Thursday, 16 June 2016

ប្រដៅ​ចិត្ត
  អ្នក​ឲកញ៉ា ចេស្ដា វិនិច្ឆ័យ កែវ ហង្ស
                                                        រៀបរៀង
                                                        បទពាក្យ៧
អញ​ខ្ញុំ​ឱន​កាយ​ថ្វាយ​វន្ទា                       សម្ដេច​ភគវា​រ័តន៍​ថ្លាថ្លៃ
ចម​មកុដ​កំពូល​លើ​ភព​ត្រៃ                    ជា​ម្ភៃ​ឥសូរ​សាស្ដា​ចារ្យ ។
ទ្រង់​ប្រោស​អស់​សត្វ​ផង​ទាំង​ឡាយ         ស្ថាន​អាយ​នឹង​សួគ៌តុសិតា
ឲ្យ​បាន​រួច​ចាក​វដ្ដ​សង្សារ                       ទេវតា​មនុស្ស​សត្វ​ផង​ទាំង​ឡាយ ។
ព្រម​ទាំង​ព្រះ​ធម៌​ល្អ​បរិសុទ្ធ                    ថ្លា​ផុត​ជម្រះ​សុរិលកាយ
ញ៉ាំង​ចិត្ត​ឲ្យ​ចាក​ផ្លូវ​អបាយ                    នាំ​សត្វ​ទាំង​ឡាយ​បាន​សុខា ។
ជា​ធម៌​របស់​ព្រះ​សម្ពុទ្ធ                           ឆ្លុះ​មុត​ភ្លឺ​ច្បាស់​ល្អ​ថ្លៃថ្លា
ទ្រង់​សំដែង​ទុក​ជា​សាសនា                    ឲ្យ​អស់​មហាជន​ទាំង​ឡាយ ។
ប្រតិបត្តិ​ធ្វើ​តាម​ពាក្យ​ប្រដៅ                    មិន​ឲ្យ​ហ្មងសៅ​ដិត​អង្គកាយ
ជា​ផ្លូវ​នាំ​សត្វ​ចៀស​អបាយ                     ឲ្យ​សត្វ​ទាំង​ឡាយ​ផុត​ទុក្ខា ។
ព្រម​ទាំង​ព្រះ​សង្ឃ​អង្គ​សាវក                  លោក​អ្នក​ផ្ដិល​ផ្ដាច់​កង​តណ្ហា
រំលត់​កិលេស​ផុត​សិក្ខា                           បុត្រ​ព្រះ​សាស្ដា​ករុណា​គុណ ។
លោក​ជា​បុញ្ញក្ខេតទក្ខិណេយ្យ                សត្វ​ពឹង​ប្រស្រ័យ​ជា​ស្រែ​បុណ្យ
ជា​យាន​ផ្ទុក​ទាន​ជា​ដើម​ទុន                    សូម​រំលឹក​គុណ​ដោយ​សិរសា ។
.ជា​បទ​ដើម​អាទិ៍​ខ្ញុំ​ប្រារព្ធ                        លើក​រឿង​ក្នុង​ភព​ពី​រូបា
កើត​មក​ក្នុង​វដ្ដសង្សារ                           ដូច​បាន​ពណ៌នា​ជា​សេចក្ដី ។
បកិណ្ណកៈ​ថ្នាក់​ដោយ​បទ                       កំណត់​បួន​ឃ្លា​កាត់​ខ្លី​ៗ
ត្រង់​ចិត្ត​មនុស្ស​យើង​ជាន់​លោកីយ៍         ទាំង​ប្រុស​ទាំង​ស្រី​ដូច្នេះ​ណា ។
·         ខ្ញុំ​ថ្លែង​ពី​សត្វ​ក្នុង​ត្រៃលោក           កើត​មក​តែង​ស្លាប់​ជា​ធម្មតា
វិលវល់​ក្នុង​វដ្ដ​សង្សារ                            មិន​ដែល​សត្វ​ណា​នៅ​ថេរ​ថិត ។
ទាំង​ប្រុស​ទាំង​ស្រី​ទាំង​ក្មេង​ចាស់             គ្រប់​សាសន៍​ក្នុង​ដែន​ឥត​គាប់​ចិត្ត
ព្រោះ​មាន​តណ្ហា​មក​បាំង​បិទ                  កិលេស​រួប​រឹត​ឥត​គណនា ។
ខ្លះ​មាន​កុសល​ដែល​កសាង                    ដោយ​ភ័ព្វ​សំណាង​កើត​សួគ៌ា
ខ្លះ​សាង​អកុសល​មាន​វេរា                      ឲ្យ​ទៅ​កើត​នា​ស្ថាន​ទុក្ខំ ។
កាល​មក​បដិសន្ធិភព                             លំបាក​ទាំង​គ្រប់​គួរ​អនិច្ចំ
តូច​ស្ដួច​រៀវ​ស្ដើង​កើត​ដុំ​ផ្ទាំង                  យូរ​ថ្ងៃ​បែក​អង្គ​បញ្ចសាខា ។
លុះ​ដល់​កំណត់​ជួប​វេលា                       វេទនា​សព្វ​ទិន​តាម​មាសា
បង្កើត​លំបាក​ក្នុង​អាត្មា                          ភ័យ​ស្លុត​តក្កមា​ដោយ​វាយោ ។
ខ្យល់​កម្ម​ជវាត​អភិធម្ម                           បក់​ផ្សំ​បង្វិល​ឲ្យ​ទន់​ទោ
វិល​ក្បាល​សំយុង​គួរ​អាសូរ                    ទុក្ខោ​ឱរូបក្ខន្ធ​ទាំង​ឡាយ ។
កាល​នៅ​ក្នុង​ផ្ទៃ​នៃ​មាតា                         វេទនា​លំបាក​រាល់​រូប​កាយ
អង្គុយ​លើ​លាមក​ក្បាល​ទូល​បាយ           ដែល​ម្ដាយ​បរិភោគ​នៅ​ថ្មី​ៗ ។
បែរ​មុខ​ទៅ​ខ្នង​ដូច​ចង​រួត                       ហើយ​ឱប​ទង​សួត​ទង​សុក​សៃ
កំប្រោន​កំប្រុន​តែ​សព្វ​ថ្ងៃ                        សាច់​ឈាម​សរសៃ​សែន​ខ្លោចផ្សា ។
ប៉ះ​ពាល់​លើ​ម្ហូប​ដែល​ជូរ​ប្រៃ                   មាតា​ប្រណី​លោក​មេត្តា
បរិភោគ​ចំណី​ឬ​ផលា                            មាន​រស​ពីសា​កាយា​សុខ ។
ឧបម័យ​ដូច​នៃ​សត្វ​ពានរ                       ត្រូវ​ភ្លៀង​ត្រូវ​ផ្គរ​ប្រឹង​តត្រុក
ជ្រក​ក្នុង​រូង​ឈើ​ព្រួយ​ជា​ទុក្ខ                    មិន​ដែល​បាន​សុខ​ផុត​ទំនេរ ។
បើ​មាន​កុសល​ពី​អតីត                           កសាង​ប្រសិទ្ធិ៍​ជួយ​រែក​រេ
ឲ្យ​រួច​ចេញ​មក​មិន​អ្វី​ទេ                         ចាក​ពី​ទ្វារ​មាស​នៃ​មាតា ។
បើ​មាន​អកុសល​ដែល​ជាប់​ដិត                ប្រកិត​មក​តាម​ដោយ​យថា
មិន​បាន​ចេញ​ចាក​ផ្ទៃ​ឡើយ​ណា             មរណា​ដោយ​កម្ម​តាម​មក​ផ្ដល់ ។
រៀប​ចេញ​ពី​ផ្ទៃ​នៃ​មាតា                          ភ័យ​ស្លុត​តក្កមា​ភ្លេច​គ្មាន​សល់
វង្វេង​ស្មារតី​វិល​តាម​ខ្យល់                       វិញ្ញាណ​គ្មាន​សល់​សូន្យ​សោះ​ឈឹង។
ដូច​ជា​ក្សិណក្ស័យ​ប្រល័យ​ហើយ            គ្មាន​ដឹង​តិច​ឡើយ​បាត់​ព្រលឹង
លុះ​គេ​ស្រោច​ទឹក​ទើប​បាន​ដឹង                ផ្សា​ខ្លោច​ស្បែក​ឆ្អឹង​ដែល​នៅ​ខ្ចី ។
ក្រហល់​ក្រហាយ​ដូច​ដុត​អង្គ                   រលាក​ពុរពង​អស់​សរីរ៍
រាល់​រូប​រាង​កាយ​ចេញ​ពី​ផ្ទៃ                    មាន​ភ័យ​មាន​ទុក្ខ​ជា​ធម្មតា ។
បើ​មាន​កុសល​ផល​កសាង                     ដោយ​ភ័ព្វ​សំណាង​តាម​វាសនា
រស់​រួច​ជីវិត​គ្រា​នោះ​ណា                        គង់​មាន​ជរា​ត​ទៅ​មុខ ។
សង្ខារ​ឱ​ខន្ធ​ដែល​មក​កើត                      ចាប់​យក​កំណើត​សឹង​ជា​ទុក្ខ
មាន​រូប​រាង​កាយ​ក៏​មិន​សុខ                    តែង​តែ​ទល់​ទុក្ខ​រង​វេទនា ។
ពី​តូច​រហូត​ដល់​ចាស់​ស្លាប់                     លំបាក​ឈឺ​ចាប់​នឹង​រោគា
មិន​ដែល​ចៀស​រួច​ពី​ជរា                         រាល់​គ្នា​ប្រុស​ស្រី​ទាំង​ក្មេង​ចាស់។
កំណើត​កើត​រូប​ពី​សង្ខា                          តណ្ហា​អវិជ្ជា​ជាង​សង់​ផ្ទះ
កិលេស​ជរា​ចិត្ត​មានះ                            រុះ​រើ​គ្រឿង​ផ្ទះ​រាល់​វេលា ។
ផ្លាស់​ប្ដូរ​រូប​រាង​ឲ្យ​អាក្រក់                       សាច់​សក់​ធ្មេញ​បាក់​ភ្នែក​ជរា
ឲ្យ​រូប​រាង​កាយ​ចាស់​គ្រាំគ្រា                    ព្រួត​គ្នា​ចាប់​ថ្វាយ​មច្ចុរាជ ។
ឲ្យ​ធ្វើ​ទោសា​គ្មាន​ប្រណី                         ទាំង​ប្រុស​ទាំង​ស្រី​ក្នុង​អំណាច
បំបាត់​រូប​ចេញ​ក៏​ឥត​ខ្លាច                       សង្រ្គាម​អង់អាច​មាន​ថ្វី​ដៃ ។
ទោះ​បី​អ្នក​មាន​នឹង​អ្នក​ក្រ                       រូប​អាក្រក់​ល្អ​ស័ក្ខិ​ធំ​ក្រៃ
មច្ចុរាជ​គ្មាន​យល់​ត្រា​សំច័យ                   អាស្រ័យ​ប្រាក់​មាស​ជួយ​ពុំ​បាន ។
ទុក​ជា​មហាក្សត្រ​ស្ដេច​សោយ​រាជ្យ          លោក​មាន​អំណាច​គ្រង​រាជ​ស្ថាន
មាន​ពល​សេនា​ទាំង​ប៉ុន្មាន                      អាវុធ​គ្រប់​ប្រាណ​គ្រឿង​ចម្បាំង ។
មិន​អាច​ត​តាំង​សង្រ្គាម​សឹក                    មច្ចុរាជ​ពន្លឹក​រិទ្ធី​ខ្លាំង
បាក់​បប​ខ្លបខ្លាច​ថយ​កំឡាំង                   កុំ​អួត​តតាំង​មរណៈ​ធំ ។
អំណាច​ជរា​គ្រប​សង្កត់                          គ្មាន​ប្រាប់​កំណត់​ដូច​នាល​នំ
ប៉ុណ្ណេះ​ប៉ុណ្ណោះ​ក្មេង​ចាស់​ទុំ                   ជរា​ចិត្ត​ធំ​ឥត​កោត​ក្រែង ។
ចាប់​តាំង​ពី​តូច​រហូត​ទៅ                         ចាប់​ហើយ​ចង​នៅ​មិន​ដែល​លែង
ដេញ​ពួក​កំឡាំង​គ្រឿង​តាក់​តែង             រត់​ចោល​រូប​ឯង​ជា​អសារ ។
កំឡាំង​រត់​ចោល​នៅ​តែ​ចិត្ត                     វិញ្ញាណ​ជា​មិត្ត​គិត​តវ៉ា
ដោះ​រូប​ឲ្យ​រួច​ពី​សង្ខារ                            ព្យាធី​ក្លៀវក្លា​គ្មាន​ប្រណី ។
ដេញ​ទាំង​វិញ្ញាណ​ព្រម​ទាំង​ចិត្ត              ភ័យ​ភិត​រត់​ចោល​ទៅ​ទីទៃ
អំណាច​ជរា​រិទ្ធិ៍​ខ្លាំង​ក្រៃ                          គ្មាន​អ្វី​ត​ទល់​ទប់​ឲ្យ​បាន ។
វិញ្ញាណ​ក៏​រឹង​ភិតភ័យ​ខ្លាំង                     ភាន់​ភាំង​ភ្លេច​គិត​ត្រង់​រូប​ប្រាណ
រត់​ចេញ​ចោល​នៅ​តែ​វិញ្ញាណ                 មិន​បាន​ស្ថាន​សុខ​ដោយ​វិស័យ ។
បើ​មាន​កុសល​ពី​អតីត                           ផល​តាម​ប្រកិត​កាល​សម័យ
ដែល​ផុត​សង្ខារ​ជា​បច្ច័យ                       បាន​ទៅ​កើត​ព្ធ​ស្ថាន​សួគ៌ា ។
បើ​ជា​ប្រព្រឹត្ត​ក្នុង​បច្ចុប្បន្ន                       អាក្រក់​ពេកពន់​យើង​រាល់​គ្នា
ប្រកប​ក្នុង​បញ្ចវេរា                                នឹង​ទៅ​កើត​នា​ស្ថាន​នរក ។
រី​អ្នក​សាង​ល្អ​ពី​អតីត                              បច្ចុប្បន្ន​នេះ​ពិត​ក៏​ជា​ទុក្ខ
មិន​សុទ្ធ​តែ​ល្អ​ហើយ​បាន​សុខ                  គង់​ធ្លាក់​នរក​ក៏​ដូច​គ្នា ។
តែ​ពោល​យ៉ាង​នេះ​នៅ​សង្ស័យ                ហេតុ​អ្វី​ប្រឹង​ធ្វើ​បុណ្យ​លាក​លា
ឲ្យ​រួច​ពី​ទោស​ទុក្ខ​វេទនា                         ធ្វើ​អ្វី​ទើប​ជា​បាន​សុខំ ។
កុំ​មាន​ពិភាល់​ឆ្ងល់​ក្នុង​ចិត្ត                      ដោយ​មាន​អតីត​លោក​តែង​តាំង
ព្រោះ​ចិត្ត​វិញ្ញាណ​នាំ​ភាន់​ភាំង                 កុសល​យ៉ាង​ខ្លាំង​គង់​ភ្លាត់​ជាតិ ។
និទាន​កាល​ស្ដេច​អសោកៈ                      សាង​ផល​ឥត​អាក់​ប្រឹង​ខ្មីឃ្មាត
លើក​អង្គ​ព្រះ​សារីរិកធាតុ                       ព្រះ​បរម​លោក​នាថ​សាស្ដា​ចារ្យ ។
កសាង​ចេតិយ​នឹង​អារាម                       រាប់​តាម​វិន័យ​នឹង​សិក្ខា
ប្រាំ​បី​ហ្មឺន​បួន​ពាន់​ក្នុង​លោកា                 អស់​ប្រាក់​គណនា​រាប់​មិន​បាន ។
ជា​មហា​សទ្ធា​ក្នុង​កុសល                        គង់​វល់​ភ្លាត់​ជាតិ​ជា​តិរច្ឆាន
ពី​ព្រោះ​ទោសៈ​ជាប់​ដោយ​ដាន                ចិត្ត​វា​ក្លាហាន​នាំ​តែ​ផ្ដាស ។
កាល​ស្ដេច​ជរា​ចូល​សង្កត់                       ទេវតា​កំណត់​បិទ​ប្រកាស
ឲ្យ​ជន​ទាំង​ឡាយ​ឃើញ​ដេរដាស            ប្រាប់​ថា​ព្រះ​បាទ​អសោកៈ ។
ប្រាំ​ពីរ​ថ្ងៃ​ទៀត​ទិវង្គត                            មាន​ព្រះ​រាជ​រថ​ទទួល​ដាក់
យក​ទៅ​ស្ថាន​សួគ៌​ប្រាកដ​ជាក់                ដល់​លាក​សង្ខារ​សូន្យ​ជីវ័ន ។
អស់​ទាំង​អាមាត្យ​កង​យោធា                   ទាំង​រាស្រ្ត​ប្រជា​ចាំ​ណែន​ណាន់
មិន​ឃើញ​រាជ​រថ​មក​ជាក់​ស្បាន់              មិន​ដឹង​ជា​ស្ដេច​ទៅ​ស្ថាន​ណា ។
តែ​មាន​រាជ​បុត្រ​ពីរ​ព្រះ​អង្គ                     ជា​សង្ឃ​សម្រេច​អរហត្តា
ហោះ​ធ្យាន​តាម​រក​មើល​បិតា                  ស្ថាន​តុសិតា​ក៏​មិន​ឈប់ ។
ទៅ​មើល​រក​ដល់​ស្ថានរក                        ក្រែង​ភ្លាត់​គតិ​នាំ​វិលវល់
មិន​ឃើញ​គ្រប់​ស្ថាន​ឆ្ងល់​ពិភាល់              វិល​មក​មណ្ឌល​ទី​ស្ថាន​អាយ ។
រក​ឃើញ​កើត​ជា​សត្វ​តិរច្ឆាន                  ពស់​ថ្លាន់​មែន​មាន​ធំ​រាង​កាយ
កំពុង​ទប់​ទឹក​ប្រឹង​ខ្វល់ខ្វាយ                    យក​ត្រី​ទាំង​ឡាយ​បរិភោក្ដា ។
តែ​ដោយ​អំណាច​សាង​កុសល                បុត្រ​ពីរ​ទៅ​ដល់​ស្គាល់​ហៅ​ថា :
<< ម្ដេច​ទ្រង់​មក​ធ្វើ​ដូច្នេះ​ណា >>                បិតា​ដឹង​ខ្លួន​លូន​ចូល​ចិត្ត ។
ឱន​ក្បាល​ដាក់​លើ​បាទ​ថេរៈ                  ទឹក​នេត្រ​សស្រាក់​ព្រួយ​ក្នុង​ចិត្ត
ដឹង​ខ្លួន​ថា​ភ្លាត់​ជាតិ​មក​ពិត                     បុត្រ​ទាល់​គំនិត​នឹង​បិតា ។
តែ​បាន​ទូន្មាន​ឲ្យ​ចង​ចាំ                          រក្សា​សីល​ប្រាំ​ជា​ធម្មតា
ជីវិត​តិរច្ឆាន​អត់​អាហារ                          ប្រាំ​ពីរ​ទិវា​សូន្យ​ក្សិណក្ស័យ ។
បាន​ទៅ​បង្កើត​ស្ថាន​សួគ៌ា                       ​អស់​យើង​រាល់​គ្នា​កុំ​សង្ស័យ
ពីព្រោះ​តែ​ចិត្ត​ខូច​ចង្រៃ                         កម្រ​មាន​អ្វី​ឃាត់​ខាំង​បាន
សា​ដើម​ពី​ស្ដេច​អសោកៈ                        កើត​ធ្លាក់​ភ្លាត់​ជាតិ​ជា​តិរច្ឆាន
ពី​ព្រោះ​ហេតុ​ចិត្ត​ទប់​មិន​បាន                  នាំ​ប្រាណ​ឲ្យ​ព្រាត់​ចាក​សុខា។
កាល​ស្ដេច​អាពាធ​ជា​ទម្ងន់                    ទ្រង់​ចាយ​ទ្រព្យ​ធន​សាង​ផលា
ជា​បច្ឆិម​ទាន​ពេល​នោះ​ណា                   បុត្រា​សេនី​បិទ​ព្រះ​ឃ្លាំង ។
មិន​ឲ្យ​ចំណាយ​ចាយ​ទ្រព្យ​ធន                ពេកពន់​នឹង​អស់​ពី​ក្នុង​វាំង
ព្រះ​ទ័យ​ទាស់​ខ្ញាល់​ប្រកាន់​ខ្លាំង               ទ្រង់​តាំង​ក្នុង​ចិត្ត​នឹក​គិត​ថា ។
<< ចាំ​អញ​បាន​ជា​នឹង​មើល​វា                  អ្នក​ទាំង​អស់​គ្នា​ដែល​ឫស្យា >>
កំពុង​តែ​នឹក​ដូច្នេះ​ណា                          សង្ខារ​រលត់​ផុត​សូន្យ​ឈឹង ។
បាន​ជា​ទៅ​កើត​សត្វ​តិរច្ឆាន                    ក្រ​បាន​ឃាត់​ចិត្ត​ទប់​ឲ្យ​នឹង
ពិបាក​រក្សា​ប្រើ​ទី​ពឹង                              ចិត្ត​នឹង​សោយ​សុខ​ទាំង​ទុក្ខា ។
មាន​ធម៌​សំដែង​ពី​ឥន្រ្ទិយ                       ទាំង​ពីរ​ចក្ខុ​នឹង​សោតា
ឃានៈ​បន្ទាប់​ជាប់​ជិវ្ហា                             កាយា​រហូត​ដល់​ចិត្តំ ។
ចក្ខុសោត​ប្រៀប​ដូច​សត្វ​ពស់                 គឺ​មោះ​គាប់​ចិត្ត​ទី​កំបាំង
កៀន​កោះ​ស្មុកស្មាញ​បាំង​រនាំង               ជ្រក​ជ្រៀត​បៀត​រាំង​កំបាំង​លាក់ ។
សោតា​ប្រៀប​ដូច​សត្វ​ក្រពើ                    គាប់​ចិត្ត​តែ​លើ​ទី​ត្រជាក់
មិន​ដែល​រក​ក្ដៅ​ជា​ទី​ស្នាក់                       ជំពាក់​ជាប់​សាច់​ឲ្យ​ហ្មងសៅ ។
ឃានៈ​ប្រៀប​ដូច​សត្វ​ជាប់​ទ្រុង                ចង្អៀត​រលុង​ក៏​គង់​ក្ដៅ
ចង់​ចេញ​ពី​ទ្រុង​មក​ខាង​ក្រៅ                  ហ្មងសៅ​ដោយ​មាន​ទ្រុង​រាំង​ឃាត់ ។
ជីវ្ហា​ប្រៀប​ដូច​ជា​ឆ្កែ​ឆ្កួត                          ថែម​ព្រួត​បង្ហូរ​ហៀរ​ទឹក​មាត់
មិន​ដែល​ឈប់​ខាន​ឬ​ទៀង​ទាត់               កំណត់​ហូរ​ចេញ​ច្រើន​ពេក​ពន់ ។
កាយា​ប្រៀប​ដូច​ឆ្កែ​ចចក                       រក​ច្រក​ទីណា​ក្ដៅ​អ៊ុន​ៗ
គ្មាន​គិត​ខ្លាច​ប៉ះ​ឬ​ស៊ក​ស៊ុន                   ទម្រន់​រុករាន​គ្មាន​ដែល​ជៀម ។
ឯ​ចិត្ត​ប្រៀប​ដូច​ជា​សត្វ​ស្វា                    រពឹស​ណាស់​ណា​មិន​ដែល​ស្ងៀម
ចាប់​នេះ​បេះ​នោះ​ឥត​លាក់​លៀម            បូញ​បៀម​ភ្លីមភ្លាម​គ្មាន​ប្រាកដ ។
ប្រមូល​ឥន្រ្ទិយ​ប្រាំ​មួយ​យ៉ាង                   យក​មួយ​ជា​តាង​មក​សន្មត
ត្រង់​ចិត្ត​មិន​បាន​នឹង​តាម​បទ                  កំណត់​យក​មក​ប្រើ​គ្រប់​ប្រាណ ។
ព្រោះ​ចិត្ត​នេះ​ល្អិត​ច្រើន​ប្រការ                រាប់​ដោយ​ពិស្ដារ​មាន​តាម​ស្ថាន
មួយ​រយ​ម្ភៃ​មួយ​ជា​ប្រមាណ                   សង្ខេប​មាន​ប៉ែតសិប​ប្រាំបួន ។
បើ​ចង់​ដឹង​ច្បាស់​ខំ​សិក្សា                        មើល​អភិធម្ម​មាន​ចំនួន
នឹង​ឃើញ​ញែក​ល្អិត​ពេញ​គ្រប់​ធួន          ចិត្ត​ពួន​ចិត្ត​ជ្រក​រាល់​រូប​ប្រាណ ។
ចូរ​អស់​មហាជន​បរិសទ្យ                        ខំ​ហាត់​ខំ​ប្រើ​ចិត្ត​ឲ្យ​បាន
ឃាត់​ទាំង​រាំង​រា​ដោយ​ប្រមាណ               ទើប​បាន​ទីស្ថាន​ជា​សុខា ។
តែ​ខំ​បណ្ដោយ​តាម​តែ​ចិត្ត                      វា​គ្មាន​អាណិត​ដល់​រូបា
រៀប​ផុត​រលត់​នៃ​សង្ខារ                          ដូច​ជា​ព្រះ​បាទ​អសោកៈ ។
ពិបាក​ត្រង់​ហៀប​នឹង​រលត់                     បំផុត​បាន​ស្ថាន​ប្រាកដ​ជាក់
ដូច​មាន​ពណ៌នា​ក្នុង​ត្រៃល័ក្ខណ៍             ចិត្ត​នាំ​ប្រចក្ស​ចេញ​ចាក​ខ្លួន ។
ឱ​អស់​លោក អ្នក​គេ​នឹង​ខ្ញុំ                    គួរ​កុំ​ប្រព្រឹត្ត​ឲ្យ​ផ្ទួន​ៗ
គួរ​ចោល​មានៈ​គេច​រត់​ពួន                      ព្រោះ​ខ្លួន​មិន​មែន​ផង​យើង​ទេ ។
អាការៈ​សាមសិប​នឹង​ពីរ​ផង                   មិន​មែន​ខ្លួន​ហោង​នៅ​ទំនេរ
កុំ​ថា​ផង​អញ​របស់​គេ                            ទទេ​គ្មាន​បាន​ប្រយោជន៍​អ្វី ។
ឆ្អឹង​ស្បែក​សរសៃ​ហៈទៈយៈ                    បែក​ធ្លាក់​ខ្ចាត់ខ្ចាយ​ទៅ​ជា​ដី
មិន​មែន​ផង​យើង​ទេ​សព្វ​ថ្ងៃ                    តែ​ចិត្ត​ចង្រៃ​ស្រឡាញ់​ណាស់ ។
ស្រឡាញ់​សាច់​ស្បែក​ហើយ​នឹង​សក់        រូប​ល្អ​អាក្រក់​ទាំង​ក្មេង​ចាស់
ប្រឹង​ថែ​មិន​ឲ្យ​មាន​ពាល់​ប៉ះ                    សក់​លាស់​កាត់​ចេញ​ស្កូវ​ដក​ចោល ។
ខ្លះ​យក​រមៀត​នឹង​ម្សៅ                           លាប​នូវ​សាច់​មុខ​ឆ្លុះ​ស្រមោល
ដំរឹម​ជើង​សក់​កោរ​ត្រងោល                    បើ​ធាត់​កន្រ្ទល​ចង់​តូច​ស្ដើង ។
បើ​ភ្នែក​ងងឹត​ពាក់​វ៉ែនតា                        បើ​បាក់​ទន្ដា​ប្រឹង​ជួស​ឡើង
ពេល​ដើរ​អង្គុយ​ខំ​ដំកើង                         ស្បែក​ជើង​កៅអី​ពូក​គ្រែ​ដេក។
ស្រឡាញ់​ខ្លួន​ឯង​ចិត្ត​មិន​អស់                 ឃើញ​រូប​ប្លែក​ស្រស់​យក​មក​ផ្ដេក
កៀក​កើយ​ស្នេហា​តាម​ចិត្ត​ត្រេក              ដម្រេក​ស៊ូ​ប្ដូរ​ដល់​ជីវិត ។
ចិត្ត​ស្រី​ក៏​ដូច​ជា​ចិត្ត​ប្រុស                       មិន​ខុស​គ្នា​ទេ​កុំ​បាច់​គិត
បែក​ឆ្ងាយ​មិន​បាន​ចង់​តែ​ជិត                  តាម​ដោយ​គំនិត​គិត​លេប​ប្រាណ ។
ហេតុ​តែ​មិន​គិត​ឲ្យ​បាន​យល់                   អំពល់​តែ​ខ្វល់​ក្នុង​សន្ដាន
រូប​គេ​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន                         ជា​ព្រៃ​ស្មសាន​ស្ថាន​ដង្កូវ ។
ដែល​មាន​ក្នុង​រូប​យើង​សព្វ​ថ្ងៃ                 ជា​ទី​ប្រស្រ័យ​ស្ថាន​វា​នៅ
វា​ជុះ​វា​នោម​ដាក់​ជោក​ជៅ                      វា​ស្លាប់​កប់​នៅ​ក្នុង​រូប​ប្រាណ ។
រូប​យើង​អាក្រក់​ណាស់​ពេក​ពន់              ស្រី​ប្រុស​គ្រប់​ជន​ទាំង​ប៉ុន្មាន
ជា​ទី​ដង្កូវ​នៅ​ជា​ស្ថាន                             អសោចិ៍​ក្នុង​ប្រាណ​មាន​ទាំង​គ្រប់ ។
រូប​យើង​ល្អ​គ្រាន់​តែ​ខាង​ក្រៅ                   មិន​គួរ​នឹង​ទៅ​សេព​សម​គប់
ប្រឹង​ត្រេក​ដេក​ឱប​រូប​អសុភ                   ទាំង​ថ្ងៃ​ទាំង​យប់​ជា​ប្រក្រតី ។
បែក​មុខ​ពី​គ្នា​ក៏​ពុំ​បាន                             កើត​ចិត្ត​ប្រកាន់​ស្ទើរ​ក្សិណក្ស័យ
ចាក់​កាប់​ដណ្ដើម​កើត​អប្រិយ                 ទាំង​ប្រុស​ទាំង​ស្រី​ព្រោះ​ស្រឡាញ់ ។
ដណ្ដើម​ស្រឡាញ់​រូប​អសុភ                    ហេតុ​តែ​សេព​គប់​នាំ​ឲ្យ​ខ្នាញ់
មិន​យល់​ក្នុង​រូប​យ៉ាង​ណា​មិញ               ប្រឹង​ខំ​អម្នេញ​ឲ្យ​ខ្លោច​ផ្សា ។
ដល់​ផុត​សង្ខារ​ជីវិត​ចេញ                       ចោល​រូប​នោះ​មិញ​ជា​អសារ
ឡប់​ប្រែ​ជា​ខ្លាច​ឥត​ឧបមា                      រាល់​រូប​អាត្មា​មិន​ហ៊ាន​ជិត ។
ស្ដី​គេ​ស្ដី​ឯង​មក​កំដរ                              កុះករ​គ្នា​ច្រើន​មក​ជុំ​ជិត
ខ្លាច​រូប​ប្ដី​ឯង​ប្រពន្ធ​ពិត                         មិន​ឃើញ​រួម​រឹត​ដូច​រស់​នៅ ។
កាល​រស់​ម្ដេច​មិន​ហៅ​គ្នីគ្នា                      បិទ​ទ្វារ​មិន​ឲ្យ​អ្នកណា​ទៅ
រួម​រ័ក​ស្នេហា​ការ​រាក់​ជ្រៅ                        អ្នក​ផង​គេ​ទៅ​ជិត​មិន​បាន ។
ដល់​ស្លាប់​យំ​សោក​ថា​អាល័យ                រៀប​រាប់​សេចក្ដី​បោក​ទាំង​ប្រាណ
បី​ខែ​ទៅ​មុខ​ទុក្ខ​ស្រាកស្រាន្ត                   ចង់​បាន​អសុភ​មក​ឱប​ទៀត ។
ពោះ​ម៉ាយ​មេម៉ាយ​រាល់​រូប​ប្រាណ           មិន​មែន​អត់​បាន​គង់​តែ​ឆ្លៀត
រក​រូប​អសុភ​មក​ថ្មី​ទៀត                          អសុភ​នោះ​ទៀត​មិន​មែន​សាច់ ។
ឬ​ញាតិ​សន្ដាន​ខ្លួន​ក៏​ទេ                          ចង់​បាន​តែ​គេ​មក​សំរេច
ស្រឡាញ់​យ៉ាង​នេះ​ស៊ូ​ប្ដូរ​ផ្ដាច់                 គ្មាន​គិត​ត្រងត្រេច​ត្រង់​វេទនា ។
មិន​ព្រម​សុខ​ចិត្ត​នៅ​ម្នាក់​ឯង                  ប្រុស​ស្រី​ចាស់​ក្មេង​រាល់​តែ​គ្នា
ឃ្លាន​ជាង​អាហារ​ឬ​ភោជនា                    គ្មាន​ពេល​វេលា​ជា​ប្រក្រតី ។
មិន​ចេះ​មាន​ឆ្អែត​ឬ​ធុញ​ទ្រាន់                 គ្មាន​ខ្មាស​អៀន​អន់​ទាំង​ប្រុស​ស្រី
ដល់​ចាស់​រូប​ផ្លាស់​តែ​រាល់​ថ្ងៃ                   កើត​ទុក្ខ​ខឹង​ក្រៃ​នឹង​ជរា ។
ពី​ក្មេង​សាច់​ស្បែក​ម៉ដ្ឋ​ផូរផង់                  ត្រចង់​ដល់​ចាស់​ស្បែក​យុរយារ
ឃើញ​គេ​នៅ​ក្មេង​ឲ្យ​វេទនា                     ឃាត់​ថា​កុំ​ឲ្យ​ចាស់​មិន​បាន ។
ធ្មេញ​បាក់​សក់​ស្កូវ​ភ្នែក​ងងឹត                  ត្រចៀក​ថ្លង់​ពិត​រោគ​ក្នុង​ប្រាណ
កំឡាំង​វ័យ​ថយ​ពន់​ប្រមាណ                  តែ​ចិត្ត​ក្លាហាន​ខ្លាំង​ពេក​ក្រៃ ។
ឃើញ​រូបារម្មណ៍​ស្ទុះ​ចាប់​ជាប់                 ចិត្ត​ចង់​ប្រញាប់​ព្រួត​ចូល​ដៃ
អូស​ទាញ​ទៅ​មក​តែ​សព្វ​ថ្ងៃ                    ភ្នែក​គន់​រំពៃ​រក​មើល​ទៀត ។
បើ​បាន​ពើប​ពុះ​ប្រទះ​ពាល់                     អារម្មណ៍​ខ្វាយ​ខ្វល់​ចិត្ត​ជ្រក​ជ្រៀត
គ្មាន​គិត​ថា​ចាស់​ក្លាហាន​ទៀត                 ប្រឹង​ឆ្លៀត​រក​តែ​របស់​ថ្មី ។
មាន​ធម៌​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា                 ឲ្យ​អស់​ពួក​មហាជន​ប្រុស​ស្រី
ឲ្យ​ខំ​ហាត់​ចិត្ត​ជា​ប្រក្រតី                         យូរ​ថ្ងៃ​គង់​បាន​ខ្លះ​មិន​ខាន ។
ខំ​រក្សា​សីល​ទៅ​តាម​ភេទ                        ជា​ហេតុ​ឃាត់​ចិត្ត​ទាំង​ប៉ុន្មាន ដូ
ច​ដាំ​រុក្ខា​គង់​តែ​បាន                               ផ្លែ​ផ្កា​មិន​ខាន​ព្រោះ​ស្រោច​ទឹក ។
បើ​ខំ​ព្យាយាម​ថែ​រក្សា                             រុក្ខា​នឹង​លូតលាស់​សន្លឹក
ចេញ​ផ្លែ​ចេញ​ផ្កា​ជា​ពន្លឹក                       ស្រោច​ទឹក​កុំ​ខក​ខាន​ថ្ងៃ​ណា ។
ឧបម័យ​ដូច​នៃ​អ្នក​ឃាត់​ចិត្ត                   ខំ​ព្យាយាម​ពិត​ដូច​រុក្ខា
គង់​តែ​លូតលាស់​មាន​ផ្លែផ្កា                    ល្បី​ទួ​ទិសា​សព្វ​ផែនដី ។
អ្នក​ប្រាជ្ញ​ពី​បុរាណ​ចារ្យ                          ចារិក​ពុទ្ធ​ដីកា​ជា​បាលី
អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​ជាន់​ថ្មី​ៗ                      ប្រែ​ពី​បាលី​ឲ្យ​ដឹង​ច្បាស់ ។
ឲ្យ​ពត់​ឲ្យ​ហាត់​ចិត្ត​ឲ្យ​បាន                      ខំ​ប្រឹង​រាល់​ប្រាណ​កុំ​ក្រឡាស់
ព្រោះ​ចិត្ត​មានះ​ក្លាហាន​ណាស់               នាំ​ផ្ដេស​នាំ​ផ្ដាស​ខូច​អសារ ។
លោក​ឲ្យ​ភាវនា​ព្រះ​កម្មដ្ឋាន                   សែសិប​ឲ្យ​បាន​តាម​បញ្ញា
ទាញ​ចិត្ត​ឲ្យ​នឹង​ដោយ​អាការ                  ចរិត​កិរិយា​ទាំង​ប្រាំ​មួយ ។
<< រាគ​ចរិត​ជា​ដើម​អាទិ៍                         កំណត់​បទ​បាទ​ជា​ទី​មួយ
ច្រើន​តែ​ប្រព្រឹត្ត​គំនិត​ព្រួយ                     ដម្រង់​ដម្រួយ​វត្ថុ​តាម ។
ទី​២​ជា​ទោស​ចរិត                                  គំនិត​អ្នក​នោះ​ច្រើន​ជាន់​ដាម
បន្តិច​បន្តួច​ក៏​ខឹង​ភ្លាម                            លលាម​លលើ​គ្នើ​គុណ​គេ ។
ទី​៣​មោហចរិតា                                   កិរិយា​មិន​នៅ​មាំ​មួន​ទេ
សន្ទិះ​សង្ស័យ​ច្រើន​ជាង​គេ                    ច្រអូស​កាយេ​ខ្ជឹល​ពន់​ពេក ។
ចរិត​ទី​៤ គឺ​សទ្ធា                                   មាន​ចិត្ត​ជ្រះ​ថ្លា​ជា​អនេក
បុណ្យ​អ្វី​មិន​ទុក​ទៅ​ដល់​ស្អែក                 ចង់​ឃើញ​ទាន់​ភ្នែក​ឆាប់​រួសរាន់ ។
ពុទ្ធិ​ចរិត​ជា​ទី​៥                                     រៀន​សូត្រ​ចេះ​ចាំ​ក៏​ឆាប់​គ្រាន់
មិន​ចង់​ឲ្យ​គេ​ចេះ​ដឹង​ទាន់                       អ្វី​ៗ​គ្នេរគ្នាន់​យល់​ឆ្នៃ​ទាស់ ។
ប្រាំ​មួយ​វិតក្ក​ចរិត                                 ច្រើន​គិត​ការងារ​ឥត​ចន្លោះ
ចិត្ត​នោះ​ល្អិលល្អូច​ជាង​គេ​ណាស់            ពេល​យប់​ចេញ​អស់​ហុយ​ដូច​ផ្សេង ។
ពេល​ថ្ងៃ​ប្រារព្ធ​ដល់​ការងារ                    រាល់​ពេល​វេលា​ចាប់​មិន​លែង
អារម្មណ៍​ស្ទុះ​ទៅ​ឥត​កោត​ក្រែង              អន្ទះ​អន្ទែង​ឆេះ​ដូច​ភ្លើង ។
ចរិត​ប្រាំ​មួយ​ខ្ញុំ​អធិប្បាយ                       មិន​មែន​ក្លែង​ក្លាយ​ប្រឌិត​ឡើង
តែង​តាម​សាសនា​ដ៏​ថ្កុំថ្កើង                     ព្រះ​ពុទ្ធ​គ្រូ​យើង​សំដែង​មក ។
សំដៅ​សេចក្ដី​ដ៏​វែង​ឆ្ងាយ                        តែ​ខ្ញុំ​អធិប្បាយ​ស្រូត​ៗ​យក
នៅ​សល់​សេចក្ដី​ច្រើន​គរគោក                 អញ្ជើញ​រាវ​រក​មក​មើល​ចុះ។
ឯ​អ្នក​ចំរើន​ព្រះ​កម្មដ្ឋាន                         កុំ​មាន​គំនិត​គិត​តិះតុះ
សិញ​សុញ​ចំរើន​តែ​ចំរុះ                         ទាំង​ត្រូវ​ទាំង​ខុស​គ្មាន​អ្វី​អាង ។
រី​អ្នក​ជា​រាគ​ចរិត                                   ឲ្យ​ភាវនា​ចិត្ត​ជា​ដំណាង
អសុភ​ទាំង​ដប់​សព្វ​គ្រប់​យ៉ាង                 តាម​ចិត្ត​ឃើញ​អាង​ផ្លូវ​សេចក្ដី ។
រី​អ្នក​ជា​ទោស​ចរិត                                ភាវនា​ឲ្យ​ពិត​តាម​បាលី
មិន​បាន​ចែក​ញែក​សព្វ​សេចក្ដី                កាត់​យក​បទ​ខ្លី​ត្រូវ​ភាវនា ។
ឲ្យ​កៀង​ឲ្យ​ដេញ​ប្រមូល​ចិត្ត                   កុំ​ឲ្យ​ខ្ចាត់​ភ្លាត់​ក្រែង​ប៉ះ​ពារ
ដល់​ទៀប​នឹង​ផុត​ខ្យល់​មរណា                ក្រែង​កន្ទះ​រា​ទប់​មិន​បាន ។
                              ចាស់​នឹង​ក្មេង​ជជែក​គ្នា​ពី​ធម៌​កម្មដ្ឋាន
ចាស់​សួរ​ទៅ​ក្មេង​ថា​នែ​អ្នក                     មាន​ថ្នាក់​កម្មដ្ឋាន​មូល​ប៉ុន្មាន
ព្រោះ​តា​នៅ​ឆ្ងល់​ស្ដាប់​មិន​បាន                កម្មដ្ឋាន​ធម៌​ពិត​នោះ​យ៉ាង​ណា ។
ខ្លួន​តា​បាន​រៀន​កម្មដ្ឋាន​ខ្លះ                    ក្រែង​ខ្វះ​ខុស​ពី​ធម៌​អ្នក​ជា
តា​រៀន​ដំណ​ពី​អាចារ្យ                           ឧបាសក​ទេ​ណា​ទើប​នឹង​បាន ។
តា​រៀន​កម្មដ្ឋាន​ជាន់​សម័យ                    ដូច​ចៅ​ឮ​ល្បី​ពន់​ប្រមាណ
ភាវនា​កាលណា​ចូល​ក្នុង​ប្រាណ              ឆាប់​បាន​ជាន់​ញាក់​ដូច​អារក្ស ។
គ្រវី​គ្រញែង​ខ្លះ​រេរាំ                               តាម​ដោយ​លំនាំ​ជា​ចង្វាក់
ញ័រ​ជើង​ញ័រ​ដៃ​ដូច​កន្រ្តាក់                     ខ្លះ​ញាក់​ស្ទើរ​តែ​នឹង​ដាច់​ខ្យល់ ។
ខ្លះ​ស្រែក​លាន់​មាត់​ឮ​វ៉ូសវ៉ាស                 ខ្លះ​ប្រឹង​អត់​ណាស់​ឮ​ខល់​ៗ
ខ្លះ​មិន​បាន​ញាក់​នៅ​ពិភាល់                    តា​កត់​គ្មាន​សល់​កាល​ភាវនា ។
កត់​ពី​ញាក់​ភ្នែក​ឬ​ឈឺ​ពោះ                      ឬ​មាន​រមាស់​ក្ដៅ​រងា
ចុក​ជើង​ចុក​ដៃ​តែ​រាល់​គ្នា                       កត់​គ្រប់​វេលា​ជា​សំគាល់ ។
យក​ទៅ​ជូន​គ្រូ​បក​ប្រាប់​ថា                    នេះ​ណា​ជា​គួរ​មិន​ទាន់​ដល់
ដូច​ពាន​ឈឺ​ពោះ​ឬ​ចេញ​ខ្យល់                 គ្រូ​ប្រាប់​ថា​ដាក់​ថ្នាក់​ឲ្យ​ទៀត ។
ចូរ​ចៅ​ប្រាប់​តា​កុំ​បា​លាក់                        បើ​ដាក់​ជា​ធូរ​ឬ​ចង្អៀត
តា​នឹង​គិត​មើល​រៀន​ទៅ​ទៀត                  កុំ​ឲ្យ​មាន​ស្នៀត​សល់​ទំនេរ ។
ចៅ​ក្មេង​ថា​ធម៌​របស់​តា                          ត្រង់​ណា​ខ្ញុំ​មិន​បាន​រៀន​ទេ
ធម៌​តា​ចម្លែក​ប្លែក​ជាង​គេ                       ខ្ញុំ​ប្រាប់​តា​ជេរ​ខ្ញុំ​ទេ​ដឹង ។
ចាស់​ថា​អ្នក​ចៅ​ចូរ​ប្រាប់​ចុះ                   ត្រូវ​ខុស​តា​មិន​ប្រកាន់​ខឹង
ក្រែង​មាន​កម្មដ្ឋាន​ខុស​ពី​នឹង                  ព្រោះ​តា​ចង់​ដឹង​ឥត​មុសា ។
ក្មេង​ថា​កម្មដ្ឋាន​ព្រះ​សម្ពុទ្ធ                      ចម​មកុដ​ត្រៃ​លោក​ជា​សាស្ដា
មិន​ឃើញ​សំដែង​ដូច​ធម៌​តា                    អាចារ្យ​បែប​នេះ​ចេះ​ថ្មី​ៗ ។
ដូច្នេះ​គួរ​កុំ​អាល​ថា​ខុស                          ក្រែង​លោ​បាន​ប៉ះ​ច្បាស់​បាលី
ពី​គម្ពីរ​ណា​សល់​សេចក្ដី                         កម្មដ្ឋាន​បែប​ថ្មី​ល្បី​សុះសាយ ។
លោកតា​ដែល​បាន​រៀន​កម្មដ្ឋាន              ចាស់​ពី​បុរាណ​ថ្មី​នៅ​អាយ
តា​ខំ​ប្រឹង​គិត​ជា​ឧបាយ                          ខុស​ត្រូវ​ទាំង​ឡាយ​ខ្ញុំ​មិន​ថា ។
កម្មដ្ឋាន​របស់​ព្រះ​សម្ពុទ្ធ                        សន្មតិ​ឲ្យ​មូល​ដួង​ចេតនា
ដំកល់​ឲ្យ​នឹង​ដោយ​បញ្ញា                       បើ​ដូច្នេះ​ណា​ថា​ម្ដេច​បាន ។
សមាធិ​គឺ​ឲ្យ​ដំកល់​ចិត្ត                           ឲ្យ​មាំ​នៅ​និត្យ​ជិត​ក្នុង​ប្រាណ
សង្រួម​ឥន្រ្ទិយ​ជា​ភិញ្ញាណ                     ឲ្យ​បាន​សម្រេច​ដោយ​អាល័យ ។
ចុះ​បើ​កម្មដ្ឋាន​ជាន់​ទំនើប                       ដ៏​ពើប​រៀប​បាន​ញ័រ​ជើង​ដៃ
ជាន់​ដូច​អារក្ស​ញាក់​សរសៃ                   កម្មដ្ឋាន​សម័យ​ដូច្នេះ​ណា ។
ឃើញ​ប្លែក​ចំឡែក​ជាង​ធម៌​ព្រះ               ឬ​មួយ​បាន​ច្បាស់​ព្រះ​ពុទ្ធ​ដីកា
ព្រះ​អង្គ​បាន​ត្រាស់​សាស្ដាចារ្យ                ជា​គ្រូ​ទេវតា​មនុស្ស​សព្វ​ថ្ងៃ។
ចាស់​ស្ដាប់​ក្មេង​ប្រាប់​ជា​ទំនង                  ចាស់​ផ្គង​ក្នុង​ចិត្ត​គិត​សង្ស័យ
តប​សួរ​ថា​នែ​ចៅ​ថ្លើមថ្លៃ                         ធម៌​តា​សព្វ​ថ្ងៃ​ប្លែក​យ៉ាង​ណា ។
ចូរ​ប្រាប់​មក​តា​ប្លែក​យ៉ាង​ម្ដេច                 កុំ​គេច​ត្រឡប់​ពាក្យ​មុសា
ប្រាប់​មក​តាម​ត្រង់​អស់​សង្កា                   កម្មដ្ឋាន​ផង​តា​ជាន់​សម័យ ។
ក្មេង​សប​សួរ​ចាស់​ទៅ​វិញ​ថា                   លោក​តា​ខ្ញុំ​នៅ​មាន​សង្ស័យ
កម្មដ្ឋាន​តា​រៀន​តែ​សព្វ​ថ្ងៃ                      មាន​រៀប​អ្វី​ខ្លះ​ជូន​អាចារ្យ ។
ចូរ​តា​កុំ​លាក់​ប្រាប់​ឲ្យ​ត្រង់                      តា​ចង់​ឲ្យ​ខ្ញុំ​ប្រាប់​ធម៌​តា
ដែល​ប្លែក​ពី​ធម៌​ព្រះ​សាស្ដា                    រណ្ដាប់​ធម៌​តា​នោះ​តើ​អ្វី ។
ចាស់​ថា​ធម៌​តា​បើ​រៀន​ចប់                      គ្រប់​សព្វ​គ្រូ​ប្រាប់​ឲ្យ​ថ្វាយ​ត្រៃ
គ្រប់​សិស្ស​ម្នាក់​ៗ​មាន​បច្ច័យ                   អម​ត្រៃ​ប្រាំ​រៀល​តែ​រាល់​គ្នា ។
មាន​សិស្ស​បាសក​នឹង​លោក​សង្ឃ            ប្រុស​ស្រី​ផ្គូផ្គង​រៀប​ម្នីម្នា
បំរុង​ចាំ​ដល់​ពេល​វេលា                          មាន​គ្នា​ចំនួន​ដល់​ជាង​រយ ។
ក្នុង​ម្នាក់​ចេញ​ប្រាក់​ប្រាំ​រៀល​ដាក់            បើ​អ្នក​ទាល់​ក្រ​ឲ្យ​ចេញ​ក្រោយ
លើក​ត្រៃ​បំពេញ​ធម៌​នោះ​ឲ្យ                   ប្រាក់​នេះ​ឯង​ហើយ​ជូន​អាចារ្យ ។
ក្មេង​ស្ដាប់​ពាក្យ​ចាស់​ប្រាប់​សេចក្ដី            ធម៌​អ្វី​ដូច្នោះ​ណា​លោកតា
ពោល​ពាក្យ​យ៉ាង​នេះ​ភូត​មុសា                គ្រូ​កម្មដ្ឋាន​ណា​ប្រាប់​តា​ឯង ។
ចាស់​ថា​នែ​ចៅ​តា​ពិត​ត្រង់                       តា​មិន​ចង់​ភូតភរ​ពាក្យ​ស្លែង
តា​មិន​បង្ខូច​គ្រូ​ផង​ឯង                           គឺ​ពិត​ជាក់​ស្ដែង​បាន​តា​ថា ។
ចៅ​អើយ​កិច្ច​ម្យ៉ាង​សេច​ចង្អៀត               អាចារ្យ​មាន​ស្នៀត​យក​បុត្រា
ជា​កូន​ផង​ខ្លួន​នៅ​កុមារ                          ចង​ដៃ​បុត្រា​នោះ​ថែម​ទៀត ។
ជូន​ដល់​ម្ភៃ​សាមសិប​រៀល                     សិស្ស​ណា​ដែល​ទាល់​ខំ​ប្រឹង​ឆ្លៀត
ចង​ការ​បញ្ចាំ​ទ្រព្យ​នឹង​ញាតិ                   គិត​គាត​ឲ្យ​បាន​ដូច​នឹង​គេ ។
ក្រែង​មិន​បាន​ពេញ​ធម៌​កម្មដ្ឋាន              បើ​ខុស​ខក​ខាន​នៅ​ទទេ
ប្រឹង​គិត​ប្រឹង​កែ​ខំ​រិះរេ                            ឲ្យ​បាន​ដូច​គេ​ស៊ូ​ជំពាក់ ។
ក្មេង​ថា​កម្មដ្ឋាន​របស់​តា                         អស្ចារ្យ​មាន​លាភ​ប្រាកដ​ជាក់
ប្រសិន​បាន​សិស្ស​ច្រើន​ពាន់​នាក់             បាន​ប្រាក់​ច្រើន​ក្រៃ​ដូច​តា​ថា ។
ខ្ញុំ​បាទ​ចង់​រៀន​នឹង​តា​ផង                        បំណង​ឃើញ​បាន​លាភ​សក្ការ
បើ​មិន​បាន​ចេះ​ដល់​អាចារ្យ                   ប្រាថ្នា​ឲ្យ​បាន​ដឹង​ដូច​គេ ។
ឯ​ធម៌​កម្មដ្ឋាន​ចំណែក​ខ្ញុំ                        តា​កុំ​សង្ស័យ​គ្មាន​លាភ​ទេ
មាន​គ្នា​ច្រើន​នាក់​ខ្ញុំ​នឹង​គេ                      រៀន​តែ​ទទេ​ច្រើន​បែប​ណាស់ ។
ចាស់​ឆ្លើយ​ថា​បើ​ចៅ​ចង់​រៀន                   កុំ​អៀន​មួយ​យប់​បាន​រហ័ស
ទោះ​ទាំង​ប្រុស​ស្រី​ក្មេង​នឹង​ចាស់              ឆាប់​ណាស់​នែ​ចៅ​ដូច​តា​ថា ។
តែ​តា​ចង់​ដឹង​កម្មដ្ឋាន​ចៅ                       សំដៅ​យក​ថ្នាក់​មូល​ត្រង់​ណា
ដែល​ចៅ​ថា​មាន​ច្រើន​ប្រការ                   អធិប្បាយ​ពិស្ដារ​បា​កុំ​លាក់ ។
ក្មេង​ថា​កម្មដ្ឋាន​ព្រះ​សាស្ដា                   ទ្រង់​ប្រោស​មេត្តា​អស់​សាវក
ឲ្យ​ចំរើន​ទៅ​បាន​តាម​ថ្នាក់                      ខ្លះ​អស់​អាសវៈ​បាន​ហោះ​ធ្យាន ។
មិន​ឮ​មិន​ឃើញ​ឲ្យ​ថ្វាយ​ត្រៃ                   ឲ្យ​ដាក់​ប្រាក់​អ្វី​មិន​ឃើញ​មាន
គម្ពីរ​សាស្រ្តា​ជា​ប្រធាន                          អ្នក​ប្រាជ្ញ​លោក​អាន​ជា​សេចក្ដី ។
ចារិក​ទុក​មក​ថា​ដូច្នេះ                            យើង​គេ​បាន​ចេះ​ជា​ប្រក្រតី
បើ​គួរ​ឆោត​ខ្លះ​តែ​ស្រី​ៗ                           ម្ដេច​គ្មាន​សង្ស័យ​ទៅ​ទាំង​ស្រុង ។
កម្មដ្ឋាន​របស់​ព្រះ​សម្ពុទ្ធ                        ជា​ធំ​បំផុត​លើ​ចតុរង្គ
មាន​ថ្នាក់​តាម​ស្ថាន​ចាត់​ជា​អង្គ                ដូច​ក្នុង​គម្ពីរ​វិសុទ្ធមគ្គ ។
អ្នក​ប្រាជ្ញ​អាច​ធ្វើ​គម្ពីរ​នោះ                      នាម​ឈ្មោះ​ព្រះ​ពុទ្ធឃោសៈ
លោក​ស្រង់​ពី​ពុទ្ធ​វចនៈ                          រៀប​រៀង​តាម​ថ្នាក់​បិនិទ្ទេស ។
វគ្គ​ដើម​សំដែង​អំពី​សីល                         ជម្រះ​សុរិល​ដោយ​វិសេស
ពត់​កាយ​វាចា​តាម​ច្បាប់​នេះ                    បាន​ហើយ​សិម​រិះ​រៀន​ត​ទៅ ។
សមាធិ​និទ្ទេស​ជា​ទី​២                             សំដែង​វិធី​ទុក​ជា​ផ្លូវ
ដំកល់​ចិត្ត​ខ្លួន​ឲ្យ​នឹង​នៅ                         កុំ​ឲ្យ​ត្រាច់​ទៅ​តាម​អារម្មណ៍ ។
នេះ​ហើយ​សំដែង​ពី​កម្មដ្ឋាន                   អញ្ជើញ​អាន​មើល​ទៅ​ទើប​ឃើញ​ចំ
កុំ​គិត​តែ​ជឿ​ៗ​សម្ងំ                                 ទោះ​សម​មិន​សម​ក៏​ជឿ​ស្លុង ។
ខ្លះ​អាង​ឡើង​អាង​ថា​ចេះ​មូល                  បណ្ដូល​កម្មដ្ឋាន​ធម៌​ផ្លូវ​ក្នុង
សុទ្ធ​ខ្លឹម​គ្មាន​ស្រាយ​ដូច​ខ្លឹម​ធ្នង់               ម្ដេច​ៗ​ក៏​ប្រុង​ទុក​ក្នុង​កាយ ។
ឯ​ត្រង់​អង្គ​ប្រាំ​របស់​ឈាន                      វិសុទ្ធមគ្គ​មាន​អធិប្បាយ
វិតក្កវិចារៈ​ទាំង​ឡាយ                            បីតិ​រីករាយ​បួន​សុខា ។
ប្រាំ​ឯកគ្គតា​ចិត្ត                                    មិន​បាន​ផ្ដេកផ្ដិត​ទៅ​ខាង​ណា
ប៉ុណ្ណេះ​លោក​ហៅ​អង្គ​ឈានា                 គម្ពីរ​ពិស្ដារ​ទៅ​ទៀត​ហោង ។
រី​ឯ​បីតិ​ឆ្អល់ឆ្អែត​ចិត្ត                               បណ្ឌិត​លោក​ចាត់​ជា​ប្រាំ​កង
សំដែង​សំដៅ​តាម​ទំនង                         ប្រាជ្ញ​ផង​ប្រែ​មក​ពី​បាលី ។
ខុទ្ទកាបីតិ​ជា​ទី​១                                   ដម្រួយ​ថា​ព្រឺ​អស់​សរីរ៍
ព្រឺ​រោម​ព្រឺ​ស្បែក​ល្ហូត​កេសី                     ប្រក្រតី​ស្របក់​កាល​ភាវនា ។
ខណិកាបីតិ​ជា​ទី​២                                ក្នុង​ចក្ខុន្រ្ទិយ​ប្រាកដ​ជា
ដូច​ផ្លេក​បន្ទោរ​មក​ប៉ះ​ពារ                      កុំ​ឲ្យ​រួញ​រា​ឲ្យ​កំណត់ ។
ឱក្កន្តិកាបីតិ​ជា​ទី​៣                               សេចក្ដី​ត្រេកអរ​ជាក់​ប្រាកដ
អាការ​ដូច​ទឹក​ហូរ​សង្កត់                         បែប​បត់​រលក​បោក​មក​ប៉ះ ។
ឧព្វេង្គាបីតិ​ជា​ទី​៤                                  ត្រេកអរ​ផ្ទួន​ៗ​ពន់​ពេក​ណាស់
អាច​ញ៉ាំង​កាយា​ឲ្យ​ស្រឡះ                    អណ្ដែត​ឡើង​ច្បាស់​ពី​អាសនា ។
ផរណា​បីតិ​ជា​ទី​៥                                 ចំណាំ​ឲ្យ​ឃើញ​ជា​អស្ចារ្យ
ធ្វើ​ឲ្យ​ត្រជាក់​ក្នុង​អាត្មា                           ជ្រួតជ្រាប​កាយា​សព្វ​សព៌ាង្គ ។
នេះ​មូល​កម្មដ្ឋាន​ព្រះ​សាស្ដា                   គ្មាន​អ្នក​ឯ​ណា​ចេះ​លើស​ជាង
ទ្រង់​ប្រោស​សំដែង​ជា​បែប​យ៉ាង              ឧបចារៈ​អាង​តែ​ប៉ុណ្ណេះ ។
កើត​ដោយ​អំណាច​នៃ​ភាវនា                  ឲ្យ​ឃើញ​ជាក់​ជា​យ៉ាង​ដូច្នេះ
តាម​ដោយ​បីតិ​ទាំង​៥​នេះ                       ប៉ុណ្ណេះ​ទេ​តើ​ចូរ​សិក្សា ។
ឈាន​៤​ឈាន​៥​តាម​ចិត្ត​ស្ម័គ្រ                សំដែង​គ្មាន​លាក់​ក្នុង​សាស្រ្តា
អធិប្បាយ​វែង​ឆ្ងាយ​ជា​ពិស្ដារ                  ព្រះ​ពុទ្ធ​ឃោសា​ធ្វើ​ទុក្ខ​ឲ្យ ។
បើ​រៀន​ចេះ​ហើយ​ត្រូវ​តែ​ស្ទាត់                 វសី​៥​ប្រាកដ​ជា​ខាង​ក្រោយ
វិធី​ចេញ​ចូល​កុំ​បណ្ដោយ                             បាន​ឈាន​មិន​ធ្លោយ​ឲ្យ​ជំនាញ ។
អាវជ្ជនសី​ទី​១                                                លោក​ឲ្យ​ចំណាន​ស្ទាត់​ស្រាវ​ទាញ
ដក​ចិត្ត​ឲ្យ​ផុត​ចាក​បណ្ដោយ                      កុំ​ឲ្យ​ស្មុគស្មាញ​នឹង​កិលេស ។
សមាបជ្ជនសី​ទី​២                                          គឺ​ស្ទាត់​វិធី​ចូល​ឈាន​នេះ
ប្រសប់​ជំនាញ​ដូច​អ្នក​ចេះ                           ស្ទាត់​បរទេះ​ចូល​ក្នុង​ក្រុង។
អធិដ្ឋានវសី​ជា​ទី​៣                                       ភក្ដី​រក្សា​ចិត្ត​ខាង​ក្នុង
ដែល​ចូល​ឈាន​ហើយ​ក៏​ឲ្យ​ប្រុង                 បំរុង​គ្រប់គ្រង​ឈាន​នោះ​ទៅ ។
វុដ្ឋាវសី​ជា​ទី​៤                                                គឺ​ខ្លួន​ជំនាញ​ស្ទាត់​ក្នុង​ផ្លូវ
ចេញ​ចាក​ឈាន​មក​នៅ​ខាង​ក្រៅ                សំដៅ​យក​ចិត្ត​នឹង​ចេតនា ។
បច្ចវេក្ខណវសី​ទី​៥                                        គឺ​ចាំ​ចេះ​ស្ទាត់​ទៅ​ក្នុង​ការ
ជំនាញ​ខាង​ផ្លូវ​ពិចារណា                             ធម៌​ដែល​សិក្សា​ឥត​ទើស​ទាល់ ។
កុលបុត្រ​អ្នក​រៀន​ព្រះ​កម្មដ្ឋាន                    ល្ហូត​បាន​ដល់​ឈាន​កុំ​ពី​ភាល់
ឲ្យ​ស្ទាត់​វសី​ជា​សំគាល់                                 ឲ្យ​ស្តាល់​ចូល​ចេញ​យើង​ចាំ​ចេះ ។
កើត​ដោយ​អំណាច​សមាធិ                           បីតិ​ទាំង​៥​យ៉ាង​ដូច្នេះ
វសី​៥​នឹង​អង្គ​ឈាន​៥​នេះ                             ដូច្នេះ​ទេ​តើ​ណា​លោក​តា  ។
ចុះ​បើ​កម្មដ្ឋាន​ប្លែក​ទីទៃ                                ខុស​នឹង​សេចក្ដី​ព្រះ​ពុទ្ធ​ដីកា
ខ្លះ​ជាន់​ខ្លះ​ញាក់​ស្រែក​ឡូឡា                       ឮ​ថា​មាន​ឆ្កួត​ជា​ប្រក្រតី ។
ចាស់​ថា​តា​ឮ​ពាក្យ​ចៅ​ឯង                            ចេះ​ថែង​សារសព្ទ​សព្វ​សេចក្ដី
កម្មដ្ឋាន​របស់​ព្រះ​ជិនស្រី                            សេចក្ដី​ត្រូវ​ណាស់​ណា​ចៅ​តា ។
ចៅ​អើយ​ចៅ​កុំ​មាន​សង្ស័យ                         សព្វ​ថ្ងៃ​ពិត​ណាស់​ដូច​ចៅ​ថា
ម្ដេច​ចៅ​ចង់​រៀន​កម្មដ្ឋាន​តា                        មិន​កើត​ទេ​ណា​ខូច​ស្មារតី ។
ក្មេង​ថា​លោក​តា​កំណាញ់​ធម៌                     ត្រង់​ល្អ​តា​លាក់​ទុក​ធ្វើ​អ្វី
ចែក​ខ្ញុំ​រៀន​ផង​ធម៌​ឮ​ល្បី                               កុំ​ភ័យ​ខ្ញុំ​មិន​ជែង​មុខ​តា ។
ចាស់​ថា​តា​មិន​គិត​ដូច្នោះ                             ធម៌​ខុស​ពី​ធម៌​ព្រះ​សាស្ដា
តា​មិន​ឲ្យ​ចៅ​រៀន​ទេ​ណា                              ចៅ​ចូរ​ស្ដាប់​តា​ប្រាប់​សេចក្ដី ។
ឧបាសក​នឹង​សង្ឃ​ក៏​ខូច​ក្រិត្យ                      វិបត្តិ​ចរិត​ជា​ថ្មី​ៗ
វង្វេង​សតិ​គ្មាន​ដឹង​អ្វី                                     រក​គ្រូ​សព្វ​ថ្ងៃ​មក​មើល​ឆ្កួត ។
ខ្លួន​ក្រចង់​ចេះ​ធម៌​កម្មដ្ឋាន                         ខូច​ប្រាណ​ហើយ​ក្រ​ថែម​ព្រួត​ៗ
ប្រាក់​បង់​ថ្លៃ​ខ្លួន​ពន្ធ​ដី​ត្រួត                            ខ្លួន​ឆ្កួត​អស់​ប្រាក់​ខូច​ទាំង​ស្រែ ។
តា​ប្រាប់​ចៅ​ឯង​ដោយ​ពិត​ត្រង់                    ព្រោះ​ចង់​ដឹង​ច្បាស់​ឃើញ​ឪ​ម៉ែ
ដែល​ស្លាប់​កន្លង​ទៅ​យូរ​ខែ                           បាន​តែ​ខំ​រៀន​ធម៌​កម្មដ្ឋាន ។
ដល់​រៀន​គ្រូ​ប្រាប់​ឲ្យ​ថ្វាយ​ត្រៃ                      អរ​ក្រៃ​ឮ​គ្រូ​ប្រាប់​ថា​បាន
ម៉ែ​ឪ​ដែល​ស្លាប់​ទាំង​ប៉ុន្មាន                           មិន​ដែល​បាន​ឃើញ​ដល់​ម្ដង​ទេ ។
តែ​គ្រូ​ថា​ចប់​ក៏​ជឿ​ជាក់                                  ប្រឹង​លាក់​មិន​ហ៊ាន​ប្រាប់​អស់​គេ
តែ​គ្មាន​បាន​អ្វី​ខ្លួន​ទទេ                                   ខូច​ប្រាក់​អស់​ស្រែ​ចេញ​ថ្លៃ​ត្រៃ ។
ឱឱពុទ្ធោ​ណា​ចៅ​អើយ                                 ម្ដេច​ឡើយ​ក៏​ឆោត​ពន់​ពេក​ក្រៃ
អ្នក​ស្លាប់​ទៅ​មុខ​តែ​សព្វ​ថ្ងៃ                           មិន​ដែល​សម័យ​ទៅ​ស្ថាន​ណា ។
កាល​យើង​មក​កើត​ក៏​មិន​ដឹង                       ចំណេរ​វិល​វឹង​ចាក​សង្ខារ
មក​ពី​នរក​ឬ​ទេវតា                                        ប្រាជ្ញា​ញេយ្យ​ញាណ​ទើប​ជ្រាប​ដល់ ។
បើ​បាន​ដឹង​មែន​ដោយ​ខ្លួន​ឯង                     ប្រាកដ​ជាក់​ស្ដែង​ត្រឹម​កម្ម​ផល
កុំ​ជឿ​អ្នកណា​ថា​ទៅ​ដល់                              ឃើញ​ស្ថាន​មណ្ឌល​នៃ​ដូនតា ។
កាល​អង្គ​សម្ដេច​ព្រះ​ទ្រង់​ញាណ                យាង​ចូល​និព្វាន​ផុត​សង្ខារ
មាន​ព្រះ​អនុរុទ្ធ​ឈ្លាស​អស្ចារ្យ                     ធ្យាន​រក​សាស្ដា​ក៏​មិន​យល់ ។
លោក​បាន​រំលត់​ផុត​កិលេស                       គ្មាន​សល់​ផង់​ជែះ​ក្នុង​កាយ​ពល
ចូល​ឈាន​តាម​រក​សព្វ​មណ្ឌល                   មិន​ឃើញ​ទសពល​សាស្ដា​ចារ្យ ។
ឯ​ត្រង់​អ្នក​នៅ​សេក្ខ​បុគ្គល                            វិលវល់​រួម​រឹត​ដោយ​តណ្ហា
ម្ដេច​អួត​ថា​ឃើញ​ខ្មោច​ដូនតា                     ឃើញ​មែន​ដូច​ថា​ក៏​មិន​ដឹង ។
តា​អាង​អនុរុទ្ធ​យក​មក​ដាក់                          ឲ្យ​ជាក់​ចៅ​ឃើញ​ជា​ដំណឹង
កុំ​ជឿ​ប្រកាន់​រឹង​របឹង                                     ធម៌​ហ្នឹង​នាំ​ឲ្យ​ខូច​បញ្ញា ។
ក្មេង​ថា​លោក​តា​វរ​វឹក​ហើយ                        ម្ដេច​ឡើយ​កុហក​ខ្ញុំ​ទៀត​ណា
ខ្ញុំ​ឮ​អ្នក​ផង​គេ​ពោល​ថា                                កម្មដ្ឋាន​ផង​តា​ឃើញ​គ្មាន​សល់ ។
ឃើញ​ម៉ែ​ឃើញ​ឪ​នឹង​ដូនតា                         កាលណា​ភាវនា​បាន​ទៅ​ដល់
ស្លាប់​យូរ​អង្វែង​គង់​បាន​យល់                     ខ្ញុំ​ឆ្ងល់​ពាក្យ​តា​ថា​ដូច្នេះ ។
ចាស់​ឆ្លើយ​ថា​អើ​អ្នក​ចៅ​ក្មេង                       ចៅ​ឯង​ស្ដាប់​តា​បាន​រៀន​ចេះ
តា​ប្រាប់​ឲ្យ​ដឹង​រឿង​ទាំង​នេះ                        គ្មាន​ផែះ​ឃើញ​ទេ​ចៅ​កុំ​ឆ្ងល់ ។
ធម៌​ល្បី​បែប​នេះ​តា​ចេះ​គ្រប់                         កុំ​ភប់​កើត​ព្រួយ​ខូច​កំណល់
ចិត្ត​គិត​ឧបាយ​តាម​កិច្ចកល                         ថា​បាន​ទៅ​ដល់​ស្ថាន​ដូនតា ។
ខ្លះ​អួត​ថា​ឃើញ​អស់​ម៉ែ​ឪ                             ស្លាប់​ទៅ​អង្វែង​ឆ្នាំ​អស្ចារ្យ
ថា​ខ្លួន​គាត់​បាន​ស្ថាន​សុខា                           ឬ​ថា​បាន​ស្ថាន​ជា​ទុក្ខំ ។
ខ្លះ​ថា​ឃើញ​មែន​គ្មាន​ចន្លោះ                        តែ​ទ័ល​អធិប្បាយ​គ្មាន​ទី​តាំង
ឲ្យ​អស់​កូន​ចៅ​ដែល​នឹក​ខ្លាំង                       ឃើញ​តាង​បាន​មក​ពី​ដូនតា ។
បើ​ឃើញ​មិន​ប្រាប់​គាត់​ឲ្យ​គិត                     អាណិត​កូន​ចៅ​ដែល​សោកា
អាឡោះ​អាល័យ​ពេក​ណាស់​សោ               ទោះ​កើត​ស្ថាន​ណា​គួរ​អាណិត ។
ឲ្យ​ឃើញ​បាន​ម្ដង​សោះ​អាល័យ                  ចង្រៃ​ដូនតា​គាត់​មិន​ស្បិត
យើង​ប្រឹង​យំ​សោក​ខ្លោច​ផ្សា​ចិត្ត                 គាត់​មិន​អាណិត​យើង​តិច​សោះ ។
ឲ្យ​ឃើញ​តែ​គេ​មិន​មែន​ញាតិ                       ខ្មី​ឃ្មាត​ឯង​ប្រឹង​គ្មាន​ចន្លោះ
ធ្វើ​បុណ្យ​ធ្វើ​ទាន​ជូន​ទាំង​អស់                     ឲ្យ​លោក​រដោះ​ចាក​ទុក្ខា ។
រដូវ​ភ្ជុំ​បិណ្ឌ​ភ្ជុំ​គ្នា​សែន                                   សំណែន​សំណល់​នៅ​ត្រៀប​ត្រា
អន្សម​នំ​គម​ចេក​ណាំវ៉ា                                ជូន​លោក​ពីសា​តាម​ចំណង់ ។
ទាំង​ព្រឹក​ទាំង​ល្ងាច​ជា​ប្រក្រតី                     ចំណី​ផ្លាស់​ម្ហូប​ថ្មី​ផ្ចិតផ្ចង់
សំពះ​លុត​ក្រាប​ឱន​អស់​អង្គ                        ចិត្ត​ចង់​ឲ្យ​ច្បាស់​បាន​ឃើញ​ម្ដង ។
ប៉ុណ្ណេះ​ក្រែង​មិន​ដល់​ដូនតា                        ទក្ខិណានុប្បទាន​ធ្វើ​ជូន​ផង
ថ្វាយ​សង្ឃ​គ្រប់​អង្គ​គ្មាន​ខ្វះ​ហោង               បំណង​បាញ់​ត្រង់​ទៅ​ដូនតា ។
បំណាច់​ខំ​ធ្វើ​យ៉ាង​ខ្មីឃ្មាត                            ឲ្យ​គេ​ឥត​ញាតិ​ពូជ​ពង្សា
ឃើញ​រូប​​ឃើញ​រាង​ទាំង​កាយា                    គេ​ប្រាប់​ច្រើន​គ្រា​ថា​ឃើញ​ច្បាស់ ។
យើង​គួរ​តែ​ជឿ​ប្រាកដ​ជាក់                           អស់​អ្នក​វៃ​ឆ្លាត​ប្រាជ្ញ​ឆ្លៀវឆ្លាស់
អ្នក​ក្រៅ​ដទៃ​ឃើញ​ពិត​ណាស់                    គេ​វិល​ក្រឡាស់​ប្រាប់​កូន​ចៅ ។
ម៉ែ​ឪ​ដូនតា​យើង​ពេញ​ខូច                            គេ​គ្មាន​ជាប់​ពូជ​ជា​ញាតិ​ផៅ
ឲ្យ​គេ​ឃើញ​ច្បាស់​ជាង​កូន​ចៅ                    ព្រោះ​តែ​ល្ងង់​ខ្លៅ​មិន​ចេះ​ក្បួន ។
បាន​ជា​មិន​បាន​ឃើញ​ដូច​គេ                       ម៉ែ​ឪ​វេះវេ​ខ្លាច​អៀន​ខ្លួន
នឹង​កូន​ចៅ​ឯង​គេច​វេះ​ពួន                          ស៊ូ​បង្ហាញ​​ខ្លួន​អ្នក​ដទៃ ។
ខ្លះ​ថា​ម៉ែ​ឪ​របស់​គេ                                        គ្នាន់គ្នេរ​ចេះ​គិត​ឈ្លាស​វាងវៃ
មិន​ឲ្យ​អ្នក​ផង​ឃើញ​ឡើយ​នៃ                     កប់​ទុក​ក្នុង​ដី​ក្រោក​មក​បាន ។
គេ​រៀប​សំណែន​ជូន​ពីសា                            ជូន​តា​ភោក្ដា​អស់​ពី​ចាន
អន្សម​នំ​គម​ទាំង​ប៉ុន្មាន                                យក​គ្មាន​សល់​ខាន​១​ទុក​នៅ ។
ញាតិ​សាលោហិត​ឃើញ​គ្រប់​គ្នា                 គាត់​លា​កូន​ចៅ​ចរ​ចេញ​ទៅ
វិល​វឹង​ទី​ស្ថាន​ដែល​ធ្លាប់​នៅ                         ក្រៅ​ពី​ញាតិ​ផៅ​មិន​ឃើញ​ទេ ។
ចុះ​ម៉ែ​ចុះ​ឪ​ដូនតា​ឯង                                    ធ្វើ​ឲ្យ​ចំបែង​មិន​ដូច​គេ
ឯង​ខំ​ប្រឹង​សែន​ខ្លាច​គាត់​ជេរ                       ឡប់​ជា​ទទេ​មិន​ឃើញ​សោះ ។
ម្ហូប​ដែល​សែន​សល់​នៅ​ពេញ​ចាន               នំនែក​ប៉ុន្មាន​នៅ​ទាំងអស់
ហេតុ​តែ​ដូនតា​មិន​សប្បុរស                         របស់​បាន​សត្វ​ស៊ី​ទទេ ។
ម៉ែ​ឪ​មិន​មក​ក៏​ហើយ​ទៅ                               ដំរូវ​សុំ​ឃើញ​ម៉ែ​ឪ​គេ
ម្ដេច​ក៏​សូន្យ​សុង​អ្វី​ម្ល៉េះ​ទេ                             កោត​តែ​ភ្នែក​គេ​ឆ្លុះ​មុត​វៃ ។
ជួន​កាល​គេ​មិន​ស្គាល់​យាយ​តា                   យើង​ទាំង​អស់​គ្នា​នោះ​ឡើយ​នៃ
គេ​ចេះ​ទាយ​ត្រូវ​ទាំង​ក្នុង​ដី                           ខ្មោច​កប់​ចាស់​ថ្មី​ស្គាល់​គ្មាន​សល់ ។
យាយ​តា​នឹង​តួត​តា​លួត​លា                         យើង​ទាំង​អស់​គ្នា​ដឹង​មិន​ដល់
គេ​ប្រាប់​ត្រូវ​ណាស់​គួរ​តែ​ឆ្ងល់                     ចៅ​តា​មិន​យល់​ចំណេះ​ថ្មី ។
ដូច​ខ្លះ​ចេះ​ឆ្លុះ​មើល​កំណប់                         ដែល​កប់​មាស​ប្រាក់​នៅ​ក្នុង​ដី
ចេះ​ទាក់​ចេះ​ទាញ​មាន​សព្វ​ថ្ងៃ                    យើង​តែង​ឮ​ល្បី​គ្មាន​ទំនេរ ។
អ្នក​ព្រើល​រងើល​ចង់​មាន​ឆាប់                     ក្រឡាប់​វិល​ទៅ​ជា​ខ្ញុំ​គេ
ព្រោះ​គ្មាន​គំនិត​គិត​រិះរេ                               ខ្ចី​ប្រាក់​មាស​គេ​ដាក់​កំណល់ ។
·         អា​ខូច​ឃើញ​មាស​ប្រាក់​អរ​ព្រួច  តាំង​ពិធី​រួច​លួច​គ្មាន​សល់
អ្នក​ល្ងង់​នៅ​ល្ងើ​ធ្វើ​ស្រងល់                      ខូច​អស់​កំណល់​ខ្លួន​មាន​គ្រោះ ។
នេះ​ហើយ​ចៅ​អើយ​ជឿ​ខ្យល់​មាត់             ប្រាកដ​ជឿ​ជាក់​អស់​ពី​ពោះ
ជុង​ជ្រុល​គំនិត​ឥត​ពិគ្រោះ                      អាបោក​ភ្នែក​ស្រស់​យក​ប្រាក់​បាន ។
ចៅ​អើយ​នេះ​អ្នក​ខ្លាំង​ពូកែ                     ឪ​ម៉ែ​មើល​ឃើញ​គ្មាន​សល់​ខាន
ឃើញ​តែ​ម្នាក់​គេ​ជឿ​ស្លាប់​ប្រាណ            ទាន់​អន្តរធាន​មក​លើ​ខ្លួន ។
ហេតុ​នេះ​គួរ​ចៅ​គិត​ឲ្យ​ឆ្ងាយ                   ឧបាយ​ពាលា​ច្រើន​បែប​ក្បួន
ចេះ​តាម​សម័យ​ពេញ​សំនួន                   កែ​ខ្លួន​ធ្វើ​កល់​ឆ្ងល់​ពេញ​ស្រុក ។
ជួន​វា​ធ្វើ​ឫក​បែប​ប្រាជ្ញប្រាយ                   អធិប្បាយ​ធម៌​អាថ៌​ពេញ​បន្ទុក
គ្រា​ក្រោយ​ឲ្យ​ឯង​បរាមុខ                        ចាប់​ខ្លួន​ឯង​លក់​ខូច​អសារ ។
អាណិត​អ្នក​ឆោត​កោត​អ្នក​ពាល             មាន​ច្រើន​ពាស​វាល​ជ្រួល​ខ្ញៀវខ្ញារ
ចៅក្រម​ក្រសួង​តុលាការ                        ធ្វើ​ទោស​យ៉ាង​ណា​ក៏​មិន​អស់ ។
លោក​ចាប់​ផ្លូវ​នេះ​វា​កែ​នោះ                     ពាក្យ​ទន់​ពីរោះ​សំដី​ស្រស់
អ្នក​ល្ងង់​បង់​ទ្រព្យ​ខូច​របស់                      អាពាល​យក​អស់​ខ្លួន​ខ្ញុំ​គេ ។
ឱ គួរ​អាណិត​ចៅ​ល្ងង់​ពេក                     ឆាប់​ត្រេក​ឆាប់​ជឿ​អ្វី​ម្ល៉េះ​ទេ
ទាល់​ធ្លាក់​បម្រើ​ការ​ប្រាក់​គេ                    ខ្លួន​ខ្ជិល​គេ​ជេរ​តែ​សព្វ​ថ្ងៃ ។
ព្រោះ​ជឿ​អាពាល​ចេះ​ទាក់​ប្រាក់               ខ្ចី​គេ​មក​ដាក់​ឥត​សំចៃ
មិន​ដឹង​ពុត​ពាល​ខូច​ពេក​ក្រៃ                  យក​រត់​ចូល​ព្រៃ​ទៅ​កន្តើយ ។
ទម្លាប់​ធ្លាប់​ជឿ​ទាំង​អស់​នេះ                    អា​បោក​វា​ចេះ​គ្មាន​សល់​ឡើយ
វា​ធ្វើ​បែប​នេះ​ច្រើន​ដង​ហើយ                  ចៅ​អើយ​ចៅ​ឆោត​អ្វី​អម្បាយ ។
មាន​ពាល​ចាស់​ខ្លះ​ឈ្លាស​ចង់​ស្រី              ទោះ​មាន​ស្វាមី​ឬ​ម៉េម៉ាយ​
ចេះ​ល​ចេះ​លួង​ប្រើ​លែប​ខាយ                 កិច្ច​កល់​នាយ​អាយ​ដោយ​វា​ទៅ ។
ដូច​យ៉ាង​វា​ធ្វើ​ជា​ចំណាន                       គ្រូ​ធម៌​កម្មដ្ឋាន​ចេះ​គ្រប់​ផ្លូវ
ស្រី​ៗ​ឮ​ហើយ​នាំ​គ្នា​ទៅ                           សុំ​រៀន​ដម្រូវ​តាម​ប្រាថ្នា ។
អា​ខូច​បាន​ដៃ​នាំ​រក​ស្ងាត់                        រក​ទី​ប្រតិបត្តិ​បក​ធម៌​អាថ៌
ឆ្ងាយ​ភ្នែក​ត្រចៀក​មនុស្ស​ធម្មតា              បក​ផ្លូវ​យ៉ាង​ណា​ក៏​បណ្ដោយ ។
មិន​ព្រម​តាម​គ្រូ​ឯ​ណា​បាន                     ផ្លូវ​ធម៌​កម្មដ្ឋាន​លោក​គ្រូ​ឲ្យ
នឹង​គេច​នឹង​កែ​ឬ​បែរ​ក្រោយ                   ជ្រុល​ធ្លោយ​ទៅ​ហើយ​ប្រឹង​សំងំ ។
ចៅ​ប្ដី​ដឹង​ជាក់​ឮ​គេ​ថា                            តវ៉ា​ជជែក​ស្ទើរ​វាយ​ដំ
សរសើរ​អា​ខូច​ថា​ចេះ​ធំ                          មិន​ដឹង​មនោរម្យ​ផ្លូវ​ខាង​ក្នុង ។
ទុក​ចិត្ត​ភរិយា​រៀន​កម្មដ្ឋាន                    រៀន​បាន​បក​ញយ​ក៏​ជឿ​ស្លុង
ព្រលឹម​ព្រលប់​ស៊ូ​ផ្គត់ផ្គង់                        ដាក់​ថ្នាក់​តាម​អង្គ​ក្នុង​បន្ទប់ ។
អួត​ប្រាប់​គេ​ឯង​ពី​ប្រពន្ធ                        ខំ​រៀន​ពេក​ពន់​ទាំង​ថ្ងៃ​យប់
ខ្មោច​ម៉ែ​ខ្មោច​ឪ​ក៏​ឃើញ​សព្វ                   គ្រូ​ប្រាប់​ថា​ចប់​ឆាប់​ជាង​គេ ។
ឱះឱ អាណិត​តែ​ចៅ​ប្ដី                           ម្ដេច​ជឿ​តែ​ស្រី​អ្វី​ម្ល៉េះ​ទេ
មិន​ដឹង​ប្រពន្ធ​ដាច់​កាមេ                        ត្រៃព្រែ​ក៏​ជូន​គ្រូ​ពាល​ណា ។
នេះ​ហៅ​ប្រាក់​បង់​ថង់​ក៏​ដាច់                   ​ពាល​ប្រាជ្ញ​អាច​ប្រុង​ប៉ង​ប្រាថ្នា
បែរ​ខ្នង​បែរ​មុខ​តាម​ត្រូវ​ការ                     វា​ធ្វើ​យ៉ាង​ណា​ឥត​សង្ស័យ ។
មុខ​គួរ​សរសើរ​ពាល​ចេះ​ដល់                  សាង​ផល​អតីត​ឬ​សម័យ
ដិត​ជាប់​តាម​មក​ជា​បច្ច័យ                      ឥត​មាន​នឿយ​អ្វី​ប្រាក់​ចាយ​សល់ ។
បាន​ត្រៃ​ទេសអែក​នឹង​ត្រៃព្រែ                  អ្នក​ស្រែ​ចំការ​ក៏​ជួយ​ផ្ដល់
ម្ហៃ​សាមសិប​រៀល​មក​តាម​ផល               ចេះ​ដល់​មិន​ខ្វះ​ទ្រព្យ​ធនធាន ។
បើ​នឹង​សាង​ផល​ឬ​សំចៃ                         លក់​យក​កំរៃ​ធ្វើ​ជា​មាន
គ្មាន​ព្រួយ​លំបាក​ឬ​អត់​ឃ្លាន                   កោត​ផល​គេ​បាន​ឥត​មាន​ខ្វះ ។
ក្មេង​ស្ដាប់​ចាស់​ប្រាប់​តាម​កិច្ច​កល់            ឆ្លើយ​ផ្ដល់​សួរ​ចាស់​យ៉ាង​រហ័ស
លោក​តា​នេះ​ចេះ​ចំណាប់​ណាស់           ធម៌​ចាស់​នឹង​ថ្មី​ចេះ​គ្មាន​ទាល់ ។
ឧបាយ​ពាលា​ច្រើន​ប្រការ                       គេ​ថា​ប៉ិន​បោក​អស់​គ្មាន​សល់
មិន​ដែល​ជួប​ម្ដង​ប្រឹង​តែ​ឆ្ងល់                  តា​ធ្លាប់​ធ្វើ​កល់​បោក​ឬ​ទេ ។
ចាស់​ឮ​ក្មេង​ថា​ចំ​លើ​ខ្លួន                         កែកួន​ប្រកែក​ថា​ទេ​ៗ
តា​មិន​ដែល​បោក​របស់​គេ                       គ្រាន់​តែ​ប្រាប់​ចៅ​ឲ្យ​បាន​ដឹង ។
គេ​ខូច​ប្រដូច​មក​លើ​តា                          កាល​ណា​គេ​ឮ​គេ​នឹង​ខឹង
បើ​ចៅ​ដឹង​ហើយ​ប្រាជ្ញ​យ៉ាង​ហ្នឹង              ចៅ​ស្ងៀម​ឲ្យ​ឈឹង​កុំ​ចរចា ។
ក្មេង​សួរ​ម្ដង​ទៀត​តា​កំណត់                    ប្រាកដ​មិន​មែន​អ្នក​ឯ​ណា
បោក​គេ​នោះ​ពិត​ជា​ខ្លួន​តា                     សូម​តែ​ករុណា​ប្រាប់​ឲ្យ​ត្រង់ ។
ចាស់​ទាល់​គំនិត​គិត​តែ​តួ                        ក្មេង​ជជីក​សួរ​គ្មាន​បោះបង់
ឯង​បាន​អធិប្បាយ​វិល​ដូច​កង់                 ប្រាប់​ត្រង់​ថា​ពិត​ជា​ខ្លួន​តា ។
ចៅ​អើយ​គិត​ចុះ​ជាតិ​យើង​ខ្មែរ                 គួរ​តែ​នឹក​ដល់​ព្រះ​សាស្ដា
កាល​គង់​ព្រះ​ជន្ម​នៅ​ឡើយ​ណា               គ្មាន​បាន​បរិក្ខារ​ដូច្នេះ​ហ្នឹង។
បាន​ជា​សរសើរ​ពី​បង្សុកូល                     យក​ស្នង​ខ្មោច​ចោល​មក​ខំ​ប្រឹង
បោក​លាង​ឈាម​ខ្ទុះ​ជាប់​ក្ដាំង​រឹង             បណ្ដោយ​ទទឹង​ល្មម​ដេរដាន ។
ធ្វើ​ជា​ចីវរ​គ្រង​គ្រប់​អង្គ                           អនុញ្ញាត​ឲ្យ​សង្ឃ​ប្រើប្រាស់​បាន
សាវក​ធំ​ៗ​គ្រូ​កម្មដ្ឋាន                             សិស្ស​មិន​ដែល​បាន​ថ្វាយ​ត្រៃ​ទេ ។
ព្រះ​សង្ឃ​សព្វ​ថ្ងៃ​នៅ​ក្នុង​វត្ត                     ខ្លះ​អត់​ស្ទើរ​តែ​ខ្លួន​ទទេរ
ចីវរ​រហែក​ស្បង់​គ្មាន​ទេ                           ព្រោះ​តែ​មិន​ចេះ​ធម៌​កម្មដ្ឋាន ។
បើ​ចេះ​មិន​ខ្វះ​របស់​អ្វី                             បាន​ត្រៃ​ព្រែ​ថ្មី​យ៉ាង​ភុំ​ផាន
ប្រាក់​កាស​ភោជន​ទាំង​ប៉ុន្មាន                  មិន​បាច់​ចង់​បាន​ក៏​បាន​ដែរ ។
ព្រះ​សង្ឃ​សម្មតិ​ទ្រង់​ព្រះ​ផ្នួស                  បួស​តាម​ពុទ្ធដិកា​សាសនា​ខ្មែរ
ជា​ទក្ខិណេយ្យៈ​ឬ​ជា​ស្រែ                        បុណ្យ​ខ្មែរ​ផ្ញើ​ទាន​យក​កុសល។
មិន​ឃើញ​ឧបាសក​ថ្វាយ​ត្រៃ                   គួរ​ឲ្យ​សង្ស័យ​រឹងរឹត​ឆ្ងល់
លោក​ជា​ស្រែ​បុណ្យ​បង្កើត​ផល               ប្រឹង​ខ្វល់​ឲ្យ​ក្រៃ​ទៅ​គ្រហស្ថ ។
មិន​ដែល​រក្សា​ទាំង​សីល​៥                       ឬ​រៀន​ឲ្យ​ចាំ​នោះ​គ្មាន​សល់
មាន​លោក​សង្ឃ​ខ្លះ​ច្រឡោះបោះ            យក​វត្ត​ចំពោះ​ដោយ​ប្រពៃ ។
អ្នក​បួស​មិន​ខ្លាច​ខូច​សិក្ខា                       វន្ទា​មិន​គិត​ខុស​វិន័យ
ភេទ​ជា​បព្វជិត​ទ្រង់​សីល​សេយ្យ              ហេតុ​អ្វី​សំពះ​ឯ​គ្រហស្ថ ។
មាន​ខ្លះ​ដែល​ផ្ដាស​វន្ទា​ស្រី                       រូប​មាន​សព្វ​ថ្ងៃ​នៅ​ស្រុក​កោះ
ទន្លេ​សង​ខាង​នៅ​ចន្លោះ                         ហៅ​កោះ​ស្ដេច​ទ្រង់​ក្នុង​ក្រចេះ ។
គ្មាន​គិត​គ្មាន​យល់​តិច​ឡើយ​នៃ               ប្រព្រឹត្ត​ប្រស្រ័យ​យ៉ាង​ដូច្នេះ
ពាក្យ​ភូត​មិន​ពិត​ឆាប់​ជឿ​ម្ល៉េះ                  ស្លុង​ចិត្ត​បែប​នេះ​គ្មាន​យល់​អ្វី ។
ជឿ​ថា​មាតា​អ្នក​បុណ្យ​ធំ                         បង្គំ​ជ្រួល​ជ្រើម​ជា​ប្រក្រតី
ឆោត​អ្វី​ឆោត​ម្ល៉េះ​ទាំង​ប្រុស​ស្រី                អ្នក​មាន​បុណ្យ​អ្វី​កើត​ច្នេះ​ណា ។
កាល​អង្គ​សម្ដេច​ព្រះ​សម្ពុទ្ធ                     ចម​មកុដ​ត្រៃ​លោក​ជា​សាស្ដា
រើស​គោត្រ​ត្រកូល​ខ្ពស់​អស្ចារ្យ                  ក្សត្រា​កបិល​ពស្តុ​បុរី ។
បាន​ទ្រង់​ចុះ​ចាប់​យក​កំណើត                 ត្រកូល​ខ្ពស់​ឆើត​ដោយ​ប្រពៃ
មិន​មែន​ថោក​ទាប​ដូច​ឮ​ល្បី                    សរសើរ​ទាសី​ថា​មាន​បុណ្យ ។
តាំង​ពី​តា​តូច​តា​ឮ​ល្បី                             ប្រុស​ស្រី​និយាយ​ច្រើន​ពេក​ពន់
ខ្សឹបខ្សៀវ​ប្រាប់​គ្នា​យើង​ចាំ​គន់                 មើល​អ្នក​មាន​បុណ្យ​បាន​កើត​ហើយ ។
យើង​ប្រុង​គំនិត​នឹង​ស្មារតី                      ទាំង​ប្រុស​ទាំង​ស្រី​កុំ​ធ្វេស​ឡើយ
យើង​បាន​ទាន់​អ្នក​មាន​បុណ្យ​ហើយ        មិន​ទេ​ឡើយ​ម្ដាយ​នៅ​ច្រងោ ។
មាន​ទាំង​ឧបាសក​នឹង​លោក​សង្ឃ           ចិត្ត​កួច​បាញ់​ត្រង់​សំពះ​គោ
នៅ​ខេត្ត​តាកែវ​ស្រុក​ក្បាល​ពោរ               ថា​ជា​ព្រះ​គោ​មេ​គោ​ញី ។
ខ្លះ​ទៅ​សំពះ​សត្វ​ឧរង្គ                            ពស់​នឹង​អន្ទង់​សត្វ​ទាំង​ពីរ
សុំ​ទឹក​ខ្សែ​វល្លិ​តាម​សញ្ញី                         ខ្លះ​បែរ​វន្ទី​ឯ​មនុស្ស​ឆ្កួត ។
ថា​អ្នក​មាន​បុណ្យ​ខ្លាំង​ពូកែ                     ជិត​ឆ្ងាយ​ឲ្យ​តែ​ឮ​គេ​អួត
នាំ​គ្នា​ស្រង់​ក្លិន​តាម​អំនួត                        មនុស្ស​ឆ្កួត​ថា​ជា​អ្នក​មាន​បុណ្យ ។
តាំង​ពី​អង្វែង​យូរ​ឆ្នាំ​ហើយ                      ចៅ​អើយ​សព្វ​ថ្ងៃ​មិន​គិត​គន់
ជា​មែន​មិន​មែន​អ្នក​មាន​បុណ្យ               គយ​គន់​មិន​ភ្លេច​ជឿ​ពេក​ក្រៃ ។
ក្មេង​ស្ដាប់​ពាក្យ​ចាស់​ចេះ​ប្រាជ្ញ​ប្រាយ       លែប​ខាយ​ប្រាប់​គ្រប់​សព្វ​សេចក្ដី
សួរ​ថា​លោក​តា​ចុះ​សព្វ​ថ្ងៃ                       ហេតុ​អ្វី​ក៏​ធ្វើ​បែប​យ៉ាង​ហ្នឹង ។
ពាក្យ​តា​ចរចា​ទាំង​ប៉ុន្មាន                        ខ្ញុំ​បាន​ស្ដាប់​ចប់​ខ្ញុំ​ចង់​ដឹង
ចំណែក​ខាង​តា​ៗ​កុំ​ខឹង                          ចង់​ដឹង​ឲ្យ​ច្បាស់​ពី​លោក​តា ។
លោក​តា​ចេះ​ធម៌​ច្រើន​ចំឡែក                  ក្នុង​ប៉ែក​ខាង​ធម៌​ព្រះ​សម្មា -
សម្ពុទ្ធ  ជា​ម្ចាស់​សាស្ដា​ចារ្យ                    ម្ដេច​ហើយ​លោក​តា​មិន​ប្រព្រឹត្ត ។
ចៅ​អើយ​តា​ប្រាប់​ចៅ​ឲ្យ​ត្រង់                   បើ​ផ្ចង់​ត្រឹម​ត្រូវ​បាន​អ្វី​លិទ្ធិ
តោង​ប្រើ​ឧបាយ​តាម​គំនិត                     អ្នក​ជឿជាក់​ពិត​បាន​លាភា  ។
ទាន់​គេ​កំពុង​នៅ​ងឿង​ឆ្ងល់                     ច្របល់​ទាស់​ទែង​រាល់​វេលា
ធម៌​ចាស់​ធម៌​ថ្មី​ប្រឈ្លោះ​គ្នា                     មុខ​ជា​ស្លុង​ចិត្ត​ខ្លះ​មិន​ខាន  ។
បាន​ជា​តា​គិត​គំនិត​ថ្មី                            គ្មាន​អ្វី​លើស​ពី​ធម៌​កម្មដ្ឋាន
ប្រុស​ស្រី​ចាស់​ក្មេង​ទាំង​ប៉ុន្មាន                 ឮ​ធម៌​កម្មដ្ឋាន​ចូល​ចិត្ត​ណាស់ ។
ទំរាំ​គេ​ដឹង​គង់​យូរ​ឆ្ងាយ                          សប្បាយ​សិស្ស​ច្រើន​ទាំង​ក្មេង​ចាស់
លាភា​បាន​ព្រម​ទាំង​ប្រាក់​កាស                 ខ្លួន​ចាស់​មិន​បាន​នឿយ​កំឡាំង  ។
ដល់​ចាស់​មែនទែន​សឹម​យើង​គិត              គំនិត​ធ្វើ​តាម​ព្រះ​អរហំ
ឲ្យ​ត្រូវ​តាម​ធម៌​ជា​ទី​តាំង                         សង្វេគ​ទុក្ខំ​តាម​យថា ។
ក្មេង​ឆ្លើយ​ទៅ​ចាស់​ថា​សូម​ទោស             ពីរោះ​ពេក​ណាស់​ពាក្យ​លោក​តា
អធិប្បាយ​វែង​ឆ្ងាយ​ជា​អស្ចារ្យ                 កិច្ច​កល់​យ៉ាង​ណា​ចេះ​គ្មាន​សល់  ។
តា​ចេះ​ចំណេះ​នេះ​យ៉ាង​ថ្លៃ                     សព្វ​ថ្ងៃ​គ្មាន​អ្នក​ណា​ចេះ​ដល់
ប្រាជ្ញ​ពិត​ប្រាជ្ញ​មែន​ប្រាជ្ញ​កិច្ច​កល់            មិន​ឲ្យ​គេ​ឆ្ងល់​ឆាប់​ជឿ​បាន ។
ខ្ញុំ​ខ្លាច​ប្រាជ្ញ​តា​ហៅ​ចេះ​ដល់                    គ្មាន​សល់​ចន្លោះ​តាម​លំអាន
ប្លែក​ណាស់​ត្រង់​ផ្លូវ​ធម៌​កម្មដ្ឋាន              បញ្ចូល​ចិត្ត​បាន​ទាំង​ប្រុស​ស្រី ។
តា​ថា​គ្មាន​ឃើញ​ម៉ែ​ឪ​ទេ                         ចុះ​គេ​ខំ​រៀន​ប្រយោជន៍​អ្វី
តា​ប្រាប់​ឲ្យ​អស់​ផ្លូវ​សេចក្ដី                       ឮ​ល្បី​ពេក​ណាស់​ប្រាកដ​ជាក់។
តា​ឆ្លើយ​សារសព្វ​ថា​ចៅ​តា                     ហោថា​កម្មដ្ឋាន​នេះ​ណា​អ្នក
បើ​បាន​រៀន​ហើយ​គ្រូ​ឲ្យ​លាក់                 គ្មាន​ផាក់​ពិត​ទេ​ណា​ចៅ​តា ។
ប្រាជ្ញ​គ្រូ​ប្រាប់​សិស្ស​ថា​ឯង​បាន               កម្មដ្ឋាន​ប្រោស​ហើយ​កុំ​ចរចា
ឲ្យ​អ្នក​ផង​ដឹង​នឹង​បែក​ការ                      កាល​ណា​និយាយ​ខ្សឹប​ឲ្យ​ជិត ។
ចៅ​តា​ពាក្យ​ខ្សឹប​ឮ​ឆ្ងាយ​ណាស់               ពាក្យ​ចាស់​បុរាណ​ពី​អតីត
ក្អែក​មួយ​ក៏​ក្លាយ​ដល់​ដប់​ពិត                  គំនិត​ប្រាជ្ញ​ពាល​ឆ្លាត​ពេក​ក្រៃ ។
ពោល​ពី​មហាជន​ផង​នា​នា                     រាល់​គ្នា​ចៅ​តា​តែ​សព្វ​ថ្ងៃ
ខ្លះ​នៅ​ឆោត​ល្ងង់​ទាំង​ប្រុស​ស្រី                 គ្មាន​គិត​សេចក្ដី​ចង់​ឲ្យ​ចេះ ។
អស់​លោក​អ្នក​ប្រាជ្ញ​លោក​ប្រឹង​ខំ            សន្សំ​រៀប​រៀង​អស់​ចំណេះ
ស្រាយ​ពី​បាលី​ឲ្យ​បាន​ចេះ                      ខ្លះ​ពោល​ថា​អេះ​ធម៌​បែប​ថ្មី ។
ខ្លះ​មិន​ព្រម​មើល​ធម៌​សៀវភៅ                 ស្រេច​នៅ​ស្លឹករឹត​យើង​ប្រក្រតី
ខ្លះ​ថា​ចង់​ដឹង​ទាំង​ប្រុស​ស្រី                     តាម​ដោយ​សេចក្ដី​ប្រែ​ហ្មត់ចត់ ។
អ្នក​ខ្លះ​ពោល​ថា​ធម៌​បុរាណ                    គម្ពីរ​ក៏​មាន​ពិត​ប្រាកដ
ពោល​នេះ​គឺ​ត្រូវ​តាម​សន្មតិ                     ប្រាកដ​បែប​ណា​ក៏​មិន​ដឹង ។
ខ្លះ​មិន​ដែល​មើល​ឲ្យ​ចង​ចាំ                     គ្រាន់​តែ​ចំណាំ​ថា​ធូរ​តឹង
ខ្លះ​ឮ​ត​គ្នា​ថា​ដូច​ថ្នឹង                               ប្រឹង​ខំ​សំគាល់​ថា​បុរាណ ។
អ្នក​ប្រាជ្ញ​លោក​ខំ​ប្រែ​បាលី                     ឲ្យ​ដឹង​សេចក្ដី​យល់​ដើម​ដាន
ខ្មែរ​យើង​សព្វ​ថ្ងៃ​ស្ដាប់​មិន​បាន                បាលី​ប៉ុន្មាន​គ្រាន់​តែ​ចាំ ។
ដូច​ជា​អជ្ជៈ​សូត្រ​រត់​មាត់                        កេះ​ផ្គាំ​កំណត់​ជា​ចំណាំ
មិន​ដឹង​ថា​ម្ដេច​រេច​ខ្សែ​ផ្គាំ                       យូរ​ខែ​យូរ​ឆ្នាំ​ដឹង​នោះ​គ្មាន ។
បដិសង្ខារ​យោនិសោចីវ៍រ                       សូត្រ​ជា​ប្រក្រតី​ត្រឹម​គិលាន
មិន​យល់​ថា​ម្ដេច​ស្មាន​បំពាន                  ចំរើន​ឲ្យ​បាន​ឪពុក​ម្ដាយ ។
ខ្លះ​ថា​ឲ្យ​បាន​ទៅ​អ្នក​ស្រុក                      គេ​ឲ្យ​បាយ​ទឹក​ញាតិ​ជិត​ឆ្ងាយ
ខ្លះ​ថា​បដិសង្ខ​ដោះ​ថ្លៃ​បាយ                    តាម​ពាក្យ​បរិយាយ​ប្រាប់​សេចក្ដី ។
ក្មេង​ស្ដាប់​ឮ​ហើយ​សួរ​ទៅ​ថា                   លោក​តា​ឯង​នេះ​ពួក​ធម៌​ថ្មី
បាន​ជា​សរសើរ​ប្រែ​បាឡី                        ខ្ញុំ​នៅ​សង្ស័យ​ជា​បំផុត ។
បុរាណ​លោក​សូត្រ​តែ​បាលី                     ប្រែ​ថ្មី​គឺ​ធម៌​ល្អ​បរិសុទ្ធ
ឬ​មួយ​ខុស​ធម៌​ព្រះ​សម្ពុទ្ធ                        ប្រាប់​ឲ្យ​ប្រាកដ​កុំ​មុសា ។
ដូច​ជា​អជ្ជៈ​សូត្រ​សព្វ​ថ្ងៃ                         បាលី​មគធៈ​ដូច្នេះ​ណា
មិន​បាន​ទេ​ឬ​ជូន​ដូនតា                          យ៉ាង​ណា​សូម​តា​ប្រាប់​ឲ្យ​ជាក់ ។
ចាស់​ប្រាប់​ក្មេង​ថា​កុំ​សង្ស័យ                   បាលី​ជា​ពាក្យ​មគធៈ
បើ​មិន​ប្រែ​ស្រាយ​ដឹង​មិន​ជាក់                 មគធៈ​ខ្មែរ​យើង​ស្ដាប់​មិន​បាន ។
ធម៌​ប្រែ​ពី​ព្រះ​បាលី​សុទ្ធ                          ព្រះ​ពុទ្ធ​តែ​មួយ​អង្គ​ប្រោស​ប្រាណ
ធម៌​អាថ៌​ដទៃ​ទាំង​ប៉ុន្មាន                         ចៅ​បាន​ចេះ​ដឹង​ខ្លះ​ហើយ​ដែរ ។
ក្មេង​ថា​អជ្ជៈ​នោះ​យ៉ាង​ណា                    លោក​តា​ប្រែ​ស្រាយ​ជា​ពាក្យ​ខ្មែរ
ដូចម្ដេច​ខ្លះ​ទៅ​គុណ​ឪ​ម៉ែ                       ចូរ​ប្រែ​ឲ្យ​ច្បាស់​ណា​លោក​តា ។
ចាស់​ថា​អជ្ជៈ​កុំ​សង្ស័យ                           ជា​បច្ច័យ​បច្ចវេក្ខណា
ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីកា                  យថា​ហៅ​ធាតុ​ជា​ដើម​អាទិ៍ ។
ឲ្យ​ពិចារណា​តាម​បច្ច័យ                         ទាំង​បួន​សព្វ​ថ្ងៃ​កុំ​ប្រមាទ
ខណៈ​ទទួល​ឲ្យ​ឃើញ​ធាតុ                      សភាព​គ្រោតគ្រាត​សោះ​សូន្យ​ធេង ។
ទី​២​សព្វា នឹង​សញ្វោ                             ហៅ​ថា​បដិកូល​គួរ​ស្ញប់ស្ញែង
ឲ្យ​នឹក​ប្រារព្ធ​នឹង​ចាត់ចែង                      ខ្លួន​ឯង​បរិភោគ​បច្ច័យ​នោះ ។
ឲ្យ​ឃើញ​ថា​ជា​វត្ថុ​ស្អាត                          ពាល់​កាយ​គ្រោតគ្រាត​អាក្រក់​ស្មោះ
បណ្ដាល​ជា​ស្អុយ​ទៅ​ទាំង​អស់                 របស់​គួរ​ខ្ពើម​រអើម​ពេក ។
ទី​៣ បដិសង្ខ​ទាំង​៤​វគ្គ                           ហៅ​តំខណិកប្បច្ចវេក្ខណ៍
ពិចារណា​ឲ្យ​ផុត​ពី​ដំរេក                         សង្វេគ​ខណៈ​បរិភោក្ដា ។
ទី​៤​អជ្ជៈ​ទាំង​៤​មេ                                  ហៅ​អតីតេ​ជា​លក្ខណា
នឹក​ពីរ​បី​ចប់​ក៏​បាន​រ៉ា                              ព្រោះ​បាន​ពិចារណា​គិត​ពី​ថ្ងៃ ។
កុំ​ឲ្យ​អរុណ​រះ​ឡើង​ទាន់                          តែ​មាន់​រងាវ​ក្រោក​ឡើង​វៃ
ឲ្យ​គិត​សំអាត​គ្រប់​បច្ច័យ                        ប្រស្រ័យ​យោង​យក​ព្រះ​កម្មដ្ឋាន ។
បើ​មាន​អ្នក​ខ្ជិល​ណា​ចង្រៃ                       កែ​ខៃ​បញ្ញត្តិ​ព្រះ​ទ្រង់​ញាណ
ថា​មិន​ពិចារណា​ក៏​បាន                          សន្ដាន​ខុស​ខូច​លើ​អាត្មា ។
ព្រោះ​ទ្រង់​សំដែង​វែង​ត្រដាច                  អាបត្តិ​តូចតាច​មិន​មាន​ថា
ប្រដៅ​ជា​ពាក្យ​ឧបមា                             ត្រាស់​ថា​ជា​ឥណ​បរិភោគ ។
ប្រដូច​អ្នក​ស៊ី​បំណុល​គេ                         គ្នាន់គ្នេរ​តាម​ពាក្យ​ព្រះ​មាន​ជោគ
បើ​មិន​ដូច្នោះ​គង់​ប្រយោគ                      លោក​គួរ​នា​ដូច​អ្នក​ប្រើប្រាស់ ។
ដុំ​ដែក​ផ្ទាំង​ដែក​ឆេះឆួល​ក្ដៅ                    សន្ធោ​សន្ធៅ​ក្ដៅ​ពេក​ណាស់
ហេតុ​តែ​បព្វជិត​ប្រព្រឹត្ត​ផ្ដាស់                   អបាយ​តោង​ប៉ះ​ពាល់​លើ​ខ្លួន ។
ព្រះ​ពុទ្ធ​បញ្ញត្ត​ហាម​ដូច្នេះ                       កុំ​ធ្វេស​ប្រហែស​ចាំ​ឲ្យ​ធួន
ប្រុង​ប្រៀប​ស្មារតី​តែ​ម៉ោង​៤                     ដឹង​ខ្លួន​ក្រោក​ឡើង​ថ្វាយ​បង្គំ ។
អ្នក​កាន់​បុរាណ​មិន​សុទ្ធ​ខុស                   ចំរុះ​ត្រូវ​ខុស​យ៉ាង​មធ្យម
ច្រើន​ចាំ​ច្រើន​ចោល​ផ្លូវ​សុខុម                  ដុំ​ៗ​ថា​ផ្សំ​ទុក​ជា​ត្រូវ ។
វិន័យ​សិក្ខា​ដែល​បញ្ញត្តិ                          បំបាត់​លាក់​ទុក​ដល់​ឥឡូវ
មិន​ឲ្យ​អ្នកណា​រៀន​ត​ទៅ                        ខាំង​ផ្លូវ​ក្រែង​ចេះ​កើត​ប្រមាទ ។
ខ្លួន​តា​ក៏​បាន​រៀន​ចេះ​ចប់                       ត្រឡប់​បោះបង់​ត្រង់​ផ្លូវ​ស្អាត
វិន័យ​បញ្ញត្ត​ទុក​ជា​ខ្នាត                          ប្រមាទ​លើ​ត្រូវ​ទៅ​ទាំងអស់ ។
ចៅ​គិត​មើល​ចុះ​នៅ​សព្វ​ថ្ងៃ                     សិក្ខា​វិន័យ​ខ្លះ​បង់​បោះ
លេង​ទូក​ចត្រង្គ​គ្រូ​ផ្លុំ​ស្ដោះ                      ស្វែង​រក​របស់​គ្មាន​ឈប់​ឈរ ។
ក្មេង​ថា​ឲ្យ​ចាស់​នែ​លោក​តា                     ត្រង់​ណា​ចូល​ចិត្ត​អួត​គឃរ
បើ​លេង​ចត្រង្គ​លេង​ទូក​ង                       សីល​ពរ​នោះ​តើ​ខុស​យ៉ាង​ណា ។
ចាស់​ឆ្លើយ​ប្រាប់​ក្មេង​ថា​នែ​ចៅ                 សំដៅ​ត្រង់​ទាស់​នឹង​សិក្ខា
ព្រះ​ពុទ្ធ​បញ្ញត្តិ​ណា​ចៅ​តា                       សិក្ខា​ចៅ​បាន​ចេះ​ខ្លះ​ហើយ ។
ក្មេង​ថា​លោក​តា​ខ្ញុំ​ចេះ​តិច                      ធ្វើ​ម្ដេច​នឹង​សព្វ​លោក​តា​អើយ
ខ្លួន​តា​ក៏​ចេះ​មិន​អស់​ឡើយ                     តា​អើយ​តា​កាន់​គង់​មិន​សព្វ ។
គិត​ពី​អ្នក​ចេះ​សូត្រ​ធម៌​ប្រែ                      យើង​ខ្មែរ​ធ្វើ​ឲ្យ​តែ​គេ​ស្អប់
បើ​កុំ​បាច់​ប្រែ​វិល​ត្រឡប់                         សូត្រ​ចប់​ដូច​គេ​ដែរ​ឬ​តា ។
បុរាណ​លោក​សូត្រ​តែ​បាលី                     ឮ​ល្បី​មាន​ប្រែ​ពី​កាលណា
ហើយ​គ្មាន​ឮ​ហេតុ​ពោល​ពាក្យ​ថា             ចាក់​ដោត​ទេតា​ខ្ញុំ​ឮ​ច្បាស់ ។
ចាស់​តប​ពាក្យ​ក្មេង​ថា​ចៅ​ឯង                  ពាក្យ​ស្លែង​នេះ​មាន​មក​យូរ​ណាស់
កាល​ព្រះ​ពុទ្ធ​អង្គ​លោក​បាន​ត្រាស់            សង្ឃ​ខ្លះ​ទាស់​គ្នា​ពី​ធម៌​អាថ៌ ។
វិន័យ​ធរ​នឹង​ធម្មកថិត                            សន្ធឹក​ទាស់​គ្នា​ជា​អស្ចារ្យ
ព្រះ​អង្គ​ហាម​ឃាត់​ជា​ច្រើន​សា                មិន​ស្ដាប់​ឡើយ​ណា​យក​ថ្វៃ​ដៃ ។
ព្រះ​អង្គ​ទ្រង់​ឃើញ​ហេតុ​មិន​ស្រួល           យាង​ចូល​ព្រឹក្សា​បាលិលេយ្យក៍
ឧបាសក​បង្អត់​បាយ​សព្វ​ថ្ងៃ                    ស្ទើរ​តែ​ក្សិណ​ក្ស័យ​រាល់​អាត្មា ។
នេះ​ហើយ​លោក​សុទ្ធ​តែ​បុរាណ               ចៅ​បាន​ឮ​ដែរ​ជាន់​នោះ​ណា
មាន​ពិត​ប្រាកដ​ជា​អស្ចារ្យ                       ចៅ​តា​បា​កុំ​ងឿង​ឆ្ងល់​អ្វី ។
បុរាណាចារ្យ​លោក​ចេះ​ធម៌                    លោក​ត្រឹមត្រូវ​ល្អ​ចេះ​សេចក្ដី
ប្រែ​ស្រាយ​សំរាយ​ពី​បាលី                       អង្វែង​ឆ្នាំ​ក្រៃ​ទើប​បាត់​បង់ ។
បុរាណ​ដំណ​លោក​នាំ​ខ្ជិល                     គ្មាន​រក្សា​សីល​តែ​ចិត្ត​ត្រង់
បើ​រៀន​ធម៌​អ្វី​តាម​ចិត្ត​ចង់                       គ្មាន​បង់​ឲ្យ​ត្រូវ​ច្បាស់លាស់​ទេ ។
រៀន​ធម៌​រៀន​សូត្រ​តែ​បាលី                      មិន​ប្រែ​សេចក្ដី​គិត​គ្នាន់គ្នេរ
សូត្រ​តែ​បាលី​គង់​ដូច​គេ                         មិន​ចាំ​បាច់​ប្រែ​ឲ្យ​នឿយ​ហត់ ។
ដំណ​ត​វែង​មក​ឥឡូវ                             រៀន​ទៅ​សូត្រ​តតែ​ពី​មាត់
ស្រៈ​អេ​ថា​អែ​រត់​របត់                               ហើយ​កត់​សំគាល់​ថា​បុរាណ ។
តែ​នៅ​ចាំ​ពាក្យ​បុរាណ​ថា                        រៀន​ធម៌​រៀន​អាថ៌​គ្រប់​សន្ដាន
គឺ​ចាំ​ប្រាកដ​គ្មាន​ភ្លេច​ខាន                       ដូច​បាន​ជួប​លោក​ប្រាជ្ញ​ទេសនា ។
ហើយ​បបួល​គ្នា​ទៅ​ស្ដាប់​ទេសន៍               លោក​នេះ​ចេះ​អត្ថ​ប្រែ​សាស្រ្តា
ចាំ​ស្ទាត់​រត់​មាត់​រាល់​អាត្មា                       តែ​ចិត្ត​មិច្ឆា​នៅ​គ្រប់​ប្រាណ ។
ត្រង់​ណោះ​ហេតុ​មក​ពី​មិន​យល់              ព្រោះ​ចិត្ត​នោះ​ខ្វល់​តាម​លំអាន
ដល់​មាន​អត្ថ​ប្រែ​ស្ដាប់​មិន​បាន                ព្រោះ​ពាក្យ​បុរាណ​គ្មាន​អ្នក​ប្រាប់ ។
ធម៌​អាថ៌​អត្ថ​ប្រែ​នោះ​យ៉ាង​ណា                ឮ​តែ​គេ​ថា​ក៏​ចាំ​ចាប់
មិន​ដឹង​ជា​អត្ថ​ប្រែ​សារសព្ទ                     បាន​ជា​មិន​ស្ដាប់​ធម៌​ប្រែ​ថ្មី ។
ត្រង់​ណេះ​កុំ​ឆ្ងល់​យល់​ឲ្យ​ជាក់                 ធម៌​នេះ​ជា​ពាក្យ​សុទ្ធ​បាលី
អធិប្បាយ​ប្រែ​ប្រាយ​ជា​សេចក្ដី                 ពី​ពាក្យ​បាលី​ជា​ពាក្យ​ខ្មែរ ។
ឲ្យ​យល់​ឲ្យ​ភ្លឺ​តែ​សេចក្ដី                           ព្រោះ​យើង​សព្វ​ថ្ងៃ​មិន​ដឹង​ដែរ
លុះ​តែ​បាន​រៀន​យូរ​ឆ្នាំ​ខែ                        នោះ​ទើប​ចេះ​ប្រែ​បាលី​បាន ។
ដូច​ជា​កូន​យើង​ទាំង​អស់​គ្នា                    ឲ្យ​រៀន​វិជ្ជា​រាល់​រូប​ប្រាណ
អស់​លុយ​អស់​ប្រាក់​អម្បាលម៉ាន             ប្រយោជន៍​ឲ្យ​បាន​ចេះ​ភាសា ។
ដល់​ចេះ​សព្វ​គ្រប់​ត្រឡប់​មក                  គេ​យក​ខ្លួន​ចូល​ធ្វើ​រាជការ
ខ្លះ​ធ្វើ​ជា​ស្មៀន​ក្នុង​សាលា                       ខ្លះ​ប្រែ​ភាសា​ពាក្យ​បារាំង ។
យើង​ឃើញ​យើង​ឮ​តែ​សព្វ​ថ្ងៃ                  ហេតុ​ម្ដេច​សង្ស័យ​ប្រកាន់​ខ្លាំង
ម៉ែ​ឪ​មិន​ចេះ​ស្ដាប់​កូន​ភាំង                      អាំងឡាំង​ចង់​ដឹង​ភាសា​គេ ។
ដូច​ជា​ធម៌​ប្រែ​មាន​សព្វ​ថ្ងៃ                      ប្រាជ្ញ​ប្រែ​បាលី​គ្មាន​ខុស​ទេ
បាលី​ដូច​គ្នា​កុំ​រែករេ                                ស្លឹករឹត​មាន​ដែរ​ផ្ទៀង​មើល​ទៅ ។
ស្លឹករឹត​ច្រើន​ក្លាយ​ពាក្យ​បាលី                  សៀវភៅ​ជាន់​ថ្មី​ផ្ទៀង​ត្រឹមត្រូវ
បាលី​ប្រែ​ឲ្យ​ដឹង​រាក់​ជ្រៅ                         ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៅ​មុខ​បាន ។
បើ​យើង​មិន​ចេះ​យើង​មិន​យល់                ប្រឹង​ខ្វល់​នាំ​ឲ្យ​ខូច​សន្ដាន
សុទ្ធ​តែ​បាលី​ស្ដាប់​មិន​បាន                      កាន់​ខ្ជាប់​បុរាណ​ពី​ត្រឹម​ណា ។
ថា​ថ្មី​មិន​ដឹង​ជា​ថ្មី​អ្វី                                បាលី​ដដែល​គ្រាន់​តែ​ថា
ប្រែ​ចាក​មគធៈ​ជា​ភាសា                         ពាក្យ​ខ្មែរ​យើង​ណា​ឲ្យ​បាន​ដឹង ។
គ្មាន​ថ្មី​គ្មាន​ចាស់​គ្មាន​កែ​ប្រែ                     គ្រាន់​តែ​ប្រែ​ឲ្យ​យល់​ប៉ុណ្ណឹង
មិន​ព្រម​ចង់​ចេះ​ប្រឹង​តែ​ខឹង                     ដូច្នឹង​ខូច​ចិត្ត​សូន្យ​ទទេ ។
ចៅ​គិត​កុំ​ឆ្ងល់​ឲ្យ​យល់​វៃ                         ទាំង​ប្រុស​ទាំង​ស្រី​ទាំង​យើង​គេ
មិន​ព្រម​ចង់​ដឹង​នៅ​រែករេ                       ខ្មាស​គេ​ជា​ស្រី​ចេះ​គ្មាន​ទាល់ ។
ដល់​មាន​បុណ្យ​ង៉ាន​ប្រជុំ​ធំ                     ស្រី​ក្មេង​ក្រមុំ​សូត្រ​គ្មាន​សល់
ប្រុស​ល្ងង់​មិន​ចេះ​នៅ​ស្រងល់                  ខូច​ចិត្ត​រវល់​គេច​រត់​ពួន ។
ទៅ​ជ្រក​ទៅ​អែប​បៀត​ជញ្ជាំង                  ស្ដាប់​ភាំង​មើល​គេ​ព្រោះ​អៀន​ខ្លួន
ឯ​អ្នក​បួស​រៀន​មិន​សម​សួន                      វៀះ​ពួន​ឲ្យ​ស្រី​សូត្រ​ត្រៀបត្រា ។
ហេតុ​នេះ​មក​ពី​ប្រកាន់​ខ្ជាប់                     បើ​រៀន​សព្វ​គ្រប់​ជា​អស្ចារ្យ
គេ​ចេះ​បាលី​ប្រែ​យ៉ាង​ណា                      តាម​ចិត្ត​ប្រាថ្នា​យើង​សូត្រ​បាន ។
យ៉ាង​នេះ​ហៅ​ចេះ​មិន​មែន​ល្ងង់               តែ​ល្ងង់​ប្រកាន់​ខូច​សន្ដាន
ជាប់​ល្ងង់​មួយ​ជាតិ​ទាល់​ស្លាប់​ប្រាណ         គ្មាន​បាន​ចេះ​ដឹង​ទេ​អ្នក​អើយ ។
ប្រសិន​បើ​រៀន​ចេះ​ឲ្យ​គ្រប់                      ប្រែ​ស្រាយ​ត្រឡប់​មិន​ទាល់​ឡើយ
ចង់​សូត្រ​ត្រង់​ណា​មិន​កន្តើយ                 ច្នេះ​ហើយ​គ្មាន​អៀន​អន់​ខ្មាស​គេ ។
បាន​ឃើញ​អស់​មនុស្ស​ទាំង​ប្រុស​ស្រី        រៀន​ប្រែ​បាលី​គ្មាន​ទំនេរ
មិន​ដែល​ឃើញ​ម្ដាយ​ឪពុក​ជេរ                បុរាណ​យើង​ខ្មែរ​ហ៊ាន​ហាម​ឃាត់ ។
ឃើញ​តែ​ជាតិ​ខ្មែរ​ជាន់​សម័យ                  ថា​ចាស់​ថា​ថ្មី​រត់​របត់
មិន​ឃើញ​បុរាណ​លោក​ហាម​ឃាត់           តែ​មាត់​មនុស្ស​ល្ងង់​ជា​ប្រក្រតី ។
ថា​ខ្លួន​បុរាណ​បាន​ចេះ​ចាំ                       ទាស់​នឹង​ចំណាំ​ទំនើប​ថ្មី
បើ​ជា​ខ្លួន​ល្ងង់​មិន​ចេះ​អ្វី                          សម​នឹង​សេចក្ដី​ពោល​ពាក្យ​ថា ។
បុរាណ​ប្រាកដ​ពេញ​ជា​ត្រូវ                     តែ​មនុស្ស​ឥឡូវ​គ្មាន​បញ្ញា
ចិញ្ចឹម​តែ​ល្ងង់​រាល់​អាត្មា                         ស្មាន​ថា​បុរាណ​មិន​មែន​ទេ ។
បើ​ពិត​បុរាណ​លោក​ចេះ​ស្ទាត់                 លោក​ចេះ​ប្រាកដ​ធំ​ជាង​គេ
ចារិក​គម្ពីរ​ខំ​រិះរេ                                    ជា​មេ​ទុក​មក​ដល់​សព្វ​ថ្ងៃ ។
តែ​ពោល​ដូច្នេះ​នឹង​មុសា                         ថា​តា​នេះ​អ្នក​ចូល​ធម៌​ថ្មី
បាន​ជា​សរសើរ​ប្រែ​បាលី                         សព្វ​ថ្ងៃ​ថា​គេ​ល្ងង់​លើស​លុប ។
មិន​មែន​ដូច្នោះ​កុំ​សង្ស័យ                       ធម៌​ចាស់​ធម៌​ថ្មី​គិត​ឲ្យ​គ្រប់
កុំ​ចោល​ទាំង​ពីរ​ត្រូវ​ប្រារព្ធ                       ផ្ទៀង​ឲ្យ​សព្វ​គ្រប់​កុំ​អាល​ថា ។
ក្មេង​សួរ​ចាស់​ថា​តា​អាង​អួត                     អំនួត​ថ្លាថ្លែង​ពាក្យ​មុសា
មាន​ប្រែ​បាលី​គម្ពីរ​ណា                          គ្រាន់​តែ​មក​ថា​ឲ្យ​គេ​កោត ។
អាង​តែ​ចេះ​ភូត​ភរ​ប្រាជ្ញ​ប្រាយ                 បរិយាយ​រក​តែ​ពាក្យ​ចាក់​ដោត
ប្រែ​ស្រាយ​បាលី​នាំ​អ្នក​ឆោត                    ឲ្យ​កោត​តា​ឯង​ខ្ញុំ​មិន​ស្បតិ ។
បុរាណ​គ្មាន​ប្រែ​សុទ្ធ​បាលី                       ជាន់​ថ្មី​នាំ​ប្រែ​ឲ្យ​ខុស​ក្រិត្យ
ខ្ញុំ​ហើយ​នឹង​គេ​មិន​ចូល​ចិត្ត                     ព្រោះ​ដ្បិត​គ្មាន​ធ្វើ​សំគាល់​បាន ។
បើ​តា​អាង​ថា​បាលី​ប្រែ                            មាន​តែ​តា​ប្រាប់​ពាក្យ​បុរាណ
ក្នុង​គម្ពីរ​ណា​ជា​លំអាន                          ឲ្យ​បាន​ឃើញ​ជាក់​អស់​សង្កា ។
ចាស់​ថា​ចៅ​តា​នៅ​តែ​ឆោត                       តា​កោត​ចៅ​ឯង​សួរ​មក​តា
មាន​ប្រែ​បាលី​គម្ពីរ​ណា                          ចៅ​តា​កុំ​ឆ្ងល់​សឹម​តា​ប្រាប់ ។
នែ​ចៅ​គេ​ហៅ​ថា​ពាក្យ​បុរាណ                  ចំណាន​បាលី​ប្រែ​មាន​ស្រាប់
ចូរ​ចៅ​ប្រុង​ប្រាណ​គំនិត​ស្ដាប់                  ចំណាប់​យ៉ាង​ឆើត​ណា​ចៅ​តា ។
គម្ពីរ​ស្លឹក​រឹត​យើង​មាន​ស្រាប់                   បុរាណ​ចំណាប់​ចេះ​អស្ចារ្យ
ចារិក​ទុក​មក​សព្វ​ថ្ងៃ​ណា                        មាន​ទាំង​គាថា​ប្រែ​បាលី ។
ឲ្យ​យើង​ដឹង​ច្បាស់​ឃើញ​នឹង​ភ្នែក            កុំ​ប្លែក​គំនិត​ថា​ធម៌​ថ្មី
គឺ​ចាស់​បុរាណ​នោះ​ហើយ​នៃ                   អង្វែង​ឆ្នាំ​ក្រៃ​ដឹង​ជាក់​ជា ។
គម្ពីរ​មហា​ជាតិ​បុរាណ​ស្មោះ                   ទាំង​អស់​យើង​គេ​គ្រប់​តែ​គ្នា
ចូល​ឆ្នាំ​ភ្ជុំ​បិណ្ឌ​រាល់​វេលា                        តែង​ស្ដាប់​ទេសនា​មិន​ខាន​សោះ ។
កណ្ឌ​ដើម​បាលី​ហៅ​ទសពរ                    នែ​ហ្ន​ចៅ​តា​ស្ដាប់​មើល​ចុះ
នគរ​កណ្ឌ​ខ្សែ​ចប់​ចុង​បង្អស់                   របស់​បុរាណ​ហើយ​ចៅ​តា ។
ទាំង​ដប់​បី​កណ្ឌ​មាន​បាលី                       ប្រុស​ស្រី​ចាប់​ឆ្នោត​ជា​ធម្មតា
ជួន​ត្រូវ​ទសពរ​មទ្រីបា                            ចំនួន​គាថា​ឥត​មាន​ខ្វះ ។
ទាំង​អស់​ខ្លួន​តា​ហើយ​នឹង​គេ                   តែង​តែ​ពូត​បាយ​ដាក់​តុ​ថាស
ទៀន​ធូប​លាជ​ផ្កា​ប្រយ័ត្ន​ណាស់              ក្រែង​ខ្វះ​ចំនួន​ពី​គាថា ។
គ្រប់​កណ្ឌ​បាលី​មាន​ច្រើន​តិច                 គ្មាន​ភ្លេច​យើង​ចាំ​រាល់​អាត្មា
បើ​សុទ្ធ​បាលី​នឹង​គាថា                            ចៅ​តា​យើង​ស្ដាប់​ដូច​ម្ដេច​បាន ។
បុរាណ​លោក​ប្រែ​ពាក្យ​បាលី                   ឲ្យ​ស្រី​ប្រុស​ខ្មែរ​ទាំង​ប៉ុន្មាន
ស្ដាប់​ជាក់​ឮ​ច្បាស់​ពាក្យ​បុរាណ               ទើប​បាន​ដឹង​ដើម​ព្រះ​សាស្ដា ។
កាល​លោក​ចាប់​ជាតិ​វេស្សន្ដរ                  លោក​ចរ​ទៅ​គង់​ព្រៃ​បព្វតា
គិរី​វង្គត​ឆ្ងាយ​អស្ចារ្យ                              មទ្រី​ស្វែង​រក​ផលា​ថ្វាយ ។
ដឹង​ច្បាស់​ថា​ព្រះ​វេស្សន្ដរ                       ត្រេកអរ​នឹង​ស្មូម​ផង​ទាំង​ឡាយ
ឲ្យ​ទាន​ដំរី​ល្អ​ឆើតឆាយ                           ដល់​ព្រាហ្មណ៍​ឥត​ស្ដាយ​តិច​ឡើយ​ណា ។
ដឹង​ច្បាស់​ថា​អស់​រាស្រ្ត​ប្រជា                   នាំ​គ្នា​គ្នាន់​គ្នាញ់​ទោមនស្សា
បណ្ដេញ​ព្រះ​អង្គ​ចាក​សីមា                      ព្រោះ​តែ​ក្សត្រា​ឲ្យ​ដំរី ។
ជា​ទាន​ដល់​ព្រាហ្មណ៍​ដែល​មក​សុំ            ភិរម្យ​សោមនស្ស​សាង​បារមី
មិន​តែ​ប៉ុណ្ណោះ​បុត្រ​ប្រុស​ស្រី                  ទាំង​អគ្គ​មហេសី​ឲ្យ​ទាន​ទៀត ។
កាល​ស្ដេច​ទៅ​គង់​ព្រៃ​ហិមពាន្ត                នៅ​មាន​អស់​ស្មូម​ទៅ​ជ្រៀត​បៀត
តាម​សុំ​បុត្រា​បុត្រី​ទៀត                           មិន​គឺ​អ្នកណា​តា​ជូជក ។
កាល​ស្ដេច​ឲ្យ​ទាន​បុត្រ​ទ្វេហា                   នាង​មទ្រី​បា​ត្រាច់​តត្រុក
ស្វែង​រក​ផ្លែ​ឈើ​ក៏​មិន​សុខ                       មិន​ដឹង​ជូជក់​សុំ​បុត្រ​ភ្ងា ។
យើង​បាន​ដឹង​រឿង​នាង​មទ្រី                    ជា​ទី​លំបាក​ក្នុង​អទ្វារ
ត្រឡប់​វិល​វិញ​តាម​មគ៌ា                         មាន​ខ្លា​ខាំង​ផ្លូវ​វេលា​នោះ ។
ដល់​ខ្លា​បើក​ផ្លូវ​នាង​គោចរ                       ត្រេកអរ​ដម្រង់​អាស្រម​ឆ្ពោះ
រក​បុត្រ​ទាំង​២​ពុំ​ឃើញ​សោះ                    នាង​ថ្លស់​ដួង​ចិត្ត​ទៀង​ទួញ​ថា ។
ឱះ​ឱ​បុត្រ​ថ្លៃ​សំឡាញ់​ម្ដាយ                     ខ្ចាត់ខ្ចាយ​ទាំង​២​ទៅ​ស្ថាន​ណា
ម្ដាយ​រត់​ហៅ​អ្នក​ពីរ​បីសា                        មិន​ឮ​ចរចា​បាត់​ជ្រងំ ។
លោក​ខ្លះ​ចេះ​បទ​ទេសន៍​សាស្រ្តា              គាថា​បទ​ដើម​ខ្លី​មធ្យម
ប្រែ​ស្រាយ​ទំនុក​មទ្រីយំ                          កើត​ទុក្ខ​ក្រៀមក្រំ​ក្នុង​ឧរា ។
អស់​យើង​ប្រុស​ស្រី​ក៏​បាន​ស្ដាប់                លោក​ស្មូត​សារ​សព្ទ​ពី​ទុក្ខា
មទ្រី​នាង​សោក​រក​បុត្រ​ភ្ងា                       ពុំ​ឃើញ​ឡើយ​ណា​ជា​ទុក្ខ​ខ្លាំង ។
យើង​ដឹង​យើង​ឮ​សែន​សង្វេគ                  ខ្លះ​ស្រក់​ទឹក​ភ្នែក​គិត​អនិច្ចំ
ខ្លះ​ទន់​ស្មារតី​ឡប់​ភាន់​ភាំង                     ខ្លះ​យំ​ឮ​ខ្លាំង​ណា​ចៅ​តា ។
នេះ​ពាក្យ​បុរាណ​ប្រែ​បាលី                      សេចក្ដី​ស្រាយ​មក​ជា​ភាសា
ឲ្យ​ខ្មែរ​យើង​ដឹង​ពាក្យ​គាថា                     ស្ដាប់​បាន​រាល់​គ្នា​ជា​បរិយាយ ។
បុរាណ​លោក​ប្រែ​បាន​សព្វ​គ្រប់               កើត​ភព​ក្នុង​ស្រុក​រត់​ខ្ចាត់ខ្ចាយ
គម្ពីរ​បាលី​ក៏​ឃ្លាត​ឆ្ងាយ                           ប្រែ​ស្រាយ​បាន​ខ្លះ​ក៏​យក​មក ។
មិន​បាន​គ្រប់គ្រាន់​ទាន់​សម័យ                 ឆ្ងាយ​ក្រៃ​ខាង​ក្រោយ​គិត​រិះ​រក
គម្ពីរ​បាលី​ឲ្យ​ចារ​យក                             រក​អ្នក​ចេះ​ចារ​ឲ្យ​រហ័ស ។
យើង​ទាំង​អស់​គ្នា​ក៏​បាន​ចាំ                      ចំណាំ​ឮ​ត​ប្រាកដ​ណាស់
ទាំង​ប្រុស​ទាំង​ស្រី​នឹង​ក្មេង​ចាស់               ចាំ​ច្បាស់​មាន​ពាក្យ​សរសើរ​ថា ។
មាន​សង្ឃ​មួយ​អង្គ​កាល​ក្នុង​គ្រា               នាម​ជា​ព្រះ​ពុទ្ធ​ឃោសា
និមន្ត​ទៅ​ដល់​ស្រុក​លង្កា                        ចំឡង​សាស្រ្តា​ព្រះ​បិដក ។
ពាក្យ​ភូត​ពាក្យ​ភរ​យើង​ដឹង​ច្បាស់            ឮ​ថា​រហ័ស​មិន​មាន​តក់
ពុំ​ឃ្លាត​ឬ​ល្អៀង​ប្រប៉ុន​សក់                      បិដក​បាន​មក​ស្រុក​យើង​ណា ។
តែ​មិន​បាន​ប្រែ​ដោយ​ប្រញាប់                 ឲ្យ​ឆាប់​បាន​ចប់​តាម​សញ្ញា
លោក​មាន​ទណ្ឌកម្ម​ពុទ្ធ​អាជ្ញា                 ទោស​ពុទ្ធ​ឃោសា​ដោយ​ក្រិត្យ​សង្ឃ ។
ដំណឹង​ដឹង​ថា​ដង​ដែក​ចារ                      ចៅ​តា​វិល​កួច​ដូច​កន្លង់
ពាក្យ​ភូត​កុហក​ឬ​ពាក្យ​ត្រង់                   ថា​មែន​ឥត​បង់​ត្រង់​ចំណាន ។
ដែល​លោក​អ្នក​ប្រាជ្ញ​ជាន់​សម័យ             លោក​ប្រែ​បាលី​តាម​លំអាន
មិន​ឲ្យ​បាត់​ពាក្យ​ចាស់​បុរាណ                  ដំណ​ឲ្យ​បាន​ដឹង​សេចក្ដី ។
គម្ពីរ​បិដក​នឹង​ធម៌​សូត្រ                          រហូត​គ្រប់​វត្ត​សុទ្ធ​បាលី
ដូច​យើង​បាន​ដឹង​តែ​សព្វ​ថ្ងៃ                    សុទ្ធ​តែ​បាលី​គ្មាន​ពាក្យ​ខ្មែរ ។
បាលី​ជា​អ្វី​យើង​មិន​ដឹង                          ប្រាជ្ញ​ប្រឹង​ខំ​ប្រែ​ថែម​បន្ថែ
ស្រាយ​ចាក​មគធៈ​ជា​ពាក្យ​ខ្មែរ                តាម​តែ​បុរាណ​អាន​សេចក្ដី ។
មិន​គួរ​អស់​យើង​ខ្ញុំ​នឹង​គេ                        រែក​រេ​ត្រឡប់​ថា​ធម៌​ថ្មី
គម្ពីរ​ស្លឹករឹត​មាន​ប្រក្រតី                         ប្រែ​ស្រាយ​បាលី​ពី​បុរាណ ។
គម្ពីរ​មហា​ជាតិ​គាថា​ពន្ធ                         ច្រើន​ជាន់​ប្រែ​ស្រាយ​យើង​ស្ដាប់​បាន
ព្រះ​អង្គ​សាង​ផល​ទាំង​ប៉ុន្មាន                   លុះ​បាន​សម្រេច​ត្រាស់​ទេសនា ។
ម្ដេច​ចៅ​ភ្លេច​នឹក​គម្ពីរ​នោះ                      ចំពោះ​ពី​បុរាណ​ចៅ​តា
ប្រែ​ពី​បាលី​ជា​ភាសា                               ឲ្យ​ខ្មែរ​យើង​ណា​ដឹង​គ្រប់​សព្វ ។
បើ​យើង​គិត​ឃើញ​គួរ​លើក​លះ                មានះ​ក្នុង​ចិត្ត​ប្រែ​ត្រឡប់
កុំ​ថា​ធម៌​ថ្មី​នាំ​គ្នា​ស្អប់                              ត្រឡប់​ស្អប់​ឯ​ចាស់​បុរាណ ។
មិន​មែន​ស្អប់​ធម៌​ប្រែ​សព្វ​ថ្ងៃ                  បាលី​ប្រាជ្ញ​ប្រែ​តាម​លំអាន
ប្រែ​ស្រាយ​ត​មក​ពី​បុរាណ                      យើង​ស្ដាប់​ឲ្យ​បាន​មិន​មែន​ថ្មី ។
ឯ​អ្នក​ប្រកាន់​ថា​បុរាណ                          នឹង​អ្នក​បាន​ចេះ​ប្រែ​បាលី
កុំ​បង់​ធម៌​ចាស់​ស្អប់​ធម៌​ថ្មី                        និន្ទា​អប្រិយ​ខូច​សាសនា ។
អ្នក​កាន់​ធម៌​ចាស់​កុំ​ច្រឡោត                   មិន​កោត​ក្រែង​ខុស​ពោល​ពាក្យ​ថា
ធម៌​ថ្មី​ប្រែ​លាត​បក​កិរិយា                       កេរ្តិ៍​ព្រះ​ត្រង់​ណា​លាត​គ្មាន​សល់ ។
អ្នក​ដែល​បាន​រៀន​ចេះ​ធម៌​ប្រែ                 ពាក្យ​ខ្មែរ​កុំ​ពោល​ចាក់​ដោត​ដល់
អ្នក​ដែល​មិន​ចេះ​ខឹង​ឆ្អែតឆ្អល់                 កង្វល់​ទាស់​គ្នា​ថ្មី​នឹង​ចាស់ ។
ឮ​តែ​សព្វ​ថ្ងៃ​ច្រើន​ពេក​ពន់                      ប្ដី​នឹង​ប្រពន្ធ​ខឹង​ដេរដាស
ទាស់​គ្នា​ប្រកែក​យក​ចាញ់​ឈ្នះ                 តែ​ថ្មី​នឹង​ចាស់​គិត​មិន​ដល់ ។
ពោល​ពាក្យ​យ៉ាង​នេះ​សុទ្ធ​ពាក្យ​ពោល      នាំ​ដាល​រោលរាល​ឲ្យ​ងឿង​ឆ្ងល់
អ្នក​គប់​លើ​ពាល​ល្ងង់​វិលវល់                   គប់​ប្រាជ្ញ​កើត​ផល​មាន​បញ្ញា ។
ឯ​ធម៌​សៀវភៅ​នេះ​ពិត​ណាស់                 អម្ចាស់​ជីវិត​លើ​សិរសា
ត្រាស់​ប្រើ​បណ្ឌិត​ប្រាជ្ញ​ជ្រះ​ថ្លា                 ឲ្យ​ប្រែ​គាថា​នឹង​បាលី ។
បិដក​នឹង​ធម៌​ផង​នា​នា                           ឲ្យ​យើង​រាល់​គ្នា​ដឹង​សេចក្ដី
មគធៈ​ថា​ម្ដេច​ខ្មែរ​ថា​អ្វី                           ដើម្បី​ឲ្យ​បាន​ថ្កើង​សាសនា ។
កុំ​ឲ្យ​រៀវ​រោយ​ជា​ប្រក្រតី                         អម្ចាស់​សិរសី​ទ្រង់​ជ្រះ​ថ្លា
ទ្រង់​រឭក​គុណ​ព្រះ​សាស្ដា                      ខំ​លើក​សាសនា​ព្រះ​មាន​បុណ្យ ។
ចូរ​អស់​យើង​ខ្ញុំ​ផង​នា​នា                         ជាតិ​ជា​ខ្មែរ​យើង​តោង​គិត​គន់
កុំ​ពោល​វាចា​ឲ្យ​ស៊កស៊ុន                         លប់លន់​ប្រមាទ​ព្រះ​សាសនា ។
មាន​ទោស​មិន​តែ​ពុទ្ធ​ចក្រ                       ពិត​ជាក់​មើល​ងាយ​ព្រះ​ចេស្ដា
អម្ចាស់​ជីវិត​លើ​សិរសា                           ចៅ​តា​សព្វ​ថ្ងៃ​ចូរ​យើង​គិត ។
កុំ​អាង​តែ​ខឹង​ហើយ​នឹង​ស្អប់                   ត្រឡប់​មាន​ទោស​ពីរ​ខាង​ពិត
ទោស​មួយ​មើល​ងាយ​ម្ចាស់​ជីវិត              ទោស​ពិត​ជា​ពីរ​ក្នុង​សាសនា ។
ក្មេង​ស្ដាប់​ពាក្យ​ចាស់​អធិប្បាយ               ប្រែ​ស្រាយ​ចង្អុល​ហើយ​ហាម​ថា
ក្មេង​តប​ទៅ​ចាស់​ថា​លោក​តា                  ចេះ​ដោះ​កិច្ចការ​សព្វ​សេចក្ដី ។
តាំង​ពី​កម្មដ្ឋាន​នឹង​ធម៌​ប្រែ                      ហូរហែ​ធម៌​ចាស់​នឹង​ធម៌​ថ្មី
ចុះ​មនុស្ស​ចាស់​ក្មេង​ទាំង​ប្រុស​ស្រី            ស្រដី​ត​ៗ​សំគាល់​ថា ។
ធម៌​ថ្មី​ថា​ទឹក​ដី​គ្មាន​គុណ                         ពេក​ពន់​ដល់​មាតា​បិតា
គ្មាន​គុណ​អ្វី​ទេ​មែន​ឬ​តា                         តើ​ពិត​យ៉ាង​ណា​ឲ្យ​តា​ស្បថ ។
ចាស់​ឆ្លើយ​តប​ថា​នែ​អ្នក​ចៅ                     នេះ​ខ្លៅ​ឮ​ដោយ​តែ​ខ្យល់​មាត់
ត្រចៀក​ភ្នែក​ឯង​មិន​ប្រាកដ                   ខ្យល់​មាត់​មនុស្ស​ពាល​ទេ​ចៅ​តា ។
ចៅ​កុំ​អាល​ជឿ​តាម​ពាក្យ​ពាល                 រោលរាល​ខូច​ចិត្ត​អាប់​បញ្ញា
កាល​ព្រះ​សម្ពុទ្ធ​ត្រាស់​ទេសនា                 សង​គុណ​មាតា​ស្ថាន​ត្រៃត្រឹង្ស ។
ម្ដេច​ក៏​ទៅ​ជឿ​ពាក្យ​សល់​វ៉ល់                   ឲ្យ​ឆ្ងល់​ត្រឡប់​ប្រកាន់​ខឹង
ព្រះ​អង្គ​ទេសនា​ចៅ​បាន​ដឹង                      ត្រៃត្រឹង្ស​សង​គុណ​ព្រះ​មាតា ។
ចៅ​គិត​រំពឹង​ឲ្យ​អស់​អញ                         លំគេញ​ក្នុង​ចិត្ត​ពិចារណា
កុំ​ឮ​តែ​ពាក្យ​ហើយ​ពោល​ថា                    ខុស​ត្រូវ​យ៉ាង​ណា​ក៏​មិន​ដឹង ។
បុរាណ​លោក​ពោល​ពាក្យ​ចង​ទុក            ទំនុក​ទុក​មក​ជា​ដំណឹង
ត្រង់​ពាល​ប្រទូស្ត​រឹងរូស​ខឹង                     មិន​ដឹង​ធ្វើ​ម្ដេច​ពត់​ពាល​បាន ។
ធម្មជាតិ​ជា​ពាល​ល្ងង់​ទាល់​ស្លាប់              រឹងរូស​មិន​ស្ដាប់​ចិត្ត​សាមាន្យ
ប្រកាន់​មានះ​តែ​គ្រប់​ប្រាណ                    តាម​ពាក្យ​បុរាណ​លោក​ពោល​ថា ។
រូប​ពាល​មិន​មែន​សុទ្ធ​តែ​ក្មេង                   ទាំង​ចាស់​នោះ​ឯង​ចិត្ត​ឫស្យា
ទិដ្ឋិមានះ​លើ​រូប​ណា                               រូប​នោះ​ពាលា​ទាំង​ក្មេង​ចាស់ ។
បើ​អ្នក​ដឹង​គិត​ស្គាល់​ខុស​ត្រូវ                   មិន​មែន​ឃោរឃៅ​រឹង​មានះ
ទោះ​ចាស់​ទោះ​ក្មេង​រួម​សង្វាស                នេះ​ទើប​ហៅ​ចាស់​ស្គាល់​ខុស​ត្រូវ ។
ឯ​អ្នក​ប្រកាន់​ធម៌​ទាំង​ពីរ                         ចាស់​ថ្មី​ខំ​តែ​រៀន​សូត្រ​ទៅ
រៀន​ហើយ​ឲ្យ​គិត​ស្គាល់​ខុស​ត្រូវ              តែ​នៅ​មានះ​ពោល​ដូច​គ្នា ។
រសធម៌​ស​ល្អ​ប្រដៅ​ចិត្ត                           អ្នក​ណា​ប្រព្រឹត្ត​ផុត​វេរា
ធម៌​ខ្មៅ​នាំ​រូប​ឲ្យ​វេទនា                            មិន​បាន​ចាត់​ជា​ធម៌​ល្អ​ទេ ។
ធម៌​ស​ល្អ​ផុត​គ្រឿង​សៅហ្មង                   ចិត្ត​ប៉ង​បាញ់​ត្រង់​គ្មាន​រែក​រេ
ចំពោះ​ចង់​សុចរិត​នឹង​គេ                        គ្មាន​រេ​ឲ្យ​វល់​ខូច​សន្ដាន ។
នេះ​បាន​ហៅ​ធម៌​ខំ​សង្វាត                       ឱហាត​ខំ​រៀន​ចេះ​ឲ្យ​បាន
កុំ​រៀន​ធម៌​ខ្មៅ​ខូច​សន្ដាន                        នាំ​ចិត្ត​សាមាន្យ​ឲ្យ​ងងឹត ។
ត្រង់​ចិត្ត​មានះ​ហៅ​ធម៌​ខ្មៅ                      ចិត្ត​ស្គាល់​ខុស​ត្រូវ​ហៅ​ធម៌​ពិត
មាន​ចិត្ត​ទោរទន់​ប្រឹង​រិះ​គិត                     យក​ត្រង់​ធម៌​ពិត​ដាក់​ក្នុង​ខ្លួន ។
ធម៌​ស​ធម៌​ខ្មៅ​ជាប់​ប្រកិត                        ស្រេច​នូវ​គំនិត​គិត​ឲ្យ​មួន
បើ​ចិត្ត​ខំ​គិត​រក​ផ្ទួន​ៗ                               នឹង​បាន​រួច​ខ្លួន​ពី​ធម៌​ខ្មៅ ។
ចូរ​អស់​លោក​អ្នក​ជាតិ​យើង​ខ្មែរ               ខំ​ណែ​ខំ​នាំ​អស់​កូន​ចៅ
ឲ្យ​រៀន​ធម៌​ស​ចោល​ធម៌​ខ្មៅ                    ឲ្យ​ដឹង​ខុស​ត្រូវ​តាម​បញ្ញា ។
កុំ​ឲ្យ​ប្រកាន់​តាម​ទំលាប់                         មិន​ដឹង​ខុស​គាប់​បែប​យ៉ាង​ណា
តោង​មើល​ឲ្យ​ច្បាស់​នឹង​នេត្រា                 កុំ​ថា​ដោយ​ស្មាន​ទុក​ជា​ពិត ។
អ្នក​ប្រាជ្ញ​លោក​ខំ​រក​ខុស​ត្រូវ                   តែ​មនុស្ស​ឥឡូវ​ប្រឹង​រួប​រឹត
ប្រកាន់​តែ​ក្បួន​ដែល​មិន​ពិត                   ខុស​ត្រូវ​មិន​គិត​ឥត​បញ្ញា ។
មាន​សុភាសិត​ប្រាជ្ញ​ចង​ទុក                    ពី​មុខ​មក​ហើយ​លោក​ពោល​ថា
អ្នក​ល្ងង់​តែង​ស្អប់​ប្រាជ្ញ​ជ្រះ​ថ្លា                 ឫស្យា​ច្រណែន​អ្នក​ប្រាជ្ញ​ប្រាយ ។
អ្នក​ក្រ​តែង​ស្អប់​អ្នក​មាន​ទ្រព្យ                 ខ្ញុំ​គេ​តែង​ស្អប់​នាយ​ចៅហ្វាយ
អ្នក​ខ្ជិល​តែង​ស្អប់​អ្នក​ខ្វល់ខ្វាយ                ពួក​ខូច​ទាំងឡាយ​ស្អប់​មន្រ្តី ។
ទំនៀម​ទំលាប់​ជាប់​យូរ​ណាស់                គ្មាន​ខ្វះ​សឹង​ចាំ​ទាំង​ប្រុស​ស្រី
ដល់​មក​បច្ចុប្បន្ន​ជាន់​សម័យ                   ហេតុ​អ្វី​ក៏​ភ្លេច​ពាក្យ​ចាស់​ថា ។
ដូចម្ដេច​ហៅ​ចេះ​មួយ​ហៅ​ល្ងង់                លិច​លង់​ផ្ទុយ​គ្នា​នឹង​បញ្ញា
ដូចម្ដេច​ហៅ​ប្រាជ្ញ​មួយ​ឫស្យា                  អ្នក​ក្រ​មួយ​ជា​អ្នក​មាន​ទ្រព្យ ។
តោង​គិត​ឲ្យ​យល់​ពាក្យ​ទាំង​នេះ               ខំ​រិះ​ខំ​រក​ឲ្យ​គ្រប់​សព្វ
នឹង​ឃើញ​ពី​មួយ​រហូត​ដប់                      ត្រឡប់​ស្មារតី​ថ្មី​ឡើង​វិញ ។
ពណ៌នា​សារ​សព្ទ​ជា​សេចក្ដី                     អស់​លោក​ប្រុស​ស្រី​កុំ​ទោម្នេញ
ឲ្យ​ខំ​រិះ​គិត​រៀន​ទន្ទេញ                           ចាំ​មាត់​អស់​អញក្នុង​អាត្មា ។
មិន​មែន​ឲ្យ​រៀន​ពាក្យ​កាព្យ​នេះ                ឲ្យ​រិះ​រៀន​ធម៌​ព្រះ​សម្មា-
សម្ពុទ្ធ​ចម​មកុដ​ត្រៃ​លោកា                      ភាសា​ទាំង​ខ្មែរ​ទាំង​បាលី ។
ពាក្យ​កាព្យ​នេះ​មើល​ជា​គន្លង                  ទំនង​ដាស់​ចិត្ត​ទាំង​ប្រុស​ស្រី
រៀន​ធម៌​ព្រះ​ពុទ្ធ​សព្វ​សេចក្ដី                    ប្រែ​ពី​បាលី​យល់​ជ្រះ​ថ្លា ។
សេចក្ដី​សារសព្ទ​ជា​ទំនង                        គន្លង​សន្មត​សម្មតា
ថា​ចប់​ដោយ​នូវ​សង្ខេបា                         និដ្ឋិតា​ប្រារព្ធ​គ្រប់​ឯវំ ។
ខ្ញុំ​ផ្ដួចផ្ដើម​ឡើង​ជា​ល្បើក​កាព្យ                 សុភាព​រៀបរាប់​ជា​ធម្មំ
ចង​ចិត្ត​គំនិត​ឥត​រារាំង                           លើក​តាំង​ពី​រូប​នឹង​សង្ខារ ។
រហូត​ដល់​ហាត់​ប្រដៅ​ចិត្ត                       តាម​ដោយ​គំនិត​អាប់​បញ្ញា
កុំ​ឲ្យ​លោក​អ្នក​ប្រកាន់​ថា                        ខុស​ត្រូវ​ត្រង់​ណា​ជួយ​ផ្សំ​ផង ។
ខ្ញុំ​បាទ​សូម​ទោស​លោក​ចាស់​ក្មេង            ដែល​តែង​ប្រកាន់​មក​យូរ​ហោង
សូម​កុំ​មាន​ពាក្យ​ពោល​សាសង                បំណង​និន្ទា​ពាក្យ​ជា​ខ្នាត ។
ព្រោះ​ថា​ពាក្យ​កាព្យ​ពាក្យ​ប្រដៅ               ដម្រូវ​រក​ផ្លូវ​ដែល​សុទ្ធ​ស្អាត
ពាក្យ​ពិត​រែង​ស្លែង​អ្នក​ប្រមាទ                 វិបត្តិ​ខូច​ខាត​សទ្ធា​ធម៌ ។
សទ្ធា​អ្នក​ជ្រុល​ត្រូវ​រើ​ថយ                        កុំ​អ្នក​បណ្ដោយ​ឲ្យ​វឹកវរ
ធម៌​នេះ​មិន​មែន​ជា​កម្រ                         សំដៅ​ធម៌​ស​ល្អ​បរិសុទ្ធ ។
ខ្លួន​អ្នក​ឯងទេ​កាន់​ខុស​ផ្លូវ                       ឆ្ងាយ​ទៅ​ពី​ពាក្យ​ព្រះ​សម្ពុទ្ធ
ខ្ញុំ​បាទ​សូម​ទោស​ប្រោស​លំអិត                 អត់​ឱន​ឲ្យ​ផុត​និន្ទា​ផង ។
បើ​ពាក្យ​លើស​លស់​ឆ្គង​សំដី                    លោក​អ្នក​ប្រុស​ស្រី​កុំ​មួហ្មង
បើ​ទាស់​នឹង​ចិត្ត​លោក​អ្នក​ហោង              កុំ​ចង​ចិត្ត​ខឹង​ហើយ​ផ្ដាសា ។
សេចក្ដី​បំណង​ខ្ញុំ​បាន​គិត                        គំនិត​ខ្ញុំ​នឹក​ពី​សង្ខារ
រាល់​រូប​ប្រុស​ស្រី​គេ​ខ្ញុំ​ណា                       កាន់​ចិត្ត​មិច្ឆា​រាល់​សម័យ ។
ខ្ញុំ​តែង​រឿង​កាព្យ​ពាក្យ​ប្រាំពីរ                   បួន​ឃ្លា​រ៉ាត់​ក្បិល​ចប់​នៅ​ថ្ងៃ
អាទិត្យ​ពិសាខ​ពេញ​បូណ៌មី                     ឆ្នាំ​ច​គិម្ហន្ត​រដូវ ។
ព្រះ​ពុទ្ធ​សាសនា​គណនា                        អតិក្កន្ដា​កន្លង​ទៅ
ពីរ​ពាន់​បួន​រយ​ចិតសិប​នៅ                     ប្រាំ​ពីរ​រួម​ទៅ​អនាគត ។
ពីរ​ពាន់​ប្រាំ​រយ​ម្ភៃ​ពីរ                             ជា​ទី​ឆ្នាំ​ច​ថ្មី​កំណត់
បូក​ផ្សំ​រួប​រួម​ដោយ​បូរ​បទ                       កំណត់​ប្រាំ​ពាន់​ដោយ​សិរី ។
ឈ្មោះ​ខ្ញុំ​អ្នក​តែង​ល្បើក​កាព្យា                  នាមា​គេ​ហៅ​រាជ​បក្សី
មិន​ដែល​នៅ​ស្រុក​ឋិត​ក្នុង​ព្រៃ                  ស្រុក​អាយ​សព្វ​ថ្ងៃ​គ្មាន​ទេ​ណា ។
មាន​តែ​ធ្វើ​រូប​ដោយ​ចម្លាក់                      ដាក់​លើ​មាល័យ​ខ្ពស់​អស្ចារ្យ
បើ​មាន​រំលេច​ក្បាច់​រចនា                        គង់​យក​សកុណា​មក​ប្រឌិត ។
ដាក់​ទៅ​ត្រង់​ណា​ក៏​ប្រសើរ                     តាម​ដោយ​ដំណើរ​សត្វ​មាន​រិទ្ធិ
កុំ​មាន​ពីភាល់​បើ​រិះ​គិត                           ឈ្មោះ​ខ្ញុំ​ជាក់​ពិត​រាជ​បក្សា ។
មាន​យស​ខ្ពង់ខ្ពស់​ដ៏​ឧត្ដម                       ខ្លួន​ខ្ញុំ​រក​ស៊ី​ធ្វើ​រាជការ
ជាតិ​មនុស្ស​ចំពោះ​មាន​រូបា                     នាម​សត្វ​បក្សា​បិតា​ឲ្យ ។

ចប់​រឿង​ប្រដៅ​ចិត្ត​តែ​ប៉ុណ្ណេះ ។
អ្នក​ឲកញ៉ា ចេស្ដា វិនិច្ឆ័យ (កែវ ហង្ស ) ចាងហ្វាង​សាលា​ដំបូង​ខែត្រ ក្រចេះ អ្នក​តែង ។













No comments:

Post a Comment