រឿងសព្វសិទ្ធិ
របៀបតែងកាព្យពាក្យ៧
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
រឿងសព្វសិទ្ធិ
របស់
ហ្មឺនភក្ដីអក្សរ តន់ លោក ប៊ូ-ប៉ូ ចម្លងពីសាស្ត្រាស្លឹករឹត
កាព្យពាក្យ ៧
អហំអញខ្ញុំសូមវន្ទី លើកករអញ្ជលីឱនអភិវាទ
ដូចកលកោសុមបទុមជាតិ ក្រាបក្រោមវរបាទយុគលំ ។
នៃព្រះអរហំស្រីសម្មា ជាមកុដលោកាជាទីតាំង
ព្រះអង្គជាសុខនិទុក្ខំ ជាគ្រូអស់ទាំងឥន្ទ្រាព្រហ្ម ។
ទេវតាគន្ធព្វគ្រប់គ្រុឌ ព្យាធរនាគាមារយក្សយម
មនុស្សសត្វសុះសព្វភពតូចធំ មូលមកបង្គំក្រាបប្រួញប្រាណ ។
ព្រះអង្គទូន្មានសព្វហ្វូងសត្វ នាំកាត់ឆ្លងវដ្ដសង្សារសាន្ត
ផុតពីកងទុកសុខសម្រាន្ត ដាក់ដល់ត្រើយត្រាណសិវាល័យ ។
ព្រះចមនាគាចរិយវង្ស ទ្រើសទ្រង់ករុណាថ្កើងថ្លាថ្លៃ
ប្រទានព្រះធម៌បិដកត្រ័យ ទុកជាវិន័យសាមញ្ញសត្វ ។
ខ្ញុំថ្វាយបង្គំព្រះធម្មោ សេដ្ឋោវរោអាចបំបាត់
កិលេសសង្សារឲ្យសូន្យថ្វាត់ ដោយព្រះបរមត្ថអាវុធថ្លា ។
ជាអរិយទ្រព្យគាប់បរិសុទ្ធ សម្រាប់កុលបុត្រក្នុងសាសនា
ទន្ទេញសូត្ររៀនប្រៀនប្រាជ្ញា ជាផ្លូវយាត្រាទៅនិព្វាន ។
បញ្ញាត្តិចាត់ថាកុំប្រមាទ ស្ដាប់ពុទ្ធឱវាទដំបូន្មាន
ឲ្យរក្សាសីលបំពេញទាន ទុកទៅជាយានប្រសើរជា ។
ឲ្យខំបំបាត់កាត់លោភោ ទោសោមោហោកុំឆន្ទា
ចង់បានមិនត្រូវផ្លូវធម្មា វេលាអស់ជន្មបានអបាយ ។
គួររិះត្រិះត្រាប់ច្បាប់ប្រពៃ តាមព្រះវិន័យលោកអភិប្រាយ
ធ្វើបុណ្យដាក់បាតចំណីបាយ ចំណាយជាស្បៀងលៀងអាត្មា។
ខ្ញុំថ្វាយបង្គំព្រះសង្ឃសម ប្រសើរឧត្ដមទ្រង់សិក្ខា
ជាតិជាកុលបុត្រពុទ្ធសាសនា ទ្រង់ព្រះមេត្តាសាសនាថ្លៃ ។
ដែលលោកបណ្ឌិតដល់បដិវេធ ឃើញហេតុសង្ខារជាបច្ច័យ
ហើយកាត់រំលាងកងកម្មក្ខ័យ សុខក្ស័យរួចចាករាគតណ្ហា ។
កាលព្រះអង្គទ្រង់ជិតនិព្វាន ឈ្វេងញាណចារឹកទុកសាសនា
ឲ្យគ្រប់ប្រាំពាន់ព្រះវស្សា ជាពុទ្ធធម្មតាប្រពៃណី ។
សម្ដេចសព្វញ្ញូមុនីនាថ ជាន់ទុកព្រះបាទលើគិរី
ទុកព្រះពុទ្ធរូបស្ដូបមុនី ព្រះមហាពោធីបិដកត្រ័យ ។
ព្រោះដ្បិតសម្ដេចព្រះសាស្ដា ជ្រាបថាសាសនាឯក្រោយក្រៃ
នឹងសាបសូន្យទៅទើបទ្រង់ឆ្នៃ ទុកបូជនេយ្យទាំងប្រាំស្ថាន ។
ឲ្យអស់សព្វសត្វផងនានា គ្រាន់ជាទីពឹងបម្រុងប្រាណ
នមស្ការបូជាទៀនធូបបាន ផលបុណ្យក្សេមក្សាន្តនិទុក្ខា ។
អហំអញខ្ញុំសូមចារចង ល្បើកល្បងរាយរឿងវោហារា
ពាក្យសៀមប្រែមកជាភាសា ខេមរាគឺកម្ពុជាជាតិ ។
ទោះបីលើសលោះខុសពាក្យពិត ពុំជិតពុំជួនស្ទួនឃ្លាឃ្លាត
សូមជួយជៀតចែងដោយខ្មីឃ្មាត សម្រាបជូនញាតិអ្នកចង់ដឹង ។
និទានបក្សាជាប្រថម គួរសមនឹងស្ដាប់ស័ព្ទដំណឹង
ដំណើរនេះខ្ញុំខំប្រែប្រឹង សុទ្ធសឹងមានមកពីបាលី ។
ព្រះពុទ្ធព្រះអង្គទ្រង់បន្លែ បន្លាយប្រាយប្រែកែសេចក្ដី
ប្រោសអស់អរហន្តភិក្ខុនី ដើម្បីឲ្យបានលុះមគ្គផល ។
ខ្ញុំហ្មឺនភក្ដីអក្សរតន់ រិះគិតកែកុនតាមយោបល់
យកបុណ្យសូមបានសុខសួស្ដីសល់
សូមដល់រួចចាកទុកភ័យផង ។
ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាហួសកន្លង
ពីរពាន់បួនរយសែសិបសង រំលងទៅហើយដោយគណនា ។
ហេមន្តរដូវដប់កើតខែ មិគសិររសៀលថ្ងៃអង្គារ
ឆ្នាំកុរឯកស័កដោយវេលា សុរិយាជ្រេជ្រៀលរសៀលថ្ងៃ ។
តែងក្នុងលេខពីទីប៊ុយរ៉ូ នៅឃ្លាំងត្រីសូល៍ប្រសើរថ្លៃ
ចតុម្មុខភ្នំពេញរាជក្រុងក្រៃ រិះគិតកែខៃតាមប្រាជ្ញា ។
និទានដំណាលព្រះមុនី សពេជ្រមោលីចមលោកា
ចាប់ជាតិជាសត្វសកុណា នៅព្រៃហេមវាព្រឹក្សាសាន្ត ។
កាលព្រះអង្គគង់ក្នុងជេតពន សុគន្ធកុដីកែវសុរិកាន
ជាទីសុខោរហោស្ថាន សម្រេចសម្រាន្តកិច្ចស្មោះសរ ។
សម័យមួយនោះអស់អរហន្ត ច្រើនក្រៃអនន្តមកកុះករ
គង់ធម្មសភាថ្លៃបវរ សឹងតែត្រេកអរសរសើរថា ។
ឱព្រះចមមកុដដុតត្រៃភព ព្រះគុណលើសលុបឥតឧបមា
ជាគ្រូឥន្ទព្រហ្មមនុស្សទេវតា ទ្រង់ព្រះមេត្តាករុណាសត្វ ។
សន្សំសេពសាងបារមីថ្លៃ បួនអសង្ខេយ្យសែនយូរក្ដាត់
បំពេញពិព្យាយាមទើបកាត់ បានលុះអរហន្តស្អាងចរិយា ។
ដើម្បីអាណិតគិតស្រោចស្រង់ សព្វសត្វកាត់បង់សង្សារា
ឲ្យសូន្យចាកទុក្ខបានសុខា គឺមហានគរនិព្វានពិត ។
កាលនោះសម្ដេចព្រះជិនស្រី ជ្រាបអាថ៌សេចក្ដីដោយញាណពិត
ទើបយាងព្រះបាទស្អាតវិចិត្រ តាមពុទ្ធនិម្មិតរៀងមកដល់ ។
ធម្មសភាសុវណ្ណា ឡើងគង់ក្រឡាព្រះគំនាល់
ទើបទ្រង់ដម្រិះដោយយោបល់ ត្រាស់សួរកិច្ចកលដល់សាវតារ ។
អាវុសោហៃអស់ភិក្ខុផង ស្ដីអ្វីអឹងកងលើសាលា
មិនខំប្រតិបត្តិហាត់សិក្សា វិន័យសិក្ខាអាថ៌បាលី ។
ទើបព្រះមោគ្គលានក្រាបទូលស្នង ថាអស់ភិក្ខុផងកើតស្រដី
សរសើរត្រឹមតែព្រះបារមី អម្ចាស់សិរសីលើសលោកា ។
សម្ដេចសព្វញ្ញូព្រះពុទ្ធអង្គ បានទ្រង់សណ្ដាប់ដោយបញ្ហា
ទើបបើកព្រះឱស្ឋប្រោសតបថា ហៃបាមោគ្គល្លានមានបារមី ។
អ្នកនាំព្រះសង្ឃមកសរសើរ ដំណើរពីអង្គអញជិនស្រី
ថាមានអានុភាពលើសភពត្រ័យ
មោះមិនតែឥឡូវនេះណា ។
ពីកាលភពភ័នខ័ណ្ឌកប្បខាំង កំបាំងបាត់ស្ងាត់អតីតា
យូរណាស់កាលនោះអញតថា- គតកើតជាមហាបុរសរ័តន៍
មួយមានមហិទ្ធិឫទ្ធិក្លាហាន និត្យនៅដែនដានស្ថានជនបទ
ជាបុត្រប្រសើរថ្លៃប្រាកដ ប្រកបហ្មត់ចត់ព្រះកាយា ។
ហើយមានសម្លាញ់អញជិតជាក់ មួយពាន់មួយនាក់រ័ក្សស្នេហា
តែពោធិវង្សទ្រង់ចេស្ដា មានព្រះប្រាជ្ញាលើសអ្នកផង ។
អ្នកលាមាតាបិតាចរ ស្វែងរៀនសិល្បសរដូចបំណង
ចងចេះជាងមិត្រត្រពិតជាច្បង ប្លែកក្រៃកន្លងគួរសវនា ។
សម្ដេចជិនវង្សពង្សពុទ្ធរ័តន៍ នាំហេតុតាមបទព្រះគាថា
មកជាសណ្ដាប់ប្រាប់សាវកា ឲ្យជាហេតុហើយទ្រង់ឈឹងឈប់ ។
គ្រានោះជំនុំព្រះអរហន្ត ក្រាបទូលនិមន្តព្រះចមភព
ថាសូមសន្ដោសប្រោសប្រារព្ធ នឹងបានដឹងគ្រប់សោះសង្ស័យ ។
អង្គសម្ដេចលោកវិទូ បើកឱស្ឋមធូរត្រាស់ថាហៃ
ភិក្ខុអើយកាលព្រេងអង្វែងក្រៃ ច្រើនអសង្ខេយ្យឥតឧបមា ។
ក្នុងដើមជាតកទុក្កនិបាត នៃហាសិបជាតិនោះតថា-
គតកើតជាជាតិសកុណា នៅក្នុងព្រឹក្សាអធ្វាស្ថាន ។
ព្រៃនោះលង្វែកវិសាលវន ទូរេខែត្រខណ្ឌទីស្មសាន
ជាជៀបកប្បាសជាតិតិច្ឆាន រួមប្រាណនែបនឹងនាងបក្សី ។
នៅជាមួយគ្នារួមសុខទុក្ខ មានទាំងសំបុកដាក់កូនខ្ចី
ចាបឈ្មោលតែងហើររកចំណី ទុកនាងបក្សីឲ្យរក្សា ។
ថែទាំចាំកូននៅសំបុក ជាទីឥតទុក្ខជាសុខា
សម័យមួយនោះព្រះសុរិយា រឿងរះជ្រះថ្លាព្រហាមស្មោះ ។
ចាបឈ្មោលហើរចាកលំនៅស្ថាន ទៅតែមួយប្រាណហើរផ្លេកផ្លោះ
ចូលពនាល័យព្រៃរបោះ ហើរហោះទៅទៀបទីស្រះស្រី ។
មួយមានឈូកឈរដុះរហង់ លំចង់ស្បង្ក័ជចង្កុលណី
រីកបែកបុប្ផាកេសរថ្មី ដោយព្រះសុរិយទើបរឿងរះ ។
បក្សានេត្រាក្រឡេកយល់ បុប្ផានិម៌លព័ណ៌ល្អល្អះ
បោះពួយឆៀងឆាបស្លាបទទះ ចុះទៅក្នុងស្រះទំចឹកផ្កា ។
ល្មមព្រះទិនករចរគ្រឿយគ្រឿន អណ្ដែតលយលឿនចាកព្រឹក្សា
ស្រឡះច្បាស់វង់ព្រះសុរិយា ចំហាយឧណ្ហាចំផែនដី ។
រីឯបុស្សបុងក្នុងស្រះនោះ លង់លុះត្រូវក្ដៅព្រះសុរិយា
រឹតរួតក្ដោបជិតទៅវិញខ្មី ចាបនោះឥតបីដឹងឡើយណា ។
កំពុងចឹកចាប់ជាតិបទុម លោដូចគេរុំរួបកាយា
រួតរឹតជិតជាប់នៅក្នុងផ្កា បក្សាភិតភ័យក្រៃស្ទើរស្លាប់ ។
ខំប្រឹងបម្រះក្រឡាស់ស្ទុះ នៅក្នុងផ្កានោះជាប្រញាប់
ខ្លួនសោតរមួលដួលផ្ងារផ្កាប់ ស្ទើរនឹងសូន្យស័ព្ទស្លាប់អាសា ។
រឹងថប់ញ័រញាប់អស់អង្គប្រាណ រំខានខ្សុកខ្សួលក្ដួលសោកថា
ឱះឱ ! ភរិយាបុត្រស្នេហា សមនឹកបិតាស្វាមីបាត់ ។
ខំស្វែងត្រាច់មករកផលា ព្រោះក្ដីស្នេហាសង្សារសត្វ
ឥឡូវពំនៀរពៀរមកកាត់ ឲ្យកាយខ្ចាយខ្ចាត់ដូច្នេះណា ។
ខ្លួនស្លាប់តាមកម្មមិនចាំគិត អាណិតតែកូននៅឯកា
ប្រពន្ធនៅក្រោយសមខ្លោចផ្សា ទោមនស្សទុក្ខាឃ្លានចំណី ។
រឿងនេះលើទុកពុំចារចែង នឹងចាត់សំដែងទៅបក្សី
កាលបក្សាហើរចេញទៅខ្មី ថ្ងៃនោះព្រោះក្ដីអកុសល ។
បង្កើតភ្លើងព្រៃឆេះព្រៃព្រឹក្ស សន្ធៅសន្ធឹកដោយសព្ទខ្យល់
បោកបក់ផ្សែងផ្សាចលាចល រាលទៀបមកដល់ទីសកុណី ។
នាងចាបឃើញជាក់ធ្លាក់ថ្លើមក្ដុក រំជួលក្ដួលចុកសព្វមំសី
ស្រយុតស្រយង់អង្គឥតបី ហើរចាកឃ្មាតខ្មីព្រោះភ័យខ្លាំង ។
ស្ទេញស្ទុះឆ្លេឆ្លាផ្សាដោយគិត អាណិតដល់កូនស្មើជីវំ
សោការន្ធត់ស្លុតស្លាំងកាំង ញាប់ញ័រអស់ទាំងអង្គកាយា ។
អន្ទះអន្ទែងរែងផ្សាខ្លោច កណ្ដោចកណ្ដែងឯងឯកា
ទួញថាឱកូនសង្សារា សមក្ស័យជីវាម្ដងនេះហើយ ។
ឱអ្នកជាប្ដីថ្លៃពន្លក ម្ដេចពុំឃើញមកណាអ្នកអើយ
ភ្លើងព្រៃឆេះកូនសូន្យឥតត្រើយ កូនអើយម្ល៉េះសមអ្នកក្ដៅផ្សា ។
សោកហើយនាងចាបឆាបហើរចុះ
ទើបហាចំពុះនៃអាត្មា
ចឹកពាំនាំកូនសង្សារា នឹងចរយាត្រាក៏ពុំបាន ។
អនិច្ចាចាបញីញ័រអស់អង្គ ហើរចាក់វិលវង់សោកប្រះប្រាណ
ទួញថាឱកូនស្ងួនកល្យាណ ម៉្លេះសមម្ដាយខានឃើញមាសថ្លៃ ។
ហើយថ្លែងអង្វរអស់ទេព្រ័ក្ស ស្ថិតស្ថានសំណាក់និត្យនៅឰ
ជ្រោះជ្រោយសូមជួយគិតកែខៃ ឲ្យកូនរួចក្ស័យគ្រានេះណា ។
ភ្លើងនោះឆេះរាលដាលត្រដូច ឆាបកួចសំបុកនៃបក្សា
ឆេះរោលកូនសូន្យសង្ខារា ក្សិណក្ស័យជីវារំពេចខ្មី ។
នាងចាបឃើញកូនក្ស័យដូច្នោះ ស្លុតស្លក់ពង់ពោះបាត់ស្មារតី
ទួញថាឱកូនស្ងួនពីសី កម្មអ្វីមកកាត់ឲ្យខ្ចាត់បង់ ។
ទាំងកូនក៏សូន្យក្នុងភ្លើងព្រៃ ទាំងប្ដីក៏ព្រាត់បាត់បង់អង្គ
ព្រឹកមិញនៅជុំគ្នារហង់ នឹកឃើញមិនចង់រស់ថ្វីឡើយ ។
រស់នៅធ្វើអ្វីអប្រិយប្រាណ ឲ្យតែរំខានមិនត្រាស្បើយ
បើភ្លើងឆេះផ្លាញស្លាប់ឲ្យហើយ ទ្រូងអើយសោះនឹងរងវេទនា ។
ថ្លែងពីចាបឈ្មោលដែលចូលជាប់ នៅក្នុងស្រទាប់បទុមា
លង់លុះព្រលប់យប់សន្ធ្យា ចន្ទ្រារឿងរះជ្រះនភី ។
សន្សើមសស្រាក់ធ្លាក់សស្រោក ចុះជោកព្រឹក្សាសព្វមាលី
រីករាយរំសាយស្រទាប់ភ្ញី បក្សារួចពីក្នុងបុស្បី ។
ហើយហើរម្នាក់ឯងវីវេកពេក ផ្លោះផ្លេកភ្លាមតាមរស្មី
ព្រះចន្ទភ្លឺយង់ក្នុងរាត្រី ឥតបីបង្អង់លង់ឡើយណា ។
ក្លិនរសកេសរដែលរួបអង្គ ក្រអូបធុំហ្វង់ជាប់កាយា
លុះហើរមកដល់ទីអាត្មា ឃើញព្រៃព្រឹក្សាភ្លើងឆេះអស់
បាត់ទាំងសំបុកដែកទុកកូន ឈឹងស្ងាត់សោះសូន្យក្នុងសានគ្រោះ
ប្រពន្ធក៏បាត់ពិតចំពោះ គឺមោះជាកម្មនៃអាត្មា ។
រឹងរឹតញ័រញាប់ចំប្រប់ប្រាណ រំខានខ្សឹកខ្សួលក្ដួលសោកា
ឱកូនកំសត់បុត្រទ្វេហា ទៅណាពុំឃើញដូចសព្វកាល ។
គ្រានោះឯនាងសកុណី ឃើញប្ដីមកដល់សោកដាសដាល
ទើបចេញពីព្រៃព្រឹក្សាសាល មកផ្ចាលស្រដីឲ្យប្ដីថា ។
អ្នកឯងទៅព្រៃបានសប្បាយ ត្រេកនឹងសហាយត្រូវចន្ដា
ឥឡូវភ្លើងព្រៃឆេះព្រឹក្សា ឆេះកូនទ្វេហាមរណៈក្ស័យ ។
សព្វកាលរៀងមកត្រូវពេល មិនដែលខាតខានខុសមួយថ្ងៃ
គ្រានេះប្រែចិត្តកាត់អាល័យ គេចវេះដោះដៃរកស្នៀតថ្មី ។
យល់ជាត្រូវចិត្តស្និទ្ធរួមរ័ក្ស ស្មោះស្ម័គ្រស្រឡាញ់ពេញបេតី
ថែមធុំខ្លិនផ្កាជាប់ក្លិនស្រី នឹងមកធ្វើអ្វីអ្នកថ្លៃអាយ ។
ហើយធ្វើជានឹករឭកកូន ដែលសូន្យប្រល័យក្ស័យអន្តរាយ ។
នរណាមិនដឹងកលក្លែងក្លាយ ឧបាយមាយាជាពាក្យពិត ។
សកុណាបក្សាបានស្ដែងស្ដាប់ សារស័ព្ទប្រពន្ធប្រចណ្ឌចិត្ត
ទើបឆ្លើយនាងអើយបងរែងគិត ដល់មិត្តមាសស្ងួននឹងកូនថ្លៃ ។
តែបងបានហើរដើរដោយជ្រោះ ឃើញស្រះមួយនោះណាកែវថ្លៃ
មានផ្កាឈូករីកច្រើនក្រាស់ក្រៃ បងសោតប្រស្រ័យចុះចឹកផ្កា ។
ជួនថ្ងៃរឿងរះស្រឡះពិត ផ្កាឈូកសោតរឹតរួតកាយា
ដោយសារកំដៅព្រះសូរិយា បងជាប់នឹងផ្កាចេញពុំបាន ។
លុះសែងអាទិត្យអស្ដង្គត ចរផុតបិទបាំងព្រះសុរិធាន
សន្សើមរាយរុះចុះសព្វស្ឋាន ទើបបានផ្កាសោតរីកឡើងវិញ ។
ឯបងក៏រួចអង្គកាយា ហិចហើរយាត្រាមកនេះវិញ
នាងកុំកាន់ចិត្តកើតទុក្ខម្នេញ ទោមនស្សទន្ទេញថាច្នោះឡើយ ។
បក្សីស្ដាប់ជាក់ទើបតបថា កុំប្រែប្រាជ្ញាណាអ្នកអើយ
ប្រសិនអាល័យខ្ញុំមែនហើយ ម្ដេចធ្វើតោះតើយដូច្នោះណា ។
វិស័យកើតជាប្រពន្ធប្ដី គប្បីដឹងទុក្ខដឹងសុខា
ទើបហៅស្រឡាញ់ពេញស្នេហា នេះមាត់តែថាអាណិតណាស់ ។
ឯចិត្តបែកបែរប្រែប្រឹងឆ្លៀត គិតរកថ្មីទៀតចោលឯចាស់
ហើយថាផ្កាក្ដោបជាប់ក្នុងស្រះ ខ្ញុំដឹងចិត្តច្បាស់យ៉ាងនេះឯង ។
ហ៊ានចោលទាល់ភ្លើងឆេះសំបុក ធ្លាក់កូនត្រសុកទៅក្នុងត្រែង
គ្មានសល់រូបសោះអស់ឆ្អឹងឆ្អែង ឃើញមានតែផ្សែងហុយដង្គោល ។
ឱកូនសំឡាញ់ពេញចិត្តស្ម័គ្រ ម្ដាយនឹកដើមអ្នកធ្លាក់ថ្លើមក្ដួល
ម្ដាយសោកពិលាបសព្វខ្សឹកខ្សួល ឈឺធៀបឆេះឈួលញ័រពង់ពោះ ។
បក្សាបៀតបែរតែចាំស្ដាប់ ប្រពន្ធសារស័ព្ទស្ដីបញ្ជោះ
ខឹងខ័ណ្ឌប្រចណ្ឌប្រជែងឈ្លោះ គំរោះគំរាមតាមក្រោធា ។
ទើបលោមប្រលោមថាព្រលឹង មាសនឹងខឹងថ្វីពៅពំងា
បងត្រង់គំនិតឥតមាយា ជាក់ជាស្រឡាញ់ពេញពីពោះ ។
ដែលពុំបានមកដោយពេលពិត ដោយសារផ្ការឹតស្ទើរស្លាប់សោះ
កម្មអើយកម្មកាត់ឲ្យបាត់ឈ្មោះ សូមប្អូនសង្គ្រោះអត់ទោសា ។
ថ្ងៃក្រោយទើបឲ្យកូនសេនី ទៅរាល់រាត្រីឥតបីខាន
លង់លុះទាល់គ្រប់អង្គប្រាណ នាងនាថកល្យាណគ្មានចរចា
។
កិត្តិសព្ទជ្រាបដល់ព្រះមហាក្ស័ត្រ ព្រះបាទព្រហ្មទត្តក្ស័ត្រខត្តិយា
ព្រះអង្គរឹងព្រួយព្រះចិន្ដា បង្គាប់សេនាមាត្យមន្ត្រី
។
ឲ្យចាត់ភ្នាក់ងារជានាយកង ប្រកាសប៉ាវគងពេញផែនដី
ថាកូនកុដុម្ពីក៍ឬសេដ្ឋី នៅក្នុងបុរីរាជភារា
។
បើអ្នកឯណាវាសនាមាន អាចចេះរិះធ្យានទៅសន្ទនា
នឹងនាងស្រួលស្រាប់ជាភ័ព្ទវា យើងមិនរាពាក្យសំដី
។
អាមាត្យបង្គំចាំបង្គាប់ ក្រាបលាចេញឆាប់ប្រញាប់ខ្មី
ប៉ាវគងប្រាយប្រាប់តាមសេចក្ដី ទួទាំងបុរីរាជរដ្ឋា
។
ពួកកូនសេដ្ឋីនឹងភុដុម្ពីក៍ នាំគ្នាមកមីច្រើនត្រៀបត្រា
សឹងទៅនិយាយប្រាយប្រាជ្ញា ដោយនូវវាហារអធិប្បាយ
។
ព្រះនាងពុំស្ដាប់ពុំស្ដីផង ពុំដូចបំណងអ្នកទាំងឡាយ
ទោមនស្សតូចចិត្តដ្បិតគិតស្ដាយ ក្រហល់ក្រហាយគ្រប់អង្គប្រាណ
។
រឿងនេះលើកទុកពុំទាន់ចែង នឹងចាត់សំដែងដោយដើមដាន
ពីចៅសព្វសិទ្ធិឫទ្ធិក្លាហាន កាលវិលចាកស្ថានព្រះអាចារ្យ
។
ពេលយប់ឈប់ផ្ទំក្នុងព្រឹក្សព្រៃ លុះព្រឹកឡើងនៃទើបយាត្រា
នឹងភីលៀងនែបអែបកាយា ដោយផងអរញ្ញវាពនាល័យ
។
ទតសព្វសឹងសត្វចតុប្បាទ ទ្វេបាតរុក្ខជាតិក្រាសក្រែលក្រៃ
លង់លុះគ្រប់ប្រាំដណ្ដប់ថ្ងៃ ចមត្រៃត្រាច់ដល់ស្ថានអាត្មា
។
ទើបអ្នកចូលទៅក្រាបវន្ទី ជនកជននីទាំងទ្វេហា
ទាំងពីរសេដ្ឋីឃើញបុត្រា អរឥតឧបមាទើបសួរថ្កាន
។
កូនអើយកូនប្រាសបាត់មុខទៅ យើងនៅសឹងទុក្ខពុំសុខសាន្ត
ថ្ងៃនេះបានស្បើយល្ហើយពីប្រាណ ព្រោះបានឃើញបាយាត្រាដល់
។
មួយទៀតកូនឆ្លៀតរៀនភេទផង ចេះម្ដេចចូរឆ្លងឆ្លើយយោបល់
ប្រាប់យើងឲ្យស្មោះសោះឆ្ងាយឆ្ងល់ តាមដោយកិច្ចកលកូនរៀនបាន
។
កុមារស្ដែងស្ដាប់សព្ទវាទី ជនកជននីសួរសងសាន
ទើបក្រាជំរាបទៅវិញថ្កាន តាមដោយដើមដានឥតមានខ្វះ
។
សេដ្ឋីកំពុងចែងចរចា សួរសាកបុត្រាឲ្យជាក់ច្បាស់
គាប់ជនអាមាត្យម្នាក់ឯងស្វះ ដើរមកដល់ផ្ទះមហាសេដ្ឋី
។
បានជួបបានដល់បានយល់អង្គ ព្រះពោធិវង្សពង្សជិនស្រី
ល្អលើសល្អលុបភពផែនដី មានចិត្តមេត្រីចាប់ចេតនា
។
សួរដឹងថាទើបតែនឹងវិល មកពីរៀនសិល្បសាស្ត្រា
ទើបលាលះលាកចាកគ្រឹហា វិលទូលកិច្ចការក្ស័ត្រថ្កើងថ្កល់
។
ដំណាលទូលតាមដោយដំណើរ ថាយើងខ្ញុំដើរបានទៅដល់
ឃើញកុមារម្នាក់រូបល្អសល់ មែនមានយោបល់យល់កិច្ចការ
។
ជាកូនកោណ្ឌញមហាសេដ្ឋី នៅក្នុងបរីយើងនេះណា
នាមឈ្មោះសព្វសិទ្ធិកុមារា មែនមានវស្សាឆ្នាំសោឡស
។
ទើបវិលមកពីតក្កសិលា រៀនសិល្បសាស្ត្រាចេះទាំងអស់
ល្អស្រួចល្អស្រេចដាច់កំឡោះ គ្មានខូចគ្មានខ្ចោះទាស់ត្រង់ណា
។
សម្ដេចមហាក្សត្រាធិបតី ជ្រាបហើយចក្រីមានឱង្កា
ថាច្នោះចូរឯងចរយាត្រា ទៅយកកុមារនោះមកឆាប់
។
អាមាត្យបង្គំក្រាបលុតលា ចេញចរម្នីម្នាជាប្រញាប់
ទៅបច្ចន្តគ្រាមតាមបង្គាប់ ដល់ហើយទើបប្រាប់មហាសេដ្ឋី
។
ថាព្រះករុណាជាអម្ចាស់ មានឱង្ការត្រាស់លើសិរសី
ឲ្យយកសព្វសិទ្ធិឫទ្ធិបារមី ចូលគាល់ចក្រីកុំបីខាន
។
ឲ្យទៅឲ្យទាន់ក្នុងថ្ងៃនេះ តែធ្វេសយឺតយូរយល់ពុំបាន
សេដ្ឋីស្ដាប់ហើយភ័យញ័រប្រាណ ដោយពុំដឹងដានដំណើរអ្វី
។
ទើបប្រាប់សព្វសិទ្ធិបុត្រពុំងា កូនអើយព្រះមហាក្ស័ត្រធិបតី
ឲ្យបាទៅគាល់ព្រះចក្រី កុំបីបង្អង់រង់រេរា
។
កុមារស្ដាប់ជាក់ភ្ញាក់ព្រួចព្រឺ ព្រោះបានលេចឮពាក្យពណ៌នា
ទើបរៀបចាត់ចែងតែងអង្គា កបរូបឫកពាល្អប្រិមប្រិយ
។
កោណ្ឌញប្រាយប្រាប់នាងខេមា ឲ្យរៀបអាហារម្ហូបចំណី
ពិសាពិសាលត្រកាលថ្មី ឲ្យពង្សជិនស្រីនឹងអាជ្ញា
។
នូវភីលៀងដែលជាគូរគាប់ បរិភោគស្កល់ស្កប់សព្វប្រការ
នាំគ្នាទាំងបីខ្មីយាត្រា ដើរដល់ថ្នលផ្សាក្នុងក្រុងក្រៃ
។
មើលមានទំនិញពេញត្រាត្រៀប រាយរបស់មានដំឡៃ
ខៀនព្រែសាក្លាតមួកគាតស្បៃ គោមកែចចរណៃព្យួរដង្ហែ
។
មានហាងបារាំងតាំងទំនិញ ទំនើបទើបទិញសុទ្ធសឹងតែ
គោញាក់អាប់ផ្សេនបៀរប៉ីយែ វិលមុតកាហ្វេឡេរូមវាំង
។
កាសិលសារូសាមពីញុង សំប៉ាញសាវុងពីពែរមាំង
ហាវិភូអូម៉ានូវស្រាខ្លាំង ទំពាំងសារីលីម៉ូណាត
។
មាសេសារៈឌិនមិនមានខ្វះ ពៀសម៉ងហ្រ្លូម៉ាសនូវមួកឆ័ត្រ
ស្រោមជើងស្បែកជើងខ្សែក្រវាត់ ច្រើនពណ៌ពេកក្ដាត់ឥតឧបម័យ
។
មានហាងជ្វាទេសមួយនោះមិញ សុទ្ធសឹងទំនិញស្រុកបុំបៃ
ចរបាច់ខិមខាត់រត្នកោសេយ្យ សឹងមានដំឡៃក្រៃកន្លង
។
ហាងចិនជាជួររាល់អន្លើ មានសព្វសារពើទំនិញផង
អនេកគ្រប់ពណ៌ល្អឥតហ្មង ប៉ុនប៉ងទិញអ្វីឥតមានខ្វះ
។
ថ្លែងពីស្រីផ្សារដែលលក់រាន បែរភ្នែកពារពានពើបប្រទះ
ឃើញរូបសព្វសិទ្ធិល្អិតល្អល្អះ ចំឡែកពេកណាស់ពុំដែលយល់
។
នាំគ្នាសំឡឹងរឹងទាំងភ្នែក ប្របៀតជ្រៀតជ្រែកកែវរវល់
ខ្លះចូលទៅជិតស្ទើនឹងដល់ ខ្លះទល់បង្អួចលួចលបមើល
។
ខ្លះរត់ទន្ទ្រានតាមហុចស្លា ខ្លះស្រែកជេរថាមេកំព្រើល
ឃើញប្រុសលោស្ទុះដេញជជើល ខ្លះរត់ងងើលមើលចង់ជាក់
។
ខ្លះថាបើសិនណាអញបាន ជាគូអរប្រាណនែបរួមរ័ក
ធានាថែទាំចាំពិភក្ដិ មិនឲ្យអន់អាក់ត្រណាក់ចិត្ត
។
ខ្លះថាឱគេល្អចិញ្ចែង មើលមកប្ដីឯងខ្មៅកក្រិត
មេមួយសំពឹកធ្វើឫកសិ្នទ្ធ ដោះលេចមិនស្បិតគិតបិទបាំង
។
ប្រុងតែទិញស្និតមកសិតសក់ មើលមុខអាក្រក់ស្លក់ស្លេកស្លាំង
ពួកអ្នកលេងថ្មីប្ដីបារាំង ញែកឱទ្រក្បាំងយ៉ាងស្លាបក្អែក
។
រំយោលរយ៉ាពាក់ត្រចៀក ហើយស្លៀកសារុងទ្រង់ស្រីខែក
ចោមពុងកន្សែងផ្កាត្របែក មើលទៅចំឡែកតែសក់ក្បាល
។
សព្វសិទ្ធិវរលក្ខណ៍អ្នកមានខ្មាស ឃើញស្រីផ្ដេសផ្ដាសមិនស្រើបស្រាល
គេចដើរបន្លំចំកណ្ដាល ផ្លូវហើយត្រអាលចរយាត្រា
។
អ្នកខ្លះនិយាយគ្នាអឹងកង ថាគ្រានេះម្ដងឃើញបានការ
ប្រហែលព្រះនាងនាថធីតា ចូរចិត្តចរចាចាប់មេត្រី
។
បើយ៉ាងម្ល៉េះហើយនាងមិនស្នេហ៍ មិនស្និទ្ធមានតែខានបានប្ដី
ល្អលើសនេះទៀតគ្មានទេវី ក្រែងតែក្សត្រីចាំជាតិក្រោយ
។
ស្រីខ្លះទាហានហានស្រែកហៅ ខ្លះយកប្រេងម្ស៉ៅទៅហុចឲ្យ
ខ្លះងើបស្រងើរដើរបង់បោយ រត់តាមបណ្ដោយជាមួយគ្នា
។
ព្រះពោធិសត្វឆ្លោមឆ្លៅ ឮស្រីស្រែកហៅដោយផ្លូវធ្លា
អៀនអន់ក្នុងចិត្តស្បិតនាំពា ស្រូតរូតលីលាពុំរារង់
។
លុះដល់ព្រះរាជរោងរម្យ ក្រួញក្រាបបង្គំក្ស័ត្រចក្រពង្ស
ព្រះអង្គទៀតទតយល់ពុំលង់ ទើបទ្រង់ត្រិះរិះស្វែងយល់ថា
។
ចៅសព្វសិទ្ធិនេះល្អមែន ល្អលេចលើសដែនផែនលោកា
រូបទ្រង់ហាក់ដូចវង្សក្សត្រា គួរគ្រងសីមានាក្រុងក្រៃ
។
បើឲ្យធ្វើធំពុំបង់កេរ្តិ៍ នឹងបានឋិតថេរជាមហៃ
រាស្ត្រទាសទាំងពួងមានអាល័យ អាស្រ័យពឹងពាក់ពុំនាក់បាន
។
ចាំមើលម្ដងនេះតើយ៉ាងម្ដេច នឹងសម្រេចកិច្ចឬខុសខាន
តែថាបើនាងមិនស្មោះស្មាន អញក៏នឹងច្រានចោលលែងគិត
។
យល់ស្រេចស្ដេចមានព្រះដម្រាស់ ទ្រង់ត្រាស់ហាហៅចៅសព្វសិទ្ធ
ឲ្យចូរទៅដល់គាល់នៅជិត ទើបព្រះបពិត្រព្រះបន្ទូលថា
។
ហៃចៅសព្វសិទ្ធិឫទ្ធិរង្សី ចូរចៅស្រដីនឹងធីតា
ជាបុត្រីអញឲ្យចរចា តាមដោយប្រាជ្ញាបាឯងប្រាប់
។
បើនាងចូលចិត្តគិតស្មោះសរ វាទីតបតតាមសណ្ដាប់
អញនឹងផ្សំឲ្យជាគូឆាប់ ដូចដោយដម្រាប់រាជវេណី
។
ហើយលើកដំកើងឡើងចិញ្ចាច ថាតួឧបរាជឲ្យចំទី
ត្រាស់ស្រេចសម្ដេចព្រះភូមី បង្គាប់យោធីរៀបតាមការ
។
លង់លុះយប់យាមជាបឋម ឯពួកនាយក្រុមជាអាចារ្យ
នានាំពូជពង្សកុមារា នឹងភីលៀងជាជេដ្ឋាថ្លៃ
។
ឡើងលើមន្ទីរនារីរក្ស ដល់ហើយទើបអ្នកគង់នៅឰ
ប្របទ្វារប្រាសាទរត្នចរណៃ ទើបសេកសិល្បសៃវិជ្ជាការ
។
ហើយអ្នកលើកហត្ថទាំងទ្វេហា ប្រណម្យសច្ចាអធិដ្ឋាន
ថាហេតុកុសលផលខ្ញុំបាន សាងពីបុរាណបុរេជាតិ
។
បើនាងនេះជាក់ជាគូព្រេង ពុំដែលវង្វែងឃ្លៀងឃ្លាឃ្លាត
សូមទេពអាណិតគិតជួយញាតិ ជួយឲ្យនាងនាថចែងចរចា
ផ្សងស្រេចពុំលង់ពង្សនរេត សេកដាសឫទ្ធិវិជ្ជាការ
មន្តស្រូមដកយកដួងចិន្ដា ពីអង្គកាយាភីលៀងស្និទ្ធ
។
ទៅដាក់បំបាំងនៅមាត់ទ្វារ ទើបអ្នកសន្ទនាសួរទាន់ចិត្ត
ថាហៃមាត់ទ្វារអ្នកបាំងបិទ ចូរអ្នកអាណិតយើងតិចរ៉ា
។
ឲ្យអ្នកស្រាលជ្រើសរើសនិទាន ពីព្រេងមុនមានមកឧបមា
យើងនឹងបានស្ដាប់សព្ទភាសា តាមដោយប្រាជ្ញាទ្វារចេះស្រាប់
។
គ្រានោះដួងចៃនៃភីលៀង ឮព្រះសូរសៀងសួរសាសព្ទ
ទើបឆ្លើយពីក្នុងមាត់ទ្វារប្រាប់ ថាខ្ញុំសម្រាប់គ្រាន់តែបិទ
។
ពេលថ្ងៃគេបើកយប់គេបាំង ជាវេនអនិច្ចំក្នុងឋានឋិត
រឿងអ្វីមិនចេះមិនចូលចិត្ត មិនអាចរិះគិតនិយាយបាន
។
បើម្ចាស់ចេះដឹងដំណឹងនោះ សូមទ្រង់សន្ដោសទោសប្រោសប្រាណ
នាំមកសំដែងឲ្យខ្ញុំបាន ដឹងដើមដល់សោះឆ្ងល់ឆ្ងាយ
។
ក្សត្រីស្រីរត្នវិសុទ្ធស័ក្ដិ ឯកអគ្គចមជាតិឆើតឆាយ
បានឮមាត់ទ្វារអភិប្រាយ ចែងចេះលែបខាយដូច្នោះខ្មី
។
នាងនឹកពីផល់ឆ្ងល់ពេកក្ដាត់ ព្រួចព្រឺប្រមាត់សួតសិរសី
ថាអែះទ្វារនេះម្ដេចចេះស្ដី ក្សត្រីគិតតែក្នុងយោបល់
។
ហេតុព្រះសម្ភារពោធិសត្វ មានបុណ្យពេកក្ដាត់ឥតផ្ទឹមដល់
មកណែនាំចិត្តឲ្យនាងខ្វល់ សែនសល់សង្ស័យក្រៃសោះសា
។
នឹងត្រិះរិះឲ្យតែចង់ស្ដាប់ មាត់ទ្វារសាសព្ទឥតឧបមា
គិតហើយក៏អែបនែបកាយា ចុះពីក្រឡាបន្ទំទី
។
មកផ្ទាប់សន្ធិយាព្រះកាណ៍ស្ដាប់ ព្រះសូរសៀងសព្ទរឹងសោម្នី
ឯអង្គសព្វសិទ្ធិរឿងឫទ្ធិ មានព្រះវាទីទៅកាន់ទ្វារ
។
ថាបងមិនចេះមិនចាំរឿង ចូរប្រុងស្ដាប់យើងនឹងពណ៌នា
តាមពាក្យបុរាណព្រេងព្រឹទ្ធា តមកយូរយារជាអង្វែង
។
ថាកាលនោះមានព្រានបួននាក់ ជាតិជាមិត្រភក្ដិភឿនដើរស្វែង
រៀនសិល្បសាស្ត្រឆ្លាតគួរស្ញែង ចំណេះនោះឯងសឹងចំណាន
។
អ្នកមួយរៀនជានាយប្រមាញ់ តែលើកធ្នូបាញ់អ្វីសឹងបាន
អ្នកមួយចេះហោរអាណាប្រាណ ទាយអ្វីប៉ុន្មានមិនមានខុស
។
ឥតលាភមានលាភអាក្រក់ល្អ ជាខ្មៅឬសប្រាកដច្នោះ
អ្នកមួយចេះប្រស់មនុស្សស្រីប្រុស ដែលស្លាប់ចំពោះប្រស់រស់បាន
។
អ្នកមួយចេះមន្តមុជក្នុងទឹក ជ្រាលជ្រៅពន្លឹកអម្បាលម៉ាន
ទោះអីធ្លាក់បាត់ក្នុងជលសាន មុជយកមកបានដូចប្រាថ្នា
។
សម័យថ្ងៃនោះប្រុសទាំងបួន ជួនជាចូលទៅក្នុងព្រឹក្សា
ឃើញដើមឈើមួយមែកសាខា ដុះប្របឆ្នេរមហាសមុទ្រធំ
។
សំឡាញ់បួនប្រាណចូលឈរឈប់ ក្រោមម្លប់ឈើនោះជាសុខុម
សំឡាញ់ទាំងបីស្ដីថាខ្ញុំ ចង់សុំសួរអ្នកជាហោរា
។
ថ្ងៃនេះយើងមានលាភអ្វីខ្លះ ចូរទាយឲ្យច្បាស់សោះសង្កា
បុរសចេះហោរគូរលេខផា ឃើញភ្លាមទើបថាថ្ងៃនេះឯង
។
មានសត្វឥន្ទ្រីយមួយធាត់ធំ ពាំស្រីក្រមុំល្អចិញ្ចែង
ហើរមកឥឡូវនេះជាក់ស្ដែង កំពុងតែថ្លែងប្រាយប្រាប់គ្នា
។
រំពេចលោលួចសត្វឥន្ទ្រិយ ពាំនាងនារីលើវិហាស៍
អ្នកចេះបាញ់នោះស្ទុះក្រទា បាញ់ទៅម្នីម្នាត្រូវឥន្ទ្រិយ
។
ក្សិណក្ស័យជីវិតពិតជៀងជាក់ នាងនោះក៏ធ្លាក់ក្នុងជលធី
បុរសដែលរៀនមុជវារី ចុះក្នុងទីទឹកមុជដម្រង់
។
ដល់ហើយកៀកឱបក្រសោបព នាំនាងនោះមក៍មិនបង្អង់
នាងនោះសូន្យបាត់ជីវិតបង់ មើលមុខត្រយង់គួរឲ្យស្ដាយ
។
បុរសចេះប្រស់សេភអស់មន្ត ទើបតាំងជបជន្មប្រែខ្លបក្លាយ
នាងនោះរស់ប្រាណបានដឹងកាយ ភឿនបួនសប្បាយចិត្តរាល់គ្នា
។
ប្រកួតប្រកែកជជែកឈ្លោះ ចង់បាននាងនោះជាភរិយា
រឿងនេះបុរាណលោកពណ៌នា ចូរបងមាត់ទ្វារថាតាមពិត
។
នាងនោះចំពោះបានអ្នកណា តាមដោយប្រាជ្ញាបងរិះគិត
ដួងចៃភីលៀងផ្ទៀងស្ដាប់ជិត ឆ្លើយថាបពិត្រព្រះគុណធ្ងន់
។
នាងនោះបើតាមដោយខ្ញុំថា ត្រូវបានហោរាអ្នកគូរគន់
គួរយកទៅធ្វើជាប្រពន្ធ គុណគេទម្ងន់ជាងទាំងអស់
។
កាលនោះឯនាងនាថសុវណ្ណ កេសរសោភ័ណ្ឌជាស្រីស្រស់
ឮទ្វារថាឆ្នោះយល់ខុសសោះ នាងនឹកតូចទាស់ព្រះចិន្ដា
។
ទ្វារនេះមិនដែលចេះស្រដី ស្ដីហើយហេតុអ្វីឲ្យខុសការ
នាងទប់ពុំបានមានវាចា ទ្វារឯងម្ដេចថាខុសនឹងច្បាប់
។
ឯយើងយល់ឃើញដោយយោបល់ ដែលគិតឲ្យដល់តាមសណ្ដាប់
នាងនោះគួរបានទៅអ្នកចាប់ ឆក់ប្រាណបានឆាប់ពីជលធី
។
ព្រោះគេបានកាន់ដល់អង្គកាយ បីពពីឆ្ងាយនឿយឥន្ទ្រិយ
យ៉ាងនេះទើបត្រូវផ្លូវវេណី ពិតពីបុរាណគ្មាននិន្ទា
។
ក្សត្រីស្តីនោះចំពោះពិត ព្រះទ័យស្មានគិតថាមាត់ទ្វារ
ចេះស្រដីឯងពុំដឹងជា សព្វសិទ្ធិឫទ្ធាមាយាកល
។
គ្រានោះឯអស់ពួកអ្នកភ្លេង បានឮសំឡេងនាងទៅដល់
ស្ដាប់ច្បាស់អរណាស់ឥតឆ្ងាយឆ្ងល់ ប្រគំភ្លេងខ្ទរញ័រទាំងស្ថាន
។
លាន់ឮដល់ព្រះភាណ៌មហាក្ស័ត្រ ព្រះបាទព្រហ្មទត្តព្រឺអង្គប្រាណ
ស្ដេចជ្រាបថាបុត្របានសងសាន ចរចាស្មោះស្មាននឹងកុមារ
។
លុះដល់យាមពីរវេលាយប់ ភ្នាក់ងារប្រារព្ធសព្វបញ្ហា
ប្រាប់ពោធិវង្សទ្រង់ចេស្ដា ហើយនាំយាត្រាជិតទែនថ្លៃ
។
គ្រានោះសព្វសិទ្ធិឫទ្ធិខ្លាំងក្លា សូត្រសេកគាថាសិល្បសាស្ត្រសៃយ
មន្តស្រូបដកទាញយកដួងចៃ ចេញចាកពីឰមាត់ទ្វារស្មោះ
។
យកទៅដាក់ក្នុងគោមរយាំ បានដូចប្រាថ្នាមហាបុរស
គ្មានអ្នកណាយល់ដល់តិចសោះ ទើបអ្នកពិគ្រោះសួរថ្វាលា
។
ថាម្នាលចង្កៀងរឿងរង្សី អ្នកចេះរឿងអ្វីចូរពណ៌នា
ឲ្យយើងបានស្ដាប់ស័ព្ទមួយគ្រា គ្រាន់ជាចំណាំចាំទុកផង
។
គ្រានោះដួងចៃនៃភីលៀង នៅក្នុងចង្កៀងសបសាសង
ថាខ្ញុំឆោតឆៅខ្លៅកន្លង ពុំដឹងដើមទងរឿងអ្វី
ៗ ។
សព្វថ្ងៃគ្រាន់តែជាភ្នាក់ងារ គេតែងអុជជាវេនប្រក្រតី
តាមពេលប្រលប់យប់រាត្រី ឥតបីដឹងដល់កលបញ្ហា
។
បើម្ចាស់ចេះចាំនាំពត៌មាន រឿងរ៉ាវនិទានអតីតា
សូមទានប្រោសប្រាប់សព្ទវិត្ថារ ពិស្ដារឲ្យខ្ញុំសុំស្ដាប់ផង
។
ព្រះរាជធីតាប្រាជ្ញាវៃ ដំកល់ព្រះទ័យឥតសៅហ្មង
ឃើញហេតុភេទផលដល់ពីរដង ប្លែកក្រៃកន្លងជាអស្ចារ្យ
។
ចង្កៀងហេតុអ្វីចេះស្ដីស្ដែង ចាចែងដោះស្រាយដោយវោហារ
នឹងកើតកល់កិច្ចដូចម្ដេចម្ដា កល្យាណ៍គិតគ្រប់ឈប់ចាំស្ដាប់
។
គ្រានោះកុមារវរាវង្ស ទ្រើសទ្រួយទ្រាយទ្រង់បានត្រងត្រាប់
ចង្កៀងឆ្លើយតបសបឥតស័ព្ទ ទើបប្រែប្រាយប្រាប់ទៅវិញខ្មី
។
ចង្កៀងបងអើយចូរតាំងចិត្ត ស្ដាប់សព្ទភាសិតសព្វសេចក្ដី
ពីកាលអង្វែងព្រេងជាតី ឮគេស្រដីតមកថា
។
មានជាងសម្រាំងទាំងបួនប្រាណ ចំណានចំណេះចេះធ្វើការ
ជាងម្នាក់ចេះគួររាងរូបា ម្នាក់ចេះរចនាធ្លាក់ជាអង្គ
។
ម្នាក់ចេះដប់ប្រស់ឲ្យរស់ឡើង ម្នាក់ចេះតែងគ្រឿងប្រដាប់ផ្ចង់
សំលៀកបំពាក់ភក្ត្រផាត់ផង់ ត្រូវតាមភាពត្រង់ជាប្រុសស្រី
។
សម័យថ្ងៃមួយជាងបួនប្រាណ យកឈើមួយបានមកឃ្មាតខ្មី
រចនាធ្វើជារូបស្ត្រី តាមដោយសេចក្ដីគុណវិជ្ជា
។
ជាងម្នាក់តាំងគូររូបសួនសាក់ ជាងម្នាក់មកធ្លាក់ស្រេចម្នីម្នា
ជាងម្នាក់សេកមន្តជបជន្មា នៃរូបនោះវារស់ឡើងស្រាប់
។
ជាងម្នាក់យកអស់សំពត់អាវ កន្សែងសូត្រសាវស្បៃប្រដាប់
មកស្លៀកពាក់ឲ្យល្អចំណាប់ មើលទៅគួរចាប់ចិត្តចេតនា
។
លុះតែងរូបនោះរស់ឡើងខ្មី វិស័យជាស្រីចេះស្ដីថា
ឯជាងបួននោះលុះបានការ កើតដូចប្រាថ្នាដែលខ្លួនប៉ង
។
ក៏កួចចាប់ចិត្តរិះគិតគន់ យកជាប្រពន្ធតាមបំណង
ជជែកចែកគ្នាស័ព្ទអឹងកង និទាននេះហោងពីបុរាណ
។
ចូរបងចង្កៀងគិតឲ្យល្អិត ដោយនៅក្រមក្រិត្យជាលំអាន
នាងនោះនឹងទុកដាក់ឲ្យបាន អ្នកណាស្មោះស្មានចូរបងកាត់
។
ឯដួងហទ័យនៃភីលៀង នៅក្នុងចង្កៀងកែវល្អក្ដាត់
ទើបឆ្លើយតតបសបរឹងថ្វាត់ ថាខ្ញុំគិតកាត់តាមដោយត្រង់
។
ត្រូវបាននាងនោះទៅអ្នកមួយ ដែលគេបានឲ្យគ្រឿងផ្ចិតផ្ចង់
មកស្លៀកបិទបាំងកេរ្តិ៍ខ្មាសអង្គ ចិត្តចង់ឲ្យគង់កិរិយា
។
គ្រានោះក្សត្រីស្រីវរលក្ខណ៍ ល្អអង្គទ្រង់ភក្ត្រសមសក្ដា
ឮសូរចង្កៀងឆ្លើយប្រស្នា ដោះសាថាទៅមិនត្រូវចិត្ត
។
នាងទប់ពុំបានមានសៅវនីយ៍ ឆ្លើយតបឥតបីក្រែងក្រៅក្រិត្យ
ថាម្នាលចង្កៀងរុងរឿងឫទ្ធិ ហេតុអ្វីចៅចេះគិតចរចា
។
យើងនៅទីនេះយូរលង់ណាស់ ពុំដែលប្រទះសព្ទភាសា
ឥឡូវចេះស្ដី ៗ ក្រៅការ ដែលថាយ៉ាងនោះក៏ខុសផង
។
យើងយល់ដោយពិតសុចរិតត្រង់ ថាកុំឲ្យបង់សត្យជាម្ដង
នាងនោះគួរតែជាងធ្លាក់ហោង យកជាគូរស្នងនោះទើបបាន
។
ព្រោះគេគន់គិតចេះឆ្លាក់ឆ្លៅ គ្រប់គ្រឿងក្រៅអស់អង្គប្រាណ
បានកាន់ឃើញគ្រប់សព្វទីស្ថាន ហេតុអ្វីប៉ុន្មានដែលជាស្រី
។
ឯអស់ពួកភ្លេងចាំស្ដាប់ លុះបានឮស័ព្ទសូរសំដី
ព្រោះនាថសាសងឆ្លងឆ្លើយខ្មី ទើបវាយតន្ត្រីកងកោលា
។
ខ្លះច្រៀងខ្លះរាំផ្លុំត្រែស័ង្គ បន្លឺស័ព្ទខ្លាំងតាំងប្រាងប្រា-
សាទសួរលេចឮដល់ព្រះកាណ៌ ព្រហ្មទត្តខត្តិយាបិតាថ្លៃ
។
ព្រះអង្គព្រឺព្រួចគ្រលួចថ្លើម នឹកស្បើមបុញ្ញឫទ្ធិពិតពេកក្រៃ
ថានេះយល់មានបុព្វនិស្ស័យ បានជាប្រស្រ័យនិយាយគ្នា
។
លង់លុះយប់យូរដល់យាមបី ឯរាជមន្ត្រីចៅភ្នាក់ងារ
នាំអង្គសព្វសិទ្ធិរឿងឫទ្ធា ចូលលួចជ្វាលាជិតក្សត្រី
។
ទើបពោធិសត្វរត្នវិសុទ្ធ វង្កូលចមមកុដជាតិជិនស្រី
សេកដកដួងចៃដោយបារមី ចេញពីគោមខ្មីដូចប្រាថ្នា
។
យកទៅដាក់ក្នុងពានព្រះស្រី ស្រេចទើបអ្នកស្ដីសួរទៅថា
ពានអើយចូលពោលពាក្យបញ្ហា និទានឯណាដែលចាំចេះ
។
ឲ្យយើងបានស្ដាប់ស័ព្ទសោះឆ្ងល់ ដ្បិតយើងកង្វល់ទល់ទុកម្ល៉េះ
ទាល់តែខានដេកយប់ដូច្នេះ សូមបងសំណេះតាមយោបល់
។
ដួងចិត្តដែលចូលនៅក្នុងពាន ទើបមានចំឡើយឆ្លើយកិច្ចកល
ថាខ្ញុំពុំដែលពុំដឹងដល់ សែនសល់ទាល់សោះអស់ប្រាជ្ញា
។
ដ្បិតខ្ញុំនេះជាពានព្រះស្រី ដំកល់សឹងថ្មីបារីស្លា
ពុំចេះពុំចាំនាំបញ្ហា តាមតែមេត្តាប្រោសទោសភ័យ
។
បើម្ចាស់យល់ច្បាស់រឿងខ្លះហើយ សូមឆ្លើយប្រាយប្រាប់ខ្ញុំឆាប់វៃ
នឹងបានដឹងជាក់ចូលហឬទ័យ ដោយន័យបញ្ហាអាថ៌និទាន
។
សវណ្ណកេសរល្អល្អះល្អិត ទ្រង់គង់បិទជិតព្រះពាន
លុះឮសំឡេងថ្លែងពត៌មាន នាងនឹកសន្និដ្ឋានដោយប្រាជ្ញា
។
ថាពេញហៅឆ្ងល់សល់សែនគិត ពីបូព៌ព្រេងព្រឹទ្ធបុរាណា
មិនធ្លាប់ឮពានដែលដាក់ស្លា ចែងចេះចរចាអាថ៌ឧបាយ
។
គំរប់ជាបីដងនេះហើយ ក្សត្រីត្រាណត្រើយរឹងឆ្ងល់ឆ្ងាយ
គិតសព្វផ្ទប់អង្គផ្ចង់ព្រះកាយ ចាំស្ដាប់លែបខាយពានវាទី
។
សព្វសិទ្ធិឫទ្ធិរុងបារមី ទើបនាំសេចក្ដីពាក្យពិតពី
ព្រេងមកប្រាប់ថាម្នាលពានមណី ចូរតាំងសញ្ញីស្ដាប់និទាន
។
យើងបានឮចាស់លោកនិយាយ ថាពីមុននាយនោះមែនមាន
ចោរមួយនិត្យនៅព្រៃហិមពាន្ត ប្រកបធនធានច្រើនអនន្ត
។
សឹងប្រាក់កែវរត្នសំពត់ស្បៃ ព្រោះវាអាស្រ័យដើរលួចប្លន់
ដណ្ដើមចងចាប់កាប់ល្អិតល្អន់ បញ្ជាន់រឹបរើយកតាមចិត្ត
។
មានទីគាហាជាលំនៅ ក្នុងព្រៃជ្រោះជ្រៅឋានថេរឋិត
អ្នកណាហ៊ានដើរទៅដល់ជិត វាវាយល្អោចល្អិតយកទ្រព្យា
។
សម័យមួយនោះចោរទុ្រស្តក្បត់ វារើទ្រព្យកត់សម្បត្តិវា
ឃើញច្រើនពេកពិតឥតគណនា សឹងទ្រព្យជា
ៗ មានដំឡៃ ។
មហាចោរទុច្ចរិតគិតថប់ថា អាត្មាអញអើយសែនក្រក្រៃ
ប្រសិនបើអញនេះក្សិណក្ស័យ តែអង្គឯងឰឥតសន្ដាន
។
ទ្រព្យធនទាំងនេះម្ល៉េះនឹងបាត់ ព្រាត់ព្រាយខ្ចាយខ្ចាត់ចោលក្នុងឋាន
ព្រៃព្រឹក្សគិរីទីស្មសាន សមនឹងខូចខានគ្មានសល់អ្វី
។
ច្នេះគួរគិតរកកូនបានម្នាក់ គ្រាន់នឹងពឹងពាក់រួមភក្ដី
ក្រោយឥតពីឯងក្រែងក្រក្រី មានវាដើម្បីគ្រងធនធាន
។
មហាចោររិះគិតចូលចិត្តហើយ ពុំយឺតយូរឡើយក្រោកឈរឈាន
ចុះដើរចេញចាកព្រៃហិមពាន្ត លុះលេចដល់ឋានស្រុកស្រែក្រៅ
។
មើលមានស្រុកគេក្បែរមាត់ព្រៃ រំពៃក្រឡេកភ្នែកក្រឡៅ
ឃើញក្មេងវាលេងខ្មួលខ្មៅ ទើបដើរសំដៅទៅដល់ជិត
។
បានជួបបានដល់បានយល់ច្បាស់ ក្មេងមួយល្អណាស់ប្រពៃពិត
ជាស្រីទំនងជំទង់ជិត នៅលេងខាងមិត្តសំឡាញ់វា
។
ចោរនោះស្ទុះចូលទៅដល់ចាប់ កៀកជាប់ភើបឆាប់ក្រឡាប់ភ្ងា
រត់ប្រូចរួចដល់ដែនពនា ចរចូលគេហាជាទីឋាន
។
ហើយដាក់កូននោះចុះប្រញាប់ ទៅរៀបប្រដាប់បាយទឹកបាន
ឲ្យបរិភោគក្ដាជាសុខសាន្ត ឥតមានភ័យភិតប្រចិតអ្វី
។
កូននោះលុះនៅយូរទាល់គ្រប់ បានប្រាំដណ្ដប់វស្សាខ្មី
ប្រកបរូបឆោមលោមពិសី ល្អស្រស់លើសស្រីដទៃផង
។
ចោរសែនស្រឡាញ់ពេញចិត្តស្មោះ ដូចកូនពីពោះខ្លួនជាម្ដង
ព្យាបាលរក្សាមិនឲ្យហ្មង ចិត្តចងអាណិតគិតប្រណី
។
ថ្ងៃមួយនាងនោះមានគ្រោះឈឺ បង្កើតជម្ងឺរោគខាងស្រី
ពុំជារដូវដូចប្រក្រតី សូម្បីបាយទឹកស៊ីពុំបាន
។
រឹងឈឺចុកចាប់សព្វមំសំ ជ្រួញជ្រីវសម្បុរញ័រទាំងប្រាណ
ចោរនោះរឹងគិតភិតរំខាន ភ័យឥតស្រាកស្រាន្តស្មានក្រែងក្ស័យ
។
គិតហើយចរចុះពីគ្រឹះហា ចេញចាកអធ្វាពនាល័យ
ស្វែងរកពេទ្យហ្មមកកែខៃ ជម្ងឺកូនថ្លៃឲ្យសះជា
។
លុះដើរទៅដល់យល់យាយចាស់ សង់ផ្ទះមួយនៅប្របមាត់ទ្វារ
គាត់ជាពេទ្យហ្មមើលរោគា ឯចោរនោះវាក៏ចូលទៅ
។
ឡើងលើមណ្ឌលនៃដូនចាស់ លើកដៃសំពះពុំរង់នៅ
ថាលោកយាយអើយកុំឃោឃៅ ទុក្ខទោសរាក់ជ្រៅសូមមេត្តា
។
ខ្ញុំមានអាសន្នធ្ងន់ខ្លាំងណាស់ ប្រឹងស្វះមករកយាយនេះណា
ចូរជួយទុក្ខចៅសោះក្ដៅផ្សា ដ្បិតចៅត្រូវការដោយកូនស្រី
។
កើតរោគកកឈាមបង្ខាំងផ្លូវ ពុំជារដូវដូចប្រក្រតី
ដេកដាច់ចោលបាយទឹកចំណី ឈឺឆួលឥតអ្វីប្រៀបជាម្ដង
។
ចៅថប់ព្រួយចិត្តគិតកង្វល់ ភ័យស្ទើរដាច់ខ្យល់សោកសៅហ្មង
យាយដឹងថ្នាំអ្វីតិចតួចផង សូមទៅចម្លងមកផលា
។
ឯដូនជរាជាមេពេទ្យ បានស្ដាប់ស័ព្ទហេតុចោរចរចា
គាត់គិតភ័យគិតថប់ថា ក្រែងចោរមោហាវាធ្វើវាល
។
មកលួងបញ្ឆោតឆយកទ្រព្យ ពុំគាប់កាប់វាយដោយកំហល់
រឹងភ័យញ័រញាក់ហាក់ដាច់ខ្យល់ ព្រោះគាត់ដឹងដល់ស្គាល់ចោរព្រៃ
។
ចោរយល់ឃើញយាយភ័យតក់ស្លុត ស្រយុតខ្លួនចុះដូច្នោះនៃ
ទើបថានែយាយកុំភិតភ័យ អញ្ជើញឆាប់វៃឥឡូវណា
។
ដូនចាស់មិនដឹងគិតដូចម្ដេច ទើបយកបង្វិចដែលវេចស្លា
មករៀបរួចស្រេចប្ដេជ្ញាថា អាត្មាអញអើយគិតម្ដេចអេះ
។
នឹងខានមិនទៅនៅនេះវិញ ក្រែងចោរនេះមិញវាដៀលតិះ
វាគុំចងចាប់កាប់សំឡែះ ដូច្នេះតើនឹងគិតម្ដេចបាន
។
តែរឹងពុំព្រមតាមពាក្យវា មុខជាមរណាជន្មពុំខាន
ថប់មួយពុំដឹងដល់ដើមដាន ទីឋានវានោះនៅត្រង់ណា
។
គិតហើយគាត់យកគ្រាប់ត្រសក់ វេចដក់ដាក់ថ្នក់ដោយប្រាជ្ញា
នឹងរោយតាមផ្លូវដែលយាត្រា ដំរុយទុកជាដម្រាយស្រាប់
។
ក្រែងមកមិនត្រូវផ្លូវត្រង់ណឹង ពុំដឹងដើមដានគ្មានគេប្រាប់
ទំនងមាគ៌ាជាអណ្ដាប់ ទើបចោរចុះឆាប់ដើរចេញខ្មី
។
ដូនចាស់ក៏ដើរតាមក្រោមវា រូតរះម្នីម្នាពុំរង់នៅ
ស្រូតកាត់ស្បូវស្បាត់ផ្លូវជ្រាលជ្រៅ សំដៅតម្រង់ត្រង់គុហា ។
កាត់ស្រាយបង្វិចគ្រាប់ត្រសក់ ដែលដាក់នៅថ្នក់រោយតាមធ្លា
រៀងដល់មណ្ឌលដែលចោរវា អាស្រ័យនៅជាគិរីឋាន
។
មហាចោរទើបចូលទៅក្នុងផ្ទះ ហើយហៅដូចចាស់ឡើងទោថ្កាន
ដូនចាស់ក៏ចូលទៅចាប់ច្រាន នាងនោះក៏បានស្រាកស្រានស្រាល
។
ស្រេចគាត់ផ្សំថ្នាំត្រាំនឹងទឹក ឲ្យលាបឲ្យផឹកទៅតាមកាល
រួតរឹតច្របាច់សាច់ដំដាល ព្យាបាលបីបមថ្នមរក្សា
។
តែពីរបីថ្ងៃក៏សះស្បើយ បានល្ហើយបាត់ឈឺពីកាយា
ឈាមសាច់ទាំងអស់ក៏ស្រស់ថ្លា ចំណីអាហារក៏ស៊ីបាន
។
ទើបយាយភិប្រាយលាចោរព្រៃ នឹងវិលវៃមកទីឋាន
នាយចោរក៏ឃាត់គាត់ក៏ខាន នៅនោះប្រមាណខែមួយណា
។
ជួបចូលខែចេត្រជិតចែកឆ្នាំ ភ្លៀងធ្លាក់សស្រាំសព្វព្រឹក្សា
ត្រសក់ដែលយាយវាយដាសជា ដុះជិតជាចារជួររៀបរៀង
។
តាំងពីគុហាដែលចោរនៅ ដល់ទៅទីឋាននូវឥតល្អៀង
ល្អដើមនឹងស្លឹកដោយទឹកភ្លៀង មានមែកក្ដោងក្ដៀងក្ដោបក្ដិបផ្កា
។
ថ្ងៃមួយនោះមិញចោរចេញចរ ចាកចោលយាយមកចូលព្រឹក្សា
ឯយាយនៅនឹងកូនចោរា គាត់រិះគិតថាឱអញអើយ
។
មិនគួរមានកាំគេនាំមក នៅជ្រកក្នុងព្រៃជ្រៅដាច់ត្រើយ
នឹងលាចោរវាមិនបើកឡើយ ម្ល៉េះហើយគួរគិតរត់ទៅជា
។
គាត់នឹកជញ្ជឹងរំពឹងសព្វ ទើបទាញប្រអប់វេចម្នីម្នា
លបចុះចរចេញពីគុហា ស្រូតរូតគ្មានរាឈប់បង្អង់
។
ដើរដោយដងព្រៃរំពៃបែរ ឃើញតែត្រសក់ដុះរហង់
រហ័សរះរូតស្រូតត្រាច់ត្រង់ ដល់ខ្ទមដែលសង់ក្នុងព្រឹក្សា
។
ហើយគាត់ក៏ឡើងលើដំណេក នឿយណាស់ប្រះដេកផ្អែកកាយា
គាប់ជួនចោលភ្នែកទាំងដេកផ្ងា យល់ឃើញកុមារមួយរូបល្អ
។
ដើរចូលតម្រង់មកក្នុងផ្ទះ លើកដៃសំពះសួរអង្វរ
ថាឱយាយអើយខ្លួនចៅក្រ ប្រឹងចរស្វែងស្វះលះគ្រឹះហា
។
ត្រាច់មករើសរកស្រីស្អាត ត្បិតខ្លួនខ្ញុំបាទគ្មានភរិយា
នៅនេះក្រែងយាយបានស្គាល់ភ្ងា ប្រាប់ខ្ញុំកុំរានឹងទៅរក
។
ដូនចាស់ស្ដែងស្ដាប់ស័ព្ទជាក់ហើយ ឆ្លើយថាចៅអើយចៅនឹកភ្នក
ដើរស្វះចោលផ្ទះពីនោះមក ចៅចង់រើសរកស្រីយ៉ាងល្អ
។
យាយឃើញកូនស្រីចោរព្រៃម្នាក់ មានរូបកបលក្ខណ៍ភ័ក្ត្របវរ
ទើបពេញក្រមុំសម្បូរស យាយទៅកំដរទើបមកបាន
។
បើចៅចូលចិត្តគិតត្រង់ណោះ ចូរចរទៅចុះតាមលំអាន
មានកូនត្រសក់ដុះដោយដាន តាំងតែពីឋាននេះរៀងទៅ
។
នោះជាដំរុយយាយត្រុយទុក រហូតដល់មុខផ្ទះនាងនៅ
តែទីនោះឆ្ងាយក្នុងព្រៃជ្រៅ គង់ឃើញស្រីពៅចៅពេញចិត្ត
។
បុរសបានស្ដាប់ឮស័ព្ទច្បាស់ ត្រេកអរពេកណាស់ព្រឺសិរសិត
ថាច្នោះមានតែយាយអាណិត ជូនទៅឋានឋិតដ្បិតយាយស្គាល់
។
ហើយបានជាអ្នកនាំពាក្យពេចន៍ ដោយការបន្តិចកិច្ចយាយស្គាល់
នោះទើបបាននាងដឹងរៀងរាល់ សោះនឹងពិភាល់យល់បានឆាប់
។
ដូនចាស់ឆ្លើយឆ្លាសប្រាប់ទៅថា ចៅអើយធម្មតាការប្រញាប់
តែចាំគេនាំពាក្យប្រាប់ យាយឃើញឥតសព្ទ័ពុំគាប់សោះ
។
ប្រុសស្រីក្រក្ដីដែលសុខុម មួយក៏ក្រមុំមួយកំឡោះ
បើស្ម័គ្រស្មើចិត្តគង់គិតស្មោះ គ្រប់គ្នាទាំងអស់មិនរម្លង
។
ចៅនៅលុះឮពាក្យសារស័ព្ទ ដូនចាស់ប្រាយប្រាប់សព្វដើមទង
ទើបក្រាបសំពះចុះចាកផ្គង ដើរតាមគន្លងផ្លូវរៀងទៅ
។
លុះដល់មណ្ឌលទីគុហា ក្នុងព្រៃពនាជ្រោះច្រកជ្រៅ
ថ្ងៃនេះជួនចោរចិត្តឃោឃៅ ចេញចាកលំនៅទៅព្រឹក្សា
។
ចៅនោះដើរចូលទៅក្នុងផ្ទះ ពារពានពើបពះនាងនោះណា
ឃើញជាក់ចាប់ចិត្តគិតស្នេហា ចរចាចែចង់លង់លុះបាន
។
រួមរសស្មាគមភិរម្យរ័ក្ស នឹងនាងនួនអ្នកស្ម័គ្រស្មោះស្មាន
ក្សេមក្សាន្តសោមនស្សលុះសូរ្យាន្ត បិទបាំងស្មសានឋានពនា
។
នឹងបែរនិយាយពីនាយចោរ ដើរតែឯកោឥតមានគ្នា
ទៀបយប់ព្រលប់មកគុហា តាមដោយវេលាសព្វមួយដង
។
នាងនោះលុះបានឃើញអាពុក ដើរមកចំមុខភ័យកន្លង
ទើបលើកប្រុសឡើងមិនឲ្យហ្មង លាក់ក្នុងចំណងភួងកេសា
។
ចោរនោះចរចូលដល់ក្នុងផ្ទះ ងូតទឹកចំរះហើយស៊ីស្លា
ឯកូនក៏រៀបក្រយាហារ ឲ្យបរិភោគក្ដាឆ្អែតស្កប់ស្កល់
។
ពុំមានចាប់ភ្លឹកនឹងសង្កេត ទៅត្រង់ហេតុភេទបុត្រយោបល់
យកប្រុសមកភពគប់ដោយកល ឥតដឹងដើមដល់យល់ថាជា
។
យប់យូរចូលដេកដំណេកនៅ ព្រឹកឡើងចេញទៅពីគុហា
រកកាប់ឈើវល្លិ៍រាល់វេលា ទាល់យប់សន្ធ្យាទើបវិលមក
។
កូននោះលុះអាពុកទៅព្រៃ ឥតនឹកនិរភ័យតែងលៃលក
លូកទាញប្រុសវាដែលសៀតស៊ក លើសក់នោះមកដេកសព្វថ្ងៃ
។
បើពេលអាពុកជិតវិលវិញ យកប្រុសនោះមិញលាក់សំចៃ
ក្នុងផ្នួងដែលបួងអចិន្ត្រៃយ យូរក្រៃដល់គ្រប់ដប់មាសា
។
នាងនោះចំពោះផើមពេញផ្ទៃ ចោរព្រៃមើលជាក់ភ្ញាក់កាយា
ថាអេះកូនអញពេញអស្ចារ្យ មានឯណាផើមដូច្នេះ
។
មុខឲ្យពិភាល់ឆ្ងល់ពេកណាស់ គួរស៊ើបឲ្យច្បាស់សោះព្រួយម្ល៉េះ
បើម្លឹងនឹងអត់បានម្ដេចអេះ នេះហៅវាចេះឲ្យហួសចិត្ត
។
ចិញ្ចឹមបង់បាយស្ដាយតិចអ្វី ជាស្រីវាល្មើសធ្វើលើសក្រឹត្យ
មិនក្រែងឯងសោះចុះចោរផិត អាណិតវាថ្វីស្រីចង្រៃ
។
នឹងគិតរកកលមើលពុតវា ថាហើយម្នីម្នាចុះចាកឰ
ពីទីលំនៅទាំងក្រំក្រៃ ចូលពនាល័យព្រៃព្រឹក្សា
។
ទៅឃើញឈើមួយខ្ពស់ត្រឈៃ ដុះជតនៅនៃទៀបស្រះថ្លា
ទើបឆ្មៀងចូលឈប់ស្រប់កាយា ស្រេចហើយប្រវាពានឡើងខ្មី
។
ទាល់ដល់ទៅចុងខ្ពង់ខ្ពស់ក្ដាត់ ស
ម្ងំសម្ងាត់មាត់មិនស្ដី
បន្តិចឃើញមនុស្សប្រុសពិសី ម្នាក់ឯងឥតបីមានគ្នីគ្នា
។
ដើរចូលតម្រង់មកក្នុងម្លប់ ទើបឈប់អង្គុយមិនរួញរា
បានមួយស្របក់ខ្ជាក់ភរិយា ចេញពីមាត់វាជាពីរនាក់
។
ហើយថ្នមក្រសោបឱបប្រលែង ដោយល្បែងដើម្បីក្ដីរួមរ័ក
ស្រេចយកសំពត់មកព័ទ្ធពាក់ គ្របលើរុំលាក់ឲ្យដេកខ្មី
។
ទើបវាចរចុះក្នុងស្រះស្រង់ ងូតទឹកលាងផ្ចង់ធុលីដី
នាងនោះលុះមើលយល់ស្វាមី ចុះក្នុងស្រះស្រីស្រប់កាយា
។
លោខ្ជាក់ប្រុសម្នាក់ធ្លាក់ពីមាត់ មករួមប្រតិព័ទ្ធសេពកាមា
រំពេចស្រេចពមប្រុសនោះណា បាត់ក្នុងឱស្ឋាដូចដើមដែល
។
ឯចៅប្ដីនោះងូតទឹករួច ស្ទុះប្រូចឡើងមកស្ទាបអង្អែល
នូវប្រពន្ធពិតឥតប្រហែល ជាក្រោយគេក្រែលនោះសោះឡើយ
។
ប្រឹងតែប្រលោមលូកប្រឡែង ជាល្បែងរួមរ័កស្ម័គ្រស្មោះហើយ
ប្រកៀកប្រគងប្រកិតកើយ ស្រេចហើយហាមាត់បៀមប្រពន្ធ
។
ដូចដើមដដែលទើបក្រោកដើរ ពីរក្រោមម្លប់ឈើបែរគយគន់
មហាចោរចិត្តទុច្ចរិតលន់ ចុះចាកពីមណ្ឌលព្រឹក្សា
។
ហើយស្រែកហាហៅថាចៅដើរ មានបើដំណើរទៅស្រុកណា
ចូរឈរឈប់សិនខ្ញុំសួរការណ៍ ចៅនោះឆ្លើយថាខ្ញុំដើរលេង
។
ចោរបា្រប់ទៅទៀតបើថាច្នោះ ឈប់ចុះដ្បិតខ្ញុំរំពឹងឈ្វេង
ឃើញអ្នកឯងហៅពេញឥតព្រេង ប្រឹងដើរទន្ទេងមិនក្រែងក្រ
។
ខ្ញុំយល់តូចចិត្តអាណិតណាស់ ទៅផ្ទះខ្ញុំសិនរួចសំចរ
ផ្ទះខ្ញុំមិនឆ្ងាយសប្បាយល្អ ចៅនោះឆ្លើយតមកទៀតថា
។
ខ្ញុំគិតរំពឹងនឹងក្រឡាប់ វិលឆាប់ទៅវិញនេះមិញណា
តែថាបើអ្នកនឹងត្រូវការ ខ្ញុំសោតឥតថាទៅក៏បាន
។
នាយចោរនឹងចៅបុរសនោះ លង់លុះនិយាយសួរដឹងដាន
បណ្ដើរគ្នាចរចូលដល់ឋាន ត្រេកអររាប់អានឥតសង្កា
។
ទើបចោរហៅទៅកាន់កូនស្រី កូនអើយចូរខ្មីរៀបអាហារ
បាយទឹកទទួលភ្ញៀវពីសារ ប្រញាប់ឆាប់រាកុំរារង់
។
ដ្បិតគេត្រូវការមកលេងផ្ទះ មានគ្នាច្រើនណាស់ចូរកូនផ្គង់
រៀបបាយ៦ឲ្យបានប្រាំមួយវង់ កំរង់ក្រែងហួសពេលវេលា
។
រីឯកូនស្រីនៃចោរនោះ លង់លុះបានឮពាក្យបញ្ជា
អាពុកឲ្យរៀបភោជនា ទទួលមិត្រភ្ងាប្រាំមួយតុ
។
ឲ្យបានឆាប់ខ្មីកុំបីយូរ នាងនឹកគិតគូរនឹងជាឧក
ពិភាល់ឆ្ងល់ណាស់សែនវិតក្ក ម្ដេចអ្នកអាពុកពោលវៀចវេរ
។
ភ្ញៀវនៅឯណាមិនយល់ជាក់ ឃើញតែពីនាក់នឹងគាត់ទេ
នឹងសួរឲ្យស្ដែងក្រែងគាត់ជេរ នាងគិតគ្នាន់គ្នេរក្នាញ់ក្នុងចិត្ត
។
ទើបតែងតាំងតស្លដណ្ដាំ រួចហើយចិញ្ចាំ្របុកប្រហិត
សម្លប្រហើរឆ្ងាញ់ឈ្ងុយឆ្ងិត បាយសោតសឹងស្រិតអង្ករស
។
ស្រេចដោះដួសគ្រប់តុតាំង សំរិតសំរាំងសម្រេចល្អ
ប្រាំមួយស្ពកលើឡើងបន្ត ទាំងបាយសម្លបរិបូណ៌បាន
។
គ្រានោះនាយចោរជាបិតា ស្រវាទាញបាយចាប់ដាក់ចាន
គ្រប់ទាំងប្រាំមួយដោយប្រមាណ យល់មនុស្សមានប្រាណប៉ុណ្ណេះឯង
។
ហើយហៅចៅនោះបរិភោក្ដា ដោយក្ដីស្នេហាទើបចាចែង
ថាម្នាក់ដែលលាក់ខ្ញុំឃើញស្ដែង ខ្ជាក់មកកុំក្រែងគិតល្អែងថ្វី
។
បុរសនោះស្ដាប់ស័ព្ទអភិប្រាយ ពីភាល់ឆ្ងល់ឆ្ងាយក្រៃឥតបី
អ្នកនេះម្ដេចដឹងដល់ដើមក្ដី ឬឃើញទេរ៉ីទើបយល់ការណ៍
។
គិតហើយហាមាត់ខ្ជាត់ប្រពន្ធ មកទាំងអៀនអន់ឲ្យភោក្ដា
ទើបចោរសួរទៀតទៅនាងថា ម្នាក់នោះកាលណានឹងខ្ជាក់មក
។
នាងនោះលុះឮគេថាច្នោះ ទញ់ទាល់អេះអុះទើបទាញុយក
សហាយពីមាត់ដាក់ជិតស្ពក នឹងរកអ្នកឯណាដឹងថាអ្វី
។
មហាចោរហាហៅកូនក្រមុំ មកជុំចំពោះរំពេចខ្មី
លោមថាម្នាលនាងកូនពិសី ចុះប្ដីឯងម្នាក់លាក់ឯណា
។
មិនហៅគ្នាមកបរិភោគផង ឲ្យឆ្អែតបានម្ដងដូចប្រាថ្នា
កូននោះលុះបានឮបិតា អៀនណាស់តែថាទាល់គំនិត
។
អម្បាលគេលាក់ទុកក្នុងមាត់ ម្ដេចគាត់គង់ដឹងដំណឹងពិត
បើអញខំលាក់កង់មិនជិត នាងគិតដូច្នោះអស់ប្រាជ្ញា
។
ទើបទាញសហាយចេញពីផ្នួង សក់ដែលបទបួងឥតសង្កា
ទាល់គ្រប់ទាំងប្រាំមួយកាយា នាំគ្នាភោក្ដាទាំងក្រៀមក្រំ
។
ឯនាយចោរនោះគិតសញ្ជឹង រំពឹងរឹងឈឺដូចគេដំ
ថាឱអញអើយឥតគេសម ប្រឹងខំចិញ្ចឹមកូនស្ទើរស្លាប់
។
គ្របរូបគ្រប់ប្រាណទាំងអស់គ្នា ចង់ឲ្យបានជាត្រូវនឹងច្បាប់
មិនគួរវាប្រែកែក្រឡាប់ មកធ្វើបង្គាប់មុខទាល់បាន
។
ឯអ្នកសម្លាញ់ពេញដូចគ្នា ស្រឡាញ់ភរិយាលើសខ្លួនប្រាណ
បៀមទុកក្នុងមាត់គិតប្រមាណ នឹកស្មានថាស្មោះចំពោះល្អ
។
តែគេមិនត្រង់គង់កែឆ្លៀត បៀមសហាយទៀតជាពីរត
ខ្ញុំនឹងសម្លាញ់នេះពេញក្រ ត្រដរនឹងរស់ជាមនុស្សថ្វី
។
ថាភ្លាងទើបផ្ដាំកូនស្រីនោះ នែនាងនៅចុះរក្សាប្ដី
ឲ្យសុខសម្រាន្តក្សាន្តចិត្តស្រី កុំបីភ័យភិតគិតបិតា
។
ថាហើយនាយចោរលោលបគេច ទៅមួយរំពេចដល់បព្វតា
ឡើងលើកំពូលស្រេចកាលណា លោតចុះជីវាក៏ក្សីណក្ស័យ
។
បុរសសម្លាញ់ឃើញចោរស្លាប់ លោនឹកខឹងឆាប់ញ័រជើងដៃ
ថាមេនេះមិញពេញចង្រៃ វាប្រែកែខៃហួសប្រាជ្ញា
។
បៀមទុកក្នុងមាត់ចេញក្បត់បាន ឲ្យប្រាណអង្គអញពេញអសារ
រស់នៅអសោចខ្មាស់ខ្មោចថា ស្លាប់តាមចោរាប្រសើរគាប់
។
ថាហើយដើរដល់កំពូលភ្នំ លោតចំក្នុងជ្រោះជាប្រញាប់
ធ្លាក់ខ្ទេចផ្ដិលផ្ដាច់ជីវិតឆាប់ បុរសនោះស្លាប់តាមចោរា
។
ឯកូនក្រមុំនៃនាយចោរ ភ័យស្លោលោស្លឹងរំពឹងថា
អញនេះខូចក្រៃក្រៅមាត្រា ទាល់តែបិតាមរណាជន្ម
។
ព្រោះអញទុច្ចរិតប្រព្រឹត្តខុស យកប្រុសមកលាក់ធ្វើជាស្មន់
ឯបុរសនោះព្រោះប្រពន្ធ ចិត្តចោរទុជិនទើបគាត់ស្លាប់
។
ខ្លួនអញគិតទៅត្រូវកុំរស់ ជាមនុស្សមានឈ្មោះឥតសារសព្ទ័
គិតភ្លាងនាងឡើងលើភ្នំឆាប់ លោតធ្លាក់ស្លាប់ឆាប់តាមចិន្ដា
។
ឯភរិយាចោរចិត្តមិត្តទ្រុស្ដ ឃើញបីនាក់នោះក្ស័យជីវា
ភ័យភិតក្នុងចិត្តគិតថប់ថា ប្ដីអញមរណាព្រោះខ្លួនអញ
។
ស្រឡាញ់អញណាស់លើសខ្លួនគាត់ គាត់បៀមក្នុងមាត់ព្រោះស្រឡាញ់
អញនេះចិត្តជួមុខគួរក្នាញ់ រស់នៅបង់ចាញ់ពេញអប្រិយ
។
ព្រោះខ្លួនបានជាធ្វើមិនត្រូវ គិតទៅគួរស្លាប់តាមស្វាមី
ចង់រស់ថ្វីទៀតចង្អៀតដី ថាហើយឃ្មាតខ្មីចេញម្នីម្នា
។
ទៅឡើងលើភ្នំកំពូលខ្ពស់ លោតចុះស្លាប់ភ្លាមតាមវេរា
ឯចៅសហាយពីរអង្គា ឃើញហើយគិតថាដោយតម្រិះ
។
ខ្លួនយើងប្រព្រឹត្តគិតកាមេ ទាល់តែខឹងស្លាប់ដូច្នេះ
បងអើយអាក្រក់អីដល់ម្ល៉េះ មិនចេះអាណិតចិត្តគេផង
។
ខំនៅធ្វើអ្វីអប្រិយឈ្មោះ នឹងរស់ជាមនុស្សក៏សៅហ្មង
ថាហើយនាំគ្នាដើរត្រសង ប៉ុនប៉ងផ្ដិលផ្ដាច់ជន្មជីវា
។
លុះដល់លើភ្នំកំពូលខ្ពស់ លោតចុះក្នុងជ្រោះពីរកាយា
ក្សិណក្ស័យប្រល័យសូន្យសង្ខារ នៅជើងបព្វតាប្រាំមួយប្រាណ
។
ដំណឹងដឹងដល់ទៅដូនចាស់ ជាក់ច្បាស់គាតរឹតគិតរំខាន
ថាអញជាហេតុប្រាប់ដើមដាន ទើបបានជាគេសហាយគ្នា
។
មិនតែប៉ុណ្ណោះកើតហេតុត ដឹងរឿងអន្ធករនឹងភរិយា
នៃចៅបុរសថែមមួយគ្រា ឥឡូវមរណាក្ស័យទាំងអស់
។
នេះគឺដើមហេតុពីអញឯង សំដែងសំដីកាលមុនស្មោះ
ខ្លួនអញរស់នៅមិនគួរសោះ គួរស្លាប់ទៅចុះរស់ធ្វើអ្វី
។
ថាហើយដូចចាស់គាត់ប្រញាប់ អត់ដង្ហើមស្លាប់រំពេចខ្មី
ដំណើររឿងនេះឆ្ងល់សេចក្ដី បងពានព្រះស្រីជួយគិតរ៉ា
។
អ្នកទាំងប្រាំពីរដែលស្លាប់នោះ បាបកម្មចំពោះបាននរណា
ដួងចិត្តក្នុងពានទើបឆ្លើយថា ត្រូវបានកុមារចៅសហាយ
។
ដែលទៅលបលួចកូនមហាចោរ ព្រោះវាមោហោគិតឧបាយ
នាំហេតុទាល់តែគេទាំងឡាយ អន្តរាយស្លាប់អស់ពីព្រោះវា
។
កាលនោះក្សត្រីស្រីរូបល្អ សុវណ្ណកេសរពៅពុំងា
នាងគិតរំពឹងក្នុងទ័យា យល់ជាពានថាខុសសេចក្ដី
។
នាងទប់ពុំបានមានវាចា តបថាហៃចៅពានព្រះស្រី
ម្ដេចឡើយគ្រានេះចៅចេះស្ដី ស្ដីហើយហេតុអ្វីក៏ខុសផង
។
បើបានជាថាៗ ឲ្យត្រូវ ដោយផ្លូវសុច្ចរិតពិតជាម្ដង
ម្ដេចគាត់ក្រឡាស់ចាស់កោងខ្នង គាត់នោះឯងហោងជាហេតុដើម
។
ប្រាប់គេទៅកាចនឹងកូនចោរ ចិត្តគាត់មោហោមិនគិតស្បើម
មិនទេទាល់តែកូនគេផើម គេខឹងញ័រថ្លើមនាំគ្នាស្លាប់
។
ផលកម្មបាបពៀរពំនៀរនោះ ត្រូវបានគាត់ស្មោះនេះតាមច្បាប់
ជាក់ច្បាស់ច្នេះឯងមិនក្លែងប្រាប់ ថាថ្វីចោលស័ព្ទនៃសត្យា
។
គ្រានោះពួកភ្លេងតែចាំស្ដាប់ លុំបានឮស័ព្ទនាងចរចា
ឆ្លើយតបសេចក្ដីបីបញ្ហា សឹងសោមនស្សពន់ប្រមាណ
។
ប្រគំតន្ត្រីបន្លឺសព្ទ័ អឹងអាប់កងទាំងប្រាសាទសាន
ជ្រាបដល់ព្រះកាណ៌មហក្សត្រក្សាន្ត ទ្រង់ព្រឺអស់ប្រាណសោមនស្សា
។
ថ្លែងពីភ្នាក់ងាជានាយក្រុម នានាំសព្វសិទ្ធិរឹទ្ធីក្លា
ខិតចូលទៅនៅជិតធីតា ដល់ជិតសន្និយាជាជាន់ក្នុង
។
ទើបចៅសព្វសិទ្ធិឫទ្ធីក្រៃ ដកយកដួងចៃឫទ្ធីរុង
ពីពាន់ព្រះស្រីចេញពុំលង់ ទៅដាក់ក្នុងវង់ព្រះសន្ធិយា
។
គ្រាន់ជាឧបាយសួរប្រស្រ័យ ថាហៃវាំងននមានប្រាជ្ញា
ចូរនាំនិទានមកឧបមា ឲ្យយើងស្ដាប់រ៉ាសោះងុយដេក
។
ដ្បិតអីយូរយល់ដល់យាមបួន កម្មផ្ទួនរឹងផ្ទុកមុខវិវេក
ស្រងេះស្រងោចលន្លោចពេក គ្រាន់នឹងតំរេកចិត្តខ្លះរ៉ា
។
គ្រានោះវាំងននឆ្លាស់ឆ្លងឆ្លើយ ថាម្ចាស់ខ្ញុំអើយខ្ញុំនេះណា
មិនអាចចេះចាំនាំបញ្ហា ព្រោះគ្រាន់តែជាវាំងននបិទ
។
សម្រាប់គេបាំងរាំងប៉ុណ្ណេះ រឿងរ៉ាមិនចេះមិនចូលចិត្ត
បើម្ចាស់ចេះចាំនាំភាសិត អាណិតនិយាយឲ្យស្ដាប់ផង
។
កាលនោះក្សត្រីស្រីល្អឯក ឮពាក្យចំឡែកដល់បួននឹង
វាំងននម្ដេចវាចេះសាសង នួនល្អងរឹងរឹតគិតកង្ខា
។
ជ្វាលានឹងទ្វារពានព្រះស្រី ស្ដីបីដងហើយគួរអស្ចារ្យ
ឥឡូវវាំងននមានប្រាជ្ញា នឹងថាដូចម្ដេចទៅទៀអេះ
។
ឯចៅសព្វសិទ្ធិឫទ្ធីមាន រើសរកនិទានតាមតម្រិះ
វាំងននចូរចាំស្ដាប់រឿងនេះ យើងចេះតាមចាស់លោកអភិប្រាយ
។
ថាកាលនោះមានស្រីបួននាក់ ប្រកបនូវល័ក្ខណ៍ភ័ក្ត្រឆោមឆាយ
សុទ្ធសឹងក្រមុំសមអង្គកាយ ស្វះមកពីឆ្ងាយស្វែងរកប្ដី
។
ជួនមានកម្ល៉ោះទាំងបួននាក់ សុទ្ធតែចិត្តស្ម័គ្រចង់បានស្រី
ជួបគ្នាវេលានោះឯងខ្មី តតបសំដីដោយស្នេហា
។
ប្រុសមួយសួរថាផ្ទះនាងឯង ទីស្ឋានកន្លែងនៅត្រង់ណា
នាងមួយទើបប្រាប់ជាប្រស្នា ចង្អុលហត្ថាត្រង់ជើងធ្មេញ
។
ប្រុសមួយសួរស្រីមួយទៀតថា ត្រង់ណានាងប្រាប់កុំអម្នេញ
នាងនោះចាប់សក់ខ្ទប់មុខវិញ ថាផ្ទះខ្ញុំមិញនៅត្រង់ណឹង
។
ប្រុសម្នាក់សួរស្រីមួយទៀតលង ថាផ្ទះស្រីឈ្មងត្រង់ណាដឹង
នាងនោះសម្លក់ធ្វើមុខស្លឹង លើកដៃឡើងឆ្កឹងនឹងផ្ទះខ្ញុំ
។
ប្រុសក្រោយសួរស្រីក្រោយទៀតថា ផ្ទះនាងត្រង់ណា
ៗ មាសមុំ
បងសួរជាការល្អសុខុម ចូរកុំបង្វែងក្លែងក្លាយថា
។
នាងនោះបានស្ដាប់ប្រាប់មកវិញ ថាផ្ទះខ្ញុំមិញនៅត្រង់ផ្សារ
ទ្រហឹងនោះឯងផ្ទះខ្ញុំណា បើអ្នកត្រូវការទៅរកចុះ
។
បុរសស្ត្រីប្រាំបីប្រាណ លុះបានសួរសាកពាក្យសាយសុះ
ដឹងសព្វគ្រប់គ្នាវេលានោះ ស្រេចវិលវឹងឆ្ពោះដល់ទីឋាន
។
ឯប្រុសទាំងបួនជួនចាប់ចិត្ត ចង់ស្និទ្ធគិតស្នេហ៍តែគ្រប់ប្រាណ
នាំគ្នាភោក្ដាបាយទឹកបាន ស្រេចហើយសូរ្យឆានក៏ជួនយប់
។
ទើបចរចុះចេញពីគ្រឹហា ស្រូតរូតគ្មានឈរឈឹងឈប់
ត្រាច់រកច្រើនសាសុះសព្វគ្រប់ តាំងពីព្រលប់លុះយប់ជ្រៅ
។
មិនដឹងកន្លែងនៅត្រង់ណា លោលាន់មាត់ថាឱស្រីពៅ
ចង្អុលប្រាប់បង់នាងនៅ ជើងធ្មេញឥឡូវនៅត្រង់ណា
។
បងស្វះស្វែងរកព្រលឹង ម្ល៉េះហើយសមនឹងក្ស័យជីវា
ឯនាងមួយដែលយកហត្ថា មកខ្ទប់ភក្ត្រានោះក៏ឆ្ងល់
។
មិនដឹងបើនឹងកាត់ដូចម្ដេច ខំត្រាច់តែដើរស្ទើរដាច់ខ្យល់
គំនិតដែលគិតក៏ពុំដល់ ពុំដឹងកិច្ចកលអាថ៌ប្រស្នា
។
នាងមួយថាផ្ទះនៅត្រង់ដៃ រឹតតែសង្ស័យខ្លីប្រាជ្ញា
នាងមួយថាផ្ទះត្រង់ផ្សារ ទ្រហឹងនោះណារឹតតែក្រ
។
ឱទ្រូងយើងអើយរឹងរំខាន យ៉ាងនេះអស់បាននាងរូបល្អ
បបួលគ្នាដើរស្ទើរខះក ច្រហទាំងមាត់ហត់ហៀបស្លាប់
។
មិនដឹងបើទៅរកត្រង់ណា ខ្លះថាអង្កាលដែលគេប្រាប់
ប្រឹងគិតណាស់ដែរតែឥតស័ព្ទ ប្រាជ្ញាវាអាប់ស្ដាប់មិនបាន
។
ខ្លះថាកាលយប់មិញព្រិល ៗ ប្រញាប់តែវិលមកទីឋាន
មិនទៅឲ្យជាប់ជាមួយប្រាណ ខ្លះថាឯងស្មានជាមិនអី
។
ខ្លះលើកទំនៀមមកប្រាប់ប្រែ គេថាធ្វើស្រែទាន់ក្ដៅដី
ស្លផ្លែរនោងទាន់នៅខ្ចី បើនឹងចង់ស្រីទាន់ក្ដៅចិត្ត
។
អណ្ដើកនៅមុខចាំក្ដក់ឆ្កែ គិតទៅត្រូវតែគួរកុំស្បិត
នឹងឲ្យនណាជួយអាណិត នេះដ្បិតគំនិតខ្លួនឯងទេ
។
បុរសបួននាក់ហាក់ខ្លួនខ្លៅ ដើរទៅដើរមករកគ្នាន់គ្នេរ
នឹកក្នាញ់ក្នុងចិត្តគិតនឹងជេរ ទាល់តទែទៅទៀបផ្ទះសេដ្ឋី
។
មួយមានធនធានច្រើនពេកក្ដាត់ គេប្រុងប្រយ័ត្នជាប្រក្រតី
តាំងច្បាប់ប្រាប់ទុក្ខទោសប្រុសស្រី វេលារាត្រីដើរពុំបាន ។
ថាបើខំដើរខុសវេលា អស់
ពួកឆ្មាំទ្វារវាចាប់ប្រាណ
មិនចាំសួរសាករកដើមដាន ព្រួតចាប់យកប្រាណឆ្កាងទាំងរស់
។
នាកាលរាត្រីនោះជៀងជាក់ មានមាណពម្នាក់ចរចំពោះ
ចូលផ្ទះសេដ្ឋីជួនជាគ្រោះ ពួកឆ្មាំទ្វារនោះចាប់ចងបាន
។
យកទៅធ្វើទោសឆ្កាងទាំងយប់ មិនមានសួរសព្វរកដើមដាន
ចៅនោះសង្វេគឯកអង្គប្រាណ រំខានទល់ទុក្ខទោមនស្សា
។
ថ្លែងពីបុរសទាំងបួននាក់ ស្វែងស្វាក់តាមស្រីដែលសញ្ញា
បានឃើញអ្នកទោសត្រូវទុក្ខា នាំគ្នាយាត្រាទៅជិតខ្មី
។
អ្នកទោសឃើញចៅទាំងបួននាក់ មកជិតយល់ជាក់ទើបស្រដី
ថានាក់ដំណើរដើររកអ្វី ចូរប្រាប់សេចក្ដីខ្ញុំផងរ៉ា
។
បុរសទាំងបួនឮពាក្យពិត ដោយគិតនឹកស្រីណាស់ទើបថា
យើងនេះឆោតឆៅខ្លៅប្រាជ្ញា រកអាថ៌ប្រស្នាស្រីពុំយល់
។
ស្រីមួយថាផ្ទះគេនោះមិញ ចៅត្រង់ជើងធ្មេញគួរឲ្យឆ្ងល់
ប្រាជ្ញាយើងនេះចេះមិនដល់ បានជាអំពល់ចិត្តណាស់ណា
។
ស្រីមួយចាប់សក់ខ្ទប់មុខចុះ ថាផ្ទះត្រង់ណេះគួរសង្កា
ស្រីមួយប្រាប់ឯងបង្វែងថា ផ្ទះគេនោះណានៅត្រង់ដៃ
។
ស្រីមួយថាផ្ទះនៅត្រង់ផ្សារ ទ្រហឹងអ៊ូអាតែសព្វថ្លៃ
នេះរឹតរឹងឆ្ងល់ពិភាល់ក្រៃ ចេះតែអាល័យទ្រូងស្ទើរប្រេះ
។
ប្រឹងដើរជជ្រករកសព្វច្រក គ្រប់ល្ហកកៀនកោះក៏មិនផេះ
បានជាវង្វែងមកទាំងម្ល៉េះ ពាក្យនេះអ្នកចេះដឹងដែរឬ
? ។
អ្នកទោសកំពុងតែស្រេកទឹក លោនឹកឃើញភ្លាមស្ដីទាំងឈឺ
ប្រាប់ថាពាក្យនោះខ្ញុំធ្លាប់ឮ មិនគឺមិនគួរនឹងថាក្រ
។
តែស្រេកទឹកណាស់ហួសប្រមាណ នឹងប្រាប់ពុំបានដ្បិតខះក
បើអ្នកអាណិតចិត្តស្មោះសរ ឲ្យទឹកខ្ញុំអរគុណណាស់ណា
។
ធុរៈផងអ្នកៗកុំព្រួយ ធានាខ្ញុំជួយដោះប្រស្នា
បុរសបួនប្រាណបានឮថា គេមានប្រាជ្ញាកលឧបាយ
។
ហើយយកទឹកមកឲ្យមាណព ផឹករួចសព្វគ្រប់ទើបអភិប្រាយ
ថាអ្នកអាណិតគិតដោះស្រាយ ឲ្យយើងទាំងឡាយបានធូរចិត្ត
។
មាណពបានស្ដាប់ប្រាប់មកវិញ ផ្ទះត្រង់ជើងធ្មេញនោះព្រោះដ្បិត
ខាងមុខលំនៅទីស្ថានស្ថិត ធ្មេញត្រីដុះជិត
ៗ របង ។
នឹងហើយជាផ្ទះដែលនាងនៅ អ្នកទៅគង់រកឃើញជាម្ដង
នាងមួយដែលចាប់សក់ចំណង ខ្ទប់មុខនោះហោងក៏ថាត្រូវ
។
គឺផ្ទះនាងនៅជាខាងក្នុង ដើមជ្រៃសំយុងប្របរងស្បូវ
ដុះព័ទ្ធជុំវិញនោះឯងកូវ អ្នកដើរតាមផ្លូវនេះទៅចុះ
។
នាងមួយដែលលើកដៃឡើងឆ្កឹង កិច្ចនោះខ្ញុំដឹងថាមិនខុស
មុនផ្ទះមានដើមដៃខ្លាដុះ នាងនៅត្រង់ណោះប្រាកដជាក់
។
មួយថាផ្ទះនៅផ្សារទ្រហឹង ស័ព្ទសូរអឹអឹងមិនដែលអាក់
គឺគុម្ពឫស្សីចាបសំណាក់ ពឹងពាក់ធ្វើជាសំបុកពង
។
នៅព័ទ្ធជុំវិញផ្ទះនាងនោះ អ្នកទៅរកចុះតាមគន្លង
បើឃើញភិនភាគជាទំនង កុំហួសរំលងចូលទៅចុះ
។
បុរសបួនប្រាណបានស្ដាប់ច្បាស់ ត្រេកអរពេកណាស់ព្រួចព្រឺប្រុះ
ដូចជួបដួងកែវរិទ្ធីឆ្លុះ នាំគ្នាស្រួលស្រុះចុះចេញចរ
។
វិលមករកផ្ទះរបស់ឯង ឡើងលើកន្លែងមិនមាត់ក
ដេកលក់ព្រឹកឡើងវឹងត្រេកអរ នាំគ្នាដើរស្រស្រូតទៅរក
។
លុះយល់ភិនភាគជាក់ចូលភ្លាម ឃើញតាមពាក្យដែលគេប្រាប់មក
គ្រប់ទាំងបួននាក់គួចនឹកអ្នក ទើបកែលៃលកគិតចែចង់
។
ឯស្រីទាំងបួនបានឃើញជាក់ ប្រុសទាំងបួននាក់ចូលទៅត្រង់
សួរសាកមកវិញមិនបង្អង់ ថាអ្នកកុំបង់ពាក្យសត្យា
។
ដែលអ្នករកឃើញផ្ទះយើងនេះ អ្នកមានតម្រិះកាត់ប្រស្នា
ឃើញឯងឬឮគេចរចា ចូរប្រាប់យើងរ៉ាកុំភូតភរ
។
បុរសបួននាក់លុះបានស្ដាប់ ឆ្លើយប្រាប់មកវិញថាយើងរក៍
ប្រស្នាទាំងនេះចេះតែវ ដើរទៅដើរមក៍រក៍មិនយល់
។
មិនដឹងនឹងគិតកាត់ថាម្ដេច ខំត្រាច់ដើរទៅបានជួបជល់
ជួបនឹងអ្នកទោសត្រូវទុក្ខទល់ គេមានយោបល់ប្រាប់ពត៌មាន
។
ទើបបានដឹងច្បាប់ស្វះមករក ឃើញស្ងួនពន្លកជាប្រធាន
ស្រីបួនស្ដាប់ច្បាស់ក៏រិះធ្យាន ពារពានពោលពាក្យមកទៀតថា
។
សំដីយើងប្រាប់ស័ព្ទកំបាំង ឲ្យអ្នកឯងតាំងគិតដោះសា
បើឃើញចំពោះលើអ្នកណា ទើបយើងត្រូវការយកជាប្ដី
។
ឥឡូវប្រស្នាកាត់មិនដឹង ទៅពឹងអ្នកទោសកាត់ទេរ៉ី
គំនិតយ៉ាងនេះកុំគិតអី ខ្លួនយើងជាស្រីយកមិនបាន
។
ព្រោះអ្នកទាំងអស់ល្ងង់ខ្លៅណាស់ ម្ល៉ឹងៗប្រឹងស្វះមិនប្រមាណ
មើលមុខស្រមេះផេះចង្ក្រាន ចូលវិលទៅស្ថានខ្លួនវិញចុះ
។
បុរសបួននាក់ស្ដាប់ជាក់ហើយ ថាឱយើងអើយកើតជាប្រុស
ធ្លោយគិតដូចគេវាយឆ្កែខុស ឲ្យស្រីសំណុះបញ្ឆោតបាន
។
ប្រឹងស្កាត់ខ្លាត់រកជ្រកសព្វច្រក ទៅជាក្អកឈឺស្កកស្គមប្រាណ
ស្មានជាចំណេញវិញមិនខាន ប្រមាណខូចសោះខុសទទេ
។
ថាហើយនាំគ្នាលីលាចរ មិនហ៊ានមាត់កគិតខ្មាស់គេ
ដល់ទៅក្នុងផ្ទះខ្លះនឹកជេរ ខ្លះកើតទុក្ខទ្វេធ្វេសស្មារតី
។
ឯនាងទាំងបួនជួនចាប់ចិត្ត អាណិតដល់ទៅអ្នកត្រូវក្ដី
ដែលគេធ្វើទោសគ្មានប្រណី នៅផ្ទះសេដ្ឋីឯនាយណា
។
នឹកឃើញតម្រិះដែលចេះស្រាយ អស់អាថ៌ឧបាយឥតកង្ខា
អ្នកនេះហៅពេញអានប្រាជ្ញា គ្នាយើងកុំថាប្រការអ្វី
។
គួររិះរកប្រាក់តាមស្ម័គ្រស្មោះ ទៅសូកសូមដោះអ្នកត្រូវក្ដី
ថាហើយបបួលគ្នាឃ្មាតខ្មី ចងការបុលខ្ចីប្រាកគេបាន
។
ចំនួនមួយពាន់រៀលរួចវេច ចុះទៅរំពេចពីទីស្ថាន
ដល់ផ្ទះសេដ្ឋីស្រីបួនប្រាណ ប្រមាណជូនប្រាក់លោះមាណព
។
សេដ្ឋីក៏ស្រួលទទួលយក ដោះចៅនោះមករួចសព្វគ្រប់
ឯស្រីទាំងបួនជួនមិនឈប់ ប្រារឰលានាំចៅនោះខ្មី
។
មកដល់មណ្ឌលទីគ្រឹហា ចែកមុខងារគ្នាវេនប្រក្រតី
ព្យាបាលរក្សាដូចស្វាមី ឥតបីខាតខានមួយវេលា
។
ស្រីមួយទទួលរៀបចាត់ចែង តាក់តែងឲ្យទឹកតាមមុខងារ
ស្រីមួយរិះរៀបភោជនា គ្រប់ទិនទិវាអចិន្ត្រៃយ
។
ស្រីមួយចាត់ចែងខាងស្លាម្លូ បៀកមូរដាក់ពានមានសព្វថ្ងៃ
មួយរៀបអាសនាទីសុខសេយ្យ ឈឺថ្កាត់ជើងដៃគក់ច្របាច់
។
ស្រីបួនបំរើផ្សេង ៗ គ្នា តាមដោយមុខងារជាសម្រេច
វាំងននចូរស្ដាប់ស័ព្ទសព្វសេច- ក្ដីថាឲ្យដាច់ដោយប្រាជ្ញា
។
ស្រីណានឹងជាប្រពន្ធធំ បងថាកុំសមកុំឫស្យា
វាំងននបានស្ដាប់កុមារា ទើបឆ្លើយតបថាបើតាមច្បាប់
។
ត្រូវបាននាងដែលស្លដណ្ដាំ ព្រោះគេថែទាំតែងសម្រាប់
ឯនាងទាំងបីជាអណ្ដាប់ ខ្ញុំប្រាប់តាមត្រង់គ្មាននិន្ទា
។
សុវណ្ណកេសរនួនល្អល្អះ បានស្ដាប់ស័ព្ទច្បាស់ព្រឺរោមា
ព្រឺព្រះដួងចៃហឫទ័យា វាំងននម្ដេចវាថាឲ្យខុស
។
ទើបឆ្លើយថាម្នាលសន្ធិយា ម្ដេចឡើយបានជាថាផ្ដាសច្នោះ
អ្នកចាំស្ដាប់យើងថាម្ដងចុះ យើងកាត់ឲ្យប្រុសនោះត្រូវចិត្ត
។
ត្រូវបាននាងដែលរៀបដំណេក ឲ្យដេកជាសុខក្នុងស្ថានស្ថិត
បានកាន់ច្របាច់សេចបោះបិទ ផ្ដេកផ្ដិតជិតរវាងនាងទាំងបី
។
គួរជាប្រពន្ធធំបង្អស់ ឯទៀតខុសសោះមិនដូចស្ដី
ឯពួកពិណពាទ្យដូរដន្ត្រី ឮព្រះសវនីដូច្នោះហើយ
។
ប្រគំដំដេញទាំងវិមាន ស័ព្ទស៊ានលេចឮរន្ទឺឆ្លើយ
ជ្រាបដល់ព្រះកាណិក្សត្រក្សាន្តហើយ ព្រះអង្គបានស្បើយព្រះទ័យា
។
ក្សេមក្សាន្តសោមនស្សអស់ឥន្ទ្រិយ ថានាងនារីរត្នពុំងា
នឹងចៅសព្វសទ្ធិរឿងឫទ្ធា បានសន្ទនាគ្នាជាប្រាកដ
។
ទើបចៅសព្វសិទ្ធិរឹទ្ធីក្រៃ ដកយកដួងចៃមកសម្មត
ទៅដាក់នៅរូបភីលៀងរត្ន ដូចដើមកំណត់ឥតមោះហ្មង
។
ភីលៀងក៏បានដឹងស្មរតី នាកាលរាត្រីនោះឯងហោង
ប្រជួនយាមបួនប្លាយជាម្ដង ច្បាស់ច្បងចុះកាន់ទីអាស្រ័យ
។
ឯព្រះបិតុរង្គទ្រង់ចេស្ដា លង់លុះសុរិយាបច្ចូសសម័យ
តើនចាកបន្ទំបរមសុខសេយ្យ ក្ស័ត្រថ្លៃចូលស្រង់ធារវារី
។
ជំរះព្រះអង្គទ្រង់គ្រឿងគ្រប់ ទឹកអប់ត្រឡប់សឹងក្លិនភ្ញី
ស្រេចហើយគង់លើទែនរុចី ភូមីត្រេកទ្រង់សោមនស្សា
។
បន្ទូលនឹងអង្គអគ្គមហេសី ថាហៃប្អូនស្រីកែវកន្និដ្ឋា
គូនយើងម្ដងណេះឃើញអស្ចារ្យ ស្ដីនឹងកុមារបាសព្វសិទ្ធិ
។
យល់ជាគូសាងពីបុព្វេ ផងគេប្រាកដតាមយើងគិត
គួរនឹងទៅសាកសួរពាក្យពិត ពិនិត្យចង់ដឹងកលបុត្រី
។
ថាហើយស្ដេចយាងព្រះបាទា ម្នីម្នាព្រមនឹងអគ្គមហេសី
ដល់ប្រាង្គវិសុទ្ធិបុត្រភ្ងារប្រិយ ទើបវរក្សត្រីជាមាតា
។
មានព្រះសវនីយ៍ត្រាស់ដណ្ដឹង ថាហៃព្រលឹងបុត្រស្នេហា
ពីដើមពុំដែលឮចរចា នឹងប្រុសណា
ៗ ដល់ម្ដងសោះ ។
យប់មិញហេតុអ្វីកូនស្រីម្ដាយ អភិប្រាយនឹងមនុស្សប្រុសកំឡោះ
ពីកាលវេលាយាមមួយស្មោះ ដូច្នោះតើដោយប្រការអ្វី
។
សុវណ្ណកេសរបវរភ័ក្ត្រ ស្ដាប់ជាក់ទូលតបសវនីយ៍
ថាខ្ញុំអម្ចាស់ពុំមានស្ដី តាមតែប្រណីប្រោសមេត្តា
។
ទើបព្រះជននីខំឆ្លាស់ឆ្លៀត សួរទៀតតាមហេតុដែលកង្ខា
បើនាងគ្មានស្ដីនឹងអ្នកណា ហេតុម្ដេចភ្នាក់ងារដូរដន្ត្រី
។
ប្រគំត្រែស័ង្ខរគាំងគង រំពងកងទាំងប្រាសាទស្រី
ដ្បិតគេឮជាក់នឹងលាក់ថ្វី ប្រាប់ចុះមិនអីទេមាសម្ដាយ
។
នាងទូលតបតទៅវិញថា នាកាលនាឡិកាយាមមួយប្លាយ
ខ្ញុំស្ដីនឹងទ្វារព្រោះឆ្ងល់ឆ្ងាយ ទ្វាចេះអភិប្រាយចម្លែកក្រៃ
។
ឯព្រះទ័យវរជននីនាថ សង្វាតសួរទៀតដោយសង្ស័យ
ថាកាលពីនោះតើស្រីថ្លៃ ប្រស្រ័យនិយាយនឹងនរណា
។
សុវណ្ណកេសររត្ន័អធិប្បាយ ថាខ្ញុំនិយាយនោះដោយសារ
ចង្កៀងចេះស្ដីខ្ញុំស្ដីថា សូមព្រះមាតាជ្រាបសេចក្ដី
។
កុសុមានាងនាថសួរទៀតថា ចុះកាលនាឡិកាវាយយាមបី
ឮស័ព្ទប្រគំដូរដន្ត្រី នោះតើកូនស្ដីនឹងនរណា
។
ទើបនាងលើកករក្រាបបង្គំ ថាខ្ញុំនិយាយនឹងពានស្លា
សម្ដេចជននីសួរទៀតថា នាកាលនាឡិកាយាមបួននោះ
។
ឮស័ព្ទតន្ត្រីប្រគំស៊ាន នាងបានស្ដីដែរឬទេសោះ
ប្រាប់ម្ដាយឲ្យត្រង់ជាក់ចំពោះ ពីព្រោះម្ដាយឆ្ងល់អំពល់ចិត្ត
។
ទើបវរក្សត្រីស្រីត្រកូល ក្រាបទូលតាមដោយពាក្យសុចរិត
ថាខ្ញុំអម្ចាស់ត្រង់ពុំនិត ទូលពិតពុំហ៊ានភូតមុសា
។
ខ្ញុំស្ដីតែនឹងវាំងននទេ ព្រះមេសូមទ្រង់ព្រះករុណា
អត់ទោសម្ដងចុះខុសម្ដងម្ដា មេត្តាសន្ដោសប្រោសប្រណី
។
កាលនោះកុសុមារាជជននី ទេវីនាងនឹកឆ្ងល់សេចក្ដី
ទើបតបថាហៃកូនពិសី ម្ដេចស្ដីចម្លែកប្លែកអស្ចារ្យ
។
របស់អស់នេះគ្មានវិញ្ញាណ មិនដែលណាមានចេះចរចា
ម្ដាយទើបនឹងស្ដាប់កូនប្រាប់ថា ទ្វារនឹងជ្វាលាពានព្រះស្រី
។
វាំងននដែលបាំងរាល់វេលា ត្រឡប់ប្រែជាចេះស្រដី
យ៉ាងនេះចំឡែកក្នុងលោកិយ មិនមែនទេរ៉ីអ្នកមាសម្ដាយ
។
ប្រសិនចេះស្ដីប្រាកដស្ដែង កូនឯងសួរទៀតមើលកូនអាយ
ឲ្យឮបានម្ដងនៅមុខម្ដាយ នឹងស្ដាប់លែបខាយសោះសង្ស័យ
។
សុវណ្ណកេសរឆោមសោភី ស្ដាប់ព្រះជននីហើយភ័យក្រៃ
នឹងស្ងៀមយល់ទាស់អធ្យាស្រ័យ ក្រែងម្ដាយឆ្នៃថាមុសា
។
ហើយនាងពុំជ្រាបហេតុភេទពិត ជាចៅសព្វសិទ្ធិកុមារា
ដកយកដួងចៃដែលសញ្ញា ធីតាពុំទាន់ដឹងដើមក្ដី
។
ទើបនាងនិយាយនឹងសន្ធិយា នូវទ្វារជ្វាលាពានព្រះស្រី
ច្រើនដងច្រើនសាពុំឮស្ដី ក្សត្រីទាល់សោះអស់ប្រាជ្ញា
។
ឈឺចិត្តរឹងរឹតតឹថចង្អៀត ប្រឹងឆ្លៀតសួរទៀតបួនប្រាំសារ
ពុំឮឆ្លើយសោះទាល់ប្រាជ្ញា មាតគង់ផ្ទំញញឹមស្ដាប់
។
នាងនាថទាល់ចិត្តគិតមិនយល់ អំពល់តឹងទ្រូងស្ទើរនឹងស្លាប់
ហាក់ដូចជាខ្លួនមនុស្សឥតស័ព្ទ ប្រែប្រាប់បង្វែងក្លែងមុសា
។
សម្ដេចបិតុរេតកេតមាតុរង្គ យល់នាងឆោមយង់ក្រៀមភ័ក្ត្រា
ជ្រាបហេតុថាបុត្រផុតប្រាជ្ញា អៀនខ្មាសនឹងថាត្រង់ពុំបាន
។
ស្ដេចយល់អធ្យាស្រ័យដូច្នោះ វិលចុះទៅកាន់ប្រាសាទឋាន
ឡើងគង់បល្ល័ង្គរ័ត្នសូរ្យកាន្ត ក្ស័ត្រក្សាន្តត្រាស់ហៅរាជកញ្ញា
។
មកដល់ទើបមានឱង្កាប្រាប់ កូនអើយចូរស្ដាប់ពាក្យបិតា
ដ្បិតចៅសព្វសិទ្ធិរិទ្ធីក្លា គេមានប្រាជ្ញាក្លាហៅហាន
។
ទាំងរូបក៏ឆើតស្ទើតសមទ្រង់ ទាំងពួងក៏ពុំថោកសន្ដាន
សណ្ដាប់ស្មើព្រមល្មមផ្ញើប្រាណ បិតាប្រមាណឃើញពេញចិត្ត
។
គួររៀបអភិសេកនឹងកូនរ័ត្ន ជាគូរប្រតិព័ទ្ធរួមផ្ដេកផ្ដិត
ព្រះនាងបានឮព្រឺសិរសិត ឆោមស្និទ្ធធ្វើមុខហាក់វាហី
។
សម្ដេចបិតុង្គទ្រង់ចេស្ដា មានព្រះឱង្កាឲ្យមន្ត្រី
ទៅនាំសព្វសិទ្ធិមានបារមី មកគាល់ចក្រីជាឆាប់
ៗ ។
អាមាត្យទទួលព្រះតម្រាស់ ចុះទៅរហ័សទើបដល់ប្រាប់
ឯចៅសព្វសិទ្ធិក៏បានស្ដាប់ ប្រញាប់ឡើងមកក្រាបវន្ទា
។
ទៀបរ័ត្នបល្ល័ង្គទាំងពីរប្រាណ ទើបបានក្រលេកទៅយល់គ្នា
ព្រឺប្រុងចំប្រប់សព្វរោមា ចាប់ព្រះទ័យាដោយសព្វខ្លួន
។
ព្រះបាទព្រហ្មទត្តក្ស័ត្រធិបតី ចក្រីមានព្រះតម្រាស់ផ្ទួន
ហៃបាសព្វសិទ្ធិបុត្រនឹមនួន យើងជួនជួបចៅហៅត្រូវចិត្ត
។
ព្រោះបានបាទៅថ្លែងអភិប្រាយ នឹងនាងឆោមឆាយនៅឋានឋិត
នាងតវាទីតបភាសិត យើងនឹកអាណិតគិតមេត្តា
។
នឹងរៀបអភិសេកបាឯងអាច ជាមហាឧបរាជគ្រងរដ្ឋា
ផ្សំនឹងបុត្រីស្រីកល្យាណ៍ ឲ្យដូចប្រាថ្នាគ្រានេះនៃ
។
ឯចៅសព្វសិទ្ធិក្រាបប្រណម្យ បង្គំទទួលតម្រាស់វៃ
ស្រេចទើបសម្ដេចព្រះជៀស្ឋជ័យ ទ្រង់ញេយ្យដោយញាណមានឱង្ការ
។
ហៃអស់យោធាភ្នាក់ងារក្រម ចូររិះរៀបចំចន្ទឆ្ឆាយា
ចូកចាំងជំរះផ្លូវយាត្រា ជួសជុលសាលាពន្លាឋាន
។
ចាត់ចែងតែងតាមទំនៀមច្បាប់ ធ្វើការមហាស្រពបុណ្យសូរ្យកាន្ត
ដ្បិតអញអភិសេកបុត្រពីប្រាណ ចូររៀបឲ្យបានទាន់ការឆាប់
។
គ្រានោះចាងហ្វាងខាងសួស្ដី ស្ដាប់ឱង្ការខ្មីចេញប្រញាប់
ចែកហ្មាយប្រកាសដីកាប្រាប់ មេការកាន់កាប់គ្រប់ដំណែង
។
ឲ្យជួសចន្ទច្ឆាយាចងប្រទីប សង់រោងសាមសិបប្រាំមួយល្វែង
ពាសសឹងសំពត់ពេសទិព្វទែង ជាន់ក្រៅកំពែងតែងតាំងតុ
។
មានទាំងឆត្ររួតរៀបតាមជាន់ ត្រូវខាងកំណាន់ចៅហ្វាយស្រុក
ឯកំពែងក្នុងដីបុស្បុក មិនឲ្យមានភក់ផងធុលី
។
សឹងជាបារាំជុំតាមថែវ ដាំសឹងគោមកែវគ្រាន់គ្រប់ទី
តុះតន្ត្រីក្នុងតាមវេណី ចន្លោះបោះភ្ញីភ្លើងរន្ទា
។
ខាងក្នុងទាំងអស់នោះមានគ្រប់ រោងណាំងលេងយប់សព្វវេលា
រោងហ៊ីហាត់បោយក្រោយមាគ៌ា យោលទោងភ្នាល់គ្នាវារសួព្រ័ត
។
មានរោងល្ខោនខោលេលងតាមខ័ណ្ឌ ដោយកងកំណាន់មន្ត្រីរ័ត្ន
ជុំវិញរាជវាំងតាំងរាជវ័តិ ធ្វើពាត់គ្រប់ពួកមុខងារផង
។
ខាងក្នុងចុងរោងរៀបផើងផ្កា ដាក់ជាជួរចារល្អកន្លង
ផ្ទៃរោងក្រាលព្រំសមឥតហ្មង ខាងលើសឹងចងគោមរយ៉ា
។
គ្រប់ល្វែងចន្លោះជាទីតាំង បិទបាំងឡប់ឡែក្បែររានម៉ា
មានឆាកបន្ទប់ទីអាសនា ត្រូវការខាងឯល្ខោនស្រី
ៗ ។
សង់សមជុំវិញពេញតាន់តាប់ សំរាប់ឲ្យអ្នកប្រទេសថ្មី
ឯព្រះពន្លាមានថ្នាក់បី ទីទែនរង្សីសុវណ្ណា
។
សំរាប់ស្ដេចចេញទតរបាំ កើយកែវសឹងដាំត្បូងមុក្តា
មានតុះខ្ចងតាំងរៀបក្រឡា ទីនាំងឆាយាពន្លាគង់
។
សន្ធិយារូតរាំងរនាំងខ័ណ្ឌ គ្រប់តាមល្វែងខ័ន្ទក្នុងរោងទ្រង់
ដាសដាំកញ្ចក់ផ្លេកភ្លឺយង់ មើលទៅរលង់មានរស្មី
។
លុះជួបកំណតឹសត្តទីវា ភ្នាក់ងាររៀបរួចរួសរាន់ខ្មី
ឡើងទូលឆោមពង្សអង្គនរបតី ចក្រីទើបត្រាស់ប្រាប់អមច្ចា
។
ថាចូរចៅទៅហៅកោណ្ឌញ្ញ សេដ្ឋីនោះមិញឲ្យយាត្រា
ចរចូលមកឆាប់ដ្បិតត្រូវការ អភិសេកសុណិសាសព្វសិទ្ធិខ្មី
។
អាមាត្យបង្គំចាំបង្គាប់ ក្រាបលាប្រញាប់ចុះដល់ដី
រួតរះដើរចូលផ្ទះសេដ្ឋី ទើបប្រាប់ទៅខ្មីតាមបញ្ជា
។
ថាដ្បិតសម្ដេចព្រះមហាក្ស័ត្រ ឲ្យលោករៀបចាត់រកភ័ស្ដុភារ
ចូលទៅក្នុងក្រុងកុំរួញរា ឲ្យទាន់វេលាស្អែកនេះឯង
។
ព្រោះដ្បិតសព្វសិទ្ធិកុមារា ចូលទៅចរចាពាក្យថ្លាថ្លែង
នឹងរាជបុត្រីគប្បីស្ញែង នាងនាថស្ដីស្ដែងស្ដេចបានស្ដាប់
។
ឥឡូវទ្រង់នឹងរៀបអភិសេក ផ្សំគ្នាជាឯកតាមដោយច្បាប់
អាមាត្យថ្លែងស្រេចវិលក្រឡាប់ សេដ្ឋីប្រញាប់ឆាប់ម្នីម្នា
។
បបួលបាវព្រាវមកព្រមព្រៀង កួយជងព្នងស្ទៀងព័រអ្នកងារ
ហើយរៀបរើទ្រព្យក្នុងគ្រឹហា តោកពានមិនថាមានតំឡៃ
។
សំពត់ហូលព្រែនូវចៀមព្រំ ផាហុំមួកគាតសាក្លាតស្បៃ
ចិញ្ចៀនត្បូងពេញរំលេចឆ្នៃ ច្រើនពណ៌ពេកក្រៃគ្រឿងគ្រប់គ្រាន់
។
មានទាំងតុះទៀបរៀបអាហារ បន្លែបង្ការជ្រូកទាមាន់
រៀបរួចប្រញាប់ឆាប់រួសរាន់ ឲ្យទៅឲ្យទាន់ពេលវេលា
។
ស្រេចហើយសេដ្ឋីប្ដីប្រពន្ធ ជញ្ជូនទ្រព្យធនចេញម្នីម្នា
ឲ្យលើកដាក់លើខ្នងគជា ចេញចាកគ្រឹហាមកខាងក្រៅ
។
ព្រៀងលានចាស់ទុំជុំពុំលង់ ប្រចាំត្រៀមទ្រង់មីរខ្មួលខ្មៅ
សេដ្ឋីទាំងសងសឹងឥតសៅ ជិះបរសំដៅទៅក្រុងក្រៃ
។
មានមនុស្សជិះសេះរទេះអម ឆ្វេងស្ដាំហែហមពេញព្រៃផ្សៃ
លុះបះទៅដល់រាជវាំងថ្លៃ សេដ្ឋីចុះឰពីគជសារ
។
ឲ្យឈប់រើទ្រព្យសព្វគ្រប់គ្រាន់ មនុស្សម្នាប្រព័ន្ធពេញត្រៀបត្រា
សឹងសែងជញ្ជូនបណ្ណាការ ដាក់ក្នុងសាលាតម្រៀបខ្មី
។
ស្រេចទើបកោណ្ឌញ្ញចេញដើរទៅ ចូលគាល់ចោមចៅព្រះចក្រី
ឯក្នុងចុងរោងវាំងជ័យស្រី ក្រួញក្រាបសិរសីវរវន្ទា
។
ព្រះបាទព្រហ្មទត្តខត្តិយវង្ស ស្ដេចទ្រង់ទៀងទតយល់ម្នីម្នា
ទើបមានមធូរសឆ្ពោះទៅថា ហៃមហាសេដ្ឋីប្រពៃពិត
។
ដ្បិតព្រះរាជធីតាតាវរារឿង ជាបុត្រីយើងថ្កើងរឹងរឹត
ស្ដីនឹងបុត្រាបាសព្វសិទ្ធ យើងគិតយល់គួរអស្ចារ្យក្រៃ
។
នេះសមគេសូមសាងផងគ្នា ពីមុនបានជាមាននិស្ស័យ
កាលដើមជ្រើសរើសបុត្រក្ស័ត្រថ្លៃ ឲ្យមកប្រស្រ័យពុំស្ដីថា
។
ក្រោយទៀតរើសសព្វកូនសេនីយ សេដ្ឋីកុដុម្ពីមីត្រៀបត្រា
លួងលោមអស់ចិត្តផុតប្រាជ្ញា នាងស្បិតចរចាថាអ្វីសោះ
។
តែពីយប់មិញពេញប្លែកពិត សព្វសិទ្ធិបានសួរវាឆ្លើយដោះ
ហេតុនេះយើងគិតអាណិតស្មោះ នឹងរិះរៀបអស់បណ្ណាការ
។
អភិសេកផ្សំគ្នាជាគូរគាប់ តែងតាមទម្លាប់បុរាណា
ចូរអ្នកចេញទៅស្អាងបុត្រា តាមយសសក្ដានាំមកឆាប់
។
កោណ្ឌញ្ញទទួលព្រះតម្រាស់ បង្គំរហ័សចេញប្រញាប់
ដល់រោងពិធីទីប្រថាប់ ទើបប្រែប្រាយប្រាប់នាងខេមា
។
ឲ្យរៀបតែងតួពោធិសត្វ ស្រេចនាងចែងចាត់គ្រឿងព័ស្ត្រា
ស្រប់ស្រង់ជំរះព្រះកាយា បំពាក់សង្វាររឿងរង្សី
។
ចិញ្ចៀនត្បូងរ័ត្នទាំងប្រាំពីរ ព្រោងប្រុះឆ្លុះវិលវង់រស្មី
ពាក់ម្រាមព្រះហស្តទាំងប្រាំបី មើលមានសួស្ដីសិរីវឌ្ឍ
។
ទ្រង់ព្រះភូសាសែសយមាស ឱភាសភ្លឺផ្លេកប្លែកល្អក្ដាត់
ថាប់សួងកងជើងគ្រឿងកងហត្ថ ព្រះព័ស្ត្រចាក់ព័ទ្ធភ្ញីសុវណ្ណ
។
ពាក់មកុដដាំពេជ្ររំលេចពណ៌ ល្អះល្អរុងរឿងដោយគ្រឿងខ័ណ្ឌ
លាយលាបក្រចេះនូវចួងចន្ទ ពពាក់ពព័ន្ធសុវណ្ណា
។
រៀបអង្គទ្រង់គ្រឿងអលង្កត វិសុទ្ធវិសេសនរេស្សា
ឆវីវឹលវង់អង្គកុមារ ហាក់ព្រះសុរិយាហោះនភី
។
ព្រះបាទព្រហ្មទត្តខត្តិយា នូវនាងកុសុមារាជទេវី
ទ្រង់ស្អាងព្រះនាងនាថនារី ក្នុងទីព្រះថែនទែនសុវណ្ណ
។
បំពាក់ព្រះមកុដវិសុទ្ធស័ក្ដិ ពាហុទាក់ថាប់ភួងបុប្ផាន់
សង្វារស្រោបអង្គទ្រង់កងខ័ន ប្រកាន់ប្រកបគ្រប់ប្រដាប់
។
ទ្រង់ព្រះពស្ត្រប៉ាក់ចាក់ខ្សែមាស ជាភ្ញីវិលាសល្អចំណាប់
ភូសិទ្ធវិចិត្រត្រវជិរចាប់ រស្មីស្រស់ស្រាប់ផ្លេកភ្លឺយង់
។
ពានាស្បៃស្ដើងរឿងពិចិត្រ ប្រសិដ្ឋប្រសើរដំណើរទ្រង់
ដូចស្រីសុជាតាវរាវង្ស ទំរងត្បូងរ័ត្នមកុដថ្លៃ
។
ពិទូរ្យពិទាយលាយទឹកវិល ពេជ្រនីលទទឹមមានតម្លៃ
ពាក់ម្រាមព្រះហស្តល្អះល្អក្រៃ ព្រះភ័ក្ត្រប៉ប្រៃប៉ប្រិមថ្លា
។
រៀបរួចស្រាប់ស្រេចស្ដេចមានបុណ្យ ឲ្យរើសនិមន្តព្រះសង្ឃគណា
ជាទ្រទូងរ័ត្នសត្តកាយា ជុំក្នុងក្រឡាពន្លាគង់
។
លុះដល់ព្រលប់យប់សន្ធ្យា វេលាម៉ោងពីព្រះចមពង្ស
ឲ្យអស់ចាស់ទុំជុំពុំលង់ ត្រៀមទ្រង់ហែហមរាជបុត្រី
។
ពួកស្នំក្រមមការស្រីង្គារផង មូលមីរអឹងកងពេញប្រាង្គស្រី
ល្មមពេលហែហមអមចេញខ្មី ចាកទីរង្សីមករោងរម្យ
។
ដល់ហើយក្រាបចុះលើកម្រាល សឹងក្រាលពូកព្រែនូវចៀមព្រំ
មាតាគង់ផ្ទាប់ក្រាបបង្គំ សុទ្ធសឹងនិយមសោមនស្សា
។
គ្រានោះកោណ្ឌញ្ញមហាសេដ្ឋី ឃ្មាតខ្មីព្រមនឹងនាងខេមា
នូវខ្ញុំកំដរជាបរិវារ ហែអង្គព្រះមហាបុរសរ័ត្ន
។
ឡើងលើពន្លាជាប្រញាប់ មនុស្សផងតាន់តាប់ប្រពួនព័ទ្ធ
ទើបអង្គសម្ដេចព្រះព្រហ្មទត្ត មហាក្សត្របែរព្រះភក្ត្រាវៃ
។
ឲ្យអារធនាព្រះសង្ឃសូត្រ ស្វាធ្យាយចំហុតគ្រានោះនៃ
រម្ងាប់សូត្រមន្តព្រះមហាជ័យ បាចសាចមាលៃជាមង្គល
។
រួចស្រេចស្ដេចឲ្យហែបុត្រី ចូលកាន់ប្រាង្គស្រីទែនមណ្ឌល
ទាំងចៅសព្វសិទ្ធិបុត្រនិមល សឹងហែទៅដល់ទីប្រថាប់
។
ព្រះសង្ឃក៏វិលទៅកាន់វត្ត ព្រះបាទព្រហ្មទត្តប្រកាសប្រាប់
ឲ្យពួកមហោរីរៀបប្រដាប់ របាំចេញឆាប់កុំយូរលង់
។
ស្ដេចក៏ទ្រង់ទតក្រសាលលេង ដោយល្បែងមហោស្រពប្រថាប់គង់
លើព្រះពន្លាទីរោងទ្រង់ ចក្រពង្សទ្រង់ទតចាប់ព្រះទ័យ
។
អស់ពពួកល្ខោនសឹងតែងគ្រឿង រុងរឿងរេរាំល្វន់ល្វាស់ល្វៃ
ប្រគំភ្លេងខ្ទ័រញ័ររាំងជ័យ ទតវៃស្ដេចចូលទែនបន្ទំ
។
យប់នោះមានល្បែងលេងដោយឡែក ណាំងស្បែកណាំងតាលុងដោយជ្រុងជ្រុំ
ខោលងិវហាត់បោយភ្លេងប្រគំ លាន់ឮរងំជុំរាជវាំង
។
មនុស្សម្នាប្រព័ទ្ធពូនពេញពាស រាស្ត្រទាសឈរមើលភ្លឹកភ្លេចភ្លាំង
មានរោងប្រកិតជិតជញ្ជាំង លក់មីកន្តាំងទាំងគុយទាវ
។
លក់បាយបបរស្លការី ចាប់ឆាយផ្អកគីកំពិសងាវ
ត្រីឆ្អើរសាច់ឆ្អើរពោះវៀនវាវ អុជភ្លើងភោភាវទាំងក្រៅក្នុង
។
មានរោងបៀរប៉ោធួយុគី មនុស្សម្នាលេងមីរពេញសាឡុង
ឈ្នះចាញ់ខ្លះ ៗ មេហូតតុង ខ្លះប្រុងស៊ីជឹងពីអ្នកចាក់
។
ខ្លះផឹកខ្លះស៊ីខ្លះសើចស៊ាន ខ្លះមានសោហ៊ុយលុយកាក់ប្រាក់
ទិញលេងស៊ីលេងមិនស្ដាយកាក់ ខ្លះស្វាក់ចង់ស្រីស្រូតដើរស្រ
។
ឯពួកកំលោះកំឡុងបុណ្យ យ៉ាកធុនម្ដេចម្ដាប្រឹងត្រដរ
ដូរទិញសំពត់អុតអាវស សាមិសកុលកលំអអង្គ
។
តែងខ្លួនភុំផានគ្មានស្ដាយទ្រព្យ ក្រែងស្រីមិនរាប់ចាប់ចិត្តចង់
មួកឆត្ររំពាត់ដើររហង់ ត្រាប់ត្រងរហ័សស្វះទៅមក
។
ឯអស់អ្នកលេងតែងស្លៀកពាក់ ខ្លះលួចលបធាក់ចង់គ្នាវរ
ខ្លះលាត់គូថឡកក្អកបន្ទរ ខ្លះលលូករាវបាវអស់អ្នក
។
ខ្លះចង់បានគ្នាជាសហាយ ចាប់ដៃប្រញាយខ្លះលបធាក់
កើតជាជម្លោះឈ្លោះពូនពាក់ ផ្អើលភ្ញាក់សេះរត់លោតគ្រលុក
។
ប្រកួតព្រួតគ្នាកោលាហល ប៉ូលីសមកដល់ចាប់ចូលគុក
ខ្លះរើសថ្មគោលចោលចំមុខ ចេញឈាមគគុកគួរអនិច្ចា
។
ឯពួកថីថុងប្រុងដើរព្រាត យូរយាត្រក្បែរតុមុខសាលា
ខ្លះចូលបន្លំដើរទឹមស្មា ប្រាថ្នាឲ្យគេហៅថាថី
។
មនុស្សម្នាលីលាយាត្រាត្រាច់ ហូរហែគ្មានដាច់ទាំងប្រុសស្រី
ខ្លះបីខ្លះទ្រពកូនខ្ចី ខ្លះលក់បារីក្បែរបារាំ
។
សព្ទលេងភ្លេងឮភ្លឺដោយភ្លើង មានលោកអ្នកយើងលបមើលឡាំ
អ្នកលេងសូត្រមហាឡៃសស្រាំ ឆៃយ៉ាំយីកេអាប៉េឡក
។
ខ្លះលបលួចលុយពីហោបៅ ខ្លះទាន់ស្រែកឡៅក្រញោត្បក
ខ្លះលើកដុំឥដ្ឋមិតចោលម៉ក ខ្លះជ្រៀតរកច្រកជ្រករត់ពួន
។
ឯស្រីក្រមុំព្រហ្មចារី ស្លៀកពាក់យ៉ាងខ្លីមាសពេញខ្លួន
កម្ល៉ោះខ្លះក្លាក្លំគុំគួន ខ្លះជួនចូលចិត្តឥតខ្លាចគ្នា
។
ប្រទីបព្រាតព្រោងដូចកែវប្រក់ ស្រីណាអាក្រក់ត្រឡប់ជា
ល្អព្រោះភ្លើងភ្លឺក្នុងវេលា សន្ធ្យារាត្រីឥតបីអន់
។
ខ្លះឃើញគេល្អឈរសម្លឹង ទ្រូងតឹងជាទុក្ខចុកក្ដុកក្ដន់
ក្ដៅក្ដាត់ប្រមាត់សួតណែនណន់ ស្លុតស្លន់ក្នុងចិត្តត្បិតស្នេហា
។
លុះដល់អាធ្រាត្រយប់ស្ងាត់ស្ងប់ ម៉ោងពីរដណ្ដប់ល្ខោនវ៉ា
អ្នកមើលនាំគ្នាចរយាត្រា កាន់ឋានអាត្មាជាសុខសាន្ត
។
ជួនព្រះទិនករភ្លឺឡើងច្បាស់ ទៀបអរុណរះព្រះសុរច្ឆាន
បុរោហិតហោរាដែលដឹងដាន ប្រមាណយល់ពេលស័ព្ទអក្សរ
។
ឲ្យតាំងប្រគំដូរ្យដន្ត្រី កោណ្ឌញ្ញសេដ្ឋីខ្មីចេញចរ
ហែព្រះកុមារថ្លៃបវរ អមអរស្រស្រុះលុះដល់ទី
។
កណ្ដាលផ្ទៃព្រះរាជរោងរម្យ ក្រាបចុះបង្គំគួញគាល់មីរ
ឯនាងកុសុមារាជទេវី ហៃនាងនារីពីប្រាង្គស្រី
។
បណ្ដាស្រឹង្គារបរិពារស្នំ ច្រឡូកច្រឡំជុំឃ្មាតខ្មី
សឹងតាមហែហមអមក្សត្រី ឥតគណនាត្រារាប់បាន
។
ដល់មណ្ឌលទីរោងទ្រង់ ឲ្យនាងឆោមយង់គង់ប្រួញប្រាណ
ស្រីស្នំក្រមការអម្បាលម៉ាន គង់គាល់ពេញឋានមីរត្រៀបត្រា
។
ព្រះបាទព្រហ្មទត្តខត្តិយាវង្ស ស្ដេចស្រង់ហើយទ្រង់គ្រឿងភូសា
សីហនាទយាងយាត្រចាកអាសនា កាន់ព្រះក្រឡារាជរោងរម្យ
។
ទាំងពីររាជបុត្រវិសុទ្ធិសាធ អរឱនអភិវាទបាទបង្គំ
សម្ដេចបិតុរង្គទ្រង់និយម ឲ្យតាំងប្រគំដូរ្យដន្ត្រី
។
បង្គាប់ព្រះនាងនាថកុសុមា នាំរាជកុមារាកុមារី
ឡើងគង់លើផ្នូករ័ត្នរង្សី ទាំងពីរអង្គខ្មីទន្ទឹមគ្នា
។
ទ្រង់យកទឹកស័ង្ខតាំងទឹកក្លស់ ស្រោចស្រប់អប់អស់ព្រះអង្គា
ឯនាងកុសុមារាជជាយា លីលាចូលចងព្រះហស្តវៃ
។
ពួកព្រាហ្មណ៍ផ្លុំស័ង្ខសូត្រស្លុតី មន្ត្រីតាំងហ៊ោយកសួស្ដីជ័យ
គំរប់បីដងស្រេចហើយនៃ និរភ័យសោមនស្សស្រស់បី្រតា
។
ប្រជុំព្រះវង្សានុវង្ស គាល់គង់ជុំវិញពេញត្រៀបត្រា
បង្វិលពពិលជាទក្ខិណា ជាប្រាំបួនសាតាមភេទសៃយំ
។
រួចលត់ជាត់ផ្សែងចំភក្ត្រា ពីរពង្សកុមារបុត្រថ្លាថ្លៃ
ស្រេចហើយថ្វាយពររិទ្ធីក្រៃ ជាមហៃលាន់ឮរន្ទឺខ្លាំង
។
សូមឲ្យចំរើនស្រីសុវត្ថិ៍ ពិភ័ទ្ធមង្គលឧត្ដមំ
ប្រកបក្សេមសុខនិរទុក្ខំ បិទបាំងអាពាធព្យាធិ៍យាយី
។
ឲ្យម្ចាស់ពីរប្រាណមានព្រះជន្ម យឺនលន់កំណត់មួយម៉ឺនទ្វី
បានគ្រងពិភពចប់ធានី ជាទីពំនាក់ប្រជាជន
។
ទោះទាំងអរិន្ទបរប័ក្ស ឲ្យមកពឹងពាក់ព្រះគុណធ្ងន់
បាក់បបខ្លបខ្លាចអំណាចលន់ ចងពន្ធចំណុះចុះវន្ទា
។
សម្បត្តិមហាចក្រទាំងប្រាំពីរ ឲ្យអណ្ដែតវិលចូលមកជា
សម្រាប់ព្រះពោធិសម្ភារ កុំឲ្យឃ្លាតឃ្លាសោះជាម្ដង
។
បណ្ដាប្រជាជនប្រុសស្រី ទាំងផែបបូរីថ្វាយពរផង
បាចសាចលាជផ្កាមាលាក្រង សន្ធឹកគឹកកងជាកោលា
។
ស្រេចការវិវាហមង្គល ទសពលព្រហ្មទត្តខត្តិយា
ប្រទានគ្រឿងយសព្រះសុណិសា ជាមហាឧបរាជរាជថ្កើងថ្កាន
។
ទ្រង់ឲ្យដង្ហែព្រះធីតា កាន់ប្រាង្គសុវណ្ណមន្ទីរស្ថាន
នៃព្រះជននីតែមួយប្រាណ ពុំទាន់ឲ្យបាននៅរួមគ្នា
។
ឯព្រះសុណិសាមហាសព្វសិទ្ធិ នោះព្រះបពិត្រឲ្យបរិពារ
ហែចូលប្រាសាទប្រសើរជា ដែលព្រះបុត្រភ្ងានាងធ្លាប់គង់
។
លុះដល់សន្ធិយាវេលាយប់ ភូមិន្ទពិនភពប្រារព្ធទ្រង់
ឲ្យនាងកុសុមាវរាវង្ស នាំបុត្រឆោមយង់ទ្រង់បន្ទំ
។
ព្រះជននីបន្ទូលកាន់បុត្រី ថាហៃកូនស្រីថ្លៃភិរម្យ
ពេលនេះម្ដាយរៀបរបៀបធំ គិតនាំមាសមុំផ្សំសេយ្យា
។
នឹងព្រះស្វាមីនៃវរមិត្រ ចូរកូនកុំគិតភិតភ័យថា
កុំខ្មាសកុំអៀនណាកូនណា កុំឲ្យភស្ដាអាក់អន់ចិត្ត
។
ព្រះនាងបានស្ដាប់សព្ទមាតា ព្រឺព្រះកាយាឱរាឆ្អិត
នឹកអរហើយអៀនឱនសិរសិ្នទ្ធ យកស្បៃបាំងបិទព្រះភក្ត្រា
។
ហើយលើកព្រះករឡើងប្រណម្យ បង្គំទូលតបជននីថា
បពិត្រព្រះវររាជមាតា សូមទ្រង់មេត្តាប្រោសប្រណី
។
ព្រោះខ្លួនខ្ញុំនេះដូចអ្នកជ្រាប រៀងរៀបតាំងពីកើតមកខ្មី
ឈ្មោះប្រុសពុំធ្លាប់ស្ដាប់ពាក្យស្ដី ពុំបានមេត្រីចាប់ចិត្តចង់ ។
ឥឡូវឲ្យទៅនៅនឹងប្រុស ម្ដាយអើយម្ដេចច្នោះគ្រានេះម្ដង
សូមទ្រង់អាណិតគិតកូនផង កូនអៀនកន្លងឥតឧបមេយ្យ
។
ថាហើយក្សត្រីស្រីទ្រង់ល័ក្ខណ៍ ឱនភ័ក្ត្រដាក់ចុះឆ្ពោះទៀបឰ
ព្រះបាទមាតារឹងសង្ស័យ សោកសោះអាល័យក្ដីសង្សារ
។
ព្រោះមានវេរាពៀរព្យាបាទ កាលនាងចាប់ជាតិជាសកុណា
បានតាំងវិរតិសត្យសច្ចា ប្ដេជ្ញាឲ្យកើតចូលចិត្តគិត
។
តែចាបឈ្មោលនោះក៏បានតាំង សច្ចំសច្ចាឲ្យជួបជិត
កម្មនោះឲ្យផលនិមិលមិត្រ ទៅជាប្រែចិត្តគិតមេត្រី
។
នាងខំអំណត់សង្កត់ចិត្ត ធ្វើហាក់មិនស្បិតឥតវាហី
ការក្រែងគេថានិន្ទាស្ដី កេរ្តិ៍កើតជាស្រីជាតិស្រើបស្រាល
។
ខំប្រឹងទូលតបទៅទៀតថា សូមទ្រង់មេត្តាប្រោសកុំអាល
កុំឲ្យកូនទៅពុំត្រូវកាល សូមនៅព្យាបាលព្រះមាតា
។
ជននីនាងថ្នមលោមយកចិត្ត មាសស្និទ្ធគិតច្នោះខុសមាត្រា
ទំលាប់ប្រវេណីបុរាណា ពុំដែលនរណានឹងចៀសបាន
។
កុំថាតែមនុស្សទោះទេវតា នៅឆកាមាសួគ៌ាស្ថាន
គង់រកគូគាប់ប្រសព្វប្រាណ មិនឃើញឲ្យខានមានដូចគ្នា
។
ដែលកូនដោះស្រាយម្ដាយគិតគ្នេរ ពាក្យនោះខុសទេណាកូនណា
ត្រាស់ស្រេចស្រូតនាំនាងលីលា ទាំងពីរអង្គាកាន់ប្រាង្គស្រី
។
ពោធិនិម៌លយល់មាតា ទើបក្រាបនមស្សការឱនសិរសី
ជននីនាងមានសវនីយ៍ ហៃបុត្រពិសីថ្លៃថ្លើមម្ដាយ
។
ត្បិតរាជក្សត្រីថ្លៃប្រសើរ ម្ដាយយកមកផ្ញើណាកូនអាយ
ចូរកូនទទួលស្រស់ស្រួលស្រាយ តាំងចិត្តខ្វល់ខ្វាយរក្សាគ្នា
។
ឲ្យមានអំណរនឹងអំណត ឱនអត់អបអរចិត្តធ្វើជា
កុំយកពិរោធក្រេវក្រោធា ការកេរ្តិ៍និន្ទាទោសលោកិយ
។
សុវណ្ណកេសរបវររ័ត្ន ចូរនាងធ្វើវត្តប្រណិប័តន៍ប្ដី
ពេលផ្ទំពេលសោយសព្វចំណី ពេលស្រង់គប្បីមើលថែថួន
។
នឹងគិតធ្វើអ្វីឲ្យប្ដីដឹង កុំប្រឹងចចេសចេះនឹងខ្លួន
ឲ្យខ្លាចឲ្យណាស់ណាមាសស្ងួន ទើបត្រូវនឹងក្បួនបុរាណា
។
ស្រឹង្គារបរិពារវានឿយហត់ គួរកត់សំគាល់មើលតាមការ
ល្មមទូលឲ្យទូលសុំករុណា ប្រយោជន៍ឲ្យវាលៀងជីវី
។
ផ្ដាំស្រេចសម្ដេចព្រះមាតា យាងចាកសយនាក្រឡាទី
គ្រានោះព្រះនាងនាថនារី ឃើញព្រះជននីនឹងលីលា
។
នាងស្ទុះចុះតាមជាប្រញាប់ ព្រះមាតាចាប់ច្រានមាត់ទ្វារ
ទាញជិតបិទជាប់ឆាប់ម្នីម្នា សព្វសិទ្ធិរឹទ្ធាទតយល់ជាក់
។
ស្ទុះតាមមកទាន់ព្រះធីតា ហត្ថាចាប់ទាញព្រះសុភ័គ្គ
ហើយឱបព្រះអង្គអាណុងល័ក្ខណ៍ ព្រះនាងញ័រញាក់ដាក់ភក្ត្រា
។
យកព្រះភូសិទ្ធបិទមុខចុះ អេះអុះអៀនឱនព្រះអង្សា
ព្រះករចមពង្សកុមារា ប្រកៀកកាយាកុមារី
។
ត្រកងដាក់លើបន្ទំទី ព្រះនាងចុះពីទែនរង្សី
ព្រះពស្ទួយឱបក្រសោបបី ព្រះអូនឱនខ្មីអៀនព្រះអង្គ
។
ព្រះឱស្ឋត្រាស់ថាឱអូនអើយ ម្ដេចធ្វើតោះតើយបែរបោះបង់
ចៅមិនអាណិតចិត្តដែលចង់ ចូរងើបមុខត្រង់មើលមកបង
នឹងវេះគិតគេចរត់ទៅណា នែអូនជីវាល្អល្អះល្អង
ម្ដេចម្ដាចរចាបានតែម្ដង ឬមិនស្នេហ៍ស្នងផងទេឬ
។
បំណាច់សម្ដេចព្រះបិតា មាតារៀបការរួចជាគឺ
ឲ្យអូនជាគូរដឹងឮ ម្ដេចធ្វើឲ្យឈឺចិត្តម្ដងទៀត
។
ចូរឆ្លើយប្រាប់បងកុំចងខឹង ឲ្យបងបានដឹងកិច្ចកលទៀត
ឬទាស់កន្លែងនេះចង្អៀត ចូរបែរមកបៀតជិតបងរ៉ា
។
អូនអើយអូនសមឈ្មោះកេសរ សាច់ល្អិតជិតល្អដូចល្អងផ្កា
មើលល្អះគ្មានលល្អក់តក់ត្រង់ណា ស្រៀវល្អិលស្រិលថ្លាស្រស់ឥតល្អៀង
។
បានឃើញតែមុខទុក្ខបងបាត់ កុំកែវគិតកាត់គេចកែកៀង
បែរបៀតបងបីបមបាយបៀង លូកលាត់លោមលៀងលេងលងល
។
ព្រះរឹងប្រលោមថ្នមយកចិត្ត ព្រះនាងក៏ស្បិតឥតសាទរ
អៀនឱនព្រះភ័ក្ត្រធ្វើហាក់គ ទ្រង់លើកបីពរហើយពោលថា
។
ឱគូកនិដ្ឋាជីវិតបង ម្ដេចពុំឆ្លើយឆ្លងសងបញ្ហា
ឲ្យរៀមអង្វរជាច្រើនសា ឬមិនមេត្តាទេកែវថ្លៃ
។
ថាហើយព្រះអង្គទ្រង់សញ្ជប់ ព្រះភ័ក្ត្រឱនជ្រប់ជ្រួលដួងចៃ
ធ្វើកលហាក់ខ្ញាល់ក្រោធក្រំក្រៃ ទើបត្រាស់ថាហៃចៅដួងចន្ទ
។
យើងគ្មាននិស្ស័យនឹងគ្នាហើយ កែវអើយនៅថ្វីឲ្យសាន់វ៉ាន់
បងសុំលាចៅទៅបួសកាន់ ព្រឹទ្ធព្រ័តព្រហ្មច័ន្យសាងសីលា
។
នៅថ្វីអប្រិយប្រុសឥតភ័ព្វ គេកាត់មិនរាប់ចាប់ចេតនា
ព្រឹកនេះសូមលាកែវកនិដ្ឋា ចូរនៅរក្សាខ្លួនឲ្យគង់
។
គិតថ្វីថ្លៃអើយដូចរូបបង អូនកាត់មិនចងចិត្តភិសវង់
បងសូមលាអូនស្ងួនឆោមយង់ ទៅបួសលុះលង់អស់ជន្មា
។
ប្រាថ្នាមគ្គផលដល់ផុតទុក្ខ ប្រែមុខចំរើនធម៌ភាវនា
លះលាកចាកលោកកាមឆន្ទា សោះស្ងួនពុំងាអំពល់ចិត្ត
។
ត្រាស់ហើយព្រះអង្គគង់ទ្រមឹង ធ្វើហាក់ជាខឹងពុំស្នេហ៍ស្និទ្ធ
ចង់ដឹងយោបល់កលចរិត ព្រះនាងនឹងគិតបទយ៉ាងណា
។
កាលនោះនួននាងនាថវរល័ក្ខណ៍ បានស្ដាប់សព្ទជាក់ហាក់អស្ចារ្យ
ស្រយុតស្លុតស្លន់អន់ឱរា គិតដល់ភស្ដាអាណិតក្រៃ
។
ស្មានជាព្រះអង្គនឹកខ្មាសពិត ចេញទ្រង់បព្វជិតកាត់អាល័យ
ព្រោះខ្លួនអញមិញមិនប្រស្រ័យ រួបរួមពិស្ម័យក្ដីស្មាគម
។
ប្រសិនទ្រង់ចេញទៅកាលណា ជ្រាបដល់បិតាកើតទុក្ខធំ
គិតភ្លាមទើបនាងកើតមនោរម្យ លើកករបង្គំក្លែងទូលថា
។
ព្រះអើយព្រះអង្គទ្រង់វង់ភ័ក្ត្រ ស្ដេចស្ម័គ្រចង់ស្វះលះប្រាថ្នា
ចេញទ្រង់បព្វជិតកាត់សង្សារ សាងសីលាចារជាឥសី
។
ក្នុងលោកនេះគ្មានដូចព្រះអង្គ អាចកាត់លះបង់ពីស្ត្រី
ទ្រង់គិតយ៉ាងនេះគួរគប្បី ត្រូវនឹងលោកិយលោកុត្តរ
។
ថាបើទ្រង់យាងទៅកាលណា អូនសូមយាត្រាត្រាច់សញ្ចរ
ជូនទៅជាគ្នាការក្រែងក្រ កំដរសោះស្ងាត់ក្នុងហិមវា
។
ថ្វាយខ្លួនជាញោមសូមឧបត្ថម្ភក៍ ព្យាបាលថែទាំចាំរក្សា
បំរុងចង្ហាន់បារីស្លា លុះត្រាតែអស់ជន្មជីវិត
។
បើទ្រង់បួសហើយចូរផ្ចិតផ្ចង់ កាន់ចិត្តឲ្យត្រង់តាមព្រ័តព្រឹទ្ធ
កុំប្រាជ្ញតែមាត់ចិត្តមិនគិត ឲ្យខុសចារិតក្រៅធម្មា
។
ព្រះអង្គទ្រង់ស្ដាប់ស័ព្ទសវនីយ៍ ព្រះនាងស្រដីពាក្យនាំពា
សម្លេងចាប់ចុះធ្លុះទ័យា ព្រឺព្រះអង្គាកើតបេតី
។
ទើបមានតម្រាស់ត្រាស់ទៅថា ហៃកែវកល្យាណ៍ជាឆ្នើមស្រី
អូនចង់តាមចងទៅធ្វើអ្វី ក្រែងមិនគប្បីនឹងសិក្ខា
។
វិស័យនាក់ដែលចេញទៅបួស ព្រោះចង់ឲ្យហួសចាកសង្សារ
ឯស្រីជាទោសនឹងអាត្មា ពុំដែលនរណាបួសនឹងស្រី
។
ប្រសិនបើអូនតាមបងទៅ នែពៅចាំស្ដាប់ពាក្យបងស្ដី
យ៉ាងដូចរូបអូនស្ងួនពិសី មុខជាថ្លស់ក្ដីវិន័យច្បាប់
។
ទ្រាំម្ដេចឲ្យបាននឹងបរិសុទ្ធ ស្រីនៅក្នុងកុដិស្រស់ស្រួលស្រាប់
ពុំជាទេរ៉ីថ្លៃចំណាប់ ត្រាស់ភ្លាងកៀកចាប់ព្រះកាយា
។
ព្រះនាងនឹកអៀនសែនខ្មាសលន់ ខំធន់សង្កតអត់ហើយថា
ព្រះអើយព្រះអង្គកុំខាំងខា លែងខ្ញុំសិនរ៉ាណាក្សត្រថ្លៃ
។
ព្រះរឹងក្រសោបឱបកៀកកិត នាសិតជិតខាត់រឹតពិស្ម័យ
អង្អែលសុដនដួងវិល័យ ក្សត្រថ្លៃព្រឺព្រួចកួចស្នេហា
។
ហើយត្រាស់ប្រលោមឆោមព្រលឹង ថាអូនកុំខឹងណា៎កែវណា៎
អញ្ជើញមកផ្ទំនឹងជេដ្ឋា លើទីសយនាសុខសម្រាន្ត
។
ព្រះអើយព្រះអង្គកុំបង្ខំ ទ្រង់អាសូរខ្ញុំសិនក្សត្រក្សាន្ត
នាងក្ដិចនាងខ្ញាំក្រចៅប្រាណ ប្រែប្រាណប្រះផ្ទំសម្ងំនៅ
។
ទ្រង់រិទ្ធពិនិត្យភិសវង់ គន់ទ្រង់អនង្គអនុជពៅ
យល់ល្អត្រចះជ្រះសន្ធៅ ចោមចៅត្រេកត្រាស់សរសើរថា
។
ចៅល្អកេសដូចស្លាបកន្លង់ ល្អភ័ក្ត្រហាក់វង់ចន្ទភ្លឺថ្លា
ចៅល្អនេត្រដូចនីលរតនា ចៅល្អនាសាឧត្ដមថ្លៃ
។
ចៅល្អព្រៀងយ៉ាងមាក់ប្រាងមាស ល្អឱស្ឋឱភាសស្រស់ប៉ប្រៃ
ល្អកាណិដូចកលជាងចរណៃ ល្អហត្ថហាក់ដៃនៃព្វរា
។
ចៅល្អដូចសុវណ្ណហង្ស ល្អអង្សាសមនឹងកាយា
ចៅល្អរាងរៀវដូចកិន្នរា ឆវីវណ្ណាលឿងអន្លង
។
ទ្រង់ទតសព្វគ្រប់ទប់ពុំបាន ក្សត្រក្សាន្តបើកព្រះសុភ័គផ្គង
ព្រះនាងដឹងកលដល់ទំនង ស្រស់ឈ្មងទះទាត់ព្រះហត្ថា
។
ទ្រង់រិតជួញជិតប្រវាឱប ក្រសោបថែថើបព្រះភក្ត្រា
ស្រៀវស្រើបសំរើបក្ដីសេ្នហា បង្កើតអស្ចារ្យកាលគ្រានោះ
។
ភុជង្គទ្រង់រិទ្ធនិម្មិតខ្លួន ក្រអួនក្រអើតស្ទើតស្ទាញស្ទុះ
យង់យល់បទុមធំសស្គុះ ទំលុះចុះស្រង់ក្នុងវារី
។
កញ្ជ្រោកបោកបាចសាចទឹកលេង ដោយល្បែងសប្បាយកាយិន្ទ្រីយ
បុស្បុង្ករុះរាយរំសាយភ្ញី នាគីព្រួសពិសព្រួញអាត្មា
។
សម្រេចសម្រាន្តក្សាន្តភិរម្យ ទើបនាងបង្គំក្រាបទូលថា
ទោះអូនខុសឆ្គងម្ដងម្ដេចម្ដា មេត្តាសន្ដោសប្រោសប្រណី
។
អូនអើយមាសអូនមាននរល័ក្ខណ៍ សួនសក្ដិសមជាឆ្នើមបូរី
កែវកុំភ័យភិតក្នុងចិត្តថ្វី ធម្មតាជាតិស្រីក្នុងលោកា
។
ពុំដែលនរណាព្រមតែម្ដង គង់គិតឆ្លើយឆ្លងសងដោះសា
ត្រាស់ហើយលួងលោមថ្នមធីតា សេយ្យាលន់លក់សុខសម្រាន្ត
។
លង់លុះព្រឹកព្រាងស្វាងភ្លឺជ្រះ អរុណរឿងរះព្រះសុរច្ឆាន
ទាំងពីរតើនចាកទែនសុរិកាន្ត ក្សត្រក្សាន្តនាំនាងទេពីថ្លៃ
។
ចូលស្រង់វារីនសុគន្ធរស អប់អស់ក្លិនភ្ញីពញីដោរក្រៃ
ស្រង់ស្រេចសម្ដេចព្រះកូវន័យ វិលវៃឡើងគង់លើអាសនា
។
ពីរពង្សទ្រង់យល់ល្អក្រៃ ហាក់អង្គសហស្សនិយន៍នែបសុជាតា
ពួកស្រីព្រះស្នំក្រមបរិវារ គង់គាល់ត្រៀបត្រាក្នុងប្រាង្គស្រី
។
វេលាព្រហាមព្រះសុរិយង្គ ចមពង្សនាំអង្គអគ្គមហេសី
ឡើងគាល់បិតុរង្គទ្រង់បារមី ដោយក្ដីគោរពស័ព្ទបញ្ជា
។
ព្រះបាទព្រហ្មទត្តខត្តិយេត ឈ្មៀងនេត្រយល់បុត្រពីរអង្គា
កបទ្រង់វង់ភ័ក្ត្រហាក់ចន្ទ្រា ម្នីម្នាចៅវ៉ៅហៅមហេសី
។
នាងអើយកូនយើងទាំងពីរពង្ស ល្អអង្គទ្រង់ឯកប្លែកលោកិយ
ទេពីឮដូច្នោះស្ទុះមកខ្មី ដឹកដៃក្សត្រីរ័ត្នធីតា
។
ព្រហ្មទត្តចាប់ហត្ថចក្រពង្ស នាំឡើងទៅគង់លើអាសនា
ទើបមានតម្រាស់ត្រាស់ប្រាប់ថា កូនអើយបិតាក៏ចាស់ហើយ
។
សព្វថ្ងៃព្យាធីបៀតបិន្ទា ជួនឈឺជួនជាមិនត្រាស្បើយ
សង្ឃឹមនរណាមិនបានឡើយ កូនអើយកុំធ្វេសប្រហែសការ
។
ទីឧបរាជនេះជាសម្រេច ឪពុកលើកផ្ដាច់ទុកឲ្យបា
ចូរត្រិះរិះរៀបប្រៀបរាជការ ត្រួតត្រារក្សាប្រជាជន
។
ទួទាំងអាណាចក្រមណ្ឌល ឲ្យក្សាន្តសាកលរាល់តំបន់
អាករសួយសារណាបើធ្ងន់ បន្ទន់បន្ទាបឲ្យរាបស្មើ
។
មន្ត្រីតូចធំខ្ញុំរាជការ ចូរមើលត្រួតត្រាការសារពើ
ថែទាំឲ្យសព្វគ្រប់អន្លើ គួរប្រើសឹមប្រើឲ្យគួរការ
។
នឹងកាត់សេចក្ដីប្រជារាស្ត្រ ចូរឈ្លាសឆ្លៀតឆ្លុះដោយប្រាជ្ញា
ឲ្យត្រឹមត្រង់ត្រូវផ្លូវមាត្រា តាមព្រះធម៌ថាជាបញ្ញត្តិ
។
ធម្មតាអ្នកធ្វើជាចៅក្រំ ត្រូវខំផ្ចិតផ្ចង់បំរុងសត្យ
តាំងខ្លួនទុកជាអព្យាក័ត ប្រយ័ត្នកុំឲ្យធ្លោយសេចក្ដី
។
តែលុះអំណាចធម៌ទាំង ៤ នឹងថ្លស់ធ្លាក់ខ្លួនទៅអវិចី
ទោះទាំងនិន្ទានាលោកិយ ផែនដីវិបរិតឥតមានសុខ
។
ធម៌ថាប្រទេសនិវេសន៍ណា បើមានក្សត្រាចេះដោះទុក្ខ
ឲ្យរាស្ត្រក្សេមក្សាន្តមិនរើសមុខ រីស្រុកនោះនឹងបានសុខា
។
បើក្សត្រនឹងអស់មន្ត្រីធំ ជំនុំមិនតាមធម៌សម្មា
យល់ដោយអាមិសលាភសក្ការ អាណារាស្ត្រនឹងក្ដៅក្រហាយ
។
មួយទៀតតាមខែត្រតាមនិគម តូចធំក្នុងក្រៅនៅជិតឆ្ងាយ
ចូរកូនត្រិះរិះគិតខ្វល់ខ្វាយ ចាត់ចាយគយល្បាតឆ្លាតរក្សា
។
សម្ដេចសុនិសាសព្វសិទ្ធិ ក្រាបក្រួញជួញជិតស្ដាប់ឱង្ការ
លុះចប់តម្រាស់ព្រះបរិហារ ក្សត្រាទូលតបសព់សេចក្ដី
។
បពិត្រសម្ដេចព្រះបិតុរង្គ សូមទ្រង់កុំព្រួយព្រះហឬទ័យ
ខ្លួនខ្ញុំជាខ្ញុំព្រះចក្រី កិច្ចការផែនដីសូមធានា
។
អញ្ជើញព្រះអង្គគង់សំរាន្ត ឲ្យក្សាន្តសប្បាយព្រះទ័យា
ទូលភ្លាងប្រណម្យបង្គំលា នាំរាជធីតាអគ្គមហេសី
។
រឹងវិលកាន់ប្រាង្គប្រាសាទសម ស្រឹង្គារព្រះស្នំពួកសាវស្រី
គាល់ហ្វៅបំរើជាប្រក្រតី ឥតបីមានទុកជាសុខា
។
ទ្រង់តាំងព្រះទ័យដោយទសពិធ រិះគិតប្រុងប្រៀបរៀបរាជការ
គ្រប់ក្រុមតំណែងតែងឧស្សាហ៍ យាងចេញត្រួតត្រាតែរាល់ថ្ងៃ
។
អាណាប្រជារាស្ត្រទាំងឡាយ សឹងសុខសប្បាយពន់ពេកក្រៃ
រន្ទឺឮល្បីបារមីថ្លៃ ប្រទេសដទៃកោតចេស្ដា
។
ពុំអាចតតាំងប្រណាំងរឹទ្ធិ នឹងព្រះបពិត្រមហិស្សរា
ស្ដេចទាំងរយមួយនាំសួយសារ មកថ្វាយព្រះមហាក្សត្រថ្កើងថ្កាន
។
ឯរាជភីលៀងដែលជាមិត្រ ព្រះអង្គរឹងរឹតទ្រង់រាប់អាន
ប្រទានឲ្យមានលំនៅស្ថាន ប្រោសប្រាណទុកដូចព្រះជេដ្ឋា
។
សម័យថ្ងៃមួយព្រះទ្រង់រឹទ្ធិ ភ្នកព្រះទ័យគិតចង់យាត្រា
ចេញទៅប្រពាតព្រៃហិមវា ទតសត្វបក្សាបក្សីផង
។
ទើបថ្នមលោមលាទេពីថ្លៃ ថាហៃមាសស្ងួននឹមនួនល្អង
ចូរទៅឲ្យសុខកុំទុក្ខហ្មង ព្រឹកឡើងខ្លួនបងសូមលាស្រី
។
ទៅលេងព្រឹក្សានឹងភីលៀង រសៀលជ្រៀលជ្រៀងព្រះសុរីយ
បងនឹងក្រឡាប់វិលឆាប់ខ្មី កុំអូនប្រិមប្រិយអាល័យគិត
។
កាលនោះក្សត្រីស្រីរូបល្អ សុវណ្ណកេសរបវរមិត្រ
ស្ដាប់ជាក់រំជួលក្ដួលក្នុងចិត្ត ទូលថាបពិត្រព្រះភស្ដា
។
បើសព្វព្រះទ័យទៅហិមពាន្ត ពួកពលទាហានមានត្រៀបត្រា
ល្មមរៀបជាក្បួនឲ្យធួនការ តាមសយស័ក្ដាព្រះមហាក្សត្រ
។
លើកទៅជាពួកប៉ែកឆ្វេងស្ដាំ ប្រចាំរក្សាការប្រយ័ត្ន
ទៅម្ដេចតិចគ្នាយល់ជាស្ងាត់ ក្រែងកើតវិបត្តិសត្វហឹង្សា
។
មួយអូនសូមតាមទៅលេងផង ត្បិតចិត្តប៉ុនប៉ងរកបេះផ្កា
ពោធីស្ដាប់ហើយឆ្លើយតបថា ក្រោយសឹមយាត្រាណា៎មាសថ្លៃ
។
ម្ដងនេះបងទៅជាយ៉ាងស្ងាត់ ចាំចាត់រេហ៍ពលយល់យូរក្រៃ
កុំអូនព្រួយចិត្តគិតអាល័យ រ៉ាំរ៉ៃចង់តាមបងយាត្រា
។
ត្រាស់ស្រេចសម្ដេចព្រះភូមី នាំរាជនារីកែវកនិដ្ឋា
ចូលផ្ទំលើគ្រែសុវណ្ណា លង់លុះសុរិយារឿងរង្សី
។
ទ្រង់តើនចាកទីទែនសយនា ចូលស្រង់គង្គាដូចប្រក្រតី
ស្រង់ស្រេចស្ដេចទ្រង់ព្រះពស្រ្ដថ្មី ចក្រីឡើងគង់លើអាសនា ។
ពិសេសរៀបតាំងគ្រឿងព្រះស្ងោយ ថ្វាយព្រះអង្គសោយក្រយាហារ
សោយស្រេចទ្រង់គ្រឿងអលង្ការ សៀតព្រះខ័នថ្លារំពេចខ្មី
។
ត្រាស់ហៅភីលៀងជាជេដ្ឋា យាត្រាចុះចាកប្រាសាទស្រី
សីហនាទគគាតដូចរាជសីហ៍ ឥតបីមានភ្លឹកនឹកភយា
។
ស្ដែងស្ដេចត្រាច់ត្រង់តម្រង់ទៅ សំដៅដល់ដែនពនាវា
ទ្រង់ទតព្រៃព្រឹក្សនឹងម្រឹគា ពណ៌នាច្រើនលន់ពន់ប្រមាណ
។
មានទាំងបក្សីបក្សាសត្វ ហិចហើរច្រវាត់ក្នុងស្មសាន
ព្រះអង្គទ្រង់ទតសព្វដែនដាន ក្សត្រក្សាន្តត្រេកត្រាស់សរសើរថា
។
ឱ ដើមពពេលសត្វពពូល ទំមូលលើមែកបែកសាខា
ពពូលពពាំនាំបុប្ផា ហើរឆ្លាទៅទំពពូលផង
។
ពពេចពងនៅពពាលខែ ហើយហិចហើរហែគ្នាត្រសង
ពាំផ្កាពពាយរាយរុះល្អង ពពូលអឹងកងប៉ប៉ុកដី
។
ដូចកាលបងបានប្រាណមូលមិត្រ នែបនិត្យពពៅនៅប្រាង្គស្រី
ស្រីស្រស់ស្រួលស្រេចដាច់លោកិយ បានបងមកបីហើយបែកបែរ
។
មើលដើមរោគរាក់រង្គរាំងភ្នំ មានរៃចុះទំយំឮរ៉ៃ
រៀមរឹតស្រមៃដូចហាក់ស្នេហ៍ សារាយប្រាយប្រែបែរហៅបង
។
ដើមព្រីងសត្វព្រាបបន្ទាបទំ ចាប់ជាទ្រនំយំឆ្លើយឆ្លង
ដូចកល់បងព្រាត់បាត់នួនល្អង ព្រោះត្បិតបំណងប៉ងមើលព្រៃ
។
មានដើមចេកទេសជាទ្រនំ ចាបចេកទុំទំហើយហើរវៃ
ដូចបងចាកទែនទីវាំងជ័យ ចោលទាំងមាសមៃថ្លៃថ្កើងថ្កាន
។
គ្រលេងគ្រលោងហើរឃ្មាតខ្មាញ់ ទំដើមក្រឡាញ់ក្នុងស្មសាន
ខ្លះហើរក្រឡាប់ឈប់សំរាន្ត ដូចប្រាណបងស្វះក្រឡះវឹង
។
មាន់ព្រៃស៊ីខាងមាក់ប្រាងព្រាត ខ្លះក្តតអតខ្ទាតក្រោមដើមខ្ទីង
ដូចបងខ្ទាស់ចិត្តមិត្តព្រលឹង ម្ល៉ោះហើយសមនឹងអូនខឹងខ្ទ័រ
។
ខ្លែងស្រាកស្រប់ធ្វើសំបុកពង លើទងលង្វែកមែកខ្លែងព័រ
ខ្លះក្លាស្រៀវស្រែកសំរែកញ័រ ខ្លះទំលើវល្លិ៍ខ្លួតព័ទ្ធឃ្លៃ
។
ដូចខ្លួនបងបានប្រាណផ្ដេកផ្ដិត នឹងអូនខ្លឹមចិត្តឥតមោះមៃ
គ្រានេះឃ្លាឃ្លាតរវាតវៃ ព្រាត់ឆ្ងាយដោយព្រៃព្រះហិមវា
។
ដើមទ្រាំងវល្លិ៍ត្រៀលឆ្វៀលព័ទ្ធរុំ សត្វត្រុំពាំត្រីទំត្រៀបត្រា
ដូចបងត្រេកត្រិះសំណេះថា នឹងកែវកល្យាណ៍លាត្រាច់មក
។
ដើមជ្រៃត្រឈៃខ្ពស់ត្រឈឹង មានពស់សន្ធឹងជ្រឹងប្រឹងជ្រក
ដូចបងជ្រែងជ្រោមថ្នមពន្លក ជ្រើសរកត្រូវចិត្តផ្ដិតផ្ដេកប្រាណ
។
ក្រសាររេរាហើរសំកាំង ទំដើមក្រសាំងយ៉ាងក្សេមក្សាន្ត
ដូចបងក្រសោបឱបកល្យាណ ក្រសាលក្នុងស្ថានទែនចរណៃ
។
មានដើមទទឹមទទាទំ ហើយយំរងាវឮច្រៀវច្រៃ
ខ្លះហើរទទះចុះទំឰ ទៀបឆ្នេរជលស័យទទឹកស្លាប
។
ដូចអូនទទួលស្រួលពាក់ពឹង ពុំមានទទឹងទាស់ដរាប
ថ្ងៃនេះទូទឹមរលឹមដាប ទទឹកស្រឡាបសន្លឹកឈើ
។
ពព្លាក់ចុះទំចុងពព្លា ហើយហើររេរាទៅពព្លើ
សម្បុរពព្លក់មុខងេងើ ហើយហើរពព្លើទៅតាមវាល
។
ព្រៃព្រឹក្សបងប្រៀបដូចបងព្រាត់ រង្គាត់រង្គៀសចិត្តរង្គាល
មេឃមីរដូចមិត្រនឹកមមាល បងប្រៀបរោលរាលដាលឱរា
។
ទតហើយទើបប្រោសប្រាប់ភីលៀង បងអើយចូរឆ្មៀងមើលរុក្ខា
ដើមដុះខ្ពស់ស្រាងខាងបព្វតា ផ្លែផ្កាស្គាយស្គុះរុះរោយរាយ
។
អង្កាញ់អង្គោលអង្គាដី ស្ដៅស្ដីស្ដុកស្ដុរក្ដុលក្ដាំងបាយ
សង្ឃួចសង្ឃ័រគរក្រូចក្រាយ ឃ្លៃឃ្លាយខ្លូតខ្លុងខ្លែងគង់កោត
។
កាកោកាកីស្ដីស្មាច់ស្មែ ច្រេសជ្រៃត្រាងទ្រាំងលាំងជ័យជោគ
វល្លិ៍វើកវារវ័ណ្ឌព័ន្ធនិគ្រោធ លៀបលោតលាយលេចប៉ិចបុប្ផា
។
លំពាត់លំពស់លស់លំពង គ្រើលគ្រងរងរាក់រោគរកា
សុក្រំសក្រាចត្រាចទ្រៀលស្វា ក្រឹស្នាខ្នុរខ្នាសម្បុរល្វែង
។
ដក់ពរដក់ពាយវាយពោនពួច ទ្រមួងទ្រមួចមៀនទ្រមែង
ត្រឡកត្រឡ័តស័ត្បាត្បែង ចេកចែងអំបែងថ្ងៃថ្ងែថ្ងាន់
។
មាក់ប្រេងមាក់ប្រាងមាក់សាងសោក មាក់ដោកប្រដាក់មាក់បាទច័ន្ទ
អំពិលអំពៅស្បូវស្បាតស្បាន់ ក្រវ៉ាន់វារវ័ណ្ឌព័ន្ធព័ទ្ធពឹង
។
ស្រឡៅស្រឡីស្រឡិតលាស់ ត្រៀកត្រស់ត្រៅត្រាចទ្រយឹង
អង្ក្រមអង្រ្គងភ្លងកំភ្លឹង រាំងភ្នំខ្ទំខ្ទឹងឪជ្រឹងជ្រៃ
។
ស្ដែងស្ដេចត្រាច់ក្នុងពនាវេត ខបខែត្រហិមពាន្តស្ថានព្រឹក្សព្រៃ
ក្រលាលសប្បាយព្រះហ្ឬទ័យ ហើយព្រះជៀសជ័យចេញចាកចរ
។
ដល់វាលក្បែរភ្នំព្រះហិមពាន្ត មើលមានហ្វូងម្រឹគមីរកុះករ
កៀងញីឈ្មោលបោលអ៊ូអរ ខ្លះឈរខ្លះឈប់ស្រប់អង្គា
។
ឈ្លុសក្ដាន់រមាសរមាំងទ្រាយ ស៊ីដោយឡែកលាយកនគូវា
ទន្សាយទន្សោងវាយវាត់គ្នា លីលាទៅឈប់ម្លប់ទន្សែ
។
ចចកចូលជ្រកដើមក្រចៅ លលកទំនៅដើមលន្តែ
ក្របៅកប្បាសក្របីបែរ ប្រាណប្រែឈរឈប់ម្លប់ក្របៅ
។
ជ្រូកព្រៃជ្រកជ្រប់ម្លប់ជ្រៃធំ ខ្លាឃ្មុំក្រាបក្រោមដើមខ្មួញខ្មៅ
មានឃ្មុំទំខ្មួលទង្គួលនៅ ខ្លាឃ្មុំឡើងទៅបេះឃ្មុំស៊ី
។
ខ្លាត្រីស៊ីត្រីក្នុងគុម្ពត្រស់ ខ្លាធំលោតផ្លោះកៀងកាល់ញី
គយឃ្លាំចាំចាប់អស់ម្រឹគី កាច់កខ្ទេចខ្ទីស៊ីតាមឃ្លាន
។
ស្វាព្រាមទន្ទ្រាមលើស្វាព្រៃ ស្វែងរកចំណីប្រឹងទន្ទ្រាន
លោតលោពារពុះទៅបំពាន ពើបពះបេះបានផ្លែត្រៀលស្វា
។
ស្វាក្រេះក្រញឹងខឹងក្រញើង លោតឡើងក្រញាំខាំផលា
បេះបានស្វាយសបរិភោក្ដា ខ្លះក្ដិចក្ដិបវាក្ដាប់នៅដៃ
។
ព្រះពោធិវង្សពង្សមហាក្សត្រ ទតស្រេចស្រូតកាត់ដោយដងព្រៃ
នឿយព្រួយដោយត្រូវកំដៅថ្ងៃ ក្សត្រថ្លៃឈ្មៀងនេត្រទតស្រះស្រង់
។
ទើបនាំភីលៀងឈៀងចូលឈប់ ក្រោមម្លប់ព្រឹកព្រៃប្របកំពង់
មើលមានកំពីងពួយរហង់ ព្រះអង្គទ្រង់ទតសរសើរថា
។
ឱដើមកំពីងពួយដុះពន្ធ័ វារវ័ណ្ឌវិលវង់កំពុងផ្កា
ដូចរៀមកំពុងរួមស្នេហា នឹងកែវកល្យាណ៍អនង្គនួន
។
ព្រលិតដូចបងប្រឡែងលោម ព្រលឹមលាឆោមព្រលឹងស្ងួន
ព្រលប់បងវិលទៅឲ្យជួប ឲ្យជួបនឹងនួនព្រលឹងបង
។
ត្រកៀតដុះបៀតដើមត្រកួន ត្រកាលដូចស្ងួននឹមនួនល្អង
ត្រកូលស័ក្ដិយសខ្ពស់កន្លង មាសបានមកបងត្រកងបី
។
ត្រាស់ភ្លាងទ្រង់ផ្លាស់ព្រះពស្ត្រទ្រង់ ស្រេចស្ដេចចុះស្រង់ក្នុងស្រះស្រី
ភីលៀងនែបនិត្យជិតចក្រី ទើបទតយល់ត្រីក្នុងស្រះស្រង់
។
ត្រីក្រាញ់លលេញដេញត្រីក្រុះ ត្រីក្រឹមក្រាបចុះឈប់បង្អង់
ត្រីក្រាយហែលក្រោយបណ្ដោយត្រង់ ត្រីក្រឹមវិលវង់ក្រោមត្រីក្រាយ
។
កញ្ចុះស្ទុះចឹកកញ្ជាក់ស្លា ត្រីឆ្លាំងហែលឆ្លារារត់ឆ្ងាយ
អណ្ដែងអណ្ដើកអណ្ដែតកាយ ក្លាំងហាយហែលលាយនឹងក្លាំងហាត
។
ប្រួលប្រាឆ្លេឆ្លាក្បែរគុម្ពកក់ ត្រីឆ្លូញស្លើតស្លក់ដេញត្រីស្លាត
ពាំស្លែបែរស្លឹងប្រឹងសង្វាត ក្លាំងហាតខំហែលលឿនឆ្វៀលឆ្វាត់
។
ចង្វារមូលមីរដេរដាសជិត ក្អីក្អិតក្អែកក្អុកចឹកកូនក្អាត់
កំក្លៀវកំភ្លាញស្ទាញស្ទុះស្ទាត់ អង្កត់ប្រាក់ប្រាព្រួសទឹកខ្ចាយ
។
កំពឹសតោងឫសកំពីងពួយ កំពាត់ស្ទុះស្ទួយស្ទាក់ពីឆ្ងាយ
ពើបពះពានលើកំពូលបាយ កំពុងវាត់វាយកំពឹសពង
។
ផ្កាឈូករីកដាសពាសពេញឈូង ព្រលូងលោលោតលេចរំលង
ត្រសៃផុលផែលហែលត្រសង ព្រលូងហែលឆ្លងតាមប្រឡាយ
។
ត្រីដៀបតម្រៀបក្នុងត្រឹបត្រាច់ ខ្លះគេចចូលចករកសារាយ
ខ្លះមុជខ្លះងើបស្រើបស្រុះស្រាយ សប្បាយពាសពេញទាំងស្រះស្រី
។
ស្ដេចទតមច្ឆាក្នុងស្រះស្រង់ ស្រេចហើយព្រះអង្គស្រូតឃ្មាតខ្មី
រួសរៀបទ្រង់គ្រឿងរឿងរង្សី ចក្រីនានាំភីលៀងចរ
។
ត្រាចតាមឆ្នៀរឆ្នេរក្បែរមាត់បឹង គិតនឹងវិលវឹងទៅនគរ
ជួនជួបឃើញប្រើសព្រៃមួយមរណ៍ ស្ដេចឈរឈប់ឈឹងរំពឹងថា
។
អញចង់ដកយកដួងហ្ឫទ័យ ចូលរូបប្រើសព្រៃនេះមើលរ៉ា
នឹងបានបោលលេងក្នុងព្រៃព្រឹក្សា យល់ជាសប្បាយពន់ពេកក្រៃ
។
គិតស្រេចស្ដេចប្រាប់ភីលៀងថា បងចូលរក្សារូបខ្ញុំនៃ
ខ្ញុំនឹងដកយកដួងហ្ឫទ័យ ចូលរូបប្រើសព្រៃលងរឹទ្ធា
។
ភីលៀងស្ដាប់ហើយទូលតបស្នង រូបបងនេះហោងសូមធានា
ថែទាំប្រយត្ន័ឲ្យល្អជា កុំប្អូនពុំងាព្រួយព្រះទ័យ
។
ស្ដេចឮភីលៀងទូលច្នោះហើយ ក្សត្រាត្រាណត្រើយត្រេកអរក្រៃ
ទើបសេពទិព្វមន្តសិល្បសាស្ត្រសេយ្យ ដកយកដួងចៃដូចបំណង
។
ហើយចូលទៅក្នុងរូបម្រឹគា រួមរស់ម្នីម្នាពុំផ្សូរផ្សង
បោលផ្លោះលោតផ្លោតតាមដោយដង ដែនដានជ្រលងពនាល័យ
។
ជាកម្មនាំកើតឲ្យគិតខុស ចំពោះភ្លេចភ្លាំងទាំងសញ្ញី
ប្រើសនោះខំត្រាច់សព្វទួលទី ប្របជើងគិរីទីបព្វតា
។
យល់ហ្វូងប្រើសព្រៃច្រើនពន្លឹក គគឹកក្នុងដែនអរញ្ញវា
ពុំលង់បោលចូលហ្វូងនោះណា កៀងការឈ្មោលញីស៊ីសប្បាយ
។
ប្រើសព្រៃទីទៃក្នុងហ្វូងនោះ ឥតលុះដំណឹងដឹងលែបខាយ
ស្មានជាប្រើសសុទ្ធមិនក្លែងក្លាយ ស៊ីស្មៅប្រញាយរាយរៀងគ្នា
។
រឿងនេះស្លេះសិនមិនទាន់ចែង នឹងចាប់សំដែងទៅកាលគ្រា
កាលក្រោយស្ដេចចូលរូបម្រឹគា បោលក្នុងអធ្វាស្មសានគ្រោះ
។
ភីលៀងដែលនៅចាំរូបស្ដេច វាគេចប្រែចិត្តគិតទុយ៌ស
ថាគ្រានេះអញពេញបុណ្យខ្ពស់ ពីព្រោះសព្វសិទ្ធិកុមារា
។
ជឿអញឲ្យនៅចាំរូបទ្រង់ នេះចំជាល្ងង់ឥតប្រាជ្ញា
សុវណ្ណកេសរល្អថ្លៃថ្លា មិនរួចទៅណាគង់បានដៃ
។
ទាំងទីឧបរាជរាជបុរី ស្រឹង្គារសាវស្រីច្រើនក្រាស់ក្រៃ
បានអញអស់ហើយកុំសង្ស័យ នរណានឹងឆ្នៃថាម្ដេចបាន
។
អញនឹងដកយកដួងជីវិត ចូលរូបសព្វសិទ្ធិជាក្សត្រក្សាន្ត
ហើយវិលវឹងទៅលំនៅស្ថាន គង់បានសម្រេចដូចបំណង
។
គិតភ្លាងទើបសែកមន្តប្រសិទ្ធិ ដកយកដួងចិត្តពុំផ្សូរផ្សង
ចូលរូបព្រះមហាសត្វច្បាស់ច្បង រស់ឡើងដូចប៉ងរំពេចខ្មី
។
ទើបថាឱរូបអង្គអញឯង ទុកនៅកន្លែងនេះធ្វើអ្វី
សព្វសិទ្ធិមកឃើញដឹងសេចក្ដី នឹងកើតអប្រិយដល់ខ្លួនប្រាណ
។
ត្បិតគេមានរឹទ្ធិសក្ដិសិទ្ធិណាស់ គង់ផ្លាស់ចូលរូបអញវិញបាន
នឹងតាមប្រកិតដិតដោយដាន ទៅដល់រាជឋានក្រុងភារា
។
គង់កើតហេតុទោសទាស់ទុក្ខម្នេញ គួរដុតចោលចេញនេះទើបជា
គិតហើយបង្កាត់ភ្លើងម្នីម្នា ក៏ដុតរូបវាឆេះបាត់បង់
។
ស្រេចស្រូតរួតរះដើរស្ទើររត់ អរញ័ររន្ធត់ដោយចិត្តចង់
កាត់ព្រៃជ្រោះជ្រៅសំដៅត្រង់ ពុំលង់បានដល់មណ្ឌលស្ថាន
។
ទើបឡើងចរចូលក្នុងប្រាង្គម្នី អង្គុយនៅទីទែនសុរិក្តាន
ស្រីស្នំក្រមការទាំងប៉ុន្មាន ពុំបានដឹងដើមដានព្រះអង្គ
។
នាងខ្លះចូលថ្វាយសុគន្ធរស ខ្លះថ្វាយព្រះពស្ត្រប្រពៃផ្ចង់
ខ្លះខែសារាយថ្វាយទឹកស្រង់ ហើយគាល់រហង់នៅត្រៀបត្រា
។
សុវណ្ណកេសររ័ត្នឆោមយង់ គន់ទ្រង់ជាអង្គព្រះភស្ដា
តែស្ដាប់សំដីដែលចរចា កិរិយាឫកនោះពុំទំនង
។
ព្រះនាងរឹងរឹតគិតពិភាល់ ថែមធ្ងល់នឹងបាត់ភីលៀងផង
នាងរឹតព្រួយព្រះទ័យកន្លង នួនល្អងត្រិះរិះដោយប្រាជ្ញា
។
យលហេតុប្រហែលអាភីលៀង បញ្ឆោតបញ្ឆៀងព្រះភស្ដា
ព្រោះដ្បិតវាចេះសិល្បសាស្ត្រា បានជាអស្ចារ្យប្លែកអម្បាយ
។
ឱព្រះសំឡាញ់ពេញចិត្តប្អូន ម្ល៉េះហើយសមសូន្យចោលរូបកាយ
គិតភ្លាងទើបនាងនាថឆោមឆាយ កែកលឧបាយសួរទៅថា
។
ភីលៀងដែលទៅជាមួយនោះ ឥឡូវបាត់សោះទៅឯណា
អាណិតប្រាប់ខ្ញុំកុំមុសា ត្បិតខ្ញុំសង្កាពន់ពេកក្រៃ
។
ដួងចៃភីលៀងក្នុងរូបស្ដេច ឆ្លើយគេចដោះសារទៅថាហៃ
ម្នាលមិត្តមាសមុំកុំអាល័យ បងផ្លាញវាក្ស័យក្នុងព្រៃជ្រៅ
។
ត្បិតវាចេះរឹទ្ធិមន្តអាគម បើខំចិញ្ចឹមទុកឲ្យនៅ
ក្រែងវាទុច្ចរិតចិត្តឃោឃៅ តទៅគង់កើតហេតុពុំខាន
។
ឆោមយង់ទ្រង់ស្ដាប់ស័ព្ទសម័យ រឹងរឹតសង្ស័យពន់ប្រមាណ
តែនាងធ្វើឫកហាក់ស្មោះស្មាន កល្យាណឆ្លើយតបទៅវិញខ្មី
។
ភីលៀងចេះសិល្ប៍ស្មើគ្នានោះ ផ្លាញវាទៅចុះទុកធ្វើអ្វី
ក្រែងតទៅមុខកើតអប្រិយ ថាហើយក្សត្រីគង់ស្ងៀមស្ងាត់
។
ភីលៀងបានស្ដាប់សព្ទវាទី នៃនាងនារីឆ្លើយតបថ្វាត់
វាយល់ថានាងពុំជ្រាបអត្ថ រឹងត្រេកអរក្ដាត់ឥតឧបមា
។
ថាអេះខ្លួនអញពេញមានភ័ព្វ មកភប់ជួបជាប់ជាវាសនា
ទាំងទីឧបរាជរាជបរិវារ បានអញត្រួតត្រាជាប្រាកដ
។
សម័យថ្ងៃនោះលុះវេលា ព្រលប់សន្ធិយាជាកំណត់
ភីលៀងដែលវាចិត្តចោរក្បត់ ចរចូលទែនរត្នក្សត្រីថ្លៃ
។
តែដោយអំណាចបុណ្យបារមី នៃព្រះចក្រីចមភពត្រៃ
នឹងនាងនារីមាននិស្ស័យ បានសាងច្រើនក្រៃតែរាល់ជាតិ
។
ពុំដែលប្រព្រឹត្តគិតកាមេ បុណ្យនោះបង្វែប្រែឲ្យឃ្លាត
ភីលៀងចោរចិត្តគិតវិវាទ ចូលដល់នាងនាថចង់រួមរ័ក្ស
។
បណ្ដាលចិត្តនោះឲ្យក្ដៅក្ដួល ដូចភ្លើងឆេះឆួលជ្រួលញ័រញាក់
តែវាខំលោមឆោមវរល័ក្ខណ៍ តាមដោយស្មោះស្ម័គ្រក្ដីស្នេហា
។
នាងនាថក្លែងកលព្រោះយល់ប្លែក ពោលពាក្យប្រកែកដោះសាថា
ខ្លួនខ្ញុំថ្ងៃនេះឈឺឱរ៉ា ក្ដៅផ្សាក្នុងទ្រូងគ្មានសប្បាយ
។
អញ្ជើញទៅផ្ទំនឹងស្នំស្និទ្ធ តាមតែចូលចិត្តផ្ដេកផ្ដិតកាយ
ថាហើយនាងក្រោកចាកចេញឆ្ងាយ ព្រះភ័ក្ត្រពុំស្រាយពុំស្រុះស្រួល
។
តែងតែជញ្ជឹងរំពឹងគិត ខ្លោចផ្សាក្នុងចិត្តរឹតអាក់អួល
ឱរាសៀតចុកក្ដុកក្ដៅក្ដួល រំជួលចំបែងតែងទុក្ខា
។
ភីលៀងវាយល់អធ្យាស្រ័យ ថានាងស្រីថ្លៃពុំស្នេហា
ទើបវាចេញចាកទីសយនា ទៅរួមវាសនានឹងសាវស្រី
។
អស់ពួកស្រីស្នំក្រមបរិពោរ ត្រេកអររាល់គ្នាជាមេត្រី
ហេតុពុំដឹងដល់កល់សេចក្ដី ស្មានព្រះចក្រីទ្រង់រាប់អាន
។
សុវណ្ណកេសឆោមពីសី នាក្នុងរាត្រីនោះកល្យាណ
ទ្រង់ព្រះកន្សែងសោករំខាន ប្រះប្រាណសញ្ជប់ជ្រប់ភ័ក្ត្រា
។
ទ្រង់ថ្លែងទំនួញទួញរៀបរាប់ ថាឱអូនធ្លាប់យល់ភស្តា
ពេលផ្ទំចូលផ្ទំជាសុខា ពេលសោយក្រយាសព្វចំណី
។
ធ្លាប់គាល់ធ្លាប់ជិតព្រះបាទបង ពុំដែលឲ្យហ្មងចិត្តប្អូនស្រី
ពេលស្រង់ចូលស្រង់ពីរអង្គខ្មី សព្វទិនរាត្រីពុំខាតខាន
។
រួមរសចំពោះនៅតិចថ្ងៃ ជាកម្មបច្ច័យពីបុរាណ
ទ្រង់ចង់ប្រពាតព្រៃស្មសាន ប្អូនបានសូមខ្លួនជូនស្ដេចទៅ
។
ទ្រង់ឃាត់ខាំងខាថាមិនព្រម តែភីលៀងអមអង្គនែបនៅ
គ្រានេះវិបរិតចិត្តអូនពៅ ព្រោះរូបចមចៅប្លែកអស្ចារ្យ
។
គន់រូបគឺរូបស្ដេចប្រាកដ មកខុសតែបទបែបកិរិយា
យល់ជាភីលៀងចោរមោហា វាផ្លាញជីវាមែនដឹងអើយ
។
ព្រះរៀមរ័ក្សអ្នកមាសថ្លៃ ជាក្ស័យឬក្សត្ររស់នៅឡើយ
ប្អូនសែនទុក្ខធ្ងន់ព្រះគុណអើយ ម៉្លេះហើយសមនឹងក្ស័យជីពជន្ម
។
អនិច្ចាក្សត្រីស្រីទ្រង់ល័ក្ខណ៍ តែងសោកអួលអាក់ភ័ក្ត្រស្រពន់
ស្រពោនតាំងពីព្រលប់លន់ លុះដល់អរុណរឿងរង្សី
។
ពុំបានបន្ទំក្រចំបែង សោយសោកថ្លាថ្លែងទំនួញស្ដី
មុខគួរអាណិតគិតប្រណី គឺកម្មក្សត្រីនឹងក្សត្រា
។
ទើបបែរនិយាយបទទៅត្រង់ ពីអង្គសព្វសិទ្ធិកុមារា
ដែលអ្នកដកយកដួងចិន្ដា ចូលរូបម្រឹគានៅនាព្រៃ
។
ចេះតែតម្រេកត្រេកសប្បាយ នឹងប្រើសទាំងឡាយភ្លើនព្រះទ័យ
ត្រាច់ក្នុងព្រឹក្សាពនាល័យ ទាល់ថ្ងៃរសៀលព្រះសុរិយា
។
សុរិយជ្រៀងជ្រេទេរជ្រៀតជ្រក ព្រះអង្គអ្នកក្នុងព្រះចិន្ដា
ផ្លោះចាកផ្លាកចោលហ្វូងម្រឹគា ម្នីម្នាសំដៅទៅស្រះស្រី
។
លុះដល់ទសពលប្រឹងទតឈ្មៀង រកមើលភីលៀងពុំឃើញអ្វី
យល់តែភ្នក់ភ្លើងនៅថ្មី ៗ ទាំងរូបចក្រីឃើញសោះ
។
ទ្រង់ស្លុតរន្ធត់ព្រះទ័យា យល់ជាភីលៀងគិតទុយ៌ស
វាដកដួងចៃនៃវានោះ ចូលរូបអញសោះដោយអញស្មាន
។
ហើយវាវិលវឹងទៅក្រុងក្រៃ ឱសមស្រីថ្លៃពុំដឹងប្រាណ
ឬមួយមានស្នេហ៍កែខ្លួនបាន ដោយបុណ្យបុរាណជួយរាំងរា
។
អានេះហៅពេញបច្ចាមិត្រ វាគិតឲ្យអញក្ស័យជន្មា
ក្នុងព្រៃម្នាក់ឯងឥតមានគ្នា ព្រោះស្រឡាញ់វាស្មើជីវិត
។
ទុកចិត្តវាណាស់ផ្លាស់រូបកាយ ហើយចេញចោលឆ្ងាយទៅមិនគិត
បានជាធ្លោយថ្លស់ទាស់គំនិត នេះពិតពុំស្គាល់កលមាយា
។
ឱះឱអង្គអញពេញហៅល្ងង់ ព្រោះខ្លួនធ្លាប់ត្រង់ធ្លាប់ចិត្តជា
ជាតិមនុស្សជឿមនុស្សពាលពាលា ជឿណាស់គង់វាឲ្យទោសពៃរ៍
។
សប្បុរសស្រីប្រុសទាំងអស់គ្នា ចូរចាំទុកជាច្បាប់ប្រពៃ
កុំទុកចិត្តមនុស្សអស់ហ្ឬទ័យ ឲ្យដឹងដោយន័យរឿងនេះណា
។
មួយទីពុំនឹងដែលពឹងនោះ ចំពោះបានតែអង្គអាត្មា
នឹងពឹងគេក្រៅពុំត្រូវការ លោកថាគឺខ្លួនពឹងខ្លួនឯង
។
ព្រះពោធិវង្សពង្សពុទ្ធរត័ន៍ អ្នកតែងសោកក្ដាត់ក្ដៅចំបែង
រឹងក្ដួលរំជួលទួញក្ដែង ៗ ថ្លាថ្លែងរាប់រៀបក្រំព្រះទ័យ
។
អនិច្ចាខ្លួនអើយមកមានកម្ម ពីព្រេងចងចាំនាំដួងចៃ
ឲ្យកើតវិបរិតគិតខុសក្រៃ តែអង្គអញឰឥតមានគ្នា
។
ខ្លួនស្លាប់តាមភ័ព្វមិនគួរស្ដាយ គិតតែឆោមឆាយពៅពុំងា
ម្ល៉េះសមទន្ទឹងក្នុងភារា ស្មានជាបងបានប្រាណវិលទៅ
។
គ្រានេះគ្រោះថ្នាក់អកុសល មកផ្ដល់ឲ្យឃ្លាតពីស្រីពៅ
ប្រែព្រាត់និរាសប្រាសលំនៅ ដោយព្រៃច្រកជ្រៅជ្រោះបព្វតា
។
ទើបតែបានភពប្រសព្វប្រាណ មិនយូរប៉ុន្មានមានទុក្ខផ្សា
ព្រោះជឿចិត្តគេឥតសង្កា ពុំដឹងអាត្មាដូច្នេះឡើយ
។
ឱបាបបុព្វេពៀរទ្វេគុណ ជាតិមុនពង្រាត់សត្វដឹងអើយ
ជាតិនេះទើបខ្លួនសូន្យឥតត្រើយ មានទុក្ខពុំស្បើយល្បើយពីប្រាណ
។
ឱះឱរួមរ័ក្សភិសវង់ ចាំទ្រង់អនង្គអនុជក្រាន
ធ្លាប់ផ្ទំលើទីទែនសុរិកាន្ត ផ្ទំផ្ទឹមពីរប្រាណសំរាន្តចិត្ត
។
ពេលដែលនិទ្រានាសុខសេយ្យ អូនដេកកើយដៃបងកៀកកិត
ត្រកងកាយពៅចៅចមស្និទ្ធ ក្នុងស្ថានស្ថេរឥតមានហ្មង
។
ឥឡូវបងទៅជាប្រើសព្រៃ នឹងវិលវឹងវែរកនួនល្អង
ពុំដឹងដំបន់ដែលដានដង ខ្លួនសោតសត្វផងទៅធ្វើអ្វី
។
ម្ល៉េះហើយថ្លៃអើយរៀមស៊ូស្លាប់ ផ្លាស់ជាតិវិលចាប់កំណើតថ្មី
ជាតិក្រោយសូមឲ្យជួបអូនស្រី ជាគូបេតីទាល់អស់ជន្ម
។
បើអូនទៅកើតភពណា ៗ ជាទេពទេវតាស្ថិតលើម-
ណ្ឌលទែនទិព្វពេជ្រវេជ្ជយន្ត រៀមសូមចងពន្ធរួមជីវា
។
ឬកើតជាមនុស្សសុះសព្វស្ថាន ជាសត្វតិរច្ឆានអ្វីក្ដីណា
ជាគ្រុឌភុជង្គក្រុងអសុរា គ្រប់សព្វភាសាក្នុងក្រុងក្រៃ
។
បងសូមចាប់ជាតិកើតជួបពៅ ជាគូនែបនៅរួមពិស្ម័យ
កុំឲ្យឃ្លាឃ្លាតនាងនាថថ្លៃ លង់លុះដល់ឰស្ថាននិព្វាន
។
សព្វសិទ្ធិរឹទ្ធិរង្គពូជពង្សពុទ្ធ អ្នកសោកស្លាំងស្លុតបាត់វិញ្ញាណ
ដួលទាំងជំហរដែលឈរឈាន ពុំមានដឹងអង្គលង់សន្ធិយា
។
សន្សើមរោយរុះចុះជោកស្ថាន ទើបបានភ្ញាក់ឡើងឈររេរា
ញ័រញាក់ក្នុងកាយនៃម្រឹគា វេទនាឈឺឆួលជ្រួលឥន្ទ្រីយ
។
ទ្រង់ទួញថាឱដួងកែវអើយ គ្រានេះម៉្លេះហើយរៀមចាកទី
ចោលទែនសយនាប្រាសាទមណី ចោលអស់នារីស្រឹង្គារស្នំ
។
ប្រសិនបើបងស្លាប់អសារ ឥតមាននរណាដឹងដំ-
ណឹងនៃរៀមស្មោះសោះសូន្យសម ចោលអង្គឥតអំពល់ដល់ស្រី
។
គ្រានេះនឹងទៅទាំងខ្លួនសត្វ ចូលក្នុងរម្យរដ្ឋរាជបូរី
ក្រែងអស់មនុស្សម្នាមិនប្រណី បៀតបៀនដើម្បីជាអាហារ
។
ឥឡូវបើនៅតែក្នុងព្រៃ មុខជានឹងក្ស័យជន្មជីវា
ព្រះអង្គរឹងរឹតគិតថប់ថា ទើបត្រាច់យាត្រាទាំងរាត្រី
។
ម្នាក់ឯងកណ្ដែងកណ្ដោចសល់ ងងឹតពុំយល់ទិសទីអ្វី
តាំងពីព្រលប់យប់យាមបី ចក្រីយាត្រាត្រាច់តម្រង់
។
យាងព្រះបាទាក្បែរជើងភ្នំ លង់លុះដាស់ទំត្រជាក់អង្គ
ព្រះទ័យស្រយុតស្លុតឡឹនឡង់ ខំផ្ចង់សណ្ដាប់ស្ដាប់បក្សី
។
សូរសៀងចចាតរន្ថាន់ឆ្លង យំកងស្រងាត់ក្នុងរាត្រី
ហាក់ដូចសំឡេងព្រះប្អូនស្រី ចក្រីស្ដាប់ជាក់អាក់អួលផ្សា
។
ទ្រង់ព្រះកន្សែងសោកសញ្ជប់ ឱ
ចៅចមភពដួងជីវា
ម្ល៉េះសមក្រំខ្លួនផ្ទួនទុក្ខា ឬកែវកល្យាណ៍ពុំនឹកបង
។
ស័ព្ទរៃកណ្ដឹងកណ្ដាលភ្នំ ឮសូររងំយំឆ្លើយឆ្លង
លន្លោចលន្លង់ក្នុងដែនដង ដូចពាក្យនួនល្អងសងចរចា
។
ស្ដែងស្ដេចត្រាច់ត្រង់ក្នុងរាត្រី ឥតបីឈរឈប់ស្រប់អាត្មា
អាសូរស្ដេចពុំដឹងទិសា ទាល់តែសុរិយារឿងរះថ្កាន
។
ខំត្រាច់លុះដល់យល់ចំការ យាយតាជរាទាំងពីប្រាណ
សង់ខួមប្របព្រំព្រៃស្មសាន ចិញ្ចឹមតិរច្ឆានសត្វសារិកា
។
ហេតុបុណ្យបារមីពង្សពោធី បានសាងអំពីជាតិអតីតា
ជួនពេលថ្ងៃនោះជាអស្ចារ្យ សារិកាក្សិណក្ស័យប្រល័យជន្ម
។
យាយតាជរាទាំងពីរនាក់ គាត់បានយល់ជាក់នឹកស្ដាយលន់
ទើបបបួលគ្នាប្ដីប្រពន្ធ ដើរចេញពីមណ្ឌលគ្រឹហា
។
យួរខ្មោចសារិកាទៅបោះចោល ខាងក្រៅមាត់ក្រោលរបងធ្លា
ហើយវិលមកផ្ទះវិញម្នីម្នា នាក្នុងវេលាព្រហាមនោះ
។
សព្វសិទ្ធិដែលចូលរូបប្រើសព្រៃ ជៀស្ឋជ័យទតយល់ទ្រង់ចរឆ្ពោះ
ទៅទៀបសារិកានឹកពីគ្រោះ ថានេះគឺមោះបុណ្យបុរាណ
។
ទ្រង់ព្រះអំណរអរពេកក្រៃ សូត្រសែកសិល្បសេយ្យវិជ្ជាការ
ដកដួងចិន្ដាពីប្រើសបាន ទើបចូលក្នុងប្រាណសត្វសារិកា
។
រួចរស់រូបឡើងរំពេចខ្មី ចក្រីសោមនស្សស្រស់បីតា
សសិតស្លោមស្លាបហើយហើរធ្លា តាមអាកាសានភាល័យ
។
ស្រូតកាត់តម្រង់ត្រង់បូរី ហេតុដោយបារមីក្សត្រចមត្រៃ
ហើយដល់មណ្ឌលយល់ក្រុងក្រៃ ភូវន័យស្គាល់ជាក់ជារាជស្ថាន
។
ទ្រង់ទតព្រះនេត្រឃើញប្រាសាទ ប្រឹងហើរសង្វាតចូលទៅថ្កាន
ទំនៅកៅវតាមហាក្សត្រក្សាន្ត យល់នាងកល្យាណកំពុងក្រំ
។
ទ្រង់ព្រះវិយោគសោកប្រះប្រាណ លើទែនទិព្វស្ថានប្រសើរសម
សារិកាក៏រិះគិតបារម្ភ ប្រឹងខំបន្លឺស័ព្ទវាចា
។
ថាយើងកំសត់អត់ចំណី គ្មានអ្វីបរិភោគក្នុងព្រឹក្សា
ខំហើរចូលមកចិត្តប្រាថ្នា សូមផលអាហារបរិភោគផង
។
កាលនោះព្រះនាងនាថនិមល កំពុងអំពល់ទល់ទុក្ខហ្មង
លុះឮសារិកាភាសាសង នួនល្អងទ្រង់បែរព្រះភ័ក្ត្រខ្មី
។
បើកព្រះនេត្រទតទៅសារិកា ទំនៅកៅវតាប្រាសាទស្រី
នាងនឹកពីភល់ឆ្ងល់សេចក្ដី ទើបមានសវនីយ៍សួរទៅថា
។
កែវអើយព្រៃព្រះហិមពាន្ត ផលព្រឹក្សសឹងមានច្រើនត្រៀបត្រា
ម្ដេចឡើយថាអត់ឃ្លានអាហារ ចូរអ្នកចរចាប្រាប់យើងផង
។
ដួងចិត្តរឹទ្ធិរង្គក្នុងសារិកា ទើបមានវាចាឆ្លើយតបស្នង
ថាយើងមិនសត្វដូចសត្វផង នួនល្អងជឿចុះកុំសង្កា
។
បងជាស្វាមីនៃវរមិត្រ នាមឈ្មោះសព្វសិទ្ធិកុមារា
ពីម្សិលទៅលេងព្រៃព្រឹក្សា នឹងអាភីលៀងជៀងជាក់ច្បាស់
។
ទៅដល់យល់ប្រើសមួយមរណា នៅក្នុងអធ្វាប្របមាត់ស្រះ
បងនឹកអរព្រួចក្នុងប្រាណណាស់ ប្រែអង្គបងផ្លាស់ដួងជីវី
។
ចូលរូបប្រើសព្រៃដែលក្ស័យនោះ ពីព្រោះបងល្បងលងរឹទ្ធិ
ហើយបោលចូលព្រៃពនាលី ប្របជើងគិរីទីបព្វតា
។
ឯរូបបងឲ្យភីលៀងចាំ ថែទាំប្រយ័ត្នសត្វហឹង្សា
ពុំគួរវាគិតចិត្តឫស្យា ដកជីវិតវាចូលរូបបង
។
រូបវា ៗ ដុតភ្លើងបង់បាត់ ស្រេចវាស្រូតកាត់មកតែម្ដង
ខ្លួនបងទុក្ខធ្ងន់ពន់កន្លង ក្ដួលក្ដៅសៅហ្មងរងវេទនា
។
ខំតែត្រាច់ចរពុំឈរឈប់ ទាំងយប់ងងឹតសន្ធិយា
លំបាកពេកពិតជិតមរណា គ្រោះជាបានជួបសារិកាស្លាប់
។
(កាលអើយកាលណោះ) សុវណ្ណកេសរល្អប្រិមប្រឹយ
បានស្ដាប់សកុណាថ្លែងច្នោះខ្មី ជឿជាចក្រីឥតសង្កា
។
ទ្រង់ព្រះវិយោគសោកខ្សឹកខ្សួល រំជួលក្ដួលក្ដៅសៅឱរា
លើកករបង្គំទូលទៅថា ឱព្រះភស្ដាម្ចាស់ប្អូនអើយ
។
ម្ដេចទុកចិត្តគេមិនគ្នេរគ្នាន់ ទាល់កើតទុក្ខទាន់ប៉ុណ្ណោះហើយ
ឥឡូវបានរូបទៅព្រងើយ ម៉្លេះហើយធ្វើម្ដេចយកវិញបាន
។
នាងលើកសកុណាជាស្វាមី ទូលលើសិរសីស្រីកល្យាណ
ជលនេត្រសស្រោកជោកអស់ប្រាណ រំខានវិយោគសោកាល័យ
។
សព្វសិទ្ធិរឹទ្ធិរង្គពូជពង្សក្សត្រ យល់ព្រះប្អូនរ័ត្នសោកសង្រៃ
លោមថាព្រលឹងមាសថ្លើមថ្លៃ សោកក្រៃនឹងក្រំជាំឱរា
។
លោមហើយដណ្ដឹងសួរទៀតទៅ ហៃពៅសំឡាញ់ពេញចិន្ដា
យប់មិញអាចោរចិត្តឫស្យា វាមកអាសនានេះដែរឬ
? ។
ព្រះនាងស្ដាប់ហើយឆ្លើយទៅថា សូមព្រះភស្តាប្រោសប្រណី
អំពីវេលានារាត្រី ខ្ញុំដឹងសេចក្ដីជាក់ក្នុងចិត្ត
។
ព្រោះឃើញកិរិយាវាប្លែកផ្សេង ប្លែកទាំងសំឡេងឫកចរិត
វាមករកខ្ញុំ ៗ មិនស្បិត ខ្ញុំគិតគេចកលកែដោះស្រាយ
។
ប្រាប់វាចាឈឺឧទរខ្លាំង ញាប់ញ័រអស់ទាំងអង្កកាយ
ហើយខ្ញុំដោះខ្លួនទៅពួនឆ្ងាយ វាក៏សោយចិត្តប្រាថ្នា
។
វាគេចទៅដេកនឹងស្នំស្និទ្ធ តាមចង់ចូលចិត្តគិតចេតនា
ពាក្យពិតច្នេះឯងមិនក្លែងថា កុំព្រះភស្ដាព្រួយបារម្ភ
។
ព្រះអង្គស្ដាប់ហើយឆ្លើយតបថា ហៃកែវកល្យាណ៍ភ័ក្ត្រសួស្ដីសម
ប្អូនអើយជាស្រីថ្លៃឧត្ដម ជាក់ចំពេញល្អក្ររកបាន
។
មានចិត្តស្លូតត្រង់នឹងភស្ដា ថាហើយសារិកាលោមកំសាន្ត
កុំសោកថ្វីឡើយស្រីកល្យាណ បងនឹងគិតអានអាថ៌ឧបាយ
។
ព្រឹកនេះចូរនាងទៅព្រាងសួរ ដោយគួរដល់វាជាលែបខាយ
ថាត្បិតចង់ដឹងរឹទ្ធិសាយ ក្លែងក្លាយប្រើបានប៉ុន្មានយ៉ាង
។
ថាតាំងពិភពប្រសព្វគ្នា ពុំឃើញឫទ្ធានោះជាតាង
ឥឡូវច្បាស់ច្បងសោះអាងខ្នាង និយាយឲ្យខាងតែបានការ
។
គង់តែវានឹងព្រមប្រាកដ ស្រីរ័ត្នស្ដាប់ហើយសោមនស្សា
រៀបអស់ចំណីឲ្យសកុណា បរិភោគអាហារឆ្អែតស្កប់ស្កល់
។
ស្រេចទើបនាងលាក់សត្វសារិកា ក្រោមទែនសុវណ្ណាប្រសើរសល់
ពុំឲ្យអ្នកផងដឹងដើមដល់ កិច្ចកល់គំនិតស្រីរ័ត្នថ្លៃ
។
ស្រេចរាជធីតាវរាវង្ស ចេញគង់ប្របទីទែនចរណៃ
ហើយថ្លែងវាទីទាំងក្រំក្រៃ ដោយអធ្យាស្រ័យប្រាយប្រាជ្ញា
។
ខ្ញុំពុំដែលឃើញឫទ្ធិព្រះអង្គ ស្ដេចទ្រង់ប្លែកផ្លាស់ព្រះកាយា
គ្រាន់តែរន្ទឺឮចេស្ដា គេថាស្ដេចដកជីវិតបាន
។
ចិត្តខ្ញុំចង់ឃើញផាក់នឹងភ្នែក យល់ជានឹងប្លែកទៅប៉ុន្មាន
បើទ្រង់អាណិតគិតរាប់អាន សូមមហាក្សត្រក្សាន្តប្រោសប្រណី
។
ភីលៀងទុច្ចរិតចិត្តមិត្រទ្រុះ នៅក្នុងរូបនោះឮក្សត្រី
ថាចង់ឃើញឫទ្ធីបារមី ភ្លើនភ្លេចស្មារតីដោយស្នេហា
។
ពីព្រោះគំនិតវាគិតគួន ចង់បានស្រីស្ងួននួនកល្យាណ៍
បាបខ្លាំងបាំងជិតបិទប្រាជ្ញា ពុំដឹងកាយាប៉ុនធូលី
។
ទើបឆ្លើយថាហៃថ្លៃវរមិត្រ មាសគិតចង់យល់កលឫទ្ធី
បងនឹងប្លែងប្លាយកាយិន្ទ្រីយ ឲ្យកែវទេពីឃើញជាស្ដែង
។
ទើបបែរប្រែប្រាប់រាជអាមាត្យ ថាឯងចូរឃ្មាតទៅចាត់ចែង
រៀបព្រះពន្លានាកន្លែង នៅទីទតល្បែងតែងឲ្យឆាប់
។
រមាំងបួនអញចេញសំដែងរឹទ្ធិ ហើយឯងចូរគិតរកសត្វស្លាប់
យកមកបំរុងឲ្យមានស្រាប់ អាមាត្យបានស្ដាប់ស័ព្ទបញ្ជា
។
ហើយក្រាបបង្គំពុំរារង់ ពុំលង់ចេញទៅហៅគ្នីគ្នា
ប្រាយប្រាប់បង្គាប់អស់មុខងារ រៀបព្រះពន្លារួចរួសរាន់
។
ខ្លះរត់ទៅរកសត្វទើបស្លាប់ រូតរះប្រញាប់ឲ្យឆាប់ទាន់
នរណរកបាន ៗ រង្វាន់ សឹងរឹតប្រព័ន្ធទៅម្នីម្នា
។
ទៅឃើញពពែមួយស្លាប់ថ្មី ទើបអស់សេនិយចៅភ្នាក់ងារ
នាំយកមកទុកមុខពន្លា ឯរាស្ត្រប្រជាក្នុងផែនដី
។
ឮថាស្ដេចស្ដែងនឹងថ្លែងឫទ្ធិ ដកយកជីវិតចូលរូបថ្មី
សឹងផ្អើលគឹកកងរំពងដី នាំគ្នាប្រុសស្រីមកមើលមីរ
។
លុះដល់ម៉ោងបួនជួនវេលា ភីលៀងនោះវាចេញចាកទី
ទែនទិព្វស្អាងស្អាតប្រាសាទមណី ហើយហៅទេវីរាជកញ្ញា
។
ថាហៃមាសស្ងួននឹមនួនល្អង អញ្ជើញមើលបងល្បងមើលរ៉ា
ឲ្យឃើញជាក់ច្បាស់រឹទ្ធចេស្ដា ថាហើយយាត្រាចេញពុំលង់
។
ព្រះនាងស្ដែងស្ដាប់ស័ព្ទអភិប្រាយ ត្រេកអររួសរាយទើបឆោមយង់
វិលចូលក្នុងទែនទីភិម- ង្គលគាប់គួរគង់ទៀបសារិកា
។
នាងយកប្រអប់មាសមណីរ័ត្ន ហើយលើកព្រះហត្ថទាំងទ្វេហារ
ថ្នាក់ថ្នមចមចក្រសកុណា ជាព្រះភស្ដាស្វាមីភ័ក្ដិ
។
ដាក់ក្នុងប្រអប់សុវណ្ណា ទើបហៅស្រឹង្គារជំនិតម្នាក់
កាន់តាមឆោមយង់អនង្គល័ក្ខណ៍ ចេញចាកដំណាក់រួសរាន់ខ្មី
។
ពុំឲ្យអ្នកណាដឹងដើមដល់ កិច្ចកលយល់ផងជាពីរបី
ស្មានជាប្រអប់ដាក់ព្រះស្រី ដូចកាលប្រក្រតីសព្វមួយដង
។
លុះដល់ពន្លាទើបឆោមយង់ នាងឡើងទៅគង់ពុំផ្សូរផ្សង
មន្ត្រីតូចធំក្រុមគ្រប់កង ប្រជាជនផងច្រើនតាន់តាប់
។
ជ្រៀតជ្រែកជែកគ្នាជាប្រពូន ពកូនពចៅទៅខ្នាន់ខ្នាប់
ចាំមើលរឹទ្ធីស្ដេចស្រេចស្រាប់ គឹកកងអឹងអាប់សព្ទកោលា
។
ភីលៀងពាលោចោរទុច្ចរិត វាដកដួងចិត្តចាក់រូបា
ចូលខ្មោចពពែគ្រានោះណា រួចរស់ជីវារំពេចភ្លាម
។
លោលោតបោលផ្លោតផ្លោះភ្លៀវភ្លែត ដោយហេតុវិទ្យាផ្លាស់រូបនាម
ពពែសត្វសុទ្ធរត់ទន្ទ្រាម មនុស្សផងសឹងតាមមើលដាសដឹត
។
សុវណ្ណកេសរល្អវិលាស បើកប្រអប់មាសឆាប់ដូចចិត្ត
ឯអង្គពង្សពោធិសព្វសិទ្ធិ ទ្រង់រឹទ្ធដកដួងហ្ឬទ័យា
។
ចេញពីសកុណៃវៃពុំលង់ ចូលក្នុងរូបអង្គព្រះរាជា
ក្រោកឡើងតន្ត្រំព្រះបាទា ស្រែកថាពះវាចោរទុជិន
។
អាសត្វពពែនេះពេញក្បត់ ត្រូវបទអយ្យកាជាទម្ងន់
តាមទោសវានោះខុសលើសលន់ មន្ត្រីគួរគន់គិតតាមការ
។
ត្រាស់ភ្លាងនាំនាងអគ្គមហេសី នៅស្រីព្រះស្នំក្រមបរិវារ
ឡើងលើប្រាសាទប្រសើរថ្លា ឡើងគង់អាសនាទែនសុរិកាន្ត
។
ឯអស់ចតុរង្គអង្គសេនា បានឮឱង្ការមហាក្សត្រក្សាន្ត
នឹកឆ្ងល់ពីភាល់តែគ្រប់ប្រាណ ពពែនេះមានហេតុទោសអ្វី
។
តែថាជាការណ៍ត្រាស់បង្គាប់ ត្រូវធ្វើតាមច្បាប់កុំប្រណី
ត្រូវបទអយ្យកាស្ថានទីបី ត្រូវកាត់សិរសីពុះឱរា
។
គិតស្រេចបង្គាប់ឲ្យពេជ្ឈឃាត ថាឯងចូរឃ្មាតគិតតាមការ
ចាប់សត្វពពែធ្វើទោសា តាមព្រះអាជ្ញាជាប្រញាប់
។
ពេជ្ឈឃាតឮហើយស្រែកហៅគ្នា ព័ទ្ធចោមចាប់វាបានស្រេចស្រាប់
ពពែបំរះដួលថ្ងារផ្កាប់ គិតថាអញស្លាប់គ្រានេះម្ដង
។
ហើយប្រឹងសម្លឹងមើលសព្វស្ថាន ក្រែងមានសត្វស្លាបនឹងគិតប៉ង
ដកចិត្តទៅចូលរូបទៀតផង តាមដោយបំណងឲ្យរាន់រួស
។
រកមើលពុំមានសត្វក្សីណក្ស័យ រឹងរឹតសង្ស័យភ័យញ័រពោះ
រំពឹងគិតថាឱកម្មគ្រោះ ពីព្រោះខ្លួនឯងវង្វែងខ្លាំង
។
ប្រែចិត្តទុជ៌នពន់ប្រមាណ ហៅហ៊ានចូលរូបគេហើយតាំង
លើកខ្លួនជាតាងអាងបំបាំង ប្រណាំងវាសនាឲ្យគេក្ស័យ
។
ពេលនេះផលកម្មប្រចាំភេទ ទិដ្ឋធម្មវេទបណ្ដោយដៃ
ផ្ដល់ផ្ដាច់កាច់កិនមិនសំចៃ ម្ល៉េះនឹងប្រស័យជន្មជីវា
។
អស់ពួកពេជ្ឈឃាតឃ្មាតចាប់ចង ខ្ជាប់ខ្ជួនជាម្ដងគ្មានមេត្តា
លុះដល់ទៅទីធ្វើទោសា នាំគ្នាប្រហារកាត់សិរសី
។
ហើយពះដើមទ្រូងរូងយកថ្លើម មុខគួរឲ្យស្បើមខ្លាចពេកក្រៃ
ភីលៀងទុជ៌នក៏ក្សិណក្ស័យ ធ្លាក់ទៅរងភ័យនរកជ្រៅ
។
ដោយកម្មគិតក្បត់អកតញ្ញូ រងទុក្ខជាយូរលង់និត្យនៅ
ស៊ីតែឈាមខ្ទុះនោះរៀងទៅ ព្រោះចិត្តឃោឃៅក្រៅធម្មា
។
ឯជនកំឡុងក្នុងក្រុងក្រៃ សុទ្ធសឹងសង្ស័យតែរាល់គ្នា
ពុំដឹងដើមដល់កលរាជា ទ្រង់ព្រះក្រោធាពីហេតុអ្វី
។
នាងនាថសុវណ្ណកេសរថ្លៃ យល់ព្រះភូវនេយ្យចមចក្រី
ចូលរូបអង្គប្រាណបានវិញខ្មី ក្សត្រី ត្រេកអរឥតឧបមា ។
ព្រះចៅសព្វសិទ្ធិរិទ្ធីហាន នឹងនាងកល្យាណគ្រងរដ្ឋា
នូវព្រះចមពង្សអង្គបិតា ក្សេមក្សាន្តសុខាទាំងពីរប្រាណ
។
សុរាង្គនាងស្នំក្រមកំណាន់ ប៉ែតម៉ឺនសែនពាន់ពេញព្រះស្ថាន
គាល់ហៅបំរើមហាក្សត្រក្សាន្ត ពុំដែលខាតខានមួយទិវា
។
នាម៉ឺនចតុរង្គអង្គនិកាយ ក្សេមក្សាន្តសប្បាយនីរោគា
ទាំងស្រុកតូចធំនិគមា ក្នុងព្រះភារាអាណាចក្រ
។
បង្កើតភ្លៀងឱរជោរជោកជាំ តាមរដូវឆ្នាំពុំដែលអាក់
សារពើដំណាំដាំដោតដាក់ បានផលអន័ត្ឃអនេកក្រៃ
។
ពុំមានឃ្លានអត់កំសត់ក្រ ទាំងស្រូវអង្ករក៏ធូរថ្លៃ
ចោរក្មួយក៏ស្ងប់ទាំងយប់ថ្ងៃ អាស្រ័យរកស៊ីតាមសម្មា
។
ឯអង្គពូជពង្សព្រះទ្រង់រិទ្ធិ ប្រកបទសពិធដប់ប្រការ
ស្ដេចទាំងរយមួយនាំសួយសារ មកថ្វាយព្រះមហាក្សត្រថ្កើងថ្កាល់
។
ថ្លែងពីព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិសុខសែនសល់
ប្រជួនប្រជួបព្រះជន្មដល់ ទសពលទ្រង់ព្រះជរាពាធ
។
ប្រឈួនព្រះរោគរឹតតែខ្លាំង ជាហេតុអនិច្ចំពុំឃ្លៀងឃ្លាត
រំលាងជីវន្តជន្មខន្ធធាតុ ប្រែជាតិទៅកើតត្រៃត្រឹង្សា
។
គ្រានោះកុសុមាជាមហេសី នូវរាជបុត្រីស្រីបរិវារ
មន្ត្រីសេនីយនូវសេនា សឹងសោយសោកាសព្ទអឹងកង
។
ដោយក្ដីអាល័យក្រៃពេកពិត រលឹកនឹកគិតក្សត្រច្បាស់ច្បង
ហើយប្រាមប្រាប់អស់រាស្ត្រទាសផង កាន់ទុក្ខទាល់ឆ្លងបុណ្យព្រះសព
។
ព្រះពង្សពោធីទីឧបរាជ ទ្រើសទ្រង់អំណាចលើសដែនភព
ចេញត្រួតបង្គាប់ប្រាប់ប្រារឰ ត្រាស់សព្វពួកក្រុមខាងមេការ
។
ឲ្យសងព្រះមេរុមាសមណ្ឌល ទីតាំងព្រះសពធ្វើបញ្ចា
ក្បូរក្បាច់រំលេចរចនា មានភួងបុប្ផាចងរាយរៀង
។
រោងជួរជុំវិញពេញប្រកិត បាំងបិទឡាប់ឡែក្បែររបៀង
របបប្រុងប្រៀបរៀបឥតល្អៀង យប់អុជចង្កៀងភ្លឺព្រោងព្រាយ
។
ហើយចាត់ឲ្យមានល្បែងមហោស្រព លេងទាំងថ្ងៃយប់ដោយឡែកលាយ
គ្រឿងហែសឹងរូបសត្វសម្ទាយ ប្រើសទ្រាយសិង្ហតោគោមហិង្សា
។
លុះរៀបរួចគ្រប់នាំសពចេញ មន្ត្រីពាសពេញហែត្រៀបត្រា
សុទ្ធសឹងតែងតាមយសសក្ដា គឹកកងកោលាដោយបារមី
។
ហែដល់លើកដាក់លើមណ្ឌប ដម្កើងព្រះសពក្សត្រធិបតី
និមន្តព្រះសង្ឃទាំងបូរី ថ្វាយទានប្រក្រតីរាល់វេលា
។
បង្សុកូលទេសនាទាំងថ្ងៃយប់ លុះជួបគំរប់សត្តទិវា
ទ្រង់ឲ្យប្រជុំក្រុមមុខងារ រួសរៀបបូជាព្រះសពស្រេច
។
រើសព្រះអដ្ឋិដាក់កោដ្ឋមាស រូចីវិលាសមាសល្អដាច់
សឹងតែចម្លាក់ធ្លាក់ក្បូរក្បាច់ ហើយស្រេចឲ្យសាងព្រះចេតិយ
។
រួចទើបដង្ហែព្រះធាតុទៅ បញ្ចុះនិត្យនៅចេតិយថ្មី
ស្រេចការពុំលង់អង្គចក្រី នាំអគ្គមហេសីស្រីស្រឹង្គារ
។
ចូលកាន់មន្ទីរទែនមណ្ឌល ពុំមានអំពល់ទុក្ខភ័យា
ទើបអស់ចតុរង្គអង្គយោធា ជំនុំព្រមគ្នាទាំងផែនដី
។
អញ្ជើញពិពង្សអង្គមហាក្សត្រ ឲ្យគ្រងសម្បត្តិក្នុងបូរី
ទ្រង់លើកព្រះនាងនាថក្សត្រី ជាអគ្គមហេសីសិរីរ័ក្ស
។
ព្រះអង្គស្ដេចបានស្ថានពិភព បារមីលើសលប់ចប់ត្រៃច័ត្រ
ព្រះកិត្តិយសខ្ពស់អន័គ្ឃ អតិរេកឯកអគ្គឧត្តមំ
។
ប្រកបព្រះទ័យអភ័យទោស សន្ដោសអំណត់អត់សច្ចំ
សច្ចាដោយចិត្តទ្រង់គិតតាំង ប្រោសសត្វសង្ខេយ្យំដែលខាំងខាន
។
ទ្រង់សីលសទ្ធាទិគុណខ្ជាប់ ចាយព្រះរាជទ្រង់ឥតប្រមាណ
បំពេញកុសលផលបុណ្យបាន បរិបូណ៌ក្សេមក្សាន្តក្នុងភារា
។
គ្រប់ទីប្រទេសនិវេសន៍ស្ថាន ពុំហ៊ានប្រឡងព្រះរាជា
ចរចូរមូលមកថ្វាយវន្ទា ពឹងព្រះសម្ភារពោធិវង្ស
។
ព្រះអង្គគ្រប់គ្រងរាជសម្បត្តិ សម្បូណ៌ពេកក្ដាត់ជាយូរលង់
នែបនឹងមហេសីស្រីឆោមយង់ ទ្រើសទ្រង់ព្រះជន្មប្រជួបបាន
។
មួយរយម្ភៃព្រះវស្សា ទើបមហាក្សត្រថ្លៃថ្កើងថ្កាន
ទ្រង់ព្រះអាពាធបៀតអង្គប្រាណ ក្សត្រក្សាន្តសោយព្រះវិលាល័យ
។
ទៅកើតក្នុងឋានតុសិតា មានមហាប្រាសាទខ្ពស់ត្រឈៃ
ប្រាំដណ្ដប់យោជន៍យល់ប្រពៃ និរភ័យនិរទុក្ខសែនសុខា
។
ចុះចាកច្យុតស្រុតចុះមក យោនយកកំណើតជាមនុស្សា
ជួនចក្រពង្សវង្សក្សត្រា ជួនជាសេនាបតីផង
។
វិលកើតវិលស្លាប់រាប់យូរក្រៃ ច្រើនអសង្ខេយ្យពេកកន្លង
តាមដោយផលកម្មដែលចាំចង បំណងនៃវដ្ដសង្សារា
។
កំណើតអនិច្ចំតាំងពុំទៀង ជួនល្អៀងមិនល្អដោយយថា
កម្មកើតអំពីទីតណ្ហា ជួនណាកើតជាមនុស្សក្រក្រៃ
។
ជួនកាលកើតជាសត្វម្រឹគា ជួនណាកើតជាសត្វបក្សី
ជាព្រហ្មទេវតានាគភពត្រៃ តែពង្សជិនស្រីប្រល័យខ្ជាប់
។
ប្រឹងខំសន្សំសាងសីលទាន ពុំដែលខ្ជិលតាមដោយទំលាប់
យោនយកកំណើតកើតគួរគាប់ មិនត្រូវអភ័ព្វប្រាំបីស្ថាន
។
ព្រះអង្គបំពេញទសបារមី បរិបូណ៌ឥតបីខ្វះខាតខាន
ចតុរាសង្ខេយ្យកំរៃបាន សែនកប្បអវសានបំផុតជាតិ
។
ស្ដេចលះសម្បត្តិតុសិតា មកចាប់ជាតិជាព្រះសិទ្ធាថិ
ចេញទ្រង់បព្វជិតពុំគិតញាតិ ខំឃ្មាតសង្វាតសាងចរិយា
។
បានត្រាស់ចំហុតជាពុទ្ធអង្គ ហើយទ្រង់សំដែងធម៌ទេសនា
ប្រោសសត្វច្រើនលន់អនន្តា ដាក់ដល់ថ្នល់មហានិព្វានពិត
។
ទើបព្រះសាស្ដាចរិយវង្ស ស្ដេចទ្រង់និទានរឿងសព្វសិទ្ធិ
ដោយបទគាថាជាអតីត សកុណាជាតិជិតវិត្ថារា
។
លុះជួបគំរប់ចប់គ្រប់គ្រាន់ តាមជាន់ជាតកដោយប្រការ
ទ្រង់ទ្រើសប្រមូលរួមជាតា នាំមកទេសនាជាបរិយាយ
។
ភិក្ខុអើយ ! ភីលៀងចោរទ្រុះក្បត់ កើតជាទេវទត្តគាត់អន្តរាយ
ព្រះធរណីស្រូបទាំងរូបកាយ ធ្លុះធ្លាយធ្លាក់ដល់មហាអវចី
។
ព្រះបាទព្រហ្មទត្តមហាក្សត្រា ចេះវិលរឹងជាគហបតី
អនាថបិណ្ឌិកមហាសេដ្ឋី ឧបដ្ឋាកជិនស្រីសម្ពុទ្ធា
។
កុសុមានាងនាថពុំឃ្លាតឃ្លៀង ជាក់ជៀងជួបជួនចាប់ជាតិជា
នាមនាងពលីកាសមសោភា កបដោយអភិញ្ញាសម្មាបត្តិ
។
កោណ្ឌញ្ញសេដ្ឋីជាបិតា នៃព្រះកុមារចេរវិលថ្វាត់
ជាព្រះសុទ្ធោទន៍មហាក្សត្រ បានលុះអរហត្តកាត់សង្ខារ
។
ខេមាភរិយានៃកោណ្ឌញ្ញ ចេរវិលវឹងវិញដោយយថា-
កម្មបានមកជាពុទ្ធមាតា នាមនាងមហាមាយាថ្លៃ
។
សុវណ្ណកេសរបវរមិត្រ យោនយកជាតិជិតជាកន្សៃ
សាព៌េជ្ញលើសលុបទាំងភពត្រៃ នាមនៃព្រះនាងនាថពិម្ពា
។
ព្រះមហាសព្វសិទ្ធរឹទ្ធីរង្គ គឺអង្គអញត្រាស់ច្បាស់ធម្មា
ប្រោសសត្វសុសសព្វភូមិភពភារ ដាក់ដល់ថ្នល់នាមហានិព្វាន
។
សាធុនរៈជាតិទាំងឡាយ ចូរស្ដាប់បរិយាយរឿងនិទាន
សកុណាជាតកទុកទូន្មាន គ្រប់ប្រាណសប្បុរសទាំងប្រុសស្រី
។
គ្រាន់មើលគ្រាន់ស្ដាប់ត្រាប់ត្រងរង ទំនងទំនើបទើបតែងថ្មី
ក្រែងជួនពុំចំសមសេចក្ដី សំចៃអត់ទោសប្រោសមេត្តា
។
ត្បិតខ្ញុំលើកពាក្យពិបាកណាស់ ខុសខ្លះត្រូវខ្លះតាមតែថា
បន្លែបន្លាយល្បាយវោហារ តែងតាមប្រាជ្ញាអធ្យាស្រ័យ
។
ហើយច្រើនតែពាក្យល្អៀងឃ្លៀងឃ្លាត សម្ផប្បលាវាទវាចាក្រៃ
ក្រែងជួនជាប់ទោសជាបច្ច័យ និស្ស័យវាសនាអនាគត
។
សូមទានស្មាលាវេរាកម្ម កុំឲ្យចងចាំរួចផុត
មគ្គផលឯណាជាសុខសុទ្ធ សូមបានចំហុតដល់អញខ្ញុំ
។
បើអ្នកណាស្ដាប់ចាប់ចូលចិត្ត តាមរឿងសព្វសិទ្ធិជាសុខុម
បើឃើញខាតខុសលោះដោយដុំ សូមសុំជួយថែមកែមវាចា
។
បើកែមានតែឲ្យជាងនេះ ប្រសិនមិនចេះកុំចង់ថា
រឿងនេះចែងចប់សព្វប្រការ ឥតិបការានិដ្ឋិតំ
។
រឿងសព្វសិទ្ធិ
ចប់ប៉ុណ្ណេះ ។
Hi,
ReplyDeleteHow could I download this story រឿងសព្វសិទ្