Monday, 13 June 2016

ពាក្យ​កាព្យ​
រឿង​ព្រះ​អង្គ​ម្ចាស់ [1]
នរោត្ដម - ភាណុវង្ស័
ឲ្យ​ឃុន​រាម​តេជៈ សេក ជា​អ្នក​តែង​សេច​ក្ដី​
ហើយ​ទ្រង់​បាន​ជួយ​ពិនិត្យ​តម្រង់​សេច​ក្ដី​ផង​


          សិទ្ធិ​ប្រដាប់​សម្រាប់​ការ​                         នៃ​អ្នក​ខេមរា​ផង​ទាំង​ឡាយ
          ដែល​មាន​គំនិត​គិត​ខ្វល់​ខ្វាយ​                 មើល​ស្ដាប់​អធិប្បាយ​រឿង​នេះ​ជា ។
          កាល​នោះ​ក្នុង​រាជ្យ​ព្រះ​មហា​ក្សត្រ​            ព្រះ​បាទ​ស៊ី​សុវត្តិ​ខត្តិយា
          ស្ដេច​ជា​ចម​មកុដ​ផុត​លោកា                  បូរី​រដ្ឋា​កម្ពុជា ។
          ដោយ​បាន​នៅ​ផលា​និសង្ស​                   ព្រះ​អង្គ​កសាង​សីល​សទ្ធា
          ទើប​បាន​ថ្កុំ​ថ្កើង​ឡើង​សម្ភារ​                   ពលា​អនេក​ប្លែក​ណាស់​ខ្មី ។
          ថែម​បាន​អំណាច​ពី​រាជ​ការ​                     ប៉ារីស​រដ្ឋា​រាជ​មេត្រី
          ទំនុក​បម្រុង​ដុង​ដែន​ដី​                           ចម្រើន​សិរី​ក្នុង​សេមា ។
          ជួយ​រៀប​នគរ​ទី​កន្លែង​                           រៀប​ផ្ទះ​សម្បែង​ថ្នល់​ធ្លា​ផ្សារ
          សង់​ស្ពាន​ហើយ​មាន​សង់​សាលា​             ស្រុក​ស្រែ​ចំការ​ស្អាត​ពេក​ក្រៃ ។
          ទី​វត្ត​អារាម​តាម​ធម្មតា​                           បង្កើត​សាលា​រៀន​សព្វ​ថ្ងៃ
          សំអាត​ជា​និច្ច​អចិន្រ្តៃយ៍​                         ឲ្យ​គង់​និស្ស័យ​ព្រះ​ពុទ្ធា ។
          ក្នុង​ក្រុង​ភ្នំ​ពេញ​ក៏​ស្អាង​ស្អាត​                  ជួយ​ផ្លាស់​ប្រាសាទ​មហា​រាជា
          មួយ​នោះ​ឈ្មោះ​ប្រាសាទ​ទេវា​                 ទី​ជា​ប្រជុំ​ខ្ញុំ​រាជ​ការ ។
          មួយ​ទៀត​ទ្រង់​ទ្រាយ​ក៏​ល្អ​ស្អាត​               នាម​ឈ្មោះ​ប្រាសាទ​ចន្ទ​ឆាយា
          ចំណាំ​ប្រដាប់​ទត​ធីតា​                           កែរ៉ា​រេ​រាំ​លំនាំ​ថ្វាយ ។
          ប្រាសាទ​មួយ​នោះ​សម​សោភី​                  ឈ្មោះ​ភោជនីយ​ទី​ឆើត​ឆាយ
          ចំណាំ​យាង​សោយ​កំសាន្ត​កាយ​              សប្បាយ​ជួប​ជុំ​ខ្ញុំ​រាជ​ការ ។
          ដំណាក់​ឈ្មោះ​បរិត្ត​កិមាលា​                   ថ្កើង​ថ្កាន​ដំកល់​ព្រះ​ខន្ធ​ថ្លា
          និង​ព្រះ​សំរិទ្ធ៍​ពី​បូរាណ៍​                          ពួក​ព្រាហ្មណ៍​ពលីកា​រាល់​វេលា ។
          ដំណាក់​ឈ្មោះ​សម្រាន្ត​ភិរម្យ​                  ប្រជុំ​ស្ដេច​ថ្កាន​ឡើង​គជា
          អស់​ខ្ញុំ​រាជ​ការ​ទៅ​ជុំ​គ្នា​                            ត្រៀម​ចាំ​នៅ​នា​ទី​នោះ​ណា ។
          ទ្រើស​ទ្រង់​ពង្ស​ពេជ្រ​លេច​ផ្លេក​ៗ​             ក្បាច់​ក្បូរ​យ៉ាង​ឯក​ល្អ​ថ្លៃ​ថ្លា
          ដំណាក់​ដំណែង​តែង​មាន​ការ​                 រចនា​ស៊ីម៉ង់ត៍​ផ្ចង់​យ៉ាង​ល្អ ។
          លាង​គ្រួស​លាយ​ខ្សាច់​ដែក​យ៉ាង​ល្បាយ​   ដល់​ស្ងួត​រឹង​ក្លាយ​វិស័យ​ថ្ម
          ជាប់​ជួន​មួន​មាំ​សម​បវរ​                         ដំណ​យូរ​ទៅ​នៅ​វែង​ឆ្ងាយ ។
          យក​ឈើ​ធ្វើ​ខ្លះ​ដោយ​កន្លែង​                 ដែល​ជាង​តាក់​តែង​សឹង​ប្រិត​ប្រាយ
          ចម្លាក់​ចម្លែក​ឯក​អំបាយ​                        ល្អ​ដាច់​ដែន​អាយ​ឡាយ​លេខា ។
          តំណែង​តែង​ថ្នាំ​រូប​ទឹប​មាស​                   គំនូរ​គូរ​វាស​ពាស​ប្រាង្គ​ប្រា
          ក្រាល​សឹង​ឥដ្ឋ​ពណ៌​ដ៏​ក្រឡា​                   ក្លាយ​ជា​ភ្ញី​ផ្កា​សុទ្ធ​វិស័យ ។
          យប់​អុជ​សឹង​អគ្គិសនី​                            ក្នុង​ក្រៅ​មន្ទីរ​នោះ​ច្រើន​ក្រៃ
          ពន្លឺ​ភ្លឺ​ក្បោះ​ស្រស់​ប៉​ប្រៃ​                          ឧបមេយ្យ​ប្រៀប​ហាក់​សែង​សុរិយា ។
          បើ​ស្អុះ​មាន​ផ្លិត​ស្លាប​កង្ហារ​                      វិល​ខ្ញាល់​រហើយ​ដោយ​វាតា
          សម្រាប់​សម្រួល​ព្រះ​កាយា​                     និង​ខ្ញុំ​រាជ​ការ​ផង​ទាំង​ឡាយ ។
          មិន​ឲ្យ​ធុញ​ថប់​អផ្សុក​អ្វី​                         ទាំង​ប្រុស​ទាំង​ស្រី​រាល់​រាង​កាយ
          ពុំ​មាន​ស្អុះ​ស្អាប់​ក្ដៅ​ក្រហាយ​                   ក្សេម​ក្សាន្ត​សប្បាយ​ក្នុង​ចិន្ដា ។
          នាទី​ចន្លោះ​ប្រាង្គ​ប្រាសាទ​                       សំអាត​ធ្វើ​សួន​ដាំ​បុប្ផា
          វារី​សម្រាប់​ឲ្យ​ប្រើ​ការ​                             ទី​ណា​សឹង​មាន​ច្រើន​កន្លែង ។
          វារី​ភ្លើង​ផ្លឹត​ប្រើ​គ្រឿង​ចក្រ​                      មើល​ហាក់​វិស័យ​ដូច​កើត​ឯង
          តាម​តែ​នឹង​ប្រើ​នឹង​ចាត់​ចែង​                  ដំណែង​មិន​ឲ្យ​ខ្វះ​ត្រង់​ណា ។
          កំផែង​ខ្លោង​ទ្វារ​ជា​មួន​មាំ​                       រៀប​ចំ​លំអ​ក្រ​ឧបមា
          អ្នក​ផង​មើល​ទៅ​មាន​ចេស្ដា                   សំបារ​សម្បើម​ក្រៃ​មហិមា ។
          រាជ​ទ្រព្យ​ដំរី​ដែល​ស​សុទ្ធ​                        និង​ព្រះ​រាជ​រថ​ចក្រ​នានា
          ព្រះ​ទី​នាំង​កប៉ាល់​និង​នាវា​                      មាន​ជា​គ្រប់​គ្រាន់​គ្មាន​ចន្លោះ ។
          ដំណែល​ពី​ព្រះ​បាទ​នរោត្ដម​                   រាជ​ការ​ថែ​ទាំ​មើល​ទាំង​អស់​
          ពុំ​ឲ្យ​បាត់​ខូច​ត្រង់​ណា​សោះ​                   គង់​នៅ​របស់​ក្នុង​រាជា ។
          នាទី​ខាង​ក្រៅ​ព្រះ​រាជ​វាំង​                        ដែល​ថ្លុក​ត្រពាំង​បឹង​នា​នា​
          ចាក់​ដី​បំពេញ​ឲ្យ​ស្មើ​គ្នា​                          ធ្វើ​ធ្លា​ខ្វាត់​ខ្វែង​បែង​ក្រឡា ។
          ចាក់​ក្រួស​ចាក់​ខ្សាច់​កំទេស​ថ្ម​                  បុក​កិន​រាប​ល្អ​ហាក​ផ្ទៃ​ក្ដារ​
          ចិញ្ចើម​រៀប​គ្រប់​សុទ្ធ​ថ្ម​ដា​                      អ្នក​បោស​រក្សា​រាល់​វេលា ។
          ផ្លូវ​ខ្លះ​ថែម​ចាក់​ម្រក្សណ៍​បារាំង​               ឲ្យ​ក្ដាំង​ឲ្យ​ក្ដាប់​ក្រាប​ជាប់​គ្នា
          ពុំ​ឲ្យ​ធូលី​ច្រើន​ក្នុង​ធ្លា​                             ចាក់​ធារ​ដាស​ជិត​គ្មាន​ចន្លោះ ។
          ផ្លូវ​ឆ្លង​ទន្លេ​ព្រែក​ក៏​មាន​                          សង់​ស្ពាន​បែប​ថ្មី​វិញ​ទាំង​អស់
          រៀប​ចំ​តាម​ការ​ពុំ​ឲ្យ​ខ្ចោះ​                        សឹង​តែ​របស់​មាន​តម្លៃ ។
          ធ្វើ​សុទ្ធ​តែ​ដែក​នោះ​ក៏​មាន​                      ស្ពាន​ខ្លះ​ស៊ីម៉ង់ត៍​ដែក​សរសៃ​
          ឲ្យ​ជាប់​ឲ្យ​ជួន​មួន​មាំ​ក្រៃ​                        កម្រៃ​កម្រ​នឹង​ធ្វើ​បាន ។
          ស្ពាន​ខ្លះ​រៀប​ឥដ្ឋ​ជាប់​នឹង​ថ្ម​                   ធំ​ល្ហ​ហើយ​ខ្ពស់​ពន់​ប្រមាណ​
          ទុក​មាន​កន្លែង​ជា​ទី​ស្ថាន​                        សម្រាប់​សម្រាន្ត​អស់​កាយា ។
          បូក​សឹង​ស៊ីម៉ង់ត៍​កំបោរ​ថ្ម​                       លាយ​គ្នា​ជិត​ល្អ​ក្រ​ប្រេះ​ណា​
          ក្រាំង​ក្រាប​ចាប់​ជាប់​ហាក់​ថ្ម​ដា​                យាត្រា​ពុំ​មាន​ញញើត​សោះ ។
          ចេតិយ​វត្ត​ភ្នំ​ពេញ​ប៉ុន្មាន​                        នាទី​ស្ថាន​ដី​ទាំង​អស់
          សំអាត​គ្មាន​សល់​សព្វ​កៀន​កោះ​              គន់​ទៅ​ស្រួល​ស្រស់​ក្នុង​ចិន្ដា ។
          ដំណាំ​ដាំ​ដើម​ព្រឹក្សា​សាយ​                     នាន​ម្លប់​សប្បាយ​ទាំង​ផ្លែ​ផ្កា
          ចិញ្ចឹម​ម្រឹគ​និង​បក្សា​                              នៅ​ក្នុង​សួន​ច្បារ​សព្វ​សារពើ ។
          ទន្លេ​ក្នុង​ក្រុង​ចតុមុខ​                               រាជ​ការ​ទំនុក​ទើប​នឹង​ធ្វើ​
          រៀប​ថ្ម​មាត់​ច្រាំង​តាំង​ពី​លើ​                     កាប់​ឈើ​រើ​រៀប​ទៀប​ជលសា ។
          បញ្ជា​ពី​ព្រះ​បាទ​នរោត្ដម​                        សាង​ទុក​នៅ​ចំ​ជ្រោយ​ចង្វារ
          គ្រាន់​នឹង​ឡើង​មើល​អស់​កិច្ច​ការ​              នោះ​ក៏​រាជ​ការ​ថែ​ប្រក្រតី ។
          រៀប​ផ្ទះ​នាហ្មឺន​ផ្ទះ​អ្នក​ផ្សារ​                     ផ្ទះ​អ្នក​ធម្មតា​ទ័ល​ក្រី​ក្រ
          សំអាត​ពុំ​ឲ្យ​មាន​អប្រិយ​                         ចម្រើន​សិរី​ក្ដី​សុខា ។
          ពួក​ឈ្មួញ​កប្បាស​ឈ្មួញ​នា​វា​                  ទៅ​មក​នៅ​ជា​និច្ច​ធម្មតា
          លក់​ដូរ​ទំនិញ​ដាក់​រាន​ផ្សារ​                    សព្វ​គ្រប់​ប្រការ​រាល់​វេលា ។
          ផ្សារ​នៅ​លើ​គោក​ក៏​សន្ធឹក​                       ផ្សារ​ទូក​មាត់​ទឹក​ទី​នា​នា
          ខ្លះ​រែក​ទូល​លក់​តាម​ផ្លូវ​ធា​                      មាន​ជា​ដរាប​តែ​សព្វ​ថ្ងៃ ។
          មនុស្ស​ឈឺ​គ្រូ​ពេទ្យ​មើល​រក្សា​                  ពុំ​ឲ្យ​ពិការ​យូរ​រ៉ាំ​រ៉ៃ
          ទោះ​បី​បើ​ដល់​ជីវិត​ក្ស័យ​                        កែ​ខៃ​ឲ្យ​ស្រួល​ធាតុ​សង្ខារ ។
          មើល​នោះ​ទទេ​ពុំ​យក​ថ្លៃ​                         ពុំ​យក​កម្រៃ​ឱសថា
          ដាច់​ខាត​ប៉ុន្មាន​ប្រាក់​រាជ​ការ​                   មេត្តា​ជា​ទាន​ដោយ​អាល័យ ។
          សេនា​ទាហាន​មាន​គ្រប់​ដែន​                   សុទ្ធ​សឹង​វ័យ​ខ្វែន​ចេះ​គុន​ស្រ័យ
          ចេះ​បាញ់​ឲ្យ​ស្លាប់​កាប់​ឲ្យ​ក្ស័យ​                ចេះ​វាយ​បង្អន់​គ្រាន់​សួរ​ការណ៍ ។
          ចាំ​ស្ទាត់​ប្រាកដ​ក្បួន​សង្រ្គាម​                   ចាំ​មិន​ងីម​ងាម​កិច្ច​សោះ​សារ
          ចាំ​របប​រៀប​រយ​ដោយ​ក្រិត្យា​                  ចាំ​ទាំង​សាស្រ្តា​វុធ​នា​នា ។
          ធ្លាប់​មាន​ថ្វី​រិទ្ធ​មក​ច្រើន​ដង​                     ពុំ​ក្រែង​ប្រឡង​ល្បែង​ឫទ្ធា
          ពុំ​ថប់​ពុំ​ធុញ​ពុំ​រួញ​រា​                              ពុំ​ជា​ទុរន់​ពុំ​ទន់​ទោរ ។
          នរណា​ឃើញ​ហើយ​មុខ​គួរ​ខ្លាច​               នរណា​កោង​កាច​អាពា​លោ
          នរណា​ពភ្លើ​ធ្វើ​លោភា​                           នរណា​មារ​មោហ​ទុក្ខា ។
          ឲ្យ​ចាំ​ក្រវែល​គ្រប់​កន្លែង​                         ការ​ក្រែង​សត្រូវ​មក​ឥច្ឆា
          សង្កត់​មហា​ជន​ក្នុង​សេមា​                      នោះ​នឹង​ប្រហារ​ក្ស័យ​ជន្មា ។
          នគរ​បាន​សុខ​បាន​សប្បាយ​                    បាន​ជន​ទាំង​ឡាយ​មូល​គ្នី​គ្នា
          បាន​អស់​សត្រូវ​ពុំ​ពុះ​ពារ​                        បាន​ជា​ពុំ​ខ្វល់​ដល់​បូរី ។
          ដរាប​ដល់​ពុទ្ធ​សករាជ​គ្រាន់​                  ពីរ​ពាន់​បួន​រយ​ហុក​សិប​ប្រាំ​បី
          ឆ្នាំ​ផ្លូវ​សប្ត​ស័ក​ប្រាកដ​ខ្មី​                         ថ្លៃ​ពេញ​បូណ៌មី​វិសាខា ។
          ស្ដេច​បាន​ពិនិត្យ​ឃើញ​សេច​ក្ដី​                ដែល​លោក​កុង្សីយ៍​អគ្គសេនា
          ជំនុំ​នឹង​លោក​អ្នក​រាជ​ការ​                       ដែល​ជួយ​រក្សា​ភព​ផែន​ដី ។
          យល់​ថា​ប្រទេស​គេ​ទាំង​ឡាយ​                 កិច្ចកល​ឧបាយ​គួរ​គប្បី​
          ពុំ​សូវ​ខ្លៅ​ខ្លាំង​ទាំង​ប្រុស​ស្រី​                     ព្រោះ​គេ​ឃ្មាត​ខ្មី​រៀន​រក្សា ។
          តាំង​ពី​អាយុ​បួន​ប្រាំ​ឆ្នាំ​                            ស្ដេច​លោក​ចំណាំ​ឲ្យ​សិក្សា
          មាន​គ្រូ​បង្ហាញ​មាន​សាលា​                     ឲ្យ​រៀន​អក្ខរា​សារ​សេច​ក្ដី ។
          រៀន​លេខ​នព្វន្ត​គន់​គុណ​ហារ​                 រៀន​មើល​សាស្រ្តា​អត្ថ​បាលី
          រៀន​ក្បួន​រៀន​ច្បាប់​សព្វ​សំដី​                  ទាំង​ប្រុស​ទាំង​ស្រី​ច្រើន​ត្រៀប​ត្រា ។
          ប្រុស​រៀន​ចម្បាំង​រវាំង​វៃ​                         ពុំ​ឲ្យ​កើត​ភ័យ​ក្រៅ​តម្រា
          រៀន​ខាង​តម្រិះ​គ្រប់​ប្រការ​                      ថត​រូប​គូរ​ចារ​ឲ្យ​គប្បី ។
          ជាង​ដែក​ជាង​ឈើ​ឆ្លាក់​ច្រើន​យ៉ាង​           ជាង​ទង​សំអាង​ជ្រលក់​ក្ដី​
          ជាង​ស្មិត​សិត​ផ្សារ​ការ​ចាស់​ថ្មី​                  ជាង​ដី​បាយ​អរ​ចរ​សិលា ។
          រៀន​ដេក​រៀនដើរ​កុំ​សំកុក​                      រៀន​ស៊ី​រៀន​ចុក​រៀន​ចរ​ចារ
          រៀន​ដោះ​រៀន​ស្រាយ​អត្ថ​ប្រស្នា​              ឲ្យ​ឆ្លាត​ប្រាជ្ញា​យល់​សព្វ​សាយ ។
          រៀន​អស់​កិច្ច​កល់​ក្នុង​នាវា​                      ឬ​ជា​រថ​ចក្រ​យន្ត​ហោះ​ឆ្ងាយ​
          ឲ្យ​រៀន​ផែន​ទី​កល​ភិប្រាយ​                     ការ​ក្រែង​អន្តរាយ​បង់​អាសារ ។
          ធ្វើ​អ្វី​ឲ្យ​ស្អាត​ឲ្យ​ចំណាប់​                         ឲ្យ​ល្អ​ឲ្យ​ឆាប់​ឲ្យ​ថ្លៃ​ថ្លា​
          បើ​ខាង​តម្រិះ​តុលា​ការ​                           ឲ្យ​មាន​មេត្តា​ត្រា​ប្រណី ។
          ឲ្យ​ដឹង​ធ្ងន់​ស្រាល​ក្ដៅ​ត្រជាក់​                   ឲ្យ​ដឹង​ធុរៈ​រឿង​អ្នក​ក្ដី​
          ពិនិត្យ​ដោយ​សត្យ​កាត់​ពិន័យ​                 រំពៃ​ថ្លឹង​ទោស​តាម​មាត្រា ។
          គេ​ថា​ទើប​ថ្កើង​ឡើង​សក្តិយស​                ថ្កើង​កេរ្ត៍​ថ្កើង​ឈ្មោះ​ព្រោះ​សត្យា​
          ថ្កើង​ពូជ​ពង្ស​ក្នុង​លោកា​                         ថ្កើង​ទាំង​ប្រាជ្ញា​ថា​ស្មារតី ។
          បៀ​វត្ស​ប្រាក់​ខែ​កាន់​តែ​កើន​                   ពុំ​បាច់​ក្រវើន​ទៅ​ធ្វើ​អ្វី​
          ឲ្យ​មាន​និន្ទា​ជា​អប្រិយ​                           កើត​ក្ដី​ដំនៀល​ដល់​អាត្មា ។
          រៀន​ខាង​យក​ពន្ធ​ឲ្យ​គប្បី​                       កុំ​ស្ដី​យក​លើស​ពី​អាជ្ញា​
          កុំ​លួច​កុំ​លាក់​ប្រាក់​រាជ​ការ​                     ទើប​ឡើង​សក្ដា​ថ្លា​សិរី ។
          តែ​លួច​ប្រៀប​ដូច​ជា​ដែក​ដុំ​                     ទោះ​បី​តូច​ធំ​ធ្លាក់​កប់​ដី​
          ធ្លាក់​ក្នុង​ជលធី​ទី​អប្រិយ​                         ឥត​បី​ដែក​ណា​អណ្ដែត​បាន ។
          ពុក​ផុយ​រលេះ​នឹង​ច្រេះ​ចាប់​                  អន្តរាយ​ឆាប់​ៗ​ខូច​មិន​ខាន​
          អស់​ទៅ​ពុំ​សូវ​នៅ​ប៉ុន្មាន​                         ឥត​គេ​រាប់​អាន​យក​ធ្វើ​អ្វី ។
          រៀន​ខាង​ចំណេះ​អ្នក​ជំនួញ​                   ដែល​ជួញ​លក់​ដូរ​ជា​ប្រក្រតី​
          ឲ្យ​មាន​គំនិត​គិត​ប្រណី​                         ទើប​គេ​មេត្រី​ច្រើន​ភាសា ។
          ទិញ​មក​តាម​ថោក​លក់​តាម​ថ្លៃ​                ដែល​យក​កម្រៃ​ឲ្យ​គួរ​ការ
          ថ្លឹង​វាល់​ឲ្យ​គ្រប់​កុំ​មុសា​                          ទើប​គេ​ស្នេហា​ត​វែង​ឆ្ងាយ ។
          រៀន​ខាង​ពេទ្យ​ហ្ម​មើល​ជម្ងឺ​                     អ្នក​ឈឺ​ដាក់​ថ្នាំ​ឲ្យ​រសាយ​
          ឲ្យ​សះ​ឲ្យ​ជា​ឲ្យ​សប្បាយ​                         ឲ្យ​ខ្វល់​ឲ្យ​ខ្វាយ​ថែ​រក្សា ។
          ស្រី​រៀន​តម្រិះ​ខាង​នារី​                           រៀន​ត្បាញ​ប៉ាក់​ភ្ញី​ជរ​ក្រឡា​
          ជ្រលក់​ផ្លាស់​ពណ៌​ល្បើក​លើក​ផ្កា​             ដេរ​ជុល​វត្ថា​ការ​ទាំង​ឡាយ ។
          រៀន​ធ្វើ​ម្ហូប​នូវ​ចំណី​                              បែប​ចាស់​បែប​ថ្មី​ពី​ស៊ី​បាយ​
          ធ្វើ​នំ​ច្រើន​យ៉ាង​ឡែប​ខាយ​                     ប្រិត​ប្រាយ​ប្លែក​ៗ​ឯក​អាហារ ។
          រៀន​ខាង​ទុក​ដាក់​រៀប​តាក់​តែង​               នាទី​កន្លែង​អង្គ​អាត្មា​
          និង​ទ្រព្យ​របស់​គ្រប់​ប្រការ​                      ឲ្យ​ថែ​រក្សា​ខំ​ឃ្មាត​ខ្មី ។
          ឲ្យ​គង់​ឲ្យ​ស្អាត​កុំ​ឲ្យ​ហ្មង​                         ដុស​ខាង​ទ្រព្យ​ផង​ទោះ​ចាស់​ថ្មី​
          តែ​ធ្វេស​ប្រហែស​ភ្លេច​ស្មារតី​                   ទ្រព្យ​អ្វី​នឹង​ខូច​ខាត​អសារ ។
          ដល់​រៀន​ចំណាំ​ចាំ​ចេះ​ជោគ​                   ចូល​ដេញ​ប្រយោគ​ល្បង​ប្រាជ្ញា​
          បាន​សញ្ញា​ប័ត្រ​មក​កាល​ណា​                 ទើប​ចេញ​ធ្វើ​ការ​ទាំង​ប្រុស​ស្រី ។
          ផល​ដែល​បាន​រៀន​ហើយ​ចេះ​ដឹង​            នាំ​មាន​ដំណឹង​ប្រឹង​ឃ្មាត​ខ្មី​
          នាំ​ឲ្យ​បាន​ជឿន​តឿន​ស្មារតី​                     ធ្វើ​អ្វី​ចម្រើន​កើន​អាត្មា ។
          បាន​ទ្រព្យ​របស់​អស់​ស្ថាន​                       អ្នក​ផង​រាប់​អាន​មាន​មេត្តា
          ឲ្យ​ផល​ប្រយោជន៍​ដូច​ប្រាថ្នា​                   ជា​ទី​សង្សារ​ឥត​សង្ស័យ ។
          បាន​ជា​ប្រទេស​គេ​ច្រើន​ថ្កើង​                   គេ​ចេះ​តែ​ឡើង​មាន​កម្រៃ​
          របស់​អ្វី​យ៉ាង​ថោក​លក់​បាន​ថ្លៃ​                ព្រោះ​មាន​បច្ច័យ​ដូច្នេះ​ណា ។
          ហេតុ​នេះ​រាជ​ការ​បារាំង​សែស​                 ពុំ​មាន​ប្រហែស​ធ្វេស​កិច្ចការ​
          មាន​ចិត្ត​អាណិត​គិត​មេត្តា​                      អស់​អ្នក​ខេមរា​យើង​នេះ​ខ្មី ។
          មាន​ពូជ​ជា​មនុស្ស​អ្នក​ចេះ​ដឹង​                ដំណើរ​ដំណឹង​រឿង​អ្វី​ៗ​
          ទោះ​រឿង​បរលោក​រឿង​លោកិយ​             អតីត​ជាតិ​មក​ក្ដី​ណា ។
          ព្រោះ​មាន​ក្បួន​ច្បាប់​ស័ព្ទ​សម្ដី​                 សាស្រ្តា​បាលី​គ្រូ​អាចារ្យ
          ជាតិ​ជា​ភូមិ​ប្រាជ្ញ​អាច​ឧស្សាហ៍​                ត្រិះ​រិះ​កិច្ចការ​គ្រប់​ដំណែង ។
          ចេះ​សាង​ប្រាសាទ​សុទ្ធ​សាច់​ថ្ម​                 ខ្ពស់​ខ្ពង់​ទ្រង់​ល្អ​ធំ​ចិញ្ចែង​
          ថ្កល់​ក្នុង​នគរ​ច្រើន​កន្លែង​                       ឆ្លាក់​ប្លែង​ក្បូរ​ក្បាច់​សាច់​សិលា ។
          ក្បាច់​ទិព្វ​ក្បាច់​ទេស​ក្បាច់​ភ្ញី​វល្ល៍​               ក្បាច់​សត្ត​និករ​ក្បាច់​ទេញ្ដា​
          ក្បាច់​ជា​រូប​មនុស្ស​រូប​យក្សា​                   ស្រទាប់​បុប្ផា​ល្បក់​លក់​លាយ ។
          ជើង​ទៀន​ក្រឡឹង​យ៉ាង​ថ្លោស​ៗ​               ជើង​កោស​ខ្នក់​ខ្និច​ពេជ្រ​រិច​ជាយ​
          ជុំ​វិញ​កំផែង​តែង​បន្ទាយ​                        រៀង​រាយ​របៀប​រៀប​សម​សួន ។
          ឆ្លាក់​ថ្ម​មិន​ហាក់​អ្នក​ឆ្លាក់​ថ្ម​                      ឆ្លាក់​ល្អ​វិស័យ​ឆ្លាក់​ក្រមួន​
          ឆ្លាក់​នោះ​ស្អាត​ណាស់​ពេញ​សម​សួន​       មុខ​គួរ​ថែ​ធួយ​​រៀន​រក្សា ។
          ជីក​ជា​កសិណ​វែង​លលេ​                        ប្រប​ឆ្នេរ​របៀប​រៀប​រចនា
          ថ្នល់​ស្ពាន​ឆ្លះ​ឆ្លង​ទឹក​រង​ថ្លា​                      បក្សី​មច្ឆា​គ្មាន​ខ្វះ​អ្វី ។
          នាម​នគរ​វត្ត​ប្រាកដ​ជាក់​                        ជា​ទី​សំណាក់​ពឹង​បារមី​
          តម្កល់​ក្បួន​ច្បាប់​ស័ព្ទ​សម្ដី​                      គម្ពីរ​បាលី​គ្រប់​ប្រការ ។
          ហើយ​នឹង​ព្រះ​កែវ​សឹង​មក៌ត​                   កំណត់​មាន​ទាំង​ទី​សាលា
          សម្រាប់​ទុក​ឲ្យ​អស់​កុមារ​                        រៀន​គ្រប់​ប្រការ​ជា​ប្រក្រតី ។
          រាជ​វាំង​ស្ដេច​គង់​ទ្រង់​ស្អាង​ស្អាត​              ប្រាសាទ​សឹង​ច្រើន​ល្អ​ណាស់​ខ្មី
          ជា​ទី​ប្រជុំ​មុខ​មន្រ្តី​                                  កវី​បណ្ឌិត​ព្រឹទ្ធា​ចារ្យ ។
          ព្រះ​នាម​ឈ្មោះ​ហៅ​នគរ​ធំ​                      ទី​ព្រំ​កំផែង​តែង​តាម​ការ​
          មួន​មាំ​យ៉ាង​ឯក​ប្លែក​នេត្រា​                     គ្មាន​ឆ្គង​ត្រង់​ណា​សារ​សោភី ។
          ប្រាសាទ​ប្រាំ​មួយ​ល្អ​សន្ធោ​                      តម្កល់​ព្រះ​គោ​សំ​រិទ្ធី​
          និង​ក្បួន​តម្រា​ច្រើន​គម្ពីរ​                        និត្យ​នៅ​នាទី​លើ​ប្រាង្គ​ប្រា ។
          ឆ្លាក់​រូប​គោ​ថ្ម​ល្អ​យ៉ាង​ឯក​                        ដំណែង​ប្លែក​ៗ​ជា​បរិវារ​
          ដាក់​ខាង​ប្រាសាទ​រតន៍​រេខា​                    មុខ​គួរ​ស្នេហារ​ពន់​ពេក​ក្រៃ ។
          ធ្វើ​ដេក​ធ្វើ​ដើរ​ធ្វើ​រក​ស៊ី​                           ធ្វើ​គៀង​កាល់​ញី​ដោយ​ព្រៃ​ផ្សៃ
          ធ្វើ​ហាក់​បោល​រត់​សុទ្ធ​វិស័យ​                   ធ្វើ​ពី​សម័យ​កាល​នោះ​ណា ។
          ប្រាសាទ​មួយ​នោះ​ខ្ពស់​សោត​សល់​          សម្រាប់​តម្កល់​ព្រះ​ខន្ធ​ថ្លា
          រាជ​ទ្រព្យ​ប្រាំ​យ៉ាង​នេះ​សោត​ណា​            មង្គល​ថ្លៃ​ថ្លា​លើស​អ្វី​ៗ ។
          តាំង​តែ​ពី​ព្រះ​កេតុ​មាលា​                        ស្ដេច​សោយ​រាជ្យ​ជា​ម្ចាស់​ផែន​ដី​
          គង់​ប្រាសាទ​ថ្ម​ករ​ពី​ថ្មី​                             ឥត​បី​នរណា​មក​ស្មើ​បាន ។
          បើ​ស្ដេច​អផ្សុក​ក្នុង​ព្រះ​ទ័យ​                    ចង់​ប្រពាធ​ព្រៃ​នៃ​ដែន​ដាន​
          នោះ​មាន​ឧទ្យាន​ក្រៅ​រាជ​ស្ថាន​                សម្រាប់​ស្ដេច​ថ្កាន​ក្សាន្ត​ចិន្ដា ។
          ជីក​ជា​បារាយណ៍​មួយ​ធំ​ក្រៃ​                   ជល​ស័យ​លន្លាម​ហើយ​រង​ថ្លា
          ចិញ្ចឹម​មច្ឆោ​នូវ​មច្ឆា​                               បក្សី​បក្សា​ច្រើន​គណនា ។
          ទុក​គោក​ជា​កោះ​នៅ​កណ្ដាល​                 គ្រាន់​ស្ដេច​ក្រសាល​ឆ្លង​នាវា
          ទៅ​កោះ​មាន​ស្រះ​មាន​គង្គា​                    មាន​ជា​ថ្នល់​ស្ពាន​ក្នុង​ស្រះ​ស្រង់ ។
          កំផែង​ខ្លោង​ទ្វារ​សុទ្ធ​ថ្ម​ដា​                        រចនា​ក្បាច់​ក្បូរ​ល្អ​បញ្ចង់
          ធ្វើ​ព័ទ្ធ​មាត់​ស្រះ​ក្រាស់​ត្រឹម​ត្រង់​               សម្រាប់​ព្រះ​អង្គ​ទត​មច្ឆា ។
          មាត់​ច្រាំង​បារាយណ៍​នោះ​លើក​ថ្នល់​        ខ្ពស់​សល់​ដាំ​អស់​ដើម​ព្រឹក្សា
          សឹង​តែ​មាន​ផល​មាន​បុប្ផា​                      រសជាតិ​ពិសា​គួរ​អាស្រ័យ ។
          ចិញ្ចឹម​អម្រឹគ​ផង​សោភី                          និត្យ​នៅ​នាទី​នោះ​ច្រើន​ក្រៃ
          អ្នក​ផង​ពុំ​ហ៊ាន​ចាប់​អាស្រ័យ​                   សម្រាប់​ក្សត្រិយ​ថ្លៃ​ទត​កំសាន្ត ។
          សួយ​សារ​អាករ​បរិបូណ៌​ណាស់​              គ្មាន​ទ័ល​គ្មាន​ខ្វះ​គ្មាន​រំខាន
          គ្មាន​ភិត​គ្មាន​ភ័យ​អ្វី​ប្រមាណ​                  ក្សេម​ក្សាន្ត​អនេក​ឯក​រាជា ។
          ពួក​ខ្ញុំ​រាជការ​ក៏​សប្បាយ​                         សម្បូរណ៌​ធូ​ចាយ​គ្រប់​មុខ​ងារ
          ទោះ​រាស្រ្ត​ទាំង​ពួង​ផង​នានា​                  សុខ​សាន្ត​រាល់​គ្នា​ទាំង​ប្រុស​ស្រី ។
          ដោយ​បុណ្យ​ក្សត្រ​ទ្រង់​ទសពិធ​               តាំង​ពី​អតីត​ដល់​លោកិយ
          មាន​ព្រះ​ប្រាជ្ញា​ការ​ផែន​ដី​                       សត្រូវ​អប្រិយ​ចៀស​ចេញ​ឆ្ងាយ ។
          បាន​ជា​មហា​ជន​ក្នុង​នគរ​                       ពុំ​កើត​វឹក​វរ​ភ័យ​អន្តរាយ
          រក​ស៊ី​រក​ចុក​សុខ​សប្បាយ​                      ពុំ​សូវ​ក្រហាយ​ក្នុង​ចិន្ដា ។
          មួយ​ទៀត​ព្រំ​នគរ​បូរី​                            ទូលាយ​ផែន​ដី​ធំ​ក្ដាត់​ណា
          អ្នក​ផង​ធ្វើ​ស្រែ​ធ្វើ​ចំការ​                          បាន​ផលា​ហារ​គ្មាន​ខ្វះ​អ្វី ។
          នទី​ផែន​ទឹក​ច្រើន​កន្លែង​                         ស្ទឹង​ព្រែក​អូរ​ខ្វែង​ក្នុង​ផែន​ដី
          នឹង​ថ្លុក​ត្រពាំង​បឹង​ផង​ខ្មី​                        ទន្លេ​មាន​ត្រី​ច្រើន​គណនា ។
          ទន្លេ​សាប​មួយ​ធំ​ចំហុត​                          វិស័យ​សមុទ្រ​សាគរា
          មាន​អស់​មច្ឆា​ក្នុង​គង្គា​                           ច្រើន​ក្រៃ​មហិមា​ជា​ប្រក្រតី ។
          អណ្ដើក​កន្ធាយ​ត្រសៃ​ផង​                      ក្រពើ​ទន្សង​អន្ទង់​ក្ដី
          បង្កង​កំពឹស​ព្រោន​អ្វី​ៗ​                           នៅ​លាយ​នឹង​ត្រី​គ្រប់​ប្រការ ។
          ក្ដាម​ខ្យង​នឹង​ខ្ចៅ​ចំពុះ​ទា​                         លៀស​គ្រុំ​នា​នា​ជា​ធម្មតា
          ពហូវ​ជាតិ​សត្វ​ក្នុង​ជលសា​                     ទីណា​សឹង​មាន​ច្រើន​ណាស់​ខ្មី ។
          ច្រើន​ក្រៃ​លែង​ច្រើន​ពន់​ប្រមាណ​            ច្រើន​រាប​ពុំ​បាន​ជា​នាម​អ្វី
          បើ​ស្មាន​គិត​វាល់​ទឹក​នឹង​ត្រី​                     ត្រី​មួយ​ទឹក​បី​ប្រហែល​ខ្លះ ។
          ហើយ​មាន​កន្លែង​វាល​ស្រងែ​                   ឈើ​វល្ល៍​បន្លែ​ច្រើន​ក្រៃ​ក្រាស់
          សត្វ​ហើរ​ពង​កូន​ក៏​ច្រើន​ណាស់​               ពុំ​ឈ្នះ​នឹង​ប្រៀប​ធៀប​សេច​ក្ដី ។
          មិន​តែ​ទន្លេ​សាប​មួយ​ទេ​                         បឹង​ស្ទឹង​ទន្លេ​ក្នុង​ផែន​ដី
          ធំ​តូច​នោះ​ច្រើន​សឹង​មាន​ត្រី​                   និង​សត្វ​បក្សី​ព្រៃ​ព្រឹក្សា ។
          ប្រហែល​ទន្លេ​សាប​នោះ​ដែរ​                   មាន​មក​តាំង​តែ​យូរ​វស្សា
          ជា​កេរ្ត៍​ដំណែល​អ្នក​ខេមរា​                      ព្យាបាល​ដរាប​រៀង​មក​ថ្មី ។
          បើ​ទៅ​នេសាទ​សត្វ​សន្ធឹក​                       លើ​ដី​ក្នុង​ទឹក​ទី​ណា​ក្ដី
          មច្ឆា​អម្រឹគ​និង​បក្សី​                               ឆាប់​បាន​មក​ខ្មី​ធ្វើ​ភោក្ដា ។
          សត្វ​ច្រើន​ក្រៃ​លែង​ពន់​ប្រមាណ​             ច្រើន​ឈើ​ស្ម​សាន្ត​ច្រើន​លតា
          ច្រើ​ទាំង​ជ្រលង​ទីបព្វតា​                         ច្រើន​នោះ​ហៅ​មហា​ច្រើន​ក្រាស់​ក្រៃ ។
          ទី​ប្រាក់​ទី​មាស​ត្បូង​យ៉ាង​ល្អ​                    ទី​ស្ពាន់​សំណ​ថ្ម​ចរណៃ
          ថ្ម​កែវ​គ្រួស​ដែក​ក្នុង​ព្រៃ​ផ្សៃ​                     យ៉ាង​ថោក​យ៉ាង​ថ្លៃ​ច្រើន​ប្រការ ។
          អ្នក​ផង​ចង់​បាន​ដើរ​ទៅ​រក​                      ចេះ​តែ​មាន​មក​ដូច​ប្រាថ្នា
          លក់​ជា​សម្រស់​របស់​អាត្មា​                      ឲ្យ​តែ​ឧស្សាហ៍​គ្មាន​ខ្វះ​អ្វី ។
          អ្នក​មាន​តម្រិះ​មាន​ប្រាជ្ញា​                       អ្នក​ជាង​ធ្វើ​ការ​សារពើ​ក្ដី
          អ្នក​មាន​ជំនួញ​ក្នុង​ផែន​ដី​                       ច្រើន​ណាស់​ឥត​បី​នឹង​គណនា ។
          ចម្រើន​ទ្រព្យ​ធន​ពន់​ប្រមាណ​                 ពុំ​សូវ​រំខាន​រាល់​គ្នី​គ្នា
          បើ​ក្រ​គ្រាន់​តែ​តិច​ទ្រព្យា​                         មិន​ជា​អត់​ឃ្លាត​គ្មាន​ភោក្ដា ។
          គង់​មាន​ស៊ី​បាយ​ចាយ​ស្លៀក​ពាក់​             ពុំ​សូវ​តត្រាក់​អន្ទះ​សា
          ព្រោះ​ស្រុក​សុខ​សាន្ត​បាន​ធ្វើ​ការ​              ទៅ​រក​ត្រង់​ណា​បាន​ដូច​ប៉ង ។
          អំណើះ​រាជ្យ​ក្រោយ​គ្រោះ​រដ្ឋា​                  កើត​មនុស្ស​មោហា​ច្រើន​កន្លង
          ក្នុង​ដែន​ក្រៅ​ដែន​ប៉ះ​គិក​កង​                   សង្កត់​អ្នក​ផង​យក​ទ្រព្យា ។
          អស់​ខ្ញុំ​រាជ​ការ​និង​មហា​ក្សត្រិយ៍​               ឲ្យ​លើក​ទ័ព​ស្កាត់​ច្បាំង​រាំង​រា
          ត​ឫទ្ធិ​ដំ​បះ​ពុំ​ឈ្នះ​វា​                                ចូល​លុក​ក្នុង​នាទី​ក្រុង​ក្រៃ ។
          ទាំង​ស្ដេច​នាម៉ឺន​រាស្រ្ត​ជិត​ឆ្ងាយ​               ភ័យ​រត់​ខ្ចាត់​ខ្ចាយ​ដោយ​ព្រៃ​ផ្សៃ
          រី​ព្រះ​រាជ្យ​ទ្រព្យ​ទោះ​ថោក​ថ្លៃ​                   បាន​ដៃ​សត្រូវ​ទៅ​អសារ ។
          យក​ទាំង​គម្ពីរ​អត្ថ​បាលី​                          ក្បួន​ច្បាប់​អ្វី​ៗ​ច្រើន​ប្រការ​
          ព្រះ​គោ​ព្រះ​កែវ​ស្ដម្ភ​រដ្ឋា​                         យក​ព្រះ​រូបា​ចេញ​ចាក​ស្ថាន ។
          ទាំង​ស្ដេច​នាម៉ឺន​រាស្រ្ត​ប្រជា​                    ច្បាំង​យក​ទ្រព្យា​វិញ​ពុំ​បាន​
          កន្លង​ច្រើន​រាជ្យ​ពន់​ប្រមាណ​                  ខាត​ខាន​រៀន​សូត្រ​មក​យូរ​ក្រៃ ។
          បាន​ជា​ខេមរា​អូន​តម្រិះ​                         ដែល​នៅ​ដឹង​ចេះ​ខ្លះ​សព្វ​ថ្ងៃ​
          ចេះ​គ្រាន់​តែ​រក​មក​អាស្រ័យ​                   ពុំ​សូវ​ថ្លា​ថ្លៃ​ដូច​បូរាណ ។
          បើ​ទុក​ជា​មាន​ក៏​មាន​តិច​                        បើ​ចេះ​ភារកិច្ច​មិន​ប្រមាណ​
          បើ​ទុក​ជា​រៀន​ពុំ​សូវ​បាន​                         ព្រោះ​ពុំ​សុខ​សាន្ត​ក្នុង​ភព​ការ ។
          តាំង​ពី​រាជ​ការ​បារាំង​សេស​                     ពុំ​ធ្វេស​ប្រហែស​ជួយ​រាំង​រា​
          អស់​ទាំង​សត្រូវ​ផង​នា​នា​                        ពុំ​ហ៊ាន​ពុះ​ពារ​មក​ឥច្ឆា ។
          មិន​ន្រឹម​តែ​ជួយ​ការ​បូរី​                           និង​រៀប​ទឹក​ដី​ប៉ុណ្ណោះ​ណា​
          គិត​ទាំង​ជួយ​សាង​សង់​សាលា​                ជ្រើស​គ្រូ​អាចារ្យ​ចេះ​អធិប្បាយ ។
          ឲ្យ​ចាំ​បង្រៀន​អស់​កុមារ​                         ឲ្យ​ចេះ​កិច្ច​ការ​រាល់​រាង​កាយ​
          ក្នុង​ក្រុង​ក្រៅ​ក្រុង​ផង​ទាំង​ឡាយ​              ឲ្យ​ដឹង​សព្វ​សាយ​ក្នុង​សេមា ។
          ព្រះ​បាទ​ស៊ី​សុវត្ថិ​ខត្តិ​ទាវង្ស​                     ស្ដេច​ទ្រង់​ជ្រាប​សព្វ​គ្រប់​ប្រការ​
          ព្រះ​ទ័យ​ត្រេកអរ​សោមនស្សា​                 ព្រម​តាម​រាជ​ការ​ថ្វាយ​សេច​ក្ដី ។
          ទ្រង់​ឡាយ​ព្រះ​ទាន​ឲ្យ​ចាត់​ចែង​               ឲ្យ​ធ្វើ​ដំណែង​សា​លា​ថ្មី​
          ឲ្យ​ច្រើន​បែប​យ៉ាង​ក្នុង​បូរី​                       ឲ្យ​គួរ​មេត្រី​ចូល​សិក្សា ។
          ដែល​ធ្វើ​បាន​រួច​ខ្លះ​ទៅ​មែន​                     គ្រប់​ដែន​ដី​ក្រុង​ស្រែ​ចំការ​
          ទើប​បាន​តែ​ឲ្យ​រៀន​អក្ខរា​                       និង​លេខ​សាស្រ្តា​អត្ថ​បាលី ។
          ឥឡូវ​អគ្នេយ៍​ព្រះ​រាជ​វាំង​                        ទើប​តាំង​សាង​សង់​សា​លា​ថ្មី​
          ជា​ទី​កន្លែង​តែង​ធ្វើ​អ្វី​                             ល្អះ​ល្អ​ឥត​បី​បើ​ឧប​មេយ្យ ។
          មណ្ឌល​ទ្រនង្គ​ទ្រង់​សង្ហា​                        ឈ្មោះ​ថា​ព្រះ​រាជ​បណ្ណាល័យ​
          តម្កល់​ក្បួន​ច្បាប់​សព្វ​សាសន៍​សៃយ៍​         មាន​រឿង​ច្រើន​ក្រៃ​ក្នុង​នោះ​ណា ។
          រឿង​ពី​អតីត​មក​ក៏​មាន​                           និទាន​បច្ចុប្បន្ន​នេះ​ក៏​ថា​
          អនាគត​កាល​ក៏​ចរ​ចា​                             សម្រាយ​សាស្រ្តា​អត្ថ​បទ​បាលី ។
          មួយ​ទៀត​ទ្រង់​សក្ដិ​ហាក់​មហា​កាល​         ឈ្មោះ​រដ្ឋបាល​នោះ​គប្បី
          មាន​ច្បាប់​សម្រាប់​ក្នុង​ផែន​ដី​                  រៀន​ធ្វើ​មន្រ្តី​តុលា​ការ ។
          ឧត្ដរ​រាជ​វាំង​សាល​ធំ​សល់​                       តម្កល់​ក្បាច់​ថ្ម​ពី​បូរាណ៍​
          សន្មត​នាម​ឈ្មោះ​ហៅ​សាលា​                  សារ​មន្ទីរ​វិសេស​ក្រៃ ។
          តាំង​គ្រឿង​មាស​ប្រាក់​សិរឹទ្ធិ​                    ប្រដាប់​មុនី​រ៍តន៍​ចរណៃ​
          នូវ​អស់​ពី​ស្រ្តា​ផ្កា​របៃ​                              ទ្រព្យ​មាន​តម្លៃ​គួរ​ស្នេហា ។
          បច្ចឹម​ជិត​គ្នា​នោះ​ប្រាកដ​                        កំណត់​ហៅ​សា​លា​រចនា​
          មាន​គ្រូ​បង្ហាញ​រៀន​ធ្វើ​ការ​                      ឲ្យ​បែក​ប្រាជ្ញា​ទាំង​ប្រុស​ស្រី ។
          ប្រុស​រៀន​តម្រិះ​ខាង​ការ​ប្រុស​                 ឲ្យ​ដឹង​សាយ​សុស​បែប​ចេះ​ថ្មី​
          ជាង​ទង​ជាង​ស្មិត​សិត​អ្វី​ៗ​                       គូរ​ក្ដី​ឆ្លាក់​ក្ដី​ច្រើន​ប្រការ ។
          ក្រឡឹង​ប្រដាប់​យ៉ាង​ប្លែក​ៗ​                     ជាង​ដែក​សូន​រូប​ជាប់​យ៉ាង​ណា​
          មាន​ព្រម​តាម​ចិត្ត​ប៉ង​ប្រាថ្នា​                    ឲ្យ​តែ​ឧស្សាហ៍​រៀន​ចុះ​ខ្មី ។
          បើ​ស្រី​រៀន​ខាង​ការ​នារី​                          រៀន​ត្បាញ​ប៉ាក់​ភ្ញី​ដេរ​ជុល​ក្ដី​
          មាន​ទី​ដោយ​ខ្លួន​ខាង​ស្រី​ៗ​                      ប្រណី​រៀប​ឲ្យ​ដោយ​គួរ​ការ ។
          ធ្វើ​សាល​នោះ​នឹង​ស៊ីម៉ង់ត៍​ល្អ​                   នឹង​ឥដ្ឋ​នឹង​ថ្ម​នឹង​ដែក​ជា​
          ក្រួស​ខ្សាច់​និង​ឈើ​យ៉ាង​ខ្លឹម​សារ​             តាម​ជាង​រចនា​ហត្ថា​ថ្មី ។
          ក្បាច់​ក្បូរ​កំពូល​ហាក់​ប្រាសាទ​                 ស្អាត​ក្រៃ​លែង​ស្អាត​គ្មាន​សល់​អ្វី​
          មួន​មាំ​ចម្លែក​ឯក​ដែន​ដី​                         គប្បី​ទាំង​អស់​ស្រស់​ថ្លៃ​ថ្លា ។
          ខាង​មុខ​កម្រាល​ក្រាល​ឥដ្ឋ​ពណ៌​              លំអរ​មាន​ជរ​មាន​ក្រឡា​
          ឆ្វាយ​ឆ្វាក់​ប្រទាក់​ទង​ភ្ញី​ផ្កា​                       ពាស​ពេញ​សា​លា​គ្មាន​ចន្លោះ ។
          របៀប​រៀប​រយ​ដោយ​កន្លែង​                   ទំនង​ដំណែង​ល្អ​ទាំង​អស់​
          ពុំ​មាន​អាក្រក់​បន្តិច​សោះ​                       សុទ្ធ​សឹង​របស់​ក្នុង​រាជ​ការ ។
          ទូ​តូច​ទូ​ធំ​ដាក់​សៀវ​ភៅ​                          ក្បួន​ច្បាប់​និត្យ​នៅ​ទី​នោះ​ណា​
          ប្រដាប់​សរ​សេរ​និង​ធ្វើ​ការ​                      មាន​ជា​ធម្មតា​គ្មាន​ខ្វះ​អ្វី ។
          ហើយ​មាន​ទាំង​តុ​ទាំង​ជើង​ម៉ា​                 តម្រៀប​ត្រៀប​ត្រា​គ្រែ​កៅ​អី​
          សម្រាប់​ទុក​ប្រើ​ជា​ប្រក្រតី​                      ពុំ​ឲ្យ​អប្រិយ​ក្ដី​សៅហ្មង ។
          នាទី​ជិត​ខាង​របៀង​សា​លា​                     សឹង​សួន​បុប្ផា​ជុំ​វិញ​ផង​
          ក្លាយ​ក្លិន​ពិដោរ​មក​ម្ដង​ៗ​                       មុខ​គួរ​ស្នេហ៍​ស្នង​ចង​ចិន្ដា ។
          ហើយ​ឲ្យ​មាន​អ្នក​នៅ​ថែ​ទាំ​                     បោស​ជូត​រៀប​ចំ​គ្រប់​សា​លា​
          រី​ឯ​លោក​គ្រូ​អាចារ្យ​                               នៅ​ប្រចាំ​ការ​ប្រៀន​សព្វ​ថ្ងៃ ។
          ល្អ​នោះ​ហៅ​ល្អ​ក្រ​មាន​យ៉ាង​                   រាជ​ការ​ស្អិត​ស្អាង​ល្អ​ពេក​ក្រៃ
          ល្អ​ស្រស់​របស់​មាន​តម្លៃ​                         ល្អ​ស្រួល​អាស្រ័យ​ទី​នោះ​ណា ។
          ទុក​ឲ្យ​សមណៈ​និង​មហា​ជន​                  ទុក​ដូច​ឲ្យ​ធន​យស​ស័ក្ដា​
          ទុក​ទី​រា​ជា​នុ​វង្សា​                                   ទុក​ឲ្យ​សេវកា​មាត្យ​មន្រ្តី ។
          នៅ​សល់​កុមារ​ផង​ទាំង​ឡាយ​                  រាល់​រូប​រាង​កាយ​ទោះ​ប្រុស​ស្រី​
          កំឡុង​ក្នុង​នាទី​បូរី​                                  ដែន​ដី​នគរ​កម្ពុជា ។
          ដែល​ពុំ​ទាន់​ដឹង​រឿង​គង់​ការ​                    និង​អង្គ​អក្ខរា​លេខ​នា​នា​
          បើ​ចង់​រៀន​សូត្រ​រាល់​គ្នី​គ្នា​                      រាជ​ការ​អា​ធារ​ជា​ប្រក្រតី ។
          ហេតុ​នេះ​គួរ​តែ​ចង់​ចេះ​ដឹង​                     គួរ​ប្រឹង​សង្វាត​ខំ​ឃ្មាត​ខ្មី​
          គួរ​ចូល​ទៅ​រៀន​ទើប​គប្បី​                        គួរ​អី​រៀន​ទៅ​តាម​ត្រូវ​ការ ។
          នឹង​បាន​ភ្លឺ​ដឹង​សព្វ​សេច​ក្ដី​                      ភ្លឺ​ដូច​រស្មី​កែវ​មុខ​តា​
          ភ្លឺ​ច្បាស់​ប្រាកដ​នឹង​នេត្រា​                       ភ្លឺ​ថ្លា​ដួង​ចិត្ត​ឥត​សង្ស័យ ។
          តែ​ឃើញ​រឿង​ច្រើន​កើន​តម្រិះ​                តែ​ចេះ​ការ​ច្រើន​ជា​បច្ច័យ​
          តែ​ចូល​រៀន​សូត្រ​រាល់​ខែ​ថ្ងៃ​                    ដូច​ច្នៃ​ត្បូង​ពេជ្រ​លេច​រស្មី ។
          នឹង​បាន​សម្បត្តិ​សម្បូណ៌​យស​                និង​មាន​កេរ្ត៍​ឈ្មោះ​ខ្ពស់​ឮ​ល្បី​
          នឹង​មាន​ប្រាជ្ញា​ពី​លោកិយ​                      នឹង​មាន​សិរី​សួស្ដី​ប្រាណ ។
          និទាន​ដូច​មាន​ខាង​លើ​នេះ​                     បើ​ពុំ​រៀន​រិះ​តាម​លំអាន​
          ទោះ​ខំ​រក​ស៊ី​ពុំ​សូវ​បាន​                           រំខាន​ទី​ទ័ល​ខ្វល់​ក្នុង​កាយ ។
          បាន​ដែរ​ប៉ុន្តែ​រក​បាន​តិច​                        ព្រោះ​ធ្វេស​រៀន​កិច្ចការ​សព្វ​សាយ​
          មិន​ស្មើ​នឹង​អ្នក​នេះ​ឧបាយ​                      ពុំ​សូវ​ធូរ​ចាយ​ដូច​គេ​ឡើយ ។
          អ្នក​យស​ឥត​ស័ក្ដ​ឥត​លក្ខណា​                ឥត​អស់​ប្រាជ្ញា​សូន្យ​សោះ​ហើយ​
          ឥត​ស្រាក​លំបាក​ពុំ​មាន​ស្បើយ​               ឥត​ល្ហើយ​ជា​ទុក្ខ​គ្រប់​ប្រការ ។
          មួយ​គួរ​គិត​គុណ​ព្រះ​រតន​ត្រៃ​                 ពីរ​គុណ​ក្ស័ត្រ​ថ្លៃ​ទ្រង់​ករុណា​
          បី​គុណ​អស់​លោក​អ្នក​រាជ​ការ​                 បួន​គ្រូ​អាចារ្យ​អង្គ​អធិប្បាយ ។
          បំណាច់​ដែល​លោក​មាន​សប្បុរស​           សាង​ទុក​របស់​ច្បាប់​បរិយាយ​
          ឲ្យ​យើង​រៀន​ដឹង​ត​វែង​ឆ្ងាយ​                   រក្សា​រូប​កាយ​គ្រប់​អាត្មា ។
          គុណ​នោះ​វិសេស​ប្រសើរ​ក្រៃ​                  តម្លៃ​គ្មាន​អ្វី​ប្រៀប​ឧបមា​
          រី​គុណ​បិតា​និង​មាតា​                              មាន​ច្រើន​ប្រការ​ដោយ​សោះ​ឋាន ។
          និង​សព្វ​គុណ​ផង​នា​នា​                          ដែល​ជា​ចម្រើន​យើង​ក្សេម​ក្សាន្ត​
          ក៏​ត្រូវ​រំលឹក​នឹក​កុំ​ខាន​                            រាប់​អាន​ស្មោះ​ស្ម័គ្រ​រួម​រក្សា ។
          ភាវ​នា​ព្រះ​ធម៌​ប្រុង​វិញ្ញាណ​                  សាង​សីល​សាង​ទាន​មាន​មេត្តា​
          កុំ​សាង​ទុច្ចរិត​ចិត្ត​មោហា​                        ក្លៀវ​ក្លា​បៀត​បៀន​គេ​អន្តរាយ ។
          កុំ​មាន​សេច​ក្ដី​ប៉ង​ប្រមាថ​                       កុំ​ឆ្លាត​ទៅ​កាន់​ភូមិ​អបាយ​
          ឲ្យ​ដើរ​តាម​ផ្លូវ​ត្រូវ​ប្រឡាយ​                     កុំ​បី​នឿយ​ណាយ​ក្នុង​ចិន្ដា ។
          ទើប​បាន​ត្រឹម​តាម​ព្រះ​ធម៌​                      ជា​ល្អ​ក្នុង​វរ​ពុទ្ធ​សាសនា​
          ទើប​បាន​កុសល​សាធុ​កា​                        ទេវតា​ចម្រើន​សុខ​សប្បាយ ។
          រឿង​នេះ​ខ្ញុំ​តែង​តាម​ទំនង​                       តែង​តាម​គន្លង​កល​ភិ​ប្រាយ​
          តែង​ជូន​អស់​លោក​អ្នក​ទាំង​ឡាយ​           តែង​តាម​តម្រាយ​ពាក្យ​សត្យា ។
          លើក​ឡាត់​កាត់​បទ​បែប​ខ្លី​ៗ​                     សេច​ក្ដី​គ្រាន់​ជា​សវនា​ការ
          យក​ផលា​និ​សង្ស​ផ្ចង់​ចេតនា​                  ដោយ​សារ​សីល​ទាន​និព្វាន​អើយ ។



[1]អត្ថបទ​នេះ​ ស្រង់​ចេញ​ពី​ កម្ពុជ​សុរិយា​ ក្បាល​លេខ​២ -  ៣ -  ៦ ឆ្នាំ​១៩២៦ ២៧ ។

No comments:

Post a Comment