Wednesday, 1 June 2016

ធម៌​ពុទ្ធ​ជ័យ​មង្គល [1]
គឺ​ឧកញ៉ា​សត្តន្ត​ប្រី​ជា​ ឥន្ទ​ ប្រែ​ចេញ​ពី​បាលី​ ហើយ​ចង​ជា​ពាក្យ​កាព្យ​
ព្រះ​គ្រូ​ សំ​សត្ថា​ ជួន ណាត​ គ្រូ​បង្រៀន​សាលា​បាលី​ជាន់​ខ្ពស់​ និង​ព្រះ​គ្រូ​
វិមល​បញ្ញា​  អ៊ុម ស៊ូរ អាចារ្យ​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​
បាន​ផ្ទៀង​ផ្ទាត់​កែ​សម្រួល​ត្រឹម​ត្រូវ​ឡើង​

ពុទ្ធ​ជ័យ​មង្គល
      
ពាហុំ  សហ្សមភិ និម្មិត សាវុធន្តំ ត្រី​មេខលំ
               ឧទិតឃោរសសេន   មារំ   ទានាទិធម្មវិធិនា
               ជិតវា មុនិន្ទោ  តន្តេជសា  ភវតុ  តេ ជយមង្គ័ - លានិ ។
             ព្រះ​មុនិន្ទ​លោកា​ចារ្យ​ ផ្ចាញ់​ក្រុង​មារ​ចិត្ត​មោហទ្ធ​ 
             និម្មិត​ដៃ​មួយ​ពាន់​ កាន់​សស្ត្រាវុធ​នាន ។
             ជិះ​គ្រី​មេខល​ជាតិ​ កោញ្ចនា​ទខ្ទរ​ពសុធា​ 
             ព្រម​ដោយ​មារ​សេនា​ ពន្លឹក​លាន់​កង​ស័ព្ទ​ស៊ាន ។ 
              ដោយ​ធម្ម​ពិធី​ទាន​  បារមី​ជា​ប្រធាន​ 
            ក្រុង​មារ​ចាញ់​ទ្រង់​ញាណ​ ប្រណម្យ​កាយ​ថ្វាយ​វន្ទា ។ 
             រី​ជ័យ​មង្គល​ចូរ​មាន      ​ដល់​អ្នក​រាល់​គ្នា​
             ដោយ​តេជៈ​ជ័យា​        ព្រះ​ឈ្នះ​មារ​គ្រា​នោះ​ហោង ។
          មារាតិរេកមភិយុជ្ឈិតសព្វរត្តី  ឃោរម្បនាទ្ប  -
                 វកមក្ខមថ​ទូយ ក្ខំ  ខន្តី សុទន្តវិធិនា  ជិតវា
                មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។
              ព្រះ​មុនិន្ទ​ពិន​នាយក​ ផ្ចាញ់​អាឡវកយក្ខ​ឃោរឃៅ​ 
             រឹង​រូស​មិន​តាំង​នៅ​     ក្នុង​ខន្តី​គុណ​សត្យា ។ 
              រហូត​អស់​រាត្រី​      ព្រះ​ជិន​ស្រី​ទ្រង់​យុទ្ធនា​ 
              ក្រៃលែង​ក្រុង​មារា​ ក្នុង​បឋម​សម្ពោធី ។
              ដោយ​ព្រះ​ពិធី​ញាណ​    ទ្រង់​ទូន្មាន​ដោយ​ខន្តី​ 
            ញ៉ាំង​ចិត្ត​អសុរី​ ឲ្យ​បង់​ព្យុស​ចុះ​វន្ទា ។
             រី​ជ័យ​មង្គល​ចូរ​មាន  ​ដល់​អ្នក​រាល់​គ្នា​ 
              ដោយ​តេជៈ​ជ័យា​ ព្រះ​ឈ្នះ​អា​ឡវ​យក្ខ​ហោង ។
          នាឡា​គិរី​ កជវរំ  អតិមត្តភូតំ  ទាវត្តិចក្កម -
                 សនីវ  សុទារុណន្តំ  មេត្តម្ពុសេកវិធិនា  ជិតវា
                 មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។
               ព្រះ​មុនិន្ទ​ពិន​ជិន​ស្រី​ ផ្ចាញ់​ដំរី​ឈ្មោះ​នាឡា​ 
               គិរីវរគជា ដ៏​ហាន​ក្លា​ចុះ​ប្រេង​ព្រេច ។ 
              សាហាវ​ឆាវ​ឆេះ​ក្រៃ​​       ដូច​ភ្លើង​ព្រៃ​ឆេះ​កំទេច​  
             មុត​ដូច​ចក្រ​ក្រុត​ពេជ្រ​    ខ្លាំង​ដូច​កាំ​អសនី ។ 
              ដោយ​ព្រះ​ពិធី​              ស្រប់​ស្រោច​ទឹក​អប់​
            គឺ​បារមី​មេត្តា​ព្រះ​ជិន​ស្រី​   ញ៉ាំង​ដំរី​ឲ្យ​ជ្រះ​ថ្លា ។   
            រី​ជយ​មង្គល​ចូរ​មាន   ​  ដល់​អ្នក​រាល់​គ្នា​ 
            ដោយ​តេជៈ​ជ័យា​         ព្រះ​ឈ្នះ​នាឡា​គិរី ។
          ឧក្ខិត្ត ឧត្ដមតិហត្ថសុទារុណន្តំ  នាវន្តិ យោ
                ជនបថង្គុ័លិមាលវន្តំ ឥទ្ធីភិសំខតមនោ  ជិតវា
                មុនិន្ទោ  តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។
          ព្រះ​មុនិន្ទ​ពិន​លោក​ត្រៃ​ មាន​ព្រះ​ទ័យ​ធ្វើ​បាដិហារ​ ផ្ចាញ់​ចោរ​អង្គុលីមារ​ មាន​កម្រង​គឺ​ម្រាម​ដៃ ។ នៃ​មនុស្ស​ដែល​គាត់​កាត់​ មក​ដោត​ចាត់​ជា​មាល័យ​​  អង់​អាច​កំណាច​ក្រៃ​ ដ៏​មាន​ដៃ​ស្ទាត់​ប្រហារ។ កាន់​ដាវ​ងាក​គ្រវី​ ដេញ​ព្រះ​មុនី​សាស្ត្រាចារ្យ​ ចម្ងាយ​ផ្លូវ​កន្តារ​ កណ្ដាល​ព្រៃ​បី​យោជន៍​ណា ។
រី​ជ័យ​មង្គល​ ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ ដោយ​តេជៈ​ជយា​ ព្រះ​ឈ្នះ​អង្គុលីមារ ។
          កត្វាន  កដ្ឋមុទរំ ឥវ កម្ភិនីយា ចិញ្ចាយ ទុដ្ឋ -
                វចនំ  ជនកាយមជ្ឈេ  សន្ដេន  សោមវិធិនា  ជិត -
                វា មុនិន្ទោ  តន្ដេជសា  ភវតុ  តេ  ជយមង្គ័លានិ ។
          ព្រះ​មុ​និន្ទ​មាន​ព្រះ​ភាគ​ ផ្ចាញ់​ទ្រុស្ដ​ពាក្យ​នាង​ចិញ្ចា​  អំពើ​ធ្វើ​ដូច​ជា​ស្រី​មាន​គភ៌​ចាល់​ចើស​ពោះ។ យក​ឈើ​ធ្វើ​ជា​កូន​ ពន្ធ​ពោះ​ខ្លួន​ពោល​ទ្រ​គោះ​ ព្រះ​ពុទ្ធ​ឈ្នះ​កាល​នោះ​ ដោយ​សមាចារ​ពិធី ។ រម្ងាប់​ពាក្យ​ចណ្ឌាល​ នា​កណ្ដាល​ជន​ប្រុស​ស្រី​ ចិញ្ចា​ចាញ់​បារមី​ គឺ​សច្ចំ​ពាក្យ​សត្យា ។ រី​ជ័យ​មង្គល​ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ ដោយ​តេជ​ជយា​ ព្រះ​សាស្ដា​ឈ្នះ​ចិញ្ចា ។
          សច្ចំ  វិហាយមតិសច្ចកវាទកេតុំ  វាទាភិ រោ -
                បិតមនំ  អតិអន្ធភូតំ  បញ្ញាបទីបផលិតោ  ជិតវា
                មុនិន្ទោ  តន្ដេជសា  ភវតុ  តេ  ជយមង្គ័លានិ  ។
          ព្រះ​មុនិន្ទ​ពិន​អ្នក​ប្រាជ្ញ​ រុង​រឿង​ស្ងាច​ដោយ​បញ្ញា​ ផ្ចាញ់​សច្ចក​ជា​និគ្រន្ថៈ​ក្រៅ​ពុទ្ធ​វិន័យ ។ អធ្យាស្រ័យ​លះ​បង់​ ពាក្យ​សត្យ​ត្រង់​តាម​គាប់​ចៃ​ សរសើរ​ខ្លួន​ឯង​នៃ​លើក​កម្ពស់​ដូច​ដង​ទង់ ។ បង្កើត​មួរ​ងងឹត​ដោយ​ពោល​ឥត​ពាក្យ​ទៀង​ត្រង់​ ព្រះ​ទ្រង់​កំចាត់​បង់​ ដោយ​ប្រទីប​គឺ​បញ្ញា ។ រី​ជ័យ​មង្គល​ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ ដោយ​តេជៈ​ជយា​ ឈ្នះ​សច្ចក​និគ្រន្ថ ។
          នន្ទោបនន្ទកុដតំ  វិពុទ្ធំ  មហិទ្ធឹ  បុត្តេន  ថេរកុដ -
                 តេន  ទមាបយន្ដោ  ឥទ្ធូបទេសវិធិនា  ជិតវា  មុនិ -
                 ន្ទោ  តន្ដេជសា    ភវតុ  តេ  ជយមង្គ័លានិ ។ព្រះ​មុនិន្ទ​ពិន​ទ្រង់​ញាណ​  ញ៉ាំង​មោគ្គល្លាន​មាន​អំណាច​ ឲ្យ​ប្លែង​ជា​នាគ​រាជ​ ទៅ​ទូន្មាន​ព្យុ ស​ភុជង្គ ។ ឈ្មោះ​នន្ទោ​បន​នូ​ ចិត្ត​មោហន្ធ​រឿង​ឫទ្ធិ​រង្គ​ ទិដ្ឋិ​កាច​ទ្រនង់​ ទ្រង់​ផ្ចាញ់​ដោយ​ពិធី​ឈាន ។ គឺ​ឲ្យ​ឧបទេស​ ឫទ្ធិ​វិសេស​ដល់​មោគ្គល្លាន​ ឫទ្ធិ​នាគ​អន្តរ​ធាន​ ឱន​ចុះ​ចាញ់​ព្រះ​ចេស្ដា ។  រី​ជ័យ​មង្គល​ ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ ដោយ​តេជៈ​ជយា​ ព្រះ​ភគវា​ឈ្នះ​នាគ​ហោង ។
          ទុត្តាហទិដ្ឋិកុដតេន  សុទដ្ឋហត្ថំ  ព្រហ្មំ  វិសុទ្ធិ -
                 ជុតិមិទ្ធិពកាភិនានំ   ញាណាតទេន  វិធិនា  ជិ -
                 តវា  មុនិន្ទោ  តន្ដេជសា  ភវតុ តេ  ជយមង្គ័លានិ ។
          ព្រះ​មុ​និន្ទ​ពិន​គោតម​ ផ្ចាញ់​មហា​ព្រហ្ម​ឈ្មោះ​ពកា​ សម្គាល់​ថា​អាត្មា​រុង​រឿង​ដោយ​គុណ​វិសុទ្ធិ។ដៃ​កាន់​អាសិរពិស​ គឺ​ចិត្ត​ទ្រឹស្ដី​ដ៏​មូរ​មុត​ កាន់​ខុស​ផ្លូវ​សម្ពុទ្ធ​ មិន​លើក​លាក​លះ​បង់​ប្រាណ ។ ទ្រង់​ឈ្នះ​ដោយ​ពិធី​ឱសថ​វិសេស​សម្រាន្ត​ ផ្សំ​ត្រូវ​គាប់​សន្ដាន​ គឺ​ព្រះ​ញាណ​ប្រោស​ទេសនា ។ 
រី​ជ័យ​មង្គល​ ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ ដោយ​តេជៈ​ជយា​ ឈ្នះ​ព្រហ្មា​ឥត​មាន​ហ្មង ។
                  ឯតាបិ    ពុទ្ធជយមង្គ័លអដ្ឋកាថា  ឃោ  វា ចនោ -
                  ទិនទិនេ  សរតេ  មតន្ទី  ហិត្វាននេកវិវិធានិ  ចុបទ្ទ
                  វានិ មោក្ខំ សុខំ អធិកមេយ្យ   នរោ  សបញ្ញោ ។
        យោន​រោ​ជន​ឯណា​ កប​បញ្ញា​ប្រាស​ក្ដី​ខ្ជិល​ ឧស្សាហ៍​សាង​ទាន​សីល​ សូត្រ​រំឭក​ព្រះ​ធម៌​ថ្លៃ ។ គាថា​ប្រាំ​បី​បទ​ នេះ​កំណត់​ឈ្មោះ​ពុទ្ធ​ជ័យ​ខំ​សូត្រ​សព្វ​ៗ​ថ្ងៃ​ កើត​មង្គល​ជានិរន្តរ៍ ។ សោន​រោរី ​ជន​នោះ​បាន​រំដោះ​រោគ​អាសន្ន​ ឧបទ្រព​អនេក​លន់​ មាន​ប្រការ​ផ្សេង​ៗ​ផង ។ នឹង​ដល់​ធម៌​ក្សេម​ក្សាន្ត​ គឺ​ព្រះ​និពា្វន​សុខ​កន្លង​ លែង​ទុក្ខ​ទាំង​៤​កង​ ដោយ​ពុទ្ធ​ជ័យ​មង្គល​នេះ ។

ចប់​ពុទ្ធ​ជយ​មង្គល​ប្រែ​តែ​ប៉ុណ្ណេះ​

                  
                            
                  
                            




[1]អត្ថបទ​នេះ​ ស្រង់​ពី​កម្ពុជ​សុរិយា​ ក្បាល​លេខ​៥​ ឆ្នាំ​ ១៩២៦ ២៧ ។

No comments:

Post a Comment