ល្បើកច្បាប់ក្រិត្យក្រម
ព្រះគ្រូវិសុទ្ធិរង្សី
ទិត
របៀបតែងកាព្យពាក្យ៧
សូមមេត្តាអានសង្កេតកាព្យដ៏ល្អនេះ
ល្បើកច្បាប់ក្រិត្យក្រមរបស់
ព្រះគ្រូវិសុទ្ធិរង្សី
ទិត វត្តសិរីសាគរ
ស្រុកកំពង់ត្របែក
ខេត្ដព្រៃវែង
នេះនឹងថ្លាថ្លែងចែងចារចង លើកតាមទម្នងជាកាព្យា
ប្រាំពីរពាក្យពិតគិតបួនឃ្លា ចងជានិទានទុកប្រដៅ
។
អស់ទាំងកុមារក្មេងតូច ៗ ចិត្តឯងនៅខូចច្រើនខ្លាំងខ្លៅ
ស្រើបស្រាលដោយសារខ្លួនឆោតឆៅ មិនតាមប្រដៅគ្រូទូន្មាន
។
ថ្ងៃកន្លងបានម្ភៃពីរ នឹងគិតកាញ់គ្នេរក្នុងបច្ចុប្បន្ន
ឆ្នាំមមីទោស័កក្នុងគិម្ហន្ត ឧតូវខែជេស្ឋប្រាំបីកើត
។
កោនុនាមាអាត្មាភាព ចំរើនពរប្រាប់ឈ្មោះកំណើត
ទិត គិតពីគ្រោះឃើញធម្មហេតុ កើតធម្មសង្វេគចេញបព្វជ្ជា
។
សាមសិបប្ល៉ាយឆ្នាំជាកំណត់ ចៅវត្តសិរីសាគរា
ឃុំខណ្ឌត្របែកក្នុងគាមា រួមខែត្រព្រៃវែងស្រុកបាភ្នំ
។
ខ្ញុំមានសិស្សាកុមារច្រើន ស្រដីដាស់តឿនវាមិនខំ
បានជាគិតលើកល្បើកក្រិត្យក្រម ឲ្យរៀនខិតខំកុំឲ្យធ្វេស
។
ហៃអស់ពួកក្មេងកុមារា ចាំទុករាល់គ្នាកុំប្រហែស
ប្រតិបត្តិតាមបែបយ៉ាងន័យនេះ អ្នកកុំសន្ធិះនឹងចេះបាន
។
ភ្ញាក់ឡើងពីព្រឹកនឹកចំណេះ ដែលខ្លួនរៀនចេះចាំប៉ុន្មាន
ទន្ទេញឲ្យស្ទាត់មាត់កុំខាន ដ្បិតទើបនឹងបានរៀនថ្មី
ៗ ។
ហើយឲ្យអ្នកឆ្លៀតរៀនអក្សរ អក្ខរាឲ្យល្អរៀនសំដី
មព្ពន្តខ្មែរចិនឲ្យស្ទាត់ដៃ លោកិយនេះគ្រាន់ច្រឡំគេ
។
ហើយឲ្យអ្នកឆ្លៀតរៀនបាឡី នោះទើបគប្បីមិនទំនេរ
មេសូត្រឲ្យស្ទាត់ចាំមាត់ទេ ដល់បាទៅប្រែងាយអាចារ្យ
។
បើប្រែរួចហើយទៅដល់ស្ថាន កុំខ្ជិលប្រាសប្រាណបោះសាស្ត្រា
ពីដៃហើយដេកធ្មេចនិន្ទ្រា មិនត្រួតត្រាការវិជ្ជាខ្លួន
។
ចំណាំវិភត្តបទបច្ច័យ អាចារ្យប្រាប់ន័យចាំឲ្យមួន
តោងអានរំឭកមើលថែធួន បើចួនភ្លេចស័ព្ទសួរគ្នាឯង
។
បាចូរប្រតិបត្តិសួរអាចារ្យ វិបត្តិអក្ខរាឲ្យជាក់ស្ដែង
សូមទានករុណាចូរសម្ដែង ថ្លាថ្លែងប្រោសប្រាប់តទៅទៀត
។
អាចារ្យសម្ដែងប្រាប់សិស្សថា អក្ខរៈមាលាតាមដោយហេតុ
នឹងប្រើអក្សរតាមសង្កេត រៀបរយតាមភេទចាំឲ្យជាក់
។
របៀបប្រើពាក្យក្នុងលោកិយ ប្រើឲ្យគប្បីតាមអក្ខរៈ
លោកយកប្រកបនឹងតួស្រៈ ជាពាក្យទីឃៈរស្សៈខ្មី
។
ទីឃៈលោកប្រើពាក្យយ៉ាងវែង រស្សៈនោះឯងប្រើពាក្យខ្លី
ឯស្រៈមាននៅក្នុងបាឡី នោះមានប្រាំបីតួអក្ខរេ
។
បើពាក្យណាសុទ្ធបាឡីចំ លោកយកមកផ្សំនឹងពាក្យប្រែ
ដូចជាពាក្យថាអ្នករៀនស្នេហ៍ នោះត្រូវកាមេព្រោះហេតុកាម
។
ពាក្យមួយលោកថាធ្វើគ្រូពេទ្យ ក្នុងអាណាខែត្រសត្វប្រេតប្រាំ
ពាក្យថាកិលេសវិសេសសាំ ព្រះតេជះចាំព្រះមហាថរ
។
យ៉ាងនេះយកស្រៈ (េ) មកប្រើ ដាក់តាមពាក្យស្មើដូចពាក្យខ្មេរ
បាអានសំនៀងឲ្យបង្វេរ ជាពាក្យស្រៈ
(ែ) វិញណាបា ។
ដ្បិតពាក្យស្រៈ (ែ) យ៉ាងនេះនៃ នៅក្នុងបាឡីគ្មានឡើយណា
មានតែស្រៈ (េ) អក្ខរា នេះលោកពោលថាប្រើជួស
(ែ) ។
ហេតុនោះបានលោកយកមកប្រើ តាមបែបបទស្មើភាសាប្រែ
យក (េ) នេះឯងតាងស្រៈ (ែ) ចាំឲ្យជាប់ថែណាចៅណា
។
ឯរឿងបទស្រៈឧទាហរណ៍ ដែលត្រួតអក្សរមេ-កកា
ទុកសម្រាប់ប្រើក្នុងភាសា ក្រុងកម្ពុជាធិបតី
។
ចូរបាអានឲ្យប្រុងប្រយ័ត្ន កុំឲ្យបង់បាត់បែរសេចក្ដី
អានកុំបំភ្លាត់បំភ្លៃស្ដី តាមន័យពាក្យឃ្លោងឃ្លាយារមុខ
។
ចូរបារវាំងទាំងតួខ្យល់ ប្រុងប្រយោគដល់ដោយទំនុក
ប្រយ័ត្នកុំអានឲ្យទង្គុក ច្រលួសទៅមុខហួសមិនត្រូវ
។
សេចក្ដីពាក្យណាមើលមិនចំ កុំថាបន្លំរម្លងទៅ
ចូរបាបង្អាក់ឈប់ចាំនៅ ទៅសួរលោកគ្រូសន្សឹមថ្លែង
។
កុំគិតចិត្តព្រើលខូចតែផ្ដាស ទៅគិតអៀនខ្មាសនឹងគ្រូឯង
មិនហ៊ាននឹងសួរនឹងសម្ដែង ថ្លែងសួរពីរឿងហេតុនានា
។
យ៉ាងនេះដូចមានក្នុងបាឡី បូរាណលោកស្ដីត
ៗ គ្នា
ខ្មាសគ្រូបាធ្យាយគ្មានវិជ្ជា ខ្មាសភរិយាពុំមានកូន
។
ខ្មាសមហាក្សត្រខ្មាសយសយាន ខ្មាសធ្វើសីលទានគ្មានបុណ្យជូន
ខ្មាសធ្វើការងារសាបស្ងាត់សូន្យ ខ្មាសញាតិបងប្អូនគ្មានភ្ញៀវឡើង
។
ខ្មាសខ្ញុំកំដរខានប្រើការ ខ្មាសស៊ីអាហារពោះផតស្ដើង
ខ្មាសបុណ្យយសស័ក្ដិពុំបានថ្កើង ខ្មាសពួកអ្នកយើងខានធ្វើបុណ្យ
។
ខ្មាសបាវភ្នាក់ងារគ្មានអាជ្ញា ខ្មាសពាក្យមោសាលក់ខាតទន់
ខ្មាសអន្តេវាសិកខានដើរមុន ខ្មាសអ្នកមានគុណខានធ្វើកាច
។
ខ្មាសកូនខានស្ដីប្រៀនប្រដៅ ខ្មាសអ្នកព្រៀងក្រៅថយអំណាច
ខ្មាសពាលល្ងង់ខ្លៅមានគេខ្លាច ខ្មាសបណ្ឌិត្យប្រាជ្ញពេញព្រើលធំ
។
ពាក្យចាស់ពីព្រេងតែប្រឌិត មានមកមែនពិតដោយនិយម
ពាក្យនេះមានមកពីបរម បុរាណចាស់ទុំថាដូច្នេះ
។
ធម្មតាឯចិត្តគ្រូអាចារ្យ តាំងនមស្សការឲ្យសិស្សចេះ
ពុំមានលាក់លៀមទុកចំណេះ ចង់ឲ្យសិស្សចេះសព្វសេចក្ដី
។
មួយទៀតរឿងដែលនឹងសិក្សា ចំណេះវិជ្ជាក្នុងលោកិយ
លោកថាប្រកបដោយអង្គបី នោះគឺស្មារតីនឹងប្រាជ្ញា
។
ព្យាយាមជាទីគំរប់បី ប្រែជាសេចក្ដីគឺឧស្សាហ៍
រីឯស្មារតីគឺសញ្ញា កំណត់កត់ត្រាការអ្វី
ៗ ។
ប្រាជ្ញាវាងវៃនាមបញ្ញត្តិ ជាអ្នកអារកាត់សព្វសេចក្ដី
ទៅខាងបរលោកឬលោកិយ កៃខៃខ្លួនឲ្យបានស្ថានល្អ
។
បើបានគ្រប់ព្រមទាំងអង្គបី ប្រាជ្ញារៀនអ្វីសោតពុំក្រ
សម្បត្តិក្នុងខ្លួនទាំងបីប- រិបូណ៌បានល្អជាអ្នកចេះ
។
រីឯស្មារតីគឺចេតសិក ឲ្យចាំរំឭកនឹកដម្រិះ
កំណត់ចំណាំចាំចំណេះ បរិបូណ៌បានចេះស្រេចវិរិយា
។
ទោះបីបើមានប្រាជ្ញាច្រើន ថាបើចំរើនកោសជ្ជា
កំជិលខ្ជិលក្រៃមហិមា ពុំអាចធ្វើជាអ្នកចេះបាន
។
ថាហៃអស់អ្នកពួកទារក ចូរឲ្យចាំទុកក្នុងអង្គប្រាណ
ឧស្សាហ៍ព្យាយាមយកឲ្យបាន ទុកជាច្បាប់កាន់រក្សាខ្លួន
។
មួយទៀតឯអ្នករៀនព្រះត្រៃ- បិដកថ្លាថ្លៃតាមចំនួន
លោកថាប្រកបដោយអង្គ ៤ នោះគឺ សុ ចិ
បុ លិ ចាំ ។
សុ ប្រែថាឲ្យប្រឹងស្ដាប់គេ ចិ
គិតកាញ់គ្នេរខំចំណាំ
បុ ឲ្យសាកសួរតាមលំនាំ លិ
គឺឲ្យចំឡងដកទុក ។
ធម្មតាអ្នករៀនរឿងបាឡី គឺព្រះត្រៃបិដកជាមុខ
ចូរបាខំប្រឹងសរសេរទុក ក្រែងភ្លេចទៅមុខបានមើលស័ព្ទ
។
ថាបើប្រកបដោយអង្គ ៤ បានគ្រប់ចំនួនដោយអណ្ដាប់
សិក្សារៀនសូត្រក៏ចេះឆាប់ នឹងបានជាបណ្ឌិតវោហារ
។
ថាបើបាឃ្លាតប្រាសចាកជួន ពីអង្គក្នុងខ្លួនបួនប្រការ
នោះឯងពុំបានជាអាចារ្យ រៀនដល់ចាស់ណាក៏ពុំចេះ
។
ព្រះពុទ្ធដីកាព្រះអង្គត្រាស់ ទ្រង់ថ្លែងប្រកាសទុកដូច្នេះ
កុមារអ្នកខំប្រឹងត្រេកត្រិះ គិតរករៀនរិះអស់វិជ្ជា
។
ឯចំណេះសិល្បសាស្ត្រសព្វ បើបានចេះចប់គ្រប់ហើយណា
មិនបាច់នឹងព្រួយអង្គអាត្មា ទៅរកកាប់ឆ្កាភ្ជួរស្រែព្រៃ
។
ថាបើនឹងទៅទីស្ថានណា នឹងមានឈ្មោះនាមប្រាកដល្បី
ពុំបាច់នឹងនឿយព្រួយស្ដាយទៃ ដើរតាមក្រោយគេទេណាចៅ
។
ឬមួយនឹងទៅផ្គាប់ផ្គុនស្ដេច នោះឯងមិនបាច់ទៅហាលក្ដៅ
ករុណាកាន់ទ្រង់ប្រោសប្រាណចៅ ឲ្យយសស័ក្ដិទៅជាអគ្គឋាន
។
ទោះបីក្រខ្សត់អត់ញាតិផៅ គង់តែគេហៅរករាប់អាន
ស្រឡាញ់ទុកដូចជាសន្ដាន គ្រាន់បានពឹងពាក់គ្រាមានទុក្ខ
។
ធម្មតាវិស័យរឿងចំណេះ បើបាបានចេះច្រើនគ្រប់មុខ
ទោះបីបើនឹងមានទោសទុក្ខ គង់តែបានសុខស្រួលក្សេមក្សាន្ត
។
ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសំបូណ៌បាន
ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបាបានគ្រាន់អាស្រ័យ
។
សម្បត្តិនៅស្ថាននាលោកិយ មាសប្រាក់ប្រក្រតីនៅសព្វថ្ងៃ
សឹងតែប្រកបទៅដោយភ័យ បាត់បង្សៀតនៃជាអនិច្ចំ
។
រីឯសម្បត្តិគឺចំណេះ បើបាបានចេះដោយកំឡាំង
ជាប់វែងដរាបយាវជីវ័ង សឹងទៀងចិត្តតាំងដល់ខ្លួនស្លាប់
។
ពុំដែលមានអ្វីមកពាធា អាចធ្វើវិជ្ជាឲ្យអន់អ័ប្ប
ទោះបីដល់ភ្លើងប្រល័យក័ប្ប ក៏ពុំអាចឆាបឆេះអន្តរាយ
។
ថាហៃអស់ពួកកុមារា ចូរបាឧស្សាហ៍ខំខ្វល់ខ្វាយ
សង្កេតកំណត់កុំឲ្យម៉ាយ តាមពាក្យបរិយាយយើងពណ៌នា
។
រីឯវិជ្ជានាលោកិយ ប្រយោជន៍សិរីសួស្ដីជា
នឹងជួយឲ្យបានទ្រព្យនានា ក្សេមក្សាន្តសុខាក្នុងលោកនេះ
។
រីឯវិជ្ជាគឺព្រះត្រៃ- បិដកថ្លាថ្លៃកុំសន្ធិះ
ប្រយោជន៍ទាំងនៅក្នុងលោកនេះ ដរាបដល់ទិសទិព្វលោកនាយ
។
ជាស្បៀងជាប់លៀងរូបអាត្មា នាំអង្គរូបាចាកទុក្ខសោក
ទៅកាន់ខេមស្ថានបថមោក្ខ និព្វានស្ថានលោកជាអវសាន
។
ឥឡូវបញ្ឈប់ស្លែះចរចា អក្ខរមាលាប៉ុណ្ណេះបាន
និយាយអំពីក្មេងគ្រប់ប្រាណ ប្រដៅទូន្មានតទៅទៀត
។
មនុស្សយើងត្រូវខំរៀនចំណេះ ឲ្យបានចាំចេះមិនចង្អៀត
បញ្ហាណាក្រយើងកែឆ្លៀត ច្រៀតយកសេចក្ដីឲ្យងាយស្ដាប់
។
គ្នាជាអ្នកល្ងង់ចូលមកសួរ អ្នកប្រាប់ឲ្យគួរតាមសណ្ដាប់
ធម៌អាថ៌ណាក្របាថ្លែងប្រាប់ សារស័ព្ទតាមធម៌តាមសេចក្ដី
។
នឹងមានកិត្តិស័ព្ទសូរពីរោះ នឹងមានកេរ្តិ៍ឈ្មោះខ្ពស់ឮល្បី
នឹងមានប្រាជ្ញាពីលោកិយ នឹងមានសិរីសួស្ដីប្រាណ
។
យកចិត្តទុកដាក់នឹងចំណេះ អ្នកកុំប្រហែលធ្វេសគិតខាន
ខូចវេលាមួយដូចខាតច្រើន បាខំក្រវើនណាអ្នកណា
។
នឹងបានភ្លឺច្បាស់សព្វសេចក្ដី ភ្លឺដូចរស្មីសែងសុរិយា
ភ្លឺច្បាស់ត្រចះនឹងនេត្រា ភ្លឺថ្លាដួងចិត្តឥតសង្ស័យ
។
តែបានរៀនច្រើនកើតចំណេះ តែចេះការច្រើនជាបច្ច័យ
តែខំរៀនសូត្ររាល់ខែថ្ងៃ ដូចឆ្នៃត្បូងពេជ្រលេចពន្លឺ
។
បើមានចំណេះចេះវិជ្ជា បើនឹងស្ដីថាច្រើនគេឮ
បើប្រកបការគេជួយធ្វើ បើមានជម្ងឺជួយភ័ក្ដី
។
បើបានចេះហើយនឹងមានឈ្មោះ សូរសព្ទពីរោះខ្ពស់ឮល្បី
មានពាក្យសរសើរពីលោកិយ ដល់បរលោកនៃសុខក្សេមក្សាន្ត
។
បើបារៀនសូត្រខំខ្មីឃ្មាត ខ្នះខ្នែងសង្វាតកុំឲ្យខាន
ឲ្យខាតវេលាវិជ្ជាប្រាណ ចិត្តត្រេកកំសាន្តតាមទំនើង
។
កុំនិយាយគ្នាណាអាវ៉ា ឲ្យខាតវិជ្ជារបស់យើង
បើគេនិយាយបាធ្វើឆ្មើង កុំតតបឡើងជាប់សំដី
។
ដោះឡើងដើរចេញទៅរករៀន ចំណេះរបៀនតាមសេចក្ដី
ដែលត្រូវការរៀនវិជ្ជាអ្វី តែជាប់និយាយខាតរៀនសូត្រ
។
មួយទៀតកុំបារៀនចិត្តឈ្លោះ ប្រកែកទ្រគោះរៀនឲ្យស្លូត
សំដីគេលើសបាកុំស្រូត រូតរះចង់ឈ្នះឥតអំពើ
។
រវល់តែចិត្តគ្រូបាធ្យាយ ជំនុំអភិប្រាយរកសើរើ
ឃើញទោសហើយផ្ចាលតាមដំណើរ អ្នកណាគេប្រើឲ្យឈ្លោះគ្នា
។
ធម្មតាជាអ្នករៀនសិស្សសេក កុំរៀនកាចពេកណាអាវ៉ា
គួរខ្លាចរំពាត់គួររាំងរា ចិត្តកាចនោះណាគួរនឿយណាយ
។
មួយទៀតរឿងល្បែងលេងមិនសុខ ច្រើនតែមានទុក្ខបៀតបៀនកាយ
លោកថាលេងច្រើន ៗ ឈ្លោះហើយ តែលេងរឿយ ៗ
ត្រូវរំពាត់ ។
អ្នកអើយធម្មតាកើតជាមនុស្ស ឲ្យដឹងគាប់ខុសទើបគេរាប់
កុំរៀនធ្វើល្មើសលើសនឹងច្បាប់ ចូរស្ដាប់ពាក្យនេះចាំទុកទៅ
។
គំនិតសេកសិស្សអ្នកនៅវត្ត ប្រោសប្រាណប្រតិបត្តិឲ្យត្រឹមត្រូវ
កោតខ្លាចលោកគ្រូជាងម៉ែឪ ចូលទៅប្រតិបត្តិកុំឲ្យអាក់
។
បាបៀកម្លូស្លាមូរបារី ប្រគេនហើយខ្មីរៀបរួសរាក់
ថែទាំដាំទឹកក្ដៅត្រជាក់ ទុកដាក់របស់តាមរបៀប
។
បើលោកហៅប្រើការអ្វី ៗ រវៀសរួសដៃជាប្រញាប់
យកចិត្តទុកដាក់ជាដរាប លោកប្រាប់យើងធ្វើតាមព្រះទ័យ
។
ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន បើផ្គាប់ឲ្យមួនកុំសង្ស័យ
ខុសពីរបីដងលោកអភ័យ បើមានចំណីទុកឲ្យស៊ី
។
ឥឡូវបញ្ឈប់រឿងទារក នឹងលើកស្លែះទុកតសេចក្ដី
ពីត្រឹមណេះទៅលើករឿងថ្មី ទូន្មានប្រុសស្រីគ្រប់រាល់ខ្លួន
។
នឹងថ្លែងពីរូបយើងរាល់គ្នា កើតក្នុងសាស្នាគិតឲ្យមួន
បើមិនប្រយ័ត្នខ្លាចក្រែងចួន សោះសូន្យមិនកើតឥតអំពើ
។
បំណាច់កើតទាន់ក្នុងសាស្នា គួរគិតប្រាថ្នាកុំពព្លើ
យកចិត្តទុកដាក់ធុរៈជឿ ក្រែងឥតអំពើបង់រូបកាយ
។
ខំស្វែងរករៀនធម៌បរមត្ថ ប្រុងចិត្តប្រយ័ត្នគិតឲ្យឆ្ងាយ
ជីវិតយើងនេះនឹងអន្តរាយ សុទ្ធសឹងតែស្រាយឥតខ្លឹមសារ
។
ឥតមានអ្វីយកជាទីពឹង ពិតជាពុំដឹងស្លាប់ថ្ងៃណា
ហេតុដ្បិតរូបនេះអនិច្ចា ជាអនត្តាពុំឃ្លៀងឃ្លាត
។
ហេតុដូច្នោះឯងប្រុសឬស្រី កើតក្នុងលោកិយគួរខ្មីឃ្មាត
រក្សាសីលទានខំសង្វាត ចិត្តកុំប្រមាថដូចពណ៌នា
។
មានមកក្នុងច្បាប់នេះស្រាប់ហើយ មិនមានខុសឡើយរៀងរាល់ឃ្លា
សំគាល់ចាំទុកទៅមុខជា គ្រឿងអាវុធ្យាការសត្រូវ
។
អ្នកខំសំគាល់ធម៌សុខុម ធ្វើជាអារម្មណ៍ចាំទុកទៅ
រាល់រូបមុខជាមិនលែងត្រូវ ការស្លាប់នោះនៅរាល់រូបពិត
។
អ្នកអើយអ្នកខំត្រួតផ្ទៀងផ្ទាត់ កុំថាតែមាត់ស្រេចនៅចិត្ត
សព្វថ្ងៃចិត្តយើងគួរពិនិត្យ ដ្បិតចិត្តបុណ្យបាបច្រឡំគ្នា
។
ចិត្តណាខិលខូចបណ្ដេញចេញ កុំឲ្យវាខ្នាញ់ក្នុងរូបា
វានាំឲ្យឆុករូបវេទនា កើតទុក្ខកាលណាវារត់ចោល
។
រូបយើងសព្វថ្ងៃចិត្តធំណាស់ ធំដាច់បង្អស់ជាបង្គោល
អាខ្លះជាភ្លើងតែងដុតរោល អាខ្លះដាលដោលឲ្យវង្វេង
។
អាខ្លះវាធ្វើឲ្យធុញថប់ បុណ្យសីលទានស្អប់គ្មានកោតក្រែង
ខ្លះនាំបំផ្លាញឫក្សខ្លួនឯង ឲ្យធុញវង្វេងនឹងកាមគុណ
។
ខ្លះវានាំលួចប្រពន្ធគេ អាខ្លះបង្វែរឲ្យលួចប្លន់
អាខ្លះកាប់ចាក់មិនគិតគន់ អាខ្លះលោភលន់បោកប្រាស់គេ
។
ហៃអស់មហាជនទាំងឡាយអើយ បើដូច្នេះហើយចូរអ្នកគ្នេរ
អ្នកទុករក្សាមិនបានទេ ល្មមអ្នកវាយជេរបណ្ដេញចេញ
។
វានៅវានាំបំផ្លាញរូប អ្នកអើយកុំឱបកុំស្រឡាញ់
ទាត់ចោលឲ្យឆ្ងាយពីខ្លួនចេញ តែអ្នកស្រឡាញ់ខូចខ្លួនហើយ
។
ដែលនាំខ្លួនខូចពីព្រោះខឹង អន្តរាយមិនដឹងខ្លួនសោះឡើយ
នាំទាញលិចលង់មិនដឹងត្រើយ អ្នកកើយអ្នកគិតឲ្យមែនទែន
។
អ្នកគិតតែល្អត្រូវត្រឹមត្រង់ ល្មមអ្នករំពឹងលើខ្លួនបាន
ទៅណាយកទៅជាប់នឹងប្រាណ គ្រាន់បានផ្ញើរូបផ្ញើជីវិត
។
តាមបន្ទូលព្រះអង្គទុកឲ្យ នឹងបានទៅសោយសួគ៌សម្បត្តិ
កោតខ្លាចឲ្យទៀងទៀតប្រយ័ត្ន កុំឲ្យមានភ្លាត់ភ្លាំងថ្លស់ធ្លោយ
។
បើជាប់ធម៌សីលទានទៅរ៉ា គ្រាន់បានជាគ្នាយិតយោងជួយ
រាប់អានស្រឡាញ់ដូចខ្លួនមួយ សីលទាមនេះហើយស្មើជីវិត
។
ឲ្យអ្នកភាវនាតែសព្វថ្ងៃ អកុសលចង្រៃគ្មានហ៊ានជិត
បាក់បបខ្លបខ្លាចខ្ចាយប្រាសព្រាត់ អន្តរធានបាត់ខ្ចាត់ទៅឯង
។
អ្នកកុំស្អប់ខ្ពើមសីលសិក្ខា លោកសង្ឃអាចារ្យក្ដីចៀសវាង
ដួងកែវកំណើតដល់រូបរាង លោកតែងដុះលាងរូបខន្ធោ
។
ព្រះធម៌ថ្លៃថ្លាគ្មានស្អប់សត្វ អ្នកកុំគិតកាត់មិនដឹងគួរ
លោកតែងដឹកដៃអ្នកទៅសួគ៌ កុំគិតចិត្តជួរគួរខ្លាចស្លាប់
។
តែផុតរលត់ទៅកាលណា ទៅតាមវេរាបុណ្យនឹងបាប
ធ្វើអ្វីបាននោះជាដរាប ប្រាប់យំភូបាលធ្វើតាមកម្ម
។
ត្រូវដុតត្រូវស្ងោរត្រូវស្ទូចថ្ពក់ ត្រូវដោលត្រូវរុកកាប់ចិញ្ច្រាំ
ត្រូវឡើងរកាដែកតាមកម្ម តាមហេតុដែលចាំធ្វើហួសហើយ
។
ទោសខ្លះត្រូវបុកអង្រែដែក ល្អិតល្អោចខ្ទេចបែកដូចសំឡី
ស្លាប់ហើយរស់វិញតែរាល់ថ្ងៃ រងភ័យនរកវេទនាណាស់
។
ស្រែកយំលន្លោចខ្លោចឈឺផ្សា ពីព្រោះអាត្មាធ្វើកម្មក្រាស់
ប្រកាច់ងីងើធ្វើទីសទាស ផ្ដេសផ្ដាសរកអ្វីទីពឹងគ្មាន
។
យំទួញស្រែកហៅប្រពន្ធប្ដី កូនចៅប្រុសស្រីតាមមួយគ្មាន
ហុតខ្ទុះផឹកឈាមដោយសារឃ្លាន មិនមានអ្វីស៊ីលំបាកណាស់
។
ខំស្រែកអង្វរយម្ភូបាល ថាខ្ញុំរាងចាលហើយលោកម្ចាស់
គេរឹតរូតចងថងវាយទះ ថាពះអាចោរខូចអប្រីយ៍
។
មឹងឯងលួចប្លន់កាប់ចាក់គេ មិនមានទំនេរតែរាល់ថ្ងៃ
ប្រពន្ធប្រីគេឯងគាប់ចៃ លួចមិនប្រណីព្រោះចិត្តធំ
។
ប្រមាទម៉ែឪគ្រូអាចារ្យ ជញ្ជីងធ្ងន់ស្រាលថ្លឹងបន្លំ
ដេញបាញ់អម្រឹគសត្វតូចធំ មិនមេត្តាពុំប្រណីឡើយ
។
ផឹកស្រាស្រវឹងក្រហមភ្នែក ចិត្តត្រអាលត្រេកមិនមានស្បើយ
គ្មានគិតធ្វើបុណ្យសីលទានឡើយ, រៀនធម៌ឲ្យហើយតាមស្ថាន
។
រីយម្ភូបាលទាំងបួននាក់ តែងតែទាត់ធាក់ច្រាសច្រំច្រាន
កាន់លំពែងចាក់សុះសព្វប្រាណ អ្នកខ្លះសោតបានទឹកទង្ដែង
។
យកមកចាក់ស្រេចហុចឲ្យទៅ ហើយកាន់ពូថៅឈរកំហែង
ថាហ៍នេះស្រារបស់ឯង ដែលអាធ្លាប់តែងផឹកពីមុន
។
អញបិទយ៉ាងល្អទុកសម្រាំង ក្បាលស្រាយ៉ាងខ្លាំងពីសាស៊ុន
ផឹកទៅអាវ៉ាវាបាត់គ្រុន មិនបាច់គ្នេរគ្នាន់គិតថ្លៃថ្នូរ
។
អញឲ្យអានាងឯងផឹកចុះ ដោយចិត្តអញស្មោះមិនលក់ដូរ
ឲ្យផឹកទទេគ្មានថ្លៃថ្នូរ ដ្បិតធ្លាប់ផឹកហូរពីដើមមក
។
រីឯអស់ពួកសត្វនរក ភ័យភិតជាទុករត់ពួនជ្រក
យំភូបាលគម្រាបដេញសង្ឃក ជេរស្រែកកំហ៊កកំហែងចាក់
។
បានហើយបំផឹកទឹកទង្ដែង គិតទៅគួរស្ញែងភ្លើងឆេះឆាប
រលាករលួយរលាយស្លាប់ ប្រែប្រាណក្រឡាប់រស់ឡើងវិញ
។
អាហារនៅក្នុងស្ថាននរក នោះមានតែល្មក់ខ្ទុះឈាមមិញ
ហើយក្រនឹងបានស៊ីឲ្យពេញ ពោះកើតទុក្ខម្នេញនឹងភ្លើងក្ដៅ
។
ឯណាស្រេកទឹកស្ងួតខាស់ក ឃើញទឹកថ្លាល្អរត់សំដៅ
ស្ទើរស្ទុះស្ទើរលោតរត់លឿនស្លៅ លុះបានដល់ទៅក្បង់ទឹកឡើ
។
ពុំទាន់នឹងបានដល់ក្នុងពោះ រីឯទឹកនោះក្លាយជាភ្លើង
ឆាបឆេះដាលរាលដល់ចុងជើង ស្ទុះរត់ក្រញើងភ្នែកសស្គុះ
។
ភ្លើងឆេះខ្មៅរោលរលួយសាច់ របូតអស់អាចម៍ពីក្នុងពោះ
ស្លាប់ហើយបណ្ដាលឡើងជារស់ មិនខុសមួយថ្ងៃមួយរយដង
។
តែងតែនឹងស្លាប់ក្រឡាប់កើត រាប់ជាតិកំណើតច្រើនកន្លង
វេទនារងទុក្ខរងទោសផង ស្រែកយំរំពងរងកម្មក្រាស់
។
សម្ដែងអំពីសត្វនរក នឹងលើកស្លេះទុកប៉ុណ្ណេះចុះ
មានច្រើនប្រការថ្លែងមិនអស់ គ្រានេះនឹងថ្លែងលោកិយវិញ
។
លោកិយនេះត្រូវតែខំរៀន ចំណេះរបៀនខំទន្ទេញ
ធម៌បរមត្ថអត្ថប្រែចេញ ជាពាក្យខ្មែរវិញតាមតិចច្រើន
។
មួយម៉ាត់ពីរម៉ាត់ខំឧស្សា តាំងចិត្តភាវនានឹងចម្រើន
ផលានិសង្សនឹងបានកើន បើមិនក្រវើនឥតអំពើ
។
ចេះតិចចេះច្រើនឲ្យជាក់ច្បាស់ កុំសូត្រផ្ដេសផ្ដាសពព្លើ
បន្លែបន្លំដូចមមើ ងេងើផ្ដេសផ្ដាសមិនច្បាស់តួ
។
ងឿងឆ្ងល់ត្រង់ណាចូរប្រតិបត្តិ លោកណាចេះស្ទាត់ឲ្យស៊ើបសួរ
ពិនិត្យសង្កេតរៀងរាល់តួ ចាំទុកទៅគួរនឹងមានអាង
។
សេចក្ដីស្លាប់មានតែរាល់គ្នា គួររាងគួររាគួរខំសាង
កំណត់មានឈ្មោះនៅក្នុងក្រាំង ចាប់បានភើចឆាំងវាមិនលែង
។
ជាអ្នកកន្ទ្រឹសកាចអាក្រក់ ចូលចាប់កាប់ឆក់ឥតកោតក្រែង
សំពះបង់ដៃគ្មានយល់ឯង ចាប់បានមិនលែងឲ្យរួចទេ
។
ទុកជាមាសប្រាក់ទាំងប៉ុន្មាន គេមិនទុកប្រាណនៅទំនេរ
ចោលកូនចោលចៅចោលឪម៉ែ ចោលកេរ្តិ៍ចោលស្រែទ្រព្យរបស់
។
អង៉្វរថាខ្ញុំធ្វើបុណ្យទាន ឧទ្ទិសបញ្ជូនឲ្យលោកម្ចាស់
សូមបង្អង់ឲ្យរៀបកូនអស់ គេគ្មានស្រណោះស្ដាប់អ្នកទេ
។
ថាឱអ្នកផងទាំងឡាយយើយ មរណនេះហើយមិនទំនេរ
មានរាល់តែរូបមិនតែគេ យើងក៏មានដែរមិនរម្លង
។
តាមព្រះពុទ្ធដីកាឲ្យភាវនា រំឭកគាថាបីបទផង
ឲ្យរឿយ ៗ ណាស់កុំរម្លង ទើបបានផលផងយ៉ាងឧក្រិដ្ឋ
។
អជិវស្វេវថ្ងៃនេះស្អែក បរមស្វេវខានស្អែកពិត
ឲ្យខំភាវនារំពឹងគិត ថាអញប្រាកដជានឹងស្លាប់
។
រំឭកឲ្យជាប់រាល់វេលា កុំឲ្យឃ្លាតឃ្លាមិនត្រង់ត្រាប់
ឲ្យលង់ចិត្តចុះទៅតាមច្បាប់ ទើបគាប់ដូចព្រះបន្ទូលថា
។
សង្វេគបង្វឹកកុំឲ្យភ្លេច ឲ្យបានសម្រេចធម៌អនិច្ចា
រំពឹងឲ្យច្បាស់ផ្ចាលផ្ដន្ទា ថាអញត្រូវការស្លាប់មិនលែង
។
ភាវនាកុំភ្លេចរាល់វេលា ឲ្យបានពិស្ដារច្រើនយូរវែង
បង្វឹកបង្ហាត់គំនិតឯង គួរស្ញែងខ្លាចស្លាប់រូបវេទនា
។
រតនៈត្រ័យទាំងបីបទ ឲ្យចាំរត់មាត់រៀងរាល់ឃ្លា
ថ្វាយបង្គំព្រះរាល់វេលា ជាគ្រឿងសស្ត្រាការសត្រូវ
។
សំគាល់ធម៌ណាជាបរមត្ថ ប្រុងប្រៀបប្រយ័ត្នចាំទុកទៅ
រាល់រូបមុខជាមិនលែងត្រូវ ការស្លាប់មាននៅរូបទាំងអស់
។
អាចារ្យឲ្យធម៌កម្របាន ព្រលឹងវិញ្ញាណមិនឮសោះ
ស្ងួតមាត់ច្រហកក្រៀមផ្អស់ លុះតែភ័ព្វខ្ពស់ទើបស្ដាប់បាន
។
អរហំតាំងចិត្តគិតឲ្យហើយ អ្នកកុំបណ្ដាយឲ្យចាកស្ថាន
សំណាងតិចច្រើនបានមិនបាន កុំខានចាំតែទីពឹងគេ
។
កុំអួតកុំអាងសំណាងខ្ពស់ ក្រែងជួនជាខុសទៅទទេ
វេទនាខ្វេសខ្ខាស់ដូចជាគេ គិតគ្នេរទៅឃើញលំបាកក្រៃ
។
មរណទុក្ខនេះលំបាកណាស់ លុះដល់ប្រទះទើបបានភ័យ
មិនដឹងជាក្រឬជាងាយ យើងអ្នកនៅអាយមិនដឹងសោះ
។
ស្លាប់ទៅប៉ុន្មានបាត់សូន្យឈឹង គ្មានឮដំណឹងនៅតែឈ្មោះ
ធ្វើបុណ្យតែរូបដូចគល់ឧស ដុតតារបញ្ចុះថាបានហើយ
។
ត្រង់ក្រត្រង់ងាយគ្មានដំណឹង មិនមានវិលវឹងមកប្រាប់ឡើយ
ដុតតារបានចៅទុកព្រងើយ អ្នកអើយគេធ្វើតបគុណគេ
។
បើកូនស្រុះស្រួលដោយចិត្តស្មោះ ធ្វើបុណ្យចំពោះទៅឪម៉ែ
តាមដោយសុចរិតបានខ្លះដែរ បើចិត្តវាប្រែមិនត្រង់ស្មោះ
។
អ្នកកុំរំពឹងបានទៅដល់ វាគិតខ្វាយខ្វល់នឹងរបស់
ចិត្តវាក៏ដឹងមិនត្រង់ស្មោះ ធ្វើច្រើនក្រែងអស់ក្រខ្លួនវា
។
វារៀបដំណើរដាក់ទៅឲ្យ របស់ខ្សត់ខ្សោយយ៉ាងខ្ជីខ្ជា
ប្រអប់ចានឆ្នាំងកាំបិតព្រា ទ្រព្យណាឥតការវាដាក់ផ្លុង
។
ទិញផ្តិលឬថាសប្រអប់ស្ដើង ប័ង្សកូលដំកើងថ្វាយព្រះសង្ឃ
អាឡៃសោកស្ដាយយំទ្រហឹង ស្ទើរនឹងផ្ដូរខ្លួនសូមទៅផង
។
អាឡៃខ្លាំងណាស់មួយខែប្ល៉ាយ ចែកទ្រព្យប្រញាយគ្រប់បងប្អូន
បានតិចបានច្រើនកើតសៅហ្មង ប្អូនបងទាស់គ្នាកើតក្ដីក្ដាំ
។
អ្នកអើយខំប្រឹងចិញ្ចឹមកូន ផ្ដូរចិត្តផ្ដូរខ្លួននឹងពៀរកម្ម
មិនឲ្យអត់ឃ្លានប្រឹងទ្រទ្រាំ ដល់ខ្លួនប្រឋមចាស់ជរា
។
រកកូនណាមួយអាសូរគ្មាន ប្រដៅទូន្មានមិនស្ដាប់ណា
ប្រទុស្តរឹងរុះឈ្លោះឆ្លើយថា ឫស្យ៉ាផ្ទុញផ្ទាល់បង្កាច់វិញ
។
ស្រឡាញ់កូនស្ទើរប្ដូរជីវិត ខំអត់មិនហ៊ានហើបហាចេញ
ទឹកភ្នែកសស្រោកពោះពោរពេញ កូនចៅស្រឡាញ់មិនដូចចិត្ត
។
ម្ល៉ោះហើយខឹងខ្នាញ់ស្ដីឲ្យវា ឥតមានកូនណាដូចគំនិត
វាថាឯងចាស់មិនប្រព្រឹត្ត ម្ល៉ោះហើយខឹងចិត្តអាណិតខ្លួន
។
ទ្រព្យធនណាល្អមិនធ្វើបុណ្យ ផ្គត់ផ្គង់អម្រុងទុកឲ្យកូន
បុណ្យទានមិនបានធ្វើមាំមួន ក្រែងកូនគ្មានស៊ីគ្មានស្លៀកពាក់
។
ទាល់តែស្លាប់ទៅរងវេទនា ឥតមានកូនណាជួយធុរៈ
ទ្រព្យរបស់ចែកវាមានមាសប្រាក់ គិតចុះណាអ្នកកុំសង្ស័យ
។
ស្លាប់ទៅរំពឹងកូនធ្វើបុណ្យ ពិចារណាចុះជនទាំងប្រុសស្រី
តែមិនប្រយ័ត្នទៅអវិចី ធ្វើអ្វីធ្វើទៅទាន់ខ្លួនរស់
។
រៀនធម៌ប្រតិបត្តិតាមសម្មា ព្រះអង្គទេសនាមិនដែលខុស
រៀនសូត្រភាវនាទាន់ខ្លួនរស់ គួរគិតពិគ្រោះនឹងអ្នកប្រាជ្ញ
។
គេធ្វើបុណ្យឲ្យមិនទៀងណា ស្រេចនៅអាត្មាក្រែងកោតខ្លាច
កាន់សីលភាវនារាល់ព្រឹកល្ងាច នោះអាចប្រាកដទៀងជាបាន
។
ដល់វេលាស្លាប់លះលែងជាតិ អន្ទោលឃ្លាឃ្លាតមនុស្សលោកឋាន
តេជះភាវនាធម៌សីលទាន នាំប្រាណហោះផ្សងទៅតុសិត
។
ស្ថាននោះមែនមានប្រាង្គណ៍ប្រាសាទ ប្រសើរស្អាងស្អាតអស់ពីចិត្ត
សម្បត្តិទ្រព្យហូរចូលលែងគិត រាប់ពុំអស់ឥតគ្មានខ្វះអ្វី
។
មានហ្វូងនាងស្រីទេពកញ្ញា នៅជាបរិវាររូបស្រស់ស្រី
ពីរពាន់សម្រាប់ជាប្រក្រតី មានតូរ្យតន្ត្រីត្រែស្រឡៃ
។
ដេញដំប្រគំរាំច្រៀងថ្វាយ ឮសព្ទសូរសាយពីរោះក្រៃ
រាល់ពេលវេលាអាចិន្ត្រៃ សព្វថ្ងៃគាប់ចៃល្អចំឡែក
។
អស់ពួកស្រីស្នំក្រម្ការគាល់ រាយរៀងរូបរាល់យ៉ាងឯក
ៗ
ស្អាងខ្លួនចូលយាមតាមដោយឡែក ដោយពួកដោយប៉ែកចែកវេនគ្នា
។
គ្មានអាក់គ្មានអៀនគ្មានអន់ចិត្ត គ្មានច្រណែនគិតនឹងនិន្ទា
តាមតែសព្វព្រះហឫទយា នឹងរូបអ្នកណាឥតមន្ទិល
។
សម្ដែងបែបនេះយ៉ាងថោកទាប បើតាមសភាពអំណាចសីល
កាន់ខ្ជាប់ខំរៀនសូត្រកុំខ្ជិល រំកិលជាតិកើនលឿនទៅមុខ
។
បានដល់អរិយមគ្គក៏សឹងមាន សម្រេចនិព្វានស្ថានក្សេនសុខ
ប្រាសចាកអំពីសេចក្ដីទុក្ខ ប្រយោជន៍ទៅមុខព្រោះតែសីល
។
ហេតុនេះគួរអ្នកខំសង្វាត ចិត្តកុំប្រមាទដូចជាទ្មិល
ខំរៀនសព្វថ្ងៃកុំគិតខ្ជិល នឹងបានរំកិលជឿនជាតិទៅ
។
តាំងចិត្តធ្វើឲ្យបរិសុទ្ធ ឲ្យទៀងហ្មត់ចត់ត្រង់ត្រឹមត្រូវ
ប្រព្រឹត្តដើរតាមគន្លងផ្លូវ អរិយមគ្គកូវនឹងបានខ្លះ
។
អ្នកឯងកុំនឹកថាខ្លួននៅ ក្មេងទេឥឡូវមិនទាន់ចាស់
ឈប់ចាំបង្អង់ឲ្យចំណាស់ សន្សឹមគិតប្រាសរករៀនធម៌
។
កុំគិតក្នុងចិត្តស្រវឹងថា ខ្លួនអ្នកឯងណានៅខ្លួនល្អ
ក្អេងក្អាងក្នុងចិត្តគិតស្មោះស អួតអរនឹងរូបឥតរោគចាប់
។
ហើយអ្នកកុំគិតថាខ្លួន ចំណាប់មាំមួនមិនទាន់ស្លាប់
បន្តិចទៀតសិនសិមរៀនច្បាប់ ធ្វើតាមសណ្ដាប់គ្រូអាចារ្យ
។
គិតគំនិតនោះខុសមិនស្អាត ចាត់ជាប្រមាទក្នុងសង្ខារ
សំដីយ៉ាងនឹងមិនគួរថា កុំអ្នកចរចាចាត់ចោលចេញ
។
ផ្លូវស្លាប់សព្វថ្ងៃទៅហូរហែ មិនគិតកាញ់គ្នេររៀនទន្ទេញ
បង្ការប្រយ័ត្នខ្លួននោះមិញ ទៅវិញពន្លឺផ្លូវឲ្យយល់
។
ព្រលឹងថយចេញអស់វិញ្ញាណ រូបប្រាណចង្ក្រាងដូចឧសគល់
កំពុងនៅពាលគ្មានគិតយល់ ធ្លាក់ដល់ជរាមរណាក្ស័យ
។
ទើបបានគិតឃើញភ័យរកផ្លូវ រកម៉ែរកឪព្រះគុណថ្លៃ
គ្មានធម៌សូត្រអុជធូបសព្វថ្ងៃ ទៀបក្ស័យដឹងខ្លួនជាតុកឡុង
។
លុះដល់រោគមកបៀតបៀនកាយ ឈឺចុកសៀតសាយជាប់ដល់ចុង
អាហារបាយទឹកទោះជ្រូកហុង ដាក់ចុះក្នុងមាត់លេបមិនបាន
។
ដឹងខ្លួនជាក់ច្បាស់ជានឹងក្ស័យ ភិតភ័យពេកក្រៃពន់ប្រមាណ
ប្រមើលមើលរូបរាងខ្លួនប្រាណ រឹងជារំខានចិត្តជាទុក្ខ
។
ស្ដាយកូនស្ដាយចៅស្ដាយប្រពន្ធ ស្ដាយអស់ទ្រព្យធនរែងវិតក្ក
ទ្រូងត្រួតស្ងួតស្អប់សញ្ជប់មុខ រោគរឹងរឹតទុកកាន់តែខ្លាំង
។
លុះដល់ទៀបហៀបជិតនឹងក្ស័យ,
ភិតភ័យពេកក្រៃស្លន់ស្លុតស្លាំង
ស្មារតីភ្លេចភ្លើដល់កំឡាំង ទើបរករៀបក្រាំងសូត្រការវតា
។
ប្រាថ្នាចង់ឲ្យលដោះកម្ម តែគ្មានបានចាំបទត្រង់ណា
រវល់តែនឹងឈឺខ្លោចផ្សា ក្នុងអង្គកាយាពន់ប្រមាណ
។
ធម៌រៀនចេះហើយគ្មានរក្សា ដល់ភ័យស្រវ៉ារកធម៌គ្មាន
មិនរក្សាទុកបម្រុងប្រាណ មិនចេះរាប់អានចោលបង់បោះ
។
ប្រៀបដូចបងប្អូនស្រឡាញ់គ្នា យូរទៅឃ្លាតឃ្លាមិនរាប់សោះ
មិនដែលហៅរកចំចេញឈ្មោះ ពីព្រោះចិត្តលោភដូច្នេះឯង
។
ដល់ភ័យហៅរកបងប្អូនជួយ ប្អូនបែរមុខក្រោយមិនគិតក្រែង
កាលណាគេនឹងស្រណោះឯង ក្រែងតែមានព្រេងបុណ្យវាស្នា
។
អំពីអតីតសាងមកច្រើន ជួយថែក្រវើននោះមិនថា
គ្មានគិតសន្សំមគ្គផលា បង្ការប្រយ័ត្នដល់ខ្លួនស្លាប់
។
អ្នកស្លាប់ទៅមុននោះច្រើនណាស់ មិនដែលប្រទះវិលមកប្រាប់
ដំណើរដែលទៅឲ្យយើងស្ដាប់ សារសព្ទឲ្យដឹងបែបយ៉ាងណា
។
តែស្លាប់ទៅបាត់ជ្រងំឈឹង មិនដែលវិលវឹងមកប្រាប់ថា
ទៅបានសុខទុក្ខយ៉ាងម្ដេចម្ដា ឲ្យយើងរាល់គ្នាបានដឹងផង
។
ក្រែងខ្ញុំលើសលោះខុសសេចក្ដី មិនគួរគប្បីបែបទំនង
ខុសពាក្យកុបតិនមិនប៉ិនឃ្លោង ខុសបែបគន្លងបែបធម៌អាថ៌
។
ដ្បិតទើបនឹងរៀបរៀនលើកម្ដង សេចក្ដីច្រើនឆ្គងគ្រប់ប្រការ
លោកណាចេះអាថ៌សូមមេត្តា ដម្រង់ភាសាឲ្យទានផង
។
ឥឡូវបញ្ឈប់ចប់សេចក្ដី ល្មមគួរគប្បីស្ដាប់ហើយហោង
អស់ទាំងសន្ដានគួរចាំចង សូរេចម្ល៉េះផងចប់ឯវំ
។
នេះច្បាប់ក្រិត្យក្រម
No comments:
Post a Comment