Tuesday, 14 June 2016

ពុទ្ធប្បវត្តិ​ (ពាក្យកាព្យ)
លោកអាចារ្យ មៀវ នន្ទ         

                                  ពុទ្ធប្បវត្តិ​ 
ពុទ្ធប្បវត្តិ ( ពាក្យ ៧ )                                          

លោក​អាចារ្យ មៀវ នន្ទ រៀបរៀង
                             នមស្សការ
នន្ទោ នាមុត្តមង្គេន                  វន្ទិត្វា រតនត្តយំ
សុកាព្យេន និពន្ធិស្សំ               ពុទ្ធប្បវត្តិមុត្តយំ
មម បុញ្ញនិសន្ទេន                   សកល​លោក​វាសិនោ
ឥតោ បដ្ឋាយ បប្បោន្តុ             សន្តិភាវំ និរន្តរំ ។
អហំរី​ខ្ញុំ​ព្រះ​ករុណា                            ប្រើ​អក្ខរា​ពីរ​តួ​សុទ្ធ​តែ « »
តួ​ប្រកប​ខាង​ចុង​មាន​ជើង « »          តែ​ជា​តួ​ខ្យល់​គ​មិន​បាច់​អាន ។
ខ្ញុំ​សូម​ថ្វាយ​បង្គំ​ដោយ​សិរសី               គុណ​កែវ​បី​បវរ​ល្អ​ថ្កើង​ថ្កាន
នឹង​តែង​រឿង​ព្រះ​ពុទ្ធ​ផុត​ភព​ស្ថាន      តាម​លំអាន​ពាក្យ​កាព្យ​សភាព​ថ្លៃ ។
សូម​ឲ្យ​សត្វ​លោក​គ្រប់​ៗ ប្រាណ       បាន​ក្សេមក្សាន្ត​សុខា​អនាម័យ
តាំង​ពី​ពេល​នេះ​ទៅ​រៀង​រាល់​ថ្ងៃ        ដោយ​កម្រៃ​ផល​បុណ្យ​ខ្ញុំ​នេះ​ណា ។
                                       

                                        ពុទ្ធប្បវត្តិ (ពាក្យ ៧)
សូម​ថ្លែង​រឿង​រ៉ាវ​ព្រះ​មហា​ស្រមណ៍ នាម​ព្រះ​គោតម​ចមលោកា​
តាំង​ពី​ចាប់​ផ្ទៃ​នាំ​មាតា                       ដរាប​លុះ​ត្រា​ចូល​និព្វាន ។
និយាយ​សង្ខេប​បែប​យ៉ាង​ខ្លី                ដើម្បី​ងាយ​ចាំ​រឿង​និទាន
រិះ​គិត​ផ្ចិតផ្ចង់​គង់​នឹង​មាន​​                    ស្ងើច​ដល់​ព្រះ​ញាណ​ព្រះ​សាស្ដា ។
សេចក្ដី​ថា​មាន​ព្រះ​មហា​ក្សត្រ          សោយ​រាជ​សម្បត្តិ​ទ្រង់​នាម​ថា
​សុទ្ធោទនៈកបសត្ដា                           ជា​ចម​សីមា​កបិល​ភ័ស្ត ។
 ឯ​អគ្គ​មហេសី​ទ្រង់​នាមា                   ​មហា​មារយាទ​ស្រស់
រូប​ឆោម​ឧត្ដម​សម​ស័ក្តិយស             ជា​ធំ​លើស​អស់​ស្រី​នានា ។
 រី​អង្គ​ពង្ស​ពោធិ៍​ពុទ្ធ​ពន្លក                   យោន​យក​កំណើត​បាន​កើត​ជា​
ទេវបុត្រ ១ អង្គ​គង់​នៅ​នា                   តុសិត​សួគ៌ា​ជា​សម្រ្តាន ។
ព្រះ​ជន្ម​បួន​ពាន់​ព្រះ​វស្សា                  កាល​នោះ​ទេព្តា​ក្នុង​សួគ៌​ស្ថាន
ច្រើន​ក្រៃ​លើស​លន់​ពន់​ប្រមាណ   ព្រម​ព្រៀង​រៀង​ប្រាណ​បាន​មក​ថ្វាត់ ។
អញ្ជើញ​ព្រះ​អង្គ​ដោយ​ពាក្យ​ថា        បពិត្រ​ព្រះ​មហា​បារមី​ក្ដាត់
សូម​ទាន​អាសូរ​ពពួក​សត្វ​                  កំពុង​វិបត្តិ​ថ្កាត់​គ្រប់​គ្នា។
គួរ​ចាប់​ឧទរវរ​មាតុរង្គ                          នឹង​បាន​ជា​អង្គ​ពង្ស​ពុទ្ធា
នាំ​សត្វ​ឆ្លង​កាត់​ភព​ភារា                     ទៅ​កាន់​ព្រះ​មហា​និព្វាន​នាយ ។
ព្រះ​អង្គ​ទទួល​ពាក្យ​ទេវបុត្រ               ស្រេច​ហើយ​ច្យុត​រលត់​កាយ
 យាង​ចុះ​កាន់​គភ៌​នាង​ជា​ម្ដាយ            គឺ​នាង​ឆោម​ឆាយ​មហា​មាយា ។
នៅ​ថ្ងៃ​ព្រហស្បតិ៍​ដប់​ប្រាំ​កើត          ខាង​ខ្នើត​អាសាធ​ឆ្នាំ​រកា
រំជួល​ជ្រួល​ជ្រើម​ទាំង​ទ្វីបា                   ជា​មហា​ឧឡារិក​លើស​លុប ។
ពេល​មុន​ព្រះ​អង្គ​ទ្រង់​ឧប្បត្តិ​អស់​       ពួក​រាស្រ្ត​រដ្ឋ​ក្នុង​ផែន​ភព
សឹង​លេង​មហោស្រព​ឥត​មាន​ឈប់  រហូត​ដល់​គ្រប់​ប្រាំ​ពីរ​ថ្ងៃ ។
 ឯ​អង្គ​ឆោម​យង់​មហា​មាយា             វរ​ពុទ្ធ​មាតា​ដួង​ដកម៉ៃ
ទ្រង់​គ្រឿង​សុទ្ធ​សឹង​មាន​ដំឡៃ            ចរណៃ​ក្រសាល​នក្ខត្តឫក្ស ។
នា​ថ្ងៃ​ពេញ​បូណ៌​ខែ​អាសាធ             ឆោម​ស្អាត​ក្រវើន​តើន​ពី​ព្រឹក
ស្រង់​ព្រះ​សិទ្ធរស​ស្រេច​ឥត​ភ្លឹក          ភ្នក​នឹក​ចង់​ចែក​ទ្រព្យ​ធន​ធាន ។
យក​ប្រាក់​មួយ​សែន​គហាបណៈ       ឲ្យ​ដល់​ពួក​អ្នក​ខ្សត់​អត់​ឃ្លាន
សោយភត្តាហារ​ហើយ​សមាទាន     និម្មលកល្យាណ​ផ្ទំ​លក់​លង់ ។
ទ្រង់​ព្រះ​សុបិន​ឃើញ​ចំហុត               ហាក់​ដូច​ទេវបុត្រ​ទាំង ៤ អង្គ
នាំ​នាង​ព្រម​ទាំង​គ្រែ​បញ្ចង្គ                 ហោះ​ឆ្ពោះ​ដំរង់​ព្រៃ​ហិមពាន្ត ។
ដាក់​លើ​សិលា​ថ្មដា​ធំ                         ទំហំ​ហុកសិប​យោជន៍​ស្មោះ​ស្មាន
ក្រោម​ដើម​រាំង​ភ្នំ​ធំ​ចំហាន                 ប្រមាណ​មួយ​រយ​យោជន៍​ជៀងជាក់ ។
 មាន​ទាំង​ពី​ពួក​ទេពធីតា                    នាំ​នាង​យាត្រា​ចាក​ដំណាក់
ស្រង់​ទឹក​ក្នុង​ស្រះ​អនោត្តៈ                  លាប​គ្រឿង​គន្ធៈ​ទ្រង់​ព្រះ​ពស្រ្ត ។
 ឃើញ​មាន​ភ្នំ​ប្រាក់​មួយ​ជាក់​ស្ដែង     ប្រាសាទ​មាស​ចែង​សែង​សមយស
ស្ថិត​លើ​ភ្នំ​ប្រាក់​ដ៏​ខ្ពង់​ខ្ពស់                   ឆោម​យង់​យាង​ឆ្ពោះ​ចរ​ចូល​ផ្ទំ ។
ហើយ​មាន​ភ្នំ​មាស​ឱកាស​ល្អ             មាន​ដំរី​ស​ល្អ​សមរម្យ
ដៃ​កាន់​បុប្ផា​ផ្កា​បទុម                          លីលា​លើ​ភ្នំ​មាស​នោះ​ឯង ។
ចុះ​ពី​សុវណ្ណ​បព្វកៈ                             ត្រាច់​លើ​ភ្នំ​ប្រាក់​ឃើញ​ជាក់​ស្ដែង
បន្លឺ​កោញ្ចនាទ​គួរ​ស្ញប់​ស្ញែង               សំដែង​យាង​យាស​នៃ​ហស្តិន្ទ ។
ស្រេច​ហើយ​ជេន្រ្ទរ័ត្ន​ឧត្ដម                 ក្រឡឹង៣ជុំប្រទក្សិណ
ចរ​ចូល​ក្នុង​ផ្ទៃ​នៃ​នារិន្ទ                         តាម​ទិស​ភាគ​ភិន​ខាង​ស្ដាំ​ស្ដែង ។
ព្រះ​ពោធិវង្ស​ទ្រង់​ចុតិ                          បដិ​សន្ធិ​ពេល​នោះ​ឯង
អរុណ​រឿង​រះ​ស្រឡះ​ចែង                   នាង​តើន​ចាក​ល្វែង​លែង​និន្រ្ទា ។
ឆោម​យង់​ទ្រង់​គភ៌​ល្អ​បរិសុទ្ធ​               លោក​បាល​ទេវ​បុត្រ ៤ អង្គា
ព្រះ​ករ​ចាប់​ខាន់​កាន់​សីលា               ការពារ​ឲ្យ​ជា​សុខ​សម្រាន្ត ។
សូម្បី​ចាតុម្មហារាជ                            ទ្រើស​ទ្រង់​អំណាច​គង់​សព្វ​ស្ថាន
 ចក្កវាឡ​ដទៃ​ទាំង​ប៉ុន្មាន                     មូល​មក​គ្រប់​ប្រាណ​ប្រុង​គយ​គន់ ។
ស្ដេច​គង់​ក្នុង​គភ៌​ជា​សុខា                     ប្លែក​ពី​ធម្មតាសាមញ្ញជន
ដោយ​បុណ្យ​តេជះ​ក្រាស់​ពេក​ពន់    សន្សំ​យូរ​លន់​លុះ​ចាស់​ក្លា ។
ទ្រង់​គង់​ពែន​បាទ​ស្អាត​ប្រពៃ               បែរ​ភក្រ្ត​ខាង​ផ្ទៃ​នៃ​មាតា
លុះ​គ្រប់​ខែ ១០ ទសមាសា                 នាង​ភ្នក​ចិន្ដា​កល្យាស្រី ។
ចង់​ទៅ​ធានី​ភិរម្យ​រ័ក                           ទេវទហៈ​រាជ​បុរី
ទើប​ចូល​ទូល​លា​ព្រះ​ស្វាមី                 នរបតី​ព្រម​បើក​មិន​ឃាត់ខាំង ។
ត្រាស់​ប្រើ​អាមាត្យ​រត់​ខ្វាត់​ខ្វែង           ចាត់​ចែង​តែង​ផ្លូវ​រហូត​តាំង
អំពី​ទីទេសនិវេសន៍​វាំង             ​          ព្រម​ទាំង​ចាត់​ការ​អាណាចក្រ ។
ឯ​នាង​ទេវី​មហា​មាយា                       ក្រាប​បង្គំ​លា​ព្រះ​រៀម​រ័ក
ចរ​ចុះ​ចេញ​ពី​ទី​ដំណាក់                      វរល័ក្ខណ៍​ឡើង​គង់​វមាស​ម័យ ។
យោធា​ហែហម​អម​កុះករ                ថ្កើង​យស​បវរ​ល្អ​ប្រពៃ
ដូច​ចន្រ្ទ​នៅ​នា​នភាល័យ                   កណ្ដាល​ហ្វូង​នៃ​ដួង​តារា ។
លុះ​ដល់​ឧទ្យាន​លុម្ពិនី                        ជា​ទី​គួរ​ឲ្យ​ទស្សនា
ដេរដាស​ក្រាស់​ដោយ​ដើម​ព្រឹក្សា        ផ្លែ​ផ្កា​ច្រើន​លន់​ពន់​ប្រមាណ ។
លូត​លាស់​ស្រស់​ស្រៀវ​ខៀវ​ខឹម​ខ្ចី        បក្សី​ហើរ​ទំ​យំ​កំសាន្ត ។
សូរ​សៀង​សម​ស័ព្ទ​គួរ​រាប់​អាន            រូហាន​តន្រ្តី​លាន់​ឮ​សាយ ។
អមាត្យ​នាំ​នាង​ទត​ព្រឹក្សា                   ​​​​   កំសាន្ត​ចិន្ដា​ជា​សប្បាយ
ឃើញ​អស់​ភ័ស្ដុផល​ផង​ទាំង​ឡាយ     ​​​​   និម្មល​ឆោម​ឆាយ​សោមនស្សា ។
បាន​ឃើញ​ដើម​រាំង​រាង​ល្អ​ល្អះ               ស្រឡូត​ស្រឡះ​មែក​សាខា
ព្រះ​នាង​ចង់​ចាប់​ចុង​រុក្ខា                        ខ្ពស់​ហួស​ហត្ថា​ចាប់​មិន​បាន ។
គ្រាន់​តែ​កល្យាណ៍​ចិន្ដា​នឹក                ​សាល​ព្រឹក្ស​ទោរទន់​ទាប​មក​ថ្កាន
នាង​តោង​ហើយ​ឈរ​លេង​កំសាន្ត​     ខ្យល់​កម្ម​ក្នុង​ប្រាណ​កំរើក​ខ្មី ។
គេ​ដឹង​ដំណឹង​ប្រឹង​រូត​រត់                      រើស​រក​សំពត់​រនាំង​ថ្មី
នាំ​គ្នា​លា​បាំង​ថ្វាយ​ក្សត្រី                    ប្រុស​ស្រី​ប្រឹង​ភៀស​ចៀស​ចាក​ស្ថាន ។
 ទេព្តា​មួយ​ហ្មឺន​ចក្កវាឡា                    ហៀវហោះ​យាត្រា​ចុះ​មក​ថ្កាន
​សង្ឃឹម​ថា​សត្វ​គ្រប់​រូប​ប្រាណ           គង់​តែ​នឹង​បាន​សោយ​សុខា ។
ពារ​សុក្រ​ពេញ​បូណ៌​វិសាខៈ              ចចត្វាស័ក​ព្រះ​នាថា
ប្រសូត​ចាក​ផ្ទៃ​នៃ​មាតា​                      កប​មហា​ឆាយា​ឫក្ស​ជោគជ័យ ។
មាន​ទាំង​ទទឹក​ក្ដៅ​ត្រជាក់                   ហូរ​ធ្លាក់​ចុះ​ពី​នភាល័យ
លាង​អស់​មន្ទិល​ផង​ទីទៃ                    ជ្រះ​ល្អ​ប្រពៃ​កាយិន្រ្ទឹយ ។
មហា​ព្រហ្ម​ក្នុង​ជាន់​សុទ្ធាវាស            យក​សំណាញ់​មាស​ល្អ​សោភី
ទាំង ៤ អង្គា​ចរលាលី                          ទទួល​ព្រះ​មុនី​ពោធិសត្វ ។
ទេវបុត្រ ៤ អង្គ​ជា​លោកបាល          ត្រេកអរ​ត្រអាល​ចូល​ទៅ​ថ្វាត់
ទទួល​ពី​ព្រហ្ម​ថ្នម​ប្រយ័ត្ន                    ទើប​ពួក​បរិស័ទ​ស្នំ​ស្នេហា ។
ទទួល​ពី​ដៃ​នៃ​លោកបាល                  សូរេច​ក្នុង​កាល​នោះ​ឯង​ណា
ព្រះ​ចម​ចក្រិន្រ្ទ​ពិន​លោកា                 ចុះ​ចាក​ហត្ថា​ស្នំ​ទាំង​ឡាយ ។
ឈរ​លើ​ប្រឹថពី​ដោយ​បាទា                 ឯ​អង្គ​ព្រហ្មា​រិទ្ធីសាយ
 យក​ស្វេគច្ឆ័ត្រ​បើក​បាំង​ថ្វាយ            អង្គ​ព្រះ​ឆោម​ឆាយ​កុមារា ។
សុយាម​ទេវរាជ​រឿង​រិទ្ធី                       ​បក់​វាឡ​វីជនី​ថ្វាយ​ចេស្ដា
ទេវបុត្រ ១ អង្គ កាន់​ខ័ន​ថ្លា                 រចនា​ដោយ​កែវ​ទាំង​ប្រាំ​ពីរ ។
១ អង្គ​កាន់​នូវ​ស្បែក​ជើង​មាស            ឱភាស​ក្បូរ​ក្បាច់​រំលេច​ភ្ញី
១ អង្គ​កាន់​គ្រឿង​តែង​កាយី                 គឺ​បញ្ចង្គី​កុធភណ្ឌ ។
ហេតុ​នេះ​អស្ចារ្យ​មហា​ចំឡែក          ប្រាកដ​ដល់​ភ្នែក​នៃ​មហា​ជន
ក្សិណ​នោះ​ទ្រង់​យស​ខ្ពស់​លើស​លន់     បែរ​ភក្រ្ត​គយគន់​ទិស​ឧត្ដរ ។
ឈាន​ទៅ​ប្រាំ​ពីរ​ព្រះ​បាទា​                 ទ្រង់​មាន​វាចា​ស្មើ​ស្មោះ​សរ
ថា​អញ​ជា​ចម​លោក​និករ                  តំណរ​ទៅ​មុខ​ឥត​ទុក្ខ​ភ័យ ។
យាង​លើ​ប្រឹថពី​ទី​ពសុធា                    ដូច​ហោះ​នៅ​នា​នភាល័យ
ព្រះ​កាយ​ទទេរ​តែ​ល្អ​ក្រៃ                     ដូច​ទ្រង់​គ្រឿង​ស្បៃ​កោសេយ្យពស្រ្ត ។
ទ្រង់​ជា​ក្មេង​តូច​តែ​ស័ក្តិ​សម                 ហាក់​ដូច​មនុស្ស​ធំ​ឆ្នាំ​សោឡស
ឃើញ​ជាក់​ដល់​ពួក​ជន​ទាំង​អស់        គួច​កើត​សោមនស្ស​គ្រប់ ៗ គ្នា ។
 ឯ​ព្រះ​អានន្ទ​ឆន្ន​អមាត្យ                   នឹង​សេះ​ស​ស្អាត​ជាតិ​ក្លៀវក្លា
កាឡុទាយី​នាង​ពិម្ពា                            ដើម​ពោធិ៍​ព្រឹក្សា​កំណប់​ទ្រព្យ ។
កើត​ថ្ងៃ​ជា​មួយ​នឹង​ក្សត្រា                   ដោយ​បុណ្យ​ចេស្ដា​ប្រសើរ​គាប់
ដែល​ទ្រង់​កសាង​ជា​ញឹក​ញាប់          តែង​ធ្លាប់​បំពេញ​ព្រះ​បារមី ។
ទើប​ព្រះ​អយ្យកោ​នូវ​អយ្យិកា            ចេញ​ពី​បុរី​ដោយ​សោមនស្ស ។
អញ្ជើញ​កុមារ​រូប​វិសេស                   ចូល​រាជ​និវេសន៍​កបិលភ័ស្ដុ
ទេព្តា​នៅ​នា​សួគ៌​សោឡស                 ហៀវហោះ​ថ្វាយ​ពរ​លាន់​អឺងកង ។
ថា​ព្រះ​ចម​មកុដ​បុត្រ​សក្យៈ                សុទ្ធោទនៈ​ជា​ច្បាស់​ច្បង
ទ្រង់​ប្រសូត្រ​ហើយ​ថ្ងៃ​នេះ​ហោង​       នឹង​បាន​ចំឡង​សត្វ​នានា ។
កាល​នោះ​តាបស​ឈ្មោះ​ទេវិល         បួស​ជា​ជដិល​សាង​ព្រឹទ្ធា
ត្រូវ​ជា​ជីតុន​ព្រះ​រាជា                           ឮ​ពាក្យ​ទេវា​ថា​ដូច្នោះ ។
និមន្ត​ចូល​ទៅ​រាជ​ដំណាក់                  ដោយ​ព្រះ​ទ័យ​ស្ម័គ្រ​ជាក់​ស្មើ​ស្មោះ
 ចង់​ឃើញ​រូប​រាង​រាជ​ឱរស                  ទើប​ព្រះ​តាបស​ថ្វាយ​ព្រះ​ពរ ។
បពិត្រ​ទេវា​មហា​ក្ស័ត្រ                       ព្រះ​រាជ​បុត្រ​រ៍តន៍​ចម​នគរ
ប្រសូត​ហើយ​ឬ​ព្រះ​ភូធរ​                    អាត្មា​សាទរ​ចង់​ឃើញ​ផង ។
ទើប​ព្រះ​មហា​ក្សត្រ​ចាត់​មេនំ            នាំ​ព្រះ​បរម​ពុទ្ធ​ច្បាស់​ច្បង
មក​ថ្វាយ​បង្គំ​តាម​បំណង                    មេនំ​ត្រសង​ប្រុង​កាយា ។
បីបម​ថ្នម​លើក​រាជ​ឱរស                    ដាក់​ក្បែរ​តាបស​ស្រេច​កាល​ណា
ព្រះ​បាទ​ទាំង​គូ​ល្អ​ថ្លៃ​ថ្លា                       ទៅ​ជាន់​ជដា​ក្បាល​ឥសី ។
តាបស​ឃើញ​ហេតុ​ប្លែក​ធម្មតា         ​លុត​លើ​ហត្ថា​ប្រណម្យ​ខ្មី
ពោល​ពាក្យ​សរសើរ​ព្រះ​បារមី          លា​ក្ស័ត្រ​នរបតី​ចេញ​រួសរ៉ៅ ។
លង់​លុះ​គំរប់​ប្រាំ​ទិវា                            ស្ដេច​មាន​បញ្ជា​ឲ្យ​ហោ​ហៅ
​ព្រហ្មណ៍​ប្រាំ​បី​នាក់​ចូល​គាល់​ហ្វៅ     ក្សិណ​ក្សត្រ​ចម​ចៅ​ត្រាស់សួរ​ថា ។
ហៃ​ព្រហ្មណ៍​ប្រាជ្ញ​ប្រាយ​ប្រាំ​បី​នាក់     ចូរ​ទាយ​លាយ​លក្ខណ៍​តា
ម​តម្រា​បុត្រ​រ៍តន៍​ប្រសើរ​តើ​យ៉ាង​ណា    ចូរ​ព្រហ្មណ៍​ហោរា​ថា​ឲ្យ​ត្រង់ ។
 ព្រហ្មណ៍​ប្រាំ​ពីរ​នាក់​គន់​សព៌ាង្គ       ស៌ពើ​រូប​រាង​ពិត​ផ្ចិត​ផ្ចង់
ទូល​ថា​បុត្រា​នៃ​ព្រះ​អង្គ                      បើ​មិន​លះបង់​រាជ​សីមា ។
ទ្រង់​នៅ​គ្រប់​គ្រង​គេហដ្ឋាន               ​នឹង​បាន​ជា​ស្ដេច​ចក្រពត្រា
 ប្រសិន​ទ្រង់​យាង​សាង​សីលា             បាន​ជា​សាស្ដា​យ៉ាង​ចំណាន ។
 កោណ្ឌញ្ញ​ព្រហ្មណ៍​ប្រាជ្ញ​បំផុត        ទាយ​ថា​រាជ​បុត្រ​ប្រាកដ​បាន
 ចេញ​បួស​ដាក់​ច្បាស់​ត្រាស់​មិន​ខាន          ឥត​មាន​កោងកាន​នឹង​មហា​ចក្រ ។
 ទើប​ព្រាហ្មណ៍​ទាំង​ឡាយ​ថ្វាយ​នាម​ថា      ​សិទ្ធត្ថ​ថ្លៃ​ថ្លា​តាម​លក្ខណៈ
ព្រះ​វរ​បិតា​ត្រាស់​បញ្ជាក់                        សួរ​ថា​នែ​អ្នក​ព្រាហ្មណ៍​ហោរា ។
បាន​ជា​កូន​អញ​ចេញ​ចាក​ស្ថាន ​       ព្រោះ​បាន​ឃើញ​ហេតុ​ភេទ​យ៉ាង​ណា
ព្រហ្មណ៍​ក្រាប​បង្គំ​ទូល​ទៀត​ថា         សូម​ទ្រង់​មេត្តា​ប្រោស​ប្រណី ។
ព្រះ​រាជ​ឱរស​ឃើញ​មនុស្ស​ចាស់       មនុស្ស​ឈឺ​បំរះ​ដេក​ដោយ​ដី
មនុស្ស​ស្លាប់​បព្វជិត​ពិត​ពិសី               ចក្រី​នឿយណាយ​ក្នុង​កង​កាម ។
ស្ដេច​ស្ដាប់​ហោរ​ទាយ​គ្រប់​ប្រការ      ទ្រង់​ចាត់​ភ្នាក់​ងារ​ឲ្យ​ឃាត់​ហាម
 ប្រយ័ត្ន​មួន​មាំ​ឃ្លាំ​ចាំ​យាម                សព្វ​និគម​គាម​តាម​ផ្លូវ​ធ្លា ។
 មិន​ឲ្យ​មាន​មនុស្ស​វិការៈ                   ខ្វិន​ខ្វាក់​គាក់គម​ទ្រម​ជរា
សក់​ស្កូវ​ស​ព្រោង​កោង​គ្រាំគ្រា           មិន​ឲ្យ​លីលា​ចូល​ដល់​ស្ថាន ។
 ក្រែង​ព្រះ​រាជ​បុត្រ​ស្លុត​ព្រះទ័យ          ឃើញ​ភ័យ​ក្នុង​អង្គ​ខន្ធ​សន្ដាន
ចេញ​បួស​ស្វែង​ធម៌​កំដរ​ប្រាណ         ខាន​បាន​គ្រប់​គ្រង​រាស្រ្ត​រដ្ឋា ។
 ពួក​ស្ដេច​សក្យៈ​ទាំង​ប៉ុន្មាន                ជា​ញាតិ​សន្ដាន​នឹង​ក្សត្រា
ខាង​ព្រះ​មាតា​នឹង​បិតា                        ត្រូវ​ជា​មួយ​រយ​ហុកសិប​ពាន់ ។
សឹង​មាន​ចិន្ដាហឫទ័យ​ស្ម័គ្រ              នាំ​បុត្រ​មួយ​ម្នាក់​រូប​សោភ័ណ
ថ្វាយ​ព្រះ​សិទ្ធត្ថ​ឆាប់​រួស​រាន់               ទុក​គ្រាន់​គាល់​ហ្វៅ​នៅ​ជា​គ្នា ។
ឯ​មហា​មាយា​រាជ​ទេពី                       ជា​ព្រះ​ជននី​ពង្ស​ពុទ្ធា
ប្រសូត​រាជ​បុត្រ​បាន​វេលា                  ប្រាំ​ពីរ​ទិវា​វរ​ក្សត្រី ។
ធ្វើ​កាល​កិរិយា​ទិវង្គត                          រលត់​ជន្មា​កល្យាណី
បដិសន្ធិ​ក្នុង​ភព​ថ្មី​                              តុសិត​សិរី​សួគ៌​សុខា ។
 សម័យ​ថ្ងៃ​មួយ​ព្រះ​ចម​ចក្រ               សុទ្ធោទនៈ​ជា​បិតា
ឲ្យ​រៀប​ប្រដាប់​គ្រប់​ប្រដា                   ក្សត្រា​ចេញ​ច្រត់​ព្រះ​នង័្គល។
អស់​ស្រី​ស្នំ​ស្រឹង្គារ​ផង​ទាំង​ឡាយ        ច្របល់​ខ្វល់​ខ្វាយ​រត់​រចល់
រាយ​រៀប​សព្វ​អស់​ភស្ដុភោជន៍​ផល     ដំកល់​ទុក​ស្រេច​សូរេច​បាន ។
 លុះ​បាន​វេលា​រឿង​រ័ង្សី                       នរបតី​យាង​ចេញ​ចាក​ទី​ស្ថាន
ច្រត់​ព្រះ​នង្គ័ល​តាម​បុរាណ​                មនុស្ស​ទាំង​ប៉ុន្មាន​មក​ជុំ​ជិត ។
ឯ​ពួក​មេនំ​នាំ​បុត្រ​រ៍តន៍                       នាម​ព្រះ​សិទ្ធត្ថ​ចូល​ផ្ដេកផ្ដិត
ក្រោម​ដើម​ជម្ពូ​ល្អ​វិចិត្រ                      ដែល​ស្ថិត​នៅ​នា​ក្បែរ​ទី​នោះ ។
នាំ​គ្នា​ទៅ​មើល​រាជ​ពិធី                        ភ្លេច​ព្រះ​មុនី​សុង​សូន្យ​សោះ
ទើប​រាជ​កុមារ​មហា​បុរស                  តើន​ឡើង​ទត​អស់​ទិស​ទាំង​ឡាយ ។
 មិន​យល់​មនុស្ស​ម្នា​ទទេ​ស្អាត           ទ្រង់​គង់​ពែន​បាទ​តែ​ឯក​កាយ
ស្ដេច​ចូល​កាន់​ឈាន​ធម៌​ឆើត​ឆាយ​   សប្បាយ​សោមនស្ស​ស្រស់​ចិន្ដា ។
លុះ​ព្រះ​សុរិយ​ទន់​ទាប​ទេរ                  បែរ​ជ្រេ​ទៅ​ទិស​បច្ឆិមា
ម្លប់​ឈើ​មិន​បែរ​តាម​សុរិយា              ដោយ​តេជ​ចេស្ដា​ពង្ស​ពោធី ។
អស់​ពួក​មេនំ​ផង​ទាំង​ឡាយ                ឈប់​លែង​សប្បាយ​គ្រប់​កាយី​
ត្រឡប់​មក​ដល់​មណ្ឌល​ទី                   ឃើញ​ព្រះ​មុនី​ប្លែក​កន្លង ។
វិល​ទៅ​ក្រាប​ទូល​ព្រះ​បិតា                  ចរចា​រ៉ាយ​រ៉ាប់​រឿង​ច្បាស់​ច្បង
ស្ដេច​ស្ដាប់​ត្រេកអរ​ចរ​មក​ផ្គង           ឃើញ​ហើយ​រ៉ាប់រង​ឱន​សិរសា ។
បង្គំ​រាជ​បុត្រ​មកុដ​កេសី                      សរសើរ​បារមី​នៃ​ចេស្ដា
ហើយ​នាំ​ត្រឡប់​ចូល​ប្រាង្គ​ប្រា-          សាទ​សុខ​សេដ្ឋា​ពរ​ប្រពៃ ។
ព្រះ​ជន្ម​បាន​ប្រាំ​ពីរ​វស្សា                    បិតាទ្រង់​ភ្នក​ព្រះ​ហ្ឫទ័យ
ជីក​ស្រះ​បោក្ខាជលាល័យ                  ថ្វាយ​បុត្រ​ជាញ​ជ័យ​ស្រង់​កំសាន្ត ។
ក្ដៅ​ដល់​ទីទែន​ផែន​សិលា                   អាសនា​ឥន្រ្ទា​នា​សួគ៌​ស្ថាន
កោសិយ​ជ្រាប​ហេតុ​សព្វគ្រប់​បាន   អវតាន​បង្គាប់​ទៅ​ទេវបុត្រ ។
ឈ្មោះ​វិស្សកម្ម​ជា​នាយ​ជាង               ឆ្លៀវឆ្លាស​វៃ​វាង​ប្រាជ្ញ​ចំហុត
ឲ្យ​និម្មិត​ស្រះ​ថ្វាយ​រាជ​បុត្រ​                 ប្រញាប់​ឆាប់​ចុក​តាម​អាជ្ញា ។
វិស្សកម្ម​បង្គំ​លា​កោសិយ                    ចុះ​ដល់​ផែន​ដី​ស្រេច​កាល​ណា
និម្មិត​កើត​ជា​ស្រះ​បោក្ខា                    ទឹក​ថ្លា​ត្រជាក់​គួរ​ចាប់​ចិត្ត ។
លំចង់​ស្បង័្គ​ជលេច​លាស់​ត្រួយ            ស្គន់​កំពីងពួយ​ឈូក​ព្រលិត
ក្រមុទ​ឧត្បល​ដុះ​ជួរ​ជិត                       ដោយ​រិទ្ធិ​ទេវបុត្រ​ផុត​កន្លង ។
ព្រះ​ពោធិសត្វ​តែង​លីលា                    ស្រង់​ព្រះ​គង្គា​ឥត​មាន​ហ្មង
ជាមួយ​នឹង​អស់​បរិពារ​ផង                  ហែ​ក្សត្រ​ច្បាស់​ច្បង​ជា​ប្រក្រតី ។
លុះ​ដល់​ក្សត្រ​ក្សាន្ត​មាន​ជន្មា             សោឡស​វស្សា​រូប​ពិសី
ព្រះ​វរ​បិតា​នរបតី                                សាង​ប្រាសាទ​បី​ថ្វាយ​ពោធី ។
ប្រាសាទ​ទី ១ មាន​ប្រាំ​ជាន់                សោភ័ណ​ក្បូរ​ក្បាច់​រំលេច​ភ្ញី
លើស​លែង​ប្រាសាទ​លើ​ប្រថពី          ជា​ទី​គង់​ក្នុង​រដូវ​ក្ដៅ ។
ប្រាង្គ​មួយ​គួរ​ដល់​រដូវ​ភ្លៀង                 ប្រាំ​ពីរ​ជាន់​ទៀង​ល្អ​ឆ្អិន​ឆ្អៅ
សុទ្ធ​ជាង​ឆ្លៀវឆ្លាស​ខាង​ឆ្លាក់ឆ្លៅ        ស្រងៅ​សក្កិសម​គួរ​ទស្សនា ។
ប្រាង្គ​មួយ​ប្រាំ​បួន​ជាន់​សោភី             ជា​ទី​គង់​ក្នុង​រដូវ​ល្ងា
គង់​ក្នុង​ប្រាង្គ​មួយ​បួន​មាសា                ក្សេមក្សាន្ត​ចិន្ដា​សុខ​សប្បាយ ។
បិតា​បង្គាប់​សក្យ​វង្ស                           ដែល​ជា​ផៅពង្ស​ផង​ទាំង​ឡាយ
ឲ្យ​តែង​បុត្រី​ស្រី​ឆោម​ឆាយ                  មក​ថ្វាយ​ជា​អារ្យ​អគ្គ​ជាយា ។
ដ្បិត​ទ្រង់​នឹង​លើក​ព្រះ​សិទ្ធត្ថ               ឲ្យ​គ្រង​រាស្រ្ត​រដ្ឋ​ក្នុង​ភារា
ព្រះ​ញាតិ​ប្រកែក​តប​គ្រប់​គ្នា              ថា​បុត្រ​សោភា​រូប​ល្អ​ក្រៃ ។
សក្កិសម​ជា​ក្សត្រ​ពិត​ប្រាកដ              តែ​ពុំ​ទាន់​ស្ទាត់​ខាង​សិល្បសៃយ
ប្រសិន​កើត​ស័ក​ក្នុង​ក្រុង​ក្រៃ              នឹង​ចេញ​ត​ដៃ​ច្បាំង​ម្ដេច​បាន ។
ព្រះ​ពោធិ​វង្ស​ទ្រង់​សណ្ដាប់                ស្រេច​ហើយ​សារស័ព្ទ​ទូល​ក្ស័ត្រ​ក្សាន្ត
ឲ្យ​ត្រាស់​ប្រជុំ​ពួក​សន្ដាន                   នឹង​ចរចេញ​ថ្កាន​ថ្លែង​រិទ្ធា ។
ឲ្យ​ព្រះ​វង្សា​យល់​តេជ​ដៃ                      កុំ​ឲ្យ​សង្ស័យ​ក្នុង​ទ័យា
 លុះ​ព្រះ​បាន​ពេល​ជុំ​គ្នីគ្នា                   រាជា​ចេញ​ល្បង​លង​រិទ្ធី ។
កណ្ដាល​ជំនុំ​ប្រជុំ​ក្សត្រ                      ចាប់​សរ​វាស​វាត់​លើក​គ្រវី
បាញ់​បោះ​ឆ្ពោះ​សព្វ​គ្រប់​ទិសទី          ប្រឹថពី​ញាប់​ញ័រ​ខ្ទ័រ​សព្វ​ស្ថាន ។
ស័ព្ទ​សែន​រន្ទះ​រះ​ខ្ទរ​ព្រៃ                       មាន​តេជះ​ជ័យ​ជាក់​ចំណាន
ខ្មាន់​ធ្នូ​ដទៃ​ទាំង​ប៉ុន្មាន                        ពុំ​អាច​ប្រៀប​បាន​នឹង​ក្សត្រា ។
 ព្រះ​ញាតិ​ទាំង​ឡាយ​យល់​បារមី         ត្រេកអរ​ប្រឹមប្រិយ​ក្នុង​ចិន្ដា
​សុទ្ធ​សឹង​តាក់​តែង​នូវ​ធីតា                   វររ័តន៍​កញ្ញា​ឆើត​ឆោម​ឆាយ ។
ចំនួន​បួន​ហ្មឺន​រូប​នារី                         សោភី​មីរ​មូល​ចូល​មក​ថ្វាយ
អង្គ​ព្រះ​បពិត្រ​រិទ្ធិសាយ                      ជា​ចម​និកាយ​ក្នុង​ភារា ។
បិតា​ក្សត្រា​ធីបតី                                ទ្រង់​លើក​ក្សត្រី​ឯក​អង្គារ
មាន​នាម​ប្រាកដ​ថា​ពិម្ពា                   ជា​អគ្គ​ជាយា​ធំ​វិសេស ។
ជា​ឆ្នើម​លើស​ស្រី​ផង​ដទៃ​                  កង​ដៃ​វៀង​វាំង​រាជនិវេសន៍
ផ្សំ​នឹង​រាជ​បុត្រ​មកុដ​កេស                  ចំណេះ​ចំណានក្សាន្តលោកិយ ។
អភិសម​ជា​ឯក​អង្គ​ទ្រង់​រិទ្ធិ                  ក្នុង​ថ្ងៃ​អាទិត្យ​ពេញបូណ៌មី
ឆ្នាំ​ឆ្លូវ​រដូវ​ហៀប​ផ្លាស់​ថ្មី                     ថ្កើង​បុណ្យ​រាសី​ល្បី​ខ្ចរ​ខ្ចាយ ។
ចម​ពង្ស​ទ្រង់​រាជ្យ​ជា​យូរ​យារ               នឹង​នាង​ពិម្ពា​រូប​ឆើត​ឆាយ
 ឥត​មាន​មោះម័យ​ភ័យ​អន្តរាយ         សែន​សុខ​សប្បាយ​សព្វ​វេលា ។
      លុះ​ទ្រង់​ព្រះ​ជន្ម​ម្ភៃ​ប្រាំ​បួន           ចង់​ចេញ​ទត​សួន​ស្រង់​គង្គា
ឲ្យ​នាយ​សារថី​រៀប​អស្សពាហន៍      ទឹម​រថ​សោភា​ជា​ទី​នាំង ។
ឡើង​គង់​លើ​កើយ​កប​សួស្ដី                 សារថី​បើក​បរ​មិន​ឮ​ខ្លាំង
ចេញ​ចាក​ទី​ទេស​និវេសន៍​វាំង            រលាំង​សំដៅ​ទៅ​ឧទ្យាន ។
ទេព្តា​មួយ​អង្គ​ក្លែង​ភេទ​ភិន                 ជា​មនុស្ស​ចាស់​ជិណ្ណ​នៅ​មុខ​យាន
ស្បែក​ជ្រីវ​យុរយារ​ដើរ​ឈរ​ឈាន      ឃើញ​ហើយ​ទ្រង់​មាន​បន្ទូល​ថា ។
នែ​នាយ​សារថី​មនុស្ស​អ្វី​ឈរ             ជំហរ​មិន​ត្រង់​អង្គ​អាត្មា
សារថី​ទូល​ស្នង​សង​វាចា                     បពិត្រ​ចេស្ដា​ចមសិរសី ។
នេះ​ហើយ​គេ​ហៅ​មនុស្ស​ជរា            រូប​យើង​រាល់​គ្នា​ទាំង​ប្រុស​ស្រី
ទាំង​ស្ដេច​ទាំង​រាស្រ្ត​រដ្ឋ​មន្រ្តី                 ឥត​បី​នរណា​នឹង​ចៀស​បាន ។
ស្ដេច​ស្ដាប់​សារស័ព្ទ​គ្រប់​ប្រការ         គិត​ថា​សង្ខារ​រាល់​រូប​ប្រាណ
ឥត​មាន​សប្បាយ​ឥត​ក្សេមក្សាន្ត      មាន​តែ​រំខាន​ទុក្ខ​ជា​និច្ច ។
រឹង​ព្រួយ​ព្រះ​ទ័យ​ភ័យ​ខ្លាំង​ណាស់        ជិត​ដល់​ក្ដី​ចាស់​មិន​មាន​ភ្លេច
ត្រាស់​ប្រាប់​សារថី​មួយ​រំពេច           ឲ្យ​បរ​រថ​គេច​ចូល​វឹង​ស្ថាន ។
សម័យ​ថ្ងៃ​មួយ​ព្រះ​ជៀស្ឋជ័យ   ​          ចេញ​ទត​ព្រឹក​ព្រៃ​ទៀត​កំសាន្ត
ឃើញ​មនុស្ស​អាពាធ​ថ្ងូរ​ឥត​ស្រាន្ត  ប្រះ​ប្រាណ​ននៀល​លើ​ប្រឹថពី ។
ទ្រង់​សួរ​សារថី​ជ្រាប​សព្វ​គ្រប់            សញ្ជប់​ភក្រ្ដា​មហា​ពោធី
ឲ្យ​ញាក់​អស្សតរចរ​លាលី                  ត្រឡប់​ភាន់ទី​មណី​សេយ្យា ។
ចេញ​ទៅ​ម្ដង​ទៀត​ឃើញ​មនុស្ស​ស្លាប់         ប្រញាប់​ក្រឡាប់​វិល​អាសនា
ព្រះ​បាទ​សុទ្ធោទន៍​ជា​បិតា                  ជ្រាប​ថា​បុត្រា​ព្រួយ​ព្រះ​ទ័យ ។
បង្គាប់​ឲ្យ​អស់​ពួក​ស្រី​ស្នំ                     ក្មេង ៗក្រមុំ​រូប​ល្មម​ល្មៃ
 នឹង​ស្រី​របាំ​ផង​ទីទៃ                            ដែល​ស្ទាត់​វាងវៃ​ក្នុង​ការ​ល្បែង ។
ប្រគំ​ដេញ​ដំ​ច្រៀង​រាំ​រេ                       បំពេរ​លោម​លួង​លេង​ប្រឡែង
ប្រឡប់​បង្វែរ​បែរ​បង្វែង                     ឲ្យ​បាន​ស្ដេច​ស្ដែង​បាត់​រំខាន ។
ថ្ងៃ​មួយ​ចម​ភព​លុប​លោកិយ              ប្រើ​នាយ​សារថី​ស្ទាត់​ចំណាន
 ទឹម​រថ​រួច​ស្រេច​រំពេច​បាន                ក្សត្រ​ក្សាន្ត​ឡើង​គង់​ដូច​កាល​មុន ។
 ចេញ​ចាក​ទី​ទេសនិវេសន៍​វាំង           រលះ​រលាំង​សេះ​សឹង​លុន
លៀវលយ​លើ​ថ្នល់​ដល់​ទី​មុន​              ឃើញ​មនុស្ស​ទ្រង់​គុណ​ភេទ​បព្វជិត ។
បែរ​បើក​បន្ទូល​សួរ​ឆាប់​ខ្មី                   នែ​នាយ​សារថី​ស្ដី​ឲ្យ​ពិត
​អ្វី​ជំនាង​អ្នក​សាង​ព្រឹទ្ធ                        ពិនិត្យ​មើល​ទៅ​គួរ​ជ្រះ​ថ្លា ។
សារថី​ក្រាប​ទូល​កំពូល​កេស             មនុស្ស​ឃើញ​ភ័យ​ក្នុង​រូបា​
លះ​បង់​ភរិយា​បុត្រ​ធីតា                     ស្វែង​រក​សុខា​បំរុង​ប្រាណ ។
គេ​ហៅ​ភេទ​បួស​ខ្ពស់​ប្រពៃ                សំណាក់​នៅ​ព្រៃ​ជា​ទី​ស្ថាន
ត្រាស់​ដឹង​ធម៌​ច្បាស់​ក្នុង​សន្ដាន​          នឹង​បាន​សុខា​សីវាល័យ ។
ស្ដេច​ស្ដាប់​ព្រឺ​ព្រួច​ក្នុង​ទ័យា                ថា​ឱបព្វជ្ជា​ស្រួល​ពេក​ក្រៃ
ភេទ​នេះ​សុខ​ពិត​ឥត​សង្ស័យ               គួរ​អញ​កែខៃ​បួស​ឲ្យ​បាន ។
 ទ្រង់​ព្រះ​តំរិះ​ស្រេច​កាល​ណា           យាត្រា​ហួស​ទៅ​ឧទ្យាន​ស្ថាន
ស្រង់​ព្រះ​វារី​ទី​ជល​សាន្ទ                   ព្រះ​ទ័យ​ក្សេមក្សាន្ត​ឥត​មាន​ហ្មង ។
គង់​ក្នុង​ឧទ្យាន​បាន​មួយ​យប់               ចម​ភព​ចាប់​ភ្លឹក​នឹក​ប៉ុន​ប៉ង
 ចង​តាក់​តែង​អង្គ​ដោយ​គ្រឿង​ផង       សង្វារ​កែវ​កង​ក្បាច់​រចនា ។
 វិស្សកម្ម​ទេវបុត្រ​ដឹង​អធិប្បាយ​        ថ្លែង​កាយ​ជា​ខ្មាន់​ព្រះ​កេសា
យក​គ្រឿង​ប្រដាប់​ទិព្វ​ថ្លៃ​ថ្លា              តែង​ថ្វាយ​ក្សត្រា​ល្អ​ប្រពៃ ។
ស្ដេច​ជ្រាប​ដំណឹង​ដឹង​ចំហុត             ថា​ទេវ​បុត្រ​មិន​ដទៃ
 សណ្ឋិត​នៅ​នា​សួគ៌ាល័យ                 បំភ្លៃ​ថ្លែង​អង្គ​ជា​មនុស្សា ។
 ព្រោះ​គ្រឿង​អម្ពរ​ក៏​ល្អ​ស្រស់           សម្ផស្ស​ជា​ទិព្វ​គួរ​ស្នេហា
ផ្សព្វ​ផ្សាយ​អង្គ​កាយ​ព្រះ​នាថា          ប្លែក​ពី​ធម្មតា​គ្រា​សព្វ​ដង ។
ថ្លែង​ឯ​ពិម្ពា​វរ​ក្សត្រី                           ជា​អគ្គ​មហេសី​ព្រះ​ច្បាស់​ច្បង
នាង​ប្រសូត​បុត្រ​ថ្លៃ​នោះ​ហោង        ល្អ​ល្អះ​ឥត​ហ្មង​ឥត​មោះ​ម័យ ។
ទើប​ប្រះ​សុទ្ធោទន៍​ពុទ្ធ​បិតា              ត្រាស់​ប្រើ​អមច្ចា​រត់​ឆាប់​វៃ
ទៅ​ទូល​នរនាថ​ក្សត្រ​ជៀស្ឋជ័យ       ស្ថិត​នៅ​នា​ព្រៃ​ព្រឹក្សា​សាន្ត ។
រាជ​ទូត​ទទួល​ព្រះ​រាជ​សាសន៍             រូតរត់​រហ័ស​ចេញ​ទៅ​ថ្កាន
ដល់​ហើយ​បង្គំ​អង្គ​ក្ស័ត្រ​ក្សាន្ត           ទូល​តាម​លំអាន​សព្វ​សេចក្ដី ។
បពិត្រ​ចេស្ដា​មុនិន្ទពិន​ពិភព              ជា​ម្លប់​ប្រសើរ​លើ​សិរសី
 ព្រះ​នាង​ទេវី​កល្យាណី                     ក្សត្រី​ប្រសូត​បុត្រ​ហើយ​ណា 
 សម្ដេច​បិតុរង្គ​ថ្វាយ​នាមករណ៍         ឱរស​បវរ​ល្អ​ថ្លៃ​ថ្លា
ថា​ព្រះ​រាហុល​កុមារា                         សូម​ព្រះ​ចេស្ដា​ជ្រាប​ពត៌មាន ។
ស្ដេច​ឮ​ដំណឹង​ព្រះ​រាជ​បុត្រ                 តក់​ស្លុត​ព្រះ​ទ័យ​នៃ​ចក្រ​ពាន្ត
ទ្រង់​ព្រះ​តំរិះ​ត្រិះរិះ​ធ្យាន                    ​ដោយ​ព្រះ​ញេយ្យ​ញាណ​ដ៏​ចាស់​ក្លា ។
ថា​ឱ​ចំណង​មួយ​ទៀត​ហើយ               គួរ​កុំ​កន្តើយ​ធ្វេស​អាត្មា
តែ​ចង​បាន​មាំ​ស្រេច​កាល​ណា           នឹង​កាត់​ស្នេហា​ដូច​ម្ដេច​បាន ។
គិត​ស្រេច​ឡើង​គង់​រថ​ប្រសើរ              ដំណើរ​លឿន​លន់​ពន់​ប្រមាណ
 សំដៅ​ឆ្ពោះ​ទៅ​លំនៅ​ស្ថាន               ក្សត្រ​ក្សាន្ត​យាង​យាស​ដោយ​សួស្ដី ។
 កាល​នោះ​សម្ដេច​បិតុច្ឆា                   នាម​នាង​កីសា​គោត្ដមី
នាង​បើក​កោវតា​ទត​ទៅ​ខ្មី                  ឃើញ​ព្រះ​ចក្រី​យស​ថ្កើង​ថ្កាន ។
 ពោល​ពាក្យ​សរសើរ​ពោធិសត្វ        ថា​ព្រះ​សិទ្ធត្ថ​ល្អ​ចំណាន
ជា​កូន​ស្រី​ណា​ស្រី​នោះ​បាន            ក្ដី​សុខ​ក្សេមក្សាន្ត​ប្រាកដ​ពិត ។
ចំណែក​ខាង​ប្រុស​ជា​បិតា​                  រំលត់​ទុក្ខា​ទាំង​ភិត​ភ័យ
ស្រី​ណាយ​ជា​ស្វាមី​មិត្ត                       ក្ដី​ទុក្ខ​គ្មាន​ជិត​ស្រី​នោះ​ឡើយ ។
ស្ដេច​ឮ​ពាក្យ​នោះ​ប្រាកដ​ច្បាស់        ត្រេកអរ​ខ្លាំង​ណាស់​ពុំ​ត្រា​ស្បើយ
ទ្រង់​ពិចារណា​រួច​ស្រេច​ហើយ           ត្រាណ​ត្រើយ​ឈ្វេង​យល់​ដោយ​ប្រាជ្ញា ។
ថា​ពាក្យ​នេះ​ប្រាកដពិត                     ដាស់​តឿន​គំនិត​អញ​ហើយ​ណា
ឲ្យ​ចេញ​បំពេញ​គុណ​ថ្លៃ​ថ្លា               លះ​បង់​តណ្ហា​ការ​សៅហ្មង ។
លុះ​ស្ដេច​ត្រេច​ដល់​ប្រាង្គ​ប្រាសាទ ​     យាង​បាទ​ឡើង​ទៅ​ពុំ​ផ្សូរ​ផ្សង
 ដោះ​កែវ​មុក្ដា​ពី​រង                              ប្រើ​ទាសី​ផង​នាំ​ទៅ​ខ្មី ។
ថ្វាយ​ជួស​តប​ស្នង​សង​វាចា​                 ព្រះ​នាង​កីសា​គោត្ដមី
ស្ដេច​ចូល​កាន់​ល្វែង​មាន​សិរី              ចក្រី​ប្រះ​ផ្ទំ​លើស​យនា ។
 អស់​ស្រី​របាំ​ផង​ទាំង​ឡាយ                 តែង​កាយ​ច្រៀង​រាំ​ថ្វាយ​ក្សត្រា
​ដេញ​ដំ​ផ្សំ​ស័ព្ទ​គួរ​សវនា                    ជា​ទី​ជ្រះ​ថ្លា​ចម្រើន​ចិត្ត ។
ឯ​អង្គ​ឆោម​យង់​ពង្ស​ខត្តិយេត              ឆ្មៀង​នេត្រ​ទត​ទៅ​អស់​ស្នំ​ស្និទ្ធ
ព្រះ​ទ័យ​នឿយ​ណាយ​ក្លាយ​វិបរិត       ស្ដេច​ឥត​ស្រើប​ស្រាល​ត្រអាល​អរ ។
 ផ្ទំ​លក់​ជា​សុខ​លើ​ទែន​ទី                     អស់​ហ្វូង​នារី​រ័ត​បវរ
យល់​ព្រះ​ទ្រង់​ឆោម​ចម​និករ               ភូធរ​និទ្រា​ជា​សុខ​សាន្ត ។
នាំ​គ្នា​ដេក​ធ្មេច​ភ្លេចអាត្មា                  ពេញ​ពាស​ត្រៀប​ត្រា​ក្នុង​វាំង​ស្ថាន
លុះ​ពេល​យប់​ស្ងាត់​ក្សត្រ​ថ្កើង​ថ្កាន     ប្រែ​ប្រាណ​តើន​ពី​ទី​សេយ្យាស ។
ទត​យល់​ស្រី​ផង​ដេក​វក់​វី                     ប្រគង​គ្នាគ្នី​មីរ​ដេរដាស​
ស្រមុក​មមើ​ធ្វើ​ផ្ដេស​ផ្ដាស                 ខ្លះ​ដេក​គង​ថ្ងាស​សង្កៀត​ធ្មេញ ។
ខ្លះ​លក់​ក្បែរ​កៀន​ត្រអៀន​ថ្ងូរ           ទឹក​មាត់​ហៀរ​ហូរ​ប្រឡាក់​ពេញ
ផ្ងា​ផ្អៀង​ក្រឡាប់​ផ្កាប់​ទៅ​វិញ              គួរ​ជ្រេញ​ទ្រាន់​ចិត្ត​ឥត​ឧបមា ។
ស្ដេច​យល់​ប្រសាទ​ស្អាត​ប្រពៃ            ដូច​ព្រៃ​ស្មសាន​ស្ថាន​ប៉ាឆា
កើត​ក្ដី​រម្ខាន​ក្នុង​ចិន្ដា                          ចង់​ចេញ​យាត្រា​បួស​ថ្ងៃ​នោះ ។
យាង​ដល់​មាត់​ទ្វារ​ពុំ​រារង់                    ឆោម​យង់​ទ្រង់​លើក​ហត្ថ​ឡើង​កោះ
 ត្រាស់​សួរ​ដោយ​ពាក្យ​ដ៏​ពិរោះ          ​ចំពោះ​អ្នក​នៅ​ទី​ខាង​ក្រៅ ។
នាយ​ឆន្ន​អមាត្យ​ក៏​ភ្ញាភ្ញាក់                 ឮ​ជាក់​ជា​ស្ដេច​បន្ទូល​ហៅ
ឆ្លើយ​ឆ្លង​ប្រញាប់​ឆាប់​រួស​រ៉ៅ            បពិត្រ​ចម​ចៅ​មាន​ហេតុ​អ្វី ។
ឆន្ន​អើយ​ចូរ​អ្នក​ឆាប់​ចេញ​បរ           ទៅ​យក​អស្សតរ​សេះ​សួស្ដី
ប្រដាប់​ចង​គ្រឿង​រឿង​រង្សី                  នាំ​មក​ឃ្មាត​ខ្មី​កុំ​យូរ​យារ ។
អញ​នឹង​ចេញ​បួស​ថ្ងៃ​នេះ​ឯង            ប្រស្ដែង​ប្រញាប់​កុំ​រេរា
នាយ​ឆន្ន​ឮ​ហើយ​រត់​ម្នីម្នា                   នាំ​យក​អស្ដា​សេះ​មង្គល ។
ឈ្មោះ​កណ្ឋកៈ​ដាក់​ចំហុត                 សម្បុរ​ស​សុទ្ធ​រិទ្ធីពល
ធាត់​ធំ​មួន​មាំ​សម​និម្មល                    មណ្ឌល​ដង​ខ្លួន​ប្រាំ​បី​ហត្ថ ។
ចង​គ្រឿង​រុង​រឿង​គ្រប់​ប្រដាប់           ស្រេច​ស្រាប់​នាំ​ថ្វាយ​ពោធិសត្វ
ស្ដេច​ជ្រាប​សភាព​ត្រេកអរ​ក្ដាត់        ​ក្រស័ត្រ​តែង​អង្គ​ប្រុង​កាយា ។
ស្រេច​ហើយ​ភូធរ​ចរ​ចុះ​វៃ                  ព្រះ​ទ័យ​រឭក​នឹក​បុត្រា
ចង់​ទត​ឱរស​ប្រុស​កល្យាណ៍               យាត្រា​សំដៅ​ចូល​ទៅ​ខ្មី ។
យល់​អគ្គជាយា​ផ្ទុំ​ឱប​បុត្រ                  ស្រយុត​ស្រយង់​អង្គចក្រី
ចង់​លើក​បុត្រ​ច្បង​ត្រកង​បី                  ក្រែង​ពិម្ពា​ស្រី​ភ្ញាក់​ដឹង​ប្រាណ ។
នឹង​នាំ​អុក​ឡុក​កើត​សៅហ្មង             ​សេចក្ដី​ប៉ុន​ប៉ង​ក៏​អាក់​ខាន
ណ្ហើយ​ចុះ​ចាំ​ក្រោយ​សឹម​វិល​ថ្កាន      គង់​បាន​ឃើញ​ភក្រ្ត​បុត្រ​ស្នេហា ។
គិត​ក្លាង​យាង​ចេញ​ចាក​ទី​នោះ          ក៏​បរ​ឆ្ពោះ​សំដៅ​សេះ​សេដ្ឋា
ដល់​ហើយ​ទ្រង់​មាន​បន្ទូល​ថា           ហៃ​បាកណ្ឋកៈ​អាជានេយ្យ ។
ចូរ​នាំ​យើង​ចេញ​ចាក​ភារា                 ទៅ​សាង​បព្វជា​ភេទ​ប្រពៃ
នឹង​នាំ​សព្វ​សត្វ​ផង​ទីទៃ                      ឆ្លង​ពី​ទុក្ខ​ភ័យ​រាល់ ៗ គ្នា ។
សេះ​នឹង​ត្រេកអរ​ក៏​ស្រៀវ​ស្រែក       សំរែក​ញាប់ញ័រ​ខ្ទរ​មេឃា
 ទេព្តា​ខ្ទាំង​ខ្ទប់​ដោយ​រិទ្ធា​                    មិន​ឲ្យ​មនុស្ស​ម្នា​ឮ​តិច​សោះ ។


                                                                            
(សូមអភ័យទោស អត្ថបទនេះខ្ញុំមានតែប៉ុណ្ណឹងទេ ព្រោះបាត់ផ្នែកដទៃទៀត    ប្រសិនបងប្អូនណាមានសាច់រឿងមួយចប់ សូមជួយចែករំលែកឱ្យខ្ញុំ)។
តាមរយ ទូរស័ព្ទៈ ០៨៧ ២៧៤៧៩៩
                                

No comments:

Post a Comment