ល្បើក ចចក
របៀបតែងកាព្យ បទកាកគតិសូមអានសង្កេតកាព្យគំរូដ៏ល្អឯក
ល្បើក ចចកឧកញ៉ា សុន្ធរវោហា ម៉ុក រៀបរៀងសហ. លី - ធាមតេង ចម្លងផ្ទៀងផ្ទាត់
បទ កាកគតិ
នេះបទកាកា គតិចរចា ចែងចងរឿងរាយ
តាមពាក្យពីព្រេង តតែងនិយាយ ដំណើរអភិប្រាយ
ពីសត្វចចក ។
យោនយកកំណើត កំណត់កាលកើត ពឹងពួនជ្រៀតជ្រក
ក្នុងរូងថ្មភ្នំ ធារធំសៀតស៊ក សព្វថ្ងៃចចក
ស្វែងរកភោជនា ។
ប្របឆ្នេរអូរស្ទឹង ត្រពាំងបួបឹង ជ្រោះជ្រោយបព្វតា
លុះយប់ផ្ទាល់ផ្ទាប់ ចុះចាប់មច្ឆា តែងបរិភោក្ដា
សព្វថ្ងៃប្រក្រតី ។
រូបទាបក្រញេញ បាទបួនតឿទេញ កាចខូចអប្រីយ
តែងដើរលាកលះ ស្វែងស្វះរកស៊ី ព្រួយនឿយឥន្រ្ទីយ
ស្គាំងស្គមអាត្មា ។
ពិកាលក្មេងនៅ មេស្លាប់ចោលទៅ នៅតែនឹងបា
នាំដើររកស៊ី ប្របទីជលសា លុះធំកាលណា
បាស្លាប់បង់បាត់ ។
ចចកនោះទៅ ទល់ទុក្ខក្ដាត់ក្ដៅ ក្នុងថ្លើមប្រមាត់
ឥតមេឥតបា កំព្រាព្រាកព្រាត់ ស្ងប់ស្ងួតស្ងៀមស្ងាត់
ត្រមោចម្នាក់ឯង ។
ចចកគន់គិត រំពឹងក្នុងចិត្ត រឹងរឹតចំបែង
ដើររកភោជនា ភោក្ដាកណ្ដែង កណ្ដោចឯកឯង
ឥតមានគ្នីគ្នា ។
វេលាចូលដេក ក្នុងទីដំណេក ត្រូវភ្លៀងរងា
ខ្យល់បក់ស្ងប់ស្ងួត ថ្លើមសួតគ្រាំគ្រា ក្រៀមក្រំកំព្រា
កំប្រោនពេកពន់ ។
ចចករិះគិត បានឃើញគំនិត មួយនោះជាលន់
ថាអញត្រូវរក ត្រូវយកប្រពន្ធ ទើបបាននឹងស្រន់
នឹងស្រាលទុក្ខា ។
គ្រាន់ជាគូចៅ ស្នេហានែបនៅ ក្នុងរូងបព្វតា
ចចកគិតច្នោះ ក្រោកស្មោះយាត្រា ត្រាច់ក្នុងព្រឹក្សា
ស្រងូតស្រងាត់ ។
ដើរត្រាច់តែឯង កណ្ដោចកណ្ដែង កំព្រាព្រាកព្រាត់
ត្រមោចត្រមង់ នៅក្នុងព្រៃស្ងាត់ ប្រទះហ្វូងសត្វ
គោតគោមហឹង្សា ។
ទន្សោងទន្សាយ ដំរីប្រើសទ្រាយ ឈ្លូសក្ដាន់សូករា
រមាសរមាំង ខ្ទីងខ្ទាំងខ្លោងខ្លា ដើររកភោក្ដា
សឹងសត្វយង់ឃ្នង ។
ចចកឃើញសត្វ សាហាវរង្គាត់ ច្រើនក្រៃកន្លង
គៀងកាល់គូវា ខ្ញៀវខ្ញារអឺងកង ភិតភ័យកន្លង
ស្ទើរបាត់ស្មារតី ។
ខំដើររំលង ចៀសសត្វយង់ឃ្នង បានដល់នទី
ស្ទឹងមួយថ្លាជ្រះ ត្រចះយល់ដី ចចកចាប់ត្រី
ចំអែតកាយា ។
ហើយហែលឆ្លាស់ឆ្លង ស្ទឹងនោះរំលង ដល់ត្រើយគង្គា
ត្រាច់ក្នុងរបោះ ចន្លោះអធ្វា មានរូងគុហា
ជិតជើងគិរី ។
ចចកចូលជិត ប្រុងប្រាណមូលមិត្ត មៀងមើលរកញី
ឱនចុះងើបងើត ចំអើតមើលទី ក្សិណនោះមានញី
ចចកមួយណា ។
នៅក្នុងរូងថ្ម សិលាដ៏យូរ ក្បាលសមកាយា
ចចកឈ្មោលគិត ក្នុងចិត្តថែថា គួរអញសួរសា
បន្តិចទើបបាន ។
ទើបឈ្មោលហារក ថាប្អូនពន្លក មិត្តមុំកល្យាណ
នៅក្នុងរូងថ្ម ល្អះល្អថ្កើងថ្កាន សព្វថ្ងៃតើមាន
ប្ដីជាគូគ្រង ។
ឬនៅឯកឯង ប្អូនអើយចូលថ្លែង ប្រាយប្រាប់បងផង
ឲ្យបងរសាយ ក្នុងកាយនេះហោង បើឥតគូគ្រង
បងសុំស្នេហា
។
ចចកញីស្ដាប់ ងាកហើយថ្លែងប្រាប់ ថាអ្នកសោភា
ប្អូននៅសព្វថ្ងៃ អាស្រ័យគុហា មិនមាននរណា
ជាគូឡើយនៃ ។
កាលដើមមានមេ មានបាបំពេ ឱបទ្រុងសព្វថ្ងៃ
ឥឡូវមេបា មរណាក្សិណក្ស័យ ប្អូននៅសព្វថ្ងៃ
កំព្រាពេកពន់ ។
ឈ្មោលឮដូច្នោះ ព្រឺព្រួចពង់ពោះ ហឫទ័យទោរទន់
ទើបឆ្លើយតបថា ប្អូនភ្ងាស្ងួនតន់ ប្អូនអើយបងគន់
បងគិតអនិច្ចា ។
អាសូរប្អូនស្ងួន មាសមិត្រខ្លឹមខ្លួន កំព្រាឯកា
ដូចកលខ្លួនបង សៅហ្មងចិន្ដា សព្វថ្ងៃបងមហា
ព្រួយណាស់ប្អូនអើយ
។
ចចកញីស្ដាប់ ពាក្យឈ្មោលថ្លែងប្រាប់ ឆ្លើយថាអ្នកអើយ
ប្អូនស្ដាប់ពាក្យអ្នក ជៀងជាក់ទៅហើយ ក្នុងចិត្តឥតស្បើយ
កើតទុក្ខទៀតថ្មី ។
ប្អូនចង់សូមសួរ ហៅមហាមិនគួរ ត្បិតខ្លួនជាស្រី
អ្នកថាព្រួយចិត្ត ព្រោះគិតរឿងអ្វី ប្រុសប្រាជ្ញប្រឹមប្រិយ
ប្រាយប្រាប់ប្អូនរ៉ា ។
ឈ្មោលថាមាសមិត្រ បងព្រួយព្រោះគិត ដល់គូស្នេហា
គ្មានគ្នាជាពីរ ចំណេរអនា- តបងហៅមហា
ថប់ណាស់មាសបង ។
ញីថាប្រុសអើយ កុំថប់អ្វីឡើយ ប្អូនធានារង់
រិះរកជួយគិត តាមចិត្តអ្នកបង ត្រង់តាមបំណង
ចិត្តអ្នកប្រាថ្នា ។
ឈ្មោលថាមាសមិត្រ បងប៉ងផ្ញើចិត្ត ផ្ញើដួងជីវ៉ា
នៅលើប្អូនស្ងួន សូមនួនមេត្តា បងមិនប្រាថ្នា
ដទៃពីពៅ ។
ញីឆ្លើយថាអ្នក ចិត្តចង់រួមរក្ស មូលមួយលំនៅ
ផ្ញើដួងចិន្ដា ស្នេហាតទៅ នឹងប្អូននេះកូវ
ពេញមហាអរពេក ។
ប៉ុន្តែប្អូនយល់ ប្អូនគិតទៅដល់ ឆ្ងាយឆ្ងល់ចំឡែក
ឋានអ្នកឯនាយ សប្បាយអនេក មានញីយ៉ាងឯក
គូគួរស្នេហា ។
ម្ដេចអ្នកមិនមាន ចិត្តចាប់ចង់បាន ជាគូជីវ៉ា
ហើយប្រែលាកលះ ស្វែងស្វះយាត្រា ក្នុងព្រៃអធ្វា
មកដល់ឋានអាយ ។
ឈ្មោលស្ដាប់ឆ្លើយឆ្លាស់ ថាហៃប្អូនមាស មានរូបឆោមឆាយ
ឆោមឆើតទង្វង ឋានបងឯនាយ មែនហើយសប្បាយ
ដូចពាក្យប្អូនថា ។
គឺមោះបងរក គូគាប់នឹងយក ជាតិជាពនិតា
នឹងផ្ញើចិត្តខ្លួន ដូចស្ងួននេះណា គ្មានសោះបងមហា
ថប់ពេកនាងអាយ ។
ហេតុនោះបងស្វះ បងស្វែងលាកលះ មកដល់ឋានអាយ
បងប៉ងផ្ញើខ្លួន លើនួនឆោមឆាយ ព្រួយនឿយអង្គកាយ
ម្ដេច ៗ មិនគិត ។
លែងតែប្អូនស្រី មាសមានមេត្រី មេត្តាមូលមិត្ត
មូលមួយចិន្ដា ស្នេហាជួបជិត ជួបចាប់ប្រព្រឹត្ត
ជាគូវាសនា ។
ញីស្ដាប់ឆ្លើយឆ្លៀត ឆ្លើយឆ្លងវិញទៀត ថាប្រុសស្នេហា
ពាក្យក្រៅល្អល្អះ គួរសះសង្ការ លួងលោមចិន្ដា
បានហើយបោះបង់ ។
ឈ្មោលឆ្លើយថាហៃ ប្អូនមាសថ្លើមថ្លៃ បណ្ដូលសាច់ស-
ង្សារសមសោភា កាយាវរវង្ស វរវាសអស់អង្គ
អស់ឥតសង្ស័យ ។
បងមហាស្រឡាញ់ ប្អូនមាសឈ្ងុយឆ្ងាញ់ ចិត្តចាប់អាល័យ
អាលោះលើសលន់ ពេកពន់ក្រាស់ក្រៃ ពុំបានបងក្ស័យ
ជីវិតជាម្ដង ។
ឈ្មោលថាតែម្ល៉ោះ ចូលជិតចំពោះ ផ្ទឹមផ្ទាប់ហើយហោង
ថើបថ្ពាល់ឮខ្សឺត ចំតឺតឆ្អឹងខ្នង ថាហៃមាសបង
នាងកុំខេខឹង ។
បំណាច់បងមក រកប្អូនពន្លក ឆ្លងអូរឆ្លងស្ទឹង
មិនស្ដាយជីវិត ព្រោះចិត្តរំពឹង ទុកប្អូនព្រលឹង
ជាដួងស្នេហា ។
ញីអៀនអន់អាក់ ឱនមុខទុកភ័ក្រ្ត ចូលចិត្តចិន្ដា
សេពសុខក្សេមក្សាន្ត ក្នុងឋានគុហា ទើបឈ្មោលលោមថា
ព្រលឹងបងអាយ ។
បងចង់នាំពៅ ឱះឱពេញក្ដៅ ...១....
................... .................... ....................
.................។
................... .................. ................
អញចង់តែអត់ សង្កត់ខ្យល់នៅ ឲ្យស្លាប់ឆាប់ទៅ
កុំឲ្យវេទនា ។
ដល់គិតវែងទៅ ក្រែងកើតហ្មងសៅ កើតកេរ្តិនិន្ទា
ថាឱចចក កំព្រកមោហា ក្សិណក្ស័យជន្មា
ព្រោះញីបញ្ឆោត ។
បើនឹងស្លាប់រស់ ឲ្យឮកេរ្តិ៍យស គេមានកំណោត
មានពាក្យសរសើរ ថាបើអញកោត ចចកនេះសោត
ពេញហៅហានក្លា ។
គិតហើយបោលទៅ ជិតទឹករណ្ដៅ ថាយើនរណា
បង្កើតជាក្ដៅ ហ្មងសៅចិន្ដា ងើយមើលមេឃថា
យើក្ដៅព្រោះថ្ងៃ ។
អើអញជាតិនេះ លំបាកទាំងម្ល៉េះ ព្រោះតឿទាបក្រៃ
កើតជាចចក កំព្រកចង្រៃ ជាតិក្រោយអញឆ្នៃ
អញសូមសច្ចា ។
ទោះបីកបកើត យោនយកកំណើត ជាតិណាភពណា
អញសូមសម្រេច សេចក្ដីប្រាថ្នា កើតជាសុរិយា
រុងរឿងរង្សី ។
កាលនោះមានយក្ស ប្រេតមួយសំណាក់ ឋិតឋានប្រក្រតី
នៅបព្វតា ទៀបនាវិថី យក្សឮសម្ដី
ចចកប្រាថ្នា ។
យក្សគិតថាអើ មហាលាភណាស់តើ នឹងបានភោជនា
ត្រកាលចំណី ល្អក្រៃថ្លៃថ្លា នឹងបរិភោក្ដា
នូវសាច់ចចក ។
គួរអញក្រឡា ជាអង្គឥន្រ្ទា ប្រាប់វាឲ្យយក
សាច់ឈាមជាទាន នឹងបានរិះរក កំណើតបានមក
កើតជាសុរិយា ។
យក្សគិតដូច្នោះ កាឡាចំពោះ ជាអង្គឥន្រ្ទា
ហិចហោះច្រៀវច្រៃ លើផ្ទៃវេហាស៍ ហើយមានវាចា
សាកសួរមេត្រី ។
ថាហៃចចក អ្នកត្រាច់ដើរមក ពីណារកអ្វី
ចចកក្រឡេក ឈ្មៀងភ្នែករំពៃ ស្មានអង្គកោសីយ
ទើបទូលទៅថា ។
បពិត្រព្រះឥ-
ន្រ្ទាទ្រើសនរិន្ទ ឥសូរសុជាតា
ខ្ញុំមកស្មានស្មោះ ចំពោះប្រាថ្នា រកចាប់មច្ឆា
នៅក្នុងជលធី ។
បើបានមច្ឆា ដូចប៉ងប្រាថ្នា យកទៅឲ្យញី
ត្បិតមានផ្ទៃពោះ ចិត្តស្មោះចង់ស៊ី ត្រីក្នុងជលធី
ទើបឆ្ងាញ់ណាស់ណា ។
ហេតុនោះខ្ញុំមក រុករានរិះរក សមុទ្រមច្ឆា
ដើរជាន់ក្រួសក្ដៅ ហ្មងសៅចិន្ដា ពុរពងបាទា
រន្ធត់អង្គប្រាណ ។
បែកញើសហូរហត់ ក្ដៅណាស់ប្រាកដ អាចអត់ពុំបាន
ព្រោះថ្ងៃចាំងចែង សូរ្យសែងថ្កើងថ្កាន ទើបខ្ញុំប្រណិធាន
អធិដ្ឋានថា ។
បើខ្ញុំនឹងកើត យកជាតិកំណើត ក្រោយខ្ញុំប្រាថ្នា
តាំងចិត្តចង់បាន ដូចភ្នានចិន្ដា កើតជាសុរិយា
ប្រាកដដូចប៉ង ។
បពិត្រឥន្រ្ទា សូមស្ដេចមេត្តា ជួយខ្លួនខ្ញុំផង
ធ្វើម្ដេចនឹងបាន-
ដូចភ្នានបំណង ប្រេតយក្សឆ្លើយឆ្លង
ថាងាយណាស់ណា ។
បើចៅចង់បាន ដូចចិត្តបំណាន បំណងប្រាថ្នា
ចូរចៅផ្តិលផ្ដាច់ សម្រេចជន្មា យកសាច់ឲ្យជា
ទានយក្សបីសាច ។
ហេតុអានិសង្ស ជួយជូនទ្រទ្រង់ កើតមានអំណាច
ជាសែងសុរីយ៍ រស្មីចិញ្ចាច ចិញ្ចែងត្រដាច
ដូចចិត្តប្រាថ្នា ។
ចចកស្ដាប់គិត ជឿជាក់ចូលចិត្ត ទើបទូលទៅថា
ខ្ញុំចង់ឲ្យទាន សាច់ប្រាណហើយណា ប្រេតយក្សឆ្លើយថា
សាធុពីរដង ។
ប្រេតយក្សថាម្ល៉ោះ និម្មិតចំពោះ បាំងបាំងទៅហោង
ចចករត់ចេញ បោលខ្មាញ់ជាម្ដង គិតថាអញប៉ង
បានដូចសេចក្ដី ។
ចចកគិតច្នោះ បោលដល់ទឹកចុះ លុយលបចាប់ត្រី
លុះចាប់ត្រីបាន ដូចភ្នានសេចក្ដី ប្រាថ្នាពាំត្រី
ឲ្យញីភោក្ដា ។
ញីឃើញឈ្មោលដល់ បានត្រីខ្វាយខ្វល់ ទទួលមច្ឆា
បរិភោគផ្សាយផ្សព្វ ស្កល់ស្កប់ចិន្ដា ទើបឈ្មោលប្រាប់ថា
ហៃប្អូនពិសី ។
កាលបងទៅយក មច្ឆានាំមក ឲ្យប្អូនប្រីមប្រីយ៍
ហៅមហាព្រួយប្រាណ ពុំក្សាន្តណាស្រី ស្ទើរខានបានត្រី
មកផ្ញើប្អូនភ្ងា ។
ប្អូនអើយថ្ងៃក្ដៅ ជើងបងពងនៅ រអាមអង្គា
ក្ដៅដល់ក្នុងថ្លើម ដង្ហើមទ័យា ដល់ដួលច្រើនគ្រា
ស្ទើរវិលក្រោយខាន ។
បងខំបោលទៅ ប្អូនអើយរឹងក្ដៅ រន្ធត់អង្គប្រាណ
បងបោសហើយគិត ក្នុងចិត្តថាស្មាន ប្រហែលទាហាន
ច្បាំងសឹកមួយសោះ ។
តេជះសំណាង សំណូមសូមសាង ពីមុនមកនោះ
បានជួបឥន្រ្ទា យាត្រាចំពោះ ហើយស្ដេចអនុគ្រោះ
ស្មោះស្មានមេត្រី ។
ស្មោះស្មានមេត្រី ។
ប្រដៅទូន្មាន នាំជានិទាន ឲ្យដឹងសេចក្ដី
បុណ្យបាបត្រូវខុស ហើយហោះចេញខ្មី បងចេញចាកទី
រកចាប់មច្ឆា ។
ចចកប្រាប់ញី សុសសព្វសេចក្ដី គ្មានខ្វះត្រង់ណា
ហើយលោកថាប្អូន ខ្លឹមខ្លួនស្នេហា អញបងចង់លា
ទៅក្ស័យជីវិត ។
យកសាច់ជាទាន ប្រាថ្នាឲ្យបាន ជាព្រះអាទិត្យ
តើប្អូននឹងថា ម្ដេចម្ដាមាសមិត្ត ញីស្ដាប់ហើយគិត
ធុញថែថប់ថា ។
អ្នកមាសប្អូនអើយ ប្អូនថាម្ដេចឡើយ ចិត្តអ្នកប្រាថ្នា
មិនហ៊ានខាំងឃាត់ ឲ្យភ្លាត់សច្ចា ក្រែងកើតទោសា
ជាប់ដិតដល់ប្រាណ ។
គឺមោះប្អូននៅ ក្រោយអ្នកប្រុសទៅ បោះបង់ចោលឋាន
ប្អូនកើតទុក្ខព្រួត ពីរត្រួតពុំក្សាន្ត ទុក្ខមួយព្រោះមាន
ទម្ងន់ពេញពោះ
។
ទុក្ខមួយព្រោះព្រាត់ ព្រោះប្រាសសូន្យស្ងាត់
សូនស្ងៀមក្រៀមក្រោះ
ក្រៀមក្រំក្នុងចិត្ត ឆ្អែតឆ្អិតអាលោះ អាល័យស្រណោះ
អ្នកប្រុសប្រាសទៅ ។
នែបនិត្យឧរា ស្នេហាតទៅ ប្អូនឥតញាតិផៅ
សង្ឃឹមតែភ្នែក ។
ជាគូស្នេហា ទុកស្មើបិតា មាតារួមរ័ក្ស
រួមរសស្នេហ៍ស្នង ប្អូនប៉ងទុកដាក់ ផ្ញើខ្លួនលើអ្នក
លុះអស់ជន្មា ។
ហេតុនោះប្អូនស្វះ ប្អូនស្វែងលាកលះ ចោលទីគូហា
ដិតដោយតាមអ្នក វរល័ក្ខណ៍សោភា ម្ដេចឡើយឃ្លាតឃ្លា
ពីទ្រូងប្អូនពៅ ។
ញីថាតែម្ល៉ោះ ឱនមុខទុកចុះ ឱរាឈួលក្ដៅ
ហាក់ដូចអគ្គី ឆេះពីពោះទៅ ទល់ទុក្ខហ្មងសៅ
ជោរជល់នេត្រា ។
ស្ងៀមស្ងួតស្ងាត់ស្ងប់ ពុំចេញសាសព្ទ សាសងវាចា
រឹងក្ដៅក្នុងថ្លើម ដង្ហើមឱរា ទើបឈ្មោលលោមថា
សំឡាញ់បងអើយ ។
កុំនាងអាលោះ អាល័យសោកសោះ សោកសោតឥតត្រើយ
បើបងបានកើត កំណើតច្នោះហើយ បងមិនតោះតើយ
ទីទៃចោលពៅ ។
សឹមបងមកយក ប្អូនស្ងួនពន្លក បីបមថ្នមទៅ
ដាក់លើពិមាន ទិព្វឋានឆ្អិនឆ្អៅ មួលមួយលំនៅ
នែបនិត្យស្នេហា ។
ចូរប្អូនស្រីស្រួល ស្រីស្រស់ទទួល អនុមោទនា
ព្រមព្រឹះនឹងបង ដូចប៉ងប្រាថ្នា កុំនាងរួញរា
បើកបងតាមចិត្ត ។
ញីស្ដាប់ឈ្មោលថា ហាក់ធូរឱរា សាកាស្បើយស្បិត
បន្ទោលទុក្ខស្រាល ស្រយាលក្នុងចិត្ត ទើបឆ្លើយប្រឌិត
ថាតាមចិន្ដា ។
អ្នកនឹងផ្តិលផ្ដាច់ ជិវិតយកសាច់ ជាទានប្រាថ្នា
យោនយកកំណើត កើតជាសុរិយា ប្អូនសោតជ្រះថ្លា
សាធុនឹងអ្នក ។
ដំណើរចចក មោហាកំព្រក ឈប់ស្លេះជៀងជាក់
នេះនឹងចាប់នី- ទានពីប្រេតយក្ស ឋិតឋានសំណាក់
នៅលើបព្វតា ។
យក្សនិម្មិតមក លបមើលចចក យក្សស្ដាប់ឮថា
ចចកផ្ដិលផ្ដាច់ សម្រេចជន្មា យក្សអរហើយថា
បរមលាភពេក ។
ហើយយក្សនិម្មិត បញ្ចូលក្នុងចិត្ត ចចកឲ្យត្រេក
កាត់ចិត្តឲ្យទាន សាច់ស្មានអល់អែក ហើយប្រេតយក្សស្រែក
សាធុការា ។
ចចកឈ្មោលញី លុះឮសម្ដី ប្រេតយក្សឲ្យសា-
ធុការដូច្នោះ ស្រួលស្រុះចិន្ដា លង់លុះសុរិយា
អ័ព្ទអស្ដង្គត ។
នាំញីចូលដេក ក្នុងរូងដំណេក ដូចដើមកំណត់
នឹងថ្លែងឯព្រៃ ធំក្រៃប្រាកដ ប្របឆ្នេរសមុទ្រ
គាប់កាលនោះណា ។
មានយក្ខិនី ប្រេតប្រាសឥតប្ដី នៅក្នុងព្រឹក្សា
យក្សត្រេចរកប្ដី ឃ្មាតឃ្មីយាត្រា បានដល់បព្វតា
ដែលយក្សប្រុសនៅ ។
យក្សស្រីឃើញម្លប់ ត្រជាក់ចូលឈប់ បន្តិចបាត់ក្ដៅ
យក្សស្រីថាអញ ឃ្លាតខ្មាញ់ចេញក្រៅ ដើរហាលថ្ងៃក្ដៅ
សៅហ្មងភក្រ្តា ។
យក្សស្រីគិតច្នោះ ដើររកទឹកជ្រោះ ឆ្លុះមើលមុខា
ឃើញហើយផ្អៀងផ្អង ឈ្មៀងឈ្មងនេត្រា យក្សសើចហើយថា
នៅល្អដែរទេ ។
អញងូតទឹកលាប លាងក្អែលឆ្អេះឆ្អាប ឲ្យគ្រាន់ជាងគេ
ថាស្រេចយក្សស្រី ឃ្មាតខ្មីងាករេ រកជ្រោះងូតថែ
ដុះសព្វកាយា ។
ហើយយក្សឡើងយក សំពត់បានមក ស្លៀកហើយយាត្រា
ដើរទៅហើយគិត ក្នុងចិត្តយក្សថា ចង់ច្រៀងសិនរ៉ា
ឲ្យបានស្បើយទុក្ខ ។
យក្សស្រីគិតច្នោះ ចាប់ក្បិនចងចុះ រេក្បាលងើយមុខ
គន់មើលរូបរាង ដូចពាងប្រហុក ម្ល៉ោះខំញ៉ិកញ៉ក់
ញ៉ាំញ៉ើដើរលេង ។
រេរារែករាំ បាទាទន្ទាំ ទន្ទើរទន្ទេង
អង្គុយភ្លាមចុះ ជើងគោះជាភ្លេង ទះដៃច្រៀងលេង
ងេកងោកសិរសា ។
ក្រឡេកស្ដាំឆ្វេង ស្ដាប់ទៅសម្លេង ដូចហ៊ីងសោកា
គគ្រោតគគ្រាក់ រលាក់ញាក់ស្មា ឮដល់យក្សា
ប្រេតឋិតលើភ្នំ ។
យក្សថាសម្លេង នរណាច្រៀងលេង លាន់ឮរងំ
ថាហើយយក្សប្រុស ចរចុះជើងភ្នំ ហើយយក្សសម្ងំ
លបលួចមើលមៀង ។
មើលមិញស្គាល់ជាក់ ថាអេះឱយក្ស ស្រីទេស្រែកច្រៀង
យក្សប្រុសចង់ស្និទ្ធ បៀតជិតបញ្ឆៀង ផ្ទឹមផ្ទាប់ផ្ទាល់ផ្ទៀង
សាកសួរទៅថា ។
នាងស្រីក្រមុំ រូបរាងឧត្ដម នាងមកពីណា
យក្សស្រីថាខ្ញុំ ខិតខំយាត្រា ចេញពីព្រឹក្សា
ដើររកចំណី ។
យក្សប្រុសថាអើ លាភលន់លុះលើ បំណងសេចក្ដី
ប្រាថ្នាអញប៉ង ចង់ចងមេត្រី នឹងនាងប្អូនស្រី
ជាគូស្នេហា ។
យក្សស្រីថាកុំ លេងស៊ុនពេកខំ ហៅម៉ែអញរ៉ា
យើងមិនជាស្រី អប្រីយ៍ទេណា យើងមានមេបា
ពូជពង្សគ្រាន់បើ
។
យក្សប្រុសថាឱ អញចង់តែរក៍ ពុទ្ធោទេតើ
នរណាធ្វើអ្វី ប្អូនស្រីគ្រាន់បើ យក្សស្រីថាអើ
គ្មានធ្វើអ្វីទេ ។
ប៉ុន្តែមាក់ងាយ ហ៊ានហានិយាយ ស្រដីចង់ចែ
ខំលេងពាក្យជ្រៅ អញទៅប្រាប់ម៉ែ យក្សស្រីគិតកែ
ការកេរ្តិ៍ចិញ្ចែង ។
ប្រុសថាប៉ៃអញ ព្រោះបងស្រឡាញ់ ទើបបងហ៊ានលេង
បុរសស្រ្តី សេចក្ដីច្នេះឯង មាសមិត្តមិនឈ្វេង
សង្សារសោះឬ ។
យក្សស្រីថាស្អប់ ពាក្យប្រុសប្រសប់ ស្រដីពោលលើ
ថ្មោងថ្មីស្រឡាញ់ អស់អញឥតស្មើ បានហើយធ្វេសធ្វើ
តើយតោះបោះបង់ ។
ឯយក្សប្រុសនោះ បានឮដូច្នោះ សោមនស្សអស់អង្គ
អរឯងស្រួលសើច សំណើចចំណង់ ថាប្អូនវរវង្ស
កែវកុំសង្ស័យ ។
ចិត្តបងស្រឡាញ់ ពិតៗ ពេកពេញ ចិត្តជួបភិសម័យ
បងផ្ញើរូបខ្លួន លើនួនថ្លើមថ្លៃ លង់លុះក្សិណក្ស័យ
មរណ៍មួយមូលមិត្ត ។
ហើយយក្សប្រុសនោះ ចរចូលជិតចុះ កៀកករួតរឹត
ដៃដល់ថនា យួរយារទឹមផ្ចឹត យក្សស្រីភាំងភិត
អៀនឱនភក្រ្តា ។
ព្រឺព្រួញប្របប្រាណ រួមរស់ស្មោះស្មាន ជិតជើងបព្វតា
អស្ចារ្យកន្លង ត្រេចត្រង់ត្រឹបផ្កា រសាយបុប្ផា
កេសររីករុះ ។
ព្យុះសង្ឃរា ពិរុណរំលា ស្រក់ស្រោចចម្រុះ
នាគរាជពេនពង់ ក្រួញអង្គត្រដុះ ឱនក្បាលលូតចុះ
ចូលរូងបព្វតា ។
ព្រួសពិសអង់អាច សម្ដែងអំណាច ឥតខ្លាចនរណា
ក្អែរពិសពោរពាស ទីសទាសត្រៀបត្រា ពេញរូងបព្វតា
ហើយសម្ងំជ្រក ។
ស្លេះរឿងយក្សទុក្ខ ថ្លែងតទៅមុខ អំពីចចក
ដេកក្នុងគូហា ដូចពណ៌នាមក ភ្ញាក់ឡើងរិះរក
គិតក្នុងចិន្ដា ។
បើអញដាស់ញី ប្រាយប្រាប់អំពី ដំណើរអញណា
ក្រែងញីឃាត់ប្រាណ រំខានអាត្មា នាំស្កុនយាត្រា
មិនដូចបំណង ។
គួរអញលបរត់ ចេញចាកប្រាកដ សោះកើតសៅហ្មង
ចចកគិតច្នោះ លបស្ទុះចេញហោង ដើរស្រូតរំលង
ដល់ជ្រុងបព្វតា ។
ឃើញយក្ខិនី ប្រែប្រាណឥន្រ្ទីយ ជាខ្មោចមាយា
ភិតញ័រចំប្រប់ ស្ញែងស្ញប់រោមា ចចកម្នីម្នា
ឡើងលើថ្មដា ។
ធ្មេចភ្នែកលោតចុះ ធ្លាក់ក្នុងបាតជ្រោះ បាក់កអាត្មា
ក្សិណក្ស័យជីវី យក្ខស្រីនោះណា ឃើញហើយជ្រះថ្លា
ក្រោកឈរឡើងរាំ ។
បទ ព្រហ្មគីតិ
នេះបទព្រហ្មគីតិ ពិតពិនិត្យពិន័យនាំ
សេចក្ដីកែពាក្យពាំ ពាក្យពីកាលចចកនោះ ។
ក្សិណក្ស័យជីពជន្មា យក្សម្នីម្នាលោលោតចុះ
រើសខ្មោចចចកនោះ នាំប្រពន្ធបរិភោក្ដា ។
ស៊ីសាច់ហែកហុតឈាម ហូររហាមពេញមុខា
ឈាមស្រក់ទៅត្រង់ណា យក្សឱនលិទ្ធឥតមានសល់ ។
ឆ្អឹងឆ្អែងយក្សទំពា ត្រង់រលាក្បាលសំណល់
បរិភោគឆ្អែតស្កប់ស្កល់ នាំប្រពន្ធវិលឋានឋិត ។
រីឯខ្មោចចចក ស្លាប់ទៅយកជាតិដូចចិត្ត
កើតជាព្រះអាទិត្យ រុងរឿងរះត្រចះថ្លា ។
ទុំទែងចែងច្រាលឆ្អៅ ភ្លឺសន្ធៅទាំងលោកា
ស័ក្តិសិទ្ធិរឹទ្ធិចេស្ដា បរិវារចោមសម្រាប់បុណ្យ
។
ហេតុផលចចកបាន សាច់ឲ្យទានមកពីមុន
ជួយជូនកើតដោយគុណ បុណ្យចិត្តកាត់ឥតសង្កា ។
សុរិយាចចកគិត អរក្នុងចិត្តឥតឧបមា
ថាឱក្ដីប្រាថ្នា អង្គអញអើយឆាប់ឆុតក្រៃ
។
ម្ល៉េះហើយគ្មាននរណា ផ្ទឹមចេស្ដាមានតេជដៃ
រុងរឿងថ្កើងជោគជ័យ នៃអង្គអញពេញក្លៀវក្លា ។
រីន័យដំណើរនេះ នឹងឈប់ស្លេះពុំចរចា
ចចកសែងសុរិយា ខ័ណ្ឌខានទុកពុំស្រដី
ទើបនឹងនិទានពី ចចកញីភ្ញាក់ឡើងខ្មី
ឈ្មោលបាត់អង្គឺក្ដី ញីរត់រកតក្កមា
ស្រង់ក្លិនរកតាមផ្លូវ ដល់ជ្រោះជ្រៅឃើញសិរសា
សំណល់យក្ខភោក្ដា ញីប្រះប្រាណដួលសន្លប់ ។
ភាន់ភាំងគាំងស្មារតី អស់ឥន្រ្ទីយ៍ញីចំប្រប់
ដង្ហើមហូតប្រសប់ ប្រដេញខ្យល់សល់សែនទ្វី
។
ហើយហៀបហាក់នឹងក្ស័យ ក្សិណប្រល័យជនជីវី
សូន្យសុងស្លុងនៅទី ជ្រោះដែលឈ្មោលក្ស័យនោះណា
។
លុះបានដឹងស្មារតី ភ្ញាក់ឥន្រ្ទីយទួញទៅថា
ឱអ្នកប្រុសស្នេហា ម្ដេចអ្នកមកក្ស័យបង់បាត់
។
ចាកចោលប្អូនរងា នៅកំព្រាស្ងៀមស្ងប់ស្ងាត់
និរាសប្រាសព្រាកព្រាត់ ផុតពីទ្រូងប្អូនទៅហើយ ។
តាំងពីថ្ងៃនេះទៅ សមប្អូននៅឯងឥតត្រើយ
អ្នកប្រុសថ្លៃប្អូនអើយ ប្អូនទៅរកអ្នកឯណា ។
ឲ្យដូចប្រុសវរមិត្ត មិត្តខ្លឹមចិត្តឥតសង្កា
ប្អូនប៉ងផ្ញើរូបា ដួងជីវិតនឹងអ្នកថ្លៃ
។
ម្ដេចអ្នកចោលប្អូនទៅ ឲ្យប្អូននៅកំព្រាក្រៃ
ឥតពឹងឥតអាស្រ័យ បោះបង់បាត់ស្ងាត់ទៅហោង ។
សូវក្ស័យជីវិតទៅ ជាជាងនៅកើតសៅហ្មង
ទល់ទុក្ខ
ៗ ចម្បង រងលំបាកលុះអស់កាល
។
ធ្លាប់ផឹកធ្លាប់ភោក្ដា ធ្លាប់ចរចាធ្លាប់ស្និទ្ធស្នាល
ធ្លាប់នែបធ្លាប់ត្រអាល ធ្លាប់រួមរសរួមមណ្ឌល ។
ឥឡូវអ្នកប្រុសប្រាស ប្រាសនិរាសពិតពុំយល់
អ្នកអើយសមប្អូនទល់ ទុក្ខកណ្ដែងកណ្ដាលព្រៃ ។
តាំងទួញពីព្រលប់ លុះជួបចប់ចូលដល់ថ្ងៃ
រឿងរះច្បាស់ព្រឹក្សព្រៃ ព្រឹកព្រាងស្វាងសែងសុរិយា ។
ចចកឃើញថ្ងៃជាក់ ថាឱអ្នកប្រុសស្នេហា
អ្នកបានជាសុរិយា រុងរឿងរះត្រចះឆ្អៅ ។
អ្នកយកប្អូនទៅផង ស្និទ្ធស្នេហ៍ស្នងនែបនិត្យនៅ
លើឋានទិព្វសន្ធៅ សោះហ្មងសៅសែនទុក្ខា ។
ចចកញីទួញទៀត តឹងចង្អៀតក្នុងឱរា
ប្រះប្រាណសែនសោកា សែនអាលោះអាល័យលន់ ។
ពីព្រឹកលុះដល់ត្រង់ សោកសូន្យសុងទល់ទុក្ខធ្ងន់
លុះថ្ងៃទេរទាបទន់ ទាបទៅទៀតចុងព្រឹក្សព្រៃ
។
ភ្លេចផឹកភ្លេចភោក្ដា អត់ភោជនាស្គមសន្ធៃ
សន្ធឹកនឹកអាល័យ ទៀងទួញទៀតដួលប្រះប្រាណ
។
ថាឱព្រះសុរិយា ស្ងួនស្នេហាមិត្តកល្យាណ
ជ្រៀងជ្រេបែរបៀតបាន បៀតទៅទៀបចូលសន្ធិយា ។
អ្នកអើយប្អូនក្ដៅក្ដាត់ ថ្លើមប្រមាត់ឈឺឆួលផ្សា
ដូចអ្នកយកខាន់ថ្លា កាប់កាត់ប្អូនអស់ពង់ពោះ
។
ចចកញីសន្លប់ ញ័រចំប្រប់សូន្យសុងហោះ
ដួលដេកនៅទីនោះ លុះព្រលប់ចូលសន្ធិយា ។
សន្សើមធ្លាក់ចុះត្រង់ ជ្រាបជោកអង្គសព្វរោមា
ត្រជាក់អស់អង្គា ភ្ញាក់ឡើងទួញសែនសល់ខ្នាត
។
ទួញតាំងពីព្រលប់ លុះចួបចប់ចូលអធ្រាត្រ
តារារះព្រោងព្រាត ភ្លឺត្រចះពេញមេឃា ។
ចចកមៀងមើលផ្កាយ ពុំសប្បាយថែមទុក្ខា
ថាឱផ្កាយនេះណា ជាបរិវារអ្នកប្រុសតន់ ។
ប្អូនឃើញតែបរិវារ បាត់សង្សារប្រុសល្វាសល្វន់
អ្នកអើយប្អូនគយគន់ រករមិលមិនឃើញអ្នក ។
ចចកទួញទល់ទុក្ខ គ្មានសាន្តសុខអួលអន់អាក់
លុះព្រឹកព្រាងស្វាងជាក់ ទៀងទួញទៀតសព្វវេលា ។
មួយថ្ងៃទួញបីដង រឹងរឹតរងទុក្ខវេទនា
មួយយប់ទួញបីគ្រា ជានិរន្តរ៍តរៀងទៅ ។
ពុំផឹកពុំបរិភោគ ស្គមងោកងោកជោកជាំនៅ
កម្លាំងថយតិចទៅ ខ្សោយទាបទន់ពន់ប្រមាណ
។
ដើរដួលទាំងជំហរ នឹងទ្រាំឈរដេកពុំបាន
ក្សិណក្ស័យចាកចោលឋាន ទាំងទម្ងន់ពោរពេញពោះ ។
ដំណើរចចកញី ក្ស័យជីវិតក្នុងគ្រានោះ
ឈប់ស្លេះនៅនេះចុះ នឹងនិទានឯសុរិយា ។
រុងរឿងរឹទ្ធិ៍រង្សី ស្វាងរស្មីភ្លឺលោកា
ជួបជួនបួនមាសា មានពពកមកបាំងបិទ ។
ចាំងចែងសែងសុរីយ៍ អ័ប្បរស្មីជុំជុកជិត
បាត់វង់ព្រះអាទិត្យ ពេញមណ្ឌលទល់មេឃា ។
ក្សិណនោះអង្គសុរិយា ចចកណាទ្រង់ក្រោធា
ថាហើយលើកហត្ថា ស្ទុះក្រទាចាកពិមាន ។
បទ ពំនោល
នេះបទពំនោលនិទាន ដំណើរដោយដាន ឯអង្គចចកសុរិយា ។
ក្រេវក្រោធលោលោតស្ទុះស្ទា តប់ទះហត្ថា ក្រឡេកក្រឡៅប្រឹងប្រាណ ។
ថាយើនណាហៅហាន បាំងមុខអញបាន ទទឹងទទែងមីរមក ។
មើលជាក់ថាយើពពក ហ៊ានដាសពាសមក តបតតបៈនឹងអញ ។
អើយើងមិនញ៉មចុះចាញ់ តយុទ្ធវិលវិញ ឲ្យដឹងតេជដៃឥឡូវ ។
សុរិយាប្រឹងចែងចាំងទៅ ពពកនឹងនៅ ពុំមានកក្រើកទៅណា ។
បាំងបិទជុំជិតសុរិយា រឹងក្រេវក្រោធា ថាអះអង្គអញសព្វថ្ងៃ ។
មិនមាននរណាមួយក្រៃ ផ្ទឹមស្មើតេជដៃ ប្រឡងអំណាចខះខែង ។
មានតែអង្គអញឯកឯង ជាធំចិញ្ចែង ចិញ្ចាចឥតគូផ្ទឹមបាន ។
ឥឡូវពពកសាមាន្យ បាំងសែងសូរ្យឆាន ជុំជិតងងឹតមេឃា ។
អះអញលែងជាតិសុរិយា ហើយសូមប្រាថ្នា កើតជាពពកឆុតឆាប់ ។
ដេរដាសពេញពាសខ្នាន់ខ្នាប់ សុរិយាអន់អាប់ ងងឹតងងល់ណាស់ណា ។
ពពកចចកកាឡា អរឯងមហិមា
ស្រួលសើចសំណើចក្អាកក្អាយ។
ថាអើនេះហៅសប្បាយ លើសលែងសព្វសាយ
ស័ក្តិសិទ្ធិរឹងរិទ្ធចេស្ដា ។
អង្គអញលើសលែងលោកា ម្ល៉េះគ្មាននរណា ជាគូតបរឿងរឹទ្ធិ៍ ។
អញបាំងសូរ្យសែងព្រះអាទិត្យ ដេរដាសងងឹត គ្មានរឹទ្ធិស្មើអញឡើយណា។
កាលនោះរដូវវស្សា មានព្យុះព្យោមា សន្ធឹកសន្ធាប់ខ្លាំងក្រៃ ។
បក់បោករលកជលស័យ បាក់មែកឈើក្រៃ រលំរលើងត្រៀបត្រា ។
ផាត់ផាយផុយផង់ពសុធា ផ្សែងផ្សព្វមហិមា ទង្គោលទង្គំមីរមក ។
បក់ដល់សុរិយាពពក ផាត់ផាយបាចបោក បាត់បង់ពុំគង់ប៉ុនល្អង ។
សុរិយាពពកនោះហោង ក្រោធក្រៃកន្លង ថាយើអង្គអញសព្វថ្ងៃ ។
មិនមាននរណាតដៃ ឥឡូវនេះក្រៃ មានខ្យល់ដ៏ខ្លាំងបក់ផាត់ ។
កើតជាពពកខ្សោយក្ដាត់ អញចង់គិតកាត់ ជាតិជាពពកចោលចេញ ។
ប្រាថ្នាកើតជាខ្យល់វិញ ខ្យល់នេះគ្មានចាញ់ គ្មានខ្លាចអំណាចនរណា ។
កាលនោះពពកសុរិយា តាំងចិត្តប្រាថ្នា កើតជាវាយោផាត់ផាយ ។
ផាត់ផង់ធូលីខ្ចាត់ខ្ចាយ ព្រឹក្សាអន្តរាយ រលើករលំគ្មានសល់ ។
ញាប់ញ័រប្រឹថពីមណ្ឌល បោកបក់ទៅដល់ ដំបូកធំស្ដូកខ្ពស់ខ្ពង់ ។
ខ្យល់បក់ឆាបឆក់ត្រូវត្រង់ ដំបូកនៅគង់ ជំហរជំហើមទប់ទល់ ។
នៅនឹងបីទ្រមឹងដួចដល់ ឥតមានអំពល់ កក្រើកអំពើកឡើយណា ។
វាយោពពកគិតថា យើងមាននរណា មកទល់អង្គអញជាខ្យល់ ។
អញបក់ព្រឹកព្រៃគ្មានសល់ ប្រឹថពីមណ្ឌល ញាប់ញ័ររន្ធត់ណាស់ណា ។
ទោះទឹកសមុទ្រគង្គា អញបក់បែកជា រលករលាមគ្មានសល់ ។
កាលនោះវាយោគិតឆ្ងល់ ក្នុងចិត្តខ្វាយខ្វល់ ថាអះដំបូកស្ដូកស្ដឹង ។
ជំហាមគ្រមាមបីទ្រមឹង ទ្រមឹកស្ពឹកស្ពឹង រឹទ្ធិរឹងមិនចាញ់នរណា ។
ឈ្នះអញជាមហាវាតា ច្នោះអញប្រាថ្នា កើតជាដំបូកវិញចុះ ។
វាយោពពកគិតច្នោះ លែងជាតិខ្យល់នោះ កើតជាដំបូកស្ដូកស្ដឹង ។
ព្រងើយទ្រមើយទ្រមឹង ខ្យល់បក់ទៅនឹង មិនមានកម្រើកដល់តិច ។
ទោះបីខ្យល់ព្យុះម្ដេច
ៗ បក់បោកខ្លាំងតិច ដំបូកក៏នៅនឹងថ្កល់ ។
ដំបូកចចកឥតឆ្ងល់ ថានេះត្រូវកល់ ចិត្តអញប្រាថ្នាមួនមាំ ។
ខ្យល់ព្យុះបក់ចុះគគ្រាំ ភ្លៀងឱរជោគជាំ អញទ្រាំអញទ្រទ្រង់បាន ។
កាលនោះមានសត្វតិរច្ឆាន ក្ដាន់ត្រោសមួយមាន ហ្វូងក្ដាន់ដើរតាមត្រៀបត្រា ។
ក្ដាន់ដល់ដំបូកនោះណា ចូលលិទ្ធភោក្ដា ខ្លះវ័ធខ្លះជល់នោមជុះ ។
ខ្លះកាយរលាយរលុះ ដំបូកធំនោះ ពុំអាចទ្រាំទ្រនៅបាន ។
ដីជ្រាយធ្លុះធ្លាចេញថ្កាន ក្ដាន់លេងជាលាន រលំដំបូកនោះទៅ ។
ចចកដំបូកនោះកូវ ខេរខឹងក្រញូវ ក្រញែងអង្រួញសិរសា ។
ដំបូកចចកគិតថា អញចង់ប្រាថ្នា ទៅកើតជាក្ដាន់នោះវិញ ។
គិតហើយប្រែប្រាណចាកចេញ ពីដំបូកមិញ ទៅកើតជាក្ដាន់ដូចចិត្ត ។
ក្ដាន់ដើររកស៊ីឆ្ងាយជិត ឥតមានភ័យភិត ក្នុងចិត្តត្រេកអរគិតថា ។
អញបានដូចចិត្តប្រាថ្នា ម្ល៉េះគ្មាននរណា ជាពីរនឹងអញទៀតទេ ។
ប្រទះក្ដាន់ត្រោសនៅឯ ព្រៃជលទាល់តែ បាលចាញ់រត់ខ្មាញ់ចូលព្រៃ ។
ដំណើរក្ដាន់ត្រោសនោះនៃ ឈប់ស្លេះវិលវៃ ពុំមាននិទានឡើយណា ។
បទ កាកគតិ
នេះនឹងប្រែបទ កាកគតិកំណត់ កំណាព្យចរចា
កេរកាលនោះមាន ព្រានព្រៃមួយណា ត្រេចត្រង់យាត្រា
រុករកបរបាញ់ ។
រូបរាងកំប៉េស កំប៉ោងក្រញេស ក្រញិញក្រញ៉ាញ់
ក្រញូវក្រញើត ភ្នែកស្លើតសក់ច្រាញ់ កួចចាក់កណ្ដាញ់
កណ្ដូបពងពាស ។
ព្រានដើរតត្រុក ព្រៃស្បាតរានរុក រកបាញ់រមាស
រមាំងប្រើសក្ដាន់ កាប់កាន់ចេញពាស រកស៊ីដេរដាស
ក្រហមទាំងព្រៃ ។
រីក្ដាន់ដំបូក រូបរាងធំស្ដូក ការហ្វូងរំពៃ
មានក្ដាន់ឡើងក ចូលមកវាត់វៃ ក្ដាន់ដេញភិភ័យ
ចូលជិតពុំបាន ។
រីព្រានព្រៃ ឃើញក្ដាន់ធំក្រៃ អរពន់ប្រមាណ
តម្លើងស្នាក្រីត ក្រអីតប្រុងប្រាណ លុះលបឈរឈាន
ដើរទាតិចទៅ ។
លូនវារចូលជិត ភ្នែកម្ខាងព្រានបិទ ម្ខាងបើកក្រឡៅ
ក្រឡេកមិចមៀវ ស្រងៀវសំដៅ សម្រុកត្រង់ទៅ
លោះកៃស្នាភ្លាត់ ។
ត្រូវត្រង់ជាន់ឡើង ក្ដាន់ដួលបះជើង ស្ទុះក្រោកឡើងថ្វាត់
ឈឺឆៀបផ្សាយផ្សា ឧរាក្ដៅក្ដាត់ ជ័រឆក់វាកាត់
ថ្លើមធ្លុះធ្លាយចេញ ។
ឈាមហូរច្រាស់ច្រាល ទំទែងរន្ទាល ជោរជនពាសពេញ
ប្រឹងប្រែបែរបោល ដួលថ្មោលចុះវិញ ដង្ហើមប្រដេញ
ញាក់ញ័រអង្គា
។
ក្ដាន់គិតរំពឹង ថាអញនេះនឹង ក្ស័យចោលរូបា
បើអញនឹងក្ស័យ ប្រល័យជន្មា សូមចាប់ជាតិជា
បន្លោះស្នាវិញ ។
ក្ដាន់គិតតែម្ល៉ោះ ក្សិណក្ស័យសូន្យសោះ ក្រឡាប់ជាតិចេញ
ពីក្ដាន់ចចក ផ្លោះផ្លកវិលវិញ វិលវឹងមកមិញ
កើតជាព្រ័តស្នា ។
រីឯព្រានព្រៃ ឃើញក្ដាន់ក្សិណក្ស័យ ព្រានចូលម្នីម្នា
ពន្លះយកសាច់ សម្រេចភោជនា ឆ្អឹងឆ្អែងរលា
ក្បាលព្រានចោលចេញ ។
រួចហើយព្រានទៅ ផ្ទះទីលំនៅ ព្រានដូចដើមវិញ
មានកាលមួយថ្ងៃ ព្រានព្រៃចរចេញ ទៅរកបរបាញ់
សត្វដូចសព្វគ្រា ។
ពុំបានសត្វសោះ វិលមកពីនោះ ព្រានគន់គិតថា
អញដើរចរចេញ រកបាញ់ម្រឹគា សព្វថ្ងៃហាក់ជា
មានជ័យមានលាភ ។
អះឱអញស្ដាយ កាលអញស៊ីបាយ ភ្លេចថ្វាយបាយ៉ាប
ហេតុនេះអញស្វែង វាឆ្នែងឥតលាភ ណ្ហើយចុះបាយ៉ាប
ថ្ងៃក្រោយសឹមថ្វាយ ។
ហើយទើបព្រានព្រៃ ឆៀងភ្នែករំពៃ ព្រឹក្សាទាំងឡាយ
មានមែកសាខា បុប្ផារីករាយ ភ្នកនឹកសប្បាយ
ក្នុងចិត្តគិតថា ។
ឱអស់ផ្កាផង ក្រអូបកន្លង សប្បាយណាស់ណា
អញចង់ជ្រៀងជ្រង បានម្ដងទៅរ៉ា ហើយព្រានច្រៀងថា
ទំនុកស្និទ្ធស្នេហ៍ ។
ជ្រងអើយនាងជ្រង បងចេញបាញ់ម្ដង ត្រកាលជាងគេ
វាឆ្នែងអប្រីយ បានអ្វីផ្ញើមេ វិលវិញទទេ
លិទ្ធផេះជើង្រ្កាន ។
ស្រែកច្រៀងបណ្ដើរ រេក្បាលងេងើរ រមិលខ្លួនប្រាណ
មុខស្ញូញមាត់ស្ញេញ សធ្មេញដូចចាន ព្រានច្រៀងកំសាន្ត
ដើរដោយមាគ៌ា ។
លុះបានដល់ម្លប់ ជ្រៃមួយចូលឈប់ ចូលចតនិទ្រា
នៅក្រោមម្លប់ជ្រៃ ព្រានព្រៃផ្អែកស្នា ប្របគល់ព្រឹក្សា
ដេកលង់លក់ទៅ ។
មែនមានចចក កំព្រយកំព្រក កំព្រឹងហ្មងសៅ
ចេញពីព្រឹក្សា ម្នីម្នាចូលទៅ ត្រង់ព្រានដេកនៅ
ក្រោមម្លប់ជ្រៃនោះ ។
ចចកថាព្រាន វាបាញ់មិនបាន សត្វមួយដល់សោះ
អញចាំភោក្ដា ដោយសារព្រាននោះ ថ្ងៃនេះឆ្នែងសោះ
គ្មានអ្វីភោក្ដា ។
ចចកមើលទៅ ឃើញស្នាផ្អែកនៅ គល់ជ្រៃសាខា
ចចកថាឱ លាភោលាភា អញទៅទំពា
បន្លោះស្នានោះ ។
អង្កៀមស៊ីលេង កុំឲ្យវាឆ្នែង វាបង់ជើងសោះ
ចចកទំពា ព្រ័តស្នាក្រៀមក្រោះ ទាល់ជ្រាយដាច់ស្មោះ
ស៊ីជាភោជនា ។
ឯក្ដាន់ធំនោះ ប្រាថ្នាចំពោះ កើតជាព្រ័ត្រស្នា
លុះដល់ចចក កំព្រកមោហា ទំពាព្រ័តស្នា
ដាច់ទៅដូច្នោះ ។
រឹងខឹងគ្នាន់ខ្នាញ់ គិតថាអង្គអញ កើតជាបន្លោះ
ស្នានេះមានរឹទ្ធិ ស័ក្តិសិទ្ធិចំពោះ ឥតគេស្មើស្មោះ
ផ្ទឹមនឹងអញបាន ។
ឥឡូវចចក នេះតើវាមក ពីណាទៅហាន
ចូលមកទំពា ព្រ័ត្រស្នាដាច់បាន ចចកនេះមាន
អំណាចជានា ។
បើច្នោះគួរអញ ប្រាថ្នាវិលវិញ យោនយកជាតិជា
ចចកទើបបាន មែនមានឫទ្ធា គិតស្រេចកាឡា
ក្រឡាប់ជាតិទៅ ។
កើតជាចចក កំព្រយកំព្រក កំព្រើលហ្មងសៅ
ដូចដើមដែលវិញ តឿទេញទាបទៅ ព្រោះលោភកម្លៅ
កម្លាំងមោហា ។
លោភលន់លើសលែង ហេតុកម្មនោះឯង នាំឲ្យប្រាថ្នា
កើតជាចចក កំព្រកនោះណា ឥតគេស្នេហា
ជាមិត្តនិត្យនៅ ។
ហេតុនោះពាក្យព្រេង ព្រឹទ្ធប្រាជ្ញទុកតែង ទូន្មានកូនចៅ
ឲ្យប្រែលះលាក ចេញចាកចោលទៅ កូនអើយនេះហៅ
គំនិតឆ្កែតឿ ។
ទុកតជាច្បាប់ ទៅមុខគ្រាន់ត្រាប់ គ្រាន់ត្រងកុំធ្វើ
កុំឲ្យចូលចិត្ត គំនិតឆ្កែតឿ គួរចាំគួរជឿ
គួរចៀសឲ្យឆ្ងាយ ។
កុំត្រាច់ចចក មោហាកំព្រក កំព្រើលអន្តរាយ
លោភក្រៅគន្លង អ្នកផងទាំងឡាយ លោភលុះអន្តរាយ
ជាតិជួអប្រីយ ។
បទព្រហ្មគីតិ
នេះបទព្រហ្មគីតិ ចប់ជុំជិតជួនសេចក្ដី
ល្បិចល្បើកលើកជាថ្មី ពីដំណើរសត្វចចក ។
ចែងចប់គ្រប់និទាន ពីបុរាណមានរៀងមក
និយាយរាយរាប់រក ជាតំណតទៅមុខ ។
លើកគ្រាន់មើលកំសាន្ត គ្រាន់នឹងបានកែអផ្សុក
ជាកេរ្តិ៍តទៅមុខ មានប្រការដូច្នេះស្រាប់ ។
ព្រះពុទ្ធ១សករាជគ្រាន់ គ្រប់ពីរពាន់បួនរយរាប់
វស្សាប្លាយឯកសប្ដ ខែកន្លងដប់មាសា ។
ថ្ងៃបានម្ភៃប្រាំក៏ ក្នុងឆ្នាំចឆសកា
ហេមន្តរដូវជា ខែផល្គុនខាងឯខ្នើត
។
ថ្ងៃព្រហស្បត៍ វេលាទីដប់ពីរកើត
ពាក្យពេចន៍ពោលពុំឆើត ខុសខាតជួនផ្ទួនមិនសម ។
នាមខ្ញុំឈ្មោះ
សោតសឹង អ្នកផងដឹងមិនច្រឡំ
អក្សរតួ
ម ចំ ជើងបុកក្រោមដាក់
ក មុខ ។
ហើយគូសលើពីរផង តាមទំនងអ្នកប្រាជ្ញទុក
ឲ្យរៀនជាទំនុក ចិត្តសម្គាល់តួអក្ខរា ។
បើលោកណាមើលមៀង កុំកួចដៀងដៀលនិន្ទា
ឆ្គាំឆ្គងពាក្យត្រង់ណា ជួយតម្រង់ផងឲ្យទាន ។
សូរេចបទបរិយាយ ជានិយាយពីបុរាណ
រៀងមកឯវំមាន ប្រការដូច្នេះឯងហោង ។
កំណត់សម្កាល់ :
តាមសេចក្ដីបញ្ចប់នៃពាក្យកាព្យ
<<
ល្បើកចចក >> នេះ
នាំឲ្យយើងស្គាល់ថាជាស្នាដៃលោក ឧកញ៉ា សុន្ធរវោហា ម៉ុក
ដែលបានតែងឡើងតាមតម្រាយរឿងចាស់ គឺរឿងឆ្កែតឿ ។ លោកបានតែងពីថ្ងៃ ១២ កើត
ខែ ផល្គុន ឆ្នាំ ច ឆស័ក ពស ២៤១៧ ។
ដើម្បីប្រមូលទុកនូវស្នាដៃរបស់កវីដ៏ត្រកាលនេះ យើងក៏បានចម្លងចេញពីច្បាប់ស្លឹករឹតមកបោះពុម្ពក្នុងពេលនេះ
ទុកជាហិតប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវអក្សរសាស្រ្តជាតិ ។
ល.ធ.ត.
No comments:
Post a Comment