សេកសារិកា
ហ្លួងអក្ខរាវិសេសដូង
របៀបតែងកាព្យ៧
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
សេកសារិកា
ហ្លួងអក្ខរាវិសេសដូង
ពិនិត្យដោយសាស្រ្តាចារ្យលី
សុវីរ
បទពាក្យ ៧
១. នេះនឹងថ្លាថ្លែងចែងចរចា ល្បើកល្បងល្បែងល្បាយចាយកាព្យា
ប្រាំពីរពាក្យពិតគិតមួយឃ្លា ចងជានិទានមានសេចក្កី។
កាលនោះមានមែនសេកសោមសត្វ ប្រាជ្ញប្រាយស្រាយកាត់អាថ៌បាលី
សម្បុរស្រស់ស្រេវខៀវខឹមខ្ចី សំដីពិរោះស្មោះសោះសា។
ជាសេកព្រះមហោសថ៏នៅនគរ បវររម្យរាជមិថិលា
ឯស្តេចសោយរាជ្យនោះនាមា ឈ្មោះថាវិទេហរាស្រ្តក្សត្រថ្លៃ។
ព្រះមហោសថ៌ហៅសេកសោមបណ្ឌិត ហៃបាដួងចិត្តដួងហឫទ័យ
អញនឹងប្រើបាទៅក្រុងក្រៃ ពិជ័យបញ្ចារាជសីមា។
៥. ដ្បិតថាព្រះមហាក្សត្រចុល្លណី នឹងថ្វាយបុត្រីទ្រង់នាមា
បញ្ចាលចន្ទីរាជធីតា មកជាមហេសីម្ចាស់យើងអាយ។
ថាមែនដូចនោះឬដូចម្តេច ឬធ្វើកលកិច្ចគិតឧបាយ
បញ្ឆោតឲ្យទៅដល់ស្រុកនាយ ក្លែងក្លាយគិតកាប់សម្លាប់គ្នា។
ឮថាព្រះមហាក្សត្រចុល្លណី ចិញ្ចឹមនាងស្រីសត្វសារិកា
ទុកទ្រុងប្របទីទែនសយនា
ចិន្តាគិតការជាសុខុម។
ពីរនិងព្រាហ្មណ៏នាមឈ្មោះជា អាចារ្យកែវវឌ្ឍន៏ព្រហ្មណ៏ជាធំ
នៅក្នុងក្រឡាទែនបន្ទំ
នេះសមសារិកាដឹងមិនខាន។
បាទៅល្បងលោមនាងសារិកា ឱ្យបានជាក់ជាគូរួមឋាន
សួរសាកកិច្ចកាឲ្យដឹងដាន ឆាប់វិលវឹងថ្កានណាសេកណា។
១០.
ផ្តាំហើយទើបអង្គព្រះមហោសថ៌ ប្រាជ្ញាមោះមុតដូចខ័នថ្លា
ប្រទានចេកទុំនំផលា ឲ្យបរិភោក្តានិងទឹកឃ្មុំ។
សេកសោមផឹកឆីអស់ចំណី ពិសេសពិសីឆ្អែតពៅធំ
ចាំអស់បណ្តាំផ្តាំសុខុម កាងស្លាបបន្ទំហើរលាទៅ។
ឆ្លងវាលឆ្លងព្រៃស្រោងស្រងាត់ ហើរកាត់ភ្នំធំជ្រោះជ្រាលជ្រៅ
ដល់ស្រុកបញ្ចាលស្តេចគង់នៅ មើលទៅប្រាសាទល្អពណ្ណរាយ។
កំផែងខ្លោងទ្វារមណ្ឌប ទាំងផ្សារមានគ្រប់សែនសប្បាយ
សត្វសេកក្រឡេកមើលពីឆ្ងាយ ត្រេកអរក្នុងកាយឥតគណនា។
ទំលើកំពូលប្រាង្គប្រាសាទ ព្រះបាទចុល្លណីខ្មីគិតថា
តើអញបន្លឺសព្ទវាចា ឱ្យនាងសារិកាកែវបានស្តាប់។
១៥. ឱ្យដឹងជាអញបានមកដល់ មន្ទីរមណ្ឌលដោយសូរស័ព្ទ
យល់ថាភ្លេចភ្លាំងតាំងប្រុងស្តាប់ ចេញពីទ្រុងឆាប់មកខាងក្រៅ។
គិតហើយសេកសោមធ្វើជាស្រែក សូរស័ព្ទសម្រែកក្រាងក្រអៅ
ពិរោះរោយរាបសុភាពទៅ ហាក់ដូចនឹងហៅស្រីសារិកា។
សារិកាកែវឮសូរស័ព្ទសត្វ ពិរោះពេកក្តាត់ឥតគណនា
ព្រឺព្រួចគ្រលួចក្នុងចិន្តា នឹងទប់អាត្មានៅមិនបាន។
ផ្សាដោយជាស្រីស្រើបតណ្ហា មិនមានប្រុលណានៅក្នុងឋាន
ឮសូរសំលេងប្រុសព្រឺប្រាណ ស្រើបស្រួលក្សេមក្សានក្នុងកាយា។
ចេញពីទ្រុងមាសរំពេចខ្មី អរហើយស្រដីសើចចរចា
ញ័រខ្លួនអង្រួនអស់សិរសា ឈ្មៀងឈ្មងនេត្រាមើលកមក្រៅ។
២០. ក្រឡេកឃើញសេករូបល្អស្អាត ទំលើប្រាសាទមាសឆ្អិនឆ្អៅ
ធ្វើហាក់ជាហើរដើរតិចទៅ ទំនៅបង្អួចរត្នរេខា។
សើចហើយស្រដីមើលទៅមេឃ ឱ្យសេកក្រឡេកមើលមកអាត្មា
ដាស់ដោយសំលេងសត្វសារិកា ភាសាក្រអៅលាន់ឮសាយ។
សេកសោមឮសូរស័ព្ទភាសា សារិកាកែវស្ដីមកពីឆ្ងាយ
មើលមៀងឈ្មៀងមុខសើចក្អាកក្អាយ បែរកាយធ្វើហើរដើរតិចទៅ។
ស្រដីទៅនឹងសត្វសារិកា ហៃពៅកល្យាណរូបស្រងៅ
ស្ងួនអើយបងបានមកជួបចៅ ប្អូនពៅពាលពេញឆោមឆើតឆាយ។
ប្អូនអើយបងស្វះមកស្វែងរក សព្វជ្រកជ្រលងដែនដីអាយ
នគរតូចធំផងទាំងឡាយ មិនឃើញរូបកាយដូចប្អូនស្ងួន។
២៥. ស្ងួននាងទងវងល្អចម្លែក ជាស្រីល្អឯកសមសក្កិសួន
មើលស្លាបចំពុះនិងដងខ្លួន នាងនួននាងល្អម្តេចអម្បាយ។
បងបានជួបជួននឹងមាសមេ ជាហេតុបព្វេពីមុននាយ
សាងបានផងគ្នាណានាងអាយ ទើបបានជួបកាយនាងកល្យាណ៏។
ប្អូនអើយប្អូនស្ងួននួនខ្លឹមចិត្ត អាណិតបងចុះណាសារិកា
ចូរស្រីហាមាត់មកចរចា នឹងបងតិចរ៉ាកុំស្ងៀមស្ងាត់។
បំណាច់បំណងបងកមដល់ មន្ទីរមណ្ឌលឋានប្អូនរតន៏
ចង់ស្តាប់ពាក្យប្អូនបានមួយមាត់ ចរប្អូនសាស័ព្ទសងចរចា។
លាក់អ្វីបងមកពីឋានឆ្ងាយ អត់បាយទេសោះណាស្ងួនភ្ញា
ក្រឡេកមើលមុខប្អូនកាណា ដូចបានភោក្តាបាយឆ្អែតហើយ។
៣០. ប្អូនអើយហៃប្អូនស្ងួនសម្លាញ់ កុំប្អូនគ្នាន់ក្នាញ់ក្នុងចិត្តឡើយ
អាសូរបងចុះណានាងអើយ កុំធ្វើតោះតើយណា៎នួនល្អង។
បងបានជួបជួនប្អូនប្រឹមប្រិយ ប្រសើរសល់ស្រីថ្លៃកន្លង
ចូរប្អូនចរចាមកកាន់បង តែម្តងសឹមនាងស្រីនាងស្ងៀមចុះ។
ដូចបងជួបស្រីឋានសួគ៌ា សាងសូមនឹងគ្នាមកស្មានស្មោះ
កែវកុំអល់ឯកធ្វើដូចនោះ ស្ងួនអាណិតចុះតែចិត្តបង។
បំណាច់បំណងបងមកជូន បានជួបនឹងស្ងួននាងនួនល្អង
ចូរហាមាត់ស្តីមកកាន់បង តែម្តងស្រីនួននាងស្ងៀមចុះ
ទំថ្វីធ្វើស្ងៀមនៅទ្រមឹង សញ្ជាប់សញ្ជឹងនៅចំពោះ
បៀងបែរប្រែខ្លួនធ្វើអេះអុះ ឬប្អូនទញ់តុះទាល់ត្រង់ណា។
៣៥. សារិកាកែវស្តាប់សោមបណ្ឌិត ស្រដីលួងចិត្តលួងវាចា
បែរបៀងឆ្មៀងភ្នែកមើលហើយថា អ្នកនេះពីណាមករកអ្វី។
ទំលើកំពូលប្រាង្គប្រាសាទ នៃអង្គព្រះបាទចុល្លណី
មិនមានខ្លាក្រែងព្រះបារមី ក្សត្រក្សាន្តធិបតីមានចេស្តា។
ហ៊ានហើរមកចូលដល់វាំង ស្រែកយំខ្លាំងៗក្រៃសោះសា
បើស្តេចទ្រង់ជ្រាបជាក់កាលណា យល់ជានឹងក្ស័យជន្មជីវិត។
មិនដឹងទេស្តេចមានបុណ្យ បណ្តាអស់ជនពឹងក្រៃរឹទ្ធិ
រីយើងសារិកាកែវនៅនិត្យ នឹងព្រះបពិត្រស្តេចរក្សា។
មិនាមានសត្វណានឹងចូលដល់ មន្ទីរមណ្ឌលរាជសីមា
ស្រដីចែចងត្រង់ស្រីណា អ្នកឯងហានក្លាចូលមកដល់។
៤០. យើងមិនមែនជាស្រីអ្នកផ្សារ ស្រើបដោយតណ្ហាគិតខ្វាយខ្វល់
ឮតែសន្ធឹកប្រុសមកដល់ សំដែងឱ្យយល់អង្គអាត្មា។
អ្នកឯងកុំមកស្រដីលេង ចែចង់ជាល្បែងតាមតែថា
ចូរចេញទៅក្រៅវាំងវិញណា ខំពារយើងទូលស្តេចមិនខាន។
អ្នកនឹងស្លាប់ខ្លួនបង់អសារ ឥតបានការព្រោះចិត្តក្លាហាន
នឹងកើតទោសទណ្ឌដល់ខ្លួនប្រាណ មិនបានឃើញមុខឪពុកម្តាយ។
ថាហើយសារិកាកែវបែរបៀង ឈ្មងឆ្មៀងមៀងមើលសេកពីឆ្ងាយ
ធ្វើជាបែរមុខសើចក្អាកក្អាយ ក្លែងក្លាយកាយកលកិច្ចមាយា។
សេកសោមលោមថាមាសព្រលឹង កែវគួរកុំខឹងណានាងណា
បណ្តេញបងថ្វីស្រីសារិកា បងមិនយាត្រាទៅទៀតឡើយ។
៤៥. បងបានឃើញខ្លួនល្អចំណាប់ ស៊ូស្លាប់ក្នុងវាំងនេះនាងអើយ
មិនចងឈានជើងចេញទៅឡើយ ប្រកើយប្រកៀកស្លាប់នឹងប្អូន។
ស៊ូស្លាប់នឹងស្រីសារិកាគាប់ កុំឱ្យអភ័ព្វខ្លួនសោះសូន្យ
បំណាច់បំណងបងមកជួន សូមនួនជញ្ជឹងរំពឹងស្តី។
កុំអួតកុំអាងធ្វើតាមចិត្ត ស៊ូស្លាប់ជីវិតវិលវិញខ្មី
លែងបានជាគូសារិកាស្រី លុះត្រាតែក្ស័យជន្មជីវិត។
ថ្លៃអើយថ្លៃថ្លើមដង្ហើមខ្លួន សូមនួនជញ្ជឹងរំពឹងពិត
កុំធ្វើតោះតើយព្រងើយចិត្ត មិនមានពិនិត្យឱ្យថែថួន។
បងមិនដូចសេកឯទៀតទេ រួមរស់នឹងមេហើយចោលស្ងួន
ឲ្យប្អូនអភ័ព្វស្លាប់ដល់ខ្លួន ស្រីស្ងួននាងនៅតែម្នាកឯង។
៥០. ប្រសិនបើបងបានស្ងួនភ្ងា ជាតិជាគូគ្រងបងមិនលែង
ចរចេញឱ្យប្អូននាងចំបែង កុំប្អូនគិតក្រែងចោលស្ងួនភ្ងា។
សារិកាកែវស្តាប់ពាក្យសេកសោម ស្រដីលួងលោមចង់អាត្មា
សើចហើយសាសងទៅវិញថា អនិច្ចាបណ្តេញមិនចេញទៅ។
ប្រឹងតែស្រដីមកប៉ោចៗ ដូចខ្មោចទារបាយមកពីក្រៅ
នរណាស្នេហ៏ជិតនឹងចៅ ស្គាល់គ្នាមកនៅឋាននេះណា។
យើងជាសារិកានៅក្នុងវាំង ស្តេចតាំងទុកជាភ្នែកក្សត្រា
សេកឯងហើរមកពីឋានណា ចៅហ៊ានពុះពារចូលមកស្តី។
មកប្រាប់នាមស្រុកនាមនៃខ្លួន ឱ្យជាក់ឲ្យជួនអាថ៌សេចក្តី
អ្នកមានប្រាថ្នាការកលអ្វី ចូរស្តីឱ្យត្រង់កុំលាក់ឡើយ។
៥៥. សេកសោមស្តាប់ពាក្យស្រីសារិកា ចែងចេះចរចាឆ្លាសឆ្លងឆ្លើយ
សួរស្រុកសួរឈ្មោះដូចនេះហើយ សេកអរឥតស្បើយក្នុងចិន្តា។
គិតថាបើអញប្រាប់តាមត្រង់ ថាមកពីក្រុងក្រៃសីមា
ស្រុកឈ្មោះនគរមិថិលា យល់ជាសារិកាគិតសង្ស័យ។
ថាអញមកស៊ើបការណ៍ពត៌មាន ឱ្យបានដឹងដានគិតទីទៃ
គួរកុំប្រាប់ត្រង់ឲ្យកែខៃ កុហកវាងវៃទៅទើបជា។
គិតហើយសេកសោមគិតស្រដី ហៃស្រីសារិកាកែវកល្យាណ៍
បងនៅអារិដ្ឋរាជសីមា មាននាមថាសេកសោមបណ្ឌិត។
បងជាមហាតលិកព្រះមហាក្សត្រ ឈ្មោះសិរីរត្នរាជមានរិទ្ធិ៍
ជាខ្ញុំព្រះអង្គស្តេចអាណិត ព្រះបាទបពិត្រស្តេចរក្សា។
៦០. ប្រទានប្រពន្ធមួយមកបង រូបល្អឥតឆ្គងដូចទេវតា
ឈ្មោះនាងសារិកាកែវកនិដ្ឋា ល្អដូចស្ងួនភ្ងាដូចនេះឯង។
ឱ្យនៅទ្រុងមាសមួយមូលគ្នា មិនមានឃ្លាតឃ្លាទីកន្លែង
ប្របទែនក្រឡាព្រះគម្តែង ស្តេចតែងប្រាសប្រើតែសព្វថ្ងៃ។
បងនៅរួមរ័ក្សរួមវាសនា និងស្រីសារិកាផើមពេញផ្ទៃ
បងនាំប្រពន្ធហើរច្រៀងច្រៃ វិលវៃមកទំទៀបទឹមគ្នា។
នៅនារានហាលព្រះពណ្ណរាយ ជាទីសប្បាយគ្រប់វេលា
លុះព្រឹកភ្លឺស្វាងព្រះសុរិយា ហាលអស់កាយាឲ្យកក់ក្តៅ។
មួយថ្ងៃមានខ្លែងកំណាច ជាសត្វខូចកាចជូរកំលៅ
ហើរឆាបទន្ទាបលឿនស្លុងស្លៅ សំដៅរានហាលទីដែលទំ។
ឯបងជាប្រុសហើរឆាប់ក្រៃ ចូលព្ធដល់ល្វែងទែនសុខុម
ប្រពន្ធបងគាត់មានពោះធំ ប្រឹងខំហើរទៅមិនរួចឡ់យ។
ខ្លែងឆាបយកទៅជាអាហារ ស្លាប់ខ្លួនឥតការណានាងអើយ
បងកើតទុក្ខធំគ្រាំមិនស្បើយ ប្អូនអើយនឹកឡើងមិនចង់ស្តី។
តាំងតែជាទុក្ខនៅក្នុងទ្រុង សំកុកសំកុកកើតទុក្ខថ្មី
នីរនេសធ្វេសអស់ទាំងចំណី កិច្ចការអ្វីមិននឹកនា។
ស្គាំងស្គមទាំងខ្លួនតែងជាទុក្ខ ក្រៀមក្រំជាទុក្ខចុកឱរា
នឹងដេកមិនលក់សុខត្រង់ណា ភ្លេចគាល់ព្រះមហាក្សត្រធិបតី។
ប្រពន្ធបងស្លាប់បងសឹងទ្រាំ កាន់ទុក្ខនៅចាំជាឆ្នាំបី
ជាសេកពោះម៉ាយនោះណាស្រី ស្រីញីអ្វីៗមិនគិតដល់។
៧០. ជួនចូលរដូវខែកត្តិក ឮតែសន្ធឹកស័ព្ទសូរខ្យល់
បក់មកត្រជាក់អស់កាយកល់ រហែរហល់ក្នុងចិន្តា។
នឹកដល់ប្រពន្ធបងដែលស្លាប់ តែងធ្លាប់ដេកដិជិតកាយគ្នា
ឥឡូវខ្យល់បក់មករងា កំព្រាកំប្រោនតែម្នាក់ឯង។
បងតែងធ្លាប់ដេកប្របប្រពន្ធ ចំអកចំអន់ចិត្តប្រឡែង
ឥឡូវឃ្លាតបាត់ព្រាត់ចំបែង សត្វខ្លែងវាឆាបយកទៅហើយ។
ម្ចាស់បងជ្រាបថាបងមានទុក្ខ អផ្សុកក្នុងខ្លួនមិនមានស្បើយ
បន្ទូលត្រាស់ថាហៃសេកអើយ កុំជាទុក្ខឡើយណាសេកណា។
អញឮថាស្តេចចុល្លណី ចិញ្ចឹមនាងស្រីសត្វសារិកា
ខ្លួនខ្មៅស្រអែមឯកកាយា ក្សត្រាស្តេចសព្វព្រះហឬទ័យ។
៧៥. ចូរបាហិចហោះទៅនគរ ឧត្តរបញ្ចាលរាជបុរី
សួរនាងសារិកាឲ្យដឹងន័យ ជាចិត្តអាល័យនៅមូលគ្នា។
ហើយបាវិលវឹងមកឱ្យឆាប់ មកប្រាប់ឱ្យដឹងកិច្ចការ
អញគិតនឹងរៀបបណ្ណាការ ដណ្តឹងឱ្យបាជាប្រពន្ធ។
បងឮម្ចាស់បងប្រាប់ដូចនោះ ព្រឺព្រួចក្នុងពោះគ្រាន់ស្រាកស្រន់
ស៊ីលាចទឹកឃ្មុំនំឆ្អែតឆ្អន់ កាងស្លាបគិតគន់បង្គំលា។
ហិចហោះកាត់វាលព្រៃជ្រងជ្រៅ សំដៅបុរីរាជសីមា
មិនឈរមិនឈប់ស្រប់កាយា ប្រឹងហើរណាស់ណាឱ្យបានដល់។
ភ្លេចភ្លាំងឆីអស់ផ្លែឈើ ខិតខំតែហើរស្ទើរដាដ់ខ្យល់
ឲ្យឃើញតែមុខមាសនិម្មល កុំឱ្យក្រហល់ក្រហាយចិត្ត។
៨០. ឆោមអើយឆោមឆាយដូចផ្កាយព្រឹក
បងនឹកអាល័យថ្លៃពេកពិត
សូមស្ងួននួននាងអាណិត អាសូរមកចិត្តបងតិចរ៉ា។
បំណាចបំណងបងស្វែងស្វះ លាកលះបុរីរាជសីមា
បងមកយល់ប្អូនដួងសង្សារ ស្រីស្រស់សារិកាកុំអល់អែក។
កុំអាសខានខឹងប្រឹងសម្លក់ ធ្វើភ្នែកម៉ក់ៗស្តីប្រកែក
នឹងព្រមថ្ងៃនេះជាថ្ងៃស្អែក ជជែកជម្លោះឈ្លោះនិងបង។
អាសូរចិត្តបងប៉ងប្រាថ្នា សារិកាកែវអើយឆ្លើយមកផង
កុំស្ងៀមកុំស្ងាត់បាត់សាសង មាសបងមន្ទិលត្រង់ណា។
បងនឹងនិយាយឱ្យស្រីស្តាប់ អស់អាថ៌សាស័ព្ទពាក្យម្តេចម្តា
កុំឱ្យប្អូនមាសមានសង្កា មិនជឿចិត្តជាបងត្រង់ពិត។
៨៥. បងមិនស្រដីវៃវាសវាង ភរភូតប្រាជ្ញព្រាងបញ្ចូលចិត្ត
ឱ្យតែប្អូនស្ងួននួនអាណិត រួមរស់ស្នាលស្និទ្ធចាកចោលគ្នា។
សារិកាផ្ទៀងស្តាប់សេកសាសង ប្រាប់ដោយទំនងនៃអាត្មា
ក្នុងចិត្តអាណិតសេកណាស់សា តែថាផ្សាស្រីការកេរឆ្ងាយ។
សើចហើយស្រដីវេះសាសង អ្នកបងសេកសោមចេះនិយាយ
ដំណើរទំនងរឹងរៀងរាយ លែបខាយឱ្យប្អូនបានដឹងដាន។
No comments:
Post a Comment