Sunday, 5 June 2016

កំដៅព្រះអាទិត្យឬសូរ្យាក្នុងគិម្ហរដូវ     ​

មហា លី​ សេន

                           ​​​​​​​​របៀបតែងកាព្យពាក្យ៨​​ ធម្មតា




កាព្យពាក្យ៨ធម្មតា  តាមការសង្កេតឲ្យបានច្បាស់លាស់ គឺវាក្លាយមកពីបទបដ្ធ្យាវត ប៉ុន្តែមិនមែនជាភាសាបាលី​​​​​​​​​​​​​​​​​​​ទេ ហើយកាព្យពាក្យ៨ធម្មតាបែបនេះ កវីនិពន្ធយើងចូលចិត្តយកមកនិពន្ធបទចំរៀងណាស់។នៅក្រោមនេះ ខ្ញុំសូមដកស្រង់បទចំរៀងខ្លះ ដែលបាននិពន្ធដោយរៀមច្បងយើងដែលបានប្រើកាព្យបែបនេះជាចំរៀង។

   ​​​​​​​សូមមេត្តាអានសង្កេតកាព្យដ៌ល្អនេះ

               សូរ្យាចែងចាំងឡើងខ្លាំងក្លាណាស់       ផ្ទៃមេឃអាកាសស្រឡះលើសលែង
               ដែនដីក្រៀមពេកស្ងួតបែកក្រហែង      ជើងមេឃបែកផ្សែងហាក់ក្រែងនឹងឆេះ។
               ពួកស្មៅត្រូវក្តៅស្លោកស្លាប់ក្រញង់      រីស្លឹកឈើផងសម្បុរប្រផេះ
               ជញ្រាំងវាលស្រែស្ទើរតែនឹងឆេះ          គោក្របីសេះកញ្រ្ជោលរកទឹក។
               សត្វជ្រូកមាន់ទាភ្លេចរកចំណី              បក្សារកឆីតែពេលព្រឹកៗ
               ពួកមនុស្សស្រីប្រុសចុះរកងូតទឹក         ត្អូញថ្ងូរពន្លឹកស្រែកថាក្តៅៗ។
   (​កំដៅព្រះអាទិត្យឬសូរ្យាក្នុងគិម្ហរដូវ  មហា សុខុមាលី-សេន ឥន្ទប្បញ្ញោ
អាចារ្យ​សាលា​បាលី​រង​វត្ត​ផ្នោ​រកា ខេត្ដ​ឃ្លាំង (កម្ពុជា​ក្រោម))

................................................................................................................................................

  
   កូនខ្មែរត្រូវថែរឿងបី

              បើមិនបានជួយ​​ស្ទួយជាតិធំដុំ       តែសុំកុំបំផ្លិចបំផ្លាញជាតិ
             ស្នេហ៍ទឹកដីមានន័យស្នេហាជាតិ   សូមសន្តានញាតិត្រូវចង់ចាំច្បាស់។
             ដីខ្មែរកេរដូនតាធំអស្ចារ្យ    ​          នឹកឃើញកាលណាសែនស្រណោះណាស់
         ​    ដីផ្ទៃក្រឡាចេះតែបង់បាត់            ដោយមិនប្រយ័ត្នល្បិចចោរឈ្លានពាន។
             ល្បិចចោរអប្រិយចោរលួចទឹកដី    វាខំបំភ្លៃប្រើគ្រប់វិធាន
            តាមចិត្តសាស្រ្តឬតាមផ្លូវសង្រ្គាម   ចិត្តវាព្យាយាមចាំតែឱកាល។
            បើខ្មែររវល់តែឈ្លោះទាស់គ្នា         បែកសាមគ្គាមិនព្រមផ្សាផ្សៈ
            ចោរមានឱកាសប្រើវិធីសាស្រ្ត       ឲ្យមានពួកបក្សពាក់មុខដាក់គ្នា។
            ខ្មែរមិនបានគិតរឹតតែឈ្លោះគ្នា      ច្រើនលើកច្រើនគ្រានាំកម្ពុជា
            ជួប​វេទនី​​​​​​​​​​​​សែនវេទនា                    ថ្ងៃខ្មែររួមគ្នាចោរវាអស់ល័ក្ខណ៍។
            កើតជាកូនខ្មែរត្រូវថែរឿងបី          ទីមួយទឹកដី​ត្រូវដឹងឲ្យជាក់
            ទីពីរប្រពៃណីអក្សរសាស្រ្ត           ទីបីល្អណាស់ត្រូវរួមសាមគ្គី។
           ចូរខ្មែរភ្ញាក់ឡើងកុំនៅស្ងៀមទៀត ​ត្រូវគិតរឿងជាតិទាន់រឿងនៅថ្មី
           ចូរខ្មែររួបរួមទាំងប្រុសទាំងស្រី      ចូរខំឃ្មាតខ្មីដីយើងចាំអ្នក។
                                               

                                                          ផៃ ផាន់ណា (សម្បត្តិ)



______________________________________________________________________
                 (ដកស្រង់ចេញពី បទពិចារណា របស់ ប៊ុត សាវង្ស)
                              និពន្ធដោយ ឧបាសក គុយ សាធន
                              ​​
                                        អាគមផ្សំអាយូស
                                        បទពាក្យ៨

វាយោបក់ផាត់បន្សាត់ពពក        ចន្រ្ទាយាងមកបំភ្លឺផែនដី
សន្សើមក៏ធា្លក់ក្នុងពេលរាត្រី       ឈើលាស់ត្រួយថ្មីជម្រុះស្លឹកចាស់ ។
ជំនោរត្រជាក់ធ្លាក់ពេលជិតភ្លឺ      លង់លក់មិនឮមាន់រងាវដាស់
ក្មេងកាន់តែធំខ្ញុំកាន់តែចាស់        ទារកកើតផ្លាស់ចាស់ស្លាប់ពេញដី ។
សប្បាយនឹងវ័យក្មេងខ្ចីសោភា      ភ្លេចគិតជរាយកជាចំណី
នឹងមានថ្ងៃមួយស្លាប់ចាប់ភពថ្មី   បាបក្តីបុណ្យក្តីកម្មអ្នកចាត់ចែង។
ពីតូចដល់ធំងំដោយកង្វល់            ក្នុងចិត្តឥតខ្វល់ភ្លើងឆេះឥតផ្សែង
ថាកូននៅតូចលំបាកខ្លួនឯង        ដល់ធំស្វះស្វែងជួយឯងវិញហើយ ។
សេចក្តីសង្ឃឹមបានត្រឹមខកចិត្ត    កូនខ្ញុំធំពិតធំឥតកោះត្រើយ
ធំលប់ម៉ែឪកប់បាត់អស់ហើយ    ឱម្ចាស់ថ្លៃអើយធំហួសពឹងបាន ។
កូនតូចព្រួយតូចកូនធំព្រួយធំ       កូនពេញក្រមុំព្រួយនឹងថែប្រាណ
ឯកូនកំលោះសោះតែនឹងខាន      ចូលផ្ទះថ្មើរម៉ានបានរឿងតែម្តង ។
ក្រមុំលលេងជាមួយកំលោះ         ជ្រុលខូចខ្លួនអស់អ្នកណាចម្លង
ខុសទាំងមេបាប្រហារគភ៌ផង      ខុសធ្ងន់កន្លងព្រោះលង់គំនិត ។
សប្បាយនឹងស្រាសង្ហានឹងស្រី      ឆ្លងរោគអប្រីយ៍អស់ន័យជីវិត
មនុស្សមានតម្លៃហេតុអ្វីមិនគិត   បន្ថោកជីវិតដូចជាល្បែងលេង ។
ចង់តម្កើងប្រាណឱ្យបានខ្ពង់ខ្ពស់    តែត្រូវអាប់យសព្រោះតែទាស់ទែង
រឿងរីករាលធំរឹតតែវង្វេង             ស្លាប់ដល់គេឯងព្រោះសម្តីថ្លោស ។
សម្តីហួសប្រាជ្ញអាចបណ្តាលភ័យ   សម្តីឥតន័យតម្លៃធ្លាក់ចុះ
សម្តីរោយរាយបណ្តាលកំហុស     ប្រាជ្ញឥតសន្តោសគ្រោះព្រោះសម្តី ។
ទំនាស់បែកបាក់ធ្លាក់ដល់អន្តរាយ   ខំសាងពីនាយខូចគ្មានសល់អ្វី
ខូចឈ្មោះម្តងហើយពុំងាយកែថ្មី      គ្រប់អ្នកដើរក្តីគ្មានអ្នកណាល្អ ។
រស់នៅទៅមកឥតស្គាល់ទីតាំង        វែកនៅនឹងឆ្នាំងឥតស្គាល់សម្ល
ឆ្កែដេកលើស្រូវឥតស្គាល់អង្ករ          រស់នឹងព្រះធម៌នៅតែទាស់គ្នា ។
សត្វហើរតាមខ្យល់ឥតស្គាល់វេហា   ត្រីក្នុងជលសាឥតស្គាល់គង្គា
ជន្លេនរុកដីឥតស្គាល់ពសធា            រស់រងវេទនាមិនស្គាល់ក្តីទុក្ខ ។
វាលវដ្តសង្សារមិនអាចរៀបរាប់      សុទ្ធសឹងតែធ្លាប់ជាម្តាយឪពុក
ឥឡូវលែងស្គាល់ចិត្តក្តៅគគុក         ប្រឆាំងទល់មុខបុករុកសាសនា ។
ខំយកឈ្នះចាញ់អញឥតលើកលែង   សូម្បីឈាមឯងក៏ឥតមេត្តា
សុខចិត្តអារសាច់ជូនទៅខ្លា               ឱ្យតែអាត្មាបានឈ្នះមួយគ្រា ។
យកឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី   ឈ្នះអ្នកដទៃនាំពៀរវេរា
បើឈ្នះខ្លួនឯងទើបល្អជា               សុខគ្រប់វេលាជីវិតប្រិមប្រិយ ។
សន្សំកុសលបានផលបុណ្យស័ក្កិ    សន្សំមាសប្រាក់បានថ្នាក់សេដ្ឋី
សន្សំចាក់រុកបានទុក្ខព្រួយភ័យ        ស្លាប់ទៅអវីចីព្រោះសន្សំខុស ។
សូមធម៌មេត្តាលោកកុំបីភ្លេច      ​    តាមជាប់ជានិច្ចនឹងជនប្រុសស្រី
សូមឱ្យទោសៈដាក់ខ្លួនទាបចុះ     ​​​    កុំនាំកំហុសដល់ជនគ្រប់គ្នា ។
ធ្វើគថ្លងខ្លះច្បាស់ជាប្រពែ              ​ ពោលច្រើនឥតន័យនាំគេនិន្ទា
ត្រចៀកឮច្បាស់ឥតខ្វះមួយឃ្លា   ហេតុហួសពណ៌នាធ្វើថ្លងសិនទៅ ។
មាត់អ្នកដទៃពុំអាចនឹងឃាត់       ត្រូវមានអំណត់សតិតាំងនៅ
សំឡេងយើងល្អរឿងហួសជម្រៅ    ធ្វើគសិនទៅកុំអាលឮមាត់​ ។
សូមធម៌អំណត់ព័ទ្ធធម៌អំណាច  ព័ទ្ធធម៌កោងកាចព័ទ្ធល្វីងជូរចត់
ធម៌ចាក់រុកគ្នាក្នុងសង្សារវដ្ត         សូមធម៌អំណត់ហ៊ុមព័ទ្ធឱ្យជិត ។
សូមដួងចន្រ្ទាជួយជាបញ្ញា          សូមដួងតារាជួយជាគំនិត
សូមដងគិរីជួយបាំងឱ្យជិត            ឱ្យអំណត់ពិតផុតពីអន្តរាយ ។
សូមព្រះវាយោជួយកម្លាំងចិត្ត      សូមព្រះអាទិត្យជួយកម្លាំងកាយ
សូមព្រះអគ្គីជួយពីចម្ងាយ            សត្រូវឱ្យក្លាយជាកងការពារ​​​ ។
សូមព្រះធរណីជួយរៀបចាត់ចែង  សូមព្រះសូរ្យសែងបំភ្លឺគ្រប់គ្រា
សូមឱ្យធម្មជាតិជាញាតិនឹងគ្នា     សូមព្រះគង្គាជួយគ្រប់ទិសទី ។
ឱ្យខ្មោចក្នុងក្រៅខ្លបខ្លាចព្រះគុណ សូមព្រះពិរុណជួយប្រសិទ្ធី

ឱ្យធម៌កោងកាចកប់ក្នុងធរណី     ឱមៈប្រសិទ្ធី វិ. សុ.​អ  ។





................................................................................................................................................




































 
























No comments:

Post a Comment