Monday, 30 May 2016

  ប្រវត្តិសាស្ត្រខ្មែរ 

ពាក្យកាព្យរបស់​​ឌឿ វ៉ាន់

បណ្ឌិត មីសែល ត្រាណេ  


របៀបតែងកាព្យពាក្យ៦

រៀនតែងកំណាព្យកាព្យខ្មែរ          ដើម្បីលំហែរអផ្សុក
គិតទាំងឃ្លាក្រោយឃ្លាមុខ            ផ្សំជាទំនុកឲ្យចួន។
ប្រាជ្ញបានតែងទុកជាក្បួន             រកចុងរកចួនឬផ្ទួន
តែងត្រូវតាមខ្នាតនៃក្បួន              រណ្តំចុងចួនក្រៅក្នុង។
បើមិនច្បាស់មើលក្បួនសិន          កុំចេះតែប៉ិនតែងខុស
អ្នកអានស្រីប្រុសក៏ចេះ                ដូច្នេះយើងត្រូវផ្ចិតផ្ចង់។
អានសសេររៀងរាល់ថ្ងៃ               អ្វីៗក៏អាចដូចប៉ង
ច្រើនខែច្រើនឆ្នាំកន្លង                 អ្វីៗដែលប៉ងនឹងកើត។

​​​​​​​​​​​​​​​​​​​​​​                                            ផៃ ផាន់ណា​ (សម្បត្តិ)


សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក របស់​ ឌឿ​ វ៉ាន់

                   ប្រវត្តិសាស្ត្រខ្មែរ 

                  ពាក្យកាព្យរបស់​​ឌឿ វ៉ាន់

                  បណ្ឌិត មីសែល ត្រាណេ  

ខ្ញុំឈ្មោះ ឌឿ​វ៉ាន់​ជាតិខ្មែរ  ​            ភូមិនៅជិតក្បែរប្របវត្ត
នាមអង្គពន្លឺប្រាកដ                     សន្មតឃុំហៅភ្នំកុង។
តំបន់ប៉ុសិ៍ឈ្មោះតានី                   នាទីរាជការក្រៅក្នុង
ទល់ព្រំនឹងឃុំសន្លុង                     នៅក្នុងស្រុកបន្ទាយមាស។
រួមខេត្តកំពតជាក់ស្តែង                ខ្លួនខ្ញុំនេះឯងជាតិរាស្រ្ត
កាញគិតគំនិតវាងវាត                  តែពុំសូវឈ្លាសកាព្យា។
សូមថ្លែងប្រវត្តិសាស្រ្តសែ             ជាតិខ្មែរក្រុងកម្ពុជា
ទុកបដិណភារា                          ជូនជាតិរាល់គ្នាដឹងជាក់។
ដឹងជាតិកំណើតខ្លួនឯង               មែនស្តែងប្រាកដខេមរះ
សង្ខេបសេចក្កីខ្លីជាក់                   គ្រប់វគ្គក្នុងពង្សាវតា។
ផ្ចិតផ្ចង់ដកស្រង់តម្រូវ                 អំពីសៀវភៅសិក្សា
គ្រប់វត្តកំណត់សាលា                 សម្រាប់កុមារប្រុសស្រី។
ក្នុងដែនក្រុងកម្ពុជា                     វេទ្យារៀនដឹងសេចក្កី
ប្រវត្តិសាស្រ្តជាតិចាស់ថ្មី              គប្បីដឹងច្បាស់បុព្វហេតុ។
មើលក្បួននឹងឃើញក្រឡែត         ឈឺចិត្តឆ្អិតឆ្អែតស្តាយក្រោយ។
ស្តាយក្រុងកំឡុងជាន់ដើម           ឫទ្ធីសម្បើមមិនខ្សោយ
ខ្មែរមានរបៀបរៀបរយ                ទទឹងបណ្តោយធានី។
ធំណាស់សាសន៍យើងជាងនោះ    ពិរោះកេរ្តិ៍ឈ្មោះគ្មានពីរ
ល្បីល្បាញក្នុងទ្វីបអាស៊ី                សាសន៍សព្វទិសទីកោតក្រែង។
សម័យសម្តេចសោយរដ្ឋ              នៅអង្គរវត្តជាក់ស្តែង
ប្រាសាទល្អស្អាតចិញ្ចែង               ល្អលែសលែងក្នុងភព។
ខ្ញុំឃើញប្រវត្តិសាស្រ្តខ្មែរ              ជាតិខ្លាំងពូកែលើសលប់
ព្យាយាមទាំងថ្ងៃទាំងយប់             ប្រារព្ធចម្លងសេចក្កី។
ជាពាក្យកំណាព្យកាព្យឃ្លោង        យិតយោងយឿងយ៉ាងថ្មី
ទុកតតំណបូរី                               ប្រុសស្រីមើលដឹងគ្រប់ប្រាណ។
តែងក្នុងសករាជសាសនា              អតិកន្តាប្រមាណ
ពីរពាន់បួនរយប៉ែតបាន                ប្រាំបីអវសានកំណត់។
ក្នុងឆ្នាំកោនព្វសក                        វស្សន្តជាងជាក់ប្រាកដ
ប្រកបរបរបែបបទ                        ច្បាប់លោនសន្មតទុកមក។
ចារឹកអក្សរថ្មដា                            ខេមរាជាតិផងគន់រក
មើលគិតរំពៃលៃលក                    រាវរកចំណាំលក្ខណ៏ថាន។
ឬមួយជាន់ដើមមហាក្សត្រ            សោយរាជសម្បត្តិប៉ុន្មាន
នៅក្នុងបូរីដែនដាន                      ក្សត្រក្សាន្តមានឫទ្ធិ៍បារមី។
មានភោគសម្បត្តិស្តុកស្តម្ភ             មួនមាំក្នុងទ្វីបលោកិយ
ស្ញប់ស្ញែងរន្ទឺឮល្បី                        ប្រុសស្រីប្រទេសទាំងឡាយ។
កាត់មករកមើលអង្គរ                    កិត្តិសព្ទខ្ទរវែងឆ្ងាយ
កោតស្ងើចសរសើរសុះសាយ         រៀងរាល់រូបកាយប្លែកៗ។
ចារឹកនូវ​ថ្មសប្រាប់                        នាមស្តេចចំណាប់ឯកៗ
តៗតំណដោយឡែក                     លេខាចារចែកប្រាប់ឈ្មោះ។
គេមើលអក្សរបូរាណ                    នោះបានឃើញពិតចំពោះ
នឹងថាស្តេចខ្មែរមានយស              ពីព្រោះឃើញមានប្រាសាទ។
ប្រសើរធំខ្ពស់ល្អៗ                         ប្រក់ព្រំសឹងថ្មស្អាត
តម្រូវត្រឹមត្រូវក្បួនខ្នាត                  វៃឆ្លាតជាងចេះរចនា។
ខ្លះថាប្រាសាទទាំងនោះ                ចំពោះមិនគឺមនុស្សា
ធ្វើបានចំណានអស្ចារ្យ                 គឺទេវតានិមិត្ត។
ជញ្ជាំងគ្រប់ជ្រុងកំផែង                 ស្ញប់ស្ញែងដៃជាងចេះគិត
គូរឆ្លាក់ហាក់គ្រឿងមាសពិត          ធ្វើដោយពិនិត្យហ្មត់ចត់។
ក្នុងប្រាង្គសាងរូបល្អៗ                   សូន្យធ្វើពីថ្មប្រាកដ
ច្រើនឥតគណនាកំណត់              សឹងមានបែបបទដោយយ៉ាង។
រូបព្រះសួគ៌ាប្រធាន                      ព្រះព្រហ្មមែនមានតំណាង
ឥសូរនរាយជាយខាង                   ជញ្ជាំងព្រះប្រាង្គបែបបទ។
ឆ្លាក់អក្សរបូរាណ                         មើលបានដឹងរឿងប្រវត្តិ
សាស្រ្តខ្មែរជាតិកម្ពុជរដ្ឋ                 មានឫទ្ធិ៍អំណត់យូរយារ។
មិនតែប៉ុណ្ណោះឡើយនៃ               ប្រាសាទដទៃនានា
ច្រើនណាស់ក្នុងដែនភារា             សាងបែបវិហារក្តីណា។
បែបប្រាង្គមានកំពូលស្រួច            ខ្ពងខ្ពស់ត្រដួចអស្ចារ្យ
បណ្តុះជីវាដងក្តារ                         សាងបែបចេត្យាបួនជ្រុង។
បែបមូលកំពូលមុខបួន                 ល្អល្អះសមសួនត្រទុង
ទទឹងបណ្តោយល្ហល្ហុង                  បែបជាទីក្រុងបូរាណ។
សាងធ្វើពីថ្មពីអិដ្ឋ                         វិចិត្រក្បាច់ក្បូររូហាន
ប្រាសាទសាងស្អាតប៉ុន្មាន             ច្រើននៅទីឋានអង្គរ។
មិនគឺទេព្តានិមិត្ត                          បើតាមគេគិតរុករក៏
ឃើញពង្សាវតានគរ                     ស្តេចខ្មែរសាទរសាងទុក។
ព្រះកេរដំណែលស្រុកខ្មែរ             កាលគ្មានភាន់ប្រែកលយុគ
មានជ័យជំនះគ្រប់មុខ                  ទំនុកដំណមិនយូរ។
រវាងជាងមួយពាន់ឆ្នាំ                    ស្តេចខ្មែរប្រចាំគិតគូរ
សាងនគរវត្តយ៉ាងស៊ូ                    ទុកជាគំរូបុញ្ញឫទ្ធិ៍។
រាជវាំងព្រះប្រាង្គយ៉ាងល្អ              កសាងពីថ្មពិតៗ
នៅអង្គរវត្តកត់ពិត                       ពិនិត្យឃើញពង្សាវតារ។
និងអង្គរធំជាតាង                         ស្តេចសាងក្នុងគ្រិះសាសនា
រវាងប្រាំបីរយហា                          លុះត្រារៀងដល់មួយពាន់។
ពីររយហាសិបជាក់ស្តែង               នៅស្ញែងរហូតគ្រប់គ្រាន់
ល្បីល្បាញរន្ទឺឮលាន់                    គ្រប់ទិសតំបន់ក្នុងលោក។
មិនត្រឹមតែទ្វីបអាស៊ី                      អាសោចជាទីស្មោកគ្រោក
សាសន៏ជាតិធ្លាប់មានជ័យជោគ     ​ច្រើនក្រៃគគោកឧរ៉ាល់។
អឺរ៉ុបភ្នែកសភ្នែកលឿង                 ភ្នែកក្រហមព្រឿងទុយតាល់
ជិះយានចក្រមានដង្ហាល់              នាវាកប៉ាលតូចធំ។
ឆ្លងកាត់សមុទ្រទឹកខ្មៅ                  ទឹកខៀវសំដៅវាងភ្នំ
វាងកោះចន្លោះដែនព្រំ                  ដែនប្របនិគមអារ៉ាប់។
ទួរគីរុស្ស៊ីចិនក្លឹង្គ                           ខំប្រឹងរូតរះប្រញាប់
ឡើងឥណ្ឌូស៊ីនឆាប់ៗ                   ប្រថុយរស់ស្លាប់មិនថា។
ឱ្យតែបានដល់អង្គរ                       ឡើងមើលវីវរត្រៀបត្រា
កោតស្តែងក្រែងព្រះចេស្តា            ស្តេចជាតិខេមរារៀងខ្លួន។  
ទីពីរវិធីអធិប្បាយ                         បរិយាយតាមក្បួន
សាវតារដោយការសមសួន  ​          ​កែតាមពាក្យជួនអំពី។
កកើតទឹកដីស្រុកខ្មែរ                     តម្រែតម្រូវសញ្ញី
កន្លែងឈូងជាធានី                       នាទីហៅកម្ពុជា។
អង្វែងច្រើនពាន់ឆ្នាំហើយ   ​          ​ដើមឡើយសុទ្ធសឹងជលសារ
សមុទ្រធំណាស់គណនា               ឈូងជាខាងលិចទល់ភ្នំ។
កំចាយខាងជើងដោយឡែក          ទល់ភ្នំដងរែកជាព្រំ
ខាងកើតឈូងសមុទ្រធំ                 ទៅទល់នឹងភ្នំស្រុកយួន។
ហើយយើងសឹងមានកោះដាច់ៗ     មិនបាច់រៀបរាប់ចំនួន
ដំណឹងដឹងតិចតាមក្បួន                នៅពុំទាន់សួនដោយឡែក។
វស្សានរដូវខាងជើង                     ទំនើងទឹកជន់ហូរចែក
ហូរចុះពីភ្នំដងរែក                        ច្រើនក្រៃអនេកគណនា។
នឹងហូរពីភ្នំដទៃ                            ស្ទឹងអូរក្នុងព្រៃអធ្វា
ហូរចុះទន្លេគង្គា                           នាមាមេគង្គនេះឯង។
ទន្លេនេះធំពេកពិត                       បើតាមពិនិត្យឱ្យស្តែង
ពីលាវក្រចេះស្ទឹងត្រែង       ​          ​យូរយារអង្វែងឆ្នាំណាស់។
គេអាចកំណត់មិនកើត                 កំណើតទន្លេបឹងស្រះ
សមុទ្រឬភ្នំថ្មីចាស់     ​          ​          ​កើតមកប្រទះឃើញនៅ។
ទន្លេសាបសោតធំបំផុត                ប្រហែលសមុទ្រទឹកជ្រៅ
ក្នុងស្រុកខ្មែរមានឃើញនៅ           កប៉ាលសំពៅបើកបាន។
ផែនទីអាស៊ីទិសបូព៌                      មើលដឹងហែហូរមិនខាន
ទន្លេសមុទ្រប៉ុន្មាន                        ស្ទឹងព្រែចំណាននានា។
ម្យ៉ាងទៀតទន្លេមេគង្គ                   ទឹកហូរឆុងៗចាក់ធា
ហូរច្រោះបាក់ច្រាំងគង្គា                នាំនាដីល្បាប់ភក់ជ្រាំ។
នាំដីកណ្តេងដីខ្សាច់                     រំកាចឈើព្រៃស្លែព្រាំ
រលំរលើងខ្ទេចខ្ទាំ                         ខ្សៃទឹកគួចនាំទាំងដើម។
សណ្តកទាំងឫសទាំងគល់             ជោរដល់ជន់យ៉ាងសម្បើម
ទីនោះទីទាបជ្រាបសើម                ទន្លេនេះឆ្នើមណាស់ដែរ។
ចេះពាំនាំយកប្រថពី                     ពីទីដទៃកាន់ខែ
កាន់ខួបរដូវហូរហែ                       រសាត់តាមខ្សែទឹកជន់។
ហូរកាត់ឈូងសមុទ្រ                     ច្រើនក្រៃបផុតពេកពន់
ទន្លេនេះមានគុណធ្ងន់                  ជួយបណ្តាជនជាតិខ្មែរ។
ចេះសាងនគរថ្វាយស្តេច               ខោសខ្សាច់ដីដុះហូរហែ
ជាច្រើនពាន់ឆ្នាំខួបខែ                   រៀងៗបន្ថែមមិនដាច់។
ដីដុះចុះដេញទឹកប្រៃ                    ថយក្រោយឆាប់ក្រៃកើតខ្សាច់
កើតគ្រួសរវានមានស្រេច              កោះដែរដាច់ៗពីគ្នា។
នៅក្នុងឈូងសមុទ្រនោះ               គេសន្មតឈ្មោះហៅថា
ភ្នំៗទៅវិញតាមក្រ                        ដីកម្ពុជាកើតមាន។
តាំងតែពីនោះមក                        តាមតម្រាលោកនិទាន
ក្នុងរបាក្សត្រឬវាន                        ចាស់ហ៊ានប្រកាសថ្មីៗ។
ថាស្រុកខ្មែរកើតមុនគេ                  យួនវេអាណ្ណាមនោះក្តី
កូសាំងស៊ីនផងជាបី                      ដែនដីដុះជាតំណ។
បន្ទាប់ក្រោយកម្ពុជា                      ចាស់ព្រឹទ្ធាព្យាករណ៏
ប្រាប់កូនប្រាប់ចៅខ្មៅស               ដឹងតរៀងៗរាល់ប្រាណ។
ទន្លេមេគង្គនោះណា                     ទុកដូចទេវតាសួគ៌ឋាន
ទំនុកបម្រុងដែនដាន                    ខ្មែរយួនមិនខានដឹងគុណ។
សព្វថ្ងៃទន្លេមេគង្គ                        នៅនាំភក់ផុងដូចមុន
រដូវភ្លៀងទម្ងន់                             ហូរជន់ចាក់ដីគ្មានខាន។
កាលបើមានដីដុះ                         មិនយូរឡើយប៉ុន្មាន
មានមនុស្សពួកមួយចូលថ្កាន        មកនៅដែនដានដីដុះ។
ជាតិជ្វាសម្បុរសជ្រះ                      មានក្មេងមានចាស់ប្រុសស្រី
ប្រហែលសាសន៏ចាមមិនខ្វះ          ចូលទៅកោះនោះជាបឋម។
លុះយូរលង់មកលេចភ្លាម             មនុស្សជាតិជ្វាព្រាហ្មណ៏ខ្មៅសម
មកពីស្រុកជ្វានានាំ                       គ្រួសារចូលចំមកកោះ។
ចូលនៅលាយឡំផងគ្នា                 កើតជាកូនចៅខ្មៅស្រស់
ប្លែងៗដោយយ៉ាងទាំងអស់            មិនស្មោះជាខ្មៅឬស។
អ្នកស្រុកប្រកាន់ត្រកូល                 ខ្លះពុំព្រមចូលអបអរ
នឹងជ្វាព្រាហ្មណ៏ឡើយក៏               ឈូឆររុកទៅពឹងពួន។
ក្នុងភ្នំដទៃនានា                            ក្ខាយជាតិដើមជ្វារៀងខ្លួន
ត្រឡប់បានឈ្មោះបីបួន                រៀបរាប់ចំនួនពិស្តារ។
ប្រហែលមនុស្សព្រៃប្រាកដ           សន្មតគឺក្នុងស្ទៀងខា
ឬកួយ​ សំរ៉ែក្តីណា                        យកព្រៃព្រឹក្សាពឹងពាក់។
ក្រោយមកដល់សាសនាគ្រឹះ          បួនរយឆ្នាំនេះជៀងជាក់
មានមនុស្សសម្បុរកាកល័ក្ខ            ខ្មៅៗស្ទើរស្ទាក់ជាតិក្លឹង្គ។
កាត់មកពីស្រុកឥណ្ឌា                   ចិត្តមុតមហិមារបឹង
ចូលពីពាយព្យជាន់ហ្នឹង                គ្មានភ័យព្រួយប្រឹងកាញ់គ្នេ។
ក្នុងក្រុមមនុស្សក្រោយរយពាន់      ពួកមួយសំខាន់ជាងគេ
មានមនុស្សសាងពីបុព្វេ                នាម្មេក្នុងក្បួនប្រវត្តិ។
គឺមនុស្សសាសន៏កម្ពុជា                 មានរិទ្ធិសម្ភារប្រាកដ
បំបាក់អ្នកស្រុកបានបទ                មនុស្សកម្ពុជារដ្ឋប៉ុន្មាន។
កាត់កើតកូនចៅតៗ                      តំណរៀងៗរាល់ប្រាណ
ពូជដើមឆ្នើមជាតិក្លាហាន             លំអានដូចបានថ្លែងមក។
ទីបីបូរីខេមរា                                ពីដើមហៅថាគោកធ្លក
ជាឈូងសមុទ្រញោចញក             ដុះកើតដើមធ្លកមុនគេ។
ចិនហៅនគរហ្វូណន                    តំបន់ប្រសបទន្លេ
ហូរនាំល្បាប់ភក់ផ្ទុកផ្ទេរ                ពុំខានទំនេរឆ្នាំណា។
នគរហ្វូណនធំណាស់                   ចិនបានប្រទះឃើញថា

ធំជាងសព្វថ្ងៃអស្ចារ្យ                      ខាងឋត្តរាទិសទី។




No comments:

Post a Comment