ឆ្កួត
៨ យ៉ាង
ទូច
ជីម
របៀបកាព្យពាក្យ៧
សូមមេត្តាអានសង្កេតកាព្យដ៏ល្អនេះ
បទពាក្យ ៧
ឆ្កួត ៨ យ៉ាង
លោកិយយើងនេះពិបាកណាស់ ទោះក្មេងឬចាស់កើតរោគា
ជួនភ្លេចសតិស្ទើរលេលា មិនសូវមានជាច្រើនគគោក
។
ខ្លះជាកម្មុម្មត្តកោ ចិត្តចើងធំប៉ោដោយរាគរោគ
កើតឆ្កួតព្រោះអំពើល្មោកគ្រោក ដ្បិតអីសត្វលោកនេះមានកម្ម ។
កម្មទាញឲ្យឈ្លក់ក្នុងកាមា វក់តាមតណ្ហាជាប្រចាំ
ស្រវឹងក្នុងកាមគុណទាំងប្រាំ គឺកម្មនាំឲ្យឆ្កួតលេលា
។
ប្រុសខ្លះឆ្កួតស្រីកើតក្បត់ចិត្ត ហ៊ានប្រព្រឹត្តជិតនឹងភរិយា
ត្រូវរ៉ូវស្រីស្នេហ៍កាត់រកគ្នា នេះហៅលេលាគឺឆ្កួតស្រី
។
ឯស្រីៗខ្លះក៏ហ៊ានជិត ប្រព្រឹត្តក្បត់ចិត្តនឹងស្វាមី
ជួបប្រុសពេញចិត្តល្បួងបេតី ផិតឆ្កួតក្បត់ប្ដីដោយរាគា
។
*កោធុម្មត្តកោ ឆ្កួតទីពីរ ឆ្កួតវិលវក់វីព្រោះក្រោធា
បណ្ដោយឲ្យចិត្តឆ្កួតឥតជា ខឹងគេគ្រប់គ្នាជេរមិនឈប់
។
ទាស់ចិត្តប្រពន្ធជេរបញ្ជោរ ដោយក្ដីទោសោស្វឹងជ្រប់
តែទើបមុខហើយឥតធម៌ទប់ ខន្តីទំនប់មិនកាន់យក ។
បណ្ដោយឲ្យចិត្តអសុរ[1]ចូល ជេរដៀលត្រកូលឥតគិតភ្នក
ខឹងកូនខឹងចៅជេរគំហក ញាតិមិនរាប់រកព្រោះគេខ្លាច
។
ដ្បិតអីអ្នកឆ្កួតដោយកំហឹង ឲ្យតែកើតខឹងប្រើអំណាច
ជនឆ្កួតពួកនេះចិត្តកោងកាច នាំឲ្យគេខ្លាចគ្រប់អាត្មា
។
*ទីបី មោហុម្មត្តកោ ឆ្កួតព្រោះមោហោខ្វះបញ្ញា
វង្វេងមិនស្គាល់ព្រះធម្មា អ្នកផងគេរៀនមិនហ៊ានគប់
។
ជួនឆ្កួតភ្លេចជាតិភ្លេចត្រកូល ដ្បិតមោហៈចូលពេញខ្លួនស៊ប់
អាប់ឥតបញ្ជាងងឹតជ្រប់ ឆ្កួតឥតធម៌ទប់មិនស្គាល់បុណ្យ
។
ភ្នែកភ្លឺដូចខ្វាក់មិនស្គាល់ផ្លូវ យល់ខុសជាត្រូវឆ្កួតនេះកុន
ពួកនេះបើបានជាដើរមុន នាំគេឲ្យស៊ុនឆ្កួតតាមដែរ
។
បើដឹកនាំគេក្នុងជំនុំ អាចមានគ្រោះធំដោយសារតែ
នាំគេឲ្យខុសដូចខ្លួនដែរ មោហោបង្វែរឲ្យលេលា
។
*ទិដ្ឋុម្មត្តកោ ឆ្កួតទីបួន ឆ្កួតនេះឆ្កួតមួនមើលមិនជា
ប្រកាន់ទិដ្ឋិផ្ទុយធម្មា ទាញគេគ្រប់គ្នាឲ្យតាមខ្លួន
។
*យក្ខម្មុត្តកោឆ្កួតទីប្រាំ អាក្រក់សាំញ៉ាំពេញចំនួន
ឆ្កួតព្រោះយក្សចូលនៅពេញខ្លួន សំដីខុសផ្ទួនប្លែកធម្មតា ។
ពាក្យយក្សនេះគឺបិសាចព្រាយ ចូលមកទម្លាយឲ្យមោហា
ចេញសំដីខ្មោចឬអ្នកតា ដែលយើងហៅថាខ្មោចព្រាយចូល
។
ខ្មោចយក្សចូលខ្លួនក្លែងនិយាយ ហាក់មានប្រេតព្រាយយកមីរមូល
ឆ្លើយឆ្លងញ័រញាក់ខ្មោចចេញចូល អ្នកស្រុកបបួលគ្នាបន់ស្រន់ ។
ប្រាំមួយ
បិត្តុម្មត្តកោ ជួនដោះអាវខោឆ្កួតអាប់អន់
កម្រើកប្រមាត់វិលឥតស្រន់ ឆ្កួតមិនអាចបន់ស្រន់ជាបាន
។
គឺឆ្កួតមែនទែនហៅវិកល ឆ្កួតលែងដឹងខ្យល់យល់ដើមដាន
សរសៃប្រាសាទភ្លេចវិញ្ញាណ ជួនព្យាបាលបានជូនដូចសត្វ
។
*ប្រាំពីរ សុរុម្មត្តកោ អាឡេអាឡោស្មារតីបាត់
ឆ្កួតព្រោះសុរាអាក្រក់ក្តាត់ ដូចខូចប្រមាត់មិនអាចកែ
។
គឺឆ្កួតប្រមឹកគ្រប់វេលា មិនសូវដែលជារាល់ថ្ងៃ-ខែ
បើស្រវឹងហើយរលាតែ ជេរឪជេរម៉ែកូនប្រពន្ធ
។
ដំណើរទ្រេតទ្រោតសំដីខ្មោច ក្លិនខ្លួនអសោចិ៍កើតមោហន្ធ
សតិបញ្ញាខ្សោយឱនអន់ ផឹកឆ្កួតមិនស្រន់ហៅឆ្កួតស្រា
។
*ឯ ព្យសនុម្មត្តកោ មិនចេះបញ្ជោរជេរអ្នកណា
ឆ្កួតព្រោះវិនាសព្រាត់គ្រួសារ មាតាបិតាកូនប្រពន្ធ ។
ឬក៏វិនាសទ្រព្យសម្បត្តិ សោយសោកពេកក្តាត់បោកខ្លួនទន់
ទ្រព្យពេញស្រឡាញ់ឥតបីគណ- នាត្រូវអាសន្នមកពង្រាត់ ។
ទៅជាវិកលឆ្កួតស្រែកយំ សោកសៅក្ដៅងំថ្លើមប្រមាត់
សង្រេងខ្សឹកខ្សួលមិនងាយបាត់
នេះចាត់ថាឆ្កួតទីប្រាំបី
។
ទូច ជីម
ការិយាល័យគរុកោសល្យពុទ្ធិកសិក្សា
ក្រសួងធម្មការ
និងសាសនា
No comments:
Post a Comment