ច្បាប់ប្រុស
របៀបតែងកាព្យ បទព្រហ្មគីតិ
ច្បាប់ប្រុស
បទព្រហ្មគិត
នេះបទព្រហ្មគិត ពីព្រេងព្រឹទ្ធទុកទូន្មាន
ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី
។
ឲ្យអស់កូនចៅក្រោយ ស្ដាប់កុំឲ្យភ្លេចស្មារតី
ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា
។
ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា
ក្រគិតក្នុងចិន្ដា ឲ្យបានដឹងសមនឹងគួរ ។
នឹងអស់ញាត់សន្ដាន សោះគេមានពាក្យថាជួ
កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ
។
នឹងដើរដូចភូជង្គ ឲ្យឱនអង្គអាចបារម្ភ
ឲ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឲ្យឆ្គង ។
រៀនបទរៀនបាទចាស កុំឲ្យច្រឡាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ឹយ
។
អឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ
។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ
គេស្ដីដើមជៀវជុំ ដំនៀលនោះដល់មកចាស់
។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់
។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សិមដេកវិញ
។
ស្លាម្លូស៊ីឲ្យច្រៀក កុំបីបៀកទាំងមូលមិញ
តូចធំឲ្យច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ
។
ដេកយប់កុំដេកយូរ ហើយទទូរដូចគេងាប់
សំពត់ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន
។
នឹងដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បួន
បើភ្ញាក់ឲ្យដឹងខ្លួន ឡើងអង្គុយកុំមាត់ខ្លាំង
។
ប្រែប្រាណប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង
ប្រួញប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ
។
បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ
ភ្ញាក់ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា ។
ទោះពេលពន់ព្រលប់ គន់ឲ្យគ្រប់
ទ្រព្យនានា
កាំបិតខាងអាត្មា ឲ្យសិតទឹកដាក់ចុងជើង
។
ប្រអប់ដាក់ទឹមស្មា ថ្វាយទេព្ដារក្សាយើង
ហើយឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់
។
កុំឲ្យអស់រលីង រលត់ធេងហើយថាភ្លេច
សព្វថ្ងៃមើលកុំដាច់ កុំដើរយកពីផ្ទះគេ ។
ថែទាំមើលជើងក្រាន ឲ្យឧសមានកុំទំនេរ
បង្កាត់បង្កើតកេរ្តិ៍ កុំប្រហែសឲ្យសូន្យសុង
។
ប្រយ័ត្នក្រែងក្រងាយ ពុំសប្បាយឈឺពោះពុង
បង្កាត់កំដៅអង្គ អុជបំភ្លឺមើលនេះនោះ
។
មានកាលយប់ងងឹត ភ្លេចមិនគិតជួនកូនជុះ
គ្មានភ្លើងអុជចន្លុះ ក្រានរលុះរលត់ធេង
។
រត់រកភ្លើងសស្រាក់ ព្រួយលំបាកតែខ្លួនឯង
ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ
។
ហើយឲ្យថែទាំទឹក ទោះយប់ព្រឹកកុំគិតងាយ
ដងដាក់ក្អមរាត់រាយ សព្វពួចពាងអាងកុងធំ
។
កុំឲ្យស្ងួតក្អមធេង អស់រលីងពីពាងធំ
គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់ថ្ងៃ ។
ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ
ក្រែងមានមែកឈើព្រៃ កាប់កាន់មកទុកជាឧស
។
ជួនកាលក្រែងបន្លា មុតអាត្មាគ្រាន់ចាក់ជោះ
ជាគ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ ។
ដើរព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ
កាន់កាប់កុំដៃទេ អង្គុយកន់មើលឆ្វេងស្ដាំ
។
ក្រែងមានឈើព្រៃងាប់ គួរកាច់កាប់យកជាថ្នាំ
ផ្ញើក្រានគ្រាន់ដណ្ដាំ បាយបានឆ្អិនឆាប់ដូចចិត្ត
។
សោះស្រីស្រដីបាន បើឧសមានមិនព្រួយចិត្ត
សព្វថ្ងៃប្រុងគំនិត ថែទាំទើបគង់របស់
។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំច័យកុំឲ្យអស់ មើលថែធួនខ្លួនឯងណា
។
សូវស្ដួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុក
។
នឹងចាយឲ្យគិតក្រោយ ទោះនិងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ
។
រដូវធ្វើចំការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់សព្វបន្លែ
។
កុំខ្ជិលច្រអូល ទៅងងុះរកសូមគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ
។
ទោះធ្វើស្រែចំការ ឲ្យឧស្សាហ៍មើលថែទាំ
កុំខ្ជិលកុំប្រចាំ ចបចូកជីកស្មៅវល្លិ៍ផង
។
កុំឲ្យបង់កំឡាំង ទោះខែប្រាំងប្រើឲ្យដង
ទឹកទៅស្រោចស្រប់ផង ឲ្យលូតលាស់មានផ្កាផ្លែ
។
ធ្វើការកុំគិតព្រួយ ខ្លួនឯងមួយកុំត្អូញត្អែរ
ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាចតែនឿយមិនធ្វើ
។
ជាងយប់បិតឬស្សី ត្បាញជាល្អីតៅកញ្ជើ
កុំឲ្យស្រីស្ដីលើ ឥតអំពើធ្វើលេងទៅ
។
កុំទុកដៃទទេ ជាងទំនេរបោចស្មៅព្រៅ
ខាងផ្ទះខាងលំនៅ ឲ្យវាលកាលកើតសុខា
។
ឲ្យមានក្ដីបារម្ភ ធ្វើស្រែកុំចោលចំការ
ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់
។
ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុងប្រយ័ត្ន
ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹងខ្លួន
។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែធួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា
។
ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណា
ៗ
ទោះទោលេងឥតការ ឥតគេរកដើរឆ្ងាយជិត
។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា
។
បើទៅជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចាប់ចុកឥតគេសម
។
ទោះដើរមានដំណឹង ឲ្យរំពឹងគិតបារម្ភ
នឹងដើរៗឲ្យសម យប់ព្រលប់ឲ្យមាត់ក
។
កុំស្ងៀមកុំស្ងាត់ពួន លបលាក់ខ្លួនខ្លាចមិនល្អ
ឲ្យមើលឲ្យមាត់ក ដើរឲ្យស្មោះសោះគេថា
។
ទោះខ្លួនជាប៉ុន្មាន ពាក្យសន្ដានរែងមុសា
គេម៉ៃមកអាត្មា តាមដំណឹងដំណើរខុស
។
កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យអាប់កេរ្តិ៍យស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា ។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀប៉ោធួកំតាត់ ។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត
។
ធម្មតាប៉ោនឹងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ
។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន
។
ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន
ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ
។
ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងក្បាលដាំចុះ
ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឲ្យបានឆាប់
។
មើលមុខល្អតិចអ្វី មិនខ្មាសស្រីផ្សារឈរស្ដាប់
មុខមេញដូចគេស្លាប់ មាត់ស្ញិញស្ញាញពេបដូចក្មេង
។
ស្រែកថ្ងូរអះអូយអើយ អាចិកអើយអាណិតលែង
អញរកប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះឲ្យបាន
។
ចិនឮព្រមស្រាយមក បណ្ដើររកប្រាក់សន្ដាន
តឹងទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង ។
អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង
កុំលកុំលូកលែង គួរឲ្យវាងឲ្យវៀរសោះ
។
កុំឈរកុំឈប់ជិត ក្រែងមិនអត់បង់កេររ្តិ៍ការ
កុំល្បងល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ
។
ច្បាប់នេះចាំរាល់ខ្លួន ទោះបងប្អូនមិត្តសំឡាញ់
ពឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគេយកទៅ
។
ឯទ្រព្យបានទៅវា ឯងធានាសា្រប់តែនៅ
ក៏បានទ្រេព្យយកទៅ ខ្លួនឯងនៅធានាស្រាប់
។
ដល់គេមកតឹងទារ អ្នកធានាឲ្យបានឆាប់
មិនបានគេប្រចាប់ ទៅជាខ្ញុំព្រោះធានា ។
ទោះបងប្អូនធូរៈ ក្រជំពាក់គេតឹងទារ
បើមានទ្រព្យជួយជា កុំធានាណាអ្នកអាយ
។
កូនអើយចូរបាចាំ ឪពុកផ្ដាំកុំបីណាយ
ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេចពាក្យនេះណា
។
មួយទៀតហៅឆ្កួតស្រី គួរកុំបីសេពកាមា
វាតែងទាញអាត្មា នាំវង្វែងភ្លេចបាបបុណ្យ
។
ភ្លេចសីលទានសូន្យសោះ ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម
ភ្លេចទោសភ្លេចទាំងគុណ ភ្លេចទាំងការកាន់រសាយ
។
បង្កើតតែទោសទុក្ខ បើបានសុខសឹងប្រែក្លាយ
បង្កើតក្ដៅក្រហាយ ឲ្យទាស់ទែងខឹងនឹងគ្នា
។
ចងទោសគុំគង្គួន មិនគិតខ្លួនខ្លាចមរណា
មានកាលក្មួយនឹងមា គុំធ្វើគ្នាឲ្យសោះសូន្យ
។
បង្កើតតែចិត្តធំ ចៅគំនុំនឹងជីដូន
ឯបងខឹងនឹងប្អូន ម្ដាយនឹងកូនគុំធ្វើគ្នា
។
រីខ្ញុំគុំកាប់ម្ចាស់ ឲ្យក្ដៅណាស់ក្នុងអង្គា
កើតទោសខឹងនឹងគ្នា ជាគំនុំពុំត្រាស្បើយ
។
មានកាលគេដាក់ឃ្នាង វាមិនរាងចាលចិត្តឡើយ
លក់ព្ន័យខ្ញុំគេហើយ មិនខ្លាចស្លាប់ដល់អាត្មា
។
គេកាប់ដោតទាំងក្បាល មិនចេះចាលចិត្តឡើយណា
ភ្លេចខ្លួនសូន្យសោះសា នឹកតែត្រង់សេពសប្បាយ
។
រីឯកាមកិលេស កុំប្រហែសគួរឲ្យណាយ
ស្អិតណាស់ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ
។
នេះឯងហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ
ចូរចងចាំសព្វថ្ងៃ ទុកទូន្មានអង្គអាត្មា
។
អ្នកប្រាជ្ញលោកនិទាន ទុកទូន្មានរាល់រូបា
មួយហៅឆ្កួតសុរា នោះកុំផឹកវាស្រវឹង
។
វានាំភ្លេចវិញ្ញាណ ភ្លេចសីលទានសោះសូន្យឈឹង
ផឹកហើយមិនដែលនឹង នាំចិត្តនោះឲ្យធំក្រៃ
។
ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ
កំឡាំងឯងស្មើចៃ មិនកោតគេតិចឡើយណា
។
ក្អេងក្អាងពាក្យកក្អែ អួតពូកែបទបានស្រា
មិនមានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ
។
បញ្ចោរបញ្ចៀសផ្ដាស ជេររវាងវាសមិនចំឈ្មោះ
នាំហេតុតែខាងឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់
។
ប្រពន្ធឃើញឃាត់ទៅ ប្ដីមិនត្រូវថាកុំអ្នក
ឯងខឹងលោវាយធាក់ ដោយចិត្តធំបទបានស្រា
។
មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា
ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង
។
គេឃើញអស់ខ្មាសក្មុំ ក្មេងជៀវជុំសើចទ្រហឹង
ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាស់ពេញទាំងខ្លួន
។
កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន
ផឹកហើយស្រវឹងមួន ខ្លួនខ្សត់ទេអួតថាមាន
។
អ្នកស្លូតទៅជាកាច ឯអ្នកខ្លាចទៅជាហ៊ាន
ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប
។
នេះឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប
អ្នកណាផឹកហើយបាប បង់កិត្តិយសពុំសួស្ដី
។
គួរកុំសេពសុរា នាំអាត្មាឲ្យអប្រិយ
នឹងធ្លាប់ទៅអវីចី នរករងទុក្ខវេទនា
។
ហៃអស់ជនទាំងឡាយ កុំរាយមាយក្នុងអង្គា
ចូរស្ដាប់ច្បាប់នេះណា ទុកទូន្មានខ្លួនសព្វថ្ងៃ
។
នេះឯងហៅឆ្កួតបី លោកស្រដីក្នុងធម៌ថ្លៃ
បើអ្នកណាមួយនៃ នឹកប្រាថ្នាដោយចំណង់
។
លោកចងជាឧបមា ឲ្យអ្នកណាមួយផ្ចិតផ្ចង់
យកដែកដុលបោះបង់ ក្នុងភ្លើងក្រានឆេះច្រាលឆ្អៅ
។
បើកាន់ដែកដែលដុត នោះមិនមុតមិនមានក្ដៅ
កាន់បាននោះទើបហៅ ចិត្តមុតមែនមិនគិតប្រាណ
។
នោះទើបលោកឲ្យធ្វើ នូវអំពើទាំងបីបាន
ដោយធម៌ពីបុរាណ លោកឧបមាដូច្នេះណា
។
ចាត់ចែងតែងជាបទ ព្រហ្មប្រាកដកាលបិតា
ប្រដៅខ្ញុំនេះណា សព្វសេចក្ដីដូច្នេះមៃ
។
កិច្ចកាព្យរាយរៀបរស ខ្ញុំនាមឈ្មោះបណ្ឌិតមៃ
គិតចងជាសេចក្ដី ប្រដៅជនចប់ម្លេះហោង
។
ច្បាប់ប្រុស ចប់តែប៉ុណ្ណេះ ។
No comments:
Post a Comment