះ​អន្យតិរ្ថីយ៍       ត្រូវ​បាន​ឡើង​បុណ្យ ។
                        ដោយ​សារ​សេចក្ដី​ការុណ្យ            នៃ​ស្ដេច​មាន​បុណ្យ  អសោក​តិលក
                        ជរសាណាជីវក                          ព្រះ​គ្រូ​នាយក         ដែល​គេ​ហែ​ទៅ ។
                        បាន​ដល់​កណ្ដាល​ព្រៃ​ជ្រៅ            នេត្រ​គយគន់​ទៅ     ឃើញ​សុទ្ធ​ព្រៃ​ស្វាយ ។
                        ដែល​គេ​ដាំ​ដុះ​រៀង​រាយ                ជា​ទី​សប្បាយ          នៃ​ស្រមណ៍​បព្វជិត ។
                        ដើម​ស្វាយ​រៀង​រាយ​ប្រកិត           ប្រកៀក​គ្នា​ជិត         ជា​ជួរ​បង្គុំ ។
                        ដង្គោល​ស្រមោល​ម្លប់​ជុំ                ជិត​ដូច​គេ​ហ៊ុម        ពិតាន​សន្ធិយា ។
                        ស្វាយ​មីង​ស្វាយ​មាស​ឥន្ទជា         ឥន្ទជិត​មាន​ផ្កា        ស្វាយ​ធូរេន​ផ្លែ ។
                        ស្វាយ​ខ្ទិះ​ដងខ្ទែង​ដុះ​ហែ               ស្វាយ​មួង​កែវកែ      ស្វាយ​មីង​ស្វាយ​មាស ។
                        ស្វាយ​យក្ស​ស្វាយ​ល្ហួត​ពោរពេញ   ពងត្រង​ដេរដាស     ស្វាយ​ក្បាល​ដំរី ។
                        ពុំសែន​ស្វាយ​កែវ​សំឡី                 ខ្លះ​ផ្កា​ខ្លះ​ខ្ចី              ខ្លះ​ចាស់​ខ្លះ​ទុំ ។
                        សាខា​ដង្គោល​ដង្គុំ              មាន​ម្រឹគ​ជួបជុំ        សម្រាក​កាយា ។
                        ម្រឹគីម្រឹគា​ត្រៀបត្រា           សិង្ហតោ​ជ្រូក​ខ្លា        រមាំង​ប្រើស​ទ្រាយ ។
                        ឈ្លូស​ក្ដាន់​ឆ្កែ​ព្រៃ​ទន្សាយ    មូល​មិត្រ​សប្បាយ    លាយ​គ្នា​រញង់ ។
                        ខ្លះ​ដេក​ខ្លះ​ឈរ​រហង់          ខ្លះ​ដើរ​តម្រង់          លិទ្ធ​គ្នា​ទៅ​មក ។
                        រមាំង​លិទ្ធ​ឲ្យ​ចចក             ឆ្កែ​ព្រៃ​ដើរ​មក          លិទ្ធ​ឲ្យ​ទន្សាយ ។
                        ជ្រូក​ព្រៃ​ដេក​ដូច​គេ​រាយ     ខ្លា​ធំ​សប្បាយ          ដេក​កើយ​ដូច​ខ្នើយ ។
                        ភាព​នេះ​ពុំ​ដែល​មាន​ឡើយ  គ្រា​នេះ​ឯង​ហើយ     មាន​ភាព​ដូច្នោះ ។
                        ហេតុ​តែ​ក្នុង​ព្រៃ​ស្វាយ​នោះ  មាន​មហា​ថេរ​ឈ្មោះ ព្រះ​អស្សគុត្ត ។
                        កាន់​សីល​សិក្ខា​បរិសុទ្ធ        ព្រះទ័យ​មោះមុត     ក្នុង​ការ​ភាវនា ។
                        ចំរើន​នូវ​ធម៌​មេត្តា              សព្វកាល​វេលា        អាណិត​សព្វ​សត្វ ។
                        និគ្រន្ថ​ឃើញ​ហើយ​លាន់​មាត់        ថា​យី​នែ​សត្វ  ទាំងនេះ​ច្រើន​ម្ល៉េះ ។
                        សត្វ​នេះ​មិន​ដែល​ដូច្នេះ      ទើប​តែ​គ្រា​នេះ        ម្ដេច​វា​យ៉ាង​ហ្នឹង ។
                        ថា​ហើយ​ចុះ​ទៅ​សម្លឹង        មើល​គិត​រំពឹង          រក​ហេតុ​ពុំ​យល់ ។
                        មើល​ហើយ​ៗ​រឹត​តែ​ឆ្ងល់      លុះ​តែ​បាន​ដល់       មណ្ឌល​ទី​កុដិ ។
                        លំនៅ​នៃ​ព្រះ​អស្សគុត្ត        ក្នុង​វត្ត​បរិសុទ្ធ                   នាម​និយ​សេនាសន៍ ។
                        និគ្រន្ថ​លើក​ដៃ​បាំង​ថ្ងាស     គយគន់​តែ​ពាស      ឃើញ​ព្រះ​អស្សគុត្ត ។
                        ទោះបី​ខុស​គ្នា​បំផុត            ក៏​គាត់​លំអុត           លំឱន​សួរ​ថា ។
                        អាវុសោ​នេះ​ពួក​ម្រឹគា         គេ​ហៅ​ឈ្មោះ​វា        ថា​ពួក​សត្វ​អ្វី ។
                        មហា​ថេរ​រំពឹង​ឆាប់​ខ្មី           ជ្រាប​ជា​តិរ្ថីយ៍          ធ្លាប់​ស្ដាប់​បរមត្ថ ។
                        ពីដើម​គាត់​កើត​ជា​សត្វ       ពស់​ពេន​ទី​ស្ងាត់      ស្ដាប់​ព្រះ​វិភ័ង្គ ។
                        ដែល​ភិក្ខុស្វាធ្យាយ​ខ្លាំង​ៗ  ត្រង់​អាយ​តនំ          ប្រាំមួយ​មាតិកា ។
                        ទើប​លោក​ឆ្លើយ​ប្រាប់​មក​ថា         នេះ​ពួក​ម្រឹគា ឈ្មោះ​អាយ​តនៈ ។
                        និគ្រន្ថ​ខំ​ផ្ទៀង​សោតៈ         ឮ​អាយ​តនៈ            មាន​ឱ​តប្បៈ​ឡើង ។
                        អៀន​ខ្មាស​ហើយ​លុត​បត់​ជើង       ប្រណម្យ​ដៃ​ឡើង     ឆ្ពោះ​ព្រះ​ថេរៈ ។
                        មហាថេរ​ទាញ​កាសាយ                សំពត់​សមណ         បរិក្ខារ​ហុច​ទៅ ។
                        និគ្រន្ថ​សូម​ផ្នួស​បួស​នៅ                លែង​នឹក​ដល់​ទៅ     ពួក​អន្យតិ្ថរ្ថីយ៍ ។
                        មិន​យូរ​ប៉ុន្មាន​ឆាប់​ខ្មី                    ភិក្ខុ​បួស​ថ្មី               លុះ​អរហត្ត ។
                        ដោយ​សារ​បាន​ស្ដាប់​បរមត្ថ          ព្រះ​ថេរៈ​ចាត់          ចែក​ចែង​ឲ្យ​ស្ដាប់
                        ភិក្ខុជរសាណ​ប្រាប់                     មន្រ្តី​ឲ្យ​ឆាប់            ក្រឡាប់​វឹង​ខ្មី ។
                        ទៅ​ទូល​ព្រះ​នរបតី                      កុំ​ឲ្យ​ចក្រី                ទន្ទឹង​ឡើយ​ណា ។
                        មន្រ្តី​សេនីយ៍​គ្រប់​គ្នា                    នាំ​អស់​យោធា         វិល​ថ្កាន​បុរី ។
                        ឡើង​គាល់​ទូល​ព្រះ​ចក្រី               ដោយ​នូវ​សេចក្ដី      ដូច​ថ្លែង​មក​ស្រាប់ ។
                        មហាក្ស័ត្រ​ទ្រង់​ព្រះ​សណ្ដាប់         ព្រះទ័យ​កួច​ជាប់     ចង់​ចេញ​ទៅ​ជួប ។
                        ប៉ុន្តែ​រាល់​ខែ​រាល់​ខួប                     ព្រះអង្គ​រួមរួប          រាប់អាន​និគ្រន្ថ ។
                        គ្រានេះ​បើ​បោះ​បង់​ជន                 ជា​ពួក​និគ្រន្ថ           ចូល​ពុទ្ធ​សាស្នា ។
                        ក្រែង​គ្រោះ​កាច​កើត​ចលា-           ចល​ជាន់​ទន្សា         ព្រួត​គ្នា​មក​ទៀត ។
                        ព្រោះ​បច្ចាមិត្រ​នៅ​ឆ្លៀត               ឈ្លប​រក​តែ​ស្នៀត     បៀតបៀន​ព្រះអង្គ ។
                        លុះ​គ្រប់​បី​ឆ្នាំ​ទើប​ទ្រង់                  ចាត់​ការ​តម្រង់         រដ្ឋ​រាស្រ្ត​រៀបរយ ។
                        ទើប​ស្ដេច​សម្រេច​ញយ​ៗ             ថា​ត្រូវ​បន្ថយ           ពួក​អាជីវក ។
                        ដែល​មាន​ទ្រឹស្ដី​លាមក                 ថា​កម្ម​អាក្រក់          ឬ​ល្អ​ឥត​ផល ។
                        ទោះ​អកុសល​កុសល                   ឥត​មាន​ឲ្យ​ផល       ទៅ​នរក​សួគ៌ ។
                        ទ្រង់​ចាត់​បំបាត់​តាម​គួរ                 មិន​ឲ្យ​ជនជួរ           ទាំងនេះ​ចូល​ជួប ។
                        បង្អាក់​ពេញ​ពេល​មួយ​ខួប            ទើប​ទ្រង់​រួមរួប        ចូល​ពុទ្ធ​សាស្នា ។
                        ដោយ​ហេតុ​តែ​ទ្រង់​ជ្រះ​ថ្លា            ចំពោះ​មេត្តា- ធម៌​ព្រះ​អស្សគុត្ត ។
                        នេះ​ឯង​ហេតុ​ដើម​បំផុត                នាំ​ព្រះ​ចមម្កុដ         អសោក​ក្សត្រា ។
                        ឲ្យ​ចូល​កាន់​ពុទ្ធ​សាស្នា                 ទាំង​ដឹកនាំ​មហា-     ជន​ចូល​ជា​ច្រើន ។
                        សាស្នា​រីក​រឹង​ចំរើន                       ផ្សាយ​ទៅ​បាន​ច្រើន ប្រទេស​នា​នា ។
                        គេ​រាប់អាន​ច្រើន​មហិមា               ព្រោះ​គេ​យល់​ថា      សាស្នា​ត្រជាក់ ។
                        ថែម​ថ្លា​បរិសុទ្ធ​សោភគ្គ                 សម​ហេតុ​ផល​ជាក់   ជា​លទ្ធិ​ត្រូវ ។
                        រឿង​នេះ​វែង​ឆ្ងាយ​ពេក​កូវ             ខ្ញុំ​កាត់​តម្រូវ            ជា​ឧទាហរណ៍ ។
                        នៃ​ភាសិត​ដ៏​បវរ                          ដែល​ប្រាជ្ញ​ផ្លូវ​ធម៌     ប្រឌិត​ទុក​ថា ។
                        រី​ទឹក​ត្រជាក់​ហើយ​ថ្លា                   ត្រី​កុំ​ត្រៀបត្រា         មច្ឆា​ចូល​មក ។
                        គឺ​គេ​តែង​តែ​រត់​រក                       រុលត្បុល​មក​ជ្រក     ក្រោម​អ្នក​មេត្តា ។
                        រឿង​នេះ​ឃ្លាត​ឆ្ងាយ​ណាស់​ណា     ខ្ញុំ​សូម​ពណ៌នា         នូវ​រឿង​មួយ​ទៀត ។
                        ដើម្បី​អស់​លោក​អ្នក​ឆ្លៀត             សង្កេត​ទៅ​ទៀត       ដូច​តទៅ​នេះ ។
                      


(នៅ​មាន​តទៅ​ទៀត )

                                រឿង​ផរសាណនិគ្រន្ថ ក្នុង​គម្ពីរ​បាលី​ឥត​មាន​ការ​រាប់​ដើមឈើ​ទេ ។ ក្មេង​ៗ​ជំនាន់​ថ្មី ប្រហែល​មិន​សូវ​ចូល​ចិត្ត​ការ​រាប់​ដើម​ឈើ​អស់​ទាំង​ព្រៃ​ដូច្នេះ​ដែរ ។ ប៉ុន្តែ ខ្ញុំ​យល់​ថា មាន​ប្រយោជន៍​បាន​ជា​សរសេរ​យ៉ាង​នេះ ។
                                                                                                                                                                                                 (ឈឹម- ស៊ុម)

                                              អធិប្បាយ​ភាសិត (ត)
               ២- នាយ​ល្អ​ក្រ​រក​បាន នាយ​ក្លាហាន​បាន​ស្រេច​ការ
                                  សាស្ត្រាចារ្យ ឈឹម ស៊ុម តែង​ជា​កាព្យ
                                                       ពាក្យ ៧
                   ពាក្យ​ថា "នាយ​ល្អ​ក្រ​រក​បាន                   រី​នាយ​ក្លាហាន​បាន​ស្រេច​ការ"
           ពីរ​ឃ្លោង​យោង​ឃ្លា​ជា​វោហារ                         បូរាណ​ចារ្យ​ចែង​ចង​ទុក ។
           ខ្ញុំ​សូម​អធិប្បាយ​ស្រាយ​សេចក្ដី                       ប្រយោជន៍​ដើម្បី​ជា​ទំនុក
           ត​តាម​ទំនៀម​ត្រា​ត្រៀម​ទុក                            ធ្វើ​ជា​ទំនុក​តំណ​ទៅ ។
           ឲ្យ​បច្ឆាជន​ជាន់​អនា-                                    គត​កាល​គ្រប់​គ្នា​ជា​កូន​ចៅ
           ជា​សិស្ស​ជា​គំ​ជា​ពូជ​ផៅ                                តទៅ​ក្រែង​ត្រូវ​រើស​នាយ​កោយ ។
           ព្រោះ​ថា​ធម្មតា​ជន​ប្រុស​ស្រី                           កើត​លើ​ផែនដី​ទោះ​មុន​ក្រោយ
           ការ​ក្រ​នៅ​លើ​អ្នក​នាយ​កោយ                         តែ​នាយ​ថ្លស់​ធ្លោយ​ធ្លាយ​ខូច​ការ ។
           ទាល់​តែ​នាយ​កោយ​កើត​កាក់កប                    របៀប​របប​អ្នក​សង្ហារ[1]
           ទើប​នាំ​ប្រយោជន៍​គ្រប់​កិច្ចការ                       នាំ​ផល​ខ្លឹមសារ​យក​មក​បាន ។
           រី​ពាក្យ​ថា​នាយ​ងាយ​យល់​ទេ                          គឺ​ជន​ជា​មេ​យើង​គ្រប់​ប្រាណ
           មេ​វត្ត​មេ​វ៉ា​ទាំង​ប៉ុន្មាន                                    មេ​គ្រួសារ​ឋាន​មេ​ភូមិ​ស្រុក ។
           បើ​គេ​ពុំ​ពោល​ពាក្យ​ថា​នាយ                           ពោល​ថា​ចៅហ្វាយ​ក៏​ស្រណុក
           គឺ​ចៅហ្វាយ​ខេត្ត​ចៅហ្វាយ​ស្រុក                      ចៅហ្វាយ​ឃ្លាំង​គុក​ចៅហ្វាយ​រដ្ឋ ។
           បើ​ពុំ​ពោល​ពាក្យ​ថា​ចៅហ្វាយ                         ពាក្យ​ថ្មី​នៅ​អាយ​មាន​ប្រាកដ
           ហៅ​ថា​ប្រមុខ​មាន​មុខ​មាត់                             ប្រាកដ​ជា​ពាក្យ​វប្បធម៌ ។
           ដូច​ពាក្យ​ថា​លោក​ប្រមុខ​ខែត្រ                       រុងរឿង​ត្រដែត​ដ៏​បវរ
           ប្រមុខ​យោធា​ក្រុង​នគរ                                 ប្រមុខ​រដ្ឋ​បវរ​ធំ​បំផុត ។
                   រី​នាយ​គ្រួសារ​ធម្មតា​ចែក                       ចាត់ចែង​វែកញែក​ឲ្យ​បរិសុទ្ធ
           ឬ​ឲ្យ​សៅហ្មង​មោះ​ស៊ុតទ្រុត                           នោះ​ផុត​វិស័យ​យើង​ជ្រើស​រក ។
           គឺ​ថា​បើ​យើង​បាន​កសាង                               យើង​មាន​សំណាង​ពី​មុន​មក
           គង់​តែ​កុសល​ផ្ដល់​ឲ្យ​ជ្រក                              ឲ្យ​មក​ចាប់​ជាតិ​ក្នុង​មេ​ល្អ ។
           ចិត្ត​ថ្លើម​ត្រជាក់​ទន់​ល្អូកល្អូន                          ចេះ​ថ្និត​ថ្នម​កូន​ចេះ​បី​ទ្រ
           ចេះ​ផ្ចុង​ផ្ដើម​កូន​ឲ្យ​បាន​ល្អ                             ស្ទួយ​ផុត​ពី​ក្រ​ទៅ​ជា​មាន ។
           បើ​យើង​ឥត​បុណ្យ​ពី​បុព្វេ                              ពុំ​បាន​រក​ទេ​ផ្លូវ​សីល​ទាន
           មុខ​ជា​អកុសល​ផ្ដល់​រុញ​ច្រាន                         ឲ្យ​កើត​ក្នុង​ឋាន​មេ​អប្រីយ៍ ។
           ឥត​មាន​អាណិត​ចិត្ត​ឫស្យា                            ឥត​មាន​មេត្តា​ត្រា​ប្រណី
           ឥត​ចេះ​សង្គ្រោះ​កូន​ប្រុស​ស្រី                         ទ្រឹស្ដិ៍អន្យតិរ្ថិយ៍​ខុស​ជា​គាប់ ។
           ហេតុ​នេះ​ឃើញ​ថា​នាយ​គ្រួសារ                      អភិសង្ខារ​ចាត់​មក​ស្រាប់
           មាន​ល្អ​អាក្រក់​ទុក​សម្រាប់                             អ្នក​មាន​បុណ្យ​ភ័ព្វ​ឬ​ឥត​បុណ្យ ។
           តែ​ទោះ​ជា​យ៉ាង​ដូចម្ដេច​ក្ដី                             យើង​ទាំង​ប្រុស​ស្រី​ត្រូវ​ដឹង​គុណ
           នាយ​គ្រួសារ​នេះ​ទុក​ជា​មុន                            សឹម​យើង​ដឹង​គុណ​អ្នក​ដទៃ ។
                   រី​នាយ​ចៅហ្វាយ​ក្រៅ​ពី​នេះ                     យើង​ត្រូវ​តែ​ចេះ​គិត​លក​លៃ
           សម្រាំង​សម្រិត​ស្រិត​ហើយ​ស្ទៃ                       លក​លៃ​ស្ទៃ​យក​តែ​មនុស្ស​ល្អ ។
           នាយ​នេះ​លំបាក​រើស​រក​បាន                          ទើប​ចាស់​បុរាណ​ពោល​ថា​ក្រ
           ព្រោះ​ពុំ​សូវ​មាន​ជន​ជាតិ​ល្អ                            កម្រ​គ្រប់​លក្ខណ៍​ជា​នាយ​គេ ។
           ផល​ល្អ​មិន​ត្រឹម​តែ​អ្នក​ឲ្យ                               អ្នក​ធ្វើ​អំណោយ​ដល់​យើង​ទេ
           មិន​ត្រឹម​តែ​ញាតិ​យើង​ញាតិ​គេ                       ឲ្យ​តែ​ជន​នោះ​ពេញ​លក្ខណៈ ។
           ល្មម​ទាញ​ប្រយោជន៍​ចែក​គេ​ឯង                     ទៅ​តាម​តំណែង​តាម​ឋានៈ
           អាច​ទ្រទ្រង់​បាន​នូវ​ភារៈ                                ឋានៈ​ដែល​ខ្លួន​ត្រូវ​រ៉ាប់រង ។
           ចិត្ត​ថ្លើម​ក៏​ធ្លាប់​មាន​ពិសោធន៍                        មិន​ខឹង​ច្រឡោត​ខុស​ទំនង
           មិន​លុះ​អគតិ​ទាំង​បួន​ផង                              ឬ​មិន​ជួរជង​មិន​ខូច​ឈ្មោះ ។
           ចំណោះ​វិជ្ជា​ស្រប​ករណីយ៍                           ទាំង​ពាក្យ​សំដី​ក៏​ពីរោះ
           ព្យាយាម​ម៉ឺងម៉ាត់​មិន​ឡេះឡោះ                     មុខ​មិន​ក្រៀម​ក្រោះ​ស្រស់​ប៉ប្រៃ ។
           ជន​នោះ​ទើប​ពេញ​ជា​មនុស្ស​ជា                      ឥន្ទ​ព្រហ្ម​ទេព្តា​លោក​បាន​ឆ្នៃ
           បាន​គិត​រំពឹង​រឹង​រំពៃ                                      ហើយ​លៃ​ចាត់​មក​ឲ្យ​មេ​វា ។
           បើ​ផ្ទុយ​ពី​នេះ​ពុំ​មែន​ជា                                  ពុំ​មែន​ទេព្តា​ចាត់​មក​ទេ
           បើ​យើង​ជ្រើសរើស​យក​ជា​មេ                         ពុំ​បាន​ស្រួល​ទេ​គង់​មាន​មោះ ។
                   ចំណែក​ខាង​នាយ​ផ្លូវ​សាសនា                មេ​វត្ត​មេ​វ៉ា​ក៏​ដូច្នោះ
           លោក​ណា​មាន​កិត្តិស័ព្ទ​ពីរោះ                        កាន់​ក្រិត្យ​ឥត​ខ្ចោះ​ចាក​វិន័យ ។
           ចេះ​ចាំ​ធម៌​អាថ៌​ពិត​ប្រាកដ                             ទាំង​ឥរិយាបថ​ទាំង​ព្រះ​ទ័យ
           ស្រប​ផ្លូវ​សិក្ខា​ផ្លូវ​វិន័យ                                   ទាំង​អធ្យាស្រ័យ​ទន់​ត្រជាក់ ។
           ចូល​ចិត្ត​ខាង​កិច្ចការ​សម្រប                           សម្រួល​ឲ្យ​ស្រប​មិន​ឲ្យ​អាក់
           មិន​ឲ្យ​មាន​អន់​ឲ្យ​រាក់ទាក់                             ស្មោះ​ស្ម័គ្រ​រក​គ្នា​ជា​ប្រក្រតី ។
           ចូល​ចិត្ត​គោចរ​បិណ្ឌបាត                               សង្វាត​ត​ពុទ្ធ​វេណី
           មិន​ប្រកាន់​ឫក​ដូច​ប្រុស​ស្រី                           ស៊ីវិល័យ​ជាន់​ថ្មី​បង់​សាសនា ។
           ចូល​ចិត្ត​ដឹកនាំ​បរិស័ទ                                   ឲ្យ​កាត់​តម្លា​ថ្លា​សទ្ធា
           ជឿជាក់​ក្នុង​ព្រះ​ពុទ្ធសាសនា                          ស្មា​ទាន​លីលា​សាង​កុសល ។
           ចូល​ចិត្ត​ផ្ចុង​ផ្ដើម​ការ​សិក្សា                            ផ្លូវ​ពុទ្ធសាស្នា​ឲ្យ​ដឹង​យល់
           ឲ្យ​ចេះ​ចូល​ចិត្ត​ដល់​ឫសគល់                          ឲ្យ​យល់​ច្បាស់​ផ្លូវ​ទៅ​និព្វាន ។
           មិន​លោត​ច្រឡោត​តាម​លោកធម៌ [2]                មិន​សូវ​ត្រេកអរ​ខាង​មាន​បាន
           មិន​ខំ​សន្សំ​បន្ទំ​ប្រាណ                                   ស្វែង​តែ​និព្វាន​ជា​ត្រី​មុខ ។
           មិន​មាន​កំណាញ់​គិត​តែ​បាន                         អ្វី ៗ ដែល​មាន​មិន​ក្ដាប់​ទុក
           ចេះ​ក​ចេះ​សាង​ខាង​ទំនុក                              បម្រុង​ផ្ចុងផ្ចុក​ក្នុង​សាស្នា ។
           មិន​លុះ​ក្នុង​អគតិ [3] បួន                                 ស្មារតី​ជុំ​ខ្លួន​ថួន​ប្រាថ្នា
           ចូល​ចិត្ត​ធ្វើ​ការ​ផ្លូវ​សាស្នា                               មិន​ប្រឹង​ស្រវា​ការ​ព្រៃផ្សៃ ។
           មិន​ដូច​ជា​សត្វ​បរោខោ                                 ទំ​លើ​មែក​ពោធិ៍​ស៊ី​ផ្លែ​ជ្រៃ
           ជ្រក​ក្នុង​សាស្នា​ធ្វើ​ការ​ព្រៃ                              ហួស​ក្រិត្យ​វិន័យ​ត្រៃ​សិក្ខា ។
           លោក​នោះ​ទើប​ជា​សង្ឃ​ប្រាកដ                      គួរ​ជា​មេ​វត្ត​ជា​មេ​វ៉ា
           ដឹកនាំ​ឧបាសក​​សិកា                                     ត្រួតត្រា​ភិក្ខុ​សាមណេរ​ផង ។
                   រី​នាយ​ឬ​មេ​ពីរ​ផ្នែក​នេះ                          រើស​ធុន​ដូច្នេះ​ទើប​ហ្ម៉ត់ហ្មង
           ទើប​នាំ​យើង​ជា​បរិស័ទ​ឆ្លង                             រំលង​ចាក​ក្ដី​អន្តរាយ​បាន ។
                   មួយ​ទៀត​បើ​ពោល​តាម​បាលី                  ដែល​ព្រះ​ជិនស្រី​ទ្រង់​ទូន្មាន
           ជា​ច្បាច់​សម្រាប់​នាយ​ប្រធាន                         ថា​ត្រូវ​ឲ្យ​មាន​ធម៌​ប្រាំមួយ ។
           មាន​ឈ្មោះ​ថា​នាយក​ធម៌                               ជា​ច្បាច់​បវរ​សម្រាប់​ស្ទួយ
           នូវ​អ្នក​ជា​នាយក​មួយ ៗ                                ធម៌​ទាំង​ប្រាំមួយ​ដូច​តទៅ ។

                                    នាយក​ធម៌​ប្រាំមួយ​ប្រការ
                                                     បទ​កាកគតិ
                   ១- គឺ​ខមា
           ការ​ទប់​កិរិយា                      អំណត់​អត់​ធន់                 ឆ្ពោះ​ហេតុ​ក្នុង​ក្រៅ
           ទោះ​ស្រាល​ទោះ​ធ្ងន់             ខមា​ការ​ធ្ងន់                      មាន​បី​ប្រការ ។
                   ការ​អត់​ធន់​កាយ
           មិន​ប្រទូស្តរ៉ាយ                   វាយ​ដំ​ប្រហារ                   ដាល់​តប់​ទាត់​ធាក់
           យុក​យាក់​ដូច​មារ                មិន​ឲ្យ​អសារ                    បង់​ការ​ព្រោះ​កាយ ។
                   ការ​អត់​វាចា
           មិន​ជេរ​ផ្ដាសា                      បញ្ចោ​ហុយ​ហាយ             ស្ដី​ដៀល​ដល់​ពូជ
           ប្រដូច​ដល់​ម្ដាយ                  មិន​ឲ្យ​អន្តរាយ                 ព្រោះ​តែ​សំដី ។
                   ការ​អត់​ធន់​ចិត្ត
           មិន​ឲ្យ​វិបរិត                        កើត​ចិត្ត​អប្រីយ៍                ខឹង​ឃោរ​ឆុរឆេវ
           ប៉េវ​ដូច​អគ្គី                         មិន​ឲ្យ​ធរណី                    ឆេះ​ព្រោះ​ភ្លើង​ចិត្ត ។
                   ២- ជា​គរិយៈ
           គឺ​សម្បជញ្ញៈ                       នឹក​ឃើញ​ការ​ពិត              គឺ​ភ្ញាក់​ស្មារតី
           សំភី​ពិនិត្យ                         ការ​ក្រ​ឆ្ងាយ​ជិត                 ពិនិត្យ​ឥត​ធ្វេស ។
                   ៣- ឧដ្ឋានៈ                                                     
           គឺ​វីរិយៈ                              ក្រវើន​ក្រោក​ក្រេស            ខំ​ធ្វើ​ការងារ
           ក្នុង​ក្រៅ​ប្រទេស                  មិន​លង់​ទ្រនេស                ក្នុង​ការ​ទ្រមក់ ។
                   ៤- សំវិភាគ
           គឺ​ការ​លះ​លាក                    តាម​បែប​ទាយក               ការ​ចែក​រំលែក
           ដល់​បដិគ្គាហក[4]                  សូម្បី​ទឹក​ជ្រក់                   ក៏​ចែក​តាម​មាន ។
                   ៥- គឹទយា
           អាណិត​គ្នីគ្នា                       ជា​ញាតិ​សន្ដាន                 យល់​តាម​សណ្ដាប់
           ធ្លាប់​ពី​បុរាណ                     និយម​រាប់អាន                 ឲ្យ​បាន​ក្ដី​សុខ ។
                   ៦- ឥក្ខណា
           ការ​គន់​ត្រួតត្រា                   ពិចារណា​ជ្រើស​មុខ          កិច្ចការ​គ្រប់​យ៉ាង
           មិន​យោក​គ្រលុក                 រៀប​ឲ្យ​ដឹង​មុខ                  សម្រាំង​សម្រេច ។
                   ធម៌​ប្រាំមួយ​នេះ           ជន​ណា​ចាំ​ចេះ                 កាន់​កាប់​ជាប់​ស្រេច
           ជន​នោះ​ថ្លៃថ្លា                     ឧបមា​ដូច​ពេជ្រ                គួរ​តាំង​សម្រេច
           ជា​នាយ​យើង​បាន ។
                   តែ​ជន​ទាំងឡាយ         នា​លោកិយ​អាយ              ច្រើន​តែ​ទន្ទ្រាន
           ដណ្ដើម​តំណែង                 ហើយ​តែង​ឈ្លានពាន        រំលោភ​ពុំ​មាន
           មេត្តា​ករុណា ។                    ច្រើន​តែ​ឈ្នានិះ                កិរិយា​ជាន់​ជិះ
           ដោយ​ចិត្ត​ឫស្យា                  ច្រណែន​ខ្លាច​ស្មើ              ខ្លាច​លើ​អាត្មា
           ម្ល៉ោះ​ហើយ​ផ្ដន្ទា                   ពង្រឹល​ពង្រេច ។               ហេតុ​នេះ​បុរាណ
           ពោល​តាម​លំអាន                ជា​ភាសិត​ស្រេច                ថា​រី​នាយ​ល្អ
           ក្រ​មាន​ដូច​ពេជ្រ                  នាយ​ក្លាហាន​ស្រេច           កិច្ចការ​សុខសាន្ត ។
           គឺ​ថា​នាយ​ល្អ                       ពិត​ជា​មហា​ក្រ                  កម្រ​រក​បាន
           ព្រោះ​លំបាក​ជ្រើស              រើស​រក​កល្យាណ              គ្រប់​លក្ខណ៍​ដូច​បាន
           សម្ដែង​មក​នេះ ។                 បើ​បាន​កល្យាណ              ល្អ​ហើយ​ក្លាហាន
           មាន​ទាំង​ចំណេះ                 ចំណាំ​ចាំ​ច្រើន                  ក្រវើន​តាម​ចេះ
           នាយក​យ៉ាង​នេះ                 ទើប​យើង​ជ្រក​បាន ។        ខ្ញុំ​សូម​ស្រដី
           តាម​បទ​បាលី                      ជា​រឿង​និទាន                   ដើម្បី​បញ្ជាក់
           នាយ​ល្អ​ក្លាហាន                   កម្រ​រក​បាន                     បើ​មាន​បាន​សុខ ។

រឿង​ទេវទត្ត​និង​ពោធិសត្វ​កើត​ជា​ស្វា
បទ​ពំនោល
           អតីតកាល​កន្លង ភព​កាន់​រំលង វែង​ឆ្ងាយ​យូរយារ​ហើយ​ណា ។ កាល​ណោះ​មែន​មាន​សត្វ​ស្វា ច្រើន​ក្រៃ​ត្រៀបត្រា នៃ​ព្រៃ​ហេមវា​ក្បាល​ស្ទឹង ។ គង្គា​ជលធា​ធំ​ល្វឹង ហូរ​ចុះ​សន្ធឹង ធំ​ល្វឹង​កម្រ​ឆ្លង​បាន ។ ពានរិន្ទ​ពុន​ពូជ​ហនុមាន កិរិយា​ឈ្លានពាន ទន្ទ្រាន​ជិះ​ជាន់​ដណ្ដើម ។ យក​ទី​ជា​ស្ដេច​ស្វា​ឆ្នើម ហើយ​ហ៊ាន​ហែក​ថ្លើម ពួក​ស្វា​ណា​មិន​គោរព ។ តាំង​ខ្លួន​ជា​ម្ចាស់​ពិភព ព្រឹក្សា​ព្រៃ​ជប់ ព្រៃ​ជាំ​ជំនាប់​ហេមវ័ន្ត ។ ស្វា​ឈ្មោល​ទាំង​រយ​ទាំង​ពាន់ ត្រូវ​ពានរិន្ទ​ជាន់ ចាប់​ជិះ​សម្លេះ​សម្លាប់ ។ នៅ​តែ​ស្វា​ញី​តាន់​តាប់ រស់​នៅ​សម្រាប់ ធ្វើ​ប្រពន្ធ​វា​ម្នាក់​ឯង ។ ស្វា​ញី​កើត​កូន​រទែង កូន​ញី​វា​លែង លោះ​លា​ឲ្យ​មាន​ជីវិត ។ កូន​ឈ្មោល​វា​ពុំ​អាណិត ធ្វើ​ហាក់​ផ្ដេកផ្ដិត ហើយ​គិត​គ្រញិច​ក្ស័យ​អស់ ។
           មាន​មេ​ស្វា​មួយ​សប្បុរស ចង់​ឲ្យ​កូន​រស់ ក៏​ភៀស​ហែល​ទឹក​ឆ្លង​ទៅ ។ តាំង​ពី​កូន​នោះ​ឋិត​នៅ ក្នុង​ផ្ទៃ​មើល​ទៅ ពុំ​ដឹង​ជា​ឈ្មោល​ឬ​ញី ។ លុះ​ផ្ទៃ​គ្រប់​ខែ​ពេញ​ទី ទើប​នាង​ស្វា​ញី ប្រសូត​កូន​ឈ្មោល​ល្អ​ក្ដាត់ ។ គឺ​ជា​ព្រះ​ពោធិសត្វ ដែល​ត្រាច់​រង្គាត់ មក​ចាប់​ជាតិ​ជា​កូន​ស្វា ។ លោក​នៅ​ជា​មួយ​មាតា ដឹង​ក្ដី​កាល​ណា សួរ​រក​បិតា​បាន​ដឹង ។ ជា​បិតា​អាក្រក់​ម្ល៉ឹង ទើប​លោក​ខំ​ប្រឹង ហាត់​ប្រាណ​បាន​ស្ទាត់​កីឡា ។ ព្រឹក​ឡើង​ឡើង​បះ​ផលា មក​ឲ្យ​មាតា ភោក្ដា​ខ្លួន​ឯង​សម្រន់ ។ ល្មម​តែ​មាន​កម្លាំង​គ្រាន់ ក៏​ស្ទុះ​បំភាន់ ឲ្យ​មាតា​ដេញ​តាម​ចាប់ ។ ឡើង​ចុះ​លោត​ផ្លោះ​ប្រញាប់ ឲ្យ​ម្ដាយ​ដេញ​ចាប់ ប្រញាប់​លោត​ហក់​គេច​កែ ។ ឈម​មុខ​ខាង​ណេះ​ហើយ​បែរ បត់​ប្រាស​គេច​កែ បែរ​មក​ខាង​ណេះ​វិញ​ភ្លែត ។ មាតា​ស្រវា​ចាប់​ឃែត កូន​គេច​ចេញ​ភ្លែត ម្ដាយ​ហត់​ម្ហ៊ែត ៗ នៅ​ស្ងៀម ។ ធ្វើ​យ៉ាង​នេះ​ជា​ទំនៀម ពុំ​ដែល​នៅ​ស្ងៀម ពេល​ព្រឹក​ណា​មួយ​សោះ​ឡើយ ។ ទាល់​តែ​ចម្រើន​ធំ​ហើយ ក៏​ពុំ​កន្តើយ ខំ​ហាត់​អត្ត​ពលក្ម ។ អស់​កាល​យូរ​ខែ​យូរ​ឆ្នាំ អត្ត​ពលកម្ម ចង​ចាំ​គ្រប់​ល្បិច​កិច្ច​ល្បង ។ ស្ទុះ​លោ​លោត​ផ្លោះ​រំលង លង្វែក​មែក​ផង មិន​បាច់​មាន​បង្គង​សួ ។ ហែល​ទឹក​មិន​បាច់​មាន​ស្នួ ហ៊ាន​ហែល​ឆ្លង​ជួ ទឹកជ្រោះ​ហូរ​ចុះ​ចំហុង ។ រំលិច​ទឹក​ជ្រៅ​សន្លុង ហ៊ាន​លោត​ប្លោត​ប្លុង [5] ទៅ​ក្នុង​ជលធារ​ធ្នារ​ទឹក ។ មុជ​លើក​ដុំ​ថ្ម​សន្ធឹក ស្រង់​ផុត​ពី​ទឹក ឥត​ពូជ​ស្វា​ណា​ធ្វើ​ដូច ។ ព្រោះ​ហេតុ​លោក​គិត​ពី​តូច ថា​នឹង​បង្ខូច គំនិត​អាក្រក់​បិតា ។ បើ​អញ​ទៅ​ដល់​កាល​ណា ពានរិន្ទ​ស្ដេច​ស្វា ស្រវា​ចាប់​អញ​អញ​គេច ។ បើ​ចាប់​អញ​បាន​ហើយ​ឈ្លេច អញ​មិន​រត់​គេច អញ​ប្រឹង​ឲ្យ​ដឹង​កម្លាំង ។ បើ​បិតា​ក្លៀវក្លា​ខ្លាំង អញ​នឹង​ប្រឆាំង រុញ​ចែវ​ឲ្យ​ចូល​ក្នុង​ស្ទឹង ។ បើ​ម្ល៉ឹង​ហើយ​គាត់​នៅ​ប្រឹង គង់​ធ្លាក់​ក្នុង​ស្ទឹង លង់​ឈ្លក់​ផ្សេស ៗ ពុំ​ខាន ។ ច្នេះ​គាត់​នឹង​ទ្រាំ​ពុំ​បាន នឹង​បន្ទន់​ប្រាណ អញ​បាន​ឱកាស​ប្រដៅ ។ ឲ្យ​គាត់​កំចាត់​ក្ដី​ក្ដៅ ជម្រះ​កម្លៅ ឲ្យ​នៅ​ជា​សុខ​សប្បាយ ។
           លុះ​ដល់​ឥទ្ធិពល​ពណ្ណរាយ ទើប​លោក​នាំ​ម្ដាយ ឆ្លង​ចូល​ទៅ​ក្នុង​ហ្វូង​ធំ ។ ពា​នរិន្ទ​ពិនរាជ​ឧត្ដម នៅ​ក្នុង​ហ្វូង​ធំ បាន​ឃើញ​ភរិយា​មក​ដល់ ។ មាន​ទាំង​កូន​ឈ្មោល​វិមល ដែល​ពុំ​ធ្លាប់​យល់ ក៏​ស្ទុះ​មក​សាកសួរ​ថា ។ អា​នេះ​ឯង​មក​ពី​ណា ឯង​ជា​ពូជ​ស្វា ក្រៅ​វង្ស​ចង់​រក​រឿង​ឬ ។
           ព្រះ​ពោធិសត្ត​បាន​ឮ ឆ្លើយ​ថា​ខ្ញុំ​គឺ ជា​បុត្រ​បិតា​នេះ​ឯង ។ កាល​មាតា​ដាច់​សង្វែង ព្រាត់​ទៅ​ម្នាក់​ឯង បាន​ប្រសូត​ខ្ញុំ​ឯណោះ ។ ខ្ញុំ​ពុំ​ស្គាល់​បិតា​សោះ ទើប​ត្រាច់​ចរ​ឆ្ពោះ មក​រក​បិតា​ហ្នឹង​ឯង ។
           ពានរិន្ទ​ឈាន​ជើង​ចំទែង លូក​ដៃ​ប្រឡែង ថា​ឯង​ជា​បុត្រ​បិតា ។ ឥឡូវ​ឪ​សុំ​ថើប​បា ជា​ទិ​ស្នេហា ចូរ​បា​មក​អាយ​ណា៎​ពៅ ។
           ពោធិសត្ត​លុត​លូន​ទៅ ហត្ថ​ប្រណម្យ​នៅ នែបនិត្យ​ជិត​ជាប់​ឱរា ។ ពានរិន្ួ​ឳប​ក្ដោប​កាយា រួបរិត​ហត្ថា ប្រាថ្នា​គ្រញិច​ឲ្យ​ស្លាប់ ។ ជើង​ជាន់​ដៃ​ឱប​យ៉ាង​ខ្ជាប់ ម្រាម​និង​ម្រាម​ចាប់ ចាក់​ស្រេះ​ប្រឡេះ​ពុំ​បាន ។ មាត់​ហា​ជង្គ្រុង​ប្រុង​ប្រាណ នឹង​ខាំ​បំពាន ទន្ទ្រាន​កកេរ​ឲ្យ​ស្លាប់ ។
           ពោធិសត្ត​សោត​ប្រញាប់ លើក​ដៃ​ជ្រោង​ចាប់ បំពង់​ក​ជាប់​ដូច​ច្បោះ ។ គួយ​ដៃ​គះគា​រំសោះ ដើម្បី​នឹង​ដោះ ខ្លួន​ឲ្យ​រួច​ចេញ​ទៅ​វិញ ។
           ម្រាម​ដៃ​ពានរិន្ទ​នោះ​មិញ គ្រេច​ចេញ​ឈាម​ព្រិញ ដោះ​វិញ​ប្រញាប់​លែង​ចាប់ ។ ឱរា​រក​កល់​ប្រេះ​ស្លាប់ ញ័រ​មាត់​ប៉ប្រ៉ាប់ ឈឺ​ក​ស្លា​ឈាម​មួយ​គ្រា ។ ប៉ុន្តែ​កម្លាំង​ក្រោធា ធ្វើ​ឲ្យ​ស្ដេច​ស្វា មិន​ព្រម​ចុះ​ចាញ់​សោះ​ឡើយ ។ ទ្រឹង​មួយ​ស្របក់​នៅ​ហើយ ស្ទុះ​មក​បង្កើយ ថា​នៃ​អាហ្អើយ​បើ​ចង់ ។ ដឹង​តេជៈ​ដៃ​ពានរង្គ ឯង​កុំ​បង្អង់ កុំ​រា​កុំ​រង់​ឡើយ​ណា ។ ចូរ​ប្រឹង​ប្រណាំង​ចេស្ដា លើ​ចុង​ព្រឹក្សា បើ​ថា​អា​ឯង​គ្រាន់​បើ ។
           ពោធិសត្ត​ឆ្លើយ​ថា​យើ ឪ​ខ្ញុំ​ទេ​តើ ម្ដេច​ធ្វើ​អំពើ​យ៉ាង​ហ្នឹង ។ ទ្រម​ម្ល៉េះ​ហើយ​ចេះ​តែ​ប្រឹង ម្រាម​ដៃ​គ្រេច​ម្ល៉ឹង ចង់​ប្រឹង​លើ​ចុង​ព្រឹក្សា ។ ប៉ុណ្ណឹង​ចុះ​ណា៎​បិតា លើ​ចុង​ព្រឹក្សា ខ្ញុំ​រឹត​ក្លៀវក្លា​ជាង​នេះ ។ កុំ​ថា​លើ​គោក​ដូច្នេះ បើ​ជន​ណា​ចេះ ច្បាំង​ក្នុង​ទឹក​ខ្ញុំ​ក៏​ហ៊ាន ។ ហេតុ​នេះ​សុំ​ឪ​អាក់​ខាន កុំ​ធ្វើ​បំពាន លើ​អ្នក​ឥត​ទោស​ដូច្នេះ ។
           ពានរិន្ទ​ឮ​ហើយ​ស្ទើរ​ប្រេះ ឱរា​របេះ ថ្លើម​ធ្លាក់​លើ​ព្រះ​ធរណី ។ ខឹង​ឃោរ​ក្ដៅ​ដូច​ព្រះ​អគ្គី ស្ទុះ​មក​នឹង​ឈ្លី ឲ្យ​ខ្ទេច​ឲ្យ​ខ្ទី​ជើង​ដៃ ។ ប៉ុន្តែ​ពោធិសត្ត​ថ្លៃ រហ័ស​ពេក​ក្រៃ ស្ទុះ​វៃ​ថយ​ផុត​ពី​មុខ ។ ពានរិន្ទ​ទង្គិច​ទង្គុក នឹង​គល់​ឈើ​ចិក ត្រទាំង​ណែន​គាំង​អែនអន ។ ទ្រឹង​មួយ​ស្របក់​លោត​ភ្លន ស្រវា​តោង​គន ចាប់​គល់​កន្ទុយ​យ៉ាង​មាំ ។ ពោធិសត្ត​រត់​អូស​នាំ ទង្គិច​គល់​គ្រាំ ស្វា​ឪ​ក្រញាំ​ឈាម​មាត់ ។ នៅ​តែ​តោង​ស្អិត​ពេក​ក្ដាត់ ទោះបី​រត់​កាត់ ព្រៃ​ញាត​ស្បាត​ក៏​ពុំ​លែង តោង​គ្នា​ឡើង​ដើម​អញ្ចែង [6] នឹង​ដើម​កម្រែង [7] បង្គាប​បែក​ខ្នែង​ស្ញែ​ស្ញុក ។ កូន​រុល​រួច​ជាប់​ឪពុក ក្នុង​បង្គាប​ស្មុគ ស្មូញ​ស្មាញ​បូញបាញ​ធ្មេញ​ស្ញេញ ។
           កូន​គិត​អាណិត​ដោះ​ចេញ លំអុត​លំគេញ សូម​ឲ្យ​បន្ថយ​កំហឹង ។ ស្វា​ឪ​ក្រញូវ​ខ្ញូវខ្ញឹង ទោះបី​ទ្រម​ម្ល៉ឹង ក៏​ប្រឹង​ស្រវា​ឱប​ទៀត ។ ប្រចាប់​ប្រជែង​ជ្រែង​ច្រៀត បំបែរ​បំបៀត ពានរិន្ទ​ភ្លាត់​ស្នៀត​ធ្លាក់​ស្ទឹង ។ ខំ​ស្ទុះ​លោត​ពេញ​ទំហឹង ឡើង​ពី​មាត់​ស្ទឹង ខំ​ប្រឹង​ឥត​មាន​សំចៃ ។ កូន​ចាប់​ជើង​ជាប់​ខ្វៃ ៗ ដៃ​ម្ខាង​ចាប់​ដៃ ផ្អោប​ជាប់​ផ្ទាប់​ជិត​ឱរា ។ បី​ទ្រព​នាំ​ស្ដេច​ស្វា ចុះ​ក្នុង​គង្គា សួរ​ថា​ប៉ា​ចង់​មុជ​ទឹក ។ ឬ​មួយ​ក៏​ប៉ា​ចង់​ផឹក ទឹក​សួរ្ស៍  [8]សន្ធឹក ហូរ​ចេញ​ពី​រូង​ថ្មដា ។ ហ៍ៈ​ឥឡូវ​ខ្ញុំ​នាំ​ប៉ា មុជ​ជ្រែក​គង្គា ចូល​រូង​ថ្មដា​ផឹក​ទឹក ។
           ពានរិន្ទ​ភិត​ភ័យ​ពន្លឹក ឮ​ថា​មុជ​ទឹក ក៏​នឹក​ថា​ឱ​អញ​ស្លាប់ ។ ទើប​អង្វរ​ករ​ប្រញាប់ ថា​កូន​កុំ​ចាប់ ប៉ា​សូម​ចុះ​ចាញ់​ហើយ​កូន ។
           ពោធិសត្ត​សោត​លំអូន លំអុត​ទន្ទោន ថា​កូន​ឥត​មាន​ប្រទូស្ត ។ ប៉ុន្តែ​ឪ​ឯង​រឹងរូស ខំ​ប្រឹង​ប្រទូស្ត នឹង​ខ្ញុំ​ដែល​ឥត​ទោស​សោះ ។ តទៅ​កុំ​ធ្វើ​ដូច្នោះ នាំ​ខូច​កេរ្តិ៍​ឈ្មោះ ពីព្រោះ​ខុស​ច្បាប់​អ្នក​ធំ ។ បិតា​ជា​នាយ​ឧត្ដម ធម្មជាតិ​រៀបចំ ឲ្យ​ជា​នាយក​លើ​កូន ។ ច្បាប់​ថា​ត្រូវ​តែ​ល្អូកល្អូន ចិត្ត​ស្ងួន​ទន្ទោន រក​កូន​ជានិច្ច​ប្រក្រតី ។ ឪ​មិន​ត្រឹម​តែ​ជា​បី- តា​យើង​ប្រុស​ស្រី ជា​ព្រះ​ចក្រី​ថែម​ទៀត ។ ហេតុ​នេះ​គួរ​តែ​ប្រឹង​ឆ្លៀត កុំ​ឲ្យ​រវាត ពី​ច្បាប់​សម្រាប់​នាយក ។ បើ​នាយ​ប្រើ​ចិត្ត​តក់ម៉ក់ ជា​ធម៌​គម្រក់ ឈ្លី​ឈ្លក់​ជិះជាន់​ពល​ឯង ។ ឲ្យ​ខ្មោច​ណា​វា​កោត​ក្រែង នាយ​ជាន់​ពល​ឯង អាយូស្ម​មិន​វែង​ទេ​ឪ ។ ហេតុ​នេះ​តាំង​ពី​ឥឡូវ ឪ​ត្រូវ​ស្វែង​ត្រូវ តាម​ខ្ញុំ​នាំ​ផ្លូវ​កុំ​ខាន ។
           ស្ដេច​ស្វា​ថា​ឱ​កល្យាណ អ្នក​ពោល​ទូន្មាន មក​ទាំង​ប៉ុន្មាន​ឪ​តាម ។ ថា​ហើយ​នាំ​គ្នា​វិល​ភ្លាម ចរ​ត្រាច់​ទៅ​តាម រក​ហ្វូង​ស្នំ​ស្និទ្ធ​ស្រឹង្គារ ។ ចៅ​ជិត​ចៅ​ចម​បរិពារ ចេញ​មក​ខ្ញៀវខ្ញារ មេ​នាង​មេ​ចៅ​ជួប​ជុំ ។ នៅ​និត្យ​ជួប​ជិត​ជា​ក្រុម ជា​សុខ​ពិត​ពុំ មាន​មោះ​គ្រោះថ្នាក់​អ្វី​ឡើយ ។ ដោយសារ​បាន​ទីពឹង​ហើយ ដូច​អ្នក​ដល់​ត្រើយ បាន​ស្បើយ​ចាក​ភ័យ​អន្តរាយ ។ ពួក​ស្វា​លុះ​សុខ​សប្បាយ កូន​ដូច​គេ​រាយ រស់​នៅ​ទាំង​ញី​ទាំង​ឈ្មោល ។ ពោធិសត្ត​ជា​បង្គោល ឲ្យ​ស្វា​ញី​ឈ្មោល ពឹង​ផ្អែក​ជ្រក​កោន​គ្រប់​គ្នា ។ សាមគ្គី​សាមគ្គា រួម​រស់​រាល់​គ្នា មាន​សេរីភាព​ស្មើ​មុខ ។
           ត​មក​ស្ដេច​ស្វា​ជា​ទុក្ខ គិត​ថា​ទៅ​មុខ អញ​អស់​អំណាច​សូន្យ​ឈឹង ។ ព្រោះ​តែ​អាដែង​កូន​ហ្នឹង វា​ជា​ទីពឹង នៃ​ពួក​ពល​ស្វា​ទាំងអស់ ។ កូន​នេះ​បើ​វា​នៅ​រស់ វា​ឲ្យ​អញ​អស់ ជន្មាយុ​ផង​ពុំ​ដឹង ។ ដូច្នោះ​គួរ​ឲ្យ​ទៅ​ស្ទឹង រំលិច​ធំ​ល្វឹង ព្រៃ​ស្ដុក[9] ស្រោង​ស្រឹង​មាន​ស្រះ ។ ឈូក​ផ្កា​ត្រៀបត្រា​ក្រៃក្រាស់ អារក្ស​កាច​ណាស់ នោះ​ច្បាស់​ជា​វា​នឹង​ស្លាប់ ។ គិត​ស្រេច​ស្ដេច​ស្វា​ប្រញាប់ ហៅ​កូន​មក​ឆាប់ ប្រាប់​ថា​កូន​ស្ងួន​ឪពុក ។ អ្នក​ឯង​តែង​បំបាត់​ទុក្ខ ធ្វើ​ឲ្យ​បាន​សុខ ដល់​ពួក​ពល​ស្វា​គ្រប់​គ្នា ។ ប៉ុន្តែ​មាស​មិត្រ​ពំងា ពុំ​ទាន់​បាន​ជា ស្ដេច​ស្វា​ពេញ​មុខ​នៅ​ឡើយ ។ ដូច្នេះ​កូន​កុំ​កន្តើយ កុំ​ផ្សូរផ្សង​ឡើយ ចូរ​កូន​ទៅ​រក​ឧប្បល[10] ។ នោះ​ហ្ន៍​ដែល​មើល​ទៅ​យល់ ព្រៃ​ស្ដុក​មណ្ឌល[11] មាន​ស្រះ​ឧប្បល​នៅ​នោះ ។ ត្រូវ​កូន​មាស​ស្ងួន​ចូល​ឆ្ពោះ ចុះ​ក្នុង​ស្រះ​នោះ បេះ​ផ្កា​ឧប្បល​ប្លែក ៗ ។ ឈូក​ស​ក្រហម​ចម្លែក ស្ឃង្ក័ជ​ផ្កា​បែក ត្របក​មួយ​រយ​ស្រទាប់ ។ ឲ្យ​បាន​ផ្កា​នោះ​មក​ឆាប់ ឪ​នឹង​រណ្ដាប់ រៀប​អភិសេក​ឲ្យ​បា ។ បាន​សោយរាជ​ជា​ស្ដេច​ស្វា កប​ដោយ​ចេស្ដា ថ្លៃថ្លា​ឧត្ដម​សមស័ក្តិ ។
           ព្រះ​ពោធិសត្ត​ស្ដាប់​ជាក់ ក្រពុំ​ហត្ថ​ដាក់ លើ​ត្បូង​សិរសា​ប្រណម្យ ។ ចំពោះ​សម្ដេច​បរម បិតា​ជា​ធំ ហើយ​ទៅ​សំដៅ​ស្រះ​ស្រង់ ។ លោក​មាន​ស្មារតី​តម្រង់ សម្បជញ្ញៈ​ផ្ចង់ ឥត​ធ្វេស​ប្រហែស​ឡើយ​ណា ។ ពិនិត្យ​មើល​ស្នាម​បាទា សត្វ​ផង​នានា ឃើញ​សុទ្ធ​តែ​ស្នាម​ជើង​ចុះ ។ ឥត​ឃើញ​ស្នាម​ជើង​ឡើង​សោះ យល់​ថា​មាន​គ្រោះ អាក្រក់​ក្នុង​ស្រះ​នោះ​ឯង ។
           ស្រះ​នោះ​ពិត​ជា​កន្លែង អារក្ស​ទឹក​តែង តែ​ចាប់​សត្វ​បរិភោក្ដា ។ យល់​ច្បាស់​ឥត​មាន​សង្កា លោក​ក៏​រេរា ពុំ​ហ៊ាន​ឈាន​ចុះ​ចូល​ទឹក ។ គន់​ឃើញ​ផ្កា​ឈូក​សន្ធឹក ដុះ​ក្បែរ​មាត់​ទឹក ទើប​ទៅ​បេះ​កាច់​មក​គរ ។ បាន​ផ្កា​ច្រើន​មួយ​គំនរ បម្រុង​ត្រាច់​ចរ យាត្រា​ត្រឡប់​វិល​វឹង ។
           អារក្ស​ទឹក​នៅ​ជិត​ហ្នឹង នេត្រា​សម្លឹង សម្លក់​ពិនិត្យ​ចរិយា ។ យល់​ជា​អ្នក​មាន​ប្រាជ្ញា ស្មារតី​ថ្លៃថ្លា ឫកពា​កិរិយា​ក្លាហាន ។ ទើប​យក្ស​ប្លែង​ភេទ​ផ្លាស់​ប្រាណ ជា​មនុស្ស​សាមាន្យ បាន​ដើរ​ចរ​ចូល​មក​ជិត ។ សម្លឹង​ហើយ​រឹង​ពេញ​ចិត្ត ព្រោះ​ហេតុ​ឃើញ​ពិត ជា​អង្គ​បណ្ឌិត​គ្រប់​លក្ខណ៍ ។ នឹង​បាន​ជា​នាយ​សោភ័គ្គ ជា​ទី​ពឹងពាក់ នៃ​ពូជ​ពង្ស​វង្ស​ពានរ ។ ទើប​សូត្រ​ស្លុតី [12] បវរ សរសើរ​ពានរ ដោយ​បទ​ព្រះ​គាថា ថា ៈ
           (យស្សេតេ ច តយោ ធម្មា          វានរិន្ទ យថា តវ
           ទក្ខិយំ សុរិយំ បញ្ញា         ទិដ្ឋំ សោ អតិវត្តតិ ។

                                                                                      (នៅ​មាន​ត)

          



[1]អាន​ថា ៈ សង់ហា ។ (សំ.ម. សំហារ) ។ អ្នក​សង្ហារ គឺ​អ្នក​នាំ, អ្នក​មាន​ការ​រួបរួម, អ្នក​ទម្លាយ​បង់, អ្នក​បំផ្លាញ, អ្នក​ផ្ដាច់ផ្ដិល​នូវ​បច្ចាមិត្រ ។ កុំ​ច្រឡំ​នឹង​ពាក្យ សង្ហា ដែល​ប្រែ​ថា មាន​រូប​ឆើតឆាយ ..... ឡើយ ។
[2]អាន​ថា ៈ លោកៈ​ធម៌ ។ ធម៌​សម្រាប់​ធ្វើ​សត្វ​លោក​ឲ្យ​មាន​រឹក​ប៉ោង​ឡើង ព្រម​ទាំង​ឲ្យ​មាន​រឹក​ជ្រប់​ស្រពោន មាន ៨ យ៉ាង​គឺ លាភោ ការ​បាន ១, អលាភោ ការ​បង់ ១, យសោ ការ​បាន​យស ១, អយសោ ការ​បង់​យស ១, និន្ទា ការ​រិះគន់ ១, បសំសា ការ​សរសើរ ១, សុខំ សេចក្ដី​សុខ ១, ទុក្ខំ សេចក្ដី​ទុក្ខ ១ ។
[3]ការ​លំអៀង ៤ យ៉ាង​គឺ ចន្ទាគតិ លំអៀង​ទៅ​តាម​ស្រឡាញ់ ១, ទោសោគតិ លំអៀង​ទៅ​តាម​ស្អប់ ១, មោហាគតិ លំអៀង​ទៅ​តាម​សេចក្ដី​ល្ងង់​របស់​ខ្លួន ១, ភយាគតិ លំអៀង​ទៅ​តាម​ការ​ខ្លាច ១ ។
[4]អាន​ថា បៈដិកគាហ៊ក់ (អ្នក​ទទួល) ។
[5]ប្លុង ជា​ភាសា​បារាំង ។ កិរិយា​ស័ព្ទ គេ​សរសេរ PLONGER, នាម​ស័ព្ទ គេ​សរសេរ PLONGEON ដូច​គ្នា​នឹង​ភាសា​ខ្មែរ​ថា ៈ ប្លោង, ការ​ប្លោង ។
[6]ឈ្មោះ​ឈើ​មួយ​យ៉ាង​ដើម​ធំ​ខ្ពស់ មែក​សាងញ៉ាង ។
[7]ឈ្មោះ​ឈើ​មួយ​យ៉ាង​ដើម​ធំ​ខ្ពស់ សាច់​រឹង​ដូច​គ្នា​នឹង​ដើម​កែស ស្លឹក​ដូច​ស្លេក​ក្រាម​រមាស​មែក​បែក​ខ្នែង​ក្លិកក្លក់​ដង្គុំ​សាងញ៉ាង ។
[8]សួរ្ស៍ ភាសា​បារាំង ៈ សរសេរ Source អាន​ថា សួក ។ គឺ​ទឹក​ស្អាត​ហូរ​ចេញ​ពី​រូង​ថ្ម​ជ្រោះ​ភ្នំ ។ បាលី​ហៅ​ថា វភវោទក ។
[9]ព្រះ​ស្ដុក (ជើង ដ) គឺ​ព្រៃ​ញាត​ស្បាត​ដុះ​រួប​រឹត​ជិត​ឈើ​ធំ ៗ ក្នុង​ទី​ទំនាប ។ ត្រពាំង​ឬ​បឹង​ដែល​មាន​ដុះ​ឈើ​ពេញ​ក្នុង​ទឹក ក៏​គេ​ហៅ​ថា​ស្ដុក​ដែរ (ត្រពាំង​ស្ដុក, បឹង​ស្ដុក) ។
[10]ឧប្បល គួរ​អានថា ឧបបល់ ប៉ុន្តែ​ទម្លាប់​អាន​ថា ឧបុល ដូច​ភទ្របទ ទម្លាប់​អាន​ថា ភាត់​ទ្រះបុត, វិតក្ក ទម្លាប់​អាន​ថា វិតុក្ក, ឧសភ ទម្លាប់​អាន​ថា ឧសុប ។
[11]មណ្ឌល ប្រែ​ថា មូល​ដង្គុំ ។
[12]បា. ថុតិ, សំ. ស្តុតិ ; ខ្មែរ​ស្លុតី អាន​ថា ស្លុតដី (សេចក្ដី​សរសើរ) ។
                       
                                                                                               
                                               




ក្នុង​គម្ពីរ​បាលី​ខ្លះ​ថា ជរសាណាជីវក ។ ក្នុង​គម្ពីរ​មហាវង្ស​ថា ជរសាណនិគ្រន្ថ ។
អាន​ថា ព្រត់ ។ បា វត្ត គឺ​ការ​ប្រព្រឹត្ត ។
អាន​ថា ប៉ាតៈឡីបុត រាជ​ធានី​ថ្មី នៃ​មគធរដ្ឋ ។
វចនានុក្រម​ថា : កន្ទោក​ជា​ឈ្មោះ​នៃ​ប្រដាប់​ក្រឡឹង, ប៉ុន្តែ​ប្រដាប់​ក្រឡឹង​ស្រុក​ខ្លះ​ហៅ​អន្ទោក​ដូច្នេះ​ទេ ។ កន្ទោក​ជា​ឈ្មោះ​នៃ​ឈើ​ធំ​ប្រភេទ​មួយ ទាំង​ដើម​ទាំង​ស្លឹក​ស្រដៀង​ដើម​មមាំង គឺ​ដើម​មែក​មាន​សាច់​ស​រឹង សម្បុរ​ស​ក្រាស់​ស្លឹក​ធំ​ៗ ។
កន្ទី​ជា​ឈ្មោះ​នៃ​ឈើ​តូច​មួយ​យ៉ាង សម្បក​ស​ស្ដើង, សាច់​ដើម​មែក​ស​ស្រួយ, ស្លឹក​មាន​ទង​វែង បែក​ខ្នែង​ជាស្លឹក​មួយ​ម្ខាង​ៗ​តាម​ទង, ច្រើន​តែ​ប្រាំ​សន្លឹក​មួយ​ទង, ស្លឹក​រាង​ជម​ស្រួច​ចុង​ដូច​ផ្លិត​ចាមរ ឬ​ដូច​ស្លឹក​អង្គារ​បុស្ប ។ សម្រាប់​ស្ងោរ​ផឹក​បំបាត់​រោគ​គ្រុន​ក្ដៅ ។
មហា​ស្រឡាយ ជា​ឈ្មោះ​នៃ​ឈើ​ធំ​មួយ​យ៉ាង មាន​សម្បក​ដូច​សម្បក​ធ្លក ស្លឹក​ដូច​ស្លឹក​លាប ច្រើន​តែ​មាន​ដើម​ធំ​ខ្ពស់​ត្រសូល ព្រោះ​ច្រើន​ដុះ​ក្នុង​ព្រៃ​ស្រោង​ស្រឹង, ខ្លឹម​ក្រហម​រឹង​ស្វិត, ក្លិន​ខ្លឹម​ក្រអូប​ផ្អែម ។ ឈើ​នេះ​សម័យ​បុរាណ​គេ​ចូល​ចិត្ត​ក្រឡឹង​ជា​ដន្លាប់​ក្រមួន​មាត់ ព្រោះ​គេ​និយម​ជឿ​ថា ជា​ដន្លាប់​ពូកែ​ស័ក្តិសិទ្ធិ ដូច​ជា​ដន្លាប់​ដែល​គេ​ធ្វើ​ដោយ​ខ្លឹម​ចំប៉ី​ដែរ ។
អាន​ថា តិឡក ។ តិលក បា.គ. ប្រែ​ថា ប្រសើរ, ជា​កំពូល ។ បា.ន ប្រែ​ថា ល្ង, ចំណុច​ខ្មៅ​ៗ​ដែល​មាន​តាម​រាងកាយ (អាចម៍​រុយ ) ។ ត្រង់​នេះ​ជា​គុណនាម ។ បុរាណ​ជាន់​ដើម ច្រើន​ប្រើ​ពាក្យ​នេះ ក្នុង​គោរម្យងារ​នៃ​ឥស្សរជន ដូចជា​ងារ​នៃ​សម្ដេច​ព្រះ​មហាសង្ឃរាជ​ទៀង​ជាដើម​ថា សម្ដេច​ព្រះ​មហា​សង្ឃរាជា​ធិបតី​សិរី​សង្ឃ​នាយក តិលកលោកា (ជំនាន់​នោះ អាន​ថា តិឡុកលោកា ) ចរិយា​ព្រឹទ្ធ បរមពិត្រ ជា​អម្ចាស់​លើ​ត្បូង ។
ត្រង់​នេះ ត្រូវ​អាន​ថា​ភិក, កុំ​ថា​ឲ្យ​ដល់​ខុ ។
អាន​ថា​អាយៈតៈណាំង ។
ព្រះ​មហាថេរ​បាន​សំដែង​នូវ​អាយតនវិភ័ង្គ​ទាំង ៦ មាតិកា​ពីរ​ដង​គឺ : ចក្ខ្វាយតន និង រូបាយតន, សោតាយតន និង សទ្ទាយតន, ឃានាយតន និង គន្ធាយតន, ជិវ្ហាយតន និង រសាយតន, កាយាយតន​និង​ផស្សាយតន, មនាយតន និង ធម្មាយតន ។ ព្រម​ទាំង​ពន្យល់​សេចក្ដី​ថា : អាយតន​ទាំង ៦ ពីរ​ដង​នេះ ទាំង​មនុស្ស​ទាំង​តិរច្ឆាន​សុទ្ធ​តែ​មាន​ដូចគ្នា, ប៉ុន្តែ​មនុស្ស​ចាត់​ជា​សត្វ​ដ៏​ថ្លៃថ្លា​ជាង​តិរច្ឆាន ព្រោះ​មាន​មេត្តា, បើ​មនុស្ស​ណា​ឥត​ធម៌​មេត្តា, នោះ​គួរ​គេ​ហៅ​ថា សត្វ​អន់ សត្វ​គម្រក់ ជាង​សត្វ​ដែល​កំពុង​នៅ​ខាង​មុខ​កុដិ​នេះ​ទៅ​ទៀត ។



[1]ភាសា​សំស្ក្រឹត ប្រែ​ថា​អ្នក​ចេះ​ជាក់​ច្បាស់ ។
[2]គ្រា​ក្រ​បាយ ។
[3]ទឹក ។
[4]ចំណេះ​ល្អ (មិន​មាន​ទោស) ។
[5]ត្រូវ​អាន​ថា ទេស្នា ។                       













   




គម្ពីរ​មហា​សទ្ទនីតិ ។
បើ​កាព្យ​អ្នក​បស្ចិម​ប្រទេស ​ទើប​មាន​ពាក្យ​ជួន​តែ​ខាង​ចុង​ឃ្លា​ដូច្នេះ​ខ្លះ​មែន ។ នេះ​ហើយ​ដែល​អ្នក​បស្ចិម​ប្រទេស​ហ្នឹង​ឯង ក៏​ថា​មិន​ពិរោះ​ថា​អន់​ជាង​​កាព្យ​ខ្មែរ​ដែរ ។ ឯ​កាព្យ​ខ្មែរ​ធ្វើ​ដូច្នេះ​ពុំ​បាន​ទេ ត្រូវ​តែ​ឲ្យ​មាន​ពាក្យ​ជួន​ប្រទាក់​គ្នា នៅ​កណ្ដាល​ឃ្លា​ផង នៅ​ចុង​ឃ្លា​ផង, សូម្បី​តែ​ល្បះ​មួយ​កន្លង​ផុត​ទៅ​ហើយ ក៏​ត្រូវ​តែ​ឲ្យ​មាន​ចុងជួន​ចេញ​ពី​ល្បះ​នោះ​ទៅ​ទាក់​ភ្ជាប់​នឹង​ពាក្យ​ក្នុង​ល្បះ​ខាង​ចុង​ទៀត​ដែរ ខាន​ពុំ​បាន ។ ព្រោះ​តែ​កាព្យ​ខ្មែរ​មាន​ពាក្យ​ជួន​រណ្ដំ​រងំ​យ៉ាង​នេះ ទើប​គេ​សរសើរ​ថា​ពិរោះ ។​ ហេតុ​ដូច្នោះ បាន​ជា​អ្នក​ប្រាជ្ញ​ហៅ កាព្យ​ខ្មែរ​ថា << តន្រ្តី​ភាសិត >> គឺ​បាក្យ​ពោល​មាន​សូរ​រងំ​ដូច​តន្រ្តី គឺ​ប៉ី​ពិណពាទ្យ រនាត​គង ឬ​ហៅ​ថា << ស្រឹង្គារ​ភាសិត >> គឺ​ពាក្យ​ពោល​ជា​គ្រឿង​សម្រើប​ចិត្ត ដូចជា​ស្នំ​ស្រឹង្គារ នៅ​នែបនិត្យ​ជិត​គ្នា​ចាំ​បម្រើ​ជា​ប្រក្រតី​ដូច្នោះ ។
បទ ឬ​មេកាព្យ​ទាំង ៤៨ នេះ សព្វថ្ងៃ​ពុំ​សូវ​មាន​អ្នក​ធ្វើ​កើត​ទាំងអស់​ទេ ព្រោះ​​អស់​គ្រូ​ចាស់​ៗ​ទៅ  ពុំឃើញ​មាន​កវី​ណា​បង្រៀន​ឲ្យ​បាន​គ្រប់​ទាំង ៤៨ នេះ​ឡើយ ។ មិត្រ​ភ័ក្តិ​ជាន់​ចាស់​របស់​ខ្ញុំ​ខ្លះ ដែល​ពូកែ​តែង​កាព្យ​គ្រាន់​បើ​ដែរ នៅ​តែ​ធ្វើ​ពុំ​កើត​គ្រប់​មេ ។​ អ្នក​ខ្លះ​និយាយ​បដិសេធ​បទ ១៥ មេ​ខាង​ចុង​ថា << គ្មាន​លក្ខណៈ​ល្អ​ប្លែក, ខ្លះ​មិន​ដែល​ទាំង​ស្គាល់​ផង តែ​មាន​ឈ្មោះ​ខ្ញុំ សូម​បំបាត់​ចោល...>> ។​ សំដី​មិត្រ​ខ្ញុំ​ខាង​លើ​នេះ ខ្ញុំ​ពុំ​យល់​ស្រប​ទាំងអស់​ទេ​ព្រោះ​ថា​ដែល​យើង​រក​លក្ខណៈ​ល្អ​របស់​កាព្យ​ទាំង ១៥ មេ​នេះ​ពុំ​បាន ក្រែង​មក​ពី​យើង​រៀន​មិន​គ្រប់ ចេះ​មិន​សព្វ​ទេ​ដឹង ? បើ​យើង​ប្រឹង​តែ​បំបាត់​ចោល​ដូច្នេះ. ក្រែ​អ្នក​ចេះ​តិច​ជាង​យើង​ទៅ​ទៀត នឹង​បំបាត់​របស់​យើង​ខ្លះ​ទៀត​ទេ​ដឹង ? បើ​តែ​ម្ល៉ឹង​ៗ​យូរ​ណាស់​បី​តម​មនុស្ស​នឹង​អស់​មេកាព្យ​ខ្មែរ​រលីង​ខ្មុក ។ ចំណែក​ខាង​ខ្ញុំ ទោះបី​ខ្ញុំ​ធ្វើ​មិន​កើត ក៏​ខ្ញុំ​ស៊ូ​តែ​សរសេរ​គម្រូ​តាម​របៀប​ចាស់ ទុក​ផ្សង​ព្រេង​ដែរ ក្រែង​បច្ឆាជន​ជាន់​ក្រោយ​គេ​ធ្វើ​កើត ព្រោះ​តាំង​ពី​ឥឡូវ​នេះ​ទៅ មុខ​ជា​មាន​អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​បុរាណ​ខ្មែរ​រឹត​តែ​ជ្រៅ​ទៅ​ៗ ពុំ​ខាន ។ (សូម​មើល​សៀវភៅ មេកាព្យ របស់​លោក អៀង សាយ​ផង ) ។

No comments:

Post a Comment