រឿងនារទកស្សប
កាព្យពាក្យ ៩
ឃុនសុវត្ថិវេទី យូ-អ៊ិន និពន្ធ
របៀបតែងកាព្យពាក្យ៩
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
រឿងនារទកស្សប
កាព្យពាក្យ ៩
ឃុនសុវត្ថិវេទី យូ-អ៊ិន និពន្ធ
បានទទួល
រង្វាន់លើកទឹកចិត្ត
ផ្នែកកវីនិពន្ធ ក្នុងការប្រឡងអក្សរសាស្ត្រ
របស់សមាគមអ្នកនិពន្ធខ្មែរ នៅឆ្នាំ ១៩៦១
នមក្ការកថា
ខ្ញុំសូមលើក ហត្ថក្រពុំ បង្គំផ្ចង់ ចំពោះត្រង់
អង្គត្រៃរ័ត្ន ក្នុងលោកា
គឺព្រះពុទ្ធនឹងព្រះធម៌ជាសរណា ទាំងព្រះសង្ឃជាភេត្រានៃពួកសត្វ ។
ព្រះសម្ពុទ្ធព្រះសទ្ធម្មនឹងព្រះសង្ឃ ទាំង
៣ អង្គដែលឈ្មោះថាព្រះត្រៃរ័ត្ន
ព្រោះជាកែវមានពន្លឺភ្លឺឆ្វៀលឆ្វាត់ អាចបំបាត់កាត់ងងឹតក្នុងសន្ដាន ។
កែវដទៃ[1]
ទោះបីថ្លៃច្រើនអនេក រស្មីប្លែកឆ្លុះចាប់ភ្នែកអ្នកឃើញបាន
ក៏មិនអាចកំចាត់ល្ងង់ក្នុងអង្គប្រាណ មិនអាចច្រានកងកិលេសឲ្យឃ្លាតឆ្ងាយ ។
ឯត្រៃរ័ត្នប្រាកដជាកែវថ្លៃថ្លា ញ៉ាំងប្រាជ្ញមនុស្សទេព្ដាឲ្យបែកសាយ
ឲ្យលះកាត់គ្រឿងសៅហ្មងផងទាំងឡាយ ឲ្យឆ្កាត្រាយផ្ដាច់ចង្វាយខ្សែតណ្ហា
។
កែវទាំងបីគុណពិសីគួរគោរព ទាំងជាម្លប់ដ៏ត្រជាក់អ្នកសាសនា
ហេតុនេះខ្ញុំសូមលើកផ្គុំម្រាមហត្ថា ឱនកាយាលុតជង្គង់បង្គមថ្វាត់ ។
ដោយតេជះនមស្ការយ៉ាងខ្លីនេះ ខ្ញុំសូមរិះរកពាក្យដោយវៃក្តាត់
ឲ្យចាប់ចួនធួនបានន័យគ្មានវិបត្តិ សូមកំចាត់បំបាត់មោហ៍នាំចិត្តល្អក់
។
អារម្ភកថា
តពីនេះខ្ញុំសូមថ្លែងរឿងនារទៈ កស្សបៈដ៏មានជាក់ក្នុងជាតក
នៃគម្ពីរព្រះសុត្តន្ត-បិដក ដោយការឆក់បកប្រែកែជាពាក្យកាព្យ
។
ជាពាក្យចួនប្រាំបួនម៉ាត់ចាត់មួយវគ្គ បួនឃ្លាជាក់ដាក់ខ័ណ្ឌមួយស្កាត់ដរាប
ការណ៍ដែលនាំបង្ខំខ្ញុំលើករឿងនេះ ដោយត្រិះរិះឃើញពិតថាជារឿងកប់
គ្មានទាន់ផ្សាយក្នុងដែនខ្មែរជាច្រើនចប់ ជាកំណប់កប់លិចនៅក្នុងបាលី
។
ហើយជារឿងមានសារៈជាក់សំខាន់ ដូចព្រះចន្ទព្រះអាទិត្យចាំងរង្សី
ឲ្យងងឹតជិតមិនបានច្រានអស់ខ្មី បញ្ចាំងដីឲ្យពួកសត្វប្រតិបត្តិការ
។
បើលោកអ្នកមានចិត្តស្ម័គ្របានអានហើយ នឹងបានស្បើយបាត់សង្ស័យក្នុងធម៌អាថ៌
ដែលយល់ឆ្វេងឬមិនយល់ដោយពិស្ដារ តាមហេតុការណ៍ទោះតិចច្រើនជាពុំខាន
។
ដោយអាស្រ័យន័យយ៉ាងនេះទើបខ្ញុំប្រែ បកស្រាយកែតែងជាកាព្យដោយក្លាហាន
ទុកជាកិច្ចការស្នាដៃនៃអង្គប្រាណ ដូចនិទានមានតទៅជាសង្កាត់
។
វត្ថុកថា
សេចក្ដីថាក្នុងវិទេហនគរ ដ៏បវរមានស្ដេចមួយប្រសើរក្ដាត់
ទ្រង់ព្រះនាមអង្គតិជាមហាក្សត្រ សោយរាជ្យរដ្ឋមានអំណាចខ្លាំងអស្ចារ្យ
។
មានរេហ៍ពលសុទ្ធពូកែច្រើនអនេក អាចចូលជ្រែកជ្រែកតយុទ្ធនឹងខ្មាំងមារ
ដោយក្លាហានគ្មានរន្ធត់ហ៊ានពុះពារ ស្ដេចដទៃភ័យអន្ធការចុះចាញ់ដៃ
។
ក្នុងថ្ងៃមួយស្ដេចទ្រង់ហៅរាជសេវ័ក ទាំងបីនាក់ឲ្យចូលគាល់ប្រញាប់វៃ
គឺសុនាម,លោកអលាតនឹងវិជ័យ [4] ហើយក្សត្រថ្លៃមានបន្ទូលត្រាស់ប្រឹក្សា
៖
នៃអស់លោកក្នុងថ្ងៃនេះខ្ញុំនឹកចង់ សប្បាយអង្គត្រង់រឿងមួយប្រពៃថ្លា
ច្នេះចូរអ្នកស្ម័គ្រជួយគិតតាមប្រាជ្ញា ធ្វើយ៉ាងណាឲ្យខ្ញុំបានក្សាន្តរីករាយ ។
លោកអលាតក្រាបទៀបបាទបង្គំថ្វាត់ ទូលមហាក្សត្រតាមយោបល់យល់ក្នុងកាយ
ថាបពិត្រព្រះនរិន្ទរិទ្ធិពណ្ណរាយ ទូលបង្គំសូមក្រាបថ្វាយរាយយោបល់
៖
ការចម្បាំងតាំងតយុទ្ធនឹងស្ដេចណា ដែលមិនខ្លាចព្រះចេស្ដានៃចមពល
វាយស្ដេចឲ្យចុះញ៉មព្រមប្រគល់ ថ្វាយដីដល់ព្រះភូមិន្ទឲ្យត្រួតត្រា
។
ធ្វើយ៉ាងនេះទើបព្រះអង្គទ្រង់សប្បាយ ដោយបានផ្សាយវាតអំណាចរាជអាជ្ញា
បើទ្រង់សព្វគាប់ព្រះទ័យស្របចិន្ដា ទូលបង្គំភ្ជុំសេនាច្បាំងថ្វាយទ្រង់
។
បន្ទាប់មកលោកសុនាមក្រាបបង្គំ ព្រះបរមមហាក្សត្រខត្តិយវង្ស
ទូលថ្វាយន័យឲ្យទ្រង់ជ្រាបមិនបង្អង់ ថាសូមទ្រង់ជ្រាបក្រោមល្អងធូលីបាទ ។
ទូលបង្គំយល់ថាការច្បាំងរាំងជល់ នាំអំពល់ឲ្យរវល់ខូចបង់ខាត
ព្រោះព្រះអង្គមានសេ្ដចច្រើនស្ដាប់ឱវាទ ជ្រកក្រោមបានមានមកហើយដូចជ្រាបស្រាប់
បើព្រះអង្គចង់រីករាយក្នុងព្រះទ័យ សូមទ្រង់លៃឆ្នៃក្រសាលខាងល្បែងសព្ទ
ប្រគំភ្លេងលេងច្រៀងរាំឲ្យអឹងអាប់ ទើបចិត្តចាប់ក្នុងតម្រេកនៃកាមា
។
តមកទៀតលោកវិជ័យលើកកំបង់ បង្គំអង្គព្រះនរិន្ទពិន្ទសិរ្សា
ក្រាបលូលន័យលៃតាមយល់យ៉ាងនេះថា សូមមេត្តាទ្រង់ករុណាជ្រាបសេចក្ដី
។
ការស្ដាប់ច្រៀងមៀងមើលរាំល្បែងនេះណា ព្រះរាជាទ្រង់សណ្ដាប់រាល់រាត្រី
ចាំបាច់ទូលឲ្យទ្រង់ជ្រាបបានការអ្វី ព្រះចក្រីគួរមានក្ដីយល់យ៉ាងនេះ ៖
សូមព្រះអង្គទ្រង់ស្ដេចយាងសាកសួរធម៌ ដោយស្មោះសរនឹងអ្នកប្រាជ្ញដែលអាចចេះ
ដោះស្រាយរួចគ្មានទើសទាល់សល់ចំណេះ ធ្វើយ៉ាងនេះទើបពេញជាសប្បាយពិត
។
គ្រានោះឯងព្រះរាជានរាសេដ្ឋ ទ្រង់សង្កេតន័យទាំង
៣ ដោយពិនិត្យ
ឃើញដូចពាក្យលោកវិជ័យស្ដីនោះពិត ទើបទ្រង់រិទ្ធិប្រសិទ្ធពរឲ្យវិជ័យ
។
រួចទ្រង់ត្រាស់ព្រះបន្ទូលសួរទៅថា ចុះលោកណាធ្លាប់ស្គាល់ជាក់អ្នកប្រាជ្ញថ្លៃ
មានប្រាជ្ញាអាចដោះសាដោយប្រពៃ នៅអាស្រ័យរាល់យប់ថ្ងៃក្នុងទីណា
?
លោកអលាតជានាយករដ្ឋមន្ត្រី ក្រាបទូលខ្មីថាសូមទ្រង់ព្រះមេត្តា
លោកគ្រូនេះមានចំណេះប្រាជ្ញាជ្រៅ បើស្ដេចទៅសួរប្រស្នាយ៉ាងផ្ចិតផ្ចង់
លោកអាចថ្វាយរាយសេចក្ដីគ្មានបង្អង់ មុខជាទ្រង់បានរីករាយជាពុំខាន
។
ព្រះរាជាទ្រង់សណ្ដាប់សព្ទនាយក ទើបទ្រង់ងក់ព្រះសិរ្សៈទទួលថ្កាន
រួចទ្រង់ត្រាស់ព្រះបញ្ជាឲ្យរៀបយាន សម្រាប់ពលកងទាហាននឹងមន្ត្រី
។
ស្ដេចទ្រង់យាងដោយមាននាងរាជកញ្ញា ទាំងសេនាអ្នករាជការហែចក្រី
ស្ដេចដល់ហើយទ្រង់គោរពតាមវេណី រួចនរបតីត្រាស់ឱង្ការសួរទៅថា
៖
លោកគ្រូម្ចាស់សុខស្រួលអង្គទេឬអ្វី ឬមានក្ដីមិនសប្បាយដោយហេតុណា
ទាំងព្រះនេត្រអាចសង្កេតមើលឃើញរ៉ា ឬក៏ជាងងឹតជិតអស់ទៅហើយ
?
លោកគ្រូគុណថ្វាយព្រះពរបវរក្សត្រ ថាវិបត្តិក្នុងរូបប្រាណពុំមានឡើយ
សឹងសុខសាន្តគ្មានទុក្ខព្រួយជាសះស្បើយ ភ្នែកទាំងពីរភ្លឺនៅឡើយគ្មានងងឹត ។
ខ្ញុំករុណាដែលយាត្រាមកទីនេះ ប្រាថ្នាចេះនូវចំណេះដ៏ពិចិត្រ
ដោយសាកសួរនូវសំនួរតាមក្រមក្រឹត្យ សូមម្ចាស់គិតពិនិត្យដោះសោះសង្កា
។
ខ្ញុំសង្ស័យសឹងមានន័យដូចតទៅ ៖ តើម៉ែឪត្រូវបុត្រធ្វើកិច្ចយ៉ាងណា
តបគុណលោកដែលមានមកលើអាត្មា ឲ្យសុខាជ័យមង្គលមានដល់ប្រាណ
?
មួយវិញទៀតជាតិជាមនុស្សក្នុងលោកិយ កាន់ធម៌អ្វីទើបមានក្ដីសុខសម្រាន្ត
ក្នុងលោកនេះនឹងលោកនាយពុំអាក់ខាន សូមលោកគ្រូគូរនិទានកាត់ក្ដីឆ្ងល់
។
ថ្វាយព្រះពរ ! ផលនៃកម្មអាក្រក់ល្អ នៃសត្វកសាងសន្សំខំតំកល់
ដូចឲ្យទានរក្សាសីលផ្តិលកង្វល់ ដែលនឹងផ្ដល់ឲ្យសុខទុក្ខនោះក៏គ្មាន
។
ទាំងបរលោកលោកដទៃពីលោកយើង ឋានសួគ៌ថ្កើងឋាននរកនឹងនិព្វាន
ទេព្ដាព្រហ្មមារយក្សយមកុំពុំមាន សេចក្ដីនេះសូមរិះធ្យានកុំវិតក្ក[7]
។
បើបាបបុណ្យទាំងទោសគុណមិនឲ្យផល ទៅរវល់តបគុណអ្វីម្ដាយឪពុក
កិច្ចថែទាំដែលលោកធ្វើទាំងគ្រប់មុខ ការនេះទុកជាភារៈអ្នកជាមេ ។
សត្វបានសុខឬបានទុក្ខក៏បានឯង គ្មានកម្មចែងចាត់ឲ្យសុខឲ្យទុក្ខទេ
ឯទានសីលគឺជនពាលធំជាងគេ[8] បានបញ្ញត្តទុកគ្រាន់តែ
ប្រយោជន៍ខ្លួន ។
ព្រោះហេតុនេះមនុស្សយើងមុនស្លាប់ទៅ មិនបាច់ត្រូវគិតទៅមុខដែលឈឹងសូន្យ
គិតធ្វើអ្វីនាំឲ្យភ័យមានដល់ខ្លួន បើនឹងគិត គិតឲ្យមួនពីរកទ្រព្យ ។
ក្នុងពេលនោះលោកអលាតរដ្ឋមន្ត្រី មានសេចក្ដីជឿគ្រូគុណដែលរៀបរាប់
ទើបលើកហ្ថតពោលស្កាត់ថាខ្ញុំមានភ័ព្វ សូមគំនាប់លោកគ្រូម្ចាស់ដោយជ្រះថ្លា ។
ពាក្យលោកម្ចាស់ដែលពោលនេះពេញជាត្រូវ ត្រង់តាមផ្លូវគំនិតខ្ញុំឥតសង្កា
ខ្លួនខ្ញុំឯងភ័ស្ដុតាងស្រាប់ធ្លាប់កើតជា បិង្គលា[9]
ឋិតនៅពារាណសី ។
បិង្គលៈជាតិជាអ្នកសម្លាប់គោ ជាមនុស្សមោហ៍បាំងងងឹតជិតរស្មី
មិនដែលធ្វើនូវអំពើកុសលអ្វី លុះស្លាប់ខ្មីម្៩ដេចមិនទៅនៅនរក
។
ត្រឡប់កើតយកកំណើតជាខ្ញុំនេះ បុណ្យធំម្ល៉េះធ្វើមន្ត្រីទីនាយក
ព្រោះរឿងនេះទើបខ្ញុំយល់ថានរក ឋានលាមកសម្រាប់សត្វពុំមានទេ
។
ទាំងឋានសួគ៌ក៏មិនគួរជឿថាមាន ទាំងនិព្វានក៏មិនគួរជឿតាមគេ
ផលនៃកម្មដឹកនាំជាតិឲ្យជាតិរេ គ្មានសោះទេស្រេចនៅតែធម្មតាចាត់
។
ខណៈនោះមានបុរសកំសត់ម្នាក់ ឈ្មោះវីជកៈអង្គុយស្ដាប់ដោយស្ងៀមស្ងាត់
កាលបានឮពាក្យសន្ទនាចាសង្កាត់ កើតវិបត្តិកាត់ពុំបានយំហ៊ី
ៗ ។
ស្ដេចទតឃើញទ្រង់នឹកឆ្ងល់ខ្វល់ព្រះទ័យ ទើបត្រាស់វៃឲ្យមន្ត្រីទៅបំភ្លឺ
នាំយកមកទ្រង់សួររកហេតុយំឮ នោះតើគឺមានកើតទុក្ខពុំសុខអ្វី
?
វីជកៈអ្នកទុគ៌តខ្សត់កំព្រា លើកហត្ថាបន្ទន់កាយថ្វាយសេចក្ដី
ថាខ្ញុំឯងចំបែងចិត្តព្រោះដ្បិតអី មានសេចក្ដីរឭកឃើញជាតិពីមុន
។
កាលខ្ញុំកើតជាសេដ្ឋីឈ្មោះភាវៈ មានភោគៈទ្រព្យសម្បត្តិជាដើមទុន
ច្រើនអនេកខ្ញុំរំលែកចែកធ្វើបុណ្យ យកទ្រព្យទុកដាក់ជាទានគ្មានអាល័យ
។
តែដល់ខ្ញុំស្លាប់ពីនោះលុះមកកើត យកកំណើតក្នុងត្រកូលទ័លខ្លាំងក្រៃ
ជាជាតិថោកធ្វើខ្ញុំគេតែសព្វថ្ងៃ ក្រហិនហៃភ័យទុក្ខព្រួយឥតពេលផុត
។
ទោះយ៉ាងនេះខ្ញុំគង់រិះស្មាទានសីល ឥតមានខ្ជិលខំរក្សាឧបោសថ[10]
រាល់ថ្ងៃខែខំប្រឹងថែឲ្យបរិសុទ្ធ ខំលំអុតដុតកិលេសគ្មានសើវើ
។
ឥឡូវឮលោកគ្រូគុណនិងអលាត ដែលមានវាទថាសីលទានគ្មានអំពើ
នាំឲ្យខ្ញុំស្ដាយក្នុងចិត្តគិតសើរើ ឃើញទានធ្វើពីជាតិមុនឥតផលជាក់ ។
ទាំងសីលសោតដែលខ្ញុំកាន់តែរាល់ថ្ងៃ ក៏មានន័យប្រហែលគ្នាគ្មានស្ទើរស្ទាក់
ត្រូវដូចពាក្យរបស់លោកទាំងពីរនាក់ ទើបខ្ញុំភ្ញាក់ស្ដាយកុសលទៅជាយំ
។
ឱវីជកៈ អ្នកកុំយំខំកាត់ទៅ បើតាមត្រូវយើងធ្វើអ្វីទោះតូចធំ
តែងមានខុសតែងមានត្រូវមានមិនសម ច្នេះយើងកុំនាំគ្នាជឿបុណ្យនឹងបាប
។
អង្គតិព្រះមហារាជលុះទ្រង់ត្រាស់ បញ្ជាក់ច្បាស់ឲ្យវីជកៈដឹងសភាព
រួចទ្រង់បែររេព្រះភក្ត្រដាក់បន្ទាប ព្រះកាយរាបថ្វាយបង្គំលោកគ្រូគុណ ។
លាចេញទៅកាន់លំនៅវាំងប្រាសាទ ប្រសើរស្អាតវិមានចន្ទក៍[11]
កើតដោយបុណ្យ
ហើយតម្រូវនូវអាមាត្យឈ្មោះដូចមុន ឲ្យទទួលទ្ររែកពុនការផែនដី
៖
នៃអស់លោកទាំង ៣ នាក់ឥឡូវនេះ ខ្ញុំបានរិះគិតសម្រាកលោកចេញខ្មី
ឈប់ទទួលមើលខុសត្រូវនូវទឹកដី នេះដើម្បីប្រយោជន៍ឲ្យបានក្ដីសុខ
។
ច្នេះសូមលោកយោគយល់ខ្ញុំកុំប្រកែក សូមរំលែកចែកការគ្នាកាន់ដោយមុខ
រក្សារាស្ត្រទាសកម្មករកុំឲ្យទុក្ខ រក្សាស្រុកជាតិប្រទេសឲ្យមាំទាំ
។
ប្រគល់ស្រេចស្ដេចបញ្ជាអស់ក្រុមភ្លេង ឲ្យមកលេងតូរ្យតន្ត្រីស្រីច្រៀងរាំ
លុះទ្រង់ត្រេកមានតម្រេកក្នុងកាមមាំ ទ្រង់ក៏នាំនារីស្រស់មកសេពសន្ថរ៍ ។
ទ្រង់សប្បាយមិនជិនណាយនឹងសម្ផស្ស ស្រីទាំងអស់មានសម្រស់ល្អពេកពន់
នាំឲ្យទ្រង់លង់ព្រះទ័យលែងគិតគណ ពីព្រះជន្មដែលមិនធន់ជរារោគ
។
ស្លេះរឿងនេះបែរទៅពោលពីធីតា នាមរុចារូបសោភាល្អមានជោគ
ជាបុត្រីនៃអង្គតិក្សត្រមានភោគ ស្រីក្នុងលោកយកមកផ្ទឹមត្រឹមពុំបាន
។
នាងរុចាមានប្រាជ្ញាថ្លាជ្រាលជ្រៅ យល់ខុសត្រូវផ្លូវធម៌អាថ៌ទាំងប៉ុន្មាន
នាងក្មេងពិតតែគំនិតដ៏ក្លាហាន ចេះឲ្យទានហ៊ានកាន់សីលឧបោសថ
។
នៅថ្ងៃមួយដែលជាថ្ងៃទីដប់បួន នាងរៀបខ្លួនស្អិតស្អាងអង្គខ្ញង់ល្អផុត
រួចនាំស្រីជាបរិពារទៅលំអុត គាល់រាជម្កុដជាបិតានៃព្រះនាង
។
ព្រះរាជាគ្រាទតឃើញរាជបុត្រី មានក្មេងស្រីជាបរិវារហែសងខាង
មើលទៅហាក់ទេពអប្សរល្អរូបរាង ទើបត្រាស់ភ្លាងសួរចៅរ៉ៅទៅធីតា
៖
ឱកូនស្រីកែវពិសីមាសឪពុក ! នាងបានសុខគ្មានក្ដីទុក្ខឬយ៉ាងណា
នាងទៅលេងឯស្រះស្រង់ទឹករងថ្លា រាល់ទិវាពុំដែលខានទេឬអ្វី
?
រូបតក្កតាដូចរូបខ្លាឬរូបគោ រូបសិង្ហតោសេះក្របីរូបដំរី
នៅតែមានគេធ្វើឲ្យទេឬអ្វី ? ចូរកូនស្រីប្រាប់បិតាឲ្យដឹងរ៉ា
។
កម្រងផ្កាបាច់មាលារូបគ្រឹះស្ថាន មាសកល្យាណមានគ្រាន់លេងឬធីតា
!
ចុះមកនេះ តើកូនស្រីមានប្រាថ្នា របស់អ្វីពីហ្លួងប៉ាថាមកស្ងួន
?
នាងរុចាលើហត្ថាបង្គំផ្ចង់ ចំពោះអង្គព្រះបិតាគុណធំធួន
ក្រាបទូលតបសម្របតាមរឿងក្នុងខ្លួន ថ្វាយសេចក្ដីលៃសំនួនដូច្នេះថា
៖
ឱបិតាមហាគុណដ៏ធ្ងន់ក្រៃ ! កូនសព្វថ្ងៃបានទទួលក្ដីសុខា
កូនទៅលេងឯស្រះស្រង់ទឹករងថ្លា រាល់ទិវាជាប្រក្រតីពុំដែលខាន
។
រូបតក្កតាផ្កាកម្រងភួងមាលា ដោយតេជៈព្រះរាជាទ្រង់ប្រទាន
អ្នកបំរើនៅតែធ្វើឲ្យពុំខាន ខ្ញុំម្ចាស់បានបាត់អផ្សុកវិតក្កហ្មង
។
ដែលខ្ញុំម្ចាស់មកគាល់នេះដោយប្រាថ្នា នឹងសុំប្រាក់ពីហ្លួងប៉ាមួយពាន់ហោង
ដើម្បីចែកឲ្យជាទានដល់អ្នកផង ដែលទ័លក្រដ៏កន្លងណាព្រះអង្គ
! ។
ហើយថ្ងៃស្អែក នុ៎ះជាថ្ងៃទីដប់ប្រាំ តាមចំណាំត្រូវខ្ញុំម្ចាស់ខះខំផ្ចង់
ទទួលសីលរក្សាចិត្តឲ្យផូរផង់ ឲ្យខ្លួនត្រង់តម្រង់ទៅក្នុងផ្លូវធម៌
។
ព្រះរាជាទ្រង់សណ្ដាប់សព្ទសវនីយ៍ នៃបុត្រីស្រីសម្លាញ់ពេញឧទរ
ទ្រង់មិនសព្វព្រះហឫទ័យដោយស្មោះសរ ទើបភូធរមានបន្ទូលតបបុត្រី
៖
ឱរុចា ធីតាកូន ! នាងកុំកុំ កុំទៅខំធ្វើបុណ្យទានប្រយោជន៍អ្វី
ឈប់បំផ្លាញប្រាក់ឪពុកទៅកូនស្រី ! ឈប់ឃ្មាតខ្មីស្មាទានសីលទៅណាកូន
! ។
លោកគ្រូគុណលោកអលាតវីជកៈ បានយល់ជាក់ថាផលកម្មគឺស្មោះសូន្យ
ដោយគែអាងមានព័ស្ដុតាង យ៉ាងសមសួន ដូច្នេះកូនជឿគេទៅពៅពុំងា
! ។
លោកអលាតបានដឹងជាតិអំពីមុន ជាជាតិកុនដុនដាបអាប់យ៉ាប់វេទនា
សម្លាប់គោចិញ្ចឹមប្រាណបានសុខា លុះមរណាមកកើតជាអលាតឯង
។
វីជកៈក៏ដឹងជាតិក្នុងភពមុន ជានាយទុនដ៏មានបុណ្យធនធានខែង
ជាអ្នកលះឈ្នះកំណាញ់ទ្រព្យផងឯង អាចចែកបែងឲ្យជាទានគ្មានស្ដាយទេ
។
លុះលែងជាតិរវាតមកយកភពថ្មី ប្រែជាតី
ជាទាសៈ អ្នកខ្ញុំគេ
ជនពីនេះសឹងមានកម្មដែលជាមេ កូនឃើញទេពិតជាកម្មគ្មានឲ្យផល
។
កុមារីស្រីរុចា ប្រាជ្ញាវៃ បានឮន័យព្រះតម្រាស់ខ្វះយោបល់
ទើបព្រះនាងត្រាស់តបភ្លាងដោយក្ដីយល់ ឲ្យចមពលយល់ឃើញត្រូវផ្លូវសាសនា ៖
បពិត្រព្រះ រាជបិតា មានគុណធំ ! ពីដើមខ្ញុំគ្រាន់តែឮ
គេស្ដីថា
ឥឡូវនេះបានឃើញច្បាស់នឹងនេត្រា សមដូចជាសុភាសិតពិតម៉ត់ចត់
៖
ជនណាគប់ភប់ជនពាលដែលល្ងង់ខ្លៅ នឹងក្លាយទៅជាពាលាជាក់ប្រាកដ
អ្នកណាគប់ជនវង្វែងខ្វែងខុសបទ និងរលត់ស្មារតីឈឹងវឹងស៊ុងស៊ុន
។
ព្រះបិតាមានវាសនាជាស្ដេចធំ មិនគួរសមសម្ងំជឿពាក្យគ្រូគុណ
លោកគ្រូនេះមានចំណេះប្រាជ្ញាដុន ដោយស្វែងបុណ្យទើបតាំងខ្លួនជាអ្នកប្រាជ្ញ។
កាលគ្រូនេះពោលថាកម្មគ្មានឲ្យផល ទ្រង់គួរឆ្ងន់ផ្ដល់សួរវិញដោយអង់អាច
ថាពួកមនុស្សខុសផ្សេងគ្នាដោយល្ងង់ប្រាជ្ញ តើអំណាចរបស់អ្វីឆ្នៃឲ្យផ្សេង ? ។
ដូចកូនស្ដេចប្រសូតពីឧទរមួយ ខ្លះឥតព្រួយមានប្រាជ្ញាថ្លាយល់ឈ្វេង
ខ្លះល្ងង់ល្ងិតប្រាជ្ញាអន់ទន់ក្រៃលែង ខ្លះខែងរ៉ែងបានសោយរាជ្យអំណាចរឹង ។
ខ្លះគថ្លង់អង្គខ្វិនខ្វង់ពីកំណើត ខ្លះភ្នែកស្លើតភ្នែកងងឹតជិតសូន្យឈឹង
ខ្លះកើតមកឥតពិការកាយសភ្លឹង ការផ្សេងហ្នឹងគួរចង់ដឹងតើព្រោះអ្វី
?
សត្វផ្សេងគ្នាពិតគឺជាដោយសារកម្ម កម្មតែងចាំនាំបំបែរប្រែប្រក្រតី
កម្មជាពូជដូចផៅពង្សមិត្រភ្ងាប្រិយ កម្មកាត់ក្រីឆ្នៃសត្វឲ្យអាក្រក់ល្អ ។
កម្មនាំសត្វឲ្យប្រាជ្ញល្ងង់អង្គគមគាក់ ឲ្យខ្វិនខ្វាក់ភ្នែកងងឹតឬថ្លង់គ
ពីកំណើតស្រេចតែម្ដងក៏មានមក៍ ជួនកាលលលបឲ្យផលដល់ខ្លួនចាស់
។
ខ្ញុំកូនស្រីមានក្ដីឆ្ងល់នឹងគ្រូគុណ ដែលថាបុណ្យទាំងថាបាបគ្មានផលច្បាស់
ចុះហេតុអ្វីថ្វីលោកបួសខំប្រឹងណាស់ ការណ៍នេះច្បាស់ពិតជាជាន់ជើងខ្លួនឯង ។
ព្រោះការបួសប្រតិបត្តិកាត់កិលេស ឲ្យវិសេសបរិសុទ្ធផុតគ្រឿងស្លែង
កិច្ចទាំងនេះចាត់រាប់ថាកម្មនោះឯង បើផលស្ដែងឥតមានទេម្ដេចក៏បួស ។
មួយទៀតថាទានសីលាឥតឲ្យផល ការដែលយល់បែបយ៉ាងនេះគឺយល់ជ្រួស
ដ្បិតទានសីលជាគុណមួយជួយជុលជួស ឲ្យពួកសត្វរួចរបួសនាលោកិយ
។
ដូចឲ្យទានទុកជាស្ពានចង់ភ្ជាប់មិត្រ ឲ្យមានចិត្តរាប់រកគ្នាជាមេត្រី
បើខ្វះទានគ្មានការឲ្យតើបានអ្វី ឲ្យមានក្ដីស្និទ្ធស្នេហារក្សាគ្នា
។
ម៉្លេះសមបុត្រហ៊ានតយុទ្ធនឹងម៉ែឪ រាស្ត្រទួទៅលែងគោរពព្រះរាជា
ពួកនិស្សិតលែងកោតខ្លាចគ្រូនានា ទាំងភរិយាលែងជឿស្ដាប់គោរពប្ដី
។
ការឲ្យទានមានកម្រៃទៅជាតិមុខ ឲ្យរួចទុក្ខឆុកវេទនាទ័លក្រក្រី
បើមានគ្រោះព្រោះកំហុសគេប្រណី មានភក្ដីមេត្រីមួយឲ្យទោសឃ្លាត
។
ចំណែកសីលជាគុណមួយជួយលំអ ឲ្យចិត្តសល្អស្អាតស្អំសមមនុស្សជាតិ
ពួកមនុស្សយើងបើគ្មានសីលដូចគេស្រាត ឬខូចធាតុជាតិវិកលវល់ដួងចៃ ។
ទៅជាមនុស្សហ៊ានលួចលាក់ចាក់សម្លាប់ ហ៊ានវាយកាប់ចាក់ប្រពន្ធជនដទៃ
ក្លាយជាមនុស្សមានទោសទណ្ឌធ្ងន់ធំក្រៃ ជនដទៃខ្ពើមវិស័យដូចគម្រង់ ។
ការកាន់សីលផ្តិលមន្ទិលក្នុងសន្ដាន អាចទាញច្រានទុក្ខទោសពៃរ៍ភ័យឡឺនឡង់
ឲ្យឃ្លាតចេញដេញឲ្យឆ្ងាយចាករូបអង្គ ឲ្យតម្រង់ក្នុងក្ដីសុខនៅលោកិយ ។
ក្នុងបរលោកសីលក៏យោគជួយប្រសិទ្ធ ឲ្យដួងចិត្តដួងវិញ្ញាណមានសួស្ដី
ធ្វើដំណើរដើរទៅកាន់ភពជាថ្មី ដោយសិរីជ័យមង្គលសុខក្រៃលែង
។
ម្ដាយឪពុកគ្រូគុណទុកថាគ្មានគុណ កិច្ចការុណ្យ[12]
មកលើកូនដោយជាក់ស្ដែង
ជាភារៈ លើម៉ែឪត្រូវប្រឹងប្រែង ថែកូនឯងឲ្យរស់រានមានសុខសាន្ត
។
ចុះភារៈអ្នកជាកូនតើយ៉ាងណា ម្ដេចមិនថាតាមទំនងទងដើមដាន
ត្រូវធ្វើម្ដេចចំពោះលោកជាកល្យាណ ម្ដេចក៏ហ៊ានថាមិនបាច់តបគុណលោក
។
ដូចម៉ែឪត្រូវមុនកូនសងគុណលោក តាមប្រយោគដែលលោកធ្វើមកលើយើង
។
កាលដែលកូននៅទន់ខ្ចីវ័យនៅក្មេង ម៉ែឪតែងមានភារៈថ្នាក់ថ្នមស្ងួន
ដល់ឪម៉ែប្រែចាស់ជោរទោរទន់ខ្លួន ភារៈកូនត្រូវថែធួនចិញ្ចឹមវិញ
។
ប្រពៃណីនៃមនុស្សយើងគ្រប់ជាន់ថ្នាក់ តែងជាប់ធ្វាក់ទាក់ទងគ្នាជាប្រដេញ
ដូចសិស្សគ្រូគូនឹងគ្នាត្រូវបំពេញ ភារៈវិញតាមនាទីទៅរកគ្នា
។
ភារៈគ្រូត្រូវប្រឹតប្រៀនបង្រៀនសិស្ស ឲ្យប្រតិស្ឋតំកល់ខ្លួនស្ងួនវិជ្ជា
ភារៈសិស្សត្រូវជឿស្ដាប់ផ្គាប់គារវា ត្រូវវន្ទាធ្វើដូចគ្នានឹងម៉ែឪ ។
គុណស្ដីពោលកាត់ក្រីនូវបរលោក ទ្រង់គួរយោគប្រមោកសបតបសួរទៅ
ថាអាទិត្យនឹងព្រះចន្ទតើតាំងនៅ លោកនេះកូវឬក៏នៅលោកឯណា
?
តាមដែលពិតព្រះអាទិត្យនឹងព្រះចន្ទ ឃើញជាក់ស្បាន់ក័ណ្ឌ[1]ច្បាស់ទែងនឹងនេត្រា
មិនឋិតនៅក្នុងលោកយើងនេះកាលណា គឺពិតជាឋិតនៅនាលោកដទៃ
។
បើលោកខែនឹងលោកថ្ងៃជាលោកផ្សេង ទ្រង់គួរឈ្វេងថាបរលោកមានពិតក្រៃ
ព្រោះពាក្យនេះបើគិតរិះប្រែមកវៃ ក៏បានន័យថាលោកផ្សេងពីលោកយើង
។
ឱព្រះអង្គទ្រង់មានគុណធ្ងន់ដ៏ធំ ! ឥឡូវខ្ញុំសុំបែរពោលដោយដេញជើង
ពីអលាតជាតិនាយកមន្ត្រីថ្កើង ដែលស្ដីឡើងថាបុណ្យបាប
សាបគ្មានផល ។
លោកអលាតថ្វីមិនប៉ាតវាទដូច្នោះ ព្រោះលោកនោះគំនិតខ្លីស្ដីឥតឆ្ងល់
ដឹងជាតិខ្លួនតែមួយមួនមិនខ្វាយខ្វល់ គិតឲ្យយល់ដល់មនុស្សយើងមានជាតិច្រើន ។
ក្នុងជាតិខ្លះខះខំធ្វើអំពើបុណ្យ ជាតិខ្លះស៊ុនធ្វើសុទ្ធបាបឆ្អាបឆ្អេះកើន
ជាតិខ្លះធ្វើនូវអំពើទាំងពីរច្រើន លោកអលាតមិនក្រវើនគិតដល់សោះ
។
លុះលែងជាតិរវាតចេញមកពីនោះ ផលបាបលោះព្រោះផលបុណ្យជាតិមុនផ្ដល់
។
នាំឲ្យកើតយកកំណើតជាអលាត បុណ្យជួយវាតលាតឲ្យមុខសុខសែនសល់
ព្រោះរឿងនេះទើបអលាតជ្រៀតការយល់ ថាបុណ្យបាបឥតឲ្យផលទាល់តែសោះ
។
ចំណែកខាងវីជកៈអ្នកកំសត់ ក៏កំណត់កត់យល់តាមស្នាមគេនោះ
ដោយសំអាងតាងថាខ្លួនដឹងជាតិស្មោះ ដែលមានឈ្មោះប្រាកដថាភាវសេដ្ឋី
។
សេដ្ឋីនេះចេះធ្វើទានចែកធានធន ដល់ពួកជនទុក្ខលំបាកយ៉ាកប្រក្រតី
លុះលះជាតិឃ្លាតពីនោះមកវិញខ្មី យកជាតិជាវីជកៈថ្នាក់ខ្ញុំគេ
។
វីជកៈមិនដឹងជាក់ជាតិដទៃ ជាជាតិថ្លៃឬថោកក្រៃផ្សេងទៀតទេ
ទើបកំណត់កត់រឿងនេះយកជាមេ ថាឲ្យទានគ្មានផលទេឥតសង្ស័យ
។
លោកអលាតវីជកៈទាំងពីរនាក់ ជាមនុស្សរាក់ខ្លីប្រាជ្ញាអន្ធការក្រៃ
ដឹងជាតិខ្លួនតែមួយជាតិឆ្លៀតវិនិច្ឆ័យ ថាសីលទានគ្មានដំឡៃឥតប្រយោជន៍ ។
បើដឹងជាតិវាតបានច្រើនដូចខ្ញុំម្ចាស់ ទើបគួរណាស់វិនិច្ឆ័យឆ្នៃល្អិតល្អោច
ច្នេះព្រះអង្គទ្រង់សណ្ដាប់ចាប់ប្រាមោជ្យ ខ្ញុំនឹងស្រោចទឹកព្រះធម៌បវរថ្លា ។
ខ្ញុំម្ចាស់ដឹងជាតិខ្លួនដប់បួនជាតិ ដប់បួនវាតចែកជាទ្វីពីរកាលា[4]
គឺអតីតអនាគតជាគូគ្នា កាលមួយៗ
ឃើញជាក់ជាប្រាំពីរពិត ។
ជាតិអតីតគិតទាំងអស់ប្រាំពីរគត់ ដឹងប្រាកដគ្មានភ្លេចភ្លាំងបាំងដួងចិត្ត
ខ្ញុំម្ចាស់ចាំអាចទូលទ្រង់ស្ទង់ពិនិត្យ មានកម្រិតពិតដូចថ្លែងចែងទៅថា៖
ជាតិទី ១ កាលនោះខ្ញុំភេទជាប្រុស ចេះសព្វសុសខាងធ្វើជាងមាសរចនា
នៅនគររាជគ្រឹះប្រសើរថ្លា អ្នកហ៊ឹហានៅស្រណុកសុខក្សេមក្សាន្ត
។
តែជាងមាសទាសក្នុងចិត្តគប់មិត្តខូច មិត្តនាំល្មួចលួចស្រីគេដោយក្លាហាន
ដោយយកទ្រព្យភ្ជាប់ចិត្តស្រីស្ដីរាប់អាន ដោយអាងមានទ្រព្យធមធានគ្មានលោះ ។
អំពើនេះជាកំណត់កប់ក្នុងចិត្ត ចាប់ជាប់ស្អិតឥតរសាត់បាត់ទៅសោះ
ដូចភ្លើងកប់ខ្នប់ក្នុងផេះឆេះដូច្នោះ បាបគ្រោះគង់មានកាលបណ្ដាលទុក្ខ ។
ជាតិទី ២ លុះខ្ញុំឃ្លាតជាតិពីជាង បាបនោះឃ្វាងមិនទាន់ផ្ដល់ផលទៅមុខ
បែរជាមានកុសលមួយជួយទំនុក បម្រុងទុកលុកឲ្យកើតជាសេដ្ឋី
។
សេដ្ឋីនោះមោះមុតមាំចំសីលទាន ដោយសារមានកល្យាណមិត្តចិត្តឃ្មាតខ្មី
ណែនាំឲ្យប្រព្រឹត្តធម៌ល្អប្រក្រតី មួយជីវិតឥតធ្វើអ្វីអាក្រក់សោះ
។
កុសលនេះដិតស្អិតនៅផៅសន្ដាន ដូចកំណប់ទ្រព្យកល្យាណក្នុងទឹកជ្រោះ
គង់ពេលណាផ្ដល់សុខាឥតមានមោះ គ្មានគេចដោះដូចស្រមោលពុំចោលប្រាណ
ជាតិទី ៣ លុះសេដ្ឋីផុតជីវិត ទៅកើតពិតក្នុងរោរព[5]
ភពថោកថាន
ដោយផលកម្មចាំកាលកើតជាងមាសមាន ដែលបំពានហ៊ានបំពារភរិយាគេ
។
បាបនោះឯងស្វែងឲ្យផលដល់អាត្មា កើតទៅជាសត្វនរកទុក្ខគ្មានល្ហែ
ចំណែកបុណ្យបែរជាដុនត្រឡប់ខ្វែ គ្មានចេញផ្លែប្រែមិនផ្ដល់ផលពេលនោះ
។
ជាតិទី ៤ ខ្លួនខ្ញុំរួចពីនរក ឋានលាមករងតែទុក្ខឆុកឥតលោះ
មកកើតជាកូនស្វាឈ្មោលរោលបាបគ្រោះ ត្រូវមេហ្វូងនៃស្វានោះជោះ[6]
ពងពាយ ។
ជាតិទី ៥ កម្មខ្ញុំប្រែខ្វែពីស្វា មកកើតជាកូនគោឈ្មោល
ចោលពងរាយ
ដោយគេក្រៀវរាវយកពូជដូចគ្មានស្ដាយ ហើយគេវាយប្រើបង្ខំក្រំគ្មានស្បើយ ។
ទី ៦ លុះខ្ញុំស្លាប់ពីគោមក បានយោនយកជាតិជាមនុស្សខុសភេទខ្ទើយ
មានអង្គជាតិមិនដូចមាឌ គេសោះឡើយ ជនប្រុសស្រីពុំកៀកកើយយកជាគ្នា
។
ទី ៧ ខ្លួនខ្ញុំវិលទៅកើតឰ សួគ៌ាល័យត្រៃត្រឹង្សា
ជាទេព្ដា
ដោយអំណាចនៃកុសលផលដដែល នាំខ្ញុំហែលឆ្វែលមកកើតជាបុត្រី
នាមរុចាជាធីតាប្រះចក្រី តែមិនទាន់អាចកាត់ភេទស្រីបាន
។
បពិត្រព្រះនរិន្ទ្រាជាម្លប់រដ្ឋ ហេតុប្រាកដសឹងកើតមាននៅឧទ្យាន
ឈ្មោះនន្ទវ័នជាន់ត្រៃត្រិង្សជាសួគ៌ឋាន ឥឡូវមានទេពច្រើនប្រាណមកជួបជុំ ។
ហើយនាំគ្នាធ្វើកម្រងចង់បាច់ផ្កា ច្រើនត្រៀបត្រារៀបទុកដាក់តាមថ្នាក់ក្រុម
ដើម្បីធ្វើកិច្ចមង្គលទទួលខ្ញុំ រៀបផ្សំផ្គុំនឹងទេវបុត្រឈ្មោះជវៈ
។
ពុំយូរយារខ្ញុំនឹងលាព្រះបិតា ទៅកើតជាទេពកញ្ញាសមឋានៈ
ជាប្រពន្ធដ៏ប្រពៃនៃជវៈ សោយសុខៈថ្នាក់ទេព្ដាណាព្រះអង្គ
! ។
ខ្ញុំអម្ចាស់នឹងអន្ទោលយោលទៅមក ក្នុងរលកវាលសង្សារប្រាំមួយវង់
លុះដល់ជាតិទីប្រាំពីរវិលប្រែអង្គ ជាទេពខ្ញង់អង្គជាប្រុសឆ្លុះឫទ្ធិក្រៃ
។
ចាប់ពីនោះខ្ញុំអម្ចាស់ប្រុសរហូត លែងរបូតភេទប្រុសឆ្អៅទៅវិញវៃ
ដោយសារខ្ញុំដឹងសុខុមធម៌ប្រពៃ មិនហ៊ានលៃលួចសេពសន្ថវ៍ប្រពន្ធគេ
។
តាមការណ៍ពិតជនភេទប្រុសបើប្រាថ្នា ឲ្យអាត្មាមានរូបាប្រុសឥតរេ
ត្រូវតែតមលុំលូកលាន់ប្រពន្ធគេ ទ្រង់ឃើញទេខ្ញុំអម្ចាស់ពីដើមប្រុស
។
ជនភេទស្រីបើប្រាថ្នាភេទប្រុសវិញ ត្រូវបំពេញវត្តស្វាមីកុំឲ្យខុស
គោរពប្ដីទុកដូចជាទេព្ដាមនុស្ស ភេទប្រាណប្រុសនឹងសម្រេចស្រេចមិនខាន
សម្បត្តិទិព្វគឺអាយុសុខនឹងយស ពុំដែលលស់លះបង់ចោលជនកល្យាណ
ដែលជាអ្នកវៀរចាកបាបអំបាលម៉ាន ធ្វើតែទានរៀនកាន់សីលមួយជីវិត
។
ហេតុនេះខ្ញុំសុំព្រះអង្គផ្ចង់ព្រះទ័យ កាន់វិន័យប្រពៃណីតាមធម៌ពិត
សូមលះចោលកម្មកម្រោលខុសក្រមក្រឹត្យ សូមប្រព្រឹត្តផ្ដិតផ្លូវធម៌ដ៏ឧត្ដម ។
ស្លេះទុករឿងនាងរុចាតែត្រឹមនេះ សូមត្រិះរិះពិចារណាការណ៍ព្រះព្រហ្ម
នៅព្រហ្មលោកកំពុងយោគដើរចង្រ្កម[9] រួចហើយផ្ទំសម្ងំអង្គត្រង់អាស្នា ។
ព្រះព្រហ្មនេះមាននាមថានារទៈ កស្សបៈលោកជាអ្នកមានរិទ្ធិក្លា
អាចនិម្មិតគិតតំណែងតែងកាយា ចង់យ៉ាងណាក្លាធ្វើបានប្រាណដូច្នោះ
។
ពេលសម្រាកលោកក៏ងាកបែរនេត្រា ប្រើប្រាជ្ញាឆ្កាប្រមើលដោយសង្គ្រោះ
មកឯឋានមានមនុស្សនៅក្រែងកើតមោះ កើតជម្លោះឬមានហេតុភេទដូចម្ដេច
។
លោកឆ្មៀងនេត្រសង្កេតឃើញនាងរុចា មានប្រាជ្ញាកំពុងខំរំឭកស្ដេច
តែទោះបីនាងប្រឹងស្ដីក៏មិនស្រេច ដ្បិតអង្គស្ដេចត្រាច់ព្រះទ័យទៅជ្រៅឆ្ងាយ
។
លោកយល់ថាបើអាត្មាចេញទៅជួយ នាងបាត់ព្រួយដោយស្ដេចនោះនឹងប្រែក្លាយ
យល់ឃើញត្រូវត្រង់តាមផ្លូវធម៌ទាំងឡាយ បែររីករាយចាយកម្លាំងតាំងប្រព្រឹត្ត ។
លុះដល់ហើយព្រះនារទសូត្រប្រសិទ្ធ សំដែងឫទ្ធិនិម្មិតខ្លួនជាឥសី
។
ឥសីនោះឋិតនៅឰអាកាសឋាន ជិតពិតានល្វែងប្រាសាទស្អាតសិរី
ដៃគ្មានកាន់ជើងគ្មានជាន់គ្មានជាប់ដី ធ្វើអាការឲ្យចក្រីទតឃើញភ្លាង ។
ព្រះមហាក្សត្រអង្គតិទ្រង់ឃើញជាក់ ទ្រង់ក៏ភ្ញាក់ដូចកន្ត្រាក់ផ្លាកស្រទាង
ទ្រង់តក់ស្លុតរន្ធត់ខ្លាំងតាំងហៅនាង ឲ្យមើលខាងជិតពិតានឋានប្រាសាទ ។
នាងរុចាទតឃើញថាតាឥសី ក៏ធ្វើក្ដីគារវៈ[12]
សំពះថ្វាត់
រួចបែរទៅក្រាបទូលន័យព្រះមហាក្សត្រ ឲ្យកំចាត់កាត់ការភ័យក្នុយទយា
។
ព្រះរាជាក្រាបវន្ទាតាឥសី រួចត្រាស់ខ្មីដោយសេចក្ដីយ៉ាងនេះថា
ចុះលោកម្ចាស់ច្បាប់ជាអ្វីមកពីណា រូបសោភាឆវីថ្លា[13]
ល្អអ្វីម្ល៉េះ ?
លោកមានឫទ្ធិឥទ្ធិលាភអស្ចារ្យក្រៃ ឋិតលើផ្ទៃនៃអាកាសប្រាសាទនេះ
តើលោកមានវិជ្ជាអ្វីប្រពៃអេះ ទើបអាចចេះសំដែងឫទ្ធិពិតអស្ចារ្យ
?
ដែលរូបល្អទាំងមានឫទ្ធិច្រើនប្រការ គឺដោយសារការប្រព្រឹត្តិធម៌សុចរិត ។
កាលដែលកើតយកកំណើតក្នុងភពមុន បានទាំងធ្វើបុណ្យទាំងដឹងគុណដ៏ពិសិដ្ឋ
កាន់សច្ចៈពោលទៀងទាត់ប្រកដពិត ទាំងប្រព្រឹត្តអហិង្សាការពារសត្វ
។
ហើយទូន្មានប្រៀនប្រាប់ខ្លួនស្ងួនទោសៈ មានចាគៈលះកំណាញ់កាញ់ស្វិតក្ដាត់
ចែករំលែកញែកធនធានឲ្យទានសត្វ កុសលនេះជាសម្បត្តិឲ្យមានឫទ្ធិ
។
ចុះលោកម្ចាស់ជ្រាបច្បាស់ទេម្ដាយឪពុក តើគួរទុកជាមានគុណធ្ងន់មែនពិត
បើមានមែនគួរកូនតបកបពេញចិត្ត ខ្ញុំតែងគិតគំនិតវល់ពុំយល់សោះ
។
ទាំងទេព្ដាឋានសួគ៌ាមានឬទេ សូមរិះរេពីបរលោកឯនាយនោះ
តើមានពិតឬមិនមានសូមទានដោះ ដោយចិត្តស្មោះធ្វើសង្គ្រោះសោះសង្ស័យ
។
បពិត្រទ្រង់ត្រង់រឿងនេះរូបអាត្មា មិនដោះសាឲ្យវែងទេនាំយូរក្រៃ
ព្រោះរឿងនេះទ្រង់បានជ្រាបពីស្រីថ្លៃ នាងកែខៃលៃទូលហើយណាចមពង្ស !
អាត្មាភាពថ្វាយសេចក្ដីយ៉ាងខ្លីថា ជនពាលាប្រាជ្ញារាក់ខ្វាក់ខ្លៅល្ងង់
ថាម៉ែឪឥតមានគុណធ្ងន់លើអង្គ ថានេះចង់បំបាត់ចោលព្រហ្មវិហារ
។
ឯអ្នកប្រាជ្ញអាចយល់ថាលោកមានគុណ ព្រោះចិត្តបុណ្យស្រោចស្រពបុត្តក្រៃអស្ចារ្យ
អាស្រ័យហេតុដែលលោកមានព្រហ្មវិហារ ទើបជីវិតនៃកុមាររស់រានបាន
។
ពួកទេព្ដាឋានសួគ៌ានឹងបរលោក ពាលប្រាយព្រោកដោយចេតនាថាមិនមាន
បើទេព្ដាឋានសួគ៌ាបរលោកគ្មាន ចុះរូបអង្គអាត្មាមានជាគឺស្រាប់
។
ឯអាត្មាជាពួកទេពនៅសួគ៌ា ដែលទុកជាឋានបរលោកតាមផ្លូវច្បាប់
អ្នកថាគ្មានព្រោះហេតុខ្លួនប្រាជ្ញាអាប់ សំដៅចាប់ឃើញនឹងភ្នែកទើបថាមាន ។
ឃើញម្ដេចកើតបើឋានសួគ៌ឆ្ងាយពេកក្រៃ ឆ្ងាយហួសថ្ងៃហួសព្រះចន្ទជាប្រធាន
ដែលឃើញបានលុះតែលោកចំរើនឈាន ធ្វើជាយានទើបហោះធ្យានដល់ទីនោះ
។
ឱឥសី ! បើបរលោកពិតជាមាន ខ្ញុំសូមទានខ្ចីប្រាក់លោកមួយពាន់ចុះ
ដល់ខ្ញុំសង សងមួយម៉ឺនគ្មានគេចដោះ តែសង្គ្រោះសូមទៅទារឯបរលោក
។
ព្រះចមពង្សទ្រង់ជ្រាបទេមនុស្សឧក្រិដ្ឋ មានលិខិតពិតព័ស្ដុតាងយ៉ាងគរគោក
ច្បាប់កាត់ទោសឲ្យជាប់គុកតាមផ្លូវលោក អស់ជ័យជោគយោគតែទុក្ខឆុកឥតក្សាន្ត ។
តើមានច្បាប់សម្រាប់រដ្ឋឲ្យអ្នកទារ អាចបើកទ្វារពារពុះដល់អ្នកទោសបាន
ទាំរបំណុលបុលចំពាក់ទាក់ប៉ុន្មាន តើទារបានឬពុំបានសូមទ្រង់ថ្លែង
?
ឱឥសី ! គ្មានច្បាប់អ្វីឲ្យចូលទារ ទោះបីទ្វារអនុញ្ញាតឲ្យចូលស្ដែង
ក៏អ្នកទោសគ្មានធនធានរលីងធេង តើបានអ្វីនឹងសងឯងណាលោកតា
!
ព្រះមហារាជ ! សេចក្ដីនេះយ៉ាងណាមិញ រឿងទ្រង់វិញដែលខ្ចីប្រាក់ដាក់ដូចគ្នា
ទ្រង់មានទោសជាឧក្រិដ្ឋដ្បិតពាលា បាបផ្ដន្ទាឲ្យទ្រង់នៅនរក
។
បើចមពង្សកំពុងទ្រង់សោយគ្រោះថ្នាក់ ដោយការធ្លាក់ទៅរកទុក្ខមុខពភ្លក់
មានភ្លើងឆេះសត្វកាចខាំត្រាំលាមក លិចក្នុងភក់ឈ្លក់ជាប់ស្អិតក្នុងបន្លា
។
ឬកំពុងលង់លិចក្នុងខ្ទះទឹកក្ដៅ ឬក៏ទៅផឹកទឹកក្រុតហុតគូថា
ឬទៅរងលំបាកអង្គត្រង់ទីណា ឲ្យអាត្មាទៅទារប្រាក់ដូចម្ដេចបាន
។
ព្រះរាជាទ្រង់ទាល់ប្រាជ្ញមិនអាចតប ទើបសម្របស្របចុះញ៉មប្រគល់ប្រាណ
ទ្រង់តក់ស្លុតខ្លាចបាបធ្ងន់ពន់ប្រមាណ បន្ទូលថ្កានដោយសូរសៀងទន់ភ្លន់ថា៖
សូមលោកតាមេត្តាប្រោសសង្គ្រោះខ្ញុំ លោកតាកុំផ្ដុំប្រកាន់នឹងករុណា
ធ្វើម្ដេចហេតុតែខ្ញុំខ្លៅឆៅប្រាជ្ញា សូមលោកតាជួយជ្រោងគ្រាហ៍ឲ្យផុតទុក្ខ ។
សូមប្រាប់ផ្លូវដែលនឹងទៅកាន់ឋានសួគ៌ ជាផ្លូវគួរធ្វើដំណើរដើររកសុខ
ជាផ្លូវត្រង់តម្រង់ចៀសអបាយមុខ ខ្ញុំសូមទុកលោកតាជាគ្រូប្រដៅ
។
ឥសីព្រហ្មទទួលស្ដាប់សព្ទតម្រាស់ ទើបប្រកាសព្រះសទ្ធម្មឧត្ដមជ្រៅ
ស្រោចស្រង់ស្ដេចឲ្យចរត្រាច់តាមផ្លូវត្រូវ រួចហោះស្លៅសំដៅទៅព្រហ្មលោក ។
រឿងនារទៈជាក់ចប់សេព្វត្រឹមប៉ុណ្ណេះ តពីនេះនឹងប្រជុំផ្ដុំប្រយោគ
សមោធាននូវជាតកឆក់ជាតិលោក ខ្ញុំនឹងព្រោកយោគរាយនាមដូចតទៅ
៖
លោកអលាតជានាយករដ្ឋមន្ត្រី កាលនោះខ្មីឥឡូវបែរចរវឹងស្លៅ
ជាភិក្ខុទេវទត្តគាត់ចិត្តខ្មៅ ពាលកំលោះទៅប្រទូស្តព្រះសម្ពុទ្ធ
។
លោកសុនាមរាជអាមាត្យកាលនោះណា បានកើតជាភទ្ទជិប្រាជ្ញមុត
លោកវិជ័យក្នុងកាលនោះគឺសារីបុត្ត ប្រាជ្ញាផុតជាឯកអ័គ្គសាវ័កស្ដាំ
។
វីជកៈជាទាសៈអ្នកដទៃ កាលនោះវៃឥឡូវបុណ្យជួយឧបត្ថម្ភ
ជមោគ្គល្លានមានឫទ្ធិខ្លាំងដោយបុញ្ញកម្ម ជួយដឹកនាំឲ្យបានជាសាវ័កឆ្វេង ។
លោកអចេលក៍ដែលឈ្មោះគុណមានបុណ្យសក្ដី
កាលនោះជាក់ឥឡូវនេះបុណ្យតុបតែង
ជាកូនស្ដេចលិច្ឆវីប្រាជ្ញាខែង មាននាមស្ដែងសុនក្ខត្តពិតប្រាកដ
។
នាងរុចាជាធីតាប្រាជ្ញាឆើត បានមកកើតជាអានន្ទអនុជរ័ត្ន
ឯព្រះបាទអង្គតិមហាក្សត្រ គឺកស្សបត្ថេរាចារ្យឧរុវេឡ
។
នារទៈកស្សបៈមហាព្រហ្ម គឺបរមសម្ពុទ្ធម្ចាស់ត្រាស់ទុកកេរ្តិ៍
ជាព្រះមួយជួយស្រង់សត្វគ្មានទំនេរ សាស្នាទ្រង់គង់ឋិតថេរយ៉ាងឧត្ដម
។
បរិយោសាកថា
រឿងនារទៈដែលលោកអ្នកកាន់នៅដៃ បើតាមន័យសេចក្ដីយល់យោបល់ខ្ញុំ
ថាជារឿងដ៏មានអាថ៌ការណ៍សុខុម ដូចនឹងផ្ដុំប្រជុំគោលយ៉ាងនេះថា
៖
គោលទី ១ បំណងឲ្យវៀរបាបមិត្រ ឲ្យចូលជិតមិត្រកល្យាណមានប្រាជ្ញា
ព្រោះបាបមិត្រពិតនាំដើរផ្លូវសាវ៉ា មិត្រកល្យាណ៍នាំដើរផ្លូវត្រូវប្រពៃ ។
តួយ៉ាងដូចអង្គតិព្រះមហាក្សត្រ ស្ដេចទ្រង់ស្កាត់ទៅរកចួបពាលចង្រៃ
នាមគុណៈជាអចេលក៍បួសនៅព្រៃ ទ្រង់ក៏លង់ព្រះហឫទ័យតាមពាលា
។
លុះទ្រង់ចួបនារទៈមហាព្រហ្ម អ្នកប្រាជ្ញធំដែលតំណាងក្លែងកាយា
ជាឥសីចុះមកស្ដីសន្ទនា ព្រះរាជាក៏យល់ត្រូវផ្លូវអាថ៌ធម៌
។
គោលទី ២ ឲ្យសំភីជឿកម្មផល ថាកុសលផ្ដល់អារម្មណ៍គួរត្រេកអរ
អកុសលផលអារម្មណ៍នាំវីវរ កម្មទាំងពីរនាំសត្វចរទៅសួគ៌នរក
។
ពីស្ដុតាងដូចរាជកុមារីស្រីរុចា កាលកើតជាជាងមាសពិតចិត្តអាក្រក់
ហ៊ានប្រព្រឹត្តធ្វើអំពើដ៏លាមក កម្មគម្រក់នេះនាំទៅរងទុក្ខធ្ងន់
។
គោលទី ៣ ស្ដីបំភ្លឺឲ្យស្គាល់ជាក់ នូវលោកអ្នកដ៏មានគុណជាអនន្ត
ដូចឪម៉ែថែរក្សាបុត្តរ័ត្នតន់ ពុំជិនឆ្អន់ធន់លំបាកយ៉ាងក្រៃគ្រួន
។
បុត្តធីតាបើដឹងថាខ្លួនរស់រាន ដោយសារមានព្រហ្មវិហារជាមាំមួន
នៃម៉ែឪដែលមានគុណធ្ងន់លើខ្លួន គួរថែធួនតបលោកវិញទើបពេញត្រូវ
។
គោលបំណងប៉ងទាំង ៣ នៃរឿងនេះ ខ្ញុំបានរិះគិតពិនិត្យសង្កេតទៅ
ឃើញជាក់ថាបើមនុស្សយើងដើរតាមផ្លូវ គោលនេះកូវនឹងបានទៅចួបសួស្ដី ។
ក្នុងលោកនវក៏ជាមនុស្សមានចរិយា គួរស្នេហារាប់រកគ្នាជាមេត្រី
មានចិត្តត្រង់សង្គ្រោះគ្នាជាប្រក្រតី ដោយសារគុណគោលទាំងបីដែលបានកាន់
បើជឿថាស្លាប់កាលណាតែងកើតវិញ គួរបំពេញនូវធម៌នេះទើបសោភ័ណ
ដើម្បីទុកជាកំណប់ទ្រព្យសំខាន់ ជារង្វាន់គ្រាន់ទីពឹងពំនឹងខ្លួន
។
ថ្ងៃទី ៣ នៃកញ្ញាជូតពិសេស នៅក្នុងគ្រិស្តសតវត្សរ៍ដប់ប្រាំបួន
ហុកសិបគត់ជាឆ្នាំសល់កល់ចំនួន ពុទ្ធស័កសួនធួនពីរពាន់ប្រាំរយបី
។
ក្នុងជំនាន់ជាន់សម័យព្រះប្រមុខរដ្ឋ នាមប្រាកដព្រះសីហនុ
មានបារមី
មានតេជះឈ្នះសត្រូវស្ទួយផែនដី កម្ពុជាឯករាជ្យថ្មីល្បីខ្ចរខ្ចាយ
។
នេះជាពេលដែលខ្ញុំចាប់ប្រារឰតែង រឿងនេះឯងរហូតចប់សព្វបរិយាយ
ឥឡូវខ្ញុំសុំបង្ខុបឈប់អធិប្បាយ លែងអភិប្រាយត្រឹមប៉ុណ្ណេះសូមលាអើយ!
[1]- កំណាត់, សង្កាត់, កំណត់, ពួក,
ដុំ, ក្នុងទីនេះ សំដៅ ដុំ ។
[2]- អ្នកសម្លាប់សត្វអ្នកបៀតបៀនសត្វឲ្យបានទុក្ខវេទនា
។
[4]- កាលា ប្រែថា
"កាល, ពេល, សម័យ" ។
[5]- ឈ្មោះឋាននរកមួយ
ដែលមានសូរសម្រែកកងរំពង ។
[6]- ខាំឆ្កើះ,
ខាំបំបែក ។
[7]- ការប្រព្រឹត្តកាន់វត្ត
។
[9]- ការដើរទៅដើរមក,
ការដើរសាចុះសាឡើងច្រើនមក ដើម្បីឲ្យស្រួលខ្លួន ។
[10]- ឋានព្រហ្ម,
ព្រហ្មលោក ។
[13]- ឆវីប្រែថា
"ស្បែកសម្បុរថ្ងៃ" គឺស្បែកស្ដើង ដែលនៅក្រៅសាច់
សម្រាប់ទទួលកំដៅថ្ងៃ ។
[15]- ព្រត ជាពាក្យសំស្ក្រឹត, បាលីថា
"វត្ត" ប្រែថា "បព្រឹត្តធម៌, ចាំសីល"
។ នារទ អាន នារទ់, ព្រត អាន ព្រត់ ដូចអស្ដង្គត, ប្រាកដ, ដេតពន, ទ្រព្យធន,
កុសល ជាដើម ។
[1]- កែវមណី, កែវពៃទូរ្យ, ពេជ្រ, មាស,
ប្រាក់ ជាដើម ។
[2]- ពាក្យដែលអានឆក់ឮតិច
គឺជាពាក្យធ្លាប់និយាយរត់មាត់មកហើយ ដូចសរណាប្រតិបត្តិការ, ករុណា, មនុស្ស, មហាក្សត្រ
ជាដើម ។
[3]- កាព្យភាសាខ្មែរ
បើតែងជាបទពាក្យ ៧ ក្នុងមួយឃ្លា នឹងមានឃ្លាខ្លះជាពាក្យ ៨ បើជាបទពាក្យ
៨ នឹងមានឃ្លាខ្លះ ជាពាក្យ ៩ បើជាបទពាក្យ ៩ នឹងមានឃ្លាខ្លះជាពាក្យ ១០
ដោយអាស្រ័យពាក្យអានឆក់នោះដូចគ្នានឹងពាក្យបាលីដែរ តួយ៉ាងៈ អនិក្កសាវោ
កាសាវំ យោ វត្ថំ បរិទហិស្សតិ អបេតោ ទមសច្ចេន ន សោ កសាវមហរតិ ។
[4]- បណ្ដាមន្ត្រីជាន់ខ្ពស់ទាំង
៣ នេះ, លោកសុនាម និងលោកវិជ័យ
ក្នុងបាលីមិនឃើញប្រាប់ឋានន្តរស័ក្ដិទេ, ចំណែកលោកអលាត
មានប្រាប់ថា ជាសេនាបតី គឺជានាយករដ្ឋមន្ត្រី ក្នុងសម័យឥឡូវនេះ ។
[5]- អ្នកបួសអាក្រាត
ជានិគ្រន្ថតិរ្ថិយបួសក្រៅ ពុទ្ធសាសនា ។
[7]- អាន វិតុក
តាមសំនៀងថៃ ។
[8]- (២-៣)
សម្ផស្សពាក្យចួនមាន ៣ ធំ មុទុសម្ផស្សដូចខ្យល់ អី នឹង អៃ ខ្យល់ អា នឹង អៀ
ខ្យល់វិសញ្ជនី) នឹងខ្យល់ ស, ខ្យល់ រ នឹង ឥត រ យកចួនគ្នា
១ មជ្ឈិមសម្ផស្ស ដូចខ្យល់ អេ នឹង អែ, ខ្យល់ អូ នឹង អូ
ខ្យល់ អំ នឹង អុំ យកចួនគ្នា ១ ឧកដ្ឋសម្ផស្ស ដូចខ្យល់ អ នឹង អ ខ្យល់ អា នឹង អា
ខ្យល់ អះ នឹង អះ យកជួនគ្នា ១ ។ កវីនពន្ធពាក្យ តែងចៀសពាក្យចួនជា មុទុសម្ផស្ស
។
[9]- ឈ្មោះ បិង្គលៈ,
ទេ តែដែលជា បិង្គលា ដើម្បីឲ្យចួននឹងពាក្យ "ជា"
នៅឃ្លាខាងដើម ។
[10]- អាន ឧបោសុថ
តាមសំនៀងថៃ ។
[11]- ឈ្មោះប្រាសាទ ។
[12]- ការុណ្យ
ជាពាក្យសំស្រ្កឹត បាលីថា ករុណា បានន័យថា សេចក្ដីករុណា ការអាណិត, អាសូរ ។
[13]- បុព្វការីបុគ្គល
។
No comments:
Post a Comment