មង្គល
៣៨ ប្រការ
វ៉ាយ
វិបុល
របៀបតែងកាព្យ
បទព្រហ្មគិត
សូមមេត្តាអានសង្កេតកាព្យដ៏ល្អនេះ
មង្គល
៣៨ ប្រការ
បទព្រហ្ម គិត
ដោយ
វ៉ាយ
វិបុល
- ការមិននៅនិត្យនែប មិនគប់សេពនឹងជនពាល
តែងបំបាត់បាបរាល បានសុខពិតប្រណីតក្រៃ
។
- ការរួមសេពគប់មិត្ត ជនបណ្ឌិតឥតកាឡៃ
តែងបានសុខប្រពៃ សួគ៌ាល័យព្រហ្មនិព្វាន។
- កិរិយាបូជាពិត គោរពស្និទ្ធអ្នកសីលទាន
គួរគោរពប៉ុន្មាន បីនេះបានមង្គលថ្លៃ។
- ការនៅក្នុងប្រទេស ឥតមានធ្វេសដោយប្រពៃ
មានពុទ្ធសាសនថ្លៃ ឥតកែច្នៃដោយសមគួរ
។
- ភាពជាអ្នកមានបុណ្យ ធ្វើទុកមុនមិនឣួមួ
មិនមានចិត្តជងជួ ប្រាថ្នាសុខសួគ៌និព្វាន
។
- ការតម្កល់ចិត្តខ្លួន ឲ្យស៊ប់សួនក្នុងសីលទាន
ទាំងបីជាប្រធាន នៃមង្គលដ៏ឧត្ដម។
- ភាពជាអ្នកដែលមាន បានសូត្ររៀនដោយខិតខំ
ប៉ិនស្ដាប់ប៉ិនសន្សំ សីលឧត្ដមនិងសុតៈ
។
- សេចក្ដីវៃឈ្លាវឆ្លាស់ ឆ្លាតយល់ណាស់ដឹងជាក់លាក់
ក្នុងហត្ថ:កម្ម: អ្នកបួសជាក់និងគ្រហស្ថ
។
- វិន័យដែលបុគ្គល សិក្សាយល់ឥតចន្លោះ
យល់កិច្ចកលកៀនកោះ អស់មូលសមុដ្ឋានផង។
- វាចាដែលជនពោល ពាក្យត្រូវគោលដៅចម្បង
ពាក្យប្រពៃកន្លង បួននេះផងមង្គលពិត។
- ការបម្រើមាតា និងបិតាថ្លាពិសិដ្ឋ
ការសង្គ្រោះកូនពិត ប្រពន្ធស្ថិតក្នុងធម៌ថ្លៃ
។
- ការងារមិនលាយឡូក មិនច្របូកច្របល់ក្រៃ
ទាំងបួននេះឯងនៃ មង្គលថ្លៃឧត្ដមពិត ។
- ការបរិច្ចាគទាន ទុកជាស្ពានដ៏ប្រណីត
ការខំប្រឹងប្រព្រឹត្តិ សុចរិតធម៌ប្រពៃ។
- ការសង្គ្រោះដល់ញាតិ ជាប់មិនឃ្លាតទាំងប្រុសស្រី
ការងារមិនមានភ័យ ចាកទោសពៃរ៍គ្រប់វេលា
។
- ទាំងបួនជាកំណត់ ជាក់ប្រាកដតាមគាថា
ប្រែជាឃ្លាខេមរា ត្រាស់ទុកថាមង្គលថ្លៃ
។
- សេចក្ដីមិនត្រេកអរ មិនសាទរបាបដាបក្រៃ
និងកិរិយាវៃ លៃលាវៀរចាកបាបផង ។
- ការសង្រួមមិននឹក មិនក្រេបផឹកទឹកសៅហ្មង
សុរាក្លាចម្បង មេរ័យផងគ្រឿងស្រវឹង ។
- សេចក្ដីមិនប្រមាថ ក្នុងធម៌ស្អាតជាទីពឹង
ទាំងបីយ៉ាងនេះហ្នឹង ជាទីពឹងមង្គលពិត
។
- សេចក្ដីគោរពស្មោះ ត្រង់ចំពោះជនប្រណីត
ជនគួរគោរពពិត ការប្រព្រឹត្តបន្ទាបខ្លួន ។
- និងសេចក្ដីត្រេកអរ សន្ដោសធម៌សសមសួន
ចំពោះរបស់ខ្លួន ដែលខ្លួនមានធនធានពិត
។
- ភាវ:នៃបុគ្គល អ្នកដឹងយល់ស្គាល់ប្រណីត
ឧបការ:ពិត អ្នកឆ្ងាយជិតធ្វើដល់ខ្លួន ។
- ការស្ដាប់នូវព្រះធម៌ តាមកាលល្អបវរចួន
ទាំងប្រាំនេះគ្រប់ធួន គត់មត់មួនមង្គលថ្លៃ។
- រីសេចក្ដីអត់ធន់ ភាវ:ជនដែលប្រពៃ
គេប្រដៅងាយស្ដី បានឥតបីមាន:រឹង។
- ការឃើញជាក់ជួបចំ ពើបប៉ះស្រមណ៍ជាទីពឹង
ការសួរឆ្លើយចង់ដឹង ប្រឹងដោះស្រាយកាយអត្ថា។
- នូវធម៌គួរតាមកាល ស្អាតវិសាលវិសេសថ្លា
ទាំងបួននេះឯងណា មង្គលថ្លៃថ្លាឧត្ដម
។
- សេចក្ដីព្យាយាមដុត ធម៌បាបសុទ្ធទាំងតូចធំ
កិរិយាប្រព្រឹត្តិចំ ព្រហ្មចរិយាថ្លៃ។
- កិរិយាឃើញប្រណីត សច្ចពិតធម៌ប្រពៃ
ការធ្វើឲ្យច្បាស់ន័យ ជាក់សេចក្ដីព្រះនិព្វាន។
- ទាំងបួននេះឯងណា គួរសិក្សាក្នុងសន្តាន
ជាមង្គលថ្កើងថ្កាន ជនគ្រប់ប្រាណក្របានយល់
។
- ចិត្តនៃជនឯណា ក្នុងលោកាមិនកង្វល់
លោកធម៌ប៉ះដល់ នៅនឹងថ្កល់មិនញាប់ញ័រ ។
- មិនមាននូវសំណោក វិយោគសោកបោកខ្ទាខ្ទរ
មានធូលីចេញចរ តម្រេកអរប្រាសចេញហើយ។
- ជាចិត្តសុខក្សេមក្សាន្ត សន្តិឋានបានដល់ត្រើយ
ទាំងបួននេះឯងហើយ ជាមង្គលដ៏ឧត្ដម។
- ទេវាមនុស្សា សទ្ធាថ្លាបានខិតខំ
ធ្វើនូវមង្គលចំ ជាក់ឧត្ដមដូច្នេះហើយ
។
- ជាអ្នកមិនចាញ់ចាល គ្រប់ទីកាលទាំងពួងឡើយ
តែងដល់ផលឥតស្បើយ សុខត្រានត្រើយសេរីផង
។
- នេះឯងមង្គលថ្លៃ សាមប្រាំបីខ្ញុំចារចង
កាព្យព្រហ្មគីតិផង ចប់គ្រប់កងដោយបរិបូរណ៍។
No comments:
Post a Comment