សុភាសិតច្បាប់ស្រី
របៀបតែងកាព្យពាក្យ៨បុរាណ
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
(ប្រសិនបងប្អូនចង់មើលគំរូបែបនេះបន្ថែមសូមអានរឿងទិព្វសង្វារទាំង៥ក្បាល)
សុភាសិតច្បាប់ស្រី
ឧកញាសុត្តន្តប្រីជា ឥន្ទ តែង
ជូលីហត្ថនមស្សការដាក់លើកេស តាងប្រទីបកោសុមប្រទុមទេស
ចិត្តវិសេសអារព្ភបាទព្រះសាស្ដា ។ សឹងជាមោលីលោកទាំងត្រៃច័ក្រ
ដូចកល់ហាក់ប្រទីបស្វាងទួទិសា កន្លងបាត់ស្ងាត់ទៅក្នុងអានា
កាន់មហានិព្វានថានសំរានរម្យ ។ មួយជនកជនីបង្កើតកេស
ទាំងទិព្យទេព្វសព្វនិវេសស្ថានសួគ៌សម សូមចំរើនវុឍីសិរីរម្យ
ចូរជួយឃុំកំចាត់កាត់អន្តរាយ ។ ខ្ញុំបាទហ្លួងជីវិតវោហារចែង
ប្រែសុន្ធរពាក្យតែងហព្យភិប្រាយ ទុកទូន្មានសត្រីស្រីទាំងឡាយ
តាមបរិយាយតម្រាប់ច្បាប់នារី ។ កំពង់ពេញពាលរូបតរុណរក្ស
ចំរើនសក្ដិ៍កបលក្ខណ៍ជាសត្រី គួរប្រព្រឹត្តតាមយ៉ាងព្រហ្មចារី
រក្សាកាយកុំបីឲ្យហ្មងសៅ ។ សេចក្ដីជួគួរជុំរុសពីរូបចេញ
សេចក្ដីល្អគួរបំពេញឲ្យមាននៅ តាំងចារិតប្រព្រឹត្តឲ្យត្រង់ត្រូវ
នឹងតវង្សពង្សផៅជាមង្គល ។ សត្រីណាកើតក្នុងព្រះវង្សខ្ពស់
បំរុងយសថ្នមកាយហ្មាយយកផល តោងស្ងួនចិត្តកុំចើកទៅតាមកល
ទើបមិនពាល់ពាក្យតេះអ្នកដ៏ទៃ ។ ខ្លួនតរុណពេញចំទង់វង្សនារី
ដូចមណីសូរ្យកាន្តមានដម្លៃ មែនបើបែកប្រែកប្រេះកាលណានៃ
ក៏ថយថ្លៃចុះថោករកលក់ក្រ ។ ឯតួទាបកុំទៅប្រឹងឲ្យខ្ពស់ប្រាណ
មើលសន្ដានតាមសន្ដាប់បែបអ្នកល្អ នឹងស្លៀកពាក់សំពត់អាវពណ៌ខ្មៅស
តែងកាយក៏មើលកាយឲ្យហ្មត់ហ្មង ។ ការតែងតួសូភាពរៀបគាប់កល
នរណាយល់គង់សរសើរថានួនល្អងចេះ តែងប្រាណត្រូវប្រមាណមិនមានឆ្គង
ចុះទំនងមយុរមសមសណ្ឋាន ។ មែនរូបល្អសសមឧត្ដមសក្ដិ៍
តែមិនចេះទុកដាក់ឲ្យសមប្រាណ គង់មិនស្ទុះកាយស្ទើតឆើតទៅបាន
ខុសសណ្ឋានឥន្ទ្រីយ៍ឆវីវណ្ណ ។ ប្រការមួយទោះដើរដំណើរនាទ
សន្សិមយាសយាងបាទចរដោយជាន់ កុំបង់បោយផ្ងាហាត់ក្រពាត់ពន្ធ
កុំបើកថន់បន្ថយថ្នក់ក្រោមផ្ចិត ។ កុំដើរក្រោយកាយយោគងោគខ្និកខ្នក់
កុំសិតសក់កណ្ដាលធ្លាមិនស្និត ឃើញភឿនមកុំលលេងតាមចិត្ត
មកស្ថានស្ថិតសិមគិតប្រឹក្សាគ្នា ។ ឲ្យកំណត់កត់ចាំពាក្យណាគាប់
កុំបីត្រាប់ពាក្យពុតពោរពាលា កុំនិយាយឡោះឡែះកែះកៀវគ្នា
កុំនាំពាក្រៅក្នុងចេញចូលស្ថាន ។ ទីភូមិណាស្រីជួមិនគួរចរ
ទៅអបអររាប់រជាសន្ដាន ទីភូមិណាប្រុសជុំកុំលលាន
ធុរៈមានរកចាសគេជូនទៅ ។ ចូររវាំងការណ៍កេរ្តិ៍កុំចេរចរ
តាមផ្ទះពួកនិករសាច់ញាតិផៅ កុំឡើងផ្ទះញាតិមិត្រឥតគេហៅ
តែត្រេចទៅញយៗ គង់ថយសក្ដិ៍ ។
នឹងអង្គុយឲ្យស្រគត់ស្រគំកាយ កាលនិយាយកុំលាយសើចរលាក់
កើតជាស្រីក្ដីខ្មាស់មានច្រើនថ្នាក់ ចូរស្ងួនសក្ដិ៍រក្សាការណ៍ក្ដីហ្មង ។
នៃយៈនេត្រកុំសង្កេតឲ្យកឺនណាស់ មើលតែច្បាស់យល់ជាក់ដាក់វិញហោង
បើផ្លេកទៅយល់អស់កំឡោះផង កុំមៀងហ្មងផ្អងផ្អៀងសំឡឹងគន់
។
ឯនេត្រានាំអាត្មាឲ្យមួហ្មង ដូចទំនងណេះនាំឲ្យសម្ពន្ធ
ពិតមិនពិតគេក៏ដិតចិត្តចៅលន់ ពាលៈជនប្រមាទមារយាទបាន
។
តែបើស្ដីស្រីនឹងប្រុសតែងប្រតិពន្ធ មិនដែលណានឹងអត់ក្ដីរួមស្ថាន
មែនបើស្ម័គ្រ ៗ ទុកតែក្នុងប្រាណ កុំស័្មគ្រស្មានចេញក្រៅឲ្យគេយល់
។
ដូចសាខាព្រឹក្សាត្រូវខ្យល់បោក រំជួយយោគក៏តែមែកមិនងេកគល់
ចូរតាំងចិត្តសណ្ឋិតកុំគិតខ្វល់ ទំនងកល់ចាមរីរក្សាកាយ
។
ខ្លួននួននាងដូចយ៉ាងផ្កាប្រទុម ទើបក្រពុំផុសជ្រែកវែកជលសាយ
ទ្រង់សុគន្ធកេសរក្លិនខ្ចរខ្ចាយ មិនដែលណាយភូមិរីគ្លីលំអង
។
គ្រាន់បានក្រេបរសជាតិរេណូផ្កា ឆ្អែតកាលណាក៏លាលាកចេញផ្គង
មិននៅផ្គង់បំរុងរសទៀតលង ដូចទំនងចិត្តប្រុសមិនខុសគ្នា
។
បើប្រុសណាប្រាថ្នាមករួមរ័ក្ស ឲ្យស្គ័លជាក់ជើងប្រុសនោះយ៉ាងណា
វិស័យប្រុសច្រើនប្រាជ្ញប្រែសត្យា ដែលថាស្រឡាញ់ចៅតើម្ដេចមិញ
។
ចូរពិនិត្យគិតរំពឹងឲ្យដឹងណែ កុំធ្វើតែចិត្តល្ហ័សក្រែងផ្ដាស់វិញ
យោគទៅមុខទុកឲ្យបែងបទចេញ ឃើញចំណែញពេញចិត្តសូមចេញមុខ
ត្រចៀកឮកុំលុះលលើតាម សង្កត់កាមសង្កិនស្ដាប់ស័ព្ទទំនុក
ល្មមនឹងគេចឬនឹងកែបំបែមុខ ឬជាល្មមដាក់ទុកតួយ៉ាងណា
។
តោងគ្រិកក្រងហ្មងមើលឲ្យប្រាកដ កុំអាលជឿខ្យល់មាត់ប្រុសចរចា
ឧបាយប្រើមេអណ្ដើកមានប្រាជ្ញា នាំសារាការប្រឡោមលោមបំព្រាង
។
មេអណ្ដើកកុំទៅជឿជាបន្ទាត់ អណ្ដាតបត់ថ្ពូតភលច្រើនយ៉ាង
សរសើរតែពីមានបុណ្យកូនខុនណាង មកអួតអាងឲ្យតែលុះចុះចិន្ដា ។
តែគឺមោះមិនចំពោះដូចនិយាយ នឹងបែកាយបៀតកើយទៅត្រង់ណា
ដូចគេភប្រាប់លាភស្រុកលង្កា មិនគួរយាត្រាតាមពាក្យគេប្រាប់
។
ផ្លូវឆ្ងាយភ្នែកប្រៀបដូចភ្នែកងងឹត នឹងសង្កេតពិតមិនពិតតាមសូរស័ព្ទ
គេនឹងនាំទៅស្លាប់ក៏ស្លាប់ឆាប់ នឹងជឿស្ដាប់មនុស្សនេះក៏ក្រសល់
។
មេអណ្ដើកដូចខ្មោចបីសាចខូច តែគេបន់តិចតួចក៏ភា្លមដល់
យកអាសាប្រាថ្នាស៊ីកំណល់ មិនដឹងតែជឿក៏អស់ខ្លួន
។
ឯក្ដីជួតួឯងក៏ដឹងគ្រប់ ការនឹងគប់សែព្វមិត្រឲ្យធួន
ពិគ្រោះស្ដាប់អាការឲ្យមាំមួន កុំអាលព្រមយ៉មខ្លួនចុះងាយ
ៗ ។
មែនការរកស្វាមីនេះក្រណាស់ វាច្រើនផ្ដាស់តែកញ្ឆាសុរាបាយ
បើស្រ្តីណារួមត្រេកផ្ដេកផ្ដិតការ គង់អន្តរាយអប្បចុនធន់ធានក្រោយ
។
ធម្មជាតិប្រុសខូចពូជពាលពិត វាច្រើនតែប្រព្រឹតទុកទោសឲ្យ
សារពើកិច្ចការមិនចង់គយ បាន
១រយបង់ ១ ពាន់មិនគ្រាន់ចាយ។
ពុំមានគិតជួញប្រែស្រែចំការ ចេះតែតែងអាត្មាដើរកែក្រាយ
នាំភឿនផូងចូលរោងសុរាបាយ ជក់អាភៀនញៀនកាយទាល់អស់ប្រាណ
កាលបើអស់ធន់ធានគ្មានអ្វីកែ ក៏លើកយកសួនស្រែនៅភូមិស្ថាន
ទៅបញ្ចាំឲ្យគេអន្តរធាន ចិត្តមិនមានអាណិតកូនប្រពន្ធ
។
លុះអស់ខ្លួនកើតក្លាយត្រេចប្រចុប ដើរលេងយប់គប់ភ្ឿនគិតលួចប្លន់
លុះកម្មផ្ដល់អកុសលឲ្យគេទាន់ គេក៏ពន្ធចាប់ទៅជូននគរបាល
។
ឲ្យចុះក្ដីវាយខ្នងចងហាលថ្ងៃ កើតចង្រៃនៅគុកទុក្ខរំខាន
ខ្លួនប្រពន្ធឯណាក៏ធន់បាន គង់ចុះសានក្រុមទណ្ឌពន្ធករឯង
។
បែបយ៉ាងនេះមានច្រើនហើយអានង្គ ចូរខំប្រុងគំនិតគិតឲ្យវែង
កុំឃើញតែរូបល្អស្រឡាញ់ឯង ដល់ក្រោយលិចគិតលែងឯណាបាន
។
ប្រុសខ្លះនោះតែងអង្គដើរចង់ស្រី ចងការខ្ចីប្រាក់គេមកតែងប្រាណ
ឃើញកល្យាប្រាថ្នារ័ក្សរួមស្ថាន ទើបអួតប្រាណថាខ្លួនអ្នកមានធំ
។
យកប្រាក់សូកមេអណ្ដើកអណ្ដាតជា ឲ្យមកស្ដីពណ៌នារឿងម្នោរម្យ
ឯងមិនដឹងក៏ស្មានថាមានធំ ក៏ជឿចុះចិត្តពុំមានសង្កា ។
ដល់ថ្ងៃម្ចាស់ប្រាក់គេមកដល់ ទារប្ដឹងប្ដល់ទាល់លុះចុះអាជ្ញា
ឯងប្រពន្ធក៏ពន្ធជាមួយគ្នា និងគេចរាងណារួចកំនួចជាប់
។
មានប្រុសខ្លះខ្ជីខ្ជាខ្ជិលរកស៊ី ចង់បានតែនារីគេមានប្រាក់ស្រាប់
ស្អាងតែអង្គឲ្យតែប្រពន្ធផ្គាប់ លុះអស់ទ្រព្យគេចត្រឡប់មិនរាប់អាន
ប្រុសខ្លះនោះលុះល្បែងបៀប៉ោថូ ចិត្តម៉ៅមួលួចលេងឥតស្រាកស្រាន
សំពត់អាវផ្តិលថាសតុកតោកពាន យកទៅទុយតាមរានរោងចំណាំ
។
តែកងចារសេមាដែលកូនពាក់ លួចស្រាយដាក់កាប៉ៅទៅបញ្ចាំ
កូនប្រពន្ធក៏ធន់ទៅតាមកម្ម មុខក្រជាំទ្រាំបំរើការគេទៅ
។
ហៃអានង្គនារីរូបចំណាប់ អញ្ជើញស្ដាប់បរិយាយយើងប្រដៅ
ប្រុសឥឡូវច្រើនជូជាតិណាចៅ កុំចើកទៅរួមរ័ក្សឲ្យធ្លាក់ប្រាណ
។
វិស័យប្រុសទុច្ចរិតចិត្តអ្នកលេង នាំឲ្យវង្វែងរំខាន
ទោះមានប្រាក់ចាក់គរជាកោដិលាន គង់អន្ដរធានគ្មានសល់ដល់កូនចៅ
។
មានប្ដីខុសតុះគំនិតចិត្តស្ទើរបែក អង្គុយជូតតែទឹកភ្នែកអន់អួលក្ដៅ
ស៊ូទ្រទ្រាំតាមកម្មចាំចិត្តនៅ នឹងបែទៅកែខ្លួនក៏ជួនចាស់
។
តែចិត្តមនុស្សនេះម្នះទៅរកខុស ម្ដេចមិនមើលទាបខ្ពស់ឲ្យជាក់ច្បាស់
ឃើញតែប្រុសក៏ព្រើលទៅផ្ដេសផ្ដាស់ ដល់ក្រក្រោយគិតក្រឡាស់សែនក្រក្រី
ជាសត្រីល្អកាលពេញក្រមុម ចំរើនសមសក្ដិ៍យសព្រោះស្វាម៉ី
តែចាស់ចុះគិតលែងស្វែងរកថ្មី ក៏សាប់សូណ្យរាសីដូចថ្បូងធា ។
ល្អអាក្រក់តែគ្រានៅក្មេងគ្រាន់ ចុះមានប្ដីពីរបីក៏អស់ថ្លា
នឹងត្រឡប់ក្មេងវិញបានកាលណា ផុតប្រាជ្ញានឹងគិតកែមានតែទុក្ខ
។
បើស្រីណាកបកេរ្តិ៍ឥរិយាគាប់ ទោះខាត់ទ្រព្យខាត់ធុនចុនសព្វមុខ
គង់មានគេសង្គ្រោះជួយដោះទុក្ខ ចំរើនសុខរាសីសួស្ដីជា
។
ប្រៀបដូចមាសនព្វគុណកបរស្មី មានដំឡៃឥតបីនឹងពណ៌នា
ថាបើតួជួចិត្តឥតឥរិយា នឹងដុសខាត់យ៉ាងណាមិនថ្លាបាន
។
ប្រៀបដូចមាសក្រឡៃរស្មីអាប់ នឹងប្រដាប់កាយក៏មិនថ្កើងថ្កាន
អ្នកត្រូវការតែងអង្គមិនចង់បាន លក់ដូរគ្មានកាំរៃថ្លៃថយថោក
។
ហេតុនោះនួនចូរស្ងួនរក្សាប្រាណ កុំឲ្យមានមន្ទិលមួហ្មងមក
គួរមិនគួរគួរគិតឲ្យត្រូវច្រក កុំកាន់យកជាគាប់ប្រកកាយ
។
ចូរនៅក្នុងឱវាទញាតិវង្ស រក្សាទ្រង់តាមវង្សសែសឡាយ
គួរពីសែកឯកឈ្មោះឮសុះសាយ កុំស្ទុះទៅតាមព្រះពាយគឺពាក្យ៍ប្រុស
។
ឯខ្យល់មាត់បុរសនេះខ្លាំងក្លា លោកតែងថាអណ្ដាតនេះដឹងរស់
ចូររវាំងកំលាំងខ្យល់បុរស កុំឲ្យចូលជ្រាបអស់សារពាង្គកាយ
។
បើគេស័គ្រឲ្យសូមដល់មែឪ កុំរត់ទៅដោយកាមតាមងាយ
ៗ
ដល់គេស្អប់ឯងត្រឡប់ជាមេមាយ ឯកាកាយខ្មាស់គេកឺនពេកពន់
។
ខាងម៉ែឪក៏ក្រោធពិរោធខ្លាំង ចងវាយជេរដោយកំលាំងទោសោលន់
ព្រោះកាច់មុខលោកខ្មាស់អស់មហាជន មិនគិតគន់ស្រឡាញ់ប្រាណទើបបានទុក្ខ
បើប្រទះម៉ែឪចិត្តខ្លាំងក្រៃ ក៏លក់ភ្នៃឲ្យចៅប្ដីបារាមុខ
បើប្រុសក្រកុំរកឡើយក្ដីសុខ ខ្លួនធ្វើល្មក់តោងលក់ខ្លួននាងឯង
។
នឹងបន្ទោសម៉ែឪឯណាបាន ព្រោះសន្ដានគិតខុសលុះដោយល្បែង
ស្រឡាញ់ប្រុសចុះចោលម៉ែឪឯង មិនគិតក្រែងគុណលោកប៉ុនទាំងភ្នំ
។
លោកចិញ្ចឹមមកប៉ងនឹងឲ្យមាន គូបូរាណវេណីនឹងស៊ីនំ
លុះកូនស្រីទូរយសខុសអារម្មណ៍ ទើបក្រៀមក្រំក្រោធកូនសូណ្យគំនិត
។
បើកូនជាក៏មានមុខស្រងា ញាតិវង្សពង្សាក៏ថ្លាចិត្ត
ទោះព្រៀនលាននៅនាស្ថានឆ្ងាយជិត ក៏មានចិត្តសរសើរនួនអនង្គ
។
ហៃនារីឆោមយង់ចូរប្រុងប្រាណ កុំលលានតាមចិត្តដែលគិតចង់
គិតទុកមុខម្ដាយអាពុកត្រកូលវង្ស រក្សាអង្គឲ្យគង់កេរ្តិ៍ម៉ែឪ
។
កាលទុំជោរគួរជុំរូសជ្រូសចាកទង កុំជ្រូសឆ្ងាយឲ្យរំលងពីដើមទៅ
កុំដណ្ដើមទុំមុនឲ្យហ្មងសៅ យល់មិនត្រូវច្បាប់នារីពីបូរាណ
។
កុំគិតឡើយត្រង់គូគង់បានទេ ឧស្សាហ៍តែធ្វើការរកធន់ធាន
សន្សំទ្រព្យសម្បត្តិឲ្យកើតមាន ទើបនឹងបានពឹងពុំនាក់នៃអាត្មា
។
ទៅខ្សត់អ្វីប្ដីល្អនឹងតវង្ស គង់អ្នកល្អស្មើពង្សមកប្រាថ្នា
ម៉ែឪរៀបទុកដាក់តាមធម្មតា មានសង្ហារាសីល្បីកេរ្តិ៍ឈ្មោះ
។
មួយការស្រីគប្បីរៀនឲ្យចេះ ជាចំណេះគ្រឿងរកចិញ្ចឹមពោះ
ញាតិសន្ដានឆ្ងាយជិតតាំងចិត្តស្មោះ កុំកឈ្លោះឲ្យមោះជាសត្រូវ ។
អាធ្យាស្រ័យអ្នកក្រៅហៅថាញាតិ ពឹងផ្ញើមាត្រក្រែមានធុរៈក្ដៅ
ខ្ញុំកំដរយកស្ករលប្រើហៅ ខឹងជេរទៅហៅមកយកតែការ
។
រឿងចំអាបបង្អែមសែមសមហាត់ ឲ្យចេះចាត់តាមរឿងគ្រឿងអាហារ
ចូលជំនុំមានល្វល់មង្គលការ កាន់ភ្នាក់ងារអ្វីៗមានការផ្ចង់
។
ចុះជំនុំឲ្យច្រឡំគេអ្នកល្អ ចៀមខ្លួនក្រកុំដំឡើងដំកើងអង្គ
គេឲ្យអ្វីប្រមាណយកឲ្យសមទ្រង់ កុំលោភលង់បង់លាភភាព្វនឹងអាប់
។
ចូលធ្វើអ្វីគប្បីដណ្ដឹងសួរ ការមិនគួរខ្លួនក្រមុំកុំអាលចាប់
គេបង្គាប់សូមធ្វើតាមបង្គាប់ ចាប់ឲ្យជាប់តាមការអាសាគេ
បើចូលថាសរួមមួយនឹងអ្នកល្អ លូកសម្លអន្លក់នៅមុខមេ
កុំលាលាមលោលូកទៅមុខគេ ប្រមាណតែល្មមស្រួលទទួលទាន
។
អ្វើឆ្ងាញ់នៅឆ្ងាយកាយមិនដល់ កុំរវល់លូកឲ្យគេថាបាន
ឆ្ងាញមិនឆ្ងាញ់នៅមុខខ្លួនប៉ុន្មាន ទទួលទានគ្មាននិន្ទាជាសួស្ដី
។
ជានារីតែងរៀនកិច្ចដាក់ទុក ការរកស៊ីចុកដេកដើរធ្វើអ្វីៗ
មើលប្រមាណតាមស្ថានខ្លួនជាស្រី ជាតិសត្រីស្រីក្រមុំធំឥរិយា
។
មែនតែធ្វើការអ្វីខំឲ្យស្រេច កុំភ្លាំងភ្លេចគេចចោលទៅឯណា
រវាំងតែកិច្ចការនៃអាត្មា កុំខ្ជីខ្ជាគប់ភឿនលឿនពឿនទៅ
។
បើនឿយណាស់ប្រាស់ដេកទៅជាវិញ កុំចូលចេញឥតការយល់មិនត្រូវ
អ្វីឆោឡោឡើងកុំផ្អើលទៅ ស្ដាប់ឲ្យជាក់រាក់ជ្រៅសូមសួរគ្នា
។
រវាងមើលទីស្ថានរបស់ទ្រព្យ គន់ឲ្យសព្វនេះនោះនៅត្រង់ណា
ឃើញខាតចុះគួរឲ្យបំពេញរ៉ា របស់ ណាគួរចំណាយឲ្យចាយចេញ ។
មាន ១
ស្លឹងប្រឹងប្រចុបឲ្យគ្រប់បាទ កុំឲ្យខាតដោយការមិនគួរទិញ
បើធ្វើតិចស៊ីតិចគិតឲ្យពេញ កុំចាយចេញលើសកំណត់ខ្សត់នឹងដល់
មិនគួរទិញកុំទៅទិញបុលគេមក មើលលៃលកល្មមតែមួយគ្រាល្វល់
បើម៉ែឪចាស់ជរារោគាដល់ ខំខ្វាយខ្វល់ប្រដិប័ត្តិលោកទាំងទ្វី
។
ព្រោះជនកជនទីរ័បអាន បង្កើតប្រាណបានធំដឹងសេចក្ដី
ថ្នមបបក់បញ្ចុកបាយចំណី ប៉ងនឹងពឹងកូនស្រីជាត្រីមុខ
។
បើនួនជាមានចិត្តឧបត្ថម្ភ កុសលនាំជួយឲ្យបានក្ដីសុខ
នឹងប្រាកដកេរ្តិ៍ឈ្មោះឮសុះស្រុក ដារាបលុះឆ្ពោះមុខកាន់ពិមាន
។
ទេព្វសោឡសទាំងអស់សឹងសាទរ ចំរើនពរបរិបូរណ៍សុខក្សេមក្សាន្ត
ប្រកបយសខ្ពស់ល្អតវង្សវ៉ាន ព្រោះដែលបានប្រដិបត្តិម៉ែឪល្អ
។
មែនស្រីណាឫស្សាធ្វើទុច្ចរិត ពុំមានគិតគុណលោកចិញ្ចឹមម
ឃើញម៉ែឪដល់នៅសេចក្ដីក្រ មិនតបតគុណលោកប៉ុនកេសី
។
គិតខ្មាស់គេក្រែងមានគេសួរថា នេះមាតាបិតាខ្លួនឬអ្វី
តែបន្លប់លុបគុណបុព្វការី បដិសេធបិទសេចក្ដីដទៃផ្ដាស់
។
យកឪម្ដាយខ្លួនជាខ្ញុំឯង ស្ដីគំហិកស្ដីកំហែងមិនក្រែងចាស់
ប្រើរែកទូលតាមក្រោយមិនមានខ្មាស់ តាំងប្រើប្រាស់សព្វទិនមិនបូជា
។
ស្រីយ៉ាងនេះតែរលត់ផុតជីវី គង់មិនរួចឡើយអំពីជាតិនិរយា
មិនឃើញសែងសុរិយ័នព្រះចន្ទ្រា នៅសោយទុក្ខវេទនាក្នុងអវិចី
។
បើរស់នៅជាមនុស្សយើងនេះណា ហ្វូងទេព្ដានឹងផ្ដាសាប្រក្រតី
ឲ្យតោកយ៉ាកលំបាកកើតអប្រិយ លើ់សលែងក្ដីដែលធ្វើឲ្យលោកក្ដៅ
។
ទោះជាមានធនធានទ្រព្យទាំងឡាយ គង់អន្តរាយខ្ចាយពាសវិនាសទៅ
កើតចោរភ័យអគ្គីភ័យមកសត្រូវ ព្រោះចិត្តខ្មៅទុច្ចរិតគិតនេរគុណ
។
ស្រីយ៉ាងនេះប្រុសកុំនែបអែបរួមរក្ស នឹងថយសក្ដិ៍យសសាបលាភខាតទុន
ត្រឹមតែម៉ែឪវាគ្មានការណ្យ នេរគុណមិនមានគិតអនិច្ចា
។
ស្រីមិនល្អគួរកុំគប់សម្ភព្វជិត យកជាមិនឲ្យហ្មងដល់អាត្មា
គួរចៀសវាងឲ្យឆ្ងាយចេញពីវា ស្វែងរកគ្នាចិត្តបុណ្យដឹងគុណគាប់
។
ចូរទូន្មានចិត្តខ្លួនឲ្យស្លូតត្រង់ រក្សាវង្សជាក្រមុមតាមក្រមច្បាប់
កុំមួម៉ៅទៅដោយការសាប់ច្បាប់ មើលសណ្ដាប់អ្នកល្អតវង្សវ៉ាន
។
កុំធ្វើក្រៅច្បាប់ស្រីឲ្យស្ដីខុស ស្រឡាញ់ប្រុសក្រៅចិត្តម៉ែឪប្រាណ
កាត់ប្រយោជន៍សាលោហិតមិត្រសន្ដាន ឲ្យលោកបានទុកទោសក្នុងលោកីយ៍
។
ប្រុសជួជាតិញាតិស្អប់បំបែកចេញ ទៅស្រឡាញ់រត់តាមយកជាប្ដី
ជំរត់គ្នាទៅឡើងលោកមន្ត្រី តជាក្ដីនឹងម៉ែឪនៃប្រាណ
។
ម៉ែឪសោតក្រោធសល់ទាល់គំនិត មិនដឹងគិតនឹងកែការនោះបាន
នាំគ្នាយំក្រំចិត្តអាណិតប្រាណ ព្រោះកូនគ្មានអៀនខ្មាស់ផ្ដាស់ខុសផ្លូវ
លេបក៏ស្លាក់ខ្ជាកក៏ស្លែងលែងមិនបាន នឹងគិតអានការអៀនគ្មានផ្លូវទៅ
ខ្លះមិនដឹងគេក៏សួរដល់ម៉ែឪ ថានាងនោះកូនចៅអ្នកណាហា
។
ខ្លះដែលស្គាល់គេក៏ប្រាប់គ្នាសាយសុះ ថានាងនោះកូនអ្នកនោះឮគេថា
រត់តាមប្រុសឈ្មោះដូច្នោះខុសពង្សា អនិច្ចាម៉ែឪនៅមិនបានសុខ
។
ខ្មាស់អើយសែនខ្មាស់គេពេកក្រៃ កូនចង្រៃអប្បលក្ខណ៍បំបាក់មុខ
មិនអាណិតចិត្តម្ដាយអាពុក បំណាច់ថ្នាមតាំងទុកតាងនេត្រា
។
នែអនង្គនារីរូបប្រសើរ នាងកុំដើរផ្លូវខុសណានួនណា
ចូរតាំងចិត្តឲ្យសណ្ឋិតដោយឥរិយា ការណ៍កេរ្តិ៍ពង្សាថានន្តរ
។
កើតជាស្រីគ្មានអ្វីសងគុណម៉ែ រក្សាតែកេរ្តិ៍លោកឲ្យថាវរ
ស្មើសងគុណលោកពឧទរ ប្រកដឮនាមករខ្ចរខ្ចាយទៅ
។
ចូរស្ងួនចិត្តគិតកាយជាក្រមុម កុំនិយមឲ្យខុសពីម៉ែឪ
ស្ងួនរក្សាចារិកឲ្យត្រង់ត្រូវ ដំកល់នៅក្នុងពាក្យឱវាទាន
។
ទោះប្រាស្រ័យចរចានណានោះ កុំពោលពាក្យត្រគោះឲ្យមោះមាន
មិនគួរស្ដីអញមឹងឲ្យខឹងខាន ពាក្យតិរច្ឆានកុំថ្លែងសម្ដែងចេញ
។
ឬនឹងរៀនផ្លូវឆ្មួញជួញលក់ដូរ ស្ដីឲ្យគួរពោលពាក្យជាសំឡាញ់
ទើបលក់ធូរទិញងាយបានចំណេញ ព្រោះគេពេញចិត្តចាប់ដោយវាចា
។
ជាមនុស្សនេះនឹងសំគាល់ត្រឹមខ្យល់មាត់ ការមានខ្សត់កើតយសព្រោះជីវ្ហា
បើពាក្យល្អកពីរោះចេញកាលណា គេមេត្តារាប់អានបានលាភលន់
។
ទោះប្រុសណាមកប៉ងបំណងចង់ កុំពីរោធក្រោធបង្កើតអាក់អន់
កាលមិនស្នេហ៍ក៏កុំតែពាក្យពន្ធ វានឹងបណ្ដោយជាន់ព្រោះធ្លាប់ស្និត
។
ឯជាតិប្រុសទោះជាព្រើលមិនមើលថាន បើស្រីព្រមល្មមប្រាណទើបហានជិត
បើស្រីរាទំពារឹងនឹងនៅនិត្យ មិនហានជិតចូលស្នេហ៍ទេអង្គ ។
ទឹកនឹងហូរៗតាមប្រឡាយជីក ផ្កានឹងរីកៗតាមសែងសូរិយង់
ព្រះពាយផាត់គន្ធរភមរត្រង់ ប្រុសអាចចង់ព្រោះស្រីចើកបើកអាការ
ហេតុនោះនួនចូរស្ងួនរក្សាប្រាណ កុំឲ្យមានហ្មងសៅផ្លូវឱចារ
កាត់តម្រាយប្រឡាយប្រុសប្រើអាការ កុំស្និតស្នាលដោយសារការមិនត្រូវ
។
ពាក្យសំដីស្ដីតាមការដែលមាន និយាយបានមិនហាមទេឆោមឆ្លៅ
ហាមតែកេរ្តិ៍ឥរិយាការមិនត្រូវ បង្ហាញផ្លូវឲ្យប្រុសខុសវេណី
។
ច្បាប់លោកហាមគួរតាមច្បាប់លោកហាម កុំមួតាមកាមរាគរោលឥន្ទ្រិយ៍
គិតឲ្យត្រូវតម្រាប់ច្បាប់នារី ប្រកបការរកស៊ីតាមធម្មតា
។
មួការដេកដើរឈរអង្គុយក្ដី ចូររវាំងកាយស្រីតាមឥរិយា
កុំបន្ទាន់រាន់ដើរភ្លែតភ្លាត់ថា មែនបើភ្លាត់បាទាដួលខ្មាស់គេ
។
ឃើញអ្នកចាស់ឬអ្នកធំប្រជុំខាង កុំគ្រវាសដៃកាងបំបែរេ
ចូរឱនតូចរទៅសូមផ្លូវគេ ឲ្យគេអត់ទោសមេសូមយាត្រា
។
មួយបើទៅផ្ទះគេដោយមានកិច្ច តែសូរេចធូរៈឆាប់ម្នីម្នា
កុំនៅយូរក្រែងគេជិនកើតនិន្ទា សេចក្ដីជួប្រចក្សជាមានដល់កាយ
។
បើអង្គុយចូររវាំងសំពត់ស្លៀក នឹងស្បៃកៀកចោមពុងសំយុងជាយ
មើលសំរួលឲ្យស្រួលលំនាំកាយ យាមសាបាយនឹងសើចៗ
ឲ្យគួរ ។
ប្រើសន្សិមញញឹមត្រឹមតែភក្ដ្រ កុំសើចហ៊ោសូរលាក់ឲ្យលាន់សូរ
កុំឆ្ការដៃឆ្ការជើងឡើងអំប្បូរ ពាក្យមិនគាប់ពេលមិនគួរឲ្យឮឆ្ងាយ
។
នឹងតែតួក៏កុំមួតែការតែង នឹងលាបព្រេងក៏កុំលាបឲ្យហូរខ្ចាយ
នឹងលាបម្សៅក៏កុំលាបឲ្យលឿងកាយ គេនឹងសើចឡកឡាយដល់ឆោមឆ្លៅ
។
កាលយាមត្រុតសង្ក្រាន្តមានការហ្លួង តែងឲ្យសំតាមក្រសួងស្មើពង្សផៅ
លុះអស់ខែត្រទេសកាលធ្វើការទៅ កុំមួនៅតែងតួអស់ខួបខែ
។
ខ្លួនអ្នកក្រត្រូវពិនិត្យគិតរកស៊ី តាមវេណីត្រកូលវង្សឪម៉ែ
ដាំដំណាំដូងស្លាចំការស្រែ ឧស្សាហ៍ថែមើលស្មៅជ្រួយដាក់ជី
។
រៀនវិជ្ជាឲ្យចេះជាគ្រូគេ ទើបទំនេរមិនសូវនឿយឥន្ទ្រិយ៍
ចេះស្ទើ ៗ ធ្វើមិនស្ទាត់ហត់តិមធី ជានារីមិនចេះអ្វីប្ដីនឿយឯង
។
មានខ្ញុំស្រីខ្ញុំប្រុសប្រើសប្បាយ ខ្លួនជានាយល្ងង់ការវាមិនក្រែង
ចេះជាជាងមិនព្រួយទៅរែកសែង ការផងឯងត្រូវយកចិត្តទុកដាក់
។
មានមាសប្រាក់ដាក់ទុកសម្រាប់កាយ កុំចែកចាយឲ្យគេអួតថាមានប្រាក់
ការគួរចាយឲ្យចាយបំរុងសក្ដិ៍ ស្រងាភក្រ្តព្រោះប្រាក់តាំងជាមុន
។
កុំកកាញ់កំណាញ់ក្រៅដំរា កុំសទ្ធាធ្វើបុណ្យយល់ដោយមុខ
កុំអាងប្រាក់ចាក់ចាយរាយស៊ុកគ្រលុក ចាយមើលមុខទុកមើលក្រោយការណ៍គ្រាក្រ ។
ជាសត្រីភ្នាក់ងារចំណែកផ្ទះ មើលជុំរះបោសច្រាសតាំងឲ្យល្អ
ទាំងផ្ទះបាយឧសទឹកស្រូវអង្ករ គ្រឿងដាំស្លថែទាំឲ្យមាំមួន
។
អ្វីរាយរើសទុកតាមកន្លែង អ្វីបាត់ខំស្វែងរកឲ្យធួន
ដល់ត្រូវការមានស្រាប់សម្រាប់ខ្លួន មិនលំបាកយ៉ាកនួនណានួនណា
។
មួយសោតយប់និន្ទ្រាវេលាដេក ចូលដំណេកបោសច្រាសទីនិន្ទ្រា
អុជទៀនធូបប្រណម្យផ្គុំបូជា ក្រាបវន្ទារំលឹកគុណព្រះរតន៍ត្រៃ
។
បីដងស្រេចសន្សិមនិន្ទ្រាទៅ ទើបកើតនៅវិបុលមង្គលជ័យ
ពេលនឹងក្រោកៗ មុនអារុណខៃ កុំដេកហួសដល់ថ្ងៃចង្រៃខ្លួន
។
ក្រោកចេញយកទឹកទន់លប់ភក្រ្ត សំអាងខ្លួននួនអ្នកឲ្យសមសួន
ប្រកបការបណ្ដាមានរបស់ខ្លួន មើលថែធួនក្នុងក្រៅតាមក្រិត្យស្រី
។
កុំប្រមាទសង្ខារអាត្មាក្មេង ប្រកបលេងដោយល្បែងពុំជូក្ដី
អំពើពាលនាំពៅឲ្យអប្រិយ៍ ការលោកីយ៍ច្រៀងរាំនាំវង្វែង
។
កុំគប់ស្រីសាមានសន្ដានជួ ដែលតែងតែខុសចារិតចិត្តអ្នកលេង
តែសូរិយាទន់ៗ ចេញទន្ទេង តាំងសម្ដែងក្លែងឲ្យប្រុសយល់ឡែបខាយ
តែព្រឹកព្រាងស្អាងស្អិតសិតសយសក់ ឆ្លុះកញ្ចក់រយដងហ្មងតែកាយ
ត្រង់កិច្ចការរកស៊ីនឿយណាយ ដើរកែក្រាយគប់ភឿនពាលដូចគ្នា
។
តែឮស័ព្ទសូរស្គរឬគងឃ្មោះ ក៏ត្រេចដើរសើបស្ទុះសួរគេថា
ថ្ងៃនេះតើមានល្ខោនរាំភូមិណា លុះដឹងថារាំឯណុះស្ទុះលឡើ
។
ចូលជ្រកជ្រៀតបៀតបុ្រសត្រដុះប្រាណ នឹងដូចប្លុងកម្មដ្ឋានគ្មានកំរើក
ប្រុសលលាមលូកផ្ដិតដោយចិត្តចើក ល្ខោនលើកវ៉ារាំនាំគ្នាទៅ
។
ទាល់ខុសខ្មោចកេរ្តិ៍អាសោចឮសុះស្រុក ម្ដាយអាពុកដាក់មុខទុកផ្សាក្ដៅ
អប្បទាំងអង្គអប្បទាំងវង្សពូជពង្សផៅ ព្រោះមិនត្រូវច្បាប់បុរាណបាននិន្ទា ។
ខ្លះស្រឡាញ់អ្នកលេងចេះច្រៀងត តែឮឡឡើងតាំងរៀបបារីស្លា
ប្រស់ទឹកអប់ធុំត្រឡប់ទាំងកាយា បបួលភឿនយាត្រាទាំងរាត្រី
។
ចូលទៅស្ដាប់ចិត្តមិនចាប់ទំនុកច្រៀង អង្គុយមៀងមើលប្រុសដែលបេតី
ប្របៀតក្រោយលួចឲ្យស្លាបារី ប្រុសបានទីនាំលីលាចូលស្ដុក
។
លលើទៅឥតខ្មាស់ផ្ដាស់វង្វែង ដូចដំរីចុះប្រេងគ្រលែងភ្លុក
ហ្មខ្វានកាប់សាប់សិរបំបែមុខ មិនរារុកចាក់រាងវាងចូលរោង
។
ញាតិសន្ដានដាស់តឿនឲ្យនឹងន ត្រឡប់ខឹងតបតកែប៉ផូង
ជេរគេឯងថាក្លែងជាស្រីរោង ឆ្កាដៃព្រោងកែខ្លួនថានួនជា
។
កោតន៎នួនចោលក្បួនសុភាសិត មិនប្រព្រិតិតាមពង្សវង្សមេបា
ទៅស្រឡាញ់អ្នកលេងតែងកាយា នាំផឹកស្រជក់អាភៀនញៀនអស់ ប្រាណ ។
ខ្លះស្រឡាញ់ប្ដីគេៗ មានប្រាក់ លួចលាក់ស័គ្រស្មោះចិត្តមិនគិតស្មាន
ប្រពន្ធគេៗ ដឹងខឹងរំខាន ខ្លួនទៅបានក៏បានជាចុងគេ
។
មែនប្រទះប្រពន្ធដើមឆ្នើមប្រចាន់ ខឹងកួចកាន់ចងអាឃាដបញ្ចោរជេ
ខ្លួនជាចុងប្រុងចុះនៅក្រោមគេ សុខគ្មានទេមេអើយកុំសង្សៃយ
។
ខំផ្គាប់គេយកចិត្តស្បិតគេគាប់ គុណត្រឡប់ទៅជាទោសទាំងយប់ថ្ងៃ
កោតចិត្តកនិដ្ឋាពេញចង្រៃ យកប្ដីគេខុសនិង្ស័យបានក្ដីក្ដៅ
។
ស្ដាយអឺយស្ដាយរូបរាងពិសី មិនគួរបីយកប្ដីឲ្យហ្មងសៅ
ញាតិសន្ដានបងប្អូនស្ដីប្រដៅ មិនតាមវង្សពង្សផៅទើបសៅហ្មង
។
យកប្ដីគេឲ្យគេជេរបារាមុខ កំឡោះគេពេញស្រុកម្ដេចមិនចង
គេទំនេតាមតែចិត្តនួនល្អង នឹងបែខ្នងឬបែរមុខតាមសុខចិត្ត
។
នេះកម្មអ្វីទៅបានឯប្ដីគេ ឲ្យគេជេរដៀលប្រាណគ្មានអាណិត
ព្រោះនួននាងឆោតឆៅខ្លៅមិនគិត ទៅជឿចិត្តប្រុសប្រឡាមលោមឲ្យលង់
ស្រីពួកនេះគ្មានចំរើនទេឆោមឆៅ ស្រីណាឆៅឆោតទៅក៏អស់ទ្រង់
ឯនារីទើបតែពេញចំទង់ កុំត្រាប់យកអង្គឲ្យអប្រិយ
។
សុភាសិតយើងតែងទុកទូន្មាន ខំរើសយកទុកប្រាណជាច្បាប់ស្រី
ទាញយកតួស្រីជួមកស្រដី ជាទីតឿនស្មារតីស្រីរាល់គ្នា
។
មានស្រីខ្លះក្លាហានមិនមានកេរ្តិ៍ គប់ប្រុសពីរតាមអំពើចិត្តពាលា
រងឯណុះរាប់ឯណេះមិនចេះរា ប្រុសដឹងគ្នាកើតសម្លាប់កាប់គ្នាឯង
។
ទាល់លុះនៅព្រះរាជអាជ្ញាហ្លួង ត្រូវគេខួងផួងកច្រវាក់វែង
ឲ្យឡើងលើឈើអណ្ដាតគេដោតខ្វែង បីថ្ងៃតែងស្លៀកសំណាញ់សៀតផ្កាច្បា
ដើរអាក្រោសឮសុះទៅទាំងស្រុក ស្រមូញមុខកើតទុក្ខអានេកណា
សែនខ្មាស់សល់ទាស់តួគួរអនិច្ចា ព្រោះប្រាថ្នាប្រុសពីរស៊ីមិនឈប់
។
មានស្រីខ្លះលុះល្បែងលែងបៀប៉ោ ប្រុសចោមឆោលេងភ្នាល់ទាល់ព្រលប់
ចាញ់អស់ប្រាក់គ្មានចាក់ក៏ពុំឈប់ ដល់ពេលយប់យកទ្រព្យលក់ឲ្យចិន
។
មួយដំឡឹងពីរដំឡឹងក៏ព្រមស្ម័គ្រ ឲ្យតែខាងបានប្រាក់ចាក់ប៉ោសិន
នួនមិនមានរើសមុខថាយួនចិន សម្ដែងក្បិនចុះក្បួនអ្នកស៊ីធ
។
ឱអនិច្ចានារីរូបស្រស់ល្ហាវ កំពុងសាវទើបពកពន្លកល្អ
មិនរក្សាឥរិយាឲ្យនឹងន៎ នឹងបានតវង្សវែងអង្វែងទៅ
។
នេះបង្ខំកាប់លក់កំពុងពក ចុះថ្លៃថោកក៏យកឲ្យអាស្រូវ
កោតន៎គេម្ដេចគេដើរខុសផ្លូវ ត្រដទៅទាល់លុះចុះរោងវែង
។
នឹងពឹងញាតិគេក៏ស្អប់មិនរាប់អាន ព្រោះសន្ដានគិតខុសសុះដោយល្បែង
គេបានហាមខ្លួនមិនតាមត្រឡប់ក្លែង ថាគេព្យាបាទឯងមិនឲ្យបាន
។
ដល់ធ្លាក់ខ្លួននួនក្លាយជាខ្ញុំគេ នឹងបែរេរកញាតិជួយប្រោសប្រាណ
ញាតិឯណានីមួយនឹងជួយបាន សំបុត្រសានឡើងជារៀល៣០០បាទ។
មុខក្រជាំខំបំរើការប្រាក់គេ ខ្ជិលគេជេរវាយទៅតាមមារយាទ
ទោសទាំងនេះព្រោះចៅមិនតាមញាតិ គិតប្រមាទល្បែងភ្នាល់ដល់វេទនា
។
ប្រុសអ្នកល្អកាលណានឹងក្លាហាន មករួមស្ថានយកចៅជាភរិយា
មានតែពួកអ្នកលេងល្បែងដូចគ្នា នោះទើបវាយកចៅទៅតាមកម្ម
។
មានស្រីខ្លះឆ្លាស់ឆ្លៀវកៀវចង់ប្រុស ដែលមានយសខ្ពស់ស័ក្ដិ៍ដ៏មួនមាំ
ស្វែងរៀនស្នេហ៍ឡែកលដាក់ប្រចាំ សាំទាំងថ្នាំយ៉ាបឿបានដូចប៉ង
។
ប្រុសក៏លង់វង្វែងស្រឡាញ់ខ្លាំង វាក៏តាំងតែងខ្លួនឲ្យនួនល្អង
បង្កាច់ប្រុសឲ្យលុះក្នុងចំណង ចាំចិត្តចងចុះអំណាចខ្លាចវាខ្លប
។
វាក៏លួចលាក់ប្រាក់ចាយតាមចិត្ត លេងបាំងផ្លិតទល់មុខគ្នារហប
បួនប្រាំដងម្ដងៗផ្ទេពីដប ទាល់តែក្របធ្លាក់ក្រត្រដទៅ
។
ខ្សែចង្វារចារកន្ទ្រុមកងអង្កាំ ក៏លួចយកទៅបញ្ចាំគ្មានសល់នៅ
លេងគ្រឿងយស់ទាល់តែអស់ពីទូទៅ ប្ដីមិននៅក៏ចាយជាតិឲ្យគេ
។
ប្ដីត្រឡប់ដឹងសព្វជាអស់ធន់ ទោះខឹងនឹងប្រពន្ធមិនហ៊ានជេ
ក្រែងវាលែងឯងខានមិនបានស្នេហ៍ ក៏ខំតែបាំងបិទយកចិត្តវា
។
បងប្អូនដឹងគេក៏ខឹងទៅប្រាយប្រាប់ ចៅប្ដីនោះមិនជឿស្ដាប់ពាក្យគេថា
ត្រឡប់ខឹងនឹងពួកញាតិការ ទាល់តែធ្លាក់សក្ដានិច្ចាខ្លួន
។
ឱអាណិតមនុស្សប្រុសមកលុះលង់ ឲ្យមាតុគ្រាមគ្របអង្គមិនគង់ក្បួន
អស់សម្បត្តិមាសប្រាក់ធ្លាក់ទាំងខ្លួន វាមានប្រុសដល់បីបួនក៏បិទទៅ ។
កើតទាំងនេះក៏ព្រោះភ្លើងរាគរោល មិនកញ្ជ្រោលដោលចេញសម្ងំនៅ
ទាល់តែឲ្យវារោលរលាកក្ដៅ ក៏ស៊ូទៅតាមកម្មចាំចិត្តស្នេហ៍
។
ខាងវាសោយចេះតែសាងសំអាងអង្គ ឲ្យប្រុសលង់ក្នុងកាមតាមតែបែ
គប់សាហាយប្ដីដឹងក៏ប្រឹងកែ ស៊ូស្បថស្បែឲ្យប្ដីចុះជឿចិត្ត
។
ស្លាបារីផ្គាប់ប្ដីពេញប្រអប់ ប្ដីក៏សព្វគាប់ចិត្តរឹងស្នាលស្និទ្ធ
ស្មានប្រពន្ធស័្មគ្រស្មោះអស់ពីចិត្ត តែងងិតវាងងល់ដល់សាហាយ ។
ផ្គង់ទាំងពីរមិនឲ្យប្រុសសន្ធិះ ផ្គាប់ឯណុះផ្គង់ឯនេះបានសប្បាយ
មាយានេះប្រុសមិនដឹងក្នុងឡែបខាយ តាំងចិត្តហ្មាយថាប្រពន្ធខ្លួនស្លូតត្រង់
។
ទោះគេប្រាប់ក៏មិនស្ដាប់ជឿស្ដែង ព្រោះឃើញវាផ្គាប់ឯងនោះពេញវង្ស
មិនសង្កេតមើលហេតុទៅខាងក្នុង ឃើញតែក្រៅហើយក៏ស្លុងជឿថាជា
។
ប្រុសល្ងង់ល្ងិតដោយរិទ្ធិ៍រាគរោលខ្លាំង មោហៈបាំងមើលមិនយល់មាយា
ឱអនិច្ចាជាតិប្រុសនេះខុសគ្នា ម្ដេចគ្មានបញ្ញារំពឹងខ្លះ
។
ខ្លះនោះសោតឆោតឆៅខ្លៅខ្លាចស្រី វាប្រើជ្រប់កេសីស្មើកញ្ជះ
បើទៅរកស៊ីមកពុំបានខ្លះ តែមកដល់ផ្ទះវាក៏ជះដូចភ្លើងព្រៃ
។
កាលរកបានគ្រាន់ក្សាន្តអរអឹក បើមិនបាននោះកុំនឹកឡើយអ្នកប៉ៃ
បាយនឹងស៊ីឃើញជាមិនឆ្អែតផ្ទៃ យប់នោះដេកទីទៃហើយតាជី
។
ឃើញតែបានត្រង់បង់មិនចង់បង់ តែមិនយកចិត្តចង់ជួយស្វាមី
ការតិចតួចក៏ដំអូចប្រើតែប្ដី ហោចទៅដល់ស្លាបារីប្ដីមូរឯង
។
ស្រូវអង្ករដាក់ទុកជង្រុកធំ កើបដូរនំដូរមីស៊ីជាល្បែង
ចាយក៏ធំស៊ីក៏ធំមិនមានក្រែង តែប្ដីខ្ទើតវាក៏ខ្ទែងចំទែងឈ្លោះ
។
មួយបើទាល់គិតកល់កុហក់ប្ដី បិទសេចក្ដីអាក្រក់ទុកក្នុងពោះ
ប្ដីដឹងដល់ផ្ទាល់នេះវាផ្ទាញ់នោះ ប្ដីថាច្នោះវាថាច្នេះមិនចេះយ៉ម
។
មានស្រីខ្លះមាក់ងាយព្រោះប្ដីខ្សត់ កិនសង្កត់ឲ្យលុះអំណាចព្រម
ប្រើឫកពារលើកស័ក្តិហាក់ចៅចម តែប្ដីឈមវាក៏ប្រែកែមិនប្រប
។
ញាតិសន្ដានខាងប្ដីមិនរាប់អាន តែសន្ដានខាងខ្លួនចេះប្រកប
ញាតិណាមានរាប់អានទៅអរអប ញាតិណាក្របក្រប្រាក់ហាក់វាហី
។
មានស្រីខ្លះមាក់ងាយព្រោះប្ដីខ្លៅ បង្គាប់ទៅតាមការមិនជូក្ដី
ប្រើត្រគោះស្ដីគំរបបង្គ្របប្ដី ធ្វើអ្វីៗ
ទោះជាត្រូវក៏នៅខុស ។
បានបន្តិចប៉ិចអួតបញ្ញាឯង ថាចេះចាត់ចេះចែងទើបបានខ្ពស់
អនិច្ចាន៎ពួកយើងប្រុសៗ នឿយស្ទើតែមិនរស់ឈ្មោះមិនមាន
។
មានស្រីខ្លះមាក់ងាយព្រោះប្ដីទាប អួតអត្តភាពមានពង្សវង្សសន្ដាន
និយាយអ្វីនឹងប្ដីពុំឱនប្រាណ ប្ដីហើបបានតែ
១ មាត់កាត់យកឯង ។
គ្មានគោរពប្រដិបត្តិបំរើប្ដី បើធ្វើអ្វីឲ្យតែដៃចង្អុលខ្វែង
តាំងចំទួយដៃចំទាស់បង់ចំទែង ស្ដីកំហែងតែងគំហ៊គបង្រ្គប្ដី
។
ប្ដីពុំហ៊ានហើបហាថាអ្វីឲ្យ ចេះតែដោយប្រើធ្វើអ្វី
ៗ
ទាស់បន្តិចវាក៏ខ្និចប្ដឹងមន្ត្រី អាងតែប្ដីឥតញាតិជាតិអ្នកធំ
។
ញាតិខាងគេៗ ក៏កាន់វាក៏កឹង ឯងមិនខុសវាក៏ខឹងរឹងបង្ខំ
តោងទន់តាមទើបបានគ្រាន់សំងំ តែឯងខំវាក៏ខែងឯងក៏ខូច
។
ប្រពន្ធធំលើសប្ដីអប្រិយពិត ឱអាណិតចៅប្ដីគ្មានពង្សពូជ
រឹងឯណាក៏បានព្រោះប្រាណតូច តោងទទួលខុសខូចលើអាត្មា
។
នែអនង្គនារីរូបចំណាប់ អញ្ជើញស្ដាប់ស្រីខូចណានួនណា
ស្រីពួកនេះសឹងចុះក្នុងដម្រា ត្រគូលកាលកិណីស្រីសាមាន
។
នាងកុំត្រាប់តាមគេណាមេទូច នឹងអាប់អង្គពង្សពូជវង្សសន្ដាន
ឧស្សាហ៍តាំងសតិរំលឹកប្រាណ បើឯងបានស្វាមីគាប្បីផ្គង់
។
បំរុងផ្គាប់ដោយកាយវាចាចិត្ត សុចរិតចិត្តស្មោះភក្ដីត្រង់
ចូរស្ងួនស្ងៀមចៀមតួបន្ទន់អង្គ កុំប្រកួតកាន់វង្សឲ្យកឺនណា
។
ពេលនន្ទ្រាចូរបោសទីដំណេក កាលនឹងដេកៗ
ឆ្វេងនៃភស្ដា
កុំទន្ទិមកៀកកើយខ្នើយស្មើគ្នា ចូរនិន្ទ្រាខិតក្រោមល្មមប្រដិបត្តិ
។
ដល់ពេលក្រោកចូរនាងក្រោកមកមុនប្ដី ស្លាបារីទឹកទន់នាងរៀបចាត់
ពេលល្មមដាស់ ៗ ប្ដីដោយកិច្ចវត្ត គឺលើកហាត់ស្ដាំចាប់បាទព្រះភស្ដា
។
ប្ដីចេញមកយកទឹកទន់លក់ភក្រ្ត កន្សែងសាក់ហុចឲ្យជូតភក្ត្រា
ចេញមកចាត់ដាំស្លតាមវេលា ស្រេចកាលណាលើកមកតាំងតាមទី
។
អញ្ជើញប្ដីបរិភោគគ្រឿងក្រយ៉ា លាងដៃស្វាមីឲ្យអស់រាគី
អង្គុយនៅបំរើចាំទី ប្ដីហូបរួចសូមស៊ីជាក្រោយហោង
។
បើប្ដីហៅចូរថាសអាធ្យាស្រ័យ នាងលើកដៃសំពះបាន
៣ ដង
អង្គុយបត់បាទាណានួនល្អង ជាទំនងគោរពនៃភស្ដា
។
សូរេចបាយខ្វល់ខ្វាយក្នុងការខ្លួន មើលថែធួនសព្វទីស្រែចំការ
ខាងការស្រីភ្នាក់ងារនៃអាត្មា ខំឧស្សាហ៍កុំប្រមាទឲ្យខាតខាន
។
ប្ដីទៅព្រៃនាងស្រីរក្សាផ្ទះ មើលជុំរះបោសច្រាសលំនៅស្ថាន
ប្ដីរកស៊ីបានមកឲ្យកល្យាណ រក្សាទុកកុំមានក្ដីមាក់ងាយ
។
អាធ្យាស្រ័យពួកញាតិសាលោហិត យកជាមិត្ររួមទុក្ខសុខសម្ចាយ
បានអ្វីប្លែកគាប្បីនាងចែកចាយ មើលនាយអាយឲ្យគួរនឹងសន្ដាន
។
កុំឆ្មើងឆ្មៃកាន់ខ្លួននួនវរលក្ខណ៍ ឲ្យកឺនសក្ដិ៍កឺនយសហួសវង្សវ៉ាន
ប្រើមធ្យមឲ្យសមនឹងសន្ដាន រក្សាប្រាណរៀនប្របស្របភស្ដា
។
ប្រការមួយរៀនស្ដីឲ្យគួរស្ដាប់ បញ្ចេញសព្ទឲ្យសមនឹងវាចា
បើប្ដីថ្នាក់នាងថ្នមយកចិន្ដា ប្រឡោមស្វាមីមិនឲ្យមានមោះ
។
មែនប្ដីភ្លើងឯងទឹកលត់ឲ្យភ្លែត កុំកហេតុឲ្យកើតជាជំលោះ
ទោះប្ដីខឹងនាងប្រឹងអត់ឱនចុះ យកពិរោះតតបឲ្យគាប់កល់
។
នឹងនិយាយចាយចាត់ប្រយ័ត្នមាត់ កុំនិយាយច្រើនបទនាំរវល់
ភ្លើងខាងក្រៅកុំកាវចូលមណ្ឌល ភ្លើងខាងក្នុងប្រុងដំកល់កុំនាំចេញ
។
ការឯណាអប្រិយ៍ដែលប្ដីហាម ប្រព្រឹត្តតាមបែបផែនឲ្យមែនមិញ
កុំកេងកាងអាងត្បិតប្ដីស្រឡាញ់ គិតកកាញ់ការមិនគាប់នឹងធ្លាប់ទៅ
។
ទោះពីរោធក្រោធខឹងនឹងភស្ដា កុំនិន្ទាស្ដីដើមយល់មិនត្រូវ
ប្រឹងលេបទុកកត់ទុកក្នុងកាយចៅ ឧស្សាហ៍បិទបាំងទៅកុំប្រេះប្រាយ
។
មែនបើទាស់កើតមោះឈ្លោះប្រកែក កុំកូកស្រែកចេញស័ព្ទឲ្យឮឆ្ងាយ
មើលបើប្ដីមាត់ខ្លាំងជាងសូរសាយ ចូរចៀសចេញឲ្យឆ្ងាយពីនោះទៅ
។
ទំរាំក្សាន្ដចិត្តប្ដីសូមឡើងមក មើលលៃលកយកចិត្តភស្ដាចៅ
ឃើញស្្ងប់ស្ងាត់បាត់បានសូមឆោមឆៅ និយាយទៅឲ្យឃើញហេតុនោះហោង។
ភ្លើងកំពុងឆេះខ្លាំងកុំតាំងដុត យកឆ្នួនចេញឲ្យផុតកុំគរកង
គង់រលត់ផុតឆ្នួនទេនួនល្អង បើប្ដីឆ្គងនាងកុំឆ្កឹសកើសផ្ទុញផ្ទាល់
។
ឈ្លោះប្រកែកបែកចិត្តឥតប្រយោជន៍ កេរ្តិ៍អាសោចកើតអាសារការគ្មានផល
ហេតុនោះនួនចូរស្ងួនខំខ្វាយខ្វល់ រក្សាកេរ្តិ៍តាមកលឲ្យកើតសក្ដិ៍
។
ថ្នមចិត្តចៅកុំចើកពិចិត្តប្ដី ចូរភក្ដីសុចរិតស្វាមីភក្ដិ៍
ដូចយ៉ាងនាងសិតាប្រកបលក្ខណ៍ ទសភក្រ្តមិនអាចនឹងជិតបាន
។
សុចរិតចិត្តល្អនឹងកើតផល ជាកុសលចំរើនសុខក្សេមក្សាន្ត
ទេព្វនិករឲ្យពរបរិបូណ៌បាន ភ្លឺក្នុងស្ឋានមនុស្សលោកយោគសួរគ៍នាយ
។
កិត្តិគុណកិត្តិយសឮសុះសព្វ ក្លិនត្រឡប់សព្វទិសពីតោសាយ
តពូជពង្សវង្សវែងអង្វែងឆ្ងាយ ជនទាំងឡាយសឹងសរសើរនួនអនង្គ
។
ការប្រព្រឹត្តិស្លូតត្រង់ត្រូវចិត្តប្ដី ប្ដីក៏រឹងបេតីគួចភិសៈវង្ស
ទោះរូបនាងអាក្រក់ពីការអង្គ តែចិត្តត្រង់ប្ដីក៏ត្រេកដេកមិនឆ្ងាយ
។
មែនរូបល្អតែចិត្តចោរអប្រិយ៍ ដូចកាកីកែវកបរូបឆើតឆាយ
ចោរចើកចោលព្រហ្មទត្តក្ស័ត្រពណ្ណរាយ ទៅសហាយនឹងគ្រុឌរត់ចោលប្ដី ។
បានសុបណ្ណមិនឆ្អន់មិនឆែ្អតឈប់ ទៅសម្ភព្វគន្ទ័នទៀតជាបី
ត្រូវបណ្ដែតពោងពាយក្នុងជលធី សូណ្យជីវីក្នុងទឹកនឹកអនិច្ចា
។
នេះព្រោះចិត្តរាយមាយមិនសណ្ដោស បានទុកទោសចុះត្រូវព្រះអាជ្ញា
រឿងនិទានក៏មានក្នុងសាត្រា នាងឧស្សាហ៍មើលទុកជាច្បាប់ស្រី
។
ច្បាប់ស្រីហ្លួងអង្គដួងទ្រង់តែងទុក មានទំនុកពិស្ដារតាមបាឡី
ចូលរកមកមើលណានាងស្រី ជាគ្រឿងតឿនស្មារតីបានក្ដីគាប់
។
សុភាសិតយើងនេះតែងសង្ខេប ព្រោះមានបែបបូរាណក៏ច្រើនច្បាប់
នឹងតែងសាំក៏សាំកឺនតម្រាប់ អញ្ជើញស្ដាប់តែសង្ខេបជាបែបថ្មី
។
ខ្ញុំសូមទោសអ្នកស្រីដែលប្ដីលែង នឹងស្រីល្បែងប្រព្រឹត្តក្បថចិត្តប្ដី
បើបានឭចូរអំណត់កាន់ខន្ដី កុំស្រដីនិន្ទាខ្ញុំអ្នកតែង
។
បន្តិចថាអាចារ្យ៍អាងប្រាជ្ញព្រោក លើកប្រយោគថាទៅតែឯងៗ
បានដម្រាពីណាមកសម្ដែង តែងឡើងតែងឲ្យតែយើងនេះខ្លាចប្ដី
។
ខាងប្រុសតើម្ដេចមិនតែងមិនចែងចាត់ ឲ្យប្រដិបត្តិប្រពន្ធខ្លះកើតអី
នេះអាងគាត់ៗ ជាប្រុសចេះស្រដី បង្គាប់ស្រីឲ្យតែស្រីទាបជាងប្រុស
។
ខាងប្រុសគេមានស្រីពីរបីបាន ច្បាប់គ្មានហាមប្រាមថាមានទោស
ត្រង់យើងស្រីលេងខ្លះផ្ដាស់ថាខុស អាងតែប្រុសចេះតែងមកក្លែងថា
។
លេងបៀប៉ោអស់ប្រាក់ៗយើងមាន ទៅសូមទានពីគាត់មកកាលណា
ល្វល់អ្វីមកហាមយើងគ្រប់គ្នា បើគាត់ជាក៏ជាតែគាត់ទៅ
។
បើស្រីណាដៀលច្នេះឲ្យស្រីនោះ ធ្លាក់ទៅចុះក្នុងស្ថាននរកជ្រៅ
យម្ភូបាលអុចអាលដោយដែកក្ដៅ មានដង្កូវចុះមាត់ពន្ធពេញប្រាណ
។
ក្លិនស្អុយឆ្អាបឆ្អេះអាសោចឆ្ងាយ ពិការកាយកើតស្លាប់រាប់ពុំបាន
អស់កំណត់មកកើតជាប្រេតប្រាណ ជាតិរច្ឆានរងទុក្ខឥតសុខា
។
កើតជាមនុស្សមាត់ស្អុយអ្នកផងស្អប់ គ្មានគេគប់ចង់យកជាភរិយា
កើតវិបត្តិខ្ចាត់ខ្ចាយព្រាត់ប្រាស់គ្នា ហ្វូងទេវាផ្ដាសាឲ្យវិបរិត ។
បើស្រីណាកបកេរ្តិ៍ឥរិយាគាប់ បានត្រង់ត្រាប់ស្ដាប់យកទុកក្នុងចិត្ត
ប្រដិបត្តិធ្វើតាមសុភាសិត ទេព្វរិទ្ធិ៍ចូរជួបចំរើនជ័យ
។
ឲ្យនោះបរិបូណ៌សុខក្សេមក្សាន្ត ស្លាប់ទៅបានកើតក្នុងសួគ៌ាល័យ
សោយសម្បត្តិឥតទុក្ខឥតភាភ័យ សម្រានព្ធវិមានជាឱឡារ
។
ទេព្វអប្បរអរឱនមកស្នងស្នើ ចោមជុំស្មើបំរើជាបរិវារ
សូត្រថ្វាយជ័យឲ្យសព្ទសាធុការ ជាអស្ចារ្យឮសព្វទាំងរាត្រី
។
សោយសុខសួគ៌អស់ផលចុះមកកើត យកកំណើតជាមនុស្សក្នុងលោកីយ៍
កើតក្នុងវង្សព្រះបរមចក្រី កបរាសីល្បីកេរ្តិ៍សព្វទិសា
ទ្រង់ព្រះរូបឆើតឆោមជាចមស្រី លើសនារីក្នុងស្ថានយើងនេះណា
ជាឯងអគ្គម្ហេសីនៃចក្រា សែនសុខាត្រាដល់និព្វាននាយ
។
នែអនង្គនារីនាងចូរស្ដាប់ ប្រុងត្រងត្រាប់យកទុកក្នុងអង្គកាយ
ប្រដិបត្តិឲ្យត្រូវដូចបរិយាយ នឹងសម្រេចដូចហ្ម៉ាយនេះជៀងជាក់
។
មួយសូមទោសពួកប្រុសកំឡោះក្មេង បណ្ដាលេងចង់ស្រីតាមក្ដីស្ម័គ្រ
ក្រែងស្រីណាចង់តឹងមិនបានអ្នក អ្នកកុំអាក់អន់ចិត្តដល់ខ្ញុំឯង
។
ថាពីដើមចង់ងាយសប្បាយចិត្ត ដល់មកមានសុភាសិតអាចារ្យចែង
ពួកស្រីៗវាចេះមិនលុះល្បែង ព្រោះអាចារ្យឥន្ទតែងបានជាតឹង
។
កុំគិតក្រែងថាខ្ញុំឈ្នានិះអ្នក មិនឲ្យបានរួមរក្សនឹងស្រីនឹង
តែគឺមោះស្រីនោះគេល្អដឹង បានជារឹងគេមិនតាមចិត្តអ្នក
។
វិស័យស្រីអ្នកល្អកបឥរិយា ចាំមាតាបិតាគេទុកដាក់
រូចអ្នកឯងប្រាថ្នាលេងលួចលាក់ តែបានស្ម័គ្រឆ្អែតហើយក្រែងឆ្អើមវិញ។
ហេតុនោះបានជាគេមិនចង់គប់ ប្រែត្រឡប់ជាស្អប់មិនស្រឡាញ់
ចាំម៉ែឪគេដាក់គេដាំវិញ ទោះនឹងចេញទោះនឹងចូលបង្គោលមាន
។
ដូចអ្នកឯងស្វែងរកប្រពន្ធល្អ ប្រាថ្នាតពូជពង្សវង្សសន្ដាន
បើស្រីនោះរូបល្អម្ហូបគ្មាន អ្នកមិនហ៊ាននឹងចូលទៅសម្ពន្ធ
។
ការលេងស្រីនេះមិនងាយទេណាអ្នក ស្រីអប្បលក្ខណ៍នោះមានគ្រប់តំបន់
លេងឯណុះលេងឯណេះមិនចេះស្រន់ អ្នកឯងមុនគេក្រោយដោយពេញស្រុក។
ស្រីចង់ងាយបានងាយលែងក៏ងាយ អ្នកកុំហ្មាយថាបានសេចក្ដីសុខ
ស្រីសាម៉ានយើងបានសម្ដែងទុក មានខាងមកហើយចូលមើលចុះ
។
មួយទាសីខ្ញុំគេអ្នកទៅស្ម័គ្រ វាតោងអ្នក
ៗ ឯងក៏តេះតុះ
ត្រូវគេចាប់សែនខ្មោចក៏ខូចឈ្មោះ កេរ្តិ៍ឮសុះខ្មាស់គេសព្វទិសា
។
ជួនប្រទះស្រីឈ្នួលបបួលលេង បាន
១ ភ្លើងពីរភ្លើងភ្លាត់ថា
ដេកសន្ធឹងតមថ្នាំត្រាំសុរា ចុះអនិច្ចាបង់ប្រាក់ទិញថ្នាំធៀប
។
ស្រីក៏ខូចប្រុសក៏ខិលមានច្រើនយ៉ាង នឹងឯបអាងទាញយកមកតែងប្រៀប
លើសកំលាំងនឹងលើកសរសេរថៀប យើងរាយរៀបតែល្មមចូលចិត្តបាន
។
លោកណាបានអានមើលសុភាសិត មិនគាប់ចិត្តក៏ចៀះចេញកុំអាន
បើលោកណាគាប់ចិត្តតាមសណ្ឋាន អញ្ជើញអានប្រយាត់រូបក្រាំង[1]ខ្ញុំ
។
កុំឲ្យខ្ចាយទឹកមាត់ដិតប្រឡាក់ កុំឲ្យធ្លាក់ពីដៃក្រាំងទក់គ្រាំ
ក្រដាសដាចដាច់ផ្នត់ចេញពីពុម្ព អាណិតខ្ញុំបំណាច់ខ្ញុំតែងតាំង
។
បរិយាយច្រើនៗ កើនកំណត់ ខ្ជិលរោយមាត់កាយអស់កំឡាំង
ពេលក៏ជួនបញ្ចប់ចុះឯវំ និដ្ឋិតំចប់ស្លេះប៉ុណ្ណេះហោង
។
No comments:
Post a Comment