Wednesday, 1 June 2016

រឿង​បឋម​សម្ពោធិ
ពាក្យ​កាព្យ
បទ​ល្ខោន​របស់​ឲកញា​សុត្តន្ត​ប្រីជា ឥន្ទ
រៀប​រៀង
បទឆា
              

               យើង​នឹង​ថ្លា​ថ្លែង​ចែង​ដោយ​អាទិ៍ កាល​អង្គ​លោក​នាថ​រាជ​នាថា សោយ​សុខ​សម្បត្តិ​ខត្តិយា ក្នុង​មហានគរ​រក​បិលពស្តុ ។ព្រម​តាំង​ព្រះ​វស្សា​រាជ​ពង្សា ដែន​មហារុង​រឿង​ថ្កើង​សក្តិ៍​យស​បិតុរង្គ​អភិរម្យ​សោមនស្ស ឲ្យ​មហា​បុរស​គ្រង​បូរី ។ ក្សេម​ក្បាន្ត សំរាន​ដោយ​នាង​ស្នំ ប្រគំ​បំរើ​ស្មើ​ប្រក្រតី ស្តេច​មាន​ព្រះ​អគ្គមហេសី ទេវី​ទ្រង់​នាម​ព្រះ​ពិម្ពា ។ ជា​ចម​លែង​ស្នំ​នារី​រតន៍ ព្រះ​កាយ​ប្រាកដ​ល្អ​សោភា ​មាន​ព្រះ​ឱរស​រឿង​ឫទ្ធា នាមារាហុល​រាជ​កុមារ  ពាក្យ ។ ពន្ធ​សឹង្គ ។ ថ្កើង​បុណ្យ​ថ្កើង​គុណ​អនន្ត​ឯក​អនេក​លើស​លប់​ទាំង​ភព​ភារ រយ​ឯក​ចុះ​ចូល​ជា​បរិពា នាំ​សារ​អាករ​ថ្វាយ​ក្សត្រ​ថ្លៃ ។ ទិស​ទស​ស្ញប់​ស្ញែង​ក្រែង​អំណាច ពុំ​អាច​ត​រិទ្ធិ​ប្រឡង​ដៃ ស្តេច​សោយ​រាជ​គ្រង​ក្នុង​វៀង​ដៃ ព្រះ​ជន្ម​ម្ភៃ​ប្រាំ​បួន​ប្លាយ ថ្ងៃ​មួយ​ស្តេច​ទ្រង់​ព្រះ​វិតុក ជា​ទុក្ខ​នឹង​រាជ​នូវ​រាង​កាយ កើត​ស្លាប់​វិបត្តិ​ព្រាត់​ខ្ចាត់​ខ្ចាយ អន្តរាយ​ដោយ​ក្តី​ភ័យ​មរណា ។ អធុវំ លំអៀង​មិន​ទៀត​ទាត់ សង្ខារ​សព្វ​សត្វ​សឹង​អនិច្ចា វិល​វល់​នៅ​ក្នុង​សង្សារា អវិជ្ជា​ចង​ជិត​ងងឹត​ជុំ ។ ព្រះ​ទ្រង់​នីយ​ណាយ​កាយ​លោកិយ៍ ចក្រី​ចង់​សាង​ភិនេស្រ្កម ស្វែង​មគ្គ​ស្វ័ក​ផល​ថ្នល់​បរម និញ្វន​សុខុម​ជា​សុខា ។ ទើប​ទ្រង់​ក្រោក​ចាក​ព្រះ​ទែន​ទី ពោធី​ចាត់​ចែង​តែង​កាយា បើក​ព្រះ​យី​ភូ​សុវណ្ណា យាត្រា​ចេញ​ចាក​ព្រះ​ប្រាង្គ​ស្ថាន ពាក្យ ។ ស្មើ ។
               លុះយាង​ដល់​មក​ទ្វារ​ប្រាសាទ យល់​ឆន្ន​អាមាត្យ​ដេក​ឱប​ប្រាណ ទើប​ដាស់​នាយ​ឆន្ន​ហើយ​ត្រាស​ថ្កាន បងើយ​បង​មាន​ចិត្ត​ភក្តី ។ ចូរ​បង​ដោះ​ហ្លើង​ឆាប់​ម្នី​ម្នា ទៅ​យក​អសុពា​រាជ​ពាជី ចង​គ្រឿង​នោះ​មក​ឲ្យ​ទាន់​ទី យើង​នឹង​ចរលី​ទៅ​សាង​ព្រឹឍ ពាក្យ ។ គ្រា​អើយ​គ្រា​នោះ នាយ​ឆន្ន​អាមាត្យ​ជាតិ​បណ្ឌិត្យ កំពុង​និន្រ្ទា​លន់​លក់​ស្និទ លុះ​ឮ​ត្រង់​រិទ្ធិ​ដាស់​អាត្មា ។ នាយ​ឆន្ន​ក៏​ក្រោក​ពី​ដំណេក ក្រលេក​បែរ​យល់​ព្រះ​ចក្រា តក់​ស្លុត​រន្ធត់​ភិត​តក្រមា ក្រាប​ឱន​សិរសា​បង្គំ​ខ្មី ។ ទូល​សួរ​រប​ពិត្រ​ខត្តិយា មាន​បើ​ទៅ​ឯណា​ទាំង​រាត្រី ទូល​បង្គំ​លក់​ពុំ​ដឹង​ស្មារតី ចក្រី​មក​ដាស់​ខុស​វេលា ពាក្យ ។ កាល​អើយ​ អើយ​កាល​ណោះ ព្រះ​ចមរិទ្ធ​រង្គ​រង្គ​ពង្សពុទ្ធា លុះ​ឮ​នាយ​ឆន្ន​សួរ​កិច្ចា​ក្សត្រា​ក៏​ថ្លៃង​ចែង​សេចក្តី ។ បងើយ​យល់​នេះ​យើង​ត្រេក​ត្រង់​នឹង​ចង់​ចេញ​សាង​សម្ពោធី ចូរ​ឯង​ទៅ​នាំ​យក​ពាជី ក្នុង​ទី​ព្រះ​រោង​ឲ្យ​យើង​រ៉ា ពាក្យ ។ គ្រា​អើយ​គ្រា​នោះ នាយ​ឆន្ន​អាមាត្យ​បាទវិច្ចា ទទួល​ព្រះ​បន្ទូល​ព្រះ​ចក្រា ម្នីម្នា​ទៅ​កាន់​ព្រះ​រោង​ជៃ ​ស្មើ ។ លុះ​ដល់រោង​សេះ​រាជ​ភិរម្យ យល់​សេះ​មួយ​ធំ​សម​ប្រពៃ ទើប​យក​គ្រឿង​ចង​រាច​ម្នោមៃ ស្រាយ​នាំ​ចេញ​វៃ​ថ្កាន​ក្សត្រា ពាក្យ ។ ស្មើរ ។ ដល់​ហើយ​នាយ​ឆន្ន​បង្គំ​បាទ ទូល​អង្គ​នរនាថ​រាជ​នាថា បពិត្រ​សេះ​នេះ​កប​សក្តា​គួរ​ជា​រាជ​យាន​ព្រះ​ចក្រ​ពង្ស ពាក្យ ។ កាល​ណោះ​ព្រះ​ចម​វិសុទ្ធិ​ពុទ្ធវង្ស ទទួល​យក​សេះ​ព្រះ​យាន​ទ្រង់ ប្រាស្រ័យ​កាន់​អង្គរាជ​ពាជី ។ បងើយ​បង​សេះ​កប​រិទ្ធិ​រែង ចូរ​ជូន​យើង​ឯង​ចាក​ធានី ចេញ​ទៅ​សាង​សំព្រះ​ពោធី ក្នុង​ទី​រាត្រី​នេះ​ណា​បង ។ បើ​យើង​បាន​ត្រាស់​ច្បាស់​កាល​ណា នឹង​សង​គុណ​បាន​ដែល​ចម្លង​ត្រាស់​ស្រេច​ម្តេច​ទ្រង់​អង្អែល​ខ្នង ច្បាស់​ច្បង​ឡើង​គង់​ដោយ​ទាន់​ទី ។ នាយឆន្ន​អាមាត្យ​អធ្យាស្រ័យ តោង​កន្ទុយ​ម្នេមៃ​រឿង​រិទ្ធី កៀវ​កៀក​ចាប់​តាម​រាជ​ពាជី ដោយ​ចិត្ត​ភក្តី​ក្សត្រ​ក្សាន្ត ពាក្យ ។ បទ​ឆោន ។ សេះ​អើយ​សេះ​ទេស ប្រាំ​បួន​ហត្ថ​សេស​សម​ប្រាណ សខៀវ​រៀវ​រែង​រិទ្ធិហាណ ឧក​អាន​ភូឆាយ​សាយ​ហាង ។ ស្រោប​មាត់​សឹង​មាស​សុវណ្ណ ឈ្នាន់​ពាក់​ឆ្នាក់​ពន្ធ​សង​ខាង​កែប​កែម​សែម​សយ​សំអាង ពេជ្រ​ប្រោះ​ឆ្លោះ​ព្រាង​អម្ពរ ។ ចន្ទ​ចែង​សែង​ចាប់​អារាម​រឿង រាយ​ផ្កាយ​ចាប់​គ្រឿង​អលង្ការ​វាត​ផាយ​សាយ​ផាត់​ល្អង​កេសរ ភូធរ​បើក​ចរ​របរ​ចេញ​ខ្មី ។ យានី ។ អស្ចារ្យ​ក៏​ក្រើក​ស្ថាន​ទេវា ឥន្រ្ទា​ជា​ចម​ក្នុង​សួគ៌​ស្រី​បើក​ទិព្វ​ចក្ខុ​ទត​មក​ខ្មី យល់​ព្រះ​ពោធី​ចេញ​សាង​ព្រឹឍ ។ កោសី​ត្េក​អរ​ពន់​កាំ​លាំង ចាប់​សង្ខ​ផ្លុំ​ឮ​ទាំង​ថាន​ថិត ចតុ​លោក​មហាព្រហ្ម​បុរោហិត ប្រសិទ្ធិ​ពរ​ថ្វាយ​ព្រះ​ចម​ពល ។ អស់​ហ្វូង​ទេព្តា​ព្រហ្ម​ទាំង​អស់ សោមនស្ស​ប្រជុំ​ទាំង​សាកល​នាំ​គ្នា​ហោះ​ចុះ​ហែ​ទសពល ពេញ​ទាំង​មណ្ឌល​ផ្ទៃ​មេឃ ពាក្យ​ត្លុំ ។ (រាយ) លុះ​ហោះ​មក​ដល់​ផ្ទៃ​ផែន​ដី កោសី​ហែ​មុខ​ព្រះ​រាជា ចតុ​លោក​ទ្រជើង​អសុពា ព្រហ្មា​កាង​ឆ័ត្រ​បាំង​ក្សត្រ​ក្សាន្ត ។ ទេវតា​តូច​ធំ​ជុំ​ឈ្មោះ​សរ ត្រេក​អរ​ប្រគំ​ភ្លេង​សួគ៌​ស្ថាន​បន្លឺ​ថ្វាយ​ជៃ​កង​ស័ព្ទ​ស៊ាន ចោម​ជុំ​ក្សត្រ​ក្សាន្ត​ហែ​ចរលី ᧤ពាក្យ ។ ជើត ។ បទឆា ។ នឹង​ថ្លែង​ចែង​ដល់​ក្រុង​មារា ស្វោយ​សុខ​នៅ​នា​ស្ថាន​សួគ៌​ស្រី ឈ្មោះ​បរៈ​នេមិត្ត​វស្សវតី អសុរី​ជា​ចម​ទេព​ទេវា ។ ក្សេម​ក្សាន្ត​សម្រាន​ក្នុង​ស្ថាន​ស្ថិត ស្នម​ស្និទ​សឹង​នាង​ទេព​កញ្ញា គង់​គាល់​បំរើ​អសុរា ទេវា​កោត​ក្រែង​ស្ញែង​បារមី ។ពន្ធលឹង្គ ។ យក្ខ​មាន​ព្រះ​រាជធិតា​ ទាំង​បី​អង្គា ស្រស់​ប្រិម​ប្រិយ ឈ្មោះ​នាង​រាគាអរ​តី តណ្ហា​ប្អូន​ស្រី​ទាំង​បី​អង្គ ។ សឹង​មាន​បរិវារ​កញ្ញា​សួគ៌ គំនាប់​គាប់​គួរៗ​ភិសៈ​វង់ តែង​ឡើង​គាល់​មារ​ជា​បិតុរង្គ នៅ​ក្នុង​ប្រាង្គ​កែវ​អលង្ការ ᧤ ពាក្យ​រាយ ។ ថ្ងៃ​ដែល​ពោធិ៍​ចេញ​សាង​ដំណឹង​ដឹង​ដល់​មក​ក្រុង​មារ អសុរី​កើត​ចិត្ត​អហង្ការ គិត​ក្រែង​ភូវនាថ៍​ផុត​និស្ស័យ ។ ឯះ​ចៅ​សិទ្ធត្ថ​រាជ​កុមារ ចេញ​បង់​សង្សារ​គ្រា​នោះ​នៃ ទៅ​បួស​ហួស​ផុត​កណ្តាប់​ដៃ កន្លង​និស្ស័យ​អញ​ហើយ​ណា ។ បើ​ច្នេះ​មាន​តែ​ទៅ​ហាម​គាត់ ឃាត់​កុំ​ឲ្យ​ភ្លាត់​ពី​លាកា គិត​ស្រេច​អរសុរី​រៀប​អាត្មា ចាប់​កែវ​ក្រទា​ចេញ​ចរ​ខ្មី ᧦ ពាក្យ ។ ក្រៅ​ណៃ​ជើត ។ លុះ​ដល់​យក្ខ​យល់​ពង្ស​ពុទ្ធា គង់​លើ​អសុពា​រឿង​រង្សី​ឥន្ទ​ព្រហ្ម​ចោម​ជុំ​ជា​កោសី អសុរី​ក៏​ស្រែក​សួរ​ទៅ​ថ្វាត់ ។ នែ​ចៅ​សិទ្ធត្ថ​រាជ​កុមារ មក​បង់​សង្ខារ​ការ​ប្រតិព័ទ្ធ ទៅ​ណា​មក​ណា​ទាំង​យប់​ស្ងាត់ ខុស​ភេទ​មហាក្សត្រ​ពី​បូរាណ​᧤ពាក្យ ។ កាល​ណោះ​ ព្រះ​ចម​ហាលី​រិទ្ធី​ហាន លុះ​ឮ​ក្រុង​មារ​សាក​សួរ​ដាន​ក្សត្រ​ក្សាន្ត​ក៏​មាន​បន្ទូល​ខ្មី ។ វ៉ឺយ​ចៅ​មារា​ទុច្ចរិត យើង​ទៅ​សាង​ព្រឹឍ​ព្រហ្ម​ចារីយ៍ ឲ្យ​បាន​ជា​យាន​លោក​ទាំង​បី ល្វល់​អ្វី​មក​សួរ​យើង​ច្នេះ​ណា ᧤ពាក្យ ។ កាល​ណោះ ក្រុង​មារអសុរិន្ទ​យក្សា​ បាន​ស្តាប់​ពោធិ​ចែង​ច្នោះ​ណា ទើប​តប​វា​ចា​ប្រលោម​ក្សត្រ ។ ហៃ​ចៅ​សិទ្ធត្ថ​បុត្រ​សុធោទន៍ កុំ​ឆោត​ទៅ​បួស​លើយ​សិទ្ធត្ថ ប្ឬា​ពិល​ថ្ងៃ​ទៀត​មាន​ច័ក្ររតន៍ សម្រាប់​ច័ក្រ​ព័ត្រ​កើត​ដល់​អ្នក ។ ហេតុ​នុះ​ចូល​វិល​ទៅ​ក្រុង​វិញ កុំ​ទៅ​ស្រលេញ​ពុទ្ធ​ច័ក្រ គួរ​តែ​ស្រលេញ​ខាង​យសស័ក្តិ មហា​ច័ក្រ​ជា​ធំ​ក្នុង​លោកិយ៍ ᧦ពាក្យ ។ កាល​ណោះ​ព្រះ​ចមនរិន្ទ​រឿង​រង្សី លុះ​ឮ​មារាមាយាស្តី ចក្រី​ក៏​ត្រាស់​សង​វា​ចារ ។ វើយ​មារ​មា​យា​កុំ​មក​ហាម យើង​នេះ​ពុំ​តាម​ពាក្យ​ទេ​ណា មហា​ច័ក្រ​នុ៎ះ​យើង​ពុំ​ប្រាថ្នា ដូច​ជា​ទឹក​មាត់​ទឹក​ម៉ូត្រ​​ហ្មង ។ យើង​មក​នេះ​ប៉ង ពាធិញាណ ជា​ស្ពាន​ចម្លង​នៃ​សត្វ​ផង មារ​ឯង​កុំ​នាំ​យក​ចំណង មក​ចង​យើង​នេះ​ពុំ​ជាប់​ឡើយ ។ ចូរ​ចៀស​ចេញ​ទៅ​ណា​មារា យើង​បរ​អសុពា​ឥឡូវ​ហើយ តែ​នៅ​ភ្លៅ​បាក់​ពុំ​លែង​ឡើយ មា​រើយ​បើក​ផ្លូវ​​យើង​នឹង​ទៅ ᧨ពាក្យ ។ កាល​ណោះ ឯក្រុង​មា​រិត​ចិត្ត​ឃោ​ឃៅ ឮ​ព្រះ​បន្ទូល​លក្សត្រ​ចម​ចៅ​រឹង​ពុំ​វិល​ទៅ​រាជ​រដ្ឋា ។ ទាល់​ចេះ​ទាល់​ចិត្ត​គំនិត​យក្ខ​ កើត​អៀន​អន់​អាក់​ព្រះ​ចក្រា អសុរី​ពុំ​សម​ក្តី​ប្រាថ្នា ទើប​លា​ពោធិ៍​កាន់​ទី​ស្ថាន ᧤ពាក្យ ។ ជើត​ ចូល ។ ឯ​អង្គ​ព្រះ​នរិន្ទ​ពិន​ត្រៃ​ភព្វ យល់​មារ​ត្រឡប់​ទៅ​វិមាន ព្រះ​ទ័យ​ភិរម្យ​ពោធិញាណ​ទើប​បរ​អស្សយាន​ដោយ​វេហាស᧢ពាក្យ ។ ជើត។  លុះយាង​មក​ដល់​ស្ថាន​ផល​ធី អនោមានា​ទី​ហេមវា ទើប​ទ្រង់​បញ្ឈប់​អសុពា​រាជា​យាង​ចាក​ម្នេ​មៃយ៍ ᧢ពាក្យ ។ រួ ។ ថ្លែង​អស់​ហ្វូង​ទេព​ទេ​វា ឥន្រ្ទា​ជា​ធំ​ក្នុង​ដែន​ត្រៃ កាល​ហែ​ជូន​អង្គ​ក្សត្រ​ថ្លា​ថ្លៃ​ដល់​ឰនាទី​អនោមា ។ ទើប​នាំ​គ្នា​លា​ចម​ក្សត្រ​ក្សាន្ត ត្រឡប់​វិល​ស្ថាន​នៃ​អាត្មា កោសី​ក៏​ទៅ​ត្រៃ​ត្រឹង្សា ព្រហ្មា​ក៏​ទៅ​ព្រហ្ម​វិមាន ᧤ពាក្យ ។ ជើត​ចូល ។ យានី ។ ដង​ណុះ​មែន​មាន​ទេព្វ​ឧត្តម ឈ្មោះ​កា​ដាក​មហា​ព្រហ្មរិទ្ធិ​ថ្កើង​ថ្កាន ជ្រាប​ថា​ព្រះ​ពោធិ៍​ក្សត្រ​ក្សាន្ត ចេញ​សាង​ភិញាណ​ពុទ្ធ​សម្ភារ។ មហា​ព្រហ្ម​ត្រេក​អរ​អំ​ណរ​ក្រៃ ចាត់​ត្រៃ​បាត​ច្រត់​គ្រឿង​បរិក្ខារ សម្រាប់​អ្នក​បួស​ហួស​សង្សារ ចាត់​ស្រេច​ត្រអាល​ហោះ​ចុះ​​ខ្មី ᧤ពាក្យ ។ ត្លុំ លុះ​ហោះ​មក​ដល់​ក្សត្រ​ឧត្តម មហា​ព្រហ្ម​ក៏​ចូល​ទៅ​វន្ទី​លើក​យក​បរិក្ខារ​ថ្វាយ​ពោធិ៍ ថ្លែង​ដោយ​សាមគ្គី​រស​វាចា ។ បពិត្រ​ព្រះ​សិទ្ធត្ថ​ខត្តីយ​វង្ស គ្រឿង​នេះ​ចូរ​ទ្រង់​បព្វ​ជ្ជា​ថ្វាយ​ស្រេច​មហា​ព្រហ្ម​បង្គំ​លា វិល​ទៅ​កាន់​មហាវិមាន​ព្រហ្ម ᧤ពាក្យ ។ ជើត​ចូល​ឆាក​រាយ ។ កាល​ណោះ ព្រះ​ចម​ហេលីក្សត្រ​ឧត្តម ទទួល​បរិក្ខារ​មហា​ព្រហ្ម អភិរម្យ​ប្រិយ៍​ប្រេម​ក្រសេម​អង្គ ។ ទើប​ទ្រង់​ដោះ​គ្រឿង​អលង្ការ មកុដ​កែវ​សង្វារ​អារាម​ទ្រង់​កណ្ឌល់​ពាហុរ័ក​ព្រះ​ទម្រង់ ស្រេច​ទ្រង់​ត្រាស់​កាន់​នាយ​ឆន្នា ។ ហៃ​ឆន្ន​អមាត្យ​ចិត្ត​ភក្តី បងើយ​កុំ​បី​មាន​កង្ខា ចូរ​នាំ​គ្រឿង​នេះ នឹង​អសុពា វិល​ទៅ​ភារា​បូរី​វិញ ។ បង​ទៅ​ក្រាប​ទូល​ព្រះ​បិតុរង្គ កុំ​ឲ្យ​ស្តេច​ទ្រង់​ជា​ទុក្ខ​ម្នេញ មួយ​ទៀត​បង​ទូល​ពី​រឿង​អញ ចេញ​មក​បំពេញ​ពោធិញាណ᧤ពាក្យ ។ គ្រា​នុះនាយ​ឆន្ន​អមាត្យ​ជាតិ​ទាហាន ឮ​ត្រង់​ត្រាស់​ប្រើ​ឲ្យ​វិល​ស្ថាន​រំខាន​ពុំ​ចង់​នឹង​ចរលី ។ ដោយ​ក្តី​ស្រឡាញ់​ពោធិសត្ត ពុំ​ចង់​ឲ្យ​ព្រាត់​ចេញ​ចាក​ទី តែ​ខ្លាច​អំណាច​ព្រះ​ភូមី ចាំ​ចិត្ត​ចរលី​ទាំង​ទុក្ខា ។ ខំ​ប្រឹង​ឱន​សីរបង្គំ​រ៉ាប់ ទទួល​ប្រដាប់​គ្រឿង​ក្សត្រា​ក្រោក​ដើរ​ជីក​រាជ​អសុពា នេត្រា​គន់​មើល​តែ​ពោធិ៍ ᧦ពាក្យ ។ គ្រា​នោះ​ឯ​សេះ​គន្ធព្វ​រាជ​ពាជី ស្លូត​ត្រង់​ត​អង្គ​ព្រះ​ភូមី ពុំ​ចង់​ចាក​ទី​ពី​ក្សត្រ​ក្សាន្ត។ គ្រាន់​ឆន្ន​អាមាត្យ​ដឹក​ចរលី ពាជីរន្ធត់​ស្លូត​វិញ្ញាណ អន់​អួល​ក្នុង​ចិត្ត​អាណិត​ប្រាណ សន្តាន​ជា​សត្វ​ពុំ​ចេះ​ស្តំ ។ គិត​តែ​ក្នុង​ចិត្ត​ថា ឱ​អញ កើត​មក​នេះ​ពេញ​ជា​ក្រី​ក្រ កំណើត​តិរច្ឆាន​ពុំ​ដឹង​អ្វី នឹង​ស្តី​អង្វរ​នៅ​អាសា ᧦ពាក្យ ។ ពីលាប ។ អនិច្ចា​ឱ​អញ​ស្រឡាញ់​ម្ចាស់ ​ឥឡូវ​មក​ប្រាស​ម្ចាស់​ច្នេះ​ណា ព្រះ​អឺយ​ព្រះ​នៅ​តែ​ឯកា នឹង​បាន​នរណា​កំដ​ប្រាណ ។ ខ្ញុំ​នៅ​ទៅ​រា​នឹង​បំរើ តាម​ដោយ​អំពើ​ជាតិរច្ឆាន ឥឡូវ​ប្រោស​ប្រើ​ឲ្យ​វិល​ស្ថាន រំខាន​មិន​ចង់​នឹង​ចរលី ។ សេះ​សោក​សល់​សែន​ណែន​ឧរា នេត្រា​ជោរ​ជល់​សល់​សែន​ទ្វី ស្រយ៉ុត​ស្លុត​ស្លាំង គាំង​ឥន្រ្ទីយ៍ ឱន​សីរ​ជូលី​សៅ​សោកា ᧦ពាក្យ ។ អួត ។ សង្សារ​សេះ​សត្វ​ខំ​កាត់​ចិត្ត អាណាថ​អាណិត​អាណោច​ណា អ័ក​អួល​ក្តួល​​ក្តៅ​សៅ​ភ័ក្រ្តា គិត​ថា​ឱអញ​ពេញ​សោ​សល់។ អភ័ព​កំណើត​កើត​ជា​សត្វ ទាន់​ព្រះ​ហើយ​បាត់​ផ្លូវ​មគ្គ​ផល​ សំណាង​ពុំ​ចំ​ជា​បុគ្គល នឹង​បួស​សាង​ផល​តាម​ក្សត្រា ។ នេះ​រូប​ជា​សេះ​បួស​ម្តេច​បាន សន្តាន​អាភ័ព​ដូច្នេះ​ណា អញើយ​ស៊ូ​ស្លាប​យក​ជីវ៉ា​ ជា​គ្រឿង​បូជា​ព្រះ ចមក្សត្រ ។ សេះ​ជីរ​បាន​តិច​គេច​មើល​ក្រោយ កន្សែង​សោក​សោយ​ឲ្យ​ស្រង៉ាត់ អស្សុត្តរ​ក៏​បែក​ថ្លើម​ប្រមាត់ ដួល​បាត់​អស្វាត​ខាត​ជីវី ᧨ពាក្យ ។ អួត ។ គ្រានុះ​ នាយ​ឆន្ន​អាមាត្យ​ជាតិ​មេធី ឃើញ​រាជ​ម្នោ​មៃយ៍​ក្ស័យ​ជីវី តក់​ស្លុត​ឥន្រ្ទីយ៍​ភាំង​ភិត​ភ័យ ។ រត់​ទៅ​រត់​មក​ឈ្ងោក​មើល​សេះ ចាប់​ម៉ែះ​មើល​ដឹង​អាការក្ស័យ នាយ​ឆន្ន​សុប​សៅ​សែន​អាល័យ សង្រៃ​វិយោគ​ឱន​សោកា ។ ឱ​អ្នក​គន្ធ​ស្សរាជ​អើយ មិន​គួរ​ឡើយ​មក​សក្ស័យ​ជន្មា ចោល​យើង​ឲ្យ​នៅ​កំព្រា​វេទនា​តែ​ឯង​ទៅ​ក្រុង​ក្រៃ ។ ស្តាយ​អើយ​សែន​ស្តាយ​បង​គន្ធស្ស​មិន​គួរ​មក​អស់​ជីវ៉ា​លៃ ចោល​រូប​ចោល​រាង​កណ្តាល​ព្រៃ​ហាល​ភ្លៀង​ហាល​ថ្ងៃ​ព្រះ​អាទិត្យ ។ កាល​ដើម​យើង​មក​ជា​មួយ​គ្នា ជូន​ព្រះ​រាជា​ចេញ​សាង​ព្រឹឍ ឥឡូវ​អ្នក​មក​សូន្យ​ជីវិត ទាល់​គិត​ទាល់​ចេះ​រិះ​មិន​យល់ ។ អ្នក​ឯង​ពេញ​ជា​សត្វ​ដឹង​គុណ ម្ចាស់​លោក​មាន​បុណ្យ​ចេញ​សាង​ផល​ស៊ូ​យក​ជីវិត​ថ្វាយ​ទសពល សូម​ផល​ឲ្យ​អ្នក​បាន​សុខា ។ តែ​ខ្ញុំ​រស​នៅ​ទៅ​នគរ ក្តី​មរណ​ពុំ​ដឹង​ជា​ថ្ងៃ​ណា ទួញ​ហើយ​នាយ​ឆន្ន​ទន់​កាយា ឱន​ជ្រប់​ភ័ក្រ្តា​សោ​កា​លៃ ។ នាយ​ឆន្ន​កំសាន្ត​ក្តី​វិយោគ ខំ​ក្រោក​ស្រាយ​យក​គ្រឿង​ម្នេ​មៃយ៍ បត់​ដាក់​សំពាយ​ស្ពាយ​ជា​ទៃ ស្រេច​ហើយ​ប្រាស្រ័យ​លា​អសុពា ។ ហៃ​សាក​សព​សេះ​គន្ធស្ស​អើយ ខ្ញុំ​លា​ទៅ​ហើយ​ណា​អ្នក​ណា ថា ស្រេច​ចាប់​គ្រឿង​ស្ពាយ​ម្នី​ម្នា លី​លា​ដម្រង់​ទៅ​ក្រុង​ក្រៃ ។ ថ្លែង​ឯ​ព្រះ​នរិន្ទ​ពិននរនាថ ក្រោយ​ឆន្ន​អាមាត្យ​វិល​វៀង​ជៃ​ស្តេច​នៅ​តែ​ឯង​កណ្តាល​ព្រៃ ព្រះ​ទ័យ​រំពឹង​កង​ត្រៃ​លក្ខណ៍ ។ ទ្រង់​ត្រៃ​ចីវរ​មហា​ព្រហ្ម ជា​សង្ឃ​សក្តិ​សម​អរិយមគ្គ រំសាយ​ព្រះ​ផ្នួង​កេសា​ធ្ាលក់ ចម​ច័ក្រ​ចង់​កាត់​ព្រះ​កេសា ។ តែ​រក​ព្រះ​ខ័ន​កាត់​ពុំ​បាន ក្សត្រ​ក្សាន្ត​គង់​ភ្នែន​លើ​អាស្នា ព្រះ​ហស្ថ​ប្រណម្យ​សច្ចា ប្រនិធាន​បុញ្ញា​ធិការ​ជាក់ ។ បើ​អញ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ វិសែស​វិសុទ្ធ​ក្នុង​ត្រៃ​ច័ក្រ សូម​ឲ្យ​ព្រះ​ខ័ន្ធជុំ​រុស​ធ្លាក់ ទេព្វ​រក្ស​ចូរ​ជួយ​ជា​ទិព្វ​ញាណ ។ លុះ​ទ្រង់​ប្រនិធាន​ចប់​វា​ចា ខ័ន​ថ្លា​ក៏​ធ្លាក់​ចាក​សួគ៌​ស្ថាន ចំពោះ​ព្រះ​ភ័ក្រ្ត​នៃ​ក្សត្រ​ក្សាន្ត ដោយ​តេជ​ពុទ្ធញាណ​ព្រះ​សាស្តា ។ កាល​ណោះ​ព្រះ​ចម​នរិន្ទ​ពិន​លោកា ឈ្មៀង​នត្រទត​យល់​ព្រះ​ខ័ន​ថ្លា ក្សត្រា​ក៏​សោមនស្ស​ក្រៃ ។ ព្រះ​ភ័ក្រ្ត​ផូរ​ផង់​ដូច​វង់​ចន្រ្ទ ព្រះ​ករ​លូក​កាន់​ព្រះ​ខ័ន​ជៃ លើក​ភ្លាង​ទត​ភ្លាង​តាម​និស្ស័យ ក្សត្រ​ថ្លៃ​ទ្រង់​កាត់​ព្រះ​កេសា ។ ព្រះ​ករ​ខាង​ស្តាំ​ចាប់​ខ័ន​ពេជ្រ ព្រះ​ករ​ឆ្វេង​ស្តេច​ចាប់​ចុឡា ទន់​ល្វន់​ហាក់​ដៃ​អយ្យរា កាត់​ព្រះ​កេសា​ចុឡា​បាន ។ កាត់​ស្រេច​សម្តេច​ព្រះ​ចក្រី លើក​ផ្នួង​កេសី​អាទិស្ឋាន​តេជះ​ថា​បើ​អញ​នឹង​បាន ត្រាស់​ជា​ពុទ្ធ​ញាណ​ប្រាកដ​ណា ។ លឿន​លយ​ដោយ​វេហាស៍ ដូច​កល់​មា​លាកម្រង​ភ្ញី ។ មន​លុង​រឿ ។ សច្ចា​សូរេច​ស្រេច​ទ្រង់​បោះ​ ព្រះ ចុឡា​នុះ​ដូច​មាលី អណ្តែត​ត្រសែត​លើ​មេឃី ពោធិ៍​សែន សោមនស្ស​ក្រៃ ។ យានី ។ ថ្លែង​ដល់​សម្តេច​សហស្ស​នេត្រ ជ្រាប​ហេតុ​ព្រះ​នរិន្ទ​ពិន​ភព្វ​ត្រៃ កាត់​ព្រះ ចុឡា​រឿង​រិទ្ធិ​ក្រៃ សហស្ស​នេយ្យ​ក៏​សោម​នស្សា ។ ទើប​ទ្រង់​ក្រោក​ចាក​ទែន​សៃ​យាសន៍ យក​ប្រអប់​មាស​ដ៏​លេខា​អប់​ដោយ​គ្រឿង​ទិព្វ​នៃ​ទេវតា ឥន្រ្ទា​ក៏​ធ្យាន​ហោះ​ចុះ​ខ្មី ។ លុះ​ដល់​យល់​ព្រះ​ចុឡា​ច្បាស់ លយ​លើ​អាកាស​ស្ថាន​មេឃី ឥន្រ្ទា​អញ្ជើញ​ផ្នួង​ពោធី ដំកល​ប្រអប់​ម្នី​ហើយ​វិល​ថ្កាន ។ លុះ​ដល់​​ត្រ័យ​​ត្រឹង្ស​ឥន្ទ​កោសី សាង​ព្រះ​ចេតិយ​មណី​ស្ថាន បញ្ចុះ​ព្រះ​ចុឡា​ចមក្សត្រ​ក្សាន្ត សម្រាប់​ជា​ស្ថាន​ទេព្វ​វន្ទី ។ ចេតិយ​មណី​សុវណ្ណា​បញ្ចុះ​ព្រះ​ចុឡា​នៃ​ពោធិ៍ ថ្វាយ​នាម​តាម​ហេតុ​ផ្លួង​ភូមី ហៅ​ចុឡា​មណី​ទី​នុះ​ណា ។ កាល​ណោះ ឯ​អង្គ​ចៅ​ចម​ត្រ័យ​ត្រឹង្សា បញ្ចុះ​ព្រះ​ភ្នួង​ស្រេច​ហើយ​ណា នាំ​នាង​កញ្ញា​ចូល​ប្រាង្គ​ស្ថាន ។ ដង​ណុះ​មែន​មាន​យក្ខ​ឃោ​ឃៅ តាំង​ទី​លំនៅ​ក្នុង​ស្មសាន ក្រុង​មារ​ឲ្យ​នៅ​រក្សា​ដាន មើល​ស្ថាន​ដើម​ពោធិព្រឹក្សា ។ ថ្ងៃ​មួយ​យក្ខ​យល់​ព្រះ​ពុទ្ធ​អង្គ ស្តេច​គង់​បល្លង្ក​ដ៏​លេខា ក្រោម​ពោធិព្រឹក្ស​មែក​សាខា អសុរា​ឥច្ឆា​ពោធិញាណ ។ គិត​ថា ស្រមណ​នេះ​អហង្ការ មិន​ក្រែង​ក្រុងមារ​រិទ្ធិ​ហាន បើ​ដូច្នេះ​មាន​តែ​អញ​គិត​អាន ឡើង​ទូល​ក្សត្រ​ក្សាន្ត​ក្រុង​មារា ។ គិត​ហើយ​អសុរីសំដែង​រិទ្ធិ ងងឹត​ទូទាំង​ផ្ទៃ​មេឃ​ស្ទុះ​ហោះ​ផ្លោះ​ឡើង​កាន់​វេហាស៍ ត្រង់​ទៅ​សួគ៌ា​មារ​ធិបតី ។ លុះ​ដល់​យក្ខ​ចូល​ទៅ​ម្នីម្នា ឱន​សីរវន្ទា​អាសុរី ទូល​ថ្លែង​ចែង​តាម​រាយ​សេចក្តី បពិត្រ​ធិបតី​ចមសីរសា ។ ឥឡូវ​មាន​ស្រមណ៍​មួយ​អង្គ​អាច មិន​ខ្លាច​អំណាច​ព្រះ​ចេស្តា មក​គង់​នៅ​ក្រោម​ពោធិ៍​ព្រឹក ករុណា​សូម​ទ្រង់​ជ្រាប​សេចក្តី ។ កាល​ណោះ ឯ​ក្រុង​មារា​រឿង​រង្សី បាន​ស្តាប់​យក្ខ​ទូល​សព្វ​សេចក្តី អសុរី​ក៏​ទ្រង់​ក្រេវ​ក្រោធ​ក្រៃ ។ ស្ទុះ​ក្រោក​ទះ​ដៃ​កាង​ក្រទា វ័យៗ​មនុស្ស​ប៉ុន​មេ​ដៃ អហង្ការ​កោង​កាច​កំណាច​ក្រៃ កន្លង​និស្ស័យ​អញ​ហើយ​ណា ។ បើ​ដូច្នេះ​មាន​តែ​ប្រើ​បុត្រី រាគា​អរតី​នាង​តណ្ហា ឲ្យ​ទៅ​ប្រលោម​ដោយ​កាមា គង់​បង់​ចរិយា​សិទ្ធត្ថ​បាន ។ វិស័យ​អ្នក​បួស​មិន​ហួស​កាម ទៅ​ញយ​គង់​ញ៉ាម​តាម​សន្តាន សត្រី​សត្រូវ​ពោធិញាណ ការ​នេះ​គង់​បាន​សម​ប្រាថ្នា ។ គិត​ហើយ​ក្រុង​មារ​ក៏​រីក​រាយ ព្រោះ​យល់​ឧបាយ សម​ចិន្តា​ ទើប​ត្រាស​វើយ​ពួក​ស្នំ​ស្នេហា ទៅ​ហៅ​ធិតា​អញ​វៃៗ ។ គ្រា​នុះ បណ្តាល​នាង​ស្នំ​កាំ​ណាន់​ណៃ ទទួល​ព្រះ​បន្ទូល​ហើយ​ចេញ​វៃ ត្រង់​ទៅ​ប្រាង្គ​ជៃ​រាជ​ធីតា ។ លុះ​ដល់​នាង​ស្នំ​បង្គំ​ទូល បពិត្រ​ឥសូរ​លើ​សីរសា ឥឡូវ​សម្តេច​ព្រះ​បិតា មាន​ការ​យ៉ាង​ណា​ពុំ​ដឹង​ដាន ។ ឲ្យ​តែ​ពួក​ខ្ញុំ​មក​ខ្មាន់​ខ្មី អញ្ជើញ​ម្ចាស់​ទាំង​បី​ទៅ​កុំ​ខាន បិតុ​រង្គ​គង់​ចាំ​នៅ​ក្រៅ​ស្ថាន អញ្ជើញ​កល្យាណ​ឆាប់​ម្នី​ម្នា ។ កាល​ណោះ នាង​មារ​ធិតា​បី​អង្គា ឮ​ហើយ​ក៏​រៀប​តែង​កាយា នាំ​គ្នា​យាត្រា​ឡើង​ប្រាង្គ​ស្ថាន ។ លុះ​ដល់​ឱន​សីរ​លើក​កំបង់ បង្គំ​បិតុរង្គ​ក្នុង​វិមាន កណ្តាល​យោធារិទ្ធិ​ហាន កល្យាណ​គាល់​ស្តាប់​សព្ទ​កិច្ចា ។ កាល​ណោះ ក្រុង​មារ​អសុរិន្ទ​យក្សា យល់​បុត្រ​មក​ដល់​គាល់​អាត្មា សែន​មហា​សោមនស្ស​ហើយ​ត្រាស់​ថ្កាន ។ កូនើយ​ឥឡូវ​ឳមាន​ការ គឺ​សិទ្ធត្ថ​កុមារ​សក្តា​ហាន ចេញ​សាង​បន្ទុំ​ពោធិញាណ ជា​យាន​នៃ​សត្វ​ក្នុង​ភព​ត្រៃ ។ ថា​បើ​បណ្តោយ​ឲ្យ​គាត់​បាន ផ្លូវ​ពោធិញាណ​គ្រា​នេះ​នៃ គាត់​នឹង​ជា​ធំ​ក្នុង​ដែន​ត្រៃ កន្លង​និស្ស័យ​អញ​បិតា​ ។ ហេតុ​នុះ​ចូល​កូន​ទៅលួង​លោម ប្រលោម​ឲ្យ​គាត់​បង់​ចរិយា ដោយ​ការ​លោកីយ៍​ក្តី​កាមា កុំ​ឲ្យ​បាន​ជា​ព្រះ​ពុទ្ធ​បាន ។ កាល​ណោះ កូន​មារ​ទាំង​បី​រិទ្ធិហាន បាន​ស្តាប់​បិតុរង្គ​ឲ្យ​តែង​ប្រាណ ទៅ​លោម​ទ្រង់​ញាណ​ដោយ​វេណី ។ ទើប​ឱន​ទទួល​រ៉ាប់​អាសា​ដោយ​កល់​មាយា​ជា​នារី នាំ​គ្នា​បង្គំ​ចុះ​ចរលី មក​កាន់​ប្រាង្គ​មណី​ទី​អាត្មា ។ ដល់​ហើយ​នាង​បី​សំអាង​អង្គ ដោយ​គ្រឿង​ទេព​ទ្រង់​ដ៏​លេខា មកុដ​កង​អារាម​រឿង​រចនា ភូសា​សម​សក្តិ​សូ​ភ័ក​សាយ ។ ល្អ​រូប​ល្អ​រាង​នាង​អប្សរ ល្អ​កេស​ល្អ​ក​លំអ​កាយ​ល្អ​ឆោម​ល្អ​ឆើត​ឆវី​ឆាយ ល្អ​ទ្រង់​ល្អ​ទ្រាយ​ក្លាយ​កិន្នរ ។ តែង​គ្រឿង​រឿង​គ្រប់​ទាំង​បី​ប្រាណ នាំ​គ្នា​ហោះ​ធ្យាន​ដោយ​អម្ពរ​លឿន​លន់​លើស​លែង​ព្រះ​ទិន​ករ ចរ​ត្រង់​មណ្ឌល​ព្រះ​សាស្តា ។ លុះ​ដល់​មណ្ឌល​ព្រះ​ជិន​ស្រី នាំង​មារ​ទាំង​បី​ឈប់​គិត​គ្នា ពី​គ្រោះ​ថា​យើង​បី​អង្គា ទទួល​អាសា​ព្រះ​បិតុរង្គ ។ មក​លួង​លោម​ចៅ​សិទ្ធត្ថ ឲ្យ​គាត់​ភ្លាត់​ព្រឹឍ​ចាក​ក្រិត្យ​សង្ឃ ឥឡូវ​នឹង​ទៅ​ទាំង​បី​អង្គ ការ​ចង់​ប្រុស​១​ស្រី​បី​នាក់ ។ នឹង​កើត​អៀន​ខ្មាស់​តែ​គ្នា​ឯង ការ​ល្បែង​លោកិយ៍​កើត​ថ្នាំង​ថ្នាក់ បើ​ច្នេះ​មាន​តែ​ចូល​ម្នាក់ៗ ក្តី​ស្មគ្គ​នាង​ណា​ការ​យើង​បាន ។ កាល​ណោះ នួន​នាង​រាគា​កែវ​កល្យាណ ទទួល​ចូល​មុន​ចង់​ក្សត្រ​ក្សាន្ត ទើប​មាន​សទ្ធ​រស​កាន់​កនិដ្ឋា ។ នៃ​ប្អូន​ទាំង​ពីរ​រួមជីវិត ចូរ​ស្ថិត​នៅ​នេះ​ចាំ​បង​រ៉ា បង​នឹង​ចូល​មុន​មើល​កិរិយា ថា​ហើយ​យាត្រា​ក្រាយ​ចរលី ។ មក​ដល់​យល់​អង្គ​ពង្ស​ពុទ្ធា រាគា​មាយា​ដោយ​មេត្រី ព្រះ​អើយ​ព្រះ​គង់​ស្ងៀម​ធ្វើ​អ្វី ប្អូន​ស្រី​ដល់​ហើយ​ចូររ៉ាប់​រ៉ា ។ ម្តេច​ធ្វើ​ព្រងើយ​កន្តើយ​ទាល់ ហាក់​ជា​ពុំ​ស្គាល់​ប្អូន​ពុំ​ងា ប្អូន​នេះ​ឈ្មោះ​កែម​កែវ​រាគា ជា​គូ​ជីរ៉ា​រួម​ជីវិត ។ គួរ​ឬ​មក​គេច​ភ្លេច​ក្តី​ស្នេហា មិន​ប៉ុន្មាន​ខែ​មក​ប្រែ​ចិត្ត​ថា ហើយ​រាគា​ធ្វើហាក់​ស្និទ​ចូល​ជិត​លួង​លោម​ដោយ​កល់​ស្រី ។ រៀម​អើយ​រៀម​រាក់ សម​ភាព​សម​ភក្រ្ត​ហាក់​កោសី មិន​បង់​វង្ស​ជាតិ​ជា​ចក្រី ប្អូន​ស្រីក៏ស្មគ្គ​ស័ក្តិ​ស្មើ​គ្នា ។ ប្អូន​មក​នេះ​ហ្មាយ​ប៉ង​សង្វាត ជា​បាទ​បរិចាក​ព្រះ​រាជា អញ្ជើញ​រួម​អាសន៍​ទីនិន្រ្ទា សន្ទនា​នឹង​គ្នា​សិន​ណា​បង ។ កែវ​អើយ​កែវ​ប្អូន កុំ​ឲ្យ​សោះ​សូន្យ​ក្តី​បំណង លោម​ហើយ​រាគា​បែ​ផ្អៀង​ផ្អង មៀង​ម៉ង​លួច​គន់​ចុង​នេត្រា ។ កាល​ណោះ​ព្រះ​ចម​នរិន្ទ​ពិន​លោកា ទ្រង់​យល់​រាគា​មារ​ធីតា​ មក​លោម​សាស្តា​ការ​លោកិយ៍ ។ ព្រះ​គ្មាន​ក្តី​ត្រេក​ដម្រេក​ទ្រង់ និង​អង្គ​រាគា​កា​ឡ​កិណី ទើប​ត្រាស់​ត្មាស​ដៀល​ពាល​ពុត​ស្រី មេ​អើយ​កុំ​បី​មក​ប្រាថ្នា ។ មេ​ឯង​ឈ្មោះ​រាគ​តែង​រោល​រិត ឲ្យ​សត្វ​ងងឹត​ដោយ​កាមា រោល​បាន​តែ​មនុស្ស​នឹង​ទេវតា ត្រង់​យើង​កុំ​ពា​មក​ព័ទ្ធ​ព័ន្ធ ។ តួ​ចៅ​ដូច​លាមក​អាក្រក់​នៅ ហោច​ទៅ​តែ​ជើង​យើង​ពុំ​ជាន់ ចូរ​ចៀស​ចេញ​ទៅ​ឆាប់​រួស​រាន់ កុំ​មក​កូន​កាន់​នឹង​យើង​ណា ។ កាល​ណោះ នួន​នាង​រាគា​មា​ធីតា បាន​ស្តាប់​បន្ទូល​ព្រះ​សាស្តា ស្តេច​កាត់​ស្នេហា​ការ​វេណី ។ រាគា​ពុំ​សម​ក្តី​បំណង កើត​ទុក្ខ​មុខ​ហ្មង​ខ្មាស់​ពោធិ៍ ទាល់​ចិត្ត​ទាល់​ចេះ​ក្បួន​រាគី ទើប​ថយ​ចរ​លី​មក​ទី​ភាក់ ។ កាល​ណោះ នួននាង​កនិដ្ឋា​ទាំង​ពីរ នាក់​បាន​យល់​បង​ដល់​ទី​សំណាក់ ទើប​សាក​សួរ​ហេតុ​ក្តី​លោកា ។ បងើយ​បង​ទៅ​ប្រលោម​ក្សត្រ​ការស្ងាត់​បាន​ខ្លះ​ឬ​យ៉ាង​ណា ឬ​មួយ​សិទ្ធត្ថ​ពុំ​ស្នេហា បែប​បទ​យ៉ាង​ណា​ប្រាប់​ប្អូន​ផង ។ កាល​ណោះ នួន​នាង​រាគា​កែវ​ស្នេហ៍​ស្នង បាន​ស្តាប់​កនិដ្ឋា​សាក​សួរ​សង ទើប​ចែង​ទំនង​ដោយ​ត្រង់​ស្មោះ ។ ប្អូន​អើយ​សិទ្ធត្ថ​គាត់​មាំ​មួន បង​កួន​ដោយ​កាម​មិន​តាម​សោះ អស់​ចិត្ត​អស់​ចេះ​កេះ​មិន​ចុះ ការ​នុះ​ពុំ​ស្រេច​ក្តី​បំណង ។ តែ​ថា​ទំនង​គាត់​មិន​ស្នេហ៍ ព្រោះ​បង​សៅ​កែ​ទេ​ប្អូន​បង ប្រសិនយ៉ាង​ឯង​ក្មេង​ស្រ​យ៉ង លម្តង​ទៅ​មើល​ប្អូន​អរតី ។ កាល​ណោះ នួន​នាង​អរតី​ស្រស់​ពីសី ទទួល​ចូល​ចង់​ព្រះ​ជិន​ស្រី ទើប​ស្តី​ទៅ​កាន់​នាង​តណ្ហា ។ ប្អូនើយ​ចាំ​មើល​ស្នា​ដៃ​បង ទៅ​លល្បិច​ល្បង​មើល​កិរិយា ថា​ហើយ​ក៏​រៀប​តែង​អាត្មា យាត្រា​ក្រាយ​ករ​ចរ​ចូល​ផ្គង ។ ដល់​ហើយ​អរតី​សម្តែង​ខ្លួន ប្រែ​ក្បួន​បញ្ឈៀង​ពុំ​មៀង​ម៉ង មាយា​គេច​កែ​បំបែ​ខ្នង ផ្អៀង​ផ្អង​លួច​គន់​ចុង​នេត្រា ។ ញញឹម​ញញែម​គ្រហែម​ក្អក ស្តី​ល​ស្តី​ឡក​ដោយ​វា​ចា ព្រះ​អើយ​ព្រះ​អង្គ​គង់​អាស្នា តែ​ឯង​ឯការ​ឥឥ​គូ​គ្រង ។ មើល​ៗ គួរ​តេ​អាលៃ​លន់ មក​ឥត​ប្រពន្ធ​នឹង​ស្នាល​ស្នង រូប​នេះ​ស្រី​ណា អាច​កន្លង តែ​ឃើញ​គង់​ចង​ចាប់​ចេតនា ។ ស៊ូ​​ផ្គាប់​ស៊ូ​ផ្គុន ឲ្យ​អស់​ធន់ ដ៏រាប​អស់​ជន្ម​ជា​មួយ​គ្នា ថា​ហើយ​អរតី​ធ្វើ​មាយា​ចូល​ជិត​អាស្នា​លោម​ពោធិ៍ ។ ព្រះ​អើយ​ព្រះ​បង​ ប្អូន​សូម​ផ្ទុំ​ផង​រួម​វេណី ប្អូន​មក​នេះ​ប៉ង​ផ្ញើ​ជីវី ភូមី​មេត្តា​ការ​សង្វាស ។ ប្អូន​សោត​ពុំ​បាន​ស្រី​ជួ​ជាតិ មាយាត​អ្នក​លែង​ស្វែង​ប្រាក់​មាស ប្អូន​ឈ្មោះ​អរតី​ដំរេក​ណាស់ គួរ​ជា​សង្វាស​ការ​លោកី ។ អញ្ជើញ​ចុះ​មក​យក​ប្អូន​រា ជា​បាទ​បរិចា​ណាចក្រី បំណាច់​ប្អូន​តាំង​ចិត្ត​មេត្រី លោម​ហើយ​អរតី​ឈរ​រាំង​រា ។ កាល​ណោះ ព្រះ​ចម​នរិន្ទ​ពិន​លោកា យល់​នាង​អរតី​លោម​សាស្តា ស្តេច​ពុំ​ស្ហេហា​ប៉ុន​ធូលី ។ ទ្រង់​ត្រាស់​កាត់​កាម​ហាម​អរតី វោះយ​មេ​កុំ​បី​មក​ជូជ៌​យើង​នេះ​សម្រេច​សម្ពោធី ស្រី​ញី​យើង​ខ្ពើម​ឆ្អើម​ណា​ស្សា ។ ឯង​ឈ្មោះ​អរតី​ក្តី​ដំរេក ឲ្យ​សត្វ​ត្រង់​ត្រេក​ក្នុងកាមា ត្រេក​បាន​តែ​មនុស្ស​នឹង​ទេវតា ត្រង់​យើង​កុំ​ពា​មក​ត្រេក​ត្រង់ ។ ចូរ​ចៀស​ចេញ​ទៅ​មេ​លាមក​ កុំ​មក​ញិ​ញក់​យើង​ជា​សង្ឃ មេ​អើយ​មេ​ទៅ​កុំ​រា​រង់ យើង​នេះ​កាត់​បង់​អស់​ហើយ​ណា ។ កាល​ណោះ នួន​នាង​អរតី​មារ​ធីតា​ បាន​ស្តាប់​ពោធិ​កាត់​លោកា ទើប​អៀន​អាត្មា​វិល​ចរលី ។ ថ្លៃង​ឯ​នួន​នាង​ទាំង​ទ្វេហា រាគា​តណ្ហា​ឆោម​នារី យល់​នាង​អរតី​មក​ដល់​ទី នារី​ចៅ​រ៉ៅ​សួរ​ទៅ​ថា ។ អរតី​ព្រលឹង​មាស​បង​អើយ​ ម្តេច​ទៅ​កែ​វើយ​រឿង​លោកា ប្រហាក់​ប្រហែល​ឬ​យ៉ាង​ណា ឬ​ចុះ​ដម្រា​រាគា​បង ។ កាល​ណោះ​នួន​នាង​អរតី​រតន៍​ស្នេហ៍​ស្នង ឮ​នាង​ទាំង​បីរ​សួរ​ដើម​ទង ទើប​ថ្លែង​ទំនង​ដំណើរ​ខ្លួន ។ បងើយ​ការ​ប្អូន​ដែល​ត្រេក​ត្រង់ ទៅ​ចង់​សិទ្ធត្ថ​ដោយ​កាម​កូន ខ្ញុំ​ល​ពុំ​លេច​គេច​ដោយ​ខ្លួន ដូច​ក្បួន​រាគា​កាល​មុន​ណា ។ តែ​ថា​រូប​ខ្ញុំ​ក្រមុំ​ពិត ពុំ​សូវ​ចាប់​ចិត្ត​នៃ​ក្សត្រា បើ​ច្នេះ​គួរ​ឲ្យ​ប្អូន​តណ្ហា គេ​សាវ​សម​ជា​ស្រឡាញ់​បាន ។ កាល​ណោះ នួន​នាង​តណ្ហា​រតន៍ កល្យាណ ទទួល​អាសា​ចង់​ទ្រង់​ណាណ ទើប​ចាត់​ចែង​ប្រាណ​ចរ​ចូល​ថ្វាត់ ។ លុះ​ដល់​តណ្ហា​ដង្ហេយ​ហៅ ព្រះ​អើយ​ព្រះ​ចៅ​ព្រះ​ចម​កស្ត្រ ប្អូន​ឈ្មោះ​តណ្ហា​គូប្រតិព័ទ្ធ ស្តេច​គង់​ស្ងៀម​ស្ងាត់​ពុំ​នាំ​ពា ។ ភ្លេច​ហើយ​ឬ​នៅ​ប្អូន​មេ​ត្រី ប្អូន​ស្រី​បំរើ​ព្រះ​បាទា ឧស្សាហ៍​សូ​តាម​សព្វ​វេលា​លុះ​ត្រា​ជួប​ជាក់​អ្នក​ប្រុស​ថ្លៃ ។ ព្រះ​អើយ​ព្រះ​គុណ ប្រកប​ដោយ​បុណ្យ​បុព្វ​និស្ស័យ ប្អូន​សែន​ស្រឡាញ់​ពេញ​អាឡែ​ក្សត្រ​ថ្លៃ​ចូរ​រ៉ាប់​ក្តី​ស្នេហា ។ អនិច្ចា​មិន​គួរ​មក​ប្រែ​ភក្រ្ត​ធ្វើ​ហាក់​មិន​ស្មគ្គ​ស្មោះ​ចិន្តា ចុះ​មក​ទទួល​ប្អូន​តិច​រ៉ា បំណាច់​តណ្ហា​ប្រាថ្នា​ចង់ ។ កោត​បាន​ភូមរី​មិន​ភីរម្យ កោសុម្ភដល់​ហើយ​មិន​ត្រេក​ត្រង់ អនិច្ចា​បុប្ផា​កេស​របង់ កន្លង់​ខ្ជិល​ត្រិប​ឬ​យ៉ាង​ណា​ ។ កាល​ណោះ ព្រះ​ចមនរិន្ទ​ពិន​លោកា ស្តេច​ទត​ទៅ​យល់​នាង​តណ្ហា ទើប​មាន​បញ្ជា​ត្រាស់​ទៅ​ថ្វាត់ ។ វឺយ​មេ​តណ្ហា​ប្រាថ្នា​កាម កុំ​មេ​មក​តាម​ប្រតិ​ព័ទ្ធ តួ​ចៅ​លាមក​អាក្រក់​ក្តាត់ យើង​ឆ្ការ​កាប់​កាត់​ចោល​បង់​ហើយ ។ ចូល​ចៀស​ចេញ​ទៅ​មេ​តណ្ហា កុំ​មក​ប្រាថ្នា​នឹង​យើង​ឡើយ យើង​អស់​អូរៈ​នឹង​មេ​ហើយ មេ​អើយ​កុំ​មេ​មក​ប្រាថ្នា ។ កាល​ណោះ នួន​នាង​នារី​រតន៍​តណ្ហា ឮ​ពុទ្ធ​បន្ទូល​កាត់​ប្តេជ្ញា កើត​អៀន​អាត្មា​ហើយ​លា​ផ្គង ។ ដល់​ហើយ​នាង​ពីរ​សួរ​សេចក្តី ម្តេច​ទៅ​ប្អូន​ស្រី​ការ​បំណង ប្រហែល​បាន​ខ្លះ​ឬ​មាស​បង​ ឬ​ចុះ​គន្លង​មុន​ដូច​គ្នា ។ កាល​ណោះ នួន​នាង​នារី​រតន៍​តណ្ហា ទូល​ថ្លែង​ចែង​ប្រាប់​បង​ទ្វេ​ហា បងើយ​ដូច​គ្នា​នឹង​បង​ឯង ។ កោត​ចិត្ត​សិទ្ធត្ថ​គាត់​អត់​បាន ពុំ​ល្ហើប​ចាក​ស្ថាន​ដោយ​ការ​ល្បែង អម្បាល​រូប​ខ្ញុំ​រូប​បង​ឯង ចិញ្ចែង​សែង​សាយ​ដូច​ផ្កាយ​ព្រឹក ។ ទោះ​មនុស្ស​ទេវតា​ទាំង​សាកល តែ​យល់​កាល​ណា​គង់ភ្លាំង​ភ្លឹក ព្រះ​សិទ្ធត្ថ​គាត់​ដូច​ដំរី​សឹក​ឥត​ភ្លឹក​នឹង​ភ្លើង​យើង​ទាំង​បី ។ រាគា​ថា​អញ​តែង​រោល​សត្វ​កំចាត់​ឲ្យ​លុះ​ក្នុង​លោកិយ៍​អរតី​ថា​អញ​ត្រេក​មេត្រី ចង​សត្វ​លោកិយ៍ ឲ្យ​ស្រើប​បាន ។ តណ្ហា​ថា​ខ្ញុំ​នាំ​ភ្លើន​ចិត្ត ឲ្យ​សត្វ​ងងឹត​ទូទាំង​ស្ថាន តែ​ព្រះ​សិទ្ធត្ថ​គាត់​ហៅ​ហាន ពុំ​បាន​ចុះ​កល់​យើង​ឡើយ​ណា ។ កូន​មារ​ទាំង​បី​ទាល់​គំនិត កើត​ចិត្ត​ប្រទូស្ត​ទ្រូស្ត​សាស្តា អកុស​លបណ្តាល​ឲ្យ​រូប៉ា ប្រែ​ចាស់​ជរា​ទាំង​ពី​​នាក់ ។ អនិច្ចា​កូន​មារ​កាយ​ពិការ សាច់​ស្វិត​យុល​យារ​ចង្កា​ធ្លាក់ ខ្នង​កោង​កែក​ចង្កេះ​គាត់ ធ្មេញ​បាក់​គ្រហុប​បៀរ​ទឹក​មាត់ ។ ថ្ពាល់​ផត​ភ្នែក​ល្អក​សក់​ស្កូវ​ព្រោង ដោះ​ធ្លាក់​រយោង​ដើរ​គ្រវ័ត ជើង​កោង​ដៃ​កែក​កាន់​ឈើ​ច្រត់ ហាមាត់​ហត់​ហម​ហៀរ​ទឹក​ភ្នែក ។ រាគា​អរតី​នាង​តណ្ហា យល់​រូប​អាត្មា​ពិកា​ប្លែក កើត​ស្តាយ​រួប​កាយ​សែន​សង្វេគ នាំ​គ្នាវី​វេក​សោយ​សោកា ។ រាគា​ទួញ​ថា ឱ​រូប​អញ ពី​ដើម​ពាល​ពេញ​ឆោម​ឆយា ល្អ​លន់​លើស​លែង​ទេព្វ​កញ្ញា ឥឡូវ​មក​ជា​ចាស់​អប្រិយ ។ អរតី​ថា​ឱ​ស្តាយ​អើយ​ស្តាយ រូប​កាយ​កាល​ដើម​ជា​ឆ្នើម​ស្រី​ ឥឡូវ​មក​ប្រែ​កើត​រូប​ថ្មី ជា​ចាស់​អប្រិយ​រូប​អនិច្ចា ។ តណ្ហា​ថា​ឱ​រូប​អញើយ ដើម​ឡើយ​ចំទង់​ទ្រង់​លេខា​ប្រុស​ណា​យល់​ហើយ​គង់​ស្នេហា ឥឡូវ​ប្រែ​ជា​ទុពល​ក្រៃ ។ នាង​មារ​អ័ក​អួល​ក្តួល​ឱរា ស្តាយ​រូប​អាត្មា​ស្ទើរ​បន្លៃ នាំ​គ្នា សង្រេង​រឹង​សង្រៃ ឱប​ដៃ​វិយោគ​សោយ​សោកា ។ លុះ​គ្រាន់​កំសាន្ត​ក្តី​វិយោគ ខំ​ក្រោក​ដោះ​ឡើង​បបួល​គ្នា ថា​យើង​វិល​ទៅ​កាន់​សួគ៌ា ទូល​ព្រះ​បិតា​ឲ្យ​ដឹង​ដាន ។ គួរ​ឬ​ស្រម​នេះ​កាច​លើស​លប់ ចេះ​ធ្មប់​ធ្វើ​យើង​ឲ្យ​បង់​ប្រាណ ថា​ហើយ​នាង​មារ​ផ្លោះ​ហោះ​ធ្យាន ត្រង់​ទៅ​វិមាន​ស្ថាន​សួរ​ស្រី ។ លុះ​ដល់​មន្ទល់​ស្ថាន​មារា នាំ​គ្នា​ចុះ​ចាក​ផ្ទៃ​មេឃី ក្រាយ​ករ​ចរ​ចូល​ក្នុង​ប្រាង្គ​ម្នី ជូលី​បង្គំ​គាល់​បិតុរង្គ ។ កាល​ណោះ​មារា​រឿង​រិទ្ធិ​ចិត្ត​ទ្រនង់ ទត​យល់​បុត្រី​ទាំង​បី​អង្គ ជរា​រូប​ទ្រង់​អាក្រក់​ក្រៃ ។ ក្រុង​មារ​ពុំ​ស្គាល់​ជា​ធីតា ស្មា​ថា​ដូន​ចាស់​ជាតិ​ដ៏​ទៃ ទើប​ត្រាស់​ពុំ​មាន​អធ្យាស្រ័យ វីយ​ចាស់​ចង្រៃ​ចោរ​សាមាណ ។ មក​ពី​ស្ថាន​ណា​ចាស់​កំណាច ពុំ​មាន​កោត​ខ្លាច​យើង​ក្សត្រ​ក្សាន្ត ហ៊ាន​មក​អង្គុយ​លើ​ប្រាង្គ ស្ថាន នរណា​រាប់​អាន​ចាស់​អប្រិយ ។ កាល​ណោះ នួន​នាង​ធិតា​មារ​ទាំង​បី ឱន​សីរ​បង្គំ​ទូល​តបខ្មី បពិត្រ​ធម​បតី​បិតុរា ។ យើង​ខ្ញុំ​ទាំង​បី​មិន​ស្រី​ផ្តាស់ គឺ​បុត្រ​​អម្ចាស់​កើត​កេសា ខ្ញុំ​ឈ្មោះ​រាគា​តណ្ហា អរតី​ធីតា​ណា​បិតុរង្គ ។ ទ្រង់​ប្រើ​ឲ្យ​ទៅ​ចង់​សិទ្ធត្ថា ឲ្យ​គាត់​ភ្លាត់​ព្រឹឍ​ចាក​ក្រឹត្យ​សង្ឃ ព្រះ​សិទ្ធត្ថា​ចិត្ត​គាត់​ពុំ​ត្រេក​ត្រង់ ទើប​បង់​ចំណែង​យើង​គ្រប់​គ្នា​ ។ រូប​កាយ​យើង​ខ្ញុំ​ក្រមុម​ពិត ត្រូវ​រិទ្ធិ​វេទ្យ​មន្ត​សិទ្ធត្ថ​ណា បាន​ជា​ពិកល​ចាស់​ជរា ទូល​ហើយ​នាំ​គនា​សោកាលៃ ។ កាល​ណោះ ក្រុង​មារ​អរុរិន្ទ​រឿង​រិទ្ធិ​ក្រៃ ស្តាប់​បុត្រ​ចែង​ហេតុ​ដូច្នេះ​នៃ តក់​ស្លុត​ហឫទ័យ​នៃ​យក្សា ។ គិត​ស្តាយ​រូប​កាយ​ព្រះ​បុត្រី អសុរី​ក៏​ទ្រង់​ក្រេវ​ក្រោធា ស្ទុះ​ក្រោក​ទះដៃ​កាង​ក្រទា ពះ​វា​ស្រមណ៍​ក្មេង​មិន​ក្រែង​រិទ្ធិ ។ គយរ​ឬ​កូន​អញ​រូប​ស្រឡៅ ឲ្យ​ទៅ​ប្រលោម​ដោយ​ក្តី​ស្និទ ទោះ​ស្ម័គ្រ​មិន​ស្ម័គ្រ ក៏​តាម​ចិត្ត​នរណា​ជំរិត​បង្ខំ​គាត់ ។ បាន​ជា​មក​ធ្វើ​ព្រះ​ធីតា ឲ្យ​បង​កិរិយា​រូប​វិបត្តិ កាច់​ខ្មាស់​ទេវតា​មនុស្ស​សព្វ​សត្វ​អេះ​អត់​ឲ្យ​គាត់​ឯ​ណា​បាន ។ មាន​តែ​លើក​ទ័ព​ទៅ​ចោម​ចាប់​សម្លាប់​ឲ្យ​ក្ស័យ​ប្រល័យ​ប្រាណ ចោល​ទៅ​ក្រៅ​ចក្រ​វាឡ​ស្ថាន ទើប​បាន​សម​មុខ​ស្រមណ៍​ចង្រៃ ។ ត្រាស់​ហើយ​ក្រុង​មារ​សង្កៀត​ធ្មេញ បញ្ចេញ​ស័ព្ទ​កង​ទាំង​ដែន​ត្រៃ វឺយ​ពួក​សេនា​រិទ្ធិ​ក្រៃ ចេញ​ទៅ​វៃៗ​កេណ្ឌ​យោធា ។ ឲ្យ​ព្រម​ចតុរង្គរិទ្ធី​រុទ្ធ​ប្រាំ​ពិល​ស្រមុទ្ធ​ដោយ​គណនា អញ​នឹង​លើក​ទៅ​យុទ្ធនា​ឆាប់ៗ ម្នី​ម្នា​កុំ​ផ្សូរ​ផង ។ គ្រា​នុះ សេនា​រិទ្ធិសាយ​ជា​នាយ​កង​ទទួល​ឱង្ការ​មារ​ទ្រើស​ឃ្នង ចេញ​បរ​ពល់​ផង​តាម​បញ្ជា ។ កេណ្ឌ​ពល​រើស​ពួក​ទេវ​បត្រ រិទ្ធិរុទ្ធ​ខះ​ខែង​ប្លែង​កាយា ខ្លះ​ប្លែង​ជា​នាគ​ជា​គ្រុធ​រាជ សម្តែង​អំណាច​គ្រប​ត្រៃ​ច័ក្រ​ខ្លះ ប្លែង​ជា​ពស់​ហ្លើង​ពភ្លាក់ ខ្លះ​ប្លែង​ជា​ព្យគ្ឃពាល​ម្រឹគា។ ខ្លះ​ចិះ​រាជ​សី​សិង្ហ​តោ ខ្លះ​ជិះ​គោ​ណោ​គោត្រ​ឩដ្ឋលា ខ្លះ​ជិះ​ដំរី​មហឹង្សា កាន់​គ្រឿង​សស្រ្តា​ភ្លឺ​ព្រោង​ព្រាយ ។ ពស់​មារ​ពន្លឹក​អធឹក​ក្រៃ លាន់​កង​ទាំង​ផ្ទៃ​សួគ៌ា​នាយ ចត​ក្បួន​ចតុរង្គ​ពលនី​កាយ ទាំង​រាយ​រៀប​ចាំ​ក្រុង​មារា ។ កាល​ណោះ ឯក្រុង​អសុរិន្ទ​ចៅ​សួគ៌ា លុះ​ស្វាង​អរុណ​ខៃ​មេឃា លីលា​ចូល​ស្រង់​ព្រះ​ជល​ធី ។ ជំរិះ​ស្អះ​ស្អាង​សំអាង​អង្គ វារីក្លិន​ទ្រង់​កេសរភ្ញី ស្នាប់​ព្លោ​ជើង​ងរ​ជរមណី ភូសានា​គី​ខ្នក់​ភ្ញីវ​ល្លិ៍ ។ ជាយ​ក្រៃង​ជាយ​ហ្វៃ​រាយ​ថ្បូង​ប្រោះ ឆ្លង​អង្គ​ផ្កា​ដុះ​អលង្ករ តាប​ទិប​តាប​ទ្រូង​ថ្បូង​រំលេច ព្រះ​ទម្រង្គ​ត្បូង​ពេជ្រ​ដ៏​ពណ្ណរាយ កមុដ​កែវ​អារាម​មាលា​លាយ សូរង​ជរ​ជាយ​រាយ​ភ្នែក​មាន់ ។ ព្រះ​ហស្ថ១​ពាន់​អសូរា ចាប់​ទេព​សស្រ្តា​ស្នា​ធ្នូ​ខ័ន កង​ច័ក្រ​លំពែង​ដាវ​វែង​ស័ន ស្រេច​ឡើង​កើយ​កាន់​ដំរី​ជៃ ។ ដំរី​អើយ​ដំរី​សឹក ហ៊ោ​កង​លាន់​គឹក​ទាំង​ដែន​ត្រៃ ឈ្មោះ​គីរី​មេខលា​ជៃ ធារ​ធំ​ស្គឹម​ស្កៃ​ស្មើ​ឰរា ។ ប្រដាប់​ស្តាប់​ចំចង្កម​ភ្លុក ស្លឹក​ពោធិ៍​ពោង​មុខ​មុក្តា ឆ្នាក់​កែម​សែម​សយ​សុវណ្ណា ភូរ​យ៉ា​ផ្កា​សំយ៉ុង​សំយ៉ាក​យ៉ែង ។ កូប​កោង​កណ្ជោង​កព្ចាក់​ចាំង វាំង​នន​បើក​វបាំង​បិទ​ទិព្វ​ទែង ទង់​ឆ័ត្រ​បាំង​ឆាយ​ព្រះ​សូរ្យ​សែង ភ្លឺ​ចែង​ដែង​ដាស​ពាស​ពសុធា ។ គ្រឿង​ខ្ពស់​ចំរោះ​ចម្រត​រាយ រំភាយ​រំភើយ​ដោយ​វាតា ហ្ម​ក្រាន់​ខ្វាន់​ក្រោយ​មើល​ត្រួត​ត្រា បាន​ឫក្ស​អសូរា​ឲ្យ​លើក​ចរ ។ លុះ​លើក​មក​ដល់​បន្ទល់​ទី យល់​ព្រះ​ពោធិ៍​ឆោម​បវរ គង់​លើ​បល្លង្គ​អលង្ករ ដូច​កល់​កេសរ​រាជ​សីហា ។ ឥត​មាន​តក់​ស្លុត​ប្រចា​មិត្រ សណ្ឋិត​តែ​អង្គ​ឯង​ឯកា ក្រោម​ពោធិ៍​ព្រឹក្ស​មែក​សាខា អសុរា​ក៏​ទឿន​ពួក​ពល់​ត្រៃ ។ វ៉ឺយៗ សេនា​គ្រប់​នាយ​ទ័ព ចូរ​នាំ​គ្នា​ចាប់​ស្រមណ៍​ចង្រៃ បាញ់​ចាក់​ប្រហារ​ឲ្យ​ក្សិន​ក្ស័យ ត​ដៃ​កុំ​ស្តាប់​ចាប់​ឲ្យ​បាន ។ គ្រា​នោះ​បណ្តា​សេនី​ពល់​ទាហាន ឮ​មារ​ឲ្យ​ចូល​ចោម​ទ្រង់​ញាណ​ នាំ​គ្នា​ហ៊ោ​ស៊ាន​ជា​កោលា ។ ខ្លះ​ពួយ​លំពែង​គ្រវែង​ដាវ ខ្លះ​កាវ​សាវ​គោះ​ចោះ​ខិលា ខ្លះ​បាញ់​ធ្នូ​ស្នា​ច័ក្រ​ខ័ន​ថ្លា ចោម​ជុំ​សាស្តា​អនេក​ក្រៃ ។
តេជះ​អំណាច​ទេស​បារមី រក្សា​ជិន​ស្រី​បំបាត់​ភ័យ​ អាវុធ​ក្រុង​មារ​បរា​ជ័យ កើត​ជា​មា​លៃ​កម្រង​ផ្កា ។ ខ្លះ​ជា​ពី​តាន​រំយោល​ភ្ញី ខ្លះ​ជា​មាលី​ភួង​រយ៉ា ខ្លះ​ជា​ដក​លយ​លើ​វេហាស៍ ជា​មហា​អស្ចារ្យ​ពុទ្ធ​វិស័យ ។ កាល​ណោះ ឯ​ក្រុង​មារារិទ្ធី​ក្រៃ យល់​គ្រឿង​អាវុធ​ជា​មាលៃ ក្តួល​ក្តៅ​ហឫទ័យ​​នៃ​យក្សា ។ ទើប​រឹង​ដំរី​ចូល​ចំភ័ក្រ្ត ក្រុង​យក្ស​ចាប់​ច័ក្រ​ដ៏​សក្តា គ្រវែង​ចោល​ចំព្រះ​ភក្រ្តា ដោយ​ចិត្ត​ឥច្ឆា​ព្រះ​ពោធិ ។ ច័ក្រ​គ្រឿង​លឿន​​លើ​អាកាស​ស្ថាន ក្លាយ​ជា​ពី​តាន​កោសុម្ភី សំយ៉ុង​បុប្ផា​សុមាលី​ល្អ​ភ្ញី​អប់​អង្គ​ព្រះ​ចោម​ពល ។ ផ្កា​ក្រង​កម្រង​ចង​រំភាយ សាត់​ដោយ​ព្រះ​ពាយ​អណ្តែត​ដល់ ទក្សិណ​បី​ជុំ​ចូល​ដំកល់​ថ្វាយ​ព្រះ​ទស​ពល​ចម​លោកា ។ កាល​អើយ​កាល​ណោះ ឯរាជ​អសុរិន្ទ​យក្សា យល់​ច័ក្រ​ជា​ព្តាន​ភួង​មាលា អសុរា​ក៏​ក្នាញ់​ក្នុង​ហឫទ័យ ។ គិត​ថា​សិទ្ធត្ថ​គាត់​មាន​បុណ្យ សត្រូវ​ជា​គុន​យល់​ប្លែក​ក្រៃ បើ​ច្នេះ​មាន​តែ​អញ​កែ​ខៃ ប្រាស្រ័យ​ចោទ​យក​បល្លង្ក​រតន៍ ។ គិត​ហើយ​ក្រុង​មា​មាន​ឱង្ការ ហៃ​រាជ​កុមារ​នាម​សិទ្ធត្ថ អ្នក​មក​គង់​លើ​បល្លង្គ​រតន៍ មិន​គួរ​សម​គាត់​គង់​ឡើយ​ណា ។ បល្លង្គរតន៍​នេះ​របស់​យើង សម្រាប់​ដំកើង​ក្នុង​លោកា ហេតុ​អ្វី​មក​យក​ជា​អាស្នា ពុំ​សម​បុញ្ញាធិការ​ចៅ ។ ចូរ​ចុះ​ចេញ​ទៅ​ចាក​បល្លង្ក កុំ​មក​ត​តាំង​រាំង​រា​នៅ​មែន​បើ​ដំអឹង​រឹង​ពុំ​ទៅ តួ​ចៅ​គង់​ខ្ទេច​ដោយ​ដៃ​យក្ខ ។ កាល​អើយ​កាល​ណោះ ឯ​ព្រះ​ពទ្ធ​ពង្ស​ទម្រង់​សក្តិ ឮ​មារ​មា​យា​ស្តី​ប្រតិ​បក្ស​ ចោទ​បល្លង្គ​លក្ខណ៍​នៃ​សាស្តា ។ ទើប​ទ្រង់​ញញឹម​ប៉ប្រិម​ភក្រ្ត ប្រាស្រ័យ​តយក្ខ​ឥត​ត​ក្រមា វ៉ឺយ​មារ​ហេតុ​អ្វី​មក​ចរ​ថា មោសា​ថា​រតន៍​បល្លង្គ​ខ្លួន ។ បល្លង្គ​នេះ​គឺ​កើត​ដោយ​បុណ្យ យើង​សាង​បី​មុន​មក​មាំ​មួន ហេតុ​អ្វី​មារ​មក​កែ​សំនួន​ខ្លួន​តើ​មាន​អាង​បន្ទាល់​ណា  ។​ កាល​អើយ​កាល​ណោះ ឯក្រុង​អសុរិន្ទ​យក្សា​ឮ​ពុទ្ធ​បន្ទូល​ត្រាស់​ច្នេះ​ណា ទើប​មាន​វា​ចា​តប​ជិន​ស្រី ។ វ៉ឺយ​ចៅ​សិទ្ធត្ថ​កុំ​មាត់​រឹង បើ​ចៅ​ចង់​ដឹង​ពី​សាក្សី យើង​មាន​ទី​អាង​នឹង​សេនី យោធី​នៃ​យើង​ទាំង​អស់​គ្នា ។ គេ​សឹង​ដឹង​ឮ​ទាំង​សោ​ឡស ថា​ជា​របស់​យើង​មារា តួ​ចៅ​ថា​របស់​នៃ​អាត្មា មាន​អាង​នរណា​ជា​សាក្សី​។ កាល​អើយ​កាល​ណោះ​ព្រះ​ចម​នរិន្ទ​ពិន​មុនី ត្រាស់​តប​កាន់​មារ​ដោយ​ទាន់​ទី យើង​មាន​ធរណី​ជា​ភី​យ៉ាន ។ កាល​យើង​សាង​សម​ព្រះ​បារមី យក​ផ្ទៃ​ផែន​ដី​ជា​ប្រធាន ជ្រួច​ទឹក​នឹក​ជា​ទិព្វ​ភី​ញាណ ទើប​បាន​បល្លង្ក​ទាំង​ច្នេះ​ណា ។ ត្រាស់​ស្រេច​ស្តេច​ហៅ​នាង​ធរណី​នា​ងើយ​ជា​ទី​សក្តិយា ចូរ​ផ្ទុះ​ឡើង​ឆាប់​ឥឡូវ​រ៉ា ចូរ​ជា​សាក្សី​ពោធិញាណ ។ ថ្លែង​ដល់​នាង​ហ៊េង​ព្រះ​ធរណី តាំង​ទី​នៅ​ក្រោម​ផែន​ដី​ដាន ឮ​ពុទ្ធ​បន្ទូល​ប្រោស​ហៅ​ប្រាណ កល្យាណ​ពុំ​ហាន​ឈប់​រា​រង់ ។ ទើប​បើក​ស្រទ័ប​ពសុធា ផ្ទុះ​ឡើង​ម្នីម្នា​ចំពោះ​អង្គ សម្តែង​ព្រះ​កាយ​នៃ​ឆោម​យង់ ឲ្យ​ក្រុង​មារា​យល់​អាត្មា ។ កាល​អើយ​កាល​ណោះ ឯក្រុង​អសុរិន្ទ​យក្សា​បែ​យល់​នាង​ហ៊េង​ទេព្វ​កញ្ញា ឈរ​ខាង​សាស្តា​អស្ចារ្យ​ក្រៃ ។ ក្រុង​មារ​អភិប្រាយ​និយាយ​ឡក ចំអក​តអង្គ​ព្រះ​ចម​ត្រៃ វ៉ឺយ​ៗ សុទ្ធ​ត្ថ​កប​សីល​សៃ ហេតុ​ច្នៃ​យក​ស្រី​ជា​សាក្សី ។ ដែល​មាន​ឬ​ភេទ​អ្នក​សាង​ព្រឹឍ មាន​ស្រី​នៅជិត​មិត្រ​មេត្រី កើត​ហេតុ​អាង​យក​ជា​សាក្សី តាំង​ស្រី​ជា​ត្រី​មុខ​ច្នេះ​ណា ។ គ្រា​អើយ​គ្រា​នុះ នួន​នាង​ធរណី​ទេព្វ​កញ្ញា ឮ​មារ​ចំអក​ឡក​លញ្ជា តើប​តប​មារា​ដោយ​ឆាប់​ខ្មី ។ វ៉ឺយ​មារ​លាមក​គម្រក់​កាក ចៅ​មក​ពោល​ពាក្យ​ពុំ​ជួក្តី ចៅ​យក​ពល​ឯង​ជា​សាក្សី ត្រូវ​ហើយ​អសុរី​ច្បាប់​បូរាណ ។ ឯ​យើង​ជា​ស្រី​សាក្សី​ព្រះ ទ្រង់​លះ​កាត់​កាម​តាម​ពុំ​បាន កាល​ទ្រង់​សន្សំ​ពោធិញាណ យើង​បាន​ដឹង​ឮ​សព្វ​ប្រការ ។ មួយ​កាល​បំពេញ​ព្រះ​បារមី ជ្រួច​ទឹក​លើ​ដី ជា​ឱឡា លុះ​បាន​ត្រាស់​ជា​សាស្តា​ចារ្យ បល្លង្ក​បណ្តាល​កើត​ជាក់​ស្តែង ។ ខ្លួ​ចៅ​ពុំ​មាន​កសាង​អ្វី ហាន​មក​ស្រដី​ថា​ផង់​ឯង ថា​ហើយ​នាង​ស្រាយ​កេសា​វែង ច្បូត​ផ្នួង​ខ្វាត់​ខ្វែង​លើ​ពល​មារ ។ តេជះ​អមណាច​នាង​ធរណី វា​រី​ហូរ​ឡើង​មហោឡារ​កើត​ជា​សាគរ​ដ៏​ធំធារ លិច​លង់​ពល​មារ​វិនាស​ប្រាណ ។ អនិច្ចា​ពល​មារ​លិច​គង្គា វេទនា​លើស​លន់​ពន់​ប្រមាណ ខ្លះ​ឈ្លក់​ខ្លះ​ឆ្លាម​ថ្ករ​កាត់​ប្រាណ ខ្លះ​ទឹក​កួច​ច្រាន​ផាត់​ក្សិន​ក្ស័យ ។ ខ្លះ​សោត​សេះ​ជាន់​ដំរី​ច័ក្រ ជើង​បែក​ដៃ​បាក់​ធ្លុះ​ធ្លាយ​ផ្ទៃ​ ខ្លះ នឿក​នាគ​ត្រី​កាត់​អស្រ័យ ឈម​ដាស​ពាស​ផ្ទៃ​ព្រះ​ជល​ធី ។ ទឹក​ជោរ​ហូរ​ជល់​ដល់​អាកាស ពល​មារ​ស្លាប់​ឌាស​ទាំង​ប្រថពី​សល់​នៅ​តែ​រាជ​អសុរី នឹង​បាគឺ​រី​មេខល ។ កាល​អើយ​កាល​ណោះ​ឯ​ក្រុង​អសុរិន្ទ​រាជ​មារា យល់​ពល​អាត្មា​សូន្យ​ជីវា មើល​យល់​វេទនា​សល់​សែន​ទ្វី ។ កើត​ចិត្ត​ភិត​ខ្លាច​ព្រះ​ជល​សៃ ជោរ​ជល់​ប្រលៃ​ដល់​ជីវី អសុរី​ទន់​ចិត្ត​ចុះ​ពោធិ៍ អស់​រិទ្ធី​រា​វិត​សាស្តា ។ ទើប​ឱន​កំបង់​ផ្ចង់​ជូលី លើ​ខ្ន​គីរី​មេខលា សូត្រ​សរ​សើរ​គុណ​ព្រះ​រតនា អរហិសម្មត្រា​ដល់​ចប់ ។ ក្រុង​មារ​អប្បរាជ័យ​ចាញ់​បុណ្យ យក​ពុទ្ធ​គុណ​តាំង​គោរព ទទួល​សរណគមណ៍​ចប់​ភព្វ ស្រេច​វិល​ត្រឡប់​ទៅ​វិមាន ៕



                                          (ចប់​រឿង​បឋម​សម្ពោធិ​ដោយ​សង្ខេប )

No comments:

Post a Comment