រឿង
កាកី
ព្រះរាជនិពន្ធព្រះបាទសម្ដេចព្រះហរិរក្ខរាមាឥស្សរាធិបតី
ព្រះបរមកោដ្ឋ
តាមច្បាប់របស់ព្រះអង្គម្ចាស់ក្សត្រី
មាលិកា
អារម្ភកថា
ព្រះរាជបណ្ណាល័យកម្ពុជាមានប្រាថ្នានឹងសាបណ្ដុះបណ្ដាលវិជ្ជាកាព្យឲ្យរុងរឿងឡើងវិញ
ព្រោះវិជ្ជានេះបានសាបរលាបមកជាយូរឆ្នាំហើយ
ក្នុងសម័យនេះពុំសូវឃើញមានពួកអ្នកកាព្យកវី
ទោះបីជាមានខ្លះក៏មិនសូវឆើត មិនទាន់ចិន្តក្រវីអំពីបុរាណ
ការនឹងបណ្ដុះវិជ្ជានេះ គិតឃើញថា ត្រូវជ្រើសរើសអំបាល កវីនិពន្ធ
(គឺពាក្យកាព្យរបស់អ្នកប្រាជ្ញបុរាណ
ដែលលោកតែងទុកមកបោះពុម្ពផ្សាយឲ្យមើលជាតួយ៉ាង
ព្រោះកាព្យបុរាណដែលមានវោហារល្អ ៗ សឹងសមគួរជាគំរូនៅមានច្រើនណាស់
រឿងកាកីព្រះរាជនិពន្ធនេះ ក៏នៅក្នុងចំណោមដែលត្រូវរើសយកធ្វើជាគំរូ ១
ដែរ ទើបដាក់ឲ្យក្រុមរដ្ឋនិពន្ធពិនិត្យ ៗ ទៅយល់ឃើញផងថា
គួរបោះពុម្ពផ្សាយជាគំរូ
ទាំងដើម្បីរក្សាព្រះរាជនិពន្ធនេះមិនឲ្យសាបសូន្យទៅផង ។
រឿងនេះដឹងបានថាជាព្រះរាជនិពន្ធព្រះករុណា ព្រះបានសម្ដេចហរិរក្ខរាមាឥស្សរាធិបតី
(ព្រះបរមកោដ្ឋ)
ដោយសេចក្ដីព្រះរាជប្រារព្ធសឹងមាននៅខាងដើមនៃរឿងនេះស្រាប់ថា
ទ្រង់និពន្ធទុកក្នុងកាលពុទ្ធសករាជ ២៣៥៨ ព្រះករុណា
ព្រះអង្គនេះប្រាកដព្រះកិត្តិនាមដ៏ឧគ្ឃោសនៅដល់សព្វថ្ងៃនេះថា
ជាឯកអគ្គអ្នកប្រាជ្ញទ្រង់ជំនឿជំនាញក្នុងមគធភាសា នឹងកាព្យឃ្លោង
រកគូប្រៀបបានដោយក្រ ។
ព្រះរាជារម្ភកថា
អង្គអញត្រកូល ជាតិជាកំពូល កម្ពោជធានី ណុងនាថចូឡជា
បុត្រាជាតី ក្នុងរាជសុខី សុខុមខត្តិយា ។
ចរចាកបុរី បុរាណវេណី ទៅស្ថិតនៅនា ស្រុកទេពនគរ
កុលករចិន្ដា តែងតាមបទបា- ឡីលោកសំដែង ។
ក្នុងប្រាំរយជាតិ ចងជាបទបាទ កិច្ចកាព្យចាយចែង ទុកជាដំណ
តែងតអង្វែង ឲ្យអស់គម្ដែង ជនជាតិដឹងដាន ។
ដំណើរដំណាល ស្រីស្រស់ពុតពាល ចិត្តជួរសាមាន្យ ទុកឲ្យស្ត្រី
លោកិយមិញមាន ចិត្តប្រុងប្រាសប្រាណ ប្រាសប្រែអនិច្ចា ។
ពុទ្ធសាសនអតិក្កន្តំ អដ្ឋបញ្ញា- សតិសត ទ្វេសហស្សា
មហាសករាជ ឯកស័ប្ដិ ត្រីស័ប្ដិ ។
ចុល្លសករាជគ្រាន់ គ្រប់បានមួយពាន់ មួយរយរិះរាប់ សេសចិតសិបប្រាំ
ពីរឆ្នាំតាំងចាប់ ចែងចងផ្គូផ្គាប់ កាព្យពាក្យកាកី ។
នៅនាពេលា ប្រឋមយាមា យាមពុទ្ធរាត្រី ពារពុធមួយដណ្ដប់
កើតគាប់ខែពីរ- សាខសុករី ស័ប្ដសកា ។
ពាក្យពោលពុំពី- រោះរាមនៃនិ- ទានតាមបទបា- ឡីលោកដើមអាទិ៍
ដ្បិតជាតិប្រាថ្នា ចេះចងសាសនា ពុំសូវគួរសម ។
ដំណើររឿង
នេះបទកាកកា[1]- គិតែងចងជា រៀងរាយដោយដំ- ណើរនៃព្រះមហា
ករុណាបាបំ- ពេញពោធិស- ម្ភារភូមិបារមី ។
យោនយកជាតិជា សត្វសកុណា គ្រុឌរាជឫទ្ធី ស្ថេរស្ថិតនាស្ថាន
ពិមានសិម្ពលី រៀងរិមគិរី សុមេរុបព្វតា ។
ឯអង្កាល់នោះ មានក្សត្រមួយឈ្មោះ ព្រហ្មទត្តរាជា សោយរាជសម្បត្តិ
ជាក្សត្រនៅនា នគរពារា- ណសីឧត្ដរ ។
មែនមានបន្ទាយ ក្រៅក្រាស់ទូលាយ ខ្ពង់ខ្ពស់រូភ្នំ[2] សិលាដាសដិត
ប្រកិតជិតជុំ គូរគង្គទឹកទំ ច្រកជ្រៅធំធារ ។
វាំងខាងវាំងខណ្ឌ សីមាជាជាន់ ជាជួរដាសដា ដាសដិតប្រសព
មណ្ឌបដោយធារ រូបយក្សមោហ៍មារ គង់គួរស្ញប់ស្ញែង ។
ប៉ែកប៉មជ្រុងជ្រោយ បណ្ដែតបណ្ដោយ បណ្ដាក់ខ្វាត់ខ្វែង បញ្ចង់បញ្ចា
រចនាតាក់តែង ខ្ពង់ខ្ពស់ចិញ្ចែង ចិញ្ចាចជាជួរ ។
នាងច្រាល ៗ ច្រាក់ ជាជាន់ជាថ្នាក់ ជាថ្នល់គន់គួរ វាំងកើយ ៗ ទាប
រឿយរាបជួរបួរ ខ្វាត់ខ្វែងផ្សប់ផ្សួរ ផ្សារផ្សោរោងរាយ ។
មើលមានប្រាសាទ ប្រាំស្អាងប្រាង្គណ៍ស្អាត ប្រសើរឆើតឆាយ កំពស់កំពូល
ត្រ័យសូលត្រសាយ ត្រសែតពណ្ណរាយ ពព្រាតគួរស្ញែង ។
គាងឃ្វាយគាងសម មុខព្រហ្មសុទ្ធព្រហ្ម ត្រីសូរឯ្ឯង គ្រុឌឆក់នាគជុំ
គ្រប់មុំត្រឡែង កែងតខ្វាត់ខ្វែង ដងក្ដារជហ្វា ។
សិងមាសពិចិត្រ មណីរ័តន៍ដាំដិត មុខដាច់រចនា ប្រក់ប្រាក់ឆ្លុះព្រាត
ស្អាងស្អាតថ្លៃថ្លា ដូចស្ថានសួគ៌ា ទិព្វទេពនិម្មិត ។
ទីទែនសុខសៃយន៍ យាសយល់មាសមៃ រចនាពិចិត្រ ដាំត្បូងយល់យង់
បញ្ចង់ជុំជិត ឆ្លាស់ឆ្លុះពិចិត្រ ពិពណ៌ល្អល្អះ ។
ទាំងបីជាន់ចំ- ឡាក់លាយលេចលំ- អអស់ត្រួយត្រ- បកបូទុមទែង
ចិញ្ចែងមានមូ- លីលើលាយលរ ជជាយឆ្វាយឆ្វាត់ ។
ជាន់លើស័ក្ដិ៍សម រូបទេពប្រណម្យ ជាន់កណ្ដាលជាក់ រូបគ្រុឌឆក់នាគ
លូកងាកព័ន្ធពាក់ ព័ន្ធពាក្រុងយក្ស ទ្រទ្រង់គ្រុឌធា ។
ពិតានរៀងរាយ ស្វេត្រឆត្រឆាយ ប៉ានប៉ាក់សុវណ្ណា រំលេចស្រស់ស្រួល
រំយោលជ្វាលា[3] កែវកបថ្លៃថ្លា ព្រោងព្រាយរង្សី ។
ក្រលាគំនាល់ មាលមាសកែមកាល់ កែវកបរស្មី ក្រលាស្រិង្គារ
សែមសាស្រស់ស្រី ដាំដិតមណី រ័តន៍រៀងសុវណ្ណ ។
បញ្ចក្សេត្រហាត់ត្រៃ[4] ប្រាសាទមាសមៃ រចនាសោភ័ណ ដំណាក់ស្នំស្និទ្ធ
ប្រកិតជាជាន់ ជាជួរគ្រប់គ្រាន់ ស្អាងស្អាតសោភា ។
រោងរថរាជយាន គជេន្ទ្រអស្សយាន រៀងរោងនាវា ឃ្លាំងគ្រឿងអាវុធ
មណីរ័តន៍សុវណ្ណា ប្រាក់ភោជន៍ពស្ត្រា ឃ្លាំងសព្វសរពើ ។
សាលាជំនុំ សាលាទានជុំ សុះសព្វអន្លើ មានច្បារឱទ្យាន
សិងមានគ្រប់ឈើ ផ្លែផ្កាហើយធ្វើ ស្រះស្រង់គង្គា ។
មានមុខមន្ត្រី ព្រាហ្មណ៍ព្រឹទ្ធកវី ពិពេទហោរា ជាងចេះការគ្រប់
ភ្លេងសព្វភាសា ចម្រៀងរាំជា ល្អ ៗ ប្រពៃ ។
ពលគោកពលទឹក ហាវហានពន្លឹក សិងមានថ្វីដៃ ប្រកបកំលាំង
ធ្លាប់ច្បាំងមានជ័យ ច្រើនណាស់ក្រាស់ក្រៃ អនេកសល់សែន ។
ហើយមានព្រះភី- លៀងឮឫទ្ធី នាមនាដកូវេន គន្ធ៍ន[5]សិល្បសាស្ត្រ
ឆ្លុះឆ្លាស់ស្ទាត់ក្វែន លេចលើសទាំងដែន ភូមិភពទាំងឡាយ ។
ចេះទាំងដេញពិណ ស្មោះស្មើទេវិន្ទ បន្លឺស័ព្ទសាយ ប្រកបចម្រៀង
ច្រួចច្រៀងល្បិចល្បាយ ជាអ្នកប្រាជ្ញប្រាយ គិតកិច្ចកាព្យា ។
ស្ដេចសោយសម្បត្តិ ឥសូររម្យរ័ដ្ឋ លើសលើលោកា ស្ដេចមួយរយមួយ
នាំសួយមាលា មាសប្រាក់រចនា មូលមកវន្ទី ។
រីរាស្ត្រប្រជា ព្រហ្មណ៍ព្រឹទ្ធហោរា មាត្យមុខមន្ត្រី សិងសាន្តសុខសម
ឥតអំពល់ក្ដី ដោយបុណ្យបារមី ក្សត្រក្សាន្តជាច្បង ។
ស្ដេចមានមហេសី នាមកែវកាកី ល្អល្អះឥតហ្មង ឥតមានស្រីណា
សោភាផ្ទឹមផង សមសព្វកន្លង កន្លោង[6]អស់ស្រី
។
កាយកើតអស្ចារ្យ អំពីផ្កាកា- ណិកាសោភី ភក្ដ្រាសោភ័ណ
ដូចចន្ទ្របូណ៌មី សក់ដូចភមរី រលើបខ្មាញ់ខ្មៅ ។
នលាដវិលាស ដូចពពិលមាស ទុំទែងឆ្អឹនឆ្អៅ មើលមាត់ញញិម
ប៉ប្រឹមឥតសៅ ខឹមខិនកាន់នៅ សំដីសមគួរ ។
ថ្ពាល់ទាំងសងខាង ដូចផ្លែមាក់ប្រាំង បំព្រងផូរផង់ នាសាសមសល់
ដូចកលគំនូរ ជាងចេះគន់គូរ សួនសមសោភា ។
ធ្មេញខ្មៅរលឹក រលង់ប៉ផ្លេក ដូចនីលរតនា កកបល្អលន់
គួរគន់ដូចនា ត្របកបុទុមា រាយរីកស្រស់ថ្មី ។
ចិញ្ចើមខ្មាញ់ខ្មៅ កោងកបកល់កៅ ទណ្ឌទន់ស្រស់ស្រី នេត្រនាងថ្លាជ្រះ
ស្រឡះរាគី ដូចកលរស្មី កញ្ចក់ជ្រះថ្លា ។
កបកមូលក្លំ ផ្នត់បីជាន់សម ស្មាសោតសោភា គាងគូសមទ្រង់
គន់ត្រង់ហត្ថា ដូចដៃឯរា វណ៌វិសេសសម ។
មរាម[7]ទន់តូច រាងរៀវឆ្មារដូច បន្លាក្លៀងក្លំ ក្រចកលាស់ច្រាង
សស្រាងហាក់ស- ម្បុរកែវអ្នកខំ ខាត់ខឹមយល់យង់ ។
ដោះក្រំត្រចើល ត្រចះគួរមើល ដូចផ្កាស័តបុ- ង្ក័ជកបក្រពុំ
មូលក្លំផូរផង់ រាងរៅវៀរច- ង្កេះកបពិសី ។
ជើងសោតសសូល ដូចចេកមាសមូល សមសព្វឥតបី អ្នកណាមួយមាន
ដូចប្រាណកាកី ល្អអស់ឥន្ទ្រីយ ឥតឯមានទាស់ ។
សមសួនទាំងគ្រប់ ស្រួចស្រីស្រស់សព្វ សម្បុរលឿងច្បាស់ ដូចមាសនព្វគុណ
ល្អលន់ពេកណាស់ មើលមិនមានទាស់ គ្រប់ភ្នែកស្រួចស្រេច ។
កបកាយក្រអូប ទោះទាំងរាងរូប ប្រហើរពុំបាច់ រកផ្កាគ្រឿងអប់
ឈ្ងុយឈ្ងប់សព្វសាច់ ពិដោរបណ្ដេច បណ្ដូលអស់ស្រី ។
បើនរនៃអ្នក ណានឹងមិត្តភ័ក្ដិ ចូលចងប៉ែតី រួមរសស្នេហ៍ស្និទ្ធ
ក្លិនដិតឥន្ទ្រីយ ប្រាំពីររាត្រី ទើបបាត់គន្ធា ។
ព្រះបាទព្រហ្មទត្ត ស្ដេចរួមប្រតិព័ទ្ធ នឹងព្រះជាយា សព្វព្រះហ្ឫទ័យ
មូលមៃត្រិ៍ស្នេហា ដូចដួងនេត្រា ព្រះអង្គជាម្ដង ។
សេពសុខភិរម្យ រួមឯកបន្ទំ ទន្ទិមស្នេហ៍ស្នង សព្វទិនរាត្រី
ប៉ែតីឥតហ្មង ស្ដេចទុកជាច្បង ឯកអគ្គមហេសី ។
មានស្រីព្រះស្នំ ស្រិង្គារព្រះក្រម ស្រៀបស្រស់ប្រឹមប្រីយ៍ គង់គាល់មហាក្សត្រ
ព្រហ្មទត្តចក្រី របាំមហោរី ល្អ ៗ គ្រប់ប្រាណ ។
រីកាលនោះណា ឯស្ដេចគ្រុឌធា ស្ថេរស្ថិតនៅស្ថាន ចមចុងសិម្ពលី
ជាទីវិមាន ទិព្យទេពថ្កើងថ្កាន ល្អល្អះប្រពៃ ។
ប្រកបកំលាំង កំលោះក្លោះខ្លាំង ហៀវហោះឯព្ធ នភាអាកាស
វេហាសច្រៀវច្រៃ ផ្លោះម្ដងឆាប់ក្រៃ មួយយោជន៍គណនា ។
អាចឆ្លងសាគរ សត្តសីទន្តរ ដោយតេជឫទ្ធី គ្រុឌទ្រង់ទិព្វមន្ត
លើសលន់បក្សា ប្លមប្លែងកាយា បានដូចចិត្តធ្យាន ។
គ្រុឌតែងទៅលេង បាស្កា[8]ជាល្បែង ស្រើបស្រួលសំរាន និត្យនឹងមហាក្សត្រ
ព្រហ្មទត្តថ្កើងថ្កាន គ្រុឌនឹងក្សត្រក្សាន្ត ឈ្នះចាញ់ស្មើគ្នា ។
ហើយវិលវឹងគង់ ស្ថិតស្ថានអម្លុង លុះសត្តទិវា ផ្អូកចិត្តចង់លេង
ស្កាល្បែងនឹងមហា- ក្សត្រក្សិណគ្រុឌធា ចេញចាកសិម្ពលី ។
ហិចហើរហៀវហោះ ផ្លាកផ្លេកផ្លោងផ្លោះ កណ្ដាលនភី ឆ្លងសីទន្តរ
សាគរគិរី ដូចដល់ធានី និគ្រោធសាខា ។
ទើបក្រុងគ្រុឌរាជ ឫទ្ធីអំណាច និម្មិតអាត្មា ប្រែប្រាណពីគ្រុឌ
បរិសុទ្ធជាតិជា បុរសរូបា ឆោមឆាយប្រពៃ ។
ស្រេចចរចេញចាក លីលាលះលាក អំពីដើមជ្រៃ យាត្រាត្រេចត្រង់
ដម្រង់ទៅព្ធ ប្រាសាទក្សត្រថ្លៃ ព្រហ្មទត្តរាជ ។
បើស្រីណាស្រើប ស្រស់ស្រួលសំរើប ដោយក្ដីតណ្ហា ឃើញរូបរាងចោម
ប្រលោមស្នេហា ចង់ចូលចិត្តជា មិត្រភ័ក្ដិរួមប្រាណ ។
លុះដើរទៅទាល់ ទៅទៀបទីគាល់ ចុងរោងរាជស្ថាន មាណពចូលដល់
យង់យល់ក្សត្រក្សាន្ត លំអុតអង្គប្រាណ ធ្វើខ្លាចក្សត្រា ។
ព្រះបាទជេស្ឋជ័យ ស្ដេចទតទៅនៃ មាណពនោះណា មែនមានព្រះសូរ
មធូរទៅថា ហៃមាណពបា ចូរចៅមកអាយ ។
ទើបស្ដេចឲ្យយក កូនស្ការក្ដាមក ក្រសាលសប្បាយ នឹងក្រុងវេនតៃយ[9]
ក្សត្រថ្លៃរីករាយ កំសាន្តសប្បាយ សាន្តសុខទ័យា ។
កាលនោះមហេសី គឺកែវកាកី ឯកអគ្គធីតា លុះសាយណ្ហេ
ជ្រៀងជ្រេសុរិយា គយគន់ព្រះមហា- ក្សត្រក្សាន្តស្វាមី ។
ដ្បិតបាត់មិនបាន ស្ដេចចរចូលថ្កាន មណ្ឌបទែនទី ក្រឡាបន្ទំ
បរមសួស្ដី ទើបវរក្សត្រី ដណ្ដឹងទៅថា ។
ហៃអ្នកស្នំផង ព្រះបាទព្រះបង តើស្ដេចទៅណា ទើបអស់ព្រះស្នំ
ប្រណម្យវន្ទា ថាម៉ែហួ[10]ជា អម្ចាស់គង់ព្ធ ។
ចុងរោងទ្រង់ស្កា ក្រសាលនឹងមា- ណពនោះល្អក្រៃ កាយតកនលក្ខណ៍
វរភក្ដ្រប៉ប្រៃ ប៉ប្រឹមយល់ថ្លៃ និរអ្នកស្មើបាន ។
ល្អឥតឯទាស់ អំពើបោះបា- ស្កាសមនឹងប្រាណ ទើបកែវកាកី
ក្សត្រីកល្យាណ ស្ដាប់ស្នំទូលថ្កាន កួចកើតប៉ែតី ។
ឮថាមាណព ល្អល្អះលើសលប់ លើសលែងលោកិយ នាងនាដនិមល
ចង់យល់ឥន្ទ្រីយ ចរចេញទៅខ្មី ដូចដល់ធារា ។
ឈរឈប់ផ្ទាល់ផ្ទាប់ គយគន់សាយសព្វ អស់អង្គគ្រុឌធា ចាប់ចិត្តស្រឡាញ់
ពេកពេញចិន្ដា ចង់បានបក្សា ជាមិត្រស្វាមី ។
សុបណ្ណបក្សា លេងស្កានឹងមហា- ក្សត្រក្សាន្តធិបតី ជួនបែរភក្ដ្រត្រង់
យល់អង្គកាកី កួចកើតមេត្រី ត្រេកត្រង់កាមគុណ ។
នឹក ៗ ថាអេះ នាងនេះល្អម៉្លេះ នេះហៅល្អលន់ ត្រកាលឃើញម្ដង
នេះហោងហៅបុណ្យ គ្មានស្រីណាប៉ុន ល្អពន់ប្រមាណ ។
អេះនេះហៅល្អ ល្អច្នេះរកក្រ ក្ររកទៀតគ្មាន អញធ្លាប់ឃើញសព្វ
នឹងរាប់មិនបាន ពុំដែលឃើញមាន ឲ្យល្អដូច្នេះ ។
អំបាលស្រីសួគ៌ គំនាប់គំនួរ ម៉េចមិនដល់ម៉្លេះ ល្អដោយពណ៌ប្រាណ
គង់មានទិតិះ ទាស់ខ្លះនេះអេះ រកឆ្គងភ្នែកគ្មាន ។
នាងនេះយល់ជា មហេសីក្សត្រា ទើបនាងទាហាន មកឈរពុំខ្លាច
អំណាចក្សត្រក្សាន្ត គ្រុឌមើលរឹងមាន ចិត្តគាប់ស្នេហា ។
ឯអង្គកាកី យល់គ្រុឌបក្សី មើលមកអាត្មា ញញិមអរអៀង
ចំហៀងនេត្រា ឲ្យអង្គគ្រុឌធា ត្រេកត្រង់ហ្ឫទ័យ ។
គ្រុឌគន់កាលណា ប្រទះនេត្រា នាងសើចប៉ប្រៃ ប៉ប្រឹមធ្វើវ្ហី
ប៉ែតីរំពៃ កន្ទុយភ្នែកវៃ ញញិមដាក់មុខ ។
គ្រុឌយល់ដូច្នោះ ព្រួចព្រឺពីពោះ ឧរារអុក ចាប់ចិត្តស្នេហា
លេងស្កាពុំសុខ គន់គិតប៉ផ្អុក ចង់មូលសម្ពន្ធ ។
ក្រឡាប់ភក្ដ្រា ក្រឡៅមើលស្កា ក្រឡាស់គយគន់ ក្រឡេកឈ្មងឈ្មៀង
ចំលៀងលេបលន់ ក្រឡេកមិន មិនឆ្អែតនេត្រា ។
នាងធ្វើជាំភ្ញាក់ រសាយសូភាក់ អំពីអង្សា គ្រុឌយល់សុតន
ណែនក្ដន់ឧរា ព្រួចចិត្តចិន្ដា ស្រៀវស្រើបប្រតិព័ទ្ធ ។
ស្ទើរស្ទុះទៅឱប ពាហ៍ពក្រសោប ហោះចេញទៅថ្វាត់ មកគិតខ្លាចកេរ្តិ៍
ចំណេរមិនបាត់ ខះខំតែកាត់ ចិត្តចាំលេងស្កា ។
រីឯព្រះបាទ ព្រហ្មទត្តនរនាថ ទ្រើសទ្រង់សក្ដា កាលកាកីប្រែ
វៀចវេចិន្ដា ពិតពីក្សត្រា ពុំជ្រាបព្រះទ័យ ។
លុះព្រះសុរិយេ សែងសាយណ្ហេ ហើយនាងវិលវៃ ចរចូលទៅក្នុង
ទើបក្រុងវេនតែយ ចិត្តចាំអាល័យ មិនមានហៅស្បើយ ។
គិតនឹងលួចលាក់ យកអង្គអារ្យអគ្គ- មហេសីឲ្យហើយ គិតស្រេចពុំផ្សង
បង្អង់យូរឡើយ លាក្សត្រត្រាណត្រើយ ចរចេញទៅខ្មី ។
* បទពោលកាលក្រុងគ្រុឌធី- រាជរួសចុះលី- លាលុះព្រៃជ្រៅសាខា ។
សូត្រសែពទិព្វមន្តមិថ្យា ប្រែប្រាណវិញជា គ្រុឌរាជរឹងឫទ្ធិកន្លង ។
ស្ទុះហោះផ្លោះហើរហិចផ្សង លាន់ឮគឹកកង រំពងនៃបក្ខាខែង ។
រារាំងបិទបាំងសូរ្យសែង សូរ្យសិងស្ញប់ស្ញែង អនញធការមេឃមីមណ្ឌល ។
សន្ធាប់សន្ធឹកឫទ្ធីពល បណ្ដាលព្យុះខ្យល់ គគុកគគឹកមោះហិមា ។
កក្រើកព្រៃផែនពសុធា ញាប់ញ័រសោះសា ទួទាំងទសទិសវិបត្តិ ។
ព្រះបាទបរមព្រហ្មទត្ត យល់អស្ចារ្យក្ដាត់ ស្ដេចស្ដែងលីលាឆាប់ខ្មី ។
ចេញគង់ឆ្ពោះមុខមន្ត្រី អស់ទាំងសេនី ផ្អូកផ្អើលរជោទីទៃ ។
កាលនោះឯក្រុងវេនតៃយ ហិចហោះឆាប់ក្រៃ ដួចដល់នៃព្រះកៅតា ។
ចរចូលគង់ខាងធីតា ឥតព្លឹកសោះសា សំណេះសំណាលក្រអែស ។
ថាហៃមាសថ្លៃពិសេស ពីសីត្រទេស ត្រទន់ទន់ភ្លន់កាយា ។
បង់យល់ពីថ្ងៃបងមហា ស្រឡាញ់ប្អូនភ្ងា ខំពាមកដល់នេះហើយ ។
ម្ដេចមេមាសមិត្រកន្តើយ ផ្ទំលក់ព្រងើយ ធ្វើហាក់មិនដឹងមិនយល់ ។
បងមករកប្អូននិរមល ឬមួយមានស្កល់ ឬមិត្រមាសមិនប្រណី ។
ឯអង្គបងនេះណាស្រី គឺមាណពពី- ថ្ងៃមិញនោះឯងហោងណា ។
បងនឹងនាំនាងយាត្រា ទៅទែនអាសនា ទីទិព្វសម្បត្តិសួភ៌ស្ថាន ។
ទៅសេពជាសុខសម្រាន ប្អុន្នើយពិមាន ទូទិមមណ្ឌលទូលាយ ។
សិងរ័តន៍ពិចិត្រព្រោងពាយ ព្រោងព្រាតលេចលាយ ច្រឡំសុវណ្ណរចនា ។
បងនឹងនាំពៅពំងា ហៀវហោះវេហាស៍ ទៅលេងមើលអស់ទួលទី ។
មើលសត្តបរិភ័ណ្ឌគិរី សីទន្តរជលធី ទាំងព្រះសុមេរុបពិត្រ ។
មើលទាំងនពមហាសមុទ្រ ធារធំប្រាកដ ប្រកបនូវខ្សាច់កែវច្រាល
។
ភ្លឺផ្លេកក្រឡេករន្ទាល រន្ទះដេញដាល ច្រវាត់ពិរោចរង្សី ។
ហើយទៅហិមពាន្តគិរី អនោតស្រះស្រី ព្រៃព្រឹក្សពន្លឹកពេញពាស ។
បងនឹងនាំមេមិត្រមាស លេងលើកៃលាស សំរើបសំរាន្តឥន្ទ្រីយ ។
មើលទេពអប្សរកិន្នរី កិន្នរាប្រឹមប្រិយ ប្រដាប់នូវគ្រឿងអស់អង្គ ។
សិងរ័តន៍ពិចិត្របញ្ចង់ ព្រោងព្រាយរលង់ រលើបរំលេចសោភា ។
ច្រួចច្រៀងរៀងរាំគ្រប់គ្នា ថ្វាយវរវន្ទា ព្រះឥសូរាគម្ដែង ។
ដេញដំប្រគំភ្លៃភ្លេង ពីរោះល្វើយល្វេង លន្លង់លន្លោចលន់ក្រៃ ។
សាន្តសុខឥតទុកសព្វថ្ងៃ គន់គួរអាល័យ ទីទិព្វសម្បត្តិសួគ៌នាយ ។
កុំប្អូនមាសមិត្រមេស្ដាយ សម្បត្តិមនុស្សអាយ មាសអើយមានតិចកន្លង ។
ចូរមាសមកនៅនឹងបង សោយសុខគ្រប់គ្រង សម្បត្តិសម្បូណ៌សួគ៌ា ។
លោមស្រេចទើបស្ដេចគ្រុឌធា ត្រកងអង្គា ថែថើបអង្អែលអស់អង្គ ។
ស្រៀវស្រើបព្រួចព្រឺប្រតិយុង គ្រុឌខំប្រឹងប្រុង សង្គត់ហឫទ័យបក្សី ។
ឯអង្គនាងកែវកាកី ស្ដាប់ស័ព្ទសំដី គន់គិតអល់អែកគំនិត ។
នឹងស្ដីឲ្យជាអៀនមាត់ ចិត្តចូលប្រតិព័ទ្ធ ភក្ដីសំឡាញ់ក្សត្រា ។
ហើយនាងធ្វើកលមាយា ជានាងនិន្ទ្រា លក់លន់មិនដឹងខ្លួនប្រាណ
។
គ្រុឌយល់នាងនាដកល្យាណ ធ្វើមិនដឹងដាន មនោនៃគ្រុឌសោមនស្ស ។
បទកាកគតិ
ក្រុងគ្រុឌបក្សី ប្រែប្រាណកាឡា
រូបរូទេវបុត្រ ពិសុត្ធសោកា ឲបអង្គកែវកា-កីគិតនាគី ។
នែបនិតក្រសោបជួយជិតអង្គឲប អង្អែលឥន្រ្ទីយ ថើបថែកាយា ភក្រ្តាកាកី
កួចកើតមេត្រី រាគរសតណ្ហា ។ នាងកាកីដំ-លឿងលបលួចសំ-ឡក់លរកិរិយា
ការក៏ទះទាត់ ច្រានផាត់គ្រុឌ ទើបមានវាចា ឆ្លាស់ឆ្លើយទៅថ្កាន ។
ថាឳព្រះអង្គ ពុំគួរត្រេកត្រង់ រួចរសដិតដាន នឹងអង្គអញខ្ញុំ
យល់ពុំសមប្រាណ ដ្បិតខ្ញុំនៅមាន ស្វាមីមិត្រហើយ ។ គួរឬព្រះអង្គ
ព្រះទ័យពុំត្រង់ នឹងម្ចាស់ខ្ញុំឡើយ លបលួចយកខ្ញុំ មកផ្ទំផ្ទឹមខ្នើយ
ឳព្រះអង្គអើយ ពុំគិតក្សត្រា ។ បំណាច់ចាប់ចិត្ត ជាមិត្រស្នេហ៍ស្និទ្ធ
សំឡាញ់ផងគ្នា ព្រះអង្គធ្វើបាន ពុំមានមេត្តា
ព្រះទ័យព្រះមហា-ក្សត្រក្សាន្តដល់តិច ។ ចងបើខ្ញុំដោយ
យុរទៅឯក្រោយស្រាប់តែនឹងគេច យកស្រីសួគ៌ា ឯណាល្អលេច ម្ល៉ោះហើយនឹងភ្លេច
ចោលខ្ញុំបង់សៀត ។ បើម្ល៉ោះសមខ្ញុំ នឹងមានទុក្ខធំ ទ្រូងត្រួតចង្អៀត
ថែមទាំងដំនៀលគេដៀលផ្ទួនទៀត ថាស្រីស្រើបឆ្លៀត មានប្តីគ្រុឌា ។
ហើយគេនឹងដៀល ដំណាលដំនៀល ដល់ព្រះរាជា ជាស្តេចស្វែងស្វះ លាកលះលីលា
ទៅលួចភរិយា គេមកសិម្ពលី ។ ក្រុងគ្រុឌឆ្លើយថា បងដឹងហើយណា ប្អូនជាមហេសី
ស្តេចទុកជាច្បង កន្លងលែងស្រី ហើយព្រះចក្រី ស្រឡាញ់អស់អញ ។
ទោះបីបើក្ស-ត្រា ទ្រង់ជ្រាបថ្វាត់ក្រោធក្រៃគ្នាន់ខ្នាញ់ បងពុំខ្លាចឡើយ
ប្អូនងើយព្រឹកមិញ បើដោយស្រឡាញ់ ប្អូនមាសប្រសើរ ។ តែគិតកេរ្តិ៍កោះ
បើកុំប៉ុណ្ណោះ កន្ត្រាក់យកយីរ ពីមុខអ្នកស្តេច បងផ្តាច់មិនស្ទើរ
ពារពហោះហើរ មករួមស្នេហ៍ស្នង ។ ប៉ុន្តែការកេរ្តិ៍ ខ្លាចមានទាំងពីរ
ទាំងប្អូនទាំងបង បានជាបងឈប់ លុះឈបើទើបផ្គង នាំប្អូនមកគ្រង
ទីទែសៃយាស ។ ប្អូនអើយមាសថ្លែង មាសថាខ្លាចក្រែង ពាក្យពោលទាំងផ្តាស
គេនាកាលអញបង យកប្អូនស្នេហ៍ស្នង នោះគ្មាននរណា យល់ជាបងយកមាសមកស្នេហា
ប្អូនអើយកុំប្រារម្ភរិះការប្រាណ ។ អំបាលស្រីសួគ៌គំនាប់គំនួរ
ស្រៀបស្រស់កល្យាណ ម្តេចបងពុំប៉ង
ចិត្តចងចង់បានបានជាបងគ្មានស្រីស្រស់កញ្ញា ។ ឯអង្គកាកី ចិត្តចង់មេត្រី
រាគរសតណ្ហា ធ្វើពោលពាក្យពើ ថាយើសួគ៌ា គ្មានស្រីមួយជាត្រូវចិត្តឬអ្វី
។ អំបាលស្រីសួគ៌ គំនាប់គំនួរ ម្តេចមិនមេត្រី ថ្នះអ្វីខ្ញុំជា
មនុស្សនាផែនដី កាលណាឡើយឥសូរសព្វទីយា ។
សព្វតែព្រះឳស្ឋព្រះអង្គថាប្រោស លើសលែងនានា ព្រះបន្ទូលផ្អែម
ល្ហិមល្ហែមណាស់ សា ព្រះអើយខ្ញុំមហាសង្ស័យកន្លង ។
ទើបគ្រុឌលោមថាមែនហើយស្ងួនភ្ងា អស់ស្រីសួគ៌ផង ល្អល្អះមែនពិត
ឯងឥតមានហ្មង ប៉ុន្តែអញបង កុំត្រូវហ្ឬទ័យ ។ ប្អូនអើយកុំប្ររម្ភ១រៀមក្រែងក្រលាប់លែងដោះដៃ
បងពោលពាក្យពិត ពិនិត្យពេកក្រៃ កុំស្ងួនសង្ស័យសន្ធិះសង្កា ។
ហើយគ្រុឌចូលជិត ចូលចង់នែបនិទ្រ នែបនឹងស្នេហាឯកែវកាកី ក្សត្រីសោភា
សំងំអង្គា អង្គុយជួញជិត ។ តែមាត់នាងថាឲះឲអនិច្ចា កុំអាសូរចិត្ត
ដ្បិតរបស់ឯកឯង កុំហែងប្រតិព័ទ្ធ ធ្វើបំបាត់មាត់ ពុំឲ្យឆ្លើយបាន ។
គ្រុឌបីក្រសោប ត្រកងអង្គឲប អង្អែលអស់ប្រាណ មួលមេចថនថើប សំរើបសម្រាន
ផ្ទំផ្ទឹមផ្ទាល់មានចិត្តចង់មេត្រី ។ រួមរីករសរូប ក្រអែបក្រអូបភ្សាយផ្សព្វឥន្រ្ទីយ
ស្រើបស្រួលចូលចិត្ត ជួញជិតប្រតីព័ទ្ធពេញបែតី សុខសេបចំណង់ ។
គ្រុឌភ្លេចនាគា អាហារភោក្តា ជាចំអែតអង្គ នាងភ្លេចមហាក្សត្រ
ព្រហ្មទត្តទ្រើសទ្រង់ គ្រុឌភ្លេចបោះបង់ ហេមពាន្តទូរទី ។ នាងភ្លេចអស់ល្បែង
ឧទ្យានតែងលេង កំសានឥន្រ្ទីយ គ្រុឌភ្លេចឆ្វៀលធ្វាត់ រង្កាត់ស្រះស្រី
នាងភ្លេចបុរី ស្នំស្និទ្ទរាជស្ថាន ។ គ្រុជបានកាកី ពិសេសលែងស្រី
ពិដោរអស់ប្រាណ សេពសុខមនោរម្យ ផ្ទឹមផ្ទុំសម្រានសំរើបរសប្រាណ ឥតឯមានហ្មង
។ សេពសុខស្កប់ស្កល់ ទៀងទៀបទៅដល់ នឹងបានកន្លង ត្រឹមត្រូវយាមា
បក្សាសូរសង រងាររំពងរំពៃសុរិយា ។
បទព្រហ្មគិតកាល
គ្រុឌស្នេហ៍ស្លាលនឹងកែវកា កីកាយកបគន្ធា រសរិះនេះស្វេះបង្អង់ ។
ចាប់ចងទំនងនី ទានទៅពីក្សត្រទ្រើសទ្រង់
រាជរដ្ឋកាលកើតកង្វលវឹកវរកោលាហល ។ ដោយឫទ្ធិរាជគ្រុឌាបណ្តាលជាព្យុះព្យោមសល់
លុះស្ងាត់បាត់ព្យុះខ្យល់ ស្តេចចូលដល់ទែនមណី ។ ពុំឃើញវរជាយា
នៅក្រលាបន្ទំទី ទៀងទើបព្រះភូមីស្លុតព្រះទ័យព្រះរាជា ។
ស្តេចគន់ស្តេចគិតឆ្ងល់ បទពុំយល់វរជាយា ដណ្តឹងស្នំស្នេហា
នាងទៅណាបាត់ពុំយល់ ។ អស់ស្រីសិងស្លាំងកាំងភ៧យភិតភាំងរករចល់
រត់រកនាងនិរមល សព្វមន្ទីរមណ្ឌលា ។ បាត់សោះបាត់សូន្យសល់ រកពុំយល់វរធីតា
មកទូលមហាក្សត្រា ស្តេចរឹងភាំងរឹងភិតក្រៃ ។ ស្ងួតស្ងប់ជ្រប់ព្រះភក្រ្ត
អន់អួលអាក់ក្នុងព្រះទ័យក្តួលក្តៅឳរាក្រៃ គិតអាល័យអាលោះលន់ ។ ទ្រង់ព្រះកន្សែងសោកសែនអាម៉ោកស្តាយពេកពន់
ព្រះផ្អូកព្រះប្អូនតន់ ២ទួញទន្ឺងទន្ទេញថា
។ ឳមាសមិត្រកល្យាណ បងរកគ្មានស្រីឯណា
ឲ្យដូចកែវកនិដ្ឋាក្លិនក្រអូបក្រអែបឯង ។ ឳស្តាយភក្រ្តសោភ័ណ
ហាក់ព្រះចន្រ្ទត្រចះចែង សួនសមជាស្តេចស្តែង ឯកក្សត្រីស្រីកល្យាណ ។
ស្តាយចេះចែងចរចា ស្តាយប្រាជ្ញាចេះរិះធ្យាន ដឹងអត់ដឹងឧនប្រាណ
ដឹងសមគួរសមគាប់ការ ។ ស្តាយសមជាមហេសី ធំលើសស្រីស្រស់ស្រីង្គារ
ស្តាយចេះដឹងសព្វសារ ពើរការពុំមានឆ្ងែឆ្ងល់ ។ បំរុងស្រីបំរើ ចិត្តស្មោះ
ស្មើគ្មានកិច្ចកល់ ដឹងទោសដឹងទុក្ខទល់ អស់ស្រីស្នំស្និទ្ធទាំងឡាយ ។
បងរកបងរិះគ្រប់ ពុំប្រសពប្រសើរកាយ ឲ្យដូចប្អូនឆផមឆាយ
ស្រីសំលូតសំឡាញ់បង ។ ឥឡូវប្អូនប្រែប្រាស ញ្រត់និរាសរៀមហើយហោង
រៀមរកនារីស្នង ពុំដូចមាសមិត្រភ្ងាស្រី ។
ឳប្អូនធ្លាប់ផ្ទំផ្ទឹមទៀបទន្ទឹមលើទែនទី បុំដែលពុំដាច់ពី
អង្គអញបង់បាត់ច្នេះណា ។ ឱប្អូនធ្លាប់គង់ចិត នៅនែបនិទ្រនឹងរៀមរ៉ា
ក្រសាលសុខទ័យា ម្តេចឡើយប្រាសនិរាសទៅ ។ ឱបងធ្លាប់យល់ភក្រ្ត
ប្អូនវរលក្ខណ៍គង់គាល់ហ្វៅ បំរើសព្វថ្ងៃនៅ ឥឡូវបាត់បង់បងឆ្ងាយ ។
ឱឆ្លាប់ស្រីង់គង្គានឹងរៀមរ៉ាក្សាន្តសប្បាយ និរទុក្ខសុខស្កល់កាយ
រួមភិរម្យរសទាំងទ្វី ។ ឱប្អូនថ្លៃត្រកាល កំពុងពាលពេញពិសី
ពុំគួរឡើយប្អូនស្រី ប្រាសចាកពីប្រសើរសុខ ។ ឱប្អូនទៅស្ថានណា
ថាសុខាឬទល់ទុក្ខ ឬកាលបែតីស្នាលស្នេហ៍ស្នង ឱប្អូនអើយបើបង
ដឹងជាស្ថិតនៅស្ថានណា ។ បងនឹងតាមដោយដាន គ្រាតែបានយល់ភក្រ្តា
ឥឡូវកែវកនិដ្ឋា ឥតដំណឹងដំណួចឡើយ ។ ឱមាសមិត្រព្រលឹង
អស់ទន្ទឹងប្អូនម៉្លេះហើយទុក្ខបងពុំគ្រាស្បើយ
គ្មានល្ហែល្ហើយរាប់រាល់ថ្ងៃ ។ ស្តេចសោកអគ្គជាយាអន់អួលអាណិតណាស់នៃ
ជាទុក្ខរែងទុក្ខក្រៃ ក្រៃលែងលើសទុក្ខនានា ។ វេលាឆ្លាប់ផ្ទំលក់
ផ្ទំពុំសូខសែនសោកា ភ្លេចទាំងស្រង់គង្គា តាំងតែទួញតែទុក្ខនៅ ។
ពេលសោយក្រយាស្ងោយ ភ្លេចសេពសោយតែសោកសៅ ព្រះអង្គព្រះអួលក្តៅ
ក្នុងព្រះទ័យតែងតុក្ខទល់ ។ ភ្លេចភ្លាំអទាំងក្រសាល អស់អំបាលស្នំនិរមល
ទាំងល្បែងលែងសុខសល់ តាំងតែទួញតែទុក្ខា ។ ទើបត្រាស់ឲ្យទៅហៅ
គ័ន្ធនទៅដូចចិន្តា ហើយប្រាប់ពីជាយា បាត់អំពីប្រាសាទស្ថាន ។
គ័ន្ធនដឹងហេតុហើយ ទើបទូលឆ្លើយថាសូមទាន កាលព្រះមហាក្សត្រក្សាន្ត
ទ្រង់ស្កានឹងមាណពនោះ ។ ទូលព្រះបង្គន់យល់ អ្នកនិរមលនៅទ្វាឆ្ពោះ មើលមកមាណពនោះ
ឯមាណពឆ្មៀងនេត្រា ។ ញញឹមមើលទៅត្រង់ ទូលព្រះបង្គំក្រោធា
តាងទ្រង់ព្រះករុណា ពិសេសស្ទើរស៊ីសាច់បាន ។ តែខំអត់កំហឹង
គិតជញ្ជឹងយល់សូមទាន បើសិនជាប្រុសប្រាណ នៅនានគរយើងអាយ ។
ម្តេចមិនថ្វាយបង្គំ បើអ្នកអម្លុងស្ថានឆ្ងាយ ខ្លាំងដើរម្តេចអម្បាយ
ឆាប់ដល់ទៅដល់មកខ្មី ។ យល់ប្លែកនឹងមាណព នៅពិភពភូមិផែនដី
ខ្លាចក្រែងក្រុងគ្រុឌរាជរឹងឫទ្ធិក្លែងប្លមអង្គ ។
មកលេងហើយលួចលាក់ព្រះអង្គអគ្គទេពីពង្ស ទៅសេពជាសាច់ស
-ង្សារសំលាញ់នៅសិម្ពលី ។ ទូលពរះបង្គន់នេះ យល់ដូច្នេះហើយសេចក្តី
សូមទានល្អងធូលី ព្រះបាទចាំប្រាំពីថ្ងៃ ។ យល់ជាមកពុំខាន
យើងនឹងបានគន់រំពៃ ឲ្យជាក់បើច្នេះនៃ តាមដោយជិតគង់ដឹងថ្វាត់ ។
ហើយធ្វើកលឲ្យបាន ជូនកល្យាណមករម្យរីដ្ឋ គន្ធ័នទួលមហាក្សត្រ
ព្រះអង្គអរគ្រាន់បានស្បើយ ។ ទើបស្តេចត្រាស់ទៅផង ថាហៃបងគន្ធ័នអើយ
បើមែនដូច្នោះហើយ ឲបងអើយអញអរក្រៃ ។ ច្នោះបងទៅឲ្យឆាប់
នឹងក្រលាប់វិលវឹងវៃ ចូលគន់គិតភារភ័យ វៃវៀសរវាំងកាយ ។
ដ្បិតនៅក្នុងការក្រ ទីកម្រផ្លូវក៏ឆ្ងាយ គន្ទ័នសោតក្រាបថ្វាយ
វរវន្តាព្រះចមចៅ ។ ឯក្សត្រចរចូលថ្កាន ក្នុងរាជស្ថានតែងសោកសៅ
ជាទុក្ខក្តាត់ក្តួលក្តៅ នឹងកែវកាកីកល្យាណ ។ ដំណាលដំណើរនេះ
យើងទុកស្លេះឈប់និទាន នឹងថ្លាថ្លែងដោយដានក្រុងគ្រុឌ គ្រងកែវកាកី ។
ស្នេហ៍ស្នងស្នែហ៍ស្លានស្និទ្ធ ចូលចាប់ចិត្តបងបេតី ចំណង់រសមេត្រី សិងសោមនស្សទាំងទ្វេហា
។
បទទ្រង់ភុជង្គលីលា ដំណើរពណ៌នា
គ្រុឌនឹងកាកី ។ សេពសមបន្ទំលើទី លុះព្រះសូរ្យសី បាត់បង់ជ្រុងភ្នំ ។
បក្សីតើនពីបន្ទំលោមនាងឧត្តម ត្រេកត្រាស់ទៅថា ។ ប្អូនមាសវរវាសសោភា
បងនឹងយាត្រា នានាំប្អូនពៅ ។ លែងដោយជ្រុងជ្រោយព្រៃជ្រៅ មើលភ្នំហើយទៅ
ស្រះស្រង់ផលសៃ ។ ហើរហោះចំពោះគិរី សូរមេរុផាទីកំសាន្តទ័យា ។
រៀបរាប់ប្រាយប្រាប់ទៅថា ប្អូនអើយបព្វតា សូមេរុវង្កូល ។
នាងអើយនេះហើយកំពូល ខ្ពង់ខ្ពស់បណ្តូល បណ្តាច់គួរស្ញែង ។
ត្រសែតអណ្តែតឯកឯង ត្រដួសចិញ្ចែង ចិញ្ចាចសេងមណី ។ បព្វតាថ្លៃថ្លារង្សី
ដូចសែងសូរិយ៍ សន្ធោសន្ធៅ ។ ថ្មទទឹមថ្លាច្រាលឆ្អៅច្រាលឆ្អិនចាប់នៅ
ចាប់នឹងថ្មនីល ។ មណីរ័តន៍សសុទ្ធស្រស់ស្រិលពញ្រតពព្រិល ប្រពាឡរ័តន៍រាយ ។
ថ្មពេជ្រឆ្លុះលេចពិទាយ ពៃទូរ្យពណ្ណរាយ ពញ្រកបូរបុស្ស៍ ។ សត្តរ័តន៍នព្វរីតន៍ស្រិលស្រស់
ភ្លឺផ្លេកទាំងអស់ ទាំងឯមុក្តា ។ ស្វាយច្រាលពពាលសថ្លា
លឿងអនរតនាបៃតងខៀវខ្មៅ។ ញ្រតប្រុះឆ្លាស់ឆ្លុះឆ្អិនឆ្អៅ
ឆ្អិនឆ្អិតសន្ធៅ សន្ធោរស្មី ។ ទតស្រេចទើបស្តេចបក្សី ហិចហើរហោះខ្មី
ដល់សត្តបរិភ័ណ្ឌ ។ ប្រាប់ឲ្យមើលដោយភ្នំខណ្ឌ ទាំងប្រាំពីរជាន៉សូមេរុរាជ ។
ប្អូនភ្ងាមើលរ៉ាត្រដាច ត្រដឹងគួរខ្លាច ស្កិមស្កៃបវរ ។
ចន្លោះត្រង់ណោះសាគរ ឈ្មោះសីទន្តរ ចាក់ផ្រៅពេកក្រៃ ។ ទឹកល្អិតហៅឥតសរសៃ
ធ្លាក់អ្វីដល់ឰទឹកសឹងលិចលង់ ។ ប្រាយប្រាប់ស្រេចស្រាប់ពអង្គ កាកីទៅត្រង់សមុទ្រផលសៃ
។ ដល់ស្រេចទើបស្តេចវេនតៃយ បង្ហាញទៅឰសមុទ្រគង្គា ។ ប្អូនពៅនេះហៅផលសា
ឈ្មោះលោណមហា សមុទ្រទឹកប្រៃ ។ ធំឆ្ងាយទូលាយពេកក្រៃ ប្អូនអើយរំពៃ
មើលមានមច្ឆា។ កៀងគូត្រសង ហែបហែលដេញគ្នា ប្រែប្រឹងសំឡឹងរោលេចលើគង្គា
មើលហាក់ត្រើយត្រាន ។ សន្ធឹកដំទឹកប្រឹងប្រាណ ហែបហែលលលាន លលេលលាំ ។
ខ្លះសោតលោលោកទៅពាំ ចំណីទន្ទាំ អន្លេងទៅមក ។ ខ្ទារខ្ទរខ្ចាយខ្ចររលក
មច្ឆាតូចជ្រក ខ្លបខ្លាចប្រួញប្រាណ ។ ប្អូនមាសវរវាសមើលមាន
ទ្វីបបួនជាស្ថាន មនុស្សលោកនៅនិត្យ ។ ទ្វីបនោះមានកោះប្រកិត
ពីរពាន់ដុះជិត ជាតិជាបរិវារ ។ ប្រាប់គ្រប់សាយសព្វប្រការ
ស្រេចនាំនាងនាដ ទៅភ្នំហេមពាន្ត ។ ដល់ហើយគ្រុឌឆ្លើយប្រាប់ផ្កាន
ហៃប្អូនកល្យាណ មាសមើលគិរី ។ ហេពាន្តជាស្ថានទួលទីមើលរ៉ាប្អូនស្រី
ធារធមស្កិមស្កៃ ។ ប្អូនពៅមើលទៅនាព្រៃ ជាជួរល្អក្រៃ ឥតឯគណនា ។
មើលមានជាស្ថានគុិហា ស្រះស្រង់គង្គា ឈ្មោះអនោតាត្ត ។
ទឹកស្រះថ្លាជ្រះជ្រៅស្អាត ក្នុងនោះគ្មានជាតីត្រែងចកឈើស្មៅ៣ ។ ហូរចែកបួនបែកវិលនៅ បីជុំហួសទៅ
ទាំងបួនទិសទី ។ វេនតែយពនៃនារី ចុះស្រង់ស្រះស្រី ក្រសាលសប្បាយ ។
និរទុក្ខជាសុខស្កល់កាយ កាកីឆោមឆាយ ក្សេមក្សាន្តទ័យ ។
ស្រង់ស្រេចទើបស្តេចបក្សា បីបមកែកា-កី កាយកល្យាណ ។
ប្រាប់ឲ្យមើលដោយភ្នំមាន ព្រៃព្រះហេមពាន្ត ច្រើនក្រៃគណនា ។
ដុះដិតប្រកិតរៀងគ្នារៀបរាយជួរវា ផ្លែផ្កាយោនយាន ។
ក្រអែបក្លិនក្លែបសព្វឋានក្រអូបផលមាន រសរែងពីសា ។ មាសថ្លសរំពៃមើលរ៉ា
អុញ ហ៎្នសត្វវា កៀងគូរឈ្មោលញី ។ ដូចបងត្រកងប្អូនស្រី
នែបនៅឥន្រ្ទីយពុំឲ្យខ្លាតឃ្លា ។ ប្អូនតន់គួរគន់ពញ្ល ពញ្លត់រេរា
រេរកទំនៅ ។ ប្អូនភ្ងាមើលរ៉ាចចៅ ចចាតហើរទៅ ហើរទាបហើយយំ ។
មាសស្នេហ៍មើលឯស្រគំ ស្រកា៤ហើរទៅខ្លបខ្លាអ
។ ប្អូនអើយនោះហើយក្រសាំង ក្រសាសំកាំង សំកុលកន្ទុយ ។
ប្អូនមាសវរវាសមើលគុយមើលគូកហើរព្រុយ ហើរព្រាតរៀងរាយ ។
ប្អូនពៅមើលទៅប្រពាយប្រពេចប្រញាយ ប្រញាប់ទំផ្តាស ។ ប្អូនថ្លៃរំពៃមើលទាល
មើលទៀវទំជ្រាស ជ្រៀវជ្រើមជ្រប់ជ្រក ។ ប្ងូនតន់គួរគន់មើលឆ្លក
មើលថ្លុំហើរមក ហើរមីវិលវង់ ។ ទេវីស្រសស្រីមេើលខ្លុង មើលខ្លែងរេរង់រេរាសន្សិម
។ ស្រីស្រស់មើលអស់ទទិម ទទាទំផ្ទឹម ទំផ្ទាប់គូវា ។ ស្រីស្រស់មើលអស់ម្រឹគា
ម្រឹគីនានា ច្រើនណាស់ក្រាស់ក្រៃ ។ សីហាក្លៀវក្លានិរភ័យ និរភិតជាញជ័យ
នៅនឹងសីហោ ។ សិង្ហសេះគជកែះគោតគៅ លៀងភាខ្លាតោ កៀរកាល់ឈ្មោលញី ។
នរសិង្ហនៅនឹងនរសីហ៍ មាសមើលចាមរី នៅនឹងចាមរា ។
វេនតៃយពហ៍នៃជាយាទតសព្វបព្វតា ផលសៃព្រៃស្ថាន ។
ហើយហោះហាក់ព្យុះលុះបានដល់ទីពិមាន សិម្ពលីព្រឹក្សព្រៃ ។
គ្រុឌសុខនិរទុក្ខពេកក្រៃ កាកីមូលមៃ គ្រីត្រេកចិន្តា ។
បទព្រហ្មគីតគន់ កាលសុបណ្ណរាជបក្សា និងកាកីជាយា
រួមភិរម្យសុខសម្រាន ។ លុះគ្រប់សត្តទិវា ក្រុងគ្រុឌាគន់គិតច្យាន
ថាកាលអញលួចបាន កែវកាកីមកស្នេហា ។ បានប្រាំពីរថ្ងៃគត់
ចួបកំណត់ទៅលេងស្កា បើអញពុំយាត្រា សមគេគន់គិតសង្ស័យ ។
គិតស្រេចលួងយោមថា ហៃកែវកាកីថ្លើមថ្លៃ ឥឡូវចួបចួនថ្ងៃ
បងតែងតែទៅលេងស្កា ។ ចូរនាងនៅណាចៅ បងលាទៅតែពេលា
រសៀលព្រះសុរិយា នោះបងមកបងមិនខាន ។ កាកីស្តាប់គ្រុឌា
ទើបវន្ទាទៀងទូលថ្កាន ថាបពិត្រព្រះមាន គុណគួរគន់គិតប្រណី ។
កាកីនៅកន្លែង តែឯកឯងអង្គជាស្រី ធ្លាប់មានព្រះចក្រី
គ្រាន់ជាពីរនាក់និត្យនៅ ។ មិនគប្បីឃ្លាឃ្លាត ពីព្រះបាទព្រះបងទៅ
ប្អូនអន់ប្អូនអួលក្តៅ ក្រប្រយ័ត្នប្រយោជន៍ប្រាណ ។ ប្អូនខ្លាចអស់ខ្មោចព្រៃ
ស្ថេរស្ថិតឰទូរទីស្ថាន ទាំងយក្សយង់សាមាន្យ ពិទ្យាធររឹងឫទ្ធិរុង ។
មានឫទ្ធិមានជយោ ពាលពលោពាលាពង្ស ពុំពាពះពើបអង្គ
ខ្ញុំម្ចាស់អើយមករួមស្ថាន។ ខ្លាចខ្លួនជាតិជាស្រី តឫទ្ធីតើម្តេចបាន
បើគេមករួមស្ថាន សមកាកីរឹងជូរក្រៃ ។ ប្រុសមួយពីរចោលបង់
មករួមអង្គប្រុសដទៃ ពីរអង្គពុំប្រពៃ ស្តេចថែមប្រុសមួយទៀងផង
។
ជាបីប្រាណប្រុសគត់ ខុសកំណត់ច្បាប់កន្លង ដូច្នេះសូមព្រះបង
ព្រះបាទកុំចរលីលា ។ នាងទូលនាងទួញយំ ក្រាបប្រណម្យប្រនៀលនា
ព្រះបាទព្រះបក្សា សោកឥតអាក់ឥតឯស្បើយ ។ គ្រុឌស្តាប់អស់សំដី
លោមទេវីឲ្យល្ហែល្ហើយ ទុក្ខទៀងទើបធ្លាស់ឆ្លើយ កាន់កែវកាកីថ្លើមថ្លៃ ។
ប្អូនអើយបើបងពុំ លីលាសមគេគិតឆ្នៃ ថាបងលួចប្អូនថ្លៃ
ត្រកាលកាយមកស្នេហ៍ស្នង។
បងទៅមាសពុំគិត កុំព្រួយចិត្តណាមាសបង
បងចេះអាគមចង ទ្វារប្រាសាទជាប់ក្តាំងក្តាត់ ។ ទោះទាំងទេពទេវា
យក្សពិទ្យាធរសិល្បសិទ្ធិ៍ អារ័ក្ខខ្មោចរិងឫទ្ធី ពុំទម្លុះទម្លាយបាន ។
នាងនៅណានាងណា កុំសោកាឡើយកល្យាណ កុំទល់ទុក្ខកុំក្សាន្ត
កុំអាលោះអាល័យឡើយ ។
បងទៅៗពុំយូរ តែព្រះសុរិយាល្ងាចហើយ
បងវិលមកមាសអើយ ចូរនាងទៅណានាងណា ។ ប្រាប់ហើយគ្រុឌត្រកង
លោមស្នេហ៍ស្នងស្រេចយាត្រា
ដល់ក្រៅទ្វារប្រាង្គប្រា-សាទសេពចងទ្វារជាប់ក្តាត់ ។
ហើយប្រែប្រាណវិញជា គ្រុឌបក្សាសហាស៍ឫទ្ធិ ស្ទុះចេញពីស្ថានស្ថិត
ហៀវហោះហាហួសដូចដល់ ។
ដើមជ្រៃហើយចូលចាប់ ប្រែក្រឡាប់កាយឲ្យយល់
ជាមាណពដូចកល ដូចកាលមុននៅនាជ្រៃ ។ ក្រុងគ្រុឌប្រែកាឡា
ស្រេចយាត្រាឆ្ពោះទៅឰ ប្រាសាទមហាក្សត្រថ្លៃ ដល់ស្រេចហើយចរចូលថ្កាន ។
ឯអង្គមហាក្សត្រា យល់គ្រុឌាទើបស្តេចមាន ព្រះសូរបន្ទូលថ្កាន
និងក្រុងគ្រុឌសោះសង្ស័យ ។
តែក្នុងព្រះទ័យា ក្រេវក្រោធាពន់ពេកក្រៃ
គ្រុឌសោតសិងសង្ស័យ នឹករអៀសអង្គអាត្មា ។ ព្រះបាទព្រហ្មទត្ត
ស្តេចទ្រង់មត់ ព្រះក្រោធា ហើយត្រាស់ឲ្យយកស្កា
។
លង់លុះព្រះសុរិយេ ទន់ទាបជ្រេគ្រុឌទ្រើសឃ្នង នឹកកាកីកន្លង
ហើយលុតលាព្រះចមចៅ។
យាត្រាត្រង់ព្រះជ្រៃ គន្ធ័នវៃវៀងសំដៅ
លបលាក់ដើមតាមទៅ មើលដំណើរនៃគ្រុឌា ។ ដើរដល់ដើមព្រះជ្រៃ
ប្រែប្រាណវៃវិលវឹងជា ក្រុងគ្រុឌរាជបក្សា គន្ធ័នសោតនិម្មិតអង្គ ។
ជាស្រមើលទំនា រោមគ្រុឌាគ្រុឌឫទ្ធិរុង ស្ទុះហោះហើរពុំផ្សង
សំដៅដល់ដើមសិម្ពលី ។ ក្រុងគ្រុឌពុំដឹងខ្លួន គន្ធ័នពួនលើឥន្រ្ទីយ
ឃ្មាតតែហៀវហោះខ្មី លុះមណ្ឌលមន្ទីរស្ថាន ដល់ស្រេចគ្រុឌគិតគន់
ស្រាយនូវមន្តចងទ្វារបាន ហើយចរចូលទៅថ្កាន កែវកាកីស្រីសោភា ។
បក្សាសោតស្នេហ៍ស្នាល នាងត្រអាលនឹងគ្រុឌា សេពសុខសោតនិទ្រា
ទាំងពីរពិតឥតអំពល់ ។
បទកាកគតី រឿងរុងរង្សី សែងសុរិយោយល់ បំញ្រងស្វាងជ្រះ
ស្រះលះមណ្ឌល គ្រុឌនឹងនិរមល តើនពីបន្ទំ ។ សំណេះសំណាល
ក្រុងគ្រុឌត្រអាល លានាងឧត្តម នឹងចរចេញទៅ រកនូវអស់ចំ-ណី
នាព្រៃភ្នំ ព្រឹក្សាស្រះស្រី ។ គ្រុឌលានាងកា-កីចេញដល់ទ្វារ សេពមន្តឆាប់ខ្មី
ចងទ្វារស្រេចហោះ ផ្លេកផ្លោះនភី ដួចដល់ទួលទី ព្រៃព្រះហេមពាន្ត
។
កាលក្រោយគ្រុឌទៅ គន្ធ័ននោះនៅ ឯក្រោយប្រែប្រាណ ជាគន្ធញ្វ
នាងកាកីបាន យល់គន្ធ័នរាន រួតរួសមកដល់ ។ នាងនឹកថែថា
នេះសមព្រះមហា ក្សត្រក្សាន្តថ្កើងថ្កល់ ប្រើមករកអញ គួរអញធ្វើកល
ឲ្យគន្ធ័នយល់ ជាអញព្រួយចិត្ត ។ គិតស្រេចអាងថា ឳះឳភ័ព្វជា
ថ្ងៃនេះពេកក្តាត់ ចួបបងគន្ធ័ន ប្អូនគ្រាន់ស្បើយចិត្ត បងអើយចក្រវត្តិ
ម្ល៉េះទុក្ខកន្លង
។ បងអើយបងស្វះ បងស្វែងរួតរះ រួសរកប្អូនហោង
គន្ធ័នឆ្លើយថា ខ្ញុំបាទលីលា លួចមកពីនាយ មិនមានគេដឹង
ដំណឹងសព្វសាយ ខ្ញុំនិម្មិតកាយ ជ្រែករោមគ្រុឌា ។ ឯមហាក្សត្រថ្លៃ
ពុំព្រួយព្រះទ័យ នឹងអ្នកទេណា ខ្ញុំបាទអាណិត មានចិត្តមេត្តា
ខែងខំយាត្រា មកមិនគិតក្រែង ។ ជាហេតុបុណ្យខ្ញុំ បាទបានសាងសុំអំ
ពីព្រឹទ្ធព្រេង នាំមកទើបពះ ប្រទះអ្នកឯង អរណាស់ឥតថ្លែង
ឥតបើថ្លឹងបាន
។ នាងស្តាប់ពាក្យកៀស ពាក្យកលបញ្ចៀស បញ្ចូលចង់ប្រាណ
ថាចាសអរហោង ដោយបងគិតធ្យាន សមបុណ្យបុរាណ មែនពិតកន្លង ។
បានបងឯងកូវ គ្រាន់បានជាផ្លូវ នាំអាថ៌ទំនង ទៅចូលក្សត្រា
ដោយនាហេតុផង សមអរនឹងបង នឹងបានគុណគាប់ ។ នាងធ្វើជាស្មោះ
គន្ធ័នឮច្នោះ វៃវាងឆ្លើយឆាប់ សង្វាតតាមមក រួសរកស្ទើរស្លាប់
ស្រាប់តែក្រឡាប់ គ្មានគុណសោះសា ។ សង្ឃឹមបានដល់ នឹងបានដូចកល
ដូចចិត្តប្រាថ្នា ឥឡូវអ្នកចេះ វិលវៀះវាងថា ឲ្យមហាក្សត្រា
សងគុណឯនាយ
។ ឯអ្នកបុណ្យស្កល់ ទៀងទើបពុំយល់ គុណគេខ្វល់ខ្វាយ
សង្វាតតាមដិត ពុំគិតក្រងាយ គួរអ្នកនៅអាយ ដឹងគុណតិចរ៉ា ។
នាងស្តាប់ពាក្យកើច ឲនអស់សំណើច សំណេះថ្លែងថា ឲឯប្អូនស្រី
មានអ្វីថ្លៃថ្លា ឲ្យគាប់គួរជា រង្វាន់បងមក ។ គន្ធ័នឆ្លើយឆ្លៀង
ឆ្លើយឆ្លាសទៅទៀត អញណែមើលហ្ន៎ តែធនធានគ្មាន គង់មានទ្រព្យល្អ
អ្នកពុំនឹករ ឲ្យឯងពុំជា ។ ទើបនាងឆ្លើយថ្កាន បងអើយប្អូនមាន
តែខ្លួនទេណា នឹងនៅជាខ្ញុំ ក្រែងពុំប្រាថ្នា ហេតុនោះបានជា
ប្អូនថាពុំមាន
។ គន្ធ័នសើចសង ញញឹមឆ្លើយស្នង ថាបាទសូមទាន
តែត្រង់ណោះឯង គិតក្រែងបើបាន អរលើសធនធាន អ្វីៗជាម្តង ។
នាងឆ្លើយដោយស្មោះ ថាបើប៉ុណ្ណោះ បានទេណាបង ប្អូនខ្លាចបងចង់
បានត្រង់ទ្រព្យផង នោះនឹងរកសង គុណគាប់ក្រក្រី ។ គន្ធ័នឮច្នោះ
ព្រួយចិត្តចាប់ចោះ ចាប់បងមេត្រី ខិតខាងចូលជិត នែបនិត្យកាយី
ឲបអង្គកាកី មេចមួលថើបថែ ។ នាងព្រួចព្រើសចិត្ត ចងចាប់ប្រតិព័ទ្ធ
គឹមោះប៉ុន្តែ ការកេរ្តិ៍ខ្មាសស្រី ថាយីមើលនែ អញពុំស្និទ្ធស្នេហ៍
ប្រុសអ្វីដូច្នោះ
។ អញស្មានជាស្មោះ ថាទៅប៉ុណ្ណោះ ស្រាប់តែវិលវេះ
ប្រលោមប្រលែង អញឯងអញទេ ហ៊ានហួសម្តេចម៉្លេះ អញពុំដែលយល់
។
មាត់តែជជែក ប្រកួតប្រកែក ដោយមាយាកល ឯប្រាណប្រុសព្រម
ល្មាក់ល្មមមណ្ឌល ពុំគិតអំពល់ អំពើក្រែងក្រ ។ គន្ធ័នអរក្តាត់
យល់នាងចូលចិត្ត ប្រែប្រាណប្របប្រ- លោមលួងកាកី មេត្រីត្រេកត្រ-
កងកបីប បោសបានថើបថែ។ កកៀកកាន់ថន១ នានៃបបានប
ន្ទំតិមមូលមេ- ថុនធម្មត្រេកត្រ- កាលក៏ស្និទ្ធស្នេ- ហាហើយឥតឯ
មោះមានសង្កា
។ គន្ធ័នស្នេហ៍ស្និទ្ធ កាកីចាប់ចិត្ត រាគរសតណ្ហា
រាគរសតណ្ហា គន្ធ័នក្សេមក្សាន្ត ពុំមានភ័យា នាងភ្លេចគ្រុឌា
សង្សារថ្មោងថ្មី
។ រួមរសកាមោ លុះព្រះសុរិយោ បាត់បាំងគីរី
គន្ធ័នរិះធ្យាន ប្រែប្រាណវឹងខ្មី លបលាក់ឥន្រ្ទីយ ខ្លាបខ្លាចប្រួញប្រាណ។
ឯក្រុងគ្រុឌា បេះបានផលា ហើយវិលវឹងថ្កាន ប្រាសាទមណ្ឌល
តែដល់ព្រឹកធ្យាន ទៅទៀតពុំលង់ លុះដល់មួយថ្ងៃ ។ ពុំដឹងគន្ធព្វ
មកមិត្រសម្ភព
នឹងនាងនាដឰ ប្រាសាទមណ្ឌល លុះដល់ចួបថ្ងៃ
ប្រាំពីរវេនតៃយ លានាងកល្យាន ។ នឹងទៅលេងស្កា ស្រេចគ្រុឌលីលា
ចរចេញចាកស្ថាន គន្ធ័នដឹងជាក់ លបលាក់ប្រួញប្រាណ ប្រួញប្របចូលបាន
ជិតអង្គគ្រុឌា
។ ទំផទាប់គ្រុឌហើយ គ្រុឌហោះព្រងើយ ដល់ដើមព្រឹក្សា
និគ្រោធគ្រុឌប្លែង អង្គឯងចេញជា មាណពហើយយា- ត្រាត្រាច់ត្រង់ឰ ។
ចុងរោងរម្យរ័តន៍ ព្រះបាទព្រហ្មទត្ត យល់គ្រុងវេនតៃយ ត្រាស់ហៅលេងស្កា
នឹងមហាក្សត្រថ្លៃ លង់លុះដល់ថ្ងៃ រសៀលសុរិយា ។
បទអង្គភូជង្គលីលា
គ្រុឌលាក្សត្រា ចុះចរឆាប់ក្រៃ
។ ដូចដល់មណ្ឌលព្រះជ្រៃ
ហិចហើរវិលវៃ ដូចដល់ពិមាន ។ ក្រោយគ្រុឌលាផុតទៅថ្កាន
ព្រះមហាក្សត្រក្សាន្ត
យល់គន្ធញ្វ
។ ដល់ស្រេចទើបស្តេចត្រាស់ថា
ចងចរលីលា ទៅរកកាកី ។
ញ៉ាំងដឹងដំណឹងឬអ្វី គន្ធ័នចូលខ្មី ថាទូលព្រះបង្គន់ ។ ស្វែងស្វះលោកលះដំបន់
ទៅឃើញនៅម- ណ្ឌលទាល់សិម្ពលី ។ សត្វគ្រុឌវាម្រត់ក្សត្រី ទៅសេពបែតី
រួមរសមណ្ឌល
។ ទូលបង្គន់រង់មើលកល
ឯអ្នកនាងយល់ ដណ្តឹងមកខ្មី ។
ទូលបង្គន់ប្រុងស្រដី បង្វែងសេចក្តី ចងដឹងកិរិយា ។ ជាទុក្ខឬសុខម្តេចម្តា
ឬសោះសូន្យហើយ
។ ឃើញជាក់ជាអ្នកកន្តើយ
ពុំគិតសោកឡើយ ពព្រើមពព្រាយ ។
ចូលជិតហាក់ស្និទ្ធនិយាយ ធ្វើកលអាយនាយ នឹងទូលបង្គន់
។ យល់ប្លែកចំឡែកលេបលន់
វាលើសខ្នាតស៊ុន ពុំកោតពុំក្រែង ។ ឲ្យការចរចាចាយចែង ទូលបង្គន់ស្ញែង
ក្នុងចិត្តថាយើ
។ អ្នកនេះដល់ម៉្លេះមិញតើ
ឯងម្ល៉េះថាបើ វិលមកបុរី ។
ទំនងជាល្អងធូលី ព្រះបាទពុំភី រម្យរួមស្នេហ៍ស្នង ។ ដ្បិតគ្រុឌវាម្រត់ទេគ្រង
រួចរសកន្លង ជាពីអង្គហើយ ។ ហើយច្បាប់តម្លាប់មុនឡើយ មហេសីត្រាណត្រើយ
ពុំដែលដូច្នេះ
។ គិតយល់ដូចកលនេះ បានជាហ៊ានម្ល៉េះ លលែងទាល់ស៊ុន ។
ពុំបានទូលថ្កាជាមុន ដល់ស៊ុនក្រលុន ពុំចេប្រោសប្រាណ ។
ព្រះបាទនរនាថក្សត្រក្សាន្ត
ស្តាប់គន្ធ័នបាន ទូលទើបក្សត្រថ្លៃ ។ ត្រាស់កាន់គន្លឹះថាហៃ បងកុំសង្ស័យ
កុំភិតភ័យា
។ អញក៏ពុំយកទោសា កុំបីបងបា- រម្ភរិះខ្លាចឡើយ
។
សោកថ្វីមេស្រីកន្ត្រើយ វាម្ល៉ោះអស់ហើយ នរណានឹងរាប់ ។ លើបងឯងហោងបងស្រាប់
អញពុំក្រឡាប់ យកគុណជាទោស ។ ម្តេចៗគង់គេចចោលប្រោស ប្រុងប្រែសន្តោស
ប្រុងប្រែសន្តោស ពុំគិតច្នោះច្នេះ ។ ខឹងថ្វីស្តេចក្តីប៉ុណ្ណេះ ទោះលើសពីនេះ
អញក៏ពុំខឹង
។ ចូរបងត្រិះត្រងជញ្ជឹងធ្វើកលម្តេចនឹង បានមកវិញណា ។
កុំឲ្យដូចដោយចិត្តវា ពង្រាត់ពីគ្នា គ្រាន់មើលមុខលេង ។ គន្ធ័នរួសរាន់ទូលថ្លែង
ទូលបង្គន់ឈ្វេង ដោយកលប្រាជ្ញា ។ យើងចាំទម្រាំទិវា ប្រាំពីរគ្រុឌា
វិលមកពុំខាន
។ បើវាលីលាដល់ស្ថាន ទូលបង្គន់ធ្យាន គិតយល់នឹងផ្សំ ។
ចំរៀងច្រួចច្រៀងដេញដំ ពិណពេ័ពាក្យពំ- នោលនឹកកាលគ្រង ។ ឲ្យជួនកាព្យកលកន្លង
កន្លេចទំនង ទំនុកទំនើប ។ កន្លេចពាក្យ ពេចន៍ពីពើប
ពះពាសំរើប សំរាលតណ្ហា ។ នឹងអ្នកនាងជាក់នៅនា នៃដើមរកា
រកកលកិច្ចកាយ
។ បើគ្រុឌឮបទអភិប្រាយ
យល់ជានឹងស្តាយ គំនិតគំនាប់។
អន់អៀនកង្កៀនស្ទើរស្លាប់ហើយនឹងក្រឡាប់ ទៅយកអ្នកមក ។ ថ្វាយវិញដោយខ្នាញ់ទាល់ក
នឹងធ្មេចភ្នែកយំ ពុំបានជាម្តង ។ សូមទានយល់បានដូចប៉ង តាមដោយទំនង
ហ៊ានថាជាបាន
។ ឯក្សត្រព្រហ្មទត្តក្សេមក្សាន្ត
ឮគន្ធ័នធ្យាន ត្រេកត្រូវព្រះទ័យ ។
ទ្រង់អរសាទពេកក្រៃ បន្ទូលថាហៃ គន្ធ័នអើយបង ។ ត្រិះត្រូវត្រង់ផ្លូវទំនង
គង់បានដូចប៉ង យើងគិតប្រាថ្នា ។ ថាស្រេចទើបស្តេចលីលា ចរចូលក្រលា-
បន្ទំសុខសៃយ
។ លុះគ្រប់ជួបចប់ដល់ថ្ងៃ
ប្រាំពីរវេនតៃយ លានាងរួចហើយ ។
ស្ទុះហោះផ្លេកផ្លោះព្រងើយ
ឆ្លាសឆ្លងដល់ត្រើយ ជម្ពូទ្វីបស្រេច ។ ចុះដល់មណ្ឌលជ្រៃគេច
ក្លាយមួយរំពេច ជាអង្គមនុស្សា ។ ដើរដល់មណ្ឌលអាសនា ស្តេចឲ្យយកស្កា
លេងនឹងសុប័ណ្ណ
។ ព្រះអង្គទតត្រង់គន្ធ័ន ក្រឡេករួសរាន់ ជាហេតុឲ្យយល់
។
បទកាកគតិ គន្ធ័នរួសរិៈ ដឹងឆាប់ពុំឆ្ងល ចាប់ពិណដេញដំ ច្រៀងផ្សំសូរសល់ ជាពាក្យកិច្ចក ទំនុកឱតថា ។
អុះឱព្រះពាយ រំភើបរំភាយ ផាត់ក្លិនគន្ធា
រសរូក្លិនស្រី កាកីស្ងួនភ្ងា បងចាំជាក់ជា
ក្លិនប្អូនមិញទេ ។
ឳក្លិនកាកី មិនដូចអស់ស្រី នឹងស្រីអស់គេ
រែងតែងអប់អស់ គន្ធរសវិលេប្ន៍ កាកីមាសមេ
ក្រអូបអង្គឯង ។
ឳកិ្លនកាកី ត្រកាលកលអ្វី ពិដោរល្វើយល្វែង
ដិតដោយអង្គា កាលគ្រារៀមរែង ប្រលោមប្រលែង
ព្រលឹងប្អូនតន់ ។
ឱស្ថានសិម្ពលី ជាសុខឥតបី ឥតបើមានម-
ន្ទិលទាល់តែបាត់ លះលាកដំបន់ ប្អូនអើយបងគន់
បងគិតដល់ស្រី ។
ប្រាសប្រាំពីរថ្ងៃ បាត់ក្លិនប្អូនថ្លៃ ថ្ងៃនេះហេតុអ្វី
ពិដោរក្លិនខ្លួន ប្អូនស្ងួនពិសី ដោយគេបេតី
តន់តូចពុំងា ។
ទើបជាប់ក្លិនមេ ក្លិនដិតដោយគេ ឈ្ងុយឈ្ងប់មោះហិមា
ឱម្លេះសមស្រី កាកីកល្យា- ណីនៅកំព្រា
ត្រមោចម្នាក់ឯង ។
ឯក្រុងគ្រុឌធា ស្ដាប់គន្ធព្វា ច្រៀងច្រួចឥតក្រែង
ក្រោធក្រៃម្នាក់ម្នេញ គ្នាន់ក្នាញ់ខឹងខែង គិតថាអាដែង
នេះគិតច្រៀងជា ។
ទំនុកសរសើរ ទំនងដំណើរ ពីកែវកនិដ្ឋា
ខឹងខំតែអត់ សង្កត់ចិត្តជា អះអត់ឲ្យវា
ងាយដឹងសេចក្ដី ។
ឯគន្ធ័នសោត ដឹងដើមគ្រុឌក្រោធ រែងរិចចាប៉ី
ផ្សំសព្ទសូរសៀង ច្រួចច្រៀងស្រដី ថាឱស្រស់ស្រី
កែវការណិកា ។
ម្លេះសមនាងនឹក នាងនឹងសន្ធឹក សន្ធៃផ្សាយផ្សា
បើបានបងនៅ ថ្នមពៅឲ្យជា សោះប្អូនរងា
រងាប់ចិត្តចៅ ។
ស្ដាយអើយមកប្រាស ព្រាតវរមិត្រមាស ពុំបាននែបនៅ
ថ្នាក់ថ្នមផ្ដេកផ្ដិត ក្នុងចិត្តចង់នៅ ទៀតតាមថ្នមពៅ
នៅស្ថានសម្ពលី ។
គ្រុឌស្ដាប់រែងរឹង ក្ដួលក្ដៅតានតឹង ដូចកលអគ្គី
ឈួលឆេះផ្សប់ផ្សា ឱរាបក្សី ហើយខំស្រដី
ទាំងទាល់ទៅថា ។
នែអ្នកចំរៀង អ្នកឯងអ្នកច្រៀង ពីស្ថានគ្រុឌធា
យើងស្ដាប់យល់ប្លែក ចំឡែកមោះហិមា ដ្បិតអ្នកជាតិជា
ប្រាណប្រុសដើរដី ។
ម្ដេចក៏ទៅដល់ ទីស្ថានមណ្ឌល មន្ទីរសិម្ពលី
អ្នកដឹងជាស្ថាន ពិមានបក្សី ក្រុងគ្រុឌទាល់ទី
ភ្នំសត្តបរិភ័ណ្ឌ ។
ហើយមានជលធី ដោយជាន់គិរី ឈ្មោះសត្តសីទ-
ន្តរដោយវង់វិល ប្រាំពីរទ្វីបជាន់ សមុទ្រខាំងខណ្ឌ
ធេងធំឆ្ងាយសល់ ។
ហើយមានមច្ឆា និករកុម្ពា នាគនឿកកាចកល
បើឃើញមនុស្សម្នា សត្វណាធ្លាក់ដល់ សមពុំសំណល់
នឹងអស់សត្វផង ។
អំបាលគ្រុឌហោះ ខែងខំផ្លែកផ្លោះ ថ្នាស់រួចរំលង
ទើបបានទីដល់ មណ្ឌលទិព្យផ្គង អ្នកឯងម្ដេចម្ដង
អ្នកថាទៅបាន ។
ឬមួយច្រៀងលេង ទំនុកល្បើកល្បែង ដោយដឹងនិទាន
ឬចេះផ្លេកផ្លោះ ហិចហោះទៅបាន ឬមួយអ្នកមាន
មន្តសិល្បសាស្រ្តា ។
អ្នកថាបានទៅ យើងឆ្ងល់ឆ្ងាយនៅ សន្ធិះសង្កា
បើអ្នកបានរៀន របៀនត្រង់ណា យើងចង់ចូលជា
សិស្សសូមរៀនផង ។
គន្ធ័នស្ដែងស្ដាប់ សើចសងប្រាយប្រាប់ ដោយដានទំនង
ដំណើរថាយើង មិនទើងហោះផ្សង ចិត្តហ៊ានរំលង
ដោយសារគ្រុឌធា ។
ជ្រែករោមគ្រុឌទៅ ទាល់ទីលំនៅ កែវកាណិកា
គ្រុឌគ្រងឯយប់ យើងឈប់និទ្រា លុះរម្លងរា-
ត្រីត្រូវយើងគ្រង ។
ថ្ងៃគ្រុឌតែងទៅ ចេញចោលលំនៅ យើងនៅស្នេហ៍ស្នង
ក្រុងគ្រុឌពុំដឹង ដំណឹងទំនង តែយើងគិតម្ដង
ខ្លាចមាតុគាមា ។
ប្រាប់ភ្លៀងធ្វើភ្លេង ចំអន់លេញលេង ជាពាក្យកាព្យ
ពិរោះពិណពេក ស្រួលស្រែកឱតថា ឱស្រីស្រស់កា-
កីកែវបងអើយ ។
ពិដោរក្លិនស្ងួន ហាន់បានឃើញខ្លួន ជិតជាក់បង្កើយ
កាលបងនឹងពៅ នែបនៅ
ៗ ឡើយ ព្រលឹងបងអើយ
ធ្លាប់ស្និទ្ធស្នេហា ។
ក្រោយគ្រុឌទៅបាត់ បានបងប្រដិព័ទ្ធ ស្នាប់ស្នងគ្រុឌធា
ថ្នាក់ថ្នមផ្ដេកផ្ដិត ជួញជិតឱរា កេសកើយខ្នើយជា
មួយមិនដទៃ ។
ក្សេមក្សាន្តសាទរ សេពសុខសមពរ រួមរសមូលមេ-
ត្រីត្រេកមនោរម្យ បន្សំសុខសៃ- យាសយូរគ្រប់ថ្ងៃ
ប្រាំពីរនឹងបង ។
ឱស្រីបងបាត់ ស្រីស្ងួនសមស្ងាត់ សមស្ងួននឹងរង
ទុក្ខទល់ម្នាក់ម្នេញ កន្លេញកន្លង កន្លេងគិតបង
បងបាត់លង់លន់ ។
កុំមានគ្រុឌធា បងនឹងស្ងួនភ្ងា ឲ្យអស់ជីពជន្ម
ឥឡូវគ្រុឌគ្រង មូលផងសម្ពន្ធ ប្អូនអើយបងអន់
បងអួលឱរា ។
ឱបងនឹងយក មេមាសមិត្រមក ដិតដោយអាត្មា
មោះឬបងដើរ ដំណើរវេហាស៍ ដោយសារគ្រុឌធា
នានាំបងមក ។
គន្ធ័នច្រៀងថ្វាត់ ថ្វាយបង្គំក្សត្រ ឥសូរពន្លក
គ្រុឌស្ដាប់ឮជាក់ ហើយហាក់គេយក កាំពិសសរស៊ក
ក្នុងអង្គឱរា ។
អៀនឱនដាក់មុខ នឹងពាក្យទំនុក ទំនងកាព្យា
យល់មែនពិតពុំ បន្សំចរចា គ្រុឌខ្នាញ់ចិន្ដា
ខឹងហើយស្ដាប់ផង ។
ស្ដាយក្លិនក្រអូប ស្ដាយទាំងរាងរូប ស្ដាយចិត្តស្នេហ៍ស្នង
ស្ដាយចេះកោតការ សង្សារទំនង ស្ដាយទាំងល្បែងល្បង
បានបទលែបខាយ ។
ស្ដាយណាស់រែងក្នាញ់ គ្នាន់ក្នុងពោះពេញ ក្រោធក្រៃក្រហាយ
ក្រហល់បំផុត រអុកក្នុងកាយ ពិតពុំរសាយ
ជញ្ជឹងគិតឈ្វេង ។
ឱខ្លួនអញខ្លៅ គំនិតឆោតឆៅ គេពុំកោតក្រែង
គេលួង[1]កលបាន ដូចភានគេស្ដែង ហើយគេមកថ្លែង
កាលគេស្នេហា ។
ឲ្យអន់អៀនខ្មាស អាប់អាស្រូវភាស នៃអ្នកនានា
បំណាច់ឲ្យឫទ្ធិ សិល្បសិទ្ធិ៍សាស្រ្តា ប្រាណប្រែក្រឡា
ហើរហោះផ្លោះបាន ។
គង់ចាញ់កលគេ ព្រោះចិត្តធ្វេសធ្វេ ប្រមាទប្រុសប្រាណ
ជាប្រុសដូចគ្នា លោកថាឲ្យមាន ចិត្តចេះរិះធ្យាន
ដូចកង់រាជរថ ។
អញបង់សំណាញ់ គិតគាប់ទៅមិញ បានដឹងពីពុត
ស្រីស្រាលស្រើបច្នេះ ពុំចេះអន់អត់ ចំណេរកាន់កត់
លុះអស់ជន្មា ។
គិតស្រេចវេនតៃយ ស្រដីវឹងវៃ កាន់គន្ធ័នថា
អើអ្នកកូវេន អ្នកមែនជាតិជា ប្រាណប្រុសប្រាជ្ញា
ប្រកបវាទី ។
ផ្សំសូរសមសព្ទ ពិណពីរោះគាប់ កលកាព្យពាក្យពី-
រោះរៀបទំនុក ដាក់ទុកសំដី ជួបជួនឥតបី
ទញ់ទាល់ទំនង ។
គ្រុឌថាហើយលា ព្រហ្មទត្តរាជា ចរចេញទៅផ្គង
ដល់ដើរជ័យបាន ប្រែប្រាណដូចប៉ង ហើរហិចហោះផ្សង
ដល់ដើរសិម្ពលី ។
សេពមន្តបើកបាន ទ្វារស្រេចចូលថ្កាន យល់អង្គកាកី
ក្រោធក្រៃក្ដៅក្ដាត់ ក្នុងចិត្តបក្សី ដូចកលអគ្គី
ឈួលឆេះឱរា ។
បទពោលកាលក្រុងគ្រុឌធា គង់លើអាសនា ក្រលេកក្រឡៅសំឡឹង ។
ខំអត់សង្កត់នូវកំហឹង កំសាន្តដែលខឹង កំដឹងកំដៅទៃយា ។
សួរសាកដោយសព្ទវាចា កាលយើងយាត្រា អំពីពរាណសី ។
មកនៅនាស្ថានសិម្ពលី ម្ភៃពីររាត្រី ប្រាកដប្រកបសុខសាន្ត
។
ញ៉ាំងយល់នរណាអាចហាន ចូលប្លមប្លែងប្រាណ មកនែបមកនៅឬទេ ។
កាកីដោះសាថាមេ នរណាឡើយគេ ពិជាញនូវជ័យចូលបាន ។
ខ្ញុំនៅឯកឯងនាស្ថាន នេះនិរអ្នកហាន មកដិតមកដល់ ៗ ម្ដង ។
គ្រុឌស្ដាប់កាកីសាសង ក្រោធក្រៃកន្លង កន្លាញ់រឹងក្នាញ់ក្នុងចិត្ត ។
ថាជើចេះពើពេកពិត ឆ្លើយបែរបាំងបិទ បង្វែងបង្វិលវៀសវៀង ។
អញដឹងអស់ហើយកុំនាង ប្រាយប្រាប់ប្រែព្រាង កុំជាងកុំចេះលាក់សម ។
សហាយនិរណាយចាកចំ- បែងបែកលាក់លំ- នៅនេះទាល់ទៅបាត់បង់។
ហើយចេះវិលវេះអួតអង្គ ថាឯងស្មោះត្រង់ ពុំដឹងពុំយល់នរណា ។
អញសង្វាតថ្នាក់ថ្នមស្ងួនភ្ងា ដូចកលជីវ៉ា ជីវិតជាមួយមូលអង្គ ។
ពុំគិតកេរ្តិ៍កោះបាបបង់ បុណ្យបទចិត្តចង់ នឹងយកជាមិត្រពនិតា ។
មិនដឹងជាចិត្តសាធារណ៍ នៅសព្វថ្ងៃផងគ្នា ហើយខំឆ្លៀតមានសហាយ។
ឥឡូវវាភិតភ័យកាយ ក្រែងដើមវាណាយ វានឹកវានៅពុំបាន ។
ហើយវាវិលវឹងទៅស្ថាន នែមឹងម្ដេចហាន ប្រកួតប្រកែកមាយា ។
នរណាឯងក្រៃពីវា គឺគន្ធព្វា ភីលៀងនៃប្ដីហងឯង។
កាកីស្ដាប់ស្ដីយល់ស្ដែង ភ័យភិតហើយថ្លែង ថាយើព្រះអង្គម្ដេចថា ។
ឲ្យអាស្រូវភាសណាស់ណា ចង់សើចទៅហា មកថាម្ដេចនឹងគន្ធ័ន ។
បើអ្នកណាឃើញជាក់ស្យាន់ គួរយកមកផ្ទាន់ មកផ្ទឹមប្រទល់មុខគ្នា ។
បើពិតគួរកាត់សិរសា កុំព្រះអង្គថា ជាខ្ញុំពុំត្រូវពុំត្រង់ ។
រីស្ថានពិមានចមចុង សិម្ពលីខ្ពស់ខ្ពង់ ជិតជើងសុមេរុក្រក្រៃ ។
មនុស្សណាឯងអាចជាញជ័យ ហើរហោះឆ្លងឰ សត្តសីទន្តរដល់ជិត ។
ទ្វារសោតមន្តចងក្ដាំងក្ដិត ជាប់ជួនប្រសិទ្ធិ៍ ប្រសើរនូវសាស្ត្រាគម ។
កុំថាតែមនុស្សឃោរខំ ទោះទេពឥន្ទ្រព្រហ្ម វិជ្ជាធរ [2]អាសុរី
។
ពុំអាចវៃវាតវេធី [3] ដោះដេចពន្ធ័ន សុប័ណ្ណសម្រិទ្ធីចង ។
គន្ធ័នណាចេះហោះផ្សង ទោះចិត្តប៉ុនប៉ង នឹងមកដើរមកម្ដេចបាន ។
ខ្ញុំសោតជាខ្ញុំក្សត្រក្សាន្ត ពូជពង្សសន្ដាន ជាហង្សគួរគូនឹងហង្ស ។
ម្ដេចខ្ញុំភ្លេចភ្លាំងបោះបង់ ចិត្តចោកចើកចង់ ហង្សហើយទៅគប់នឹងក្អែក ។
អាប់អង្គពូជពង្សប្លែងប្លែក មួយគិតរលែក ប្រណីព្រះទ័យប្រោសប្រាណ។
ព្រះស្ម័គ្ររួមរ័ករួមស្ថាន ពុំទាន់ប៉ុន្មាន នឹងចោរនឹងចោលភូមិន្ទ្រ ។
សូមព្រះអង្គអត់គិតសិន កុំអាលស្ដេចជិន ព្រះទ័យសង្ស័យអន់អាក់។
ធម្មតាមេត្តាស្មោះស្ម័គ្រ កុំស្ដាប់ពាក្យអ្នក ដទៃជន្លេញលលួង ។
ឲ្យឆ្ងល់វិលវល់ដោយល្បួង ពាក្យល្បែងទាំងពួង បំភ្លាំងបំភ្លាត់គំនិត ។
គ្រុឌស្ដាប់កាកីរែងរិត គ្នាន់ក្នាញ់ក្នុងចិត្ត ពុំមានរសាយក្រោធា ។
ទើបត្រាស់ដោយរាជវាចា ថាស្ដាប់មើលវា ស្រីពាលសរសន់អប្រិយ ។
វាចេះតិចទេស្ដាប់ស្ដី បទយើងប្រុសថ្មី សម្រួលសម្រាលដោះខ្លួន ។
បើមិនដឹងពុតជាក់ជួន យល់ជាជឿមួន ដោយកលដោយកិច្ចក្បួនក្បាច់ ។
អញដឹងអស់ហើយកុំបាច់ ដោះសាឲ្យស្រេច បង្វេះបង្វែងសេចក្ដី ។
គន្ធ័នវាដេញចាប៉ី ច្រួចច្រៀងស្រដី ថាបានមកនៅ ៗ នេះ ។
ហើយបានរួមរសម្លោះម្លេះ ប្រាំពីរថ្ងៃនេះ ហើយពនេចរចាកចេញ ។
វាច្រៀងឆ្ពោះមុខហើយដេញ ពិណពោលជន្លេញ ជន្លអញខ្មាសមនុស្សា ។
អាប់យសអប្រិយណាស់ណា ស្ទើរនឹងមុជជ្រែកក្រលា ប្រឋពីឲ្យស្លាប់ជាម្ដង ។
ខ្មាសពាក្យវាច្រៀងផ្ដោះផ្ដង ចំអន់លេញលង ដោយកលអំពាក្យពាល ។
គិតស្មានជាស្មោះស្និទ្ធស្នាល ពុំដឹងស្រើបស្រាល មានប្រុសចេះលាក់សំដី ។
ស្មានហង្សតែងស្រង់ស្រះស្រី ហង្សអ្វីអប្រិយ មកផឹកឯទឹកថ្លុកល្អក់ ។
រូបល្អចិត្តអាក្រក់ ស្អុយក្រៃលាមក ក្រអូបតែក្លិនអសារ ។
ចិត្តចៅដូចជលធីធារ ហូរហួសហៀវហា ពុំរើសពុំរកព្រែកណា ។
នែមឹងអញនាំយាត្រា វិលវឹងនគរា ក្នុងនារាត្រីនេះឯង ។
កាកីប្រណម្យទូលថ្លែង សូមទានស្ដេចឈ្វេង មេត្តាករុណាសិនរ៉ា ។
ម្ដេចជឿដោយពាក្យគេថា ដោយកលប្រាជ្ញា បញ្ចុកបញ្ជោតឲ្យបង់ ។
បើនាដកូវេនចិត្តចង់ ច្រៀងថាព្រះអង្គ មានតែក្នុងព្រះឧទរា ។
ច្នោះតើនឹងវះកាយា ដោយពាក្យគេថា ឬទ្រង់ចិន្ដារំពឹង ។
ស្ដេចស្ដាប់តែម្ខាងហើយនឹង ខ្ញិវខ្ញាល់រួសរឹង កំដឹងកំដៅក្រហាយ ។
ខ្ញុំសូមពិសោធខ្លួនថ្វាយ បើមែនមិនស្ដាយ ជីវិតសូវស្លាប់ទៅជា ។
រីនឹងវិលវឹងនគរា សូវក្ស័យជន្មា នៅនាព្រះបាទព្រះបង ។
គ្រុឌស្ដាប់ពាក្យពើឆ្លើយស្នង រឹងខឹងកន្លង ក៏ញ័ររន្ធត់អង្គឯង ។
ភក្រ្តាក្រហមទុំទែង ចក្ខុដាលដែង រូហានលោហិតស្រក់ស្រោច ។
ផ្សព្វផ្សាឱរាខ្លាំងខ្លោច ហាក់នឹងបោច របេះប្រមាត់សាច់សួត ។
ថានែមេចោរច្រើនប្រួត អញឯងមិនឆ្កួត នឹងពាក្យនៃមេមាយា ។
បើអញរួមរ័កស្នេហា នឹងមេលុះអ- នាគតគេដៀលចំហុត ។
ថាអញជាស្ដេចក្រុងគ្រុឌ ជាអ្នកពាលពុត អង្គុយជឿពាក្យមាយា ។
វាជិតទុកចិត្តថាជា ធ្មេចភ្នែកស្នេហា ល្ងើល្ងង់វង្វែងខ្លៅខ្លោះ ។
ថាស្រេចគ្រុឌហៀវហោះ មួយជំទាស់ដៃឆ្ពោះ ដូចដល់ពាណរាសី ។
ហើយជាក់នៃអង្គកាកី នៅព្រះលានទី ព្រះបាទព្រហ្មទត្តចមចៅ។
ហើយថានែហងកាលនៅ នឹងអញនោះកូវ ដ្បិតប្រុសតែម្នាក់អញឯង ។
ពុំស្កល់ពុំស្កប់ចិត្តល្បែង ឥឡូវហងឯង ប្រឡែងនឹងប្រុសឲ្យស្កប់ ។
ច្រើនហើយលេងចុះកុំឈប់ ទាំងថ្ងៃទាំងយប់ កុំឲ្យស្ងប់ស្ងួតស្រាកស្រាន្ត ។
តែពីនេះទៅនិព្វាន កុំឲ្យអញបាន ប្រសព្វដូច្នេះទៀតឡើយ។
ថាស្រេចហិចហោះព្រងើយ អាចឆ្លាស់ឆ្លងត្រើយ ទៅដល់នៃដើមសិម្ពលី ។
នេះបទកាកកា តិក្រោយគ្រុឌធា វិលវឹងទៅទី
លុះព្រះសុរិយា មគ្គោរង្សី ព្រះបាទចក្រី
ព្រហ្មទត្តរាជា ។
ស្ដេចតើនជំរះ សោយព្រះស្ទន់ជ្រះ លាបលាយគន្ធា
រសរួចទ្រង់អស់ ព្រះពស្រ្ដភូសា ព្រះទម្រង់ខ័នថ្លា
ស្ដេចចរចេញខ្មី ។
បើកព្រះកៅតា ឈ្មៀងព្រះនេត្រា យល់អង្គកាកី
អង្គុយនាស្ថាន ព្រះលានចក្រី ស្ដេចមានសេចក្ដី
ក្រោធក្រៃសែនសល់ ។
អន់អាក់អួលឱ- រារោលឈួលឆោរ អស់អង្គរចល
គឺមោះខំអត់ សង្កត់ទប់ទល់ ចង់ជ្រាបកិច្ចកល ដំណើរដើមដាន ។
ព្រះឱស្ឋទិព្វតន់ ត្រាស់ទ្រង់ចំអន់ ចំអកទៅថ្កាន
ថាវោកាកី ស្រស់ស្រីបងបាន ទៅនៅនាស្ថាន
សួគ៌សោយសេពសុខ ។
បងតែងទន្ទឹង មើលផ្លូវព្រលឹង ដេកស្ទើរមិនលក់
ទាំងថ្ងៃទាំងយប់ សញ្ជប់ជាទុក្ខ ឥឡូវឃើញមុខ
ថ្លៃថ្លើមបងមក ។
ដល់ព្រះលានហើយ នៅថ្វីព្រងើយ អង្គុយជ្រប់ជ្រក
អញ្ជើញប្អូនស្ងួន ខ្លិនខ្លួនពន្លក លីលាឡើងមក
ប្រាសាទសួស្ដី ។
បងអរពេកពិត ខបចៃ
[4]នឹងចិត្ត ព្រលឹងកែវថ្មី
បំណាច់បំរុង តែងផ្ចុងផ្ដើមពី តូចទាល់តែនី-
រាសរៀមបាត់ទៅ ។
រៀមរែងដំកើង ដំកល់លើកឡើង ជាឯកឥតគូរ
ស្នំស្និទ្ធឆ្វេងស្ដាំ ចាំបំរើនៅ ដង្ហែគាល់ហ្វៅ
សព្វទិនទិវា ។
ពុំដឹងគិតប្រែ ប្រាសប្របចិត្តស្នេហ៍ ទៅនឹងគ្រុឌា
ចេញចោលលះលាក ប្រាសាទបរិពារ លបទៅនៅនា
ពិមានសិម្ពលី ។
ស្នេហ៍ស្នាលនឹងគ្រុឌ បានតែកំណត់ ប្រាំពីររាត្រី
ក្រលៃក្រលាប់ ប្រែចាប់ប្រដិ- ព័ទ្ធពន្ធមេត្រី
នឹងអង្គគន្ធព្វ ។
ប្រុសមួយហើយឆ្លៀត មួយហើយមួយទៀត ថែមធួនបីគ្រប់
គ្រាន់ស្កប់ចិត្តចៅ ឬនៅពុំស្កប់ ឬចងឲ្យសព្វ
ដល់បួនប្រាំត្រួត ។
ចៅធ្វើគំនាប់ មុខគួរឲ្យរាប់ អានអង្គអរអួត
ដោមដាក់ដំកើង លើកឡើងដម្រួត សម្រេចជាឆ្កួត
ជាឆ្នើមនគរ ។
ចិត្តចៅដូច្នេះ ជម្ពូទ្វីបនេះ គ្មានសោះទោះចរ
រកផ្ដាច់ពុំដូច ពីតូចទាល់មរណ៍ ក្រណាស់ច្នេះអរ
យកទុកម្ដេចបាន ។
កាលនោះកាកី លុតលើកអញ្ជលី វរវន្ទក្សត្រក្សាន្ត
ទៀងទើបទួញទូល ទំនូលដោះប្រាណ ថាបពិត្រគ្មាន
ដូចខ្ញុំម្ចាស់ឡើយ ។
មោះចិត្តខ្ញុំម្ចាស់ នេះពិត
ៗ ណាស់ ស្រឡាញ់ឥតស្បើយ
មិនមានធ្វេសធ្វេ ទៅទេម្ចាស់អើយ សូមព្រះត្រាណត្រើយ
ទ្រង់ព្រះចិន្ដា ។
ឲ្យទុកក្នុងចិត្ត ប្រាកដមែនពិត មិនមានមុសា
កុំតាមពាក្យញុះ ឲ្យលុះមរណា បោះបង់បាទា
ព្រះអង្គក្សត្រក្សាន្ត ។
កាលកើតកលិយុគ ងងឹតកាលនោះ ក្រុងគ្រុឌតិរច្ឆាន
ហោះហើរចូលដល់ មណ្ឌលទីស្ថាន ខ្ញុំម្ចាស់សោតបាន
ស្រែករកភូបាល ។
ពុំឃើញព្រះបាទ ព្រះបងសង្វាត តាមទៅឡើយកាល
ណោះនោះសុប័ណ្ណ លោភលន់ពន់ពាល ពាពត្រអាល
ហើរហោះវេហាស៍ ។
ខ្ញុំម្ចាស់ពុំគិត ពុំចូលចាប់ចិត្ត ស្នេហ៍នឹងគ្រុឌា
វត្តក្ដិចខ្វារខ្ញាំ ជេរខាំដៀលថា ឲ្យលែងចោលនា
កណ្ដាលនភី ។
ឲ្យធ្លាក់ចុះក្នុង សមុទ្រលិចលង់ ក្សិណក្ស័យជីវី
ដ្បិតឃ្លាតបោះបង់ នឹងអង្គចក្រី គ្រុឌរាជបក្សី
ពុំលែងពុំស្ដាប់ ។
ខែងខំតែហោះ ហៀវហើរផ្លេកផ្លោះ ដល់ស្ថានឆុតឆាប់
ខ្ញុំម្ចាស់សោយសោក អាមោក្ខស្ទើរស្លាប់ ទឹកភ្នែកជ្រៀវជ្រប់
ដាល់ដូចលោហិត ។
ពុំមានចិត្តប្រែ ឃ្លាតឃ្លៀងបែងបែរ ពីព្រះបពិត្រ
ស្រឡាញ់សុប័ណ្ណ ដល់ប៉ុនចំណិត សក់សូមពិនិត្យ
ដោយព្រះប្រាជ្ញា ។
ទាល់តែគ្រុឌរាជ មានឫទ្ធិអំណាច កំហែងស្នេហា
ខ្លួនសោតជាស្រី ចេះអ្វីនឹងរា រាំងរូបឲ្យជា
ចាំជួបក្សត្រក្សាន្ត ។
សង្រេងជាទុក្ខ សង្រៃជាអុក ពិតពុំស្រាកស្រាន្ត
បើគ្រុឌមកទៀប នឹងហៀបធ្វើច្រាន ឲ្យក្ស័យព្រោះមាន
ចិត្តគិតក្សត្រា ។
ក្រែងបានជួបវិញ បើពុំជួបមិញ សូមក្ស័យជន្មា
ទូលទៅច្នេះតើ មានបើនរណា នឹងឃើញជឿថា
ចិត្តនៅទៀងត្រង់ ។
ប៉ុន្តែសព្វថ្ងៃ អង្វរទេពត្រៃ ព្រឹកល្ងាចពុំបង់
សូមឲ្យគ្រុឌណាយ នឹងកាយពុំចង់ ស្នេហាជូនអង្គ
មកព្រះបពិត្រ ។
លុះប្រាំពីរថ្ងៃ គន្ធ័នវាងវៃ ទៅដល់ស្ថានស្ថិត
ប្រាប់ថាព្រះអង្គ ទ្រាំទ្រង់ទុក្ខក្ដាត់ ខ្ញុំម្ចាស់ស្លុតចិត្ត
ស្ទើរក្ស័យជន្មា ។
ញាប់ញ័រក្នុងចិត្ត ងងឹតមុខមាត់ ធ្វេសធ្វេចិន្ដា
សន្លប់ពុំដឹង ដំណឹងអាត្មា អ្នកគន្ធព្វា
លបលួចប្រលែង ។
ពុំដឹងខ្លួនសោះ គាត់ធ្វើច្នេះច្នោះ នេះគឺកម្មឯង
គឺមោះក្នុងចិត្ត ពុំគិតចង់ល្បែង ខ្ញុំម្ចាស់ទូលថ្លែង
ពិតពុំមុសា ។
ព្រះបាទព្រហ្មទត្ត រាជាចមក្សត្រ ស្ដែងស្ដាប់វាចា
កាកីទួញទូល ឲ្យចូលចិន្ដា ក្ដៅក្នុងឱរា
ដូចភ្លើងប្រល័យ ។
បើករសឱង្ការ ដោយអាជ្ញាក្លា ព្រះសូរខ្លាំងក្រៃ
ត្រាស់ថាហ៍ស្ដាប់ វាឆាប់វៀសវៃ ភរភូតដោះដៃ
ដោះដោយមាយា ។
អញជាចមក្សត្រ ឥសូររាស្ត្ររដ្ឋ គ្រប់គ្រងនគរ
ខ្សត់អ្វីខ្មោចស្រី ចំណីរាគា ស្រីអញមានជា
រយរាប់សេសសល់ ។
រីខ្លួនមេមួយ កុំបីមេព្រួយ ដោះសាវិលវល់
នឹងយកមេទុក ធ្ងន់ស្រុកអំពល់ នឹងឮដឹងដល់
ប្រទេសនានា ។
បើគេដឹងរឿង ដឹងរ៉ាវក្បួនក្បឿង គេនឹងនិន្ទា
រីមាយាមេ សមតែដាក់នា ពោងពាយឲ្យវា
អណ្ដែតទឹកទៅ ។
ទើបសមគំនិត មេចោរចើកចិត្ត ចេះក្នុងចេះក្រៅ
ត្រាស់ស្រេចក្សត្រក្សាន្ត បើកបន្ទូលហៅ អមាត្យចូលទៅ
ហើយផ្ដែផ្ដាំថា ។
ឲ្យយកកាកី ដាក់ពោងពាយខ្មី ដូចដោយចិន្ដា
អមាត្យទទួល បន្ទូលក្សត្រា ចុះចេញម្នីម្នា
នាំនាងកាកី ។
ទៅដល់កំពង់ ស្រេចទើបដាក់អង្គ នៅពោងពាយខ្មី
បណ្ដែតច្រានទៅ លឿនស្លៅចេញពី កំពង់នទី [5]
ដូចព្រះអាជ្ញា ។
ស្រេចទើបអមាត្យ នាំគ្នាខ្មីឃ្មាត វិលវឹងយាត្រា
ចូលទូលមហាក្សត្រ ព្រហ្មទត្តរាជា ស្ដេចស្ដាប់ហើយថា
សមមុខវាឯង ។
បទព្រហ្មគិតកាល នឹងដំណាលចរចាចែង
ពីកាកីកណ្ដែង សាត់កណ្ដាលសាគរា ។
រលកបោកច្រានឆ្ងាយ សាត់ពោងពាយដោយវាតា
នាងភាំងភិតភ័យា លឿនសន្លិមសន្លោចលន់ ។
តែអង្គតែឯងឯក សែនសង្វេកចិត្តឆ្អែតឆ្អន់
ខ្សឹកខ្សួលអាលអួលអន់ ថប់ធុញចិត្តគិតកណ្ដែង ។
នាងសោយសោកសែនសល់ ជោរជន់ជលនេត្រល្ហាចល្ហែង
រន្ធត់ថប់អង្គឯង ប្រែបែរមុខមកមើលស្រុក ។
នឹកស្ដាយសព្វសរសើរ ទួញបណ្ដើរដោយទំនង
ឱធ្លាប់នៅស្រុកហោង សោយសម្បត្តិសម្បូណ៌បុណ្យ
។
ជាធំលើសលែងស្រី ស្នំនារីឥតឯប៉ុន
ថ្កើងកេរ្តិ៍ថ្កើងយសលន់ ឮខ្ចរខ្ចាយសព្វទិសទី
។
អង្គអញឯងជាឯក អភិសេកជាមហេសី
រូបរាងប្រវេណី ជាតិជាចមស្នំទាំងឡាយ
។
ឱស្ដាយតូរ្យតន្ត្រី ភ្លេងមហោរីចំរៀងរាយ
រេរាំកំសាន្តកាយ ឥតឯទុក្ខទោសបៀតបាន
។
ឱស្ដាយទែនសៃយាស ល្អឱភាសសុខសម្រាន
ស្ដាយស្រះស្រង់ឱទ្យាន តែងក្រសាលឥតឯឃ្លាត
។
ស្ដាយបុណ្យបាននៅប្រាង្គណ៍ ប្រាសាទស្អាងប្រសើរស្អាត
ឱកម្មអ្វីឲ្យឃ្លាត ព្រាត់ប្រាសមកនៅពោងពាយ
។
តែខ្លួនអញឯកឯង អង្គកណ្ដែងកណ្ដោចឆ្ងាយ
កណ្ដាលទឹកទូលាយ ឥតអ្នកណាជាពីរអង្គ
។
មើលឆ្វេងបាត់ត្រើយសោះ មើលស្ដាំនោះងងឹតសុង
មើលក្រោយរែងលន្លុង មើលទៅមុខលន្លោចលន់
។
ឃើញតែទឹកនឹងមេឃ ខ្យល់បោកបែកទឹកជោរជន់
រលកបោកពេកពន់ ពេកពុំស្ងប់ពុំស្ងាត់ឡើយ
។
មានទាំងហ្វូងមច្ឆា ហែបហែលហាមកបង្កើយ
ពន្លៀកលោតឡើងហើយ ខ្ពេចខ្ពុរទឹកប្រៃព្រួសឆ្ងាយ
។
សឹងតែធាត់ធំ ៗ រូបរូភ្នំហែលលលាយ
លលេញដេញពោងពាយ ហែបត្របាក់បរិភោក្ដា
។
នាងរែងភិតភ័យភាំង ស្លុតស្លាំងកាំងអស់អង្គា
អង្គុយគន់មច្ឆា តាំងតែទុក្ខតែទួញយំ
។
ថាឱពីនេះទៅ ប្រាសលំនៅប្រាសអ្នកស្នំ
ប្រាសព្រះរៀមឧត្ដម អង្គអនាថនៅកុំដឹង ។
ឥឡូវនេះនឹងភ្ងា រកអ្នកណាជាទីពឹង
ពំនាក់នៅពំនឹង គ្រាន់ប្រាស្រ័យជាគូកាយ
។
នាងគន់នាងគិតគ្រប់ រែងថែមថប់ឥតសោយ
ឧរាស្ទះស្ទើរធ្លាយ នាងននៀលននាសនៅ
។
លុះភ្ញាក់មានស្មារតី ទួញទៀតពីក្សត្រចមចៅ
ហើយនាងនាដទួញទៅ ព្រះឥសីសិទ្ធិ៍ព្រឹទ្ធា ។
ថាឱកាលអញកើត យកកំណើតក្នុងបុច្ឆា
គឺដើមការណិកា រសក្រអូបក្រអែបហ្វង់ ។
ព្រះគុណព្រះតាបស សោតសប្បុរសយាត្រាត្រង់
យកខ្ញុំទៅក្រួញក្រុង ផ្ចង់រក្សាសព្វរាត្រី ។
សន្មតនាមចំពោះ តាមផ្កានោះឈ្មោះកាកី
សម័យមួយចក្រី ស្ដេចស្វែងស្វះទៅនមស្សការ
។
ឥសីសួរដើមអាទិ៍ ជ្រាបវង្សជាតិទើបអាចារ្យ
លើកខ្ញុំកែវកុមារ ឲ្យព្រះបាទព្រះបងបាន ។
នានាំខ្ញុំដូចដល់ ព្រះមណ្ឌលមន្ទីរស្ថាន
ទើបព្រះមហាក្សត្រក្សាន្ត អភិសេកជាមហេសី
។
ឱម្ដេចឡើយពុំគិត ពុំអាណិតនឹកប្រណី
អាសូរខ្ញុំប្អូនស្រី ដ្បិតឥសីផ្ដាំប្ដេជ្ញា ។
ទោះទោសខ្ញុំឆ្គាំឆ្គង គួរព្រះបងជូនប្អូនរ៉ា
ទៅឯឥសីតា ឬក្សត្រនឹងឲ្យក្ស័យ
។
គួរស្ដេចនឹងសម្លាប់ ឲ្យខ្ញុំស្លាប់នៅក្រុងក្រៃ
ម្ចាស់អើយប្អូនមហាភ័យ ភិតរឹងស្លាំងស្លន់ពន់ពេក
។
ឱយប់យូរទៅហើយ ម្ចាស់ប្អូនអើយប្អូនវិវេក
រមិលមើលឃើញមេឃ យល់ចន្រ្ទាតារារាយ ។
ព្រះចន្ទ្រចរត្រចះ ចែងស្រលះភ្លឺព្រោងព្រាយ
ពពកសាត់លលាយ លលេលើមេឃាខណ្ឌ
។
ព្រះចន្ទ្រដូចព្រះបង តារាផងរាយណាស់ណាន់
ដូចស្រីស្នំតាប់តាន់ គង់គាល់ហ្វៅនៅប្រក្រតី ។
ឱប្អូនធ្លាប់រែងនៅ នឹងព្រះចៅជាមហេសី
គឺកម្មកាយប្អូនស្រី នានាំនែបនឹងគ្រុឌា ។
កម្មម្ដេចនាំប្រសព្វ នឹងគន្ធព្វទៀតពីរគ្រា
ទាំងនេះហេតុវេរា នឹងនិរាសរៀមទៀតទៅ ។
ដូច្នេះតើនឹងថា អ្នកឯណាឯងឲ្យក្ដៅ
គឺកម្មកាយនិត្យនៅ តែងអន្ទោលតាមដោយដាន ។
គ្រប់រូបគ្រប់នានា ដូចឆាយាតែងតាមប្រាណ
ពុំដែលចរចៀសបាន នឹងវេរាពៀរកម្មកាយ ។
ខ្លួនខុសឬនឹងខំ គិតផ្សែផ្សំឲ្យសប្បាយ
តាមតែទេពទាំងឡាយ ជួយចម្រុងចំរើនផង ។
ពុំដឹងខ្លួនមានកម្ម នឹងនានាំគ្រានេះម្ដង
កម្មក្រាស់ក្រៃកន្លង លើសលែងកម្មគេទាំងឡាយ ។
ឱកម្មនេះកម្មពៀរ ជាពំនៀរកេរ្តិ៍កម្មកាយ
កម្មក្រាស់អ្វីមាល្បាយ គួរនឹងណាយនឹងនឹកបង់ ។
មោះឬកម្មពីរព្រង ឲ្យវង្វែងចិត្តភិសវង់
ពុំឲ្យអញគាប់គង់ នឹងព្រះរៀមព្រះរាជា ។
ឱធ្លាប់រួមផ្ចឹមផ្ទំ ទិព្វបន្ទំមណ្ឌលា
ប្រាកដប្រកបជា ចមព្រះមហាព្រះមហេសី ។
ស្រណោះកាលធ្លាប់នៅ នឹងព្រះចៅចមចក្រី
នែបនិត្យជិតប្រក្រតី គ្មានកៀសរកាំកាយ ។
មួយកាលនៅនាទី សួគ៌សិម្ពលីសែនសប្បាយ
គន្ធ័នធ្វើលែបខាយ ឲ្យអន្តរាយរូបដល់ម្លេះ ។
មករងទុក្ខវេទនា ឲ្យឈឺផ្សាផ្សប់ដូច្នេះ
ទ្រូងអើយហាក់នឹងប្រេះ ព្រោះចំណេះចំណង់ឯង
។
សមបាបពីបុព្វេ ឲ្យវៀចវេវៀសបង្វែង
ឲ្យចេញចាកចំបែង ប្រាសប្រាសាទប្រសើរសុខ ។
ពីថ្ងៃនេះទៅហើយ ឱខ្លួនអើយតាំងតែទុក្ខ
រាប់ថ្ងៃតទៅមុខ សមនឹងក្សិណក្ស័យអសារ ។
បើស្លាប់នៅផែនដី បានឥសីសីលាចារ្យ
នឹងជួយជូនព្យាបាល នឹងនានាំទៅកុដិ ។
មកស្លាប់ម្ដេចក្នុងទឹក ជ្រៅពន្លឹកជាចំណី
ត្រីផងវានឹងស៊ី លេបបំបេះប៉បោចបង់
។
ឱខ្លួនអើយកំព្រា និរអ្នកណានឹងស្រោចស្រង់
កើតមកតែឯកអង្គ កណ្ដែងកណ្ដាលគង្គា
។
មានញាតិរ៉ានឹងពឹង មានទុក្ខនឹងរិះរក្សា
ស្រោចស្រង់ពីគង្គា ទៅបំពួនបំពាក់បាន ។
សង្ឃឹមព្រះជីតា អ្នកនៅនាព្រៃស្មសាន
ឥតអ្នកនាំពណ៌ដ៏មាន ពីនេះទៅឲ្យបានដល់
។
ឱឆ្ងាយផែនដីទី តែវារីរងអំពល់
អំពើអង្គអកុសល មានតែទុក្ខតែទួញយំ
។
ណាខ្លាចអស់ត្រីផង ហែលត្រសងសឹងធំ
ៗ
រលកលោតប៉ុនភ្នំ ផ្ដុំបណ្ដែតបណ្ដោយខ្យល់
។
មុខគួរឲ្យអនិច្ចា រងវេទនាសោតសែនសល់
ទន្ទឹងណានឹងដល់ មានតែទល់តែទុក្ខនៅ
។
រឹងទុក្ខរឹងទួញទន់ អង្គឥតស្រន់ឥតស្រាកក្ដៅ
សន្ធឹកសន្ធៃនៅ សូន្យលន្លង់លន្លោចក្ដាត់
។
សង្រេងសង្រៃរង ទុក្ខកន្លងកន្លេងចិត្ត
រែងឆ្អន់រែងឆ្អែតឆ្អិត រែងអាណិតអនាថប្រាណ
។
ទល់ទុក្ខលើពោងពាយ អណ្ដែតឆ្ងាយពីត្រើយត្រាណ
ក្នុងមហាសមុទ្រមាន តែរលករលាមខ្យល់
។
បក់បោកលោតប៉ប្លុង ប៉ប្លឹមក្នុងទឹកវិលវល់
កណ្ដែងកណ្ដាលជល លុះគំរប់សត្តទិវា ។
រលកបោកពោងពាយ បែកខ្ចាត់ខ្ចាយចេញពីគ្នា
លិចលង់នាងក្នុងមហា សមុទ្រមិញក្ស័យជីវី ។
ស្រ្តីស្រីណាគាប់ កុំត្រងត្រាប់កែវកាកី
គំនិតក្បត់ចិត្តប្ដី ចោលស្វាមីសេពសហាយ
។
កំពុងពេញស្នេហា ចិត្តកិរិយានឹកនិរណាយ
វាជិតទៀតទាំងងាយ ព្រោះចាប់ចិត្តចង់សម្ពន្ធ ។
គួរកាន់ច្បាប់ធម្មា តាមគាថាប្រសើរលន់
ទុកឲ្យនរជាតិជន ជាប្រសិទ្ធិប្រសើរក្រៃ
។
គួររៀនរកខ្លឹមសារ ព្រះអាចារ្យចែងកែខែ
ជាបុណ្យបានខ្លួនថ្លៃ ពិតពំនឹងពំនាក់កាយ
។
កុំធ្វើដូចស្រ្តី កែវកាកីកេរ្តិ៍និរណាយ
និទេសអង្គអន្តរាយ រូបកណ្ដែងកណ្ដោចលន់
។
ព្រោះតែពីគំនិត ចើកចោរចិត្តស្រាលសរសន់
ទាល់តែអង្គឯងអ ន្តរាយរូបរងទុក្ខពេកក្ដាត់
។
ឱបាបនោះឯងមកផ្ដ- ន្ទាទាន់ហន់ដល់ដូចចិត្ត
កំណាចព្រោះគំនិត ត្រិះត្រឹមត្រេកត្រង់ត្រអាល
។
មករងពៀរវេទនា តែឯកាឯកោកាល
ណោះនៅនាកណ្ដាល មហាសមុទ្រទល់ទុក្ខា ។
ស្លាប់ទៅនៅនរក រងទោសទុក្ខតាមវេរា
លុះដល់មកសាសនា ព្រះពុទ្ធយើងនេះត្រាស់
។
ទើបបន្ទូលទេសនា ជាគាថាជុំជាតក៏ច្បាស់
ថាកាកីនោះផ្លាស់ ជាតិជានាងចិញ្ចាជាក់ ។
រីនាយនាដកូវេន សិល្បសាស្រ្តក្លែនសិទ្ធិស័ក្តិ
ចរវិលរឹងជាអគ្គ- សាវកគឺមោគ្គល្លាន ។
ឯអង្គព្រះព្រហ្មទត្ត វិលវឹងថ្លាត់មិញមកបាន
ជាអគ្គសាវកញ្ញាណ គឺអង្គព្រះសារីបុត្រ ។
ឯគ្រុឌរាជបក្សា គឺព្រះសម្មាសម្ពុទ្ធ
ត្រាស់ទ្រង់បុណ្យបរិសុទ្ធ តែងទេសន៍ទូន្មានសព្វសត្វ
។
ឲ្យលុះដោយមគ្គផល បរិបូណ៌ដល់ព្រះអរហត្ត
សេពសោយសុខសម្បត្តិ និព្វានពន់
[6]ពីវេរា
។
ដំណើរនាងកាកី ប្រែសេចក្ដីសៀមភាសា
ជាពាក្យខ្មែរកាព្យា សូរេចរឿងចប់ម្លេះហោង
។
[1]- លួង បញ្ឆោត
អធិប្បាយថា គេបញ្ឆោតបានដោយកល ។
[2]- វិជ្ជាធរ ម.
អ្នកចេះវេទមន្តផ្សេង ៗ នរទេពមួយចំពូក អាកាសទេវតា
អ្នកកាន់ឬទ្រង់នូវកូនសង្កត់ (ដូចយ៉ាងបារ៉ទ) ដំរីសេស ។
[4]- ខបចៃ ពាក្យសៀម
ប្រែថា អរគុណ គាប់ចិត្ត ។
[5]- នទី ម. សំ. ស្ទឹង
ឬទន្លេ ។ បុរាណច្រើនប្រើជា នាទី ។
[6]- ពន់
ក្នុងទីនេះប្រែថា រួច ឬ ផុត ។
២-តន់ មកពាក្យថារតន
តែអ្នកតែងកាព្យត្រូវការពាក្យតែ ១ម៉ាត់ កាត់យកតែត្រឹមតន់
មកប្រើក៏មាន ជួនកាលយកតែសំឡែងអក្សរដើម ១ម៉ាត់ គឺតែន៍មកប្រើក៏មាន
ចួនកាលនិយាយថា រ័ត្នន៍ក៏មាន ។
[1]ដែលត្រូវជា (កាកគតិ)
សិងប្រែថា លំនាំដំណើរក្អែក,
តែនេះត្រូវការឲ្យជួននឹងពាក្យខាងក្រោយ ។
[8]តាមទម្លាប់ដែលប្រើជា
"បាស្កា" (ម. សំ. បាស ក៏មាន បាសក ក៏មាន) ។
តាមដែលយើងនិយាយសព្វថ្ងៃ ជួនកាលចោលបាត់អក្សរ បា ខាងដើមនោះបង់
នៅត្រឹមតែ សកា ហើយក្លាយជា ស្ការ ដូចពាក្យថាលេង ស្ការ
បើនិយាយឲ្យត្រូវពេញជា "បាសកា" ដូច្នេះ ។
No comments:
Post a Comment