លោកអ្នកអានធ្លាប់បានជ្រាបមកហើយ
នូវជីវៈប្រវត្តិលោកវិសេស ដូង
ដែល
លោកបណ្ឌិតមហា ឈឹម – ស៊ុម បានស្រាវជ្រាវ
ហើយរៀបរៀងចុះផ្សាយក្នុង
ទស្សនាវដ្ដី "កម្ពុជសុរិយា" កាលពី
គ. ស. ១៩៦៨ ហើយក្នុងប្រវត្តិនោះបាន
ចង្អុលបង្ហាញថា លោក
វិសេស ដូង បានសរសេរ ល្បើកអក
នេះឯង ជាស្នាដៃ
សំខាន់របស់លោកផង ។
ដូច្នេះនៅវេលានេះ
ខ្ញុំបានស្រាវជ្រាវយកអត្ថបទ "ល្បើកអក" មកចម្លងពី
សាស្ត្រាស្លឹករឹត ហើយចុះផ្សាយក្នុងនេះ ដើម្បីបញ្ជាក់ជូនអ្នកអានឲ្យបានជ្រាប
ច្បាស់អំពីស្នាដៃរបស់កវីដ៏ឆ្នើមខ្មែរយើងនេះ
។
លី - ធាមតេង
ពាក្យ ៧
នេះនឹងថ្លាថ្លែងចែងសាសង លើកតាមទំនងល្បងប្រាជ្ញា
ប្រាំពីរពាក្យពិតគិតបួនឃ្លា ចងជានិទានមានសេចក្ដី
។
គ្រានោះមានសត្វអកទាំងគូ នៅភ្នំឥសូរមានកូនខ្ចី
តែងត្រេចជជ្រករកចំណី មកចិញ្ចឹមនៃកូនប្រពន្ធ
។
លុះដល់ខែចេត្រជួនរីងរាំង គោកអស់ត្រពាំងគ្មានជោរជន់
សត្វអកទាំងពីរកើតទុក្ខធ្ងន់ នឹងត្រេចរកគន់ត្រីពុំបាន
។
ហើរមកប្រឈមមើលមុខគ្នា ថាឱអនិច្ចាកូនកល្យាណ
ម៉្លេះសមបានឹងស្រេកអត់ឃ្លាន គឺកម្មបុរាណមកទាន់ហើយ ។
សត្វអកទាំងពីររីងស្គមពេក ក្រឡេកមើលមេឃឆ្ងាយនៅឡើយ
ឱយើងដាច់ពោះស្លាប់ដឹងអើយ កម្មអើយមកឲ្យរងវេទនា ។
ហើយមកនិយាយនឹងប្រពន្ធ ថាហៃប្អូនតន់ស្ងួនពុំងា
បងនឹងចង់ត្រេចចរលីលា ទៅរកបច្ឆានឹងបរិភោគ
។
ចូរប្អូននាងនៅរក្សាកូន ឲ្យមូលនឹងខ្លួនកុំវិយោគ
បងទៅរកបានបងវិលមក ប្អូនកុំសោយសោកនឹកបងឡើយ
។
គ្រានោះអកញីសោតបានស្ដាប់ ឮប្ដីប្រាយប្រាប់ដូច្នោះហើយ
ត្រេកអរក្នុងចិត្តថាអ្នកអើយ ទៅហើយអ្នកវិលមកឲ្យឆាប់
។
ផ្ដាំថាឈើពុកអ្នកកុំទំ ត្រីណាធំ ៗ
អ្នកកុំចាប់
ក្រែងវានាំរត់លិចលង់ស្លាប់ ទៅហើយប្រញាប់វិលវឹងផ្គង
។
គ្រានោះអកឈ្មោលកាងស្លាបហើរ ក្នុងចិត្តស្ទាក់ស្ទើរកាត់រំលង
ដល់វាលហើយខំហិចហើរឆ្លង រំលងវាលនោះចូលព្រៃធំ ។
ឮតែសម្លេងសត្វទៀវទោច យាសយំលន្លោចស្ងាត់ជ្រងំ
តាវ៉ៅស្រែកឆ្លងដងព្រៃភ្នំ បានមុំមាសមកសមសប្បាយ
។
បងមើលឯអស់សត្វហ៊ូពូ ទំទឹមទាំងគូពុំព្រាត់ព្រាយ
លលកចាប់ព្រៃផងទាំងឡាយ ហើរសាយគគ្រឹកក្នុងព្រឹក្សា
។
ឱហង្សទាំងគូហើរត្រសង កម្មអ្វីអញបងមកកំព្រា
ត្រេចហើរម្នាក់ឯងឥតគ្នីគ្នា ចរចាហើរលេងពុំសប្បាយ
។
ស្រណោះរៃយំកណ្ដាលទួល បើអញបានមូលប្អូនឆោមឆាយ
នឹងនាំមើលឈើផងទាំងឡាយ និយាយប្រាប់ប្រាយឲ្យសព្វគ្រប់
។
ឱផ្កាកំភ្លឹងរឹងតែរីក រំចេកស្លាកែកក្រអូបឈ្ងប់
រាប់អស់ព្រឹក្សាផងពុំសព្វ គេសឹងដឹងគ្រប់សព្វសាស្ត្រា
។
អកហើរឆ្លងព្រៃដល់ទៅបឹង ឃើញគេទ្រហឹងចាប់មច្ឆា
អកហើរបន្ទាបឱនសិរសា ប្រាថ្នានឹងសូមត្រីបរិភោគ
។
អ្នកអើយអ្នកអកអ្នកនៅបឹង ចូរអ្នកកុំខឹងខ្ញុំសូមជ្រក
ឲ្យទានត្រីសាច់គ្រាន់បរិភោគ អធ្យោគឲ្យខ្ញុំរកស៊ីផង
។
គ្រានោះអកបឹងឆ្លើយទៅថា អ្នកមកពីណានែអ្នកបង
ចូរប្រាប់មកខ្ញុំតាមទំនង សាសងឲ្យអស់គ្រប់សេចក្ដី
។
ទើបអកភ្នំឆ្លើយទៅវិញថា ខ្លួនខ្ញុំនេះជាអ្នកក្រក្រី
នៅក្នុងព្រៃភ្នំគ្មានបានអ្វី ស៊ីជាចំណីដល់តិចឡើយ
។
ទឹកសោតក៏គោកស្ងួតសោះធេង ដីបែកក្រហែងគ្មានសល់ឡើយ
បានជាហើរមកណាអ្នកអើយ កម្មអើយស្ទើរស្លាប់កូនប្រពន្ធ
។
អកបឹងឮថាអាណិតពេក កម្មអ្វីចំឡែកក្រលើសលន់
នឿយព្រួយលំបាកយ៉ាកអាប់ចុន កែកុនគិតមករកចំណី ។
អ្នកនៅបឹងនេះក្រែងពុំបាន ត្រីពុំសូវមានក្រណាស់នៃ
ទៅរកបឹងទៀតក្រៅដទៃ មានត្រីច្រើនងាយនឹងបរិភោគ
។
ទៅចុះខ្លួនខ្ញុំនឹងជូនទៅ ដល់ហើយអ្នកនៅខ្ញុំវិលមក
តាមតែរកស៊ីដោយឈូងឆក លៃលកឲ្យបានផ្ញើប្រពន្ធ
។
គិតហើយអកហើរទៅទាំងសង ហើរកាត់រំលងដែនដំបន់
ដល់បឹងធំឆ្ងាយទូលាយលន់ ហើយគន់មើលសព្វគ្រប់ទិសា
។
ហើយអ្នកដែលជូនត្រឡប់ទៅ ដល់ទីលំនៅឋានអាត្មា
ចូលទៅនែបនៅនឹងភរិយា ក្សេមក្សាន្តសុខាឥតអំពល់
។
ថ្លែងពីអកភ្នំទំមាត់បឹង គន់គិតជញ្ជឹងនឹកខ្វាយខ្វល់
ហើយហើរចរចុះទៅបានដល់ យង់យល់អកបឹងទំត្រៀបត្រា
។
ទើបអកភ្នំទៅនិយាយសុំ ត្បិតខ្ញុំមកនេះអត់អាហារ
យូរថ្ងៃស្គាំងស្គមទាំងកាយា សូមរកភោក្ដាដោយសារអ្នក
។
គ្រានោះអកបឹងស្ដាប់សំដី សួរសាកទៅខ្មីដោយស្មោះស្ម័គ្រ
និយាយរស់រាយពាក្យរាក់ទាក់ ថាអ្នកអកមកពីឋានណា ។
ចូរអ្នកប្រាប់មកជាដំណឹង ឲ្យយើងបានដឹងដោយវាចា
អកមកសូមសុំរកភោក្ដា យើងក៏មេត្តាព្រមឲ្យអ្នក
។
ចូរមកបរិភោគកុំបារម្ភ មច្ឆាតូចធំតាមចិត្តស្ម័គ្រ
កុំមានកោតក្រែងឡើយណាមក រកបរិភោគភក្សតាមចិន្តា ។
អកភ្នំត្រេកអរមុខរីករាយ និយាយប្រាប់ប្រាយពីអាត្មា
ខ្ញុំនៅព្រៃភ្នំអត់អាហារ ខំស្វែងយាត្រាមកដល់អាយ
។
ត្បិតបឹងត្រពាំងឯព្រៃភ្នំ រីងបឹងតូចធំទោះជិតឆ្ងាយ
មច្ឆាតូចធំផងទាំងឡាយ អន្តរាយវិនាសស្លាប់គ្មានសល់
។
អកបឹងស្ដែងស្ដាប់គ្រប់សេចក្ដី មានចិត្តមេត្រីនឹកខ្វាយខ្វល់
បបួលអកភ្នំទៅបានដល់ ទីដែនមណ្ឌលដើររកស៊ី
។
អកបឹងត្រឡប់វិលមកវិញ អកភ្នំនោះមិញចាំនៅទី
ត្រីឆ្ដោហែលមកទាំងឈ្មោលញី អកធ្វើមមីលោកភ្ញាក់ខ្លួន
។
អកលោស្ទុះផាងទៅនឹងចាប់ ត្រីនោះបានខ្ជាប់នាំលេចលូន
អកប្រឹងទទះភ័យរឹងខ្លួន ឱប្រពន្ធកូនសមកំព្រា
។
អកភ័យស្លាំងស្លឹងភ្នែកសព្រាត ខំប្រឹងសង្វាតស្ទុះម្នីម្នា
ទទះរបូតរួចហើយណា អកប្រឹងប្រវាដល់មាត់បឹង
។
ហើយទំកំប្រោនឱនកក្ងក់ មុខស្លាំងស្លឺតស្លក់នៅទ្រមឹង
កំព្រារងានៅក្បែរឆ្អឹង រំពៃរំពឹងនឹងគិតគន់
។
ថាឱអនិច្ចាខ្លួនអញពេក កម្មអ្វីចំឡែកក្រលើសលន់
ខំស្វែងម្នាក់ឯងចោលប្រពន្ធ សមនឹងបង់ជន្មមិនលែងឡើយ
។
ឃើញត្រីសង្វាតចាប់នឹងស៊ី រួចទៅទទេហែលព្រងើយ
វានាំខ្លួនឯងលិចលង់ហើយ អញអើយកុំអីស្លាប់អសារ
។
អកមានកំឡាំងហិចហើរទៅ ឃើញអកញីនៅលើរុក្ខា
មេម៉ាយស្លាប់ប្ដីនៅឯកា កំព្រាកំព្រនតែម្នាក់ឯង
។
អកភ្នំហិចហើរចូលសំដៅ ដល់ហើយទំនៅគិតថ្លាថ្លែង
និយាយចំអន់ចំអកលេង ចាចែងទៅថានែនាងអក
។
នាងនៅម្នាក់ឯងអង្គឯកា ឥតគូកំព្រាបងសូមជ្រក
ផ្ញើខ្លួនលើប្អូនសូមអធ្យោគ បងមកសង្វាតរកអាហារ
។
សូមឲ្យប្អូនមាននាងអាណិត រំពឹងរិះគិតក្នុងប្រាជ្ញា
ថាម្ដេចថាចុះឲ្យឃើញការ ចិន្តាបងអ្នកចង់ស្គាល់ប្អូន
។
ទើបអកញីស្ដាប់សងវាចា ខ្លួនខ្ញុំនេះជាស្រីសុទ្ធសូន
ពុំគួរមកពឹងពំនាក់ប្អូន ផ្ញើខ្លួនដូច្នោះយល់ពុំសម
។
ខ្លួនខ្ញុំមានប្ដីស្លាប់ចោលទៅ មេម៉ាយមកនៅដូចក្រមុំ
កំព្រារងាដោយព្យុះធំ អ្នកអើយអ្នកកុំក្រែងសៅហ្មង
។
មានពាក្យដំនៀលអាស្រូវភាស ខ្មាសអស់ទាំងផ្ដាសគេថាឆ្គង
មេម៉ាយយកប្រុសមកនៅផង កុំចុះអ្នកបងក្រែងកើតវរ
។
ទើបអកភ្នំសងសព្វសេចក្ដី ឮពាក្យប្អូនស្រីស្ដីគឃរ
ត្រូវពិតប្រាកដយើមែនហ្ន៎ បារម្ភថ្វីនឹងវរប៉ុណ្ណោះឡើយ
។
បងសោតពោះម៉ាយស្លាប់ប្រពន្ធ ដូចប្អូនមាសតន់ដែរបងអើយ
ស្វែងស្វះលាកលះមកជាឈ្លើយ កែវអើយចូរប្អូនអាសូរបង ។
បងនឹងសូមចងជាមេត្រី នឹងប្អូនស្រស់ស្រីជាគូគ្រង
តាមតែអាណិតចិត្តចុះហោង មាសបងសោតប្អូនស្ងួនកំព្រា
។
ទើបអកមេម៉ាយឆ្លាសឆ្លើយទៀត ថាអ្នកកុំបៀតហ៊ានពុះពារ
លួងលោមបញ្ឆោតឲ្យបានជា សង្សារហើយណាបែរដោះដៃ ។
ខ្លួនខ្ញុំពុំសូវជាចេះឆោត ឲ្យអ្នកបំពោតដូចអស់ស្រី
ណ្ហើយចុះប្រុសអើយកុំបេតី អ្នកទៅរកស្រីឯទៀតវិញ
។
ខ្លួនខ្ញុំពុំបានព្រមនឹងអក ជាគូររួមរក្សហាក់បណ្ដេញ
ទៅចុះតាមចិត្តរើសស្រឡាញ់ អកច្រើននៅពេញតែមាត់បឹង
។
អកភ្នំឮហើយសើចបិទមាត់ ថាឱគេកាត់ចោលសោះដឹង
អង្វរទៅថាប្អូនកុំខឹង ជញ្ជឹងស្ដាប់បងនឹងប្រាយប្រាប់
។
អំពីដំណើរបងស្រឡាញ់ ស្រីច្រើនពាសពេញមិនមានចាប់
ចិត្តបងស្រឡាញ់ជាគូរគាប់ ឃើញប្អូនទ្រនាប់ត្រូវចិត្តបង
។
បងបានជាស្ម័គ្រនឹងប្អូនស្រី សូមប្អូនប្រណីមេត្រីបង
កុំអាលក្រេវក្រោធសោតរំលង មានបង បងនឹងផ្ញើជីវិត ។
នាងអកឮសូរសព្វសំដី មានចិត្តមេត្រីនឹកអាណិត
កែជាពាក្យក្រៅថាមិនស្បិត ប៉ុន្តែឯចិត្តស្រឡាញ់ណាស់
។
នឹងព្រមទៅហាក់អៀនរឹងមាត់ ហើយខុសបន្ទាត់នឹងច្បាប់ចាស់
លោកតែងទុកមកឲ្យដឹងច្បាស់ ទាំងក្មេងទាំងចាស់រក្សាកេរ្តិ៍
។
នាងអកអៀនឱនធ្វើមមិច បើធ្មេចបព្រិចភ្នែគមមី
អកភ្នំដើរចូលជិតទៅទី អញញីថាយើពេញចិត្តធំ
។
ជិនណាស់កុំមកលេងវឹកវរ យើងមិនស្រីចោរចើកក្រមុំ
ហ៊ានស្ទុះមកឈរជិតទន្ទឹម សុខុមធ្វើមុខវាហើយសោះ
។
នាងអកច្រានផាងថាចុះទៅ កុំអ្នកមកនៅធ្វើនេះនោះ
អញ្ជើញទៅស្រុកវិញទៅចុះ ធ្វើយ៉ាងដូច្នោះមិនព្រមឡើយ
។
អកភ្នំថាឱអកុសលកម្ម នានាំអញមកដល់ស្រីហើយ
បានតែជួបមុខទុក្ខគ្មានស្បើយ ប្អូនអើយណ្ហើយចុះតាមបុរាណ
។
បើប្អូនបណ្ដេញបងចុះទៅ បងនឹងខំនៅម្ដេចនឹងបាន
ចិត្តគេតោះតើយស្បើយក្នុងប្រាណ នឹងទៅបំពានម្ដេចបានឡើយ ។
ន៏នែ
! ប្អូនបែរមកឯអាយ បងនឹងនិយាយលាប្អូនហើយ
ចូរប្អូននាងនៅឲ្យល្ហែល្ហើយ ប្អូនអើយនាងនៅឲ្យសាន្តសុខ
។
ត្បិតបងបានជាអភ័ព្វហើយ ប្អូនអើយបងលាប្អូនទៅស្រុក
កុំនឹកដើមបងក្រែងវាឃ្លុក នាងអកកើតទុក្ខពុំស្ដីសោះ
។
អកភ្នំផ្ដាំស្រេចហើយបើកស្លាប ដាក់ក្បាលទន្ទាបធ្វើនឹងស្ទុះ
អកញីចឹកស្លាបនឹងជំពុះ ថានែអ្នកប្រុសកុំអាលទៅ
។
អកភ្នំបែរមុខវិលមកវិញ ថាប្អូនសំឡាញ់ចិត្តឆោមឆ្លៅ
ប្អូនឃាត់បងថ្វីមិនឲ្យទៅ ឬទុកបងនៅជាគូគ្រង
។
នាងអកអៀនឱនហើយដាក់មុខ ក្នុងពោះប៉ផ្អុកពុំសាសង
ហើយលួចមើលអកភ្នំម្ដង
ៗ គិតពុំឆ្លាស់ឆ្លងទៅទៀតឡើយ
។
គ្រានោះអកភ្នំចូលចាប់ស៊ី អកញីក្រួញក្រាបទន្ទាបហើយ
ទទួលរាប់រងផ្គងងើបងើយ ជិតហើយអកប្រឹងរឹងទាំងប្រាណ
។
អស្ចារ្យនឹងលាន់ឮសព្ទផ្គរ ទឹកហូរជន់ជោរលិចត្រើយត្រាណ
រលកបោកត្រែងរឹចពុំមាន សល់ខានដល់មួយដើមតិចឡើយ
។
ក្រពើលលើហែលចុះកោះ លួចចូលក្នុងជ្រោះមុជងើបងើយ
ខ្ពុលទឹកលេងស្រេចហែលថយក្រោយ ងើបហើយមានក្បាលនោះជាប់ស្លែ ។
អកសត្វទាំងពីររឹងស្នេហស្និទ្ធ នៅនឹងរួមរឹតពុំល្ហើយល្ហៃ
ចូលចិត្តគិតគៃលៃរកស៊ី ទាំងឈ្មោលទាំងញីពុំឃ្លាតឡើយ
។
យើងនឹងឈប់ស្លែះត្រង់នេះន័យ ត្បិតផុតសេចក្ដីប៉ុណ្ណេះហើយ
អកញីនៅភ្នំពុំព្រងើយ ពុំដឹងដើមឡើយរឹងទន្ទឹង
។
សង្វាតសង្វែងរែងមើលផ្លូវ ពុំឃើញប្ដីកូវនៅទ្រមឹង
ស្គាំងស្គមទ្រមខ្លួននៅតែឆ្អឹង រំពៃរំពឹងគិតទៅគ្រប់
។
ស្រមើលស្រមៃក្រៃរឭក សន្ធៃសន្ធឹកនឹកគ្មានឈប់
វង្វេងស្មារតីប្រឹងតែផ្ទប់ ហើយទប់ពុំបានស្រែកទួញថា
។
ថាឱអ្នកអើយនែអ្នកអក លាប្អូនទៅរកចាប់មច្ឆា
ឥឡូវបាត់សូន្យពន់វេលា តើមានប្រការហេតុដូចម្ដេច
។
ឬមួយអ្នកស្លាប់ទៅដឹងអើយ ឬរស់នៅឡើយហើយគិតគេច
មានស្រីថ្មីទៀតក្រែងអ្នកភ្លេច គិតគេចឲ្យប្អូននៅកំព្រា
។
បើពិតប្រាកដដូច្នោះមែន បាត់ហើយឆ្អែតណែនក្នុងឧរា
មានស្រីថ្មីទៀតដូចខ្ញុំថា ឧរាតានតឹងស្ទើរនឹងធ្លាយ
។
បើអ្នកពុំមែនដូច្នោះទេ ខ្ញុំគិតក្រែងតែអ្នកក្ស័យកាយ
ចោលខ្មោចម្នាក់ឯងនៅព្រៃឆ្ងាយ ខ្លួនខ្ញុំនៅអាយពុំដឹងឡើយ
។
នាងអកទ្រហោយំកន្លេង សង្រេងស្រែកសព្ទសូរល្វើយ
ៗ
បៀងបែរប្រែមុខងក់ងើបងើយ ទួញហើយនាងអកសន្លប់លន់ ។
លុះដល់ព្រលប់យប់ជ្រៅស្ងាត់ ព្រះពាយផាយផាត់ខ្លាំងពេកពន់
សន្សើមសោតធ្លាក់ត្រជាក់ស៊ុន ស្វាងមុខក្រោកគន់សព្វទិសា
។
ឃើញតែកូនគូនៅសំបុក រឹងតែកើតទុក្ខចុកខ្លោចផ្សា
អន់អួលក្ដួលក្ដៅក្នុងឧរា ទួញថាឱកូនមាសម្ដាយអើយ
។
បានៅចាំម្ដាយរក្សាគ្នា ម្ដាយនឹងយាត្រាទៅឆ្ងាយហើយ
តាមរកឪបាណាកូនអើយ បាអើយបានៅសមកណ្ដែង
។
ហើយអកស្រែកផ្ដាំអស់ទេវតា សូមលោកមេត្តាជួយតាក់តែង
ថៃទាំកូនខ្ញុំត្បិតកូនក្មេង កុំឲ្យត្មាតខ្លែងឆាបឆក់ឡើយ
។
ឲ្យបានសាន្តសុខកុំឲ្យខ្វល់ ទុក្ខទោសមកផ្ដល់ខ្ញុំលោកអើយ
លោកចម្លងដាក់ឲ្យដល់ត្រើយ ម្ចាស់អើយលោកជួយឲ្យសព្វគ្រប់
។
អកទួញស្រេចហើយកាច់ស្លឹកឈើ
មកគ្របពីលើឈើជាម្លប់
ផ្ដាំថាមាសម្ដាយចូរអ្នកស្រប់ ទាំងថ្ងៃទាំងយប់កុំចេញក្រៅ
។
ក្រែងក្អែកខ្លែងវាមើលឃើញបា ចូលចាប់ភោក្ដាគ្មានសល់នៅ
ស៊ីអស់រលីងហើយហើរទៅ កូនពៅបាកុំប្រហែសប្រាណ
។
អកផ្ដាំស្រេចហើយស្ទុះហើរទៅ ក្នុងទ្រូងក្ដួលក្ដៅគិតេំខាន
ប្រឹងកាត់ហើរហិចលុះលេចបាន ដល់បឹងមើលមានអកត្រៀបត្រា ។
ប្រឹងគន់មើលប្ដីមិនឃើញសោះ មើលតាមចន្លោះគ្រប់ទិសា
ចូលទៅសួរគេឆាប់ម្នីម្នា ថានែអ្នកអកអ្នកនៅអាយ
។
ក្រែងអ្នកយល់ប្ដីខ្ញុំផងរ៉ា បើឃើញអ្នកបងអ្នកប្រាប់ប្រាយ
ឲ្យបានស្បើយទុក្ខចិត្តរាយមាយ និយាយប្រាយប្រាប់ពីទុក្ខខ្លួន
។
អកបឹងប្រាប់ថាយើងយង់យល់ ឃើញគាត់មកដល់បានជួបជួន
និយាយប្រាយប្រាប់ពីរឿងខ្លួន ថាប្រពន្ធកូននៅឯភ្នំ ។
ខ្ញុំក្រែងគាត់ទៅបាត់ទៅហើយ ឥឡូវម្ដេចឡើយបាត់ជ្រងំ
ទៅរកគាត់ចុះឯបឹងធំ ម៉្លេះសមគាត់មានទៀតដឹងអើយ
។
អកញីស្ដាប់ជាក់ហើយលាទៅ ប្រឹងហើរសំដៅដល់បឹងហើយ
ប្រឹងគន់មើលប្ដីពុំយល់ឡើយ ជាក់ហើយរកសព្វគ្រប់ទិសា
។
លុះឃើញប្ដីជាក់ភ្ញាក់ខ្លួនព្រើត កន្ទុយងខ្ទើតទំទឹមគ្នា
ដាក់កក្ងក់លើព្រឹក្សា ឧរាតានតឹងស្ទើរនឹងធ្លាយ
។
អកញីទំមើលតែពីក្រៅ ក្នុងទ្រូងក្ដួលក្ដៅគ្មានរសាយ
ពុះពោរឧរាផ្សាក្រហាយ ស្ទើរនឹងប្រេះធ្លាយជាពីរភាគ
។
អកភ្នំទំទឹមទាំងឈ្មោលញី ធ្មេចភ្នែកមមីមិនមានងាក
ភ្លេចកូនប្រពន្ធមិនចាំពាក្យ នឹងមករកខ្លាចប្រពន្ធចុង
។
អនិច្ចាអកញីរឹងកើតទុក្ខ ខ្យល់ស្ទះស្ទុះរត់នៅក្នុងទ្រង់
វង្វេងស្មារតីឡប់ឡឺនឡង់ ខំផ្ចង់ស្មារតីញ័រចំប្រប់
។
ចង់បោកខ្លួនស្លាប់តាមចិត្តខឹង កំដឹងទៅកូននៅក្នុងស្រប់
កូនអើយបាកើតមកឥតភ័ព្វ ពុំគាប់ពុំគួរបើដូច្នេះ
។
ម្ដាយស្វែងចោលកូននៅឯនាយ ក្រៀមក្រំទ្រូងម្ដាយស្ទើរនឹងប្រេះ
មិនដឹងជាចិត្តគេដល់ម៉្លេះ អើនេះហៅពេញវង្វេងស៊ុន
។
បើគេមិនគិតអាសូរម្ដាយ គួរតែនឹកស្ដាយទៅកូនតន់
មិនគួរកូនម្ដាយឥតលាភលន់ កូនតន់សំឡាញ់មាសម្ដាយអើយ
។
ម្ដាយក្រុងក្រួញក្រាបរក្សាបា ទ្រាំរងវេទនាពុំបានស្បើយ
ជានិច្ចព្រួយចិត្តឥតល្ហែល្ហើយ កូនអើយដ្បិតគេចេញចាកទៅ
។
សន្មតត្រឹមតែបីទិវា នឹងវិលលីលាមកនែបនៅ
ក្រួចក្រុងរក្សាគ្រងកូនពៅ ពាក្យម្ដាយចាំនៅមិនឃ្លាតឃ្លា
។
ម្ដាយតែងទន្ទឹងចាំក្រងូវ មើលផ្លូវហួសដល់សត្តទិវា
ទាំងកូនទាំងម្ដាយរងវេទនា អាហារសោតគ្មានពោះសោះធេង
។
សុខទុក្ខខ្លួនម្ដាយ
ៗ មិនគិត អាណិតតែបា
ៗ នៅក្មេង
អត់ទាំងអាហារឃ្លានសង្រេង ដោយពុំដែលឆ្វេងគិតស្រេកឃ្លាន
។
នាងអកស្រែកទួញពីកំសត់ ញាប់ញ័ររន្ធត់អស់អង្គប្រាណ
ដោយអត់អាហាររកពុំបាន ស្គមប្រាណស្លក់ស្លឹងនៅតែឆ្អឹង
។
សោយសោកបោកខ្លួនស្លាប់ទៅជា មុខគួរអនិច្ចាគិតរំពឹង
អាសូរនាងអកនៅមាត់បឹង ខំប្រឹងកាងស្លាបឡើងវន្ទា
។
គ្រប់ទីគ្រប់ទិសទាំងប្រាំបី ទាំងសួគ៌ាស្រីឆកាមា
ទាំងទេពសោឡសព្រះព្រាហ្មា ខ្ញុំនមស្ការថ្វាយបង្គំ ។
សូមជាសាក្សីក្នុងជាតិនេះ ប្រុសចិត្តដូច្នេះខ្ញុំសូមសុំ
លាសព្វគ្រប់ជាតិកុំឲ្យខ្ញុំ ជួបជុំរៀងរួចដល់និព្វាន
។
អកស្រែកឃោសនាអស់ទេវតា សូមសុំសច្ចតាំងប្រណិធាន
រួចស្រេចរន្ធត់ក្នុងអង្គប្រាណ គិតកូនកល្យាណនៅក្នុងព្រៃ
។
ម៉្លេះសមទន្ទឹងមើលផ្លូវម្ដាយ កូនអាយម៉្លេះសមបាសន្ធៃ
សន្ធឹកនឹកម្ដាយអត់ចំណី ហាលខ្យល់ហាលថ្ងៃតែពីរនាក់
។
អកភ្នំស្រែកយំទួញក្ដែង
ៗ អកឈ្មោលនោះតែងស្ដាប់ជៀងជាក់
ធ្វើតើយព្រងើយមិនភ្ញាភ្ញាក់ ទំទឹមពីរនាក់ប្រពន្ធចុង
។
រីឯរឿងរ៉ាវដំណើរនេះ ទុកស្លេះថ្លែងពីកូននៅក្នុង
ព្រៃធំជ្រងំស្ងាត់សូន្យសុង តែងរងទន្ទឹងមើលផ្លូវម្ដាយ
។
សន្ធៃសន្ធឹកញ័រចំប្រប់ ត្រូវថ្ងៃសន្លប់ទាំងពីរកាយ
លុះភ្លាក់ស្មារតីធ្វេសរាយមាយ បើកភ្នែកមើលម្ដាយមិញមិនយល់
។
ជាហេតុកម្មកូនសូន្យទាំងពីរ ពៀរព្រេងបុព្វេកម្មមកផ្ដល់
ហេតុសត្វទាំងពីរសាងអកុសល មិនផ្ដល់ឲ្យយល់ឃើញថ្មី ៗ
។
គ្រានោះមានសត្វត្មាតកំណាច ជាសត្វកាយកាចចោរអប្រីយ
តែងនឹងឆាបឆក់កូនបក្សី ស៊ីជាចំណីសព្វទិវា
។
មានកាលសម័យថ្ងៃនេះនៃ ក្អាតហើរច្រៀវច្រៃសព្វព្រឹក្សា
សំកាំងស្លាបរកមើលរេរា លើចុងព្រឹក្សាបានឃើញជាក់
។
បានយល់កូនអកនៅទាំងពីរ មិនឃើញមានមេនៅរួមរ័ក្ស
ក្អាតត្រេកអរសាទរអរឥតអាក់ ក្អាតភ្ញាក់គិតថាឱលាភហើយ
។
គិតភ្លាមក្អាតចរចូលចឹកស៊ី កូនអកទាំងពីរពុំលង់ឡើយ
ហែកយកថ្លើមស៊ីស្រេចព្រងើយ អស់ហើយទម្លាក់ចោលទៅដី ។
ហើយក្អាតហើរទៅលំនៅឋាន បរិបូណ៌ក្សេមក្សាន្តឥតហេតុអ្វី
រកស៊ីដូចកាលដើមប្រក្រតី ឥតបីឥតបើមានអំពល់
។
ឈប់ស្លេះនឹងថ្លែងពីមេអក ក្រឡាប់វិលមកដល់មណ្ឌល
ចោលភ្នែកក្រឡេកឃើញមិនយល់ កូនគូនិម៌លនៅសំបុក ។
អករឹងកើតទុក្ខក្ដុកក្ដៅផ្សា ញ័រអស់អង្គាទ្រូងចើសចុក
រំខានតានតឹងរឹងថែមទុក្ខ រំអុកសោយសោកប្រោកប្រះប្រាណ
។
បម្រះននៀលនៅសំបុក បែរមុខមើលកូនសព្វទិសឋាន
ពុំឃើញកូនស្ងួនកែវកល្យាណ អកប្រឹងប្រែប្រាណចុះដល់ដី
។
បើកវែករកសព្វសន្លឹកឈើ អកមើលទៅបានឃើញជាក់ខ្មី
ដែលក្អាតចឹកស្លាប់ធ្លាក់ដល់ដី នាងស្រីអកទួញទំនួញថា ។
ឱកូនកំសត់មាសម្ដាយអើយ ម្ដេចឡើយបាមកស្លាប់អសារ
ចោលម្ដាយឲ្យនៅអង្គឯកា ម្ដាយសូមប្រាថ្នាជួបនឹងអ្នក
។
ម្ដាយនឹងរស់នៅតែអង្គឯង ទ្រូងម្ដាយចំបែងតែងអួលអាក់
នឹងរស់នៅថ្វីពុំយល់ភ័ក្ត្រ កូនស្ងួនវរលក្សណ៍ប្រាសអស់ហើយ
។
នាងអកសោយសោកឱបខ្មោចកូន សន្លប់សុងសូន្យសោះជាត្រើយ
លុះភ្ញាក់ស្មារតីពុំលង់ឡើង អកទួញល្វើយ ៗ
ក្នុងអធ្វា ។
ហើយអកកាងស្លាបឡើងបង្គំ ប្រណម្យតាំងចិត្តសូមសច្ចា
និងអស់ឥន្ទព្រហ្ម៊នូវទេវតា ទាំងឆកាមាសួគ៌ាល័យ ។
សូមលោកមូលមកជាប្រធាន សាក្សីពេជ៌្ញញាណខ្ញុំនេះនៃ
ជាតិនេះខ្ញុំប្រាសនឹងកូនថ្លៃ ជាតិក្រោយដទៃកុំឃ្លាតឃ្លា
។
រៀង
ៗ ដរាបដល់និព្វាន បរិបូណ៌ក្សេមក្សាន្តឥតទុក្ខា
អកផ្សងរួចស្រេចឱនសិរសា បក្សាទទះស្ទើរផ្លេកផ្លោះ
។
ហើយឡើងទៅលើអាកាសនាយ សង្រួមអង្គកាយសំយុងចុះ
ខ្យល់ផាត់អណ្ដែតធ្លាក់ចេញស្មោះ ជ្រុះត្រង់ចន្លោះដែលកូនក្ស័យ
។
ស្លាប់ប្រួតតម្រួតគរលើគ្នា មុខគួរអនិច្ចាអាណិតក្រៃ
សត្វទាំងបីប្រាណសឹងក្សិណក្ស័យ ប្រល័យស្លាប់មូលមួយឹងគ្នា ។
ហៃអស់សប្បុរសផងទាំងឡាយ គួរខ្លាចគួរណាយកម្មវេរា
សត្វហោងមនុស្សហោងសឹងដូចគ្នា គួរគិតអនិច្ចារាល់រូបកាយ ។
បញ្ឈប់រឿងរ៉ាវឈប់នៅនេះ យើងនឹងគិតកែប្រែនិយាយ
ពីអកឈ្មោលដែលនៅឯនាយ និយាយលួងលោមប្រាប់ប្រពន្ធ
។
ថាហៃមាសស្នេហកែវព្រលឹង ចូរស្ងួនកុំខឹងអើយប្អូនតន់
បងសុំចៅទៅរកដំបន់ ចូរតន់នាងនៅរក្សាប្រាណ
។
ត្បិតបងមានកូននៅឯនាយ កំព្រាឥតម្ដាយណាកល្យាណ
បងលាប្អូនពៅទៅទីឋាន សួរកូនកល្យាណបើកឬទេ
។
អកញីឮហើយភ្ញាក់ខ្លួនព្រើត ចំអើតស្ដីទៅថាឱមេ
ខ្ញុំស្មានជាអ្នកគ្មានកូនទេ ម្ដេចឡើយប្រុសស្នេហ៍មិនប្រាប់ប្អូន
។
ថាបើអ្នកមានកូនឯនោះ អញ្ជើញទៅចុះរកសួគ៌កូន
អ្នកទៅកុំនៅយូរចោលប្អូន ស្ងាត់សូន្យនៅអាយមើលផ្លូវហ្នា៎
។
អកឈ្មោលត្រេកអរឥតឧបមា និយាយផ្ដាំគ្នាគ្រប់ទៅ [1]
ផ្ដាំហើយស្ទុះផ្លោះលោតសំដៅ តម្រង់ត្រង់ទៅឯព្រៃភ្នំ
។
អកនឹកអំពីកូនប្រពន្ធ ក្នុងទ្រូងអួលអន់មុខក្រៀមក្រំ
ខំហើរកាត់ដោយដងព្រៃភ្នំ ពិតពុំសម្រាន្តកាយឈរឈប់
។
ខំប្រឹងហើរស្រូតរូតសំដៅ ដល់ទីលំនៅទៀបព្រលប់
អកឆ្មៀងរកមើលគន់សព្វគ្រប់ ក្នុងសំបុកសព្វមិញមិនយល់
។
ទាំងកូនទាំងម្ដាយបាត់ស្ងាត់ឈឹង អករឹងតែងកើតទុក្ខអំពល់
គន់សព្វព្រឹក្សាពុំបានយល់ អកឆ្ងល់ក្នុងចិត្តហើយគិតថា
។
ឱកូនទាំងពីរមាសឪអើយ ម្ដេចឡើយបាបាត់ទៅឯណា
មកឲ្យឪពុកកើតទុក្ខា មាតាបាសោតក៏ព្រាត់ទៅ
។
អកស្រែកទ្រហោយំក្ដែង
ៗ ឮសព្វល្វើយល្វែងក្នុងព្រៃជ្រៅ
ននៀលប្រះប្រាណសុងសុបសៅ សន្លប់សូន្យនៅបាត់វិញ្ញាណ ។
លុះភ្ញាក់ស្មារតីឡើយសោយសោក សែនសល់អមោក្ខបោកប្រះប្រាណ
បម្រះននៀលនៅនាឋាន គិតស្មានថាឱកូនអញអើយ
។
ឬជាសត្វអ្វីមកចឹកចាប់ ឬស្លាប់ដាច់ពោះទេដឹងអើយ
[2]
ទាំងម្ដាយទាំងកូនពុំយល់ឡើយ កូនឡើយម្ដេចមកស្លាប់អសារ ។
បើដឹងស្លាប់រស់លែងឲ្យបាន ឃើញប្រាណខ្មោចកូននៅតិចរ៉ា
ឱអញព្រោះស្រើបដោយតណ្ហា ប្រហែលសង្សានៅឯនាយ ។
គិតស្មានបានរស់រួចជន្មា ប្រឹងចាប់មច្ឆាផងទាំងឡាយ
ពាពាំពីនាយមកដល់អាយ ឱកូនឆោមឆាយមាសឪពុក
។
មិនដឹងមកដល់បាត់កូនចៅ ក្ដួលក្ដៅក្នុងចិត្តគិតវិត្តក
រកកូនមិនឃើញនៅសំបុក ឱស្រស់ឪពុកម្ចាស់ឪអើយ
។
សត្វអកសោយសោកពីប្រពន្ធឆ ថាឱប្អូនតន់មាសបងអើយ
ពុំគួរបើបងធ្វើតោះតើយ ស្រីអើយពើកាលស្រីទៅតាម
។
ស្រីទួញស្រីតូចស្រីអំពល់ ស្រីស្រស់និម៌លយំរហាម
មុខស្រីមុខស្រស់មុខស្រក់ឈាម ខំតាមខំហើរខំរកបង ។
ពាក្យ ៧
បានជួបបានជួនបានឃើញប្ដី ឃើញស្រីហើយស្រស់មិនឲ្យហ្មង
ឃើញស្រីទំពិតជិតខាងបង ស្រស់ឆោមមិនហ៊ានដើរទៅជិត
។
និយាយស្រីព្រានតែពីក្រៅ នឹងហៅក្រែងបងអាក់អន់ចិត្ត
បងសោតធ្វើតើយហាក់មិនស្បិត ឱអាសូរចិត្តអាណិតស្រី ។
ពាក្យ ៩
អាណិតស្រស់មិនគួរសោះបើមកប្រាស អាណិតមាសមិនគួរសោះអាណិតថ្លៃ
អាណិតស្ងួនមិនគួរសោះបើមកក្ស័យ អាណិតថ្លៃមិនគួរបើបង់ចោលបង
។
មិនគួរបើបងមកប្រែបែរបែកចិត្ត មិនគួរបើឲ្យបងគិតក្បត់ទងវង
មិនគួរបើបងចោលប្អូនស្ងួនត្រមង់ មិនគួរសោះឲ្យបងបង់ប្អូនកំព្រា
។
នៅកំព្រឹងរឹងកំប្រោនរនកំព្រយ ព្រោះចិត្តធ្លោយបណ្ដោយធ្លាក់ដោយតណ្ហា
ចោលនួននាងឲ្យនិត្យនៅអង្គឯកា ឈឺឧរាផ្សាឧរីបីនិងកូន
។
អកទួញតាំងតែអំពីពន់ព្រលប់ លង់លុះយប់គំរប់យាមពីរបីបួន
ស្រែកយំណាស់បម្រះនឹងពុំដឹងខ្លួន ប្រាសប្រានសូន្យសន្លប់លន់បាត់ស្មារតី
។
ព្រះពាយផាយផាត់ខ្ចាត់មកពាល់ដល់កាយ រំហើយផាត់រំហើរផាយសាយសព្វព្រៃ
សន្សើមសោតចុះជ្រុះធ្លាក់មកដល់ដី ភ្ញាក់ស្មារតីស្រែកយំទួញទំនួញថា
។
ឱប្អូនស្ងួននួនកំសត់មាសបងអើយ ឱម្ដេចឡើយនួនបាត់ទៅឋានឯណា
អកយំទួញទំនួញល្វើយក្នុងអធ្វា កណ្ដាលយប់សន្ធិយាជ្រៅស្រងាត់
។
កណ្ដាលយប់អធ្រាត្រទៀបទៅដាស់ទំ ឮសត្វយំបន្សំថ្ងូរសូរស្រងាត់
អកសង្រេងតែងសង្រៃអាល័យក្ដាត់ រីអកសត្វសោយសោកសែនសំខេយ្យា
។
អកទំនួញទួញយាសយំទុរគមគិត ខ្លោចល្អោចល្អិតឆ្អិតឆ្អន់ណែនក្ដន់ឧរា
អណោចគិតអាណិតកូនរែងខ្លោចផ្សា ឈឺកាយាផ្សាកាយេតែម្នាក់ឯង
។
អកទួញទៀតចង្អៀតចិត្តអាណិតខ្លួន ជាទុកមួនប្រធួនថប់គ្រប់កន្លែង
គ្រប់កន្លៀតប្របៀតសព្វគ្រប់ទីល្បែង គ្រប់បឹងខ្វែងកន្លែងជ្រោះអូរឈូងឆក
។
(ពាក្យ ៧)
គ្រប់បឹងត្រពាំងទាំងព្រៃភ្នំ គ្រប់អូរតូចធំគ្រប់ជ្រោះច្រក
គ្រប់ឈើគ្រប់ព្រៃគិតលៃលក ខំស្វែងហើររកចាប់មច្ឆា
។
អកសោករៀបរាប់ទីកន្លែង ទ្រហោក្ដែង ៗ
ក្នុងអធ្វា
តាំងពីព្រលប់យប់សន្ធិយា លុះព្រះសុរិយារៀបនឹងរះ
។
អកឆ្មៀងរកមើលកូនប្រពន្ធ សព្វគ្រប់ដំបន់ទិសទីផ្ដាស
ពុំឃើញប្រពន្ធនិងកូនមាស អកប្រាសហើរចុះទៅដល់ដី
។
អកឈ្ងោករកកូនក្រោមមណ្ឌល ក្សិណយល់ប្រពន្ធកូនទាំងបី
ស្លាប់គរតម្រួតគ្នានៅដី អកខ្មីឱបខ្មោចកូនសោកា
។
ឱកែវព្រលឹងទាំងបីមាស ម្ដេចឡើយមកប្រាសស្លាប់អសារ
ឬមួយក្រែងអកអត់អាហារ ព្រោះកម្មវេរាពីព្រេងនាយ
។
ឲ្យបានយើងបែរប្រែព្រាត់ប្រាស់ និរាសខ្ចាយខ្ចាត់ប្រាសព្រាត់ព្រាយ
អកឪពុកបាទៅឯនាយ ចោលកូននៅអាយរងវេទនា
។
កូនអើយនេះហើយហេតុតែកម្ម ពីព្រេងនាយនាំឲ្យឪបា
ឲ្យស្រើបឲ្យស្រាយដោយតណ្ហា ចោលកូនសង្សារទាំងពីរនៃ ។
ពុំគួរបាកើតមកឥតភ័ព្វ មកស្លាប់នៅនាកណ្ដាលព្រៃ
កូនអើយឪនឹកឡើងស្រមៃ ហាក់ថ្លៃនៅរូបរស់នៅឡើយ
។
អកទួញឱបខ្មោចកូនប្រពន្ធ រឹងថែមទុក្ខធ្ងន់ពុំមានស្បើយ
បម្រះននៀលសោកល្វើយ
ៗ ឱបកើយខ្មោចកូនសន្លប់លង់
។
ដូចគេប្រគរទាំងបីបួន សន្លប់សុងសូន្យពុំរលឹកអង្គ
តាំងពីព្រហាមលុះថ្ងៃត្រង់ អកពុំភ្ញាភ្ញាក់ដឹងស្មារតី
។
វាយោផាយផាត់ក្លិនគន្ធា ចូលផ្សព្វកាយាអកបក្ស
បានភ្ញាក់ដឹងខ្លួនហើយយំខ្មី ឱបស្រីអកទួញទំនួញគ្រប់
។
ស្រណោះអកយំពេលថ្ងៃត្រង់ រន្ធត់អស់អង្គទួញសញ្ជប់
ឱកែវវិលាសមាសទឹកដប់ ...............................................
[1]
។
ពីកាលស្រីទៅតាមធ្វើតើយ ស្រីអើយបងសូមសុំសច្ចា
។
ខឹងត្បិតបងអកមានប្រពន្ធ ចោលនួនចោលនាងនៅឯការ
នាងផ្សងឥន្ទព្រហ្មសុំសច្ចា ប្រាថ្នាមិនឲ្យជួបនឹងបង
។
បងបានជាធ្លោយនឹងប្អូនស្រី សេចក្ដីបងអ្នកឃើញជាឆ្គង
ថ្ងៃនេះបងសូមសច្ចាផង សូមចងជាតិមុខជាសង្សារ
។
ទើបអកឱនអង្គហើយក្រួញក្រាប កាងស្លាបបង្គំគ្រប់ទិសា
អកផ្សងឥន្ទព្រហ្មនូវទេវតា សូមសុំសច្ចាបានដូចភាន
។
ក្នុងជាតិនេះខ្ញុំមកព្រាត់ប្រាស និរាសប្រពន្ធកូនពីរប្រាណ
ជាន់នេះជាតិនាយកុំឲ្យមាន សូមចងជាស្ពាននឹងកូនថ្លៃ
។
សូមឲ្យមូលមកកុំឲ្យខាន ឲ្យបានដូចខ្ញុំប្រាថ្នានៃ
សូមជាសង្សារនឹងប្អូនស្រី នូវកូនមាសថ្លៃទាំងពីរពង្ស
។
អកផ្សងសច្ចារួចស្រឡះ ទទះស្លាបហើរឡើងពុំលង់
ទំលើចុងឈើធ្វើឡឺនឡង់ ខំផ្ចង់ស្មារតីតម្រង់កាយ
។
ហើយអកស្រែកផ្ដាំទីកន្លែង ទ្រហោក្ដែង ៗ
ស័ព្ទរសាយ
យំពេលថ្ងៃត្រង់លន្លោចឆ្ងាយ ហើយអកឱនកាយស្រយាកជ្រប់
។
ថាឱទីឋានព្រៃនេះហើយ ឋានអើយយើងធ្លាប់ពីររែងឈប់
ធ្លាប់កាច់ស្លឹកឈើធ្វើជាម្លប់ ជាស្រប់ឲ្យស្រីរក្សាកូន
។
ឥឡូវគ្មាននៅទីកន្លែង រលីងខ្លួនធេងបាត់សោះសូន្យ
ឋានអើយកម្មព្រេងយើងទាំងបួន មកជួនជួបទីឋានខ្ញុំអើយ ។
ឋានអើយថ្ងៃនេះខ្ញុំសូមលា ខ្ញុំនឹងមរណាឥឡូវហើយ
ស្លាប់កូនប្រពន្ធខ្ញុំអស់ហើយ ឋានអើយនេះខ្ញុំលាឋានទៅ
។
អកផ្ដាំទីឋានដានកន្លែង ស្ទះស្ទែងហើរហិចគេចសំដៅ
ហើរឡើងតម្រង់អាកាសស្លៅ សំកាំងស្លាបនៅភាំងឈប់ឈរ
។
អកទួញថាឱអាកាសអើយ និយាយផ្ដាំហើយហើរចេញចរ
លីលាហើរទៅលើអម្ពរ រេរក៍រួសរាយនិយាយថា
។
ខ្ញុំប្រាសប្រពន្ធនិងកូនថ្លៃ អាកាសអើយថ្ងៃនេះសុំលា
ខ្ញុំនឹងរងទ្រាំវេទនា ខ្ញុំសូមមរណាឥឡូវហើយ
។
អកនឹកតែប្អូនកូនគូគ្រង ស្ងួនអើយទ្រូងបងមិនមានស្បើយ
កម្មកួចមកផ្ដាច់ក្នុងទ្រូងហើយ ប្អូនអើយបងរឹងក្ដៅខ្លោចផ្សា
។
អកស្រែកទ្រហោយំក្ដែង
ៗ សូរសព្ទល្វើយល្វេងក្នុងអធ្វា
ដូចមនុស្សវង្វេងស្រែកហៅគ្នា មុខគួរអនិច្ចាអកបក្សី ។
ក្សិណអកសម្របឱបអង្គកាយ ពុំមាននឹកស្ដាយខ្លួនឡើយនៃ
នឹងឲ្យមរណាតាមប្អូនស្រី អកធ្លាក់ដល់ដីលុះបង់បាត់
។
និយាយចាចែងថ្លែងស្រដី ពីសត្វបក្សីជាអកសត្វ
លើកលយតាមដោយន័យបរមត្ថ រឿងនៃពាក្យសត្យសច្ចានៅ ។
ថ្លែងពីអកញីមេម៉ាយមិញ កាលឈ្មោលចរចេញហើរហួសទៅ
ក្នុងចិត្តវិតក្កក្ដុកក្ដួលក្ដៅ ទុក្ខម្នោមួម៉ៅមិនចេញស្ដី
។
អ្នកនឹករលឹកសាច់សង្សារ គិតថាឱប្រុសសំឡាញ់ថ្មី
ទើបភព្វប្រសព្វនឹងប្អូនស្រី កម្មអ្វីឲ្យប្រុសអ្នកប្រាសទៅ
។
អកុសលផ្ដល់ប្អូនអ្វីម៉្លេះទេ អស់គេមើលដូចជាប្អូនពៅ
ប្ដីមុនឥតភ័ព្វស្លាប់ចោលទៅ មិញនៅចោលកូនស្ងួនកំព្រា
។
ទ្រាំនៅមេម៉ាយកាយកើតទុក្ខ វិតក្ករាល់ពេលរាល់វេលា
ចំណីយប់ព្រឹកមិននឹកនា ឲ្យជានិរនេសធ្វេសស្មារតី
។
ទាល់បានរួមឋាននឹងអ្នកប្រុស រក្សរសស្នេហ៍ជាស្វាមី
ប្អូនផ្លុងចិត្តចាប់ចាំជាប្ដី ជាម្ចាស់ប្អូនស្រីដល់អស់ជន្ម
។
មិនដឹងកម្មអ្វីឲ្យប្រុសប្រែ ប្រុសប្រាសប្អូនស្នេហាយូរលង់លន់
ប្អូននៅម្នាក់ឯងតែងទុក្ខធ្ងន់ ទូរន់ឥតល្ហែតែសព្វថ្ងៃ
។
អកអើយអ្នកអកអ្នកឲ្យប្អូន និត្យនៅស្ងាត់សូន្យពន់ពេកក្រៃ
រង់រឹងទន្ទឹងមើលផ្លូវថ្លៃ ស្រមៃស្រមាក់ហាក់ថ្លៃមក
។
សន្ធឹកផ្គរលាន់រន្ថាន់ឆ្លើយ រំភើយព្រះពាយផាយពពក
ទឹកបឹងល្វើយល្វឹងរឹងរលក រលាបលោតជ្រកចូលរាមរង
។
ពពកសាត់ជ្រកព្រៃព្រឹក្សា ប្អូនស្មានជេដ្ឋាធូរក្នុងទ្រូង
អរពេកខំស្រែកហៅរលូង ឈានឈោងប្រុងហើរទទួលថ្លៃ
។
យល់ពិតមិនមែនជាមិត្តមក ជ្រប់ជ្រកផ្អកផ្អឹសទង្គឹះក្រៃ
ក្រៀមក្រំជាទុក្ខតែរាល់ថ្ងៃ ស្ទើរក្ស័យជីវិតគិតតែអ្នក
។
កាលប្រុសប្រាប់ប្អូនថាទៅឆាប់ ប្រញាប់វិលមករកគូស្ម័គ្រ
ថាបើសុខសាន្តគ្មានធុរៈ ប្រុសអ្នកវិលមករកប្អូនស្រី
។
ឥឡូវទៅបាត់បីថ្ងៃហើយ ប្រុសអើយក្រែងអ្នកមានក្រក្រី
ធុរៈទាក់ទិននិងការអ្វី ប្អូនស្រីថប់ណាស់អ្នកថ្លៃអើយ
។
ស្រណោះទ្រនំទំពីរនាក់ រួមរក្សនែបនិត្យជិតបង្កើយ
ឱធុំអ្នកជាក់ពុំមានស្បើយ ប្រុសអើយប្រុសធ្លាប់សព្វវេលា
។
ឥឡូវប្រុសទៅតែឯងអាទិ៍ សង្វាតហោះហើរលើវេហាស៍
ត្រូវថ្ងៃក្ដៅក្រៃក្រៀមអង្គា ត្រូវភ្លៀងរងារំងាប់ចិត្ត
។
ឱធ្លាប់ប្រសព្វនៅនឹងប្អូន ក្ដៅខ្លួនបក់ស្លាបកាងជាផ្លិត
រងាប្អូនរាទៅផ្ដេកផ្ដិត ឱបរឹតរួមកាយសប្បាយក្រៃ
។
អកញៅវិវេកសង្វេគនឹក សន្ធឹកហាក់ហៀបទៀបនិងក្ស័យ
ចំណីត្រីសាច់សិងច្រើនក្រៃ អត់មិនអាស្រ័យដល់តិចឡើយ
។
អង្គុយតែយំទំសំកុក ដាក់មុខស្រពោនពេកពុំស្បើយ
ស្គមស្គាំងមុខមាត់មិនរីកឡើយ ល្វេងល្វើយកម្លាំងភាំងស្មារតី
។
លុះភ្ងារយំថាឱអកអូវ អកទៅបាត់យូរចោលប្អូនស្រី
អ្នកមិនស្រណោះសោះអ្នកប្ដី ឬមានក្រក្រីនៅឋាននាយ ។
ប្អូនរិះប្អូនរង់ទុក្ខទន្ទេញ ទ្រូងតឹងចង្អៀតស្ទើរនឹងធ្លាយ
បែកថ្លើមប្រមាត់ខ្ចាត់រុះរាយ គ្មានអ្នកចេះទាយឲ្យដឹងដាន
។
ប្អូនគិតរឹតរែងតែងអាឡោះ ស្រណោះពាក្យមត់នឹងវិលថ្កាន
អ្នកផ្ដាំប្អូនចាំនៅក្នុងប្រាណ ឥឡូវគ្រប់បានបីថ្ងៃហើយ
។
ខ្ញុំក្រែងអ្នកទៅដោយផ្លូវព្រៃ កើតហេតុភេទភ័យពុំដឹងឡើយ
ជាប់ជង់អន្ទាក់គេដឹងអើយ ប្រុសអើយប្អូនថប់គ្រប់ប្រការ
។
ចប់មួយព្រួយចិត្តត្បិតមនុស្សផង វាចងសន្ទូចយកមច្ឆា
ក្រែងអ្នកប្រុសប្រាណឃ្លានអាហារ ដោយសារហោះហើរហាលថ្ងៃក្ដៅ ។
អ្នកប្ដីឃើញត្រីជាប់សន្ទូច ស្ទុះប្រូចតម្រង់ត្រង់ស្លុងស្លៅ
ដល់បិចក្រចកចាប់ក្រចៅ សំដៅខុសត្រីត្រូវជើងជាប់
។
នឹងផ្លែសន្ទូចនៃនេសាទ សង្វាតស្ទុះទៅសំពងជាប់
ប្រុសអើយប្អូនគិតរឹតរឹងថប់ ភ័យញ័រចំប្រប់ប្រាណប្អូនស្រី
។
ស្អែកហើយប្រុសអើយប្អូននឹងទៅ តាមអ្នកប្រុសពៅជាស្វាមី
ឲ្យបានដឹងដានពីអ្នកប្ដី ហេតុអ្វីក៏បានជាបាត់ម៉្លេះ
។
អកញីជាទុក្ខសំកុកគិត ក្នុងចិត្តថែថាគ្រាម្ដងនេះ
តាមប្ដីឲ្យល្អោចខ្លោចដូចផេះ ជួបគ្នាសឹមវេះវិលមកឋាន
។
បើប្អូនសោះសូន្យមិនជួបជិត មិនជួបជួននិងមិត្រប្ដីបុរាណ
ស៊ូស្លាប់អន្តរាយមិនស្ដាយប្រាណ នឹងរស់រូបខានមិនបានឡើយ ។
នឹងរស់ថ្វីព្រោះប្ដីមួយពីរ អាប់កេរអាស្រូវអង្គឥតត្រើយ
ចង់តែស្លាប់ឥឡូវឲ្យហើយ ប្រុសអើយក្រែងអ្នករស់រួចមក
។
ដល់ឋានពុំបានយល់ប្អូនស្រី អ្នកប្ដីព្រួយចិត្តគិតហើររក
ដោយព្រៃតូចធំខំជ្រៀតជ្រក ពន្លកយ៉ាប់យ៉ាកលំបាកកាយ
។
អ្នកយំយូរពេកស្រែកគ្មានឈប់ តាំងពីព្រលប់លុះសូរ្យសាយ
រះរុងរឿងភ្លឺពន្លឺឆ្ងាយ ព្រះពាយផាត់ផាយពពកមីរ
។
ត្រសុំត្រសែតអណ្ដែតជ្រះ ស្រឡះមេឃមើលមានរស្មី
គ្រានោះមេអកសត្វបក្សី ហៀបហើរតាមប្ដីផ្ដាំទ្រនំ
។
ថាឱដើស្រូលចូរអ្នកនៅ ខ្ញុំលាអ្នកទៅទីទូរគម
តាមរកអ្នកប្ដីឯព្រៃភ្នំ បើខ្ញុំទៅដល់យល់ស្វាមីហើយ
[2]
។
ខ្ញុំក៏រកអ្នកជាទ្រនំ តែងទំនិត្យនៅជាប្រក្រតី
បើខានពុំបានជួបនឹងប្ដី លាក់ថ្វីទ្រនំខ្ញុំលាស្លាប់
។
ទ្រនំនៅក្រោយឲ្យសុខសាន្ត កុំឲ្យមានមនុស្សណាមកកាប់
សូមឲ្យអ្នកលាស់ស្រស់ចំណាប់ បើខ្ញុំស្លាប់ឲ្យរស់តែទ្រនំ
។
ឱះឱបឹងបួនឹងនិត្យនៅ មិនគាប់បើទៅទីទុរគម
ស្រណោះកោះត្រើយល្វើយធារធំ ឈូកឆកជ្រោយជ្រំច្រើនអនេក ។
អកហើរដើរដោយនភាល័យ រំពៃមើលបឹងរឹងសង្វេគ
នឹកដល់សង្សារហាយំយែក ទឹលភ្នែគហូរស្រក់ហក់ហូរខ្ចាយ
។
ឈើជ្រុះដុះច្រើនដោយឈូងឆក មេអកមើលយល់ខ្វល់ក្នុងកាយ
ឆ្អែតឆ្អិតចិត្តនឹកមិនរសាយ នឹកស្ដាយកន្លែងតែងអាស្រ័យ
។
ទួញថាឱណាអ្នកថ្លៃអើយ ទីត្រង់នេះហើយដែលអ្នកថ្លៃ
អ្នកហើរនាំប្អូនមករាល់ថ្ងៃ ពិសម័យមូលមិត្តស្និទ្ធស្នេហា
។
ឱកោះចន្លោះកណ្ដាលបឹង ត្រង់ហ្នឹងអ្នកប្រុសចាប់មច្ឆា
បានមកឲ្យខ្ញុំបរិភោក្ដា រៀមអើយឥឡូវទៅណាបាត់
។
មិនមករកត្រីឲ្យខ្ញុំប្អូន ឬពួននៅក្នុងព្រៃស្ងប់ស្ងាត់
ហៅហើយមិនឆ្លើយប្អូនមួយម៉ាត់ ឬកាត់ចិត្តចោលសោះទៅហើយ ។
បើអ្នកសម្ងំទំត្រង់ណា មេត្តាឆ្លើយប្អូនកុំយូរឡើយ
អ្នកនៅព្រៃណាអ្នកប្ដីអើយ ប្រុសអើយអាណិតចិត្តប្អូនស្រី
។
ប្អូនអស់កម្លាំងភាំងកាយា អាហារប្អូនអត់ទេណាប្ដី
ប្អូនឆ្អែតតែទុក្ខរាល់រាត្រី ស្វាមីមិនមកយកប្អូនរ៉ា
។
ឱប្ដីសម្លាញ់ពេញចិត្តប្អូន បាត់សូន្យតើអ្នកទៅឯណា
ទៅស្រុកស្រែលើឬចំការ ប្អូនមហាចំបែងតែងថប់ក្រៃ
។
ប្អូនអ្នកហើរហិចគិចរិះរក ជ្រៀតជ្រករនាមរាមព្រៃផ្សៃ
ប្រាសខ្លួនរឭកនឹកអាល័យ អ្នកថ្លៃត្បិតធ្លាប់ប្រសព្វគ្នា
។
អ្នកយំបណ្ដើរហើរតិចទៅ ឃើញស្មោញទំនៅដើមទន្លា
ទាំអពីរកៀកកិតជិតគូវា អករាឆៀងឆាបទន្ទាបទំ
។
ប្អូនស្រណោះនឹកប្ដីស្ដីមិនរួច ក្រលួចក្នុងអង្គចង់តែយំ
ប្រឹងហាថាបងអាណិតខ្ញុំ បងកុំលាក់លៀមនឹងប្អូនឡើយ
។
ក្រែងបងបានឃើញប្ដីខ្ញុំប្អូន គាត់មកបាត់សូន្យយូរណាស់ហើយ
មិនដឹងទៅណាអ្នកថ្លៃអើយ ស្មោញឆ្លើយថាប្អូនបងមិនដែល
។
ឃើញអកឯណាមករកត្រី លាក់ថ្វីបងនៅនេះយូរក្រែល
បើមើលមិនជាក់ហាក់ប្រហែល ក្រែងទៅក្រវែងបឹងឯនាយ ។
អកស្ដាប់ស្មោញប្រាប់ប្រាកដស្មោះ ទុក្ខមនោទោមនស្សនឹករាយមាយ
ក្ដៅថ្លើមបេះដូងទ្រូងស្ទើរធ្លាយ និយាយលាស្មោញប្រួញប្រឹងហើរ
។
ស្ទុះស្ទើតអើតកទទះហើរ ស្រែកយំដរាបរៀងបណ្ដើរ
បណ្ដោយព្រៃព្រឹក្សាសរសើរ ថាអើត្រង់នេះអ្នកថ្លៃអើយ
។
ប្រសិនប្រុសប្រាណបានមូលមិត្ត ប្អូនគិតនាំអ្នកមកលេងហើយ
ព្រៃនេះល្អម៉្លេះអ្នកថ្លៃអើយ ម្ដេចឡើយអ្នកប្រុសប្រាសមិននៅ
។
ព្រៃប្របមាត់បឹងសឹងស្រួលស្រោង រំលោងរំលេចទឹកជ្រាលជ្រៅ
ជាកម្មប្រុសឲ្យមកប្រាសទៅ ប្អូនពៅពុំយល់អំពល់នឹក
។
ស្មោញហើរបានតិចលេចឃើញក្អែក ទឹមទំយំស្រែកសូរសន្ធឹក
ខ្លះមុជហែលហក់វក់វរវឹក អកនឹកសួរក្អែកស្រែកទៅថា
។
អ្នកបងក្អែកទឹកទំនៅនេះ ច្រើនម៉្លេះអ្នកមកពីទីណា
ប្រយោជន៍យកត្រីទៅពិសា មេត្តាប្រោសប្រាប់ខ្ញុំដោយពិត
។
ក្អែកទឹកឮហើយឆ្លើយប្រាប់ទៅ ព្រៃជ្រៅនេះឯងតែងនៅនិត្យ
ទីនេះសុខសាន្តគ្មានភ័យភិត ចុះមិត្តឯងមកពីឋានថា
។
កំព្រាម្នាក់ឯងឥតគូគ្រង ទំនងជាមិត្តមកមានការ
រវល់កលកិច្ចដូចម្ដេចម្ដា ប្រាប់រ៉ាមាសបងកុំលាន់ឡើយ
។
អ្នកស្ដាប់ប្រាប់ក្អែកទៅតាមពិត ថាមិត្តសម្លាញ់ម្ចាស់ប្អូនអើយ
ប្អូនមានទុក្ខធំងំឥតស្បើយ បងអើយកាលណានឹងបាត់ទុក្ខ
។
លាក់ថ្វីប្ដីប្រាសពីទ្រូងប្អូន ស្ងាត់សូន្យទ្រនំនិងសំបុក
ចោលប្អូនម្នាក់ឯងតែងវិតក្ក ច្រងុកជ្រងំយំគិតគាត់
។
ខ្ញុំទ្រាំខំចាំមើលផ្លូវប្ដី លាក់ថ្វីអាហារខ្ញុំក៏អត់
តែទឹកមិននឹកស្រេកប្រាកដ ឲ្យស្បថក៏ហ៊ានមិនមានរា
។
អ្នកបងនៅនេះជាប្រក្រតី ក្រែងឃើញស្វាមីខ្ញុំហើរមក៍
ក្អែកស្ដាប់ប្រាប់ទៅដោយសាទរ យើងរកស៊ីសព្វគ្រប់វេលា ។
ប្រទះខ្លះដែរតែគេមាន គូគេរួមឋានមិត្តមូលគ្នា
នឹងទំមកទំមិនឃ្លាតឃ្លា យល់ជាពុំមានជាគូប្អូន
។
ក្រែងតែហើរទៅត្រើយឯជើង នោះយើងមិនដែលទៅសោះសូន្យ
បើច្នោះអ្នកថ្លៃម៉ៃខាងណូន ក្រែងជួនប្រទះនឹងគេឯង
។
អកស្ដាប់ក្រឡាប់លាក្អែកទឹក ហើរហិចរឭកនឹកយំក្ដែង
ប្រឹងស្រែកទឹកភ្នែកហូររហែង ចំបែងក្នុងចិត្តឥតស្រាកស្រាន្ត
។
ហើរកាត់តម្រង់ត្រង់ត្រើយបឹង ភ្នែកគយគន់ប្រឹងមើលដែនដាន
ដោយដែនដីឈើព្រឹក្សាសាន្ត ព្រឹក្សាសោតមានមិនឃើញប្ដី
។
ឃើញខ្លែងចំខែងទំដើមរាំង ទំដើមរៃរទាំងទើបបក្សី
អកសត្វហើរកាត់ទៅដល់ខ្មី ស្រដីសួរថាអ្នកបងខ្លែង
។
អ្នកបានឃើញប្ដីខ្ញុំផងឬ គាត់ហើរចោលខ្ញុំមកតែឯង
ប្រាំពីរថ្ងៃហើយបងអើយក្រែង មកត្រង់កន្លែងនៃអ្នកបង
។
បើបានឃើញជាក់កុំលាក់ឡើយ បងអើយអាណិតប្រាប់ប្អូនផង
ខ្លែងស្ដាប់ឆ្លើយប្រាប់ទៅវឹងស្នង ថាបងមិនឃើញទេអ្នកថ្លៃ ។
បើបងឃើញជាក់នឹងលាក់ថ្វី ប្រាប់ស្រីតាមត្រង់កុំសង្ស័យ
សង្សារប្អូនប្រាសប្រាំពីរថ្ងៃ ម៉េចថ្លៃក៏បានជាព្រាត់គ្នា
។
អកស្ដាប់ប្រាប់ខ្លែងថាបងអើយ មិនចង់ស្ដីឡើយរឿងប្អូនភ្ញា
កើតជាតិនេះមិញពេញវេទនា មេម៉ាយពីរគ្រានឹងនេះហើយ
។
ប្ដីមុនចំណាប់ស្លាប់ទៅចោល
ខ្ញុំនៅតែលតោលឯងឥតត្រើយ
កំព្រារងាពុំមានស្បើយ ល្វេងល្វើយគំនិតគិតងេងងោង
។
រងទុក្ខរៀងរាល់ទាល់មានប្ដី ប្អូនស្រីបានហើរហ៊ានចូលហ្វូង
បានស្បើយក្នុងចិត្តឥតធេងធោង បានប្ដីដំបូងដំបន់ចិត្ត ។
បានគ្រាន់ស្រន់ស្រាលស្រយាលទុក្ខ រីកមុខរីកមាត់ប្រាកដពិត
សប្បាយក្នុងប្រាណគ្មានភ័យភិត ព្រោះត្បិតបានប្ដីជាត្រីមុខ
។
ឥឡូវនេះកូវគាត់លាប្អូន ថាទៅសួរកូនឯស្រែស្រុក
បើជាស្មោះស្មានមិនមានទុក្ខ ថាមុខជាមករកប្អូនឆាប់
។
ឥឡូវទៅបាត់យូរថ្ងៃហើយ បងអើយប្អូនភ័យស្ទើរនឹងស្លាប់
ខំហើរដើរមករកប្រញាប់ ប្អូនប្រាប់បងអស់ប៉ុណ្ណេះហើយ
។
ខ្លែងស្ដាប់អកប្រាប់អស់សេចក្ដី ខ្លែងស្ដីថាឱមាសបងអើយ
ជាកម្មអ្វីប្អូនមិនមានស្បើយ ស្រីអើយធ្វើម្ដេចឥឡូវនេះ
។
តើកម្មពីព្រេងតែងតាមផ្ដល់ អ្នកប្អូនកុំឆ្ងល់វល់វិលវេះ
ប្រៀបដូចដំរីក្របីសេះ មិនធ្វេះហៅរួចពីគេប្រើ
។
ចូរប្អូនកំសាន្តកុំសោយសោក កុំសែនអាមោកមិនប្រសើរ
នាំនឿយអាត្មាណាប្រឹងហើរ បើម៉្លេះតើកាលណានឹងបានឆាប់
។
មកស្រីយកត្រីទៅភោក្ដា នេវ៉ាកុំអត់កុំឲ្យស្លាប់
ស៊ីទៅប្អូនពៅបើប្រញាប់ តែស្ដាប់ពាក្យបងកុំសង្កា
។
វិស័យហោះហើរប្រើកម្លាំង មានហើយចង់ខ្លាំងដូចម្ដេចម្ដា
ចង់ឆាប់ប្រញាប់ដូចចិន្តា ប្រសិនណាបើបានជួបនឹងប្ដី
។
ស្បើយទុក្ខជាសុខក្នុងកាយា ញីញក់យ៉ាងណាអ្នកអូនស្រី
កម្លាំងមានស្រាប់ចំណាប់ថ្មី ចំណុចប្ដីចំណីប្អូនមិនសូន្យសោះ
។
មិនសូន្យទេមាសមេនាងជឿចុះ ស្រីប្រុសជួបប្រាណស្មានស្ម័គ្រស្មោះ
បើចាស់ក្រឡាស់ដូចកម្លោះ ប្រកោះប្រកិតជិតមិនឃ្លាត
។
ធម្មតាយើងសតវបំបាត់កម្ម មិនដឹងលិចចាំយប់អធ្រាត្រ
មិនចេះវេះពួនដោយស្បាតញាត មិនគិតមារយាទខាងតែបាន ។
មេអកស្ដាប់ខ្លែងកំប្លែងប្រាប់ ក្រឡាប់លាហើរលលើថ្កាន
នឹកពីពាក្យខ្លែងតែងរំខាន គិតដល់ប្ដីប្រាណប្រាសទៅឆ្ងាយ
។
ប្រឹងហើរហើយយំខំស្រែករក ឱប្រុសពន្លករូបឆោមឆាយ
អ្នកល្អលើសអកនៅដីអាយ ប្អូនស្ដាយគំនិតគិតឲ្យខុស
។
ប្រសិនបើប្អូនមកនឹងអ្នក សមបានរួមរក្សរូបឆ្នើមប្រុស
គ្មានទុក្ខជាសុខមិនមានមោះ ទាំងនេះជាគ្រោះផងប្អូនឯង
។
ឥឡូវនឹងទៅទីឋានណា អនិច្ចាប្រុសត្រាច់ដាច់សង្វែង
ប្អូនតាមរកសព្វគ្រប់កន្លែង ចំបែងចិត្តពេកស្ទើរបែកថ្លើម
។
អកហើរទោលិចគេចទៅជើង ហើរឡើងទៅកើតគេចទៅត្បូង
ដល់ស្ទឹងវែងល្វឹងជ្រៅស្រឡូង ឈើច្រើនច្រុះជ្រោងជ្រំជ្រៀតគ្នា
។
ប្រកិតជាប់ជិតជួរមាត់ស្ទឹង អករឹងអាណិតខ្លួនកំព្រា
ព្រួយប្រាណសង្វេគឯកអង្គា រេរារកគូទ្រហោយំ ។
ថាឱប្រុសស្ងួនដួងជីវិត ប្អូនពិតកើតទុក្ខប៉ប៉ុនភ្នំ
អ្នកចាកចោលប្អូនសូន្យជ្រងំ ទូរគមម្នាក់ឯងចំបែងក្រៃ
។
អ្នកនៅទីណាអ្នកថ្លៃអើយ ប្រុសអើយប្អូនមករកយូរថ្ងៃ
ប្រសិនបានភព្វប្រសព្វថ្លៃ យើងនៅអាស្រ័យព្រៃនេះស្ងាត់
។
អ្នកអើយដើមស្រូលពពូលថ្ម ដើមក្រដើមគ្រើលក្រូចពោធិសាត់
រាំងភ្នំសុក្រំព្រះកំចាត់ ដើមផាត់ប្រមូលផ្ទោលផ្ទីរផ្ទាប់
។
ត្រាចត្រៀករលៀករលាយលោត កែវកោតកោងកាងមាក់ប្រាងជាប់
មាក់ប្រេងដុះជិតដើមទម្លាប់ ទន្លាលូតប្រសព្វសន្លឹកគ្នា
។
ថ្លថ្លាន់លំពាន់ទំពូងពោន ស្លាស្លបត្រឱនសោកសែងព្រា
ព្រីងព្រំខ្ចឹងខ្ទម្ពឪជ្រឹងល្វា ពុទ្រាខ្នុរណាំងក្រសាំងខ្វិត
។
ស្រគំស្រកាក្ដាមក្ដុលក្ដួច ទ្រមួចទ្រមូងដូចស្រឡិត
ស្រឡៅតាត្រាវប្របប្រកិត គគិតគគីរសូភីលាយ ។
ស្ដីស្ដៅស្ដុកស្ដុរត្រមុលមៀន ទូរេនគូលែនប៉ែនដកពាយ
ដកពពង្ររោគរាងកាយ វល្លិវាយវល្លិវើកត្អើកត្រដិត
។
វល្លិពាសដាសដោយដើមភ្នំភ្នែង ប្រទាក់ខ្វាត់ខ្វែងប្រក់ប្រកិត
សន្លឹកលូតលាស់ស្រស់គ្មានស្វិត ឆោមស្និទ្ធមិត្តមូលនឹងប្អូនរ៉ា
។
ទីនេះសុសសាយសប្បាយគ្រាន់ នឹងជិះនឹងជាន់ស្និទ្ធស្នេហា
ចម្រើនកម្លាំងខ្លាំងក្លៀវក្លា ដោយសារព្រៃព្រឹកស្លឹកត្រជាក់
។
ឱះឱបុប្ផាចម្ប៉ារីក ប្អូនត្រេកស្រមៃដូចក្លិនអ្នក
កាលថ្ងៃអាស្រ័យនៅរួមរ័ក្ស មិត្តភក្ដិនឹងធុំមិនបាត់
។
អកទំយំអាណិតខ្លួន ព្រួយប្រួនស្ទើរប្រេះថ្លើមប្រមាត់
សញ្ជប់សុបសៅនៅស្ងប់ស្ងាត់ មើលទីដទៃទៅរកស៊ី ។
ត្រយង់កេងកងកុកគ្រោងគ្រែង ក្អែកក្អាតត្មាតខ្លែងក្លាជាន់ញី
ទុងទោមប្រវឹកគគឹកមីរ ពីរ ៗ សន្លឹមទទឹមគ្នា
។
ចៀបចាបលលកលលេលេង ទន្ទេងទន្ទឹមនឹងគូវា
នោះនៃច្រឡៃទោមទទា ក្រសាស-កស្ទាំងប្រជៀវ
។
ក្ងានក្ងោកប៉ោលតោកទុង សំកុងសំកុកលើឈើភ្ញៀវ
សេកសត្វសារិកាហាហើរខ្ញៀវ កញ្ជ្រៀវប្រចឹកប្រឡែងគ្នា ។
ទន្ទេបស្វិតចៅតាវ៉ៅសត្វ ហើរកាត់ទៅមករកគូវា
ភាភព្វប្រសព្វស្កប់ស្កល់ស្កា រេរារកស៊ីទាំងពីរនាក់ ។
មេអកមើលយល់ខ្វល់ក្នុងចិត្ត ឆ្អែតឆ្អិតទ្រូងត្រួតរឹតរឹងអាក់
រលឹកនឹកប្ដីចង់រួមរ័ក្ស មិត្តភក្ដិភាភព្វប្រសព្វគ្នា
។
ទួញយំសង្រេងកន្លេងនឹក សង្រៃភ្លេចភ្លឹកធ្វេសអង្គា
ភ្លាត់ជើងភើចចាប់មែកពុទ្រា ដួលផ្ងារជង្រាងស្រទាងខ្ពោក
។
ភ្ញាក់ប្រាណបានប្រឹងដឹងខ្លួនជាក់ ជាធ្លាក់ដូច្នោះក្រេះស្ទុះក្រោក
ហើយឡើងឈើធំទំវិយោគ សោយសោកសល់សែនណែនឱរា ។
ខ្សេតខ្សតខ្សឹកខ្សួលរអេះឧស ទុញតុះទៀងទួញទំនួញថា
ឱថ្លៃថ្លើមចិត្តមិត្តសង្សារ នៅឯណាបាត់ពេកចម្លែកម្ល៉េះ
។
ប្អូនតែងតាមអ្នកស្រាក់ស្រូតរក អ្នកប្រុសពន្លកល្អចំណេះ
ប្រឹងហើរប្រឹងហត់មាត់ប៉ផ្អេះ តឹងទ្រូងស្ទើរប្រេះរលេះថ្លើម
។
ប្រុសអើយសត្វគេដទៃទៀត ទំទឹមចង្អៀតឈើមួយដើម
ជុំកូនស្រុះស្រួលជ្រួលជ្រៀវជ្រើម ប្រឡែងដណ្ដើមចំណីគ្នា ។
ខ្លះបៀតបែរបានប្រាណប្របជិត ស្នាលស្និទ្ធដោយបែបសេពគូវា
ប្អូនយល់ខ្វល់ចិត្តគិតប្រុសភ្ងា អង្គាព្រួញព្រឺស្ទើរដាច់ខ្យល់
។
មិនដឹងថ្ងៃណានឹងបានស្បើយ កម្មអើយកម្មអ្វីតាមមកផ្ដល់
មកឃ្លាតខ្លួនប្រុសឲ្យឆ្ងាយឆ្ងល់ ឲ្យឆ្ងាយកាយកលកើតទុក្ខា ។
អកទំបន្តិចលេចឃើញទុង ហើរស្កុងមកទំទៀបអាត្មា
អកក្រាបទន្ទាបរាបសិរសា សួរថាលោកមាអាណិតក្មួយ ។
ក្មួយមានទុក្ខធ្ងន់ពន់ពេកក្រៃ ស្ទើរក្ស័យជីវិតពីព្រោះព្រួយ
ព្រោះប្រាណកំព្រាតែក្បាលមួយ ត្បិតក្មួយលោកមាលាទៅបាត់ ។
សន្យាថាទៅតែបីថ្ងៃ ប្រាស្រ័យសួរកូនកំព្រាក្ដាត់
និត្យនៅព្រៃភ្នំទ្រនំស្ងាត់ ខ្ញុំឆ្ងល់នឹងបាត់មិនជូកាល
។
ខ្ញុំមកតាមរកគ្រប់កន្លែង បឹងស្ទឹងខ្វាត់ខ្វែងព្រៃព្រឹក្សាសាល
ស៊ើបសួរសុសសព្វគ្រប់អម្បាល ដែលស្គាល់ស្និទ្ធស្នាលគ្មានប្រទះ
។
ឥឡូវលោកមាសូមប្រោសប្រាណ ប្រោសប្រាប់ឲ្យបានដឹងការខ្លះ
លោកមាមេត្តាថាឲ្យច្បាស់ ខ្ញុំនឹងរូតរះទៅតាមដាន
។
ទុងឆ្លើយក្មួយអើយមាសព្វថ្ងៃ អាស្រ័យទីនេះនៅនាឋាន
ហាក់ជាចន្លោះសោះមិនបាន ឃើញប្រាណអកលោហាហើរមក ។
ឬក្រែងឯងអាត់តែមុជទឹក ចិត្តសឹកសិនសមខំតែរក
ត្រីសាច់ឲ្យបានមិនហ៊ានជ្រក ជួនមកចន្លោះនឹងភ្នែកមា ។
អកស្ដាប់ទុងប្រាប់ថាមិនយល់ រឹងទាល់ទុក្ខធ្ងន់អស់អង្គា
ដាក់ក្បាលរួញរាបក្រាបលុតលា ទុងហើរម្នីម្នាតាមទៀតទៅ ។
សង្វាតសង្វេគឯកកាយា ចូលក្នុងព្រឹក្សាព្រឹក្សាន្តជ្រៅ
ទួញថាឱណាអ្នកប្រុសពៅ អ្នកនៅទីណាអ្នកថ្លៃអើយ
។
ប្អូនរកជជ្រកគ្មានចន្លោះ កៀនកោះគុម្ពោតពុំយល់ឡើយ
បឹងព្រៃស្ទឹងសព្វគ្រប់ទិសហើយ ប្រុសអើយថ្ងៃណានឹងជួបជួន ។
អកយំសង្រេងសម្លេងស្អា អនិច្ចាអកខំទ្រាំទ្រមខ្លួន
ទ្រមខ្លាំងភាំងខ្លាចឃ្លាតប្រុសស្ងួន ទុក្ខធួនថែមថប់ចំប្រប់ប្រាណ ។
កាងស្លបដាបស្លុតរន្ធត់ធ្លាក់ ដូចគេទម្លាក់ដល់ដែនដាន
ដល់ដីអស់ស្រីសែនរំខាន ទធាក់ធរណីគ្រវីក្បាល ។
ទន់ទោជ្រោជ្រប់សន្លប់សូន្យ លង់លុះដឹងខ្លួនក្រោលដោះដាល
ខំហើរទំលើព្រឹក្សាសាល កើតកាលកំសត់សោកកើតថ្មី
។
គ្រានោះមែនមានសត្វតាដក់ ហិចហក់ហើរមករកចាប់ត្រី
បានដល់យង់យល់សត្វអកស្រី សោកប្ដីរហែបពេបឥតស្បើយ ។
តាដក់ហក់ចុះមោះមកទំ សួរថាក្រមុំមាសតាអើយ
មានហេតុភេទអ្វីណាស្រីអើយ ចៅអើយប្រាប់តាឲ្យដឹងដាន ។
គ្រានោះបក្សីអកស្រីសត្វ ប្រណិប័តន៍ឆ្លាស់ឆ្លើយស័ព្ទសាងសាន
ថាឱលោកតាសូមប្រោសប្រាណ សូមទានស្ដាប់ខ្ញុំជម្រាបតា ។
សង្សារតែមួយជាត្រួយចិត្ត ធ្លាប់ស្និទ្ធស្នាលជាធម្មតា
ប្រែព្រាត់ប្រាសព្រាកចាកឱរា ប្រាប់ថាទៅរកសួរកូនចៅ ។
សន្យាថាឆាប់មកទេកូវ ឥឡូវបាត់យូរគួរឲ្យក្ដៅ
ក្ដុកក្ដួលរំជួលចិត្តមួម៉ៅ ទ្រូងចៅស្ទើរធ្លាយខ្ចាយស្ទើរធ្លាក់
។
លោកតាជាចាស់ច្បាស់សេចក្ដី ជាស្រីរាល់កាយកាមរាគរាក់
ដូចជាគង្គាឡើងគ្មានអាក់ សស្រាក់ហៀរហូរពោរពាសថ្នល់
។
ដូចខ្ញុំក្រមុំយ៉ាងប៉ុណ្ណេះ មិនចេះ
ហៅឲ្យបានឆ្អែតឆ្អល់
ចំណីបាយត្រីផ្ទឹមមិនដល់ ស៊ូសល់ចោលនៅចៅមិនថា ។
សង្សារសង្ស័យជាងជីវិត មិនគិតស៊ូស្លាប់តាមវាសនា
គេកាប់គេដោតដូចម្ដេចម្ដា ទោះខ្លារមាសមិនមានក្រែង
។
បាត់អស់របស់ទ្រព្យគ្រប់ប្រការ ចិន្ដាកាកាត់មិនស្ដាយស្ដែង
ឯបាត់សង្សារដូចខ្ញុំឯង រមែងមានទុក្ខពុំសុខឡើយ
។
តាដក់បានស្ដាប់គ្រប់ប្រការ ឆ្លើយថាចៅស្រីត្រូវហើយ
វិស័យសង្សារមាសតាអើយ ចៅអើយចៅថាតាចូលចិត្ត ។
ដូចជារូបតាជរាដល់ កាយកល់ស្គមពេកស្បែកជ្រីវស្វិត
ជើងសរសៃរួញរួបរឹត ល្ហេវល្ហិតកម្លាំងភាំងស្មារតី
។
ដូច្នេះម្ល៉េះម្ដេចគង់មានចិត្ត ស្នេហ៍ស្និទ្ធអាល័យរូបរាងស្រី
ល្អល្អះត្រយង់ចង់បេតី មេត្រីត្រេកត្រង់ការកាមគុណ
។
ស្រដីឡកលយឲ្យផ្ដេសផ្ដាស ច្រឡះច្រឡើសលើសលឿនស៊ុន
វង្វេងដោយនាមនាំខុសទុន ខ្លួនចាស់កម្រុនកម្រើកចិត្ត
។
រសាប់រសល់ខ្វល់ខ្លាំងណាស់ ខ្លួនចាស់កំព្រឹងភ្លឹងភ្លេចគិត
នឹកស្មានថាប្រាណនៅមានឫទ្ធិ ដល់បានជិតលោរួញគង្គួញថយ ។
អេះអុះអាបឡាបស្ទាបតែដៃ មៃដាយថាអារ៉េតេធ្វើប៉យ
គេស្ដោះមកធ្វើយហើយក្រោកឆ្កយ ឯងអៀនស្រមយស្រមេះមុខ ។
គេគេចបាត់ទៅនៅនឹកស្ដាយ ក្នុងកាយឆ្អែតឆ្អល់ខ្វល់កើតទុក្ខ
ជ្រងោច្រងូវនៅច្រងុក វិតក្ករំខានមិនក្សាន្តចិត្ត
។
ខ្លួនប្រាណមិនបានក៏ឥតថា ប្រាថ្នាឲ្យបានតែដៃជិត
ដៃដល់ប៉ះពាល់ប្រកៀកជិត ទើបបានស្បើយស្បិតឥតទុក្ខា
។
ខ្លួនតាចាស់ព្រឹទ្ធគិតចើកចង់ ចំណង់បើនាងនៅរូបា
ក្មេងសោះទាន់អស់ពីកាលណា កំពុងខ្លាំងក្លាបាស់ភ្លែត ។
កម្រតែពាល់ដល់ដោយដៃ វិស័យខ្លួនក្មេងគ្មានទោសហេតុ
ឈាមនៅរាវរងថ្លាអណ្ដែត នឹងឲ្យឆ្អល់ឆ្អែតម្ដេចមាសតា
។
ឱចៅសម្លាញ់អញអាណិត ព្រោះត្បិតនាងឯងក្មេងណាសា
។
កំពុងពេញពាលស្របាលក្លា តណ្ហាកម្លាំងបន្តិចផង
តានៅទីនេះជាយូរហើយ ចៅអើយគ្មានឃើញសល់ជាម្ដង
មិនដែលអ្នកណានឹងហើរឆ្លង តែសងសោមយំពុំមានឡើយ ។
ចៅទៅសួរគេដទៃស្ងួន ក្រែងជួនគេឃើញណានាងអើយ
អាណិតចៅតាអីម្ល៉េះហើយ ចៅអើយទៅចុះដូចបណ្ដេញ ។
បក្សីស្រីអកស្ដាប់តាដក់ លោហក់ហៀវហើរលលើចេញ
ទទះបក្សាលឿនស្លុងស្លេញ ទ្រូងម្នេញពេញទុក្ខពុំសុខចិត្ត
។
ខំហើរបានដល់យល់ទីទួល ព្រៃស្រួលស្រោងស្រស់លាស់ប្រកិត
ប្រគងទងទាក់ហាក់ប្របជិត អកគិតថឱព្រៃនេះហើយ ។
ល្អពេកចម្លែកនឹងព្រៃបឹង ព្រលឹងប្រុសនៅនេះដឹងដឹងអើយ
ប្អូនហៅឆោមឆ្លៅមិនឮឆ្លើយ ឬមួយខឹងហើយឬហ្នា៎អ្នក ។
បើខឹងម្ដេចម្ដាមេត្តាឆ្លើយ ប្រុសអើយអាណិតចិត្តប្អូនស្ម័គ្រ
ប្អូនស្មានថាបាននៅរួមរ័ក្ស រួមរូបវល័ក្ខណ៍ដល់អស់ជន្ម
។
មិនដឹងមកប្រាសនិរាសគ្នា ប្អូនមហាចំបែងតែងទុក្ខធ្ងន់
ទុក្ខយើងព្រាត់ប្រាសប្ដីប្រពន្ធ ខ្លាំងលន់លើសទុក្ខគ្រប់ប្រការ
។
ទុក្ខមួយព្រួយចិត្តត្បិតអត់ឃ្លាន ទុក្ខពីរនឹងគ្មានស្បៀងអាហារ
ទុក្ខបីនឹងគេធ្វើទោសា ទុក្ខបួនកាយាកើតព្យាធិ
។
ប្រាំនឹងប្រាសទ្រព្យសម្បត្តិ ទុក្ខប្រាំមួយនឹងសត្វប៉ងយាយី
ទុក្ខប្រាំពីរនឹងលង់ក្នុងវារី ទុក្ខប្រាំបីអគ្គីឆេះរោលរាល
។
ទុក្ខប្រាំបួននឹងខ្លួនធ្វើឲ្យក្ដី មិនមានប្រណីដោយពុតពាល
ទុក្ខដប់គេស្អប់ធ្វើរង្គាល ផ្ទញ់ផ្ទាលគិតកាល់សម្លាប់កាយ
។
ទុក្ខតពីរនេះច្រើនសណ្ឋាន ពុំបានទុក្ខស្មើប្រាសសហាយ
ប្រាសឪពុកទុក្ខជាងប្រាសម្ដាយ ប្រាសកូនមិនស្ដាយដូចប្រាសប្ដី
។
រីទុក្ខនឹងប្រាសប្ដីប្រពន្ធ ធំលន់ធ្ងន់លើសទុក្ខអ្វី
ៗ
អត់ឃ្លានគ្មានបាយដូចម្ដេចក្ដី ប្អូនស្រីគ្មានថប់ប្រការ ។
ថប់តែប្រុសប្រាសនិរាសប្រាណ ពុះបានមូលមិត្តស្និទ្ធស្នេហា
មិនដឹងប្រុសទៅទីឋានណា កនិដ្ឋានថប់ធួនមិនស្បើយ ។
អកយំបណ្ដើរហើរបណ្ដែត ស្ដាប់ហេតុក្រែងបីយំឆ្លងឆ្លើយ
ព្រះពាយបក់បោកមករំភើយ រហើយភាភាយខ្ចាយក្លិនផ្កា ។
ក្រអូបឈ្ងុយឈ្ងប់ត្រឡប់ហួង ផាត់ត្រង់ផាត់ចូលចំនាសា
មេអករំជួលអួលឱរា ទួញថាឱប្រុសសំឡាញ់ប្អូន
។
ព្រះពាយផាត់ផើយរំភើយផាយ ត្រាយពពកមកពពូន
ធធុំក្លិនផ្កាវាតាជូន ផាត់ជាប់អង្គប្អូនក្រអូបសាយ
។
ប្អូនផ្អូករលឹកនឹករលែក ត្បិតបែកពីប្រុសប្រាសទៅឆ្ងាយ
កាលនៅនែបនិត្យផ្ដិតផ្ដេកកាយ ក្លិនក្លាយជាប់ខ្លួនប្អូនមិនបាត់
។
ក្លិនអ្នកប្រៀបហាក់ដូចក្លិនផ្កា វាតាបក់បោកពពូនសាត់
ប្រៀបដូចអ្នកប្រុសអ្នកប្រាសបាត់ ដូចខ្យល់ផាត់ពពកជ្រកព្រៃផ្សៃ ។
សុរិយ័នទន់ទេរបែរបស្ចិម សន្លឹមលឹបបាត់រស្មីថ្លៃ
បក្សីសត្វអកជ្រកអាស្រ័យ នៅពួរដើមស្រល់ខ្វល់ក្នុងកាយ
។
រៀបរាប់ទំនួញទួញថែថា
ឱណាអ្នកប្រុសអ្នកប្រាសឆ្ងាយ
ប្អូននៅកំព្រាជាមេម៉ាយ ភានអើយប៉ៃណៃម៉ៃហិនហ្នា៎
។
អធ្រាត្រស្រងាត់សត្វអកយំ ទូរគមឯកោគួរអនិច្ចា
ធួនថប់នឹងចិត្តគិតសង្សារ ស្អកស្អាសម្លេងរឹងស្គមខ្លួន
។
ដាសទុំអកយំសូរគ្រលួច ព្រឺព្រួចរងារងាប់ធួន
ជាទុក្ខចំប្រប់ថប់ព្រួយព្រួន ព្រួយប្រាណមាំមួនមិនល្ហែល្ហើយ
។
ទួញយំ ៗ
យប់មិនឈប់ដេក ទឹកភ្នែកតក់ស្រក់ឥតស្បើយ
ថ្លែងថាពុំងាប្រុសប្អូនអើយ ប្ដីអើយរងាពន់ពេកណាស់ ។
ប្អូនធ្លាប់កៀតកិតជិតអង្គា រងាស្រាកស្រន់អន់បាត់ខ្លះ
បានស្ដាប់អ្នកប្រុសផុសក្រែលក្រាស់ ត្រាស្ទះរារាំងរបាំងខ្យល់ ។
ឥឡូវអ្នកទៅបាត់សុងសូន្យ ចោលប្អូនម្នាក់ឯងតែងកង្វល់
ហេលហាលតេងតាងតុញតប់ប្រមល់ សែនឆ្ងល់សល់ឆ្ងាយកាយឆោមស្និទ្ធ ។
អកយំយូរលង់លុះព្រឹកព្រាង ភ្លឺស្វាងស្រឡះរះរឿងឫទ្ធិ
សព្វសត្វច្រវាត់ហើរប្រកិត ប្រកិនដោយបនកនគូវា
អកយល់ទល់ទុក្ខមុខក្រៀមផ្អស់ ទុក្ខម្នោទោមនស្សសឹងកំព្រា
កំប្រោនម្នាក់ឯងរែងវេទនា អង្គារន្ធត់ស្លុតស្មារតី
។
ខះខំតម្រង់អង្គកាយកល គិតដល់បក្សាជាស្វាមី
ប្រឹងហោះហើរផ្លោះខ្ពស់ឡើងខ្មី បក្សាសត្វសឹងរឹងរេរក ។
គន់គយដោយសព្វព្រៃព្រឹក្សា បក្សាទទះនៅជ្រៀតជ្រក
ចំប្រប់សព្វដោយជ្រោយឈូងញក ងេកងករករក៏វីរចិត្ត ។
អកហើរពីព្រឹកព្រះសុរិយា លុះត្រាព្រលប់យប់ងងឹត
បានដល់ព្រៃភ្នំទំនៅនិត្យ ទៀបជិតទ្រនំនៃអកប្ដី
។
អកទំសំកុកង៉ុកក្បាលជ្រប់ សញ្ជប់នៅលើដើមស្រឡី
ទឹកភ្នែកតតក់ស្រក់ដល់ដី អកស្រីវិយោគសោកគ្មានឈប់
។
គ្រានោះមានសត្វសារិកា នៅដើមបង្គៅជាទីម្លប់
យល់អកចម្លែកស្រែកយំយប់ សញ្ជប់សញ្ជឹងនឹកសង្ស័យ ។
ឮសព្ទរៀបរាប់រឿងរកប្ដី បក្សីសារិកាអាណិតក្រៃ
និយាយប្រាប់ប្ដីសីថាហៃ អ្នកថ្លៃអ្នកស្ដាប់ស័ព្ទអកយំ
។
រាប់រៀបទំនួញទួញរកប្ដី ចិត្តស្រីរូបគេហើយរូបខ្ញុំ
អកនេះប្រាកដគូអកភ្នំ ដែលទំនៅទីគគីរខ្ពស់
។
បានជាហ៊ានថាគូអកភ្នំ ត្បិតខ្ញុំដឹងរឿងកាលគាត់រស់
ពីកាលដែលខ្ញុំមានផ្ទៃពោះ អ្នកប្រុសមិននៅទៅរកស៊ី
។
អ្នកឲ្យខ្ញុំនៅចាំសំបុក ផ្ញើទុកនៅនៃព្រៃគគីរ
គ្រានោះអកភ្នំទាំងឈ្មោលញី កូនពីរនៅតូចទើបដុះក្រាល ។
អកពីរអត់ឃ្លានគ្មានអាហារ ដោយសារបឹងរឹងខ្លាំងណាស់
ទឹកបឹងត្រពាំងគោករីងខះ ទឹកស្រះទឹកស្រែតែដូចគ្នា
។
អកអត់ចំណីប្ដីប្រពន្ធ ស្គមលន់ណាស់ពេកពីរអង្គា
អកប្ដីស្រដីនឹងភរិយា ឲ្យគ្នានៅក្រាបចាំសំបុក
។
រក្សកូនតូចទាំងពីរមិញ ខ្លួនចេញទៅរកត្រីស៊ីចុក
អកញីគ្នាអរឥតវិតក្ក រីកមុខញញឹមសង្ឃឹមប្ដី
។
គ្នាផ្ដាំថាទៅកុំនៅយូរ គិតគូរឲ្យខំតែរកត្រី
សន្យាថាទៅកុំនៅយូរ អកស្រីផ្ដាំសព្វគ្រប់ប្រការ
។
អកប្រុសស្ទុះហើរលលើទៅ មិនដឹងគេចទៅទិសឋានណ
អកស្រីយំក្រៃស្រែកឆ្លេឆ្លា ហើរហាចោលកូនគិតតាមប្ដី
។
ទៅចោលកូនបាត់មានសត្វក្អាត សង្វាតហើរហោះផ្លោះមកខ្មី
ចឹកស៊ីកូនអកជាចំណី ចោលឆ្អឹងមកដីហើយហើរទៅ
។
លុះយូរបន្តិចលេចមេអក ហើរមកដល់ទំលើលំនៅ
ជាទុក្ខមើលមុខជាំជាំខ្មៅ ចៅរៅរកកូនសូន្យពុំយល់
។
ឮតែទំនួញទួញពីប្ដី មានអកស្រីបឹងរួមមណ្ឌល
ចោលកូនប្រពន្ធពុំរវល់ អំពល់អំពីទីលំនៅ ។
ហើយទួញរកកូនទាំងពីរបាត់ ក្ដៅក្ដាត់នឹងប្ដីមានស្រីទៀត
។
មួយក្ដៅនឹងកូនសូន្យបង់បាត់ អកសត្វផ្ដាច់ជន្មស្លាប់បង្សៀត
តំណថ្ងៃពីនោះទៀត ឃើញឈ្មោលបោលបៀតហើរមកដល់
។
ទំលើសំបុកមុខមិនរីក ធ្វើភ្នែកភ្លឹះៗ គិតខ្វាយខ្វល់
សម្បុរស្លេកស្លាំងទាំងកាយកល់ ទំនងខ្វល់ក្នុងចិត្តត្បិតមានពីរ
។
ឮទួញរៀបរាប់គ្រប់ប្រការ យំថាអកអូវឱអកញី
ខឹងម្ដេចចាំកូនសូន្យដល់ចោលទី មាសមេកាត់ចិត្តចោលបោះបង់ ។
អកឈ្មោលវិយោគឈ្ងោកមើលដី ឃើញស្រីអកស្លាប់ក្រៀមក្រញង់
ឃើញកូនទាំងពីរក៏ស្លាប់បង់ ហើរត្រង់ចុះទៅដល់ដែនដី ។
កាងស្លាបក្រសោបឱបខ្មោចកូន សន្លប់សុងសូន្យទៅទៀតខ្មី
ដំណាលកាលលាទៅរកត្រី ពុំបានភ្លេចស្រុកសំបុកនៅ
។
រៀបរាប់សព្វសុសស្ទុះឡើងហើរ លលើទម្លាក់ខ្លួនស្លាប់ទៅ
ប្រពន្ធចុងចោលទុកឲ្យព្រៅ ឆោមឆ្លៅល្មមចាំយកជាយ៉ាង
។
សារិកាឈ្មោលឮប្រពន្ធថា ផ្ទៀងឱនកាម៌ាកែគេចផាំង
វេលាសាសព្ទបក្ខាកាង ក្អេងក្អាងចរចាថានាងអើយ
។
នាងឯងកំប្លែងថាដូច្នោះ ខ្មោចប្រុសគម្រក់អន់ឥតត្រើយ
ស្វះស្វែងថាឯងគ្រាន់បើហើយ ដើមឡើយអួតឯងទៅរកត្រី ។
យកមកចិញ្ចឹមប្រពន្ធកូន បាត់សូន្យមិនឃើញបានមានអ្វី
ទៅផ្ទប់ចម្រប់តែនឹងស្រី សេចក្ដីដែលគ្នាកករ ។
ភ្លេចអស់សំដីខ្លីក្រឡះ បានថ្មីចោលចាស់មិននឹកនា
ចិត្តជាស្មូជន់ពន់វេលា ហ៊ានធ្វើឲ្យគ្នាបែរបង្ខាត
។
ខ្មោចអាគម្រក់អួទីនួ មិនគួរឲ្យយកជាក្បួនខ្នាត
សមតែស្នូលដីចំណីត្មាត ទើបសមមារយាទឫករូបវា
។
មេណាវាដោយអាដែងនោះ ចំពោះមេនោះស្រីសាធារណ៍
សូវធ្វើសំផឹងវិញក៏ជា បានប្រាក់ជួលស្វារាំឲ្យមើល
។
នាងឯងកុំឲ្យអញយកយ៉ាង រឿងរ៉ាវទោសអញ ៗ
មិនព្រើល
ហើរចោលកូនចៅទៅជជើល ជួបបែរងងើលងងង់មក ។
មួយអត់មួយឃ្លានព័ន្ធលើគ្នា ភ្លឹកភ្លេចការងារងប់ក្បាលជ្រក
មិនមានគិតគូរសួរស៊ើបរក ថាល្អសឹមយកជាគូគាប់ ។
ចេះឃើញតែប្រុសនោះមិនថា ប្ដីសីនរណាក្ដក់បោះជាប់
ស្រីនោះដូច្នោះគេមិនរាប់ អញស្អប់ស្មារលាដល់និព្វាន
។
កុំឲ្យឃើញយល់យ៉ាងដូច្នោះ ជាតិនេះជាតិក្រោយកុំឲ្យមាន
ឃើញយល់អំពល់ចិត្តវិញ្ញាណ បើគ្មានស៊ូព្រៅនៅទទេ ។
នាងឯងយកអញទៅប្រដូច មេខូចនេះហើយតិចអញជេរ
យ៉ាងអញមិនចេះវេះវៀចវេរ រិះរកកល់កែដូច្នោះ ។
អ្នកណារក្សាចិត្តយ៉ាងអញ នេះពេញជាក់ជាតិជាហៅប្រុស
ស្រអាំស្រអុកទុក្ខចិត្តចុះ មិនខុសខូចទេកុំថែថប់
។
គ្រានោះបក្សីស្រីអកស្ដាប់ ឮសត្វសារិកាផ្កាសត្វសព្វ
ឈឺចិត្តឆ្អិតឆ្អល់ខ្វល់ហ្វឹនឡប់ ចំប្រប់ប្រាណប្រឹងរំពឹងគិត
។
ថាជើសារិកាថាអម្បាញ ដៀលអញឯងស្មោះចំពោះពិត
ឱហេតុតែកម្មនាំគំនិត ប្រព្រឹត្តឲ្យខុសប្រុសមើលងាយ
។
ជើគេប្រាកដប្រកាន់ចិត្ត ស្នេហ៍ស្និទ្ធគិតក្រែងលែងព្រាត់ព្រាយ
ស្មានតែទំនេរដូចនិយាយ បង់កាយទទេគេខូចសោះ ។
បើបានដឹងដានដូចសារិកា កាលណានឹងធ្លោយដោយដល់ម្ល៉
ប្រាកដស៊ូអត់ឲ្យក្រៀមក្រោះ ស្រណោះនឹកពេកដេកឲ្យងាប់ ។
បើទ្រាំពុំបានមានមែកឈើ សសុលរុករើកុំឲ្យធ្លាប់
កុំឲ្យធ្លោយដោយគេឥតគំនាប់ ឥតគំនិតគិតគាប់ឲ្យគេថា ។
មេអកអន់ចិត្តឥតទុកដាក់ អៀនអាក់ក្ដុកក្ដួលអួលឱរា
នឹកខ្មាសសំដីនៃសារិកា ឈឺផ្សាផ្សាយផ្សព្វចំប្រប់ប្រាណ
។
ព្រះចន្ទរឿងរះស្រឡះមក ពពកព្រះពាយផាយផាត់ច្រាន
មេអកតានតឹងរឹងរំខាន ពុំបានឈប់ដេកភ្នែករំពៃ
។
រកមើលគគីរទីអកភ្នំ តែងទំសំណាក់នៅនាព្រៃ
ដោយពាក្យសារិកាថានោះនៃ អកស្រីឃើញពិតឥតសង្កា ។
គិតថាសារិកាស្ដីប្រាកដ នឹងអត់រិះរកព្រះសុរិយា
ពុំបិទខ្មាសអស់សត្វសារិកា គេថាមុខគួរឲ្យឈឺណាស់ ។
ចង់ទៅឥឡូវទាន់យប់ស្ងាត់ ហើយកាត់ទៅឲ្យបានឃើញច្បាស់
បើពិតដូចពាក្យនឹងប្រែប្រាស ក្រឡាស់កែដកគំនិតថ្មី ។
អកគិតដូច្នោះស្មោះហើរទៅ សំដៅគគីរតាមសម្ដី
សារិកានិយាយប្រាយប្រាប់ប្ដី អកស្រីដល់ដួចកួចចិន្ដា ។
ចូលចំទ្រនំនៃអកប្ដី បក្សីយល់ជាក់ដាក់កាយា
ទំបោកឈ្ងោកមើលសព្វប្រការ ដោយសារពន្លឺព្រះចន្ទចែង ។
យង់យល់សម្បុកទុកទើរកូន ស្ងាត់សូន្យគ្មានយល់ចៅកន្លែង
គិតថាគគីរទីនេះឯង ពុំប្លែងប្លែកពីពាក្យសារិកា
។
យល់ពិតប្រាកដជាទ្រនំ អកភ្នំជាសាច់សង្សារា
ពុំមែនជាទីអកឯណា គិតថាដូច្នោះស្ទុះហើរទៅ
។
ចរចុះលុះដល់គល់គគីរ អកញីបានយល់ខ្មោចប្ដីនៅ
ស្លាប់គរលើគ្នាក្នុងស្មៅព្រៅ នឹកក្ដៅក្ដាត់ក្ដួលអួលក្នុងចិត្ត
។
ស្ដីថាប្រាជ្ញាអ្នកឯងនេះ ដឹងយ៉ាងម្ល៉េះ ៗ
អញមិនស្បិត
រវល់អំពល់ឲ្យបង់ចិត្ត ជើស្ដាយគំនិតគិតឲ្យខុស
។
អញគិតថាចិត្តជាដូចមាត់ ថាអីប្រាកដដូចអស់ប្រុស
បើដឹងពុតពាលពីកាលនោះ មិនឲ្យចូលចុះទេអាវ៉ា ។
ណ្ហើយចុះសុញ្ញោបានជាធ្លាយ ថ្លស់ធ្លាក់ខ្លួនដោយឥតប្រាជ្ញា
ឆុរឆោតលលោតដោយតណ្ហា បង្ការបង្កអស់ទៅហើយ ។
នឹងកែយកល្អក៏មិនបាន គ្រប់ប្រាណគេស្គាល់មិនសល់ឡើយ
ចង់ស្លាប់ឥឡូវទៅជាត្រើយ ថាហើយស្ទុះហើរលើវេហាស៍ ។
ឆៀងឆាបទន្ទាបទំដើមបេង សង្រេងសង្រៃក្រៃមហិមា
អកស្រីស្រដីខ្ញុំសូមលា ប្ដឹងអស់ទេវានៅសព្វស្ថាន
។
ថាឱទេវាជាទិព្វចក្ខុ សូមអ្នកអាសូរសូមប្រោសប្រាណ
ជួយចាំជាតិខ្ញុំជាតិរច្ឆាន ចុកប្រាណដោយប្រុសខុសយីហោ
។
បង់កេរ្តិ៍ព្រោះគេមានប្រាជ្ញា បង់ការគេទុកជាស្រីចោរ
ស្រីចើកទុកដូចជាចេញចោល៏ មិនហោដូចចិនថាមិនល្អ ។
សុខអីប៉ុណ្ណេះខុសទៅហើយ លោកអើយឱលោកទេពនិករ
មេត្តាប្រោសព្រំដោយស្មោះសរ ស្ដាប់ខ្ញុំអង្វរសូមសច្ចា ។
ខ្ញុំកើតជាតិនេះច្នោះទៅហើយ ម្ចាស់ហើយនឹងរស់ក៏ឥតការ
ស៊ូស្លាប់ចាប់ជាតិដោយសញ្ញា ប្រាថ្នាកុំឲ្យដូចឥឡូវ ។
កើតជាតិនានាជារូបអ្វី សេចក្ដីដែលនឹកកើតអាស្រូវ
កុំឲ្យឃើញយល់អម្ពល់ត្រូវ រៀងទៅដរាបដល់និព្វាន ។
ឲ្យអស់បក្សីជាស្រីសត្វ ចូរប្រុងប្រយ័ត្នស្ដាប់ពត៌មាន
ចាំទុកទៅមុខកុំពារពាន ស្ទោកស្ទន់គំនិតគិតយ៉ាងខ្ញុំ
។
ជាតិនេះខ្ញុំខុសព្រោះព្រើលចិត្ត គ្មានគិតមុខក្រោយឲ្យសុខុម
ទាល់តែមកត្រូវនូវទុក្ខធំ ដូចភ្នំបែកបាក់ធ្លាក់សង្កត់ ។
ឥឡូវនេះខ្ញុំសូមក្រាបលា អស់អ្នករាល់គ្នាស្លាប់តាមបទ
អកស្រីស្រដីអស់មូលមត់ ស្ទុះស្ទាត់ហោះហើរលើវេហាស៍ ។
ស្រដីអកស្រីតែប៉ុណ្ណេះ ពីនេះនឹងថ្លែងចែងពណ៌នា
ពីសត្វទីទុយពីរអង្គារ គិតគ្នាញីឈ្មោលនៅព្រៃចាំ ។
មានកាលសម័យថ្ងៃមួយណា បក្សាបក្សីស្ដីបណ្ដាំ
គិតគ្នារកស៊ីតាមលំនាំ ព្រមព្រៀងប្រុងចាំយប់សន្ធ្យា ។
លង់លុះព្រលប់យប់ងងឹត ទីទុយគង់គិតព្រាកព្រាមគ្នា
ស្ទុះលោតហោះហើរលើវេហាស៍ រេរាំរំពៃរកវាលស្រែ ។
ឃើញជាស្លាប់ទម្លាក់ចុះ ដល់ដីហើយស្ទុះលោតឡប់ឡែ
រកក្ដាមតាមចង្អូរស្រែ ឃើញរន្ធហុយរន្ធហែប្រថុយចឹក ។
ជាកម្មចាំកាយទីទុយញី ញ៉ាមបានក្ដាមស៊ីអររអឹក
កន្លឹតលោតលេងមិនមាននឹក លុះទៀបទៅព្រឹកព្រះសុរិយា ។
ទន់ប្រាណពានលើឯអន្ទាក់ ជាប់ជាត់វាត់ខ្ជាប់ផ្កាប់មុខា
ព្យួរជើងត្រង់ឡើងដឹងអាត្មា សិរសាលិចលង់ក្នុងទឹកក្ស័យ ។
ទីទុយឈ្មោលយល់ប្រពន្ធជាប់ អន្ទាក់រូតខ្ជាប់ភិតភ័យក្រៃ
តក់ស្លុតរន្ធត់ឥតឧបមេយ្យ ក្ដួលខ្លួននៅឰទីនោះណា ។
រាប់រៀបទំនួញទួញប្រពន្ធ ថាខ្ញុំឆោមយន់កែវកនិដ្ឋា
រៀមស្ម័គ្ររក្សស្មើដួងជីវា ស្មើជីវិតភស្ដាស្ដាយមិនស្បើយ ។
ស្ដាយរូបស្ដាយអង្គទ្រង់ប្អូនស្រី ស្ដាយចិត្តបេតីគ្មានពីរឡើយ
ស្ដាយចិត្តធ្លាប់ស្និទ្ធបៀតបង្កើយ ស្ដាយអើយស្ដាយសព្វគ្រប់ប្រការ ។
ប្រកាន់តាមច្បាប់ជាគូគ្រង ស្រីឈ្មងមិនដែលទាល់ចិន្ដា
ប្រព្រឹត្តតាមចិត្តនៃជេដ្ឋា ជេរពាលយ៉ាងណាមិនថាអ្វី ។
ឱកែវចរណៃថ្លៃម្សិលមិញ ត្រមេងត្រមង់មានមេត្រី
ទុំទឹមកៀកកិតជិតនឹងប្ដី បេតីរួមរសស្មោះចិន្ដា ។
បបួលបងមករកក្ដាមស៊ី មាសមេសាបមាត់បងណាសា
បងព្រមតាមចិត្តឥតបើថា មិនដឹងជីវ៉ាមាសមកក្ស័យ ។
ជាកម្មនាំប្អូនឲ្យប្រាសបង ឲ្យហ្មួឲ្យហ្មងសែនអាល័យ
អាឡោះស្រណោះនឹកសព្វថ្ងៃ តែងស្រមៃក្រៃស្រមេះមិនចេះស្បើយ
។
បងរិះរកទីទុយណា ឲ្យដូចកនិដ្ឋាមិនបានឡើយ
ខុសកាយឆ្ងាយចិត្តមិត្តមាសអើយ មិនដឹងណាឡើយឲ្យដូចស្រី ។
ស្ដាយរូប ៗ
ស្រីដូចគេលាង ស្ដាយនាង
ៗ រៀងល្អពិសី
ស្ដាយមុខ ៗ
សដូចសំឡី ស្ដាយស្ដី
ៗ ដូចរគាំងគង ។
ស្ដាយមាត់ ៗ
ស្រួចដូចបន្លា នខាចុងស្រួចស្រស់រទង
ស្ដាយសាច់ ៗ
ម៉ដ្ឋខៀវទងវង ស្ដាយឈ្មងត្រឹមត្រៀបតម្រៀបរៀង
។
ស្ដាយក្លិន ៗ
ឈ្ងុយស្អុយឆ្អាបឆ្អេះ ស្ដាយចេះលែបខាយកាយបែរបៀង
បែរបៀតចេះស្លៀកបត់បញ្ឆៀង បញ្ឆិតដេកផ្អៀងមិនអន់អាក់ ។
ទីទុយទួញសព្វរាយទំនុក កើតទុក្ខទឹកភ្នែកស្រក់សស្រាក់
លង់លុះភ្លឺស្រាងបំព្រាងជាក់ លោតចឹកអន្ទាក់ទាញបណ្ដាច់ ។
ប្រឹងចឹកបន្តិចលេចមនុស្សម្នាក់ ជាម្ចាស់អន្ទាក់មកដល់ចាប់
ទីទុយភ័យស្ទុះជ្រុះទាំងអាចម៍ ញាប់ញ័រសព្វសាច់ប្រឹងហើរទៅ ។
ដល់ទីទ្រនំទំច្រងុក សំកុកសំកាំងតាំងទុកនៅ
ទួញថាឱណាមាសឆោមឆ្លៅ ម្ដេចចៅចោលបង់ឲ្យកំព្រា ។
ឱធ្លាប់ទឹមទំទ្រនំមួយ មិនដែលព្រួយប្រាសប្រាណឃ្លាតឃ្លា
ឃ្លាតខ្លួនសម្ងាត់មួយវេលា ឲ្យជារំខានបន្តិចគ្មាន ។
ឥឡូវប្រាសទៅទាំងស្រស់
ៗ ហេតុព្រោះពិតពីសេចក្ដីឃ្លាន
នាំកាយឲ្យកើតអន្តរធាន ទាំងនេះហេតុមានពៀរពីព្រេង ។
បណ្ដាលឲ្យបងចង់ស៊ីក្ដាម បញ្ឆោតលោតតាមដោយវង្វេង
ប្រសព្វគ្នាតាំងពីក្មេង មិនដែលគិតឆ្វេងយ៉ាងដូច្នោះ ។
ទីទុយតែងតែយំវិយោគ សែនសោកសព្វថ្ងៃក្រៃ
ស្ទើរប្រេះ
ធ្លាក់ថ្លើមសួតសេចរេចរបេះ ធុញថប់ផ្សះ ៗ
រាល់ខែឆ្នាំ ។
មិនមានស្រាន្តស្រន់អន់ទុក្ខា ទើបគិតថែថាអញនឹងចាំ
នៅនេះឲ្យស្រាលស្រយាកកម្ម យូរឆ្នាំណាស់ហើយមិនឃើញបាត់ ។
ច្នេះគួរអញហើរលើវេហាស៍ រកប្អូនពុំងាសង្សារសត្យ
ក្រែងនាងទៅកើតដោយទីស្ងាត់ ជាសត្វអ្វី ៗ ដទៃទៅ ។
ទីទុយគិតច្នោះហើយហើរឡើង ចចើងចំណីព្រៃព្រឹក្សជ្រៅ
ក្រឡេកមើលមេឃឃើញខ្មៅ
ៗ ប្រឹងហើរលឿនស្លៅលង់លុះដល់ ។
ឃើញសត្វអកញីភិលាពលន់ ទីទុយគិតគន់ស្លាប់កិច្ចកល
ឮអករៀបរាប់សព្វគ្មានសល់ នឹកឆ្ងល់ក្នុងចិត្តឥតស្រាកស្រាន្ត ។
ដោយសារជាសត្វកាត់គិតផ្ដាស ថាក្រែងមុំមាសគូបុរាណ
ស្ដាប់ទីទុយយំមកប្រកប្រាណ ជាអ្នកនឹងមានគូរួមរ័ក្ស ។
ទើបហើរលលើរកគូគ្រង ទំនងរលឹកនឹកឥតអាក់
ទីទុយគិតច្នោះស្ទុះចូលជាក់ ដល់ដាក់ស្លបស្លាបស្ទុះសួរថា ។
ហៃប្អូនពិសីស្រីអកអើយ អូនអើយសូមចិត្តមិត្តមេត្តា
ត្បិតបងចង់ដឹងកិច្ចកលការ ចុះយ៉ាងណាអ្នកអូនឯងយំ ។
កណ្ដែងកណ្ដោចដោយវេហាស៍ ម្នាក់ឯងឥតគ្នាស្ងាត់ជ្រងំ
កើតហេតុភេទអ្វីស្រីមាសមុំ ស្រអុំឲ្យបងសែនសង្ស័យ ។
ស្វាមីមិត្តមាសប្រាសទៅណា ប្រាប់រ៉ាមាសមេកុំកែខៃ
ចង់គិតអាណិតអ្នកអូនក្រៃ ដូចជាមាននិស្ស័យពីព្រេងនាយ ។
នឹងហើរជៀសចោលទៅពុំបាន ចង់តែចរចូលមកនិយាយ
ចូរស្ងួននួនប្រាប់សព្ទសម្ទាយ ឲ្យអាយបានដឹងដំណើរនាង ។
គ្រានោះនាងអកស្ដាប់ទីទុយ បន្លុយបន្លឺរសើបំព្រាង
សូមប្រាណអ្នកស្រីស្រដីវាង ថាអ្នកបំព្រាងមិនចង់ស្ដី ។
ចុកប្រាណបានកើតជារូបខ្ញុំ ទុក្ខធំចម្លែកនឹងលោកិយ
អស់គេទុក្ខតែពីអ្វី
ៗ មិនអប្រិយដូចប្រាណខ្ញុំនេះណា ។
តាំងតែកើតទុក្ខគ្មានពីអ្វី ទុក្ខតែពីប្ដីប្រាសអាសា
ចោលប្រាណកណ្ដែងឯងឯកា មិនចង់ថាចៅក្ដៅចិត្តណាស់ ។
ទីទុយបានស្ដាប់សព្ទអកស្រី ប្រាប់ថាប្រាសប្ដីប្រាកដច្បាស់
មានចិត្តគិតស្នេហ៍ប្រែក្រឡាស់ ស្ទារស្ទុះបក្ខាថាមាសបង ។
បើច្នោះមោះទៅឯក្រោមរ៉ា ជេដ្ឋានឹងប្រាប់ណុងនួនល្អង
ឲ្យដឹងដានស្មោះសោះសៅហ្មង ឲ្យស្បើយទុក្ខផងណាឆោមឆ្លៅ ។
អកឮទីទុយប្រថុយថា បងគិតយ៉ាងណាឲ្យបាត់ក្ដៅ
ទីទុយឮហើយឆ្លើយចៅរ៉ៅ ស្រងៅស្រងាំចាំស្ដាប់បង ។
អកថាបើច្នោះប្រុសចរចា ទីទុយថាអង្គណុចនួនល្អង
បើចៅចង់ស្ដាប់ស័ព្ទសាសង មាសបងចុះទៅនៅចុងឈើ ។
បងនឹងនិយាយឲ្យមាសមិត្ត ស្ដាប់ឲ្យអស់ចិត្តមិនរុះរើ
បញ្ឆោតកែកកែប្រែពាក្យពើ ធ្វេះធ្វើលលួងលួងអកស្រី ។
អកស្ដាប់ចាប់ចិត្តចង់ដឹងដាន នឹកស្មានទីទុយមានប្រណី
និយាយប្រាយប្រាប់ពីរឿងប្ដី បក្សីអកចុះចង់ដឹងការ ។
ដល់ដើមឈើទាលទំនៅនិត្យ ទីទុយទំជិតកិតកាយា
អកយល់ទីទុយធ្វើណាសា ស្ដីថាអ្នកបងកុំធ្វើដូច្នេះ ។
ខ្លួនអ្នកជាប្រុសមោះមកថ្មី ខ្លួនខ្ញុំជាស្រីមានទុក្ខម្ល៉េះ
អ្នកធ្វើក្អេងក្អាងថាដូច្នេះ ហាក់ដូចខ្ញុំនេះសហាយស្មន់ ។
ទីទុយស្ដាប់ឡកឡប់ថា ហៃកែវកនិដ្ឋាកុំអាលអន់
បងគិតអាណិតនាងប្អូនតន់ ទ្រង់ទ្រាយកម្លាំងតាំងកាយា ។
ឃើញទំទ្រនំនាងទ្រេតទ្រោត បងសោតជួបទប់កែវកនិដ្ឋា
ដោយបងអាណិតគិតមេត្តា កុំយកទោសាណាឆោមស្និទ្ធ ។
អកស្ដាប់សាស័ព្ទសត្វទីទុយ គិតថាសុខអុយកុំដូចចិត្ត
ប្រាកដជាគាត់នេះអាណិត ខ្លួនអញពិត ៗ ដោយកំព្រា ។
អកគិតជឿស្ដាប់ចិត្តទីទុយហើយ ទើបឆ្លើយថាបងខ្ញុំស្មារលា
បងស្មានជាបងធ្វើមិនជា ប្អូនភ្ងាភ័យភិតគិតខ្លាចខ្លួន ។
ឥឡូវស្ដាប់ទៅជឿចិត្តហើយ បងអើយឃើញចិត្តអាណិតធួន
មែនមានមេត្រីប្រណីស្ងួន មាំមួនពិត ៗ ឥតសង្កា ។
ចុះម៉េចអ្នកថាឲ្យខ្ញុំចុះ អ្នកប្រុសប្រាមប្រាប់ពីមាត់ហ្នា៎
ឲ្យបានស្បើយល្ហើយពីទុក្ខា ប្រាប់រ៉ាអ្នកបងបើអាណិត ។
ទីទុយស្ដែងស្ដាប់សព្ទសំដី អកស្រីអ្នកប្រាប់ដូច្នោះពិត
ទើបឆ្លើយវឹងវៃហៃមាសមិត្ត ផ្លុងចិត្តចាំស្ដាប់នៃរៀមរ៉ា ។
រៀមរិះរឿងរកយកមកថ្លែង ឱអូនឯងអើយកុំសង្កា
កាលនោះជាគ្រោះនៃជេដ្ឋា នាំគូស្នេហាទៅរកត្រី ។
ដល់ស្រែមួយនោះចុះរកក្ដាម កម្មពៀរតែងតាមទីទុយញី
ជាន់ជាប់អន្ទាក់ក្ស័យជីវី ចោលភីលាងនៅតែម្នាក់ឯង ។
កំព្រាអង្គាជាពោះម៉ាយ បងសោសែនស្ដាយចិត្តចំបែង
អាណៅចិត្តអាណិតខ្លួនកន្លេង តឹងតែងសង្រេងកន្លេងផ្សា ។
យូរឆ្នាំរងកម្មរង្កៀសទុក្ខ គ្មានសុខស្រាលស្រន់អន់ថ្ងៃណា
ថ្ងៃនេះរៀមរិះក្នុងចិន្ដា ចង់ចរយាត្រាត្រេចរកគូ ។
ក្រែងជួនចាប់ជាតិជាអ្វី
ៗ ឲ្យដឹងសេចក្ដីនឹងគ្រាន់ធូរ
ត្បិតប្រាសនិរាសក៏លង់យូរ ល្មមគូកើតបានប្រាណធំធាត់ ។
មកគិតដូចនោះស្ទុះហើរមក ស្វែងរកណុងនួនស្ងួនកំសត់
ឱហាតសង្វាតមិនគិតហត់ ព្រោះបងរលឹកនឹកអាល័យ ។
ហេតុតែផលឯងពីព្រេងមាន ពីព្រេងនិព្វានកែចរណៃ
ព្រាត់គូគិតរកតែសព្វថ្ងៃ សង្ស័យសង្សារតែដូចគ្នា ។
បងនឹកថានួនស្ងួនវរលក្ខណ៍ តួដើមរៀមរក្សរួមអង្គា
អង្គឺដទៃទៀតនានា ប្រាកដជាចាប់ជាតិជាអូនឯង ។
បានមានប្ដីដទៃ
ផ្សេង មិនមែនព្រេងទើបព្រាត់ឲ្យចំបែង
បងចាំគូផ្ដាំនៅជាក់ស្ដែង បងឯងមានគូជាដើមមិញ ។
ភេទពង្សវង្សាសត្វដូចគ្នា នឹងប្រាសឃ្លាតឃ្លាស្លាប់ទៅវិញ
ជាគ្រោះឲ្យបងរងទុក្ខមិញ កន្ទេញកន្ទួលអួលអន់ចិត្ត ។
យូរឆ្នាំកម្មស្រាលបណ្ដាលឆាប់ គូមុនដែលស្លាប់ដល់កម្រិត
កម្រើកប្រាណកើតជារូបស្និទ្ធ ល្អឥតប្រៀបផ្ទឹមត្រឹមមិនបាន ។
ប៉ុន្តែថាប្រែភេទជាអក ហើររកតែគូរក្សរួមប្រាណ
លោកផ្ដាំឲ្យចាំគូបុរាណ បើជួបជួនបានប្រទះគ្នា ។
ជួបនៅនាព្រៃដោយដីដែន ពុំមែនជាគូជាភរិយា
បើបានជួបប្រាណលើវេហាស៍ ថាហើយជាក់ជាគូពីព្រេង ។
គ្រូផ្ដាំបងចាំពិតពុំធ្លោយ ចំណាំមុខក្រោយក្រែងវង្វេង
ឥឡូវជួបហើយស្បើយទុក្ខធេង មិនថាលឹកលេងទេមាសបង ។
ចូរកែវកំសាន្តកុំសោយសោក សែនសោយអាមោក្ខឲ្យមួហ្មង
ឲ្យមួម៉ៅក្ដៅចិត្តណានួនល្អង កុំសាសងឡើយនួនសង្ស័យ ។
អកស្ដាប់សាសព្ទទីទុយថ្លែង អៀនឯងដាក់មុខធ្វើភ្លឹះៗ[1]
ទញ់ទាល់ខ្វល់ទុក្ខមុខមិនរីក ខំតែជជីកឆ្លាសឆ្លើយឆ្លង ។
អ្នកបងប្អូនសាសព្ទនិទាន លើកដាក់ដោយមានកលប្រាជ្ញា
កាត់ផ្សំបន្លំឲ្យបានការ ឱះឱកាលណានឹងស្បើយទុក្ខ ។
អ្នកព្រាងកត់យកតែងសេចក្ដី បញ្ឆោតស្រីឲ្យស្រួលបន្ទាល់ឆុក
ងេយធ្លោយដោយភ្លាមតាមទំនុក ដូចភ្លេចជង់គង់មានភ័យ ។
បើស្រីដទៃទៀតមិនថា តាមតែប្រាជ្ញាគិតកែខៃ
កិច្ចកម្មញាំញីមិនសំចៃ បំភ័យឲ្យភ្លាត់បង់ខ្លួនប្រាណ ។
ថ្លោះធ្លោយដោយអ្នករក្សារួមរស បង់កេរ្តិ៍បង់ឈ្មោះមិនគិតអាន
មិនគិតអុយប្រថុយតាមតែបាន គិតស្មានជាស្មោះអស់ចិន្ដា ។
រីឯខ្លួនខ្ញុំកុំបញ្ឆោត គុម្ពោតនោះពួនគប់ហើយណា
បងស្មានថាបានដឹងកលការ ថែថាបំបាត់កំចាត់ទុក្ខ ។
ដឹងអីប្រលោមលួងលោមចង់ ឲ្យបានអង្គនឹងអួតតទៅមុខ
កុំធ្វើអំពើស៊ុកគ្រលុក ខ្មាសអស់អ្នកស្រុកគេនិន្ទា ។
ទីទុយស្ដាប់អកឡក់មិនរួច នឹកព្រួយខំប្រឹងខឹងបំពារ
បំពានទន្ទ្រានលោតឡើងស្គា បាទាជាន់ខ្នងកងកន្ទុយ ។
ក្ដោបក្ដាប់ឱបអកឡកលួងលោម ប្រឹងរុះរោមព្រោងព្រាតព្រុយ
អកអន់អាក់ចិត្តគិតប្រថុយ ថាសុខអត់ឲ្យតាមចិន្ដា ។
ត្បិតគេបង្ខំទ្រាំតាមកល អកខ្វិលគិតខ្វែនណែនឱរា
រឹងអស់កម្លាំងទន់កាយា ធ្លាក់ពីព្រឹក្សាដល់ដែនដី ។
ទង្គក់ទង្គត់ស្លាប់ស្ដូក ធ្លាក់ផ្លូកទាំងពីរក្នុងទាំងពីរក្នុងខ្មី
ជាកម្មនាំសត្វបក្សាសី ចូលចាប់ជាតិប្រឡាំងកាស ។
សេចក្ដីដែលភពប្រសព្វកាម កំពុងចិត្តចាំមូលមិត្តផ្ដាស
ទៅជាកើតសត្វប្រឡាំងកាស ឥតខ្មាសឱបគ្នាគ្មានរបេះ ។
យប់ថ្ងៃអាស្រ័យលើខ្នងគ្នា ដូចជាយើងយល់ឥឡូវនេះ
ចិត្តកម្មចាំជាប់ដូចចាក់ស្រេះ ក្រណាស់អ្នកចេះកាត់តាមបាន ។
ទាំងឡាយគួរគិតចិត្តចងចាំ រីកម្មនេះឯងវែងស្មើប្រាណ
ប្រយ័ត្នប្រុងកាត់ឲ្យបង់បាន តែឲ្យខុសខានខូចអង្គា ។
រីឯអកភ្នំទាំងឈ្មោលញី នៅដើមគគីកាលនោះណា
ដែលស្លាប់ចាប់ជាតិដោយសញ្ញា កើតជាបក្សាសត្វកេងកង ។
បង្កើតហេតុភេទប្រច័ណ្ឌប្ដី មិនពីហេតុអ្វីសោះជាម្ដង
តែពីអកពាលកាលហើរឆ្លង ប៉ុនប៉ងថាទៅរកចំណី ។
ខុសពុំបានដូចខសន្យា ប្រែជាទៅរកឯចង់ស្រី
ចោលចាស់ក្រឡាស់ឱបតែថ្មី សេចក្ដីនេះ ឯងកេងកងសត្វ ។
តែញីពងមិញចេញកាលណា បក្សាក្រាបក្រុងប្រុងប្រយ័ត្ន
បក្សីយកប្ដីបិទបំបាត់ ខំកាត់តែរន្ធឲ្យដង្ហើម ។
ធ្វើហេតុហាក់ផ្ចាលពីកាលអក សត្វញីធ្វើឡកឲ្យទន់ថ្លើម
មិនមានខិលខូចដូចយ៉ាងដើម ចូរស្បើមឲ្យស្បថខិតជៀសចេញ ។
រឿងនេះរិះលេងជាល្បែងល្បង ពុំមានទំនងពីមុនមិញ
កុំចូលចិត្តជឿអស់អញម្នេញ ពិតពេញពុំមានក្នុងគម្ពីរ ។
លើកលេងជាល្បែងល្បងប្រាជ្ញា ដោយសារនៅព្រើលនឹងស្រីញី
គិតក្រែងកំសាន្តចិត្តណោងភី ជាទីសម្រាន្តកម្សាន្តទុក្ខ ។
ចៅក្រមញ៉ាំងខ្ញុំពឹងគេលើក ជាល្បើកនេះឯងក្រែងអ្នកស្រុក
អ្នកស្រែចំការណាអផ្សុក វិតក្កនឹងគិតកូនប្រពន្ធ ។
មើលលែងក្រែងបានស្រាន្តស្រាលចិត្ត បានគិតសន្សំខំឲ្យធ្ងន់
ក្រលៀសជៀសចាកជាក់គិតគន់ គិតគូររកបុណ្យបំបាត់បាប ។
រឿងនេះព្រើលមើលប្រៀនប្រាណ ប្រៀនប្រួនឲ្យបានទៅដរាប
ព្រះបម្រើទ័យលៃលើកកាព្យ កំណាព្យកំណត់ម៉ត់ធីឡេវ ។
-ចប់-
ការស្រាវជ្រាវ
ប្រវត្តិលោកវិសេស
ដួង
របស់
បណ្ឌិតមហា ឈឹម-ស៊ីម អតីតសាស្ត្រាចារ្យ
និទាន
(INTRODUCTON)
(លោកវិសស ដួង
ជាកវីឆើតមួយរូបក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះនរោត្តម) ។
ក្នុងកាល ព.ស. ២៤៥៨
គ.ស. ១៩១៥ ខ្ញុំ (ឈឹម ស៊ុម) មានអាយុ ១០ ឆ្នាំ កំពុងសិក្សានាវត្តថ្នល់រការ[1]
ឃុំបសែត ស្រុកគងពីសី ខ្ញុំបានហាត់អានសាស្ត្រាល្បែងនិងច្បាប់ផ្សេង ៗ
ដ៏ច្រើន ។ បណ្ដាសាស្ត្រាល្បែងទាំងនោះ
មានសាស្ត្រាល្បែងមួយខ្សែជាល្បើករបស់លោកតាវិសេសដូងឈ្មោះសាស្ត្រា
"សុវណ្ណពិលាប" ខ្លះហៅ "សាស្ត្រានេនមាស" ។
តមកខ្ញុំហាត់អានសាស្ត្រាទេសន៍ រហូតដល់មហាជតក៍ គឺមហាវេស្សន្តរជាតក
ព្រមទាំងល្បើកជូជកដែលស្នាដៃរបស់លោកតាវិសេសដូងដែរ ។
ទោះបីល្បើកទាំងនោះបាត់បង់អស់
ខ្ញុំស្រាវជ្រាវឯកសារពុំទាន់ឃើញក៏ខ្ញុំនៅចាំអាចសូត្រមាត់ទទេបានខ្លះ
។
តមក គ.ស. ១៩១៨
ខ្ញុំជាសាមណេរមានអាយុ ១៣ ឆ្នាំ
ខ្ញុំមកនៅសិក្សាក្នុងសំណាក់លោកគ្រូអាចារ្យ ពៅ-កន អតីតចៅអធិការសឹកចេញពីវត្តហូរព្នៅ
មកកលំនៅនាភូមិទួលខ្ពស់ (ឃុំវាល)
ខាងជើងជិតវត្តអង្គទន្លាប់ហៅវត្តត្រពាំងឈ្លើង
(កាលណោះវត្តនោះនៅក្នុងឃុំគរក្រួស ឥឡូវបញ្ចូលទៅក្នុងឃុំព្រៃញាតិ
ស្រុកគងពីសី) ជាវត្តដែលលោកតាអាចារ្យដូងធ្លាប់ជាចៅអធិការ
។ ទោះបីខ្ញុំជាសិស្សសិក្សាបាលី ប៉ុន្៩តែព្រោះហេតុលោកគ្រូខ្ញុំជាកវី
ខ្ញុំក៏ស្ម័គ្រក្នុងការរៀនតែងកាព្យផង ។
លោកគ្រូខ្ញុំបានបង្ហាញឯកសាររបស់លោកតាអាចារ្យដូងខ្លះផង
ទាំងកូនក្មួយលោកគ្រូខ្ញុំ ក៏ចាំកំណាព្យលោកតាអាចារ្យដូង ច្រើនមេ
ច្រើនគ្នាផង ទើបកំណាព្យកំប៉ិកកំប៉ុកទាំងនោះខ្លះ
ឆ្លងជាប់មកក្នុងសតិសម្បជញ្ញៈរបស់ខ្ញុំដល់សព្វថ្ងៃនេះដែលខ្ញុំនឹងសរសេរតទៅខាងចុង
។
តាំងពីខ្ញុំជាក្រុមជំនុំព្រះត្រៃបិដក
គ.ស. ១៩៣៣ ជាសាស្ត្រាចារ្យបាលី គ.ស. ១៩៤២ ខ្ញុំចូលចិត្តតែងកាព្យក្នុងពេលទំនេរខ្លះ
ៗ ជាហេតុបណ្ដាលឲ្យមនោសញ្ចេតនារបស់ខ្ញុំ
ប្រវត្តទៅជាប់នឹងឧបការគុណរបស់លោកខាងលើនេះពុំសូវភ្លេច ។
លោកតាអាចារ្យដូងពុំមែន ជាគ្រូផ្ទាល់របស់ខ្ញុំទេ
ប៉ុន្តែខ្ញុំបានចំណេះពីលោក គឺឯកសាររំកាច់រំកោចដែលសុទ្ធតែជាពាក្យយកមកប្រៀបធៀបនឹងការបង្រៀនរបស់គ្រូខ្ញុំផង
។ ខ្ញុំតាំងលោកក្នុងទីកំបាំងមុខថា ជាគ្រូខ្ញុំដែរ ។ ។
ខ្ញុំចង់សរសេរជីវប្រវត្តិរបស់លោកគ្រូអាចារ្យ ពៅ កន គ្រូខ្ញុំយ៉ាងណា ក៏ចង់សរសេរជីវប្រវត្តិរបស់លោកតាអាចារ្យដូងយ៉ាងនោះដែរ
បានជាក្នុងកាល ព.ស. ២៤៩៩ គ.ស. ១៩៥៧ ខ្្ុំដឹងថាបព្វជិតមួយរូបព្រះនាម
ដូង-ភឿង ជាចៅបង្កើតរបស់លោកតាអាចារ្យដូង
បួសម្ដងទៀតក្នុងគ្រាដែលខ្លួនចាស់ ក្នុងសំណាក់លោកគ្រូ កែវ-ឡាង
ចៅអធិការវត្តលែនពែន ដែលប្រែឈ្្មោះត ៗ មកសព្វថ្ងៃហៅវត្តអង្គព្រះពាន
ខាងត្បូងមន្ទីរពេទ្យចម្រើនសុខភាព របស់សម្ដេចព្រះសង្ឃរាជ ជ.ណ. ឃុំរកាកោះ
ស្រុកគងពីសី ។ ខ្ញុំបានទៅដល់ទីនោះសួរផ្ទាល់លោកគ្រូ កែវ-ឡាង
ដែលកើតទាន់លោកតាអាចារ្យដូងផង ផ្ទាល់លោក ដូង-ភឿង
ជាចៅបង្កើតរបស់លោកតាអាចារ្យដូងផង បានការខ្លះយកមកសរសេរដាក់ក្នុងខាងដើមសៀវភៅ
ទសជាតក៍របស់លោកគ្រូ អ៊ូ-ចេវ ដែលខ្ញុំត្រូវបោះពុម្ពផ្សាយច្រើនដងមកហើយ ។
តមកនៅថ្ងៃ ៧ ᧵
១០ ឆ្នាំម្សាញ់សប្តស័ក ព.ស. ២៥០៨ គ.ស. ១៩៦៥ ជាថ្ងៃភ្ជុំបិណ្ឌ
ខ្ញុំត្រូវនាំគ្រួសារទៅរួ៏មធ្វើបុណ្យភ្ជុំ បង្សុកូលឧទ្ទិសផលជូនលោកគ្រូព្រះសព
ពៅ កន នាវត្តហូរព្នៅ
ព្រមទាំងចង់ស្រាវជ្រាវឲ្យជាក់ច្បាស់នូវជីវប្រវត្តិលោកតាអាចារ្យដូងផង
ខ្ញុំក៏ចេញដំណើរពីភ្នំពេញតាំងពីព្រលឹមដល់វត្តហូរព្នៅ
មុនអ្នកស្រុកជិតខាង,
ខ្ញុំបានជួបនិងចាស់ព្រឹទ្ធាចារ្យដ៏ច្រើន
ដែលខ្ញុំបានណាត់ពេលសុំជួបមានៈ
១- លោកគ្រូបណ្ឌិតមហា
តុប-កឹម[2]
ព្រះជន្ម ៨៤ ឆ្នាំ (មហា ៤ ប្រយោគ ក្នុងជំនាន់ជាមួយនិងសម្ដេចព្រះសង្ឃរាជ)
ដែលជាអតីតចៅអធិការសឹកចេញពីវត្តិហូរព្នៅទៅនៅភូមិក្រសាំងជីមែ
២- លោកតា មឿក-អួក
នៅភូមិព្រៃទទឹង
៣- លោកតា ទេស-ស៊ុម
នៅភូមិព្រៃទទឹង
៤- លោកតា ឃួន
នៅភូមិព្រៃទទឹង
៥- លោកតា ម៉ី-សឿង
នៅភូមិដើមរកាជាដើម ដែលសុទ្ធតែកើតទាន់លោកតាអាចារ្យដូង
ហើយស្គាល់ច្បាស់ព្រមទាំងចាំកំណាព្យខ្លះរបស់លោកតាអាចារ្យដូងផង ។
ខ្ញុំសួរចាស់ ៗ
ទាំងនេះមួយរយៈម្ដង ៗ ឲ្យស្មៀនខ្ញុំសរសេរតាមបានសេចក្ដីដូចតទៅនេះ
កំណើត និង ការសិក្សា
របស់
លោកតាអាចារ្យដូង
លោកតាអាចារ្យដូងចាប់កំណើតក្នុងគ្រួសារអ្នកងារ
មាតាបិតាមាននាមពុំប្រាកដ នាភូមិពាំង-លប
ឃុំព្រះនិព្វាន ស្រុកគងពីសី ជាប់ព្រំប្រទល់ នឹងស្រុកកណ្ដាលស្ទឹង
(ឆ្នាំកំណើតពុំប្រាកដ[3]) ។
លោកតាអាចារ្យដូងកាលឋិតនៅក្នុងបឋមវ័យជាកុមារ បានសិក្សាអក្សរភាសាខ្មែរ
រហូតដល់បានផ្នួសជាបព្វជិត សិក្សាបាលីក្នុងវត្តព្រះនិព្វាន
(ព្រះឧបជ្ឈាយាចារ្យរបស់លោកពុំប្រាកដជានាមអ្វី) ។
ក្នុងគ្រាដែលលោកជាភិក្ខុ បានចេញទៅសិក្សាបាលីក្នុងវត្តគុក
មុខភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ។ កាលនោះនៅក្នុងខេត្តសំរោងទង ។
តាមប្រសាសន៍ចាស់ ៗ
ទាំងនោះថា លោកតាអាចារ្យដូង ធ្លាប់ដំណាលប្រាប់គេរឿយ ៗ ថា
លោកគ្រូព្រះមហារាជធម្ម (អន) វត្តគុកកាចណាស់
មនុស្សម្នោម្នះរៀននឹងលោកពុំបានទេ
មានតែម៉ុកក្ែងងទើបផ្គាប់ព្រះទ័យលោកត្រូវ ។ ថាៈ
អម្បាលខ្ញុំជាមនុស្សរហ័សរហួនអាចទទួលបង្គាប់ប៉ុណ្ណេះ
ហើយធ្វើរហូតប៉ុណ្ណោះបាន, ក៏នៅតែពុំសូវត្រូវព្រះទ័យលោកដែរ
។ ថាៈ លោកឲ្យរៀនប្រែបាលីមួយថ្ងៃមួយសន្លឹក, ខ្ញុំសុំរៀន
៥ សន្លឹកលោកពុំព្រម ខ្ញុំទទូចសុំញឹក ៗ លោកបែរជាថា គាត់ឯងរៀនមិនចេះទេ
។ ខ្ញុំអន់ចិត្តក៏លាលោកទៅស្រុកសៀម ។ លោកថាៈ សៀមខ្មោចអី ! ។ ទោះបីលោកមិនអនុញ្ញាត
ក៏ខ្ញុំអាងថាលាហើយក៏ចេញដំណើរទៅដល់បាត់ដំបង ខំរៀនសៀមផឲង
ហាត់ទេសមហាជាតក៍ផង ។ ខ្ញុំឃើញគម្ពីរមហាជាតក៍ចេះតែស្ទើរចិត្ត
បានជាខ្ញុំកែពាក្យក្នុងគម្ពីរមហាជាតក៍ច្រើនអន្លើ ។
លោកគ្រូមហាជាតក៍បន្ទោសខ្ញុំថាៈ ម្ដេចក៏បំផ្លាញរបស់គេ ។ ខ្ញុំឆ្លើយថា
មិនបំផ្លាញទេ, ជួយធ្វើឲ្យពិរោះទេតើ ។
លោកគ្រូមហាជាតក៍បោះគម្ពីរដែលខ្ញុំកែនោះឲ្យមកខ្ញុំ ។
ខ្ញុំនឹកតូចចិត្តក៏វេចរុំគម្ពីរនោះ[4]
លាលោកមកស្រុកវិញ (ដំណើរការណ៍ដែលចាស់ ៗ បានប្រាប់ខ្ញុំដូចខាងលើនេះ
គួរឲ្យខ្ញុំយល់ថា
លោកតាអាចារ្យដូងរៀនបាលីពុំទាន់មានការចេះច្រើនប៉ុន្មានទេ ហើយជាមនុស្សដែលពាក្យចាស់ថាលឿនហួសចន្ទោល
ជាហេតុនាំឲ្យអនាគតរបស់ខ្លួនមិនបានលូតលាស់ល្អផង) ។
ជីវភាពក្នុងភេទបព្វជ្ជា
នៃ
លោកតាអាចារ្យ ដូង
ចាស់ ៗ
ទាំងនេះនិយាយប្រាប់ខ្ញុំតទៅទៀតថាៈ លោកតាអាចារ្យដូង
កាលត្រឡប់មកគង់នៅក្នុងវត្តព្រះនិព្វានវិញ
មានកិត្តិស័ព្ទល្បីល្បាញខ្ចរខ្ចារពាសពេញទាំងខែត្រ
ព្រោះហេតុលោកទេសន៍មហាជាតក៍ពិរោះណាស់
ហើយជាមនុស្សរហ័ថសមានប្រាជ្ញាវាងវៃ សំដីរអិល
ធ្វើការឥតខ្ជិលអាចបំពេញបំណងអ្នកត្រូវការបានភ្លាម ៗ ។
មិនតែប៉ុណ្ណោះក្នុងវេលាដែលលោកចាស់ចិត្តចាស់គំនិតបន្តិចហើយ
លោកបានរៀនព្រះកម្មដ្ឋានក្នុងវត្តព្រះនិព្វានថែមទៀត ។
មានវត្តមួយឈ្មោះវត្តអង្គទន្លាប់
ហៅត្រពាំងឈ្លើង ខាងត្បូងវត្តព្រះនិព្វាន ខាងលិចភ្នំហូរព្នៅ
លោកគ្រូចៅអធិការទទួលអនិច្ចធម្មទៅ នៅលោកតាចាស់មួយអង្គព្រះនាមហ៊ីង
ពិការជើងនិមន្តដើរពុំបាន ប៉ុន្តែមានចរិយាល្អ ក៏ភិក្ខុសាមណេរ
ព្រមទាំងឧបាសក-សិកា ប្រគេននាទីជាចៅអធិការចំពោះលោកតាហ៊ីងនេះ ។
លោកតាហ៊ីងពុំព្រមទទួល ទើបបបួលគ្នាទៅនិមន្តលោកគ្រូអាចារ្យដូង
មកតាំងជាចៅអធិការ ។ លោកគ្រូអាចារ្យដូង បានឋានៈជាចៅអធិការ
មានការគោរពចំពោះលោកតាហ៊ីង ដូចគ្រូនឹងសិស្ស ។ លោកគ្រូអាចារ្យដូង
បានបំពេញបព្វជិតកិច្ចក្នុងឋានៈជាចៅអធិការ
ព្រមទាំងបានបង្រៀនមហាជាតក៍និងព្រះកម្មដ្ឋានិផង
(ពុំដែលឮថាបង្រៀនបាលីទេ) ។
តមកលោកតាហ៊ីងមានអាពាធធ្ងន់
សិស្សគណ ញាតិមិត្រខំព្យាបាលរោគរបស់លោកដោយវិធីផ្សេង ៗ ។
លោកគ្រូអាចារ្៩យដូង បានតែងកំណាព្យមួយរឿងហៅថា រឿងតាហ៊ីង
(ឥតមាននរណាចាំកំណាព្យនេះទេ, ទោះបីខ្ញុំស្រាវជ្រាវរក
ក៏ពុំឃើញឯកសារនោះសោះ ប៉ុន្តែអ្នកធ្លាប់អានកំណាព្យនោះ ចាំសេចក្ដីបានខ្លះ)
។
ក្នុងការព្យាបាលរោគនៃលោកតាហ៊ីងមានបុរសម្នាក់ឈ្មោះស
នៅភ្នំជីសូរ[5]
ជាសិស្សលោកតាហ៊ីង បាននាំលោកទៅព្យាបាលរោគនាភ្នំជីសូរនោះ ។
គ្រូពេទ្យឈ្មោះ សុខ ជាអ្នកមើលជម្ងឺ ។
លោកគ្រូអាចារ្យដូង
តាមទៅបម្រើលោកតាហ៊ីង លើកំពូលភ្នំជីសូរ អស់វេលាជាង ១ ខែ ។
ព្រោះហេតុទីនោះជាកន្លែងស្ងាត់ លោកមានក្ដីអផ្សុកព្រោះទំនេរ
ជួនជាបានឃើញសត្វអកទាំងគូនៅលើភ្នំជូសូរមានកូនខ្ចី
ទើបលោកប្រឌិតរឿងអកនោះ តែងជាកាព្យបានមួយរឿងទៀតឲ្យឈ្មោះ "ល្បើកអក[6]"
។
លុះលោកតាហ៊ីង
បានជាចាករោគហើយ លោកត្រឡប់មកកាន់វត្តត្រពាំងឈ្លើងវិញទាំងអស់អង្គ ។
លោកគង់នៅជាមួយគ្នា មិនយូរប៉ុន្មានក៏អ្នករាប់អានលោកតាហ៊ីង
កវត្តមួយទៀត ឲ្យឈ្មោះថា វត្តអង្គព្រះស្រី
សំដីអ្នកស្រុកហៅវត្តអង្គភាជន៍) ក្នុងឃុំព្រៃញាតិ
ខាងត្បូងជិតវត្តត្រពាំងឈ្លើងនោះ ហើយគេនិមន្តលោកតាហ៊ីង មកទទួលនាទីជាចៅអធិការ
។ វត្តអង្គព្រះស្រីនេះ តអំពីលោកតាហ៊ីងមកមានចៅអធិការ ៤ តំណមកដល់ ព.ស. ២៥០៩
គ.ស. ១៩៦៧ នេះគឺលោកគ្រូអ៊ុម និងលោកគ្រូប៉ាន់ ចៅអធិការសព្វថ្ងៃ ។
ក្រោយពេលដែលលោកតាហ៊ីងបែកទៅនៅវត្តថ្មី
លោកគ្រូអាចារ្យដូង ក៏លាចាកសិក្ខាបទដែរ ។
ទៅរៀបអាពាហ៍ពិពាហ៍ជាមួយនឹងសិកាម្នាក់ ឈ្មោះមាស នៅភូមិដំដែក
ឃុំជាមួយគ្នា ខាងលិចជិតវត្តទាំងពីរនោះ ។
(មានត)
[1]- វត្តថ្នល់រការនេះ
សម្ដេចព្រះសង្ឃរាជ ជ.ណ.
ទ្រង់ប្រោសព្រះរាជទាននាមថ្មីដើម្បីឲ្យស្របនិងបាលីថា
"វត្តធសិរី" ដូច្នេះវិញពី គ.ស. ១៩៦៤ តាមនាមព្រះសពធន ឪពុកធំខ្ញុំជាអ្នកកវត្តនេះ
។ នៅទីមុនវត្តនេះ រដ្ឋាភិបាលបានបង្កើតមន្ទីរតំបន់រដ្ឋបាលមួយ ពីឆ្នាំ
១៩៦៥ ឥឡូវនេះ រដ្ឋាភិបាលកំពុងចាត់ការបង្កើតទៅជាសាលាស្រុក ។
[2]- លោកគ្រូមហា កឹម
ជាសិស្សលោកគ្រូព្រះសពមឿង អតីតចៅអធិការវត្តហូរព្នៅ ។ លោកគ្រូ មឿង
ជាសិស្សលោកតាអាចារ្យ ដូង ។ លោកតែងប្រើលោកក្រូមហា កឹម កាលជាយុវជនមានអាយុ
១២ ឆ្នាំដល់អាយុ ១៦ ឆ្នាំ
ឲ្យយកអាហារចំណីអាករសួយរៃទៅជូនលោកតាអាចារ្យដូងបួនដប់ដងក្នុងខែនិមួយ
ៗ ។ ហេតុដូច្នេះ ទើបលោកគ្រូមហាកឹមនេះ
បានជាអ្នកស្និទ្ធស្នាលចេញចូលក្នុងផ្ទះនៃលោកតាអាចារ្យដូចកូនក្នុងផ្ទះ
។
[3]- លោកគ្រូមហាកឹមថា
កាលលោកតាអាចារ្យដូងស្លាប់ ខ្លួនលោកមានអាយុ ១៦ ឆ្នាំត្រូវនិង គ.ស. ១៨៩៧ ។
ថាលោកតាអាចារ្យដូងមានអាយុជាង ៩០ ឆ្នាំ ។ បើគិតអាយុ ៩០
គត់ឃើញថាកើតក្នុង គ.ស. ១៨០៧ ។
[4]- គម្ពីរនេះ
ដែលអ្នកគងពិសីហៅថា មហាជាតក៍លោកវិសេសដូង ។ មួយបែបទៀតគេហៅថាមហាជាតក៍លួង
ឬមហាជាតក៍ព្រះអង្គឌួង ដែលលាយដោយពាក្យសៀមចម្រុះនិងពាក្យខ្មែរ ។
[5]- ភ្នំនេះអ្នកខ្លះហៅភ្នំព្រះឥសូរ
នៅស្រុកសំរោង ខែត្រតាកែវសព្វថ្ងៃ
មានព្រះវិហារព្រះពុទ្ធសាសនាពីបុរាណមកដល់សព្វថ្ងៃ ។
អ្នកខែត្រនានានៃកម្ពុជរដ្ឋតែងកាត់ទៅបន់ស្រន់ដោយជំនឿថា
មានពូ្រះពុទ្ធរូបស័ក្ដិសិទ្ធិក្នុងទីនោះ ។
[6]- តាមប្រភពវត្តលែនពែន
លោក គ្រូ កែវ-ឡាង និង លោកតា ដូង-ភឿង ថា មុនលើ្បកអកនេះ លោកគ្រូអាចារ្យដូង
បានតែងរឿងសេកសារិកាមួយដែរ ដែលយើងស្គាល់ថា រឿងសេកសារិកានេះ
មកនិពន្ធតាមរឿងមហាសថ ដោយការដកស្រង់ ។
ការស្រាវជ្រាវ
ប្រវត្តិលោកវិសេស ដួង
របស់បណ្ឌិតមហា
ឈឹម-ស៊ីម អតីតសាស្ត្រាចារ្យ
(តមក)
សេចក្ដីបញ្ជាក់
ស្នាដៃក្នុងការនិពន្ធ
នៃ
លោកតាអាចារ្យ
ដូង
គ- សាស្ត្រានេនមាន ឬ សុវណ្ណពិលាបៈ សាស្ត្រានេះអ្នកឲ្យការច្រើនគ្នាបានឲ្យពត៌មានដល់ខ្ញុំថាៈ
នេនមាសមានកំណើតនៅឃុំជ្រៃ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បួសនៅវត្តរមាស
ខាងត្បូងភ្នំហូព្នៅ ។ សាមណេរនេះជាមនុស្សកំព្រា
កាលដែលមាតាបិតាទទួលអនិច្ចកម្មអស់ទៅ, នៅតែ ២
នាក់និងប្អូនតូចមួយ
មានសេចក្ដីព្រួយចំពោះជីវភាពរបស់ខ្លួននិងប្អូននោះក្រៃពេក, ប៉ុន្តែជាអ្នកមានចិត្តសទ្ធាជ្រះថ្លា ចំណាយទ្រព្យធនធានជាលោហធាតុទាំងអស់
ដែលជាអម្រស់អម្រមានមកអំពីមាតាបិតា
ញ៉ាំងជាងឲ្យរំលាយបញ្ចូលគ្នាសាងបានព្រះពុទ្ធរូបសំរឹទ្ធិ ២
ព្រះអង្គធ្វើបុណ្យអភិសេក តម្កល់ទុកក្នុងវត្តហូព្នៅ[1]
មួយព្រះអង្គ ក្នុងវត្តរមាសមួយព្រះអង្គ ។
សាមណេរ មាស
សុគត់បាត់ទៅឥតមានជនណាដែលរស់នៅសព្វថ្ងៃបានស្គាល់ទេ ប៉ុន្តែគេដឹងត
ៗ គ្នាមកថា សាមណេរនេះ បានសូមឲ្យលោកគ្រូអាចារ្យដូងតែងកាព្យថ្លែងពីសេចក្ដីកំសត់របស់ខ្លួន
។ ហេតុដូច្នេះបានជាកំណាព្យនោះ បានឈ្មោះថា "សាស្ត្រានេនមាស" ។
សាស្ត្រានេះជួនកាលលោកអ្នកចារបានដាក់ចំណងជើងថា
"សាស្ត្រាសុវណ្ណពិលាប" ដូច្នេះក៏មាន, មានចំនួនប្រហែលជាង
១០ សន្លឹកស្លឹករឹត រាប់រៀបអំពីបណ្ដាំមាតាបិតាមុនគ្រាអនិច្ចកម្មថា
ឲ្យថែទាំប្អូន ឲ្យនាំប្អូនលេងតែដោយដីកុំបីឡើងឈើ..., អំពីល្បែងក្មេងនៅស្រុកស្រែ ទេសភាពវាលស្រែនិងព្រៃរបោះ ៗ
មានដើមព្រីង ដើមត្រៀលស្វា ត្រៀលដោះក្របី ដែលជាចំណីនៃក្មេងគង្វាលគោ
ជាកំណាព្យគួរឲ្យសែនស្រណោះក្រៃពេក មានបទព្រហ្មគិតដូចឃ្លាថាៈ
ឱព្រីងដោះក្របី ផ្លែទុំខ្ចីជ្រុះរាត់រាយ
យើងនាំគ្នាប្រញាយ ដណ្ដើមគ្នារើសភោក្ដា
។ល។
មានបទកាកគតិដូចឃ្លាថាៈ
ស្រណោះវាលវែង ដែលយើងរត់ខ្លែង
ទៅទិសឧត្តរា ព្រះពាយបក់បោក
ពពកត្រៀបត្រា ខែមាឃមាសា
សែនស្ដាប់សូរឯក[2]
។ល។
សាស្ត្រាសុវណ្ណពិលាបនេះ
លោកគ្រូអាចារ្យដូង បានតែងឡើងតាមបំណងនេនមាសជាអ្នកសុំឲ្យតែង
គ្មានអត្ថបន័យអ្វីប្លែកធម្មតាទេ គឺគ្រាន់តែជាកំណាព្យមួយ
ដែលគួរឲ្យស្រណោះណាស់ប៉ុណ្ណោះ ។
ឃ- សាស្ត្រាផ្អូកផ្គរ ឬ ផ្គរផ្ដាំក្ដាមខ្យងៈ សាស្ត្រានេះជាល្បើកដែលលោកតាអាចារ្យ
ដូង ប្រឌិតលើកឡើងហាក់ដូចជាអ្នកនិពន្ធនោះចេះភាសាមេឃ ។
ល្បើកនេះជាកាព្យបទកាកគតិ មានពាក្យដើមថាៈ
ព្រហាមផ្គរផ្ងន់ ផ្គរមិនទុរជន នឹងក្ដាមឡើយណា
ហាក់ដូចសាច់ញាតិ សន្ដានផងគ្នា ខែចេញវស្សា
ផ្គរលាក្ដាមទៅ ។
ផ្គរមានមេត្តា ផ្គរផ្ដាំក្ដាមថា ត្បទក្ដាមកម្លៅ
ថាវ៉ឹយអស់ក្ដាម ធ្វើរន្ធឲ្យជ្រៅ ព្រោះមនុស្សក្បាលខ្មៅ
ចូលចិត្តឆីក្ដាម ។ល។
ខ្ញុំធ្លាប់មើលសាស្ត្រានេះ ក្នុងកាលអាយុ
៩ ឆ្នាំ ចាំសូត្រដោយមាត់ទទេបានខ្លះរហូតដល់សព្វថ្ងៃ ។ តមក
ខ្ញុំពុំដែលបានមើលសាស្ត្រានេះទៀតទេ ។ ទោះបីដូច្នោះ
ក៏ខ្ញុំអាចចាំសេចក្ដីបានថាៈ ពាក្យកាព្យក្នុងល្បើកនេះល្អមែនទែន
គួរឲ្យតែចង់មើល, មើលហើយ ហាក់ដូចជានឹងជឿថា
ផ្គរចេះភាសាក្ដាម ក្ដាមចេះភាសាផ្គរ ។
កាលណាខ្ញុំនឹកឃើញល្បើកនេះមួយដងមួយកាល ខ្ញុំតែងកោតសរសើរដល់គំនិតអ្នកនិពន្ធនេះជានិច្ចក្នុងកាលនោះ
។
អត្ថន័យសរុបក្នុុងល្បើកនោះថា
ធាតុអាកាសនៅប្រទេសកម្ពុជាតែងប្រែប្រួលទៅតាមរដូវ ៣ ។ ជាពិសេស
ក្នុងវេលាចុងវស្សានរដូវជិតដល់ហេមន្តរដូវ គឺក្នុងអនោចខែអស្សុជ
ក្នុងវេលាព្រលឹមស្រាង មហាមេឃតែងបញ្ចេញសំឡេងធ្ងន់ ៗ នៅទិសអាគេ្នយ៍ ។
សូរស័ព្ទនៃមហាមេឃនេះ អ្នកស្រុកសន្មតថា ប្រាកដជាអស់ភ្លៀងហើយ ។
តមកគេឮសូរស័ព្ទផ្គរធ្ងន់ ៗ ទៀត ក្នុងវេលាយប់ គេហៅថា
"ទឹកអង្គរបាក់" គឺសូរស័ព្ទដែលគេឮ ក្នុងគ្រាដែលទឹកថយ គីទន្លេសាបមកទន្លេ
៤ មុខវិញ (ទន្លេមេគង្គ) ។
លោកតាអាចារ្យ ដូង តែងកាព្យនេះឡើង
ផ្ដើមដំបូងជាពាក្យផ្គរលាក្ដាមខ្យង ។ បន្ទាប់មក
ជាដម្បូន្មានរបស់ផ្គរចំពោះក្ដាមថា ក្នុងពេលដែលយើងមិននៅ
ត្រូវក្ដាមទាំងឡាយ សសៀរសសៀតត្បុលជ្រៀតកាយរន្ធឲ្យជ្រៅ ក្នុងកៀនកោះ
ដែលមានឫសឈើ គល់ឈើ កន្លៀតថ្ម ក្រួសរវាន ឲ្យកើតជាទីឋានលំនៅរបស់ខ្លួន
ដើម្បីកុំឲ្យមនុស្សក្បាលខ្មៅយកស៊ីបាន ។ ដម្បូន្មាននេះ
ហាក់ដូចជាមហាមេឃមានមេត្តាទួទៅដល់សត្វលោកទាំងអស់
សូម្បីក្ដាមជាសត្វចង្រៃ ក៏មហាមេឃអាណិតដែរ ។
ប៉ុន្តែសេចក្ដីនៃរឿងនេះតទៅទៀត
ហាក់ដូចជាមហាមេឃអាណិតមនុស្សជាងក្ដាមជាសត្វចង្រៃ ព្រោះសូរស័ព្ទផ្គរ
ដែលសន្ទនាជាមួយនិងក្ដាមទុកដូចជាបង្រៀនមនុស្សឲ្យចេះធ្វើម្ហូបដោយជាតិក្ដាមោ
ដូចត្រង់សេចក្ដីថាៈ
ក្ដាមតូច ៗ គេគ្រាន់តែបកសម្បកខ្នងនិងសន្ទះពោះចេញ
គេបុកវាទាំងស្រស់ជាមួយនឹងអំបិលអម្ពិលខ្ចី
(ចិញ្ជ្រាំព្រហក់បន្តិចលាយផងក៏មាន) ហើយច្រូតម្អមខ្ចី ៗ
ធ្វើជាបន្លែផ្ទាប់នឹងក្ដាមបុកនោះ បរិភោគជាមួយនិងបាយក្ដៅ ៗ ឆ្ងាញ់ណាស់
។
ក្ដាមឆៅគេយកទៅបុកឲ្យល្អិតគួរសម
បារពីត្បាល់មកដាក់ក្នុងចានគ្រោង លាយទឹកច្របាច់ស្រង់កាកចេញ
យកតែខួរស្លជាមួយនិងបន្លែននោងខ្ចី ល្ពៅខ្ចី ឬ ល្ហុងខ្ចី បង់ម្ជូរ អំបិល
ព្រហក់និងម្អម, តែប៉ុណ្ណេះក៏ឆ្ងាញ់ណាស់ទៅហើយ
មិនបាច់និយាយដល់ការយកត្រី ឬកំពឹសឬក៏ភ្លៅកង្កែបមកស្លជាមួយផងទេ ។
ក្ដាមគ្រោង ឬ ក្ដាមមេធំ ៗ
នៅរដូវខែចម្រូតគេចាប់មកបកឆ្កឹះយកតែខ្លាញ់ដាក់ក្នុងសម្បកវា
សល់ពីនោះធ្វើម្ហូបដូចខាងលើនេះ ។
ខ្លាញ់ក្ដាមដែលឆ្កឹះដាក់ពេញសម្បកឥតលាយគ្រឿងអ្វីទេ
គ្រាន់តែបង់អំបិលបន្តិចកំដៅលើរងើកភ្លើងឲ្យឆ្អិនប៉ុណ្ណោះ ។
ខ្លាញ់នោះមិនបាច់ច្រើនទេ សូម្បីតែមួយ ឬ ពីរសម្បក គេអាចប្រឡាក់នឹងបាយ
សព្វបានមួយចានធំបរិភោគឆ្ងាញ់ជាទីបំផុត ។ (ត្រង់នេះ ដែលលោកវិសេស ដូង
ថាៈ.... ពុំទាន់បានពម ស្រក់ទឹកមាត់មុន) ។
កូនក្ដាមតូច ៗ គេបកសន្ទះនិងសម្បកចេញ
កាត់ជាពីរកំណាត់ប្រឡាក់នឹងទឹកត្រី ផ្ទាប់នឹងអម្ពិលខ្ចី
ហើយនិងស្លឹកជីរផ្សេង ៗ បរិភោគទៅក៏ឆ្ងាញ់ដែរ ។
កូនក្ដាមតូច ៗ
គេយកមកបកសន្ទះនិងសម្បកចេញ ប្រឡាក់ដោយទឹកស៊ីអ៊ីវផ្អែម
ឬស្ករត្នោតនិងទឹកអំបិល ល្មមចូលរសជាតិផ្អែមប្រៃគួរសមហើយស្រង់មកប្រឡាក់ខ្លាញ់ជ្រូក
លីងក្នុងខ្ទះឲ្យស្រួយ ក៏បរិភោគឆ្ងាញ់គ្រាន់បើដែរ
(អ្នកស្រុកកំពតចូលចិត្តធ្វើម្ហូបក្ដាមបែបនេះ) ។
មិនត្រឹមតែអ្នកស្រែទតេ
អ្នកក្រុងដែលសម្បូណ៌ម្ហូបពោរពាស ក៏អ្នកខ្លះចូលចិត្តបរិភោគក្ដាមប្រៃដែរ
ទោះបីមានក្លិនស្អុយ ក៏គេអាចលាយម្ជូរ លាយស្លឹកជីរផ្សេង ៗ បរិភោគបានដែរ
ប៉ុន្តែគេចូលចិត្តទិញតែក្ដាមប្រៃពីកំពត គឺក្ដាមសមុទ្រ ។
អ្នកកំពតដែលចេះធ្វើក្ដាមប្រៃថាៈ ក្ដាមស្រែឆ្ងាញ់ជាងក្ដាមសមុទ្រទៅទៀត
។ (គួរពិចារណាផងចុះ) ។
(ម្ហូបក្ដាមនេះ ខ្ញុំសរសេរដោយផ្សែផ្សំ
ព្រោះខ្ញុំចាំពាក្យកាព្យក្្នុងសាស្ត្រាផ្គរផ្ដាំក្ដាមខ្យងពុំសព្វគ្រប់
ចាំតែគោលសេចក្ដីប៉ុណ្ណោះ) ។
ល្បើកផ្គរផ្ដាំក្ដាមខ្យងនេះ
ប្រហែលជាអ្នកនិពន្ធចង់ឲ្យសាធារណជនដឹងនូវធម្មតាលោកថាៈ ឱកាសលោក គឺ
ទឹក ដី ភ្លើង ខ្យល់ ដែលមានមេឃជាធំ
ក៏ដូចគ្នានឹងមនុស្សលោកដែលមានមេបាមួយជាធំដូច្នោះដែរ ។ មេឃក្ដី
មេបាជាធំក្ដី មានក្ដីអាណិតអ្នកតូចទួទៅទាំងអស់
ប៉ុន្តែអ្នកតូចដែលខិលខូចបំផ្លិចបំផ្លាញគេ នោះត្រូវវិនាសដោយសំដី
គឺច្បាប់ដ៏សុចរិតរបស់អ្នកគ្រប់គ្រង
ដូចជាក្ដាមជាទីអាណិតរបស់មេឃក៏ពិតមែន ប៉ុន្តែក្ដាមចង្រៃពេក
ទើបត្រូវវិនាយដោយសំដីមេឃដូច្នោះ ។
ង- ល្បើកអក ល្បើកនេះតាមចាស់
ៗ អ្នកឲ្យពត៌មានដល់ខ្ញុំថាប្រាកដជាលោកគ្រូអាចារ្យដូង
បានតែងលើភ្នំជីសូរ ក្នុងគ្រាដែលទៅទ្រាំជម្ងឺលោកតាហ៊ីងមែន ។
ប៉ុន្តែទាល់នឹងមិនឃើញនាមអ្នកតែង និងកាលបរិច្ឆេទក្នុងល្បើកនោះសោះ ។
មានហេតុមួយ ដែលនាំឲ្យអ្នកស្រាវជ្រាវមានគំនិតទទីសទទាស ។ ហេតុនោះគឺ
រឿងអកញីឈ្មោលនេះមានពីរបែប គឺ មួយបែបខ្លី មួយបែបវែង ។ បែបខ្លី
មានចំណងជើងថាល្បើកអក, បែបវែងមានចំណងជើងថាសាស្ត្រាអក
។ បែបខ្លីចប់ត្រឹមអកញីបោះពួយទម្លាក់ខ្លួនស្លាប់
ហើយតមកអកឈ្មោលក៏ដូច្នោះដែរ ។ បែបវែងពីខាងដើមមកដូចគ្នានឹងបែបខ្លី
តពីអកញីឈ្មោលទាំងពីរបោកខ្លួនស្លាប់ទៅ អកញីទី ២
ដែលនៅមាត់បឹងខំប្រឹងហើររកអកឈ្មោលជាគូរសង្សារ ទៅជួបនឹងបក្សីឯទៀត ៗ
ដ៏ច្រើន ខ្លះគេជួយអាណិត ខ្លះគេចំអកឡកឡឺយឲ្យ
ខ្លះគេរិះគន់និន្ទារធ្វើឲ្យអកញីនោះមានការអាម៉ាស់មុខយ៉ាងខ្លាំង
ដល់ទីបំផុត អកញីនោះ បានជាគូសង្សារនឹងសត្វទីទុយឈ្មោលពោះម៉ាយ
ដែលទីទុយញីជាប់អន្ទាក់ស្លាប់ចោលទៅ ។ ទីទុយឈ្មោលនិងអកញី (ពោះម៉ាយមេម៉ាយ)
ទាំងពីរ ស្គារគ្នាលើចុងឈើទាល ជាន់ក្ដោបគ្នាជាប់
របូតជើងធ្លាក់មកដល់ដីស្លាប់ទាំងពីរ ហើយទៅកើតជាសត្វប្រឡាំងកាស
ឱបគ្នាជាប់ជានិច្ច ។ អ្នកនិពន្ធនោះ បែរមកសរជាតិថាៈ
សត្វអកញីឈ្មោលនៅភ្នំជីសូរ
ដែលស្លាប់ខ្លួនព្រោះកំហុសនៃអកឈ្មោលអន្ទោលទៅកើតជាសត្វភូវាំង
ត្រូវភូវាំងញីដាក់ទណ្ឌកម្មវិញ ឲ្យភូវាំងឈ្មោលនៅក្រាបពងគ្រងស៊ុតតែក្នុងរន្ធឈើ
ដែលភូវាំងញីយកដីស្អិតមកបិទមិនឲ្យចេញរួច
ហើយទៅស្វែងរកអាហារមកបញ្ចុកតាមរន្ធតូចដែលខ្លួនបិទមិនឲ្យចេញរួច
ហើយទៅស្វែងរកអាហារមកបញ្ចុកតាមរន្ធតូចដែលខ្លួនបិទមិនឲ្យជិតទុកគ្រាន់តែបញ្ចុកអាហារ
។
ក្នុងទីបំផុតនៃសាស្ត្រាអកបែបវែងនោះ
មានដាក់ឈ្មោះអ្នកពឹងគេឲ្យតែងថាៈ
ចៅក្រំញ៉ាំងពឹងឲ្យគេលើក ជាល្បើកនេះឯងក្រែងអ្នកស្រុក
អ្នកស្រែចំការណាអផ្សុក វិតក្កនឹកកូននឹកប្រពន្ធ ។ល។
ហើយមានទាំងឈ្មោះអ្នកតែងកាព្យនោះផងថាៈ
រឿងនេះរិះព្រើលមើលប្រៀនប្រាណ ប្រៀនប្រួមឲ្យបានទៅដរាប
ព្រះបំរើឧទ័យលៃលើកកាព្យ កំណាព្យកំណត់ហ្មត់ធីល្លេ៍ ។
ហេតុនេះឯង
ដែលនាំឲ្យអ្នកស្រាវជ្រាវខ្លះយក់ថា លោកគ្រូអាចារ្យ ដូង តែង, ខ្លះយល់ថា លោកបំរើឧទ័យតែង ។ ឯយោបល់ខ្ញុំយល់ថាៈ ប្រាកដជាលោកគ្រូអាចារ្យ
ដូង តែង បានត្រឹមមួយបែបខ្លី ហើយលោកបំរើឧទ័យតែងបន្តទៅទៀតទៅជាបែបវែង
ថែមទាំងដាក់ឈ្មោះខ្លួនផងបាត់ឈ្មោះលោកគ្រូអាចារ្យ ដូង ទៅ ។
ចំណុចដូចតទៅនេះ ដែលនាំឲ្យយល់ដូចខាងលើៈ
១- អ្នកឲ្យការច្រើនគ្នា ពីប្រភពវត្តហូព្នៅ
វត្តលែនពែន ភូមិព្រៃទទឹង ឃុំព្រៃញាតិជាដើមថា ល្បើកអក គឺលោកគ្រូអាចារ្យ
ដូង តែងក្នុងគ្រាដែលលោកទៅទ្រាំជម្ងឺលោកតាហ៊ីងនៅភ្នំជីសូរ ។
២- អ្នកឲ្យការទាំងនេះមាន ៦ នាក់
បានកើតទាន់ស្គាលជាក់នូវលោកគ្រូអាចារ្យ ដូងផង ហើយម្នាក់ទៀតជាចៅបង្កើតរបស់លោកគ្រូអាចារ្យ
ដូង ថែមទៀត ។
៣- ល្បើកអកបែបខ្លីនេះជាស្លឹករឹត
មានច្រើនតែក្នុងស្រុកគងពិសីបាទី ព្រៃកប្បាស, ក្រៅពីស្រុកទាំងនេះគេពុំសូវស្គាល់ទេ
ទើបតែនឹងស្គាលក្នុងគ្រាដែលព្រះអង្គម្ចាស់ភាណុវង្ស ទ្រង់បង្កើតរោងពុម្ពកម្ពុជវរោកាស
នៅខាងជើងវាលព្រះមេរុ
ជាប់និងកំផែងខាងត្បូងនៃវត្តឧណ្ណាលោមប្រហែលក្នុងឆ្នាំ ១៩១៩ តរៀងមក,
ទ្រង់ឲ្យយកល្បើកអក[3]
បែបខ្លីមកជួសជុលពាក្យពេចន៍ខ្លះបោះពុម្ពុឡើង
ទើបគេស្គាល់ទួទៅទាំងប្រទេស ។
៤-
អ្នកស្រាវជ្រាវបានរកឃើញល្បើកអកសុទ្ធតែបែបខ្លី ហើយគេឃើញបែបវែងមួយច្បាប់នៅវត្តក្រូច
ស្រុកព្រៃឈរ (កំពង់ចាម) ។
៥-
ខ្ញុំបានប្រៀបធៀបបែបខ្លីនិងបែបវែងឃើញថា អ្នកតែងរឿងនេះមាន ២ នាក់
គឺម្នាក់តែងបែបខ្លី ម្នាក់ទៀតតែងបន្តពីបែបខ្លី
បង្កើតសេចក្ដីជាងពាក់កណ្ដាលទៀត ដើម្បីឲ្យទៅជាបែបវែង ដូចបានបញ្ជាក់ហើយខាងដើមនេះ
។ បានជាខ្ញុំថាដូច្នេះ ព្រោះខ្ញុំធៀបជើងកាព្យឃើញថា
ពាក់កណ្ដាលខាងដើមនៃបែបវែងដូចគ្នានឹងបែបខ្លី
ខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។ បែបខ្លីនោះច្រើនតែពាក្យទី ៧ នៃឃ្លាទី ១
ចាប់ជូននឹងពាក្យទី ៤ នៃឃ្លាទី ២ ពាក្យទី ៧ នៃឃ្លាទី ១
ចាប់ជូននឹងពាក្យទី ៤ នៃឃ្លាទី ២ ពាក្យទី ៧ នៃឃ្លាទី ៣
ទទួលជួនពីពាក្យទី ៧ នៃឃ្លាទី ២ ហើយចាប់ជួននឹងពាក្យទី ៤ នៃឃ្លាទី ៤
ទៀត ។ ពីត្រឹមពាក់កណ្ដាលទៅខាងចុងនៃបែបវែង មានជើងកាព្យផ្សេងពីខាងដើម
គឺ ការចាប់ចុងជួនពុំទៀងទាត់ទេ ច្រើនតែពាក្យទី ៧
ចាប់ចុងជួននឹងពាក្យទី ២ ហើយទឹកដមសំដីពុំមែនជាសំដីលោកសង្ឃផង ។
សំដីនៃអ្នកនិពន្ធផ្នែកខាងចុងនេះ ដែលអ្នកលេងហៅថា
"សំដីមនុស្សឌីត" លំនាំស្រដៀងគ្នានិងពាក្យក្រុមភ្លេងអាយ៉ៃ
ក្នុងជំនាន់អាណានិគមបារាំងសែស ដែលសុភាវធម៌ខ្មែរចុះដុនដាប, ថែមទាំងជើងកាព្យលោត ៗ គឺកាព្យពាក្យ ៧ សោះទេ
ប៉ុន្តែចេះតែបន្ថែមញឹក ៗ ឲ្យទៅជាពាក្យ ៨ ខ្លះ ដោយដុំ ៗ
ហើយច្រើនប្រើពាក្យដែលមានអក្សរជាមួយគ្នាញឹកញាប់ផង ដូចពាក្យថាៈ
ស្បើយទុក្ខជាសុខក្នុងកាយា នឹងញីនឹងញក់ឲ្យយ៉ាងណា
ណាអូនស្រី កម្លាំងមានស្រាប់ចំណាប់ថ្មី បំណុចប្ដីចំណីប្អូនមិនសូន្យសោះ
។ មិនសូន្យទេមាសមេនាងជឿចុះ ស្រីប្រុសជួបប្រាណស្មានស្ម័គ្រស្មោះ
បើចេះក្រឡះដូចក្រឡោះ ប្រកោះប្រកិតជិតមិនឃ្លាត ។ល។
មួយទៀតផ្នែកខាងចុងនេះ
មានពាក្យសៀមលាយចម្រុះផង ដូចពាក្យថា ចៃ (ចិត្ត) យ៉ាកយ៉ាប់ (លំបាកខ្លាំង)
ប៉ៃខាងណូន (ទៅខាងឯណោះ), យ៉ាងណៃ (យ៉ាងណា)
មីដាយថាអៈរ៉ៃ (មិនបានថាម៉េច), គេធ្វើប៉យ
(គេធ្វើព្រងើយ), ក្នុងទីបញ្ចប់ថាៈ
កំណាព្យកំណត់ហ្មត់ធ្វើល្វេ៍ ។
មានពាក្យផ្សារដែលអ្នកនិពន្ធឯទៀត
មិនដែលប្រើក្នុងការសរសេរដូចពាក្យថាៈ
ខ្មោចអាគំរក់អួទីនួ[4] មិនគួរឲ្យយកជាក្បួនខ្នាត
សមតែធ្វើស្នួលដ៏ចំណីត្មាត ទើបសមមមារយាទឫក្រូបវា ។
មេណាវាដោយអាដែងនោះ ចំពោះមេនោះហ្នឹងស្រីសាធារណ៍
សូវធ្វើសំផឹងវិញក៏ជា បានប្រាក់ជួលស្វារាំឲ្យមើល
។
ព្រោះហេតុតែការពិនិត្៩យ៨សង្កេតឃើញដូច្នេះ
ទើបខ្ញុំហ៊ាននិយាយពេញមាត់ថាៈ ប្រាកដជាអ្នកនិពន្ធពីរនាក់ ម្នាក់គឺ
លោកតាអាចារ្យ ដូង ធ្វើបានមួយផ្នែកខាងដើម មានសេចក្ដីជាពាក្យបញ្ចប់ស្រេច
ហើយស្រាប់តែម្នាក់ទៀត គឺ លោកបំរើឧទ័យ ធ្វើមួយផ្នែកខាងចុងថែមទៀតក្នុងកាលខាងក្រោយ
។
លោកតាអាចារ្យ ដូង ប្រាកដជាធ្វើមុន
ព្រោះលោកតានេះ កើតក្នុង គ.ស. ១៨០៧ ។ លោកធ្វើចៅអធិការប្រហែលក្នុងព្រះជន្ម
៣០ ឆ្នាំ ត្រូវនឹង គ.ស. ១៨៣៧ ។ លោកតាអាចារ្យ ដូង តែងល្បើកអកប្រហែលក្នុង
គ.ស. ១៨៣៧ ឬលើសបន្តិចបន្តួច ។ បើដូច្នោះមែន
អាយុកាលនៃល្បើកអកបែបខ្លីបាន ១៣០ ឆ្នាំហើយមកទល់នឹងឆ្នាំ ១៩៦៧ នេះ ។
ខ្ញុំថាដូចខាងលើនេះ
ចំពោះល្បេកអកបែបខ្លី ។ បើស្រដីចំពោះបែបវែងវិញថា លោកបំរើឧទ័យ តែង ។
ពាក្យថា "បំរើឧទ័យ" នេះជាងារនៃមន្ត្រីព្រះបរមរាជវាំង មានត ៗ
គ្នាជាលំជាប់មក ។ ខ្ញុំស្មានថា លោកបំរើឧទ័យនេះ ប្រហែលជាលោកតា ងិន
ដែលខ្ញុំបានស្ដាប់លោកស្រពេចស្រពិលដែរ
ក្នុងកាលដែលខ្ញុំជាសាមណេរនៅវត្តឧណ្ណាលោម លោកតាបំរើឧទ័យ ងិន
ក៏ជាបព្វជិតចាស់ជរាគង់នៅវត្តឧណ្ណាលោមដែរ ។
មានចំណុចមួយទៀតត្រង់នាមលោកចៅក្រមញ៉ាំង
ដែលគួរឲ្យខ្ញុំយល់ថាប្រាកដជាលោកតាបំរើឧទ័យងិន ។
ព្រោះលោកញ៉ាំងនេះខ្ញុំរឹកតែស្គាល់ជាងលោកតា ងិន ទៅទៀត ។ ផ្ទះលោកញ៉ាំង
នៅត្រង់ជ្រុងវិថីប៉ាស្ទ័រ និងវិថីណាវុធ-អ៊ុម ខាងជើងវត្តលង្កា ។ ប្រហែលជាកាលលោកញ៉ាំងទើបនឹងចូលធ្វើការក្នុងតំណែងជាចៅក្រម
ក្នុងគ្រាដែលខ្លួននៅកម្លោះ បានពឹងលោកបំរើឧទ័យងិន
ក្នុងកាលដែលលោកជាមន្ត្រីក្នុងក្រុមជាងមាស (ជាងស្ពាន់ក្រាប់)
ឲ្យតែងបន្ត ដើម្បីជាគ្រឿងកែអផ្សុក ឬ ដើម្បីបញ្ជាក់ថាខ្លួនលោកទាំងពីរនាក់ធ្លាប់ប្រទះនិងសភាពបែបដូចរឿងអកនោះ
។
ងារបំរើឧទ័យធ្លាប់ទំតៗ គ្នា
លើជនមានឈ្មោះផ្សេង ៗ ក៏មែនពិតប៉ុន្តែជនឯទៀត ដែលធ្លាប់បានទទួលងារនេះ
ពុំមែនមានឈ្មោះថាជាកវីទេ, មានតែលោកបំរើឧទ័យងិន
ទើបមានឈ្មោះថាជាកវី ព្រោះលោកបានតែរឿងស្រទបចេកជាដើម ។ រឿងស្រទបចេក
លោកបំរើឧទ័យងិន តែងក្នុងកាល ព.ស. ២៤៣១ បើគិតមកទល់និងឆ្នាំនេះ (ព.ស.
២៥១០) ឃើញថាអាយុកាលនៃរឿងស្រទបចេកបាន ៧៩ ឆ្នាំហើយ ។
សាស្ត្រាអកបែបរែងបើលោកបំរើឧទ័យ ងិន តែងបន្ថែមក្នុងជំនាន់គ្នានោះ
ឬមុននេះក៏ដោយ
ក៏ប្រាកដជាក្នុងកាលខាងក្រោយល្បើកអកបែបខ្លីរបស់លោកតាអាចារ្យដូងមែន ។
ចំណុចមួយទៀតនៅត្រង់ការប្រៀបធៀបអត្ថបទគឺៈ
អត្ថបទទាំងប៉ុន្មានរបស់លោកតាអាចារ្យដូងឥតអត្ថបទណាមួយវែងទេ
ដែលវែងជាងគេមានតែល្បើកអក ព្រោះលោកតែងក្នុងពេលនៅទំនេរ
លើកំពូលភ្នំជីសូរហើយនិងរឿងសេកសារិកាមួយទៀត
ព្រោះជារឿងមានស្រាប់នៅក្នុងគម្ពីរ ។ ក្រៅពីនេះសុទ្ធតែអត្ថបទខ្លី ៗ
ព្រោះលោកតែងក្នុងគ្រាមមាញឹកផង ហើយជាធម្មតារបស់មនុស្សមានចិត្តរហ័ស
តែងតែធ្វើការពុំសូវចប់ដូច្នេះ ។ ឯលោកបំរើឧទ័យងិនប្រាកដមានការវែង ៗ
ដូចរឿងស្រទបចេកក៏វែង រឿងអកដែលលោកលើកបន្ថែមទៀតក៏វែងដែរ
ខ្ញុំស្គាល់លោកពុំច្បាស់ ប៉ុន្តែខ្ញុំអាចសង្កេតបានថា
ធម្មតាជាងមាសតែងតែមានព្យាយាមច្រើន មានចិត្តធ្ងន់ធ្ង មានចរិយានឹងធឹង ។
ព្រោះតែលោកមានព្យាយាម
ទំព័រ ៣៤៤ ដាច់ គឺ ទំព័របញ្ចប់អត្ថបទ
[1]- ព្រះពុទ្ធរូបដែលលោកតម្កល់ទុកក្នុងវត្តហូព្នៅ
មានជនច្រើនគ្នាដែលរស់នៅសព្វថ្ងៃធ្លាប់បានឃើញថា ព្រះពុទ្ធរូបនោះ
មានកំពស់ទាំងបល្ល័ង្កទាំងតួអង្គប្រហែលជាង ៣០ សន្ទីម៉ែត្រ
មានអក្សរជាប់នៅខាងក្រោយបល្ល័ង្កថា នេនមាសសាង ។ ប្រហែល គ.ស. ១៩៣០
ចោរលួចយកព្រះពុទ្ធរូបនេះបាត់ទៅ ។ លោកគ្រូមហា តុប-កឹម
តែងស៊ើបសួររកព្រះពុទ្ធរូបនេះរៀងរៀបមក ។
[2]- សាស្ត្រាសុវណ្ណពិលាបនេះ
ខ្ញុំធ្លាប់មើលក្នុងកាលដែលខ្ញុំមានអាយុ ១០ ឆ្នាំ ។
និស្ស័យរបស់ខ្ញុំក្នុងការរៀនបាលីបានដុះឡើងដោយសាស្ត្រានេះជាដើមហេតុ
។ ព្រោះថាកាលនោះ ក្នុងរដូវដែលអ្នកស្រុកច្រូតកាត់ហើយ គេតែងនិមន្តរលោកទៅដារគ្រប់
ៗ ភូមិ ។ ភិក្ខុ ៣ អង្គទើបបួសថ្មី
ត្រូវលោកគ្រូធំចាត់ឲ្យទៅដារភូមិអង្គសំរោង
ជាលំនៅនៃជនអ្នកពុំសូវមានការចេះដឹង ។ ខ្ញុំជាក្មេងវត្ត
បានតាមលោកទៅដារក្នុងភូមិនោះ ។ ពេលលោកឆាន់ព្រឹកហើយ គេតែងប្រជុំគ្នាសាកច្ឆាធម៌
។ អ្នកភូមិនោះគ្មាននរណាម្នាក់ចេះធម៌ល្មមសន្ទនាគ្នាបានសោះ
បែរជាឲ្យខ្ញុំមើលសាស្ត្រាសុវណ្ណពិលាបនេះឲ្យគេស្ដាប់ទៅវិញ ។
ខ្ញុំមើលដល់ចុងឃ្លានេះ ខ្ញុំឈប់ ។
គ្រានោះការជជែកគ្នាមិនដាច់ស្រេចក៏កើតឡើង ព្រោះមិនដឹងថា
"ទិសណាឈ្មោះទិសឧត្ដរា" ។ ទើបខ្ញុំសួររកហេតុថា
គេរត់ខ្លែងត្រូវរត់បណ្ដោយខ្យល់ឬច្រាសខ្យល់ ?
ឆ- ច្រាស់ខ្យល់ ។ ស- ខែមាឃខ្យល់បក់ពីទិសណា ? ឆ- ពីទិសខាងជើង ។ ទើបខ្ញុំប្រាប់ថាៈ
ទិសខាងជើងហ្នឹងឯងដែលឈ្មោះថា ទិសឧត្ដរា ។ គេក៏ពុំទាន់ជឿ
គេថាទិសខាងជើង ចាស់ ៗ ហៅទិសឧដរ ។ ខ្ញុំថា ឧត្តរា ក៏គឺឧដរ ឧដរ ក៏គឺឯជើង,
ចាស់បុរាណសម្បូណ៌ពាក្យប្រើណាស់ របស់មួយមុខ ៗ
មានពាក្យហៅបីបួនបែប, អ្នកចេះពាក្យច្រើនបែប
ទើបគេហៅថា លោកអ្នកប្រាជ្ញ ។
ខ្ញុំនិយាយប៉ុណ្ណេះ ជាហេតុឲ្យអ្នកភូមិនោះជ្រះថ្លាទាំងក្មេងទាំងចាស់
ខ្លះលើកដៃសំពះខ្ញុំ ។ រឿងនេះដែលចាក់ចុចគំនិតខ្ញុំចង់តែរៀនតទៅទៀត
ដោយការតាំងចិត្តថា មិនព្រមល្ងង់ដូចអ្នកទាំងនោះទេ កើតមកជាកូនខ្មែរ
មិនគួរល្ងង់សព្វបើពាក្យខ្មែរទេ ។
[3]- ល្បើកអកបែបខ្លីនេះ
និងរឿងសេកសារិកា ថៅកែ គីម-ស៊ុយ ម្ចាស់បណ្ណាគារ គឹម-សេង
បានទិញសិទ្ធិផ្ដាច់អំពីចាងហ្វាងរោងពុម្ពកម្ពុជវរោកាស
ក្នុងគ្រាខាងក្រោយអំពីកាលដែលព្រះអង្គម្ចាស់ភាណុវង្សទ្រង់សុគតទៅ ។
[4]- ពាក្យអួទីនួនេះ
ទើបនឹងកើតថ្មី ជាសំដីអ្នកលេងភុំផានបាននាំគ្នានិយាយលេង, អ្នកខ្លះនិយាយថា អួប្រនួ សំដៅសេចក្ដីថាៈ
មនុស្សដែលជក់ចិត្តនឹងល្បែងផ្សេង ៗ មានស្រីនិងស្រាជាដើម ។
No comments:
Post a Comment